Author: ធឿន មករា

  • ផលិតផលកសិកម្មរបស់កម្ពុជា 5មុខ នឹងត្រូវបានចុះបញ្ជីសញ្ញាពាណិជ្ជកម្ម

    ផលិតផលកសិកម្មរបស់កម្ពុជា 5មុខ នឹងត្រូវបានចុះបញ្ជីសញ្ញាពាណិជ្ជកម្ម

    ក្រសួងពាណិជ្ជកម្ម កំពុង​រៀបចំ​ស្នើសុំ​ចុះបញ្ជី​ផលិតផល​ខ្មែរ​ចំនួន​ 5មុខបន្ថែម​ទៀត ដើម្បី​ការពារ​ម៉ាក​សញ្ញា​ពាណិជ​កម្ម  ។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​នៃក្រសួងពាណិជ្ជកម្ម នៅក្នុង​សន្និសីទសារព័ត៌មានស្តីពី​«​បច្ចុប្បន្នភាព និង​វឌ្ឍនភាព​របស់​ក្រសួងពាណិជ្ជកម្ម​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹក​ថ្ងៃទី​6 កុម្ភៈម្សិលមិញ​។​

    អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្មបាន​បញ្ជាក់ថា ក្រសួង​កំពុង​សិក្សា និង​ប្រមូល​ព័ត៌មាន​បឋម​ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​ម៉ាក​យីហោ​កសិផលទាំង​ 5មុខ​នោះ មាន ក្រូចពោធិ៍សាត់ ផ្កាអំបិល​កំពត សូត្រ​មាស អង្ករ​សរីរាង្គ និង​អំបុក​ខ្មែរ​។ ​លោក ស៊ា​ង ថៃ​ អ្នកនាំពាក្យ​នៃក្រសួងពាណិជ្ជកម្មការបានថ្លងថា ចុះបញ្ជី​ការពារ​ម៉ាក​ផលិតផលរបស់​ខ្មែរ គឺ​ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​អ្នកបរិភោគ ជាពិសេស​ទប់ស្កាត់​ការបន្លំ​​ផលិតផលរបស់ខ្មែរយើង នៅក្នុង​ទីផ្សារសេរី​នេះ​។​អ្នកនាំពាក្យ​រូបនេះ បាន​បន្ថែមថា​៖ «​ធម្មតា​យើង​តាំងគោលដៅ​​ចុះបញ្ជី​ការពារ​ម៉ាក​សញ្ញា​ កសិផលចំនួន​ 5មុខ​នេះ បើគេ​ទទួលស្គាល់​ត្រឹមតែ3 ឬ​4 ក៏វា​ជា​ជោគជ័យ​របស់​យើងដែរ ព្រោះ​វា​អាស្រ័យ​លើ​ទំហំ​ការងារ​ជាក់ស្ដែង​»​។​

    កាលពីពេលកន្លងមក​ ក្រសួងពាណិជ្ជកម្មបាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ម៉ាកសញ្ញា ​«​ម្លិះ​អង្គរ​» ដែលជា​ម៉ាក​វិញ្ញាតកម្ម​ទី1 និង​ម៉ាក​សញ្ញា «​ក្រូចថ្លុង​កោះ​ទ្រង់​» ដែលជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ទី​3 ​របស់​កម្ពុជា បន្ថែមពី​លើ​ម៉ាកសញ្ញា​ «​ម្រេច​កំពត​» និង​«​ស្ករត្នោត​កំពង់ស្ពឺ​» ដែល​កំពុង​ទទួល​ការពេញនិយម​លើ​ទីផ្សារក្រៅប្រទេស​​។ ​ក្រសួងពាណិជ្ជកម្មថែមទាំងបាន​តាក់តែង​គោលនយោបាយ និង​ចងក្រង​លិខិតបទដ្ឋាន​គតិយុត្ត ដើម្បី​ការពារ​ម៉ាក​សញ្ញា​ពាណិជ្ជ​កម្មនេះទៀតផង​។​

    អ្នកនាំពាក្យខាងលើ បានបន្ថែមឱ្យដឹងទៀតថា កាល​ពីឆ្នាំ​2019 ​កន្លងមក ក្រសួងពាណិជ្ជកម្មបានទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​ការពារ​ម៉ាក​សញ្ញា​ពាណិជ្ជកម្ម បាន​ចំនួន​ 5, 278ច្បាប់ ដោយ​កើនឡើង​ 13ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​2018​៕

  • ក្រសួងធនធានទឹក៖ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងចុះត្រជាក់ដល់១៧អង្សាសេ ខណៈតំបន់ទំនាបកណ្តាល និងមាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម

    ក្រសួងធនធានទឹក៖ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងចុះត្រជាក់ដល់១៧អង្សាសេ ខណៈតំបន់ទំនាបកណ្តាល និងមាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់១០ ខែកុម្ភៈ ឆ្នាំ២០២០។

    សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាព អាកាសធាតុជាប់ជាបន្តបន្ទាប់ សង្កេតឃើញថា ចាប់ពីថ្ងៃទី០៤ ដល់ ទី១០ ខែកុម្ភៈ ជ្រលងសម្ពាធខ្ពស់រំកិលគ្របដណ្តប់លើកម្ពុជា។

    ស្ថានភាពបែបនេះ ធ្វើឲ្យ៖

    ១៖ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    * នៅថ្ងៃទី៤-៨ ខែកុម្ភៈ ធាតុអាកាសត្រជាក់នៅពេលព្រឹក
    – សីតុណ្ហភាពអប្បបរមា មានពី១៧-២១អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី២៩-៣២អង្សាសេ

    * តំបន់វាលទំនាបកណ្តាល
    – សីតុណ្ហភាពអប្បបរមា មានពី២០-២៣អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ

    * តំបន់មាត់សមុទ្រ
    – សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ

    នៅថ្ងៃទី៩-១០ ខែកុម្ភៈ ផ្នែកមួយចំនួននៃបណ្តាខេត្តនៅតំបន់វាលទំនាបភាគខាងក្រោម និងខេត្តនៅជាប់មាត់សមុទ្រ នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម៕

  • អាថ៌កំបាំងលើផ្ទៃមេឃ ក្នុងសម័យសង្រ្គាមលោកលើកទី 2

    អាថ៌កំបាំងលើផ្ទៃមេឃ ក្នុងសម័យសង្រ្គាមលោកលើកទី 2

    ក្នុងសម័យសង្រ្គាមលោកលើកទី 2 គឺជាអំឡុងពេលដែលយន្តហោះចម្បាំងមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការធ្វើសង្រ្គាម តែតើមិត្តអ្នកអានជឿដែរឬទេថា ក្នុងអំឡុងពេលទាំងនោះ បានកើតមានហេតុការណ៍ចម្លែកៗឡើងយ៉ាងអាថ៌កំបាំងនៅលើផ្ទៃមេឃជាច្រើនដង ដែលរហូតមកដល់សព្វថ្ងៃនេះហើយក៏នៅតែមិនអាចដឹងបានថា ម៉េចបានជាហេតុការណ៍ដ៍អាថ៌កំបាំងទាំងនោះកើតឡើងបាន?
    ថ្ងៃនេះ ឡារ៉ែន សូមនាំរឿងរ៉ាវដ៏គួរឱ្យងឿងឆ្ងល់ និងចម្លែកចិត្តមួយចំនួនពាក់ព័ន្ធនឹងអាថ៌កំបាំងនៃយន្តហោះខ្មោចទាំងនោះមកជម្រាបជូនទុកគ្រាន់ធ្វើជាចំណេះដឹងដូចខាងក្រោម ៖

    1. យន្តហោះខ្មោចឆ្លងអតីតកាល
    ក្នុងអំឡុងសង្រ្គាមលោកលើកទី 2 នោះឯង ខាងកងទ័ពបានទទួលរបាយការណ៍មួយថា បានជួបយន្តហោះមួយគ្រឿងដែលត្រូវបានដាក់ឈ្មោះឱ្យថាជាយន្តហោះខ្មោច បង្ហាញខ្លួននៅលើដែនអាកាសជាច្រើនកន្លែង មុននឹងរលាយបាត់ទៅវិញយ៉ាងគ្មានតម្រុយ ដោយសូម្បីតែរ៉ាដាក៏មិនអាចចាប់បានដែរ។

    និងដែលគួរចាប់អារម្មណ៍ជាងនោះទៅទៀតក៏គឺ ក្នុងអំឡុងពេល 30 – 40 ឆ្នាំតមកទៀត បានមានរបាយការណ៍ពីគូស្នេហ៍មួយគូដែលកំពុងដើរលេងតាមបណ្តោយថ្នល់ក្នុងតំបន់ជនបទមួយកន្លែង សុខៗ ក៏ស្រាប់តែពួកគេមើលឃើញយន្តហោះដែលមានលក្ខណៈចំណាស់ខុសពីយន្តហោះក្នុងយុគសម័យបច្ចុប្បន្នយ៉ាងស្រឡះកំពុងហោះនៅលើមេឃដូចយន្តហោះធម្មតាទូទៅ មុននឹងសុខៗ វាក៏រលាយបាត់ទៅវិញនៅនឹងមុខពួកគេទាំងពីរយ៉ាងគួរឱ្យភាន់ភាំងក្រៃលែង។ប្រាកដណាស់ រឿងរ៉ាវយន្តហោះខ្មោចនេះមិនមែនត្រូវបានមនុស្សប្រទះឃើញត្រឹមតែប៉ុណ្ណឹងនោះទេ តែនៅមានរបាយការណ៍ជាច្រើនទៀតពាក់ព័ន្ធនឹងការប្រទះឃើញយន្តហោះដ៏ចំណាស់មួយគ្រឿងនោះ និងក៏មានអ្នកលើកចំណុចសន្និដ្ឋានឡើងដែរថា វាអាចជាការធ្វើដំណើរឆ្លងអតីតកាល ឬអាចនឹងជាអំឡុងពេលដែលពិភពនៃពេលវេលាវឹលមកជាន់គ្នាម្តងទៀតដូចកាលពីអតីតកាល ធ្វើឱ្យយន្តហោះខ្មោចនោះបង្ហាញខ្លួនឡើងក៏អាចថាបានដែរ។

    2 . យន្តហោះដែលទទេស្អាត
    ក្រោយពីយុទ្ធជនទ័ពអាកាសមួយក្រុមបាននាំយន្តហោះ ហោះចេញទៅបំពេញភារកិច្ចដ៏សែនប្រថុយនឹងគ្រោះថ្នាក់ និងទាំងអស់បានត្រឡប់មកដល់មូលដ្ឋានវិញយ៉ាងសុវត្ថិភាព លើកលែងតែយន្តហោះមួយគ្រឿងប៉ុណ្ណោះដែលបាត់ដំណឹងទៅសូន្យឈឹងតាំងពីពេលណាក៏គ្មានអ្នកណាដឹងឡើយ ទើបធ្វើឱ្យក្រុមយុទ្ធជនអ្នកបើកបរយន្តហោះទាំងនោះប្រញាប់នាំគ្នាហោះត្រឡប់ទៅតាមរកយន្តហោះមួយគ្រឿងនោះវិញ។មិនយូរប៉ុន្មាន ទាំងអស់គ្នាក៏បានជួបនឹងយន្តហោះដែលបាត់នោះកំពុងតែហោះចុះចតនៅម្តុំបរិវេណឆ្នេរសមុទ្រមួយកន្លែងជិតនឹងខ្សែបន្ទាត់ជើងមេឃ។ ទិដ្ឋភាពដែលពួកគេទាំងអស់គ្នាមើលឃើញគឺ យន្តហោះមួយគ្រឿងនោះហាក់ដូចជាត្រូវខូចខាតយ៉ាងដំណំ តែវាក៏ទម្លាក់ខ្លួនចុះចតទៅលើដីបានយ៉ាងល្អ។
    តែនៅពេលពួកគេទាំងអស់គ្នាប្រញាប់រត់ទៅដើម្បីជួយទាញអ្នកបើកចេញបន្ទប់អ្នកបើកបរនោះ ស្រាប់តែទាំងអស់គ្នាត្រូវស្រឡាំងកាំងជាខ្លាំង ព្រោះនៅក្នុងនោះគ្មានអ្នកបើកឡើយ ហើយប្រេងសាំងក៏អស់រលីងពីធុងបម្រុងទៀតផង។ មានការសន្និដ្ឋានថា យន្តហោះមួយគ្រឿងនេះអាចវង្វេងហោះចូលទៅក្នុងពិភពនៃពេលវេលាមួយទៀតរហូតដល់ប្រេងសាំងជិតអស់ទើបចេញមកវិញរួច ចំណែកអ្នកបើកប្រហែលជាបាត់ខ្លួននៅក្នុងពិភពមួយនោះ និងចាប់ពីពេលនោះមកគ្មាននរណាបានឃើញ ឬបានជួបគេទៀតឡើយ។

    3 . ការបាត់ខ្លួនសូន្យឈឹងរបស់ក្រុមហោះហើរទី 19
    គឺជារបាយការណ៍មួយក្នុងចំណោមរបាយការណ៍ដ៏អាថ៌កំបាំងបំផុតដែលពាក់ព័ន្ធការបាត់ខ្លួនទៅរបស់យន្តហោះ។ កើតឡើងនៅថ្ងៃទី 5 ខែ ធ្នូ ឆ្នាំ 1945 ជាអំឡុងពេល 3 ខែក្រោយពេលដែលសង្រ្គាមលោកលើកទី 2 បានបញ្ចប់។ ក្រុមហោះហើរទី 19 ដែលជាផ្នែកមួយរបស់ក្រុមហោះហើរធំ TBM Avenger របស់អាមេរិកបានចូលរួមហ្វឹកហាត់ការហោះហើរនៅក្នុងរដ្ឋ ហ្វ្លរីដា។រឿងរ៉ាវមានដូចតទៅ ៖ បន្ទាប់ពីយន្តហោះទាំងអស់ហោះឡើងម្តងមួយៗទៅលើផ្ទៃមេឃ អនុសេនីយទោ ឆាល ថេលើរ៍ អ្នកហោះដឹកនាំក្រុមហោះហើរទី 19 បានរាយការណ៍តាមរយៈវិទ្យុទាក់ទងថា ទ្រនិចត្រីវិស័យរបស់គេលែងធ្វើការ និងរូបគេក៏មិនដឹងដែរថា តើពេលនេះពួកគេកំពុងនៅទីណា។ ទាំងអស់គ្នាព្យាយាមរកផ្លូវចេញពីតំបន់ផ្ទៃអាកាសទីនោះ តែក៏មិនបានសម្រេច។

    ទីបំផុត ប្រេងសាំងនៅក្នុងយន្តហោះរបស់ពួកគេក៏អស់ តែយន្តហោះទាំងអស់ក៏មិនត្រូវបានរកឃើញដែរ។ អ្នកបើកបរទាំង 14 នាក់របស់ក្រុមហោះហើរទី 19 ត្រូវបានសន្និដ្ឋានថា ស្លាប់ទាំងអស់ ចំណែកទីកន្លែងដែលពួកគេបាត់ការទាក់ទងនោះ គឺបរិវេណត្រីកោណ ប៊ើមីវដា កណ្តាលមហាសមុទ្រហ្នឹងឯង។

    4 . សង្រ្គាម 
    UFO ពីលើដែនអាកាសរបស់ទីក្រុង ឡូស អ៊ែនជេលេស
    នៅរាត្រីថ្ងៃទី24 កុម្ភៈ ឆ្នាំ 1942 មានសាក្សីជាច្រើនរយនាក់បានរាយការណ៍ចូលមកមូលដ្ឋានកងទ័ពអាកាសឡូស អ៊ែនជេលេស ដោយអះអាងថា ពួកគេបានឃើញវត្ថុចម្លែកជាច្រើនគ្រឿងបង្ហាញខ្លួនឡើងនៅលើផ្ទៃមេឃ។ មនុស្សម្នាចាប់ផ្តើមភិតភ័យវិតក្ក ព្រោះខ្លាចថាមានការវាយប្រហាខាងអាកាសម្តងទៀត ព្រោះអំឡុងពេលនោះហេតុការណ៍ដែលកងទ័ពស្ម័គ្រស្លាប់ជប៉ុនទើបតែវាយប្រហារកោះ ភើល ហាប៊ើរហើយថ្មីៗ។
    ម៉ោងប្រមាណជា 3 ទៀបភ្លឺ កងពលកាំភ្លើងធំខាងឆ្នេរទី 37 ចាប់ផ្តើមមានការបាញ់ភ្លើងហ្វ៉ាស្ពត់ឡៃថ៍ឡើងទៅលើផ្ទៃមេឃ និងមានការបាញកាំភ្លើងប្រឆាំងអាកាសយានវាយប្រហាយន្តហោះអាថ៌កំបាំងទាំងនោះអស់ជាច្រើនគ្រាប់និងអស់ពេលដ៏យូរ តែក៏មិនអាចធ្វើអ្វីបានឡើយ និងគ្មានការប្រកាសថា គ្រប់យ៉ាងត្រូវបានធ្វើឱ្យល្អប្រសើរឡើងវិញដែរ។

    រហូតដល់ព្រឹកថ្ងៃបន្ទាប់មក គ្រាប់កាំភ្លើងជាង 1.400 គ្រាប់ដែលបានបាញ់ទៅលើមេឃកាលពីយប់មិញនោះបានសាងនូវភាពខូចខាតដល់អគារផ្ទះសម្បែងជាច្រើន មានប្រជាជន 5 នាក់ត្រូវស្លាប់ដោយសារការបាញ់កាំភ្លើងទៅលើមេឃនោះ និងវាថែមទាំងជាមូលហេតុធ្វើឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ជំងឺបេះដូងកម្រើក និងមនុស្សម្នាជាច្រើនជ្រួលច្របល់ភ័យរន្ធត់ទូទាំងទីក្រុង តែគ្មានស្លាកស្នាម ឬតម្រុយណាមួយរបស់ UFO សូម្បីតែបន្តិច រហូតនៅពេលក្រោយមកខាងកងទ័ពត្រូវចេញមកប្រកាសថា វាបណ្តាលមកពីប្រព័ន្ធប្រកាសអាសន្នធ្វើការខុសឆ្គង តែប៉ុណ្ណឹងឯង៕

  • ឆ្នាំ2019​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​បាន​ជិត​ 3,000លាន​ដុល្លារ​ចូលក្នុង​ថវិកាជាតិ​

    ឆ្នាំ2019​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​បាន​ជិត​ 3,000លាន​ដុល្លារ​ចូលក្នុង​ថវិកាជាតិ​

    អគ្គនាយក​ដ្ឋាន​ពន្ធដារ​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ​ក្នុង​ការ​ប្រមូល​ពន្ធ​-អាករ​គ្រប់​ប្រភេទ​ក្នុងរយៈពេល12ខែ​ នៃ​ឆ្នាំ2019​ កន្លងទៅ​នេះ​ ដោយ​សម្រេច​បាន​ទឹកប្រាក់​ប្រមាណ​ជិត 3,000លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ នេះ​បើ​ផ្អែក​តាម​ការប្រកាស​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​ធ្នូ​ និង​ប្រចាំឆ្នាំ2019​ ព្រមទាំង​ដាក់​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ នៅ​ថ្ងៃទី21​ ខែមករា​ ឆ្នាំ2020​ នៅ​សាលា​ជាតិ​ពន្ធដារ​។

    តាមរយៈ​ការ​ចុះផ្សាយ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ បាន​បង្ហាញថា​ សម្រាប់​រយៈពេល​ 12ខែ​នៃ​ឆ្នាំ2019​ កន្លងមក​នេះ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ប្រមូល​ពន្ធ​-អាករ​គ្រប់​ប្រភេទ​(តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​) មាន​ចំនួន​ 11,277.32ប៊ី​លាន​រៀល​ (ប្រមាណ​ 2819,33​ លាន​ដុល្លារ​) ធៀប​នឹង​ផែនការ​ប្រចាំឆ្នាំ2018​ ឃើញថា​ ទទួល​បាន​លទ្ធផល​លើស​ផែនការ​ប្រមាណ​ 23.20​% ឬត្រូវជា​ប្រមាណ​2,123.69ប៊ី​លាន​រៀល​ ស្មើនឹង​ប្រមាណ​ 530,92​លាន​ដុល្លារ​អាមេរិក​។

    ទំហំ​ទឹកប្រាក់​ដែល​ទទួល​បាន​នៅក្នុង​ឆ្នាំ2019​ ខាងលើ​នេះ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ2018​ ឃើញថា​ ចំណូល​ពន្ធ​-អាករ​សម្រាប់​រយៈពេល​ 12ខែ​ នៃ​ឆ្នាំ2019​ កើនឡើង​ចំនួន​ 2,485.92​ប៊ី​លាន​រៀល​ (ប្រមាណ​ជា​ 621.48លាន​ដុល្លារ​អាមេរិក​)ស្មើនឹង28.28​%។

    ឯកឧត្តម​ គង់​ វិបុល​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ បាន​បង្ហាញ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​ធ្នូ​ និង​ប្រចាំឆ្នាំ2019​ កាលពី​ថ្ងៃទី21​ ខែមករា​ ឆ្នាំ2020​ កន្លងមក​ថា​៖“ដោយមាន​ការ​ខិតខំ​ប្រឹងប្រែង​ និង​យកចិត្ត​ទុកដាក់​ក្នុង​ការ​ប្រមូល​ចំណូល​ពន្ធ​របស់​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​ និង​ការកែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​ជាច្រើន​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ជាក់ស្តែង​ការ​ប្រមូល​ពន្ធ​ក្នុងរយៈពេល​ 12ខែ​ក្នុង​ឆ្នាំ2019​ កន្លងមក​នេះ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​បាន​ប្រមាណ​ជាង​ 11,277.32​ ប៊ី​លាន​រៀល​ ត្រូវជា​ប្រមាណ​ជាង​ 2,819.33លាន​ដុល្លារ​អាមេរិក​”។

    ឯកឧត្ដម​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ និង​ផ្តល់​មូល​វា​ចា​រណ៍​ដ៏​ថ្លៃថ្លា​ ចំពោះ​សមិទ្ធផល​ដែល​សម្រេច​បាន​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ក្នុងនាម​ជា​ស្ថាប័ន​ប្រមូល​ចំណូល​ សម្រេច​បាន​លទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ជាបន្តបន្ទាប់​ ហើយ​ជាពិសេស​សម្រាប់​ឆ្នាំ​2019​ ដែល​ផ្តល់​មោទនភាព​ ចំពោះ​រាជរដ្ឋាភិបាល​ និង​ចំពោះ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

    ឯកឧត្តម​ គង់​ វិបុល​ បាន​មានប្រសាសន៍​ថា​៖“ក្នុង​ឆ្នាំ2019​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ បាន​ដាក់​ឱ្យ​អនុវត្ត​នូវ​ប្រព័ន្ធ​អន​ឡាញ​ សម្រាប់​ការ​ស្នើសុំ​ការ​បង្វិល​សង​ និង​ការប្រើ​ប្រាស់​ឥណទាន​អាករ​លើ​តម្លៃបន្ថែម​តាម​ប្រព័ន្ធ​អន​ឡាញ​ សម្រាប់​ការគ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ (E-VAT​ Refund​) ដោយ​បាន​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ប្រមូល​អាករ​លើ​តម្លៃបន្ថែម​ និង​បាន​ទប់ស្កាត់​ការ​គេចវេះ​កេងបន្លំ​ប្រាក់​ពន្ធ​ផង​ដែរ​”។

    ឯកឧត្តម​ គង់​ វិបុល​ បាន​បញ្ជាក់​ថា​ “ជា​លទ្ធផល​ក្នុងរយៈពេល​ 12ខែ​នៃ​ឆ្នាំ2019​ ចំណូល​អាករ​លើ​តម្លៃបន្ថែម​បាន​កើនឡើង​ 31.05​% ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ2018​ ហើយ​តាមរយៈ​វិធានការ​ E-VAT​ រួម​ជាមួយ​វិធានការ​ពន្ធដារ​សំ​ខាន់​ផ្សេង​ៗទៀត​ បាន​ជំរុញ​កំណើន​ពន្ធ​លើ​ប្រាក់ចំណូល​ប្រមាណ​28.47​%, អាករ​ពិសេស​ 30.72​%, ពន្ធ​ប្រថាប់ត្រា​43.73​%, ពន្ធ​លើ​ប្រាក់បៀវត្សរ៍​ 18.21​% និង​ពន្ធ​លើ​ឈ្នួល​ដី​ និង​ផ្ទះ​ 68.20​% ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​”។

    ឯកឧត្តម​ គង់​ វិបុល​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ លទ្ធផល​នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​សម្រាប់​ឆ្នាំ2019​ គឺ​បាន​ឆ្លុះបញ្ចាំង​នូវ​ការ​វិនិយោគ​ និង​កំណើន​សេដ្ឋកិច្ច​ជាតិ​ជាបន្តបន្ទាប់​ ដែល​ជាស​មិទ្ធ​ផល​មិន​អាច​កាត់​ថ្លៃ​បាន​ និង​បាន​អរគុណ​ចំពោះ​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ ដែល​ជួយ​សម្រេច​នូវ​សមិទ្ធផល​ដ៏​ថ្លៃថ្លា​នេះ​។ ក្នុង​ឆ្នាំ2019​ គឺ​ឆ្លុះបញ្ចាំង​អំពី​ជោគជ័យ​នៃ​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល2019​-2020​ ដែល​ជា​នវានុវត្តន៍​ប្រកបដោយ​និរន្តរភាព​នៃ​ការ​បន្ត​អនុវត្ត​ប្រកបដោយ​ភាព​ជោគជ័យ​នូវ​កិច្ច​កំណែ​ទម្រង់​គោលនយោបាយ​រដ្ឋបាល​សារពើពន្ធ​ និង​ទំនើបកម្ម​ពន្ធដារ​ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ (PFMRP​)៕

  • ធនាគារជាតិនៃកម្ពុជា​ ឃ្លាំមើល​ការ​អភិវឌ្ឍ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ដែល​កំពុង​មាន​កំណើន​ឥណទាន​

    ធនាគារជាតិនៃកម្ពុជា​ ឃ្លាំមើល​ការ​អភិវឌ្ឍ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ដែល​កំពុង​មាន​កំណើន​ឥណទាន​

    ធនាគារជាតិនៃកម្ពុជា​ ឬ NBC​ បានឱ្យ​ដឹង​ថា​ ខ្លួន​កំពុង​ឃ្លាំមើល​យ៉ាង​ដិតដល់​នូវ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ និង​សំណង់​ ដោយសារតែ​វិស័យ​នេះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ធនាគារ​ទាក់ទង​នឹង​កំណើន​ឥណទាន​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម​ទេសាភិបាល​នៃ​ធនាគារជាតិនៃកម្ពុជា​។

    ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​នៃ​ធនាគារជាតិនៃកម្ពុជា​ បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បិទ​សន្និបាត​ និង​កំណត់​គោលដៅ​របស់​ធនាគារ​កាលពី​ថ្ងៃទី17​ ខែមករា​ ឆ្នាំ2020​ ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ និង​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ ប៉ុន្តែ​វា​អាច​នឹង​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ដែរ​។

    ឯកឧត្តម​បាន​មានប្រសាសន៍​ថា​៖“ដូច្នេះ​ការ​រីកចម្រើន​នៃ​វិស័យ​សំណង់​ទាមទារ​ឱ្យ​មានការ​វាស់វែង​ និង​គិតគូរ​យ៉ាង​ប្រុងប្រយ័ត្ន​ និង​វាយតម្លៃ​យ៉ាង​ស៊ីជម្រៅ​ដោយ​ទីភ្នាក់ងារ​ពាក់ព័ន្ធ​ទាំងអស់​របស់​រដ្ឋាភិបាល​ទាក់ទង​នឹង​បញ្ហា​ដូចជា​ពន្ធ​លើ​ការទិញ​អចលនទ្រព្យ​ ការ​ជ្រើសរើស​គម្រោង​សាងសង់​ដែល​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ និង​ការកំណត់​ប្រាក់កម្ចី​”។

    កំណើន​ក្នុង​វិស័យ​សំណង់​ គឺជា​រឿង​ល្អ​សម្រាប់​ប្រជាជន​យើង​ ជាពិសេស​សម្រាប់​ប្រជាជន​ដែល​មាន​ចំណូល​ទាប​ និង​មធ្យម​ ព្រោះ​វា​មានន័យថា​ ប្រជាជន​របស់​យើង​អាច​មានផ្ទះសំបែង​រស់នៅ​សមរម្យ​។ វា​ជា​បញ្ហា​ថ្មី​សម្រាប់​យើង​ ដូច្នេះ​យើង​ត្រូវ​ប្រយ័ត្ន​។ យើង​ត្រូវតែ​ពិនិត្យ​ និង​តាមដាន​កំណើន​នា​ពេល​អនាគត​របស់​វិស័យ​នេះ​ ហើយ​ធានា​ថា​ នឹង​មិន​មាន​បញ្ហា​អវិជ្ជមាន​ទេ​។ ដូច្នេះ​ធនាគារ​កណ្តាល​ត្រូវតែ​ប្រយ័ត្ន​ប្រយែង​ ព្រោះ​វា​ជា​កិច្ចការ​សំខាន់​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម​ទេសាភិបាល​។

    ការិយាល័យ​ឥណទាន​កម្ពុជា​(CBC​) បាន​រាយការណ៍​ថា​ ប្រាក់កម្ចី​របស់​អតិថិជន​ គិត​ត្រឹម​ខែកញ្ញា​ឆ្នាំ2019​ មាន​ចំនួន​សរុប​ 7.65ពាន់​លាន​ដុល្លារ​ ហើយ​ក្នុង​នោះ​ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​ មាន​ចំនួន​ 48.36​%កាត​ឥណទាន​ 0.61​% និង​ឥណទាន​បុគ្គល​មានត្រឹមតែ​ជាង​ 51​%ប៉ុណ្ណោះ​។

    ការិយាល័យ​ឥណទាន​កម្ពុជា​ បានឱ្យ​ដឹង​ថា​ បំណុល​បញ្ចាំ​ដែល​មិនបាន​បង់​ក្នុងរយៈពេល​ 30ថ្ងៃ​ ឬច្រើនជាង​នេះ​ គិត​ត្រឹម​ខែកញ្ញា​ ឆ្នាំ2019​ មានតែ​ 0.57​%នៃ​ចំនួន​សរុប​ ខណៈ​ប្រាក់កម្ចី​ផ្ទាល់ខ្លួន​ ឬអតិថិជន​មាន​ចំនួន​ 1.75​% និង​បណ្ណ​ឥណទាន​មាន​ចំនួន​ 2.65​%។ ទាំងអស់​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ប្រាក់កម្ចី​មិន​ដំណើរការ​ (NPLs​) ដោយ​ធនាគារ​ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​។ទោះ​យ៉ាងណាក្ដី​ ធនាគារ​កណ្តាល​បាន​ព្រមាន​ថា​ ប្រសិនបើ​អតិថិជន​មិន​ចំណាយ​ប្រាក់កម្ចី​សម្រាប់​គោលបំណង​ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​នោះ​ ការ​កើនឡើង​នៃ​ឥណទាន​ អាច​ក្លាយជា​ហានិភ័យ​ផ្នែក​សេដ្ឋកិច្ច​។

    NBC​ បាន​បង្ហាញ​នៅក្នុង​របាយការណ៍​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ធនាគារ​ឆ្នាំ2019​ និង​ទស្សនវិស័យ​សម្រាប់​ឆ្នាំ2020​ ថា​ កំណើន​ឥណទាន​នៅក្នុង​វិស័យ​ធនាគារ​បាន​ងើបឡើង​វិញ​ បន្ទាប់ពី​វា​បាន​ធ្លាក់ចុះ​ក្នុងរយៈពេល​ 3ឆ្នាំ​កន្លងមក​។ ការ​កើនឡើង​នេះ​ បណ្តាល​មក​ពី​កំណើន​ប្រាក់ចំណូល​របស់​ប្រជាជន​ ការ​កើនឡើង​នូវ​តម្រូវការ​ និង​ការ​ធ្វើ​ពិពិធ​កម្ម​សេវាកម្ម​ក្នុងចំណោម​ស្ថាប័ន​ហិរញ្ញវត្ថុ​នានា​។

    NBC​ បាន​បន្ថែម​ទៀត​ថា​ ការ​ងើបឡើង​វិញ​នៃ​កំណើន​ឥណទាន​ ត្រូវ​បាន​គាំទ្រ​ជាចម្បង​ដោយ​កំណើន​ប្រាក់កម្ចី​សម្រាប់​ការទិញ​អចលនទ្រព្យ​ សំណង់​ ការប្រើ​ប្រាស់​ និង​ពាណិជ្ជកម្ម​។ កំណើន​ឥណទាន​ក្នុង​ឆ្នាំ2019​ ភាគច្រើន​ពឹងផ្អែក​លើ​ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​ និង​អ្នក​ផលិត​ផលិតផល​ប្រើប្រាស់​។

    ឯកឧត្តម​ទេសាភិបាល​ បាន​មានប្រសាសន៍​ថា​៖“សេដ្ឋកិច្ច​កម្ពុជា​អាច​ប្រឈម​នឹង​ហានិភ័យ​មួយ​ចំនួន​នៅ​ឆ្នាំនេះ​ ដោយសារតែ​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​និង​ការ​ឡើងថ្លៃ​ប្រេងឆៅ​ ដោយសារតែ​នយោបាយ​ភូមិសាស្ត្រ​បច្ចុប្បន្ន​ និង​ការបាត់បង់​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ “អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​” ដែល​អាច​នឹង​កើតឡើង​ដោយ​ផ្ទាល់​ និង​ប៉ះពាល់​ដល់​វិស័យ​កាត់ដេរ​។ ដូចគ្នា​នេះ​ផង​ដែរ​ មាន​ហានិភ័យ​នៃ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​នៅក្នុង​វិស័យ​សំណង់​ ដែល​អាច​នាំ​ឱ្យ​ផ្ទះ​មានតម្លៃ​លក់​ទាប​ជាង​ការ​ចំណាយ​សម្រាប់​ពួកគេ​ បណ្តាល​ឱ្យ​មាន​បញ្ហា​ឥណទាន​។

    ឯកឧត្តម​បាន​មានប្រសាសន៍​ថា​ ទោះជាយ៉ាងណា​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ នឹង​នៅតែ​ មាន​អត្រា​7% ដដែល​ ដោយមាន​ការចូលរួម​ចំណែក​ពី​ការនាំចេញ​ ការ​វិនិយោគ​បរទេស​ និង​វិស័យ​ទេសចរណ៍​។

    លោក​ឧកញ៉ា​បណ្ឌិត​ គីម​ ហ៊ា​ង ស្ថាបនិក​ក្រុមហ៊ុន​ ខ្មែរ​រៀល​ អុីស្ទេ​ត និង​ជា​ប្រធាន​ KW​ Cambodia​ ត្រូវ​បាន​ស្រង់​សម្តី​ថា​ កំណើន​ឥណទាន​លើ​ប្រាក់កម្ចី​ទិញ​ផ្ទះ​ជាមួយ​ធនាគារ​ និង​វិស័យ​ហិរញ្ញវត្ថុ​ កាន់តែ​ទូលំទូលាយ​នឹង​ល្អ​ឡើង​ ព្រោះ​ពួកគេ​អាច​កត់ត្រា​ប្រតិបត្តិ​ការប្រាក់​កម្ចី​លំនាំដើម​ ផ្គត់ផ្គង់​ និង​តម្រូវការ​។

    លោក​ឧកញ៉ា​ បាន​បញ្ជាក់​ថា​៖“ដូច្នេះ​អតិថិជន​របស់​ពួកគេ​ ត្រូវ​បាន​ចាត់ទុកថា​ អាច​មាន​ហានិភ័យ​ខ្ពស់​។ ខ្ញុំ​សូម​ជំរុញ​អតិថិជន​ កុំ​បង់ប្រាក់​កម្ចី​ទិញ​ផ្ទះ​ទៅ​អ្នក​អភិវឌ្ឍន៍​ដោយ​ផ្ទាល់​ ហើយ​អ្នក​អភិវឌ្ឍន៍​ក៏​គួរតែ​ណែនាំ​អតិថិជន​ផង​ដែរ​ ឱ្យធ្វើ​ការ​ជាមួយ​ធនាគារ​”។

    លោក​ឧកញ៉ា​ គីម​ ហ៊ា​ង បាន​មានប្រសាសន៍​ថា​៖“នៅពេល​អតិថិជន​ប្រើ​ធនាគារ​សម្រាប់​ប្រាក់កម្ចី​ទិញ​ផ្ទះ​ ពួកគេ​នឹង​មិន​ចាំបាច់​មានការ​ទទួលខុសត្រូវ​ទេ​។ នៅពេល​ដែល​ពួកគេ​បង់ប្រាក់​ តាមរយៈ​ការ​បង់​រំលស់​ទៅ​ឱ្យ​អ្នក​អភិវឌ្ឍន៍​បុរី​នោះ​ ប្រាក់កម្ចី​មានកម្រិត​ខ្ពស់​ ពីព្រោះ​អ្នក​អភិវឌ្ឍន៍​មិនបាន​ធ្វើការវិភាគ​ឱ្យ​បាន​ដិតដល់​ថា​ តើ​អ្នកទិញ​អាច​មានលទ្ធភាព​សង​ប្រាក់កម្ចី​ដែរ​ឬទេ​ឡើយ​”កាលពី​ត្រីមាស​ទី3​ ឆ្នាំ2019​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ឬ ADB​ ក៏បាន​ចាត់ទុក​កំណើន​ឥណទាន​ដែល​ប្រមូល​ផ្តុំ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ និង​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​នៅ​កម្ពុជា​ គឺជា​ហានិភ័យ​មួយ​ដែល​អាច​បង្អាក់​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ​។ យោង​តាម​របាយការណ៍​ ស្តី​ពី​ទស្សនវិស័យ​សេដ្ឋកិច្ច​របស់ ADB​ បាន​លើកឡើង​ពី​ការ​ពូន​គរ​កំណើន​កម្ចី​នៅក្នុង​វិស័យ​អចលនទ្រព្យ​ដែល​អាច​ជា​ហានិភ័យ​ក្នុង​ស្រុក​។

    អ្នកជំនាញ​សេដ្ឋកិច្ច​លោក​ ង៉ែត​ ជូ​ បាន​មាន​ទស្សនៈ​ថា​៖“អតិថិជន​ខ្លះ​រំពឹង​ថា​ នៅពេល​ពួកគេ​ទិញ​ផ្ទះ​ ពួកគេ​អាច​លក់​វា​បាន​ប្រាក់ចំណេញ​ ឬរកលុយ​បាន​ពី​ការជួល​វា​។ ប៉ុន្តែ​ប្រសិនបើ​ការ​រំពឹង​ទុក​នោះ​មិន​ត្រូវ​បាន​ឆ្លើយតប​ អតិថិជន​អាច​នឹង​មាន​បញ្ហា​ជាមួយនឹង​លំហូរ​ហិរញ្ញវត្ថុ​។ បន្ទាប់មក​គាត់​អាច​នឹង​ដាក់​ទ្រព្យ​នោះ​សម្រាប់​ការ​ដេញថ្លៃ​ ដែល​មានផល​ប៉ះពាល់​ដល់ទី​ផ្សារ​ទាំងមូល​”។

    លោក​បាន​បញ្ជាក់​ថា​៖“វិធី​ល្អ​បំផុត​ គឺ​អតិថិជន​មិន​គួរ​ប្រើ​ប្រាក់កម្ចី​ទិញ​ផ្ទះ​ពី​អ្នក​អភិវឌ្ឍន៍​ទេ​ ព្រោះ​ពួកគេ​មិនបាន​សិក្សា​ច្បាស់លាស់​ពី​សមត្ថភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន​ទេ​។ តែ​ទោះ​យ៉ាងណាក្ដី​ ធនាគារ​នឹង​សិក្សា​ពី​ចំណូល​ហិរញ្ញវត្ថុ​របស់​អតិថិជន​ និង​ធ្វើការ​វិនិច្ឆ័យ​លើ​ហានិភ័យ​ប្រាក់កម្ចី​ ក៏ដូចជា​ការ​ផ្តល់​អត្រា​ការប្រាក់​ទាប​ជាង​មុន​ជាដើម​”។

    ប៉ុន្តែ​អ្នក​អភិវឌ្ឍន៍​ខ្លះ​ មិនមែន​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ ពួកគេ​ជា​អ្នកសាង​សង់​ ដូច្នេះ​ពួកគេ​គ្មាន​សិទ្ធិ​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន​ទេ​។ ការដំឡើង​ការប្រាក់​របស់​អ្នក​អភិវឌ្ឍន៍​បាន​បង្ហាញ​នូវ​ហានិភ័យ​ខ្ពស់​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​ ពីព្រោះ​បច្ចុប្បន្ន​មិន​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​លើ​ប្រតិបត្តិ​ការ​ជាមួយ​អ្នក​អភិវឌ្ឍន៍​ទេ​។

    ប្រសិនបើ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​អាជ្ញាធរ​ទេ​ ហានិភ័យ​នឹង​កើនឡើង​។ វា​មិនមែន​ជា​បញ្ហា​តូច​ទេ​ពីព្រោះ​មាន​អ្នក​អភិវឌ្ឍន៍​បុរី​ និង​សាងសង់​លំនៅឋាន​ជាច្រើន​ ដូច្នេះ​ប្រសិនបើ​មាន​វិបត្តិ​ វា​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទាំងមូល​”៕

  • ហាម! កុំធ្វើរឿង 8 យ៉ាងនេះនៅពេលយប់អាធ្រាត្រឱ្យសោះ…បើមិនជឿកុំប្រមាថ

    ហាម! កុំធ្វើរឿង 8 យ៉ាងនេះនៅពេលយប់អាធ្រាត្រឱ្យសោះ…បើមិនជឿកុំប្រមាថ

    ជំនឿ គឺជារឿងដែលមនុស្សសម័យមុនតាំងពីជំនាន់តាយាយនិយមធ្វើតៗគ្នាមកដើម្បីបង្រៀនកូនចៅឱ្យចេះគោរពច្បាប់ មានវិន័យ ព្រោះមនុស្សសម័យមុនជឿលើរឿងស័ក្តិសិទ្ធិដែលមើលមិនឃើញដោយភ្នែកទទេខ្លាំងណាស់ រឹតតែកណ្តាលយប់ផងនោះ នឹងរឹតតែមានចំណុចហាមយ៉ាងតឹងរ៉ឹងជាពិសេសទៅទៀត តើមានអ្វីខ្លះនោះ សូមអានជាបន្ត…៖

    1 . គោះចានបាយនៅពេលញ៉ាំបាយពេលយប់ ព្រោះនឹងមានភ្ញៀវដែលមើលមិនឃើញមកលេង…
    មកមានអារម្មណ៍ប្រគំតន្ត្រីស្អីនៅពេលបាយយប់ព្រលប់ហ្នឹង!? ចាស់ៗបុរាណគាត់ហាមគោះចានបាយ ព្រោះនឹងក្លាយជា
    ការអន្ទងហៅវិញ្ញាណដែលពេនេចរ អនាថា ព្រោះពួកនោះនៅពេលបានឮសំឡេងយើងគោះចាន ក៏នឹងនាំគ្នាមកដណ្តើមយើងស៊ីបាយ ស៊ីម្ហូប បង្អែម ចម្អាប។ ធ្លាប់ឃើញដែរឬទេ ពេលយើងក្រាបសំពៈសព ឬសំពៈសែនក្នុងថ្ងៃសំខាន់ណាមួយ យើងនឹងរៀបចំម្ហូបអាហារមួយឈុតសម្រាប់ពួកខ្មោចដែលគ្មានញាតិសន្តាន និងធ្វើពិធីអន្ទងហៅឱ្យមកស៊ីដោយការគោះចានគោះកែវ ដូច្នេះទើបមនុស្សចាស់ប្រកាន់ណាស់ ហាមកូនចៅគោះចានពេលញ៉ាំបាយ មិនដូច្នោះទេកៅអីដែលទំនេរនៅជិតហ្នឹងអាចមានភ្ញៀវដែលមិនបានអញ្ជើញ ចូលមកលេងក៏បានដែរ។

    2 . កណ្តាលយប់ ហាមបោសសម្អាតផ្ទះ
    ព្រោះជឿថា នឹងក្លាយជាការបោសលុយ បោសកាក់ ឬជោគលាភសំណាង បុណ្យបារមីដែលសន្សំមកតាំងពីពេលព្រឹកចេញទៅក្រៅអស់ ដែលវាអាចទៅរួចដែលថា កាលពីមុនគ្មានភ្លើងអគ្គិសនីប្រើ ផ្ទះសំបែងនៅពេលយប់នឹងងងឹតខ្លាំងណាស់ ទើបការបោសផ្ទះនៅពេលយប់មិនមានសុវត្ថិភាពឡើយ។ ជិតគេងទៅហើយ មិនចាំបាច់មកធ្វើជាមេផ្ទះល្អស្អីពេលហ្នឹងទេ។

    3 . កុំរៀបចំគ្រែដេកដោយដាក់ក្បាលដំណេកបែរទៅជល់នឹងបន្ទប់ទឹក
    ព្រោះនឹងធ្វើឱ្យជោគលាភសំណាងរត់គេចបាត់អស់ និងកុំដាក់គ្រែដេកដោយបែរចុងជើងគ្រែទៅចំមាត់ទ្វារចូល ព្រោះនឹងធ្វើឱ្យយល់សប្តិអាក្រក់ គេងលក់មិនស្រួល ខ្មោចអាចនឹងមកសង្កត់លេង និងអ្នកខ្លះមានជំនឿថា បើគេងលើគ្រែដែលធំទូលាយតែម្នាក់ឯង អាចនឹងមាននរណាម្នាក់មកគេងជាមួយក្បែរៗខ្លួនយើង ដូច្នេះចាស់ៗប្រាប់ថា ត្រូវយកតុក្កតា ឬខ្នើយឱបមកដាក់ឱ្យពេញលើគ្រែ។

    4 . ហាមកាត់ក្រចកដៃនៅពេលយប់
    វិញ្ញាណបុព្វបុរសនឹងគ្មានសេចក្តីសុខ ព្រោះសម័យមុន ការកាត់ក្រចកដៃជើងច្រើនតែប្រើកាំបិតចិតស្លា ឬកូនកាំបិតមុតៗកាត់ឆ្វៀល ទើបហាមកាត់ក្រចកដៃជើងនៅពេលយប់ ព្រោះអាចនឹងមានគ្រោះថ្នាក់ និងជឿថាអាចនឹងត្រូវថាមពលអ្វីម្យ៉ាងមករុញដៃធ្វើឱ្យយើងកាត់ក្រចកដៃជើងទៅដាច់សាច់ម្រាមដៃ ម្រាមជើងបាន។

    5 . សំឡេងដង្ហោយហៅពីខាងណា ក៏កុំឆ្លើយតបឱ្យសោះ
    កណ្តាលយប់ បើបានឮសំឡេងស្រែកហៅ ឬសំឡេងអ្វីប្លែកៗទាំងដែលយើងនៅម្នាក់ឯងនោះ ហាមឆ្លើយតបជាដាច់ខាត!ព្រោះជឿថា ជាសំឡេងរបស់ដួងវិញ្ញាណដែលអាចនឹងមកលងបន្លាច ឬបើយើងឆ្លើយតប វានឹងក្លាយជាការអញ្ជើញវិញ្ញាណខ្មោចនោះចូលមកក្នុងផ្ទះ ដូច្នេះក៏ធ្វើជាមិនដឹងមិនឮទៅប្រសើរជាង ឬក៏កែបញ្ហានេះដោយការបើកបទភ្លេងឱ្យឮខ្លាំងៗ ឬមើលកុនក៏បាន។

    6 . អេស!? ក្លិនផ្សែងធូបមកពីណាអ៊ីចេះ អ្នកណាគេដុត?
    ពេលកណ្តាលយប់ បើបានធំក្លិនផ្សែងធូបរសាត់មក ចាស់ៗបុរាណជឿថា ជាវិញ្ញាណរបស់សាច់ញាតិជិតដិតក្នុងគ្រួសារមករកហើយ តែជួនកាលអាចជាក្លិនទៀនក្រអូបក៏មានដែរ។

    7 . កញ្ចក់…ម៉េចបានឆ្លុះហើយមិនឃើញរូបយើងតែម្នាក់ឯង?
    ឆ្លុះកញ្ចក់នៅពេលយប់អាធ្រាត្រ! នឹងរឹតតែសិតសក់ផងនោះ កុំគិតឱ្យសោះថា វានឹងគួរឱ្យភ័យរន្ធត់ប៉ុនណានោះ បើសិនជាមានអ្វីមួយលេចចេញឡើងនៅក្នុងកញ្ចក់ជារូបអ្នកផ្សេងដែលមិនមែនជារូបខ្លួនយើង។

    8 . សសរធ្នឹមផ្ទះ…កុំហ៊ានទៅដេកក្រោមហ្នឹងឱ្យសោះ
    បុរាណលោកនិយាយថា កុំទៅដេកនៅក្រោមសសរធ្នឹមផ្ទះ ព្រោះសសរធ្នឹមផ្ទះក៏គឺគ្រឿងឈើខាងលើដែលយឹតសសរផ្នែកទទឹងជាច្រើនដែលទទួលទ្រទម្ងន់ខ្លាំង បើអ្នកណាទៅគេងនៅពីក្រោមនោះ នឹងគេងមិនសុខ គេងលក់មិនស្រួល ព្រោះអាចត្រូវខ្មោចចូលនៅពេលណាមួយក៏បាន។ កន្លែងមានឱ្យគេងម៉ាគំនរ ម៉េចមិនទៅគេងហ្ន៎?៕

    រៀបរៀងដោយ តាវ៉ែនតា

  • កម្ពុជា​-ជប៉ុន​ ចាប់ផ្ដើម​ពង្រឹង​ធនធានមនុស្ស​ ជំរុញ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​

    កម្ពុជា​-ជប៉ុន​ ចាប់ផ្ដើម​ពង្រឹង​ធនធានមនុស្ស​ ជំរុញ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​

    ដោយមាន​ការ​សហការ​រវាង​ក្រសួង​ពាណិជ្ជកម្ម​នឹង​មជ្ឈមណ្ឌល​អាស៊ាន​-ជប៉ុន​ កម្ពុជា​ និង​ជប៉ុន​ បាន​ចាប់ផ្ដើម​ពង្រឹង​ធនធានមនុស្ស​ និង​យន្ដ​ការបម្រើ​ដល់​យុទ្ធ​សា​ស្ដ្រ ដើម្បី​ជំរុញ​ការនាំចេញ​ និង​ទីផ្សារ​ សម្រាប់​លើកកម្ពស់​សមត្ថភាព​ជូន​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​ (Micro​, Small​ & Medium​ Enterprises​ ឬ MSME​) នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​។

    ទាក់ទង​នឹង​កិច្ចការ​នេះ​ សិក្ខាសាលា​ស្តី​ពី​“អត្ថ​ប្រយោជន៍​ពី​ខ្សែ​ចង្វាក់​តម្លៃ​ តាមរយៈ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​ (Benefiting​ from​ Value​ Chains​ through​ MSME​ Linkages​)” បាន​បើក​ឡើង​កាលពី​ចុងខែ​មករា​កន្លងទៅ​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។

    ឯកឧត្តម​ ប៊ុ​ន ចន្ធី​ អនុរដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍​ថា​៖“សិក្ខាសាលា​នេះ​រៀបចំឡើង​ ក្នុង​គោលបំណង​ជួយ​រួមចំណែក​គាំទ្រ​កម្មវិធី​ពង្រីកពង្រឹង​ធនធានមនុស្ស​ ដែល​ជា​យន្តការ​បម្រើ​ដល់​យុទ្ធសាស្ត្រ​ជំរុញ​ការនាំចេញ​របស់​អាស៊ាន​ ជាពិសេស​សម្រាប់​កម្ពុជា​ ដោយ​ផ្តោត​សំខាន់​ផ្តល់​នូវ​ចំណេះដឹង​ និង​ពង្រឹង​សមត្ថភាព​ជូន​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​នៅ​កម្ពុជា​ និង​ពីរ​បៀ​បត្រៀ​មរៀប​ចំ​ខ្សែ​ចង្វាក់​តម្លៃ​របស់​ខ្លួន​ ឱ្យ​ស្របតាម​ស្តង់​ដា​ក្រុមហ៊ុន​ជប៉ុន​ ក៏ដូចជា​ក្រុមហ៊ុន​ដែល​មានកម្រិត​ស្តង់​ដា​របស់​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​ទៀត​នៅ​លើ​ពិភពលោក​”។

    ឯកឧត្តម​អនុរដ្ឋ​លេខាធិការ​ បាន​លើកឡើង​ពី​ការ​អភិវឌ្ឍ​នៃ​ប្រទេស​កម្ពុជា​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​ជា​បន្ត​នូវ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ ដើម្បី​ពង្រឹង​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង2​(កម្ពុជា​-ជប៉ុន​)ឱ្យ​មានប្រៀបលើ​ការប្រកួត​ប្រជែង​ក្នុង​របត់​ទីផ្សារ​ពិភពលោក​ ដែល​កំពុង​ធ្វើបដិវត្តន៍​ឧស្សាហកម្ម​ឌីជីថល​ 4.0​។

    ឯកឧត្តម​ ប៊ុ​ន ចន្ធី​ ក៏បាន​បន្ថែម​ដែរ​ថា​ ផ្អែក​តាម​កំណត់ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ គិត​ពីឆ្នាំ1994​ រហូតមកដល់​ត្រីមាស​ទី1​ ឆ្នាំ2019​ គម្រោង​វិនិយោគ​របស់​ជប៉ុន​មាន​ចំនួន​សរុប​ 137គម្រោង​ ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ​ 2.5ពាន់​លាន​ដុល្លារ​ ផ្តោត​សំខាន់​លើ​ផលិតផល​គ្រឿង​ផ្គុំ​អគ្គិសនី​ និង​អេឡិចត្រូនិក​គ្រឿង​ផ្គុំ​រថយន្ត​ និង​បរិក្ខារ​បច្ចេក​ទេ​សកសិ​-ឧស្សាហកម្ម​ ការកែច្នៃ​ម្ហូបអាហារ​ សណ្ឋាគារ​ ទេសចរណ៍​ មន្ទីរពេទ្យ​ និង​ផ្សារ​ទំនើប​។

    ក្រៅពី​គម្រោង​វិនិយោគ​ ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ខាងលើ​ ក៏​នៅ​មាន​វត្តមាន​នៃ​សកម្មភាព​ធុរកិច្ច​ជប៉ុន​តូច​-ធំ​ ប្រមាណ​ 1,700​ក្រុមហ៊ុន​ ដែល​មាន​សកម្មភាព​ក្នុង​ វិស័យ​ផ្សេង​ទៀត​ ដូចជា​វិស័យ​ធនាគារ​ អាកាសចរណ៍​ និង​ភោជនីយដ្ឋាន​ជាដើម​។

    ជាមួយគ្នា​នេះ​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ រវាង​កម្ពុជា​នឹង​ជប៉ុន​ នៅ​ឆ្នាំ2018​ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​ 1,588លាន​ដុល្លារ​ ក្នុង​នោះ​កម្ពុជា​បាន​នាំចេញ​ទៅ​ជប៉ុន​នូវ​ទំ​និ​ញសក្តា​នុ​ពល​មួយចំនួន​ ដូចជា​សម្លៀកបំពាក់​ ស្បែកជើង​ ខ្សែ​អុីហ្សូ​ឡង់​ និង​បរិក្ខារ​អគ្គិសនី​។ល។

    សូម​រំឭក​ដែរ​ថា​ ទាក់ទង​នឹង​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​នេះ​ បច្ចុប្បន្ន​រាជ​រដ្ឋ​ភិបាល​បាន​ត្រៀម​រៀបចំ​ដំណើរការ​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SME​ Bank​) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ ដែល​បាន​ប្រកាស​ជាលើកដំបូង​ដោយ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​វេទិកា​វិស័យ​ឯកជន​លើក​ទី18​ កាលពី​ឆ្នាំមុន​នោះ​ និង​ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​ត្រៀមខ្លួន​សម្រាប់​ការ​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ពាក់កណ្តាល​ឆ្នាំនេះ​៕

  • វិធីយល់ពីចិត្តអ្នកដទៃ ដោយការសម្លឹងពីខ្លួនឯងឱ្យតិចបំផុត

    វិធីយល់ពីចិត្តអ្នកដទៃ ដោយការសម្លឹងពីខ្លួនឯងឱ្យតិចបំផុត

    មនុស្សជាច្រើនអាចនឹងមានចរិតនិស្ស័យដែលគិតតែពីខ្លួនឯង(អាត្មានិយម) សម្លឹងតែអ្វីដែលនៅជិតៗខ្លួន ដូចជាអារម្មណ៍របស់ខ្លួនឯង ការខាតបង់របស់ខ្លួនឯង តម្រូវការរបស់ខ្លួនឯង ហើយបន្ទាប់ពីនោះ ក៏បញ្ចេញនូវទង្វើផ្សេងៗដែលតបស្នងនឹងរឿងផ្សេងៗទាំងនោះ សម្ដែងចេញមកដោយការយកខ្លួនឯងជាធំ ជាគោល ដែលមកដល់ពេលនោះ ការយល់ពីអ្នកដទៃក៏លែងកើតមានដែរ។

    មនុស្សយើងច្រើនតែធ្លាក់ទៅក្នុងស្ថានការណ៍បែបហ្នឹងដោយមិនដឹងខ្លួន ជួនកាលក៏អាចហុចផលឱ្យយើងកាត់ក្តីអ្នកដទៃដោយអារម្មណ៍របស់ខ្លួនឯង យល់តែពីខ្លួនឯង គិតតែពីខ្លួនឯង ទើបគ្មានភាពយល់់ចិត្ត សល់ឱ្យអ្នកដទៃឡើយ។

    តើមិត្តអ្នកអានធ្លាប់ទេ នៅពេលដែលយើងសម្តែងកាយវិការអ្វីមួយបែបតក់ក្រហល់ចេញទៅ ដោយអារម្មណ៍ឆាបឈួល ក្រោធខឹងមួយវឹបនោះ?  ពេលនោះយើងអាចនឹងសប្បាយចិត្ត ដែលបានទម្លាយវាចេញមក តែនៅពេលដែលព្យុះអារម្មណ៍ទាំងនោះស្ងប់ទៅវិញហើយ  យើងសាកល្បងបែរទៅពិនិត្យមើលពីភាពខូចខាតដែលបានកើតឡើងវិញ យើងអាចនឹងនឹកសោកស្តាយចំពោះអ្វីដែលយើងបានធ្វើទៅហើយនោះក៏អាចថាបានដែរ។

    ដូច្នេះបើសិនជានៅកើតមានអារម្មណ៍សោកស្តាយ យ៉ាងហោចណាស់ក៏វាមានន័យថា នៅមិនទាន់ហួសពេលដែរ  ព្រោះយើងនៅមានអារម្មណ៍ដឹងខ្លួននៅឡើយ  តែបើនៅតែឆ្ងាញ់ដៃនឹងភាពខូចខាតដែលខ្លួនឯងបានធ្វើនេះវិញនោះ  វាប្រហែលជារឿងមួយដែលគួរឱ្យបារម្ភខ្លាំងណាស់…។

    អារម្មណ៍ មិនមែនជាមធ្យោបាយក្នុងការកែបញ្ហាដែលត្រឹមត្រូវនោះទេ  សតិស្មារតីទៅវិញទេ ដែលគួរតែដឹកនាំអារម្មណ៍ក្នុងការដោះស្រាយបញ្ហានោះ។ រឿងតមកទៀតគឺ ការយល់ពីបញ្ហា ដែលត្រូវតែកើតចេញពីការយល់ និងស្គាល់ពីអ្នកដទៃឱ្យបានច្រើន និងកាន់ជើងខ្លួនឯងឱ្យតិចបំផុត។

    ជួនកាលបើសិនជាយើងតាំងសតិបានតែមួយភ្លែត វាអាចនឹងធ្វើឱ្យអ្វីៗប្រែប្រួលទៅបែបផ្សេងមួយទៀតក៏អាចថាបានដែរ  សាកល្បងសម្លឹងមើលឱ្យធំទូលាយ  កុំសម្លឹងតែពីខ្លួនឯងពេក…៕

  • ពពោះកូនដំបូងដោយក្តីស្រឡាញ់

    ពពោះកូនដំបូងដោយក្តីស្រឡាញ់

    ខាងក្រោមនេះ ជាកំណត់ហេតុ 1ច្បាប់របស់អ្នកម្ដាយ 1រូបដែលបានសរសេរទុកនៅពេលដែលខ្លួនកំពុងពពោះជាលើកដំបូងក្នុងជីវិត ដែលបានបង្ហាញនូវទឹកចិត្តដ៏ល្អបរិសុទ្ធ និងក្ដីស្រឡាញ់កូនលើសពីជីវិតរបស់ខ្លួន… ពេលនេះ ឡារ៉ែន សូមធ្វើជាតំណាងក្នុងការបកស្រាយនូវខ្លឹមសារទាំងស្រុងដូចតទៅ៖

    ក្ដីស្រឡាញ់ “ម៉ាក់ស្រឡាញ់កូន”
    ខ្លីៗ តែផ្តល់នូវអារម្មណ៍ល្អខ្លាំងណាស់នៅពេលដែលម៉ាក់បាននិយាយពាក្យនេះចេញមក។ លោកគ្រូពេទ្យបានអះអាងហើយថា ការនិយាយលេងជាមួយកូននៅក្នុងផ្ទៃញឹកញាប់ គឺជាការបង្កើតទំនាក់ទំនងសម្ពន្ធនៃក្ដីស្រឡាញ់ ដែលល្អដល់ការវិវឌ្ឍខាងរាងកាយ និងផ្លូវចិត្តរបស់កូន ហើយម៉ាក់ដឹងថា កូនក៏បានដឹងដែរ។ គួរឱ្យអស្ចារ្យខ្លាំងណាស់ចំពោះធម្មជាតិ ដែលបានសាងឡើងឱ្យម៉ាក់បានរៀនយល់ដឹងថា គ្មានសេចក្ដីស្រឡាញ់គ្រាណាមួយ អស្ចារ្យស្មើនឹងសេចក្ដីស្រឡាញ់របស់ម៉ាក់ដែលមានចំពោះកូននាពេលនេះឡើយ។សម្ពន្ធភាព
    រៀងរាល់ថ្ងៃម៉ាក់តែងយកដៃអង្អែលពោះទៅមក បញ្ជូនក្តីស្រឡាញ់តាមរយៈការប៉ះពាល់ជាមួយកូន  យូរថ្ងៃទៅ សម្ពន្ធនៃក្តីស្រឡាញ់នេះកាន់តែកកើតច្រើនឡើង ក្លាយជាភាពកក់ក្តៅក្នុងចិត្ត និងអារម្មណ៍ល្អៗដែលម៉ាក់អាចដឹងបាន និងជឿជាក់ក្នុងចិត្តទៀតផងថា កូនក៏បានដឹងដូចគ្នាដែរ។ កូនដឹងទេ? សម្ពន្ធនៃក្តីស្រឡាញ់រវាងយើង 2នាក់បានកើតឡើងតាំងពីវិនាទីដំបូងដែលម៉ាក់ចាប់ផ្តើមមានផ្ទៃពោះម្លេះ។

    ការប្រែប្រួល
    ដោយគ្មានលក្ខខណ្ឌ វាកើតឡើងដោយអត្តនោម័ត ទាំងរឿងញ៉ាំ រឿងគេង និងទម្លាប់មួយចំនួន ឬធ្វើអ្វីក៏ត្រូវគិតឱ្យច្រើន គិតដល់កូនមុនគេបង្អស់។ អ្វីៗគ្រប់យ៉ាងនៃការប្រែប្រួសុទ្ធតែកើតចេញពីក្តីស្រឡាញ់ ក្តីតាំងចិត្តដែលចង់តែបញ្ជូនអ្វីល្អៗដល់កូនសម្លាញ់។ មើលចុះ…កូនក៏ធំឡើង ហើយពោះម៉ាក់ក៏ធំឡើងដូចគ្នា។

    ដំបូងទន្ទឹងរង់ចាំ
    យូរបំផុត តាមដែលធ្លាប់ដឹងកន្លងមក គឺជិត 9ខែ ដែលម៉ាក់នឹងបានជួបមុខ បានឃើញមុខម្ចាស់ក្សត្រី ឬម្ចាស់ក្សត្រាតូចមួយរបស់ម៉ាក់។ ជាការទន្ទឹងរង់ចាំយ៉ាងស្ម័គ្រចិត្ត មានសេចក្តីសុខក្នុងចិត្ត។ ជាការទន្ទឹងរង់ចាំដ៏មានតម្លៃ ព្រោះថា “កូនម៉ាក់ស្អាតគួរឱ្យស្រឡាញ់ជាទីបំផុតលើពិភពលោកនេះ!”។ រឹតតែពេលកូនញញឹមដាក់ ឬធ្វើហាក់ដូចជាប្រុងសើចឱ្យម៉ាក់ឃើញផងនោះ ម៉ាក់រំភើបចិត្តជាទីបំផុតតែម្តង។

    អ្នកម្តាយថ្មោងថ្មី
    ម៉ាក់អាន និងស្វែងរកព័ត៌មានក៏ច្រើន បទពិសោធពីអ្នកនៅជុំវិញខ្លួន ក៏ម៉ាក់បានស្តាប់ហើយ លុះមកដល់វគ្គប្រតិបត្តិ រឿងមួយចំនួនរបស់កូន ម៉ាក់ត្រូវអាស្រ័យសញ្ជាតិញ្ញាណការសម្រេចចិត្តរបស់ម៉ាក់ខ្លួនឯង តែអ្វីដែលជួយបាននោះគឺ ភាពស្និទ្ធស្នាល ចំណងសម្ពន្ធភាព ហើយនិងការសាកខុសផង សាកត្រូវផង នឹងជួយឱ្យម៉ាក់បានដឹងថា តើម៉ាក់ត្រូវលួងលោមពេលកូនយំឃ្លាន ឬយំពេលងងុយគេងរបៀបណា?

    ការចំណាយ
    អំឡុងពេលត្រៀមខ្លួនទិញរបស់ប្រើប្រាស់ឱ្យកូន គឺជារឿងដែលម៉ាក់ចូលចិត្តបំផុត ព្រោះរបស់នីមួយៗសុទ្ធតែគួរឱ្យស្រឡាញ់ គួរឱ្យចង់ទិញ មានកន្លែងសបភីងសម្រាប់ម្តាយកូនខ្ចីជាច្រើនកន្លែង ដូច្នេះហើយទើបម៉ាក់ត្រូវជ្រើសរើស និងគិតពីភាពចាំបាច់ក្នុងការប្រើប្រាស់ និងតម្លៃថ្លៃថ្នូរដែលល្មមអាចទិញបានជាមុនសិន។ គឺជាទិចនិកការពារភាពប្រថុយប្រថានក្នុងរឿងខ្វះខាតលុយកាក់។

    កក់ក្តៅ ទន់ភ្លន់
    ពេលដែលម៉ាក់និយាយ សម្លឹងមើលភ្នែក ថើបថ្ពាល់ ឬស្រវាឱបពកូន ម៉ាក់មានអារម្មណ៍ថា ប្រៀបដូចជាថ្នាំវិសេសខាងផ្លូវចិត្តរបស់ម៉ាក់ ដែលជួយបំពេញបន្ថែមនូវកម្លាំងចិត្តល្អៗបានជានិច្ច និងក៏ជាផលល្អដល់កូនបានយ៉ាងច្រើនអនេកដែរ ព្រោះការប៉ះពាល់ដោយក្តីស្រឡាញ់តាមរយៈរង្វង់ដៃឱបរបស់ម៉ាក់ អាចលួងលោមបំពេបានគ្រប់ពេលដែលកូនទួញយំ ជួយឱ្យកូនក្លាយជាក្មេងដែលមានអារម្មណ៍ល្អ មានស្នាមញញឹមនៃសេចក្តីសុខ។

    គេងងាយ សប្បាយពោះ
    ព្រោះម៉ាក់បានពិសោធដឹងហើយថា ទឹកដោះម្តាយ គឺជាអាហារកម្រិតកំពូលដែលឧត្តមសម្បូរទៅដោយសារជាតិអាហារគ្រប់គ្រឿង ល្អចំពោះកូនពិតៗ ព្រោះគ្រប់ពេលដែលកូននៅក្នុងរង្វង់ដៃឱបរបស់ម៉ាក់ ក្រៅពីឆ្អែតពោះហើយ កូនគេងលក់បានយ៉ាងងាយ ហើយបន្ទោបង់ក៏ស្រួលទៀតផង។ អេ៎…តើបែបនេះឬ ដែលគេហៅថា ទឹកដោះម្តាយល្អជាងគេបំផុតនោះ!។

    លេងសប្បាយ
    ការពកូនទៅដើរលេងកម្សាន្ត ក្រៅពីកូនបានដឹងថា ពិភពលោកនេះធំធេងតាមរយៈការពិត ដូចជាសំឡេងចាបយំ ឆ្កែព្រុស ឬបានដឹងពីបរិយាកាសមនុស្សម្នា ដើមឈើ តាមវិវឌ្ឍនាការដែលគួរកើតឡើងហើយ  ម៉ាក់ក៏ឆ្លៀតឱកាសបានបន្ធូរអារម្មណ៍ បានហាត់ប្រាណតិចៗ បានធូរស្បើយពីការចិញ្ចឹមមើលថែទាំកូនពេញ 1ថ្ងៃរួចមកដែរ។

    កូនម៉ាក់ធំឡើងរៀងរាល់ថ្ងៃ មានវិវឌ្ឍនាការប្រែប្រួលជានិច្ច  ថ្ងៃនេះម្យ៉ាង ស្អែកឡើងម្យ៉ាង។ ម៉ាក់រៀនយល់ដឹងគ្រប់ពេលវេលាជាមួយរឿងកូន និងស្រឡាញ់កូនដំបូងរបស់ម៉ាក់ ដែលមានទាំងក្តីបារម្ភកង្វល់ និងវិលវល់ខ្លះៗក្នុងរឿងដែលម៉ាក់មិនធ្លាប់ធ្វើ មិនធ្លាប់ដឹង តែគ្រប់ពេលក៏កន្លងផុតមកបានដោយសេចក្តីស្រឡាញ់ សេចក្តីសុខចាប់តាំងពីថ្ងៃដំបូងដែលកើតឡើង រហូតមកដល់ថ្ងៃនេះ និងគ្មានទីបញ្ចប់…៕

  • ការ​ដាំដុះ​សម្រាប់​ការនាំចេញ​កាហ្វេ​កម្ពុជា​ នឹង​កាន់តែ​មាន​សក្ដានុពល​ ក្រោយ​ក្រុមហ៊ុន​ CP​ ប្រកាស​វិនិយោគ​

    ការ​ដាំដុះ​សម្រាប់​ការនាំចេញ​កាហ្វេ​កម្ពុជា​ នឹង​កាន់តែ​មាន​សក្ដានុពល​ ក្រោយ​ក្រុមហ៊ុន​ CP​ ប្រកាស​វិនិយោគ​

    ក្រុមហ៊ុន​ស៊ី​ភី​ (CP​) របស់​ថៃ​ បាន​ចាប់អារម្មណ៍​លើ​ការផលិត​គ្រាប់​កាហ្វេ​នៅ​កម្ពុជា​ ដើម្បី​នាំចូល​ទៅ​ប្រទេស​ថៃ​ ខណៈ​បច្ចុប្បន្ន​តម្រូវការ​គ្រាប់​កាហ្វេ​ កំពុង​មានកម្រិត​ខ្ពស់​នៅក្នុង​ប្រទេស​ថៃ​ ដែល​ទំហំ​នៃ​ការផលិត​មិនទាន់​អាច​ផ្គត់ផ្គង់​គ្រប់​ក្នុង​ប្រទេស​។

    ការ​លើកឡើង​នេះ​ ត្រូវ​បាន​តំណាង​ភាគី​របស់​ក្រុមហ៊ុន​ CP​ បញ្ជាក់​នៅក្នុង​ជំនួប​ប្រជុំ​រវាង​ធុរជន​ថៃ​របស់​ក្រុមហ៊ុន​នេះ​ ជាមួយ​ឯកឧត្ដម​ ប៉ាន​ សូរ​ស័ក្ដិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ដើម្បី​ពិភាក្សា​ការងារ​ នៅ​ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។

    នៅក្នុង​កិច្ចប្រជុំ​នោះ​ តំណាង​របស់​ក្រុមហ៊ុន​ស៊ី​ភី​ បាន​ជម្រាប​ជូន​ឯកឧត្ដម​រដ្ឋមន្ត្រី​ អំពី​គោលបំណង​ក្នុង​ការពិនិត្យ​លើ​ការផលិត​គ្រាប់​កាហ្វេ​នៅ​កម្ពុជា​ ដើម្បី​នាំចូល​ទៅ​ប្រទេស​ថៃ​ ដែល​ បច្ចុប្បន្ន​តម្រូវការ​គ្រាប់​កាហ្វេ​ គឺ​មានកម្រិត​ខ្ពស់​ ដែល​ទំហំ​នៃ​ការផលិត​នៅ​ប្រទេស​ថៃ​ មិន​អាច​ផ្គត់ផ្គង់​គ្រប់​ចំនួន​នោះ​ទេ​។

    ជា​ការ​ឆ្លើយតប​នឹង​បំណង​នេះ​ ឯកឧត្ដម​ ប៉ាន​សូរ​ស័ក្ដិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​លើកឡើង​ថា​ការ​ដាំដុះ​ដំណាំ​កាហ្វេ​ គឺ​មាន​ច្រើន​នៅ​ខេត្តមណ្ឌលគិរី​និង​រតនគិរី​របស់​កម្ពុជា​ ហើយ​ឯកឧត្ដម​បាន​លើក​ទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ស៊ី​ភី​ ចុះទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ និង​សហការ​ជាមួយ​សហគមន៍​ផលិត​គ្រាប់​កាហ្វេ​នៅ​ទីនោះ​ ដើម្បី​ពិនិត្យ​លើ​លទ្ធភាព​ជាក់ស្ដែង​។បន្ថែម​ពីនេះ​ ឯកឧត្ដម​រដ្ឋមន្ត្រី​ ក៏បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ស៊ី​ភី​ បង្កើន​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​ឱ្យ​បាន​ច្រើន​ លើស​ពី​ការ​វិនិយោគ​បច្ចុប្បន្ន​បន្ថែម​ទៀត​ ជាពិសេស​ការកែច្នៃ​អង្ករ​ ដំឡូងមី​ពោត​ និង​ផលិតផល​ដទៃទៀត​ ដែល​សុទ្ធសឹងតែ​ជា​ផលិតផល​មាន​សក្ដានុពល​សម្រាប់​នាំចេញ​។

    ក្រោយ​ទទួល​បាន​ដំណឹង​ថា​ ក្រុមហ៊ុន​ CP​ ប្រកាស​វិនិយោគ​លើ​ការ​ដាំដុះ​ដំណាំ​កាហ្វេ​ នេះ​ដែរ​ លោក​ចាន់​ សុ​ណាត​ ដែល​កសិករ​ដាំ​កាហ្វេ​នៅក្នុង​ខេត្ត​មណ្ឌលគិរី​ បាន​លើកឡើង​ថា​ ដំណាំ​កាហ្វេ​នៅ​ខេត្ត​មណ្ឌលគិរី​ បច្ចុប្បន្ន​គឺ​មាន​ទីផ្សារ​ល្អ​ធម្មតា​។ លោក​បន្ត​ថា​ ដី​ក្នុង​ខេត្តមណ្ឌលគិរី​ មាន​ជីវជាតិ​ល្អ​ និង​អំណោយផល​យ៉ាង​ខ្លាំង​ចំពោះ​ដំណាំ​កាហ្វេ​ ធ្វើ​ឱ្យ​ដំណាំ​ប្រភេទ​នេះ​ លូតលាស់​បាន​ល្អ​ មិន​ចាំបាច់​ថែទាំ​ដិតដល់​ខ្លាំង​ ក៏អាច​ទទួល​បាន​ទិន្នផល​ល្អ​សមរម្យ​ដែរ​។ជាមួយគ្នា​នោះ​ កសិករ​ដាំ​កាហ្វេ​នៅក្នុង​ខេត្ត​មណ្ឌលគិរី​រូប​នេះ​ ក៏បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ CP​ របស់​ថៃ​ ដែល​បាន​ចាប់អារម្មណ៍​លើ​ផលិតកម្ម​គ្រាប់​កាហ្វេ​នៅ​កម្ពុជា​ ដើម្បី​នាំចូល​ទៅ​ប្រទេស​ថៃ​ ជាពិសេស​នៅ​ក្នុង​ខេត្ត​លោក​តែម្ដង​។

    គួរ​រំឭក​ឱ្យ​បាន​ជ្រាប​ដែរ​ កាលពី​ឆ្នាំ2015​ កម្ពុជា​បាន​នាំចូល​កាហ្វេ​ដែល​មានតម្លៃ​សរុប​ជាង​ 8លាន​ដុល្លារ​ ដែល​ធ្លាក់ចុះ​ពី​ជាង​ 10លាន​ដុល្លារ​កាលពី​ឆ្នាំ​2014​ ខណៈ​ដែល​ការនាំចេញ​មានតម្លៃ​តែ​ជាង​ 70,000​ ដុល្លារ​ប៉ុណ្ណោះ​កាលពី​ឆ្នាំ2015​ ដែល​កើន​ឡើង​ពី​ជាង​ 2,000ដុល្លារ​កាលពី​ឆ្នាំ2014​។ នេះ​បើ​តាម​តួលេខ​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម​ ហើយ​នៅក្នុង​រយៈពេល​ 6ខែ​ឆ្នាំ​កន្លងទៅ​ កម្ពុជា​នាំចូល​កាហ្វេ​មាន​តម្លៃ​ត្រឹមតែ​ជាង​ 3លាន​ដុល្លារ​ប៉ុណ្ណោះ​។

    យ៉ាងណា​ ក្នុង​ជំនួប​ប្រជុំ​រវាង​ធុរជន​ថៃ​របស់​ក្រុមហ៊ុន​ស៊ី​ភី​ (CP​) នឹង​ក្រសួង​ពាណិជ្ជកម្ម​ ក៏បាន​បង្ហាញ​ពី​ការ​រំពឹង​ទុក​ដែរ​ថា​ ទំហំ​ពាណិជ្ជកម្ម​នាំចេញ​កាហ្វេ​កម្ពុជា​ នឹង​កាន់តែ​មាន​សក្ដានុពល​ទៅកាន់​ទី​ផ្សា​អន្តរជាតិ​ ជាពិសេស​ប្រទេស​ថៃ​ ក្រោយ​មាន​ការ​វិយោគ​លើ​ដំណាំ​នេះ​។ ដើម្បី​សម្រេច​នៅ​គោលដៅ​នេះ​ ភាគី​ទាំង2​ ក៏បាន​ប្តេជ្ញា​ បន្ត​កិច្ចសហការ​ និង​ខិតខំ​ប្រឹងប្រែង​សម្រួល​ពាណិជ្ជកម្ម​ ដើម្បី​លើកស្ទួយ​បរិយាកាស​ធុរកិច្ច​ និង​ការ​វិនិយោគ​របស់​វិ​និ​យោ​គគិន​ថៃ​និង​កម្ពុជា​ និង​ដើម្បី​ឱ្យ​ការនាំចេញ​-នាំចូល​ផលិតផល​របស់​ប្រទេស​ទាំង2​ កាន់តែ​មានការ​កើនឡើង​។

    គួរ​បញ្ជាក់​ថា​ បើ​គិត​ត្រឹមតែ​ឆមាស​ទី1​ ក្នុង​ឆ្នាំ​2019​ កន្លងទៅ​នេះ​ ទំហំ​ពាណិជ្ជកម្ម​ កម្ពុជា​-ថៃ​ មាន​ប្រមាណ​ជាង​ 4ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​ចំនួន​នេះ​ បាន​ធ្វើ​ឱ្យ​កម្ពុជា​ ឈរ​នៅ​លំដាប់​ទី4​ ក្នុងចំណោម​បណ្តា​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​តាម​ព្រំដែន​របស់​ថៃ​ ដោយ​ក្នុង​នោះ​ ផលិតផល​ដែល​កម្ពុជា​នាំចេញ​ទៅ​ថៃ​ ភាគច្រើន​គឺ​ ពោត​ និង​ដំឡូងមី​ ជាដើម​ ខណៈ​ដែល​ប្រទេស​ថៃ​ នាំចូល​មក​កម្ពុជា​វិញ​ រួមមាន​ឧបករណ៍​អេឡិចត្រូនិក​ ប្រេងឥន្ធនៈ​ គ្រឿងសម្អាង​ និង​សម្ភារ​សំណង់​ជាដើម​៕