Author: ធឿន មករា

  • ក្រសួង និង​អ្នកជំនាញ​កំពុង​សិក្សា​លើ​ដំណាំ​កៅស៊ូ​គ្រួសារ សំដៅ​បង្កើន​ចង្វាក់​តម្លៃ​កៅស៊ូ

    ក្រសួង និង​អ្នកជំនាញ​កំពុង​សិក្សា​លើ​ដំណាំ​កៅស៊ូ​គ្រួសារ សំដៅ​បង្កើន​ចង្វាក់​តម្លៃ​កៅស៊ូ

    ក្នុង​រយៈពេល​ជិត 1ទសវត្សរ៍​ចុងក្រោយ​នេះ ការធ្លាក់ចុះ​តម្លៃ និង​បញ្ហា​ដែល​កើតមានឡើង​ចំពោះ​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា បាន​បង្កបញ្ហា​ប្រឈម​ខ្លាំង​ដល់​កសិករ ដូច្នេះហើយ​ទើប​រដ្ឋាភិបាល បានបង្កើត​ការសិក្សា​ស្រាវជ្រាវ​មួយ ដោយ​ផ្តោតលើ​ដំណាំ​កៅស៊ូ​គ្រួសារ​នៅក្នុង​តំបន់​មួយចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

    អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានឱ្យដឹងថា ការសិក្សា​ស្រាវជ្រាវ​នេះ​នឹង​ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​ការធ្លាក់ចុះ​តម្លៃ​កៅស៊ូ​ចាប់តាំងពី​ឆ្នាំ2011មក ព្រមទាំង​ក្នុង​គោលបំណង​ស្វែងរក​បញ្ហា​ប្រឈម និង​ស្វែងយល់​ពី​របៀប​ដែល​កសិករ​ផ្តួចផ្តើម​ផលិត កែច្នៃ​ផលិតផល​កៅស៊ូ និង​ធ្វើ​ទីផ្សារ និង​ដើម្បី​វិភាគ​ខ្សែចង្វាក់​តម្លៃ​កៅស៊ូ​កម្ពុជា ឱ្យ​កាន់តែ​យល់ច្បាស់​អំពី​វិធីសាស្ត្រ​ដែល​អាចជួយ​ដល់​កសិករ​បាន។

    ឯកឧត្តម ប៉ុល សុ​ផា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ

    ឯកឧត្តម ប៉ុល សុ​ផា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ បានឱ្យដឹងថា ការសិក្សា​នេះ​នឹងត្រូវ​ធ្វើឡើង​ដោយមាន​ការសហការ​រ​វាង​ក្រសួងកសិកម្ម ជាមួយ​លោក Jean Christoph Diepart ជា​អ្នកស្រាវជ្រាវ​ឯករាជ្យ​មកពី​មហាវិទ្យាល័យ Gembloux Agri-Bio នៃ​សាកលវិទ្យាល័យ Liege ប្រទេស​បែលហ្ស៊ិក និង​ស្ថាប័ន​ពាក់ព័ន្ធ។

    យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​បានឱ្យដឹង​តាមរយៈ​អគ្គនាយកដ្ឋាន​កៅស៊ូ គម្រោង​នេះ​បានសម្រេច​កំណត់​គោលដៅ​សិក្សា​ស្រាវជ្រាវ​នៅក្នុង​ខេត្ត​ចំនួន3 ដែលមាន​ការដាំដុះ និង​ផលិត​កែច្នៃ​កៅស៊ូ​ចម្បង​នៅ​កម្ពុជា ដែល​រួមមាន ស្រុក​ស្ទឹងត្រង់ នៅក្នុង​ខេត្តកំពង់ចាម ស្រុក​ស្នួល ក្នុង​ខេត្តក្រចេះ និង​ស្រុក​បរ​កែវ ក្នុង​ខេត្តរតនគិរី ហើយ​ការសិក្សា​ស្រាវជ្រាវ​នេះ​បានចាប់ផ្តើម​កាលពី​ពាក់កណ្តាល​ខែមករា ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុង​ខែមិថុនា ឆ្នាំ2020 នេះ។

    នាយកដ្ឋាន​អភិវឌ្ឍន៍​កៅស៊ូ នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​បានឱ្យដឹងថា “ការសិក្សា​ស្រាវជ្រាវ​នេះ ជ្រើស​យក​ការសិក្សា​លើ​កៅស៊ូ​គ្រួសារ ព្រោះ​ពួកគេ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​កៅស៊ូ​ទេ”។ កៅស៊ូ​គ្រួសារ សំដៅលើ​កសិករ​ដែល​ដាំ​ដុះ​កៅស៊ូ​ក្នុង​ទំហំ​ផ្ទៃដី​តិចជាង 45ហិកតា។

    ទោះជា​យ៉ាងណា ការសិក្សា​នេះ​អាច​នឹង​ជួយ​ដោះស្រាយ​វិបត្តិ​តម្លៃ​កៅស៊ូ​នៅ​កម្ពុជា​បាន។ ប៉ុន្តែ​មិនទាន់មាន​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ ដោយ​រង់ចាំ​លទ្ធផល​នៃ​ការសិក្សា​នេះ​បញ្ចប់​សិន។ ពេលនោះ​នឹងមាន​ការធ្វើ​របាយការណ៍​លម្អិត ដោយ​នឹង​បញ្ចូល​ការស្រាវជ្រាវ​ទៅក្នុង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​សម្រាប់​វិស័យ​កៅស៊ូ។

    លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា

    លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា ការសិក្សា​ដែល​គេ​សំដៅ​ទៅលើ​អាជីវកម្ម​កៅស៊ូ​លក្ខណៈ​គ្រួសារ​នេះ ដោយសារតែ​វា​ខុសពី​កៅស៊ូ ដែល​ធ្វើ​លើដី​សម្បទាន។ ដំណាំ​កៅស៊ូ​លើ​ផ្ទៃដី​សម្បទានធំៗ គេ​បានធ្វើ​របាយការណ៍​ជូន​ក្រសួង​ជា​រៀងរាល់ឆ្នាំ អំពី​ការដាំដុះ ការអភិវឌ្ឍ​លើ​ផ្ទៃដី​បន្ថែម ជាដើម តែ​ចំពោះ​កៅស៊ូ​គ្រួសារ​វិញ គឺ​មិនមាន​របាយការណ៍​ច្បាស់លាស់​ទេ។

    លោក​ឧកញ៉ា លឹម ហេង បាន​មានប្រសាសន៍​បញ្ជាក់ថា៖​ “កៅស៊ូ​ក្រុមហ៊ុន​ដី​សម្បទាន គេ​មាន​តួលេខ​ដែល​បាន​រាយការណ៍​បញ្ជូនទៅ​ក្រសួងកសិកម្ម ឯ​កៅស៊ូ​គ្រួសារ​មិនមាន​តួលេខ​ច្បាស់លាស់​ទេ ហើយ​ពូជ​ទៀតសោត ក៏​មិនមាន​លក្ខណៈ​ស្តង់ដាឬ​ជា​ពូជ​មិនល្អ គ្មាន​ប្រភព​ច្បាស់លាស់ ដែល​អាច​នាំឱ្យ​ផល​ដែល​ទទួលបាន​មានគុណ​ភាព​អន់ ក្រសួង​ក្តាប់​មិន​ជុំ​ពី​ស្ថានភាព កៅស៊ូ​គ្រួសារ​នេះ​ទេ អុីចឹង​ហើយ​ទើប​ក្រសួង​ចុះ​សិក្សា​ដើម្បី​ប្រមូល​ទិន្នន័យ”។

    លោក​ឧកញ៉ា បាន​បន្ថែមថា មួយរយៈ​នេះ​ក្រោយពី​តម្លៃ​កៅស៊ូ​ធ្លាក់ចុះ កសិករ​មួយចំនួន​បាន​កាប់​ដើម​កៅស៊ូ​ចោល ដើម្បី​ដាំ​ដំណាំ​ផ្សេង​វិញ ហើយក៏​មិនមាន​តួលេខ​ពី​ការកាប់​ចោល ឬ​ដាំ​ប៉ុន្មាន និង​នៅសល់​ប៉ុន្មាន​នោះដែរ​សម្រាប់​ដំណាំ​កៅស៊ូ​គ្រួសារ​នេះ ដូច្នេះ​ក្រសួង​ចុះទៅ​សិក្សា​នេះ គឺជា​ការត្រឹមត្រូវ​ហើយ។

    លោក​ឧកញ៉ា​បាន​បញ្ជាក់ថា៖“ការសិក្សា​ទៅលើ​កៅស៊ូ​គ្រួសារ​នេះ គឺជា​ការខិតខំ​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ ពេញដៃពេញជើង​ក្នុងការ​សិក្សា និង​ប្រមូល​ទិន្នន័យ​ពិតប្រាកដ។ ខ្ញុំ​គិតថា ជាការ​ល្អបើសិន​ជាមាន​តួលេខ​ច្បាស់លាស់ វា​នឹង​បូក​បញ្ចូល​នូវ​ទិន្នន័យ​ដែល​បាន​ពី​ការសិក្សា​នោះ ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​វិស័យ​កៅស៊ូ​នៅ​ស្រុក​យើង​ផងដែរ ពីព្រោះថា ប្រសិនបើ​អ្នកវិនិយោគ​គេ​ចង់​ផលិត​កង់ឡាន ឬ​ផលិតផល​ពី​កៅស៊ូ​ស្រុក​ខ្មែរ គេ​ត្រូវ​ដឹង​ពី​តួលេខ​វត្ថុធាតុដើម​កៅស៊ូ​យើង​ថា ក្នុង1ឆ្នាំមាន​ប៉ុន្មាន?”

    លោក​ឧកញ៉ា លឹម ហេង បាន​បន្តថា៖“បើ​មិនបាន​សិក្សា​ឱ្យ​ច្បាស់លាស់​ទេ យើង​មិនដឹង​តួលេខ​ថា មាន​វត្ថុធាតុដើម​ប៉ុន្មាន​ត្រូវ​ផលិត​នោះទេ។ តើ​គេ​ដាក់​រោងចក្រ​សមស្រប​ឬ​អត់? សម្រាប់​អ្នកវិនិយោគ គេ​ត្រូវ​មើលថា តើ​ក្នុង 1ឆ្នាំ​ត្រូវ​ប្រើ​វត្ថុធាតុដើម​សម្រាប់​ផលិត​ចំនួន​ប៉ុន្មាន? តើ​ត្រូវ​ការដាំ​បន្ថែម​ប៉ុន្មាន​សម្រាប់​ការ​មក​ធ្វើ​វិនិយោគ”។

    លោក​ឧកញ៉ា​បាន​បញ្ជាក់ដែរថា៖ “ការសិក្សា​ដែល​យើង​អាច​ស្រង់​តួលេខ​បាន គឺ​សម្រាប់​ឱ្យគេ​វិនិយោគ ហើយ​សម្រាប់​អ្នកវិនិយោគ គេ​នឹង​អាច​វាយតម្លៃ​បាន ដែល​បើតាម​កៅស៊ូ​សរុប​របស់​យើង​មាន​ទំហំ​ប្រមាណ 434,552ហិកតា ទើប​ការចុះទៅ​សិក្សា​បន្ថែម​អំពី​កៅស៊ូ​គ្រួសារ​នេះ នឹង​អាច​ប្រមូល​ទិន្នន័យ​បាន​បន្ថែមទៀត បូក​បញ្ចូល​ទំហំ​ដែល​យើង​មាន​សម្រាប់​អ្នក​វិនិយោគិន ដែល​គេ​មក​វិនិយោគ​គេ​អាចធ្វើ​ការវាយតម្លៃ និង​ប៉ាន់ស្មាន​បាន”។

    យោងតាម​សេចក្តីរាយការណ៍​កន្លងមក កាលពី​ឆ្នាំ2011 កៅស៊ូ​មានតម្លៃ​ជា​មធ្យម 4,600 ដុល្លារ ក្នុង 1តោន ប៉ុន្តែ​កៅស៊ូ​បាន​ធ្លាក់​ថ្លៃ មក​នៅត្រឹម​ប្រហែល 1,350ដុល្លារ ក្នុង 1តោន​រហូតមកដល់​ដើមឆ្នាំ2020។

    ទិន្នន័យ​បង្ហាញថា គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ2019 ផ្ទៃដី​ដាំ​កៅស៊ូ​សរុប​មាន​ទំហំ 434,552ហិកតា ក្នុងនោះ​កៅស៊ូ​ដែល​អាច​ប្រមូល​ផល​បាន​មាន​ជាង 23ម៉ឺន​ហិកតា។

    ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​បាន​កើនឡើង 24% ក្នុង​រយៈពេល 11ខែ​ក្នុង​ឆ្នាំ2019 ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018 ដោយ​នាំចេញ​បាន 233,677តោន មានតម្លៃ 311លាន​ដុល្លារ ខណៈដែល​ការនាំចេញ​កៅស៊ូ​នៅ​ឆ្នាំ2018 មាន​ចំនួន 21ម៉ឺន​តោន មានតម្លៃ​ប្រមាណ 300លាន​ដុល្លារ។ នេះ​បើតាម​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​កៅស៊ូ៕

  • អគ្គនាយក​ក្រុមហ៊ុន​នាំចូល​គ្រឿងសង្ហារិម​ធំ​មួយ​នៅ​កម្ពុជា ចែករំលែក​គន្លឹះ​ជោគជ័យ​លើ​ទីផ្សា​ក្នុងស្រុក

    អគ្គនាយក​ក្រុមហ៊ុន​នាំចូល​គ្រឿងសង្ហារិម​ធំ​មួយ​នៅ​កម្ពុជា ចែករំលែក​គន្លឹះ​ជោគជ័យ​លើ​ទីផ្សា​ក្នុងស្រុក

    ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ដែល​កំពុងតែ​រីកចម្រើន​ឥតឈប់ឈរ និង​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ប្រជាជន​ក្នុងស្រុក និង​វិនិយោគិន​បរទេសបាន​ទាក់ទាញ​វិនិយោគិនថ្មីៗជាច្រើន​ឱ្យ​ងាក​មក​ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​នាំចូល​គ្រឿងសង្ហារិម។ ការវិនិយោគ​នេះ គឺ​ដើម្បី​បំពេញតម្រូវការ​ម្ចាស់​អាជីវកម្ម​ក្នុង​ទីផ្សារ​សំណង់​គេហដ្ឋាន និង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។

    តែក្នុងចំណោម​អ្នកវិនិយោគ​លើ​វិស័យ​នាំចូល​គ្រឿងសង្ហារិម​ទាំងអស់នោះ លោក ដួង អក្ខរា អគ្គនាយក​ក្រុមហ៊ុន ផ្គត់ផ្គង់​គ្រឿងសង្ហារិម អេស.អេ (S.A Solutions Co, LTD) ដែលជា​ក្រុមហ៊ុន​ធំជាងគេ​មួយ​ដែរ​នៅ​ប្រទេស​កម្ពុជាបាន​លើកឡើងថាការចាប់ផ្តើម​អាជីវកម្ម​លើ​វិស័យគ្រឿងសង្ហារិម​តុបតែង​ផ្ទះ​នេះ មិនមែនជា​រឿង​ងាយស្រួល​ពេក​ទេ ក្នុងការ​ធ្វើឱ្យ​សម្រេចបាន​ជោគជ័យ។

    លោក ដួង អក្ខរា អគ្គនាយក​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងសង្ហារិម អេស.អេ ថតរូបជាមួយបុគ្គលិក

    លោក ដួង អក្ខរា អគ្គនាយក​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងសង្ហារិម អេស.អេ  បាន​ចែករំលែក​គន្លឹះសំខាន់ៗចំនួន 6ចំណុច ដែលជា​បទពិសោធ​ផ្ទាល់ខ្លួន ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​របស់លោក​អាចឈរជើង​នៅក្នុង​អាជីវកម្ម​គ្រឿងសង្ហារិម​បាន​រហូតមកដល់​សព្វ​ថ្ងៃ ៖

    1. ត្រូវ​សិក្សា​ពី​ផែនការ​ឱ្យបាន​ច្បាស់លាស់៖ ត្រង់ចំណុច​នេះ លោក​ថា នៅក្នុង​វិស័យ​គ្រឿងសង្ហារិម មាន​ផ្នែក​ជាច្រើន​ខុសគ្នា ហេតុនេះ​បើ​យើង​ជា​ម្ចាស់​ក្រុមហ៊ុន​លក់​គ្រឿងសង្ហារិម ឬ​ចង់​វិនិយោគ​ក្នុង​វិស័យនេះ ចាំបាច់​ត្រូវ​គិត​ឱ្យ​ច្បាស់​ជាមុនសិន គឺ​ត្រូវ​សិក្សា​ផែនការ​ឱ្យបាន​លម្អិត និង​ច្បាស់លាស់ ព្រោះ​កាលណា​យើង​សិក្សា​បានច្បាស់លាស់​ក្នុង​ដំណើរ​ប្រតិបត្តិការ​ការនាំ​ចូល និង​ដំណើការ​លក់​គ្រឿងសង្ហារិម​ហើយ​នោះ វា​នឹង​បញ្ចៀស​បាន​នូវ​ហានិភ័យ​ចំពោះមុខ ចំពោះ​អតិថិជន។ ហេតុនេះ បើយើង​រកស៊ី​ក្នុង​វិស័យ​គ្រឿងសង្ហារិម យើង​ត្រូវ​គិត និង​សិក្សា​ពី​ផែនការ​ជាមុនសិន​នោះ​ទើប​កសាង​ទំនាក់ទំនង​បានយូរ​អង្វែង​ជាមួយ​គ្រប់​ដៃគូ​អាជីវកម្ម​នានា។

    2. ត្រូវ​សិក្សា​អំពី​ទីផ្សារ​នៅក្នុង​ប្រទេស ៖  មុននឹង​ចាប់ផ្ដើម​ប្រឡូក​នៅក្នុង​អាជីវកម្ម​នាំចូល គ្រឿងសង្ហារិម ការសិក្សា​ពី​ទីផ្សារ​ក្នុងប្រទេស ក៏​ជា​រឿង​សំខាន់​មួយ​ដែរ ព្រោះ​ដើម្បី​ឱ្យដឹងថា តើ​នៅ​កម្ពុជា តើ​មាន​ក្រុមហ៊ុន​ប៉ុន្មាន កំពុង​ប្រតិបត្តិកា​លើ​ការងារ​គ្រឿងសង្ហារិម? តើ​មានការ​ប្រកួតប្រជែង​ទីផ្សារ​កម្រិតណា? ហើយ​ថា តើ​យើង​គួរ​មាន​យុទ្ធសាស្ត្រ​បែបណា​ដើម្បី​យកឈ្នះ​ទីផ្សារ​នៅក្នុង​ប្រទេស​បាន?។

    លោក​បានបញ្ជាក់​ត្រង់ចំណុច​នេះ​បន្តថា អាជីវកម្ម​មួយ​ជោគជ័យ​បាន គឺ​ត្រូវការ​យុទ្ធសាស្ត្រ​ទីផ្សារ​ខ្លាំង។ ការធ្វើ​ទីផ្សារ ឬ​ភាគច្រើន​ត្រូវបាន​គេ​ហៅថា Marketing គឺជា​ដង្ហើម​របស់​អាជីវ​កម្ម។ អាជីវកម្ម​ខ្លះ ត្រូវ​ដួលភ្លាមៗ បន្ទាប់ពី​បើក​ដំណើរការ​មិនបាន​ប៉ុន្មាន​ផង បញ្ហា​ធំ​គឺ​ដោយសារតែ​ខ្សោយ​ខាង​ផ្នែក​យុទ្ធសាស្ត្រ​ទីផ្សារ។ ចេញ​រកស៊ី មិនមែន​ថា ឱ្យតែ​មាន​លុយ​បើក​ដំណើរការ​ហើយ មាន​គេ​មក​តម្រង់​ជួរ​ទិញ​នោះទេ យើង​ត្រូវការ​ការធ្វើ​ទីផ្សារ​ដើម្បី​ជំរុញ​ការលក់។

    ការធ្វើ Marketing បានល្អ នឹង​ជំរុញ​ឱ្យ​ផលិតផល ឬ​សេវាកម្ម​របស់​យើង​អាច​ចូលទៅក្នុង​ទៅ​ផ្សារ​បាន និង​មានការ​ទទួលស្គាល់​ពី​អតិថិជន​បាន​យ៉ាង​លឿន។

    3. សិក្សា​ពី​អ្នកប្រើប្រាស់៖ ទម្លាប់​របស់​ប្រជាជន​កម្ពុជា 1ចំណុច​ដែល​ធ្វើឱ្យ​អាជីវកម្ម​ខ្លះ​ដួល ហើយ​អាជីវកម្ម​ខ្លះទៀត​ជោគជ័យ​នោះ គឺ​ការចូល​ចិត្ត​អ្វីដែល​ថ្មី។ ទំនោរ​ចិត្ត​នេះ មិនមែន​តែ​អតិថិជន​នៅ​កម្ពុជា​នោះទេ គឺ​នៅ​ទូទាំង​ពិភពលោក​តែម្តង តែ​អ្វីដែល​ប្លែក​នោះ គឺ​អតិថិជន​កម្ពុជា​ឆាប់​ណាយ ហើយ​ចូលចិត្ត​អ្វី​តែមួយឆាវៗទេ។ ឧទាហរណ៍​ដូចជា ផ្សា​រាត្រី ផ្សារ​កុង​តឹ​ន័​រ គុយទាវ​ទូក​ជាដើម ដែលមាន​ភ្ញៀវ​កកកុញ​ពេល​ចូល​ទីផ្សារ​ដំបូង តែយូរៗទៅ​ក៏​អស់​ភ្ញៀវ​ស្ងាត់​សូន្យ​តែម្តង។ អាជីវកម្ម​ទាំងឡាយ ត្រូវតែ​ត្រៀម​គ្រប់ពេល ដើម្បី​ផ្លាស់ប្តូរ​នូវ​អ្វីដែល​ថ្មី​សម្រាប់ការបត់បែន​របស់​អតិថិជន។

    4. រៀបចំ​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​ឱ្យបាន​ត្រឹមត្រូវ៖ ដើម្បី​ទទួលជោគជ័យ​ក្នុង​មុខ​ជំនួញ លោក​ថា ក្រោយពី​យើង​បានរៀបចំ​ផែនការ​ទុក​មុន​រួចរាល់​ហើយ។ នៅក្នុង​អាជីវកម្មនីមួយៗ មាន​យុទ្ធសាស្ត្រ​គ្រប់គ្រងខុសៗគ្នា និង​អាស្រ័យ​លើ​ទំហំ និង​ប្រភេទ​នៃ​អាជីវកម្ម។ ការ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ល្អ អាចធ្វើឱ្យ​ម្ចាស់​អាជីវកម្ម​មិនសូវ​ឈឺក្បាល ហើយ​អាជីវកម្ម​នឹង​ដំណើរការ​ទៅបាន​ដោយ​រលូន។

    ការ​រចនា​ប្រព័ន្ធគ្រប់គ្រង​អាជីវកម្ម គឺ​រៀបចំ​ដោយ​ម្ចាស់​អាជីវកម្ម ឬ​សហ​ស្ថាបនិក​ដែល​យល់ច្បាស់​អំពី​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន។ ដូចនេះ ការរៀបចំ​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​ឱ្យបាន​ត្រឹមត្រូវ គឺជា​រឿង​សំខាន់​ដែរ ព្រោះ​វា​នឹង​ជួយ​យើង​ឱ្យបំពេញ​ភារកិច្ច​បាន​តា​ម​ផែនការ ដាក់​បុគ្គលិក​ត្រូវ​ជំនាញ ត្រូវ​កន្លែង ដែលជា​សមត្ថភាព​ពិត​របស់​ពួកគេ​ផ្ទាល់ ដើម្បី​ងាយ​បំពេញការងារ​បាន​ជោគជ័យ។

    5. ត្រូវមាន​ភាពក្លាហាន និង​ហ៊ាន​ប្រថុយ៖ តាំងពី​ចាប់ផ្តើម​អាជីវកម្ម លោក​ប្រឈម​បញ្ហា​ជាច្រើន​លើ​ការបោកប្រាស់ នៅពេលដែល​គ្រឿងសង្ហារិម​បាន​កុម្ម៉ង់ និង​កក់​ប្រាក់​រួចហើយ តែ​ត្រូវគេ​មិន​ផ្តល់ឱ្យ។ តែ​ចំណុច​នេះ លោក​មិន​រារែក​ទេ និង​តែង​ប្រាប់​ខ្លួនឯង​ថា បើ​ហ៊ាន​ប្រឡូក​ក្នុង​អាជីវ​កម្មនេះ ត្រូវតែ​ហ៊ាន​ខាតបង់​ខ្លះ ទុកជា​មេរៀន​ថ្ងៃក្រោយ ព្រោះ​ការខាតបង់ មិនមែន​មាន​រហូត​នោះទេ។

    លោក​បន្តថា បើ​យើង​មិន​ក្លាហាន យើង​មិនអាច​ចេញ​រកស៊ី​បានទេ ហើយ​បើ​យើង​មិនចេះ​ស៊ូ​នៅក្នុង​ការរកស៊ី​អាជីវកម្ម យើង​ក៏​មិនអាច​មាន​ភាព​រីកចម្រើន​បានដែរ ហេតុនេះហើយ​យើង​ត្រូវតែ​ដាក់ចិត្ត​មួយ​ថា ទៅឱ្យ​ដល់ មុជ​ឱ្យ​ជ្រៅ ព្រោះ​កាលណា​បើ​យើង​ដាក់ចិត្ត​ខំប្រឹង​ហើយ​នោះ ច្បាស់​ជា​អាច​ទទួលបាន​ផ្លែផ្កា​នៅពេល​ណាមួយ​ជាក់​ជាមិនខាន។

    6. ភាពជឿ​ទុកចិត្ត​ខ្ពស់៖ មុខរបរ​បម្រើសេវា​ក​ម្ម​លើ​គ្រឿងសង្ហារិម​នេះ លោក​ថា មាន​ភាពផុយស្រួយ​ណាស់។ យើង​ធ្វើការ​ជាមួយ​ចិត្ត និង​ចិត្ត គេ​ចង់បាន​អីយើង​បម្រើ​ទៅតាម​សេចក្តីត្រូវការ​របស់​អតិថិជន ថែរក្សា​អតិថិជន កុំឱ្យ​ថ្នាំងថ្នាក់​ចិត្ត បម្រើ​ឱ្យមាន​ប្រសិទ្ធភាព។ បើ​និយាយ​ពី​រឿង​ការងារ​រកស៊ី មុខ​ជំនួញ​ណា​ក៏មាន​ការប្រកួតប្រជែង​គ្នា​ដែរ ប៉ុន្តែ​មុខ​ជំនួញ​គ្រឿងសង្ហារិម លោក​គិតថា មានការ​ប្រកួតប្រជែង​គ្នា​ខ្លាំងជាងគេ។

    លោក​បន្តថា ដោយសារ​យើង​រកស៊ី​ក្នុង​វិស័យនេះ ភាគច្រើន​ទាក់ទង​តែ​ជាមួយ​អ្នក​ដែលមាន​លុយ អ្នកមាន​មុខមាត់​នៅក្នុង​សង្គម។ ពួកគាត់​ទាំងនោះ ចង់បាន​អ្វីដែល​ល្អ មានគុណ​ភាព  ដូច្នេះ យើង​ចាំបាច់​ត្រូវ​ផ្តល់នូវ​ទំនុកចិត្ត​ខ្ពស់​ដល់​អតិថិជន។

    សូមបញ្ជាក់​ជូន​ដែរ​ថា ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងសង្ហារិម អេស.អេ (S.A Solutions Co, LTD) ជា​ក្រុមហ៊ុន​នាំចូល​គ្រឿងសង្ហារិម​ដ៏​ធំ​មួយ​នៅ​កម្ពុជា។

    មាន​វត្តមាន​ត្រឹមតែ​ជិត 10ឆ្នាំ​ក្នុង​ទីផ្សារ​កម្ពុជា​ប៉ុណ្ណោះតែ​ក្រុមហ៊ុន​ទទួលបាន​ការបញ្ជាទិញ​កើនឡើង​យ៉ាងច្រើន ដោយ​ការលក់ បាន​កើនឡើង​ពី20% ក្នុង​ឆ្នាំ​ដំបូង រហូតដល់ 80% ក្នុង​ឆ្នាំ​បន្ទាប់ ដោយ​ក្នុង 1ឆ្នាំការលក់​អាច​កើនឡើង​ប្រហែលជា4ដង។

    បើ​និយាយ​ពី​ការកកើត​ក្រុមហ៊ុន​នេះ​វិញ ពីដំបូង​មានតែ​បុគ្គលិក​តែ 2នាក់​ប៉ុណ្ណោះ តែ​រហូតមកដល់​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​បាន​វិ​វ​ឌ្ឍ​ខ្លួន រហូតដល់​មាន​បុគ្គលិក​ជាង 40នាក់ និង​មាន 3សាខា​នៅ​កម្ពុជា។ សម្រាប់​ឆ្នាំ2020នេះ ក្រុមហ៊ុន​គ្រោង​នឹង​ពង្រីក​សាខា​នៅ​ទីតាំង5 បន្ថែមទៀត ដើម្បី​ឆ្លើយ​នឹង​តម្រូវការ​ទីផ្សារ​គ្រឿងសង្ហារិម នៅ​កម្ពុជា​ដែល​កំពុងមាន​សម្ទុះ​ខ្លាំង។

    ជារួម​មក បើសិនជា​អ្នកវិនិយោគ​នៅក្នុង​វិស័យ​គ្រឿងសង្ហារិម ប្រកាន់ខ្ជាប់​នូវ​គន្លឹះ​ទាំង 6ចំណុច​ខាងលើ​នោះ នឹង​ទាក់ទាញ​បាន​ប្រជាប្រិយភាព ការជឿទុកចិត្ត និង​ការគាំទ្រ​ពី​អតិថិជន ដែល​ធ្វើឱ្យ​ជំនួញ​ប្រភេទ​នេះ​ជោគជ័យ​មិន​ខាន៕

  • ឆ្នាំ2020 កម្ពុជា​ចាប់ផ្តើម​ព​ន្លឿ​ន​ដំណើរការ​បច្ចេកវិទ្យា 5G

    ឆ្នាំ2020 កម្ពុជា​ចាប់ផ្តើម​ព​ន្លឿ​ន​ដំណើរការ​បច្ចេកវិទ្យា 5G

    វគ្គ​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា​5G ដែល​រៀបចំឡើង​ដោយ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន(ហៅ​កាត់​ថា CAICT)សម្រាប់​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី6 ដល់​ថ្ងៃទី10 ខែមករា ឆ្នាំ2020 កន្លងទៅ​នៅ​ទីក្រុង​ប៉េកាំង ត្រូវបាន​បិទ​បញ្ចប់​ហើយ​ក្រោម​អធិបតីភាព​រដ្ឋលេខាធិកា​រ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

    វគ្គ​បណ្តុះបណ្តាល​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ចែករំលែក​នូវ​បទពិសោធ​ដល់​មន្ត្រី​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ស្តីអំពី​គោលនយោបាយ​សម្រាប់​ការគាំទ្រ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ 5G និង​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ​នៃ​បទពិសោធ​អំពី​ការដាក់​ពង្រាយ 5G របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បណ្តា​ប្រទេស​មួយចំនួនទៀត។

    ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍ថា៖“បច្ចេកវិទ្យា​5G គឺជា​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ដ៏​សំខាន់ ក្នុង​ការកសាង​បណ្តាញ​ត​ភ្ជាប់​ដ៏​ពេញលេញ និង​វៃឆ្លាត​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ជំរុញឱ្យមាន​ផែនទី​បង្ហាញផ្លូវ​នៃ​ការរៀបចំ​ប្រព័ន្ធ​5G (5G roadmap)និង​ចាប់ផ្តើម​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ឆ្នាំ2020 នេះ”។

    ឯកឧត្តម​បាន​បន្តថា៖“នៅ​ប៉ុន្មាន​ខែ​ខាងមុខ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC)នឹងធ្វើ​ការ​លើ​ការរៀបចំ​ផែនទី​បង្ហាញ ផ្លូវ សម្រាប់​បច្ចេកវិទ្យា 5G (5G roadmap) និង​ប្តេជ្ញា​ជំរុញការអភិវឌ្ឍ​ប្រព័ន្ធ 5G នៅ​ឆ្នាំ2020 សម្រាប់​ប្រទេស​កម្ពុជា។

    ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​ភាពចាស់ទុំ​នៃ​ខ្សែចង្វាក់​ឧស្សាហកម្ម 5G នឹងមិន​ត្រឹមតែ​ជំរុញ​ការផ្លាស់ប្តូរ និង​ការធ្វើឱ្យ​ឧស្សាហកម្ម​បែប​ប្រពៃណី​មាន​ភាពប្រសើរឡើង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ចូលរួម​បង្កើត​មុខជំនួញថ្មីៗ ជាច្រើន​ទៀតផង​ដែរ”។

    ឯកឧត្តម​បាន​បញ្ជាក់ថា៖“បច្ចេកវិទ្យា​5G បាន​ក្លាយជា​កម្លាំង​ថាមពល​ថ្មី​មួយទៀត ដែល​អាចឱ្យ​យើង​អាច​ទាញយក​នូវ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី4 និង​ជា​កត្តា​ជំរុញ​មួយ​ក្នុង​ការសម្រេច​ចក្ខុវិស័យ​ដែល​បាន​ដាក់ចេញ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការប្រែក្លាយ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ទៅជា​ប្រទេសមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050 ”។

    គួរបញ្ជាក់​ផងដែរ​ថា CAICT គឺជា​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ស្ថិតក្រោម​ក្រសួង​ឧស្សាហកម្ម និង​ព័ត៌មានវិទ្យា​ចិន (MIIT)។ CAICT បាននិងកំពុង​ផ្តល់នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​យុទ្ធសាស្ត្រ ផែនការ គោលនយោបាយ ស្តង់ដា ការសាកល្បង និង​វិញ្ញាបនបត្រ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា និង​ព័ត៌មាន និង​កម្មវិធី​ព័ត៌មានវិទ្យា​នៅក្នុង​ប្រទេស​ចិន។

    តាមរយៈ​ការបណ្តុះបណ្តាល​រយៈពេល 5ថ្ងៃ​កន្លងមកនេះ ក៏បាន​លើកឡើង​នូវ​ប្រធានបទ​ជាច្រើន​ដូចជា យុទ្ធសាស្ត្រ​នៃ​បច្ចេកវិទ្យា ​5G និង​ការអភិវឌ្ឍ​ឧស្សាហកម្ម​ជាស​កល និង​សម្រាប់​ប្រទេស​ចិនប្រធានបទ​ស្តីអំពី​ស្តង់ដា និង​បច្ចេកវិទ្យា​ 5G ការចែករំលែក​ហេដ្ឋារចនាសម្ព័ន្ធ​5G ផែនការ និង​ការគ្រប់គ្រង​វិសាល​គម​ន៍​ (Spectrum) សន្តិសុខ​អុីន​ធើ​ណិ​តនៃ​ប្រព័ន្ធ​ 5G សេវាកម្ម និង​កម្មវិធីផ្សេងៗនៃ​បច្ចេកវិទ្យា​5G។ល។ ក្រៅពីនោះ វគ្គ​បណ្តុះបណ្តាល​ក៏មាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន China Unicom និង China Telecom ដើម្បី​ចែករំលែក​នូវ​បទពិសោធ​របស់​ពួកគេ អំពី​ការដាក់​ពង្រាយ​ប្រព័ន្ធ 5G ជា​ផ្លូវការ​នៅក្នុង​ប្រទេស​ចិន​ផងដែរ។

    ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Lu Jianwen អគ្គនាយករង​នៃ​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ក្រសួង​ឧស្សាហកម្ម និង​ព័ត៌មានវិទ្យា​ចិន (MIIT) លោកស្រី Wang Zhiqin អនុប្រធាន​នៃ CAICT និង​លោក Victor Zhang អគ្គនាយក​បច្ចេកទេស​នៃ​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា ដែល​នេះ​ជា​កិច្ចពិភាក្សា​ស៊ីជម្រៅ​ស្តីអំពី​គំរូ​នៃ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​5G នៅ​កម្ពុជា​តាម​ទស្សនៈ​នៃ​ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន​ចិន (MIIT) បណ្ឌិត្យសភា​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន​ចិន(CAICT) និង​ក្រុមហ៊ុន Huawei។

    ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​គណៈប្រតិភូ​បាន​អញ្ជើញ​ទស្សនកិច្ច​មជ្ឈមណ្ឌល​ពិព័រណ៍ R&D (Executive Briefing Center) នៃ​ក្រុមហ៊ុន Huawei នៅ​ទីក្រុង​ប៉េកាំង។ ក្រុមហ៊ុន Huawei បានបង្ហាញ​នូវ​ផលិតផល និង​ដំណោះស្រាយ​ចុងក្រោយ នៃ​ប្រព័ន្ធ​5G និង​បទ​បង្ហាញ​ស្តីអំពី​បទពិសោធ​នៃ​បច្ចេកវិទ្យា​5G សម្រាប់​ទីផ្សារ​ពិភពលោក។

    នៅក្នុងពេល​ទស្សនកិច្ច​នោះ គណ:ប្រតិភូ​កម្ពុជា​បាន​ស្វែងយល់​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា 5G នៅក្នុង​វិស័យផ្សេងៗ ដូចជា ទីក្រុង​ឆ្លាត​វៃ ការអប់រំ​ឆ្លាត​វៃសុខាភិបាល​ឆ្លាត​វៃ សន្តិសុខ​សណ្តាប់ធ្នាប់ និង​វិស័យផ្សេងៗទៀត​ដែល​បច្ចេកវិទ្យា​នេះ​នឹង​ជួយ​ដល់​ការបង្កើន​ប្រសិទ្ធភាព​ការងារ និង​គុណភាព​នៃ​ជីវិត​នាពេល​អនាគត និង​ជាពិសេស គឺ​ការចាប់ផ្តើម​ព​ន្លឿ​ន​ដំណើរការ​បច្ចេកវិទ្យា​5G សម្រាប់​កម្ពុជា​នៅ​ឆ្នាំ2020 នេះ៕

  • នៅពេលរាងកាយខ្វះ “វីតាមីន” នឹងហុចផលអាក្រក់ដល់សុខភាពរបស់យើង (តចប់)

    នៅពេលរាងកាយខ្វះ “វីតាមីន” នឹងហុចផលអាក្រក់ដល់សុខភាពរបស់យើង (តចប់)

    វីតាមីន និងសារធាតុរ៉ែ ជាសារធាតុអាហារដែលចាំបាច់ខ្លាំងណាស់ចំពោះការធ្វើការងាររបស់ប្រព័ន្ធផ្សេងៗក្នុងរាងកាយមនុស្សយើង ហើយបើទោះជារាងកាយនឹងត្រូវការវីតាមីន និងសារធាតុរ៉ែត្រឹមតែបន្តិចបន្តួចក៏ដោយ ក៏នៅតែមិនអាចខ្វះបានជាដាច់ខាត ព្រោះបើសិនរាងកាយរបស់អ្នកមិនបានទទួលវីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់នោះ វាអាចធ្វើឱ្យរូបអ្នកឈឺថ្កាត់បានភ្លាមៗតែម្ដង ហើយខាងក្រោមនេះ គឺអាការដែលបង្ហាញថា រាងកាយរបស់អ្នកខ្វះវីតាមីនហើយ…។

    8ជំងឺដំបៅចង្វែកមាត់រោគដំបៅចង្វែកមាត់ ជារោគដែលអាចកើតឡើងបាននៅលើមនុស្សគ្រប់ភេទ គ្រប់វ័យ និអាចបាត់ទៅវិញដោយឯកឯងក្នុងរយៈពេលដ៏ខ្លី តែក៏មានឱកាសអាចកើតឡើងម្ដងទៀតដដែលៗបានដែរ។ អ្នកដែលកើតជំងឺនេះ នឹងមានស្នាមរយះនៅត្រងចង្វែកមាត់ទាំងសងខាង បើមិនប្រញាប់ព្យាបាលទេ អាចក្លាយជាឧបសគ្គដល់ការនិយាយស្ដី ឬញ៉ាំអាហារបាន ហើយមូលហេតុរបស់រោគដំបៅចង្វែកមាត់នេះ ក៏កើតពីការដែលរាងកាយស្ថិតក្នុងសភាពទន់ខ្សោយ មានប្រព័ន្ធប្រឆាំងជំងឺទាប ឬសភាវខ្វះវីតាមីនB ជាពិសេសវីតាមីនB2 វីតាមីនB3 និងវីតាមីនB12 រួមទាំងការខ្វះសារធាតុរ៉ែស័ង្កសី និងសារធាតុដែក។

    9ឈឺស្ពឹកនៅត្រង់ចុងដៃ និងចុងជើងនៅពេលរាងកាយខ្វះវីតាមីន B1 វីតាមីនB6 និងវីតាមីនB12  ច្រើនតែធ្វើឱ្យកើតអាការឈឺស្ពឹកនៅលើចុងដៃ ចុងជើង ដោយវីតាមីន B1 និងវីតាមីន B6 មានចំណែកពាក់ព័ន្ធនឹងការសាងប្រព័ន្ធទំនាក់ទំនងប្រសាទ និងការបញ្ជូនសញ្ញាប្រសាទ។ ចំណែកឯវីតាមីនB12 វិញ ពាក់ព័ន្ធនឹងការផលិតសាច់ភ្នាស ម៉ៃអុិលិន ដែលមានតួនាទីជួយបញ្ជូនសញ្ញាក្រសែប្រសាទ។ ដូច្នេះហើយទើបការខ្វះវីតាមីនទាំងអស់នេះ នឹងធ្វើឱ្យរាងកាយកើតមានអាការខុសប្រក្រតី ឈឺស្ពឹកនៅលើសរសៃប្រសាទរង្វង់ក្រៅ ឬចុងដៃ ចុងជើងហ្នឹងឯង។

    10ក្រចកដៃជើងផុយស្រួយនៅពេលរាងកាយរបស់អ្នកមានសារធាតុដែកទាប រាងកាយផ្នែកខ្លះនឹងចាប់ផ្ដើមបង្ហាញភាពទន់ជ្រាយចេញមកក្នុងរូបបែបរបស់ក្រចកដៃជើងដែលផុយស្រួយ ឬសាច់ភ្នាសភ្នែកឡើងស្លេក។ ស្ត្រីដែលមានវដ្តរដូវមកច្រើន នឹងប្រថុយប្រថាននឹងការខ្វះសារធាតុដែកកាន់តែខ្លាំងឡើង ដូចគ្នានឹងអ្នកដែលទទួលទានមំសៈអាហារ(តមអាហារដែលមានសាច់)រយៈពេលយូរដែរ។ ដោយសារតែរាងកាយអាចបឺតជ្រាបសារធាតុដែកបានល្អបំផុតពីសាច់សត្វ ដូច្នេះអ្នកដែលទទួលទានមំសៈអាហារគួរផ្ដល់ភាពសំខាន់ទៅលើការទទួលបន្លែដែលសម្បូរដោយសាធាតុដែក ដូចជា ស្លឹកផ្ទី ឬគ្រាប់សណ្ដែក រួមទាំងអាហារដែលមានវីតាមីនCខ្ពស់ ដើម្បីបង្កើនការបឺតជ្រាបសារធាតុដែកចូលទៅក្នុងរាងកាយ។

    11ឆ្អឹងស្រួយ ងាយប្រេះ បាក់ភាពប្រថុយប្រថានក្នុងការកើតរោគឆ្អឹងស្ដើង សភាវឆ្អឹងផុយមិនរឹងមាំ និងឆ្អឹងងាយបាក់ ដោយសារតែបណ្ដុំឆ្អឹងថយចុះនេះ បណ្ដាលមកពីរាងកាយខ្វះកាល់ស្យូម ព្រោះឆ្អឹងរបស់មនុស្សយើង នឹងរឹងមាំខ្លាំងក្លាបំផុតនៅពេលមានអាយុប្រមាណជា30ឆ្នាំ មុននឹងបាត់បង់កាល់ស្យូមជាបណ្ដើរៗទៅវិញ។ ការទទួលទានកាល់ស្យូមក្នុងកម្រិតដែលសមរម្យជាប់ជាប្រចាំ គឺជារឿងសំខាន់ណាស់ ជាពិសេស ស្ត្រីក្នុងវ័យអស់វដ្តរដូវ ដែលមានភាពប្រថុយប្រថានជាមួយសភាវឆ្អឹងផុយមិនរឹងមាំខ្ពស់៕

  • បងៗស្រ្តីមេផ្ទះ ញ៉ាំផ្លែក្រូចហើយ កុំចោលសម្បក ព្រោះវាមានគុណប្រយោជន៍អាចប្រើការបានច្រើនយ៉ាងទៀត

    បងៗស្រ្តីមេផ្ទះ ញ៉ាំផ្លែក្រូចហើយ កុំចោលសម្បក ព្រោះវាមានគុណប្រយោជន៍អាចប្រើការបានច្រើនយ៉ាងទៀត

    ពេលបងៗស្រ្តីមេផ្ទះទាំងឡាយទិញផ្លែក្រូចមកពិសា មិនថាតែក្រូចឆ្មារ ក្រូចពោធិ៍សាត់ ឬក្រូចថ្លុងក៏ដោយ សូមកុំអាលបោះចោលសម្បកវា ព្រោះវានៅអាចយកមកប្រើប្រាស់ជាប្រយោជន៍ផ្សេងៗទៀតបាន ដូច្នេះបើបងៗចង់ដឹងថា តើសម្បកផ្លែក្រូចទាំងនោះមានប្រយោជន៍អ្វីខ្លះនោះសូមអានជាបន្ត…។

    -​ សម្បកផ្លែក្រូចឆ្មារ
    . យកមកដុសនៅតាមកន្លែងផ្សេងៗលើរាងកាយពេលងូតទឹក វានឹងជួយកម្ចាត់ស្នាមក្អែល ធ្វើឱ្យរាងកាយស្អាតក្រអូបស្រស់ថ្លា។
    . ដាក់សម្បកផ្លែក្រូចឆ្មារចូលទៅក្នុងទឹកតែក្ដៅឧណ្ហៗ ដើម្បីបង្កើនរសជាតិឱ្យរឹតតែឈ្ងុឆ្ងាញ់ឡើង។
    . ដាក់សម្បកផ្លែក្រូចឆ្មារចូលទៅក្នុងសាច់មាន់ពេលដាក់អាំង ដើម្បីបង្កើនក្លិន និងមានរសជាតិកាន់តែគួរឱ្យចង់ទទួលទានឡើងទៀត។
    – សម្បកផ្លែក្រូចពោធិ៍សាត់
    . បង្កើនភាពស្រទន់ដល់ស្ករក្រហម(ស្ករត្នោត) ដោយការយកដាក់ចូលទៅក្នុងដបកែវដាក់ស្ករក្រហម។
    . ធ្វើជាគ្រឿងផ្សំនៅក្នុងភេសជ្ជៈប្រភេទ ខក់ធេល។
    . បន្ថែមភាពក្រអូបប្រហើរដល់ស្រោមជើងឈុតក្នុង ដោយការធ្វើវាឱ្យស្ងួត រួចដាក់ចូលក្នុងកញ្ចប់ ឬថង់ ហើយចោះប្រហោងឱ្យមានក្លិនសាយភាយចេញមក រួចយកទៅដាក់នៅក្នុងទូខោអាវ ឬថតតុជាដើម។
    . ធ្វើជាជីរុក្ខជាតិ ដោយនាំយកទៅដាក់គរចោលនៅត្រង់គល់ដើមឈើ ហើយទុកឱ្យវារលួយជ្រាបចូលទៅក្នុងដីដោយខ្លួនឯង។
    . យកមកដុសលាបលើស្បែក ដើម្បីបណ្តេញសត្វល្អិតដែលមករំខាននៅពេលយប់។

    – សម្បកផ្លែក្រូចថ្លុង
    . យកសម្បកក្រូចថ្លុងដែលឆ្លងកាត់ការស្ងោរហើយ មកដុសខាត់ភាជនៈប្រភេទអាលុយមីញ៉ូម
    ដូចជាវែកឆា វែកបាយជាដើម-ល- នឹងធ្វើឱ្យភាជនៈទាំងនោះឡើងភ្លឺរលោងដូចថ្មីមិនខាន។
    . យកមកចម្រាញ់ធ្វើជាទឹកអប់ក្លិនក្រូច។
    . យកមកធ្វើជាដំណាប់ មានរសជាតិប្លែក ផ្អែមឈ្ងុយឆ្ងាញ់៕

  • កុំចិញ្ចឹមកូនតាមបែបអ្នកដទៃព្រោះការចិញ្ចឹមកូនមិនអាចធ្វើតាមគ្នាបានទេ

    កុំចិញ្ចឹមកូនតាមបែបអ្នកដទៃព្រោះការចិញ្ចឹមកូនមិនអាចធ្វើតាមគ្នាបានទេ

    កុំចិញ្ចឹមកូនតាមអ្នកដទៃ ព្រោះការចិញ្ចឹមកូន មិនអាចធ្វើតាមគ្នាបានទេ មិនថាទ្រឹស្តីណាការចិញ្ចឹមកូនបែបណាដែលគេនាំគ្នានិយាយ ឬចែករំលែកតគ្នាថា វាល្អ វាប្រពៃផុតកំពូលក៏ដោយ តែសម្រាប់ Lifestyle របស់លោកឪពុកអ្នកម្ដាយ បើវាត្រឹមត្រូវ ក៏គឺត្រឹមត្រូវ តែបើវាមិនត្រូវនឹងយើង យ៉ាងណាក៏នៅតែមិនត្រូវនឹងយើងដែរ…។

    កូនរបស់អ្នកណា កូនរបស់អ្នកហ្នឹងតើអ្នកម្ដាយទាំងឡាយធ្លាប់ទេ ជាពិសេសអ្នកម្ដាយថ្មោងថ្មី ដែលអានអត្ថបទពីគ្រូពេទ្យ ពីគ្រូពេទ្យចិត្តសាស្ត្រ ពីឪពុកម្ដាយដែលសរសេរពីអត្ថបទចិញ្ចឹមកូន ដែលគេថាធ្វើយ៉ាងនេះ វាល្អយ៉ាងនោះ ចិញ្ចឹមបែបនេះ បានកូនឆ្លាត និងទទួលបានជោគជ័យ ឬត្រូវចិញ្ចឹមកូនបែបនេះ ទើបកូនធំឡើងក្លាយជាអ្នកមានជាដើម -ល- និង-ល-។ តែការពិតទៅ ការចិញ្ចឹមកូនបែបនេះ ឬបែបនោះ វាមិនស័ក្តិសមជាមួយក្មេងគ្រប់រូបនោះទេ ព្រោះក្មេងម្នាក់ៗមានភាពខុសប្លែកពីគ្នា មានភាពជាខ្លួនឯងមិនដូចគ្នា មិនអាចធ្វើតាមគ្នាបានទេ តឱ្យជាកូនភ្លោះនឹងគ្នា ដែលទោះជាយើងធ្លាប់ឃើញពួកគេស្លៀកខោអាវដូចគ្នាក៏ដោយ តែការពិតទៅ កូនរបស់យើងអាចនឹងមិនចង់ដូចអ្នកណា ក៏អាចថាបានដែរ មែនទេអ្នកម្ដាយទាំងឡាយ?

    ព្រោះវាគ្មានអ្វីមកធានាបានថា បើយើងបង្ហាត់បង្រៀនកូនរបស់យើង ដោយយកវិធីរបស់អ្នកដទៃមកប្រើ នឹងទទួលបានជោគជ័យដូចគេនោះឡើយ ព្រោះវាមានបច្ច័យជុំវិញខ្លួនផ្សេងៗដែលចូលមកធ្វើជាអ្នកជំរុញ និងប្រាកដណាស់! យ៉ាងហោចណាស់ក៏ចរិតនិស្ស័យរបស់កូនយើង និងកូនគេ មិនបានដូចគ្នាគ្រប់ប្រការដែរ។

    កុំចិញ្ចឹមកូនតាមបែបអ្នកដទៃ ត្រូវចិញ្ចឹមកូនយើង ឱ្យក្លាយជាកូនយើងក្មេងៗនឹងធំធាត់ឡើង ក្លាយជាមនុស្សដែលជឿជាក់លើខ្លួនឯង បើឪពុកម្ដាយទទួលស្គាល់លើភាពជាខ្លួនឯងរបស់កូន។ ទិដ្ឋភាពពិតរបស់ក្មេងនឹងបង្ហាញច្បាស់ឡើង នឹងរឹងមាំឡើង គឺនៅពេលដែលឪពុកម្ដាមានចន្លោះឱកាសឱ្យកូនបានបង្ហាញពីភាពជាខ្លួនឯងរបស់កូនបានយ៉ាងពេញទំហឹង ទោះជារឿងទាំងអស់នោះ អាចនឹងមើលទៅថាដូចជាត្រូវប្រើចិត្តវិញ្ញាណខ្ពស់ក៏ដោយ។ ដូច្នេះបើឪពុកម្ដាយ មិនមែនជាគ្រូពេទ្យចិត្តសាស្ត្រ តើអាចធ្វើបានទេ? ចម្លើយគឺ ប្រាកដណាស់ ពិតជាបាន! តែអាចនឹងពិបាកវេទនាខ្លះ ដោយសារតែឪពុកម្ដាយ ក៏ទើបតែក្លាយជាឪពុកម្ដាយ នៅពេលកូនកើតឡើងហ្នឹងឯង… មិនថាអ៊ីចឹងហ្អេ៎?

    ការប្រៀបធៀប មិនដែលជារឿងល្អឡើយជាពិសេសបំផុត ការប្រៀបធៀបកូនខ្លួនឯងជាមួយក្មេងឯទៀត ឬការប្រៀបធៀបកូន ជាមួយខ្លួនយើង។ ប្រាកដណាស់ថា ការប្រៀបធៀប វានឹងល្អ ក៏នៅពេលណាដែលយើងប្រៀបធៀបពីតម្លៃនៃរបស់របរមួយៗ តែមិនមែនជាមួយវត្ថុមានជីវិត មានចិត្តគំនិត ដូចជាមនុស្សនោះទេ ជាពិសេសមនុស្សនោះ គឺជាកូនរបស់យើង។ ឪពុកម្ដាយ គឺពិភពលោកទាំងមូលរបស់កូន គឺជាអ្វីៗគ្រប់យ៉ាងរបស់កូន ត្រឹមតែពាក្យសម្ដីដែលឪពុកម្ដាយអាចនឹងគិតមិនទាន់ ក៏អាចនឹងធ្វើឱ្យក្លាយជាចំណុចខ្សោយមួយរបស់កូនរហូតដល់កូនធំ។

    កុំចិញ្ចឹមកូនតាមបែបអ្នកដទៃ កូនមិនមែនជាខ្លួនយើង យើងមិនមែនជាខ្លួនកូនតើធ្លាប់ដែរទេ ដែលគិតថា កូនយើងល្ងង់ ស៊ូក្មេងដទៃមិនបាន ឬកូនយើងច្បាស់ជាមានអ្វីខុសប្រក្រតី? រៀនក៏ដូចអ្នកឯទៀត នាំទៅរៀនកួរពិសេស ក៏ច្រើនជាងក្មេងឯទៀត តែកូនយើងនៅតែមានលទ្ធផលការរៀនទាបជាងមិត្តភក្តិក្នុងថ្នាក់។​ ការប្រៀបធៀបកូនជាមួយក្មេងដទៃ ឪពុកម្ដាយខ្លះមិនបានធ្វើទេ តែធ្វើដោយមិនដឹងខ្លួនជាមួយការប្រៀបធៀបខ្លួនឯងជាមួយកូន។ ធ្វើអារឿងដែលឪពុកម្ដាយយើងធ្លាប់ធ្វើជាមួយយើង គិតអ្វីៗជំនួសកូនទាំងអស់ សង្ឃឹមលទ្ធផលខ្ពស់ដូចដែលយើងធ្លាប់ជួបមក។ សួរថា តើកូនយើង ដូចខ្លួនយើង 100ភាគរយឬយ៉ាងណា? បើមិនដូចទេ ហេតុអីបានគិតថាវិធីនោះនឹងទទួលបានលទ្ធផលល្អ?

    តើត្រូវចិញ្ចឹមកូនយ៉ាងម៉េច? និងតាមវិធីណាល្អ?
    ដែលរៀបរាប់មកទាំងអស់នោះ មិនមែនឱ្យឪពុកម្ដាយឈប់ធ្វើតាមពាក្យណែនាំរបស់អ្នកដទៃនោះទេ តែវា គឺការស្គាល់កូនខ្លួនឯងឱ្យច្បាស់បំផុត… ត្រូវហើយ! ព្រោះលោកអ្នកគឺ ឪពុកម្ដាយរបស់គេ ដូច្នេះចូរសាកល្បងយកពាក្យណែនាំទាំងនោះមកសាកល្បងធ្វើតាម វិធីណាមិនបានលទ្ធផល ក៏ប្ដូរវិធីថ្មី កុំប្រកាន់ខ្ជាប់តែលើវិធីតែមួយ។ វិធីណាបានផលល្អ ក៏អាចនឹងប្រកាន់យកវិធីនោះធ្វើជាគំរូបែប ហើយកែសម្រួលឱ្យស័ក្តិសមជាមួយកូនរបស់យើង។

    ទ្រឹស្ដីនៅលើពិភពលោកនេះមានច្រើនណាស់ តាមអ្នកចិត្តវិទ្យា តាមឪពុកម្ដាយដែលមានកូនរាប់សិបនាក់ តាមគ្រូអ្នកជំនាញ ឬតាមអ្នកជំនាញការ អាចនឹងទៅរួចដូចគ្នាដែលគ្រប់ទ្រឹស្ដីទាំងនោះមិនទទួលបានលទ្ធផលល្អជាមួយកូនយើងសោះឡើយ ដូច្នេះតើវានឹងលំបាកប៉ុនណាទៅ បើសិនកូនជាមនុស្សដំបូងដែលនឹងសាកល្បងទ្រឹស្ដីថ្មីដែលឪពុកម្ដាយគិតឃើញឡើងដោយខ្លួនឯង? វាមិនមានអ្វីខុសឡើយក្នុងការទទួលបានផល ព្រោះកូនយើងមានតែមួយគត់ក្នុងលោកនេះ ដែលមានមុខមាត់អ៊ីចឹង ចរិតនិស្ស័យអ៊ីចឹង រពឹសខ្លាំងបែបហ្នឹង គួរឱ្យស្រឡាញ់បែបហ្នឹង គួរឱ្យចង់ខោកក៏មាន គួរឱ្យរំភើបចិត្តខ្លាំងក៏ច្រើន។ល។

    -​ ចិញ្ចឹមកូនឱ្យក្លាយជាក្មេងដែលជះពន្លឺចេញពីខាងក្នុងមកខាងក្រៅ
    – ចិញ្ចឹមកូនដោយគោរពក្នុងភាពជាកូនរបស់យើង
    – ចិញ្ចឹមកូនដោយវិធីដែលស័ក្តិសមបំផុតជាមួយរូបគេ
    – កុំទៅខ្វល់សំឡេងអ្នកដទៃ ដរាបណាដែលយើងមិនបានសាងភាពមួម៉ៅក្ដៅក្រហាយចំពោះអ្នកណា
    – ចូរចិញ្ចឹមកូនតាមបែបកូនជាកូនរបស់យើងឱ្យបានខ្លាំងបំផុត៕

  • រដ្ឋមន្ត្រី​ទេសចរណ៍ សាទរ​កំណើន​ទេសចរ 5.8% មក​ទស្សនា​តំបន់​អាស៊ាន+3 ក្នុង​ឆ្នាំ2019

    រដ្ឋមន្ត្រី​ទេសចរណ៍ សាទរ​កំណើន​ទេសចរ 5.8% មក​ទស្សនា​តំបន់​អាស៊ាន+3 ក្នុង​ឆ្នាំ2019

    រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងទេសចរណ៍ ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន+3 (ចិន ជប៉ុន និង​កូរ៉េ) លើក​ទី19 នៅ​ប្រទេស​ប្រ៊ុយណេ កាលពី​ថ្ងៃទី16 ខែមករា ឆ្នាំ2020 ក្នុងឱកាស​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ2020(ASEAN Tourism Forum 2020)ក្រោម​ប្រធានបទ “អាស៊ាន៖ទាំងអស់គ្នា​ឆ្ពោះទៅកាន់​ការធ្វើដំណើរ​ជំនាន់​ថ្មី” (ASEAN:Toge ther towards a Next Generation of Travel)។

    រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូក3 បាន​អបអរសាទរ​ចំពោះ​កំណើន​ទេសចរ​មក​ទស្សនា​តំបន់​អាស៊ាន​បូក3 ក្នុង​ឆ្នាំ2019 មាន​ចំនួន 244.5លាន​នាក់ កើនឡើង 5.8%។ កិច្ចប្រជុំ​ក៏បាន​ពិនិត្យ​អំពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​អាស៊ាន​បូក3 ជាពិសេស​ការអនុវត្ត​ផែនការ​សកម្មភាព​សហ​ប្រតិបត្តិការ​ទេសចរ​ណ៍​អាស៊ាន​បូក3 ឆ្នាំ2018 -2020 ដោយ​សម្រេចបាន​លទ្ធផលចម្បងៗ ដូចខាងក្រោម៖ អបអរសាទរ​វេទិកា​អាស៊ាន​បូក3 ស្តីពី​ស្តង់ដា​គ្រប់គ្រង​បរិស្ថាន កាលពី​ថ្ងៃទី25-26 ខែកក្កដាឆ្នាំ2019 នៅ​ប្រទេស​ហ្វីលីពីន។

    2- អបអរសាទរ កិច្ចប្រជុំ​កំពូល យុវជន​ទេសចរណ៍​អាស៊ាន​បូក3 ឆ្នាំ2019 កាលពី​ថ្ងៃទី25-31 ខែសីហា ឆ្នាំ2019 នៅ​ប្រទេស​ថៃ។

    3- សិក្ខាសាលា​ស្តីពី​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ផលិតផល និង​សេវាកម្ម​សហគមន៍ ដើម្បី​ទាក់ទាញ​អ្នកធ្វើដំណើរ​វ័យក្មេង​ក្នុង​សហស្សវត្ស​ថ្មី កាលពី​ថ្ងៃទី10-12 ខែកញ្ញា ឆ្នាំ2019 នៅ​ប្រទេស​ឥណ្ឌូនេស៊ី។

    4- សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​ធនធានមនុស្ស​ទេសចរ​ណ៍​អាស៊ាន និង​បណ្តាញ​នៃ​ការអភិវឌ្ឍ​សម្រាប់​កម្មវិធី​អេកូ​ទេសចរណ៍ កាលពី​ថ្ងៃទី2124 ខែតុលា ឆ្នាំ2019 នៅ​ប្រទេស​ម៉ាឡេស៊ី។

    5- សន្និសីទ​វិនិយោគ​ទេសចរណ៍​អាស៊ាន-ជប៉ុន កាលពី​ថ្ងៃទី23 ខែតុលា ឆ្នាំ2019 នៅ​ប្រទេស​ជប៉ុន។

    រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ចិន ជប៉ុន ប្រទេស​កូរ៉េ ដែល​បាន​គាំទ្រ​ដល់​សមាជិក​អាស៊ាន តាមរយៈ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​អាស៊ាន ចិន នានា​ជាច្រើន​ក្នុងអំឡុង​ឆ្នាំ2019 កន្លងមក។

    ជាពិសេស​ការរៀបចំ​ពិព័រណ៍ ទេសចរណ៍​អាស៊ាន-ចិន កាលពី​ពាក់កណ្ដាល​ខែតុលា ឆ្នាំ2019 នៅ​ទីក្រុង Guilin ប្រទេស​ចិន និង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន-ជប៉ុន​នៅ​ឆ្នាំ2019 កន្លងមក ក្នុងនោះ​រួមមាន​ការរៀបចំ​សិក្ខាសាលា និង​សន្និសីទ​នានា ការតាំង​ពិ​ព័​ណ៍​ទេសចរណ៍​អាស៊ាន-ជប៉ុនផ្សេងៗ ព្រមទាំង​ការជួយ​ផ្សព្វផ្សាយ​ទេសចរណ៍​តាម​នាវា​សមុទ្រ (Cruise Tourism)។

    ដោយឡែក​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​បូក3 រួមមាន ចិន ជប៉ុន និង​កូរ៉េ សម្រាប់​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​ដ៏​ល្អ​កន្លងមក​ចំពោះ​កម្ពុជា ព្រមទាំង​បានស្នើ​សុំឱ្យ​បន្ត​កិច្ចសហប្រតិបត្តិការ​នេះ​ត​ទៅមុខទៀត។

    សូម​ជម្រាបជូន​ផងដែរ​ថា ក្នុង​ឆ្នាំ2019 កម្ពុជា​បានទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​ប្រមាណ 6.7លាន​នាក់ កើនឡើង 8% ក្នុងនោះ​សម្រាប់​រយៈពេល 10ខែ ទេសចរ​ចិន​មាន​ចំនួន​ប្រមាណ 2.4លាន​នាក់ ទេសចរ​កូរ៉េ​មាន​ចំនួន 20ម៉ឺន​នាក់ និង​ទេសចរ​ជប៉ុន​មាន​ចំនួន 16ម៉ឺន​នាក់។

    នៅ​ឆ្នាំ2020 នេះ វេទិកា​ទេសចរណ៍​អាស៊ាន (ATF) ក្រោម​ប្រធានបទ​អាស៊ាន “ទាំងអស់គ្នា​ឆ្ពោះទៅកាន់​ការធ្វើដំណើរ​ជំនាន់​ថ្មី ឬ​ ASEAN-Together towards a Next Generation of Travel” បាន​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ទេសចរណ៍​មកពី​ប្រទេស​សមាជិក​អាស៊ាន ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ ឥណ្ឌា និង​ប្រទេស​ដៃគូ​ពិភាក្សា​អភិវឌ្ឍន៍​មួយចំនួនទៀត។

    កម្ពុជា​បាន​សហការ​ជាមួយ​ផ្នែក​ឯកជន ចូលរួម​ក្នុង​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ TRAVEX ដោយ​បានទទួល​ប្រតិភូ​ចូលរួម​ចំនួន 750នាក់ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ចំនួន100 មាន​ស្តង់​ពិព័រណ៍(Booths) 250 និង​អ្នកលក់ (Sellers) ចំនួន 250ក្រុមហ៊ុន និង​មាន​អ្នកទិញ (Buyers) ចំនួន 150ក្រុមហ៊ុន​ផងដែរ។

    សូមបញ្ជាក់ថា វេទិកា​កំពូល​ទេសចរណ៍​អាស៊ាន ឆ្នាំ2020 និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃទី12-13 ខែមករា ឆ្នាំ2020 នៅ​ប្រទេស​ប្រ៊ុយណេ។ ទន្ទឹមនឹង​នេះដែរ កិច្ចប្រជុំ​ទាំងមូល​បាន​ផ្តោត និង​លើកយក​បញ្ហាចម្បងៗចំនួន7 មក​ជជែក​ពិភាក្សា ដើម្បី​រក​ដំណោះស្រាយ និង​វឌ្ឍនភាព​វិស័យ​ទេសចរណ៍​អាស៊ាន​បន្តទៀត។

    លោក ថោង រដ្ឋ​សក្តិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួងទេសចរណ៍​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​ទៅ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នាឱកាស​វេទិកា​កំពូល​ទេសចរណ៍​ឆ្នាំ2020 នេះ បាន​លើកឡើងថា ស្ថាប័ន​ជាតិ​ទេសចរណ៍​ប្រទេស​សមាជិក​អាស៊ាន​ទាំង10 នឹង​ពិភាក្សា​ពិនិត្យ​សម្រេច​លើ​ចំណុចសំខាន់ៗនៃ​សកម្មភាព​ទេសចរណ៍​អាស៊ាន និង​អនុម័ត​លើ​ឯកសារ ពិធីសារ​មួយចំនួន។

    ឯកសារ និង​ពិធីសារ​ទាំងនោះ រួមមាន​ទី1- ពង្រឹង​ការផ្សព្វផ្សាយ​ទេសចរណ៍​អាស៊ាន​តាម​ប្រព័ន្ធ​ឌីជីថល អន​ឡាញ និង​ប្រព័ន្ធ​បណ្តាញ​សង្គម។ ទី2-ពិនិត្យ​អំពី​វឌ្ឍនភាព​នៃ​ការរីកចម្រើន វិស័យ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន ឆ្នាំ2018-2019។ ទី3- ពិនិត្យ និង​វាយតម្លៃ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន ឆ្នាំ2016-2025។ ទី4- ជំរុញ​ការបង្កើត​ផលិតផលថ្មីៗ ដោយ​ផ្តោត​សំខាន់​លើ​ទេសចរណ៍​ម្ហូបអាហារ​ជាដើម។

    លោក ថោង រដ្ឋ​សក្តិ បាន​បន្តថា៖ “កិច្ចពិភាក្សា​ខាងលើនេះ គឺ​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​ទេសចរណ៍​អាស៊ាន ដោយ​ត្រឹម​ឆ្នាំ2025 អាស៊ាន​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ល្អ​ឯក ប្រកបដោយ​គុណភាព ពិពិធ​ភាព បទពិសោធ ចីរភាព បរិ​យា​ប័ន្ន និង​ការអភិវឌ្ឍ​ដោយ​ការទទួលខុសត្រូវ ចូលរួមចំណែក​លើកស្ទួយ​សេដ្ឋកិច្ច សុខុមាលភាព​សង្គម ប្រជាជាតិ​អាស៊ាន”៕

  • គ្រប់គ្រងសតិ (Mindful) ឱ្យបានល្អ ជាវិធីបង្កើន ប្រសិទ្ធភាពក្នុងជីវិត

    គ្រប់គ្រងសតិ (Mindful) ឱ្យបានល្អ ជាវិធីបង្កើន ប្រសិទ្ធភាពក្នុងជីវិត

    ប្រសិទ្ធភាពការងារ ជាចំណុចដ៏សំខាន់មួយក្នុងការអភិវឌ្ឍជីវិត ព្រោះវាអាចជួយឱ្យយើងក្លាយជាមនុស្សលេចធ្លោ ចំណាយពេលវេលាតិច ចំណេញការងារច្រើន និងតែងតែអភិវឌ្ឍឈានទៅមុខប្រកបដោយភាពវិជ្ជមានជានិច្ចនៅគ្រប់ទីកន្លែង។

    លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា មនុស្សម្នាក់ៗលើពិភពលោកយើងនេះមានពេលវេលាដូចគ្នាទាំងអស់ គឺ 1ថ្ងៃ 24ម៉ោងដូចៗគ្នា តែមនុស្សមានលទ្ធផលជីវិតខុសគ្នា បើទោះបីជាពេលខ្លះពួកគេមានឋានៈតួនាទី និងធ្វើការក្នុងស្ថាប័នតែមួយដូចគ្នាក៏ដោយ។

    មានមនុស្សខ្លះចាប់ផ្តើមពីចំណុចតូចមួយក្នុងស្ថាប័ន តែប៉ុន្មានឆ្នាំក្រោយគាត់បានក្លាយជាអ្នកដឹកនាំស្ថាប័ន ឬជាអ្នកដែលលេចធ្លោក្នុងចំណោមមនុស្សនានាដែលគាត់ស្គាល់ ខណៈមនុស្សមួយចំនួនទៀតចាប់ផ្តើម និងបញ្ចប់នៅនឹងកន្លែងមួយដដែល។ កត្តាដែលនាំឱ្យមនុស្សមានភាពខុសគ្នាបែបនេះ គឺមកពីភាពខុសគ្នានៃប្រសិទ្ធភាពការងារ។

    អ្នកដែលមានប្រសិទ្ធភាពការងារខ្ពស់ ភាគច្រើនជាអ្នកដែលគ្រប់គ្រងពេលវេលាបានល្អ ចេះបែងចែករឿងអាទិភាពក្នុងថ្ងៃនីមួយៗ និងចេះឆ្លើយតបជាមួយនឹងបញ្ហា ដោយបង្កើតជាដំណោះស្រាយប្រកបដោយភាពច្បាស់លាស់ ឬអាចនិយាយបានថា គេអាចគ្រប់គ្រងសតិ (Mindful) បានល្អ។

    គ្រប់ហេតុការណ៍ដែលកើតឡើងក្នុង 1ថ្ងៃៗ គេអាចគ្រប់គ្រង និងកំណត់ដឹងយ៉ាងច្បាស់ថា គេកំពុងធ្វើអ្វី ហើយនឹងធ្វើអ្វីបន្តទៀត ដែលនេះជាគោលដៅបន្ទាប់សម្រាប់បុព្វហេតុក្នុងជីវិតរបស់គេផ្ទាល់។

    លោក ប៉ិច បូឡែន បាននិយាយថា៖ «មនុស្សដែលអាចគ្រប់គ្រងសតិបានល្អ ជាបុគ្គលដែលអាចរីកចម្រើនបានយ៉ាងលឿន ព្រោះគេអាចបែងចែករឿងនីមួយៗបានយ៉ាងច្បាស់ ហើយដំណើរការការងារ ក៏មានភាពច្បាស់លាស់ដូចគ្នា ដែលធ្វើឱ្យគេធ្វើការបានចប់ចុងចប់ដើម និងស្អាតរៀបរយទៀតផង»។

    លោក បូឡែន បានលើកឡើងផងដែរថា នៅក្នុង 1ថ្ងៃៗ មានរឿងជាច្រើនដែលត្រូវឱ្យយើងដោះស្រាយហើយប្រសិនបើយើងគ្រប់គ្រងសតិមិនបានល្អទេនោះ យើងនឹងមិនអាចដោះស្រាយអស់នោះទេ។

    កាលណាយើងដោះស្រាយបញ្ហាចាស់មិនអស់ បញ្ហាថ្មីៗក៏នឹងចូលមកជាបន្តបន្ទាប់ដែលធ្វើឱ្យយើងត្រូវវិលវល់នៅក្នុងបញ្ហា ដោះស្រាយមិនចេះចប់ មិនចេះហើយ។

    ហេតុនេះដើម្បីក្លាយជាបុគ្គលដែលមានប្រសិទ្ធភាពខ្ពស់ ចាំបាច់ត្រូវចេះឆ្លើយតបជាមួយនឹងបញ្ហាឱ្យបានល្អ។ នៅក្នុងទម្លាប់ល្អទាំង 7យ៉ាងរបស់បុគ្គលមានប្រសិទ្ធភាពខ្ពស់ គេនិយាយថា មនុស្សមាន 2ប្រភេទ គឺមនុស្សកូកា និងមនុស្សទឹកសុទ្ធ។

    មនុស្សកូកា ជាមនុស្សដែលឆាប់ឆេវឆាវ គ្រប់គ្រងខ្លួនឯងមិនបានល្អ ប្រៀបបីដូចជាកំពុងកូកាដែលគេក្រឡុក ហើយបើកគម្របមកនឹងឆួលកំពប់ហៀរឡើង តែផ្ទុយមកវិញមនុស្សទឹកសុទ្ធ គឺមានសភាពនឹងដូចជាទឹកសុទ្ធដូច្នោះដែរ បើទោះបីជាគេក្រឡុកយ៉ាងណា ក៏ក្រោយពេលបើកគម្របនៅតែស្ងៀមនឹង មិនហូរហៀរ ឬកញ្ជ្រោលខ្លាំងដូចកូកានោះទេ។

    ប្រសិនបើយើងចង់ក្លាយជាមនុស្សដែលមានប្រសិទ្ធភាពការងារខ្ពស់ យើងគួរចេះតាមដានសតិរបស់យើងឱ្យបានល្អ ដោយការបង្កើតទម្លាប់ធ្វើចិត្តឱ្យស្ងប់ ហើយព្យាយាមស្វែងយល់ពីបញ្ហានីមួយៗឱ្យស៊ីជម្រៅ និងឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងចាប់ផ្តើមសម្រេចចិត្តឆ្លើយតប ទើបយើងអាចស្វែងរកដំណោះស្រាយបានល្អ ហើយប្រកបដោយប្រសិទ្ធភាពខ្ពស់។

    ប្រសិនបើយើងគ្រប់គ្រងខ្លួនឯងមិនបានល្អ ហើយបណ្តោយឱ្យអារម្មណ៍ស្មុគស្មាញរាល់ថ្ងៃជាមួយនឹងបញ្ហា ឬឆេវឆាវបាត់ការគ្រប់គ្រងនោះ បញ្ហានឹងកាន់តែរីកធំ ហើយច្រើនឡើងៗ ហ៊ុមព័ទ្ធជីវិតយើងដែលធ្វើឱ្យយើងមិនអាចអភិវឌ្ឍខ្លួនបានឡើយ។

    ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក នឹម ឈុន្នី ស្ថាបនិកក្រុមហ៊ុន Vipassa បានលើកឡើងថាការគ្រប់គ្រងសតិឱ្យបានល្អជារឿងសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ ព្រោះក្នុងថ្ងៃនីមួយៗ
    បើទោះបីជាយើងមិននៅស្ងៀម ក៏មានរឿងជាច្រើនចូលមកក្នុងជីវិតរបស់យើងដែរ ហេតុនេះវាទាមទារឱ្យយើងត្រូវចេះគ្រប់គ្រងសតិស្មារតី និងតាមដានជាប់ជានិច្ច ដើម្បីធានាថា យើងអាចប្រើប្រាស់ជីវិតប្រកបដោយប្រសិទ្ធភាពខ្ពស់។

    ការគ្រប់គ្រងសតិស្មារតីបានល្អ អាចធ្វើឱ្យយើងឆ្លើយតបនឹងបញ្ហានានាក្នុងការងារ ក្នុងការរស់នៅ ក៏ដូចជាក្នុងគ្រួសារបានយ៉ាងល្អប្រសើរ។ នៅពេលយើងកំពុងខឹងយើងកំណត់ដឹងថា យើងខឹង ហើយនៅពេលអន់ចិត្ត យើងក៏ដឹងខ្លួនឯងដែរថា អន់ចិត្ត ឬនៅពេលរីករាយខ្លាំង យើងដឹងថា យើងកំពុងរីករាយ ហេតុនេះប្រសិនបើយើងដឹងច្បាស់ពីស្ថានភាពក្នុងខ្លួនរបស់ខ្លួនឯង យើងអាចនឹងមានការប្រុងប្រយ័ត្នគ្រប់ពេល។

    ប្រសិនបើយើងជួបហេតុការណ៍ណាមួយ ហើយយើងមិនដឹងថា ខ្លួនឯងកំពុងខឹង យើងអាចឆ្លើយតបភ្លាមៗទាំងកំហឹង ដែលនឹងធ្វើឱ្យរឿងរីកធំជាងមុន តែប្រសិនបើយើងដឹងខ្លួនឯងច្បាស់ថា យើងកំពុងខឹង នោះយើងនឹងអាចប្រុងប្រយ័ត្ន ហើយរង់ចាំឱ្យបាត់ខឹង ទើបធ្វើការដោះស្រាយ។ ការធ្វើបែបនេះនឹងធ្វើឱ្យយើងរស់នៅក្នុងជីវិតដែលស្ងប់ និងរីករាយ ហើយធ្វើអ្វីក៏សម្រេចបានលទ្ធផលល្អដែរ។

    លោក នឹម ឈុន្នី បាននិយាយថា៖ «ដើម្បីគ្រប់គ្រងសតិ (Mindful) ឱ្យបានល្អ យើងមានវិធីសាស្ត្រច្រើនណាស់ដើម្បីអនុវត្ត ដោយក្នុងនោះយើងអាចបង្កើតទម្លាប់នៃការរស់នៅដោយការព្យាយាមតាមដាន និងកំណត់ដឹងពីអារម្មណ៍របស់យើងគ្រប់ពេលជារៀងរាល់ថ្ងៃ និងវិធីល្អម្យ៉ាងទៀត គឺការធ្វើសមាធិ»។

    លោក នឹម ឈុន្នី បានបន្ថែមទៀតថា ទម្លាប់ងាយៗមួយចំនួនដែលអាចជួយឱ្យយើងគ្រប់គ្រងសតិបានល្អ គឺយើងអាចធ្វើសមាធិ 2ដងក្នុង 1ថ្ងៃ ដោយចំណាយពេលវេលាមុនចូលគេងដើម្បីត្រួតពិនិត្យមើលពីអ្វីដែលខ្លួនបានធ្វើ និងមិនទាន់បានធ្វើ។ បន្ទាប់មកយើងអាចត្រៀមខ្លួនឱ្យរួចរាល់សម្រាប់បន្តការងារនៅថ្ងៃស្អែក ហើយសមាធិនៅមុនពេលគេងដើម្បីធ្វើឱ្យការសម្រាកបានល្អ។

    បន្ថែមពីលើនេះ ក្រោយក្រោកពីគេង គួរតាមដានសតិស្មារតីរបស់ខ្លួនឯង ដោយការបង្កើតភាពរីករាយ និងអរគុណដែលយើងបានបន្តរស់ 1ថ្ងៃទៀត។ បន្ទាប់មករំឭកពីរឿងរីករាយ និងពង្រឹងស្មារតីឱ្យស្វាហាប់សម្រាប់ការងារនៅព្រឹកថ្ងៃថ្មីនេះ។ ប្រសិនបើយើងទម្លាប់ធ្វើបែបនេះបានជារៀងរាល់ថ្ងៃនោះ
    យើងនឹងអាចរស់នៅក្នុងថ្ងៃនីមួយៗប្រកបដោយថាមពល និងភាពរីកចម្រើន៕

  • Tiger Street Football 2020 ក្រុមបាល់ទាត់ Samrong United ក្លាយជាជើងឯកប្រចាំមណ្ឌលសៀមរាប

    Tiger Street Football 2020 ក្រុមបាល់ទាត់ Samrong United ក្លាយជាជើងឯកប្រចាំមណ្ឌលសៀមរាប

    សៀមរាបៈ នៅទីបំផុតក្រុមបាល់ទាត់ Samrong United បានក្លាយជាម្ចាស់ជើងឯក Tiger Street Football 2020 ប្រចាំមណ្ឌលសៀមរាប ដែលជាមណ្ឌលទី២ ដោយយកឈ្នះក្រុមបាល់ទាត់គិរីដងរែកក្នុងលទ្ធផល ៣ទល់០ វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ។ប្រធានក្រុម Samrong United កីឡាករ ហួត លាងហាប់ បានលើកឡើងថា នេះជាលើកទី៣ហើយ ដែលក្រុមខ្លួនបានពុះពារមកពីខេត្តឧត្តរមានជ័យមកប្រកួតនៅមណ្ឌលសៀមរាបនេះ ហើយ ការប្រជែងបានជាម្ចាស់ជើងឯកលើកទី៣នេះ គេសប្បាយរីករាយខ្លាំងណាស់ ព្រោះក្រុមគេនឹងឡើងទៅលេងនៅរាជធានីភ្នំពេញ ដើម្បីបានឱកាសជួបផ្ទាល់ជាមួយតារាបាល់ទាត់ពិភពលោក។កីឡាករ ហួត លាងហាប់ អះអាងទៀតថា អ្វីដែលជាចំណុចខ្លាំងដែលធ្វើឲ្យក្រុមខ្លួនក្លាយជាម្ចាស់ជើងឯកប្រចាំមណ្ឌលសៀមរាប៣ឆ្នាំជាប់គ្នានេះ គឺដោយសារតែក្រុមរបស់គេមានកីឡាករនៅក្នុងក្រុមធ្លាប់លេងជាមួយគ្នា ទម្រង់លេងគឺស៊ីសង្វាក់គ្នាល្អបូករួមទាំងការសាមគ្គីក្នុងក្រុមល្អផងនោះ ទើបធ្វើឲ្យក្រុមទទួលបានជោគជ័យ និងក្លាយជាជើងឯកប្រចាំមណ្ឌលសៀមរាប៣ឆ្នាំជាប់ៗគ្នា។ ប្រធានក្រុមរូបនេះ បញ្ជាក់ទៀតថាក្រុមបាល់ទាត់ Samrong United ខេត្ត ឧត្តរមានជ័យនេះ ធ្លាប់បានទៅលេងវគ្គផ្តាច់ព្រ័តនៅរាជធានីភ្នំពេញ២លើករួចមកហើយ ហើយលទ្ធផលគឺបិះឡើងដល់វគ្គកណ្តាលផ្តាច់ព្រ័ត្រ ហើយសម្រាប់លើកទី៣នេះ គេតាំងចិត្តដ៏មោះមុតថា និងពង្រឹងការហ្វឹកហាត់ឲ្យខ្លាំងបន្ថែមទៀត ដើម្បីឈានទៅដណ្តើមជើងឯកទូទាំងប្រទេសឲ្យបាន លើមុខមាត់ខេត្តឧត្តរមានជ័យ។​ ជាមួយគ្នានេះ ប្រធានក្រុមរូបនេះ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនស្រាបៀរ Tiger (CBL)​​ ដែលបានបង្កើតព្រឹត្តិការណ៍ប្រកួតនេះឡើង បានផ្តល់ឱកាសឲ្យពួកគេបានបង្ហាញសមត្ថភាព ពិសេសបានបង្ហាញនូវក្តីស្រលាញ់ចំពោះបាល់ទាត់ដែលពួកយើងមាន ដើម្បីឈានទៅអភិវឌ្ឍខ្លួនក្លាយជាកីឡាករអាជីពនៅពេលខាងមុខ។សម្រាប់មហាព្រឹត្តិការណ៍បាល់ទាត់ដ៍ធំប្រចាំប្រទេសកម្ពុជា គឺ Tiger Street Football 2020 រដូលកាលទី៨ មណ្ឌលទី២ ខេត្តសៀមរាប បានដំណើរការប្រកួតផ្លូវការពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៩ ខែ មករា ឆ្នាំ២០២០ ដោយមានក្រុមចូលរួមប្រកួតប្រជែងចំនួន១១៩ក្រុម មកពីខេត្តចំនួន៤ រួមមាន សៀមរាបម្ចាស់ផ្ទះ ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ។  សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 រដូវកាលទី៨នេះ មាន៨មណ្ឌល ដែលមានប្រាក់រង្វាន់សរុបចំនួន៥០០០០ដុល្លារ ហើយ ការប្រកួតផ្តាច់ព្រ័ត្រនិងធ្វើនៅរាជធានីភ្នំពេញ ចាប់ពី ថ្ងៃទី29 កុម្ភៈនិងថ្ងែទី1មិនាឆ្នាំ2020 ហើយ វគ្គផ្តាច់ព្រ័ត្រនេះក៍មានការចូលរួមពី Rio Ferdinand ផងដែរ៕ ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
    ពិសាដោយការទទួលខុសត្រូវ៕

  • មុនសម្រេចចិត្តពាក់វ៉ែនតា សូមងាកមកយល់ដឹងពីការថែរក្សាភ្នែកឱ្យល្អជាមុនសិន

    មុនសម្រេចចិត្តពាក់វ៉ែនតា សូមងាកមកយល់ដឹងពីការថែរក្សាភ្នែកឱ្យល្អជាមុនសិន

    នៅពេលមានបញ្ហាភ្នែក មិនថាតែ ភ្នែកម្ញូបជិត ម្ញូបឆ្ងាយ ភ្នែកស្រលៀង ភ្នែករកាំ ឬកែវភ្នែកមិនអាចមើលឃើញ និងបញ្ចូលរូបភាពទៅកាន់ខួរក្បាលបាននោះ វិធីដោះស្រាយបញ្ហាភ្នែក គឺស្ថិតនៅមូលដ្ឋាននៃទង្វើបប្រព្រឹត្តិប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ដែលបានធ្វើការថែរក្សាភ្នែកបានល្អប្រសើរដល់កម្រិតណា  និងអាចធានានូវហានិភ័យនៃគ្រោះថ្នាក់ចំពោះសុខភាពភ្នែក។ គ្រោះអាក្រក់មួយចំនួនត្រូវបានបង្កដោយទង្វើប្រចាំថ្ងៃដោយមិនដឹងខ្លួន ដែលហុចផលឱ្យភ្នែកកាន់តែឆាប់ខូចពីមួយថ្ងៃទៅមួយថ្ងៃដូចជា ការប្រើប្រាស់កែវភ្នែកសប្បនិមិត្តខន់ថិកលេន ការពាក់វ៉ែនតាស្រអាប់ ឬវ៉ែនតាការពារពន្លឺ ការប្រើភ្នែកធ្វើការមុខកុំព្យូទ័ររយៈពេលច្រើនម៉ោងនិងការប្រើភ្នែកប្រឈជាមួយពន្លឺក្នុងកន្លែងងងឹត។ល។

    មានសំណួរជាច្រើនបានចោទសួរអ្នកឯកទេសភ្នែកថា ភ្នែកម្ញូបពាក់វ៉ែនតា គឺកាន់តែម្ញូបឡើងឌឺក្រេភ្នែក? ហើយមានសំណួរខ្លះ បានធ្វើឱ្យអ្នកលែងចង់ពាក់វ៉ែនតាតែម្ដង។ ជាការពិតណាស់ មុននឹងអ្នកសម្រេចចិត្តពាក់វ៉ែនតា អ្នកគប្បីយល់ដឹងពីគុណសម្បត្តិ និងផលប៉ះពាល់ដល់សុខភាពភ្នែកជាមុនសិន។ ក៏ប៉ុន្ដែអ្វីដែលសំខាន់ជាងការពាក់វ៉ែនតាទៀតនោះ គឺគន្លឹះនៃការថែរក្សាភ្នែកឱ្យល្អ និងអាចមើលឃើញបានយូរអង្វែង។ ថ្ងៃនេះទស្សនាវដ្ដី ឡារ៉ែន ចង់ណែនាំឱ្យប្រិយមិត្តអ្នកអានបានជ្រាបអំពីការថែរក្សាភ្នែកឱ្យល្អ មិនឱ្យខូច និងកាន់តែមើលមិនឃើញច្បាស់ទៅថ្ងៃខាងមុខ។

    ផ្ដើមអនុវត្តនូវទម្លាប់ល្អក្នុងការថែរក្សាភ្នែក
    1. ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងសុខភាពភ្នែកនៅពេលដែលអ្នកមានបញ្ហាភ្នែក ក៏ដូចជាពិបាកក្នុងការមើលជាដើម។ ការពិនិត្យនេះ ដើម្បីថែរក្សាភ្នែករបស់អ្នកឱ្យមានសុខភាពល្អ។
    2. ដោះចេញនូវកែវភ្នែកសប្បនិមិត្ត (Contact Lenses) របស់អ្នកនៅមុនពេលអ្នកសម្រាក ឬមុនពេលចូលគេង។ ចៀសវាងការពាក់វាច្រើនជាងរយៈពេល19ម៉ោង។ ការពាក់កញ្ចក់ភ្នែកយូរពេកអាចបណ្តាលឱ្យប៉ះពាល់ដល់ការមើល ព្រមទាំងមិនស្រួលដល់ភ្នែកថែមទៀតផង។
    3. យកគ្រឿងតុបតែភ្នែករបស់អ្នកចេញនៅពេលអ្នកសម្រាកពីការងារ ឬមុនពេលចូលគេង។ មិនត្រូវចូលគេងដោយតុបតែងភ្នែករបស់អ្នកនោះទេ។ ប្រសិនបើអ្នកចូលគេងជាមួយម៉ាស្ការ៉ាឬរោមភ្នែកសិប្បនិម្មិតវាអាចចូលទៅក្នុងភ្នែក ហើយបណ្តាលឱ្យរលាកភ្នែក។
    4.​​ ពាក់វ៉ែនតាខ្មៅដើម្បីការពារពន្លឺព្រះអាទិត្យ។ ពាក់វ៉ែនតាជានិច្ចនៅពេលអ្នកនៅខាងក្រៅដែលមានពន្លឺព្រះអាទិត្យភ្លឺខ្លាំង។ រកមើលវ៉ែនតាដែលមានក្រដាសដែលបញ្ជាក់ថាកែវការពារ 99% ឬ100% នៃកាំរស្មីUVB និងកាំរស្មីUVA។
    5. គេងឱ្យបានច្រើន ការគេងមិនគ្រប់គ្រាន់អាចបណ្តាលឱ្យភ្នែកមានការអស់កម្លាំង។ រោគសញ្ញានៃការអស់កម្លាំងភ្នែករួមមាន ការរលាកភ្នែក ការលំបាកក្នុងការផ្តោតអារម្មណ៍ ភាពស្ងួត ឬទឹកភ្នែកហូរហួសប្រមាណ ការមើលឃើញមិនច្បាស់ ឬពីភាពប្រែប្រួលបន្តិចបន្តួច ឬការឈឺចាប់នៅត្រង់ក ស្មាឬខ្នង។
    6. ដាក់ចំណិតត្រសក់នៅលើត្របកភ្នែករបស់អ្នកដើម្បីកាត់បន្ថយការហើម រយៈពេល 10ទៅ15នាទីមុនពេលគេងនៅពេលយប់ ដើម្បីជួយព្យាបាល និងការពារត្របកភ្នែក និងផ្នែកនៅក្រោមភ្នែក។

    ការពារភ្នែកពីពន្លឺកុំព្យូរទ័រ
    1. កំណត់ពេលវេលារបស់អ្នកមើលនូវកុំព្យូទ័រ និងទូរស័ព្ទប្រសិនបើអាច។ ព្រោះការមើលយូរពេកវាអាចធ្វើឱ្យភ្នែកអ្នកមានភាពស្ងួត។
    2. ធ្វើឱ្យប្រាកដថាភ្នែករបស់អ្នកមានកម្រិតជាមួយនឹងអេក្រង់។ ការក្រឡេកមើល ឬចុះក្រោមនៅលើអេក្រង់កុំព្យូទ័រអស់រយៈពេលជាយូរអាចជាការដាក់សម្ពាធបន្ថែមលើភ្នែករបស់អ្នក។
    3. ពន្លឺភ្លឹបភ្លែត មនុស្សដែលប្រើពន្លឺតិចនៅពេលដែលពួកគេកំពុងសម្លឹងមើលអេក្រង់ដែលធ្វើឱ្យភ្នែកកាន់តែស្ងួត។ ធ្វើការខិតខំប្រឹងប្រែង ខ្លាំងអ្នកត្រូវព្រិចភ្នែករាល់30 វិនាទីនៅពេលអ្នកអង្គុយមើលអេក្រង់កុំព្យូទ័ររបស់អ្នកដើម្បីការពារភ្នែកស្ងួត។
    4. អនុវត្តតាមក្បួន 20-20-20 នៅពេលអ្នកកំពុងធ្វើការលើកុំព្យូទ័រ ពោលគឺ រាល់20នាទីសម្លឹងមើលអ្វីដែលមានចម្ងាយ 20ហ្វីតរយៈពេល 20វិនាទី។ អ្នកក៏អាចជួយខ្លួនឯងចងចាំក្នុងការសម្រាកដោយកំណត់សំឡេងរោទិ៍នៅលើទូរស័ព្ទរបស់អ្នក។
    5. ធ្វើការនៅកន្លែងដែលមានពន្លឺភ្លឺថ្លា ការធ្វើការងារ និងការអានដោយពន្លឺស្រអាប់អាចបណ្តាលឱ្យមានបញ្ហាភ្នែក ប៉ុន្តែវានឹងមិនធ្វើឱ្យភ្នែករបស់អ្នកខូចឡើយ។

    របបអាហារល្អសម្រាប់ជំនួយសុខភាពភ្នែក
    1. បរិភោគអាហារដែលជួយដល់ភ្នែក ដូចជាវីតាមីនC និង E Zinc Lutein Zeaxathin និង Omega-3 ដែលសុទ្ធតែសំខាន់ដែលអាចការពារបាននូវភ្នែកឡើងបាយ ស្រអាប់ក្នុងភ្នែក និង ការមើលក្នុងវ័យចាស់បានទៀតផង។
    2. បរិភោគអាហារដែលផ្ទុកវីតាមីន E.  ស្រូវសាលី គ្រាប់ធញ្ញជាតិ និងប្រេងបន្លែ ទៅក្នុងរបបអាហាររបស់អ្នក។
    3. បរិភោគអាហារដែលមានសារធាតុ Zinc ៖ រួមមាន សាច់គោ សាច់ជ្រូក ប្រភេទគ្រំ ងាវ ដោយសារអាហារទាំងនេះមានជាតិស័ង្កសីដែលមានសារៈសំខាន់សម្រាប់សុខភាពភ្នែករបស់អ្នក។
    4. ញ៉ាំអាហារដែលផ្ទុកវីតាមីនសេ រួមបញ្ចូលទាំងក្រូច, ផ្លែស្ត្របឺរី, ផ្កាខាត់ណាខៀវ, និងមើមស្ពៃនៅក្នុងរបបអាហាររបស់អ្នក។
    5. បរិភោគអាហារដែលមានសារជាតិ lutein និង zeaxanthin ។ ញ៉ាំ spinach ផ្កាខាត់ណាខៀវ និងផ្លែ peas។ បន្លែទាំងនេះមានសារជាតិ lutein និង zeaxanthin ដែលជាសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់សុខភាពភ្នែកផងដែរ។
    6. បរិភោគការ៉ុត៖ ប្រសិនបើអ្នកញ៉ាំការ៉ុតនោះវានឹងធ្វើឱ្យភ្នែកកាន់តែប្រសើរ។
    7. បរិភោគអាហារដែលមានជាតិខ្លាញ់អូមេហ្គា 3។ ញ៉ាំត្រីដែលមានជាតិខ្លាញ់អូមេហ្គា 3 ឱ្យបានម្តង ក្នុងមួយសប្តាហ៍ដូចជា ត្រីសាម៉ុង ឬត្រីសាឌីន។ ប្រសិនបើអ្នកមិនមែនជាអ្នកចូលចិត្តញ៉ាំត្រីសូមប្រើថ្នាំអូមេហ្គា 3 ជារៀងរាល់ថ្ងៃ៕