Author: ធឿន មករា

  • បន្តិចទៀត​ប្រជាជន​ទូទាំង​ប្រទេស​នឹងអាច​ទទួល​ព័ត៌មាន​ពី​គ្រោះ​ធម្មជាតិ​តាមរយៈ​ទូរស័ព្ទ​បង្ការ​គ្រោះថ្នាក់​

    បន្តិចទៀត​ប្រជាជន​ទូទាំង​ប្រទេស​នឹងអាច​ទទួល​ព័ត៌មាន​ពី​គ្រោះ​ធម្មជាតិ​តាមរយៈ​ទូរស័ព្ទ​បង្ការ​គ្រោះថ្នាក់​

    ប៉ុន្មាន​ឆ្នាំ​ជាប់​ៗគ្នា​នេះ​ កម្ពុជា​តែងតែ​ត្រូវ​រង​ការវាយប្រហារ​ដោយសារ​បញ្ហា​ធម្មជាតិ​ ដូចជា​គ្រោះ​រាំងស្ងួត​ ខ្យល់​កន្ត្រាក់​ រន្ទះ​ និង​ជាពិសេស​ គឺ​បញ្ហា​ទឹកជំនន់​។ បញ្ហា​នេះ​ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ត្រូវ​រង​ផល​ប៉ះពាល់​យ៉ាងច្រើន​ទាំង​បញ្ហា​សុវត្ថិភាព​នៃ​ការរស់នៅ​ បញ្ហា​សុខភាព​ និង​ត្រូវ​ជម្លៀស​ចេញ​ពី​លំនៅឋាន​នៅពេល​ទឹក​លេច​សហគមន៍​របស់​ពួកគាត់​តែម្តង​។ ជាទូទៅ​គេ​សង្កេតឃើញ​ថា​ ក្នុងចំណោម​សហគមន៍​ដែល​រងគ្រោះ​ទាំងអស់​ តំបន់​ដែល​ទទួលរង​ផល​ប៉ះពាល់​ធ្ងន់ជាង​គេ​ គឺ​កន្លែង​ដែល​មិន​ទទួល​បាន​ព័ត៌មាន​មុន​ពេល​ទឹកជំនន់​ ដែល​ធ្វើ​ឱ្យ​ប្រជាជន​ខ្លះ​ភៀសខ្លួន​ចេញពី​លំនៅឋាន​មិនទាន់​ ឬត្រូវ​ទឹកជន់​លិច​ដោយ​មិនដឹង​ខ្លួន​នៅពេល​យប់​ ជាដើម​។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​ បាន​ជួប​សម្ភាស​ជាមួយ​លោក​ ទេព​ សុខា​ អនុប្រធាន​កម្មវិធី​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​នៃ​អង្គការ​ People​ In​ Need​ ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ប្រកាស​ព័ត៌មាន​គ្រោះមហន្តរាយ​ធម្មជាតិ​ 1294​ (early​ warning​ 1294​) ដែល​ជា​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​ទៅ​គ្រ​បតំ​-បន់​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ហានិភ័យ​នៃ​គ្រោះ​ធម្មជាតិ​ដើម្បី​ឱ្យ​ប្រជាជន​បានដឹង​ និង​ត្រៀមខ្លួន​ដោះស្រាយ​ទាន់ពេល​វេលា​នៅពេល​ជួប​គ្រោះ​ធម្មជាតិ​ជាក់ស្តែង​កើតឡើង​។

    1. តើ​កម្មវិធី​ប្រកាស​ព័ត៌មាន​ពី​គ្រោះ​ធម្មជាតិ​នេះ​កើតឡើង​នៅ​ឆ្នាំ​ណា​?
    ហើយ​មូលហេតុ​អ្វី​ទើប​បង្កើត​កម្មវិធី​នេះ​ឡើង​?
    កម្មវិធី​ផ្តល់​ព័ត៌មាន​ជាមុន​ ឬប្រព័ន្ធ​ប្រកា​សព័​ត៌​មាន​គ្រោះ​ធម្មជាតិ​នេះ​ត្រូវ​បាន​អង្គការ​ People​ In​ Need​ បង្កើត​សាកល្បង​នៅក្នុង​ឆ្នាំ2013​ ដោយ​កាល​ណោះ​យើង​អនុវត្ត​នៅក្នុង​ភូមិ​ចំនួន3ក្នុង​ខេត្តពោធិ៍សាត់​។ រហូតមកដល់​បច្ចុប្បន្ន​នេះ​យើង​បាន​គ្រប់​ដណ្តប់​លើ​ 21ខេត្ត​ក្រុង​ហើយ​ លើកលែងតែ​ 4ខេត្ត​ក្រុង​ទៀត​ប៉ុណ្ណោះ​ គឺ​ខេត្តតាកែវ​ ខេត្តកណ្តាល​ ខេត្ត​កំពង់ស្ពឺ​ និង​រាជធានី​ភ្នំពេញ​ ដែល​មិនទាន់​មាន​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​។ ទោះជា​យ៉ាងនេះ​ក្តី​ តាម​គម្រោង​ គឺ​នឹង​ដាក់​ឱ្យ​អនុវត្ត​នៅ​ទូទាំង​ប្រទេស​នៅ​ពាក់កណ្តាល​ឆ្នាំ2020​ ខាងមុខនេះ​ ដោយឡែក​សម្រាប់​ខេត្ត​កំពង់ស្ពឺ​ គឺ​គ្រោង​នឹង​បញ្ចប់​ការដំឡើង​នៅ​ចុងខែ​ធ្នូ​នេះ​។

    គោលបំណង​សំខាន់​របស់​យើង​គឺ​ យើង​ចង់​ជួយ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ទាំងអស់​ឱ្យ​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ​ ដើម្បី​ទប់ទល់​ជាមួយនឹង​គ្រោះ​ធម្មជាតិ​។ ដូច​យើង​ដឹង​ហើយ​ថា​ គ្រោះ​ធម្មជាតិ​ពេលខ្លះ​វា​កើត​ឡើង​ភ្លាម​ៗ ដែល​ធ្វើ​ឱ្យ​យើង​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ ប្រសិន​បើ​យើង​មិនបាន​ដឹងមុន​។ មាន​តំបន់​ខ្លះ​ កន្លងមក​យើង​ឃើញថា​ ជួនកាល​ទឹកជន់​ឡើង​កណ្តាល​អធ្រាត្រ​ ដែល​ធ្វើ​ឱ្យ​អ្នក​រស់នៅ​តំបន់​នោះ​ជម្លៀស​មិនទាន់​ ឬមាន​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ ទម្រាំ​អាជ្ញាធរ​ទៅ​ជួយ​បាន​។ ហេតុនេះ​ប្រសិនបើ​គាត់​បានដឹង​មុន​ថា​ 2ថ្ងៃ​ ឬបាន​ដឹង​ថា​ ក្នុងរយៈពេល​ណាមួយ​ខាងមុខនេះ​នឹង​មាន​ទឹក​ជំនន់​កើតឡើង​នោះ​ គាត់​នឹងអាច​ត្រៀមខ្លួន​ដោះស្រាយ​បញ្ហា​បាន​ទាន់ពេល​វេលា​។

    2. តើ​កម្មវិធី​នេះ​ដំណើរការ​ដោយ​ប្រើ​បច្ចេកវិទ្យា​ និង​វិធី​ណាខ្លះ​?
    កម្មវិធី​នេះ​ដំណើរការ​ដោយ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​ទូរស័ព្ទ​។ អង្គការ​ People​ In​ Need​ បាន​រៀបចំ​ឱ្យ​មានកម្ម​វិធី​នេះ​ដោយមាន​ការ​គាំទ្រ​ និង​ទំនាក់ទំនង​ល្អជា​មួយ​នឹង​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់​ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​។ ហេតុនេះ​យើង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ការងារ​ ដោយ​យើង​បាន​ដាក់​ឧបករណ៍​ Sensor​ នៅ​តាម​តំបន់​នានា​ដើម្បី​វាស់កម្ពស់​ទឹក​ សម្រាប់​តាមដាន​ពី​បញ្ហា​ទឹកជំនន់​។ Sensor​ ទាំងអស់​នោះ​នឹង​ធ្វើ​បច្ចុប្បន្នភាព​នៃ​កម្ពស់​ទឹក​មក​កន្លែង​គ្រប់គ្រង​ព័ត៌មាន​រៀងរាល់​ 15នាទី​ម្តង​ ដែល​ធ្វើ​ឱ្យ​យើង​ងាយ​ដឹង​ព័ត៌មាន​ទុកជាមុន​។

    បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ហើយ​ យើង​បាន​ផ្តល់​ឧបករណ៍​ទៅ​រដ្ឋបាល​ខេត្ត​ ដោយ​សហការ​ជាមួយនឹង​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់​ខេត្ត​ ដើម្បី​ឱ្យ​ពួកគាត់​ជួយ​ធ្វើជា​អ្នក​ផ្សាយ​ព័ត៌មាន​។ យើង​បាន​ផ្តល់​ជា​ឧបករណ៍​ដូចជា​កុំព្យូទ័រ​ ឧបករណ៍​ថត​សំឡេង​ និង​ឧប​ករណ៍​ផ្សេង​ៗទៀត​ ដើម្បី​ឱ្យ​គាត់​ផ្សាយ​ចេញទៅ​កាន់​លេខទូរស័ព្ទ​ដែល​បាន​ចុះឈ្មោះ​នៅក្នុង​តំបន់​របស់​គាត់​ ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រោះ​ធម្មជាតិ​ដែល​នឹង​កើតឡើង​នៅក្នុង​តំបន់​របស់​គាត់​។

    សិទ្ធិ​ក្នុង​ការសម្រេច​ចិត្ត​ផ្សាយ​ ឬផ្ញើ​សារ​ជា​សំឡេង​នេះ​ គឺ​ស្ថិតនៅ​លើ​អភិបាលខេត្ត​នី​មួយ​ៗ មានន័យថា​ នៅពេល​មាន​គ្រោះ​មហន្ត​រា​យម្តងៗ​ អង្គការ​ People​ In​ Need​ អាច​នឹង​ផ្តល់​ព័ត៌មាន​ជូន​ពួកគាត់​ ឬគណៈ​អភិបាលខេត្ត​ អាច​នឹង​ធ្វើការ​ប្រជុំ​ជាមួយនឹង​មន្ទីរ​ធនធាន​ទឹក​ និង​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ៗទៀត​ មុននឹង​ផ្សាយ​ចេញ​ទៅ​លេខទូរស័ព្ទ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​។

    3. តើ​ការ​ផ្ញើ​សារ​នេះ​មានប្រសិទ្ធភាព​ប៉ុនណា​សម្រាប់​ប្រជាពលរដ្ឋ​នៅ​គ្រប់តំបន់​?
    ដូច​យើង​បានដឹង​ហើយ​ថា​ ការ​ផ្សព្វផ្សាយ​ជាផ្នែក​មួយ​យ៉ាង​សំខាន់​ ហើយ​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​សុទ្ធតែ​សំខាន់​ ដូចជា​វិទ្យុ​ ទូរទស្សន៍​ ឬបណ្តាញ​ផ្សេង​ៗទៀត​ តែ​ពេលខ្លះ​នៅ​តំបន់ជនបទ​ មិន​ប្រាកដ​ថា​ គាត់​បាន​ស្តាប់​គ្រប់គ្នា​នោះ​ទេ​។ ហេតុនេះ​យើង​យល់ឃើញ​ថា​ ប្រជាជន​នៅ​គ្រប់តំបន់​សុទ្ធតែ​មាន​ទូរស័ព្ទ​ប្រើប្រាស់​ ទាំង​ទូរស័ព្ទ​ទំនើប​ និង​ទូរស័ព្ទ​ធម្មតា​។ ហេតុនេះ​យើង​ក៏​ប្រើប្រាស់​វិធី​សាស្រ្ត​ផ្ញើ​សារ​ជា​សំឡេង​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ 1294​ ដើម្បី​ឱ្យ​គាត់​បានដឹង​មុន​។

    នៅពេល​ទូរស័ព្ទ​របស់​គាត់​ឃើញ​ការ​ហៅ​ចូល​ (Call​) ពី​លេខ​ 1294​ គាត់​នឹង​ដឹង​ថា​ តំបន់​របស់​គាត់​នឹង​មាន​បញ្ហា​។ ក្រោយពេល​គាត់​ចុច​ទទួល​នឹង​មាន​សារ​ជា​សំឡេង​ដែល​បង្ហាញ​ពី​កម្ពស់​ទឹក​ ឬបញ្ហា​ត្រូវ​ប្រុងប្រយ័ត្ន​នានា​ តែ​ប្រសិនបើ​គាត់​រវល់​ ឬនៅ​ឆ្ងាយ​ពី​ទូរស័ព្ទ​ ប្រព័ន្ធ​នេះ​នឹង​ទាក់ទង​ទៅ​គាត់​រៀងរាល់​ 15​នាទី​ម្តង​ ចំនួន​ 3ដង​ទើប​ឈប់​។

    4. តើ​ប្រជាពលរដ្ឋ​ អាច​ចុះឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ដោយ​វិធី​ណាខ្លះ​?
    សម្រាប់​ការ​ចុះឈ្មោះ​ គឺ​មាន​ភាព​ងាយស្រួល​ណាស់​ អ្នក​ទាំងអស់គ្នា​អាច​សាកល្បង​ចុច​ទៅ​លេខ​ 1294​ នឹង​មាន​ឮសំឡេង​ណែនាំ​ឱ្យ​ដឹងពី​វិធី​ចុះឈ្មោះ​។ ក្រោយ​ស្តាប់​ឮសំឡេង​នោះ​ហើយ​ គ្រាន់តែ​ចុច​បន្ត​ នឹងអាច​ចុះឈ្មោះ​បាន​ហើយ​។ ឧទាហរណ៍​ យើង​នៅ​តំបន់​ណា​ ខេត្ត​ណា​ យើង​ត្រូវ​ចុច​តាម​ការណែនាំ​នោះ​ ក្រោយពេល​ចុច​ខេត្ត​ហើយ​ គេ​នឹង​សួរ​យើង​បន្ត​ ឱ្យ​យើង​ជ្រើសរើស​ស្រុក​ និង​ឃុំ​មុននឹង​បញ្ចប់​ការ​ចុះឈ្មោះ​។ គ្រាន់តែ​ចុះឈ្មោះ​តាម​ការណែនាំ​នោះ​ យើង​នឹងអាច​ទទួល​បាន​ព័ត៌មាន​នៅ​តំបន់​ដែល​យើង​កំពុង​រស់នៅ​ ឬតំបន់​ដែល​ឪពុក​ម្តាយ​ ក្រុម​គ្រួសារ​របស់​យើង​រស់នៅ​ក៏បាន​។ រាល់​ការ​ចុះឈ្មោះ​ និង​ទទួល​ព័ត៌មាន​ គឺ​មិន​គិតថ្លៃ​នោះ​ទេ​។

    5. តើ​មូលហេតុ​អ្វី​ បាន​ជា​ប្រើប្រាស់​លេខ​ 1294​ នេះ​?
    មូលហេតុ​ដែល​យើង​ប្រើប្រាស់​លេខ​ 1294 នេះ​ គឺ​ដោយសារតែ​យើង​បាន​ស្នើសុំ​ទៅ​ខាង​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ បន្ទាប់មក​លោក​ក៏បាន​ទំនាក់ទំនង​ទៅ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ដើម្បី​ទទួល​បាន​លេខ​ខ្លី​មួយ​សម្រាប់​ប្រើប្រាស់​។ ក្រោយ​ទទួល​បានការ​ស្នើសុំ​ ក្រសួង​ប្រៃសណីយ៍​ ក៏​បាន​ផ្តល់​លេខមួយ​ខ្សែ​នេះ​ដល់​យើង​ ដើម្បី​ប្រើប្រាស់​ក្នុង​គោលបំណង​មនុស្សធម៌​។ បច្ចុប្បន្ន​នេះ​ លេខ​ 1294​ ទទួល​បានការ​ជួយ​គាំទ្រ​ និង​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​ពី​ក្រុមហ៊ុន​ទូរស័ព្ទ​ចំនួន3​ គឺ​ក្រុមហ៊ុន​ Smart​, ក្រុមហ៊ុន​ CamGSM​ ឬប្រព័ន្ធ​ Cellcard​ និង​ក្រុមហ៊ុន​ Viettel​ ឬយើង​ស្គាល់​ថា​ជា​ប្រព័ន្ធ​ Metfone​ ហ្នឹងឯង​។

    6. តើ​លោក​មាន​មតិ​ផ្តាំផ្ញើ​ និង​សារ​អ្វីខ្លះ​សម្រាប់​សាធារណជន​?
    ជា​សារ​របស់ខ្ញុំ​ គឺ​ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ ឬអ្នក​ដែល​បាន​ទទួល​ព័ត៌មាន​ពី​កម្ម​វី​ធី​ផ្តល់​ព័ត៌មាន​ទុកជាមុន​ពី​គ្រោះ​ធម្មជាតិ​នេះ​ ជួយ​ផ្សព្វផ្សាយ​ និង​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ ឬក្រុម​គ្រួសារ​របស់​ខ្លួន​បាន​ប្រើប្រាស់​ផង​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ត្រៀមខ្លួន​ចៀស​ឱ្យ​ផុត​ពី​គ្រោះមហន្តរាយ​។

    ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ផង​ដែរ​ដល់​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ គណៈ​អភិបាល​ខេត្ត​ និង​ម្ចាស់​ជំនួយ​ទាំងអស់​ដែល​បាន​គាំទ្រ​ដល់​កម្មវិធី​នេះ​ដើម្បី​ជួយ​ប្រជាជន​កម្ពុជា​។ បន្ថែម​ពីលើ​នេះ​ បច្ចុប្បន្ន​នេះ​គណៈកម្មការ​ទន្លេមេគង្គ​ ក៏​កំពុង​សិក្សា​ពី​គំរូ​ដែល​ធ្វើ​នៅ​កម្ពុជា​នេះ​ ដើម្បី​ជួយ​ដល់​បណ្តា​ប្រទេស​ដទៃទៀត​ផង​ដែរ​នៅ​តំបន់​ទន្លេមេគង្គ​ដើម្បី​ចៀស​ ឬត្រៀមខ្លួន​ទុកជាមុន​ដើម្បី​គេច​ចេញពី​គ្រោះមហន្តរាយ​ធម្មជាតិ​៕

  • អាហារ​សម្រាប់​ស្ត្រី​មានគភ៌​ : វីតាមីន​ A &​ D ត្រូវ​ញ៉ាំ​ឱ្យ​មាន​តុល្យភាព​

    អាហារ​សម្រាប់​ស្ត្រី​មានគភ៌​ : វីតាមីន​ A &​ D ត្រូវ​ញ៉ាំ​ឱ្យ​មាន​តុល្យភាព​

    វី​តា​មីន​ផ្សេង​ៗសុទ្ធតែ​មាន​ភាព​ចាំបាច់​ចំពោះ​រាងកាយ​ទាំងអស់​ តែបើ​បាន​ទទួល​ច្រើន​ ឬតិច​ជ្រុល​ពេក​ ក៏អាច​ធ្វើ​ឱ្យ​មានផល​អាក្រក់​បាន​ដូចគ្នា​ ជាពិសេស​ វីតាមីន​ A និង​វីតាមីន​ D បើ​បាន​ទទួល​ច្រើនជ្រុល​ពេក​ នឹង​ពិបាក​ក្នុង​ការ​កម្ចាត់​ចេញពី​រាងកាយ​វិញ​ និង​អាច​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ស្ត្រី​មានគភ៌​ និង​ទារក​ក្នុង​ផ្ទៃ​បាន​។

    វីតាមីន​ A
    ក្រៅពី​មានផល​ដល់​ការ​រីកចម្រើន​ធំធាត់​ ការ​កសាង​ឆ្អឹង​ និង​ប្រព័ន្ធ​បន្ត​ពូជ​ហើយ​ នៅ​អាច​ការពារ​ការ​ឆ្លង​មេរោគ​ក្នុង​ប្រព័ន្ធ​រំលាយអាហារ​ ប្រព័ន្ធ​ដកដង្ហើម​ និង​ប្រព័ន្ធ​បន្ទោបង់​ទឹកមូត្រ​ និង​ចាំបាច់​ចំពោះ​រាងកាយ​ក្នុង​ការ​បំបែក​ខ្លួន​របស់​កោសិកា​ទៀតផង​។
    តែបើ​ទទួល​បាន​វីតាមីន​ A ច្រើនជ្រុល​ពេក​ក្នុង​ត្រីមាស​ដំបូង​នៃ​ការ​មានគភ៌​ នឹង​ធ្វើ​ឱ្យ​កើត​សភាវ​រលូត​បុត្រ​ ឬទារក​ពិការ​ពី​កំណើត​ ហើយ​ថ្លើម​របស់​ស្ត្រី​មានគភ៌​នឹង​ធ្វើការ​ខុសប្រក្រតី​ ដោយសា​តែ​មានការ​ប្រមូល​សន្សំ​វីតាមីន​ A ច្រើន​នៅក្នុង​ថ្លើម​។ កើត​សភាវ​ឆ្អឹង​ពុក​ មាន​អាការ​ក្អួត​ចង្អោ​ ឈឺក្បាល​ វិលមុខ​ និង​ស្រវាំង​ភ្នែក​ជាដើម​។
    ស្ត្រី​មានគភ៌​គួរ​ទទួល​វីតាមីន​ A ក្នុង​បរិមាណ​ 770ម៉ៃ​ក្រូ​ក្រាម​ ឬស្មើនឹង​ការ​ញ៉ាំ​បន្លែ​ផ្លែឈើ​យ៉ាងតិច​បំផុត​ក្នុង1ថ្ងៃ​ 5ចំណែក​ (5ក្តាប់​ ឬប្រមាណ​ 1/2 គីឡូក្រាម​) នឹង​បាន​ទទួល​វីតាមីន​ សារធាតុ​រ៉ែ​គ្រប់គ្រាន់​ចំពោះ​តម្រូវការ​របស់​រាងកាយ​។
    អាហារ​ដែល​មាន​វីតាមីន​ A មាន​ដូចជា​ មើម​ការ៉ុត​ ម្ទេស​បុក​ ដំឡូងជ្វា​ ថ្លើម​ ស៊ុត​ ទឹកដោះ​ បន្លែ​ផ្លែឈើ​ដែល​មាន​ពណ៌បៃតង​ចាស់​ ពណ៌ក្រហម​ លឿងទុំ​ និង​លឿង​ ដូចជា​ ផ្លែក្រូច​ ផ្លែ​ខេន​តា​លូប​(ត្រសក់ស្រូវ​បារាំង​) ផ្លែ​ទន្លាប់​ ម៉ាក់​ប្រាង​។ល។ វីតាមីន​ A នៅក្នុង​អាហារ​ និង​បន្លែ​ផ្លែឈើ​នឹង​មិន​ធ្វើ​ឱ្យ​រាងកាយ​បាន​ទទួល​វីតាមីន​លើស​ពី​តម្រូវការ​ដូច​វីតាមីន​កែច្នៃ​នោះ​ទេ​។ វីតាមីន​ A ភាគច្រើន​មាន​ច្រើន​នៅក្នុង​បន្លែ​ផ្លែឈើ​ដែល​នឹង​ស្ថិត​ក្នុង​រូបភាព​ជា​ បេ​តា​ឃែ​រ៉ូ​ធីន​ ដែល​ត្រូវ​បាន​ប្តូរ​ទៅជា​វីតាមីន​ A នៅ​ក្នុង​រាងកាយ​មួយ​សា​ទៀត​។

    វីតាមីន​ D
    ជួយ​ក្នុង​ការ​បឺត​ជ្រាប​កាល់ស្យូម​ចូល​ទៅ​ក្នុង​រាងកាយ​ ជួយ​ដល់​ការ​ធ្វើការងារ​របស់​បេះដូង​ ប្រព័ន្ធ​ការពារ​រោគ​ និង​រក្សា​កម្រិត​សម្ពាធ​ឈាម​។
    តែបើ​ទទួល​បាន​វីតាមីន​ D ច្រើនជ្រុល​ពេក​ នឹង​ធ្វើ​ឱ្យ​កើត​សភាវ​ជាតិពុល​ ដូចជា​ ធុញទ្រាន់​ ឬមិន​នឹកចង់​ញ៉ាំ​អាហារ​ ប្រព័ន្ធ​រំលាយអាហារ​ធ្វើការ​មិនបាន​ល្អ​ មិន​ស្រួល​ក្នុង​ពោះ​ ឈឺក្បាល​ ឈឺសន្លាក់​ឆ្អឹង​ កាល់ស្យូម​នៅក្នុង​ឈាម​ខ្ពស់​ កាល់ស្យូម​តោង​នៅក្នុង​បេះដូង​ ក្រលៀន​ សរសៃឈាម​ និង​ប្រព័ន្ធ​ដកដង្ហើម​ ធ្វើ​ឱ្យ​អវយវៈ​ទាំងនោះ​ធ្វើការងារ​ខុសប្រក្រតី​ ដោយសារតែ​រាងកាយ​បឺត​ជ្រាប​កាល់ស្យូម​ច្រើនជាង​ប្រក្រតី​ និង​បង្ខំ​ការ​រំ​លា​យកាលស្យូម​ចេញពី​ឆ្អឹង​ ធ្វើ​ឱ្យ​មាន​កាល់ស្យូម​ក្នុង​ឈាម​ខ្ពស់​ និង​បាត់បង់​តុល្យភាព​។
    គួរ​បាន​ទទួល​វីតាមីន​ D ក្នុង​បរិមាណ​ 600​ IU​ ក្នុង​ 1ថ្ងៃ​ ឬឱ្យ​ស្បែក​ដែល​គ្មាន​ឡេ​ការពារ​ពន្លឺថ្ងៃ​ បាន​ប៉ះ​ពន្លឺថ្ងៃ​ក្នុងអំឡុងពេល​មុន​ម៉ោង​ 10ព្រឹក​ ឬក្រោយ​ម៉ោង​ 3រសៀល​ ប្រមាណ​ជា​ 10​ – 15នាទី​ ក្នុង​ 1អាទិត្យ​ 2ដង​ ដោយសារតែ​វីតាមីន​ D មាននៅ​ក្នុង​ពន្លឺថ្ងៃ​ តែ​បច្ច័យ​ដែល​រារាំង​ការ​សាង​វីតាមីន​ D នៅក្នុង​ស្រទាប់​ស្បែក​នោះ​គឺ​ សម្លៀកបំពាក់​ ឡេ​ការពារ​ពន្លឺថ្ងៃ​ កញ្ចក់​រថយន្ត​ និង​ការ​ធ្វើការ​នៅក្នុង​បន្ទប់​ជាដើម​។
    អាហារ​ដែល​មាន​វីតាមីន​ D មាន​ដូចជា​ សាច់​ត្រី​ដែល​មាន​អូ​មេ​ហ្កា3​ ដូចជា​ ត្រី​សា​ឌីន​ សាល់​ម៉ុន​ មែក​ឃើ​រេល​(សា​បាក់​) ធូ​ណា​ ទឹកដោះ​ ខ្លាញ់​ថ្លើម​ត្រី​ និង​ការ​ប៉ះ​ពន្លឺ​ថ្ងៃ​ខ្លះ​ៗ នឹង​ទទួល​បាន​វីតាមីន​ D គ្រប់គ្រាន់​ល្មម​ជាមិនខាន​។

    ពេលព្រឹក​ : ស៊ែ​នវិច​ឆ៍​សាច់​ត្រី​ធូ​ណា​-យ៉ា​អួ​ ប្រើ​យ៉ា​អួ​រសជាតិ​ធម្មជាតិ​ជំនួស​ ម៉ា​យ៉ង់​នេស​ ស្ករ​បន្តិច​ និង​ជួយ​រឿង​ប្រព័ន្ធ​បន្ទោបង់​។ សារធាតុ​អាហារ​ចម្បង​ដែល​ស្ត្រី​មានគភ៌​នឹង​បាន​ទទួល​ក្នុង​ពេល​អាហារ​ព្រឹក​នេះ​គឺ​ ប្រូ​តេ​អុីន​ កាល​ស្យូម​ ខ្លាញ់ត្រី​ វីតាមីន​ A – B និង​ D។ពេលថ្ងៃត្រង់​ : ត្រី​ផ្លា​ធូ​ចៀន​ បែប​មិន​ឱ្យ​ស្រួយ​ពេក​ ព្រោះ​បើ​ប្រើ​ពេល​ចៀន​យូរ​ពេក​ ជាតិ​ខ្លាញ់​នៅក្នុង​សាច់​ត្រី​នឹង​រលាយ​ចេញ​មក​អស់​ ធ្វើ​ឱ្យ​មិន​បាន​ទទួល​សារធាតុ​អា​ហា​រល្អៗ​។ពេលល្ងាច​ : ស្ងោ​ជ្រក់​ផ្សិត​ ផ្សិត​ដែល​ដុះឡើង​តាម​ធម្មជាតិ​នឹង​សម្បូរទៅដោយ​វីតាមីន​ D គ្រឿង​ស្ងោរជ្រក់​រសជាតិ​ស្រទន់​បន្តិច​នឹង​ជួយ​បំបាត់​អាការ​ក្អួត​ចង្អោ​ និង​ជួយ​ឱ្យ​ទទួលទាន​អាហារ​បាន​ច្រើនឡើង​ទៀតផង​។យើង​ឃើញ​ហើយ​ថា​ សារធាតុ​រ៉ែ​ និង​សារធាតុ​អាហារ​ដែល​ល្អ​ ច្រើន​តែ​ចេញ​មក​ពី​ប្រភព​អាហារ​តាម​ធម្មជាតិ​ ដូចជា​បន្លែ​ផ្លែឈើ​ សាច់សត្វ​ និង​គ្រាប់​ធញ្ញ​ជា​តិ​ផ្សេង​ៗ ដូច្នេះ​ដើម្បី​សុខភាព​ដ៏​ល្អ​របស់​ខ្លួនឯង​ និង​កូន​តូច​នៅក្នុង​ផ្ទៃ​ ស្ត្រី​មានគភ៌​ត្រូវ​បរិភោគ​ឱ្យ​បាន​គ្រប់គ្រាន់​ និង​សមរម្យ​៕

  • ធ្លាប់​ដឹង​តែ​ជំងឺលើសឈាម ឬ​សម្ពាធ​ឈាម​ខ្ពស់ តើ​សម្ពាធ​ឈាម​ទាប​គឺជា​អ្វី?

    ធ្លាប់​ដឹង​តែ​ជំងឺលើសឈាម ឬ​សម្ពាធ​ឈាម​ខ្ពស់ តើ​សម្ពាធ​ឈាម​ទាប​គឺជា​អ្វី?

    ជាទូទៅ​អ្នកជំងឺ​ច្រើន​នាក់​បាន​ជ្រាប​ច្បាស់​ពី​អាការ​ឡើង​សម្ពាធ​ឈាម​ខ្ពស់​ ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាច្រើន​ដល់​សុខភាព​របស់​អ្នក​ដូចជា​ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ ជំងឺ​គាំងបេះដូង​ និង​ជំងឺ​ខ្សោយ​តម្រងនោម​ជាដើម​ ហើយ​ករណី​ធ្ងន់ធ្ងរ​អាច​មាន​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​ទៀតផង​។ តែ​មាន​មនុស្ស​មិន​ច្រើន​នាក់​ដែល​បានដឹង​អំពី​អាការ​សម្ពាធ​ឈាម​ទាប​ ហើយ​វា​ក៏អាច​បង្ក​ជា​គ្រោះថ្នាក់​ដល់​សុខភាព​រាងកាយ​បាន​ដូចគ្នា​ ដោយ​វា​នឹង​ធ្វើ​ឱ្យ​រាងកាយ​របស់​អ្នកទទួល​បាន​អុក​ស៊ី​ហ្សែ៊ន​មិន​គ្រប់គ្រាន់​ក្នុង​ការ​ទៅ​បំពេញមុខ​ងារ​ផ្សេង​។ ខណៈ​ដែល​សម្ពាធ​ឈាម​ទាប​ អ្នកជំងឺ​អាច​ប្រឈម​នឹង​ជំងឺបេះដូង​ និង​ជំងឺ​ខួរក្បាល​ដូចគ្នា​ ហើយ​វា​អាច​ធ្វើ​ឱ្យ​ពិបាក​ដកដង្ហើម​ជាដើម​។ អ្នកជំងឺ​មាន​សម្ពាធ​ឈាម​ទាប​ ភាគច្រើន​គឺ​មាន​អាការ​ក្ដៅ​សាច់​ និង​កម្ដៅ​ក្នុង​ខ្លួន​ឡើងជា​ប្រចាំ​។

    នៅពេល​ដែល​សម្ពាធ​ឈាម​ទាប​ បណ្តាល​ឱ្យ​ចរ​ន្ដ​ឈាម​ហូរ​ទៅកាន់​ខួរ​ក្បាល​យឺត​ៗ និង​ខ្សោយ​។ ហើយ​វា​ថែមទាំង​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​អុក​ស៊ី​ហ្សែ៊ន​ទៅកាន់​ខួរក្បាល​ ដែល​វា​បណ្តាល​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​ វិលមុខ​ និង​ឈឺក្បាល​។ អាការ​នេះ​ជា​ញឹកញាប់​អាច​កើតឡើង​ជា​ធម្មតា​ នៅ​ពេល​ដែល​អ្នកធ្វើការ​ផ្លាស់​ប្តូរ​ចលនា​ និង​ទីតាំង​ភ្លាម​ៗពេក​ ដូចជា​ ការ​ងើប​ក្រោកឈរ​ឡើង​លឿន​ពេក​ពេល​ភ្ញាក់​ពីព្រលឹម​ជាដើម​។ ចរ​ន្ដ​ឈាម​ហូរ​ ដើរតួ​នាទី​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការផលិត​ថាមពល​ ដោយ​វា​ជា​អ្នក​ផ្តល់​អុក​ស៊ី​ហ្សែ៊ន​ និង​សារធាតុ​ចិញ្ចឹម​ចាំបាច់​ជាច្រើន​ទៅកាន់​រាងកាយ​ទាំងមូល​។ ហើយ​នៅពេល​ដែល​លំហូរ​នៃ​សម្ពាធ​ឈាមធ្លាក់​ចុះ​ វា​នឹង​បង្អាក់ដំណើរ​ការបង្កើត​ថាមពល​ដែល​បណ្តាល​ឱ្យ​អស់កម្លាំង​ និង​ល្ហិតល្ហៃ​។ ក៏​ប៉ុន្តែ​អាការ​នេះ​ក៏អាច​បណ្តាល​មក​ពី​ការ​មិនបាន​សម្រាក​គ្រប់គ្រាន់​ ឬខ្វះ​ជាតិ​ស្ករ​ផង​ដែរ​។

    សម្ពាធ​ឈាម​ទាប​ អាច​បណ្តាល​ឱ្យ​មាន​រោគ​សញ្ញា​ផ្សេង​ៗមួយចំនួន​ ដូចជា​ អាការ​ក្អួត​ ចង្អោរ​ ការ​ធ្លាក់ទឹក​ចិត្ត​ ការបាត់បង់​ស្មារតី​ ឈឺក្បាល​ ឈឺក​ ក្អក​រ៉ាំរ៉ៃ​ ឈឺខ្នង​ និង​ប្រព័ន្ធ​រំលាយអាហារ​ធ្វើការ​មិនបាន​ល្អជា​ដើម​។ ខាងក្រោម​នេះ​គឺជា​មូលហេតុ​ និង​រោគ​សញ្ញា​ ដែល​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ចុះ​ខ្សោយ​៖

    1. អាការ​ខ្វះ​ជាតិទឹក​
    សភាព​នេះ​ គឺ​បណ្ដាលមកពី​កង្វះ​អំបិល​រ៉ែ​ បណ្តាល​ឱ្យ​មាន​លំហូរ​ឈាម​ខ្សោយ​។ ចរ​ន្ដ​ឈាម​ហូរ​យឺត​ និង​ត្រឡប់ទៅ​បេះដូង​វិញ​ ដែល​ធ្វើ​ឱ្យ​បេះដូង​ច្របាច់​ខ្លួន​ខ្សោយ​ទៅៗ​ ជាហេតុ​មាន​សម្ពាធ​ឈាម​ទាប​។
    2. អាការ​ខ្សោយ​គ្រាប់​ឈាម​
    ឈាម​ដែល​រត់​ទៅកាន់​បេះដូង​វិញ​មិនទាន់​ ធ្វើ​ឱ្យ​បេះដូង​ច្របាច់​ខ្លួន​ខ្សោយ​ កម្លាំង​របត់ឈាម​ខ្សោយ​ ជា​ការ​ហុច​ផល​នៃ​ការ​គ្រប់គ្រង់​គ្រាប់​ឈាម​។
    3. អាការ​ស្លេកស្លាំង​
    កំហាប់​ឈាម​ថយ​ចុះ​ដោយសារ​បរិមាណ​កោសិកា​ឈាមក្រហម​មានការ​ថយ​ចុះ​។ ក៏​ជា​ការ​ហុច​ផល​នៃ​បរិមាណ​ឈាម​មិនធម្មតា​ក្នុង​រាងកាយ​ ទើប​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ចុះ​ទាប​។4. អាការ​ឆ្អែត​អាហារ​ពេក​
    ការ​ទទួលទាន​អាហារ​ច្រើនជ្រុល​ ធ្វើ​ឱ្យ​ឈាម​ហូរ​ទៅ​ចិញ្ចឹម​ក្រពះ​ ពោះវៀន​ កាន់តែ​ច្រើន​ដូចគ្នា​នឹង​កាន់តែ​ធ្វើ​ឱ្យ​បរិមាណ​ឈាម​សរុប​ចុះ​ខ្សោយ​។ចរ​ន្ដ​ឈាម​ដែល​រត់​ទៅកាន់​បេះដូង​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ទៅតាម​ហ្នឹង​ផង​ដែរ​។
    5. ប្រតិកម្ម​ថ្នាំ
    ​អាការ​ចាញ់​ និង​ប្រតិកម្ម​ថ្នាំ​ បាន​ហុច​ផល​ឱ្យ​គ្រាប់​ឈាម​ជាច្រើន​ផ្លាស់​ខ្លួន​យ៉ាង​រហ័ស​ទៅ​គ្រប់​ទៅ​កន្លែង​ ហើយ​ធ្វើ​ឱ្យ​កំហាប់​ឈាមរាវ​ ទឹក​នៅក្នុង​ឈាម​រត់ចេញ​មក​ក្រៅ​សរសៃឈាម​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បាត់បង់​គ្រាប់​ឈាម​ក្នុង​សរសៃ​វ៉ែន​។6. អាការ​ភ័យខ្លាច​
    ភាព​ភ័យខ្លាច​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ និង​ភាព​ស្លន់ស្លោ​ ក៏​ជាហេតុ​អាច​បង្ក​ឱ្យ​មានការ​រំញោច​សរសៃឈាម​ និង​បេះដូង​ថយ​ចុះ​ នោះ​សម្ពាធ​ឈាម​ក៏​នឹង​ធ្លាក់ចុះ​ដូចគ្នា​ដែរ​។
    7. ការ​តាំង​គភ៌​
    ការ​តាំង​គភ៌​ធ្វើ​ឱ្យ​រាងកាយ​ត្រូវតែ​បង្កើន​ការ​ផ្គត់ផ្គង់​ឈាម​ដល់​ទារក​។ លទ្ធផល​នៃ​ចរ​ន្ដ​ឈាម​ហូរ​ និង​បរិមាណ​ឈាមស​រុ​បមិន​មាន​ភាព​សមតុល្យ​ វា​ក៏​បណ្ដាល​ឱ្យ​សម្ពាធ​ឈាម​ចុះ​ទាប​បាន​ដែរ​។

    សម្ពាធ​ឈាម​ទាប​អាច​បង្ក​គ្រោះថ្នាក់​
    ជាមួយនឹង​ករណី​លើកលែង​តិចតួច​ណាស់​ដែល​សម្ពាធ​ឈាម​រ៉ាំរ៉ៃ​ក្រោម​ 120​/80​ គឺ​មិន​មាន​គ្រោះថ្នាក់​នោះ​ទេ​។ សម្ពាធ​ឈាម​ទាប​ត្រូវ​បាន​គេ​ចាត់ទុកថា​ មាន​គ្រោះថ្នាក់​ តែ​នៅពេល​ដែល​វា​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​ ឬលទ្ធផល​នៃ​សម្ពាធ​ឈាម​ភ្លាម​ៗថយ​ចុះ​។ ក្នុងករណី​ដែល​សម្ពាធ​ឈាម​របស់​អ្នក​ធ្លាក់​ចុះ​ភ្លាម​ៗវា​មិនមែន​ជា​សម្ពាធ​ឈាម​ទាប​ ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​នោះ​ទេ​ ប៉ុន្តែ​វា​ជា​ការ​ផ្លាស់​ប្តូរ​ភ្លាម​ៗពី​កម្រិតឈាម​ខ្ពស់​មក​ទាប​។ ការ​ផ្លាស់​ប្តូរ​ភ្លាម​ៗនៃ​សម្ពាធ​ឈាម​អាច​បណ្តាល​ឱ្យ​មានការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ឈាម​ដល់​បេះដូង​ តម្រងនោម​ និង​ខួរក្បាល​របស់​អ្នក​ ហើយនឹង​ត្រូវ​បាន​អម​ដោយ​រោគ​សញ្ញា​ផ្សេង​ៗទៀត​។ ជា​ធម្មតា​ បញ្ហា​នៃ​សម្ពាធ​ឈាម​ទាប​ គឺជា​សញ្ញា​មួយ​បង្ហាញថា​ មាន​អ្វី​ផ្សេងទៀត​អាច​ខុស​ពី​ធម្មតា​ ហើយ​គួរតែ​ប្រញាប់​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ជាបន្ទាន់​។ការ​ព្យាបាល​បញ្ហា​សម្ពាធ​ឈាម​ទាប​
    ប្រភេទ​នៃ​ការ​ព្យាបាល​សម្រាប់​បញ្ហា​សម្ពាធ​ឈាម​ទាប​ គឺ​អាស្រ័យ​ទៅលើ​អាការ​ និង​រោគសញ្ញា​ ដែល​កើតឡើង​។ ប្រសិនបើ​អ្នក​មិន​មាន​រោគសញ្ញា​អ្វី​ទេ​ វា​មិនទំនង​ទេ​ ដែល​អ្នក​ត្រូវការ​ការ​ព្យាបាល​។ ទោះជាយ៉ាងណា​ក៏ដោយ​ប្រសិនបើ​អ្នក​មិន​មាន​រោគសញ្ញា​ ហើយ​គ្រូពេទ្យ​មិន​អាច​រក​ឃើញ​បញ្ហា​សុខភាព​ ដែល​ពន្យល់​ពី​សម្ពាធ​ឈាម​ទាប​ នោះ​អ្នក​នឹង​បដិបត្តិ​ជាមួយ​ការ​ការពារ​ដូចជា​ បង្កើន​ការ​ទទួលទាន​អំបិល​ ពាក់​ស្រោមជើង​ ញ៉ាំទឹក​ឱ្យ​បាន​ច្រើន​ និង​ការប្រើ​ថ្នាំ​ដែល​គ្រូពេទ្យ​បាន​ផ្ដល់​ឱ្យ​ឱ្យ​បាន​ត្រឹមត្រូវ​៕

  • កម្ពុជា​-កូរ៉េ​ខាងត្បូង​ ចាប់ផ្ដើម​សិក្សា​ពី​លទ្ធភាព​ក្នុង​ការបង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​

    កម្ពុជា​-កូរ៉េ​ខាងត្បូង​ ចាប់ផ្ដើម​សិក្សា​ពី​លទ្ធភាព​ក្នុង​ការបង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ និង​លោកជំទាវ​ យូ​ ម្យុង​-ហ៊ី​ (Yoo​ Myung​-Hee​) រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​ ស្តី​ពី​ការ​ចាប់ផ្តើម​ការសិក្សា​លទ្ធភាព​ក្នុង​ការបង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-កូរ៉េ​ ដែល​ការ​ចុះហត្ថលេខា​នេះ​ បាន​ធ្វើឡើង​នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​ 30ឆ្នាំ​ នៃ​ទំនាក់ទំនង​អាស៊ាន​-កូរ៉េ​ និង​កិច្ចប្រជុំ​កំពូល​មេគង្គ​-កូរ៉េ​ ពី​ថ្ងៃទី25​ ខែវិច្ឆិកា​ ឆ្នាំ2019​ នៅ​ទីក្រុង​ ប៊ូ​សាន​ សាធារណរដ្ឋ​កូរ៉េ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ពាណិជ្ជកម្ម​។

    ក្រសួង​ពាណិជ្ជកម្ម​បាន​លើកឡើង​ថា​៖ “តាម​ការ​រំពឹង​ទុក​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​ ភាគី​កម្ពុជា​កូរ៉េ​ នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​ និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង2​ បន្ថែម​ទៀត​ ព្រមទាំង​បង្កើត​ឱកាស​ការងារ​ក្នុង​ស្រុក​ ការនាំចេញ​សេវា​ និង​ពង្រីក​ការ​វិនិយោគ​បន្ថែម​ ដែល​នឹង​ចូលរួម​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​និង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង2ផង​ដែរ​”។

    សូមជម្រាប​ថា​ ក្នុងឱកាសនៃ​កិច្ចប្រជុំ​ទ្វេភាគី​រវាង​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ និង​លោក​ មូន​ ជេ​ អុីន​ (Moon​ Jae​-In​) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​ កាលពី​ថ្ងៃទី15​ ខែមីនា​ ឆ្នាំ2019​ នៅ​វិមាន​សន្តិភាព​ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ប្រធានាធិបតី​កូរ៉េ​ មក​ កាន់​កម្ពុជា​ ប្រមុខ​ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង2​ បាន​ឯកភាព​លើ​ការជំរុញ​ និង​ពង្រីក​ទំហំ​ពាណិជ្ជ​ កម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ទាំង2​ ព្រមទាំង​បាន​ណែនាំ​ឱ្យ​មានការ​សិក្សា​ពី​លទ្ធភាព​បង្កើត​កិច្ច​ ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-កូរ៉េ​។

    នៅក្នុង​ឆ្នាំ2018​ កន្លងទៅ​នេះ​ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង2​ (កម្ពុជា​ និង​កូរ៉េ​ខាងត្បូង​) បាន​កើនឡើង​ជាលំដាប់​ គឺ​មាន​ទំហំ​ប្រមាណ​ 756លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ដោយ​កើនឡើង​ប្រមាណ​ 14.69​% បើ​ធៀប​នឹង​ឆ្នាំ2017​។ ទំនិញ​នាំចេញ​សំ​ខាន់​ៗរបស់​កម្ពុជា​ទៅ​កូរ៉េ​ រួមមាន​ អាវយឺត​ សម្លៀកបំពាក់​បុរស​ គ្រឿង​អេឡិចត្រូនិក​ ស្បែកជើង​ វ៉ា​លីស​ កម្ទេច​អាលុយមីញ៉ូម​ ភេសជ្ជៈ​ សម្ភារ​ពេទ្យ​ (ចេស​សម្រាប់​ការវះកាត់​)តង់​ និង​កៅស៊ូ​ធម្មជាតិ​។

    ទំនិញ​នាំចូល​សំ​ខាន់​ៗរបស់​កម្ពុជា​ពី​កូរ៉េ​ រួមមាន​ រថយន្ត​ដឹកទំនិញ​ ក្រណាត់​ចាក់​ ទឹករ៉ែ​ធម្មជាតិ​ ភួយ​ គ្រឿង​អេឡិចត្រូនិក​ គ្រឿងចក្រ​(ប៊ុល​ដូ​ហែ៊្សរ​) បន្ទះ​ ឬសន្លឹក​នីកែល​ ស្បែក​ពី​សត្វ​ចៀម​កែច្នៃ​រួច​ ក្រណាត់​ជ្រលក់​ពណ៌​ និង​ផលិតផល​ថែរក្សា​សម្ផស្ស​។

    ជាមួយនឹង​លទ្ធផល​នៃ​ទំហំ​ពាណិជ្ជកម្ម​នេះ​ ហើយ​ក្នុង​បំណង​ពង្រីក​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ធំជាង​នេះ​ បន្ទាប់ពី​ជំនួប​ទ្វេភាគី​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង2​ ក៏បាន​ចុះហត្ថលេខា​លើ​សេចក្តី​ ថ្លែងការណ៍​រួម​ស្តី​ពី​ការ​ចាប់ផ្តើម​ការសិក្សា​លទ្ធភាព​ក្នុង​ការបង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA​) ទ្វេភាគី​ កម្ពុជា​-កូរ៉េ​ ដែល​កិច្ច​ព្រមព្រៀង​នេះ​ពាក់ព័ន្ធ​នឹង​នីតិវិធី​ចរចា​ ដើម្បី​បង្កើត​ការសិក្សា​រួមគ្នា​មួយ​។

    សេចក្តី​ថ្លែងការណ៍​ មិនបាន​បញ្ជាក់​ថា​ ការសិក្សា​នេះ​នឹង​ត្រូវ​ចំណាយពេល​ប៉ុន្មាន​នោះ​ទេ​ ប៉ុន្តែ​បើ​តាម​បណ្តាញ​សារព័ត៌មាន​កូរ៉េ​ខាងត្បូង​ បាន​ប៉ាន់ស្មាន​ថា​ វា​អាច​ត្រូវ​ចំណាយពេល​ 1ឆ្នាំ​។ ដោយឡែក​ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​កូរ៉េ​ខាងត្បូង​ជាមួយ​ប្រទេស​សិង្ហបុរី​ និង​វៀតណាម​ បាន​ចូលជាធរមាន​ក្នុង​ឆ្នាំ2006​ និង​ 2015​ តាមលំដាប់​។

    ជំនួប​ទ្វេភាគី​រវាង​ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​ និង​លោកជំទាវ​ យូ​ ម្យុង​-ហ៊ី​ (Yoo​ Myung​-Hee​) រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​កូរ៉េ​ បាន​ផ្តោត​ការពិភាក្សា​សំខាន់​លើ​លទ្ធភាព​ក្នុង​ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ទាំង2​ ដោយ​បាន​ស្នើសុំ​ឱ្យ​ភាគី​កូរ៉េ​ពិនិត្យ​លទ្ធភាព​ជួយ​បង្កើន​ការ​បញ្ជាទិញ​ទំនិញ​បន្ថែម​ពី​កម្ពុជា​ ព្រមទាំង​លើកទឹកចិត្ត​ឲ្យ​វិនិយោគិន​កូរ៉េ​ មក​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា​។

    លោកជំទាវ​ Myung​-hee​ បាន​មានប្រសាសន៍​ថា​៖ “កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​កម្ពុជា​ នឹង​ក្លាយជា​កិច្ច​ព្រមព្រៀង​ដ៏​សំខាន់​មួយ​ដែល​ជួយ​ឱ្យ​ក្រុមហ៊ុន​កូរ៉េ​ ចូល​ជ្រៅ​ទៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ជាមួយ​នឹង​សក្តា​នុ​ពល​នៃ​កំណើន​ដ៏​លេចធ្លោ​”។ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ធ្លាប់​បាន​លើកទឹកចិត្ត​ដល់​វិនិយោគិន​ឯកជន​ជនជាតិ​កូរ៉េ​ ឱ្យ​ស្វែងយល់​បន្ថែម​អំ​ពី​សក្តា​នុ​ពល​អាជីវកម្ម​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​។ សម្ដេច​អគ្គមហាសេនា​បតី​បាន​មានប្រសាសន៍​ថា​ “ខ្ញុំ​សូម​អំពាវនាវ​ដល់​វិស័យ​ឯកជន​ និង​វិនិយោគិន​កូរ៉េ​ដែល​មិនបាន​មក​ប្រទេស​កម្ពុជា​ដើម្បី​ស្វែងយល់​អំ​ពី​សក្តា​នុ​ពល​ និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ និង​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​។ យើង​នឹង​ទាញ​យក​ប្រយោជន៍​ពី​សមិទ្ធផល​ទាំងអស់​នេះ​”។

    លោក​ ឈាង​ វណ្ណា​រិទ្ធ​ ប្រធាន​វិទ្យាស្ថាន​ទស្សនៈ​អាស៊ី​ បាន​មាន​ប្រសា​សន៍​ថ្មី​ៗនេះ​ថា​ មាន​សក្តា​នុ​ពល​ដ៏​ធំធេង​ក្នុង​ការពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​។ ទោះ​យ៉ាងណា​ដើម្បី​ឈាន​ទៅ​រក​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ ភាគី​ទាំង2​ ក៏​ត្រូវ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​សន្តិសុខ​ផង​ដែរ​។

    លោក​ត្រូវ​បាន​គេ​ស្រង់​សម្តី​ថា​ នៅពេល​ដែល​ប្រទេស​កម្ពុជា​ព្យាយាម​ទាញ​យក​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ និង​ការ​ចាប់​យក​សេដ្ឋកិច្ច​ឌីជីថល​ ការ​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗ និង​ធនធាន​សំ​ខាន់​ៗ កំពុងតែ​មាន​សារៈសំខាន់​។

    លោក​បញ្ជាក់​ថា​៖“រហូតមកដល់​ពេលនេះ​ កូរ៉េ​ខាងត្បូង​មិនបាន​បង្ហាញ​ផលប្រយោជន៍​សន្តិសុខ​ និង​យុទ្ធសាស្ត្រ​ច្រើន​ក្នុង​ការចូលរួម​ជាមួយ​ប្រទេស​កម្ពុជា​ និង​អាស៊ី​អាគ្នេយ៍​ជាទូទៅ​ទេ​។ កិច្ច​សហប្រតិបត្តិ​ការ​សន្តិសុខ​ តាម​បណ្តាញ​អុីន​ធើ​ណិ​ត និង​សន្តិសុខ​តាម​សមុទ្រ​ នឹង​ក្លាយជា​តំបន់​សក្តា​នុ​ពល​នៃ​កិច្ច​សហប្រតិបត្តិ​ការ​”៕

  • ឧកញ៉ា​ ចិត្រ​ សេរី​សុ​ភ័ក្ត្រ​ ចង់​ជោគជ័យ​ត្រូវ​វិនិយោគ​លើ​ខ្លួនឯង​

    ឧកញ៉ា​ ចិត្រ​ សេរី​សុ​ភ័ក្ត្រ​ ចង់​ជោគជ័យ​ត្រូវ​វិនិយោគ​លើ​ខ្លួនឯង​

    ផ្តើម​ចេញពី​យុវជន​ ដែល​ពោរពេញ​ទៅ​ដោយ​ការ​តាំងចិត្ត​ និង​មាន​សមត្ថភាព​ខ្ពស់​ លោក​ឧកញ៉ា​ ចិត្រ​ សេរី​សុ​ភ័ក្ត្រ​ ជា​អ្នកជំនួញ​វ័យក្មេង​មួយ​រូប​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ជោគជ័យ​ក្នុង​អាជីវកម្ម​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ Luxury​ Smile​ Beauty​ Group​ Co​., LTD​ ដែល​ចូលចិត្ត​ការចែក​រំលែកគំនិត​យុវជន​ជាច្រើន​នាក់​ផ្សេងទៀត​នៅ​កម្ពុជា​។

    សហគ្រិន​វ័យក្មេង​រូប​នេះ​បាន​ប្រកាន់​ភ្ជាប់​នូវ​គំនិត​មួយ​សម្រាប់​ជា​ការ​អភិវឌ្ឍ​ខ្លួនឯង​ និង​សម្រាប់​ជាដើម​ទុន​សំខាន់​ដើម្បី​ធ្វើអាជីវកម្ម​ នោះ​គឺ​ “ការ​វិនិយោគ​លើ​ខ្លួនឯង​”។ លោក​ឧកញ៉ា​ ចិត្រ​ សេរី​សុ​ភ័ក្ត្រ​ បាន​លើកឡើង​ថា​៖ “ជាដើម​ទុន​ដំបូង​សម្រាប់​ការ​ធ្វើអាជីវកម្ម​ឱ្យ​ទទួល​បាន​ជោគជ័យ​គឺ​ គំនិត​ ចំណេះដឹង​ កម្លាំងចិត្ត​ ទំនុកចិត្ត​ និង​ការ​កសាង​ធនធានមនុស្ស​។ ចំណុច​ទាំងអស់​នេះ​ត្រូវការ​ចាប់ផ្តើម​ពី​ខ្លួនឯង​ ហើយ​ការ​កសាង​ចំណុច​ទាំងអស់​នេះ​គឺជា​ការ​វិនិយោគ​លើ​ខ្លួនឯង​”។បើ​តាម​លោក​ឧកញ៉ា​ ចិត្រ​ សេរី​សុ​ភ័ក្ត្រ​ ការ​កសាង​សមត្ថភាព​ និង​ចំណេះដឹង​សម្រាប់​ខ្លួនឯង​គឺជា​ការ​វិនិយោគ​យ៉ាង​ធំ​មួយ​សម្រាប់​ខ្លួនឯង​ ព្រោះ​មិនថា​ ធ្វើការងារ​ឱ្យ​គេ​ ឬធ្វើអាជីវកម្ម​នោះ​ទេ​ អ្នក​ទាំងអស់គ្នា​សុទ្ធតែ​ត្រូវការ​ចំណេះដឹង​ទាំង​ក្នុង​សាលា​ និង​ក្រៅ​សាលា​។ ចំណេះដឹង​ ផ្តើម​ចេញពី​ការសិក្សា​ ការស្រាវជ្រាវ​ ការ​ធ្វើការ​ឱ្យ​គេ​ និង​បន្ទាបខ្លួន​ស្តាប់​យក​មតិយោបល់​របស់​មនុស្សជា​ច្រើន​នៅ​ជុំវិញ​ខ្លួន​។ នៅពេល​ដែល​យើង​មាន​បទ​ពិសោធ​ជីវិត​ច្រើន​ មាន​ព័ត៌មាន​ច្រើន​នៅក្នុង​ខ្លួន​ យើង​នឹងអាច​អភិវឌ្ឍ​អាជីវកម្ម​ឱ្យ​ជោគជ័យ​ជាមួយនឹង​ភាព​បត់បែន​ខ្ពស់ទៅ​តាម​ស្ថានការណ៍​សង្គម​។

    លើស​ពីនេះ​ទៅទៀត​សហគ្រិន​វ័យក្មេង​ខាងលើ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ត្រឹមតែ​មាន​សមត្ថភាព​ មិនទាន់​រាប់​ថា​ក្លាយជា​អ្នកចេះ​វិនិយោគ​ខ្លួនឯង​បាន​ល្អ​នោះ​ទេ​ យើង​ក៏​ត្រូវ​មាន​កម្លាំងចិត្ត​រឹងមាំ​ ជាមួយនឹង​ទំនុកចិត្ត​ដែល​មនុស្ស​គ្រប់គ្នា​ផ្តល់​ឱ្យ​។ ការ​រកស៊ី​ ទាមទារ​ឱ្យ​មានការ​តាំងចិត្ត​ខ្ពស់​ ហើយ​ទាមទារ​ឱ្យ​មាន​ភាពរឹងមាំ​ផ្នែក​ផ្លូវចិត្ត​ ដើម្បី​ទប់ទល់​ជាមួយនឹង​ឧបសគ្គ​ដែល​ចូល​មក​ជា​រៀងរាល់ថ្ងៃ​។ ប្រសិនបើ​អ្នក​ទាំងអស់គ្នា​ អាច​មាន​កម្លាំងចិត្ត​រឹងមាំ​ នៅពេល​នោះ​ យើង​នឹង​មាន​ភាព​វិជ្ជមាន​ក្នុង​ការ​ដកស្រង់​យកចំណេះ​ដឹង​ដែល​បាន​រៀន​យក​មក​អនុវត្ត​ ហើយ​ទទួល​បាន​គុណ​តម្លៃ​ជា​ប្រយោជន៍​ជាក់ជា​មិនខាន​ឡើយ​។

    លោក​ឧកញ៉ា​ ចិត្រ​ សេរី​សុ​ភ័ក្ត្រ​ បាន​លើក​ឡើង​ផង​ដែរ​ថា​៖ “ការសិក្សា​ដោយ​មិន​យក​មក​អនុវត្ត​ គឺ​ប្រៀបបានទៅ​នឹង​សៀវភៅ​ដែលគេ​ទុកចោល​ដូច្នោះ​ដែរ​។ យើង​មិន​អាច​ទទួល​ជោគជ័យ​បានទេ​ ប្រសិនបើ​យើង​គ្មានកម្លាំង​ដើម្បី​អនុវត្ត​ចំណេះដឹង​របស់​យើង​នៅក្នុង​អាជីវកម្ម​បាន​ល្អ​ ហើយ​កម្លាំងចិត្ត​គឺ​សំខាន់​បំផុត​ដើម្បី​រុញច្រាន​យើង​ឱ្យ​ទទួល​បាន​ជោគជ័យ​”។លោក​លើកឡើង​ផង​ដែរ​ថា​ ជា​ធម្មតា​ បន្ទាប់​ពី​យើង​មានចំណេះ​ដឹង​ច្បាស់លាស់​ហើយ​ មាន​គំនិត​អភិវឌ្ឍ​ល្អ​ និង​មាន​កម្លាំងចិត្ត​ល្អ​ យើង​ទាមទារ​ឱ្យ​មាន​ភាព​ទុកចិត្ត​បាន​ផង​ដែរ​ ទើប​យើង​អាច​រកស៊ី​បាន​ល្អ​។ ការ​កសាង​ទំនុកចិត្ត​គឺ​ត្រូវការ​ទំនុកចិត្ត​ខ្លាំង​បំផុត​ ប្រសិនបើ​យើង​មាន​គ្រប់យ៉ាង​ តែ​ខ្វះ​ភាព​ទុកចិត្ត​បាន​ យើង​នឹង​ពិបាក​ទំនាក់ទំនង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ ហេតុ​នេះ​អ្នករក​ស៊ី​ត្រូវ​កសាង​ទំនុកចិត្ត​ខ្ពស់​បំផុត​។

    ដើម្បី​ឱ្យ​គេ​ទុកចិត្ត​លុះត្រាតែ​យើង​កសាង​កេរ្តិ៍ឈ្មោះ​ខ្លួនឯង​ឱ្យ​បាន​ល្អ​ ហើយ​បង្ហាញ​ភាព​ស្មោះត្រង់​ទៅកាន់​មនុស្ស​ទូទៅ​ បន្ទាប់ពី​យើង​ធ្វើ​ល្អ​ទៅកាន់​មនុស្ស​គ្រប់គ្នា​ ពួកគាត់​នឹង​ចាប់ផ្តើម​ផ្តល់​តម្លៃ​មក​យើង​វិញ​ ដែល​ធ្វើ​ឱ្យ​ដំណើរ​ចរ​ចារ​នានា​នៅក្នុង​អាជីវកម្ម​អាច​ធ្វើ​ទៅ​បាន​ដោយ​រលូន​។ ចំពោះ​ការ​កសាង​ធនធានមនុស្ស​វិញ​ លោក​ឧកញ៉ា​ ចិត្រ​ សេរី​សុ​ភ័ក្ត្រ​ បាន​លើកឡើង​ថា​ ដំណើរ​ក្រុមហ៊ុន​អាច​ទៅមុខ​បាន​ដោយ​រលូន​គឺ​ទាមទារ​ឱ្យ​មាន​បុគ្គលិក​ និង​ធនធានមនុស្ស​ពូ​កែៗ​។ ទន្ទឹម​នឹង​ភាព​ពូកែ​របស់​បុគ្គលិក​ អ្នក​គ្រប់គ្រង​ក៏​ត្រូវ​ចេះ​ទាញ​យក​បេះដូង​បុគ្គលិក​ឱ្យ​បាន​ផង​ដែរ​ តាមរយៈ​ការ​ផ្តល់​តម្លៃ​ដល់​បុគ្គលិក​ ហើយ​ចាត់ទុក​បុគ្គលិក​ដូចជា​បងប្អូន​ ដែល​ត្រូវ​ធ្វើការងារ​សំ​ខាន់​ៗរួមគ្នា​។ ចំណុច​ទាំងអស់​នេះ​ ជា​ការ​វិនិយោគ​លើ​ខ្លួនឯង​ដែល​អាច​រុញច្រាន​ឱ្យ​ក្រុមហ៊ុន​ និង​ដំណើរ​ជីវិត​ទទួល​បាន​ជោគជ័យ​។គួរ​បញ្ជាក់​ថា​ ក្រុមហ៊ុន​ Luxury​ Smile​ Beauty​ Group​ Co​., LTD​ ដែល​ជា​ក្រុមហ៊ុន​បង្កើត​ម៉ាក​សញ្ញា​ និង​ចែកចាយ​គ្រឿងសម្អាង​ធំជាង​គេ​បំផុត​នៅ​កម្ពុជា​ និង​មាន​រោងចក្រ​ទទួល​ផលិត​គ្រឿងសម្អាង​ដ៏​ធំ​នៅ​ប្រទេស​ថៃ​ ជា​ក្រុមហ៊ុន​ដែល​បាន​ផ្តល់​សិទ្ធិ​ចែកចាយ​គ្រឿង​សម្អាង​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ និង​ទំនុកចិត្ត​ខ្ពស់​ ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក​ជាច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ​។ ថ្មី​ៗនេះ​ក្រុមហ៊ុន​ដ៏​មាន​សក្តា​នុ​ពល​នេះ​ទើបតែ​បង្កើត​កម្មវិធី​ប្រគល់​ពានរង្វាន់​សហគ្រិន​ឆ្នើម​ Successful​ CEO​ Award​ 2019​ ដំបូង​គេ​បំផុត​នៅ​កម្ពុជា​ដល់​ម្ចាស់​អាជីវកម្ម​ផ្នែក​សម្ផស្ស​ ក្រោម​អធិបតីភាព​ពី​លោក​ជំទាវ​ ឱ វណ្ណ​ឌីន​ រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួងសុខាភិបាល​ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ ម៉ម​ ប៊ុ​នហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ និង​មានការ​ចូលរួម​ពី​លោកជំទាវ​ វី​ សា​ឌី​ អនុប្រធាន​គណៈកម្មការ​ប្រឆាំង​ផលិត​-ផល​ក្លែងក្លាយ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ មៀច​ សុ​ផាន់​ណា​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​គណៈកម្មការ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ ព្រមទាំង​មាន​វត្តមាន​របស់​តំណាង​ស្ថានទូត​ ស្ថាប័ន​ពាណិជ្ជកម្ម​ និង​ក្រុមហ៊ុន​ជាតិ​អន្តរជាតិ​ជាច្រើន​ផ្សេងទៀត​៕

  • វីរៈ​សិល្បករ​អាយ៉ៃ​ដ៏​កម្រ​ ព្រហ្ម​ ម៉ា​ញ ព្រួយបារម្ភ​ខ្លាច​អនាគត​មិន​មាន​អ្នកស្នង​អាយ៉ៃ​បុរាណ​ខ្មែរ​

    វីរៈ​សិល្បករ​អាយ៉ៃ​ដ៏​កម្រ​ ព្រហ្ម​ ម៉ា​ញ ព្រួយបារម្ភ​ខ្លាច​អនាគត​មិន​មាន​អ្នកស្នង​អាយ៉ៃ​បុរាណ​ខ្មែរ​

    អាយ៉ៃ​ គឺជា​ទម្រង់​សិល្បៈ​ចម្រៀង​ឆ្លើយឆ្លង​បែប​បុរាណ​មួយ​ ដែល​មាន​ប្រវត្តិ​ចារទុក​ជា​សម្បត្តិ​វប្បធម៌​ខ្មែរ​។ ប៉ុន្តែ​ ទោះជា​អាយ៉ៃ​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ក៏ដោយ​ ក៏​សិល្បករ​ចម្រៀង​អាយ៉ៃ​មាន​ចំនួន​តិចតួច​ណាស់​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​។ លោក​ ព្រហ្ម​ ម៉ា​ញ ជា​សិល្បករ​ជើងចាស់​មាន​សំឡេង​ពីរោះ​ពូកែ​ទាំង​កំប្លុក​កំប្លែង​ ទាំង​សំនួនវោហារ​ និង​ការសំដែង​ កំពុង​មានការ​សោក​ស្តាយ​ និង​ព្រួយបារម្ភ​ចំពោះ​ការ​វិវឌ្ឍ​នៃ​វិស័យ​សិល្បៈ​អាយ៉ៃ​ទៅ​ថ្ងៃ​អនាគត​។

    វីរៈ​សិល្បករ​ឆ្នើម​ ដែល​ត្រូវ​បាន​មហាជន​ឱ្យឈ្មោះ​ថា​ជា​ “ស្ដេច​អាយ៉ៃ​កំប្លែង​” មាន​វោហា​ស័ព្ទ​មិន​ចេះ​រីងស្ងួត​រូប​នេះ​ បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅក្នុង​ប្រទេស​កម្ពុជា​ ជាមួយ​ដៃគូ​ចម្រៀង​ស្រី​ លោកយាយ​ យ៉យ​ បាន​បង្ហាញ​អារម្មណ៍​ភ័យ​បារម្ភ​បន្ទាប់ពី​សិល្បៈ​អាយ៉ៃ​ ហាក់​បាត់បង់​ការ​គាំទ្រ​ក្នុង​មួយ​រយៈ​ចុងក្រោយ​នេះ​។

    លោក​បាន​ប្រកាស​បង្រៀន​ដោយ​ឥតគិតថ្លៃ​ ដល់​យុវវ័យ​គ្រប់​ផ្នែក​ ជាមួយនឹង​ការ​រំពឹង​ថា​ នឹង​ធ្វើ​ឱ្យ​អាជីព​នៅ​ក្រោយពេល​លោក​ចូលនិវត្តន៍​ អាច​បន្ត​ស្ទុះ​ទៅ​មុន​ទៀត​បាន​។ក្រៅពី​ការ​បារម្ភ​អំពី​បញ្ហា​សុខភាព​ដែល​កាន់​តែ​ទ្រុឌទ្រោម​ ពីព្រោះ​វ័យ​របស់​លោក​កាន់តែ​ជ្រេ​ ក៏​លោក​ ព្រហ្ម​ ម៉ា​ញ នៅតែ​បង្ហាញ​នូវ​ឆន្ទៈ​ចង់​ជំរុញ​ឱ្យ​សិល្បៈ​អាយ៉ៃ​ខ្មែរ​ នៅតែ​មានការ​ចាប់អារម្មណ៍​ទៅ​ថ្ងៃខាងមុខ​។ លោក​បាន​ប្រកាស​ចំណាយពេល​ និង​កម្លាំង​បង្រៀន​ដោយ​ឥត​គិត​ថ្លៃ​ ជា​ថ្នូរ​នឹង​ភាព​ព្រងើយកន្តើយ​របស់​យុវជន​ខ្មែរ​មួយចំនួន​ធំ​ ដែល​ពុំសូវ​ខ្វល់ខ្វាយ​អំពី​សិល្បៈ​បុរាណ​ ហើយ​ធ្វើ​ឱ្យ​លោក​ភ័យ​ព្រួយ​ខ្លាច​មិន​មាន​អ្នក​បន្តវេន​ផ្នែក​ចម្រៀង​អាយ៉ៃ​ខ្មែរ​។ លោក​បាន​ប្រកាសដំណឹង​ដល់​បងប្អូន​សិល្បៈ​ ឬយុវជន​ណា​ដែល​មានបំណង​ចង់​ចេះ​ ចង់​ហាត់រៀន​សិល្បៈ​អាយ៉ៃ​ ដោយ​មិន​សំដៅ​ទៅលើ​តែ​អ្នក​ដែល​មាន​និស្ស័យ​ពី​កំណើត​នោះ​ទេ​ ដោយ​លោក​នឹង​ធ្វើ​ការ​បង្ហាត់បង្រៀន​ ផ្ទេរ​បទ​ពិសោធ​ទៅ​ឱ្យ​យុវជន​យុវនារី​ជំនាន់​ក្រោយ​ ដើម្បី​បន្តវេន​ពី​លោក​បន្ត​ទៀត​។

    ពេលវេលា​បង្ហាត់​ គឺ​មិនកំណត់​ថា​នឹង​រៀន​ពេញ​មួយ​សប្ដាហ៍​នោះ​ទេ​ គឺ​អាស្រ័យ​ទៅលើ​ម៉ោង​ដែល​លោក​ទំនេរ​ ដកឃ្លា​ពី​ការងារ​ផ្ទាល់​ខ្លួន​របស់​លោក​បាន​ ហើយ​លោក​នឹង​ជូន​ជា​ដំណឹង​ជាមុន​អំពី​ម៉ោង​ពេល​សម្រាប់​ការហាត់​រៀន​។ការប្រកាស​របស់​លោក​ គឺជា​រឿង​មួយ​ដ៏​ប្រសើរ​ ដែល​លោក​មានគំនិត​ចង់​បង្ហាត់បង្រៀន​បណ្ដុះ​ស្មារតី​ដល់​កូនខ្មែរ​ឱ្យ​ងាក​មក​ចាប់អារម្មណ៍​នូវ​សិល្បៈ​អាយ៉ៃ​ខ្មេរ​ ដែល​ភាគតិច​ណាស់​ដែល​មាន​អ្នក​អាច​ចេះ​ជំនាញ​មួយ​នេះ​ពិតប្រាកដ​ និង​អាច​ចាប់​អាជីព​នេះ​ជាប់លាប់​។

    លោក​ ព្រហ្ម​ ម៉ា​ញ សង្ឃឹមថា​ កុលបុត្រ​កុលធីតា​ខ្មែរ​ជំនាន់​ក្រោយ​ នឹង​មិន​ព្រងើយកន្តើយ​អំពី​ដំណឹង​មួយ​នេះនោះ​ទេ​។ មិន​តែប៉ុណ្ណោះ​ ជា​ជ្រុង​មួយ​ជួយ​ឱ្យ​សិល្បៈ​អាយ៉ៃ​ខ្មែរ​មាន​ទីផ្សារ​ងើបឡើង​វិញ​ ប្រសិនបើ​ក្មេង​ជំនាន់​ក្រោយ​អាច​ធ្វើ​បាន​ និង​បន្តវេន​ពី​លោក​ដោយ​ជោគជ័យ​នោះ​ សិល្បៈ​បុរាណ​ខ្មែរ​មួយ​នេះ​នឹង​មិន​បាត់បង់​ជាក់ជា​មិនខាន​ឡើយ​៕

  • រាជរដ្ឋាភិបាល​បន្ត​ការអនុវត្ត​កម្មវិធី​ “គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​”

    រាជរដ្ឋាភិបាល​បន្ត​ការអនុវត្ត​កម្មវិធី​ “គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​”

    រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) និង​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO​) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​កម្មវិធី​“គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​” សម្រាប់​បន្ត​អនុវត្ត​នៅ​ឆ្នាំ2020​ ដល់​ឆ្នាំ2022​ ដែល​អនុស្សរណៈ​នេះ​គ្រប​ដណ្តប់​លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ និង​វាយនភណ្ឌ​ កាបូប​ និង​សម្ភារ​សម្រាប់​ធ្វើដំណើរ​ ដែល​ពិធី​ចុះហត្ថលេខា​នេះ​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ​សាន់​វេ​ កាលពី​ថ្ងៃទី21​ ខែវិច្ឆិកា​ ឆ្នាំ2019​ ។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​មានប្រសាសន៍​ថា​៖“នេះ​ជា​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​លើក​ទី6​ ដែល​គ្រប​ដណ្តប់​លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ វាយនភណ្ឌ​ កាបូប​ និង​សម្ភារ​សម្រាប់​ធ្វើដំណើរ​។ អនុស្សរណៈ​នៃ​ការយោគយល់​ថ្មីនេះ​ នឹង​បន្ត​ទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ​ និង​កិច្ចសហការ​កាន់តែ​ប្រសើរ​ រួម​ទាំង​ការផ្ទេរ​ចំណេះដឹង​ផ្នែក​អធិការកិច្ច​ដល់​មន្ត្រី​នៃ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​ស្ថានការណ៍​បច្ចុប្បន្ន​ និង​ទៅ​អនាគត​”។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ផ្សារភ្ជាប់​ពាណិជ្ជកម្ម​ជាមួយនឹង​បទដ្ឋាន​ការងារ​ចាប់តាំងពី​ឆ្នាំ2001មក​ ដើម្បី​កែ​លម្អ​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ និង​វាយនភណ្ឌ​ ដែល​ទទួលស្គាល់​ស្តង់​ដាការ​ងារ​ជា​អន្តរជាតិ​ តាមរយៈ​ការអនុវត្ត​ច្បាប់​ការងារ​របស់​កម្ពុជា​។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​លើក​ឡើង​ថា​ តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ នៃ​ការ​ផ្សារភ្ជាប់​ពាណិជ្ជកម្ម​ជាមួយនឹង​បទដ្ឋាន​ការងារ​នេះ​ បាន​ប្រែ​ក្លា​យកេរិ៍្ដ​ឈ្មោះ​របស់​កម្ពុជា​ទៅជា​ ប្រទេស​ដែល​ឈានមុខ​គេ​ក្នុង​គោលនយោបាយ​ពាណិជ្ជកម្ម​អន្តរជាតិ​ និង​បាន​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ ប្រទេស​គំរូ​សម្រាប់​ប្រទេស​មួយចំនួន​យក​ទៅ​ធ្វើជា​បទ​ពិសោធ​សម្រាប់​អនុវត្ត​ និង​រៀនសូត្រ​តាម​។ គោលនយោបាយ​នេះ​ បាន​ជំរុញ​ការ​ទាក់ទាញ​វិនិយោគទុន​ បង្កើត​ការងារ​ និង​ប្រាក់ចំណូល​សម្រាប់​កម្មករ​ កម្មការិនី​ ក៏ដូចជា​គ្រួសារ​របស់​ពួកគាត់​ឱ្យ​កាន់តែ​ប្រសើរ​ទ្បើង​ និង​ចូលរួម​ចំណែក​កសាង​នូវ​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅជា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ជាលំដាប់​។

    ឯកឧត្តម​បាន​បញ្ជាក់​ថា​ គោលនយោបាយ​នេះ​ក៏បាន​ធ្វើ​ឱ្យ​វិស័យ​ពាណិជ្ជកម្ម​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ដែល​ក្នុង​រយៈពេល​ 2ទសវត្សរ៍​ចុងក្រោយ​នេះ​ កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ជាមធ្យម​ 7% រៀងរាល់​ឆ្នាំ​ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការធានា​បាន​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ក៏ដូចជា​បាន​រួមចំណែក​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្ដិ​ បាន​បញ្ជាក់​បន្ថែម​ថា​ ការអនុវត្ត​គោលនយោបាយ​នៃ​ការ​ផ្សារភ្ជាប់​ ពាណិជ្ជកម្ម​ជាមួយនឹង​បទដ្ឋាន​ការងារ​ ក៏បាន​បង្កើន​ទំនុកចិត្ត​ដល់​អ្នកបញ្ជា​ទិញ​ និង​ម៉ាក​យី​ហោ​ល្បី​ៗ ក្នុង​ការ​ដាក់​បន្ថែម​ការ​បញ្ជាទិញ​ផលិតផល​សម្លៀកបំពាក់​ និង​វាយនភណ្ឌ​នៅ​កម្ពុជា​ពី​ 1ឆ្នាំ​ ទៅ​ 1ឆ្នាំ​ កាន់តែ​ច្រើន​ឡើង​ផង​ដែរ​។

    ជាក់ស្តែង​ការនាំចេញ​របស់​កម្ពុជាក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ នៅ​ឆ្នាំ​2001​ មាន​ទឹកប្រាក់​សរុប​ 1,188លាន​ដុល្លារ​អាមេរិក​ កើន​រហូតដល់​ទឹកប្រាក់​សរុប​ 12,895លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ2018​។ ក្នុង​នោះ​ការនាំចេញ​សម្លៀកបំពាក់​ និង​វាយនភណ្ឌ​ មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ ដែល​នៅ​ឆ្នាំ2001​ មាន​ទឹកប្រាក់​ត្រឹមតែ​ 828លាន​ដុល្លារ​អាមេរិក​ បាន​កើន​ដល់​ 7,779លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ2018​។

    ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋ​មន្ដ្រី​ក្រសួងការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក៏បាន​បញ្ជាក់​ដែរ​ថា​៖“រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចាត់ទុក​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​ក្នុង​ការចូលរួម​ចំណែក​លើ​ការធានា​នូវ​សិទ្ធិ​ការងារ​ និង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​សម្រាប់​បងប្អូន​កម្មករ​ និយោជិត​ និង​ផ្អែកលើ​ភាព​ជោគជ័យ​នៃ​ការអនុវត្ត​គម្រោង​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​បន្ត​អនុស្សរណៈ​ នៃ​ការយោគយល់​គ្នា​ ក្នុង​ការអនុវត្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​ នៅ​កម្ពុជា​សម្រាប់​ឆ្នាំ2020​-2022​ ”។

    ឯកឧត្ដម​បន្ដ​ថា​ ការសម្រេច​នេះ​គឺ​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ផង​ដែរ​ទៅ​នឹង​ផែនការ​សហប្រតិបត្តិ​ការ​និង​សមាហរណកម្ម​របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​ ជាមួយនឹង​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​បេសកកម្ម​លើកកម្ពស់​ “លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​វាយនភណ្ឌ​ និង​សម្លៀកបំពាក់​នៅ​កម្ពុជា​ សមស្រប​តាម​បទដ្ឋាន​ការងារ​ស្នូល​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ និង​ស្របតាម​ច្បាប់​ស្តី​ពី​ការងារ​កម្ពុជា​”។

    លោក​ឧកញ៉ា​ វ៉ាន់​ ស៊ូ​អៀង​ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បានឱ្យ​ដឹង​ថា​ សមាគម​រោងចក្រ​កាត់ដេរ​ នឹង​បន្ត​ធ្វើការ​ជា​មួយ​ររោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ និង​រាជរដ្ឋាភិបាល​ នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​រក្សា​ការផលិត​ សុវត្ថិភាព​ការងារ​ និង​ការងារ​ ប្រកបដោយ​ចីរភាព​ សម្រាប់​ជា​កម្លាំង​ពលកម្ម​របស់​កម្ពុជា​យើង​។

    លោក​ Grame​ Buckley​ នាយក​ការិយាល័យ​អង្គការ​ពលកម្ម​អន្ដរ​ជាតិ​ខាង​ការងារ​ ILO​ ប្រចាំ​ប្រទេស​កម្ពុជា​ ឡាវ​ និង​ថៃ​ បាន​កត់សម្គាល់​ថា​ ដោយ​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​ និង​សមាគម​រោងចក្រ​កាត់ដេរ​ យើង​នឹង​រួមគ្នា​លើកកម្ពស់​ការងារ​សមរម្យ​សម្រាប់​កម្មករ​រាប់​រយ​ ពាន់​នាក់​ ជាពិសេស​ស្ត្រី​ ហើយ​ក៏​ជួយ​កម្មករ​ និយោជិត​ ក្នុង​ការ​អភិវឌ្ឍ​ជំ​នាញ​ថ្មី​ៗ អាជីវកម្ម​ ដើម្បី​ទទួល​ប្រាក់ចំណេញ​កាន់តែ​ច្រើនជាង​មុន​ និង​ក្រុម​គ្រួសារ​ពួកគេ​ឱ្យ​ចាក​ផុត​ពី​ភាព​ក្រីក្រ​។

    គួរ​បញ្ជាក់​ថា​ នេះ​ជា​អនុស្សរណៈ​លើក​ទី6​ ហើយ​ ក្នុង​ការ​បន្ត​ទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ​ និង​កិច្ចសហការ​កាន់តែ​ប្រសើរ​ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​ស្ថានការណ៍​បច្ចុប្បន្ន​ និង​ទៅ​អនាគត​។ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ ភាគី​ទាំង3ខាងលើ​នេះ​លើក​ទី1ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ28​ ខែវិច្ឆិកា​ឆ្នាំ2003​ ដើម្បី​បន្ត​អនុវត្តន៍​ គម្រោង​សហប្រតិបត្តិ​ការ​បច្ចេកទេស​ដែល​មានឈ្មោះ​ថា​ “ការធានា​ ថា​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​វាយនភណ្ឌ​ និង​សម្លៀកបំពាក់​នៅ​កម្ពុជា​ សមស្រប​តាម​បទដ្ឋាន​ការងារ​ស្នូល​ ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ និង​ស្របតាម​ច្បាប់​ស្តី​ពី​ការងារ​កម្ពុជា​”សម្រាប់​រយៈពេល​ 2ឆ្នាំ​ ហើយ​គម្រោង​នេះ​ ត្រូវ​បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ទៅជា​ “គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​” រហូតមកដល់​បច្ចុប្បន្ន​៕

  • សន្និសីទ​ធនាគារ​អាស៊ាន​ ផ្តោត​លើ​កំណែទម្រង់​ប្រព័ន្ធ​ឌីជីថល​ក្នុង​វិស័យ​ធនាគារ​ និង​សេវា​ហិរញ្ញវត្ថុ​

    សន្និសីទ​ធនាគារ​អាស៊ាន​ ផ្តោត​លើ​កំណែទម្រង់​ប្រព័ន្ធ​ឌីជីថល​ក្នុង​វិស័យ​ធនាគារ​ និង​សេវា​ហិរញ្ញវត្ថុ​

    មន្ត្រី​កំ​ពូល​ៗ ជា​អ្នកជំនាញ​ធនាគារ​ និង​ហិរញ្ញវត្ថុ​ជាន់ខ្ពស់​ មក​ពី​ទូទាំង​តំបន់​ក្នុង​សហគមន៍​អាស៊ាន​បាន​មក​ជួបជុំគ្នា​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​ សន្និសីទ​ប្រចាំ​តំបន់​ដ៏​សំខាន់​មួយ​ដែល​សន្និសីទ​ នោះ​រៀបចំឡើង​ក្រោម​ទស្សនទាន​“ការ​ផ្សារភ្ជាប់​អាស៊ាន​ឆ្នាំ2025​-ពិភពលោក​ដ៏​ក្លៀវក្លា​ថ្មី​មួយ​នៃ​នវានុ​វត្ត​ភាព​ ប្រព័ន្ធ​ឌីជីថល​សម្រាប់​វិស័យ​ធនាគារ​អាស៊ាន​តែមួយ​ (ASEAN​ Connectivity​2025​-abravenew​ world​ of​ digital​ innovation​ for​ one​ ASEAN​ banking​ sector​)” ដោយ​ផ្តោត​ទៅលើ​កំណែទម្រង់​ប្រព័ន្ធ​ឌីជីថល​ ក្នុង​វិស័យ​ធនាគារ​ និង​សេវា​ហិរញ្ញវត្ថុ​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។

    ឯកឧត្តម​ ជា​ ចាន់​តូ​ អគ្គ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​ថ្លែង​ស្វាគមន៍​ដល់​ប្រតិភូ​ក្នុង​សន្និសីទ​ទាំងមូល​ថា​៖ “ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ ដែល​បានឃើញ​ដំណើរ​វិវឌ្ឍន៍​ដ៏​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​ ក៏ដូចជា​ក្នុង​តំបន់​អាស៊ាន​ ពិសេស​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ បន្ទាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​។ ការ​ធ្វើ​ទំនើបកម្ម​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​ថ្មី​ៗ បាន​ជួយ​បង្កើន​ប្រសិទ្ធ​ភាព​ ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ ទៅកាន់​ប្រជាពលរដ្ឋ​អាស៊ាន​ ច្រើនជាង​ 600លាន​នាក់​ ប្រកបដោយ​សុវត្ថិភាព​ និង​បរិ​យា​ប័ន្ន”។

    ឯកឧត្តម​ បាន​បន្ត​ថា​ សន្និសីទ​នេះ​គឺជា​ឱកាស​ដ៏​ល្អឥតខ្ចោះ​ ក្នុង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ​ និង​ព័ត៌មាន​ ជាមួយ​អ្នកជំនាញ​ មក​ពី​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត​ និង​លើកទឹកចិត្ត​ធនាគារ​ឱ្យ​ទទួលយក​បច្ចេកវិទ្យា​ចុងក្រោយ​ ដែល​មាននៅ​ក្នុង​វិស័យ​នេះ​។

    ឯកឧត្តម​ ទេសាភិបាល​ បានឱ្យ​ដឹង​ថា​៖ “ឧស្សាហកម្ម​ធនាគារ​នៅ​កម្ពុជា​កំពុង​អភិវឌ្ឍ​យ៉ាង​រហ័ស​ក្នុងរយៈពេល​ 2-3 ឆ្នាំ​ចុងក្រោយ​នេះ​ ដោយសារតែ​ស្ថិរ​-ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ល្អ​ និង​ការ​បើកចំហ​គោលនយោបាយ​វិនិយោគ​របស់​រដ្ឋាភិបាល​។ ឆ្នាំនេះ​សេដ្ឋកិច្ច​របស់​កម្ពុជា​ ត្រូវ​បាន​ព្យាករ​ថា​នឹង​រក្សា​បាន​កំណើន​ក្នុង​អត្រា​ស្រដៀងគ្នា​នឹង​ឆ្នាំទៅ​ ដែល​ភាគច្រើន​ត្រូវ​បាន​ជំរុញ​ដោយ​លំហូរ​ចូល​ជា​បន្ត​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ កំណើន​ការនាំចេញ​ខ្ពស់​ និង​តម្រូវការ​ក្នុង​ស្រុក​ដ៏​រឹងមាំ​”។

    កាលពី​ចុងខែ​កក្កដា​ ធនាគារជាតិនៃកម្ពុជា​ NBC​បាន​ព្យាករ​ថា​ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​រក្សា​ក្នុង​កម្រិតមធ្យម​ 7.1​%នៅ​ឆ្នាំនេះ​ ដែល​ជំរុញ​ពី​កំណើន​ការនាំចេញ​ វិស័យ​សំណង់​ អចលនទ្រព្យ​ និង​ទេសចរណ៍​ ខណៈ​វិស័យ​កសិកម្ម​នឹង​មាន​កំណើន​យឺត​។ គិត​ត្រឹម​ខែកក្កដា​ ឆ្នាំ​ 2019​ ទ្រព្យសកម្ម​ ក្នុង​ប្រព័ន្ធ​ធនាគារ​បាន​កើន​ដល់​ 114​% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​)។

    ឯកឧត្តម​ ជា​ ចាន់​តូ​ មានប្រសាសន៍​បន្ត​ថា​៖“ការ​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​បាន​ចូលរួម​ចំណែក​ យ៉ាង​សំខាន់​ក្នុង​ការពង្រីក​ និង​ពង្រឹង​វិស័យ​ធនាគារ​នៅ​កម្ពុជា​ក៏ដូចជា​ក្នុង​តំបន់​អាស៊ាន​។ បណ្តាញ​ធនាគារ​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​នានា​បាន​បង្កើន​ការប្រើ​ប្រាស់​ បច្ចេកវិទ្យា​ និង​បង្កើត​ផលិតផល​ និង​សេវាកម្ម​ហិរញ្ញ​-វត្ថុ​ថ្មី​ៗ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ តាមរយៈ​ការកាត់បន្ថយ​ថ្លៃដើម​ និង​ពេលវេលា​។ ការបង្កើត​ថ្មី​ទាំងនេះ​ គាំទ្រ​ដល់​ការ​រីកចម្រើន​នៃ​សកម្មភាព​សេដ្ឋកិច្ច​ ក៏ដូចជា​ការ​ដាក់បញ្ចូល​ហិរញ្ញវត្ថុ​”។

    លោក​បណ្ឌិត​ អុិន​ ចាន់​នី​ ប្រធាន​សមាគម​ធនាគារ​កម្ពុជា​បាន​មានប្រសាសន៍​ថា​៖ ​“ព្រឹត្តិ​ការណ៍​នេះ​អនុញ្ញាត​ឱ្យ​ធនាគារ​កម្ពុជា​អាច​រៀនសូត្រ​ពី​សម​ភាគី​របស់​ខ្លួន​នៅ​ទូទាំង​អាស៊ាន​។ ចំណេះដឹង​នេះ​នឹង​បង្កើត​ឱកាស​បន្ថែម​ទៀត​ នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​ស្រុក​ និង​ផ្តល់​សេវាកម្ម​កាន់តែ​ប្រសើរ​ដល់​អតិថិជន​កម្ពុជា​។ ដូច​សមាគម​ធនាគារ​ ដទៃទៀត​នៅក្នុង​តំបន់​តួនាទី​របស់​សមាគម​ធនាគារ​នៅ​កម្ពុជា​ គឺ​ត្រូវ​សហការ​ជាមួយ​ធនាគារជាតិនៃកម្ពុជា​ ក្នុង​ការជំរុញ​ការ​ច្នៃប្រឌិត​និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ប្រព័ន្ធ​ទូទាត់​ប្រកបដោយ​ប្រសិទ្ធភាព​ និង​តម្លាភាព​ដើម្បី​សម្រួល​ដល់​កំណើន​ សេដ្ឋកិច្ច​ និង​សមាហរណកម្ម​តំបន់​”។

    លោក​បណ្ឌិត​ អុិន​ ចាន់​នី​ បាន​ថ្លែង​ថា​៖ “យើង​មិន​ត្រឹមតែ​បានឃើញ​ពី​ការ​រីកចម្រើន​ របស់​ ក្រុម​ហ៊ុន​ធំៗ​ក្នុង​តំបន់​ដូចជា​ Grab​ នៅ​សិង្ហបុរី​ ឬក៏​ក្រុមហ៊ុន​ Go​Jek​ នៅ​ឥណ្ឌូ​នេ​ស៊ី​ ដែល​កំពុងតែ​ឈានមុខ​ គេ​ក្នុង​វិស័យ​នេះ​ ក្នុង​ការ​ធ្វើ​ឱ្យ​បច្ចេក​វិទ្យា​ថ្មី​ៗ មាន​ភាព​ងាយស្រួល​។ យើង​បាន​សិក្សា​រៀនសូត្រ​ពី​ក្រុមហ៊ុន​ទាំងនោះ​ ហើយ​យើង​កំពុងតែ​អភិវឌ្ឍ​ក្រុម​អ្នកច្នៃប្រឌិត​ផ្ទាល់ខ្លួន​របស់​យើង​ ដូចជា​ក្រុមហ៊ុន​ PassApp​ ឬ Joonaak​ ដែល​កំពុង​នាំ​យកចំណេះ​ដឹង​ក្នុង​តំបន់​របស់​ពួកគេ​នៅ​ទីនេះ​ ដើម្បី​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រជា​ពល​ដ្ឋ​របស់​យើង​”។

    បណ្ឌិត​ អុិន​ ចាន់​នី​ បាន​ថ្លែង​បន្ត​ថា​៖ “ពិត​ណាស់​ យើង​បាន​ទទួលស្វាគមន៍​ក្រុមហ៊ុន​ Grab​ និង​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត​ ដើម្បី​ប្រតិបត្តិ​នៅ​ទីនេះ​ ប៉ុន្តែ​យើង​មាន​មោទនភាព​ណាស់​ ដែល​យើង​មាន​ទេពកោសល្យ​ និង​មហិច្ឆតា​ក្នុង​ការបង្កើត​ និង​បង្កើន​ការប្រកួត​ប្រជែង​ក្នុង​ស្រុក​ជាមួយនឹង​ក្រុម​ហ៊ុន​ធំៗ​ប្រចាំ​តំបន់​ទាំងនេះ​”។

    ប្រតិភូ​ជាន់ខ្ពស់​ជាច្រើន​នាក់​ផ្សេងទៀត​ ត្រូវ​បាន​រំពឹង​ទុក​ថា​ នឹង​ផ្តល់​អនុសាសន៍​របស់​ខ្លួន​ទៅលើ​ ប្រធានបទ​ ដូចគ្នា​នេះ​ នៅក្នុង​អំឡុង​ពេល​កិច្ចពិភាក្សា​ជា​ក្រុម​ អំពី​ប្រព័ន្ធ​ឌីជីថល​ និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​(Fintech​) សន្តិសុខ​លើ​ការ​លួច​ចម្លង​ទិន្នន័យ​ (cyber​security​) បញ្ជី​កំណត់ត្រា​ប្លុក​ឆេន​ (Blockchain​) និង​កំណែទម្រង់​ប្រព័ន្ធ​ឌីជីថល​ ក្នុង​វិស័យ​ធនាគារ​ និង​សេវា​ហិរញ្ញវត្ថុ​។

    លោក​ ភួ​ខុង​ ចន្ថា​ចក​ Phoukhong​-Chanthachack​ ប្រធាន​សមាគម​ធនាគារិក​អាស៊ាន​ក៏បាន​លើកឡើង​ពីសា​រៈសំ​ខាន់​នៃ​ការ​ច្នៃប្រឌិត​ឌីជីថល​ផង​ដែរ​។ “ការ​ច្នៃប្រឌិត​ឌីជីថល​គឺជា​ផ្នែក​សំខាន់​មួយ​ នៃ​សសរ​ស្តម្ភ​ទាំង​ 5 នៅក្នុង​ផែនការមេ​អាស៊ាន​តភ្ជាប់​ឆ្នាំ​ 2025​។ ចក្ខុវិស័យ​របស់​យើង​ គឺ​ដើម្បី​សម្រេច​បាន​នូវ​អាស៊ាន​ ដែល​មាន​ទំនាក់ទំនង​ និង​សមាហរណកម្ម​យ៉ាង​រលូន​ និង​ទូលំទូលាយ​។

    បច្ចុប្បន្ន​សមាគម​ធនាគារ​នៅ​កម្ពុជា​មាន​សមាជិក​ 65​ រួមមាន​៖ធនាគារពាណិជ្ជ​កម្ម​ ចំនួន44​ ធនាគារ​ឯកទេស​ចំនួន17និង​ការិយាល័យ​តំណាង​ចំនួន4​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​មួយ​។ នេះ​ជា​លើក​ទី1​ ហើយដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​ធនាគារ​អាស៊ាន​ ដែល​ ដែល​តម្រូវ​ឱ្យ​ត្រូវ​ដាក់វេនគ្នា​ធ្វើជា​ម្ចាស់ផ្ទះ​ រៀងរាល់​រយៈពេល2​ ឆ្នាំ​ម្តង​រាល់​ប្រទេស​ ជាស​មា​ជិ​ក សហគមន៍​អាស៊ាន​ទាំងអស់​។

    សូម​បញ្ជាក់​ថា​ ឥណទាន​ក្នុង​វិស័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​បាន​កើនឡើង​ប្រហែល​ 22.4​%ដល់​ 27,7​ពាន់​លាន​ដុល្លារ​កាលពី​ចុង​ត្រីមាស​ទី​ 2 ឆ្នាំ2019​។ កម្ចី​សរុប​នៅក្នុង​វិស័យ​ធនាគារ​មាន​ចំនួន21,5​ ពាន់​លាន​ដុល្លារ​ ខណៈ​កម្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ 6,2​ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ត្រីមាស​ទី2​ ឆ្នាំ​ 2019​។

    ទ្រព្យសកម្ម​សរុប​នៅក្នុង​វិស័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​បាន​កើនឡើង12.2​%កើនឡើង​ដល់​44,8​ ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ដំណាច់​ត្រីមាស​ទី​ 2 ឆ្នាំ​ 2019​។ ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ (ការិយាល័យ​កណ្ដាល​ និង​សាខា​) បាន​កើនឡើង​ដល់​ 2,367​ ដោយ​មាន​ម៉ាស៊ីន​ ATM​ 2,228​ កន្លែង​ទូទាំង​ប្រទេស​។

    គិត​ត្រឹម​ត្រីមាស​ទី2​ ឆ្នាំ2019​ មាន​ធនាគារពាណិជ្ជ​45​ ធនាគារ​ឯកទេស​ 15​ គ្រឹះស្ថាន​មីក្រូ​ ហិរញ្ញវត្ថុ​ទទួល​ប្រាក់កម្ចី​ 7 គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ 74​ ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ 254​ និង​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់16​។ នេះ​បើ​តាម​របាយការណ៍​ទិន្នន័យ​ធនាគារជាតិនៃកម្ពុជា​៕