Author: ធឿន មករា

  • ការ​សរសេរ​អក្សរ​ និង​បញ្ហា​របស់​កុមារ​… ​រឿង​សំខាន់​ដែល​ឪពុក​ម្តាយ​គួរ​ដឹង​

    ការ​សរសេរ​អក្សរ​ និង​បញ្ហា​របស់​កុមារ​… ​រឿង​សំខាន់​ដែល​ឪពុក​ម្តាយ​គួរ​ដឹង​

    រឿង​ការ​សរសេរ​អក្សរ​របស់​កុមារ​ អាច​គ្រាន់តែ​ជា​រឿង​តូចតាច​មួយ​សម្រាប់​ឪពុក​ម្តាយ​មួយចំនួន​ ព្រោះ​គិតថា​ ភាព​ខុស​ផ្លែ​កពីគ្នា​របស់​តួអក្សរ​ គឺជា​ស្ទីល​ការ​សរសេរ​របស់​ក្មេង​ម្នា​ក់ៗ​ អាច​ស្អាត​ខ្លះទៅ​ ឬមិន​ស្អាត​ខ្លះទៅ​ ជា​រឿង​ធម្មតា​ ទើប​មិនសូវ​ជាយ​កចិត្ត​ទុកដាក់​ល្អិតល្អន់​អ្វី​ប៉ុន្មាន​ឡើយ​។ តែ​ការពិត​ទៅ​ រឿង​ការ​សរសេរ​ និង​តួអក្សរ​សរសេរ​ដៃ​របស់​កូន​ មាន​ភាព​សំខាន់​មិន​អន់​ជាង​រឿង​ដទៃទៀត​ឡើយ​ ព្រោះ​វា​ជាផ្នែក​មួយ​ដែល​ជួយ​បង្ហាញ​ឱ្យ​ឃើញថា​ កុមារ​កំពុង​មាន​បញ្ហា​មួយ​ដែល​ឪពុក​ម្តាយ​គួរតែ​ផ្តល់​នូវ​ការ​ជួយ​ណែនាំ​ មុននឹង​បញ្ហា​ផ្សេង​ៗទៀត​កើតឡើង​។ ដូច្នេះ​ថ្ងៃនេះ​យើង​នាំគ្នា​មក​មើល​ថា​ តើ​អក្សរ​សរសេរ​ដៃ​របស់​កូន​ៗរបស់​លោកអ្នក​បង្ហាញ​ឱ្យ​ឃើញ​ពី​រឿង​អ្វី​ និង​មាន​វិធី​កែខៃ​យ៉ាងណា​ខ្លះ​?

    1. មូលហេតុ​ដែល​ធ្វើ​ឱ្យ​កុមារ​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​សរសេរ​
    អ្នកស្រី​វេជ្ជបណ្ឌិត​ អេ​មី​ បា​អេ​ជ អ្នកព្យាបាល​ដោយ​ការ​ធ្វើ​ចលនា​ និង​ជា​អ្នកនិពន្ធ​ម្ចាស់​ជ័យលាភី​ប្រភេទ​សៀវភៅ​អក្សរ​ផ្ជង់​បាន​អធិប្បាយ​ថា​ អារម្មណ៍​ និង​ការ​វិវឌ្ឍ​របស់​កុមារ​អាច​នាំ​ឆ្ពោះទៅ​រក​បញ្ហា​រឿង​តួអក្សរ​សរសេរ​ដៃ​របស់​កុមារ​បាន​ដូចគ្នា​ ដូចជា​បើ​កុមារ​នោះ​ធ្លាប់​មាន​បទ​ពិសោធ​ដែល​មិនល្អ​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ រហូត​ធ្វើ​ឱ្យ​គេ​បដិសេធ​ ឬចៀស​ពី​ការ​ប៉ះពាល់​វត្ថុ​ផ្សេង​ៗដែល​ខុសប្លែក​ពី​របស់​ដែលគេ​ធ្លាប់​បាន​ស្គាល់​ជាដើម​។ មូលហេតុ​ទាំងនោះ​ហុច​ផល​ឱ្យ​ឱកាស​ក្នុង​ការ​វិវឌ្ឍ​របស់​ម្រាមដៃ​ និង​ការ​សរសេរ​របស់​ក្មេង​អន់ថយ​ចុះ​ទៅតាម​នោះ​ដែរ​។

    2. វិធី​សង្កេតមើល​បញ្ហា​ តាមរយៈ​អក្សរ​សរសេរ​ដៃ​របស់​កុមារ​
    ការដែល​កុមារ​សរសេរ​អក្សរ​មិន​ស្អាត​ គឺជា​បញ្ហា​មួយ​ដែល​លោកឪពុក​អ្នកម្តាយ​មិន​គួរ​ព្រងើយកន្តើយ​ឡើយ​ ជាពិសេស​អក្សរ​សរសេរ​ដៃ​របស់​កុមារ​ដែល​ពិបាក​អាន​ ឬដែល​ស្ទើរតែ​មិនមែន​ជា​តួអក្សរ​ ព្រោះ​វា​ជា​សញ្ញា​សំខាន់​មួយ​ដែល​កំពុងតែ​ប្រាប់​ដល់​ឪពុក​ម្តាយ​ឱ្យ​បានដឹង​ថា​ កូន​របស់​អ្នក​កំពុងតែ​មាន​បញ្ហា​ដែល​អ្នក​ត្រូវ​ប្រញាប់​កែសម្រួល​ ដែល​ឪពុក​ម្តាយ​អាច​ត្រួតពិនិត្យ​មើល​នៅ​រយ:ដំបូង​បាន​ ដោយ​សង្កេត​មើលតាម​រយ:អាការ​របស់​កុមារ​ដូចតទៅ​ ៖
    – តួអក្សរ​មិន​ច្បាស់លាស់​ ពិបាក​អាន
    ​- ធ្វើ​ចុង​ខ្មៅដៃ​បាក់​ញឹកញាប់​(សរសេរ​សង្កត់​ខ្លាំង​)
    – ប្រើ​ដៃ​ចាប់កាន់​ខ្មៅ​ដៃ​ម្តង​ៗមិន​ដូចគ្នា​ ដូចជា​ ម្តង​កាន់ដៃ​ខាងឆ្វេង​ ម្តង​កាន់ដៃ​ខាងស្តាំ​-ល-
    – ចាប់កាន់​ខ្មៅដៃ​ខុសទំនង​ និង​មិនព្រម​ប្តូរ​របៀប​ចាប់
    ​- មិនព្រម​ដាក់​កដៃ​សង្កត់​លើ​ក្រដាសសរសេរ​
    – មាន​អារម្មណ៍​ធុញទ្រាន់​ពេល​ត្រូវ​សរសេរ
    ​- សរសេរ​លេខ​ ឬអក្សរ​ឆ្លាស់គ្នា​ ទោះជា​រៀន​ថ្នា​ក់​បថម​ ឬថ្នាក់ខ្ពស់​ជាង​ហ្នឹងហើយ​ក៏ដោយ
    ​- ច្រើនតែ​សរសេរ​រំលង​ ឬខ្វះ​ពាក្យ​ ឬតួអក្សរ​ ទោះជា​ចម្លង​តាម​គេ​ក៏ដោយ​

    3. វិធី​ជួយ​កែ​បញ្ហា​
    សម្រាប់​ឪពុក​ម្តាយ​ដែល​សង្កេតឃើញ​ភាព​ខុសប្រក្រតី​របស់​កូន​ដូច​ 8ចំណុច​ខាងលើ​នេះ​ ឪពុក​ម្តាយ​អាច​ជួ​យកូនៗ​របស់​លោកអ្នក​បាន​ដោយ​ការ​នាំ​ពួកគេ​ទៅ​ជួបនឹង​គ្រូពេទ្យ​ដែល​មាន​ជំនាញ​ក្នុង​ផ្នែក​នេះ​ ដើម្បី​ឱ្យ​គ្រូពេទ្យ​ត្រួតពិនិត្យ​ភាព​ខុសប្រក្រតី​ និង​ប្រាប់​ពី​លទ្ធផល​នៃ​ការពិនិត្យ​ដែល​ច្បាស់លាស់​មក​លោកអ្នក​វិញ​ និង​គួរ​ឱ្យ​គ្រូពេទ្យ​បាន​ទៅ​ពិនិត្យ​មើល​អាការ​របស់​កូន​ដល់​ផ្ទះ​ផង​ ដើម្បី​ឱ្យ​គ្រូពេទ្យ​បាន​បង្ហា​ត់​ក្មេង​ៗជាមួយនឹង​ឧបករណ៍​សម្រាប់​ជួយ​កែសម្រួល​ដល់​ការ​សរសេរ​របស់​កូន​បាន​យ៉ាង​ស័ក្តិសម​។

    តើ​លោកអ្នក​ជឿ​ទេ​ថា​ អក្សរ​សរសេរ​ដៃ​របស់​កុមារ​មាន​ភាព​សំខាន់​ចំពោះ​ពួកគេ​មិន​តិច​ឡើយ​ព្រោះ​វា​អាច​ប្រាប់​បាន​អំពី​បញ្ហា​ដែល​បង្កប់​នៅ​ក្នុង​ខ្លួន​កុមារ​ ដូច្នេះ​បើ​ឪពុក​ម្តាយ​រឹតតែ​ឆាប់​សង្កេតឃើញ​ភាព​ខុសប្រក្រតី​នៃ​ការ​សរសេរ​អក្សរ​របស់​កូន​បាន​លឿន​ប៉ុនណា​ នឹង​រឹតតែ​ឆាប់​បាន​ជួយ​ឱ្យ​កូន​ៗរបស់​លោកអ្នក​រួចផុត​ពី​បញ្ហា​នេះ​បាន​លឿន​ប៉ុន​នោះ​ដែរ​ និង​ថែមទាំង​អាច​ជួយ​ឱ្យ​កូន​ៗមាន​វិវឌ្ឍនាការ​ដ៏​ល្អ​ស័ក្តិសម​ទៅ​តាម​វ័យ​បាន​ទៀតផង​៕

  • នាំគ្នា​ទៅ​ពិនិត្យ​សុខភាព​ ដើម្បី​ឱ្យ​មាន​អាយុវែង​វិញ​ប្រសើរ​ជាង​… (តចប់​)

    នាំគ្នា​ទៅ​ពិនិត្យ​សុខភាព​ ដើម្បី​ឱ្យ​មាន​អាយុវែង​វិញ​ប្រសើរ​ជាង​… (តចប់​)

    សុខភាព​រាងកាយ​របស់​យើង​ គឺជា​ទ្រព្យសម្បត្តិ​ដែល​មានតម្លៃ​ដ៏​មហាសាល​លើស​ពី​អ្វី​ៗទាំងអស់​។ តើ​ថ្ងៃនេះ​ លោកអ្នក​មាន​យកចិត្ត​ទុកដាក់​មើលថែ​ទាំ​សុខភាព​ខ្លួនឯង​ហើយ​ឬនៅ​? កាលពី​លេខ​មុន​ យើង​បានដឹង​ខ្លះ​រួចហើយ​អំពី​ការ​ទៅ​ពិនិត្យ​សុខភាព​ដើម្បី​ឱ្យ​មាន​អាយុ​វែង​ ដូច្នេះ​លេខ​នេះ​ ឡា​រ៉ែ​ន សូម​រៀបរាប់​ជា​បន្ត​ទៀត​ដូចតទៅ​…។

    8. ជាតិ​ខ្លាញ់​ ត្រៃ​គ្លី​ស៊ើ​រ៉ា​យដ៍(Triglyceride​) ដើម្បី​ពិនិត្យ​រកមើល​ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម​ដែល​អាច​ជា​មូលហេតុ​របស់​ជំងឺបេះដូង​ត្បៀត​ និង​សរសៃឈាម​ខួរក្បាល​រួម​តូច​។
    9. អាស៊ីត​ យូ​រិក​ក្នុង​ឈាម(Uric​ Acid​) ដើម្បី​ពិនិត្យមើល​រោគ​ឈឺ​តាម​ឆ្អឹងសន្លាក់​ដៃជើង​ បើក​ម្រឹត​ជាតិ​អាស៊ីត​ យូ​រិក​ ឡើង​ខ្ពស់​ជាង​ប្រក្រតី​ អាច​នឹង​បង្ក​ឱ្យ​កើត​ក្រួស​នៅក្នុង​ប្រព័ន្ធ​បង្ហូរទឹក​នោម​។10​. ទឹកនោម​ (Urine​) ដើម្បី​ពិនិត្យ​រកមើល​ភាព​ខុសប្រក្រតី​របស់​ប្រព័ន្ធ​បញ្ចេញ​ទឹកនោម​ ដែល​អាច​ធ្វើ​ឱ្យ​កើត​ជំងឺ​រលាក​ប្លោកនោម​ ឬជំងឺ​ក្រលៀន​ រហូតដល់​ការ​សេសសល់​នៃ​សារជាតិ​គ្រឿង​ញៀន​ផ្សេង​ៗទៀតផង​។
    11​. លាមក​ (Stool​ Examination​) ដើម្បី​ពិនិត្យ​រក​សត្វល្អិត​ ឬព្រូន​ផ្សេង​ៗ និង​ប្រព័ន្ធ​បន្ទោបង់​ថា​ តើ​ខុសប្រក្រតី​ឬទេ​ ដោយ​អាច​សង្កេត​បាន​តាមរយៈ​លាមក​ដែល​មាន​ប្រឡាក់ឈាម​ ដែល​អាច​បណ្តាល​មក​ពី​ភាព​ខុស​ប្រក្រតី​របស់​ពោះវៀនធំ​ ឬមាន​ជំងឺ​ឬដូង​បាត​។
    12​. ឆ្លុះ​អិចស៍​រេយ៍​សួត​ និង​បេះដូង(Chest​ X-ray​)ដើម្បី​ពិនិត្យមើល​ស្ថានភាព​សួត​ សាច់​ភ្នាស​ស្រោប​សួត​ បេះដូង​ និង​ឆ្អឹង​ប្រអប់ទ្រូង​ ជាពិសេស​អ្នក​ដែល​ជក់បារី​ ឬអ្នក​ដែល​ទទួលរង​សារជាតិ​ពុល​ដែល​មាន​មេរោគ​ អាច​ធ្វើ​ឱ្យ​សួត​ខុសប្រក្រតី​ដែល​ជា​មូលហេតុ​នៃ​ជំងឺរបេង​ ជំងឺ​ថង់​ខ្យល់​ហើម​។
    13​. ដំណើរ​បេះដូង(EKG​) ដើម្បី​ពិនិត្យមើល​ការ​លោត​របស់​បេះដូង​ថា​ តើមាន​ភាព​ខុសប្រក្រតី​ដែរ​ឬទេ​ ដើម្បី​រក​មូលហេតុ​នៃ​ការ​កើតជំងឺ​បេះដូង​ប្រភេទ​ផ្សេង​ៗ ដូចជា​ សាច់ដុំ​បេះដូង​ខ្វះឈាម​មក​ចិញ្ចឹម​ជាដើម​។14​. អាល់​ត្រា​សោ​នដ៍​ក្នុង​ពោះ​ផ្នែក​ខាងលើ​ (Ultrasound​ Upper​ Abdomen​) ដើម្បី​ពិនិត្យមើល​អវយវៈ​ខាងក្នុង​ពោះ​ផ្នែក​ខាងលើ​ថា​ តើមាន​ភាព​ខុសប្រក្រតី​ឬទេ​ ដែល​មាន​ដូចជា​ ថ្លើម​ លំពែង​ ថង់​ទឹកប្រមាត់​ ក្រលៀន​ និង​សរសៃឈាម​ខ្នាត​ធំ​ដោយ​ប្រើ​គោលការណ៍​ស្តាប់​សំឡេង​ខ្ទរ​មកវិញ​របស់​រលក​សំឡេង​។
    15​. អិចស៍​រេយ៍​ប្រព័ន្ធ​រំលាយអាហារ​ផ្នែក​ដំបូង​ (Upper​ GI​) គឺជា​កា​រអិច​ស៍​រេយ៍​ដើម្បី​ពិនិត្យ​រកមើល​ភាព​ខុសប្រក្រតី​របស់​បំពង់អាហារ​ ក្រពះ​ និង​ពោះវៀនតូច​ផ្នែក​ដំបូង​ថា​ តើមាន​សាច់​ដុះ​ រលាក​ ឬមាន​លក្ខណៈ​ខុសប្រក្រតី​ណាមួយ​ឬក៏​អត់​៕

  • មនុស្សម្នាក់​គួរ​ធ្វើសកម្មភាព​ដើម្បី​សង្គម​ឱ្យ​បាន​ម្តង​ ដើម្បី​ជំរុញ​ជីវិត​ឱ្យ​កាន់តែ​មាន​សក្តា​នុ​ពល​

    មនុស្សម្នាក់​គួរ​ធ្វើសកម្មភាព​ដើម្បី​សង្គម​ឱ្យ​បាន​ម្តង​ ដើម្បី​ជំរុញ​ជីវិត​ឱ្យ​កាន់តែ​មាន​សក្តា​នុ​ពល​

    ការ​ធ្វើសកម្មភាព​ស្ម័គ្រចិត្ត​ដើម្បី​សង្គម​ ឬចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​ដើម្បី​ធ្វើសកម្មភាព​មនុស្សធម៌​ជា​រឿង​ដែល​មនុស្ស​ទូទៅ​កោតសរសើរ​ ហើយ​ទន្ទឹម​នឹង​ការ​ទទួល​បានការ​កោតសរសើរ​ពី​អ្នកដទៃ​ វា​ក៏​ជា​កត្តា​ជំរុញ​ផ្លូវចិត្ត​មួយ​ដ៏​ល្អ​ប្រសើរ​ផង​ដែរ​។

    លោក​ នឹម​ ឈុ​ន្នី​ គ្រូ​បណ្តុះបណ្តាល​ផ្នែក​សមាធិ​ បាន​លើកឡើង​ថា​ ការ​ធ្វើសកម្មភាព​មនុស្សធម៌​ ជា​រឿង​ដ៏​សំខាន់​ដែល​មនុស្ស​គ្រប់គ្នា​គួរ​សាកល្បង​អនុវត្ត​ ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​យើង​រីករាយ​ជាមួយនឹង​អ្វី​ដែល​យើង​បាន​ធ្វើ​ប៉ុណ្ណោះទេ​ តែ​វា​ក៏​ជា​ការ​ចងចាំ​ដ៏​ល្អ​ និង​ជា​កត្តា​ជំរុញ​ទឹកចិត្ត​ដ៏​ខ្លាំងក្លា​ផង​ដែរ​ក្នុង​ដំណើរ​ជីវិត​។ លោក​ថា​ បំណង​ក្នុង​ការ​ធ្វើសកម្មភាព​ណា​មួយ​ដើម្បី​សង្គម​ ដូចជា​ការ​ធ្វើសកម្មភាព​មនុស្សធម៌​ជាដើម​ កើតឡើង​នៅពេល​យើង​បានឃើញ​បញ្ហា​សង្គម​ ឬបានឃើញ​បញ្ហា​មួយ​ដែល​វា​ជាប់ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ក្នុង​ដំណើរ​ជីវិត​។ ឧទាហរណ៍​ជាក់ស្តែង​ ប្រសិនបើ​យើង​ធ្លាប់​ជា​កុមារ​ម្នាក់​ដែល​ទទួល​បាន​ការសង្គ្រោះ​ពី​មន្ទីរពេទ្យ​ណាមួយ​ ឬមានសាច់​ញាតិ​ធ្លាប់​ត្រូវ​បាន​ជួយសង្គ្រោះ​ដោយ​មន្ទីរពេទ្យ​ណាមួយ​ បន្ទាប់មក​យើង​ឃើញថា​ ស្ថាប័ន​នោះ​មាន​បញ្ហា​ហិរញ្ញវត្ថុ​ នៅពេល​នោះ​ ភាគច្រើន​យើង​នឹង​ចង់​ចូលរួម​ចំណែក​ដើម្បី​ដោះស្រាយ​បញ្ហា​នោះ​។ សកម្មភាព​ក្នុង​ការចូលរួម​ចំណែក​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ នឹង​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ថា​ បាន​តបស្នង​ដ៏​ល្អ​ និង​បន្ត​ជំរុញ​ឱ្យ​អ្នកដទៃ​ផ្សេងទៀត​ទទួល​បាន​នូវ​អត្ថ​ប្រ​-យោជន៍​ ឬជា​ការចូលរួម​បន្ត​ជួយ​ជីវិត​អ្នកដទៃ​ជាដើម​។លោក​ នឹម​ ឈុ​ន្នី​ បាន​និយាយ​ថា​៖ “អារម្មណ៍​នៃ​ភាព​រីករាយ​នេះ​ នឹង​ជំរុញ​ឱ្យ​យើង​ខិតខំ​ប្រឹងប្រែង​កាន់តែ​ខ្លាំង​ក្នុង​ដំណើរ​ជីវិត​ដើម្បី​អភិវឌ្ឍ​ជីវិត​ និង​ជីវភាព​សម្រាប់​បន្ត​ជួយ​ដល់​គ្រប់​ផ្នែក​ដែល​យើង​គិតថា​ មានតម្លៃ​សម្រាប់​ការរស់នៅ​។

    ម្យ៉ាងវិញទៀត​ វា​ដូចជា​បុព្វហេតុ​ជីវិត​មួយ​ដែល​ធ្វើ​ឱ្យ​ជីវិត​របស់​យើង​មានន័យ​ ព្រោះ​ការរស់នៅ​របស់​យើង​មិន​ត្រឹមតែ​ធ្វើ​ដើម្បី​តែ​ភាព​សុខសាន្ត​ម្នាក់ឯង​នោះ​ទេ​ តែ​យើង​បាន​ប្រើប្រាស់​ធាន​ធាន​ និង​ទឹកចិត្ត​ដើម្បី​បង្កើត​ភាព​រីករាយ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​”។

    លោ​កឈុ​ន្នី​ បាន​បន្ត​ថា​ ប្រសិនបើ​អាច​ យើង​គួរ​ចាប់ផ្តើម​ធ្វើសកម្មភាព​ណាមួយ​ដែល​បង្ហាញ​ពី​ចំណុច​តស៊ូ​ ឬធ្វើ​រឿង​លំបាក​ណាមួយ​ដើម្បី​ប្រមូល​ផ្តុំ​មនុស្ស​ឱ្យ​បាន​ច្រើន​សម្រាប់​ធ្វើសកម្មភាព​មនុស្សធម៌​។ នៅពេល​នោះ​ យើង​នឹង​ឃើញថា​ ជីវិត​របស់​យើង​នឹង​ផ្លាស់​ប្តូរ​កាន់តែ​ប្រសើរ​។ ជាក់ស្តែង​ សម្រាប់​លោក​គឺ​បាន​ធ្វើសកម្មភាព​រត់​ចម្ងាយ​ឆ្ងាយ​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​ជាដើម​។ ការ​ធ្វើបែប​នេះ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ ព្រោះ​មុន​ពេល​ចាប់ផ្តើម​ គឺ​ត្រូវ​ការ​ហ្វឹកហាត់​កាយសម្បទា​ ស្មារតី​ និង​ត្រូវ​ត្រៀម​ច្រើន​ណាស់​ ដើម្បី​ធានា​ថា​ ដល់​ថ្ងៃ​បញ្ចេញ​សកម្មភាព​ពិតប្រាកដ​ នឹង​មិន​មាន​បញ្ហា​។ ការ​ត្រៀម​ ក៏​ត្រូវការ​ភាព​អត់ធ្មត់​ខ្លាំង​ផង​ដែរ​ដោយ​ត្រូវ​ហ្វឹកហាត់​ទាំង​ការ​រត់​នៅ​ក្រោមទឹក​ភ្លៀង​ ការ​រត់​កណ្តាល​ថ្ងៃត្រង់​ និង​ការ​តស៊ូ​ជាមួយនឹង​ភាព​អំណត់​ផ្ទាល់ខ្លួន​។ សកម្មភាព​នេះ​ មិន​ត្រឹមតែ​អាច​ជួយ​ដល់​អ្នកដទៃ​បាន​ប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​ក៏​ជា​ការ​ពង្រឹងស្មារតី​ឱ្យ​មានការ​តស៊ូ​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​ផង​ដែរ​។

    គ្រូបង្រៀន​ផ្នែក​សមាធិ​ និង​ផ្លូវចិត្ត​ខាងលើ​ បាន​លើកឡើង​ផង​ដែរ​ថា​ ជា​ធម្មតា​នៅក្នុង​ដំណើរ​ជីវិត​របស់​យើង​មានរឿង​ច្រើនណាស់​ដែល​ជា​ឧបសគ្គ​ ខណៈ​ពេលខ្លះ​ ឧបសគ្គ​ទាំងអស់​នោះ​ធ្វើ​ឱ្យ​យើង​នឿយហត់​ ឬស្ទើរតែ​បោះបង់​ការ​តាំងចិត្ត​ចោល​ តែ​នៅ​ពេលនោះ​យើង​នឹង​នឹកឃើញ​ពី​ការ​តស៊ូ​ដែល​យើង​ធ្លាប់ធ្វើ​បាន​ជោគជ័យ​ក្នុង​សកម្មភាព​មនុស្សធម៌​របស់​យើង​ ដោយ​ធ្លាប់​តស៊ូ​លំបាក​គ្រប់បែបយ៉ាង​ដើម្បី​ឱ្យ​ដល់​គោលដៅ​។ ពេលខ្លះ​បញ្ហា​ជីវិត​មិន​ធ្ងន់ធ្ងរ​ដូច​យើង​គិត​ពេក​នោះ​ទេ​ តែ​ប្រសិនបើ​យើង​គ្មានកម្លាំង​ចិត្ត​ ឬព្រឹត្តិ​ការណ៍​ណាមួយ​ឱ្យ​យើង​រំឭក​ទេ​នោះ​ យើង​អាច​គិតថា​ វា​ជា​រឿង​ធ្ងន់ធ្ងរ​។ ផ្ទុយ​មកវិញ​ ប្រសិនបើ​យើង​ធ្លាប់​តស៊ូ​លំបាក​ទាំង​កម្លាំងកាយ​ និង​ការ​តស៊ូ​ជម្នះ​ឧបសគ្គ​ដ៏​ខ្លាំងក្លា​ក្នុង​ដំណាក់កាល​ណាមួយ​ក្នុង​ជីវិត​ យើង​អាចយ​ករឿង​នោះ​មក​ឆ្លុះបញ្ចាំង​នៅពេល​យើង​ជួប​ឧបសគ្គ​បាន​។ នៅពេល​នោះ​ យើង​នឹង​ឃើញ​ថា​ ឧបសគ្គ​ដែល​យើង​កំពុង​ជួបប្រទះ​នេះ​ មិន​ធ្វើ​ឱ្យ​យើង​លំបាក​ខ្លាំង​ ឬនឿយហត់​ខ្លាំងពេក​ទេ​សម្រាប់​ជីវិត​។

    ព្រះ​តេជគុណ​ គូ​ សុភាព​ សាស្ត្រា​ចារ្យ​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ បាន​លើកឡើង​ថា​ ការ​ធ្វើ​ល្អ​ ជា​វិធីសាស្ត្រ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត​។ មនុស្ស​ម្នា​ក់ៗ​សុទ្ធតែ​ត្រូវ​ឆ្លងកាត់​សេចក្តី​សុខ​ និង​សេចក្តី​ទុក្ខ​មិន​អាច​ចៀស​ផុត​បាន​នោះ​ទេ​។ ពេលខ្លះ​យើង​ត្រូវ​ជួប​បញ្ហា​ស្មុគស្មាញ​ដែល​ធ្វើ​ឱ្យ​យើង​បាក់ទឹកចិត្ត​ ឬបញ្ហា​ណាមួយ​ធ្វើ​ឱ្យ​យើង​រក​ច្រកចេញ​មិនឃើញ​ ដែល​ធ្វើ​ឱ្យ​វា​ក្លាយជា​រឿង​ធំ​សម្រាប់​យើង​។ ការ​រក​ច្រកចេញ​មិនឃើញ​នេះ​ ដោយសារតែ​យើង​នៅត្រាំត្រែង​តែ​ក្នុង​បញ្ហា​នេះ​យូរ​ពេក​ ដែល​ធ្វើ​ឱ្យ​រឿង​តូច​ក្លាយជា​រឿង​ធំ​ ឬអ្នកខ្លះ​ដល់​ថ្នាក់​សម្លាប់​ខ្លួន​ក៏​មាន​។ ការ​ធ្វើសកម្មភាព​មនុស្សធម៌​ ឬការ​ធ្វើបុណ្យ​ដល់​អ្នកដទៃ​នេះ​ នឹងអាច​ជួយ​ដល់​ផ្លូវចិត្ត​បាន​យ៉ាង​ប្រសើរ​។

    ព្រះ​តេជគុណ​ គូ​ សុភាព​ មាន​សង្ឃដីកា​ថា​៖ “បើ​យើង​កំពុង​មានទុក្ខ​ ឬមាន​បញ្ហា​ក្នុង​ជីវិត​យើង​ប្រាកដ​ជា​មិន​ចង់​ជួប​មនុស្ស​ ឃុំខ្លួន​ឯង​ ឬអង្គុយ​គិត​មិន​អស់​ចិត្ត​លើ​រឿង​ទាំងអស់​នោះ​ ដែល​ធ្វើ​ឱ្យ​ជីវិត​កាន់តែ​ស្មុគស្មាញ​។ ហេតុនេះ​គួរ​សាកល្បង​ចេញ​មក​ក្រៅ​ ហើយ​ធ្វើសកម្មភាព​មនុស្សធម៌​ ឬធ្វើល្អ​ឱ្យ​បាន​ច្រើន​ នៅពេល​នោះ​យើង​នឹង​មានចិត្ត​រីករាយ​។ ចិត្តរីករាយ​នេះ​ហើយដែល​ជា​ចំណុច​ចាប់ផ្តើម​ល្អ​មួយ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ ឬធ្វើ​ឱ្យ​យើង​មើលឃើញ​ពីសា​រៈសំ​ខាន់​កាន់តែ​ខ្លាំង​ក្នុង​ការរស់នៅ​របស់​យើង​”។

    ព្រះ​តេជគុណ​បន្ត​ថា​ ពេល​យើង​មានទុក្ខ​ វា​លំបាក​ណាស់​ក្នុង​ការ​ធ្វើ​ឱ្យ​ចិត្ត​របស់​យើង​រីករាយ​ ឡើង​វិញ​ តែ​ប្រសិនបើ​ការ​ធ្វើល្អ​អាច​ធ្វើ​ឱ្យ​ចិត្ត​យើង​រីករាយ​បាន​ នោះ​វា​ជាស​ញ្ញាណ​វិជ្ជមាន​មួយ​ដែល​ធ្វើ​ឱ្យ​យើង​អាច​ដកឃ្លា​ពី​បញ្ហា​ទាំងអស់​នោះ​។ នៅពេល​យើង​បាន​ចេញរួច​ពី​បញ្ហា​មួយ​ហើយ​ ហើយ​ងាក​ទៅ​មើល​វា​វិញ​ យើង​នឹង​ឃើញថា​ វា​មិនមែន​ជា​រឿង​ធំ​ពេក​នោះ​ទេ​ ហើយ​យើង​អាច​កំណត់​បញ្ហា​ដោយ​ស្ងប់ចិត្ត​ដើម្បី​ដោះស្រាយ​ប្រកបដោយ​ថាមពល​។ មនុស្សយើង​ម្នា​ក់ៗ​មាន​សមត្ថភាព​ និង​ថាមពល​ខ្លាំងក្លា​ តែ​ស្ថានភាព​ល្អ​នេះ​ ភាគច្រើន​កើតឡើង​នៅពេល​យើង​មាន​អារម្មណ៍ល្អ​ និង​រីករាយ​តែប៉ុណ្ណោះ​។ ហេតុនេះ​ការ​ធ្វើល្អ​ មិន​ត្រឹមតែ​ជួយ​ដល់​អ្នកដទៃ​ប៉ុណ្ណោះទេ​ តែ​វា​មាន​ឥទ្ធិពល​ខ្លាំង​ផង​ដែរ​សម្រាប់​ការរស់នៅ​របស់​សាមី​មនុស្ស​ម្នា​ក់ៗ​ទៀតផង​៕

  • ចុងឆ្នាំ​បែបនេះ​ ត្រូវតែ​ត្រៀម​តុបតែង​មុខ​ សម្រាប់​ចូលរួម​កម្ម​វិ​ធី​សប្បាយ​ៗ

    ចុងឆ្នាំ​បែបនេះ​ ត្រូវតែ​ត្រៀម​តុបតែង​មុខ​ សម្រាប់​ចូលរួម​កម្ម​វិ​ធី​សប្បាយ​ៗ

    កម្មវិធី​ជួប​ជុំ​សប្បាយ​ៗ រីករាយ​ជាមួយនឹង​មិត្តភក្តិ​ បងប្អូន​ អ្នកធ្វើ​ការ​ជាមួយគ្នា​ សម្រាប់​ឱកាស​ចុងឆ្នាំ​ សម្រាប់​ពិធីបុណ្យ​ណូអែល​រីករាយ​ និង​សម្រាប់​ពិធីជប់លៀង​តូច​ធំ​ផ្សេង​ៗ ពិតជា​នឹង​មាន​ជាបន្តបន្ទាប់​ជា​មិនខាន​នៅក្នុង​ខែ​នៃ​ចុងឆ្នាំ2019នេះ​។ ដូច្នេះ​ សូម​ត្រៀមខ្លួន​ជាស្រេច​ជាមួយនឹង​ការ​តុបតែង​មុខ​ ដើម្បី​ឱ្យ​ស័ក្តិសម​ជាមួយនឹង​កម្មវិធី​ និង​ត្រូវ​តាម​កាលៈទេសៈ​ ដែល​នឹង​ធ្វើ​ឱ្យ​អ្នកមាន​ភាព​ជឿជាក់​ និង​អាច​បង្ហាញ​ពី​សម្រស់​របស់​អ្នក​បាន​ពេញទំហឹង​តែម្តង​។ នៅក្នុង​ទំព័រ​ថែរក្សា​សម្រស់​របស់​ទស្សនាវដ្តី​ ឡា​រ៉ែ​ន លេខ​នេះ​ បាន​ពាំនាំ​នូវ​របៀប​តុបតែង​មុខ​ស្អា​តៗ​ ទាន់​សម័យ​ និង​ត្រូវជា​មួយ​នឹង​ឱកាស​ជប់លៀង​ចុងឆ្នាំ​តែម្តង​ ដើម្បី​បង្ហាញ​ជូន​ដល់​នា​រីៗ​ទាំងអស់​ ក្នុង​ការ​ត្រៀមខ្លួន​តុបតែង​មុខមាត់​ឱ្យ​ស្រស់​ស្អាត​សម្រាប់​កម្មវិធី​ជួបជុំ​រីករាយ​ទាំងអស់គ្នា​។ សូម​រីករាយ​ដូចតទៅ​៕

  • កម្មវិធី​ Technovation​ Cambodia​ 2020​ ចាប់​ផ្តើម​បើក​ឱ្យ​ដាក់ពាក្យ​ហើយ​

    កម្មវិធី​ Technovation​ Cambodia​ 2020​ ចាប់​ផ្តើម​បើក​ឱ្យ​ដាក់ពាក្យ​ហើយ​

    កម្មវិធី​ Technovation​ Cambodia​ ដែល​ជា​កម្មវិធី​ផ្តល់​ឱកាស​ឱ្យ​យុវតី​វ័យក្មេង​កម្ពុជា​បាន​សិក្សា​កសាង​សមត្ថភាព​ និង​ប្រកួតប្រជែង​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា​ បាន​ចាប់ផ្តើម​បើក​ឱ្យ​បេក្ខជន​ចុះឈ្មោះ​សាជាថ្មី​ហើយ​សម្រាប់​ឆ្នាំ2020​ ខាងមុខនេះ​។

    បេក្ខជន​អាច​ចុះឈ្មោះ​ឱ្យ​បាន​មុន​ថ្ងៃទី​ 10​ ខែធ្នូ​ ឆ្នាំ2019​ ខាងមុខនេះ​ដើម្បី​ទទួល​ចំណេះ​ដឹង​ថ្មី​ៗទាក់ទង​នឹង​ផ្នែក​ដ៏​មាន​សារប្រយោជន៍​ជាច្រើន​ដូចជា​សហគ្រិនភាព​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ជាដើម​។ កម្មវិធី​នេះ​នឹង​ផ្តល់​ការ​បណ្តុះបណ្តាល​រយៈពេល​ 12សប្តាហ៍​ ទៅលើ​កុមារី​ ឬយុវនារី​ចាប់ពី​អាយុ​ 10ឆ្នាំ​ ដល់អាយុ​ក្រោម​ 19ឆ្នាំ​ លើ​ការបង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ​ និង​សហគ្រិនភាព​ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​នានា​នៅក្នុង​សង្គម​។ ក្រៅពី​នេះ​ទៀត​ យុវជន​នឹង​មានឱកាស​ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ៗទៀត​លើ​ពិភពលោក​ប្រសិនបើ​ពួកគេ​ត្រូវ​បាន​គណៈកម្មការ​នៅ​កម្ពុជា​សម្រេច​ឱ្យ​ជាប់​ជា​បេក្ខភាព​សម្រាប់​ប្រកួត​បន្ត​នៅ​អាមេរិក​។

    កម្មវិធី​ Technovation​ ជា​គម្រោង​ធំ​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​រដ្ឋ​ Massachusetts​ សហរដ្ឋអាមេរិក​ដើម្បី​បណ្តុះបណ្តាល​ និង​ផ្តល់​ឱកាស​ឱ្យ​កុមារី​ចន្លោះ​ពី​ 10​ ដល់​ក្រោម​ 19ឆ្នាំ​ចូលរួម​ប្រកួតប្រជែង​កម្មវិធី​ទូរស័ព្ទ​ដៃ​ជាមួយ​បេក្ខជន​ជាច្រើន​លើ​ពិភពលោក​។ កម្មវិធី​នេះ​ត្រូវ​បាន​នាំចូល​-មក​ប្រទេស​កម្ពុជា​ដំបូង​ដោយ​ទូត​ (ambassador​) របស់​កម្មវិធី​ដែល​ជា​អ្នកជំនាញ​បច្ចេកវិទ្យា​ និង​សាស្រ្តា​ចារ្យ​ផ្នែក​បច្ចេកវិទ្យា​នៅ​សាកល​វិទ្យាល័យ​នានា​នៅក្នុង​ប្រទេស​ នៅ​ឆ្នាំ​ 2013​ ហើយ​បច្ចុប្បន្ន​នេះ​មាន​សិស្ស​ជានា​រី​ជាច្រើន​បាន​ចូលរួម​ និង​ទទួល​-បានការ​បណ្តុះបណ្តាល​ពី​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​។ បន្ថែម​ពីលើ​នេះ​ ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ក៏បាន​យកចិត្ត​ទុកដាក់​ និង​គាំទ្រ​កម្ម​វី​ធី​ Technovation​ ឱ្យ​ប្រព្រឹត្តទៅ​កាន់តែ​ប្រសើរ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​វិស័យ​អប់រំ​នៅ​កម្ពុជា​លើ​ផ្នែក​បច្ចេកវិទ្យា​ និង​សហគ្រិនភាព​។

    លោកជំទាវ​ គឹម​ សេដ្ឋា​នី​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ ស្រប​ពេល​ដែល​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​ កំពុង​មានការ​រីកចម្រើន​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ឥត​ឈប់ឈរ​ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ​ ប្រជាជន​កម្ពុជា​រួម​ទាំង​សិស្ស​ និស្សិត​មានឱកាស​សិក្សា​ស្រាវជ្រាវ​ និង​ទាញ​យក​ផលប្រយោជន៍​ជាច្រើន​លើ​វិស័យ​បច្ចេកវិទ្យា​នេះ​ផង​ដែរ​ សម្រាប់​បម្រើការ​សិក្សា​ក៏ដូចជា​ធ្វើ​កិច្ចការ​ងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ទោះជា​យ៉ាងនេះ​ក្តី​ យើង​សង្កេតឃើញ​ថា​ ការប្រើ​ប្រាស់​បច្ចេកវិទ្យា​នៅ​មានកម្រិត​នៅឡើយ​សម្រាប់​កម្ពុជា​ ជាពិសេស​មា​មាត្រ​របស់​ស្ត្រី​ធៀប​នឹង​បុរស​ ក្នុង​ការ​ចូល​ទៅកាន់​បច្ចេកវិទ្យា​។ ការ​ផ្តួចផ្តើម​គំនិត​រៀបចំ​ប្រកួត​ថ្នាក់​ជាតិ​ស្តី​ពី​បច្ចេកវិទ្យា​ ដូចជា​ព្រឹត្តិ​ការណ៍​ប្រកួតប្រជែង​ថ្នាក់​ជាតិ​នៃ​ Technovation​ នេះ​ពិតជា​អាច​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​មាតាបិតា​ អាណាព្យាបាល​សិស្ស​ និង​យុវនារី​វ័យក្មេង​ទាំងអស់​បាន​យល់ដឹង​បន្ថែម​ពីសា​រៈសំ​ខាន់​នៃ​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​ (ICT​) ក្នុង​គោលបំណង​លើកកម្ពស់​ការចូលរួម​របស់​ស្ត្រី​លើ​ផ្នែក​បច្ចេកវិទ្យា​ និង​ធុរកិច្ច​ ក៏ដូចជា​បង្កើន​ការ​តភ្ជាប់​ទំនាក់ទំនង​របស់​ពួកគេ​ក្នុង​វិស័យ​នេះ​។

    លោកជំទាវ​ គឹម​ សេដ្ឋា​នី​ មានប្រសាសន៍​ថា​៖ «ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ សូម​គាំទ្រ​យ៉ាង​ខ្លាំង​ក្នុង​ការបង្កើត​កម្មវិធី​ Technovation​ នេះ​ឡើង​សម្រាប់​យុវជន​ យុវនារី​កម្ពុជា​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​របស់​ពួកគេ​ដែល​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា​ ជា​ពិសេស​ដើម្បី​កាត់បន្ថយ​គម្លាត​យេនឌ័រ​លើ​គ្រប់​ជំនាញ​ជាពិសេស​ជំនាញ​ ICT​ ជាដើម​»។

    លោកជំទាវ​បាន​បង្ហាញ​ក្តី​រីករាយ​នៅពេល​ឃើញ​យុវតី​ជាច្រើន​បាន​សិក្សា​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ការ​សរសេរ​កម្មវិធី​កុំព្យូទ័រ​ ការបង្កើត​កម្ម​វី​ធី​ទូរស័ព្ទ​ដៃ​ និង​ផែនការអាជីវកម្ម​របស់​ខ្លួន​ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ Technovation​ អន្តរជាតិ​។ លោកជំទាវ​ យល់ថា​កាប​ង្កើត​ស្នាដៃ​របស់​សិស្ស​ស្រី​នៅក្នុង​កម្ម​វី​ធី​នេះ​ជា​សម្មិទ្ធ​ផល​ និង​ជា​ជំហាន​ចាប់ផ្តើម​មួយ​នៃ​កំណើន​នៃ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​របស់​ស្ត្រី​ ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​របស់​ខ្លួន​សម្រាប់​អាជីវកម្ម​បែប​ទំនើប​៕

  • តាមពណ៌នៃរដូវណូអែល បែបស្រស់ស្រាយ

    តាមពណ៌នៃរដូវណូអែល បែបស្រស់ស្រាយ

    នៅក្នុង​រដូវ​ណូអែល​បែបនេះ​ ការ​ជ្រើសរើស​ម៉ូដ​សម្លៀកបំពាក់​ក៏​ត្រូវតែ​ឱ្យ​ត្រូវគ្នា​ដែរ​ ដើម្បី​ឱ្យ​មើលទៅ​ស្រស់​ស្អាត​ និង​ទាក់ភ្នែក​មនុស្ស​ទាំងពួង​។ ពណ៌ស​ ពណ៌បៃតង​ចាស់​ ពណ៌ក្រហម​ ពណ៌ទឹកប៊ិច​ គឺ​ត្រូវជា​មួយ​នឹង​រដូវ​ដ៏​រីករាយ​នេះ​តែម្តង​។ ដូច្នេះ​ សូម​ត្រៀម​សម្លៀកបំពាក់​របស់​អ្នក​តាម​ពណ៌​ទាំងនេះ​ នោះ​អ្នក​នឹង​ក្លាយជា​មនុស្ស​ដ៏​លេចធ្លោ​នៅក្នុង​កម្មវិធី​ជាមិនខាន​ឡើយ​៕

  • ចង់​ជោគជ័យ​ក្នុង​ការ​បណ្តុះបណ្តាល​បុគ្គលិក​ លុះត្រាតែ​បង្ហាញ​ឱ្យ​ពួកគាត់​ឃើញ​លទ្ធផលជាក់​ស្តែង​

    ចង់​ជោគជ័យ​ក្នុង​ការ​បណ្តុះបណ្តាល​បុគ្គលិក​ លុះត្រាតែ​បង្ហាញ​ឱ្យ​ពួកគាត់​ឃើញ​លទ្ធផលជាក់​ស្តែង​

    ថ្វី​ដ្បិតតែ​គ្រប់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា​ សមត្ថភាព​របស់​បុគ្គលិក​ក្នុង​ការ​ធ្វើការងារ​ គឺជា​រឿង​សំខាន់​សម្រាប់​ក្រុមហ៊ុន​ តែ​ការ​បណ្តុះបណ្តាល​បុគ្គលិក​រឹតតែ​មិនមែន​ជា​រឿង​ងាយស្រួល​ទៅទៀត​។ បុគ្គលិក​ទាំងអស់​មិន​ប្រាកដ​ថា​សុទ្ធតែ​ចង់​ទទួល​បានការ​បណ្តុះបណ្តាល​នោះ​ទេ​ ហើយ​គ្រប់​ការ​បណ្តុះបណ្តាល​ក៏​មិន​សុទ្ធតែ​ទទួល​បានការ​ចាប់អារម្មណ៍​ទាំងអស់​ដែរ​។

    លោក​បណ្ឌិត​ គា​ បូរ៉ា​ អ្នកជំនាញ​គណនេយ្យ​ និង​ទីផ្សារ​ បាន​លើកឡើង​ថា​ បញ្ហា​ដែល​ធ្វើ​ឱ្យ​បុគ្គលិក​មិន​ចង់​ទទួលយក​ការ​បណ្តុះបណ្តាល​ ភាគ​ច្រើន​បណ្តាល​មក​ពី​ពួកគេ​មិនបាន​ឃើញ​ពី​លទ្ធផល​ ឬមើល​មិនដឹង​ពី​ផលប្រយោជន៍​សំខាន់​នៃ​ការ​បណ្តុះបណ្តាល​នោះ​ចំពោះ​ការងារ​។ ដើម្បី​ទាក់ទាញ​ឱ្យ​បុគ្គលិក​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព​ ឬចូលរួម​វគ្គ​បណ្តុះបណ្តាល​ ស្ថាប័ន​មួយចំនួន​គេ​បង្កើត​កម្មវិធី​លើកទឹកចិត្ត​បុគ្គលិក​ដោយ​ឧបត្ថម្ភ​ប្រាក់​លើកទឹកចិត្ត​បន្ថែម​តាម​សមត្ថភាព​ការងារ​ជាក់ស្តែង​ (KPI​-Key​ Performance​ Indicator​)។

    ដើម្បី​ទទួល​បានការ​ឧបត្ថម្ភ​បន្ថែម​ច្រើន​ ឬដើម្បី​ទទួល​បាន​ពិន្ទុ​ KPI​ ខ្ពស់​ បុគ្គលិក​ត្រូវតែ​បំពេញ​លក្ខខណ្ឌ​នានា​ដែល​កំណត់​ដោយ​ផ្នែក​ធនធានមនុស្ស​។ ហេតុ​នេះ​ប្រសិនបើ​បុគ្គលិក​ណា​ម្នាក់​មិន​ទទួលយក​ការ​បណ្តុះបណ្តាល​ ឬមិន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ គាត់​នឹង​មិន​អាច​បំពេញ​លក្ខខណ្ឌ​របស់​ស្ថាប័ន​នោះ​បានទេ​ ដែល​ធ្វើ​ឱ្យ​ការ​លើកទឹកចិត្ត​របស់​គាត់​ក៏​មាន​កម្រិត​ទៅតាម​នោះ​ដែរ​។

    លោក​បណ្ឌិត​ គា​ បូរ៉ា​ បាន​និយាយ​ថា​៖ “កាលណា​យើង​បង្ហាញ​ឱ្យ​បុគ្គលិក​ឃើញច្បាស់​លាស់​ពី​លទ្ធផល​ចុងក្រោយ​នៃ​ការ​បណ្តុះបណ្តាល​ នោះ​បុគ្គលិក​នឹង​មាន​កម្លាំង​ជំរុញ​ខ្លាំង​ ព្រោះ​គាត់​ដឹង​ច្បាស់​ថា​ ក្រោយ​បំពេញ​គ្រប់​លក្ខខណ្ឌ​នៃ​ការ​បណ្តុះបណ្តាល​ ហើយ​អភិវឌ្ឍ​ការងារ​បាន​ល្អ​ គាត់​នឹង​ទទួល​បាន​ទាំង​សមត្ថភាព​ការងារ​ខ្ពស់​ និង​ការ​លើកទឹកចិត្ត​ពី​ស្ថាប័ន​ជាដើម​”។

    អ្នកជំនាញ​ខាងលើ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ចំណុច​នេះ​អាច​ជា​ចំណុច​ល្អ​មួយ​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​ឱ្យ​ខ្លាំង​សម្រាប់​ត្រៀម​ធ្វើការងារ​ និង​អភិវឌ្ឍ​ក្រុមហ៊ុន​។ ក្រៅពី​នេះ​ ក្រុមហ៊ុន​ខ្លះ​ក៏​គេ​បង្កើត​ជា​ក្រុម​ Talent​ group​ ឬអាច​ហៅ​បាន​ថា​ ជា​ក្រុម​អ្នកមាន​ទេព​កោ​សល្យ​ខ្ពស់​ៗ ដើម្បី​ត្រៀមខ្លួន​ចូល​ទៅ​ជំនួស​ ឬបំពេញ​ផ្នែក​សំ​ខាន់​ៗនៅ​ថ្ងៃ​អនាគត​។ ក្រុម​នេះ​ក៏អាច​ជា​ក្រុម​គោលដៅ​សំខាន់​ផង​ដែរ​ ដើម្បី​ធ្វើ​ឱ្យ​ស្ថាប័ន​ពោរពេញ​ទៅ​ដោយ​មនុស្ស​ពូកែ​ ហើយ​ភាគច្រើន​ក្រុម​ Talent​ Group​ ជា​ក្រុម​ដែល​មានការ​អភិវឌ្ឍ​លឿន​ជាងគេ​ ព្រោ​គាត់​មាន​ទឹកចិត្ត​ខ្លាំង​ក្នុង​ការ​ទទួលយក​ការអប់រំ​។ កត្តា​ដែល​ធ្វើ​ឱ្យ​គាត់​មាន​សម្ទុះ​ខ្លាំង​លើ​ផ្នែក​ផ្សេង​ៗនោះ​ ដោយសារតែ​គាត់​ដឹង​ច្បាស់​ថា​ អនាគត​ទៅ​គាត់​នឹង​ស្ថិត​ក្នុង​ផ្នែក​ល្អ​ណាមួយ​នៅក្នុង​ស្ថាប័ន​។

    លោក​ ស៊ូ​ សាវឿ​ន អ្នកនិពន្ធ​ និង​ជា​អ្នកជំនាញ​បណ្តុះបណ្តាល​ បាន​លើកឡើង​ថា​ បញ្ហា​សំខាន់​ដែល​ធ្វើ​ឱ្យ​បុគ្គលិក​មិន​ចង់​ទទួលយក​ការអប់រំ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ ដោយសារតែ​ពួកគាត់​មិនដឹង​ច្បាស់​ពី​កម្មវិធី​ និង​គោលបំណង​លម្អិត​នៃ​កម្មវិធី​ទាំងអស់​នោះ​។ បញ្ហា​ខ្លះ​កើតឡើង​ដោយសារតែ​អ្នកគ្រប់គ្រង​របស់​គាត់​មិន​មាន​វិធី​ក្នុង​ការ​បង្ហាញ​ពី​ចំណុច​ខ្វះខាត​ រួម​ទាំង​ចំណុច​ដែល​បុគ្គលិក​ត្រូវ​អភិវឌ្ឍ​។ ម្យ៉ាងវិញទៀត​ អ្នកគ្រប់គ្រង​ដែល​បញ្ជូន​បុគ្គលិក​ទៅ​សិក្សា​នោះ​ចាំបាច់​ត្រូវតែ​ដឹង​ឱ្យ​ច្បាស់​ និង​លម្អិត​ពី​វគ្គសិក្សា​នី​មួយ​ៗដើម្បី​ធានា​ថា​ វគ្គ​ទាំងអស់​នោះ​នឹង​ឆ្លើយតប​ជាមួយនឹង​ចំណុច​ចាំបាច់​របស់​បុគ្គលិក​របស់​ខ្លួន​កម្រិត​ណា​។ ក្រោយពេល​ដឹង​ច្បាស់​ហើយ​ គាត់​ក៏​ត្រូវ​មាន​វិធី​ក្នុង​ការ​ពន្យល់​ណែនាំ​ និង​បញ្ចុះបញ្ចូល​បុគ្គលិក​ម្នា​ក់ៗ​ឱ្យ​ដឹង​ច្បាស់​ថា​ ក្រោយពេល​បណ្តុះបណ្តាល​ពួកគេ​នឹងអាច​អភិវឌ្ឍ​លើ​ផ្នែក​ណាខ្លះ​ ហើយ​អនាគត​ទៅ​សមត្ថភាព​ទាំងអស់​នោះ​នឹង​ជួយ​បុគ្គលិក​ឱ្យទៅ​ដល់​ផ្នែក​ណាខ្លះ​នៃ​ក្រុមហ៊ុន​ ឬអភិវឌ្ឍ​បាន​ល្អ​ដូចម្តេច​ខ្លះ​ក្នុង​ទីផ្សារ​ការងារ​ទូទៅ​។

    លោក​ ស៊ូ​ សាវឿ​ន បាន​និយាយ​ថា​៖ “នៅពេល​ក្រុមហ៊ុន​បញ្ជូន​បុគ្គលិក​ទៅ​សិក្សា​ ឬបង្កើត​វគ្គ​បណ្តុះបណ្តាល​នៅក្នុង​ក្រុមហ៊ុន​ ចាំបាច់​ត្រូវតែ​សិក្សា​ឱ្យ​បាន​ច្បាស់​ថា​ អ្វី​ជា​តម្រូវការ​ពិតប្រាកដ​របស់​បុគ្គលិក​ មិន​មែន​ចេះតែ​បញ្ជូន​ឱ្យទៅ​រៀន​នោះ​ទេ​។ ម្យ៉ាងវិញទៀត​ គួរ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​នូវ​រយៈពេល​នៃ​មុខវិជ្ជា​នី​មួយ​ៗ និង​អត្ថន័យ​មួយចំនួន​នៃ​ការ​បណ្តុះបណ្តាល​ដើម្បី​ឱ្យ​បុគ្គលិក​បានដឹង​ និង​ចាប់អារម្មណ៍​ទុកជាមុន​សិន​”។

    លោ​កសាវឿ​ន បាន​បញ្ជាក់​ផង​ដែរ​ថា​ សមត្ថភាព​របស់​អ្នកបង្រៀន​ក៏​ជាផ្នែក​មួយ​ផង​ដែរ​ចំពោះ​ការ​ទាក់ទាញ​បុគ្គលិក​ឱ្យ​ចូល​សិក្សា​វគ្គ​នី​មួយ​ៗ ព្រោះ​កាលណា​អ្នក​បណ្តុះបណ្តាល​មិន​មាន​ភាព​ទាក់ទាញ​ ឬការ​បណ្តុះបណ្តាល​មិន​ឆ្លើយតប​ជាមួយនឹង​តម្រូវ​ការ​ជាក់ស្តែង​របស់​បុគ្គលិក​ នោះ​ពួកគេ​នឹង​កាន់តែ​រារែក​ ហើយ​មិន​ចង់​បន្ត​វគ្គ​ផ្សេង​ៗទៀត​នៅ​ថ្ងៃក្រោយ​។

    ហេតុនេះ​ប្រសិនបើ​ស្ថាប័ន​គិតគូរ​លើ​ចំ​ណុ​ចល្អិ​តៗ​ទាំងអស់​នេះ​ ស្ថាប័ន​ទាំងមូល​នឹងអាច​ទទួល​បាន​ធនធាន​មនុស្ស​ល្អ​ៗបន្ថែម​ជាលំដាប់​ ព្រោះ​បុគ្គលិក​ចាស់​ក៏​ចាប់ផ្តើម​ខ្លាំង​ ហើយ​បុគ្គ​លិ​កថ្មី​ៗក៏អាច​នឹង​ចាប់អារម្មណ៍​ក្នុង​ការចូលរួម​អភិវឌ្ឍ​ខ្លួន​ក្នុង​ស្ថាប័ន​របស់​យើង​ដែរ​៕

  • សំណួរ-ចម្លើយ ពាក់ព័ន្ធ​នឹង​សុខភាព​ពេល​មានគភ៌ ដែល​ស្ត្រី​ទាំងអស់​គួរ​ដឹង…

    សំណួរ-ចម្លើយ ពាក់ព័ន្ធ​នឹង​សុខភាព​ពេល​មានគភ៌ ដែល​ស្ត្រី​ទាំងអស់​គួរ​ដឹង…

    ឡា​រ៉ែ​នជឿ​ថា​ នា​រីៗ​យើង​ទាំងអស់​ អ្ន​កណាៗ​ក៏​ត្រូវតែ​មានគ្រួសារ​(ស្វាមី​) និង​ត្រៀមខ្លួន​សម្រាប់​ការ​មានផ្ទៃពោះ​ដូចគ្នា​ ដូច្នេះ​ដើម្បី​ជា​ចំណេះដឹង​សម្រាប់​ត្រៀមខ្លួន​ក្នុង​ការ​មានគភ៌​ និង​ដើម្បី​ថែរក្សា​សុខភាព​របស់​ខ្លួនឯង​ និង​កូន​ក្នុង​ផ្ទៃក្នុង​អំឡុង​ពេល​តាំង​គភ៌​នោះ​ ខាងក្រោម​នេះ​គឺជា​សំណួរ​របស់​ស្ត្រី​មានគភ៌​ និង​ចម្លើយ​របស់​គ្រូពេទ្យ​ជំនាញ​ ដែល​ឡា​រ៉ែ​នសូម​លើកយក​មក​ជម្រាប​ជូន​សម្រាប់​ស្ត្រី​ដែល​កំពុង​ត្រៀមខ្លួន​ធ្វើជា​ម្ដាយ​ថ្មោងថ្មី​ទុកជា​ចំណេះដឹង​…។

    តើ​កុំព្យូទ័រ​ មានផល​ប៉ះពាល់​ដល់​កូន​នៅក្នុង​ផ្ទៃ​ឬទេ​?Q . មុន​ពេល​មានផ្ទៃពោះ​ នាងខ្ញុំ​តែង​អង្គុយ​លេង​កុំព្យូទ័រ​ជាច្រើន​ម៉ោង​រៀងរាល់​យប់​ ដោយ​ដាក់​(កុំព្យូទ័រ​ លែប​ថប់​)នៅ​ចំពីមុខ​ក្បាលពោះ​ ឥលូវ​នេះ​ នាងខ្ញុំ​មានផ្ទៃពោះ​ហើយ​ តែ​ក៏​នៅតែ​ធ្វើ​បែបហ្នឹង​រហូត​… នាងខ្ញុំ​ចង់​សួរ​ថា​ តើ​វា​អាច​មាន​បញ្ហា​ ឬគ្រោះថ្នាក់​អ្វី​ដល់​កូន​នៅក្នុង​ផ្ទៃ​ឬក៏​អត់​?
    A . នៅ​មិនទាន់​មាន​របាយការណ៍​ ឬលទ្ធផល​នៃ​ការស្រាវជ្រាវ​ណាមួយ​និយាយ​ថា​ រលក​កាំរស្មី​ពី​កុំព្យូទ័រ​ធ្វើ​ឱ្យ​មានផល​ប៉ះពាល់​ដល់​ទារក​ដែល​នៅក្នុង​ផ្ទៃ​នៅឡើយ​ទេ​ តែ​ជាប្រក្រតី​សម្រាប់​ស្ត្រី​មានគភ៌​ លោកគ្រូពេទ្យ​តែង​ណែនាំ​មិន​ឱ្យ​ដាក់​វត្ថុ​អ្វី​នៅ​លើ​ក្បាលពោះ​ លើក​របស់​របរ​ធ្ងន់​ៗ ឬធ្វើលំ​ហាត់ប្រាណ​ក្នុង​ក្បាច់​ដែល​នាំ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​បរិវេណ​ក្បាលពោះ​ឡើយ​។

    ស្ត្រី​មានគភ៌​ចូលចិត្ត​ញ៉ាំ​អា​ហា​រហឹរៗ​Q . ជា​ធម្មតា​ នាងខ្ញុំ​មិន​ញ៉ាំ​ហឹរ​ពេក​ទេ​ តែ​មាន​ចម្ងល់​ថា​ តើ​ពិតមែន​ឬ បើ​អ្នកម្តាយ​ញ៉ាំ​អាហារ​ហឹរ​ៗ នឹង​ធ្វើ​ឱ្យ​ទឹកភ្លោះ​ឡើង​ក្តៅ​ និង​ធ្វើ​ឱ្យ​កូន​ក្រហាយខ្លួន​ ពិបាក​ទ្រាំ​?
    A . រសជាតិ​របស់​អាហារ​ដែល​ស្ត្រី​មានគភ៌​ទទួលទាន​ គ្មានផល​ប៉ះពាល់​ដល់​ទឹកភ្លោះ​ទេ​។

    មានផ្ទៃពោះ​ ហើយ​ចង់​ញ៉ាំ​ផ្លែ​ទុរេន​Q . ក្នុង​ពេល​មានផ្ទៃពោះ​ ស្រាប់តែ​ចង់​ញ៉ាំ​ទុរេន​ មិនដឹង​ថាម​កពី​ហេតុអ្វី​? ចង់​ញ៉ាំ​មែនទែន​! នាងខ្ញុំ​ចង់​សួរ​គ្រូពេទ្យ​ថា​ តើ​ស្ត្រី​មានគភ៌​អាច​ញ៉ាំ​ទុរេន​បានទេ​?
    A . ក្នុង​ខណៈ​ពេល​មានផ្ទៃពោះ​ បើស្ត្រី​មានគភ៌​គ្មាន​សភាវ​ជ្រៀតជ្រែក​របស់​រោ​គផ្សេង​ៗដែល​ត្រូវ​មាន​ចំណុច​ហាមឃាត់​រឿង​ការ​ទទួលទាន​អាហារ​ទេ​នោះ​ ស្ត្រី​មានផ្ទៃពោះ​អាច​បរិភោគ​បាន​ តែ​គួរ​ទទួលទាន​ក្នុង​បរិមាណ​ដែល​សម​ល្មម​ មិន​ត្រូវ​ទទួលទាន​ច្រើនជ្រុល​ហួសហេតុ​ពេក​ទេ​។

    ភេ​ស្ជ​ជៈ​កំប៉ុង​ និង​ស្ត្រី​មានគភ៌​Q . តើ​ការ​ញុាំ​ទឹ​កភេ​ស្ជ​ជៈ​កំប៉ុង​មានផល​ប៉ះពាល់​ដល់​កូន​នៅក្នុង​ផ្ទៃ​យ៉ាងណា​ដែរ​? ព្រោះ​នាងខ្ញុំ​ទើបតែ​មានគភ៌​លើកដំបូង​ ពេល​រា​ងនឿយៗ​ ល្វើយ​ៗ មាន​អារម្មណ៍​ថា​ ចង់​ញ៉ាំទឹក​ក្រូច​កំប៉ុង​មែនទែន​។
    A. ទឹ​កភេ​ស្ជ​ជៈ​កំប៉ុង​ គឺជា​ទឹ​កផ្អែម​ៗ ដែល​មាន​បញ្ចូល​ជា​តិ​ហ្គាស​ ខា​បន់​ដៃ​អុក​សៃដ៍​ សម្រាប់​ស្ត្រី​មានគភ៌​ បើ​គ្មាន​សភាវ​ជ្រៀតជ្រែក​ពី​រោ​គផ្សេង​ៗដែល​ត្រូវ​មាន​ចំណុច​ហាមឃាត់​ក្នុង​រឿង​ទទួលទាន​អាហារ​ ដូចជា​ សភាវ​នៃ​រោគ​ទឹកនោមផ្អែម​ ក្នុងអំឡុងពេល​មានគភ៌​ ឬមាន​ប្រវត្តិ​ធ្លាប់​កើតជំងឺ​ក្រពះ​តាំងពី​ពេលមុន​មានគភ៌​ទេ​នោះ​ ក៏​នៅតែ​អាច​ញ៉ាំ​បាន​ ព្រោះ​ចំណែក​ផ្សំ​របស់​ហ្គាស​ ខា​បន់​ដៃ​អុក​សៃដ៍​ មិន​មាន​បញ្ហា​អ្វី​ទេ​។ តែបើ​ស្ត្រី​មាន​គភ៌​ណា​ដែល​មាន​ខ្យល់​នៅក្នុង​ក្រពះ​ច្រើន​ អាច​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ណែន​ក្រពះ​ តឹង​ពោះ​ នៅ​មិន​សុខ​ ឬអាច​ធ្វើ​ឱ្យ​ក្អួត​បាន​ទៀតផង​ ដូច្នេះ​គួរ​ញ៉ាំ​ឱ្យ​ល្មម​ៗ កុំ​ច្រើនជ្រុល​ពេក​។

    ស្ត្រី​មានគភ៌​ត្រូវ​ឆ្កែខាំ​ តើ​គួរ​ចាក់​វ៉ាក់សាំង​ការពារ​ឬក៏​អត់​?Q . នាងខ្ញុំ​ត្រូវ​ឆ្កែ​ដែល​ខ្លួនឯង​ចិញ្ចឹម​ ខាំ​ តើ​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ឬក៏​អត់​ ព្រោះ​ពេលនេះ​កំពុង​មានផ្ទៃពោះ​ផង​?
    A. សូម​ណែនាំ​ឱ្យទៅ​ជួប​លោកគ្រូពេទ្យ​ជំនាញ​ជាបន្ទាន់​ ដើម្បី​ពិនិត្យមើល​ស្នាមរបួស​ និង​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ភ្លាម​។ (នៅ​មានត​)

  • កម្មវិធីទូរស័ព្ទដៃទន្លេសាបអ្នកលក់ ជាទីផ្សារលក់ផលិតផលកសិកម្មអនឡាញ

    កម្មវិធីទូរស័ព្ទដៃទន្លេសាបអ្នកលក់ ជាទីផ្សារលក់ផលិតផលកសិកម្មអនឡាញ

    ភ្នំពេញ៖ កម្មវិធីទូរស័ព្ទដៃទន្លេសាបអ្នកលក់នឹងជួយឲ្យកសិករ និងអ្នកផ្គត់ផ្គង់ផលិតផលកសិកម្មងាយស្រួលលក់ជាងមុន ចំណាយតិច ចំណេញពេលវេលា បង្កើនការលក់ ជាពិសេសធ្វើឲ្យអតិថិជនស្គាល់ផលិតផលរបស់អ្នកកាន់តែទូលំទូលាយ។

    កម្មវិធីទូរស័ព្ទដៃទន្លេសាបអ្នកលក់ ត្រូវបានបង្កើតឡើង និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងសិក្ខាសាលាស្តីអំពី “កម្មវិធីទូរស័ព្ទដៃទីផ្សារអនឡាញសម្រាប់អ្នកផ្គត់ផ្គងផលិតផលកសិកម្ម និងវឌ្ឍនភាពនៃកម្មវិធីទូរស័ព្ទដៃទន្លេសាប” ប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៩ នៅផ្សារទំនើបអ៊ីអន១ ក្នុងរាជធានីភ្នំពេញ  ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនដូចជា កសិករ ​អ្នកផ្គត់ផ្គង់សម្ភារៈកសិកម្ម អ្នកលក់ផលិតផលកសិកម្ម អ្នកជំនាញបច្ចេកទេសកសិកម្ម ស្ថាប័នក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍  អង្គការក្រៅរដ្ឋាភិបាល និងអ្នកសារព័ត៌ជាច្រើនផងដែរ។

    សិក្ខាសាលានេះ​ រៀបចំឡើងដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្នុងគោលបំណងជួយផ្សព្វផ្សាយពីកម្មវិធីទូរស័ព្ទដៃទន្លេសាបអ្នកលក់ថ្មីមួយនេះ ដែលបង្កើតឡើងដើម្បីជួយជម្រុញការដាក់លក់ផលិតផលកសិកម្មសម្បូរបែបតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ឬទីផ្សារអនឡាញ។ កសិករ និងអ្នកផ្គត់ផ្គង់ផលិតផលកសិកម្ម  អាចចុះឈ្មោះដោយផ្ទាល់នៅលើកម្មវិធីទូរស័ព្ទដៃទន្លសាបអ្នកលក់  ដើម្បីលក់ផលិតរបស់ខ្លួន  អាចទទួល​ និងគ្រប់គ្រងការបញ្ជាទិញផលិតផលរបស់ខ្លួនដោយផ្ទាល់តាមកម្មវិធីនេះ ដាក់លក់គ្រប់មុខផលិតផលតាមអនឡាញបានយ៉ាងងាយស្រួល​  ធ្វើការផ្សព្វផ្សាយ និងលក់ផលិតផលទៅកាន់ទីផ្សារធំទូលាយជាងមុន ព្រមទាំងបង្កើនបរិមាណលក់ និងអតិថិជនកាន់តែប្រសើរឡើង។​

    សម្រាប់កម្មវិធីទូរស័ព្ទដៃទន្លេសាបដែលជាកម្មវិធីផ្តល់ចំណេះដឹងកសិកម្មដំបូងគេនៅកម្ពុជាដែលបានដាក់ឲ្យប្រើប្រាស់កាលពីដើមឆ្នាំ ២០១៩ ទោះក្នុងរយៈពេលខ្លីក៏ពិតមែន តែកម្មវិធីនេះកំពុងទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់ជាច្រើនមានចំនួនជិត១ម៉ឺននាក់ ពិសេសគឺ កសិករ និងអ្នកគំាទ្រផលិផលកសិកម្មក្នុងស្រុកតែម្តង។ គោលបំណងនៃអ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទដៃទនេ្លសាបភាគច្រើនបំផុត គឺដើម្បីរៀនពីបច្ចេកទេសកសិកម្មពីការដាំដំណាំ និងចញ្ចឹមសត្វ ទទួលព័ត៌មានទីផ្សារ និងដំណោះស្រាយផ្សេងៗពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្មពីអ្នកជំនាញ ទទួលបានការចែករំលែកបទពិសោធន៍ពីកសិករជោគជ័យ តម្លៃផលិតផលកសិកម្ម អ្នកផ្គត់ផ្គង់សម្ភារៈឧបករណ៍កសិកម្ម និងព័ត៌មានពីសេវាហិរញ្ញវត្ថុផ្សេងៗផងដែរ។​ វឌ្ឍនភាពនៃកម្មវិធីទូរស័ព្ទដៃទន្លេសាបនេះនឹងរួមបញ្ចូលមុខងារបន្ថែមមួយចំនួនរួមមាន  អ្នកប្រើប្រាស់នឹងទទួលបានព័ត៌មានពីបំរែបំរួលអាកាសធាតុ បញ្ជាទិញគ្រប់មុខផលិតផលកសិកម្មបានតាមតម្រូវការ ព្រមជាមួយការដឹកជញ្ជូនដល់ទីកន្លែងផងដែរ។ កម្មវិធីទូរស័ព្ទដៃទន្លេសាបទាំងពីរនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃលើ App Store ប្រព័ន្ធ (iOS) និង Play Store ប្រព័ន្ធ Android។​

    លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានឱ្យដឹងថា “ ដោយសារកម្មវិធីទូរស័ព្ទដៃទន្លេសាបមានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់ និងមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អង្គការជាតិ និងអន្តរជាតិជាច្រើននោះ អេ អឹម ខេ បានសម្រេចបង្កើតកម្មវិធីទូរស័ព្ទដៃទន្លេសាបអ្នកលក់ ថ្មីមួយទៀតដើម្បីជួយគាំទ្រដល់ការលក់របស់អ្នកផ្គត់ផ្គង់ផលិតផលកសិកម្ម​ និងអ្នកទិញផងដែរ។ យើងសង្ឃឹមថា កម្មវិធីទូរស័ព្ទដៃទន្លេសាបអ្នកលក់ដែលទើបបង្កើតឡើងនេះនឹងក្លាយជាទីផ្សារអនឡាញមួយ ដែលអាចជួយកសិករខ្មែរយើងពង្រីកទីផ្សារបានធំជាងមុន និងអាចបង្កើនប្រាក់ចំណូលឲ្យបានប្រសើរជាងមុន តាមរយៈការផ្សារភ្ជាប់រវាងតួអង្គនៃខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្មពី អ្នកផ្គត់ផ្គង់សម្ភារកសិកម្ម អ្នកផលិត អ្នកទិញលក់ផ្ទាល់បានជួបគ្នា ព្រោះ អេ អឹម ខេ ផ្តួចផ្តើមបង្កើតកម្មវិធីទូរស័ព្ទដៃទន្លេសាបនេះឡើង គឺដើម្បីជួយលើកម្ពស់វិស័យកសិកម្មនៅកម្ពុជា និង កាត់បន្ថយភាពក្រីក្រផងដែរ។”

    កម្មវិធីទូរស័ព្ទដៃទន្លេសាបត្រូវបានផ្តួចផ្តើម និងបង្កើតឡើងដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងគាំទ្រសហការមូលនិធិដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គម្រោងមូលនិធិការបង្កើតថ្មីសម្រាប់កាត់បន្ថយភាពក្រីក្រ (IAP) ដែលសហការអនុវត្តរួមគ្នាដោយ SIDA, SNV, IB Sweden និង BoP Inc.  និងគម្រោងហាវែស II នៃទីភ្នាក់ងារជំនួយអាមេរិក USAID ហើយគម្រោងមានគោលដៅសំខាន់បំផុត គឺដើម្បីជួយកាត់បន្ថយភាពក្រីក្រ និងជម្រុញកំណើនសេដ្ឋកិច្ចតាមរយៈការលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្មដែលស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល និងសម័យបច្ចេកវិទ្យាទូរស័ព្ទ ដើម្បីជួយផ្តល់ជាចំណេះដឹងផ្នែកកសិកម្មដល់កសិករកម្ពុជាផងដែរ។

    អេ អឹម ខេ គឺជា​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេ​លើវិសាលភាព​ប្រតិ​បត្តិការ និងចំនួនអតិថិជន​ប្រាក់កម្ចី និងចាប់ផ្តើមពង្រីកសេវា​ផ្ទេរប្រាក់ តាំងពីឆ្នាំ ២០១១ មកម្លេះ ។ គិតត្រឹម​​ខែតុលា ឆ្នាំ ២០១៩ អេ អឹម​ ខេ មានអតិថិជនសរុបចំនួនជាង ៨៨ម៉ឺននាក់ ជាមួយនឹង​ផល​ប័ត្រ​​ប្រាក់​កម្ចីជាង ៣១៥ លាន​ដុល្លារ​អា​មេ​រិក និងប្រាក់​បញ្ញើជាង១៧៧ លានដុល្លារអាមេរិក មានការិយាល័យ​ប្រតិ​បត្តិការ​ចំនួន ១៤៩ កន្លែង និង​មានភ្នាក់ងារ​ជាង​​ ៥០០០ កន្លែងនៅ​ទូទាំង​​​ប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវា​កម្ម​​​ជាច្រើនកំពុង​ផ្តល់ជូន​អតិថិជន​ដូចជាសេ​​វា​ប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រង​ខ្នាត​តូច ធនាគារ​ចល័ត  សេវា​បើក​​ប្រាក់​បៀវត្សរ៍  ម៉ាស៊ីនដក និង​ដាក់​​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)។

  • ព្រិល​ភ្នែក​ ស្រវាំង​ភ្នែក​អ្នក​កំពុង​កើតជំងឺ​ភ្នែក​ហើយ​!

    ព្រិល​ភ្នែក​ ស្រវាំង​ភ្នែក​អ្នក​កំពុង​កើតជំងឺ​ភ្នែក​ហើយ​!

    ជំងឺ​ព្រិល​ភ្នែក​ ឬភ្នែក​មើល​មិន​ច្បាស់​ គឺជា​ចំណុច​រំខាន​មួយ​ក្នុង​ជីវិត​របស់​អ្នក​ មិន​មាន​អ្នក​ណា​ម្នាក់​ចង់​កើតមាន​អាការ​ព្រិល​ភ្នែក​នេះនោះ​ទេ​។ ប៉ុន្តែ​មនុស្ស​មួយចំនួន​មិន​អាច​ទប់ស្កាត់​វា​បាន​ឡើយ​ ដោយសារតែ​ការ​ធ្វេសប្រហែស​ មិនបាន​ថែរក្សា​ភ្នែក​បាន​ល្អ​ ឬមិន​បាន​ចាប់អារម្មណ៍​លើ​បញ្ហា​ទាំងនេះ​។ ដូច្នេះ​ទស្សនាវដ្តី​ ឡា​រ៉ែ​ន សូមជម្រាប​មិត្ត​អ្នកអាន​ថា​ អ្នក​ត្រូវ​ចេះ​ការពារ​ភ្នែក​របស់​ខ្លួនឯង​ឱ្យ​បាន​ ចៀសវាង​ការ​ស្តាយក្រោយ​នៅពេល​ដែល​មី​ញ៉ូប​ភ្នែក​បាត់​ទៅ​ហើយ​ ឬភ្នែក​មើល​លែង​ច្បាស់ជា​ដើម​។ ពេលខ្លះ​ការដែល​ខូចភ្នែក​បាត់​ទៅ​ហើយ​នេះ​ អ្នកខ្លះ​រហូតដល់​ត្រូវ​វះកាត់​ ឬការ​ព្យាបាល​យ៉ាងធ្ងន់ធ្ងរ​ពី​មន្ទីរពេទ្យ​ទៀតផង​ ដូច្នេះ​វា​មិន​មែន​ជា​រឿង​លេងសើច​នោះ​ទេ​ ដែល​ត្រូវ​បណ្តោយ​ឱ្យ​ភ្នែក​របស់​អ្នក​ទៅជា​ព្រិល​។ ជា​បទ​ពិ​សោ​ធខ្លះ​ៗ ក៏ដូចជា​ដំបូន្មាន​មួយចំនួន​ យើង​ចង់ឱ្យ​អ្នក​ទាំងអស់​គ្នា​ចេះ​រក្សាសុខ​ភាព​ភ្នែក​ឱ្យ​បាន​ល្អជា​ប្រចាំ​។ អ្នក​ត្រូវ​ផ្ដល់​ឱ្យ​កែវភ្នែក​របស់​អ្នក​នូវ​សារធាតុ​បំប៉ន​គ្រប់គ្រាន់​ ដោយ​ការ​ទទួលទាន​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។ ភ្នែក​ព្រិល​ដោយសារ​អ្នក​ខ្វះ​ជីវជាតិ​ វីតាមីន​ A, E, C និង​ជាតិ​ស័ង្កសី​ជាដើម​។ ដូច្នេះ​ចំពោះ​របប​អាហារ​ដែល​អ្នក​ត្រូវ​ផ្ដោត​សំខាន់​ និង​ជ្រើស​យក​តែ​អាហារ​ណា​ដែល​មាន​ជីវជាតិ​ជំនួយ​ដល់​ភ្នែក​ ដូចជា​ ទទួលទាន​មើម​ការ៉ុត​ ម្ទេសប្លោក​ បន្លែ​បៃតង​ ដូចជា​ កូន​ស្ពៃ​ជាដើម​។ ជីវជាតិ​ផ្សេងទៀត​ក៏បាន​ពី​ការ​ទទួលទាន​ត្រី​ផង​ដែរ​ ដូច្នេះ​សូម​ព្យាយាម​ទទួលទាន​ត្រី​ឱ្យ​បាន​ច្រើនជាង​សាច់​ដទៃទៀត​។

    ខាងក្រោម​នេះ​គឺជា​ជំងឺ​ព្រិល​ភ្នែក​ ដែល​ប្រឈម​ចំពោះ​សុខភាព​របស់​អ្នក​ ហើយដែល​អ្នក​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ដូច​ខាងក្រោម​នេះ​ ៖
    1. ជំងឺភ្នែកឡើងបាយ​
    អ្នក​កំពុង​មានការ​វិវឌ្ឍ​នៃ​ជំងឺ​ភ្នែក​ឡើង​បាយ​ ដែល​កើតមានឡើង​តាម​វ័យ​ ដោយសារ​កញ្ចក់​នៅ​ខាងមុខ​ភ្នែក​ក្លាយជា​ព្រិល​ និង​រារាំង​ពន្លឺ​ចូល​ទៅ​រ៉េ​ទីន​ ហើយ​តែង​ធ្វើ​ឱ្យ​អ្នកមើល​មិន​សូវ​ច្បាស់​។ ជំងឺភ្នែកឡើងបាយ​មនុស្សចាស់​ ចាប់ពី​អាយុ45ឆ្នាំ​ឡើង​ទៅ​។ ការវះកាត់​ភ្នែក​ឡើងបាយ​អាច​ធ្វើឡើង​យ៉ាង​សាមញ្ញ​ បន្ទាប់ពី​បាន​ពិនិត្យ​ដោយ​ឧបករណ៍​ចក្ខុ​សាស្ត្រ​នានា​នៅ​តាម​មន្ទីរពេទ្យ​ភ្នែក​ ដោយ​គ្រូពេទ្យ​ឯកទេស​។ក្រោយពី​វះកាត់​បក​បាយ​ភ្នែក​ចេញ​ហើយ​ គេដាក់​បញ្ចូល​កែវភ្នែក​សិប្បនិម្មិត​ជំនួស​កែវភ្នែក​ធម្មជាតិ​ ដើម្បី​ឱ្យ​អ្នកជំងឺ​អាច​មើលឃើញ​ឡើង​វិញ​។ ការវះកាត់​ពុំ​មានការ​ឈឺចាប់​នោះ​ទេ​ និង​ចំណាយពេល​តែ15ទៅ20នាទី​តែប៉ុណ្ណោះ​។

    2. ជំងឺ​ទឹកដក់​ក្នុង​ភ្នែក​
    ទឹកដក់​ក្នុង​ភ្នែក​មិនមែន​មានន័យថា​ ទឹក​មក​ដក់ជាប់​នៅក្នុង​ភ្នែក​នោះ​ទេ​ គ្រាន់តែ​វា​ជា​ឈ្មោះ​ជំងឺ​មួយ​ប្រភេទ​ តែ​រង​នូវ​ការ​ប៉ះពាល់​ឈាន​ទៅ​ដល់​ដំណាក់កាល​ពិការ​ភ្នែក​បាន​ ប្រសិនបើ​ព្យាបាល​មិនទាន់ពេល​វេលា​។ ជំងឺ​ប្រភេទ​នេះ​បាន​បំផ្លាញ​សរសៃប្រសាទ​ភ្នែក​ដែល​បង្កឡើង​ដោយ​មូលហេតុ​ជាច្រើន​ធ្វើ​ឱ្យ​សម្ពាធ​ទឹក​ក្នុង​ភ្នែក​កើន​ឡើង​ខ្ពស់​ ម្យ៉ាងទៀត​ធ្វើ​ឱ្យ​ធ្លា​ខ្សែភ្នែក​ខូច​ ឬរួម​តូច​បន្តិចម្ដង​។ ករណីនេះ​ភាគច្រើន​កើតមាន​ចំពោះ​អ្នក​ដែល​មាន​អាយុ​ពី40ឆ្នាំ​ឡើង​ទៅ​ តែ​កត្ដា​ខ្លះ​ក៏អាច​កើតមាន​លើ​អ្នក​ដែល​មាន​អាយុ​ទាប​ជាង​នេះ​ផង​ដែរ​។

    3. បញ្ហា​ភ្នែក​មី​ញ៉ូប​
    សម្រាប់​ក្មេង​ ឬមនុស្ស​វ័យ​ជំទង់​តែង​មាន​អាការ​ព្រិល​ ឬស្រវាំង​ភ្នែក​ ពេល​មើលឆ្ងាយ​ ដែល​ផ្ទុយពី​មនុស្សចាស់​ ដែល​តែង​ពិបាក​មើល​ជិ​តៗ​វិញ​។ ភ្នែក​មី​ញ៉ូ​បមិន​អាច​មើលឆ្ងាយ​បាន​ច្បាស់​ តែបើ​មើល​ជិត​គឺ​ឃើញច្បាស់​ ដោយសារ​រូបភាព​មក​ផ្ដុំ​គ្នា​នៅមុខ​សរសៃ​បាត​ភ្នែក​(រ៉េ​ទីន​)។ ការ​ចាំង​ពន្លឺ​ក៏​ជា​មូលហេតុ​មួយ​ធ្វើ​ឱ្យ​ភ្នែក​មិន​អាច​ចាប់​ពន្លឺ​បាន​ច្បាស់​ និង​នាំ​ឱ្យ​ភ្នែក​ចុក​រោយ​ក្ដៅ​ងំ​ហៀរ​ទឹកភ្នែក​ ពព្រៀក​ ឧស្សាហ៍​ព្រិច​ភ្នែក​ និង​ឈឺក្បាល​នៅ​ម្ដុំ​ថ្ងាស​ជាដើម​។ អាការ​ទាំងនេះ​កាន់តែ​ខ្លាំង​នៅពេល​អ្នក​សម្លឹង​មើល​ច្រើន​ ដូចជា​អាន​សៀវភៅ​ កែ​អត្ថបទ​ ឬប្រើ​កុំព្យូទ័រ​។ល។

    4. ជំងឺភ្នែកក្រហម​
    ជំងឺភ្នែកក្រហម​ កើតមាន​រៀងរាល់​ឆ្នាំ​នៅក្នុង​អំឡុង​រដូវភ្លៀង​ ហើយ​វា​ឆ្លង​រាតត្បាត​ខ្លាំង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សម្នាក់​ទៀត​។ ជំងឺ​នេះ​បណ្តាល​មក​ពី​មេ​រោ​គអេ​ដេ​ណូ​ ដែល​ធ្វើ​ឱ្យ​រលាក​ និង​ធ្វើ​ឱ្យ​ភ្នែក​ឡើងក្រហម​។ ជំងឺ​នេះ​មាន​រោគសញ្ញា​ដូចជា​ ក្រហមភ្នែក​ រកាំភ្នែក​ ហៀរ​ទឹកភ្នែក​ ហើម​ភ្នែក​ និង​ឈឺភ្នែក​ខ្លាំង​ តែ​វា​អាច​បាត់​ទៅវិញ​ក្នុង​រយៈពេល​ ពី7ទៅ14ថ្ងៃ​។ ជំងឺ​នេះ​ ឆ្លង​ខ្លាំង​តាមរយៈ​ការប្រើ​ប្រាស់​នូវ​សម្ភារ​រួមគ្នា​ដូចជា​ ក្រមា​ ឬខ្នើយ​ជាដើម​ ដែល​ប៉ះ​ទឹកភ្នែក​អ្នកជំងឺ​។ ប្រសិនបើ​អ្នកណា​ប៉ះ​ទឹកភ្នែក​អ្នកជំងឺ​ នោះ​នឹង​ឆ្លង​ជំងឺ​នេះ​ភ្លាម​ៗតែម្តង​។

    5. ជំងឺ​ទឹកនោមផ្អែម​
    ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ ហើយ​មិនបាន​គ្រប់គ្រង​ ឬប្រើប្រាស់​ថ្នាំ​ឱ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ​ វា​បង្ក​ឱ្យ​មានការ​ហូរឈាម​នៅ​ខាងក្រោយ​ភ្នែក​ និង​ធ្វើ​ឱ្យ​ការ​មើលឃើញ​របស់​អ្នកប្រែ​ទៅ​ជា​ព្រិល​ស្រអាប់​។

    6. ដាច់​សរសៃឈាម​ខួរក្បាល​
    អ្នក​អាច​មាន​សញ្ញា​ព្រិល​ភ្នែក​ ឬគំហើញ​បែក​ជា2​ នៅពេល​អ្នករងគ្រោះ​ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ខណៈ​ដែល​អាការ​ដាច់​សរសៃឈាម​កើតឡើង​ ដង្ហើម​នឹង​ពិបាក​ដក​ រី​ឯបញ្ហា​ញ័រ​ដើមទ្រូង​ក៏​កើតឡើង​ បណ្តោល​មក​ពី​ចង្វាក់​បេះដូង​លោត​ញាប់​ពេក​ ព្រោះ​តម្រូវការ​អុក​ស៊ី​ហែ្ស៊ន​មិន​គ្រប់គ្រាន់​។

    7. ដុំ​សាច់​ក្នុង​ខួរក្បាល​
    ដុំ​សាច់​នៅ​ផ្នែក​ណាមួយ​នៃ​ខួរក្បាល​អាច​ផ្តល់​នូវ​សម្ពាធ​ សង្កត់​ទៅលើ​ឆ្អឹង​លលាដ៏​ក្បាល​ និង​បង្ក​ឱ្យ​មាន​នូវ​សញ្ញា​ជាច្រើន​ រួម​ទាំង​ការ​ព្រិល​ឬស្រវាំង​ភ្នែក​ផង​ដែរ​៕