Author: ធឿន មករា

  • មណ្ឌលកំពង់ចាម Tiger Street Football 2020 ក្រុមកំពង់ចាម FC គ្រងជើងឯក

    មណ្ឌលកំពង់ចាម Tiger Street Football 2020 ក្រុមកំពង់ចាម FC គ្រងជើងឯក

    កំពង់ចាម៖ ក្រុមបាល់ទាត់កំពង់ចាម FC បានក្លាយជាជើងឯក ប្រចាំមណ្ឌលខេត្តកំពង់ចាម ដែលជាមណ្ឌលទី៥ នៃព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល២ថ្ងៃ និងប្រកួតវគ្គផ្តាច់ព្រ័ត្រយកឈ្នះក្រុមបាល់ទាត់ផ្ទះល្វែង ម៉ារីសា អេហ្វស៊ី ជាមួយលទ្ធផល២ទល់១ដែលជាលទ្ធផលតានតឹងបំផុត។

    លោក តូ វណ្ណ ថាន់ អនុប្រធានក្រុមបាល់ទាត់កំពង់ចាម FC បានលើកឡើងថា ទម្រាំក្រុមរបស់ខ្លួនបានក្លាយជាម្ចាស់ជើងឯកប្រចាំមណ្ឌលកំពង់ចាមនេះបានត្រូវឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញជាមួយក្រុមខ្លាំងៗជាច្រើន ហើយកក្តាដែលជម្រុញឲ្យក្រុមជោគជ័យ គឺកើតឡើងពីការរួបរួមសាមគ្គីគ្នាលេងក្នុងទម្រង់យល់ចិត្តគ្នា។ អនុប្រធានក្រុមបាល់ទាត់កំពង់ចាម FC បានប្តេជ្ញាចិត្តថា និងបន្តខិតខំប្រឹងបង្កើនការហ្វឹកហាត់ទ្វេដងបន្ថែមទៀត នៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ គឺប្រជុំដោយជើងខ្លាំងមកពីគ្រប់ខេត្តដែលសុទ្ធសឹងជាឧបសគ្គនៃដំណើរឆ្ពោះទៅដណ្តើមតំណែងជើងឯកប្រចាំឆ្នាំ។

    ក្រុមបាល់ទាត់កំពង់ចាម FC ដែលជាជើងឯកប្រចាំមណ្ឌល ខេត្តកំពង់ចាម ទទួលបានរង្វាន់លើកទឹកចិត្ត១៥០០ដុល្លារ ក្រុមបាល់ទាត់ផ្ទះល្វែង ម៉ារីសា អេហ្វស៊ី ជើងឯករងទទួលបានរង្វាន់១០០០ដុល្លារ ក្រុមបាល់ទាត់ កុកស ចំណាត់លេខ៣ទទួលបានថវិកា៥០០ដុល្លារ ក្រុមបាល់ទាត់ MEMBER FOX A ជាប់ចំណាត់លេខ៤ទទួលបានថវិកា២០០ដុល្លារ និង៣ក្រុមទៀត មានក្រុមបាល់ទាត់ KING LION, JUSTICE FT និងក្រុមបាល់ទាត់អ្នកប្រម៉ាញ់ទីក្រុងឈ្នះកៅអីឡើងទៅប្រជែងវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ។

    សូមជម្រាបថា Tiger Street Football 2020 ម​ណ្ឌលកំពង់ចាម ដែលជាមណ្ឌលទី៥នេះ មានខេត្តចូលរួមចំនួន៦មានស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាមម្ចាស់ផ្ទះសរុប៧៧ក្រុម ហើយសម្រាប់មណ្ឌលកំពង់ចាមនេះសម្រាំងជ្រើសរើសយកតែក្រុមខ្លាំងចំនួន៧ប៉ុណ្ណោះឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០។ ក្រុមដែលឈ្នះតំណែងជើងឯកនៅរាជធានីភ្នំពេញមានឱកាសប្រគួតផ្ទាល់ជាមួយ លោក Rio Ferdinand តារាបាល់ទាត់ពិភពលោក។

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Tiger Street Football 2020 បន្ទាប់ពីមណ្ឌលកំពង់ចាម និងបន្តទៅមណ្ឌលទី៦ មណ្ឌលខេត្តកំពត ដែលមាន៤ខេត្តចូលរួម គឺព្រះសីហនុ កែប កោះកុង និងកំពតម្ចាស់ផ្ទះ ដំណើរការប្រកួតនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

    ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។

    ពិសាដោយការទទួលខុសត្រូវ៕​

  • រឿងពិតរបស់ “ហាឈិម៉ា” កោះបិសាចក្នុងប្រទេសជប៉ុន

    រឿងពិតរបស់ “ហាឈិម៉ា” កោះបិសាចក្នុងប្រទេសជប៉ុន

    កោះ “ហាឈិម៉ា” ស្ថិតនៅឆ្ងាយពីទីក្រុងណាង៉ាសាគិ ប្រមាណជា 15គីឡូម៉ែត្រ។ ដោយសារតែរូបរាងដែលមើលទៅស្រដៀងកប៉ាល់សង្រ្គាមនោះ ធ្វើឱ្យកោះនោះត្រូវបានគេដាក់ឈ្មោះឱ្យថា Battleship Island ឬកោះនាវាចម្បាំង។ កាលពីអតីតកាល កោះមួយនេះពោរពេញទៅដោយរ៉ែធ្យូងថ្ម រហូតមានការចាប់ផ្តើមធ្វើអណ្ដូងរ៉ែយ៉ាងពិតប្រាកដនៅគ្រិស្តសករាជ 1887 មុននឹង Mitsubishi ក្រុមហ៊ុនដ៏ធំសម្បើមមួយរបស់ជប៉ុន បានទិញយកកោះនេះ ដើម្បីអភិវឌ្ឍទៅជាកោះរ៉ែធ្យូងថ្មដ៏ធំមួយ ដើម្បីផ្គត់ផ្គង់តម្រូវការធ្យូងថ្មក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់ជប៉ុននាយុគសម័យនោះ ទើបធ្វើឱ្យមានការដឹកជញ្ជូនកម្លាំងពលកម្ម និងក្រុមគ្រួសាររបស់ពួកគេទៅតាំងលំនៅឋាននៅលើកោះនោះរហូតពេញផ្ទៃដីទីនោះ។

    ប៉ុន្តែក្រៅពីរ៉ែធ្យូងថ្មហើយនោះ កោះមួយនេះថែមទាំងប្រៀបដូចជាកន្លែងឃុំឃាំងអ្នកទោសទៀតផង ដោយសារតែក្នុងអំឡុងសង្រ្គាមលោកលើកទី2 កងទ័ពជប៉ុនបានកេណ្ឌប្រមូលជនជាតិចិន និងកូរ៉េខាងត្បូងដែលជាឈ្លើយសឹកឱ្យមកធ្វើការនៅក្នុងរ៉ែធ្យូងថ្មទាំងនោះ។ ទារុណកម្មដែលពលករឈ្លើយសឹកទាំងនោះបានទទួល ធ្វើឱ្យក្នុងខ្សែភ្នែករបស់ជនជាតិចិន និងកូរ៉េខាងត្បូងមើលឃើញថា កោះហាឈិម៉ា គឺជាកន្លែងនៃមហាសុបិនដ៏សែនអាក្រក់រហូតមកដល់ពេលបច្ចុប្បន្ន។នៅឆ្នាំ1964 ក្រុមហ៊ុន Mitsubishi បានប្រកាសបិទរ៉ែធ្យូងថ្មទាំងអស់នៅលើកោះហាឈិម៉ា ដោយសារតែថាមពលធ្យូងថ្ម លែងជាតម្រូវការរបស់ជប៉ុនតទៅទៀតហើយ ដោយងាកទៅផ្តល់ភាពសំខាន់លើថាមពលប្រេងឥន្ធនៈជំនួសវិញម្តង ដែលក្រោយពីការបិទជំរំការងារនេះ ពលករទាំងអស់ត្រូវបានរើចេញពីទីនោះ និងទុកឱ្យកោះមួយនោះ ក្លាយជាកោះរហោដ្ឋានគ្មានមនុស្សរស់នៅ ដែលគ្មានសូម្បីតែដើមឈើ ឬដើមផ្កាដុះឡើងទៀតឡើយ បើមានក៏មានតែរុក្ខជាតិតូចៗដែលដុះហើយងាប់ទៅវិញតែប៉ុណ្ណោះ។

    បច្ចុប្បន្ន រដ្ឋការជប៉ុនបានព្យាយាមក្នុងការជំរុញឱ្យកោះហាឈិម៉ាក្លាយជាបេតិកភណ្ឌពិភពលោក ដោយបានដាក់សំណើទៅអង្គការយូណេស្កូ តែបែរជាត្រូវខាងប្រទេសកូរ៉េខាងត្បូងជំទាស់ ព្រោះយល់ឃើញថា កោះហាឈិម៉ា គឺជាស្នាមរបួសនៃសង្រ្គាមដែលនៅសេសសល់ និងធ្វើឱ្យជនជាតិកូរ៉េខាងត្បូង និងចិនមានអារម្មណ៍ឈឺចាប់គ្រប់ពេលដែលមានការនិយាយដល់កោះមួយនេះ។
    ទោះជារឿងនេះនៅតែជាអ្វីដែលជាការខ្វែងគំនិតគ្នាថា តើកោះហាឈិម៉ា សមនឹងទទួលបានការដាក់ជាបេតិកភណ្ឌពិភពលោក ឬក៏អត់ក៏ដោយ តែក៏បច្ចុប្បន្នកោះមួយនេះមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង តាមរយៈការដែលត្រូវបានគេនាំយកទៅធ្វើជាឆាកចម្លងនៅក្នុងខ្សែភាពយន្តស៊ើបអង្កេត ចេមស៍ បនដ៍ 007 រឿង Skyfall រហូតដល់ធ្វើឱ្យវាក្លាយជាមណ្ឌលទេសចរណ៍ល្បីឈ្មោះមួយទៀតនៅក្នុងប្រទេសជប៉ុន។

    កោះហាឈិម៉ា បានបើកឱ្យអ្នកទេសចរចូលទស្សនាកាលពីឆ្នាំ2009  តែរហូតមកដល់ពេលនេះមានអ្នកទេសចរមិនច្រើនប៉ុន្មានទេ ដែលមានឱកាសបានមកកម្សាន្តដោយផ្ទាល់នៅលើមណ្ឌលទេសចរណ៍មួយនេះ ព្រោះខាងរដ្ឋការជប៉ុនមានការកំណត់ចំនួនអ្នកទេសចរ  ធ្វើឱ្យក្នុង 1ឆ្នាំៗ អ្នកដែលបានទទួលការអនុញ្ញាតឱ្យមកទស្សនាទីនេះមានត្រឹមតែប៉ុន្មានពាន់នាក់ប៉ុណ្ណោះ។

    នៅលើកោះរហោដ្ឋានមួយនេះ នាពេលយប់ ជាពិសេសក្នុងអំឡុងពេលដែលមានភ្លៀងធ្លាក់ ឬព្យុះបក់បោកនោះ បណ្តាអ្នកនេសាទ ឬអ្នកដើរទូកដែលចូលទៅជិតទីនោះបាននាំគ្នានិយាយថា ពួកគេតែងបានឮសូរសំឡេងស្រែកទួញយំយ៉ាងគ្រលួចគួរឱ្យភ័យខ្លាច បន្លឺឡើងកណ្តាលតំណក់ទឹកភ្លៀង និងខ្សែវាយោ ដោយពួកគេជឿថា កោះមួយនេះកំពុងយំទួញសោកព្រោះវាត្រូវបានបោះបង់ចោលឱ្យនៅកណ្តោចកណ្តែងជាយូរយារ និងកំពុងស្រែកដង្ហោយហៅរកនរណាម្នាក់ឱ្យទៅនៅជាមួយ ឬមិនដូច្នេះទេ សំឡេងស្រែកទ្រហោទួញយំដែលពួកអ្នកនេសាទបានឮនោះ អាចជាសំឡេងរបស់ដួងវិញ្ញាណរបស់បណ្តាឈ្លើយសឹកដែលដួលស្លាប់ដោយក្តីទុក្ខលំបាកវេទនា ហើយនៅតែអណ្ដែតវិលវល់នៅលើកោះមួយនោះ ក៏អាចថាបានដែរ។
    ហេតុការណ៍មួយទៀត ដែលអះអាងអំពីភាពគួរឱ្យភ័យខ្លាចនៅលើកោះនេះ បានកើតឡើងមុនពេលដែលកោះហាឈិម៉ាត្រូវបានប្រើប្រាស់ធ្វើជាទីកន្លែងចម្លង ក្នុងការថតខ្សែភាពយន្តរឿង Skyfall ដោយកោះដដែលនេះធ្លាប់ត្រូវបានប្រើប្រាស់ធ្វើជាកន្លែងថតខ្សែភាពយន្តរឿង “Battle Royale” របស់អ្នកដឹកនាំរឿងលោក ឃីនជិ ហ្វ៊ូកាសាកូ អ្នកដែលអះអាងថា កោះនេះមានវិញ្ញាណបិសាច។

    ហ្វ៊ូកាសាកូ បានបង្ហើបឱ្យដឹងថា ក្នុងអំឡុងការថតខ្សែភាពយន្តនោះ គាត់បានជួបនឹងរឿងខុសប្រក្រតីគ្រប់ពេលវេលា ដូចជា ជួបអ្នកដទៃដែលមិនមែនជាក្រុមការងារថតភាពយន្ត ដែលមានរូបភាពថតជាប់នៅក្នុងឈុតឆាក ឬនៅសុខៗខ្សែហ្វ៊ីលបែរជាខូច ទាំងទើបតែប្រើការជាលើកដំបូង ជាដើម។ ប៉ុន្តែហេតុការណ៍ដែលរន្ធត់ព្រលឹងបំផុត រហូតធ្វើឱ្យក្រុមការងារត្រូវឈប់សម្រាករាប់សប្តាហ៍នោះគឺ ឈិអាគិ ឃូរិយ៉ាម៉ា តារាសម្តែងស្រីម្នាក់ ដែលសម្តែងជានិស្សិត បានត្រូវអ្វីម្យ៉ាងចូលសណ្ថិតក្នុងខ្លួននាង។

    តាមរយៈពាក្យរៀបរាប់របស់អ្នកដែលបានឃើញហេតុការណ៍នាពេលនោះ បានរៀបរាប់ថា កែវភ្នែករបស់ឈិអាគិក្លាយជាពណ៌ក្រហមជាំ និងប្រស្រីភ្នែកលានចេញមកត្លែ មើលទៅគួរឱ្យកាចសាហាវណាស់ បន្ទាប់ពីនោះ នាងបានស្ទុះចូលទៅរក ខូអ៊ុ ឈិបាសាគិ ដែលជាតារាស្រីម្នាក់ទៀត និងច្របាច់កខូអ៊ុយ៉ាងខ្លាំង។ ខាងក្រុមការងារឃើញស្ថានការណ៍មិនស្រួល ក៏បានអញ្ជើញ មីកូ (ស្រ្តីអ្នកបញ្ចូលរូប) ដែលធ្វើដំណើរមកជាមួយដែរនោះ ឱ្យមកចាត់ការបណ្តេញវិញ្ញាណកំណាចនោះ 0រហូតបានសម្រេច។
    បន្ទាប់ពីវិញ្ញាណបិសាចនោះចេញពីរាងកាយហើយ មីកូបានប្រាប់ថា “ទីកន្លែងមួយនេះមានដួងវិញ្ញាណដែលមានភាពចងគំនុំ គុំកួន និងចងអាឃាតស្ថិតនៅច្រើនណាស់ និងមិនងាយនឹងកម្ចាត់ចេញបានឡើយ ព្រោះនៅត្រង់នេះ គឺជាទីកន្លែងរបស់ពួកគេ…”។

    តារាសម្តែង ឈិអាគិ បានរៀបរាប់ពីហេតុការណ៍ដែលកើតឡើងថា នាងឃើញស្រ្តីសក់វែងម្នាក់ អណ្តែតខ្លួនឆ្លងកាត់ខ្លួននាង ហើយបន្ទាប់ពីនោះមកក៏លែងចាំអ្វីបានទៀតតែម្ដង។

    ទាំងអស់នេះអាចរាប់បានថា ជាហេតុការណ៍ដ៏គួរព្រឺព្រួចភ័យរន្ធត់ និងរញ្ជួយព្រលឹងមួយទៀតដែលបានកើតឡើងនៅលើកោះដែលត្រូវបណ្តាសាបិសាចមួយនេះ៕

  • BANANA TEST

    BANANA TEST

    នៅក្នុងព្រៃស្រោងដ៏ធំមួយ មានដើមដូង 1ដើមខ្ពស់ខ្លាំងណាស់ៗៗៗៗៗៗៗៗៗ! ហើយនៅទីនោះក៏មានសត្វ 4ក្បាលដែរ ៖

    • សត្វតោ
    • សត្វស្វាត្រោស
    • សត្វយីរ៉ាហ្វ (សត្វកវែង)
    • សត្វកំប្រុក

    – ពួកវាប្រកួតគ្នាថា តើអ្នកណាអាចឡើងទៅបេះផ្លែចេកបានលឿនជាងគេបំផុត?
    – សូមលោកអ្នកសាកល្បងទាយទៅមើលថា តើសត្វមួយណាឈ្នះ?
    – ចម្លើយរបស់លោកអ្នកនឹងឆ្លុះបញ្ចាំងអំពីបុគ្គលិកលក្ខណៈរបស់ខ្លួនលោកអ្នកផ្ទាល់  ដូច្នេះ សូមគិតឱ្យបានល្អិតល្អន់ និងឆ្លើយឱ្យបានក្នុងរយៈពេល​ 30​វិនាទី…
    .
    .
    …បានចម្លើយហើយឬនៅ?
    តស់! នាំគ្នាទៅមើលចម្លើយ!!!!!!
    .
    .
    .
    .
    .
    បើអ្នកឆ្លើយថា…:
    -សត្វតោឈ្នះ  = អ្នកល្ងង់ខ្លាំងណាស់!!
    -សត្វស្វាត្រោសឈ្នះ  = អ្នកគឺជាមនុស្សឡប់សតិ!!
    -សត្វយីរ៉ាហ្វឈ្នះ  = អ្នកគឺជាមនុស្សខួរក្បាលងងឹតឈឹង!!
    -សត្វកំប្រុកឈ្នះ  ​​= អ្នកគឺជាមនុស្សអត់ចេះគឹតសោះ!!

    ព្រោះដើមដូង វាមានផ្លែចេកមកពីណា!!! ហាសៗៗហា!!!

    ឥឡូវវអាចមើលឃើញបានយ៉ាងច្បាស់ហើយថា  អ្នកកំពុងតែមានអារម្មណ៍ធុញថប់ខ្លាំង និងធ្វើការងារច្រើនជ្រុលពេកហើយ

    ដូច្នេះគួររកពេលវេលាសម្រាកខ្លះផងទៅ…បា៎យបា៎យ!

    ទិទីតំតាតូ

  • ដូចម្តេចដែលហៅថាផ្លូវសូត្រ និងមានប្រវត្តិដូចម្តេច?

    ដូចម្តេចដែលហៅថាផ្លូវសូត្រ និងមានប្រវត្តិដូចម្តេច?

    ផ្លូវសូត្រ គឺជាផ្លូវពាណិជ្ជកម្មដ៏ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្រ្តពិភពលោក។ ផ្លូវសូត្របានតភ្ជាប់លោកខាងកើត ដែលមានចំណុចចាប់ផ្តើមពីអតីតរាជធានី ឆាងអាន (បច្ចុប្បន្នខេត្តស៊ីអាន) នៃមហាយក្សចិន ទៅដល់លោកខាងលិចត្រង់សមុទ្រមេឌីទែរ៉ាណេនៃទ្វីបអ៊ឺរ៉ុប។ ផ្លូវសូត្រមានប្រវែងសរុបប្រមាណជាង 6000គីឡូម៉ែត្រ ហើយត្រូវបានប្រើប្រាស់ចាប់ពីសតវត្សរ៍ទី 2មុនគ.ស រហូតសតវត្សរ៍ ទី14។ នេះជាការលើកឡើងរបស់លោក ម៉ៅ វុត្ថា មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា។

    លោកបានរៀបរាប់អំពីប្រវត្តិនៃផ្លូវសូត្រនេះថា ដើមឡើយភូមិវិទូជនជាតិអាល្លឺម៉ង់លោក ហ្វឺដឺណង់ ហ្វុន រីជថូហ្វេន បានដាក់ឈ្មោះផ្លូវនេះថា ផ្លូវសូត្រ នៅក្នុងឆ្នាំ1877 ក្រោយពេលរកឃើញភស្ថុតាងជាច្រើនទាក់ទងនឹងអាជីវកម្មសូត្រនៅតាមផ្លូវមួយនេះ។ ផ្លូវបុរាណមួយនេះ ត្រូវបានប្រើប្រាស់មិនត្រឹមតែធ្វើជាផ្លូវជួញដូរពាណិជ្ជកម្មតែប៉ុណ្ណោះទេ តែថែមទាំងជាផ្លូវដែលផ្លាស់ប្តូរវប្បធម៌ អរិយធម៌ចិន ឥណ្ឌា អាណាចក្រពែរ្ស ពិភពអារ៉ាប់ ក្រិក និងចក្រភពរ៉ូម។
    ផ្លូវសូត្រត្រូវបានត្រួសត្រាយដោយ ឆាង ឈីយិន ដែលគេស្គាល់ថាជាបិតានៃផ្លូវសូត្រ និងជារាជទូតដំបូងគេក្នុងប្រវត្តិសាស្រ្តពិភពលោក។ ឆាង ឈីយិន គឺជាបេសកជនរបស់អធិរាជអ៊ួនៃរាជវង្សហានដែលបានចាកចេញពីស្រុកចិន ដើម្បីពិនិត្យមើលវប្បធម៌ អរិយធម៌នានានៅតំបន់អាស៊ីកណ្តាលចាប់ពីឆ្នាំ 139 មុនគ.ស ដល់ ឆ្នាំ 129 មុនគ.ស។ ក្រោយពីបើកផ្លូវនេះហើយ ផ្លូវមួយនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបន្តិចម្តងៗក្នុងរជ្ជកាលបន្តៗមកទៀត។

    មានសង្គ្រាម និងការបង្រ្កាបជាច្រើននៅតាមតំបន់នានាតាមដងផ្លូវនេះ ដែលក្នុងនោះសង្រ្គាមដែលល្បីល្បាញបំផុតក្នុងប្រវត្តិសាស្រ្តចិន គឺសង្គ្រាមដែលដឹកនាំដោយ វ៉ី ឈីង និង ហួយ គុយប៊ីង ដែលបានធ្វើឲ្យឧបសគ្គនានានៅតាមដងផ្លូវនេះរលាយបាត់អស់។ ក្នុងឆ្នាំ 60 មុនគ.ស រាជវង្សហាន បានបង្កើតតំបន់អាណានិគមនៅភាគខាងលិច វ៉ូ ឡី (ជិតខេត្តលន់តាយ) ដើម្បីគ្រប់គ្រង និងធានាឲ្យផ្លូវនេះមានសុវត្ថិភាព និងចរាចរណ៍កាន់តែប្រសើរឡើង។ នៅក្នុងសម័យរាជវង្សថាំង (គ.ស 612 ដល់ 907) ផ្លូវសូត្រត្រូវបានគេឲ្យឈ្មោះថាជាយុគមាសព្រោះវាបានក្លាយទៅផ្លូវសេដ្ឋកិច្ចដ៏សំខាន់ និងរីកចម្រើនបំផុតរបស់ប្រទេសចិន។

    ក្នុងអំឡុងពេលដែលអាណាចក្រម៉ុងហ្គោលពង្រីកអំណាចរបស់ខ្លួន ហើយគ្រប់គ្រងលើចិនក្នុងនាម រាជវង្សយួន (ឆ្នាំ 1271 ដល់ 1368) អធិរាជ គួឡៃ ខាន់ បានពង្រីកផ្លូវនេះឲ្យមានភាពរីកចម្រើនបន្ថែមទៀតដើម្បីងាយក្នុងការគ្រប់គ្រងដែនដីរដ្ឋចំណុះរបស់ខ្លួន។ អធិរាជរូបនេះ បានតាំងរាជធានីនៅ ដាឌូ (ក្រុងប៉េកាំង នាពេលបច្ចុប្បន្ន) ហើយពង្រីកដោយយកផ្លូវសូត្រជាគោលទៅដល់ដែនដីម៉ុងហ្គោលី លាតសន្ធឹងដល់ស៊ីប៊េរីសមុទ្រចិនភាគខាងត្បូង តំបន់ទីបេ យន់ណាន ជួរភ្នំស្តាណូវ៉យ រហូតទៅដល់អាស៊ីខាងលិច និងរុស្សី។ អធិរាជ គូឡៃ ខាន់ បានបំផ្លាញចោលនូវកុងត្រូលជជុះនានានៅតាមផ្លូវ និងអំពើពុករលួយនានាដែលកើតឡើងតាមផ្លូវនេះ ដែលធ្វើឲ្យផ្លូវមួយនេះកាន់តែមានភាពងាយស្រួល និងសុវត្ថិភាពក្នុងការធ្វើដំណើរ និងជួញដូរ។

    តាមរយៈផ្លូវមួយនេះអធិរាជម៉ុងហ្គោល បានបើកទូលាយស្វាគមន៍ជនបរទេស និងទទួលយកវប្បធម៌ អរិយធម៌ពីប្រទេសដទៃ ជាក់ស្តែងទ្រង់បានតែងតាំង មាកូប៉ូឡូ ឲ្យទទួលតំណែងជាមន្រ្តីជាន់ខ្ពស់ និងបានចេញលិខិតឆ្លងដែនពិសេសដែលអាចធ្វើឲ្យគាត់អាចធ្វើដំណើរពាសពេញអាណាចក្រ ហើយសិទ្ធិធ្វើអាជីវកម្មផ្សេងៗនៅតាមផ្លូវសូត្រ។ បើទោះជានាពេលនោះការធ្វើដំណើរតាមផ្លូវទឹកមានឥទ្ធិពលខ្លាំងក្លា ជាពិសេសពួកលោកខាងលិចយ៉ាងណាក៏ដោយ ប៉ុន្តែផ្លូវមួយនេះនៅតែប្រជាប្រិយភាព និងមិនអាចខ្វះបានដដែល។

    មានមនុស្សល្បីឈ្មោះជាច្រើន ដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវសូត្រនេះរួមមាន៖ ចាង ឈីយិន បិតា ឬស្ថាបនិកផ្លូវសូត្រ អធិរាជគូឡៃ ខាន់ ម៉ាកូប៉ូឡូ និងជាពិសេសព្រះសង្ឃថាំងចេងដែលធ្វើដំណើរទៅចម្លងធម៌នៅឥណ្ឌា និងត្រឡប់មកវិញតាមផ្លូវនេះផងដែរ។ ក្រៅពីរឿងនិទានថាំងចេងទៅចម្លងធម៌ហើយ នៅមានរឿងជាច្រើនទៀតកើតឡើងនៅលើដងផ្លូវនេះ ដែលអ្នកធ្វើដំណើរបាននិទានចែករំលែកគ្នាពេលជួបគ្នានៅតាមដងផ្លូវនេះ។ នេះហើយជាវិធីជីវិតនៅលើផ្លូវសូត្រ ក្នុងពេលដែលគ្មានទូរស័ព្ទ ទូរទស្សន៍ និងអ៊ីនធឺណិត។

    1.ទិដ្ឋភាពវប្បធម៌នៃផ្លូវសូត្រ
    ផ្លូវសូត្របុរាណបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការផ្លាស់ប្តូរវប្បធម៌រវាងចក្រភពចិន និងបស្ចិមប្រទេស។ ចាប់តាំងពីស.វ ទី2 មុនគ.ស រហូតដល់ស.វ ទី15 នៃគ.ស អរិយធម៌ដ៏ត្រចះត្រចង់របស់របស់ចិន ឥណ្ឌា ក្រិក ពែរ្ស និងរ៉ូម ត្រូវបានផ្លាស់ប្តូរគ្នានៅតាមដងផ្លូវនេះ ដែលបានធ្វើឲ្យផ្លូវមួយនេះក្លាយទៅជាស្ពានចម្លងវប្បធម៌រវាងអាស៊ី និងអ៊ឺរ៉ុប។ ក្រៅពីការផ្លាស់ប្តូរវិស័យសេដ្ឋកិច្ច នយោបាយរវាងលោកខាងកើត និងខាងលិចហើយនោះ មានសាសនា និងនិកាយជាច្រើនត្រូវបានហូរចូលទៅក្នុងប្រទេសចិន ក្នុងនោះរួមមានព្រះពុទ្ធសាសនា អ៊ិស្លាមសាសនា និកាយដែលមានជំនឿលើតារាសាស្រ្តជាដើម។ ទាំងអស់នេះបានក្លាយទៅជាសម្បត្តិវប្បធម៌របស់ចិនចាប់តាំងពីបុរាណ រហូតមកដល់បច្ចុប្បន្ន។

    2.ព្រះពុទ្ធសាសនា
    នៅក្នុងស.វ ទី1 មុនគ.ស ព្រះពុទ្ធសាសនាត្រូវបានណែនាំឲ្យចូលទៅក្នុងតំបន់យូតៀន (បច្ចុប្បន្នតំបន់ហេតៀន) ហើយចេញពីតំបន់នោះ សាសនានេះបានរីកសាយភាយយ៉ាងឆាប់រហ័សទៅដល់តំបន់ខាងលិច។ រហូតដល់សម័យរាជវង្សហានខាងកើត (គ.ស 25 ដល់ 220) ទើបពុទ្ធសាសនាបានហូរចូលទៅក្នុងភូមិភាគកណ្តាលនៃចិន ព្រះសង្ឃជាច្រើនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍពុទ្ធសាសនាក្នុងប្រទេសចិននាសម័យនោះ។ ព្រះសង្ឃដែលល្បីៗជាងគេរួមមានព្រះតេជគុណជូ សៀស៊ីង នៃសម័យសាមកុក និងព្រះតេជគុណ ស៊ាន ហ្សាង ឬព្រះគ្រូថាំង ចេង ក្នុងរាជវង្សថាំង (គស.618 ដល់ 907)។ ព្រះសង្ឃទាំងឡាយបានធ្វើដំណើរតាមផ្លូវសូត្រទៅកាន់ប្រទេសឥណ្ឌាដើម្បីសិក្សាគម្ពីរសូត្រនានាហើយនាំត្រឡប់មកប្រទេសចិនវិញ។ នៅក្នុងសម័យរាជវង្សថាំង មាននិកាយសាសនាបរទេសចំនួនបីដែលមានវត្តមានក្នុងប្រទេសចិន។

    3.និកាយសាសនាហ្សាណ
    ចាប់តាំងពីស.វទី5 មុនគ.ស រហូតដល់ស.វទី1 មុនគ.ស និកាយសាសនាហ្សាណបានត្រូវផ្សព្វផ្សាយចូល ទៅក្នុងភាគខាងលិចប្រទេសចិន។ និកាយសាសនាហ្សាណនេះ ត្រូវបានចាត់ទុកជាសាសនាដំបូងគេដែលឆ្លងកាត់តាមផ្លូវនេះ។ និកាយសាសនាហ្សាណ បានចាប់កំណើតនៅក្នុងអាណាចក្រពែរ្ស (បច្ចុប្បន្នប្រទេស អ៊ីរង់) ហើយផ្សព្វផ្សាយទៅដល់ប្រទេសផ្សេងៗរួមទាំងចិនផងដែរ ប៉ុន្តែសាសនាត្រូវបានរលាយបាត់ទៅវិញនៅក្នុងរាជវង្សសុង (គ.ស960 ដល់1279)។ ជនជាតិដែលបានប្រតិបត្តិសាសនានេះរួមមានជនជាតិចិនអំបូរអួហ្គួរ និងពួកតាជិក (ប្រទេសតាជីគីស្ថាន)។

    4.និកាយសាសនាណេស្តូរៀន
    នេះជានិកាយមួយរបស់សាសនាគ្រិស្ត តែប្រតិបត្តិតាមបែបស៊ីរី។ ក្នុងឆ្នាំ635 និកាយនេះត្រូវបាននាំចូលទៅក្នុងប្រទេសចិនតាមផ្លូវសូត្រ ហើយត្រូវបានទទួលស្វាគមន៍ដោយអធិរាជថៃចុង និងលី ស៊ីមីញ ដោយបានបញ្ជាឲ្យកសាងវិហារជាច្រើនសម្រាប់និកាយសាសនានេះ ហើយហៅថាវិហារពែរ្ស ឬវិហាររ៉ូម៉ាំង និងវិហារដាគីន។ និកាយសាសនានេះត្រូវបានរលាយបាត់បង់ទៅវិញក្នុងរាជវង្សមិង។

    5.សាសនាអ៊ិស្លាម
    ចាប់ពីគ្រិស្តស.វទី 7 ពួកជនជាតិអារ៉ាប់កាន់សាសនាអ៊ិស្លាមបានធ្វើដំណើរទៅកាន់ប្រទេសចិនតាមផ្លូវសូត្រ និងតាមផ្លូវទឹកដើម្បីផ្សព្វផ្សាយសាសនាអ៊ិស្លាម។ ក្នុងសម័យរាជវង្សថាំង តំបន់គួងដុង និងក្វាងចូវ គឺជាតំបន់អ្នកកាន់សាសនាអ៊ិស្លាមច្រើនជាងគេ។

    6.បច្ចេកវិទ្យារបស់ជនជាតិចិនត្រូវបាននាំទៅលោកខាងលិចតាមផ្លូវសូត្រ
    ការផ្លាស់ប្តូរវប្បធម៌រវាងចិន និងអ៊ឺរ៉ុបបានផ្តល់នូវផលប្រយោជន៍ជាច្រើនដល់ភាគីទាំងពីរក្នុងវិស័យអភិវឌ្ឍន៍។ របកគំហើញដ៏អស្ចារ្យរបស់ចិនទាំង៤ (ការបង្កើតក្រដាស ម៉ាស៊ីនបោះពុម្ព រំសេវ និងត្រីវិស័យ) រួមទាំងវិធីសាស្រ្តក្នុងការចិញ្ចឹមដង្កូវនាង ការត្បាញអំបោះសូត្រត្រូវបាននាំយកទៅលោកខាងលិច ហើយរីកចម្រើនយ៉ាងទូលំទូលាយរហូតប្រើប្រាស់ទូទាំងពិភពលោកមកដល់សព្វថ្ងៃនេះ។

    ក្នុងសម័យរាជវង្សហាន (ឆ្នាំ206 មុនគ.ស ដល់គ.ស 220) ប្រទេសចិនគឺជាអធិរាជនៃជំនួញសូត្រ ហើយបានរក្សាបច្ចេកទេសសិប្បកម្មសូត្រនេះជាការសម្ងាត់បំផុត រហូតដល់ស.វទី12ទើបបច្ចេកវិជ្ជាមួយនេះត្រូវបានផ្សព្វផ្សាយទៅដល់ទ្វីបអ៊ឺរ៉ុបភាគខាងលិច។ សូត្រជាច្រើនលានកីត្រូវបានដឹកជញ្ជូនតាមផ្លូវនេះទៅកាន់លោកខាងលិច អាណាចក្រពែរ្ស ឥណ្ឌា។ល។

    នៅក្នុងឆ្នាំ750 មានសង្គ្រាមកើតឡើងរវាងរាជវង្សថាំង និងចក្រភពអារ៉ាប់ នៅក្រុងប៊ីសកេក(បច្ចុប្បន្នជារាជធានីនៃសាធារណរដ្ឋគៀហ្សីស្ថាន) ហើយកងទ័ពរាជវង្សថាំងត្រូវបរាជ័យ និងត្រូវបានកេណ្ឌជាឈ្លើយសឹកទៅកាន់តំបន់សាម៉ាកាន (បច្ចុប្បន្នជាខេត្តមួយក្នុងប្រទេសអុយបេគីស្ថាន) តាមផ្លូវសូត្រ ដោយក្នុងចំណោមឈ្លើយសឹកទាំងនោះមានកម្មករផលិតក្រដាសផងដែរ។ ក្រោយមកចក្រភពអារ៉ាប់បានផលិតក្រដាសតាមរយៈឈ្លើយសឹកទាំងនោះ។

    ក្នុងសម័យរាជវង្សថាំង បច្ចេកវិជ្ជាបោះពុម្ពត្រូវបាននាំទៅប្រើប្រាស់នៅក្នុងអាស៊ីភាគកណ្តាល។ នៅស.វទី 13 មានជនជាតិអ៊ឺរ៉ុបជាច្រើនបានធ្វើដំណើរតាមផ្លូវសូត្រមកកាន់ប្រទេសចិន ហើយនាំយកបច្ចេកវិជ្ជានេះ ទៅកាន់ប្រទេសខ្លួននាប៉ែកអ៊ឺរ៉ុបវិញ។ នៅក្នុងឆ្នាំ 1444 ជនជាតិអាល្លឺម៉ង់លោក ហ្គាត់ធិនប៊ឹក បានបោះពុម្ពគម្ពីរប៊ីបលើកទីមួយដោយប្រើប្រាស់បច្ចេកទេសដូចគ្នានឹងចិនដែរ។

    នៅដើមស.វទី13 ជនជាតិម៉ុងហ្គោលីបានប្រើប្រាស់រំសេវក្នុងការចម្បាំងរបស់ខ្លួនជាមួយប្រទេសជិតខាង និងវាតទីទៅតំបន់នានានៅភាគខាងលិច ហើយក្នុងពេលនោះរំសេវត្រូវបានចាត់ទុកថាជាអាវុធប្រល័យលោក។

    លើសពីនោះទៅទៀតការប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តត្រូវបាននាំយកទៅប្រើប្រាស់នៅលោកខាងលិចក្នុងសម័យរាជវង្សហាន។ ចាប់តាំងពីសម័យសាមកុក រហូតដល់រាជវង្សថាំង សិល្បះតន្រ្តី របាំ កាយកម្ម និងទម្រង់សិល្បៈផ្សេងៗទៀតរបស់អាស៊ីខាងលិច និងអាស៊ីកណ្តាលបានហូរចូលទៅប្រទេសចិន ជាក់ស្តែងរួមមាន ពិណ23ខ្សែ គុងហ្វូ និងខ្លុយរបស់ជនជាតិពែរ្សត្រូវបានបញ្ចូលទៅក្នុងឧបករណ៍តន្រ្តីប្រពៃណីចិន ក្នុងសម័យរាជវង្សហាន។

    នៅមានទម្លាប់វប្បធម៌ប្រើប្រាស់ឧបករណ៍ជាច្រើនទៀតត្រូវបានផ្លាស់ប្តូរគ្នារវាងលោកទាំងពីរតាមរយៈផ្លូវសូត្រ។ មានផលិតផលកសិកម្មលោកខាងលិចជាច្រើនត្រូវបាននាំចូលទៅប្រទេសចិនមានដូចជា ទំពាំងបាយជូរ ដួងចែម វ៉លណាត់ ការ៉ុត ម្រេច សណ្តែក ត្រសក់ ស្ពៃណាត់ មង្ឃុត សត្វផ្សេងៗ គ្រឿងឧបករណ៍វេជ្ជសាស្រ្តគ្រឿងទេស និងគ្រឿងអលង្ការជាដើម។ ដោយឡែកព័រសឺឡែន និងខ្មុកម្រ័ក្សណ៍របស់ចិនត្រូវបាននាំទៅប្រើប្រាស់នៅអ៊ឺរ៉ុបវិញផងដែរ។

    ចំណុចគួរឲ្យកត់សម្គាល់មួយទៀតទាក់ទងនឹងការផ្លាស់ប្តូរវប្បធម៌តាមរយៈផ្លូវសូត្រនោះ គឺសិល្ប:ការពារខ្លួន។ តាមប្រវត្តិសាស្រ្តផ្លូវសូត្រ នៅប្រមាណស.វទី6 ព្រះសង្ឃឥណ្ឌាមួយអង្គព្រះនាម តាក់ម៉ (ពោធិធម្ម) បាននាំយកសិល្បៈការពារខ្លួនចូលមកប្រទេសចិន។ ព្រះសង្ឃអង្គនេះត្រូវបានស្គាល់ថាជាអ្នកនិម្មិតករវត្តសាវលីញ ហើយព្រះអង្គជាអ្នកបង្រៀនសាវ័ករបស់ខ្លួនពីរបៀបធ្វើយោគៈ ដែលក្រោយមកក្លាយទៅជាក្បាច់ឡហានទាំង18 របស់សាវលីញ។ ការប្រតិបត្តិសិល្បៈការពារខ្លួន បានរីកសាយភាយទៅដល់ប្រទេសផ្សេងៗទៀតដូចជា ជប៉ុន កូរ៉េ ហើយក្លាយទៅជាការ៉ាតេ យូដូ តៃក្វាន់ដូ និងវូស៊ូជាដើម៕

  • ក្រសួងទេសចរណ៍លើកទឹកចិត្តឱ្យបង្កើតព្រឹត្តិការណ៍កម្សាន្តឱ្យច្រើននៅតាមគោលដៅទេសចរណ៍ ដើម្បីជំរុញចលនាទេសចរផ្នៃក្នុង

    ក្រសួងទេសចរណ៍លើកទឹកចិត្តឱ្យបង្កើតព្រឹត្តិការណ៍កម្សាន្តឱ្យច្រើននៅតាមគោលដៅទេសចរណ៍ ដើម្បីជំរុញចលនាទេសចរផ្នៃក្នុង

    (សៀមរាប)៖ លោក ទិត ចន្ថា រដ្ឋមន្រ្តីស្តីទីក្រសួងទេសចរណ៍ បានប្រកាសលើកទឹកចិត្តក្ដែងៗដល់ភាគីពាក់ព័ន្ធ ទាំងវិស័យរដ្ឋ និងឯកជនរួមគ្នាបង្កើតព្រឹត្តិការណ៍​កម្សាន្តឱ្យបានច្រើន នៅតាមគោលដៅទេសចរណ៍នានា ដើម្បីជំរុញចលនាទេសចរផ្នៃក្នុងឱ្យកាន់តែផុសផុល សំដៅលើកកម្ពស់វិស័យទេសចរណ៍ជាតិ ក្នុងដំណាក់កាល​ផ្ទុះការរីករាលដាលវីរុសកូរ៉ូណា។

    ការប្រកាសបែបនេះរបស់លោក ទិត ចន្ថា ធ្វើឡើងក្នុងកិច្ចប្រជុំការងារទេសចរណ៍ជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ជាមួយលោក ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងប្រតិបត្តិករទេសចរណ៍ វិស័យឯកជន តំណាងមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធប្រមាណ ១៥០នាក់ នៅសាលាខេត្តសៀមរាប នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

    លោកបានបញ្ជាក់ថា កម្ពុជានៅតែមានភ្ញៀវទេសចរអន្តរជាតិមកទស្សនា ប៉ុន្តែមានការថមថយខ្លះ ពិសេសគឺភ្ញៀវទេសចរចិន ដោយសារបញ្ហាផ្ទុះការរីករាលដាលវីរុសកូរ៉ូណា។

    លោកបានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាគ្មានករណីឆ្លងវីរុសកូរ៉ូណាទៀតនោះទេ។ នៅសៀមរាប-អង្គរ សកម្មភាពទេសចរនៅតែមានសកម្មភាពរស់រវើក ជាពិសេសភ្ញៀវទេសចរអឺរ៉ុបនៅតែមានច្រើន តែមានការថមថយខ្លះ ពិសេសភ្ញៀវចិនមានការថមថយ ដោយសារប្រភពកំណើតរបស់គាត់មានបញ្ហា (វីរុសកូរ៉ូណា)»លោកបានបន្តថា មកដល់ពេលនេះ មិនទាន់មានដំណោះស្រាយជាក់លាក់ណាមួយសម្រាប់បញ្ហាធ្លាក់ចុះភ្ញៀវទេសចរ ក្នុងដំណាក់កាលផ្ទុះការរីក​រាលដាលវីរុស​កូរ៉ូណា​នេះនៅឡើយទេ ដោយលោកអះអាងថា បញ្ហានេះក្រសួងទេសចរណ៍មិនអាចធ្វើតែឯងបានទេ គឺមានការពាក់ព័ន្ធនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនក្នុងវិស័យ​ទេសចរណ៍នេះទៀតដែរ។

    តែទោះជាយ៉ាងណា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងស្នើសុំទៅកាន់រាជរដ្ឋាភិបាល ដើម្បីទទួលបានដំណោះស្រាយជាក់លាក់​ណាមួយ ក្នុងដំណាក់កាលលំបាកនេះ។

    លោកថា មានបញ្ហាមួយចំនួនដែលតម្រូវឱ្យភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយ ដូចជាបញ្ហាពន្ធដារ អគ្គិសនី ការប្រាក់នៅធនាគារជាដើម សំដៅសម្រួលមធ្យោបាយជូនក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ជាដើម ដែលពួកគេកំពុងជួបបញ្ហាក្នុងការចំណាយច្រើន ខណៈចំណូលដែលផ្អែកលើការមកទស្សនា ការមកស្នាក់នៅ ឬការប្រើប្រាស់សេវាកម្មរបស់ភ្ញៀវទេសចរមានការធ្លាក់ចុះ, នេះបើតាមការឱ្យដឹងរបស់លោក ទិត ចន្ថា។

    រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍រូបនេះ បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងរដ្ឋ និងឯកជន ត្រូវរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍នៅតាមគោលដៅទេសចរណ៍ឱ្យបានច្រើន ជំរុញចលនាទេសចរផ្ទៃក្នុង ទាំងប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិដែលកំពុងស្ថិតនៅកម្ពុជា គឺត្រូវដើរចេញទស្សនាឱ្យបានច្រើន។

    ជាមួយគ្នានោះ ផ្នែកឯកជនក៏ត្រូវសម្រួល ឬបញ្ចុះតម្លៃលក់កញ្ចប់ទស្សនកិច្ចដល់ភ្ញៀវ ក៏ដូចជាការបញ្ចុះតម្លៃស្នាក់នៅសណ្ឋាគារ អាហារហូបចុក ការដឹកជញ្ជូន សេវាកម្មនានាជាដើម ដើម្បីលើកទឹកចិត្តឱ្យមានការធ្វើដំណើរទេសចរណ៍ផ្ទៃក្នុង ព្រោះកាលណាមានសកម្មភាពទេសចរណ៍ច្រើន វាជួយសម្រាលការចំណាយនៅតាម​មូលដ្ឋាន​អាជីវកម្មទេសចរណ៍ ហើយជាសារសម្រាប់ផ្សព្វផ្សាយទៅកាន់ទេសចរក្រៅប្រទេស ដែលជាការទាក់ទាញភ្ញៀវពីក្រៅប្រទេសឱ្យមកទស្សនាកម្ពុជាបន្ថែមទៀត។

    រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍បានសង្កត់ធ្ងន់ថា កម្ពុជានៅតែស្វាគមន៍វត្តមានទេសចរអន្តរជាតិគ្រប់គ្នា ដោយមិនមានការរើសអើងអ្វីទាំងអស់ ប៉ុន្តែនៅតែមានការត្រួត​ពិនិត្យតាម​បច្ចេកទេសវេជ្ជសាស្ត្រសុខាភិបាល និងសូមឱ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នា។

    ជាមួយគ្នានោះ លោក ទិត ចន្ថា បានរំលេចសារអំពាវនាវមួយឃ្លាថា «អង្គរឈរជាងមួយពាន់ឆ្នាំ រង់ចាំភ្ញៀវមកទស្សនា មិនភ័យរឿងកូរ៉ូណា»៕

  • ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះដល់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០

    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះដល់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

    ក្រសួងធនធានទឹកបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាព អាកាសធាតុជាប់ជាបន្ត សង្កេតឃើថា៖ កម្រិតសម្ពាធទាបខ្សោយ បាននឹងកំពុងគ្របដណ្តប់លើកម្ពុជា។ ស្ថានភាពបែបនេះ ធ្វើឲ្យ៖

    ១៖ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    * សីតុណ្ហភាពអប្បបរមា មានពី១៩-២២អង្សាសេ
    * សីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ

    ២៖ តំបន់វាលទំនាបកណ្តាល
    * សីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ
    * សីតុណ្ហភាពអតិបរមា មានពី៣២-៣៤អង្សាសេ

    នៅថ្ងៃទី១២-១៣ ខែកុម្ភៈ ផ្នែកខ្លះនៃរាជធានី-ខេត្តនៃតំបន់វាលទំនាបភាគខាងក្រោម និងខេត្តនៅភាគខាងកើតជាប់នឹងប្រទេសវៀតណាម នឹងអាចមានភ្លៀងខ្សោយ។

    ៣៖ តំបន់មាត់សមុទ្រ៖
    * សីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ
    * សីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ

    នៅថ្ងៃទី១២-១៥ ខែកុម្ភៈ ផ្នែកមួយចំនួននៃរាជធានី-ខេត្តនៅតំបន់មាតុសមុទ្រ នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម៕

  • អ្នកកើតជំងឺឈឺឆ្អឹងរ៉ាំរ៉ៃ គួរពិសាទឹកនេះ

    អ្នកកើតជំងឺឈឺឆ្អឹងរ៉ាំរ៉ៃ គួរពិសាទឹកនេះ

    សម្រាប់អ្នកកើតជំងឺឈឺឆ្អឹង ឈឺសន្លាក់ដៃជើង ដែលមានសភាពយូរឆ្នាំរ៉ាំរ៉ៃ មានអារម្មណ៍ពិបាកតានតឹងនៅក្នុងខ្លួននោះ លែងមានកង្វល់ទៀតហើយ ដោយថ្ងៃនេះគេហទំព័រ La Reine បាននាំយកអត្ថបទមួយដែលនិយាយអំពីប្រសិទ្ធភាពនៃការទទួលទាន ទឹកខ្ជាយ ដែលជាជំនួយព្យាបាលជំងឺឈឺឆ្អឹង និងជួយការពារពីជំងឺពុកឆ្អឹង ជាពិសេសសម្រាប់មនុស្សមានវ័យចំណាស់ ។

    គ្រឿងផ្សំ៖
    -ខ្ជាយ ១ ចាន
    -ទឹកឃ្មុំ
    -ក្រូចឆ្មា
    -ទឹកឆ្អិន ឬទឹកបរិសុទ្ធ ។

    វិធីធ្វើ៖
    – ក្រឡុកខ្ជាយជាមួយទឹកឆ្អិនឱ្យហ្មត់
    – ដួសពពុះ និងច្រោះកាកខ្ជាយចេញ
    – លាយទឹកខ្ជាយ កន្លះកែវ ជាមួយក្រូចឆ្មា ១ ចំណិត និងទឹកឃ្មុំ ១ ស្លាបព្រាបាយ ។

    ការអនុវត្ត
    លោកអ្នកអាចទទួលទានក្នុងមួយថ្ងៃ ២ដង ក៏ប៉ុន្ដែអ្នកដែលមានបញ្ហាក្រពះមិនគួរទទួលទានច្រើនឡើយ ហើយនៅក្នុងរយៈពេលពី ៣ ទៅ៤ថ្ងៃ នោះនឹងទទួលបានលិទ្ធផល ហើយមានអារម្មណ៍ថាធូរសះស្បើយជាងមុនមិនខាន។ កាន់តែជាក់ច្បាស់សូមទស្សនាវីដេអូ ធ្វើទឹកខ្ជាយខាងក្រោមនេះ៕

  • NBC​ បង្ហាញ​ពី​ភាពរឹងមាំ​នៃ​វិស័យ​ធនាគារ​ ខណៈ​ការប្រើ​ប្រាស់​ប្រាក់​រៀល​មាន​កំណើន​ក្នុង​ឆ្នាំ2019​

    NBC​ បង្ហាញ​ពី​ភាពរឹងមាំ​នៃ​វិស័យ​ធនាគារ​ ខណៈ​ការប្រើ​ប្រាស់​ប្រាក់​រៀល​មាន​កំណើន​ក្នុង​ឆ្នាំ2019​

    ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​ (NBC​) បាន​បង្ហាញ​ពី​ជំហរ​ដ៏​រឹងមាំ​នៃ​វិស័យ​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្រោយពី​ប្រព័ន្ធ​ធនាគារ​បាន​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ ហើយ​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​ និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​។ នេះ​ជា​ការ​ថ្លែង​របស់​ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​ ក្នុង​ឱកាស​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ2019​ និង​ទិសដៅ​ការងារ​ឆ្នាំ2020​ របស់​ធនាគារជាតិនៃកម្ពុជា​ កាលពី​ពាក់កណ្ដាល​ខែមករា​ ឆ្នាំ2020​ កន្លងទៅ​។

    ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​មានប្រសាសន៍​ថា​៖“វិស័យ​ធនាគារ​នៅ​ប្រទេស​កម្ពុជា​កំពុង​រីកចម្រើន​ក្នុង​អត្រា​មួយ​ដែល​មាន​សុខភាព​ល្អ​ និង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​ហិរញ្ញវត្ថុ​របស់​ប្រជាជន​កម្ពុជា​លើកស្ទួយ​កម្រិតជីវភាព​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​”។

    ឯកឧត្តម​បាន​ថ្លែង​នៅក្នុង​សន្និបាត​ និង​កំណត់​គោលដៅ​របស់​ធនាគារ​ថា​ កំណើន​សេដ្ឋកិច្ច​ របស់​កម្ពុជា​បាន​បន្ត​ក្នុង​អត្រា​ 7.1​% ជាមួយនឹង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ទោះបីជា​មាន​ហានិភ័យ​ខ្លះ​ក៏ដោយ​។ អត្រា​អតិផរណា​ទាប​(2.3​%) ហើយ​អត្រា​ប្តូរ​ប្រាក់​មាន​ស្ថិរភាព​(4,065​ រៀល​) ធៀប​នឹង​ប្រាក់​ដុល្លារ​) ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ទទួល​បាន​កំណើន​យ៉ាង​ខ្លាំង​នៃ​លំហូរ​មូលធន​ ដែល​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​។

    ឯកឧត្តម​ទេសាភិបាល​ បាន​បន្ថែម​ថា​៖“ទុនបម្រុង​អន្តរជាតិ​បាន​បន្ត​កើនឡើង​ក្នុង​កម្រិតខ្ពស់​ឈាន​ដល់​ 18ពាន់​លាន​ដុល្លារ​ ស្មើនឹង​ការនាំចូល​ និង​សេវាកម្ម​រយៈពេល​ 7ខែ​ដែល​រួមចំណែក​រក្សា​នូវ​ទំនុកចិត្ត​លើ​ភាព​ធន់​នៃ​សេដ្ឋកិច្ច​កម្ពុជា​។

    ក្នុងរយៈពេល​ 40ឆ្នាំ​ចុងក្រោយ​នេះ​ វិស័យ​ធនាគារ​បាន​ឆ្លងកាត់​ដំណាក់កាល​ដ៏​សំខាន់​ដែល​បាន​កើតឡើង​ពី​ចំណុចសូន្យ​។ ទោះ​យ៉ាងណា​ បន្ទាប់ពី​មាន​សន្តិភាព​ពេញលេញ​ ប្រព័ន្ធ​ធនាគារ​បាន​រីកចម្រើន​យ៉ាង​ខ្លាំង​ និង​បាន​ចូលរួម​ចំណែក​ក្នុង​ការ​គាំទ្រ​ និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​”។

    ឯកឧត្តម​បាន​មានប្រសាសន៍​ទៀត​ថា​ ឆ្នាំ2019​ កន្លងទៅ​ គឺជា​ឆ្នាំ​ដ៏​លំបាក​មួយ​ ដោយសារតែ​ភាព​តានតឹង​នៅ​ជុំវិញ​ពិភពលោក​ រួមមាន​អឺរ៉ុប​ អាមេរិកឡាទីន​ អាស៊ី​ និង​មជ្ឈិមបូព៌ា​ ដែល​បណ្តាល​ឱ្យ​មាន​ភាព​មិន​ច្បាស់លាស់​ទាំង​ផ្នែក​នយោបាយ​ និង​សេដ្ឋកិច្ច​។ នេះ​ក៏​ព្រោះតែ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ដែល​នៅតែ​អូស​បន្លាយ​ពេល​ ហើយ​បញ្ហា​ Brexit​ របស់​អង់គ្លេស​មក​ពី​ EU​មិនទាន់​ទទួលជោគជ័យ​នៅឡើយ​ ហើយ​បញ្ហា​ទាំង​នេះ​កំពុងតែ​ជះឥទ្ធិពល​ដល់​សកម្មភាព​ពាណិជ្ជកម្ម​អន្តរជាតិ​ និង​ការ​វិនិយោគ​ ដែល​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដល់កម្រិត​ទាប​។

    ឯកឧត្តម​បាន​បន្ថែម​ថា​ ដើម្បី​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ ប្រទេស​នានា​បាន​ពឹងផ្អែក​កាន់តែ​ខ្លាំង​លើ​ការប្រើ​ប្រាស់​ និង​វិនិយោគ​ក្នុង​ស្រុក​ និង​តំបន់​ជាមួយនឹង​ការ​ពង្រឹង​ស្ថិរភាព​ និង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ដែល​អាច​ប្រឈម​នឹង​ការ​ប៉ះទង្គិច​ពី​ខាងក្រៅ​។

    លើស​ពីនេះ​ គេ​ក៏​សង្កេតឃើញ​ថា​ ធនាគារ​កណ្តាល​បាន​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​គាំទ្រ​កំណើន​ និង​ពង្រឹង​ស្ថិរភាព​សេដ្ឋកិច្ច​ ដោយ​បាន​អនុវត្ត​គោលនយោបាយ​ រូបិយវត្ថុ​វិត្ថារកម្ម​ តាមរយៈ​ការ​បន្ទាប​អត្រា​ការប្រាក់​គោល​ ឬការ​ចាក់​បញ្ចូល​ទុន​ទៅ​ក្នុង​ទីផ្សារ​ ក្នុង​ពេល​ដែល​អតិផរណា​ស្ថិត​ក្នុង​កម្រិត​ទាប​នៅឡើយ​។

    យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា​ គណនី​ប្រាក់បញ្ញើ​របស់​គ្រឹះស្ថាន​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​បាន​កើន​ដល់​ 7,5​លាន​គណនី​។ ឥណទាន​ដែល​ផ្ដល់​ដោយ​គ្រឹះស្ថាន​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ដល់​ប្រជាជន​មាន​ប្រមាណ​3លាន​គណនី​ ក្រុមហ៊ុន​ភោ​តិ​សន្យា​ហិរញ្ញវត្ថុ​បាន​ផ្ដល​

  • សម្ទុះ​រីកចម្រើន​នៃ​វិស័យ​មូលបត្រ​ ឆ្នាំ2019​ នឹង​ជំរុញ​កំណើន​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ឆ្នាំនេះ​

    សម្ទុះ​រីកចម្រើន​នៃ​វិស័យ​មូលបត្រ​ ឆ្នាំ2019​ នឹង​ជំរុញ​កំណើន​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ឆ្នាំនេះ​

    សម្ទុះ​នៃ​ការ​រីក​ធំធាត់​របស់​វិស័យ​មូលបត្រ​នៅ​កម្ពុជា​នឹង​ជំរុញ​ឱ្យ​មានការ​ទាក់ទាញ​ក្រុមហ៊ុន​ជាច្រើន​បន្ថែម​ទៀត​មក​ចុះបញ្ជី​ ខណៈ​ឆ្នាំ2020​ នេះ​រំពឹង​នឹង​មាន​ក្រុមហ៊ុន​ចំនួន7​ នឹង​ឈានជើង​ចូលក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា​ ដែល​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចំនួន4​ នឹង​ចុះបញ្ជី​លក់​មូល​បត្រ​កម្ម​សិ​ទិ្ធ​ និង​ក្រុមហ៊ុន​ចំនួន3​ ចុះបញ្ជី​លក់​មូលបត្រ​បំណុល​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX​) នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ “ទស្សនវិស័យ​លើ​វិស័យ​មូលបត្រ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ2020​”។

    ឯកឧត្តម​ ហុង​ សុ​ហួរ​ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ ឬផ.ម.ក​ បាន​មានប្រសាសន៍​ថា​៖“យ៉ាងហោចណាស់​ក៏​មាន​ក្រុមហ៊ុន​ចំនួន7​ ដែរ​ដែល​នឹង​ត្រូវ​ចុះបញ្ជី​នៅក្នុង​ផ្សារ​មូលបត្រ​ក្នុង​ស្រុកក្នុង​ឆ្នាំនេះ​ ដែល​ចំនួន​នេះ​ស្ទើរតែ​កើនឡើង​ទ្វេដង​នៃ​ចំនួន​ក្រុមហ៊ុន​បច្ចុប្បន្ន​ ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​ ហើយ​យើង​រំពឹង​ថា​ ការ​ហូរ​ចូល​យ៉ាង​ឆាប់រហ័ស​នេះ​ នឹង​ទាក់ទាញ​ចំណាប់​អារម្មណ៍​កាន់តែ​ច្រើន​ពីសា​ធារ​ណជន​ចំពោះ​ទីផ្សារ​មូលបត្រ​របស់​ប្រទេស​”។

    ឯកឧត្តម​ សុ​ហួរ​ បាន​អះអាង​ថា​៖“កត្តា​ដែល​ធ្វើ​ឱ្យ​វិស័យ​មូលបត្រ​រីក​ធំធាត់​ គឺ​ដោយសារតែ​ក្នុង​ឆ្នាំ2019​ កន្លងទៅ​ វិស័យ​មូលបត្រ​បានសម្រេច​នូវ​កំណើន​ដ៏​ខ្ពស់​ ដោយ​កើន​ខ្ពស់​រហូតដល់​ 870.65​ពិន្ទុ​ ស្រប​ពេល​ដែល​មូល​ធននូ​បនី​យក​ម្ម​ទីផ្សារ​(តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​ ចុះបញ្ជី​ក្នុង​ផ្សារ​មូលបត្រ​ទាំងអស់​) កើនឡើង​ខ្ពស់​បំផុត​ដល់​ 802លាន​ដុល្លារ​។ ទន្ទឹម​នឹង​នេះ​ទំហំ​នៃ​ការ​ជួញដូរ​ភាគហ៊ុន​បាន​ហក់​ឡើង​ខ្ពស់​បំផុត​រហូតដល់​ 30លាន​ដុល្លារ​ខណៈ​បរិមាណ​ជួញដូរ​ភាគហ៊ុន​មាន​ចំនួន​ 9.45លាន​ហ៊ុន​ ដែល​ជា​តួលេខ​ខ្ពស់​បំផុត​មិនធ្លាប់​មាន​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​”។

    ឯកឧត្តម​ ហុង​ សុ​ហួរ​ បាន​បញ្ជាក់​ថា​៖“កត្តា​ទាំងនេះ​បញ្ជាក់​ថា​ នេះ​ជា​ការ​ចាប់ផ្ដើម​រីក​ធំ​ធា​ត់​ឡើង​ៗនៃ​វិស័យ​មូលបត្រ​ ហើយក៏​ជា​ការ​ទាក់ទាញ​ក្រុមហ៊ុន​ឱ្យមក​ចុះបញ្ជី​ផង​ដែរ​។

    ជាក់ស្ដែង​ក្នុង​ឆ្នាំ2020​ នេះ​ ជាមួយនឹង​លក្ខខណ្ឌ​អំណោយផល​ជាច្រើន​ ដូចជា​កំណើន​សេដ្ឋកិច្ច​នៅតែ​បន្ដ​កើនឡើង​ ការ​ផ្ដល់​ការ​លើកទឹកចិត្ត​រឿង​ពន្ធដារ​ក្នុង​វិស័យ​មូលបត្រ​ ការ​ស្ទុះ​ងើបឡើង​នៃ​ក្រុមហ៊ុន​ដែល​មានបំណង​ចុះបញ្ជី​ ការ​ឈានជើង​ចូល​ទីផ្សារ​របស់​ធនា​គារ​ធំៗ​ក្នុង​ស្រុក​ ក៏ដូចជា​សញ្ញា​វិជ្ជមាន​នៃ​ការចូលរួម​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការ​វិនិយោគ​ដែរ​”។

    សូម​បញ្ជាក់​ថា​ សន្និសីទ​ស្តី​ពី​“ទស្សនវិស័យ​នៃ​វិស័យ​មូលបត្រ​នៅ​កម្ពុជា​ឆ្នាំ2020​”ដែល​បាន​រៀបចំ​ឡើង​ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​សំ​ខាន់​ៗរបស់​ផ្សារ​មូលបត្រ​នៅក្នុង​ឆ្នាំ2020​ ក៏ដូចជា​ចក្ខុវិស័យ​ និង​ទិសដៅ​យុទ្ធ​សា​ស្ដ្ររបស់​ផ្សារ​មូលបត្រ​ក្នុង​ឆ្នាំ2020​ នេះ​ គឺ​ក្នុង​គោលបំណង​លើកកម្ពស់​នូវ​ការ​អភិវឌ្ឍ​ទីផ្សារ​ប្រកបដោយ​ចីរភាព​ និង​វឌ្ឍនភាព​ និង​ដើម្បី​ជា​ធាតុ​ចូល​សម្រាប់​ការ​វិនិយោគ​ជាតិ​ និង​អន្ដរ​ជាតិ​ ស្ថាប័ន​ពាក់ព័ន្ធ​នានា​ ក៏ដូចជា​សាធារណជន​ទូទៅ​ប្រើប្រាស់​ក្នុង​គោលដៅ​នានា​។

    លោក​ ហា​ ជុ​នវ៉ុន​ អ្នកយុទ្ធសាស្ត្រ​ទីផ្សារ​ និង​ជានា​យក​រង​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​បាន​ចង្អុល​បង្ហាញថា​ មូលធននីយកម្ម​ទីផ្សារ​ក៏​ជួបប្រទះ​នូវ​ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ដែរ​។

    គិត​ត្រឹម​ដំណាច់ឆ្នាំ2018​ មានត្រឹមតែ​ប្រមាណ​ 442.92លាន​ដុល្លារ​ប៉ុណ្ណោះ​ តែ​គិត​មក​ត្រឹម​ថ្ងៃទី31​ ខែធ្នូ​ ឆ្នាំ2019​ វា​បាន​កើនឡើង​ដល់​ 70.15លាន​ដុល្លារ​ ដែល​ជា​ការ​កើន​ឡើង​ 57,7​%បើ​ប្រៀបធៀប​នឹង​ឆ្នាំ2018​។ តម្លៃ​ជួញដូរ​ជាមធ្យម​ប្រចាំថ្ងៃ​ក្នុង​ឆ្នាំ2019​ គឺ​ 157,045​ដុល្លារ​ក្នុង​ 1ថ្ងៃ​។ បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ2018​ តួលេខ​នេះ​មានការ​កើនឡើង​ 4.9ដង​។ម្យ៉ាងវិញទៀត​

  • តើ​ការ​ញ៉ាំ​ចំណីអាហារ​ដែល​ផុតកំណត់​ញឹកញាប់​ប៉ះពាល់​សុខភាព​ដែរ​ឬទេ​?

    តើ​ការ​ញ៉ាំ​ចំណីអាហារ​ដែល​ផុតកំណត់​ញឹកញាប់​ប៉ះពាល់​សុខភាព​ដែរ​ឬទេ​?

    ញ៉ាំ​របស់​ផុតកំណត់​(ហួស​ដេ​ឡេ​)ញឹកញាប់​ នឹង​ធ្វើ​ឱ្យ​ខូចសុខភាព​ ឬឈឺថ្កាត់​ដែរ​ឬទេ​? ​បើ​លោកអ្នក​ធ្លាប់ធ្វើ​បែបហ្នឹង​ញឹកញាប់​ ឡា​រ៉ែ​ន មាន​ចម្លើយ​ពី​លោក​វេជ្ជបណ្ឌិត​ អ្នកជំនាញ​ខាង​ផ្នែក​អាហារ​ និង​សុខភាព​មក​ជម្រាប​ជូន​ដូច​ក្រោម​។

    កា​រទទួលទាន​អាហារ​ដែល​ផុតកំណត់​អាយុ​ញឹកញាប់​ មិនមែន​ជា​រឿង​ល្អ​ទេ​ ហើយ​តើ​វា​នឹង​ហុច​ផល​ធ្វើ​ឱ្យ​ឈឺថ្កាត់​ឬក៏​អត់​? តើ​ទទួល​បាន​គុណប្រយោជន៍​ខាង​ភោជនាហារ​ ឬក៏​អត់​នោះ​? ចំណុច​នេះ​ប្រហែលជា​ត្រូវ​ពិចារណា​មើល​បន្តិច​សិន​។

    ផល​ប៉ះពាល់​ចំពោះ​សុខភាព​ ពេល​បរិភោគ​អាហារ​ដែល​ផុតកំណត់​ហើយ​នោះ​ អាច​ជួប​ប្រទះ​តាំងពី​ “គ្មានផល​ប៉ះពាល់​ដល់​រាងកាយ​” រហូត​ទៅដល់​ “មានផល​ប៉ះពាល់​ដល់​រាងកាយ​យ៉ាងធ្ងន់ធ្ងរ​” អាស្រ័យ​លើ​ប្រភេទ​របស់​អាហារ​ដែល​យើង​ទទួលទាន​ចូល​ទៅ​នោះ​។

    លើក​ឧទាហរណ៍​ងាយ​ៗ ដូចជា​ បើ​យើង​បរិភោគ​ដំណាប់​ផ្លែឈើ​ដែល​ទើបតែ​ផុតកំណត់​កាលពី​ម្សិលមិញ​ ឬយក​ដុំ​ប៊័រ​ដែល​ទើបតែ​ផុត​កំណត់កាល​ពី​ 2ថ្ងៃមុន​មក​ធ្វើជា​អាហារ​ ករណី​ 2នេះ​ស្ទើរតែ​គ្មាន​ហុច​ផល​ប៉ះពាល់​អ្វី​ដល់​សុខភាព​ ឬធ្វើ​ឱ្យ​មានការ​ឈឺថ្កាត់​អ្វី​ឡើយ​។

    តែបើ​យក​សាច់​ត្រីខ​កំ​ប៉ុង​ក្លា​ស្សេ​ត្រជាក់​ដែល​ផុតកំណត់​ 2សប្តាហ៍​មក​ហើយ​ មក​ចម្អិន​ជា​អាហារ​ ឬក៏​ទឹកដោះគោឆៅ​ដែល​ផុតកំណត់​កាលពី​ 1សប្តាហ៍​មុន​មក​បរិភោគ​ អាច​នឹង​ធ្វើ​ឱ្យ​កើត​អាការ​រាករូស​ ក្អួតចង្អោរ​ ចុកពោះ​ ដោយសារ​តែ​អាហារ​ទាំងនោះ​មាន​ជាតិពុល​ ដល់​ថ្នាក់​ត្រូវ​នាំចូល​ទៅដេក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ក៏អាច​ថា​បាន​ដែរ​។ ដូច្នេះ​មុននឹង​ទិញ​អាហារ​ ឬយក​អាហារ​មក​ចម្អិន​ពិសា​ ត្រូវ​ពិនិត្យមើល​ថ្ងៃ​ផុត​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ជាមុន​សិន​។

    ការ​សរសេរ​បញ្ជាក់​ថ្ងៃ​ផុតកំណត់​នៅ​លើ​ស្លាក​ផលិតផល​មាន​រូបភាព​ខុសប្លែក​ពីគ្នា​ ដូចជា​នៅក្នុង​ប្រទេស​យើង​ ដែល​ជួបប្រទះ​ញឹកញាប់​នោះ​មាន​ 2បែប​គឺ​ ​”គួរ​បរិភោគ​មុន​ថ្ងៃទី​…ឬ Best​ Befor​…ឬ BB​…” ហើយនិង​ “ថ្ងៃ​ផុតកំណត់​ ឬ Expire​…”។
    ជាទូទៅ​ បើ​នៅ​លើ​ស្លាក​ផលិតផល​បញ្ជាក់​ថា​ “គួរ​បរិភោគ​មុន​ថ្ងៃទី​…” នោះ​ មានន័យថា​ ​អាហារ​នឹង​នៅ​មាន​រសជាតិ​ល្អ​ នៅ​មានគុណ​-ប្រយោជន៍​ខាង​ភោជនាហារ​គ្រប់​ចំនួន​ ដូចដែល​មាន​បញ្ជាក់​នៅ​លើ​ស្លាក​ផលិតផល​រហូតដល់​ថ្ងៃ​នោះ​។ ក្រោយពី​ថ្ងៃ​នោះ​ទៅ​ រសជាតិ​ ​គុណភាព​ និង​គុណប្រយោជន៍​ខាង​អាហារ​នឹង​ចុះថយ​ ​តែ​គ្មាន​បញ្ហា​ចំពោះ​សុខភាព​ឡើយ​ ទើប​អាច​បរិភោគ​បាន​ដោយ​គ្មាន​គ្រោះថ្នាក់​ គ្រាន់តែ​អាច​មិនបាន​ទទួលគុណ​ប្រយោជន៍​ដូចដែល​បាន​សរសេរ​បញ្ជាក់​នៅ​លើ​ស្លាក​ផលិតផល​ប៉ុណ្ណោះ​ តែ​ក៏​មានកំណត់​ថ្ងៃ​ទុកជាមុន​មួយ​រយ:ដែរ​ ​មុន​នឹង​អាហារ​នោះ​ផុតកំណត់​ ឬខូចគុណភាព​។

    ចំណែក​ “ថ្ងៃ​ផុតកំណត់​” នោះ​ មានន័យថា​ ថ្ងៃ​ដែល​អាហារ​នោះ​ផុត​អាយុ​កំណត់​ ដែល​ក្រោយពី​ថ្ងៃ​នោះ​មក​ អាហារ​នឹង​ផ្អូម​ស្អុយ​ ឬខូច​ ហាម​ទទួលទាន​ និង​គួរតែ​យក​ទៅ​បោះចោល​។ អាហារ​ដែល​ផុត​អាយុ​កំណត់​ហើយ​ នឹង​មានផល​ប៉ះពាល់​ដល់​រាងកាយ​ដូចជា​ អាហារ​មាន​ជាតិពុល​ ធ្វើ​ឱ្យ​ចុកពោះ​ ក្អួត​ គ្រុនក្តៅ​ខ្លួន​ វិលមុខ​ រាក​ខ្លាំង​ អាការ​អាច​ធ្ងន់ធ្ងរ​រហូត​កើត​សភាវ​ខ្វះ​ជាតិទឹក​ និង​ដល់​ថ្នាក់​ត្រូវ​នាំទៅ​មន្ទីរពេទ្យ​ក៏​មាន​។

    ដូច្នេះ​ការពិនិត្យ​មើល​ស្លាក​ទំនិញ​បញ្ជាក់​ពី​ “ថ្ងៃ​ផុតកំណត់​” ឬ “គួរ​បរិភោគ​មុន​ថ្ងៃ​…” ដើម្បី​ឱ្យ​ប្រាកដ​ក្នុងចិត្ត​ថា​ អាហារ​ដែល​យើង​ទទួលទាន​នោះ​មិន​ខូចគុណភាព​ មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ និង​រាងកាយ​នោះ​ គឺជា​វិធី​មួយ​ដ៏​ល្អ​បំផុត​៕