Author: ធឿន មករា

  • ឧស្សាហកម្ម​ធានារ៉ាប់រង​ត្រូវបាន​មើលឃើញថា មានការ​រីកចម្រើន

    ឧស្សាហកម្ម​ធានារ៉ាប់រង​ត្រូវបាន​មើលឃើញថា មានការ​រីកចម្រើន

    អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​មាន​ប្រសាសន៍​ថា​ បុព្វលាភ​រ៉ាប់រង​ដុល​នៅក្នុង​ការធានា​រ៉ាប់រង​ទូទៅ​បាន​ឈាន​ដល់​ជិត​ 50លាន​ដុល្លារ​អាមេរិក​ ចាប់ពី​ខែមករា​ ដល់​ខែមិថុនា​ ឆ្នាំនេះ​។ ឧស្សាហកម្ម​ធានារ៉ាប់រង​ថ្មី​នៅ​កម្ពុជា​បន្ត​ទទួល​បាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ដោយ​បុព្វលាភ​កើនឡើង​ជាង​ 14​% នៅ​ឆមាស​ទី1​ នៃ​ឆ្នាំនេះ​។

    យោង​តាម​ ឯកឧត្តម​ ម៉ី​ វ៉ាន់​ អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ នៃ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​ ចាប់ពី​ខែមករា​ដល់​ខែមិថុនា​ បុព្វលាភ​សរុប​ក្នុង​ការធានា​រ៉ាប់រង​ទូទៅ​បាន​កើន​ឡើង​ដល់​ 49.3លាន​ដុល្លារ​ កើនឡើង​ 14.7​% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ដោយ​ឯកឧត្តម​ បាន​ចង្អុលបង្ហាញ​ថា​ បុព្វលាភ​ធានារ៉ាប់រង​អាយុជីវិត​ មាន​ចំនួន​ 66.3លាន​ដុល្លារ​ កើនឡើង​ 55.3​%។

    ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តី​ពី​ឧស្សាហកម្ម​ធានារ៉ាប់រង​ លោក​ ហ៊ុយ​ វ៉ា​ថា​រ៉ូ​ ប្រធាន​សមាគម​ធានា​-រ៉ាប់រង​កម្ពុជា​ (Insurance​ Association​ of​ Cambodia​ ឬ IAC​) មានប្រសាសន៍​ថា​ ទីផ្សារ​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ និង​ដើរតួ​នាទី​កាន់តែ​ធំ​ជា​រៀងរាល់​ឆ្នាំ​នៅក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​។

    លោក​ ហ៊ុយ​ វ៉ា​ថា​រ៉ូ​ ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា​ បាន​មានប្រសាសន៍​ថា​៖“ជា​លទ្ធផល​ បុព្វលាភ​ដុល​សរុប​នៅក្នុង​ឧស្សាហកម្ម​ធានារ៉ាប់រង​ បាន​កើនឡើង​ជាមធ្យម​ 35​% ក្នុង​ 1ឆ្នាំ​ក្នុងរយៈពេល​ 5ឆ្នាំ​ចុងក្រោយ​នេះ​។ កំណើន​នេះ​មិនបាន​កើតឡើង​ដោយចៃដន្យ​ទេ​។ វា​ជា​លទ្ធផល​នៃ​ការអនុវត្ត​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ប្រកបដោយ​ជោគជ័យ​”។

    លោក​ប្រធាន​សមាគម​បាន​បញ្ជាក់​ថា​ ការធានា​រ៉ាប់រង​ គាំទ្រ​ពាណិជ្ជកម្ម​ និង​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​ និង​ការ​ផ្តល់​ប្រាក់កម្ចី​ ព្រោះ​វា​កាត់បន្ថយ​ហានិភ័យ​។ លោក​ជឿជាក់​ថា​ ការធានា​ រ៉ាប់រង​ បាន​លើកកម្ពស់​ស្ថិរភាព​ហិរញ្ញវត្ថុ​សម្រាប់​ក្រុមហ៊ុន​ និង​បុគ្គល​។

    លោក​ វ៉ា​ថា​រ៉ូ​ បាន​មានប្រសាសន៍​បន្ត​ថា​៖“ការចូលរួម​វិភាគទាន​ទាំងនេះ​ ត្រូវ​បាន​គេ​មើល​ ឃើញ​នៅក្នុង​ការ​អភិវឌ្ឍ​ទីផ្សារ​ធានារ៉ាប់រង​នៅ​កម្ពុជា​បច្ចុប្បន្ន​ ជាមួយនឹង​ការ​កើនឡើង​នូវ​តម្រូវការ​ និង​ការ​ផ្គត់ផ្គង់​”។

    ប្រទេស​កម្ពុជា​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ចំនួន13​ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ចំនួន11​ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាត​តូច​ចំនួន7​។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

    លោក​ យក់​ ចំរើន​ឬទ្ធិ​ អគ្គនាយក​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ “ហ្វ័​រតេ​” បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​ជំនួញ​បាន​ចាប់ផ្ដើម​ល្អ​ឡើង​ចាប់តាំងពី​ចូល​ទីផ្សារ​ក្នុង​ស្រុកក្នុង​ឆ្នាំ2014​។

    លោក​បាន​មានប្រសាសន៍​ថា​៖“បុព្វលាភ​ដុល​របស់​យើង​ និង​ចំនួន​អតិថិជន​សកម្ម​កំពុង​កើន​ ឡើង​ជា​រៀងរាល់​ឆ្នាំ​ ដែល​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាត​តូច​ផ្តល់​ការធានា​រ៉ាប់រង​អាយុជីវិត​ និង​គ្រោះ​ ថ្នាក់​ផ្ទាល់​ខ្លួន​ដល់​អតិថិជន​ដែល​រស់នៅ​មិន​ក្រោម​ 10ដុល្លារ​ក្នុង​ 1ថ្ងៃ​”។

    លោក​ បាន​បញ្ជាក់​ថា​៖“បើ​និយាយទៅ​ដល់​ការ​កើនឡើង​ មាន​ទីផ្សារ2​។ ទី1​-គឺទី​ផ្សារ​ធានារ៉ាប់រង​សហគ្រិន​ អ្នក​ដែល​មាន​ក្រុមហ៊ុន​ សហគ្រាស​ វា​មានការ​កើន​ជាប្រចាំ​ជាយូរមកហើយ​។ តែ​កំណើន​ទី2​-គឺជា​កំណើន​បុគ្គល​ មានន័យថា​ ការទិញ​ធានារ៉ាប់រង​ជា​លក្ខណៈ​បុគ្គល​ ជាពិសេស​ក្រុមហ៊ុន​មាន​ធានារ៉ាប់រង​អាយុជីវិត​មានការ​កើន​ច្រើន​។ ពោល​គឺ​ ធានារ៉ាប់រង​អាយុជីវិត​ កើន​ជាង​ធានារ៉ាប់រង​ទូទៅ​”។

    លោក​ យក់​ ចំរើន​ឬទ្ធិ​ បន្ត​ថា​ ៖“បើ​តាម​ការ​ប្រមើល​មើល​ យើង​សង្ឃឹមថា​ វា​អាច​នឹង​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ ព្រោះ​អត្រា​ទិញ​ធានារ៉ាប់រង​របស់​យើង​នៅ​ទាប​នៅឡើយ​។ គឺ​វា​មាន​ត្រឹម​ប្រមាណ​ 0.78​%ប៉ុណ្ណោះ​ ដូច្នេះ​វា​នៅ​កើនឡើង​ទៀត​។ ដូច្នេះ​ កត្តា​សំខាន់​គឺ​ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ និង​ការយល់​ដឹង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ចំពោះ​វិស័យ​ធានារ៉ាប់រង​ ដែល​ជួយ​ពន្លឿន​វិស័យ​ធានារ៉ាប់រង​ឱ្យ​ដំណើរការ​ទៅមុខ​បាន​”។

    មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) ក៏បាន​ដាក់​វិភាគទាន​ក្នុង​វិស័យ​ធានារ៉ាប់រង​ដល់​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​ចំនួន​ 24.6ពាន់​លាន​ដុល្លារ​ ស្មើនឹង​ 0.8​%ដែរ​។ ផ្នែក​ធានារ៉ាប់រង​អាយុជីវិត​បាន​ចូលរួម​ចំណែក​ 0.3​%នៃផ.ស.សកា​លពី​ឆ្នាំមុន​។

    របាយការណ៍​វិនិយោគ​អាស៊ាន​ឆ្នាំ2019​ ដែល​បាន​ចេញ​ផ្សាយ​ថ្មី​ៗនេះ​ ក៏បាន​បញ្ជាក់​ដែរ​ថា​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​ ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ផលិតកម្ម​ និង​សេវាកម្ម​ ជា​ ពិសេស​ហិរញ្ញវត្ថុ​ និង​ធានារ៉ាប់រង​។ សេវាកម្ម​មាន​ចំនួន​ 79​% នៃ​ FDI​(ទុន​វិនិយោគ​ក្រៅប្រទេស​ ឬForeign​ Direct​ Investment​)ទាំងអស់​នៅក្នុង​ប្រទេស​។

    ទាំង​លោ​កវ៉ាន់​ និង​លោក​ វ៉ា​ ថា​រ៉ូ​ បាន​មាន​ប្រសាសន៍​ស្រដៀងគ្នា​ថា​៖ “មាន​កន្លែង​ជាច្រើន​សម្រាប់​កំណើន​ ហើយ​សង្ឃឹមថា​ ក្រុមហ៊ុន​ធានារ៉ាប់រង​កាន់តែ​ច្រើន​នឹង​ចូល​ទីផ្សារ​នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​។ បញ្ហា​ប្រឈម​ដែល​ឧស្សាហ​កម្ម​នេះ​កំពុង​ប្រឈម​ គឺ​កង្វះ​ធនធានមនុស្ស​។ធនធានមនុស្ស​ចាំបាច់​ត្រូវតែ​មាន​សម្រាប់​ឧស្សា​ហក​ម្ម​នេះ​ ដើម្បី​ទ្រទ្រង់​កំណើន​នេះ​។ យើង​ត្រូវការ​ជំនាញ​ ផ្សេងគ្នា​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​ការធានា​រ៉ាប់រង​។ ការ​កសាង​ធនធានមនុស្ស​ គឺជា​អាទិភាព​មួយ​សម្រាប់​យើង​។ យើង​បន្ត​ខិតខំ​ធ្វើការ​ជាមួយ​ព្រឹត្តិ​ការណ៍​ ដូចជា​សិក្ខា​សាលា​នេះ​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅក្នុង​ឧស្សាហកម្ម​នេះ​”៕

  • ស្រាបៀរ TIGER ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៨-២០១៩

    ស្រាបៀរ TIGER ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៨-២០១៩

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃអាទិត្យទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្រាបៀរ TIGER បានរៀបចំកម្មវិធីចាប់រង្វាន់លើកចុងក្រោយរបស់ស្រាបៀរ TIGER ដែលបានផ្សាយផ្ទាល់នៅស្ថានីយទូរទស្សន៍ MYTVដោយបានរកឃើញអ្នកឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅកាន់ ទីក្រុងស៊ីដនីរួមជាមួយទឹកប្រាក់ ១៥០០ ដុល្លាអាមរិក។

    ចំពោះរង្វាន់របស់ស្រាបៀរ TIGER ដែលបានចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះ គូស្វាមីភរិយាថ្មីចំនួន ៦ ដែលមានសំណាងបានឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅទីក្រុងស៊ីដនីរួមជាមួយនឹងទឹកប្រាក់ចំនួន 1500 ដុល្លារអាមេរិក មានរាយឈ្មោះដូចខាងក្រោម៖អ្នកឈ្នះរង្វាន់ទាំងអស់អាចស្វែងរកឈ្មោះរបស់ខ្លួននៅលើទំព័រកាសែត ឬលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរ TIGER។ ចំពោះគូស្វាមីទាំងអស់ដែលបានឈ្នះរង្វាន់ខាងលើ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។

    អបអរពិធីអាពាហ៍ពិពាហ៍របស់លោកអ្នកជាមួយស្រាបៀរលំដាប់ពិភពលោកបែបអាស៊ី។
    តើលោកអ្នកចង់ទិញស្រាបៀរលំដាប់ពិភពលោកសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់អ្នកទេ? លោកអ្នកអាចទូរស័ព្ទមកលេខ 011 222 400 ឬ 011 333 500 សម្រាប់ព័ត៌មានបន្ថែម។

    ពិសាដោយការទទួលខុសត្រូវ៕

  • ចង់ឱ្យ​គូស្នេហ៍​ស្តាប់​ពី​អ្វី​ដែល​អ្នក​ចង់និយាយ​តើ​គួរ​ធ្វើ​យ៉ាងម៉េច​ទៅ​?

    ចង់ឱ្យ​គូស្នេហ៍​ស្តាប់​ពី​អ្វី​ដែល​អ្នក​ចង់និយាយ​តើ​គួរ​ធ្វើ​យ៉ាងម៉េច​ទៅ​?

    សុភាពនារី​ទាំងឡាយ​ធ្លាប់​នឹក​ឆ្ងល់​ខ្លះ​ទេ​ថា​ ពេល​យើង​ចង់និយាយ​អ្វីមួយ​ជាមួយ​គូស្នេហ៍​ តែ​ហេតុម៉េច​បាន​ជា​គេ​ហាក់ដូចជា​មិនសូវ​ចង់​ស្តាប់​រឿង​ដែល​យើង​ចង់និយាយ​នោះ​ ឬធ្វើឫក​ជា​តាំងចិត្ត​ស្តាប់​ តែ​ការពិត​វិញ​ គេ​បែរជា​លួច​នឹក​ទៅ​រឿង​ឯណា​ផ្សេង​ទៅវិញ​ រហូត​ធ្វើ​ឱ្យ​នារី​ជាច្រើន​មាន​អារម្មណ៍​ធុញទ្រាន់​ និង​រអា​ចំពោះ​ទង្វើ​បែបនេះ​របស់​គូស្នេហ៍​ ឬស្វាមី​របស់​ខ្លួន​ជា​ខ្លាំង​។ បើ​សុភាពនារី​ណា​ម្នាក់​កំពុង​ធ្លាក់​ក្នុង​ស្ថានការណ៍​បែបនេះ​ សូមកុំ​អាល​ឆេវឆាវ​ និង​សូម​នាំគ្នា​មក​មើល​ពី​គន្លឹះ​ល្អ​ៗក្នុង​ការ​និយាយ​ឱ្យ​គូស្នេហ៍​ ឬស្វាមី​តាំងចិត្ត​ចង់​ស្តាប់​វិញ​ម្តង​ប្រសើរ​ជាង​។

    1. និ​យាយ​ចំៗ​ត្រង់​ៗ
    មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​បុ​រសៗ​មិនសូវ​ចូលចិត្ត​ស្តាប់​នា​រីៗ​និយាយ​នោះ​ គឺ​ព្រោះតែ​នា​រីៗ​ច្រើនតែ​និយាយ​កាច់កុង​ហូរហែ​បូរបាច់​ច្រើនពេក​ ឬអ្នកខ្លះ​ទៀត​និយាយ​ត្រឡប់​ត្រ​ឡឹ​នរ​ហូត​មិន​ដឹង​ថា​ចង់និយាយ​អំពី​ស្អី​ក៏មានដែរ​ ដូច្នេះ​បើ​អ្នក​មាន​អ្វី​នៅក្នុង​ចិត្ត​ គួរតែ​និយាយ​ចេញ​មក​ឱ្យ​ត្រង់​ៗ ឬនិយាយ​ចូល​សាច់រឿង​តែម្តង​ទៅ​ប្រសើរ​ជាង​។

    2. និយាយ​តែ​រឿង​ដែលគេ​ (លោក​ប្ដី​) ចាប់អារម្មណ៍
    ​នារី​ភាគច្រើន​ ច្រើន​ចូលចិត្ត​និយាយ​តែ​រឿង​របស់​ខ្លួនឯង​ ឬមិន​ទេ​ ក៏​និយាយ​តែ​រឿង​ដែល​ខ្លួនឯង​ចាប់អារម្មណ៍​ ដូចជា​រឿង​តារា​(តួកុន​) ម៉ូដ​ខោអាវ​ និង​រឿង​តុបតែង​ខ្លួន​ ដែល​រឿង​ពួក​នេះ​ បុ​រសៗ​គេ​មិនសូវ​ជា​យល់​ប៉ុន្មាន​ទេ​ ខ្លាំង​ណាស់​ក៏បាន​ត្រឹមតែ​អង្គុយងក់​ក្បាល​តាម​សម្ដី​របស់​អ្នក​ប៉ុណ្ណោះ​ ដូច្នេះ​អ្នក​គួរតែ​បបួល​គេ​និយាយ​ក្នុង​រឿង​ដែលគេ​មាន​ជំនាញ​ និង​ចាប់អារម្មណ៍​ខ្លះ​វិញ​ប្រសើរ​ជាង​ ដូចជា​រឿង​តិ​ចណូ​ឡូ​ជី​ រឿង​ឡាន​ រឿង​ហ្គេម​ ឬរឿង​បាល់ទាត់​អី​ជាដើម​-ល- ហើយ​បើ​នារី​ណា​អាច​និយាយ​ និង​ជជែក​ពី​រឿង​ទាំងអស់​នេះ​បាន​ គឺជា​នារី​ដែល​មើលទៅ​មាន​មន្ត​ស្នេហ៍​ និង​គួរ​ឱ្យ​ជជែក​លេង​ជាមួយ​ខ្លាំង​ណាស់​(សម្រាប់​បុរស​)។

    3. និយាយ​ឱ្យ​ត្រូវពេល​ត្រូវ​វេលា​
    ជួនកាល​ដែល​បុរស​មិន​ស្តាប់​នូវ​អ្វី​ដែល​អ្នក​និយាយ​នោះ​ មិនមែន​មក​ពី​គេ​មិន​ចាប់អារម្មណ៍​នោះ​ទេ​ តែ​អាច​ដោយសារតែ​ពេលនោះ​គេ​កំពុង​តែ​មានរឿង​ពិបាកចិត្ត​ ឬស្ថិតនៅ​ក្នុង​អារម្មណ៍​ដែល​ចង់​នៅ​ស្ងាត់​ៗតែម្នាក់ឯង​ ដូច្នេះ​បើ​អ្នក​ត្រូវការ​ពិភាក្សា​ និង​ជជែក​ជាមួយ​គេ​បែប​ច្បាស់លាស់​នោះ​ អ្នក​គួរតែ​ចេះ​ជ្រើសរើស​រក​ពេលវេលា​ណា​ដែលគេ​កំពុង​ស្ថិត​ក្នុង​អារម្មណ៍​ធម្មតា​ ទើប​ជា​ការ​ប្រសើរ​ជាង​ ព្រោះ​វា​ជា​ពេល​ដែលគេ​ព្រម​ទទួល​ និង​តាំងចិត្ត​ស្តាប់​អ្នក​ខ្លាំង​បំផុត​។

    4. អធិប្បាយ​ពី​ហេតុផល​
    ក្នុងករណី​ដែលគេ​មិន​ចាប់អារម្មណ៍​ ឬមិន​ព្រម​ទទួល​ស្តាប់​នូវ​អ្វី​ដែល​អ្នក​និយាយ​ អ្នក​គួរ​តែ​អធិប្បាយ​ ឬសម្តែង​ពី​អារម្មណ៍​របស់​អ្នក​ចេញ​ទៅ​ថា​ ពេលនេះ​អ្នក​កំពុងតែ​មាន​អារម្មណ៍​ ឬកំពុងតែ​គិត​ពី​អ្វី​ ដូចជា​កំពុង​មាន​អារម្មណ៍​ព្រួយ​កង្វល់​សោក​ស្តាយ​ ឬព្រួយបារម្ភ​អំពី​គេ​ខ្លាំង​ប៉ុនណា​ ហើយ​សឹម​និយាយ​ចូល​សាច់រឿង​ ដើម្បី​ឱ្យ​គេ​បាន​យល់​ពី​អារម្មណ៍​ និង​បើក​ចិត្ត​ទទួល​ស្តាប់​ពាក្យ​រ៉ាយរ៉ាប់​របស់​អ្នក​កាន់តែ​ខ្លាំង​ឡើង​។

    5. អរគុណ​ដែលគេ​ព្រម​ទទួល​ស្តាប់​អ្នក​
    មើលទៅ​វា​អាច​ដូចជា​រឿង​ចម្លែក​បន្តិច​ហើយ​ដែល​ត្រូវ​អរគុណ​គូស្នេហ៍​ ឬស្វាមី​ បន្ទាប់ពី​គេ​ព្រម​ទទួល​ស្តាប់​រឿងរ៉ាវ​របស់​អ្នកនោះ​ តែ​នៅក្នុង​ការ​ពិត​វិញ​ រឿង​តូចតាច​កំប៉ិកកំប៉ុក​បែបនេះ​អាច​ជួយ​ឱ្យ​គេ​មាន​អារម្មណ៍ល្អ​ និង​ថែមទាំង​ជា​ការ​សម្តែង​ឱ្យ​គេ​បានដឹង​ដែរ​ថា​ គេ​មិនមែន​ត្រឹមតែ​ជា​កន្លែង​សម្រាប់​ទម្លាយ​អារម្មណ៍​របស់​អ្នក​ប៉ុណ្ណោះទេ​ តែ​គេ​គឺជា​មនុស្ស​ដ៏​សំខាន់​ម្នាក់​របស់​អ្នក​ដែល​ចាំ​ផ្តល់​នូវ​ពាក្យណែនាំ​ និង​ជា​អ្នក​ដែល​ចាំ​ផ្តល់​នូវ​កម្លាំងចិត្ត​ដល់​អ្នកជា​និច្ច​ទៀតផង​។សូម​សាកល្បង​នាំ​យក​វិធី​ខាងលើ​នេះ​ទៅ​អនុវត្ត​សាក​លមើល​ ធានា​ថា​ ចាប់ពី​ពេលនេះ​ទៅ​ ជីវិត​គូ​របស់​អ្នក​នឹង​ប្រកប​ទៅ​ដោយ​ការយល់​ចិត្ត​យល់​ថ្លើម​គ្នា​ រស់នៅ​ដោយ​ភាព​ជឿជាក់​លើ​គ្នា​ទៅវិញទៅមក​ និង​មិន​អាច​អត់​គ្នា​បាន​ ប្រកបដោយ​សុភមង្គល​មិនខាន​៕

  • នៅពេល​ស្រ្តី​មានផ្ទៃពោះ​ធុំក្លិន​ស្វាមី​មិនបាន​ តើ​គួរ​ទប់ទល់​អាការ​នេះ​យ៉ាងណា​ស្រួល​?

    នៅពេល​ស្រ្តី​មានផ្ទៃពោះ​ធុំក្លិន​ស្វាមី​មិនបាន​ តើ​គួរ​ទប់ទល់​អាការ​នេះ​យ៉ាងណា​ស្រួល​?

    មនុស្សជា​ច្រើន​មើលឃើញ​ថា​ ជា​រឿង​គួរ​ឱ្យ​អស់សំណើច​ និង​ចម្លែក​ចិត្ត​ថា​ មិនដឹង​មក​ពី​ហេតុ​អី​បាន​ជា​ស្ត្រី​ដែល​ចាប់ផ្ដើម​មាន​គភ៌​ថ្មី​ៗមាន​អារម្មណ៍​ថា​ ស្អុយ​ក្លិន​ស្វាមី​ រហូត​ចូល​ជិត​មិនបាន​? ថ្ងៃនេះ​ ឡា​រ៉ែ​ន មាន​ចម្លើយ​អំពី​រឿង​នេះ​មក​ជម្រាប​ជូន​…។

    ហេតុ​អី​បាន​ស្ត្រី​មានផ្ទៃពោះ​ធុំក្លិន​ស្វាមី​(ប្ដី​)មិនបាន​?
    អាការ​ចាញ់កូន​តែងតែមាន​ច្រើន​រូប​បែប​ ទាំង​ក្អួតចង្អោរ​ ល្វើយ​អស់កម្លាំង​ ចង់​ញ៉ាំ​របស់​ប្លែក​ៗ ហើយ​មួយ​នៅក្នុងចំណោម​នោះ​គឺ​ ការ​ធុំក្លិន​ស្អុយ​ ស្វាមី​ រហូត​មិន​ចង់​ចូល​ទៅ​ក្បែរ​។ ដែល​ក្លាយ​ទៅជា​បែបនេះ​ ក៏​ព្រោះតែ​ខណៈ​ពេល​តាំង​គភ៌​ ទងសុក​នឹង​បង្ខំ​ផលិត​អ័រម៉ូន​ឱ្យ​ខ្ពស់​ឡើង​ដើម្បី​ជំរុញ​ការ​ធ្វើការងារ​របស់​សម្បុក​ស៊ុត​ក្នុងរយៈពេល​ 1-3ខែ​ដំបូង​នៃ​ការ​តាំង​គភ៌​ ទើប​ធ្វើ​ឱ្យ​ស្ត្រី​មានគភ៌​កើតមាន​អាការ​ចាញ់កូន​បាន​យ៉ាង​ងាយ​ មាន​អារម្មណ៍​ទន់ជ្រាយ​ ប្រែប្រួល​ទាំងអស់​ រួម​ទាំង​ការ​ឆាប់​ទទួល​បាន​ក្លិន​ផ្សេង​ៗទៀតផង​។ អ្នកខ្លះ​ធុំក្លិន​ស្វាមី​មិនបាន​ ហើយ​ធ្ងន់ធ្ងរ​ជាង​ហ្នឹង​ ដល់​ថ្នាក់​ស្អប់មុខ​ប្ដី​ខ្លួនឯង​ទៀតផង​ក៏​មាន​ តែ​អាការ​នេះ​ នឹង​ធូរស្រាល​ និង​ល្អ​ប្រសើរ​ឡើងវិញ​នៅពេល​អាយុ​គភ៌​ច្រើនឡើង​។

    តើ​ត្រូវ​ទប់ទល់​នឹង​អាការ​នេះ​យ៉ាងណា​?
    អាការ​ធុំក្លិន​ស្វាមី​មិនបាន​នេះ​ កើតឡើង​ពី​សភាវ​ចាញ់កូន​។ នៅពេល​ធុំក្លិន​ ឬឃើញ​មុខ​ស្វាមី​ ក៏​មាន​អារម្មណ៍​ថា​ ចង់តែ​ក្អួត​ តែ​គេ​អាច​សម្រាល​ ឬកែ​បញ្ហា​នេះ​បាន​ដោយ​វិធី​ខាងក្រោម​នេះ​…៖

    1. និយាយ​ជាមួយ​ស្វាមី​ឱ្យ​យល់គ្នា​
    ការយល់​ចិត្ត​គ្នា​ គឺជា​ជម្រើស​ដែល​ល្អ​បំផុត​។ លោក​ប្ដី​ត្រូវតែ​យល់ចិត្ត​ភរិយា​ កុំ​ខឹង​ ឬតូចចិត្តតូចថ្លើម​អី​ ព្រោះ​ទាំងអស់​ហ្នឹង​សុទ្ធតែ​បណ្ដាលមកពី​អ័រម៉ូន​ជំរុញ​ទាំងអស់​។ ស្ត្រី​មាន​គភ៌​អាច​ប្រាប់​ស្វាមី​បាន​យ៉ាង​ត្រង់​ទៅត្រង់​មក​ថា​ ក្នុងអំឡុងពេល​នេះ​កំពុង​ចាញ់កូន​ និង​សុំ​នៅ​ម្នាក់ឯង​ ឬនៅ​ឆ្ងាយ​ពីគ្នា​មួយ​រយៈ​សិន​ ទម្រាំ​នឹង​អាការ​នេះ​បាត់​ទៅវិញ​។

    2. ទទួលទាន​សារធាតុ​រ៉ែ​ស័ង្កសី​
    ញ៉ាំ​អាហារ​ដែល​មាន​សារធាតុ​រ៉ែ​ស័ង្កសី​ ដូចជា​ ត្រី​ ទឹកដោះគោឆៅ​ ថ្លើម​សត្វ​ បន្លែ​ស្លឹក​បៃតង​ ព្រោះ​វា​នឹង​ជួយ​សម្រាល​អាការ​ចាញ់កូន​ ជាពិសេស​ការ​ធុំក្លិន​ប្ដី​មិនបាន​នេះ​តែម្ដង​។

    3. កុំ​បណ្ដោយ​ឱ្យ​ពោះ​ទំនេរ​ដោយ​មិនបាន​ញ៉ាំ​អី​មុន​ពេល​គេង​
    ស្រ្តី​មានគភ៌​ចូរ​ទទួលទានទឹក​ដោះ​គោ​ក្ដៅ​ឧណ្ហ​ៗមួយ​កែវ​មុន​ពេល​គេង​ ព្រោះ​វា​នឹង​ជួយ​ឱ្យ​គេងលក់​ស្រួល​ និង​ភ្ញាក់​មក​នៅពេល​ព្រឹក​មិន​ហេវ​ខ្លាំង​។ ការ​បណ្ដោយ​ឱ្យ​ពោះ​ទំនេរ​ដោយ​មិនបាន​ញ៉ាំ​អ្វី​មុន​ពេល​គេង​ នឹង​ធ្វើ​ឱ្យ​ស្រ្តី​មានគភ៌​មាន​អារម្មណ៍​មួម៉ៅ​ និង​បង្កើន​អាការ​ចាញ់កូន​កាន់តែ​ខ្លាំង​ឡើង​។

    4. ញ៉ាំទឹក​ខ្ញី​ជាប្រចាំ​
    ទឹក​ខ្ញី​មានគុណ​សម្បត្តិ​ជួយ​កាត់បន្ថយ​អាការ​ចាញ់កូន​ ជួយ​បំបាត់​អាការ​ហើមពោះ​ ក្អួត​ចង្អោរ​បាន​ ហើយ​ក្លិនក្រអូប​របស់​មើម​ខ្ញី​នឹង​ធ្វើ​ឱ្យ​ស្រ្តី​មានគភ៌​មាន​អារម្មណ៍​ធូរស្រាល​បាន​យ៉ាង​ល្អ​។ ស្ត្រី​មានគភ៌​អាច​ក្រេបទឹក​ខ្ញី​ក្ដៅ​ឧណ្ហ​ៗបាន​ជាប្រចាំ​ តែ​គួរ​ប្រើ​ខ្ញី​ធម្មជាតិ​ទើប​ជា​ការ​ប្រសើរ​។

    5. ញ៉ាំ​ផ្លែឈើ​ស្រស់​
    ផ្លែឈើ​ស្រស់​ផ្សេង​ៗនឹង​ជួយ​កាត់បន្ថយ​អាការ​ចាញ់កូន​ ធ្វើ​ឱ្យ​ស្ត្រី​មានគភ៌​មាន​អារម្មណ៍​ស្រស់ថ្លា​ល្អ​ ព្រោះ​ជាទូទៅ​អ្នកមាន​ផ្ទៃពោះ​នឹង​ញ៉ាំ​អ្វី​មិនសូវ​បាន​ឡើយ​ ធុំក្លិន​អាហារ​ច្រើនតែ​ចង់​ក្អួត​ ធ្វើ​ឱ្យ​រាងកាយ​នឿយ​ល្វើយ​គ្មានកម្លាំង​ ដូច្នេះ​ការ​ញ៉ាំ​ផ្លែឈើ​ស្រស់​នឹង​ជួយ​កែ​បញ្ហា​នេះ​បាន​ ជាពិសេស​ផ្លែឈើ​ដែល​មាន​រសជាតិ​ជូរ​ផ្សេង​ៗ។

    នៅពេល​បានដឹង​ពី​តិច​និ​កផ្សេង​ៗបែបនេះ​ហើយ​ ក៏​ចង់ឱ្យ​ស្ត្រី​មានគភ៌​យើង​នាំ​យក​ទៅ​កែ​សម្រួល​ប្រើ​សាកល​មើល​ ឯលោក​ប្ដី​ក៏​គួរតែ​ធ្វើ​ចិត្ត​ឱ្យ​ត្រ​ជា​ក់ៗ​ និង​យល់​ពី​ស្ថានភាព​របស់​ភរិយា​ឱ្យ​បាន​ថា​ អាការ​របស់​មនុស្ស​ចាញ់កូន​ កើតឡើង​តែមួយ​រយៈ​ប៉ុណ្ណោះ​ រួច​វា​នឹង​បាត់​ទៅវិញ​មិន​ខាន​៕

  • នាំគ្នា​ទៅ​ពិនិត្យ​សុខភាព​ ដើម្បី​ឱ្យ​មាន​អាយុវែង​វិញ​ ប្រសើរ​ជាង​…

    នាំគ្នា​ទៅ​ពិនិត្យ​សុខភាព​ ដើម្បី​ឱ្យ​មាន​អាយុវែង​វិញ​ ប្រសើរ​ជាង​…

    សុខភាព​រាងកាយ​របស់​យើង​ គឺជា​ទ្រព្យសម្បត្តិ​ដែល​មានតម្លៃ​ដ៏​មហាសាល​លើស​ពី​អ្វី​ៗទាំង​អស់​។ តើ​ថ្ងៃនេះ​ លោកអ្នក​មាន​យកចិត្ត​ទុកដាក់​មើលថែ​ទាំ​សុខភាព​ខ្លួនឯង​ហើយ​ឬនៅ​?

    ការ​ធ្វើការងារ​របស់​អវយវៈ​ និង​ប្រព័ន្ធ​ផ្សេង​ៗនៅក្នុង​រាងកាយ​មនុស្សយើង​ ប្រៀប​ដូចជា​ការ​ធ្វើការ​របស់​គ្រឿងចក្រ​ ឬម៉ាស៊ីនរថយន្ត​ដែល​ត្រូវ​តែ​ទទួល​បាន​នូវ​ការ​ត្រួតពិនិត្យ​មើល​សភាព​ការ​ប្រើការ​យ៉ាង​ជាប់​ជានិច្ច​ថា​ តើមាន​ចំណែក​ណា​មួយ​សឹក​រេចរឹល​ ខូចខាត​ដែរ​ឬក៏​អត់​ ដើម្បី​ធ្វើការ​ព្យាបាល​បំប៉ន​រក្សា​ឱ្យ​ស្ថិតនៅ​ក្នុង​សភាព​ដែល​ល្អ​បំផុត​ និង​មាន​អាយុ​ប្រើការ​បាន​យូរ​បំផុត​។

    ការ​មានជីវិត​រស់នៅ​នា​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ខាង​សារធាតុ​ពុល​ផ្សេង​ៗជាច្រើន​ រាងកាយ​បាន​ទទួល​សារធាតុពុល​ និង​កើត​មានការ​ប្រមូល​សន្សំ​នៅ​ខាងក្នុង​រាងកាយ​ដោយ​យើង​មិនបាន​ដឹងខ្លួន​ឡើយ​។ វា​អាច​បង្ក​ឱ្យ​កើត​ជា​ជំងឺ​មួយចំនួន​ដែល​នៅ​មិនទាន់​បញ្ចេញ​អាការ​មក​ក្រៅ​ឱ្យ​យើង​ឃើញ​ និង​ដឹង​នៅឡើយ​ ហើយ​សម្រាប់​រោគ​ខ្លះ​ ទម្រាំតែ​យើង​បានដឹង​ វា​អាច​នឹង​ហួសពេល​កែកុន​ទៅ​ហើយក៏​មាន​ដែរ​។

    ក្នុងរយៈពេល​ 1ឆ្នាំ​ៗ អ្នក​គួរតែ​រៀបចំ​ពេលវេលា​ឱ្យ​ខ្លួនឯង​ក្នុង​ការ​ទៅ​ពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​ ដើម្បី​ពិនិត្យមើល​ការ​ធ្វើការងារ​របស់​អវយវៈ​ និង​ប្រព័ន្ធ​ផ្សេង​ៗរបស់​រាងកាយ​យ៉ាង​លម្អិត​ ព្រោះ​ការពិនិត្យ​សុខភាព​នឹង​ជួយ​កាត់បន្ថយ​អត្រា​ការ​បាត់បង់ជីវិត​ពី​ជំងឺ​មួយចំនួន​បាន​ ដូចជា​ ជំងឺបេះដូង​ ជំងឺមហារីក​ និង​ជំងឺ​ទឹកនោមផ្អែម​ ជាដើម​ ហើយ​វា​ថែមទាំង​បាន​ប្រាប់​ឱ្យ​យើង​ដឹងពី​សញ្ញា​របស់​ជំងឺ​ ឬរោ​គផ្សេង​ៗ មុននឹង​វារី​ករាលដាល​ធ្ងន់ធ្ងរ​រហូត​ពិបាក​នឹង​ព្យាបាល​ ឬខាតបង់​ប្រាក់កាស​ច្រើន​ក្នុង​ការ​ព្យាបាល​ទៀតផង​។

    ព័ត៌មាន​ដែល​មានប្រយោជន៍​តាមរយៈ​ការ​ពិនិត្យ​សុខភាព​
    1. វាស់​សម្ពាធ​ឈាម​ ជីពចរ​ និង​ពិនិត្យ​រាងកាយ​ដោយ​គ្រូពេទ្យ​ (PE​)
    ដើម្បី​ពិនិត្យមើល​កម្រិត​សម្ពាធ​ឈាម​ថា​ តើ​ស្ថិត​នៅក្នុង​កម្រិត​ប្រក្រតី​ឬទេ​? ហើយ​លោកគ្រូពេទ្យ​នឹង​ពិនិត្យមើល​រាងកាយ​ជាទូទៅ​ថា​ តើ​លក្ខណៈ​ និង​អវយ​វៈ​ផ្សេង​ៗ ដូចជា​ ត្រចៀក​ ក ច្រមុះ​ សួត​ និង​ការ​ធ្វើការ​របស់​បេះដូង​នៅ​ប្រក្រតី​ឬទេ​?

    2. ភាព​ខុសប្រក្រតី​របស់​គ្រាប់​ឈាម​ និង​កំហាប់​របស់​ឈាម​ (CBC​)
    ដើម្បី​ឱ្យ​បានដឹង​ថា​ តើមាន​កើតរោគ​លោហិត​ស្លេក​ឬទេ​? បរិមាណ​ និង​ប្រភេទ​របស់​គ្រាប់​ឈាម​សដែល​ខុសប្រក្រតី​ អាច​នាំទៅរក​ការ​ងាយ​ឆ្លង​មេរោគ​ និង​ដើម្បី​ពិនិត្យ​រកមើល​មេរោគ​មហារីក​នៅក្នុង​គ្រាប់​ឈាម​ផង​ដែរ​។

    3. កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​ (FBS​)
    ដើម្បី​ពិនិត្យ​រកមើល​ភាព​ប្រថុយប្រថាន​នឹង​ការ​កើតជំងឺ​ទឹកនោមផ្អែម​ ជាពិសេស​អ្នក​ដែល​មាន​ទម្ងន់​ខ្លួន​ច្រើន​(ធាត់​) ឬគ្រួសារ​ដែល​មាន​ប្រវត្តិ​កើតរោគ​ទឹកនោមផ្អែម​។

    4. ការ​ធ្វើការ​របស់ក្រ​លៀន​ (BUN​)
    ជា​ការ​វាស់​កម្រិត​សារធាតុគីមី​នៅក្នុង​ឈាម​ ដើម្បី​មើល​ពី​សមត្ថភាព​របស់ក្រ​លៀន​ក្នុង​ការ​បញ្ចេញ​វត្ថុ​កខ្វក់​ និង​ពិនិត្យ​រក​សភាវ​ក្រលៀន​ចុះ​ខ្សោយ​ ឬឈប់​ធ្វើការ​។

    5. ការ​ធ្វើការ​របស់​ថ្លើម​ (SGOT​ &​ SGPT​)
    ដើម្បី​ពិនិត្យមើល​បរិមា​ណអង់​ហ្ស៊ី​មក្នុង​ថ្លើម​ថា​ តើ​ខុសប្រក្រតី​ឬទេ​? បើសិនជា​មានកម្រិត​ខ្ពស់​ជាង​ប្រក្រតី​នោះ​ បញ្ជាក់​ថា​ អាច​នឹង​មាន​អាការ​រលាក​ថ្លើម​។

    6. ពិនិត្យមើល​ការ​ធ្វើការ​របស់​ថ្លើម​យ៉ាង​លម្អិត​ (Alkaline​ Phosphatase​ &​ Bilirubin​)
    ដើម្បី​ពិនិត្យ​រកមើល​ភាព​ខុសប្រក្រតី​របស់​ថ្លើម​ ដូចជា​ ខាន់លឿង​ ឬបំពង់​ទឹកប្រមាត់​ណែន​ស្ទះ​ ជាដើម​។

    7. ខ្លាញ់​ កូ​លេ​ស្តេ​រ៉ូល​ (Cholesterol​)
    ដើម្បី​ពិនិត្យមើល​កម្រិត​ជាតិ​ខ្លាញ់​ កូ​លេ​ស្តេ​រ៉ូ​លក្នុង​ឈាម​ថា​ តើមាន​បរិមាណ​ខ្ពស់​ជ្រុល​ពេក​ឬទេ​? បើ​កម្រិត​ជាតិ​ខ្លាញ់​ឡើង​ខ្ពស់​ វា​នឹង​ធ្វើ​ឱ្យ​សរសៃឈាម​ណែន​តាន់​ ដែល​ជាដើម​ហេតុ​របស់​ជំងឺបេះដូង​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ស្ពឹក​ពិការ​មួយ​កំណាត់​ ឬមួយ​ចំហៀង​ខ្លួន​ជាដើម​។
    (នៅមានត)

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 198

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 198

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/11/LRPN_198-Final-For-Web.pdf” force_dl=”1″]

  • អាន​ច្រើន​ ជា​វិធី​ដែល​សិស្ស​ពូកែ​ស្វែងយល់​ពី​ភាសា​បាន​ល្អ​

    អាន​ច្រើន​ ជា​វិធី​ដែល​សិស្ស​ពូកែ​ស្វែងយល់​ពី​ភាសា​បាន​ល្អ​

    ការសិក្សា​ភាសាបរទេស​ ជា​អ្វី​ដែល​កំពុងពេញនិយម​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ទំនាក់ទំនង​ និង​ការប្រកួត​ប្រជែង​ជា​លក្ខណៈ​សកល​។ ខុសកាល​ពី​ពេលមុន​ ដែល​ប្រជាជន​ម្នា​ក់ៗ​សិក្សា​ភាសា​តែមួយ​ តែ​យុវជន​បច្ចុប្បន្ន​ចាំបាច់​ត្រូវការ​ចេះ​ភាសា​ច្រើនជាង1​ ដោយ​អ្នកខ្លះ​ចេះ​រហូតដល់​ទៅ3​ ឬ 5ភាសា​ក៏​មាន​។

    មូលហេតុ​សំខាន់​ដែល​នាំ​ឱ្យ​ប្រជាជន​នា​ពេល​បច្ចុប្បន្ន​គួរតែ​ចេះ​ភាសា​ឱ្យ​បាន​ច្រើន​ ព្រោះ​បច្ចុប្បន្ន​នេះ​ ក្រៅពី​ការ​ស្វែងយល់​ភាសាជាតិ​ឱ្យ​បាន​ច្បាស់​ យើង​ត្រូវការ​ភាសា​សកល​សម្រាប់​ទំនាក់ទំនង​ និង​ភាសា​នៃ​ប្រទេស​ដែល​យើង​ចង់​រកស៊ី​ជាមួយ​សម្រាប់​អ្នកធ្វើ​អាជីវកម្ម​។ ហេតុនេះ​ការ​ចេះ​ច្រើន​ភាសា​ អាច​ជាអាទិភាព​មួយ​ក្នុង​ការជំរុញ​ឱ្យ​យុវជន​មានប្រៀប​ជាងគេ​ក្នុង​ការ​ដណ្តើម​ទីផ្សារ​ការងារ​ទាំង​ក្នុង​ប្រទេស​ និង​ក្នុង​តំបន់​។

    លោក​ ចេង​ បូរិ​ទ្ធ​ អតីត​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ និង​ជា​គ្រូបង្រៀន​ផ្នែក​គណិតវិទ្យា​បាន​លើកឡើង​ថា​ ការ​អាន​ឱ្យ​បាន​ច្រើន​ ជា​វិធីសាស្ត្រ​យ៉ាង​សំខាន់​ក្នុង​ការ​ស្វែងយល់​ពី​ភាសា​ឱ្យ​បាន​ច្បាស់លាស់​។ លោក​ថ្លែង​ថា​ លោក​ជា​អ្នក​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​ពិត​ ហើយ​ក៏​ធ្លាប់​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ផ្នែក​វិទ្យាសាស្ត្រ​ដែរ​ តែ​លោក​មិនដែល​ខកខាន​ក្នុង​ការ​អាន​នោះ​ទេ​ ព្រោះ​ការ​អាន​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​យើង​ទទួល​បាន​ព័ត៌មាន​ ឬប្រភព​ចំណេះដឹង​ច្រើន​ពី​អ្នកនិពន្ធ​នោះ​ទេ​ តែ​វា​ក៏​ជា​វិធីសាស្ត្រ​យ៉ាង​សំខាន់​ក្នុង​ការ​ស្វែងយល់​ពី​ភាសា​។ ប្រសិនបើ​យើង​អាន​សៀវភៅ​ជា​ភាសាខ្មែរ​ យើង​នឹង​យល់​កាន់តែ​ច្បាស់​ពី​ការប្រើ​ប្រាស់​ពាក្យពេចន៍​ និង​ការ​រៀប​ឃ្លោងឃ្លា​របស់​អ្នកនិពន្ធ​ ដែល​ធ្វើ​ឱ្យ​យើង​យល់​កាន់តែ​ច្បាស់​ពី​ភាសាជាតិ​។ ប្រសិនបើ​យើង​អាន​សៀវភៅ​បរទេស​ច្រើន​ យើង​នឹងអាច​យល់​ពី​ភាសា​នោះ​កាន់តែ​ច្រើន​ឡើង​ៗតាមរយៈ​ការសង្កេត​ និង​ចំនួន​ឯកសារ​ដែល​យើង​បាន​អាន​នោះ​។

    លោក​ ចេង​ បូរិ​ទ្ធ​ បាន​និយាយ​ថា​៖ “អ្នក​សិក្សា​ភាសា​ជាច្រើន​ តែងតែ​ចូលចិត្ត​ទន្ទេញ​ដើម្បី​ឱ្យ​ចាំ​ពាក្យ​ច្រើន​ និង​វេយ្យ​ករណ៍​ដែលគេ​ប្រើប្រាស់​ជាដើម​។ ការ​ធ្វើបែប​នេះ​ អាច​ធ្វើ​ឱ្យ​យើង​នឿយហត់​ និង​ឆាប់​បោះបង់​វា​ចោល​ទៅវិញ​ ព្រោះ​ការ​ទន្ទេញ​មិន​ប្រាកដ​ថា​ធ្វើ​ឱ្យ​យើង​ចងចាំ​បាន​រហូត​នោះ​ទេ​។ វា​អាច​នឹង​ភ្លេចភ្លាំង​នៅពេល​ដែល​មាន​ពាក្យកាន់​តែ​ច្រើនឡើង​សម្រាប់​ទន្ទេញ​”។

    អតីត​សិស្ស​ពូកែ​ខាងលើ​បាន​លើកឡើង​ថា​ វិធីសាស្ត្រ​ដែល​អាច​ធ្វើ​ឱ្យ​យើង​ចងចាំ​បាន​ល្អ​ ហើយ​មិន​ចាំបាច់​ខំប្រឹង​ប្រែង​ខ្លាំងពេក​នោះ​ គឺ​ការ​ឧស្សាហ៍​អាន​ឱ្យ​បាន​ច្រើន​។ ការសិក្សា​អំពី​ភាសា​ ថ្វី​ដ្បិតតែ​មិន​មាន​រូបមន្ត​ ឬត្រូវការ​គណនា​ដូច​វិទ្យាសាស្ត្រ​ពិត​ក្ដី​ តែ​វា​ក៏​ត្រូវការ​ការអនុវត្ត​ដូចគ្នា​។ ប្រសិនបើ​យើង​អាន​កាន់​តែ​ច្រើន​ យើង​នឹង​ឃើញ​ពាក្យ​ដដែល​ៗនោះ​កាន់តែ​ច្រើន​ក្នុង​កម្រង​ពាក្យ​រាប់​រយ​-រាប់ពាន់​ពាក្យ​នៅក្នុង​អត្ថបទ​មួយ​។ នៅពេល​នោះ​ខួរក្បាល​របស់​យើង​នឹង​ចាប់​ពាក្យ​នោះ​ទុក​ ហើយ​ងាយស្រួល​យល់​ ព្រោះ​យើង​បាន​ស្គាល់​ពាក្យ​មួយចំនួន​នៅក្នុង​អត្ថបទ​នោះ​ស្រាប់ហើយ​ ហេតុ​នេះ​ល្មម​ៗក៏​យើង​អាច​កាត់យល់​បាន​ដែរ​។ បន្ទាប់មក​ទៀត​ នៅពេល​ដែល​យើង​ឃើញ​វា​ច្រើនដង​នៅក្នុង​អត្ថ​បទ​ផ្សេង​ៗគ្នា​ យើង​នឹង​ចងចាំ​វា​ដោយ​ងាយស្រួល​ និង​មិន​ចាំបាច់​ខំ​ទន្ទេញ​ដ៏​គួរ​ឱ្យ​ធុញទ្រាន់​នោះ​ទេ​។

    លោក​ លី​ ដារ៉ា​ អ្នកនិពន្ធ​សៀវភៅ​ជា​ភាសាអង់គ្លេស​ជាច្រើន​ចំណងជើង​ បាន​លើកឡើង​ថា​ ការសិក្សា​ភាសា​ទាមទារ​ឱ្យ​មានការ​អនុវត្ត​ច្រើន​ ហើយ​ការអនុវត្ត​នោះ​ទៀតសោត​ក៏​ត្រូវការ​បរិស្ថាន​ប្រកប​ដោយ​ភាព​ទាក់ទាញ​ដែរ​ ទើប​យើង​មិន​ស្មុគស្មាញ​ និង​ធុញទ្រាន់​ជាមួយនឹង​ការសិក្សា​។ ក្រៅពី​ការ​ទន្ទេញ​ អ្នក​សិក្សា​ភាសា​គួរ​បង្កើត​បរិយាកាស​សិក្សា​ដោយ​ការ​ជជែក​ និង​ជ្រើសរើស​យកពាក្យ​ដែល​យើង​បាន​សិក្សា​ទាំងអស់​នោះ​មក​ប្រើប្រាស់​ក្នុង​ស្ថានភាព​ជាក់ស្តែង​ឱ្យ​បាន​ច្រើន​។ ម្យ៉ាងវិញទៀត​ ដើម្បី​ឱ្យ​យើង​ឈាន​ទៅដល់​ការ​ស្គាល់​ពាក្យ​ថ្មី​ៗកាន់តែ​ច្រើន​ យើង​អាច​ជ្រើសរើស​ឯក​សា​រងា​យៗ​មួយចំនួន​មក​អាន​ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​យើង​ងាយ​ផ្សាំុ​ខ្លួន​ជាមួយនឹង​ការប្រើ​ប្រាស់​ភាសា​នោះ​។

    លោក​ លី​ ដារ៉ា​ បាន​និយាយ​ថា​៖ “ចង់​សិក្សា​ភាសា​ឱ្យ​បាន​ល្អ​ មិន​ចាំបាច់​ដាក់​សម្ពាធ​ដល់​ខ្លួនឯង​ពេក​ទេ​ តែ​ទាមទារ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​អនុវត្ត​ ព្រមទាំង​ត្រូវការ​ពេលវេលា​បន្តិច​ម្តង​ៗរហូតដល់​យើង​អាច​ប្រើប្រាស់​វា​បាន​ដោយ​រលូន​”។

    អ្នកនិពន្ធ​ខាងលើ​ ពន្យល់​ថា​ ប្រសិនបើ​យើង​ចង់​បង្កើត​ទម្លាប់​អាន​ដើម្បី​ស្វែងយល់​ពី​ភាសា​ឱ្យ​បាន​ច្រើន​ យើង​គួរ​កុំ​ចាប់អារម្មណ៍​ខ្លាំងពេក​ទៅលើ​ប្រភេទ​សៀវភៅ​ ឬជ្រើសរើស​សៀវភៅ​ណា​ដែល​ឆ្ងាយ​ពី​ការរស់នៅ​របស់​យើង​ខ្លាំងពេក​នៅពេល​ដំបូង​។

    អ្នកអាន​គួរ​ស្វែងរក​ប្រភេទ​សៀវភៅ​ណា​ដែល​យើង​ចូលចិត្ត​ ដូចជា​ការ​មើល​កម្សាន្ត​ ឬស្វែងរក​ប្រភេទ​អត្ថ​បទ​ងាយ​ៗ និង​ជក់ចិត្ត​ជាមុន​សិន​។ បន្ទាប់មក​ទើប​ចាប់ផ្តើម​ងាក​មក​អាន​អត្ថបទ​ទាំងឡាយ​ណា​ដែល​យើង​គិតថា​ វា​ជាប់ពាក់ព័ន្ធ​នឹង​ការរស់នៅ​របស់​យើង​ ឬពាក់ព័ន្ធ​នឹង​ការងារ​ ក៏ដូចជា​ការសិក្សា​ជាដើម​។ នៅ​ពេល​យើង​មានទម្លាប់​នៃ​ការ​អាន​ល្អ​ហើយ​ យើង​នឹង​ចាប់ផ្តើម​ជក់ចិត្ត​ក្នុង​ការ​អាន​ ហើយ​បន្តិច​ម្តង​ៗចំណេះដឹង​ដែល​យើង​ទទួល​បាន​ក៏​នឹង​អភិវឌ្ឍ​ប្រសើរ​ឡើង​ដោយ​មិនដឹង​ខ្លួន​។ 1ឆ្នាំ​ ឬ2ឆ្នាំក្រោយ​ យើង​នឹង​ដឹង​ថា​ សមត្ថភាព​ខាង​ភាសា​របស់​យើង​នឹង​អភិវឌ្ឍ​ប្លែក​ដោយ​មិនបាច់​បង្ខំ​៕

  • តើគួរផាត់មុខបែបណា សម្រាប់​ដំណើរ​កម្សាន្ត​នា​ចុងឆ្នាំ​នេះ​?

    តើគួរផាត់មុខបែបណា សម្រាប់​ដំណើរ​កម្សាន្ត​នា​ចុងឆ្នាំ​នេះ​?

    ការ​ដើរកម្សាន្ត​ មិនថា​ជិត​ ឬឆ្ងាយ​នោះ​ទេ​ គឺ​ទាមទារ​ឱ្យ​មាន​ភាព​ងាយស្រួល​ និង​ស្រស់ស្រាយ​តាម​បែប​ធម្មជាតិ​ ដូច្នេះ​ការ​តុបតែង​ខ្លួន​ក៏​ត្រូវតែ​សម្រប​តាម​នោះ​ដែរ​ ជាពិសេស​ការ​តុបតែង​មុខមាត់​តែម្តង​។ ភាព​ស្រស់​ស្អាត​បែប​ធម្មជាតិ​ គឺជា​សម្រស់​ដែល​មិន​ចេះ​ជិនណាយ​នោះ​ទេ​ ដូច្នេះ​នៅក្នុង​ដំណើរ​កម្សាន្ត​ អ្នក​គួរតែ​តុបតែង​មុខ​បែបនេះ​ ដើម្បី​ទទួល​បាន​នូវ​ភាព​ស្រស់​ស្អាត​ផង​ បាន​ទាំង​ភាព​ងាយស្រួល​ផង​ ព្រោះ​មិន​ធ្វើ​ឱ្យ​ផ្ទៃមុខ​របស់​អ្នក​ស្លេកស្លាំង​ និង​មិន​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា​ ទើស​ ឬធ្ងន់​ៗ ព្រោះតែ​ការ​ផាត់មុខ​ក្រាស់​ពេក​ ដូច្នេះ​ សូម​ក្រឡេក​មើល​ការ​ផាត់មុខ​សម្រាប់​ដំណើរ​កម្សាន្ត​នៅក្នុង​ទំព័រ​សម្រស់​របស់​ ឡា​រ៉ែ​ន ដើម្បី​តុបតែង​មុខ​របស់​អ្នក​ឱ្យ​ស្រស់​ស្អាត​ ត្រូវ​កាលៈទេសៈ​ និង​ដើរលេង​យ៉ាង​សប្បាយរីករាយ​ជាមួយ​ឱកាស​ចុងឆ្នាំ2019នេះ​ទាំងអស់​គ្នា​ណា៎​៕

  • កុមារ​ជាគោល​ដៅ​សំខាន់​បំផុត​ក្នុង​ការអប់រំ​ពី​បរិស្ថាន​…

    កុមារ​ជាគោល​ដៅ​សំខាន់​បំផុត​ក្នុង​ការអប់រំ​ពី​បរិស្ថាន​…

    សម្រាប់​ប្រទេស​មួយ​ បើ​គេ​ចង់​វិភាគ​ពីអ​នាគ​តនៃ​កម្រិតយល់ដឹង​របស់​មនុស្ស​ គេ​នឹង​មើល​ពី​វិធីសាស្ត្រ​ ឬស្ថាន​ភាព​ជាក់ស្តែង​នៃ​ការរស់នៅ​ និង​ការ​គិត​របស់​កុមា​រតូចៗ​នា​ពេល​បច្ចុប្បន្ន​ ព្រោះ​កុមារ​ជា​ធនធានមនុស្ស​ប្រកប​ដោយសក្តានុពល​ ឬជា​អ្នក​បន្តវេន​លើ​គ្រប់​ផ្នែក​ទាំងអស់​នៅ​ថ្ងៃខាងមុខ​។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នៃ​ការអប់រំ​បរិស្ថាន​វិញ​ យើង​ឃើញថា​កុមារ​ អាច​នឹង​ក្លាយជា​គោលដៅ​សំខាន់​បំផុត​ក្នុង​ការ​បណ្តុះបណ្តាល​ឱ្យ​មានគំនិត​ផ្លាស់​ប្តូរ​យ៉ាង​វិជ្ជមាន​ដែល​ជំរុញ​ឱ្យ​មានការ​គាំពារ​ និង​រក្សា​បរិស្ថាន​បាន​ល្អ​នៅ​ថ្ងៃ​អនាគត​។

    ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ បាន​លើកឡើង​ថា​ ការអប់រំ​ពី​បញ្ហា​បរិស្ថាន​ ចាំបាច់​ត្រូវ​បណ្តុះបណ្តាល​គំនិត​យុវជន​តាំង​ពី​ក្មេង​ៗតូច​មក​ ព្រោះ​កុមារ​ជា​មនុស្ស​ដែល​មាន​ខួរក្បាល​ស្រស់​ស្អាត​ និង​ងាយ​ក្នុង​ការ​បណ្តុះបណ្តាល​ពី​ផ្នត់គំនិត​ស្រឡាញ់​បរិស្ថាន​ ដែល​ផ្នត់គំនិត​ជា​វិជ្ជមាន​ទាំងអស់​នោះ​នឹង​ក្លាយជា​អ្វី​ដែលគេ​អនុវត្ត​ពេញ​មួយ​ជីវិត​។ ការចូលរួម​អប់រំ​ពី​បញ្ហា​បរិស្ថាន​គួរ​ចាប់ផ្តើម​ចេញ​ពី​ស្ថាប័ន​អប់រំ​ និង​នៅក្នុង​គ្រួសារ​ ដោយ​អាណាព្យាបាល​ និង​លោកគ្រូ​-អ្នកគ្រូ​ អាច​បង្រៀន​កុមារ​ដោយ​វិធី​សា​ស្ត្រងា​យៗ​ សប្បាយ​ៗដូចជា​ការ​នាំ​លេងល្បែង​កម្សាន្ត​ដែល​ផ្តល់​តម្លៃ​អប់រំ​ផ្នែក​បរិស្ថាន​ជាដើម​ ដើម្បី​ឱ្យ​កុមា​រតូចៗ​ងាយ​ចាប់បាន​នូវ​គំនិត​ស្រឡាញ់​បរិស្ថាន​តាំងពី​នៅ​តូច​ មិន​ចាំបាច់​ទាល់តែ​ពួកគេ​ធំ​ពេញ​វ័យ​ទើប​អប់រំ​ឡើយ​។

    ឯកឧត្តម​ នេត​ ភក្ត្រា​ បាន​និយាយ​ថា​៖ “ការ​យកចិត្ត​ទុកដាក់​លើ​បញ្ហា​បរិស្ថាន​ ជាផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ការរស់នៅ​ ហើយ​ការ​លើក​ទឹក​ចិ​ត្ត​កូន​ៗឱ្យ​សម្អាត​បរិស្ថាន​ ជា​ការចូលរួម​ក្នុង​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​ និង​បណ្តុះ​បណ្តុះ​គំនិត​ជា​វិជ្ជមាន​សម្រាប់​ពួកគេ​ក្នុង​ការ​ឈាន​ទៅដល់​ការអនុវត្ត​បាន​ល្អ​ប្រសើរ​ និង​ប្រកបដោយ​ការទទួលខុសត្រូវ​ក្នុង​សង្គម​នា​ពេល​អនាគត​”។

    បើ​តាម​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន​ខាងលើ​ ៖ នៅពេល​កុមារ​យល់​ច្បាស់​ពី​ការ​ថែរក្សា​បរិស្ថាន​ និង​តម្លៃ​នៃ​ការ​យកចិត្ត​ទុកដាក់​ពី​បញ្ហា​បរិស្ថាន​ ពួកគេ​នឹងអាច​ក្លាយជា​កម្លាំង​ចលករ​យ៉ាង​សំខាន់​ក្នុង​ការ​បន្ត​អប់រំ​ដល់​កុមារ​ជាច្រើន​ផ្សេងទៀត​។ ដើម្បី​ជំរុញ​ឱ្យ​មានការ​អប់រំ​ពី​បញ្ហា​បរិស្ថាន​ឱ្យ​កាន់តែ​ខ្លាំង​ បច្ចុប្បន្ន​នេះ​ក្រសួងបរិស្ថាន​ និង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ដាក់បញ្ចូល​នូវ​ការអប់រំ​ពី​បរិស្ថាន​នៅក្នុង​កម្មវិធី​សិក្សា​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​សិស្ស​ចាប់ពី​ថ្នាក់​បឋមសិក្សា​ រហូតដល់​មធ្យមសិក្សា​ បាន​យល់ដឹង​ និង​ចូលរួម​លើកកម្ពស់​បរិស្ថាន​ ការ​អភិរក្ស​ជីវៈ​ចម្រុះ​ និង​ការចូលរួម​ក្នុង​សកម្មភាព​ជា​វិជ្ជមាន​ជាច្រើន​ផ្សេង​ទៀត​ក្នុង​ជីវភាពរស់នៅ​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ បញ្ហា​បរិស្ថាន​ជា​បញ្ហា​សកល​ដែល​ពិភពលោក​កំពុង​យកចិត្ត​ទុកដាក់​ ហើយ​វា​ក៏​ជា​បញ្ហា​សំខាន់​ផង​ដែរ​សម្រាប់​ប្រទេស​នី​មួយ​ៗ ព្រោះ​វា​ក៏​ជាផ្នែក​ចម្បង​មួយ​ផង​ដែរ​ក្នុងចំណោម​ផ្នែក​ធំៗ​នានា​ដែលគេ​វាយតម្លៃ​ពី​កម្រិត​នៃ​កា​រស់នៅ​របស់​ប្រជាជន​នៅក្នុង​ទីក្រុង​ ឬប្រទេស​មួយ​។ នៅពេល​ទីក្រុង​ស្អាត​ ឬតំបន់​ណាមួយ​ស្អាត​ នោះ​វា​អាច​នឹង​ក្លាយជា​ចំណុច​ទាក់ទាញ​សម្រាប់​ទេសចរណ៍​ ដែល​អាច​នឹង​ឈាន​ទៅដល់​ការ​វិនិយោគ​នៅពេល​ខាងមុខ​ តែ​ប្រសិនបើ​តំបន់​ពោរពេញ​ទៅ​ដោយ​សំរាម​ និង​គ្មាន​សណ្តាប់​ធ្នាប់​ នោះ​វា​នឹង​ទាញ​តម្លៃ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​ខិតខំ​កសាង​ឡើង​ឱ្យ​ស្ថិត​ក្នុង​ស្ថានភាព​អវិជ្ជមាន​បាន​។ មានន័យថា​ ទោះបីជា​មាន​អគារ​ស្អាត​ ឬសួនច្បារ​ស្អាត​ប៉ុនណា​ក៏ដោយ​ ប្រសិនបើ​មិន​អាច​គ្រប់គ្រង​សំរាម​បាន​ ឬប្រជាជន​មិនបាន​ចូលរួម​ចំណែក​ក្នុង​ការ​ថែរក្សា​បរិស្ថាន​ឱ្យ​បាន​ល្អ​ទេ​នោះ​ តំបន់​ស្រស់​ស្អាត​ទាំងនោះ​នឹង​បាត់បង់​តម្លៃ​ទៅតាម​នោះ​ដែរ​។ ហេតុនេះ​ការ​បណ្តុះបណ្តាល​ និង​ការ​បញ្ចូល​ផ្នត់គំនិត​បរិស្ថាន​ដល់​ប្រជាជន​ ជា​រឿង​សំខាន់​ដែល​ពិភពលោក​កំពុង​ចាប់អារម្មណ៍​។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ​ ឯកឧត្តម​ ហង់​ជួន​ ណា​រ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើក​ឡើង​ថា​ ការអប់រំ​ពី​បញ្ហា​បរិស្ថាន​ចំពោះ​កុមា​រតូចៗ​ជា​រឿង​សំខាន់​ ព្រោះ​កុមារ​តូច​ជា​មូលធន​មនុស្ស​ដ៏​សំខាន់​នា​ពេល​អនាគត​។ នៅ​ថ្ងៃខាងមុខ​ពួកគេ​នឹង​ក្លាយជា​ប្រជាជន​សកម្ម​ដែល​ចូលរួម​គ្រប់​ផ្នែក​ទាំងអស់​នៅក្នុង​សង្គម​ ហេតុនេះ​ប្រសិនបើ​ប្រជាជន​យល់​ដឹង​ច្បាស់​ពី​បញ្ហា​បរិស្ថាន​ ពួកគេ​នឹងអាច​ចូលរួម​ចំណែក​រក្សា​បរិស្ថាន​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​។

    ឯកឧត្តម​បញ្ជាក់​ថា​ ដើម្បី​អប់រំ​ កុមារ​ឱ្យ​បាន​ល្អ​ពី​បញ្ហា​បរិស្ថាន​ ការអប់រំ​នៅតែ​ក្នុង​សាលា​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ​ ព្រោះ​ក្រៅពី​ការសិក្សា​ពី​ក្នុង​សាលា​ហើយ​ នៅ​ក្នុង​សង្គម​ជាក់ស្តែង​កុមារ​ទទួល​ឥទិ្ធ​ពល​ពី​ផ្នែក​សំ​ខាន់​ៗជាច្រើន​ទៀត​ដូចជា​កត្តា​គ្រួសារ​ និង​កត្តា​បរិស្ថាន​ជាក់ស្តែង​នៃ​ការរស់នៅ​ជាដើម​។ ហេតុនេះ​ អាណាព្យាបាល​ដែល​ជា​អ្នកបង្រៀន​កុមារ​មុនគេ​បង្អស់​មុន​ពេល​កុមារ​ចូលក្នុង​សាលា​ ឬជា​អ្នក​ដែល​នៅ​ជិត​ក្មេង​ច្រើន​បំផុត​ គួរ​យកចិត្ត​ទុកដាក់​ក្នុង​ការ​បង្រៀន​កុមារ​ប្រកបដោយ​ភាព​វិជ្ជមាន​៕

  • មូលហេតុ​សំខាន់​ដែល​ប្រទេស​នានា​ជោគជ័យ​ក្នុង​ការ​ជំរុញ​ឱ្យ​មា​នន​វានុ​វត្តន៍​…

    មូលហេតុ​សំខាន់​ដែល​ប្រទេស​នានា​ជោគជ័យ​ក្នុង​ការ​ជំរុញ​ឱ្យ​មា​នន​វានុ​វត្តន៍​…

    ពិភពលោក​នា​សម័យ​បច្ចុប្បន្ន​នេះ​ជា​ពិភពលោក​នៃ​ការប្រកួត​ប្រជែង​ តែ​វិធីសាស្ត្រ​ដែលគេ​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​ គេ​លែង​ប្រកួតប្រជែង​ផ្នែក​កសិកម្ម​ ឬផ្នែក​ធនធាន​តទៅ​ទៀតហើយ​។ អ្វី​ដែលគេ​ចាត់ទុកថា​ ជា​ការប្រកួត​ប្រជែង​ដ៏​ធំ​ និង​ទាញ​យក​ប្រយោជន៍​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន​ គឺ​ការ​ធ្វើ​នវានុវត្តន៍​ (innovation​) ដែល​ជា​ការរុករក​បង្កើត​សមិទ្ធ​ផល​ថ្មី​ៗសម្រាប់​ដោះស្រាយ​បញ្ហា​មនុស្ស​ និង​បង្កើត​ជា​ផលប្រយោជន៍​ជា​ហិរញ្ញវត្ថុ​ជាដើម​។

    ថ្មី​ៗនេះ​របាយការណ៍​ស្តី​ពី​ការប្រកួត​ប្រជែង​លើ​ពិភពលោក​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ប្រចាំឆ្នាំ​ 2019​ (World​ Economic​ Forum​ Global​ Com​competitiveness​ Report​ 2019​) បាន​បញ្ជាក់​ថា​ ប្រទេស​ជាច្រើន​កំពុង​យកចិត្ត​ទុកដាក់​ជំរុញ​ឱ្យ​មានការ​បង្កើត​ថ្មី​ដើម្បី​ប្រកួតប្រជែង​ផ្នែក​អភិវឌ្ឍន៍​។ នៅក្នុង​នោះ​ប្រទេស​ហូ​ឡង់​ ជា​ប្រទេស​មួយ​ដែល​ស្ថិត​ក្នុងចំណោម​ប្រទេស​ទាំង10​ ដែល​មាន​នវានុវត្តន៍​សេដ្ឋកិច្ច​ខ្លាំង​ជាងគេ​លើ​ពិភពលោក​ បាន​ព្យាយាម​ធ្វើ​ឱ្យ​ខ្លួន​ក្លាយជា​តំបន់​ដែល​ងាយស្រួល​ក្នុង​ការ​បញ្ចូល​នូវ​បច្ចេកវិទ្យា​ថ្មី​ និង​វិធី​សា​ស្ត្រថ្មីៗ​ក្នុង​ការ​ធ្វើការងារ​។ ប្រជាជន​នៅក្នុង​ប្រទេស​នេះ​ ទទួល​បានការ​អប់រំ​យ៉ាង​ទូលំទូលាយ​ពី​បច្ចេកវិទ្យា​ និង​ត្រូវ​បាន​គេ​លើកទឹកចិត្ត​ឱ្យ​មាន​សេរីភាព​លើ​ការ​គិត​ និង​ពិចារណា​លើ​វិធី​ឆ្លាតវៃ​ជាច្រើន​ដែល​ខុសពី​វិ​ធី​ចាស់​ៗរបស់​មនុស្សជា​ទូទៅ​ក្នុង​សង្គម​។

    ចំណែក​ឯប្រទេស​បារាំង​វិញ​ ឈរ​នៅ​លំដាប់ថ្នាក់​លេខ9​ ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​មានការ​ចាក់​ឫស​យ៉ាង​មាំ​នូវ​ការ​ធ្វើអាជីវកម្ម​ ឬសហគ្រិនភាព​ប្រពៃណី​ តែ​ទោះជា​យ៉ាងនេះ​ក្តី​ ក៏​បារាំង​កំពុង​ជំរុញ​ឱ្យ​មានការ​លើកទឹកចិត្ត​ដល់​អ្នកបង្កើត​ថ្មី​ជាច្រើន​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​មានដំណើរ​ស្របគ្នា​រវាង​សហគ្រាស​ធំៗ​ជា​ប្រពៃណី​ និង​បច្ចេកវិទ្យា​ទំនើប​នៅក្នុង​ប្រទេស​។

    បារាំង​ជំរុញ​ និង​លើកទឹកចិត្ត​ឱ្យ​អ្នក​រុករ​កថ្មី​ៗទទួល​នូវ​អាទិភាព​សម្រាប់​ការ​កែប្រែ​គម្រោង​នវានុវត្តន៍​របស់​ខ្លួន​ឱ្យ​ក្លាយទៅជា​អាជីវកម្ម​។ បើ​ងាក​ទៅ​មើល​ចក្រភព​អង់គ្លេស​វិញ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ ប្រទេស​នេះ​សម្បូរទៅដោយ​ស្ថាបត្យកម្ម​បុរាណ​ និង​មាន​គ្រឹះស្ថាន​អប់រំ​យូរអង្វែង​ តែ​អង់គ្លេស​ស្ថិតនៅ​ក្នុង​លំដាប់ថ្នាក់​លេខ8​ នៃ​ប្រទេស​ដែល​មានការ​បង្កើត​ថ្មី​ច្រើន​បំផុត​លើ​ពិភពលោក​។ អង់គ្លេស​បាន​ជំរុញ​ខ្លួន​ឱ្យ​ក្លាយជា​ប្រទេស​ ឬជា​ផ្នះបស់​អ្នក​វិទ្យាសាស្ត្រ​ ព្រមទាំង​ជំរុញ​ឱ្យ​មាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជាច្រើន​ដើម្បី​លើកទឹកចិត្ត​ប្រជាជន​ឱ្យ​ខិតខំ​ប្រឹងប្រែង​បំបែក​គំនិត​នៃ​ការអប់រំ​ដើម្បី​បង្កើត​ជាស​មិទ្ធ​ផល​វិទ្យាសាស្ត្រ​ថ្មី​ៗដែល​ផ្តល់​ផលប្រយោជន៍​សម្រាប់​ប្រទេស​ផង​ និង​សម្រាប់​ពិភពលោក​ផង​។

    ប្រទេស​ដែល​ឈរ​នៅ​លំដាប់ថ្នាក់​លេខ7​ នៃ​ទិន្នន័យ​ប្រចាំឆ្នាំ2019​ នេះ​ គឺ​ប្រទេស​ជប៉ុន​។ ជប៉ុន​ជា​ប្រទេស​ដែល​មាន​ចំនួន​នៃ​ការ​ដាក់ពាក្យសុំ​ប៉ាតង់​សម្រាប់​ស្នាដៃ​ថ្មី​ច្រើន​ឡើង​ៗពី​ 1ឆ្នាំទៅ1ឆ្នាំ​។ កំណើន​នៃ​ការរុករក​ឃើញ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ មាន​កំណើន​លឿន​ និង​អាច​រំពឹង​ថា​ ធ្វើ​ឱ្យ​ប្រទេស​នេះ​រត់​កាន់តែ​លឿន​ឡើង​ៗ ឬទទួល​បាន​ចំណាត់ថ្នាក់​កាន់​តែ​ល្អ​នៅ​ថ្ងៃ​អនាគត​ ដោយសារ​ប្រព័ន្ធ​អប់រំ​នៅក្នុង​ប្រទេស​ជប៉ុន​ គឺ​បាន​បញ្ចូល​កម្មវិធី​នវានុវត្តន៍​តាំងពី​សិស្ស​នៅ​វ័យក្មេង​។

    នៅ​ពីលើ​ជប៉ុន​ គឺ​កូរ៉េ​ខាងត្បូង​ ដែល​ធ្លាប់​ជា​ប្រទេស​ដែលគេ​ចាត់ទុកថា​ជា​ប្រទេស​ដែល​ប្រើប្រាស់​រ៉ូបូ​តច្រើនជាង​គេ​នោះ​ បាន​ក្លាយជា​ប្រទេស​លេខ​រៀង​ទី6​ ដែល​មាន​នវានុវត្តន៍​ច្រើន​ ព្រោះ​ប្រទេស​នេះ​បាន​ចំណាយ​ថវិកា​ខ្ពស់​លើ​វិស័យ​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ (R&​D)។ កូរ៉េ​ខាងត្បូង​បាន​ចំណាយ​ច្រើនជាង​ 4ភាគ​នៃ​ GDP​ របស់​ខ្លួន​ដើម្បី​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​នៅក្នុង​ប្រទេស​។ ស្រប​ពេល​ជាមួយគ្នា​នេះ​ ប្រទេស​ដែល​នៅ​លំដាប់ថ្នាក់​លេខ5​ លើ​ប្រទេស​កូរ៉េ​ខាងត្បូង​គឺ​ប្រទេស​ស៊ុយអែត​។ មូលហេតុ​សំខាន់​ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​ គឺ​ធនធាន​មនុស្ស​នៅក្នុង​ប្រទេស​នេះ​ភាគច្រើន​ជា​មនុស្ស​ដែល​មានការ​សហការ​ និង​ចែករំលែក​គំនិត​ដល់គ្នា​ច្រើន​បំផុត​ ដែល​ធ្វើ​ឱ្យ​ប្រសិទ្ធភាព​នៃ​ការ​ធ្វើការងារ​ និង​ការបង្កើត​ថ្មី​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​។

    ប្រទេស​ដែល​ឈរ​នៅ​លំដាប់ថ្នាក់​លេខ4​ ផ្នែក​នវានុវត្តន៍​សេដ្ឋកិច្ច​ គឺ​កោះ​តៃវ៉ាន់​។ តំបន់​នេះ​មិនធំ​ពេក​នោះ​ទេ​ តែ​វា​ជា​កន្លែង​ដែល​មានការ​អភិវឌ្ឍ​ផ្នែក​វិទ្យាសាស្ត្រ​បាន​យ៉ាង​ល្អ​ ព្រោះ​ប្រជាជន​នៃ​កោះ​តៃវ៉ាន់​ភាគច្រើន​ទទួល​បានការ​អប់​រំ​ល្អ​ៗពី​បរទេស​ និង​បន្ត​យក​ចំណេះដឹង​ទាំងអស់​នោះ​មក​ចែករំលែក​បន្ថែម​ក្នុង​ប្រព័ន្ធ​អប់រំ​ និង​ការ​ធ្វើការងារ​ជាក់ស្តែង​។ ចំណាត់ថ្នាក់​លេខ​4 នេះ​មិនមែន​ទើបតែ​ទទួល​បាន​នៅ​ឆ្នាំនេះ​ទេ​ កាលពី​ឆ្នាំមុន​តៃវ៉ាន់​ក៏​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ល្អ​នេះ​ដែរ​។

    ប្រទេស​ដែល​ឈរ​នៅ​លំដាប់ថ្នាក់​លេខ3​ គឺ​ប្រទេស​ស្វ៊ី​ស។ ប្រទេស​នេះ​ ជា​តំបន់​ដែល​មានការ​ចុះ​ឈ្មោះ​ម៉ាក​សញ្ញា​អាជីវកម្ម​ (trademark​) ខ្ពស់​បំផុត​លើ​ពិភពលោក​។ ស្វ៊ី​សលើ​កតម្កើង​ការបង្កើត​ថ្មី​ និង​ប្រណីតភាព​នៃ​ផលិតផល​របស់​ខ្លួន​ ដែល​ធ្វើ​ឱ្យ​ស្នាដៃ​នី​មួយ​ៗប្រកបដោយ​គុណ​តម្លៃ​ ដែល​ជា​កត្តា​ជំរុញ​កាន់តែ​ខ្លាំង​ដល់​ការបង្កើត​ថ្មី​ដើម្បី​ចែកចាយ​លើ​ពិភពលោក​។ ចំណែក​ឯប្រទេស​ដែល​ឈរ​នៅ​លំដាប់ថ្នាក់​លេខ2​ ក្នុង​តារាង​នៃ​ឆ្នាំនេះ​គឺ​ សហរដ្ឋអាមេរិក​ ជា​តំបន់​ដែល​មាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ល្អ​បំផុត​លើ​ពិភពលោក​។ ប្រទេស​នេះ​បាន​ចំណាយ​ថវិកា​ជាតិ​យ៉ាងច្រើន​លើ​ការ​បណ្តុះបណ្តាល​ និង​ការស្រាវជ្រាវ​ ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ប្រជា​ជន​ខ្លាំង​ៗឱ្យ​បញ្ចេញស្នាដៃ​លើ​ការបង្កើត​ថ្មី​សម្រាប់​ប្រកួតប្រជែង​ផ្នែក​ពាណិជ្ជកម្ម​។

    ចំពោះ​ប្រទេស​ដែល​ឈរ​នៅ​លំដាប់ថ្នាក់​លេខ1​ លើ​ពិភពលោក​ឆ្នាំនេះ​ផ្នែក​នវានុវត្តន៍​ គឺ​អាល្លឺម៉ង់​។ មូលហេតុ​ដែល​ប្រទេស​នេះ​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​បំផុត​ ដោយសារតែ​អាល្លឺម៉ង់​ជា​ប្រទេស​ដែល​ជំរុញ​ និង​លើកទឹកចិត្ត​ខ្លាំង​បំផុត​ផ្នែក​ស្រាវជ្រាវ​ សហការ​ និង​ពាណិជ្ជកម្ម​៕