Author: ធឿន មករា

  • ស្រាបៀរ អាន់ឆ័រ រៀបចំព្រឹត្តិការណ៍បាល់ទះនារីលើឆ្នេរខ្សាច់ 2020 WOMEN’S FIVB WORLD TOUR ជាលើកដំបូងនៅខេត្តសៀមរាប

    ស្រាបៀរ អាន់ឆ័រ រៀបចំព្រឹត្តិការណ៍បាល់ទះនារីលើឆ្នេរខ្សាច់ 2020 WOMEN’S FIVB WORLD TOUR ជាលើកដំបូងនៅខេត្តសៀមរាប

    សៀមរាបថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០៖ ការប្រកួតបាល់ទះនារីលើឆ្នេរខ្សាច់ដ៏កក្រើកប្រចាំឆ្នាំ២០២០​(2020 WOMEN’S FIVB WORLD TOUR) នៃព្រឹត្តិការណ៍កីឡាបាល់ទះលើឆ្នេរខ្សាច់អន្តរជាតិលើកទី៣ ឆ្នាំ២០២០ របស់ស្រាបៀរ អាន់ឆ័រ (3rd Anchor International Beach Volleyball Carnival 2020) បានរៀបចំឡើងយ៉ាងធំ និងអស្ចារ្យបំផុតជាថ្មីម្តងទៀតក្នុងទឹកដីប្រទេសកម្ពុជា ដោយចាប់ផ្តើមពីខេត្តសៀមរាបពីថ្ងៃទី០៥-០៩ ខែកុម្ភៈ ឆ្នាំ២០២០ (បាល់ទះផ្នែកនារី​) ​និងរាជធានីភ្នំពេញពីថ្ងៃទី១៩-២៣ ខែកុម្ភៈ ឆ្នាំ២០២០ (បាល់ទះផ្នែកបុរស) ដោយមានក្រុមកីឡាករឆ្នើមៗរបស់កម្ពុជា និងអន្តរជាតិចូលរួមប្រកួតចំនួនដល់ទៅ ៤៨ក្រុម មកពី១៧ប្រទេសជុំវិញពិភពលោក​។

    ព្រឹត្តិការណ៍កីឡាបាល់ទះលើឆ្នេរខ្សាច់អន្តរជាតិលើកទី៣ ឆ្នាំ២០២០ របស់ស្រាបៀរ អាន់ឆ័រ នេះ ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការគ្នារវាងស្ថាប័នល្បីល្បាញពីរគឺសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) និងសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងគោលបំណងចម្បងដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទះនៅក្នុងកម្ពុជា និងជាឱកាសមួយសម្រាប់យុវជនដែលស្រឡាញ់កីឡាបាល់ទះបានបញ្ចេញសមត្ថភាព បទពិសោធន៍ និងពង្រឹងបច្ចេកទេសរបស់ខ្លួនក្នុងការលេងបាល់ទះផងដែរ។

    លោក Oguz Demirgenci ប្រធានក្រុមបច្ចេកទេសនៃ FIVB បានមានប្រសាសន៍ថា៖ «ការដែលមានព្រឹត្តិ​ការណ៍នេះជាប់លាប់នៅកម្ពុជា ពិតជាល្អ ​និងសំខាន់ណាស់ ព្រោះ ខ្ញុំមើលឃើញថា ព្រឹត្តិការណ៍នេះកាន់តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ទីតាំងនៃការប្រកួតទៀតសោតមានភាពស្រស់ស្អាត នេះក៏ដោយសារតែក្រុមហ៊ុន ស្រាបៀរ អាន់ឆ័រ និងសហព័ន្ធកីឡាបាល់ទះ​កម្ពុជាយកចិត្តទុកដាក់ចំពោះព្រឹត្តិការណ៍នេះ ដែលវាពិតជាមានសារសំខាន់ខ្លាំងណាស់ចំពោះ FIVB»។

    លោកបន្តថា«យើងសប្បាយចិត្តណាស់នៅពេលដែលបាល់ទះលើឆ្នេរខ្សាច់ត្រូវបានពង្រីកជាបន្តបន្ទាប់នៅទ្វីបអាស៊ី ដែលវានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយធ្វើឱ្យវិស័យកីឡានៅក្នុងពិភពលោកកាន់តែរីកចម្រើន។ ក្នុងនាម FIVB យើងសូមកោតសរសើរចំពោះក្រុមហ៊ុន ស្រាបៀរ អាន់ឆ័រ សហព័ន្ធកីឡាបាល់ទះកម្ពុជា និងព្រះរាជាណាចក្រកម្ពុជាសម្រាប់បដិសណ្ឋារកិច្ចដ៏ល្អ និងការងារដ៏អស្ចារ្យនេះ ហើយយើងសង្ឃឹមថានឹងបន្តរៀបចំព្រឹត្តិការណ៍ដ៏ជោគជ័យនេះនាពេលអនាគតទៀត»។

    ទីលានប្រកួត Anchor International Beach Volleyball Carnival 2020 ត្រូវបានតុបតែងដោយឆ្នេរខ្សាច់ធម្មជាតិដ៏សែនស្រស់ស្អាតពិតៗគួរជាទីទាក់ទាញបំផុត។ នៅជុំវិញទីលានប្រកួត មានការរៀបចំកៅអីអង្គុយ និងមានការដាក់តាំងលក់ស្រាបៀរអាន់ឆ័រ ដើម្បីឲ្យអ្នកចូលរួមទស្សនា បានពិសាស្រាបៀរអាន់ឆ័របណ្តើរ ទស្សនាបណ្តើរប្រៀបដូចជាកំពុងអង្គុយនៅមាត់សមុទ្រពិតៗយ៉ាងដូច្នេះដែរ។

    សូមជម្រាបថា សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បាល់ទះនារីលើឆ្នេរខ្សាច់ 2020 WOMEN’S FIVB WORLD TOUR ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV ទំព័រហេ្វសប៊ុករបស់ស្រាបៀរអាន់ឆ័រ​https://www.facebook.com/AnchorBeerKH/ និងគេហទំព័រYouTube របស់FIVB https://www.youtube.com/channel/UCHQUWveEpeO1KTkwbDn6jNA
    ផងដែរ។

    សូម ត្រៀមខ្លួនទទួលយកនូវបទពិសោធន៍ថ្មីមួយទៀតនៃការលេងបាល់ទះលើឆ្នេរខ្សាច់របស់ស្រាបៀរអាន់ឆ័រក្នុងកម្មវិធី Anchor International Beach Volleyball Carnival 2020។

    ស្រាបៀរ អាន់ឆ័រ ជាស្រាបៀរដែលពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មី គុណភាពខ្ពស់ស្តង់ដារអន្តរជាតិ ដែលឈ្នះពានរង្វាន់ផ្នែកគុណភាពជាបន្តបន្ទាប់សរុបជាង ៣០ មេដាយ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយស្រស់ថ្លា  ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែង  គ្រប់កម្មវិធី។

    រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ!

    ពិសាស្រាបៀរ អាន់ឆ័រ ដោយការទទួលខុសត្រូវ៕

  • ប្រទេស Norway កែប្រែប្រជាជនដែលចូលចិត្តប្រើអំពើហិង្សា ទៅជាប្រជាជនគំរូដោយវិធីណាខ្លះ?

    ប្រទេស Norway កែប្រែប្រជាជនដែលចូលចិត្តប្រើអំពើហិង្សា ទៅជាប្រជាជនគំរូដោយវិធីណាខ្លះ?

    បញ្ហាអំពើហិង្សា ឬឧក្រិដ្ឋកម្ម ជាបញ្ហាប្រឈមមួយដែលបណ្តាប្រទេសនានាជុំវិញពិភពលោកកំពុងយកចិត្តទុកដាក់ ព្រោះវាជាបញ្ហាមួយដែលបង្កើតឱ្យមានផលប៉ះពាល់ជាអវិជ្ជមានចំពោះប្រជាជននៅក្នុងសង្គម។

    នៅពេលសង្គមមួយពោរពេញទៅដោយមនុស្សដែលចូលចិត្តប្រើអំពើហិង្សាដើម្បីដោះស្រាយបញ្ហា ឬសម្បូរទៅដោយឧក្រិដ្ឋកម្ម នៅពេលនោះការរស់នៅរបស់ប្រជាជនក៏ស្ថិតក្នុងសភាពភ័យខ្លាច ឬជានិច្ចកាលមានការខាតបង់ធ្ងន់ធ្ងរដោយឥទ្ធិពលអវិជ្ជមាននៃអំពើហិង្សាទៀតផង។

    ជាដំណោះស្រាយបញ្ហាអំពើហិង្សានៅក្នុងសង្គម ក្រៅពីការអនុវត្តច្បាប់ ប្រទេសអភិវឌ្ឍន៍ជច្រើនបានព្យាយាមស្វែងរកវិធីផ្សេងៗដើម្បីអប់រំ បន្ថែមពីលើវិធានការតឹងតែងផ្នែកព្រហ្មទណ្ឌ។

    ការព្យាយាមស្វែងរកវិធីសាស្រ្តថ្មីៗនេះត្រូវបានគេធ្វើឡើងដោយសារតែគេសង្កេតឃើញថា គ្រាន់តែឃុំឃាំងក្នុងពន្ធនាគារ និងពិន័យជាប្រាក់ មិនទាន់គ្រប់គ្រាន់ទេក្នុងការកែប្រែមនុស្សហិង្សាឱ្យក្លាយជាមនុស្សល្អឡើងវិញ។ ជាក់ស្តែងនៅក្នុងសង្គម
    គេឃើញឧក្រិដ្ឋជន ឬជនល្មើសខ្លះបានប្រព្រឹត្តសកម្មភាពខុសឆ្គងដដែលៗ បើទោះបីជាគេធ្លាប់ជាប់ពន្ធនាគារហើយក៏ដោយ។

    ដើម្បីកាត់បន្ថយបញ្ហាអំពើហិង្សា និងឧក្រិដ្ឋកម្មនៅក្នុងប្រទេស ប្រទេសន័រវេយ៍ (Norway) បានប្រើប្រាស់វិធីអប់រំផ្នែកខាងក្នុងដល់អ្នកជាប់ទោស ដើម្បីអភិវឌ្ឍជីវិតរបស់គេក្នុងរយៈពេលយូរអង្វែងឱ្យក្លាយ
    ជាមនុស្សល្អឡើងវិញ ជាជាងការគ្រាន់តែឃុំខ្លួន។ ប្រទេសនេះបានប្រើប្រាស់លំហាត់យោហ្គា (yoga)
    និងការអប់រំដើម្បីធ្វើឱ្យគេមើលឃើញពីកំហុសផ្ទាល់ខ្លួន ហើយប្រែក្លាយពីមនុស្សខុសឆ្គង មកក្លាយជាបុគ្គលគំរូនៅក្នុងសង្គមវិញ។

    តាមការបញ្ជាក់របស់វេទិកាសេដ្ឋកិច្ចពិភពលោកបានឱ្យដឹងថា អ្នកជាប់ទោសនៅប្រទេសន័រវេយ៍ គឺគេចាប់ផ្តើមអប់រំឱ្យផ្លាស់ប្តូរទម្លាប់នៃការរស់នៅទៅមុន។ ជាវប្បធម៌ដែលគេអនុវត្តសម្រាប់អ្នកនៅក្នុងមន្ទីរឃុំឃាំង គឺបណ្តុះទម្លាប់ល្អដល់ពួកគេ
    តាមរយៈការបំផុសឱ្យធ្វើសកម្មភាពទាំងឡាយណាដែលមានប្រយោជន៍ ដូចជាការបង្កើតចំណូលចិត្តថ្មី
    ដើម្បីលុបឱ្យបាត់របៀបគិតអវិជ្ជមាន ឬផ្នត់គំនិតមិនល្អនៅក្នុងសង្គម។ អ្នកដែលធ្លាប់តែផឹកស៊ី ឬមានទម្លាប់បង្កការលំបាកដល់អ្នកដទៃ ត្រូវបានគេណែនាំឱ្យទៅកម្សាន្ត ដោយការបង្កើតឧបករណ៍
    ងាយៗ ការហ្វឹកហាត់ជំនាញជាង លេងអុក លេងកីឡា ឬការអានសៀវភៅជាដើម។

    បន្ថែមពីលើនេះសូម្បីតែរបបអាហារក៏ត្រូវផ្លាស់ប្តូរដែរ។ ជំនួសឱ្យការទទួលទានគ្រឿងស្រវឹង គេផ្តល់អាហារសុខភាព និងរបបអាហារទាំងឡាយណាដែលធ្វើឱ្យខួរក្បាលស្រស់ស្រាយ ហើយធូរស្បើយពីវិបត្តិទាំងឡាយដែលតោងជាប់នៅក្នុងចិត្តពីមុនមក។ បន្ថែមពីលើនេះ អ្វីដែលកាន់តែពិសេសនោះ គឺអ្នកទោសទាំងអស់ត្រូវបានគេណែនាំឱ្យធ្វើសមាធិ តាមរយៈសកម្មភាពយោហ្គា និងសកម្មភាពជាច្រើនផ្សេងទៀតរហូតក្លាយជាទម្លាប់។ ហេតុនេះហើយ ទើបគេសង្កេតឃើញថា ក្រោយពេលជាប់ឃុំអ្នកទោសដែលធ្លាប់តែឆេវឆាវ ចូលចិត្តប្រើអំពើហិង្សាបានប្រែក្លាយជាមនុស្សម្នាក់ដែលមានអារម្មណ៍រីករាយ មានសិល្បៈក្នុងជីវិតរស់នៅ និងចេះប្រើប្រាស់ជីវិតប្រកបដោយភាពស្ងប់ស្ងាត់មិនរំខានដល់អ្នកដទៃ ជាដើម។

    ក្រៅពីនេះ ការអានក៏ជាផ្នែកយ៉ាងសំខាន់មួយ ដែលអាចធ្វើឱ្យអ្នកទោសទាំងអស់ប្រើប្រាស់ពេលវេលាក្នុងជីវិតជាមួយនឹងបទពិសោធថ្មីជាច្រើនសម្រាប់ការរស់នៅ។ មនុស្សដែលមិនធ្លាប់ទទួលបានចំណេះដឹង ឬមិនធ្លាប់ជួបរឿងទាំងឡាយណា ដែលអាចបើកច្រកទ្វារសម្រាប់ការអភិវឌ្ឍជីវិត អាចនឹងក្លាយជាមនុស្សថ្មីតាមរយៈការអានសៀវភៅអប់រំជាច្រើននៅក្នុងពន្ធនាគារ។

    យោងតាមទិន្នន័យដែលបង្ហាញដោយសាកលវិទ្យាល័យ Salve Regina University បានឱ្យដឹងថា ការធ្វើបែបនេះបានធ្វើឱ្យអត្រាបញ្ហានៅក្នុងប្រទេសន័រវេយ៍ ថយចុះយ៉ាងច្រើន ព្រោះអត្រាអ្នកជាប់ទោសដដែលៗមានចំនួនតិចបំផុត។ មានន័យថា អ្នកដែលចេញពីពន្ធធនាគារហើយ កម្រមានករណីដែលងាកមកចាប់ផ្តើមជីវិតអវិជ្ជមានដូចកាលពីពេលមុនណាស់។

    គួរបញ្ជាក់ដែរថា បើតាមការបញ្ជាក់ដោយស្ថាប័ន Global Prison Trends 2019 បានឱ្យដឹងថា ចំនួនអ្នកទោសដែលកំពុងជាប់ពន្ធនាគាររហូតមកដល់ចុងឆ្នាំ2019 នេះមានចំនួនប្រមាណជាង​​ 10លាននាក់លើពិភពលោក ដោយក្នុងនោះមានទាំងបុរស ស្ត្រី និងកុមារផងដែរ។

    ហេតុនេះហើយទើបបណ្តាប្រទេសទាំងអស់កំពុងព្យាយាមស្វែងរកវិធីសាស្រ្តល្អៗ​ដើម្បីធ្វើការអប់រំពួកគេឱ្យប្រែក្លាយខ្លួនមកជាមនុស្សល្អសម្រាប់ចូលរួមអភិវឌ្ឍប្រទេសឡើងវិញ​បន្ទាប់ពីបានពិចារណាកំហុសក្នុងរយៈពេលសមរម្យណាមួយតាមច្បាប់ដែលបានចែងរួចហើយ៕

  • បើករឿងក្តីដ៏ឃោរឃៅមួយ គូស្នេហ៍មួយគូចាប់ពង្រត់ស្រីក្រមុំម្នាក់ ឃុំឃាំងក្នុងក្តារមឈូស ធ្វើទារុណកម្ម រំលោភ អស់រយៈពេល 7 ឆ្នាំ

    បើករឿងក្តីដ៏ឃោរឃៅមួយ គូស្នេហ៍មួយគូចាប់ពង្រត់ស្រីក្រមុំម្នាក់ ឃុំឃាំងក្នុងក្តារមឈូស ធ្វើទារុណកម្ម រំលោភ អស់រយៈពេល 7 ឆ្នាំ

    បើក​រឿង​ក្តី​ដ៏​សែន​ឃោរឃៅ​ ៖ គូ​ស្វាមីភរិយា​អាមេរិកាំង​ចាប់ពង្រត់​ស្រីក្រមុំ​អាយុ​ 20ឆ្នាំ​ម្នាក់​ ឃុំឃាំង​នៅក្នុង​ក្តារមឈូស​រយៈពេល​ 7ឆ្នាំ​ និង​លែង​ចេញ​មក​តែ​នៅពេល​ណា​ដែល​ត្រូវការ​រំលោភ​ និង​ធ្វើទារុណកម្ម​ប៉ុណ្ណោះ​។

    រឿង​នេះ​អាច​រាប់​បាន​ថា​ គឺជា​ហេតុការណ៍​មួយ​ក្នុងចំណោម​ហេតុការណ៍​ដ៏​សាហាវឃោរឃៅ​ខ្លាំង​បំផុត​ ដែល​ក្លាយជា​រឿង​ក្តី​ដ៏​ល្បីល្បាញ​មួយ​នៅ​សហរដ្ឋអាមេរិក​ សម្រាប់​ករណី​របស់​ ខលលីន​ ស្ទែ​ន នាងក្រមុំ​វ័យ​ 20ឆ្នាំ​ម្នាក់​ដែល​ត្រូវ​គូ​ស្វាមី​-ភរិយា​ ជនជាតិ​អាមេរិកាំង​ចាប់ពង្រត់​យក​ទៅ​ឃុំឃាំង​នៅក្នុង​ក្តារមឈូស​ និង​ធ្វើទារុណកម្ម​អស់​រយៈពេល​ដល់ទៅ​ 7ឆ្នាំ​ពេញ​។

    កាលពី​ថ្ងៃ8​ ខែកញ្ញា​ ឆ្នាំ2016​ គេហទំព័រ​ មី​រើរ៍​ បាន​លើកយក​បទ​ពិសោធ​ដែល​ប្រៀប​ដូចជា​ការ​ធ្លាក់​នរក​ទាំង​រស់​របស់​ ខលលីន​ ស្ទែ​ន មក​រាយការណ៍​ជាថ្មី​ម្តង​ទៀត​ ដោយ​រឿងរ៉ាវ​ទាំងអស់​បាន​ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃ1​ ក្នុង​ឆ្នាំ1977​ ដែល​ខណៈនោះ​ខល​លី​នកំ​ពុង​ស្ថិត​ក្នុង​វ័យ​ 20ឆ្នាំ​ បាន​បក់ដៃ​សុំ​ដោយសារ​តាម​រថយន្ត​របស់​គូ​ស្វាមី​ ភរិយា​ ខា​មេ​រ៉ន់​ និង​ ចា​នី​សហ៊ុ​កគើរ​ នៅ​តាមផ្លូវ​ដើម្បី​បន្តដំណើរ​ទៅមុខ​ ដោយ​មិន​នឹកស្មាន​ដល់​ថា​ នេះ​គឺជា​ការសម្រេច​ចិត្ត​ដែល​ខុសឆ្គង​ខ្លាំង​បំផុត​នៅក្នុង​ជីវិត​របស់​ខ្លួន​ឡើយ​។

    ខលលីន​ និយាយ​ថា​ ពី​ដំបូង​នាង​គិតថា​ ទាំង​ 2នាក់​នោះ​ ប្រហែលជា​គួរ​ឱ្យ​ទុកចិត្ត​បាន​ ព្រោះ​ពួកគេ​ធ្វើដំណើរ​មក​ជាមួយ​ទារក​តូច​មួយ​ផង​ដែរ​ តែ​រួចហើយ​ បន្ទាប់ពី​ពេលវេលា​កន្លង​ផុត​ទៅ​បាន​ត្រឹមតែ​ 1ម៉ោង​ប៉ុ​ណ្នោះ​ ខា​មេ​រ៉ន់​ ដែល​ជា​អ្នកបើកបរ​ក៏បាន​នាំ​នាង​ទៅដល់​កន្លែង​ស្ងាត់​មួយ​ រួច​ប្រើ​កាំបិត​ភ្ជង់​បំបិទមាត់​នាង​ ចងដៃ​ចងជើង​របស់​នាង​ មុននឹង​យក​ប្រអប់​ឈើ​មួយ​មក​គ្រប​ក្បាល​នាង​ និង​នាំ​នាង​ដើរតម្រង់ទៅ​ផ្ទះ​របស់​ពួកគេ​ដែល​ស្ថិតនៅ​ក្នុង​ រេ​ដប្លា​ហ្វ​ រដ្ខ​ខា​លី​ហ្វ័​រនៀ​។

    ខណៈនោះ​ខលលីន​គិតថា​ នាង​ប្រហែលជា​លែង​មានជីវិត​រស់នៅ​តទៅទៀត​ហើយ​ តែ​ការពិត​វិញ​ មើលទៅ​វា​ហាក់ដូចជា​សាហាវឃោរឃៅ​ខ្លាំង​ជាង​នោះ​ទៅទៀត​ នៅពេល​ដែល​គូ​ស្វាមីភរិយា​ចិត្តកំណាច​នោះ​ បាន​ឃុំឃាំង​ជនរងគ្រោះ​ក្រមុំ​នៅក្នុង​ក្តារមឈូស​ឈើ​មួយ​ ដែល​លាក់​ទុក​នៅ​ខាងក្រោម​គ្រែ​របស់​ពួកគេ​ទាំងគូ​ និង​អនុញ្ញាត​ឱ្យ​នាង​ចេញ​មក​ក្រៅ​បានតែ​ក្នុង​ពេលណា​ដែល​ខា​មេ​រ៉ន់​ត្រូវការ​រំលោភ​ និង​ធ្វើទារុណកម្ម​ដោយ​វិ​ធី​ផ្សេង​ៗតែប៉ុណ្ណោះ​។ ពេញ​មួយរយៈពេល​នៃ​សេចក្តី​ទុក្ខ​ដ៏​យូរអង្វែង​ដល់ទៅ​ 7ឆ្នាំ​នោះ​ មានរឿង​តែមួយគត់​ដែល​ធ្វើ​ឱ្យ​នាង​មាន​សេចក្តី​សុខ​បាន​នោះ​គឺ​ ការ​គេច​ចេញពី​ការពិត​ និង​បណ្តោយ​ខ្លួនឯង​ឱ្យ​អណ្តែត​ចេញពី​ការពិត​ដ៏​សាហាវឃោរឃៅ​នេះ​ នឹកស្រមៃ​តែខ្លួន​ឯង​ថា​ កំពុងតែ​ស្ថិតនៅ​ក្នុង​ទីកន្លែង​មួយ​ដែល​មាន​សេចក្តី​សុខ​ និង​ឡោមព័ទ្ធ​ដោយ​មនុស្ស​ដែល​ស្រឡាញ់​ចូលចិត្ត​នាង​។

    រហូត​នៅទីបំផុត​ ខល​លី​នក៏​រត់ចេញ​រួចពី​រណ្តៅ​នរក​នោះ​បាន​នៅ​ខែសីហា​ ឆ្នាំ1984​ និង​បាន​នាំ​ឆ្ពោះទៅ​រក​ការ​ចាប់ខ្លួន​ និង​ដំណើរការ​កាត់ក្តី​គូ​ស្វាមីភរិយា​ចិត្តឃោរឃៅ​នោះ​។ យ៉ាងណាក៏ដោយ​ ចា​នីស​ បាន​ទទួលការ​ឃុំគ្រង​អំពី​តុលាការ​បន្ទាប់ពី​នាង​បាន​ផ្តល់​នូវ​សហការ​ធ្វើជា​សាក្សី​ក្នុង​ទង្វើ​ឧក្រិដ្ឋ​អសីលធម៌​របស់​ខា​មេ​រ៉ន់​ជា​ស្វាមី​ ដែល​នៅទីបំផុត​ ខា​មេ​រ៉ន់​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ព័ន្ធ​នា​គារ​ចំនួន​ 104ឆ្នាំ​។

    ចាប់ពី​ពេលនោះ​ រហូតមកដល់​ពេលនេះ​ ពេលវេលា​បាន​កន្លងទៅ​អស់​ជាច្រើន​សិប​ឆ្នាំទៅ​ហើយ​ ទីបំផុត​ ខល​លី​នក៏​អាច​ត្រឡប់​មក​រស់នៅ​យ៉ាង​មាន​សេចក្តី​សុខ​ជាថ្មី​ម្តង​ទៀត​បាន​ ក្រោយពី​ឆ្លងកាត់​បទ​ពិសោធ​ដ៏​សែនអាក្រក់​កាលពី​អតីតកាល​ ខណៈ​ដែល​រឿងរ៉ាវ​របស់​ ខលលីន​ អ្នក​ដែល​ត្រូវ​បាន​គេ​ហៅថា​ “ស្រ្តី​ក្រមុំ​ក្នុង​ក្តារមឈូស​” និង​ថែមទាំង​ត្រូវ​បាន​នាំ​យក​មក​ផលិត​ជា​ខ្សែភាពយន្ត​រឿង​ Girl​ in​ the​ Box​ ដែល​បាន​កំណត់​ដាក់​បញ្ចាំង​នៅក្នុង​ប្រទេស​អាមេរិក​កាលពី​ពេល​កន្លងមក​ទៀតផង​៕

  • ហេតុ​អី​បាន​ត្រី​ងាប់​ត្រូវ​អណ្តែត​ផ្ងារពោះ?

    ហេតុ​អី​បាន​ត្រី​ងាប់​ត្រូវ​អណ្តែត​ផ្ងារពោះ?

    សម្រាប់​មនុស្ស​មួយចំនួន​ប្រហែលជា​ចាប់អារម្មណ៍ និង​មួយចំនួនទៀត​មិន​ចាប់អារម្មណ៍​នោះទេ ទៅលើ​មូល​ហេតុដែល​នាំ​ឱ្យ​ត្រី​នៅពេល​ងាប់​អណ្ដែត​ផ្ងារពោះ​ឡើងលើ។

    យោងតាម​ការបកស្រាយ​របស់​​អ្នកវិទ្យាសាស្ត្រ​បាន​ឱ្យដឹងថា ដោយសារ​រូបរាង​របស់​ត្រី​មាន​សាច់​ក្រាស់​នៅ​ផ្នែក​ខាងលើ និង​ផ្នែក​ខាងក្រោម​ជា​សាច់​ស្តើង ហើយ​ខាងក្នុង​គឺ​ប្រអប់​ពោះ ពេល​ត្រី​ងាប់​ទៅ អវយវៈ​ផ្ទៃក្នុង​ស្អុយរលួយ ហើយ​បញ្ចេញ​ជា​ហ្គាស​ចេញមក​ពេញ​ណែន​នៅក្នុង​ពោះ ទើប​ធ្វើឱ្យ​ខ្លួន​ត្រី​ក្រឡាប់​មក​អណ្តែត​ផ្ងារពោះ​ហ្នឹងឯង៕

  • ទង្វើដ៏សែនងាយៗ 12យ៉ាងដើម្បីសុខភាពចិត្តកាយដ៏ល្អ

    ទង្វើដ៏សែនងាយៗ 12យ៉ាងដើម្បីសុខភាពចិត្តកាយដ៏ល្អ

    មិត្តអ្នកអានប្រហែលជាធ្លាប់បានឮពាក្យដែលគេនិយាយថា សុខភាពល្អមិនអាចរកទិញនៅទីណាបានឡើយ បើចង់បានទាល់តែអនុវត្តដោយខ្លួនឯង។ ទោះជាដឹង និងយល់ច្បាស់ពីប្រយោគនេះហើយក៏ដោយ តែមានជាច្រើនដងណាស់ ដែលយើងធ្វេសប្រហែស និងព្រងើយកន្តើយចំពោះរឿងងាយៗ ដើម្បីទៅប្រឈមមុខនឹងរឿងលំបាកៗ និងបញ្ហាជាច្រើនដែលនឹងកើតឡើងក្នុងពេលអនាគត នោះគឺមានន័យថា យើងរស់នៅពីមួយថ្ងៃទៅមួយថ្ងៃដោយគ្មានយកចិត្តទុកដាក់ពីរឿងមើលថែទាំសុខភាព ទាំងវាជារឿងដ៏ងាយសែនងាយ រហូតបណ្តោយឱ្យសុខភាពចុះទ្រុឌទ្រោម យ៉ាប់យ៉ឺន និងត្រូវព្យាបាលយ៉ាងសកម្ម ដែលជាចុងក្រោយទៅអាចនឹងគ្មានផ្លូវព្យាបាលឱ្យជាបានផងក៏មិនដឹង។ តទៅនេះគឺជាពាក្យណែនាំក្នុងការមើលថែទាំសុខភាពបែបងាយៗ ដែលធ្វើហើយនឹងបានទទួលលទ្ធផលល្អ ដែលមានចំណុចខ្លះ មនុស្សជាច្រើនអាចធ្លាប់ដឹងរួចមកហើយ តែភ្លេច ឬក៏មិនទាន់បានចាប់ផ្តើមធ្វើយ៉ាងពិតប្រាកដនៅឡើយ។

    1. ចេញទៅទទួលយកពន្លឺថ្ងៃនាពេលព្រលឹមការភ្ញាក់ពីព្រឹក ហើយចេញទៅទទួលយកពន្លឺថ្ងៃស្រទន់ៗ មុនម៉ោង 9:00 រៀងរាល់ថ្ងៃ 1ថ្ងៃ 10 -15នាទីនោះ នឹងជួយឱ្យរាងកាយបានទទួលវីតាមីន D យ៉ាងគ្រប់គ្រាន់ ខណ:ពេលជាមួយគ្នា ក៏នឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ ភ្លឺថ្លា និងមានជីវិតរស់រវើកផងដែរ។

    2. ក្រេបទឹកតែ អ៊ូលង់ ក្តៅៗក្រេបទឹកតែ អ៊ូលង់ មួយថ្ងៃឱ្យបាន 3ពេល នឹងមានចំណែកជួយកាត់បន្ថយបរិមាណជាតិខ្លាញ់រាវនៅក្នុងសរសៃឈាម និងកាត់បន្ថយកម្រិតកូលេស្តេរ៉ូលបានយ៉ាងល្អ ព្រោះសារធាតុនៅក្នុងស្លឹកតែ ឈ្មោះថា Catechin Polyphenol នឹងជួយកាត់បន្ថយបញ្ហាក្លិនមាត់ និងបាក់តេរីក្នុងប្រអប់មាត់ ហើយការពារធ្មេញមិនឱ្យពុកបានទៀតផង។

    3. ញ៉ាំទឹកលាយទឹកឃ្មុំ
    បើកើតអាការគេងមិនលក់ សូមកុំអាលនឹកដល់ថ្នាំគេងលក់ដែលមានឥទ្ធិពលខ្លាំងៗអី ចូរសាកល្បងទទួលទានទឹកឃ្មុំ 1ស្លាបព្រាបាយ លាយជាមួយទឹកក្តៅឧណ្ហៗ នៅពេលបាយល្ងាចរៀងរាល់ថ្ងៃ វានឹងជួយឱ្យយើងគេងលក់បានស្កប់ ភ្ញាក់ព្រឹកឡើងនឹងមានអារម្មណ៍ថា ធូរស្រាល និងស្រស់ស្រាយក្នុងពេលជាមួយគ្នា ហើយទឹកឃ្មុំនៅមានគុណសម្បត្តិជួយកាត់បន្ថយអាការលោហិតស្លេក ដោយ-សារតែទឹកឃ្មុំមានសារធាតុដែកដែលជាអង្គប្រកបមួយរបស់ហេម៉ូគ្លោប៊ីន ទើបវាអាចជួយបង្កើនគ្រាប់ឈាមក្រហមបាន។

    4. រកមើលឱសថបុរាណក្បែរៗខ្លួនមិនបាច់ស្វែងរកអ្វីដែលពិបាកៗនោះទេ ព្រោះឱសថបុរាណ គឺជារឿងក្បែរខ្លួនយើង និងមានគុណប្រយោជន៍ជាច្រើន លើកឧទាហរណ៍ងាយៗ ដូចជា ស្លឹកម្រះព្រៅមានឥទ្ធិពលក្នុងការបណ្តេញជាតិខ្លាញ់ និងជាតិស្ករដែលលើសចេញពីរាងកាយ ហើយស្លឹកម្រះព្រៅ ថែមទាំងជួយក្នុងការបញ្ចេញទឹកប្រមាត់ក្នុងថ្លើមឱ្យមកជួយរំលាយជាតិខ្លាញ់បានកាន់តែល្អឡើងទៀតផង ។

    5. ធ្វើម៉ាស្សាបន្ធូរអារម្មណ៍ និងរាងកាយ
    ឈ្លីសៀតផ្កាដោយប្រេង ភេផើរ៍មិនត៍ ឬទឹកប្រេងក្រអូបហើរតាមខ្យល់ផ្សេងទៀត នឹងជួយធ្វើឱ្យមានអារម្មណ៍ធូរស្រាលរួចផុតពីភាពតានតឹងធុញថប់អារម្មណ៍បាន។

    6. ជ្រើសរើសពាក់ស្បែកជើងបាតាល្អៗមួយគូការជ្រើសរើសពាក់ស្បែកជើងបាតាក្រណាត់ល្អៗ 1គូ វានឹងជួយឱ្យការហាត់ប្រាណតាមរយ:ការដើររបស់អ្នក ប្រព្រឹត្តទៅយ៉ាងរលូន និងក្រៅពីបានបញ្ចេញញើសហើយនោះ នៅបានជួយថ្នមសុខភាពប្រអប់ជើងទៀតផង។

    7. កុំភ្លេចញ៉ាំសាច់ត្រីផងណា!
    សាច់ត្រី គឺជាសាច់សត្វដែលមានគុណប្រយោជន៍ បើលោកអ្នកមានអាការស្ងួតភ្នែក ចូរសាកល្បងពិសាសាច់ត្រីសាល់ម៉ុន ឬត្រីម៉ាកខឺរេល ដែលមានសារធាតុអូមេហ្កា-3 ដែលរាងកាយប្រើប្រាស់សម្រាប់ផលិតទឹកភ្នែក។

    8. ហិតក្លិនផ្កាឡាវេនឌើរ៍ឡាវេនឌើរ៍ គឺជាក្លិនផ្កាដ៏មានថាមពល ជួយបន្ធូរ-បន្ថយភាពតានតឹងក្នុងអារម្មណ៍ និងធ្វើឱ្យគេងលក់ស្រួល និងថែមទាំងមានគុណសម្បត្តិក្នុងការសម្លាប់មេរោគ កាត់បន្ថយអាការផ្សាក្រហាយរបស់ស្បែក ព្រោះមានឬទ្ធិប្រឆាំងនឹងការរលាក។ ពេលបានហិតស្រូបក្លិនហើយ ឡាវេនឌើរ៍នឹងជួយកាត់បន្ថយអាការឈឺក និងរលាកបំពង់ខ្យល់បាន។

    9. ជជែកលេងជាមួយមិត្តភក្តិខ្លះផងការនិយាយជជែកលេងជាមួយមិត្តភក្តិ លេងហ្គេម ចោទសួរប្រស្នាគ្នាលេង ត្រឹមតែ 1ថ្ងៃ 10នាទី នឹងជួយថែរក្សាប្រព័ន្ធចងចាំឱ្យនៅល្អបាន។

    10. កុំចង់ឱ្យស្បែកឡើងពណ៌ខ្មៅស្រអែមអីការធ្វើឱ្យស្បែកឡើងពណ៌ខ្មៅស្រអែម ចាប់ផ្តើមទទួលបានការពេញនិយមនៅក្នុងចំណោមក្រមុំៗ កំលោះៗមួយចំនួនហើយ ព្រោះពួកគេមានជំនឿថា ការមានសម្បុរខ្មៅស្រអែម គឺជាមន្តស្នេហ៍ម៉្យាងដែរ តែការធ្វើឱ្យស្បែកឡើងពណ៌ខ្មៅស្រអែមដោយ Sun Bed គឺជារឿងមួយដែលមិនគួរធ្វើឡើយ ព្រោះអំពូលភ្លើងនឹងធ្វើឱ្យកើតកាំរស្មី UVA ដែលមានផលធ្វើឱ្យស្បែកឆាប់ចុះទ្រុឌទ្រោម ចាស់មុនអាយុ កើតស្នាមយារជ្រួញលើផ្ទៃមុខ ឬអាចឈានទៅដល់កើតរោគមហារីកស្បែកទៀតផង។

    11. បា៎យបា៎យ សូដាការញ៉ាំទឹកសូដាជាប្រចាំយ៉ាងហោចណាស់ 1ថ្ងៃ 2 កែវនោះ នឹងហុចផលឱ្យក្រលៀនឆាប់ចុះខ្សោយជាងអ្នកដែលមិនបានញ៉ាំដល់ទៅ 3ដងឯណោះ នោះគឺមានន័យថា អាចនឹងមានភាពប្រថុយក្នុងការកើតអាការក្រលៀនលែងធ្វើការ(គាំង) ហើយអ្នកដែលញ៉ាំសូដារាល់ថ្ងៃ អាចនឹងមានភាពប្រថុយប្រថានក្នុងការកើតរោគសរសៃឈាមក្នុងខួរក្បាលណែនស្ទះ និងជំងឺបេះដូង ដែលជាជំងឺដ៏មានគ្រោះថ្នាក់ខ្លាំងជាងអ្នកមិនញ៉ាំសូដា ដល់ទៅ 43% ឯណោះ។ ដូច្នេះបើអាចកាត់បន្ថយបាន ក៏គួរតែកាត់បន្ថយ និងបើចៀសវាងបាននោះ រឹតតែល្អទៅទៀត។

    12. ញ៉ាំទឹកម្តងបន្តិច តែញ៉ាំពេញ 1ថ្ងៃការញ៉ាំទឹកក្នុងបរិមាណច្រើនៗក្នុងពេលតែមួយ មិនមែនជាវិធីញ៉ាំទឹកដែលត្រឹមត្រូវឡើយ តែគួរញ៉ាំទឹកម្តងបន្តិចៗ តែឱ្យបានញឹកញាប់ពេញ 1ថ្ងៃ ដើម្បីឱ្យរាងកាយមានពេលវេលាក្នុងការបឺតជ្រាបវិញទើបជាការប្រសើរ៕

  • តែងសេចក្តី ជាមុខវិជ្ជាសំខាន់ក្នុងការជំរុញការអានក្នុងប្រព័ន្ធអប់រំ

    តែងសេចក្តី ជាមុខវិជ្ជាសំខាន់ក្នុងការជំរុញការអានក្នុងប្រព័ន្ធអប់រំ

    ការអាន បានក្លាយជាប្រធានបទយ៉ាងសំខាន់សម្រាប់ប្រជាជនលើពិភពលោកក្នុងសតវត្សរ៍ទី21នេះ ព្រោះបើទោះបីជាបច្ចេកវិទ្យាបានរីករាលដាល និងមានតួនាទីកាន់តែសំខាន់ប៉ុនណាក៏ដោយក៏ការអាននៅតែជាយន្តការសំខាន់ក្នុងការអប់រំផ្នែកអក្សរសាស្ត្រដដែល។

    នៅកម្ពុជា គេសង្កេតឃើញថា ចំនួនអ្នកអានមិនសូវមានច្រើនប៉ុន្មានទេ បើទោះបីជាថ្មីៗនេះយើងឃើញថា កំណើននៃអំណាន
    មានស្ថានភាពវិជ្ជមានដែលឆ្លុះបញ្ចាំងតាមរយៈការចូលរួមរបស់យុវជនក្នុងកម្មវិធីថ្នាក់ជាតិធំៗ ដូចជាពិព័រណ៍សៀវភៅ និងកំណើននៃការបោះពុម្ពផ្សាយស្នាដៃថ្មីៗយ៉ាងច្រើនក៏ដោយ។ នៅក្នុងនោះមានប្រជាជនជាច្រើនក៏បានចាប់អារម្មណ៍ និងចង់ឃើញការជំរុញរបស់ក្រសួងពាក់ព័ន្ធផងដែរចំពោះការអាននៅកម្ពុជា។

    ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា តាមពិតទៅក្រសួងអប់រំបានយកចិត្តទុកដាក់ខ្លាំងពាក់ព័ន្ធនឹងការអាននេះផងដែរ។ ជាក់ស្តែងនៅរៀងរាល់ថ្ងៃទី11 ខែមីនាជារៀងរាល់ឆ្នាំក្រសួងអប់រំបានរៀបចំទិវាអំណានជាតិដើម្បីបំផុសចលនាក្នុងការអាន និងមានកម្មវិធីសិក្សាជាច្រើនដែលពាក់ព័ន្ធនឹងការជំរុញការអាន។

    សម្រាប់កម្មវិធីសិក្សាវិញ ក្រសួងបានចាប់ផ្តើមជំរុញកុមារៗ ចាប់តាំងពីកុមារតូច តាមរយៈកម្មវីធីអំណានដំបូងដែលយើងបានដាក់ដើម្បីឱ្យលោកគ្រូ-អ្នកគ្រូជួយសិស្សានុសិស្សឱ្យចេះអានជាបឋម មុននឹងក្លាយជាអ្នកពូកែអាននៅថ្ងៃអនាគត។

    បន្ថែមពីលើនេះ កម្មវិធីសិក្សាដែលយើងអនុវត្តជាយូរណាស់មកហើយ និងកំពុងមានសារៈសំខាន់សម្រាប់ការបណ្តុះបណ្តាលការអាន និងការសរសេរ គឺមុខវិជ្ជាតែងសេចក្តី។

    ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា៖ «មុខវិជ្ជាតែងសេចក្តីជាមុខវិជ្ជាយ៉ាងសំខាន់មួយដែលអាចជួយឱ្យសិស្សអាន និងចេះវិភាគស៊ីជម្រៅ។ មុខវិជ្ជានេះទាមទារឱ្យសិស្សត្រូវអានឱ្យបានច្រើន ទាំងអក្សរសិល្ប៍ជាតិ អក្សរសិល្ប៍បរទេស ប្រវត្តិសាស្រ្ត និងចំណេះដឹងទូទៅឱ្យបានច្រើន»។

    ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានបន្ថែមទៀតថា ជាធម្មតានៅក្នុងសំណេរតែងសេចក្តី គឺត្រូវទាញយកហេតុផលជាក់ស្តែង ដែលមាននៅក្នុងអក្សរសិល្ប៍ និងក្នុងសង្គមជាក់ស្តែងមកគាំទ្រដល់ការលើកឡើងរបស់អ្នកសរសេរ។

    ហេតុនេះដើម្បីក្តោបបានអត្ថន័យ និងមានលទ្ធភាពទាញយកតម្លៃអប់រំពីក្នុងរឿងប្រលោមលោក ឬក្នុង
    អត្ថបទអប់រំនានាមកពង្រីកការសរសេរអត្ថបទ
    តែងសេចក្តីឱ្យកាន់តែមានទម្ងន់ អ្នកសិក្សាចាំបាច់ត្រូវតែអានឱ្យបានច្រើន។

    លោក ឈិន សីហា សាស្ត្រាចារ្យ និងជាអ្នកអក្សរសាស្ត្រខ្មែរ បានលើកឡើងថា ការតែងសេចក្តីមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជំរុញការអានសម្រាប់សិស្សានុសិស្ស ព្រោះទាល់តែអានច្រើនទើបមានគំនិតសរសេរ ហើយវាក៏ជាមុខវិជ្ជាយ៉ាងសំខាន់មួយផងដែរ ដែលសិស្សគ្រប់គ្នាត្រូវតែចេះ។

    លោកថា បើទោះបីជាសិស្សសិក្សាថ្នាក់វិទ្យាសាស្រ្តសង្គមក៏ដោយ ថ្នាក់វិទ្យាសាស្ត្រពិតក៏ដោយ ក៏គាត់ត្រូវតែចេះតែងសេចក្តី ព្រោះវាជាមុខវិជ្ជាសំខាន់ និងអាចជួយបានច្រើនសម្រាប់ការធ្វើការងារ ឬការរស់នៅនាថ្ងៃអនាគត។

    មុខវិជ្ជាដ៏មានសារៈសំខាន់នេះ មិនស្មុគស្មាញពេកនោះទេប្រសិនបើយើងដឹងពីទម្រង់ និងឧស្សាហ៍អនុវត្តឱ្យបានច្រើន ជាពិសេស គឺអានឱ្យបានច្រើន។

    សម្រាប់អ្នកចង់ពូកែតែងសេចក្តីគួរអានទាំងអក្សរសិល្ប៍ អត្ថបទទូទៅ ចំណេះដឹងនានាពីខាងក្រៅ អត្ថបទសារព័ត៌មាន និងអត្ថបទតែងសេចក្តីដែលគេបានរៀបចំជាគំរូឱ្យបានច្រើន។

    លោក ឈិន សីហា បាននិយាយថា៖ «ការអានអត្ថបទអក្សរសិល្ប៍ និងអត្ថបទចំណេះដឹងទូទៅ នឹងអាចជួយឱ្យសិស្សមានហេតុផលច្រើន និងគំនិតទូលំទូលាយក្នុងការលើកហេតុផលដើម្បីគាំទ្រប្រធានបទនីមួយៗ ចំណែកឯអត្ថបទតែងសេចក្តីគំរូគឺអាចជួយឱ្យសិស្សយល់ដឹងច្រើនពីរចនាបទនៃការសរសេរ រួមទាំងសិល្បៈនានាក្នុងការប្រទាក់សាច់រឿងនីមួយៗឱ្យកាន់តែមានភាពច្បាស់លាស់»។

    សាស្រ្តាចារ្យខាងលើបានបន្ថែមទៀតថា ដោយហេតុនេះហើយទើបនៅក្នុងមុខវិជ្ជាភាសាខ្មែរគេតម្រូវឱ្យយើងសិក្សាទាំងវេយ្យករណ៍ អត្ថបទអំណាន និងសម្រង់អត្ថបទអក្សរសិល្ប៍នានា។ អត្ថបទទាំងអស់នេះ គឺជាច្រកយ៉ាងសំខាន់មួយដែលធ្វើឱ្យសិស្សអាចបន្តអានឱ្យបានកាន់តែច្រើន។

    ជាក់ស្តែងប្រសិនបើនៅក្នុងសៀវភៅសិក្សាគោលមានសម្រង់អត្ថបទទាក់ទងនឹងស្នាដៃអក្សរសិល្ប៍ណាមួយ គ្រូតែងតែណែនាំឱ្យសិស្សគាត់ទៅអានសៀវភៅរឿងនោះទាំងមូលតែម្តង ដើម្បីឱ្យសិស្សយល់ច្បាស់ពីសាច់រឿង ហើយក្នុង 1ឆ្នាំៗមានអត្ថបទ និងរឿងជាច្រើនដែលមានក្នុងសៀវភៅសិក្សាគោល។

    ហេតុនេះហើយទើបសិស្សមានឱកាសច្រើនក្នុងការអាន។ លោកថា ចាប់ផ្តើមពីទម្លាប់នៃការអានក្នុងសៀវភៅសិក្សាគោលនេះ សិស្សានុសិស្សអាចនឹងក្លាយជាមនុស្សដែលមានមូលដ្ឋានគ្រឹះអំណានរឹងមាំ សម្រាប់ឈានទៅអានសៀវភៅប្រភេទផ្សេងៗទៀតកាន់តែច្រើន ដែលនឹងធ្វើឱ្យគាត់កាន់តែមានចំណេះដឹងទូលំទូលាយឡើងនៅថ្ងៃខាងមុខ៕

  • ម៉ូដសក់ក្រងបែបគួរឱ្យស្រឡាញ់ សម្រាប់បុណ្យនៃក្តីស្រឡាញ់

    ម៉ូដសក់ក្រងបែបគួរឱ្យស្រឡាញ់ សម្រាប់បុណ្យនៃក្តីស្រឡាញ់

    ថ្ងៃបុណ្យនៃពណ៌សុីជំពូ ជាពណ៌នៃក្តីស្រឡាញ់ពេញបេះដូង ដូច្នេះម៉ូដសក់របស់អ្នកក៏ត្រូវឱ្យមានភាពផ្អែមល្ហែម និងមានរូបបេះដូង ដែលបង្ហាញពីភាពកក់ក្តៅ សេចក្តីស្រឡាញ់ និងគួរឱ្យស្រឡាញ់ទៅតាមនោះដែរ។ ម៉ូដសក់សម្រាប់យុវវ័យសម័យថ្មីនាឱកាសបុណ្យនៃក្តីស្រឡាញ់ត្រូវតែ Cute គួរឱ្យស្រឡាញ់បែបនេះ ទើបស័ក្តិសម។ នៅក្នុងរដូវបុណ្យនៃក្តីស្រឡាញ់ឆ្នាំនេះ ឡារ៉ែន សូមនាំចិត្តនារីៗទាំងអស់មកលេងម៉ូដសក់ក្រងបែបងាយៗ តែគួរឱ្យស្រឡាញ់ពេញបេះដូងតែម្តង ដែលអ្នកណាក្រឡេកមើលឃើញហើយ គឺចាប់អារម្មណ៍ និងលង់ស្នេហ៍តែម្តង ដែលមើលទៅមិនស៊ាំភ្នែក មិនឆើតឆាយពេក ហើយក៏មិនពិបាកធ្វើដែរ គឺអ្នកអាចធ្វើដោយខ្លួនឯងក៏បានដែរ។ ដូច្នេះនៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ សូមឱ្យយុវនារីយើង ដែលមិនទាន់មានគូស្នេហ៍បានជួបគូស្នេហ៍ដែលអ្នកប៉ងប្រាថ្នា និងបានជួបស្នេហ៍ពិតទាំងអស់គ្នាណា៎!

  • ម៉ូដសម្លៀកបំពាក់ពណ៌ផ្កាឈូកពណ៌ក្រហមសម្រាប់ Valentine’s Day

    ម៉ូដសម្លៀកបំពាក់ពណ៌ផ្កាឈូកពណ៌ក្រហមសម្រាប់ Valentine’s Day

    រដូវបុណ្យនៃក្តីស្រឡាញ់ ជាពេលវេលាដ៏មានអត្ថន័យ និងជាពេលវេលាដ៏ល្អសម្រាប់នារីៗយើងបង្អួតពីភាពស្រស់ស្អាត ទាក់ទាញចិត្តបុរសជាគូស្នេហ៍ និងមនុស្សនៅជុំវិញខ្លួន។ ដូច្នេះមិនអាចខកខានបានទេ ក្នុងការជ្រើសរើសនូវម៉ូដសម្លៀកបំពាក់ស្អាតៗ Cuteៗ ដើម្បីបង្ហាញពីភាពស៊ីវីល័យ និងភាពទាន់សម័យរបស់អ្នកដល់មនុស្សទាំងអស់នៅក្នុងថ្ងបុណ្យនៃក្តីស្រឡាញ់ Valentine’s Day ឆ្នាំ2020នេះ៕

  • វេសឡាញ ចេញវិធានការទប់ស្កាត់ជំងឺរលាកសួតថ្មីក្នុងបណ្តាញសាលារៀនរបស់ខ្លួន

    វេសឡាញ ចេញវិធានការទប់ស្កាត់ជំងឺរលាកសួតថ្មីក្នុងបណ្តាញសាលារៀនរបស់ខ្លួន

    ស្របពេលដែលអាណាព្យាបាលសិស្សជាច្រើនកំពុងមានការព្រួយបារម្ភពីសុវត្ថិភាពសុខភាពរបស់កូនៗនៅក្នុងសាលារៀន ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុបបានចាប់ផ្តើមចេញយុទ្ធនាការទប់ស្កាត់ជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCov) នៅក្នុងបណ្តាញសាលារៀនរបស់ខ្លួនដើម្បីជួយបញ្ចៀសសិស្សានុសិស្សរបស់ខ្លួនពីមេរោគថ្មីនេះ។

    លោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិការនៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា បញ្ហាជំងឺរលាកសូតដែលកើតឡើងដោយវីរុសកូរ៉ូណាថ្មី (2019-nCov) នេះជាបញ្ហាមួយដែលអាណាព្យាបាលជាច្រើនមានការព្រួយបារម្ភ ជាពិសេស គឺបារម្ភពីសុវត្ថិភាពរបស់កូនៗ តែស្ថានភាពជាក់ស្តែង បើតាមការបញ្ជាក់របស់អ្នកជំនាញដែលបណ្តាញព័ត៌មានផ្លូវការនានាបានផ្សព្វផ្សាយថា មេរោគដែលនាំឱ្យកើតជំងឺនេះ បានកើតឡើងច្រើនតែក្នុងតំបន់ដែលត្រជាក់ខ្លាំងតែប៉ុណ្ណោះ។

    សម្រាប់កម្ពុជាដែលមានសីតុណ្ហភាពក្តៅ មេរោគនេះមិនសូវជាមានឥទ្ធិពលខ្លាំងប៉ុន្មានទេ តែទោះជាយ៉ាងនេះក្តី ក៏យើងត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាដែរ ព្រោះសុខភាពជារឿងសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ និងដោយមើលឃើញពីសារៈសំខាន់នៃការរក្សាសុខភាពសម្រាប់សិស្សានុសិស្ស និងកាន់តែពិសេសក្នុងស្ថានភាពដែលមានការព្រួយបារម្ភពីការរីករាលដាលនៃជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មីនេះ ទើបបណ្តាញសាលារៀនរបស់វេសឡាញទាំងអស់បានចាប់ផ្តើមអនុវត្តនូវសកម្មភាពសំខាន់ៗជាច្រើន។

    លោកថ្លែងថា ជាវិធានការបន្ទាន់សម្រាប់គ្រប់សាខាទាំងអស់ គឺត្រូវតាមដានការវាស់ស្ទង់កម្តៅសិស្សមុនចូលថ្នាក់រៀនគ្រប់កម្រិត ដើម្បីធានាថា សិស្សដែលមានសីតុណ្ហភាពលើស 38អង្សារសេអាចនឹងថែរក្សាសុខភាពបានទាន់ពេលវេលា។ បន្ថែមពីលើនេះ គឺត្រូវលាងដៃសិស្សគ្រប់គ្នានឹងសាប៊ូកម្ចាត់មេរោគ ឬអាល់កុល គ្រប់គ្នាមុនពេលចូលបន្ទប់រៀន។

    លើសពីនេះទៅទៀត នៅគ្រប់សាខាទាំងអស់ គឺបានទិញម៉ាស់ សាប៊ូ និងសម្ភារបរិក្ខារជាច្រើនផ្សេងទៀត ដើម្បីផ្តល់ដល់សិស្សានុសិស្សប្រើប្រាស់ក្នុងគោលបំណងការពារពីការឆ្លងមេរោគផ្សេងៗ។

    ដោយឡែកសម្រាប់សិស្សដែលមានអាការមិនស្រួល សាលានឹងទំនាក់ទំនងទៅអាណាព្យាបាលដើម្បីជូនដំណឹង ហើយក្នុងនោះសាលាក៏បានណែនាំឱ្យអាណាព្យាបាលទាំងអស់ប្រញាប់នាំកូនទៅជួបគ្រូពេទ្យ ប្រសិនបើរកឃើញថា កូនៗរបស់គាត់មានអាការមិនសូវស្រួលខ្លួន ដូចជាឡើងកម្តៅខ្ពស់ ហៀរសំបោរ ឬមានអាការដូចទៅនឹងការប្រកាសរបស់ក្រសួងសុខាភិបាល។

    ដោយឡែកចំពោះសិស្សដែលបានត្រឡប់មកពីដើរលេងនៅប្រទេសចិនថ្មី ៗ យើងបានស្នើសុំឱ្យគាត់សម្រាក
    នៅផ្ទះ 1 ទៅ 2សប្តាហ៍សិន ដើម្បីតាមដានសុខភាពឱ្យបានល្អជាមុនសិន។

    លោក គង់ សំនៀង បានមានប្រសាសន៍ថា៖ «សម្រាប់គ្រប់បន្ទប់រៀនទាំងអស់ដែលមានបង្អូចយើងនឹងឱ្យគាត់បិទម៉ាស៊ីនត្រជាក់ បើកបង្អួចឱ្យមានពន្លឺ និងកម្តៅថ្ងៃចូលខ្លះ ដើម្បីឱ្យមានរបាយខ្យល់ចេញចូលល្អព្រោះជាទូទៅមេរោគនៃជំងឺផ្តាសាយ នឹងមិនសូវឆ្លង ឬងាប់តែម្ដងក្នុងសីតុណ្ហភាពក្តៅ»។

    លោក គង់ សំនៀង បានបន្ថែមទៀតថា សូមអាណាព្យាបាលសិស្សទាំងអស់ កុំមានការព្រួយបារម្ភខ្លាំងពេក ពីបញ្ហាការរីករាលដាលនៃជំងឺថ្មីនេះ ព្រោះដូចលោកបានបញ្ជាក់ហើយថា តាមការបង្ហាញពីបណ្តាញព័ត៌មានផ្លូវការជាច្រើន រួមទាំងការណែនាំរបស់វេជ្ជបណ្ឌិតមួយចំនួនផងនោះ បានឱ្យដឹងថា ប្រភេទជំងឺរលាកសួតថ្មីនេះ កើតឡើងពីប្រភេទមេរោគផ្តាសាយទេ។

    ចំពោះស្ថានភាពកម្ពុជាយើង គឺខុសគ្នាពីស្ថានភាពនៅប្រទេសចិនដោយសីតុណ្ហភាពនៅកម្ពុជាមិនអាចធ្វើឱ្យមេរោគឆ្លងមកងាយៗនោះទេ តែយើងក៏មិនត្រូវធ្វេសប្រហែសដែរ ជាពិសេស គឺបញ្ហាអនាម័យ។

    ហេតុនេះប្រសិនបើយើងបានចូលរួមរក្សាអនាម័យល្អហើយ និងព្រមទាំងមានការយកចិត្តទុកដាក់ពីសាលាផង សូមបញ្ជូនកូនទៅសាលារៀនជាធម្មតា ដើម្បីកុំឱ្យមានការប៉ះពាល់ដល់ការសិក្សា។

    គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះ នៅកម្ពុជាមានការរកឃើញអ្នកដែលឆ្លងមេរោគរលាកសួតថ្មី បណ្ដាលពីវីរុសកូរ៉ូណា (2019-Ncov) តែម្នាក់ប៉ុណ្ណោះ ហើយតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល ក៏បានឱ្យដឹងផងដែរថា អ្នកដែលផ្ទុកមេរោគនេះត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងថែទាំព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតពីមន្ត្រីជំនាញ។

    ចំពោះស្ថានភាពសុខភាពវិញ គឺស្ថិតក្នុងស្ថានភាពនឹងនរជាធម្មតាទេ ខណៈក្រសួង និងភាគីពាក់ព័ន្ធកំពុងចេញយុទ្ធនាការទប់ស្កាត់ ក៏ដូចជាព្យាយាមគ្រប់លទ្ធភាពដើម្បីកុំឱ្យមានការឆ្លង ឬរីករាលដាលនៃមេរោគនេះនៅក្នុងប្រទេសកម្ពុជា៕

  • អ្នក​ដាំ​ឆៃថាវ ធ្វើ​ឆៃប៉ូវ កំពុងមាន​ទីផ្សារ​ល្អ ទាំង​ក្នុង និង​ក្រៅប្រទេស

    អ្នក​ដាំ​ឆៃថាវ ធ្វើ​ឆៃប៉ូវ កំពុងមាន​ទីផ្សារ​ល្អ ទាំង​ក្នុង និង​ក្រៅប្រទេស

    នៅពេល​និយាយ​ពី​អាហារ​បន្លែ​ដែល​ផលប្រយោជន៍​ចំពោះ​សុខភាព ឆៃថាវ​មានគុណ​ប្រយោជន៍ ច្រើនជាង​អាហារ​បន្លែ​ដទៃទៀត ប៉ុន្តែ​ឆៃថាវ​ប្រហែល​មិនមែនជា​បន្លែ​ដែល​មនុស្ស​ជាច្រើន​ចូលចិត្ត​នោះទេ។ គេ​អាច​បរិភោគ​វាស្រស់ៗ ឬ​បន្ថែម​វា​ទៅក្នុង​មុខម្ហូប​សម្ល ឬ​ស្ងោរ​ដែល​ធ្វើឱ្យមាន​រសជាតិ​ឆ្ងាញ់​ម្យ៉ាង និង​ឆៃថាវ ថែមទាំង​ជា​បន្លែ​ដែល​ផ្ទុក​ទៅដោយ​សារធាតុចិញ្ចឹម​ដ៏​ច្រើន​នេះ​មានគុណ​ប្រយោជន៍​ជាច្រើន​ដល់​សុខភាព​ទៀតផង។

    ឆៃថាវ ឬ​ស្ពៃមើម នៅក្នុង 1ឆ្នាំ គេ​អាច​ដាំ​វា​បាន​ច្រើន​រដូវ។ ឆៃថាវ​ងាយ​ដាំ មាន​រយៈពេល​លូតលាស់​ខ្លី និង​ឆាប់​ផ្តល់​ផល ដី​សម្រាប់​ដាំ​ឆៃថាវ​ល្អ​បំផុត គី​ជា​ដីល្បាប់​ចាស់ ឬ​ល្បាយខ្សាច់​ផុស​មាន​មមោក​ច្រើន ជា​ដីល្បាប់​បង្ហួត​ទឹកបាន​ល្អ។ ឆៃថាវ ជា​បន្លែ​មើម ដែល​ចូលចិត្ត​ឤ​កាស​ធាតុ​ត្រជាក់​បន្តិច មិន​ក្តៅហែង និង​ជា​ដំណាំ​ដែល​ត្រូវការ​ទឹក​ច្រើន។ បើ​បាន​ដី​ធូរ​ល្បាយខ្សាច់​ផង ឆៃថាវ​នឹង​លូតលាស់​ល្អ និង​ឆាប់​ធំ។ នេះ​ជាការ​រៀបរាប់​របស់​អ្នកស្រី ហួត ម៉ិច​ស៊ីវ ជា​ម្ចាស់​សិប្បកម្ម​ធ្វើ​ឆៃប៉ូវ “ម៉ិច​ស៊ីវ999” អំពី​បទពិសោធ​នៃ​ការដាំ​ដំណាំ​បន្លែ​ឆៃថាវ និងការធ្វើឆៃប៉ូវ។

    អ្នកស្រី ហួត ម៉ិច​ស៊ីវ បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា៖“ខ្ញុំ​ប្រក​បរបរ​ដាំ​ឆៃថាវ​ធ្វើ​ឆៃប៉ូវ​នេះ​អស់​រយៈពេល​ជាង 10ឆ្នាំ​មកហើយ គឺ​ធ្វើ​បន្ត​ពី​យាយ និង​ម្តាយ​របស់ខ្ញុំ ដែល​ស្ថិតនៅ​ភូមិ​ព្រែក​ស្នាយ ស្ថិតក្នុង​ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល។ ពីមុន​ខ្ញុំ​ក៏​ដាំ​បន្លែ​ឆៃថាវ​នេះដែរ តែ​ក្រោយមក ក៏​ទិញ​ឆៃថាវ​ពី​អ្នកភូមិ និង​ពី​តំបន់​ដទៃ​ក្នុងស្រុក មក​ធ្វើជា​សិប្បកម្ម​ឆៃប៉ូវ​តែម្តង ដោយ​មិនបាច់​ហត់​ក្នុង​ការថែទាំ​ដំណាំ​ទៀត​ទេ គឺ​ផ្តោត​តែ​លើ​ការធ្វើ​ឆៃប៉ូវ​មួយ​មុខ​ប៉ុណ្ណោះ”។

    ម្ចាស់​សិប្បកម្ម​ធ្វើ​ឆៃប៉ូវ “ម៉ិច​ស៊ីវ​វ999” ក៏បាន​ប្រាប់​ឱ្យដឹងពី​បទពិសោធ​ក្នុង​ការដាំ​បន្លែ​ឆៃថាវ​នេះដែរ​ថា វិធី​ដាំ​គ្មានអ្វី​ស្មុគស្មាញ​ទេ គឺ​យើង​ត្រូវ​ត្រៀម​ដី​ដែល​ត្រូវ​ដាំ ដោយ​ត្រូវ​ភ្ជួរ​វា ហើយ​ហាល​សំដិល​អាចម៍ដី​យ៉ាងហោច​ឱ្យបាន 1សប្ដាហ៍ រួច​រាស់​វា​ឱ្យអស់​បែក ហើយ​រើស​ឫសស្មៅ​ចេញ​ឱ្យ​ស្អាត រួច​លាយ​ជី​លាមក​សត្វ ឬ​ជីកំប៉ុស។ រួចហើយ​ជីករណ្តៅ​ទទឹង ប្រមាណ​មួយ​ចំ​ឤមរាក់ៗ បន្តក់​គ្រាប់ពូជ​ដែល​ឤ​ចរក​ទិញ​បាន​តាម​ទីផ្សារ 1រណ្តៅ 2-3គ្រាប់។

    អ្នកស្រី​បញ្ជាក់ថា អ្នកខ្លះ​គេ​ដាំ​មិនបាច់​ជីករណ្តៅ​ក៏បាន គឺ​ព្រួស​គ្រាប់​យកតែ​ម្តង តែ​ត្រូវយក​ដី លាយ​ជាមួយ​ជី​ឤ​ចម៍​សត្វ​បាច​ពីលើ​ឱ្យ​លុប​ពីលើ​គ្រាប់ពូជ ប្រមាណ​ជា 1ថ្នាំង​ម្រាមដៃ រួច​ស្រោច​ទឹក​ឱ្យ​ជោករួចហើយ​ទើប​យក​ចំបើង ឬ​ស្មៅ​ស្ងួត​ក្រាល​គ្របពីលើស្តើងៗ 1ស្រទាប់ រួច​ស្រោច​ទឹក​ឱ្យ​សើម (ក្នុង​កម្រិត​សំណើម​ពី 75 ដល់80%) ដើម្បីឱ្យ​គ្រាប់​ចេញ​ពន្លក​បានល្អ។

    អ្នកស្រី​បន្តថា កាលណា​កូន​ឆៃថាវ​លាស់​ឡើង 1ដើម 5សន្លឹក​ហើយ ទើប​គេ​ដក​ដើម​ណា​ដែល​មិន​រឹងមាំ​ចោល ទុក​តែ​ដើម​ដែល​រឹងប៉ឹង​ល្អ​ជាងគេ ឱ្យ​ឃ្លាត​គ្នា​ពី 1ដើម​ទៅ 1ដើម ប្រមាណ​ជាង 1ចំ​ឤ​ម ឬ​ប្រមាណ 3តឹក ហើយ​ត្រូវ​ស្រោច​ទឹក និង​បោចស្មៅ​ចេញ​ជាប្រចាំ។ បន្ទាប់ពី​ដាំ​បាន​ពី 45 ទៅ 50ថ្ងៃ គឺ​បងប្អូន​កសិករ​យើង​អាច​ប្រមូល​ផល​ឆៃថាវ​បាន​ហើយ។

    ឆៃថាវ​គេ​ច្រើន​ដាំ​នៅតាម​តំបន់​មាត់ទន្លេ ដូច្នេះហើយ​បានជា​គេ​ឃើញ​មាន​ដាំ​ច្រើន​នៅ​ខេត្តកំពង់ចាម។ វិធី​ទុក​ឆៃថាវ​សម្រាប់​បរិភោគ​ឱ្យបាន​យូរ ទាំង​តាម​ទម្លាប់​របស់​ជនជាតិ​ចិន និង​ជប៉ុន ភាគច្រើន​គេ​ធ្វើ​ជ្រក់​វា ដែល​យើង​ហៅថា ឆៃប៉ូវ។ ឆៃប៉ូវ មាន​ទាំង​ឆៃប៉ូវ​ប្រៃ និង​ឆៃប៉ូវ​ផ្អែម។

    អ្នកស្រី ម៉ិច​ស៊ីវ បាន​ប្រាប់ឱ្យដឹង​ដែរ​ថា៖“ចំពោះ​ឆៃថាវ​ដែល​ខ្ញុំ​ទិញ​មក​ធ្វើ​ឆៃប៉ូវ គឺមាន​ម៉ូយ​ដឹក​មកឱ្យ​តាំងពី​ស្រុក​សំឡូត ខេត្តបាត់ដំបង ខេត្តកំពង់ចាម តាកែវ និង​ស្រុក​កោះធំ ខេត្តកណ្តាល ត្រាំខ្នារ និង​ខេត្តពោធិ៍សាត់​ជាដើម គឺ​គេ​យកមក​លក់​ឱ្យ​ដល់ផ្ទះ​តែម្ដង។ ការប្រមូលទិញ​ឆៃថាវ គឺ​ខ្ញុំ​ទិញ​ច្រើន​ពី 20-40តោន​ឯណោះ។ ការប្រមូលទិញ​ច្រើន​ដូច្នេះ គឺ​ដើម្បី​ស្តុក​ទុក​ដល់ពេល​រដូវ​ដែ​លក្សត់ មិនមាន​មើម​ឆៃថាវ​លក់ ដូចជា​នៅក្នុង​រដូវវស្សា ជាដើម”។

    អ្នកស្រី​បន្តថា៖“ការធ្វើ​ឆៃប៉ូវ​លក់ គឺ​ត្រូវ​ប្រើ​ដើមទុន​ច្រើន​គួរសម​ដែរ ព្រោះ​មើម​ឆៃថាវ នៅពេលណា​សម្បូរ គឺ​ទិញ​ក្នុងតម្លៃ 1គីឡូ 400រៀល តែបើ​ពេល​មិនសូវ​សម្បូរ​វិញ វា​អាច​ឡើងដល់​ក្នុង 1គីឡូ​តម្លៃ 700រៀល។ ចំពោះ​មើម​ឆៃថាវ 1តោន​យើង​អាចធ្វើ​ឆៃប៉ូវ​បានតែ​ជាង 200គីឡូក្រាម​ទេ”។

    អ្នកស្រី ម៉ិច​ស៊ីវ ក៏បាន​បញ្ជាក់​ពីបទ​ពិសោធ​នៃ​ការធ្វើ​ឆៃប៉ូវ​លក់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​ដែរ​ថា ឆៃប៉ូវ​ដែល​អ្នកស្រី​បានធ្វើ មាន​រសជាតិ​ឆ្ងាញ់ និង​រក្សាទុក​បានយូរ ហើយ​អ្នកស្រី​លក់ដាច់​ច្រើនជាង​អ្នកភូមិ​ជិតខាង។ អ្នកស្រី​បាន​រៀបរាប់​អំពី​ការធ្វើ​ឆៃប៉ូវ​ដូចខាងក្រោម…៖

    1- របៀប​ធ្វើ​ឆៃប៉ូវ​ផ្អែម​ធម្មតា គឺ​គេ​យក​ឆៃថាវ​មក​លាង​ឱ្យ​ស្អាត​ដី រួច​ពុះ​វា​ជា 2 ហើយ​យក​ឆៃថាវ​ដែល​ពុះ​ហើយ​នោះ​ទៅ​ចាក់​ចូលក្នុង​ពាង រួច​រោយ​អំបិល​គ្រួស​តាមស្រទាប់។ ឆៃថាវ​ប្រមាណ 800គីឡូក្រាម ត្រូវ​រោយ​អំបិល​ប្រហែល 50គីឡូក្រាម ហើយ​ត្រូវ​ផ្អាប់​ទុក 1យប់​កុំឱ្យ​ត្រូវ​ភ្លៀង។ ស្អែក​ឡើង គេ​ជាន់​លាង​ទឹកអំបិល(ជាន់​ឱ្យចូល​ជាតិ)។ បន្ទាប់ពី​ជាន់​ហើយ គេ​ស្រង់​វា​ដាក់​ក្នុង​ពាង​ទី2 ហើយ​រោយ​អំបិល​តាមស្រទាប់ៗមួយ​សា​ទៀត ប៉ុន្តែ​ដំណាក់កាល​នេះ គេ​បន្ថយ​អំបិល​នៅត្រឹមតែ 20-30 គីឡូក្រាម។ ការ​រោយ​អំបិល​នៅលើ​ក​ទី2 នេះ ក៏​គេ​ត្រូវបាន​ផ្អាប់​វា​ទុក 1យប់​ដែរ។ បន្ទាប់មក​គេ​ជាន់​វា​ឱ្យចូល​ជាតិ​ជា​លើក​ទី2 ដើម្បីឱ្យ​ឆៃប៉ូវ​ទន់ និង​ស រួច​ទើប​ស្រង់​ស្រទាប់​លើ ហើយ​បន្ត​ជាន់​ទៀត(ម្ដង 1ស្រទាប់) និង​ស្រង់តាមស្រទាប់ៗមួយសាៗ រហូតដល់​អស់​ឆៃប៉ូវ​ពី​ពាង។ បន្ទា​បើ​មក គេ​យក​ឆៃប៉ូវ​ដែលជា​ន់​ហើយ​នោះ​ទៅ​លាង រួច​ហាលថ្ងៃ​រយៈពេល 1ថ្ងៃ បន្ទាប់​មកចាក់​ចូលក្នុង​ពាង​ម្តង​មួយស្រទាប់ៗ រួច​ចាក់​ស្ករត្នោត​ចូល​ប្រមាណ 30គីឡូក្រាម។ ធ្វើ​របៀបនេះ​ម្តង 1ស្រទាប់ៗរហូតដល់​អស់​ឆៃប៉ូវ (ស្ករត្នោត​ដាក់​អស់​ប្រមាណ 80គីឡូក្រាម)។ បន្ទាប់មក គេ​ផ្អាប់​វា​ទុក 3យប់ ទើប​ស្រង់​ហាលថ្ងៃ រយៈពេល 2-4ថ្ងៃ រហូតដល់​ឆៃប៉ូវ​ស្ងួត ទើប​យកទៅ​ប្រឡាក់​ជាមួយ​ស្ករសតិចៗជាការ​ស្រេច។

    2- របៀប​ធ្វើ​ឆៃប៉ូវ​ផ្អែម​លេខ1 ដើម្បីឱ្យ​ឆៃប៉ូវ​ផ្អែម​លេខ1 គឺ​នៅពេលដែល​ស្រង់​ចេញពី​ពាង​អំបិល​លើក​ទី2 គេ​ត្រូវយក​វា​ទៅ​ហាលថ្ងៃ ត្រូវ​ជ្រើស​រើសយក​ឆៃប៉ូវ​ដែល​មូល​ល្អ និងតូចៗប្រមាណ 200គីឡូក្រាម យកទៅ​ប្រឡាក់​ជាមួយ​ស្ករស​ប្រមាណ 30-35គីឡូក្រាម ហើយ​ជាន់​វា​ឱ្យ​សព្វ រួច​ផ្អាប់​ទុក​រយៈពេល 2-3ថ្ងៃ រួច​ស្រង់​វា​ហាលថ្ងៃ​រយៈពេល 2-3ថ្ងៃ។ បន្ទាប់មក​យក​វា​ទៅ​ជាន់​ប្រឡាក់​ជាមួយ​ស្ករស​ប្រមាណ 10គីឡូក្រាម ហើយ​ផ្អាប់​ទុក​រយៈពេល 2យប់​ទៀត ទើប​ស្រង់​វា​ហាល 1ថ្ងៃ។ក្រោយពី​ហាល​បាន​រយៈពេល 1ថ្ងៃ​មក គេ​ត្រូវយក​ឆៃប៉ូវ​នោះ​ទៅ​ជាន់​ប្រឡាក់​ជាមួយ​ស្ករស​ជា​លើក​ទី3ម្តងទៀត ដោយ​បន្ថយ​ស្ករ​មក​នៅត្រឹម​ប្រមាណ​តែ 6-7គីឡូក្រាម​ប៉ុណ្ណោះ ហើយ​អប់​វា​ទុក​ជាការ​ស្រេច។

    3- របៀប​ធ្វើ​ឆៃប៉ូវ​ប្រៃ ចំពោះ​ឆៃប៉ូវ​ប្រៃ​វិញ ត្រូវយក​ឆៃថាវ​លាង​ទឹក​ឱ្យអស់​ដី រួច​ពុះ​វា​ជា 2 ហើយ​ដាក់​គរ​ទុក 1ពំនូក។ យក​ឆៃថាវ​ដាក់ចូល​ក្នុង​ពាង រួច​ដាក់​អំបិល​ចូល​ប្រមាណ 50គីឡូក្រាម​ជាន់​ឱ្យ​សព្វ បន្ទាប់មក​រៀប​ឆៃថាវ​ដាក់ចូល​ពាង រួច​ដាក់​អំបិល​ចូល​ប្រមាណ 40គីឡូក្រាម​ទៀត ហើយ​បន្ត​ជាន់​ឱ្យ​សព្វ​រហូត​អស់​ឆៃថាវ​ប្រមាណ 1,000គីឡូក្រាម។ បន្ទាប់មកទៀត គេ​ត្រូវយក​អំបិល​ប្រមាណ 10គីឡូក្រាម កូរ​ជាមួយ​ទឹក​ឱ្យ​រលាយ​អស់ រួច​ចាក់​ត្រាំ​ឱ្យ​លិច​ឆៃថាវ ហើយ​ត្រាំ​ទុក​រយៈពេល 3-4យប់។ បន្ទាប់មក​ស្រង់​ហាលថ្ងៃ​រយៈពេល 3-4ថ្ងៃ រហូតដល់​បែក​ផ្កាអំបិល ទើប​អាច​យក​ឆៃប៉ូវ​នោះ​ទៅ​លក់បាន។

    អ្នកស្រី​បានឱ្យដឹង​ទៀតថា៖“ការធ្វើ​ឆៃប៉ូវ​ផ្អែម ឬ​ប្រៃ​នេះ​មិនសូវ​ពិបាក​ទេ តែ​ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន​ដែរ ដោយ​សព្វថ្ងៃ​ខ្ញុំ​ប្រើ​កម្លាំង​កម្មករ​ជាង 10នាក់ ក្នុងនោះ​ប្រុស 4-5នាក់។

    ខ្ញុំ​រៀបចំ​ធ្វើ​ឆៃប៉ូវ​ម្តង 2-3តោន​ឆៃថាវ។ ចំពោះ​តម្លៃ​លក់​ឆៃប៉ូវ​ប្រៃ គឺ 4,000រៀល​ក្នុង 1គីឡូក្រាម ផ្អែម​ធម្មតា 4,000រៀល​ដូចគ្នា និង​ឆៃប៉ូវ​ផ្អែម​ពិសេស​លេខ 1 តម្លៃ 8,000រៀល ក្នុង 1គីឡូក្រាម ដោយ​ខ្ញុំ​បាន​បញ្ជូន​លក់​ទៅតាម​ខេត្ត​មួយចំនួន ដូចជា​ខេត្តបាត់ដំបង ខេត្តកំពង់ចាម តាកែវ សៀមរាប ភ្នំពេញ កណ្តាល ប៉ោយប៉ែត។ល។ សូម្បីតែ​អ្នក​នៅ​ភ្នំពេញ ក៏​ទំនាក់ទំនង​ទិញ​ឆៃប៉ូវ​របស់ខ្ញុំ​ដែរ ដោយ​ទូរស័ព្ទ​ឱ្យ ខ្ញុំ​ដឹកយក​ទៅឱ្យ ហើយ​និង​មាន​បងប្អូន​អតិថិជន​ខ្លះ គាត់​បាន​ទិញ​ផ្ញើ​បងប្អូន​នៅ​ប្រទេសក្រៅ​ទៀតផង”។

    អ្នកស្រី ម៉ិច​ស៊ីវ ក៏បាន​បញ្ជាក់ប្រាប់​ឡា​រ៉ែ​ន​ដែរ​ថា៖“ការធ្វើ​ឆៃប៉ូវ​កន្លងមក ពេលខ្លះ​មិនបាន​ផ្គត់ផ្គង់​គ្រប់​តាម​តម្រូវ​វ​ការ​ទីផ្សារ​ទេ។ ដូច្នេះ​ខ្ញុំ​នឹង​បង្កើន​ការផលិត​បន្ថែមទៀត​ឱ្យ​គ្រប់​តាម​តម្រូវការ​ទីផ្សារ ព្រោះ​ផលិតផល​ឆៃប៉ូវ​របស់ខ្ញុំ​ក៏មាន​ការទទួលស្គាល់​ពី​បងប្អូន​នៅក្រៅ​ប្រទេស​ដែល​ធ្លាប់​បានមក​ជាវ​ទិញ​ផលិតផល​ឆៃប៉ូវ​ខ្ញុំ​យកទៅ​ប្រទេសក្រៅ​ផងដែរ ដូចជា​អ្នក​មកពី​កាណាដា សហរដ្ឋអាមេរិក កូរ៉េ និង​ប្រទេស​អូស្ត្រាលី​ជាដើម”៕