Author: ធឿន មករា

  • យុគសម័យ​ថ្មី​នេះ ការបង្ហាត់​កូនតូច​ ចាប់ពី​វ័យ 1ខួប​ឡើង ឱ្យ​ចេះ​ជួយ​ខ្លួនឯង គឺជា​រឿង​ដែល​ឪពុកម្ដាយ​ត្រូវធ្វើ

    យុគសម័យ​ថ្មី​នេះ ការបង្ហាត់​កូនតូច​ ចាប់ពី​វ័យ 1ខួប​ឡើង ឱ្យ​ចេះ​ជួយ​ខ្លួនឯង គឺជា​រឿង​ដែល​ឪពុកម្ដាយ​ត្រូវធ្វើ

    កូនតូច​ក្នុង​វ័យ 1ខួប​ឡើងទៅ អ្នក​ម្តាយ​អាច​បង្ហាត់​ឱ្យគេ​ចេះ​ជួយ​ខ្លួនឯង​ក្នុង​រយៈ​ដំបូង​បាន​ខ្លះ​ហើយ មិនថាតែ​ការ​ញ៉ាំ​អាហារ ឬ​ការប្រមូល​រៀបចំ​ចាន​ដែល​ញ៉ាំ​រួចហើយ​ជាដើម ទោះជា​ក្មេង​នៅក្នុង​វ័យ​នេះ​នៅមាន​សាច់ដុំតូចៗដែល​មិនទាន់​រឹងមាំ និង​ចាប់​កាន់​របស់របរ​អ្វី​មិនទាន់​ជាប់​មាំ​ក៏ដោយ តែ​ការបង្ហាត់​ឱ្យ​កូនតូច​បានចាប់ផ្តើម​ធ្វើ​អ្វី​ដោយ​ខ្លួនឯង​នេះ មួយផ្នែក​គឺ ជា​ការជួយ​អភិវឌ្ឍ​សាច់ដុំតូចៗរបស់គេ​ឱ្យ​រឹងមាំ​ឡើង​បាន។ ឪពុកម្តាយ​ខ្លះ​គិតថា កូនតូច​អាយុ​ត្រឹមតែ​ប៉ុណ្ណឹង នៅ​មិនទាន់​ដល់ពេល​ទេ ខ្លាច​ថា បើ​បណ្តោយឱ្យ​កូនតូច​ធ្វើ​អ្វីមួយ​ដោយ​ខ្លួនឯង វា​អាច​នឹង​កំពប់ និង​ប្រ​ឡេ​ក​ប្រឡាក់​ខ្លួន​អស់ តែ​លោក​អ្នកដឹង​ទេ​ថា លោកអ្នក​កំពុងតែ​យល់​ខុស​ហើយ…។

    “ការ​បណ្តោយឱ្យ​កូនតូច​ចេះ​ជួយ​ខ្លួនឯង​នេះ នឹង​រឹតតែ​ធ្វើឱ្យ​កូន​មាន​វិវឌ្ឍនាការ​របស់​សាច់ដុំតូចៗនោះ​កាន់តែ​រឹងមាំ​ឆាប់រហ័ស​ឡើងហើយ​លទ្ធផល​បន្ទាប់​ដែល​ទទួលបាន​ពី​ការបង្ហាត់​ឱ្យ​កូន​ធ្វើ​អ្វី​ដោយ​ខ្លួនឯង​នេះ នឹងធ្វើ​ឱ្យ​កូន​មាន​ភាព​ទទួលខុសត្រូវ និង​ស្គា​ល់ពី​តួនាទី​របស់​ខ្លួនឯង​ទៀតផង”។

    នៅពេល​កូន​ដល់​វ័យ​ចូលរៀន ឪពុកម្តាយ​គួរឱ្យ​កូន​ចេះ​មើលថែទាំ​ខ្លួនឯង​ខ្លះ​ផង ដូចជា​ស្លៀកពាក់​ដោយ​ខ្លួនឯង​មិនថាតែ​ការបិទ​ឡេវ​ខោ ឡេវអាវ ឬ​ពាក់​ស្រោមជើង និង​ស្បែកជើង​ដោយ​ខ្លួនឯង និង​រៀបចំ​កាតា​បដា​ក់​សៀវភៅ​ខ្លួនឯងជាដើម។ អ្វីផ្សេងៗទាំងអស់នេះ នឹង​ជួយអភិវឌ្ឍ​ជា​បន្ត ឱ្យ​កូន​ចេះ​ប្រើ​ប្រព័ន្ធ​ប្រសាទ ​ការប៉ះពាល់ រួមជាមួយ​សាច់ដុំ​តូចៗ ដោយ​ឱ្យ​ខួរក្បាល​ជា​អ្នកដឹកនាំ​ក្នុង​ការគិត ធ្វើឱ្យ​កូន​ចេះ​គិត​ជា​ប្រព័ន្ធ យល់​ពីអ្វី​គួរ​ធ្វើ​មុន ឬ​ក្រោយ រៀន​យល់ដឹង​ក្នុង​ការកែ​បញ្ហា​ចំពោះមុខ​បាន និងមាន​ភាព​ត្រៀម​ជានិច្ច​ក្នុង​ការរៀន​យល់ដឹង​ពីអ្វី​ដែលថ្មីៗ និង​គួរ​បង្ហាត់​ឱ្យ​កូន​ធ្វើ​រៀងរាល់ថ្ងៃ រហូត​ក្លាយជា​មុខនាទី​ដែល​គេ​ត្រូវ​ទទួលខុសត្រូវ។

    កុមារ​ដែល​មិនចេះ​ជួយ​ខ្លួនឯង​សោះ  ច្រើនតែមាន​ឧបនិស្ស័យ​អ​ត្មា​និយម ទើប​ធ្វើឱ្យ​មិនមាន​ភាព​ត្រៀម​ជាស្រេច​ក្នុង​ការរៀន​យល់ដឹង​ពីអ្វី​ដែលថ្មីៗ ការសម្រេចចិត្ត​ចំពោះមុខភ្លាមៗក៏​មិន​ពូកែ ព្រោះ​មិនដែល​រៀន​យល់ដឹង​ក្នុង​ការកែ​បញ្ហា មិនចេះ​ស៊ូទ្រាំ​ចំពោះ​ក្តី​លំបាកលំបិន​ព្រោះ​មិន​ធ្លាប់ធ្វើ​អ្វី​បាន​ដោយ​ខ្លួនឯង មានតែ​អ្នក​ធ្វើឱ្យ​ជានិច្ច និង​ខ្វះ​ជំនាញ​ក្នុង​ការចូល​សង្គម​នៅ​ថ្ងៃ​អនាគត​ទៀតផង៕

  • SAMSUNG QLED 8K ស៊េរី Q900 នៅតែស័ក្តិសមជាស្តេចកំពូលទូរទស្សន៍ ដ៏ល្អអស្ចារ្យផ្តាច់គេប្រចាំឆ្នាំ២០២០!

    SAMSUNG QLED 8K ស៊េរី Q900 នៅតែស័ក្តិសមជាស្តេចកំពូលទូរទស្សន៍ ដ៏ល្អអស្ចារ្យផ្តាច់គេប្រចាំឆ្នាំ២០២០!

    (ភ្នំពេញ) ថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០៖ ពាក្យដែលថា “មួយជំហានដល់ឋានព្រះចន្ទ” សម្រាប់បច្ចេកវិទ្យាដ៏មហិមារបស់ក្រុមហ៊ុនសាមសុងគឺពិតជាស័ក្តិសមបំផុត និងជាការពិតមួយដែលមិនអាចប្រកែកបានក្នុងការអភិវឌ្ឍន៍នូវគ្រឿងបរិក្ខារអេឡិចត្រូនិចទំនើបដែលយើងមិនអាចស្មានដឹងមុនបានទាល់តែសោះ!

    ជាក់ស្តែងស្តេចកំពូលទូរទស្សន៍ Samsung QLED 8K Q900 គឺបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់មកទល់ពេលនេះលើបច្ចេកវិទ្យា 8K ដែលបំពាក់មកជាមួយទូរទស្សន៍ Samsung QLED ស៊េរី Q900 របស់ខ្លួនដោយអាចផ្តល់នូវរូបភាពច្បាស់ម៉ដ្ឋល្អអស្ចារ្យ ទាំងកម្រិតពណ៌ ពន្លឺ និងរចនាបទពេញមួយតួខ្លួនតែម្តង! ល្អហួសថ្លែង…មិនស្ញប់ស្ញែងមិនបាន!!ទាំងនេះហើយទើបធ្វើឱ្យ Samsung QLED 8K Q900 ឈ្នះនូវពានរង្វាន់លំដាប់ថ្នាក់ពិភពលោកជាច្រើនបន្តបន្ទាប់គ្នា និងគ្មានផលិតផលទូរទស្សន៍ណាអាចប្រកួតប្រជែង ឬប្រៀបផ្ទឹមបានឡើយ! សូមបញ្ជក់ថាកំពូលទូរទស្សន៍ Samsung QLED 8K Q900 ទទួលបាននូវពានរង្វាន់ការធានាស្តង់ដារ 8K ផ្កាយ ៥ លើ ៥ (FIVE STARS) លំដាប់ពិភពលោក, ពានរង្វាន់ទូរទស្សន៍ដែលល្អបំផុតលំដាប់ពិភពលោក DIGITAL TRENDS,  ទូរទស្សន៍ដែលមានគុណភាពល្អបំផុតដែលពុំធ្លាប់មាន និងបានឃើញក្នុងពិភពលោក TRUST REVIEWS និងពានរង្វាន់ជាច្រើនទៀត!
    គួររំឭកផងដែរថាចំណុចពិសេស និងបច្ចេកវិទ្យាដ៏អស្ចារ្យធំៗហើយដែលអាចធ្វើឱ្យ Samsung QLED 8K Q900 ក្លាយជាស្តេចកំពូលទូរទស្សន៍ដ៏ល្អឯកតែមួយគ្មានពីរក្នុងលោក៖

    * Real 8K Resolution:  គឺជាបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន សាមសុងដែលធ្វើឱ្យរូបភាពច្បាស់ម៉ដ្ឋល្អ អស្ចារ្យ ទស្សនីយភាពច្បាស់ក្នុងកម្រិត 8K ពិតៗ!
    * 8K AI Upscaling:  ជាកំពូលបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន សាមសុង ដែលជួយបំលែង ដុសខាត់កម្រិតរូបភាពឱ្យកាន់តែច្បាស់រហូតដល់កម្រិត 8K!
    * Quantum Processor 8K: ជាប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន សាមសុង ជួយផ្គត់ផ្គង់កម្រិតពណ៌ និងបង្ហាញរូបភាពឱ្យកាន់តែច្បាស់!
    * Quantum HDR 4000: ជាមួយនឹងបច្ចេកវិទ្យា Quantum HDR (High Dynamic Range) ដែលផ្តល់ដោយ HDR10+ ជួយឱ្យទូរទស្សន៍អាចបញ្ចេញ និងបង្ហាញរូបភាពគ្រប់ស្ថានភាពពន្លឺបានយ៉ាងល្អឥតខ្ចោះ!
    * Ambient Mode (Magic Screen) បំលែងកញ្ចក់អេក្រង់ទូរទស្សន៍ឱ្យទៅជាផ្ទាំងបង្ហាញផ្សេងៗ ឬក៏ជាផ្ទាំងគំនូរដ៏ល្អវិចិត្រទាក់ទាញស្អាត ប្លែកភ្នែក ឡូយ…!
    * One Connect & invisibleគ្រប់រន្ធទាំងអស់ក្នុងការបញ្ជូនរូបភាពគឺសុទ្ធតែឆ្លងកាត់តាមរយៈប្រអប់នេះតែមួយគត់! ដូច្នេះវាមើលទៅគឺមានរបៀបរៀបរយមែនទែន!
    * Q Styleអាចភ្ជាប់ជាមួយនឹងផ្ទៃជញ្ជាំងរាបស្មើល្អឥតខ្ចោះ មិនធ្វើឱ្យចង្អៀត !លោកអ្នកអាចរកជាវ ឬទៅទស្សនាស្តេចកំពូលទូរទស្សន៍ Samsung QLED 8K Q900 នេះដោយផ្ទាល់បាននៅតាមហាងចែកចាយផលិតផលសាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON,  K4 និងហាងលក់គ្រឿងអេឡិចត្រូនិក សាមសុង នានា ក្នុងព្រះរាជាណាចក្រកម្ពុជា។

    សម្រាប់ព័ត៌មានបន្ថែមសូមសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 !

  • ការអប់រំជាយន្តការសំខាន់ក្នុងការដោះស្រាយបញ្ហាឡើងកម្តៅផែនដីនៅថ្ងៃអនាគត

    ការអប់រំជាយន្តការសំខាន់ក្នុងការដោះស្រាយបញ្ហាឡើងកម្តៅផែនដីនៅថ្ងៃអនាគត

    បញ្ហានៃការកើនឡើងកម្តៅផែនដី ត្រូវបានគេមើលឃើញថាបានបង្កើតឱ្យមានក្តីកង្វល់ជាច្រើនសម្រាប់ប្រទេសទាំងអស់លើពិភពលោក។ បញ្ហាទាំងអស់នេះត្រូវបានប្រទេសនានាប្រជុំ និងស្វែងរកដំណោះស្រាយជារៀងរាល់ឆ្នាំ ខណៈបញ្ហានៃផលប៉ះពាល់របស់វាកំពុងកើតឡើងជារៀងរាល់ថ្ងៃ និងគ្រប់តំបន់ទាំងអស់លើពិភពលោក។

    ដោយសារតែការឡើងនៃកម្តៅផែនដី ធ្វើឱ្យតំបន់ជាច្រើនជាពិសេសតំបន់កសិកម្មត្រូវប្រឈមនឹងបញ្ហាខូចគុណភាពដី វារីអគ្គិសនីត្រូវបានរាំងស្ទះមិនអាចដំណើរការបាន ខណៈប្រជាជននៅគ្រប់តំបន់កាន់តែលំបាករស់នៅជាមួយនឹងសីតុណ្ហភាពដែលតែងតែកើនឡើងជារៀងរាល់ឆ្នាំ។ នៅប្រទេសខ្លះ ការរងឥទ្ធិពលនៃការកើនឡើងកម្តៅផែនដី បានធ្វើឱ្យប៉ះពាល់ដល់ចង្វាក់ផលិតកម្ម និងជាឧបសគ្គយ៉ាងធំសម្រាប់វិស័យឧស្សាហកម្ម បើទោះបីជាបច្ចេកវិទ្យាក្នុងឧស្សាហកម្មមានការវិវឌ្ឍលឿនយ៉ាងណាក៏ដោយ។

    ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ ការអប់រំ គឺជាច្រកដ៏សំខាន់មួយក្នុងចំណោមដំណោះស្រាយធំៗដើម្បីកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន ដែលកើតឡើងដោយសារតែការកើនឡើងនូវកម្តៅផែនដីនេះ។ អ្នកជំនាញជាច្រើនមើលឃើញថា ប្រសិនបើប្រជាជនកាន់តែច្រើនចាប់ផ្តើមយល់ដឹងពីផលប៉ះពាល់នៃបញ្ហាដ៏គ្រោះថ្នាក់នេះ ពួកគេនឹងអាចចូលរួមចំណែកយ៉ាងធំដើម្បីកាត់បន្ថយផលប៉ះពាល់ក្នុងសកម្មភាពនៃការរស់នៅ និងអាចស្វែងរកដំណោះស្រាយកាន់តែច្រើនសម្រាប់ពិភពលោក។

    ដោយមើលឃើញពីសារៈសំខាន់នៃការអប់រំមនុស្សលើពិភពលោក ដើម្បីដោះស្រាយបញ្ហាឡើងកម្តៅផែនដីនៅបណ្តាប្រទេសជាច្រើននៅទ្វីបអឺរ៉ុប បានចាប់ផ្តើមបញ្ចូលមុខវិជ្ជាពាក់ព័ន្ធនឹងការកើនឡើងកម្តៅផែនដីនេះដល់សិស្សចាប់តាំងពីថ្នាក់បឋមសិក្សា ដើម្បីឱ្យពួកគេបានយល់ស៊ីជម្រៅនៅពេលពួកគេធំឡើង។ នៅប្រទេស នីវហ្ស៊ីលែនដ៍ សិស្សទាំងអស់ត្រូវបានគេបង្រៀនឱ្យយល់ដឹងពីហានិភ័យនៃគ្រោះធម្មជាតិ តាមរយៈការច្នៃមេរៀនមួយចំនួនសម្រាប់ឱ្យសិស្សអនុវត្ត។ ពួកគេបង្រៀនក្មេងៗឱ្យមើលឃើញពីហានិភ័យនាពេលអនាគត ដែលអាចនឹងកើតឡើង ប្រសិនបើមិនព្រមស្វែងរកដំណោះស្រាយ ឬរក្សាសកម្មភាពនានាដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថានដូចពេលបច្ចុប្បន្ននេះ។

    បន្ថែមពីលើនេះមានប្រទេសខ្លះក៏បានចាប់ផ្តើមពន្យល់សិស្សឱ្យមើលឃើញពីសកម្មភាព ដែលកំពុងកើតឡើងជុំវិញខ្លួននៅក្នុងសហគមន៍របស់គេ ដែលអាចប៉ះពាល់ដល់អនាគតនៃការរស់នៅ។ គេព្យាយាមបង្ហាញឱ្យឃើញពីផលប៉ះពាល់ដែលកើតចេញពីការបំពុលបរិយាកាស តាមរយៈសកម្មភាពសហគ្រាស និងការមិនសន្សំសំចៃលើមធ្យោបាយធ្វើដំណើរ។ ការប្រើប្រាស់ខ្ជះខ្ជាយច្រើនជ្រុលលើសម្លៀកបំពាក់ ដែលវាអាចនឹងក្លាយជាសំណល់ចាស់ៗកាន់តែច្រើននៅលើផែនដី និងសកម្មភាពនៃការប្រើប្រាស់អគ្គិសនីដោយមិនត្រឹមត្រូវ ដែលធ្វើឱ្យមានការខ្ជះខ្ជាយ និងការផលិតកាន់តែច្រើនជាដើម។

    ការបណ្តុះផ្នត់គំនិតទាំងអស់នេះ ត្រូវបានគេរំពឹងទុកថា អាចនឹងធ្វើឱ្យមនុស្សរាប់ពាន់លាននាក់លើពិភពលោកចាប់ផ្តើមពិចារណាលើចំណុចតូចៗ ដែលគេបានធ្វើ ដើម្បីចូលរួមដោះស្រាយបញ្ហាគ្រោះថ្នាក់ពីផលប៉ះពាល់បរិស្ថានលើពិភពលោក។ បន្ថែមពីលើនេះ កម្មវិធីសិក្សាមួយចំនួនក៏ត្រូវបានគេបញ្ចូលផ្នត់គំនិតនៃដំណោះស្រាយ ដូចជាការដាក់គម្រោងឱ្យសិស្សស្រាវជ្រាវ និងស្វែងរកដំណោះស្រាយឆ្លាតវៃចំពោះការចូលរួមកាត់បន្ថយផលប៉ះពាល់ ក៏ដូចជាការជំរុញនវានុវត្តន៍ជាដើម។

    បន្ថែមពីលើនេះ មានប្រទេសខ្លះបានចាប់ផ្តើមប្រើប្រាស់វិធីឆ្លាតវៃដោយការបញ្ចូលគំនិតថែរក្សាបរិស្ថាន និងការដោះស្រាយបញ្ហាឡើងកម្តៅផែនដីនៅក្នុងម៉ោងបច្ចេកវិទ្យាព័ត៌មាន និងម៉ោងសិក្សាវិទ្យាសាស្ត្រ។

    ការធ្វើបែបនេះត្រូវបានគេជឿថា អាចនឹងធ្វើឱ្យសិស្សក្លាយជាអ្នកជំនាញដោះស្រាយបញ្ហាបរិស្ថានតាមរយៈបច្ចេកវិទ្យាទំនើប និងការប្រើប្រាស់ទ្រឹស្តីវិទ្យាសាស្រ្ត ដើម្បីដោះស្រាយបញ្ហានៃការរស់នៅរបស់មនុស្សដោយមិនមានផលប៉ះពាល់។

    ប្រសិនបើធនធានមនុស្សនាពេលបច្ចុប្បន្ន ជាពិសេសកុមារតូចៗបានយល់ដឹងកាន់តែច្រើនពីផល-ប៉ះពាល់នៃបញ្ហាឡើងកម្តៅផែនដី និងបញ្ហាបរិស្ថានដែលពិភពលោកកំពុងព្រួយបារម្ភ ពួកគេអាចនឹងចូលរួមចំណែកគ្រប់សកម្មភាពទាំងអស់ដើម្បីកាត់បន្ថយបញ្ហាទាំងអស់នោះ។

    ក្មេងៗនាពេលបច្ចុប្បន្ន នឹងក្លាយជាប្រជាជនសកម្ម ឬជាអ្នកជំនាញនៅគ្រប់ផ្នែកទាំងអស់ក្នុងថ្ងៃអនាគត ហេតុនេះ មិនថាពួកគេក្លាយជាអ្នកជំនាញផ្នែកសេវាកម្ម កសិកម្ម ឧស្សាហកម្ម ឬវិទ្យាសាស្ត្រនោះទេ ពួកគេនឹងអាចជាចលករដ៏សំខាន់ក្នុងការប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួន ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមតាមគ្រប់រូបភាព៕

  • កុមារជាវ័យពូកែស្រមើស្រមៃ បើចេះបំផុសក្តីស្រមៃឱ្យត្រឹមត្រូវ ក្មេងនឹងខ្លាំងនៅថ្ងៃអនាគត

    កុមារជាវ័យពូកែស្រមើស្រមៃ បើចេះបំផុសក្តីស្រមៃឱ្យត្រឹមត្រូវ ក្មេងនឹងខ្លាំងនៅថ្ងៃអនាគត

    កុមារជាវ័យដែលពូកែស្រមើស្រមៃបំផុត ហើយវ័យនេះជាវ័យដែលគិតថា គ្រប់យ៉ាងសុទ្ធតែអាចទៅរួច ហេតុនេះគ្មានអ្វីជាឧបសគ្គសម្រាប់ការគិតរបស់ពួកគេនោះទេ។ នៅដំណាក់កាលនេះ ជាដំណាក់កាលល្អក្នុងការបំផុស និងជំរុញឱ្យពួកគេមានការអភិវឌ្ឍបានលឿន ប្រសិនបើយើងចេះតម្រង់ទិស និងជំរុញភាពស្រមើស្រមៃនេះបានល្អ ប្រកបដោយភាពវិជ្ជមាន។

    ជាធម្មតាគេតែងសង្កេតឃើញថា កុមារតូចៗតែងលេងម្នាក់ឯង និយាយម្នាក់ឯង គូររូបម្នាក់ឯង ឬស្រមើស្រមៃបង្កើតអ្វីៗប្លែកៗដោយខ្លួនឯង។ បើទោះបីជាកុមារមួយក្រុមលេងជុំគ្នា ឬមើលទៅដូចជានិយាយគ្នា តែពេលខ្លះប្រសិនបើយើងទៅឱ្យជិតបន្តិច យើងនឹងឃើញថា ពួកគេនិយាយរឿងផ្សេងៗពីគ្នា និងលេងដាច់ដោយឡែកពីគ្នាក៏មាន។

    ស្ថានភាពបែបនេះជាស្ថានភាពទូទៅនៃធម្មជាតិ
    របស់ក្មេងដែលកំពុងមានការវិវឌ្ឍបន្តិចម្តងៗក្លាយជាមនុស្សធំ។ ហេតុនេះប្រសិនបើអាណាព្យាបាលបានបណ្តុះបណ្តាលល្អលើដំណាក់កាលដំបូង ឬដំណាក់កាលគ្រឹះនៃជីវិតរបស់ក្មេងនេះ ពួកគេអាចនឹងអភិវឌ្ឍខ្លួនក្លាយជាមនុស្សខ្លាំងនាថ្ងៃអនាគតបាន។ ហេតុនេះហើយទើបយើងឃើញថា នៅបណ្តាប្រទេសនានា រួមទាំងកម្ពុជាយើងផង នាពេលបច្ចុប្បន្ននេះគេកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍកុមារតូច ខ្លាំងជាងផ្នែកផ្សេងៗ។

    លោកស្រី យឹម រ៉ាដែត នាយិកាមជ្ឈមណ្ឌល Global Art Cambodia បានលើកឡើងថា កុមារតូចជាវ័យដែលមានភាពស្រមើស្រមៃខ្ពស់ តែពេលខ្លះភាពស្រមើស្រមៃរបស់គេនោះពួកគេមិនអាចធ្វើឱ្យមនុស្សធំយល់ ឬមិនមានវិធីសាស្រ្តក្នុងការបង្ហាញឱ្យមនុស្សធំយល់បាន។ ហេតុនេះហើយទើបជាទូទៅគេឃើញថា កុមារតូចៗភាគច្រើនចូលចិត្តគូសវាស ឬគូររូបភាពដើម្បីបង្ហាញទៅមនុស្សធំ ដើម្បីចង់ឱ្យយើងយល់ពីអារម្មណ៍របស់ពួកគាត់។

    ក្នុងវ័យនេះប្រសិនបើយើងបានអភិវឌ្ឍគំនិតច្នៃប្រឌិតរបស់គាត់ ឬបង្រៀនគាត់បន្ថែម ឱ្យគាត់យល់ដឹងពីវិធីសាស្ត្រក្នុងការកែច្នៃភាពស្រមើស្រមៃរបស់គាត់ទៅជាគំនិតច្នៃប្រឌិត គាត់អាចនឹងក្លាយជាមនុស្សម្នាក់ដែលពោរពេញដោយសមត្ថភាពក្នុងការបង្កើតអ្វីដែលថ្មីៗបាននាពេលអនាគត។

    លោកស្រី យឹម រ៉ាដែត បាននិយាយថា៖ «ជាចំណុចល្អ អាណាព្យាបាលគួរយកចិត្តទុកដាក់ក្នុងការបំផុសឱ្យក្មេងតូចៗចេះគិតឱ្យបានច្រើន រួមជាមួយពេលដែលគេអាចកម្សាន្តប្រកបដោយភាពវិជ្ជមាន។ ជាក់ស្តែង ការគូររូប ឬការគូរគំនូរច្នៃប្រឌិត អាចជាជម្រើសល្អមួយដែលអាណាព្យាបាលគួរពិចារណា ដើម្បីបណ្តុះបណ្តាលក្តីស្រមៃរបស់ក្មេងឱ្យកាន់តែមានថាមពលឡើង»។

    លោកស្រីនាយិកាបានបញ្ជាក់ថា អ្វីៗគ្រប់យ៉ាងសុទ្ធតែកើតចេញពីការស្រមើស្រមៃ និងការគិតរបស់មនុស្ស។ បន្ទាប់ពីបានបង្កើតគំនិតហើយ គេជំរុញភាពច្នៃប្រឌិតនោះឱ្យក្លាយជាគំរូតាមរយៈការគូសចេញជាគំរូម៉ូដែល ឬប្លង់គម្រោងជាដើម។

    ហេតុនេះប្រសិនបើក្មេងតូចៗមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់គំនិតច្នៃប្រឌិតរបស់ខ្លួន អនាគតទៅ ពួកគេនឹងក្លាយជាមនុស្សដែលពិភពលោកត្រូវការ ខណៈអ្នកជំនាញសំខាន់ៗ ឬអ្នកដែលមានសមត្ថភាពក្នុងការរិះរកគំហើញថ្មីៗ ត្រូវបានគេចាត់ទុកថា ជាបុគ្គលសំខាន់លើពិភពលោកនាពេលបច្ចុប្បន្ននេះ៕

  • ថែទាំសុខភាពឱ្យល្អ ដើម្បីបានដើរលេងក្នុងរដូវរងាយ៉ាងរីករាយ

    ថែទាំសុខភាពឱ្យល្អ ដើម្បីបានដើរលេងក្នុងរដូវរងាយ៉ាងរីករាយ

    ធាតុអាកាសចាប់ផ្តើមត្រជាក់ហើយ អ្នកខ្លះប្រហែលកំពុងត្រៀមរៀបចំកាបូបធ្វើដំណើរទៅដើរកម្សាន្តនៅតាមទីរួមខេត្តផ្សេងៗហើយមែនទេ? តែមុននឹងទៅ ទស្សនាវដ្តី ឡារ៉ែន ចង់ឱ្យមិត្តអ្នកអានត្រៀមខ្លួនមើលថែទាំសុខភាពបន្តិចសិន ដើម្បីឱ្យដំណើរកម្សាន្តរបស់លោកអ្នកប្រព្រឹត្តទៅយ៉ាង Happy មិនឈឺថ្កាត់ក្នុងពេលធ្វើដំណើរ ឬក៏វេចខ្ចប់ជំងឺគ្រុនផ្តាសាយត្រឡប់មកវិញហ្នឹងឯង។ ខាងក្រោមនេះ គឺជាការណែនាំរបស់លោកគ្រូពេទ្យជំនាញ ដែលបានផ្តល់ដំបូន្មានដ៏គួរឱ្យចាប់អារម្មណ៍ដូចខាងក្រោម ៖

    សម្រាប់ដំណើរកម្សាន្តក្នុងរដូវរងានេះ លោកអ្នកត្រូវត្រៀមខ្លួនជាស្រេចក្នុងរឿងសុខភាពឱ្យបានល្អ ដោយវិធីដូចខាងក្រោមនេះ ៖
    -​ ថែរក្សាសុខភាពឱ្យនៅរឹងមាំជានិច្ច ដោយកាទទួលទានអាហារដែលមានប្រយោជន៍ឱ្យគ្រប់ 5ប្រភេទក្រុម ញ៉ាំទឹកឱ្យបានច្រើន  ហាត់ប្រាណជាប់ជានិច្ច  និងគេងសម្រាកឱ្យបានគ្រប់គ្រាន់មុនពេលចេញដំណើរទៅកម្សាន្ត។
    – ចៀសវាងការនៅក្បែរនឹងអ្នកជំងឺដែលកើតរោគផ្តាសាយ និងមិនគួរប្រើប្រាស់របស់រួមគ្នា ដូចជា កន្សែងជូតមុខ កែវទឹក ចាន ឬស្លាបព្រាជាដើម។– គួរនៅក្នុងទីកន្លែងដែលមានខ្យល់អាកាសចេញចូលល្អ មិនគួរចូលទៅក្នុងកន្លែងដែលមានមនុស្សច្រើនណែនណាន់តាន់តាប់ឡើយ។
    – បើកើតជំងឺគ្រុនផ្តាសាយធម្មតា ឬគ្រុនផ្តាសាយធំ គួរមានក្រណាត់ម៉ាសខ្ទប់មាត់ និងច្រមុះពេលក្អក កណ្តាស់ និងកុំទៅប្រឡូកជាមួយអ្នកដទៃ។– ចៀសវាងការជក់បារី  ផឹកស្រា។ល។
    – គួរលាងដៃឱ្យបានញឹកញាប់ដោយប្រើសាប៊ូធម្មតា រយ:ពេល 15វិនាទី  ដើម្បីការពារការប៉ះពាល់មេរោគនៅតាមទីកន្លែងសាធារណៈផ្សេងៗ ដោយមិនដឹងខ្លួន ដូចជា បង្កាន់ដៃជណ្តើរ ដៃទ្វារ តុ កៅអី ឬកែវទឹកជាដើម។– ក្នុងអំឡុងពេលដំណើរកម្សាន្ត គួរមើលថែទាំរាងកាយឱ្យបានកក់ក្តៅជាប់ជានិច្ច ជាពិសេសបំផុតនៅក្នុងទីកន្លែងដែលមានធាតុអាកាសប្រែប្រួល ឬបើធាតុអាកាសត្រជាក់ខ្លាំង គួរស្លៀកខោអាវក្រាស់ៗ  ពាក់ស្រោមដៃ  ស្រោមជើង និងពាក់មួក ហើយបន្ទាប់ពីងូតទឹករួច គួរលាបឡេថែបំប៉នស្បែកផង។
    – ក្នុងករណីដែលមានបញ្ហាប្រេះ ឬក្រៀមបបូរមាត់ គួរលាបដោយក្រែមលីបបាមល៍  និងមិនគួរលិទ្ធបបូរមាត់ញឹកញាប់ឡើយ។
    – សម្រាប់អ្នកដែលមានជំងឺប្រចាំកាយ ត្រូវយកថ្នាំទៅជាមួយ ដើម្បីទុកពិសាតាមវេជ្ជបញ្ជាផង។

    ចំណែកឯជំនឿដែលនាំគ្នាជឿថា ការញ៉ាំស្រាអាចធ្វើឱ្យបាត់រងានោះ  គ្រូពេទ្យជំនាញបានបញ្ជាក់ថា គឺជាជំនឿមួយដែលមិនត្រឹមត្រូវទេ  ព្រោះទោះជាការញ៉ាំស្រាចូលទៅថ្មីៗ វាអាចធ្វើឱ្យសរសៃឈាមតូចៗនៅក្រោមស្បែកពង្រីកខ្លួន រហូតធ្វើឱ្យយើងមានអារម្មណ៍ថា ខ្លួនប្រាណឡើងក្តៅភាយៗមែន តែកម្ដៅនោះនឹងត្រូវបន្សាយចេញពីរាងកាយច្រើនឡើងដោយមិនដឹងខ្លួនដែរ ជាហេតុធ្វើឱ្យសីតុណ្ហភាពរបស់រាងកាយថយចុះដដែល។ បើញ៉ាំស្រាក្នុងបរិមាណច្រើន ឥទ្ធិពលរបស់ជាតិអាល់កុលនឹងទៅសណ្តំប្រព័ន្ធប្រសាទផ្នែកកណ្តាល ធ្វើឱ្យមានអាការស្រវឹង  អាចនឹងលង់លក់ទៅដោយមិនដឹងខ្លួន ហើយបើមានគ្រឿងដណ្តប់ខ្លួនប្រាណមិនបានកក់ក្តៅគ្រប់គ្រាន់ផងនោះ រាងកាយដែលហាលខ្យល់ត្រជាក់យូរនោះអាចនឹងធ្វើឱ្យស្លាប់បាត់បង់ជីវិតបាន ។
    ដូច្នេះ សូមកុំភ្លេចត្រៀមសុខភាពរាងកាយឱ្យបានស្រេច មុននឹងចេញទៅប៉ះនឹងខ្យល់រងានារដូវដើមឆ្នាំថ្មីនេះ!៕

  • ភាសាចិនបានក្លាយជាចំណុចអាទិភាពមួយសម្រាប់ប្រជាជនកម្ពុជាជំនាន់ថ្មី

    ភាសាចិនបានក្លាយជាចំណុចអាទិភាពមួយសម្រាប់ប្រជាជនកម្ពុជាជំនាន់ថ្មី

    ការសិក្សាភាសាបរទេសបានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរក្នុងសម័យថ្មីនេះ ព្រោះប្រសិនបើមនុស្សម្នាក់ៗមិនចេះភាសាបរទេសដែលជាភាសាសម្រាប់ទំនាក់ទំនងអន្តរជាតិទេ ពួកគេអាចប្រឈមនឹងការបាត់បង់ឱកាសការងារ ឬឱកាសអាជីវកម្មផ្សេងៗជាដើម។

    កាលពីមុន ភាសាអង់គ្លេស ជាជម្រើសសំខាន់ដែលប្រជាជនកម្ពុជាជំរុញឱ្យកូនសិក្សា ព្រោះវាជាភាសាសកលដែលមនុស្សជាច្រើនលើពិភពលោកប្រើប្រាស់ តែមកដល់បច្ចុប្បន្ននេះ បន្ទាប់ពីភាសាអង់គ្លេសត្រូវបានគេប្រើប្រាស់ទូលំទូលាយ ឬស្ទើរតែចេះគ្រប់គ្នាទៅហើយនោះ ភាសាចិនបានវិវឌ្ឍខ្លួនបន្តិចម្តងៗ ក្លាយជាភាសាអាទិភាពមួយដែលប្រជាជនខ្មែរចាប់អារម្មណ៍។

    លោក លន់ ភារិន នាយកសិក្សាធិការនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប បានលើកឡើងថា ការឱ្យកូនសិក្សាភាសាចិន មិនមែនជារឿងថ្មីនោះទេសម្រាប់ប្រជាជនខ្មែរយើង ព្រោះប្រជាជនយើងបានជ្រើសរើសសិក្សាភាសានេះជាយូរណាស់មកហើយ តែអ្វីដែលជាចំណុចគួរឱ្យកត់សម្គាល់នោះ គឺកំណើននៃការសិក្សាភាសាចិននាពេលបច្ចុប្បន្នមានការកើនឡើង។

    បើមើលតាមចំនួននៃការចុះឈ្មោះសិក្សារបស់សិស្សនៅសាលាវេសឡាញន៍ យើងឃើញថា កាលពីសាលាបើកបង្រៀនភាសាចិនដំបូងៗកាលពី4ឆ្នាំមុន មានអ្នកសិក្សាតែជាង 100នាក់ប៉ុណ្ណោះ តែបច្ចុប្បន្ននេះ មានសិស្សចុះឈ្មោះសិក្សារហូតដល់ប្រមាណ 500នាក់។ ចំណុចនេះបង្ហាញឱ្យឃើញថា អាណាព្យាបាលកំពុងចាប់អារម្មណ៍ឱ្យកូនសិក្សាភាសាចិនមានចំនួនកាន់តែច្រើនឡើងពី 1ឆ្នាំទៅ 1ឆ្នាំ។

    លោក លន់ ភារិន បាននិយាយថា៖ «មូលហេតុដែលនាំឱ្យមានការកើនឡើងនូវចំនួនអ្នកសិក្សាភាសាចិន ដោយសារតែបច្ចុប្បន្ននេះយើងមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា មានទំនាក់ទំនងល្អជាមួយនឹងរដ្ឋាភិបាលចិន ដែលធ្វើឱ្យទំហំនៃការវិនិយោគ ក៏ដូចជាការរកស៊ីជាមួយគ្នាមានសកម្មភាពកាន់តែច្រើនឡើង។

    ហេតុនេះហើយ ទើបអាណាព្យាបាលកាន់តែច្រើនបានមើលឃើញថា ការចេះភាសាចិនជាឱកាសល្អមួយសម្រាប់កូនៗរបស់គាត់ ដើម្បីទទួលបានឱកាសការងារល្អ ឬភ្ជាប់ទំនាក់ទំនងអាជីវកម្មបានកាន់តែងាយស្រួល»។

    លោកភារិន បានបន្ថែមទៀតថា បច្ចុប្បន្ននេះ ភាសាចិនត្រូវបានគេប្រើប្រាស់ច្រើនឡើងៗនៅលើពិភពលោកសម្រាប់ការទំនាក់ទំនងផ្នែកជំនួញ ហេតុនេះប្រសិនបើប្រជាជនយើងចេះប្រើប្រាស់ភាសាចិនបានល្អ បន្ថែមពីលើភាពច្បាស់លាស់នៃភាសាជាតិរបស់យើងផងនោះ នោះពួកគាត់នឹងអាចទទួលបានឱកាសការងារល្អនៅថ្ងៃអនាគត។

    ជាក់ស្តែងយើងឃើញថា ទំហំនៃការបណ្តាក់ទុនវិនិយោគពីចិនមកកាន់កម្ពុជានាពេលបច្ចុប្បន្ន មានការកើនឡើងកាន់តែធំ ហេតុនេះបណ្តាក្រុមហ៊ុនសហគ្រាស និងចង្វាក់ផលិតកម្មជាច្រើននឹងត្រូវការធនធានមនុស្សដែលមានសមត្ថភាពប្រើប្រាស់ភាសាចិនបាន។

    ប្រសិនបើយើងចេះប្រើប្រាស់ភាសាចិន យើងនឹងអាចស្ថិតក្នុងបញ្ជីបុគ្គលអាទិភាពក្នុងការស្រូបបានឱកាសការងារទាំងអស់នោះ។ បន្ថែមពីលើនេះ សម្រាប់ការធ្វើអាជីវកម្មក៏មិនខុសពីការធ្វើការងារប៉ុន្មានដែរ។

    នៅពេលដែលយើងចេះប្រើប្រាស់ភាសាចិនបានល្អ យើងនឹងមានភាពងាយស្រួលក្នុងការទំនាក់ទំនង ឬរកស៊ីជាមួយនឹងអ្នកវិនិយោគចិន ដែលធ្វើឱ្យអាជីវកម្មរបស់យើងកាន់តែអភិវឌ្ឍបានយ៉ាងឆាប់រហ័ស។

    បច្ចុប្បន្ននេះយើងឃើញហើយថា អ្នករកស៊ីចិនបានមកបោះទុនយ៉ាងច្រើនលើវិស័យអចលនទ្រព្យ និងបានបើកចំហរឱកាសជាច្រើនសម្រាប់ភ្ជាប់ទំនាក់ទំនងដែលប្រជាជនយើងអាចទាញផលចំណេញបាន។

    ជាយោបល់ចំពោះសិស្សានុសិស្ស និងអាណាព្យាបាល អ្នកអប់រំខាងលើបានលើកឡើងថា អាណាព្យាបាលអាចពិចារណាក្នុងការកំណត់ភាសាចិនជាភាសាបន្ថែមមួយ ដែលអាចឱ្យកូនៗជ្រើសរើសសិក្សាបាន បន្ថែមពីលើភាសាអង់គ្លេស។

    កាលណាពួកគាត់បានយល់ដឹងពីភាសាកាន់តែច្រើន ជាពិសេសភាសាដែលមានសក្តានុពលសម្រាប់ទំនាក់ទំនងនានា ពួកគាត់នឹងអាចបន្តស្វែងយល់ពីអ្វីដែលជាប្រភពចំណេះដឹងបន្ថែម និងអាចបំពេញភាពខ្វះខាតមួយចំនួនឱ្យក្លាយជាមនុស្សដែលមានបញ្ញាកាន់តែខ្លាំង ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គម
    ឱ្យកាន់តែរីកចម្រើននាថ្ងៃអនាគត៕

  • បិតាមាតាត្រូវចិញ្ចឹមកូន ឱ្យក្លាយជាមនុស្សល្អ មានគុណធម៌ និង ចេះមេត្តាអ្នកដទៃ

    បិតាមាតាត្រូវចិញ្ចឹមកូន ឱ្យក្លាយជាមនុស្សល្អ មានគុណធម៌ និង ចេះមេត្តាអ្នកដទៃ

    សង្គមយើងបច្ចុប្បន្ននេះ ផ្លាស់ប្តូរខុសពីមុនច្រើនណាស់ ការជួយយកអាសារគ្នា ការចែករំលែក ការអាណិតមេត្តាចំពោះគ្នាទៅវិញទៅមកដូចកាលពីអតីតកាលនោះ ស្ទើរតែលែងឃើញមានទៅហើយ ថ្ងៃនេះ ឡារ៉ែន សូមជូននូវអត្តបទដាស់ស្មារតីមួយសម្រាប់លោកឪពុកអ្នកម្តាយ ឬអាណាព្យាបាលសម័យថ្មីនេះ ក្នុងការចិញ្ចឹមមើលថែកូនចៅថា តើគួរធ្វើបែបណាដើម្បីឱ្យសង្គមរបស់យើងរស់នៅជុំគ្នាបានយ៉ាងសុខសប្បាយ ចេះសណ្តោសប្រណី ចេះអាណិតមេត្តាចំពោះគ្នាទៅវិញទៅមក ព្រមទាំងបង្ហាត់កូនឱ្យចេះធ្វើអំពើល្អ និងអាណិតស្រឡាញ់កូនឱ្យស្មើៗគ្នា ផ្តល់នូវភាពយុត្តិធម៌ដល់កូន ដើម្បីឱ្យកូនៗរបស់យើងបានរៀនយល់ដឹង និងប្រតិបត្តិតាមដូចខាងក្រោម ៖

    1. ពេលកូននៅជាទារក ឪពុកម្តាយត្រូវយល់ដឹងអំពីកូនជាមុន
    តាំងពីពេលកូនស្ថិតក្នុងវ័យមិនទាន់ចេះនិយាយ មិនទាន់អាចប្រាប់បានថា គេត្រូវការអ្វី ឬចង់បានអ្វីនោះ ឪពុកម្តាយមួយចំនួន ពូកែខ្លាំងណាស់ បានឮត្រឹមតែសំឡេងកូនយំ ក៏អាចដឹងបានភ្លាមថា កូនចង់ឱ្យឪពុកម្តាយឱប ឬឃ្លាន ឬរងា ឬអផ្សុក ចង់ឱ្យប៉ាម៉ាក់លេងជាមួយ ជាដើម។ នេះគឺការស្មានដឹងពីចិត្តរបស់កូន ហើយបើកូនបានទទួលការតបស្នងតាមតម្រូវការក្នុងចំណុចដំបូងៗនេះផងនោះ កូននឹងមានអារម្មណ៍ដឹងនិងស្គាល់ពី “ដួងចិត្ត” របស់ប៉ាម៉ាក់បានដូចគ្នា ដូចដែលគេនិយាយថា ចេញពីបេះដូងមួយ ចូលទៅបេះដូងមួយទៀត ហ្នឹងឯង។ នៅពេលកូនធំឡើង ការបង្ហាត់បង្រៀននឹងប្រែប្រួលទៅតាមអាយុ ដូចជាពេលកូនច្បងអាយុបាន 3ឆ្នាំ កូនច្បងចេះបំពេរលួងលោមពេលប្អូនដែលមានអាយុ 7-8ខែស្រែកយំជាដើម គឺជាការបង្ហាញឱ្យឃើញពីចំណុចដើមទីនៃព្រហ្មវិហារធម៌ទាំង 4 របស់កូនតូចវ័យ 3ឆ្នាំ។ ម្តាយគួរពោលពាក្យសរសើរថា “កូនចិត្តល្អណាស់ ត្រូវអាណិតប្អូនណា៎…” ពេលនោះកូននឹងកាន់តែអភិវឌ្ឍអារម្មណ៍បែបនេះច្រើនឡើងនៅពេលគេធំឡើងមិនខាន។

    2.ជជែកលេង និងនិយាយរឿងជាមួយកូនឱ្យបានច្រើន
    ដូចជាម្តាយរៀបរាប់ពីឧទាហរណ៍របស់មនុស្សល្អដែលចេះជួយដល់អ្នកដទៃដោយការលះបង់កន្លែងអង្គុយរបស់ខ្លួននៅក្នុងរថយន្តក្រុង ឱ្យទៅលោកយាយចំណាស់ម្នាក់ដែលឈរតោងបង្កាន់ដៃ(គ្មានកន្លែងអង្គុយ) ឬប៉ូលីសដែលយាមនៅមុខសាលារៀនដឹកដៃនាំស្រ្តីម្នាក់ និងកូនដើរឆ្លងថ្នល់ ឬក៏អ្នកបើកឡានតាក់ស៊ីយកកាបូបលុយដែលភ្ញៀវភ្លេចនៅក្នុងឡាន ទៅឱ្យម្ចាស់គេវិញជាដើម។ រឿងទាំងអស់នេះ អ្នកម្តាយគួរនិយាយសរសើរពីពួកគេទាំងនោះឱ្យកូនបានស្តាប់ផងដែរ។

    3. បងប្អូនក្នុងវ័យ 2-3ឆ្នាំ តែងតែឈ្លោះគ្នាដណ្តើមរបស់លេងជារឿងធម្មតាវ័យ Toddler ហៅថា ជាវ័យ “It’s mine” អ្វីៗក៏ជារបស់ខ្ញុំដែរ គឺក្មេងៗមានភាពអត្មានិយមខ្ពស់ណាស់។ “ខ្ញុំរើសបាន វាជារបស់ខ្ញុំ” អ្នកណាចង់យកទៅណា មិនបានទេណា៎ តែបើវាបែកបាក់ហើយ លែងល្អហើយនោះ “វាមិនមែនជារបស់ខ្ញុំទេ”។ ទាំងអស់នេះ ដោយសារតែកុមារដែលស្ថិតក្នុងវ័យនេះ ខួរក្បាលកំពុងវិវឌ្ឍទៅមុខលឿន តែការត្រិះរិះគិតដោយហេតុផល ទៅតាមមិនទាន់ ប្រៀបដូចឡានថ្មី ម៉ាស៊ីនខ្លាំង តែហ្រ្វាំងមិនទាន់ធ្វើការអ៊ីចឹងដែរ ទើបធ្វើឱ្យកើតសង្គ្រាមដណ្តើមរបស់លេង ឬដណ្តើមម៉ាក់គ្នាឡើងជារៀងរាល់ថ្ងៃ តែនៅពេលធំទៅ ពួកគេនឹងល្អឡើងវិញដោយឯកឯង បើសិនអ្នកម្តាយប្រាប់ថា “ផ្លាស់គ្នាលេងម្តងម្នាក់ក៏បានដែរកូន” ឬបងទៅអានរឿងនិទានជាមួយម៉ាក់ ទុកឱ្យប្អូនលេងមុនទៅ បន្តិចទៀតចាំផ្លាស់គ្នាលេង។ កូនស្រីបងអាយុ 3 -4ឆ្នាំដែលសុខចិត្តចុះចាញ់ប្អូននោះ ភ្នែកឡើងក្រហម ពេបមាត់ចង់យំ អ្នកម្តាយគួរពោលសរសើរថា “កូនជាក្មេងល្អណា៎កូន” ព្រមទាំងឱបថើបកូនផង និងលួងលោមថា បន្តិចទៀត ប្អូននឹងយកតម្រាប់តាម និងធ្វើតាមបងមិនខាន។ នេះគឺជាចំណុចចាប់ផ្តើមនៃការធ្វើជាមនុស្សល្អ ដូចគ្នានឹងពេលដែលកូនទៅសាលាមត្តេយ្យ ជួបនឹងពួកម៉ាកដែលមិនស្រួលខ្លួន ក៏នឹងដឹកដៃពួកម៉ាកនោះទៅរកអ្នកគ្រូជាដើម។ នោះបញ្ជាក់ថា កូនចេះមានចិត្តអាណិតមេត្តាដ៏ប្រពៃហើយ ចេះអាណិតពួកម៉ាកដែលឈឺ ឬដែលមានមាឌតូចជាងខ្លួនជាដើម។

    4. បង្រៀនកូនឱ្យនិយាយពាក្យពីរោះៗមានបិយវាចា(សម្តីគួរឱ្យស្រឡាញ់ សម្តីសុភាព) ចេះពោលពាក្យជម្រាបសួរ សាធុ សុំទោសនៅពេលធ្វើខុស និងអរគុណព្រមជាមួយការលើកដៃសំពះយ៉ាងស្អាត និងបង្អោនខ្លួនចុះ រួមទាំងចេះឱនលំទោនជាមួយមនុស្សចាស់ កូននឹងក្លាយជាក្មេងដ៏គួរឱ្យស្រឡាញ់ចូលចិត្តរបស់អ្នកដែលបានឃើញ និងទទួលបានការសរសើរថា ជាក្មេងដែលមានការអប់រំល្អ។

    5. បង្ហាត់កូនឱ្យស្គាល់គំរូល្អៗតាមបែបខ្មែរថ្ងៃចូលឆ្នាំខ្មែរមហាសង្ក្រាន្ត ថ្ងៃចូលឆ្នាំថ្មីឆ្នាំសកល ថ្ងៃខួបកំណើតរបស់ចាស់ទុំ នាំកូនទៅក្រាបសំពះលោកតា លោកយាយចាស់ៗ ទៅធ្វើបុណ្យជាមួយគ្នា ឱ្យកូនៗជួយប៉ាម៉ាក់រៀបចំរបស់របរទៅធ្វើបុណ្យ ឬរៀបចំរបស់របរទៅសួរសុខទុក្ខចាស់ៗ ជាដើម។

    6. កុមារបឋមវ័យត្រូវចេះជួយកាងារខ្លះទៅតាមវ័យរបស់កូនគេនឹងមានចិត្តអាសាស្ម័គ្រ និងមានចិត្តមេត្តាអ្នកដទៃនៅពេលធំឡើង ដូចជាធ្វើកិច្ចការងារតូចតាចនៅក្នុងផ្ទះ ជួយបងប្អូន និងប៉ាម៉ាក់។ បង្រៀនឱ្យកូនចេះស្រឡាញ់ធម្មជាតិ ដោយការដាំដើមឈើ មើលថែទាំដើមផ្កាឱ្យរីកធំធាត់ មើលបក្សីបក្សា មេអំបៅ ដង្កូវ មើលថែទាំសត្វចិញ្ចឹម និងឱ្យចំណីត្រីជាដើម។

    7.ក្មេងប្រុស ក្មេងស្រី ត្រូវបង្រៀន និងអប់រំឱ្យដូចៗគ្នាអ្នកខ្លះយល់ខុសថា ក្មេងប្រុសកុំទៅទន់ជ្រាយពេក “ប្រយ័ត្នទៅជាខ្ទើយ” ឱ្យចេះស្វាហាប់ រាងកាចតិចៗ ទើបសមជាមនុស្សប្រុស។ តែការពិតវិញ ភាពទន់ភ្លន់ មិនមែនជាភាពទន់ជ្រាយទេ “អំពើល្អមានមេត្តាចំពោះគ្នា មិនបែងចែកភេទទេ” ព្រោះយើងជាមនុស្សរស់នៅលើផែនដីតែមួយរួមគ្នា។ យើងមិនចូលចិត្តបុរសដែលកាចឃោរឃៅ តែយើងកោតសរសើរបុរសដែលជាមនុស្សល្អ សម្តីពីរោះ មានទឹកចិត្តល្អ មានការប្រព្រឹត្តល្អ ព្រោះយើងត្រូវការមនុស្សល្អនៅក្នុងសង្គម។

    ពិភពលោកនឹងគួរឱ្យរស់នៅសម្រាប់កូនក្នុងពេលនេះ និងក្នុងពេលអនាគតដែលមានភាពរីកចម្រើនយ៉ាងខ្លាំងខាងផ្នែកតិចណូឡូជី និងសភាពជុំវិញខ្លួនដែលកាន់តែកាចសាហាវខ្លាំងឡើង បើកូនមានប្រព័ន្ធការពារល្អខាងផ្លូវចិត្ត ជាមនុស្សល្អ កូននឹងមានជីវិតរស់នៅប្រកបដោយសេចក្តីសុខ និងអាចជួយយកអាសាអ្នកដទៃបានទៀតផង៕

  • ប្រជាជន​គួរ​យកចិត្តទុកដាក់​លើ​គុណភាព​ព័ត៌មាន​ក្នុង​បណ្តាញ​សង្គម​ដើម្បី​កុំឱ្យ​រងគ្រោះ

    ប្រជាជន​គួរ​យកចិត្តទុកដាក់​លើ​គុណភាព​ព័ត៌មាន​ក្នុង​បណ្តាញ​សង្គម​ដើម្បី​កុំឱ្យ​រងគ្រោះ

    បច្ចុប្បន្ននេះ ប្រជាជន​នៅ​កម្ពុជា​ក៏ដូចជា​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​កំពុង​រស់នៅក្នុង​ជីវិត​ដែល​ហ៊ុមព័ទ្ធ​ដោយ​បច្ចេកវិទ្យា​ព័ត៌មាន ដោយ​ក្នុងនោះ​ប្រភពព័ត៌មាន​រាប់ពាន់​ព័ត៌មាន​បាន​ចូលមកក្នុង​ជីវិត​រស់នៅ​របស់​មនុស្ស​គ្រប់ពេលវេលា​តាមរយៈ​បណ្តាញ​សង្គម។

    ក្នុងចំណោម​បណ្តាញ​បច្ចេកវិទ្យា​ផ្សព្វផ្សាយទាំងអស់នោះ មានព័ត៌មាន​ជាច្រើន​ជា​ព័ត៌មាន​ដែលមាន​តម្លៃ​សម្រាប់​ការរស់នៅ តែ​ក៏មានព័ត៌មាន​មិនតិច​ទេ​ដែលជា​ព័ត៌មាន​ក្លែងក្លាយ ឬ​ជា​ព័ត៌មាន​ដែល​បង្កបញ្ហា​ដល់​ការរស់នៅ​របស់​យើងម្នាក់។

    ឯកឧត្តម ខៀវ កា​ញារី​ទ្ធ បាន​លើកឡើងថា បច្ចុប្បន្ននេះ​ដោយសារ​តែមាន​ការរីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​ស្រប​ពេលដែល​ប្រជាជន​ភាគច្រើន​មានប្រើ​ប្រាស់​ទូរស័ព្ទ​ដែ​ស្មា​ត​ហ្វូ​នយើង​ឃើញថា ​មានព័ត៌មាន​ជាច្រើន​ត្រូវបាន​គេ​ចែករំលែក​ជា​រៀងរាល់ថ្ងៃ។

    ព័ត៌មាន​ទាំងអស់នោះមាន​ព័ត៌មាន​ខ្លះ​មិនមែនជា​ព័ត៌មាន​ដែលមាន​តម្លៃ​សម្រាប់​ការរស់នៅ​នោះទេ តែ​វា​បែរជា​ធ្វើឱ្យ​យើង​ខាតបង់​ពេលវេលា ឬ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​យើង​ថែម​ទៀតផង។

    ហេតុនេះ​អ្វីដែល​យើង​អាច​ធ្វើបាន​គឺ​ព្យាយាមទប់ស្កាត់​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ ស្រប​ពេលដែល​ប្រជាជន​ក៏​គួរតែ​ព្យាយាម​ស្វែងយល់​ពី​វិធីសាស្រ្តក្នុងការ​ទទួល​ព័ត៌មាន​ឱ្យបាន​ល្អ។

    ឯកឧត្តម ខៀវ កា​ញារី​ទ្ធ បាន​មានប្រសាសន៍ថា៖ “ការទទួលយក​ព័ត៌មាន និង​ការអាន​ជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព តែ​អ្វីដែល​យើង​អាច​ធ្វើបាន​គឺ​ព្យាយាម​ក្នុងការ​ដកស្រង់ ឬ​ចេះ​ជ្រើស​រើសយក​ប្រភពព័ត៌មាន​ដែលមាន​តម្លៃ​សម្រាប់​ការអភិវឌ្ឍ​សមត្ថភាព មិនមែន​ទទួលយក​គ្រប់​រឿង​នោះទេ”។

    ឯកឧត្តម រដ្ឋមន្ត្រី​ក៏​ធ្លាប់បាន​បញ្ជាក់​ផងដែរ​ថា មុននឹង​ទទួលយក​ព័ត៌មាន​ណាមួយ​យើង​គួរ​ផ្ទៀ​ង​ផ្ទាល់​ពី​ប្រភព និង​មើល​ឱ្យ​ច្បាស់​ដើម្បី​ឱ្យដឹងថា​អ្នកណា​ជា​អ្នក​ផ្សព្វផ្សាយ​រឿង​ទាំងអស់នោះ។

    ម្យ៉ាងវិញទៀត គួរ​ចំណាយពេល​ក្នុង​ការមើល​ឱ្យបាន​លម្អិត ចៀសវាង​គ្រាន់តែ​មើល​ចំណងជើង ឬ​មើល​សាច់រឿង​មិន​ច្បាស់​ក៏​ចាត់ទុកថា​ខ្លួនឯង​បានទទួល​ព័ត៌មាន​លម្អិត​ហើយ រួច​ក៏​ឈប់​ស្វែងយល់​បន្ថែម​លើ​រឿង​ទាំងអស់នោះ។ បញ្ហា​នេះ​អាច​នឹង​បង្កើតជា​បញ្ហា​ជាច្រើន​ទៀត​ប្រសិនបើ​យើង​បន្ត​ចែករំលែក​រឿង​ដែល​មិន​ច្បាស់លាស់​ទាំងអស់នោះ​ដែល​ធ្វើឱ្យ​រឿង​មិនល្អ​រីក​រាលដាល​កាន់តែ​ច្រើនឡើង។

    ពាក់ព័ន្ធ​នឹង​បញ្ហា​ទាំងអស់នេះ ព្រះ​តេជគុណ គូ សុភាព បាន​លើកឡើងថា ការផ្សព្វផ្សាយ​ព័ត៌មាន​នៅក្នុង​បណ្តាញ​សង្គម មនុស្ស​ភាគច្រើន ផ្សព្វផ្សាយ​តាម​អារម្មណ៍ តាម​ការយល់ឃើញ និង​តាម​កម្រិត​នៃ​ការយល់ដឹង​របស់​មនុស្សម្នាក់។

    មាន​មនុស្ស​ខ្លះ​ចូលចិត្ត​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​មិនបាន​ពិចារណា​វែងឆ្ងាយ​ខណៈ​ព័ត៌មាន​ទាំងអស់នោះ​ពេលខ្លះ​
    ជា​មេរោគ​ដែល​បំផ្លាញ​ដល់​ការគិត ភាពស្រស់​ស្រាយ
    និង​បញ្ហា​ក្នុងការ​រស់នៅ​របស់​ម​នុស្ស​របស់​យើង។

    ហេតុនេះ​អ្វីដែល​សំខាន់​គឺ​ព្យាយាម​ស្វែងរក​ប្រភព​ទាំងឡាយណា​ដែលមាន​ប្រយោជន៍ ផ្តល់​ចំណេះដឹង និង​ផ្តល់ព័ត៌មាន​ជាក់លាក់​ដែល​សំខាន់​សម្រាប់​ការរស់នៅ​ជាក់ស្តែង។

    ព្រះ​តេជគុណ គូ សុភាព មាន​សង្ឃដីកា​ថា៖“បច្ចុប្បន្ននេះ មាន​មនុស្ស​ជាច្រើន​ចូលចិត្ត​ទទួលយក​ព័ត៌មាន​ហើយ​បន្តធ្វើ​ការចែករំលែក​ដោយ​មិនបាន​ប្រុងប្រយ័ត្ន ហើយ​បណ្តោយឱ្យ​ទម្លាប់​អាក្រក់​ទាំងអស់នោះ ក្លាយជា​ប្រភព ឬ​ជា​មេរោគ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ”។

    បើតាម​អ្នក​អប់រំ​ខាងលើ បាន​ណែ​នាំ​ថា យើងម្នាក់ៗគួរ​ព្យាយាម​សង្កេត និង​ព្យាយាម​រស់ក្នុង​ជីវិត​ជាក់ស្តែង​ឱ្យបាន​ច្រើន ហើយ​គួរ​ព្យាយាម​ចេះ​បង្វឹក​ស្មារតី​ពិចារណា​ឱ្យបាន​ច្រើន​ដើម្បី​ចៀសវាង​កុំឱ្យ​ឆាប់​ជឿ​គេ​លើ​រឿង​ណាមួយ។

    ម្យ៉ាងវិញទៀត នៅពេលដែល​យើង​ទម្លាប់ដដែលៗក្នុង​ការជឿ​លើ​រឿង​ណាមួយ​ដែល​យើង​បានឃើញ នោះ​យើង​នឹង​ចាប់ផ្តើម​ក្លាយជា​មនុស្ស​ត្រចៀកស្រាល ចិត្ត​ស្រាលឆាប់​រំភើប ឆាប់​ខឹង ឬ​ឆាប់​មានប្រតិកម្ម​ដោយសារតែ​រឿងរ៉ាវ​នានា​ដែល​យើង​បានឃើញ​ជា​រៀងរាល់ថ្ងៃ។

    នោះ​ពេល​យើង​ផ្តេកផ្តួល​លើ​រឿង​ខាងក្រៅ​ច្រើនពេក យើង​នឹង​ក្លាយជា​មនុស្ស​ដែល​បាត់បង់​សមត្ថភាព​ក្នុងការ​ពិចារណា ឬ​បាត់បង់​ទំនុកចិត្ត​លើ​ខ្លួនឯង​បន្តិចម្តង។ បញ្ហា​នេះ​អាច​នឹង​ជះ​ផល​អវិជ្ជមានច្រើនឡើងៗប្រសិនបើ​យើង​ចាប់ផ្តើម​បន្តធ្វើ​ជា​អ្នក​បញ្ចេញមតិ​លើ​រឿងរ៉ាវ​មួយ​ដែល​មិន​យើង​បានឃើញ​នោះ ឬ​បន្ថែមបន្ថយ​ដោយ​អារម្មណ៍ស្រាលៗរបស់​យើង​ទៅកាន់​អ្នកដទៃ​ជាច្រើន​នាក់​ផ្សេងទៀត។

    គួរបញ្ជាក់​ផងដែរ​ថា ដើម្បី​ធានាថា​ព័ត៌មាន​ដែល​យើង​ទទួលបាន​នោះ​ជា​ព័ត៌មាន​ដែលមាន​គុណភាព អ្នកជំនាញ​ផ្នែក​ព័ត៌មាន​ភាគច្រើន​ណែនាំឱ្យ​អ្នកអាន ឬ​អ្នកទស្សនា​មើល​ឱ្យបាន​ច្បាស់​ជាមុនសិន​ពី​ប្រភព​របស់​អ្នក​ផ្សាយ​ព័ត៌មាន។ អ្នក​អាច​ចាំបាច់​ត្រូវ​ដឹងថា​តើ​ស្ថាប័ន​ដែល​បានចេញ​ផ្សាយ​នោះ​ជា​ស្ថាប័ន​ផ្លូវការ ឬ​គ្រាន់តែ​ជា​បុគ្គល​ឯកជន។

    បន្ទាប់មកទៀត ក៏​គួរតែ​ផ្ទៀ​ង​ផ្ទាត់​ផងដែរ​ពី​ប្រភព​ដែល​បាន​បញ្ចេញមតិ​ក្នុង​ព័ត៌មាន​នោះ​ថា​ជា​អ្នកជំនាញ ជា​អាជ្ញាធរ ឬ​គ្រាន់តែ​ជា​បុគ្គល​ឯកជន​ដែល​បាន​បញ្ចេញមតិ​លើ​រឿង​ណាមួយ​ដែល​ខ្លួន​បាន​ជួប។ បន្ថែម​ពីលើ​នេះ អ្នកទទួល​ព័ត៌មាន​ក៏​គួរតែ​ព្យាយាម​ក្នុងការ​ថ្លឹងថ្លែង​ពី​គ្រប់​ជ្រុងជ្រោយ និង​ពិចារណា​ពី​លទ្ធភាព​ដែល​អាចទៅរួច​នៃ​មតិយោបល់​ទាំងអស់នោះ​បន្ថែម ដើម្បី​ធានាថា​តើ​អ្វី​ដែលជា​ការលើកឡើង​នោះ​អាចមាន​ប្រយោជន៍​សម្រាប់​ការរស់នៅ ឬ​វា​គ្រាន់តែ​ជា​រឿង​ស្រមើស្រមៃ៕

  • បង្កើត​តំបន់​ទេសចរណ៍​ជា​វិធី​ល្អ​ក្នុង​ការជំរុញ​ឱ្យ​ដី​ទំនេរ​នៅ​ជនបទ​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​

    បង្កើត​តំបន់​ទេសចរណ៍​ជា​វិធី​ល្អ​ក្នុង​ការជំរុញ​ឱ្យ​ដី​ទំនេរ​នៅ​ជនបទ​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​

    បច្ចុប្បន្ននេះ កម្ពុជា​ជា​ប្រទេស​ដែលមាន​ដី​ទំនេរ​ច្រើន​ជាពិសេស​នៅ​តំបន់​ជនបទ ហើយ​ស្រប​ជាមួយគ្នានេះដែរ យើង​ឃើញថា​តំបន់​ទាំងអស់នោះ​ពេលខ្លះ​ជា​តំបន់​ដែលមាន​សក្តានុពល​ទេសចរណ៍​ គ្រាន់តែ​ប្រជាជន​មិនទាន់មាន​សមត្ថភាព​ក្នុងការ​កែច្នៃ​តំបន់​នោះ​ឱ្យ​ក្លាយជា​តំបន់​ស្រស់ស្អាត និង​ទាញ​ប្រយោជន៍​បានយូរ​អង្វែង​តែប៉ុណ្ណោះ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឯកឧត្តមថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា ​កម្ពុជាជា​ប្រទេស​​ដែលមាន​សក្តានុពល​ផ្នែក​ទេសចរណ៍ ទាំង​ទេសចរណ៍វប្បធម៌ និង​ទេសចរណ៍ធម្មជាតិ។

    នៅ​ទូទាំងប្រទេស មាន​តំបន់​អេកូ​ទេសចរណ៍​ជាច្រើន​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឱ្យ​ចាប់អារម្មណ៍​ ព្រោះ​យើង​មាន​តំបន់​ជាច្រើន​ដែលមាន​លក្ខណៈ​អស្ចារ្យ​ពី​ធម្មជាតិ ដូច​ជាមាន​តំបន់​អភិរក្ស​សត្វ​ស្លាប តំបន់ភ្នំតំបន់​គម្រប​ព្រៃឈើ និង​តំបន់​អេកូ​ទេសចរណ៍​ជាច្រើន​ផ្សេងទៀត​ដែល​ស្ថិតនៅ​ពេញ​ផ្ទៃ​ប្រទេស តែ​អ្វី​ដែលជា​បញ្ហា​គឺ​តំបន់​ខ្លះ​មិនទាន់មាន​មនុស្ស​ទៅដល់ និង​កន្លែង​ខ្លះទៀត​មិនទាន់បាន​អភិវឌ្ឍ​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​នៅឡើយ។

    ឯកឧត្តម ថោង ខុន បាន​មានប្រសាសន៍ថា៖“នៅ​ទូទាំងប្រទេស​យើង​មាន​តំបន់​ជាច្រើន​ដែល​អាច​កែច្នៃ​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍ ជាពិសេស​ទេសចរ​ណ៍ស​ហគ​មន៍ ដោយសារតែ​យើង​មិនទាន់មាន​ធនធាន​គ្រប់គ្រាន់ ឬ​មិនទាន់មាន​អ្នក​ផ្តួច​ផ្តើមគំនិត​ច្រើន​ដើម្បី​កែច្នៃ​តំបន់​នានា ឬ​សហគមន៍​របស់គាត់​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍។

    ទោះជា​យ៉ាងនេះ​ក្តី ក្រសួងទេសចរណ៍ ក៏បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ជំរុញឱ្យមាន​កា​រ​បណ្តុះបណ្តាល ទាំង​ការបណ្តុះបណ្តាល​ក្នុង​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល​នៅ​សហគមន៍​ផ្ទាល់​ដើម្បីឱ្យ​ពួកគេ​មានចំណេះដឹង​ក្នុងការ​រៀបចំ​តំបន់​របស់ខ្លួន​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍”។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកឡើងថា ការកែច្នៃ​តំបន់​នានា​ឱ្យទៅជា​តំបន់​ទេសចរណ៍​នៅតាម​ជនបទ ជា​វិធី​ល្អ​មួយ​ក្នុង​ការជំរុញឱ្យ​ប្រជាជន​ចេះ​ថែរក្សា​ធនធានធម្មជាតិ​ក្នុង​តំបន់​របស់ខ្លួន និង​ចេះ​ប្រើប្រាស់​ដី​ទំនេរ​របស់ខ្លួន​ដើម្បី​បម្រើឱ្យ​ផលប្រយោជន៍​ទេសចរណ៍។

    មាន​តំបន់​ខ្លះ​គេ​បង្កើតជា​សួន​បន្លែ ខណៈ​កន្លែង​ខ្លះទៀត​គេ​ក៏បាន​បង្កើតជា​កសិដ្ឋាន​នានា​ដើម្បី​ប្រមូល​ផល​ផ្គត់ផ្គង់​ឱ្យ​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅ​តំបន់​របស់​ពួកគាត់​ដែល​ធ្វើឱ្យ​គាត់​ទទួលបាន​ចំណូល​ជាប់​ជាប្រចាំ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក ពត សុផល ស្ថាបនិក​អង្គការ​អភិវឌ្ឍ​មូលដ្ឋាន (OBT) បាន​លើកឡើងថា ទេសចរណ៍​ជា​ផ្នែក​យ៉ាងសំខាន់​ដែល​អាច​ជំរុញ​ឱ្យ​តំបន់​ជនបទ​អភិវឌ្ឍ​បាន​លឿន និង​ប្រកបដោយ​ភាពស្រស់ស្អាត។

    នៅពេល​តំបន់ ឬ​សហគមន៍​មួយ​ត្រូវបាន​គេ​កែច្នៃ​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍ ប្រជាជន​នៅ​តំបន់​ទាំងអស់នោះ​នឹង​ទទួលផល​ទាំងអស់គ្នា ទាំង​ការអប់រំ បញ្ហា​ជីវភាព និង​ការ-ទំនាក់ទំនង​ជាដើម។

    ប្រជាជន​ដែលមាន​ពេលទំនេរ​ច្រើន​ដោយសារតែ​ជីវភាព​ពឹងផ្អែក​ទាំងស្រុង​លើ​កសិកម្ម ក៏​ចាប់ផ្តើម​មាន​ភាព​មមាញឹក​ដោយសារតែ​គាត់​អាចធ្វើ​ការងារ​នៅក្នុង​តំបន់​របស់គាត់ ឬ​ប្រើប្រាស់​ធនធាន​ដែលមាន​ស្រាប់​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ពី​ទេសចរណ៍​ផងដែរ។

    លោក ពត សុផល បាន​និយាយថា៖ “នៅ​តំបន់​ជនបទ មាននៅ​សល់​ដី​ទំនេរ​ច្រើន ហេតុនេះ​ប្រសិនបើ​ប្រជាជន​ចាប់ផ្តើម​ប្រមូលផ្តុំ​គ្នា​កែច្នៃ​តំបន់​ទាំងអស់នោះ​ឱ្យទៅជា​តំបន់​ទេសចរណ៍ នោះ​យើង​នឹង​អាច​ទទួលបាន​ផល​យូរអង្វែង”។

    លោក​សុផល បាន​បន្ថែមទៀតថា ថ្មីៗនេះ​មាន​គំរូល្អជា​ច្រើន​ដែល​បានចាប់ផ្តើម​បង្ហាញឱ្យឃើញ​ពី​សក្តានុពល​នៃ​ការកែច្នៃ​ដី​ទំនេរ​ឱ្យ​ក្លាយជា​តំបន់​កម្សាន្ត​នៅតាម​ខេត្ត​នានា​នៅ​ទូទាំងប្រទេស។

    មាន​តំបន់​ខ្លះ​គេ​ប្រើប្រាស់​ដី​កសិកម្ម ឬ​ដី​ក្នុង​សហគមន៍​ដើម្បី​ដាំ​ផ្កា​សម្រាប់​លក់​ផង និង​ដាំ​សម្រាប់​តាំង​លម្អ​ផង​ដែល​អាចធ្វើឱ្យ​អ្នក​ខាងក្រៅ​ចាប់អារម្មណ៍ហើយ​ទៅ​កម្សាន្ត ស្រប​ពេលដែល​សហគម​ន៍​ខ្លះទៀត​គាត់​ចាប់ផ្តើម​បង្កើត​សួន​បន្លែ និង​រៀបចំ​តំបន់​ណាមួយ​ដែល​នៅ​ជិត​តំបន់​ទេសចរណ៍​ដើម្បី​ភ្ជាប់​ខ្សែ​ទស្សនកិច្ច​ទេសចរណ៍ ឬ​ភ្ជាប់​តំបន់​ទេសចរណ៍ធំៗមក​សហគមន៍​របស់​ខ្លួន។ ជា​ឧទាហរណ៍ ប្រសិនបើ​តំបន់​មួយ​មាន​ទឹកធ្លាក់ ឬ​មាន​ទេសចរណ៍ធំៗ

    ណាមួយ​នៅក្នុង​ខេត្ត យើង​អាច​បង្កើតកូន​តំបន់​ទេសចរណ៍​ប្លែក​តូចមួយ​នៅក្នុង​សហគម​ន៍​ដែល​នៅក្បែរនោះ។ នៅពេល​ភ្ញៀវ​មកលេង​តំបន់​ទេសចរណ៍ធំៗ គេ​អាច​នឹង​ឆៀង​ចូល​ទទួលទាន​អាហារ ឬ​មក​ថតរូប​កម្សាន្ត​នៅ​សហគមន៍​របស់​យើង ដោយសារតែ​ចម្ងាយនៅ​ជិតគ្នា​ជាដើម។

    គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ អ្នក​ដែល​កំពុងធ្វើការ​ងារ ឬ​កំពុង​រស់នៅ​ទីក្រុង​កំពុងមាន​និន្នាការ​មួយ​ចង់​សម្រាក​កម្សាន្ត​ជាមួយ​តំបន់​ដែលមាន​បន្លែស្រស់​ល្អ គ្មាន​ជាតិគីមី ឬ​ចង់​មាន​ចម្ការ​ផ្ទាល់​ខ្លួន​ជាដើម តែ​មិនមាន​អ្នក​មើលថែ។

    ហេតុនេះ​ការបង្កើត​សហគមន៍​ទេ​សចរណ៍ ដោយ​បន្ថែម​ចម្ការ​បន្លែ ឬ​ផ្គត់ផ្គង់​ផលិតផល​កសិកម្មល្អៗអាចនឹងទទួល​បានកា​រ​ចាប់អារម្មណ៍​កាន់តែច្រើន​ពី​ប្រជាជន​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​នូវ​បន្លែ​ធម្មជាតិ ស្របពេលដែល​ពួកគេ​កំពុង​ព្រួយបារម្ភ​ពី​បញ្ហា​អាហារ​គីមី៕

  • Bangkok Airways សហការជាមួយ Central Department Store បើកយុទ្ធនាការ “ធ្វើដំណើរតាមយន្តហោះ ជួបជុំគ្នា និងទិញទំនិញ”( Fly, Meet, Shop)

    Bangkok Airways សហការជាមួយ Central Department Store បើកយុទ្ធនាការ “ធ្វើដំណើរតាមយន្តហោះ ជួបជុំគ្នា និងទិញទំនិញ”( Fly, Meet, Shop)

    ការប្រជុំសន្និបាតរបស់ប្រទេសថៃ និងការិយាល័យតាំងពិព័រណ៍ដែលចាប់ដៃគូជាមួយក្រុមហ៊ុន Bangkok Airways និង Central Department Store បានធ្វើការណែនាំឱ្យស្គាល់កម្មវិធីយុទ្ធនាការមួយ “Fly, Meet, Shop” ដែលមានន័យថា “ធ្វើដំណើរតាមយន្តហោះ ជួបជុំគ្នា និងទិញទំនិញ” សម្រាប់ប្រទេសមួយចំនួនក្នុងតំបន់ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីសហការគ្នាចំពោះទីផ្សារនៃការធ្វើដំណើរកម្សាន្ត។ បង្កើតយុទ្ធនាការថ្មីមួយដែលកាន់តែប្រសើរជាងមុន ដើម្បីឱ្យកាន់តែមានការជួបប្រជុំគ្នា និងផ្តល់ផលចំណេញពីការធ្វើដំណើរពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម​មកកាន់ប្រទេសថៃ។

    នៅភ្នំពេញ ថ្ងៃទី20 ខែមករា ឆ្នាំ2020 ការប្រជុំសន្និបាតរបស់ប្រទេសថៃ និងការិយាល័យតាំងពិព័រណ៍ដែលដឹកនាំដោយ កញ្ញា Nooch Homrossukhon ជានាយិកា ដែលបានផ្តើមគំនិតឱ្យមានការប្រជុំនៃនាយកដ្ឋាននេះ ជាមួយនឹងលោកអគ្គនាយករងផ្នែកទីផ្សារនៃក្រុមហ៊ុន Bangkok Airways គឺលោក Mr. Varong Israsena Na Ayudhaya និង​កញ្ញា Tippamas Kaysee ជាអគ្គនាយិការងទីផ្សារ និងទេសចរណ៏មកពីក្រុមហ៊ុន Central Department Store Limited Group (CDS) បានធ្វើការណែនាំឱ្យស្គាល់កម្មវិធីយុទ្ធនាការមួយ មានឈ្មោះថា “Fly, Meet, Shop” ដែលមានន័យថា “ធ្វើដំណើរតាមយន្តហោះ ជួបជុំគ្នា និងទិញទំនិញ” ដើម្បីជួយជំរុញឱ្យប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមធ្វើការសហការគ្នាចំពោះការធ្វើដំណើរកម្សាន្ត អញ្ជើញចូលរួមក្នុងសន្និសីទកាសែតនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

    បង្កើតភាពជោគជ័យចំពោះ “Fly and Meet Double Bonus”​ and “Fly and Meet Double Bonus-Redefined”ដែលចាប់ផ្តើមបង្កើតឡើងក្នុងឆ្នាំ2018 និង2019 ដែលទទួលបានជោគជ័យជាប់ៗគ្នា។ ការប្រជុំសន្និបាតរបស់ប្រទេសថៃ និងការិយាល័យតាំងពិព័រណ៍ដែលហៅកាត់ថា TCEB​ និងក្រុមហ៊ុន Bangkok Airways បានប្រកាសបន្តពង្រីកយុទ្ធនានេះជាឆ្នាំទី3 ដែលដំណើរការជាមួយអត្ថប្រយោជន៏ថ្មី និងប្រសើរជាងមុន ដោយបានអញ្ជើញដៃគូយុទ្ធសាស្រ្ត Central Department Store (CDS) មកសហការជាមួយ ដើម្បីផ្តល់អភ័យឯកសិទ្ធិធ្វើការសហកាជាមួយអ្នកដំណើរ ស្ថិតក្រោមឈ្មោះ ថ្មីមួយទៀតថា “Fly, Meet, Shop” ដើ់ម្បីធ្វើឱ្យយុទ្ធនាការនេះកាន់តែប្រសើរជាងមុនបន្ថែមលើអភ័យឯកសិទ្ធិក្នុងការដើរទិញទំនិញ ហើយទទួលបានផលចំណេញបន្ថែមពីប្រទេសដែលជាដៃគូទាំង4។កញ្ញា Nooch Homrossukhon ដែលជាអគ្គនាយិកានៃការប្រជុំ និងផលកម្រៃរបស់កិច្ចប្រជុំសន្និបាតរបស់ប្រទេសថៃ និងការិយាល័យតាំងពិព័រណ៍ បានថ្លែងថា ភាពជោគជ័យរបស់យុទ្ធនាការនេះកាលពីឆ្នាំកន្លងទៅ បានផ្តល់នូវភាពរីកចម្រើនយ៉ាងខ្លាំងចំពោះអ្នកដំណើរកម្សាន្តពីប្រទេសទាំង4 មកកាន់ប្រទេសយើង។ ដោយមានការជួបជុំគ្នាចំនួន 44លើក និងផ្តល់កម្រៃចំណេញដល់អ្នកចូលរួមដល់ទៅ 10,542នាក់ដែលអញ្ជើញមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ទីផ្សារនេះមានការឧបត្ថម្ភដោយ ការប្រជុំសន្និបាតរបស់ប្រទេសថៃ និងការិយាល័យតាំងពិព័រណ៍ក្នុងឆ្នាំ2019 ដែលយើងបានកត់សម្គាល់ឃើញថា មានការកើនឡើង19% ពីឆ្នាំ2018។

    ដោយសារតែមានការរីកចម្រើនខ្លាំងបែបនេះ ទើបការប្រជុំសន្និបាតរបស់ប្រទេសថៃ និងការិយាល័យតាំងពិព័រណ៍ និងក្រុមហ៊ុន Bangkok Airways មានបំំណងបង្កើនប្រាក់ចំណេញឱ្យកាន់តែច្រើន និងផ្តល់បទពិសោធដល់ប្រទេសដែលជាដៃគូសហការចាប់តាំងពីពេលនេះ និងទៅថ្ងៃអនាគតដោយការបង្កើតជាក្រុមការងារជាមួយនឹង Central Department Store ដើម្បីធ្វើឱ្យយុទ្ធនាការនេះកាន់តែមានអ្នកចូលរួមច្រើនឡើងៗ និងមានអភ័យឯកសិទ្ធិទិញទំនិញពីមជ្ឈមណ្ឌលនៅកន្លែងផ្សេងៗគ្នាបានទៀតផង។ វាជាការពិតណាស់ គឺយើងជាដៃគូដែលចំណេញទាំងសងខាង ដោយប្រទេសថៃអ្នកអ្នកផ្គត់ផ្គង់ទំនិញ និងប្រទេសជាដៃគូទាំង4 ជាអ្នកទិញ។

    ប្រទេសដែលជាដៃគូមានក្តីសង្ឃឹមថា អាចជួយឱ្យសេដ្ឋកិច្ចរីកចម្រើនពី 6% ទៅ 7% ហើយប្រទេសថៃ ឥឡូវនេះមានផលិតផលថ្មី 115ប្រភេទដែលជួយដល់សេដ្ឋកិច្ចដែលដំណើរការ និងមានភាពទាក់ទាញនៅក្នុងតំបន់សេដ្ឋកិច្ច 7កន្លែង​ ក្នុងចំណោម 5ទីក្រុងសំខាន់ៗ។ យើងជឿជាក់ថា ផលិតផលទាំងអស់នេះអាចមានការពេញនិយម និង​ផ្តលអត្ថប្រយោជន៏ដំណើរការពាណិជ្ជកម្មចំពោះប្រទេស ជាដៃគូទាំង4។ នេះជាកាលើកឡើងបន្ថែមរបស់កញ្ញា Homrossukhon។

    លោក Varong Israsena Na Ayudhay ដែលជាអគ្គនាយករងផ្នែកទីផ្សាររបស់ក្រុមហ៊ុន Bangkok Airways ជួសមុខឱ្យក្រុមហ៊ុន Bangkok Airways បានមានប្រសាសន៍ថា៖ “ខ្ញុំសូមថ្លែងអំណរគុណចំពោះការប្រជុំសន្និបាតរបស់ប្រទេសថៃ និងការិយាល័យតាំងពព័រណ៍ដែលបានអនុញ្ញាតឱ្យពួកយើងចូលរួមក្នុងយុទ្ធនាការនេះសម្រាប់ឆ្នាំបន្តទៅទៀត ក្នុងនាមយើងខ្ញុំជាដៃគូយុទ្ធសាស្រ្តរបស់ “Fly, Meet, Shop” សម្រាប់ប្រទេសដែលជាដៃគូសហការទាំង4។ ប្រទេសទាំង4 គឺជាធនធានទីផ្សារយ៉ាងសំខាន់ចំពោះក្រុមហ៊ុនអាកាសចរណ៍ ដោយផ្អែកលើការធ្វើស្ថិតិរបស់ក្រុមហ៊ុន Bangkok Airways ដែលបានផ្តល់ជូននូវការទំនាក់ទំនងជើងហោះហើរដែលមានជម្រើសច្រើនពីប្រទេសកម្ពុជា ឡាវ មីយ៉ានម៉ា និងវៀតណាមមកកាន់ប្រទេសថៃ​ដែលអាចផ្តល់ជូននូវភាពបត់បែន និងផាសុកភាពចំពោះអ្នកដំណើរដែលបានសហការជាមួយយើង។

    បន្ថែមជាងនេះទៅទៀតយើងមានផ្តលជូនសេវាកម្មគ្រប់យ៉ាងក្រោមពាក្យស្លោក “Asia’s Boutique Airline” យើងខ្ញុំជឿជាក់ថា សេវាកម្មរបស់យើងពិតជាស័ក្តិសមបំផុតចំពោះអ្នកដំណើរពាណិជ្ជកម្ម។

    កញ្ញា Tippamas Kaysee ជាអគ្គនាយិការងផ្នែកទីផ្សារ និងទេសចរណ៍មកពីក្រុមហ៊ុន Central Department Store Limited បានមានប្រសាសន៏ថា នេះជាលើកទី1ហើយដែលក្រុមហ៊ុនយើងខ្ញុំធ្វើការសហការជាមួយការប្រជុំសន្និបាតរបស់ប្រទេសថៃ និងការិយាល័យតាំងពិព័រពណ៍ និងក្រុមហ៊ុន Bangkok Airways។ ក្រុមហ៊ុនយើងខ្ញុំពិតជាមានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ដែលបានចូលរួមជាផ្នែកមួយនៃទីផ្សារនេះ។

    ការផ្តោតអារម្មណ៏នោះគឺ ប្រទេសដែលជាដៃគូទាំង4 ដែល Central Department Store បានសម្លឹងឃើញពីភាពរីកចម្រើន និងមានអតិថិជនធ្វើដំណើរពីតំបន់ទាំងនោះមកកាន់ហាងរបស់យើង។ ក្នុងឆ្នាំ2019​ ប្រទេសកម្ពុជា គឺជាអ្នកឈរលើលំដាប់កំពូលក្នុងចំណោមប្រទេសដែលបានចុះឈ្មោះជាដៃគូ ដោយមានកំណើនកើនឡើង 10% បើធៀបនឹងឆ្នាំ2018។

    បច្ចុប្បន្ននេះ Central Department Store មាន​ 24សាខានៅទូទាំងប្រទេសថៃ ដែលគ្រប់ដណ្តប់លើតំបន់ទិសដៅសំខាន់ដូចជា Bangkok, Phuket and Chiang Mai. យើងមានម៉ាកសញ្ញា និងផលិតផលខុសៗគ្នា ជាពិសេសម៉ាកល្បីដែលអតិថិជនពេញចិត្ត ពួកគេអាចសន្សំ coupons  ដូរយកសាច់ប្រាក់នៅគ្រប់ទីកន្លែងនៃហាងរបស់ពួកយើង។

    ក្នុងឆ្នាំ2020 យុទ្ធនាការ “Fly, Meet, Shop’ នឹងផ្តល់ជូនភាពកាន់ងាយស្រួលចំពោះអ្នកដំណើរ និងអាចទទួលបានផលចំណេញផងដែរ។ អត្ថប្រយោជន៏រួមទាំងថវិកា ការផ្តល់ជូននៅសេវាកម្មឆាប់

    រហ័យទាន់ចិត្តនៅឯព្រលានយន្តហោះសុវណ្ណភូមិ ដែលមានការសម្ដែងជូននូវសិល្បៈបែបវប្បធម៌ ការបញ្ចុះតម្លៃ 10% ពីក្រុមហ៊ុន Bangkok Airways នៅពេលទិញទំនិញក្នុងយន្តហោះ។ ទិញ 30សំបុត្រ ទទួលបានការថែមជូនសំបុត្រ​1 ដោយឥតគិតថ្លៃ ទទួលបានការរៀបចំកន្លែងអង្គុយមុនគេ អាចឡើងយន្តហោះមុនគេ ទទួលបានការងាររៀបចំឥវ៉ាន់លើយន្តហោះមុនគេ និងផ្តល់ជូនបន្ថែមទម្ងន់ឥវ៉ាន់ 10គីឡូទៀតផង។ ចំពោះការដើរទិញទំនិញ Central Department Store ផ្តល់ជូន E-Cash coupon សម្រាប់ជាកាដូស្វាគមន៏។

    ដើម្បីទទួលបានអត្ថប្រយោជន៏នេះ ក្រុមនីមួយៗត្រូវរៀបចំឱ្យមានសមាជិកចាប់ពី 30នាក់ឡើងទៅ។ ធ្វើដំណើរតាមជើងហោះហើរទៅប្រទេសថៃតាមរយៈក្រុមហ៊ុន Bangkok Airways ហើយស្នាក់នៅទី

    នោះយ៉ាងហោចណាស់ 2យប់ ឬក៏ចូលរួមព្រឹត្តិការណ៍ដែលបានរៀបចំដោយប្រទេសថៃ ឬក៏អាចចុះឈ្មោះនៅឯសណ្ឋាគារក៏បាន។ ពាក្យសុំចូលរួមចាប់ផ្តើមបើកទទួលចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី15 ខែកញ្ញា ឆ្នាំ2020 ហើយការធ្វើដំណើរ ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2020 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ link ខាងក្រោម។

    https://www.businesseventsthailand.com/en/support-solution/meetings-incentives/campaign/flymeetshop

    *********

    For further information, please contact

    Mr. Chakrapong Pongwecharak
    Manager, Corporate Image and Communications Department
    Thailand Convention and Exhibition Bureau
    Email: [email protected], Tel: 66 2 694 6000 Ext 6097

    International Corporate Communications
    Bangkok Airways Public Company Limited
    Tel. 0-2265-5664, 5686 Fax. 0-2265-5665
    E-mail: [email protected]