ខេត្តបាត់ដំបង៖ ក្រុម The Forest FC បានក្លាយជាជើងឯកមណ្ឌលបាត់ដំបង បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់ FC CROWN (A) ប្រផិតប្រផើយក្នុងលទ្ធ២ទល់១វគ្គផ្តាច់ព្រ័ត្រ ការប្រកួត Tiger Street Football 2020 កាលពីថ្ងៃទី២ ខែកុម្ភៈ នៅទីលានកីឡដ្ឋាន វាលបែកចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
កីឡាករ វុធ ដេវីត ប្រធានក្រុម The Forest FC បានលើកឡើងថា ការគ្រងតំណែងជើងឯកលើកទី១នេះវាជាមោទនៈភាពមួយសម្រាប់ក្រុម The Forest FC ខណៈ២លើកកន្លងមក បានត្រឹមលេខ៤ប៉ុណ្ណោះ។ ការគ្រងតំណែងជើងឯកលើកដំបូងនេះ ប្រធានក្រុម The Forest FC បានប្តេជ្ញាចិត្តខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពក្រុមបន្ថែមទៀត ដើម្បីលេងឲ្យស៊ីសង្វាក់គ្នានៅវគ្គ ផ្តាច់ព្រ័ត្រនៅរាធានីភ្នំពេញ ឈានទៅក្រសោបតំណែងជើងឯក Tiger Street Football 2020 លើកមុខមាត់ខេត្តបាត់ដំបង។
សម្រាប់ជ័យលាភីមណ្ឌលបាត់ដំបងនេះ ដែលជាមណ្ឌលទី៤ ក្រុមដែលប្រជែងបានចំណាត់ថ្នាក់លេខ១ The Forest FC ទទួលបានថវិការ ១៥០០ ដុល្លារ ក្រុមលេខ២បានទៅលើ FC CROWN (A) ទទួលបានថវិការ ១០០០ ដុល្លារ ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម Norea Team ទទួលបានថវិការ ៥០០ ដុល្លារ និងលេខ៤បានទៅលើក្រុម យុវជនដាំស្ពៃ ទទួលបានថវិការ ២០០ ដុល្លារ។
ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលបាត់ដំបង ដែលជាមណ្ឌលទី៤នេះ ជ្រើសរើសយក១០ក្រុមឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៩ ខែកុម្ភះ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។ ក្រុមដែលគ្រងដំណែងជើងឯក Tiger Street Football 2020 និងមានឱកាសជួបផ្ទាល់ជាមួយ លោក Rio Ferdinand ផងដែរ។
ដោយឡែកតំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) បានលើកឡើងថា ព្រឹត្តិការណ៍ Tiger Street Football 2020 ក្រុមហ៊ុនបានបង្កើតឡើងដើម្បីផ្តល់ឱកាសឲ្យកីឡាករកម្ពុជាទូទាំងប្រទេសទទួលបានឱកាសចូលរួមប្រកួតប្រជែងបញ្ចេញទេពកោសល្យសម្រេចក្តីស្រម៉ៃរបស់ខ្លួន ចំពោះក្តីស្រលាញ់លើបាល់ទាត់។ អ្នកតំណាងរូបនេះ បញ្ជាក់ទៀតថា ព្រឹត្តិការណ៍ Tiger Street Football 2020 គឺជាព្រឹត្តិការណ៍បាល់ទាត់ដ៍អស្ចារ្យប្រចាំប្រទេសកម្ពុជា វាមិនត្រឹមតែជួយឲ្យកីឡាករកម្ពុជាអាចសម្រេចក្តីនូវស្រមៃជាមួយ បាល់ទាត់នោះទេ ហើយវាជាចំណែកមួយដ៍សំខាន់ក្នុងការលើកកម្ពស់អភិវឌ្ឍនវិស័យបាល់ទាត់នៅកម្ពុជា ពោលគឺ Tiger Street Football 2020 បាននាំយកនៅវត្តមានតារាបាល់ទាត់ដ៏ល្បីគឺ លោក Rio Ferdinand មកកម្ពុជា ដើម្បីជាគំរូនិងជម្រុញលើកទឹកឲ្យកីឡាករកម្ពុជាមានក្តីស្រមៃប្រឡុកក្នុងវិស័យបាល់ទាត់ក្លាយជាកីឡាករល្បីប្រចាំប្រទេសនាពេលខាងមុខ។
ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលបាត់ដំបង ដែលជាមណ្ឌលទី៤ មាន៤ខេត្តចូលរួម គឺ ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ និងបាត់ដំបងម្ចាស់ផ្ទះ ប្រកួតចាប់ពីថ្ងៃទី៣១ ខែមករា រហូតដល់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០។ សម្រាប់មណ្ឌលបាត់ដំបងនេះ គឺជ្រើសរើសយក១០ក្រុមឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៩កុម្ភៈ និងថ្ងែទី១មិនា ឆ្នាំ២០២០ ហើយក៍មានការចូលរួមពី លោក Rio Ferdinand ផងដែរ។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH