Author: ធឿន មករា

  • 7 រឿងគួរប្រតិបត្តិក្នុងជីវិត រួមគោលគំនិតពីព្រះធម៌

    7 រឿងគួរប្រតិបត្តិក្នុងជីវិត រួមគោលគំនិតពីព្រះធម៌

    1 – សម្លឹងមើលពិភពលោកក្នុងន័យល្អ   ជីវិតក៏មានតែរឿងរីករាយ
    សម្លឹងមើលពិភពលោកក្នុងន័យអាក្រក់   ជីវិតកករល្អក់ និងទុក្ខសោក
     “គំនិតល្អៗវិជ្ជមានជាប្រភពនៃសេចក្តីសុខ”

    2 – មនុស្សមានបញ្ញា ច្បាស់ជាប្រើបញ្ញា ក្នុងការកែបញ្ហា
    ចូររៀនយល់ដឹងក្នុងការប្តូរបញ្ហា ឱ្យក្លាយជាបញ្ញា
     “បញ្ញាល្អច្បាស់ជាមានសេចក្តីសុខ”

    3 – បុប្ផារីកស្គុសស្គាយ តែក៏ងាយនឹងរុះរោយ
    ឯអំពើល្អរបស់មនុស្សវិញ គង់វង្សពាសពេញជានិរន្តរ៍
    “ជីវិតរបស់មនុស្សល្អ គឺជីវិតដែលមានតែសេចក្តីសុខ”

    4 – បាបមិត្ត គឺ មិត្តអាក្រក់ មិត្តដែលនាំទៅរកអំពើបាប
    កល្យាណមិត្ត គឺ មិត្តល្អ ចូរសេពគប់ចុះ
    សម្ព័ន្ធមិត្ត គឺ មិត្តដែលចងសម្ព័ន្ធនឹងគ្នាព្រោះផលប្រយោជន៍ មិត្តបែបហ្នឹង ចូរប្រយ័ត្ន!
     “មានសម្ព័ន្ធភាពល្អ ជីវិតក៏មានសេចក្តីសុខ”

    5 – ចូរមានសេចក្តីសុខខណៈធ្វើការ
    ចូររីករាយចិន្តាខណៈដកដង្ហើម
    “ធ្វើការងារល្អ ជីវិតក៏មានសេចក្តីសុខ”

    6 – អ្វីគ្រប់យ៉ាងក្នុងលោកនេះ វាត្រឹមត្រូវស្រាប់ទៅហើយ
    មានតែការយល់ឃើញរបស់មនុស្សយើងប៉ុណ្ណោះដែលខុស
    “សម្លឹងមើលពិភពលោកក្នុងន័យល្អ ជីវិតក៏មានសេចក្តីសុខ”

    7 – ក្រុមគ្រួសារគឺ មូលដ្ឋានសំខាន់របស់ជីវិត
    មានក្រុមគ្រួសារល្អ ជីវិតក៏មានសេចក្តីសុខ
    “មានក្រុមគ្រួសារល្អ ជីវិតក៏នឹងមានសេចក្តីសុខទ្វេគុណ”

    រៀបរៀងដោយៈ តាវ៉ែនតា

  • ប្រាប់តគ្នា !! ទទួលទានសាច់អាំងញឹកញយ កើតជំងឺមហារីក

    ប្រាប់តគ្នា !! ទទួលទានសាច់អាំងញឹកញយ កើតជំងឺមហារីក

    ជារៀងរាល់ថ្ងៃ ប្រសិនបើអ្នកទទួលទានសាច់អាំងជាញឹកញាប់ពេក ឬនិយមទទួលទានសាច់អាំងរាល់ថ្ងៃ នោះមិនបានសេចក្ដីថា អ្នកកំពុងទទួលទានអាហារប៉ូវថាមពលឡើយ ផ្ទុយទៅវិញអ្នកកំពុងប្រឈមមុខជាមួយការកើតជំងឺមហារីកហើយ។ បើតាមអ្នកជំនាញបានឲ្យដឹងថា ដើម្បីទទួលទានអាហារប្រភេទសាច់អាំងទាំងឡាយ ដែលជៀសផុតពីជំងឺមហារីកបាន គួរតែទទួលទានតាមវិធីបែបនេះ៖

    ១.គួរអាំងបន្លែ ផ្សិត ផ្លែឈើ ជាជាងអាំងសាច់គ្រប់ប្រភេទ
    ២.ប្រសិនបើចង់អាំងសាច់គោ ឬត្រី គួរតែជ្រើសសាច់ណាដែលមិនមានជាប់ខ្លាញ់
    ៣.មិនត្រូវអាំងសាច់ដែលកក ដោយការក្លាសេ ត្រូវទុកឲ្យរលាយទឹកកកជាមុនសិន
    ៤.អាំងសាច់ក្នុងម៉ាស៊ីនកំដៅអាហារ microwave ២ ទៅ ៥ នាទីជាមុនសិន ដើម្បីសម្លាប់មេរោគមហារីកជាប់នឹងសាច់ ៩០ភាគរយ
    ៥.រុំ ឬចងអាហារឲ្យជិតមុនយកទៅអាំង រយៈពេល​ ១នាទីមុនអាំង ព្រោះវាជួយការពារមេរោគមិនឲ្យទុំជាប់អាហារ
    ៦.ហាមប្រើកំដៅភ្លើងក្ដៅខ្លាំង ក្នុងការអាំងសាច់ ព្រោះវាបណ្ដាល់ឲ្យខ្លោច ដែលជាសារធាតុបង្ករមេរោគមហារីក
    ៧.បើអាំងដោយចង្រ្កានហ្គាស់ ត្រូវបន្ថយសីតុណ្ហភាពឲ្យទាបបំផុត យកល្អគួរប្រើចង្រ្កានធ្យូង
    ៨.បើអាំងចង្រ្កានធ្យូង គួរប្រើចង្ក្រានឡួវ ជាជាងចង្ក្រានប្រើអុស
    ៩.ជៀសវាងអាំងសាច់កុំឲ្យខ្លោច
    ជាចុងក្រោយ ប្រសិនបើអ្នកនិយមទទួលទានអាហារអាំង សូមជៀសវាងការអាំងរហូតដល់ខ្លោច ឬគ្រាមពេក ព្រោះអ្នកអាចនឹងប្រឈមមុខជាមួយជំងឺមហារីកបានគ្រប់ពេលវេលា ៕

  • ស្វែងយល់​ពី​ចំណុច​ខ្វះខាត​ និង​ចេះ​កំណត់​ចំណុច​អាទិភាព​ នេះ​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​រៀន​ឱ្យ​ពូកែ​

    ស្វែងយល់​ពី​ចំណុច​ខ្វះខាត​ និង​ចេះ​កំណត់​ចំណុច​អាទិភាព​ នេះ​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​រៀន​ឱ្យ​ពូកែ​

    ការសិក្សា​ជា​ចំណុច​មូលដ្ឋាន​ដ៏​សំខាន់​មួយ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​រីកចម្រើន​នៅក្នុង​ជីវិត​ ព្រោះ​មុននឹង​ក្លាយជា​អ្នកជំនាញ​ ឬក្លាយជា​ម្ចាស់​អាជីវកម្ម​ល្អ​ម្នាក់​នៅ​ថ្ងៃ​អនាគត​ យើង​ត្រូវ​ដុសខាត់​សមត្ថភាព​ជាមួយនឹង​ការសិក្សា​រៀនសូត្រ​នៅក្នុង​សាលា​ជាមុន​សិន​។ ថ្វី​ដ្បិតតែ​មនុស្ស​គ្រប់គ្នា​ត្រូវការ​សិក្សា​ តែ​មិនមែន​គ្រប់គ្នា​សុទ្ធតែ​អាច​រៀន​បាន​ពូកែ​ និង​ទទួល​បាន​លទ្ធ​លផល​ល្អ​ក្នុង​ជីវិត​ដូចគ្នា​នោះ​ទេ​។ វា​ទាមទារ​ឱ្យ​មាន​វិធី​សាស្រ្ត​ក្នុង​ការគ្រប់គ្រង​ ឬវិធី​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​ដើម្បី​ឱ្យ​ក្លាយជា​អ្នករៀន​ពូកែ​បាន​។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ យុវជន​ តៅ​ វី​ល្លៀម​ អតីត​សិស្ស​ពូកែ​និទ្ទេស​ A បាន​លើកឡើង​ថា​ដើម្បី​ក្លាយជា​សិស្ស​ពូកែ​ អ្នក​សិក្សា​ទាំងអស់​ចាំបាច់​ត្រូវតែ​ចេះ​គ្រប់គ្រង​ខ្លួនឯង​ឱ្យ​បាន​ល្អ​ ជាពិសេស​យុវវ័យ​ដែល​កំពុង​សិក្សា​នៅ​កម្រិតមធ្យម​សិក្សា​។ នៅក្នុង​វ័យ​នេះ​ ជា​វ័យ​ដែល​មានការ​អូសទាញ​ច្រើន​ ព្រោះ​ជា​វ័យ​ដែល​ងាយ​ជក់​ជាមួយនឹង​បច្ចេកវិទ្យា​ ងាយ​អូសទាញ​ដោយ​ការកម្សាន្ត​ខាងក្រៅ​ និង​ជា​ពេល​ដែល​លំបាក​គ្រប់គ្រង​ខ្លួនឯង​បំផុត​។ ហេតុនេះ​ ប្រសិនបើ​យើង​ចេះ​គ្រប់គ្រង​ខ្លួនឯង​បាន​ល្អ​ដោយ​ការកំណត់​ចំណុច​អាទិភាព​សម្រាប់​មេរៀន​នី​មួយ​ៗ នោះ​យើង​នឹងអាច​គ្រប់គ្រង​ការសិក្សា​បាន​ដោយ​មិន​លំបាក​ខ្លាំងពេក​នោះ​ទេ​។ ជា​ធម្មតា​នៅពេល​ដែល​ទុក​មេរៀន​ឱ្យ​នៅ​គរ​ ឬច្របូកច្របល់​ជាមួយគ្នា​នោះ​ យើង​នឹង​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​ ហើយ​លំបាក​ដោះស្រាយ​ តែ​ប្រសិនបើ​យើង​ព្យា​យាម​ស្វែងយល់​ពី​ខ្លួនឯង​ច្បាស់​ យើង​នឹងអាច​រៀបចំផែនការ​សិក្សា​បាន​ល្អ​។

    យុវជន​ តៅ​ វី​ល្លៀម​ បាន​និយាយ​ថា​៖ «ដើម្បី​ចាប់ផ្តើម​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ឱ្យ​បាន​កាន់តែ​ខ្លាំង​ យើង​ចាំបាច់​ត្រូវ​ដឹងពី​ចំណុចខ្លាំង​ និង​ចំណុចខ្សោយ​របស់​ខ្លួនឯង​ឱ្យ​បាន​ច្បាស់លាស់​ជាមុន​សិន​។ ក្រោយពេល​យើង​ដឹង​ច្បាស់​ហើយ​ថា​ យើង​ខ្សោយ​ត្រង់​ចំណុច​ណាខ្លះ​ ឬមាន​ចន្លោះប្រហោង​ច្រើន​លើ​ចំណុច​ណាខ្លះ​ យើង​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ស្វែងរក​ដំណោះស្រាយ​ក្នុង​ការ​កែ​លម្អ​ចំណុច​ខ្វះខាត​ទាំងអស់​នោះ​»។

    សិស្ស​ពូកែ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ការ​ផ្លាស់​ប្តូរ​ចំណុចខ្សោយ​ ឬទម្លាប់​មិនល្អ​ដែល​ជា​មេរោគ​សម្រាប់​អភិវឌ្ឍន៍​សមត្ថភាព​ក្នុង​ការ​រៀន​សូត្រ​មិនមែន​ជា​រឿង​ងាយ​នោះ​ទេ​ ព្រោះ​ជា​ធម្មតា​នៅពេល​ដែល​យើង​រៀន​ អារម្មណ៍​អូសទាញ​ក៏​ចាប់ផ្តើម​កើតមាន​ដំណាលគ្នា​នេះ​ដែរ​។ ហេតុនេះ​ចាំបាច់​ត្រូវ​មាន​វិធី​សាស្រ្ត​ក្នុង​ការ​យកឈ្នះ​អារម្មណ៍​អូសទាញ​អវិជ្ជមាន​ដោយ​ការកំណត់​គោលដៅ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ និង​យក​ក្តី​ស្រមៃ​ដើម្បី​ទប់ស្កាត់​ភាព​អសកម្ម​។

    យុវជន​រូប​នេះ​លើកឡើង​ផង​ដែរ​ថា​ ជាឧទាហរណ៍​ជាក់ស្តែង​ គាត់​ជា​មនុស្ស​ដែល​ចូលចិត្ត​លេង​ទូរស័ព្ទ​ដៃ​ ហើយ​បញ្ហា​នេះ​បាន​រំខាន​ខ្លាំង​ដល់​ការរៀនសូត្រ​ដែល​ធ្វើ​ឱ្យ​គាត់​មិន​អាច​អភិវឌ្ឍ​សមត្ថភាព​បាន​ល្អ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ តែ​ដោយសារតែ​គាត់​រក​ឃើញ​ចំណុចខ្សោយ​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​គាត់​ចាប់ផ្តើម​កំណត់​គោលដៅ​ ថា​នឹង​ក្លាយជា​សិស្ស​ពូកែ​ឱ្យ​បាន​ ជាពិសេស​ទទួល​បាន​និទ្ទេស​ល្អ​ឱ្យ​បាន​។ រូបភាព​នៃ​គោលដៅ​ទាំងអស់​នេះ​ហើយ​ជា​ចំណុច​ដែល​គាត់​ចាប់ផ្តើម​យក​មក​ទប់​ចំណង់​មិនល្អ​ ដែល​ចេះតែ​អូសទាញ​ឱ្យ​គាត់​ទៅលេង​ទូ​ស័ព្ទ​នៅពេល​រៀន​។ រាល់ពេល​រៀនសូត្រ​ គាត់​បាន​នឹកឃើញ​ដល់​គោលដៅ​ធំ​បំផុត​នោះ​ ហើយ​កំណត់​ថា​ការ​ខិតខំ​រៀន​ជា​ចំណុច​អាទិភាព​ដំបូង​បំផុត​ ប្រសិន​បើ​មិនបាន​រៀនចប់​តាម​ការកំណត់​នោះ​ទេ​ គាត់​មិន​អាច​ប៉ះ​បច្ចេកវិទ្យា​បានទេ​។

    ទន្ទឹម​នឹងគ្នា​នេះ​ដែរ​ លោក​ ចេង​ បូរិ​ទ្ធ​ អតីត​សិស្ស​ពូកែ​ និង​ជា​គ្រូបង្រៀន​ផ្នែក​គណិតវិទ្យា​ក៏បាន​លើកឡើង​ដែរ​ថា​ ការ​ខំប្រឹង​រៀន​តែមួយមុខ​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ​សម្រាប់​អ្នក​ចង់​រៀន​ពូកែ​ព្រោះ​មាន​អ្នកខ្លះ​គាត់​ខំប្រឹង​ប្រែង​រៀន​ដែរ​ តែ​មិន​សូវ​ទទួល​បាន​លទ្ធផល​ល្អ​។ បញ្ហា​នេះ​មក​ពី​គាត់​មិនបាន​គ្រប់គ្រង​ផែនការ​សិក្សា​ឱ្យ​បាន​ល្អ​ គឺ​គិតតែ​ខំរៀន​ក្នុង​ស្ថានភាព​ច្របូកច្របល់​។ លោក​ថា​ សម្រាប់​អ្នក​សិក្សា​ភាគច្រើន​ គឺ​ខិតខំ​ដោយពេល​ជាពិសេស​ពេល​ជិត​ប្រឡង​ម្តង​ៗ ទើប​ពួកគាត់​ខំរៀន​ ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​គាត់​ខំ​ខ្លាំង​ និង​គំហុក​ខ្លាំងពេក​ តែ​មិន​ទទួល​បានផល​ល្អ​។ ចំណែក​ឯអ្នក​ខ្លះទៀត​ខំរៀន​មុខវិជ្ជា​ជាច្រើន​ក្នុង​ពេល​តែមួយ​ឬរៀន​តាម​អារម្មណ៍​ដោយ​គ្មាន​ផែនការ​ និង​គ្មាន​កាលវិភាគ​ច្បាស់លាស់​ ដែល​ធ្វើ​ឱ្យ​គាត់​ពូកែ​ដោយ​មុខវិជ្ជា​ ហើយ​ធ្វើ​ឱ្យ​មុខវិជ្ជា​មួយចំនួន​ទៀត​មាន​បញ្ហា​ ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​លទ្ធផល​ប្រឡង​របស់​គាត់​មិន​ទទួល​បាន​លទ្ធផល​ល្អ​។

    លោក​ ចេង​ បូរិ​ទ្ធ​ បាន​និយាយ​ថា​៖ «ដើម្បី​ឱ្យ​ការសិក្សា​មាន​ភាព​រលូន​ និង​ងាយ​គ្រប់គ្រង​ អ្នក​សិក្សា​ទាំងអស់​គួរ​កំណត់​ផែនការ​ឱ្យ​បាន​ច្បាស់​ និង​ស្វែងយល់​ពី​ចំណុច​ដែល​ត្រូវ​អភិវឌ្ឍ​ឱ្យ​បាន​ច្រើន​ដើម្បី​ងាយស្រួល​បំពេញបន្ថែម​»។

    លោ​កបូរិ​ទ្ធ​ បាន​បន្ថែម​ផង​ដែរ​ថា​ អ្នក​សិក្សា​មិន​អាច​រៀន​តែ​មុខវិជ្ជា​ដែល​ខ្លួន​ចូលចិត្ត​ខ្លាំង​ ហើយ​បោះបង់ចោល​មុខវិជ្ជា​ដែល​មិនសូវ​ចូលចិត្ត​នោះ​ទេ​។

    ពួកគេ​ចាំបាច់​ត្រូវតែ​ខិតខំ​ឱ្យ​មាន​តុល្យភាព​ទើប​អាច​ទទួល​បាន​ជោគជ័យ​ ព្រោះ​នៅពេល​ប្រឡង​គេ​មិន​ប្រឡង​តែ​ 1មុខវិជ្ជា​នោះ​ទេ​។ ហេតុនេះ​ ប្រសិនបើ​គាត់​ដឹង​ច្បាស់​ថា​ គាត់​ខ្សោយ​ចំណុច​ណា​ គាត់​អាច​ធ្វើ​ចិត្ត​ឱ្យ​ស្ងប់​ ហើយ​រៀបចំផែនការ​ដោយ​កំណត់​ម៉ោង​ឱ្យ​ច្រើន​លើ​មុខវិជ្ជា​ដែល​ខ្សោយ​នោះ​និង​ទុក​ពេល​សម​ល្មម​ដើម្បី​រំឭក​ ឬអភិវឌ្ឍ​បន្ថែម​នូវ​មុខវិជ្ជា​ដែល​ខ្លួន​ខ្លាំង​រួច​ទៅ​ហើយ​។ ការ​ធ្វើបែប​នេះ​ជា​វិធី​ដែល​សិស្ស​ពូកែ​ភាគច្រើន​ធ្វើ​ ហើយ​វា​ក៏​ជា​ចំណុច​ដែលកាត់​បន្ថយ​ភាព​ភ័យខ្លាច​នៅក្នុង​ពេល​ប្រឡង​បាន​ផង​ដែរ​ ព្រោះ​នៅពេល​យើង​យល់ដឹង​បាន​ច្រើន​គួរសម​ពី​គ្រប់​ផ្នែក​ហើយ​ យើង​នឹង​អាច​មាន​ជំនឿ​ចិត្ត​ថា​ លទ្ធផល​របស់​យើង​នឹងអាច​ចេញ​មក​ល្អ​ បើ​ទោះបីជា​មិន​ឥត​ខ្ចោះ​ក៏ដោយ​៕

  • សិក្សា​ជំនាញ​ឱ្យ​ជាក់​លាក់​ បើ​ចង់​អភិវឌ្ឍ​ខ្លួន​ក្នុង​សតវត្សរ៍​ទី21​

    សិក្សា​ជំនាញ​ឱ្យ​ជាក់​លាក់​ បើ​ចង់​អភិវឌ្ឍ​ខ្លួន​ក្នុង​សតវត្សរ៍​ទី21​

    សតវត្សរ៍​ទី21​ ជាស​តវត្សរ៍​ថ្មី​នៃ​ការប្រែប្រួល​ទាំង​របៀប​នៃ​ការរស់នៅ​ ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការអប់រំ​ ព្រោះ​មនុស្ស​កាន់តែ​មាន​សមត្ថភាព​ខ្លាំង​ឡើង​ ស្រប​ពេល​ដែល​ការប្រកួត​ប្រជែង​ក៏​កាន់តែ​មាន​ឥទ្ធិពល​ ដែល​ទាមទារ​ឱ្យ​ប្រជាជន​ម្នា​ក់ៗ​ក្នុង​ពិភពលោក​ ចាំ​-បាច់​ត្រូវតែ​ពង្រឹង​សមត្ថភាព​ឱ្យ​ចំ​គោលដៅ​សំ​ខាន់​ៗសម្រាប់​ចូលរួម​ក្នុង​ទីផ្សារ​ការងារ​សកល​។

    អគ្គនាយក​ក្រុម​ហ៊ុន​ម៉េ​ងលី​ជេ​គួច​ លោក​ឧកញ៉ា​ គួច​ ម៉េ​ងលី​ បាន​លើកឡើង​ថា​ បច្ចុប្បន្ន​នេះ​ យុវជន​ជាច្រើន​កំពុង​ប្រឈម​ជាមួយនឹង​បញ្ហា​នៃ​ការអប់រំ​ ដោយសារតែ​ពួកគេ​មិន​ព្យាយាម​ចាប់​ជំនាញ​ឱ្យ​បាន​ច្បាស់លាស់​ តែ​បែរជា​ខិតខំ​ស្វែងរក​តែ​លុយកាក់​ និង​ភាព​មានបាន​ទៅវិញ​។ បញ្ហា​ទាំងអស់​នេះ​ មិន​ខុសពី​ការ​យក​ស្វាយខ្ចី​ទៅ​បន្ទុំ​នោះ​ទេ​ ព្រោះ​យុវជន​ជាច្រើន​ណាស់​ដែល​បណ្តែតបណ្តោយ​ឱ្យ​ខ្លួនឯង​មាន​បញ្ហា​តាមរយៈ​ការ​ហក់​ចុះ​ ហក់​ឡើង​ ហើយ​មិនព្រម​ផ្តល់​តម្លៃ​លើ​ការសិក្សា​ជំនាញ​គោល​ណាមួយ​ឱ្យ​បាន​ច្បាស់លាស់​។ ទីបំផុត​ អ្វី​ដែល​គាត់​ទទួល​បាន​ គឺ​ចំណេះដឹង​មិន​ច្បាស់លាស់​ ប្រើការ​មិនបាន​ មិន​កើតជា​ប្រយោជន៍​ ហើយ​សោក​ស្តាយ​នៅពេល​គាត់​ចំណាយពេល​វេលា​កាន់តែ​ច្រើន​ តែ​មិន​ទទួល​បាន​លទ្ធផល​ល្អ​មកវិញ​។ បន្ទាប់មក​ក៏​បណ្តែតបណ្តោយ​ឱ្យ​ជីវិត​ត្រូវ​ដើរក្រោយ​អ្នកជំនាញ​ដែលគេ​អភិវឌ្ឍ​ខ្លួន​បន្តិច​ម្តង​ៗរហូតដល់​ពេលវេលា​ច្បាស់លាស់​មួយ​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ ឬម្ចាស់​ស្ថាប័ន​នៅ​ថ្ងៃណាមួយ​។

    លោក​ឧកញ៉ា​ គួច​ ម៉េ​ងលី​ បាន​និយាយ​ថា​៖ «នៅ​ស្រុក​យើង​មិនសូវ​សម្បូរ​សហគ្រិន​ដែល​មាន​ភាព​បង្កើត​ថ្មី​ច្បាស់លាស់​លើ​ផ្នែក​ណាមួយ​នោះ​ទេ​ តែ​សង្គម​យើង​ត្រូវការ​មនុស្ស​ប្រភេទ​នេះ​ច្រើន​»។

    ម្ចាស់​គ្រឹះស្ថាន​អប់រំ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ប្រសិនបើ​យើង​ចង់​អភិវឌ្ឍ​ខ្លួន​បាន​ល្អ​នា​ពេល​បច្ចុប្បន្ន​នេះ​ យើង​ចាំបាច់​ត្រូវ​សិក្សា​ឱ្យ​ច្បាស់​ពី​ជំនាញ​គោល​ណាមួយ​ជាមុន​សិន​។ ជាឧទាហរណ៍​ ប្រសិនបើ​យើង​ជា​វិស្វករ​អគ្គិសនី​ យើង​ត្រូវ​ចេះ​ឱ្យ​ច្បាស់​ពី​ជំនាញ​អគ្គិសនី​ បន្ទាប់មក​ធ្វើការងារ​ឱ្យ​បាន​យូរ​ ដើម្បី​ស្គាល់​ពី​បទ​ពិសោធ​ច្បាស់លាស់​ក្នុង​ក្រុមហ៊ុន​ណាមួយ​ឱ្យ​ពិតប្រាកដ​។ ក្រោយពេល​ទទួល​បាន​ចំណេះ​ជំនាញ​ បទ​ពិសោធ​ និង​ស្គាល់​បញ្ហា​អស់ហើយ​ ដល់ពេល​មួយ​យើង​នឹងអាច​ចេញ​មក​បង្កើត​អ្វី​ដែល​ថ្មី​សម្រាប់​ខ្លួនឯង​បាន​ហើយ​។

    កុំ​ចង់​ឆាប់​រកស៊ី​ពេក​ ហើយ​លោត​ទៅរៀន​វគ្គ​នេះ​បន្តិច​ វគ្គ​នោះ​បន្តិច​ ឬរៀន​ជំនាញ​ណា​ដែល​ទូលំទូលាយ​ខ្លាំងពេក​ តែ​ត្រូវ​ចាប់​ជំនាញ​ណាមួយ​ឱ្យ​ច្បាស់​រហូតដល់​យល់ដឹង​ស៊ីជម្រៅ​ និង​អាច​ដោះស្រាយ​បញ្ហា​បាន​ស្ទើរគ្រប់​យ៉ាង​។ នៅពេល​នោះ​យើង​អាច​ចេញ​មក​បង្កើត​អាជីវកម្ម​ប្រកបដោយ​ភាព​ប្រាកដប្រជា​ និង​ធ្វើ​ឱ្យ​យើង​មាន​ភាព​ខ្លាំង​សម្រាប់​ឈរជើង​ក្នុង​ការប្រកួត​ប្រជែង​។ ម្យ៉ាង​វិញ​ទៀត​ ប្រសិនបើ​យើង​ជា​អ្នកជំនាញ​ យើង​ក៏អាច​អភិវឌ្ឍ​ខ្លួន​ក្នុង​ពិភព​ការងារ​បាន​ល្អ​ដែល​តំណែង​ខ្លះ​អាច​រកចំណូល​ និង​ទទួល​បាន​តម្លៃ​ខ្ពស់​ជាង​អ្នករក​ស៊ី​មួយចំនួន​ទៀតផង​។

    បច្ចុប្បន្ន​នេះ​ ជាស​ម័យ​ដែល​បច្ចេកវិទ្យា​ និង​មាន​លំហូរ​អ្នកជំនាញ​យ៉ាង​ទូលំទូលាយ​លើ​ពិភពលោក​ហេតុនេះ​ អ្វី​ដែលគេ​ត្រូវការ​ គឺ​អ្នកជំនាញ​ច្បាស់លាស់​ពិតប្រាកដ​ ដើម្បី​បម្រើការ​ងារ​ ឬបង្កើត​អាជីវកម្ម​ណាមួយ​ ដើម្បី​ឆ្លើយតប​ជាមួយនឹង​បញ្ហា​ជាក់ស្តែង​នៅក្នុង​សង្គម​មួយ​ មិនមែន​ត្រូវការ​តែ​អ្នកមាន​ត្រឹម​គំនិត​យោបល់​ល្អ​ ហើយ​អនុវត្ត​មិនកើត​នោះ​ទេ​។

    ហេតុនេះ​អ្វី​ដែល​យុវជន​គួរ​យកចិត្ត​ទុកដាក់​ គឺ​ពង្រឹង​សមត្ថភាព​ជំនាញ​ទាំង​កម្រិត​វិទ្យាសាស្ត្រ​ពិត​ និង​វិទ្យាសាស្រ្ត​សង្គម​ ដើម្បី​ធ្វើ​យ៉ាងណា​ទាញ​យក​ឱកាសល្អ​សម្រាប់​អភិវឌ្ឍន៍​ ព្រោះ​បើ​យើង​មិន​មាន​សមត្ថភាព​ខ្ពស់​ទេ​ អ្នកជំនាញ​ពី​តំបន់​ដទៃ​ ឬគំនិត​អាជីវកម្ម​ពី​ខាងក្រៅ​នឹង​ចាប់​យក​ឱកាស​ទាំងអស់​នោះ​មិនខាន​។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ​ លោក​ សាន្ត​ ច័ន្ទ​កុម្ភៈ​អ្នកជំនាញ​គណនេយ្យ​ និង​សវនកម្ម​ និង​ជា​អ្នកអប់រំ​ផង​ដែរ​នោះ​បាន​លើកឡើង​ថា​ យុវជន​បច្ចុប្បន្ន​ចូលចិត្ត​សិក្សា​ជំនាញ​ណា​ដែល​មាន​ភាព​ទូលាយ​ដូចជា​ជំនាញ​គ្រប់គ្រង​ ឬជំនាញ​មួយចំនួន​ទៀត​ដោយ​ពួកគេ​គិតថា​ គេ​អាច​ធ្វើការងារ​ណា​ក៏បាន​ ហើយ​មាន​ទីផ្សារ​ធំ​ទូលាយ​។ ការ​គិត​បែបនេះ​មិន​ប្រាកដ​ថា​ ត្រឹមត្រូវ​នោះ​ទេ​ ព្រោះ​ជំនាញ​ទាំងអស់​នោះ​ ពេលខ្លះ​មាន​លក្ខណៈ​ធំ​ទូលាយ​ពេក​ ដែល​ធ្វើ​ឱ្យ​យើង​ចាប់បាន​ត្រឹមតែ​ឱកាស​ការ​ងា​រតូចៗ​ និង​មិន​ច្បាស់លាស់​តែប៉ុណ្ណោះ​។ ប្រសិនបើ​ចង់​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​បុគ្គល​សំខាន់​ក្នុង​ក្រុមហ៊ុន​យើង​ចាំបាច់​ត្រូវ​សម្រួច​ជំនាញ​របស់​យើង​ឱ្យ​បាន​ច្បាស់លាស់​ ប្រសិនបើ​ចង់​គ្រប់គ្រង​ យើង​អាច​ចាប់ផ្តើម​ពី​ផ្នែក​គណនេយ្យ​ ឬសិក្សា​លើ​ជំនាញ​ច្បាស់លាស់​ណាមួយ​ ដែល​អាច​ធ្វើ​ឱ្យ​គាត់​ឈាន​ទៅដល់​ចំណុចកំពូល​នៃ​ប្រភេទ​ក្រុមហ៊ុន​ដែល​គាត់​ចង់ទៅ​ មិនមែន​រៀន​ឱ្យ​តែ​បានការ​ងារ​ធ្វើ​ ឬចេញ​រកស៊ី​ដោយ​គ្មាន​ចំណេះដឹង​នោះ​ទេ​។

    លោក​ ច័ន្ទ​កុម្ភៈ​ បាន​ផ្តល់​ជាឧទាហរណ៍​ថា​ ប្រសិន​យើង​សិក្សា​លើ​ជំនាញ​ណាមួយ​ដែល​ធំ​ទូលាយ​ពេក​ យើង​ក៏​ត្រូវតែ​ចូល​ទៅ​ក្នុង​ផ្នែក​ណាមួយ​ដែល​ជាក់​-លាក់​ក្នុង​ក្រុមហ៊ុន​មួយ​ ហើយ​ត្រូវ​ធ្វើការងារ​ និង​ចំណាយពេល​យ៉ាងច្រើន​ដើម្បី​សិក្សា​ពី​អ្វី​ដែល​យើង​កំពុង​ធ្វើ​នោះ​ ទម្រាំតែ​យើង​បាន​ឡើង​ពី​ 1កន្លែង​ទៅ​1កន្លែង​ផ្សេងទៀត​។ តែ​ប្រសិនបើ​យើង​ចាប់​យក​ជំនាញ​ណាមួយ​ដែល​ជាផ្នែក​សំខាន់​របស់​ក្រុមហ៊ុន​នោះ​តែម្តង​ យើង​នឹងអាច​អភិវឌ្ឍ​ខ្លួន​បាន​លឿន​ ឬមានចំណេះ​ដឹង​ស្រួច​ជាង​ក្នុង​ការ​ចាប់​យក​ឱកាស​ឡើង​ទៅកាន់​តែ​តំណែង​ខ្ពស់​បន្ទាប់​ទៀត​។ ឧទាហរណ៍​ប្រសិនបើ​និស្សិត​ម្នាក់​មាន​គោលដៅ​ចង់​ក្លាយជា​ផ្នែក​សំខាន់​មួយ​របស់​ក្រុមហ៊ុន​ គាត់​ចាប់ផ្តើម​ពី​គណនេយ្យករ​ បន្ទាប់មក​គាត់​អាច​ឡើង​ទៅជា​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ ឬអាច​ឈាន​ទៅដល់​ជា​នាយក​ប្រតិបត្តិ​ជាដើម​ក៏អាច​ថា​បាន​ដែរ​ តែ​ប្រសិន​បើ​គាត់​រៀន​ធំ​ទូលាយ​ពេក​ហើយ​មិន​ច្បាស់លាស់​ក្នុង​ជំនាញ​ណាមួយ​នោះ​ នោះ​ផ្លូវ​ដែល​គាត់​នឹង​អភិវឌ្ឍន៍​ក៏​មាន​មិន​ច្បាស់លាស់​ដូចគ្នា​ដែរ​៕

  • ផលិតផល​ផ្លែស្វាយ​កម្ពុជា​កំពុង​មាន​កំណើន​ល្អ​ក្នុង​ការនាំចេញ​ទៅបរទេស​

    ផលិតផល​ផ្លែស្វាយ​កម្ពុជា​កំពុង​មាន​កំណើន​ល្អ​ក្នុង​ការនាំចេញ​ទៅបរទេស​

    យោង​តាម​របាយការណ៍​ការនាំចេញ​ផ្លូវការ​នៅ​ឆ្នាំ2019​ កម្ពុជា​បាន​នាំចេញ​អង្ករ​បាន​ 62ម៉ឺន​តោន​ម្សៅដំឡូង​មី​ជាង​ 5ម៉ឺន​តោន​ គ្រាប់ស្វាយ​ចន្ទី​ជាង​20ម៉ឺន​តោន​ គ្រាប់ពោត​ជិត​ 1ម៉ឺន​តោន​ សណ្តែកសៀង​ជិត​ 6ម៉ឺន​តោន​ ចេក​ជិត​ 16ម៉ឺន​តោន​ ម្រេច​ជាង​ 3ពាន់​តោន​ និង​ផល​ដំ​ណាំ​ផ្សេង​ៗទៀត​ជិត​ 30ម៉ឺន​តោន​ដែល​ក្នុង​នោះ​ក៏​មាន​ផ្លែស្វាយ​ជិត​ 6ម៉ឺន​តោន​ដែរ​។

    ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ផ្លែស្វាយ​បាន​ក្លាយជា​ផ្លែឈើ​នាំចេញ​អាទិភាព​មួយ​របស់​កម្ពុជា​ ដែល​មានលទ្ធភាព​អាច​នាំចេញ​ទៅកាន់​ទីផ្សារ​អាស៊ី​ និង​អឺរ៉ុប​ ដែល​កំណើន​នេះ​ចេះតែ​កើនឡើង​ជាបន្តបន្ទាប់​ ដែល​ជា​សញ្ញា​មួយ​បង្ហាញថា​ទីផ្សារ​ផ្លែស្វាយ​នៅក្នុង​ស្រុកខ្មែរ​អាច​នឹង​មាន​តម្រូវការ​កាន់តែ​ខ្ពស់​ជាង​មុន​ ដោយសារតែ​កំណើន​នៃ​ការនាំចេញ​ឥត​ឈប់ឈរ​ពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​។

    យោង​តាម​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​បាន​ថ្លែង​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​ប្រមាណ​ 3តោន​ទៅកាន់​ប្រទេស​កូរ៉េ​ខាងត្បូង​ជាលើកដំបូង​ ដែល​ការណ៍​នេះ​នឹង​ជួយ​ពង្រីក​ទីផ្សារ​កសិកម្ម​របស់​កម្ពុជា​នៅ​ក្រៅប្រទេស​។

    ឯកឧត្តម​ ងិន​ ឆាយ​ អគ្គនាយក​នៃ​អគ្គ​នា​យក​ដ្ខាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា​ នេះ​ជា​លើក​ទី1ហើយ​ ដែល​ប្រទេស​កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​កូរ៉េ​ខាងត្បូង​ តាមរយៈ​ក្រុមហ៊ុន​ Hyundai​ Mao​ Legacy​ Co​., ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​។

    ក្រុមហ៊ុន​ Hyundai​ Mao​ Legacy​ Co​., គឺជា​ក្រុមហ៊ុន​វិនិយោគ​រួមគ្នា​ដោយក្រុម​ហ៊ុន​ Hyundai​ Corporation​ ដែល​ជា​ក្រុមហ៊ុន​ពហុ​ផលិតផល​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ និង​ក្រុមហ៊ុន​ដាំ​ស្វាយ​នៅ​ក្នុង​ស្រុក​ Mao​ Legacy​ Co​ Ltd​ ចាប់តាំងពី​ខែ​វិច្ឆិកា​ ឆ្នាំ2016​ មក​ ដើម្បី​បង្កើន​សក្តា​នុ​ពល​ផលិត​ និង​កែច្នៃ​រួមគ្នា​លើ​ផ្ទៃដី​ចម្ការ​ស្វាយ​ប្រហែល​ 2,400​ហិ​កតា​នៅ​ខេត្ត​កំពង់ស្ពឺ​។ ក្រុមហ៊ុន​ Hyundai​ Mao​ Legacy​ Co​ Ltd​ កាលពី​ថ្ងៃទី15​ ខែមករា​ ឆ្នាំ2020​ ក៏បាន​បើក​ដំណើរការ​រោងចក្រ​តម្លៃ​ 10លាន​ដុល្លារ​របស់​ខ្លួន​ហើយ​ដែរ​ ដើម្បី​ដំណើរការ​វេច​ខ្ចប់​ផ្លែស្វាយ​ស្រស់​សម្រាប់​នាំចេញ​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង​។

    គួរ​រំឭក​ផង​ដែរ​ថា​ ប្រទេស​កម្ពុជា​អាច​នាំចេញ​ផ្លែស្វាយ​ទៅកាន់​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ហើយ​នៅ​ឆ្នាំ2020​ នេះ​ កម្ពុជា​ក៏​នឹង​ចុះ​កិច្ច​ព្រមព្រៀង​នាំចេញ​ផ្លែស្វាយ​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​ចិន​ ដែល​ជាទី​ផ្សារ​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា​ផង​ដែរ​។

    អគ្គនាយក​ នៃ​អគ្គ​នា​យក​ដ្ខា​នក​សិ​កម្ម​ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​ចិន​ គឺជា​ទីផ្សារ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ដ៏​ធំ​របស់​កម្ពុជា​ ក្រោយ​ពី​មន្ដ្រី​អនាម័យ​ និង​ភូតគាម​សាស្ត្រ​នៃ​អគ្គ​រដ្ឋបាល​របស់​ចិន​បាន​ចុះ​មក​វាយតម្លៃ​កសិដ្ឋាន​ស្វាយ​នៅ​ប្រទស​កម្ពុជា​កាលពី​ពេល​ថ្មី​ៗនេះ​ ដោយ​បាន​ជ្រើសរើស​យក​ 5ខេត្ត​មក​វាយតម្លៃ​។ គេ​បាន​សន្និដ្ឋាន​ថា​ កសិដ្ឋាន​ និង​ចម្ការ​ស្វាយ​ ដែល​បាន​ធ្វើការ​ដាំដុះ​នៅ​កម្ពុជា​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ ស្រប​តាម​ស្ដ​ង់​ដា​ ដែល​អាច​នាំទៅ​ប្រទេស​ចិន​បាន​នៅ​ដំណាក់កាល​ដំបូង​។

    លោក​បាន​បញ្ជាក់​ទៀត​ថា​ ភាព​ប្រឈម​នៃ​បញ្ហា​គឺ​ ដោយសារ​កសិដ្ឋាន​ដំណាំ​ស្វាយ​នៅ​កម្ពុជា​ ពុំ​ទាន់​មាន​អនាម័យ​គ្រប់គ្រាន់​ មិនទាន់​មាន​យន្ដ​ការ​ត្រួតពិនិត្យ​សមាសភាគ​សត្វ​ចង្រៃ​តាម​រដូវ​កាល​ច្បាស់លាស់​ និង​ការប្រើ​ប្រាស់​ថ្នាំ​កសិកម្ម​មួយចំនួន​មិន​ទាន់​ត្រឹមត្រូវ​។ ដូច្នេះ​ មុននឹង​នាំ​ផ្លែស្វាយ​ស្រស់​ទៅ​ប្រទេស​ចិន​បាន​ យើង​ត្រូវ​មាន​រោងចក្រ​ ឬមួយ​ក៏​ទីតាំង​សម្រាប់​វេច​ខ្ចប់​ និង​សម្លាប់​មេរោគ​ ជាពិសេស​គឺ​សម្លាប់​ដង្កូវ​រុយ​។ ប្រសិនបើ​យើង​មិនបាន​សម្លាប់​មេរោគ​នេះ​ទេ​ គឺ​យើង​មិន​អាច​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅ​ប្រទេស​ចិន​បានទេ​។

    សព្វថ្ងៃ​នេះ​ បើ​យើង​និយាយ​ពី​ការ​វិនិយោគ​លើ​ការសាងសង់​កន្លែង​សម្រាប់​សម្លាប់​មេរោគ​នេះ​គឺ​ទើបតែ​មួយ​គត់​ ប៉ុន្តែ​សមត្ថភាព​នៃ​ការ​សម្អាត​មេរោគ​សម្រាប់​ការនាំចេញ​ គឺ​មានកម្រិត​តូច​ទាប​នៅឡើយ​ ដោយ​ក្នុង​ 1ថ្ងៃ​បានតែ​ 25​ ទៅ​ 30តោន​ប៉ុណ្ណោះទេ​។

    លោក​ ហេង​ ស្រេង​ តំណាង​រោងចក្រ​ផលិត​តំណាប់​ស្វាយ​បឹង​កេត​ ដែល​ជា​រោងចក្រ​កែច្នៃ​ផ្លែស្វាយ​ ធ្វើជា​តំណាប់​ សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ចិន​នោះ​ បានឱ្យ​ដឹង​ថា​ ក្នុង​ 1ថ្ងៃ​ក្រុមហ៊ុន​របស់​លោក​ត្រូវការ​ផ្លែស្វាយ​ចន្លោះ​ពី​ 150តោន​ ទៅ180តោន​សម្រាប់​ធ្វើ​តំណាប់​។ ប៉ុន្តែ​បច្ចុប្បន្ន​ ការ​ប្រមូល​ទិញ​បាន​ត្រឹមតែ​ចន្លោះ​ពី​ 60តោន​ ទៅ​ 100តោន​ប៉ុណ្ណោះ​ ដូច្នេះ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ផលិត​ និង​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នៅឡើយ​ទេ​។

    យោង​តាម​របាយការណ៍​របស់ក្រ​សួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​ត្រូវការ​ផ្លែស្វាយ​ប្រហែល​ 300តោន​ ក្នុង​ 1ថ្ងៃ​ ដើម្បី​កែច្នៃ​ជា​តំណាប់​ស្វាយ​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​។របាយការណ៍​នេះ​បានឱ្យ​ដឹង​ថា​ ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន5​ ដែល​កំពុង​ប្រតិបត្តិ​ការ​នៅក្នុង​ប្រទេស​កម្ពុជា​ មាន​តម្រូវការ​ផ្លែស្វាយ​ចន្លោះ​ពី​ 250​ទៅ300តោន​ក្នុង​ 1ថ្ងៃ​។ ផ្លែស្វាយ​ទាំងនោះ​នឹង​ត្រូវ​កែច្នៃ​ធ្វើជា​តំណាប់​ស្វាយ​សម្រាប់​ការនាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​។

    ទិន្នន័យ​លម្អិត​បាន​បង្ហាញថា​ ក្រុមហ៊ុន​ Boeung​Ket​ Planting​ & Industrial​ Co​.,Ltd​ ត្រូវការ​ស្វាយ​ប្រហែល​ពី​ 100​ ទៅ​ 140តោន​ក្នុង​ 1ថ្ងៃ​។

    ក្រុមហ៊ុន​ Kirirom​ Food​ Production​ Co​., Ltd​ ត្រូវការ​ចន្លោះ​ពី​ 30​ តោន​ទៅ​ 50តោន​ និង​ក្រុមហ៊ុន​ Long​ Wo​ Agriculture​ (Cambodia​) Co​., Ltd​ ត្រូវការ​ចន្លោះ​ពី​ 20តោន​ ទៅ​ 30តោន​ ក្នុង​ 1ថ្ងៃ​ ខណៈ​ក្រុមហ៊ុន​ Fruitto​ Industrial​ Co​., Ltd​ ត្រូវការ​ចន្លោះ​ពី​ 20​ ទៅ​ 30​ តោន​ និង​ក្រុមហ៊ុន​ Cam​ MJ​ Agriculture​ Co​., Ltd​ ត្រូវការ​ 25តោន​ ក្នុង​ 1ថ្ងៃ​។

    មានការ​កត់សម្គាល់​ឃើញថា​ គិត​ត្រឹម​ខែធ្នូ​ ឆ្នាំ​2019​ ក្រុមហ៊ុន​ Boeung​ Ket​ Planting​ & Indu​ strial​ Co​., Ltd​ បាន​នាំចេញ​តំណាប់​ស្វាយ​មាន​ចំនួន​ចន្លោះ​ប្រហែល​ពី​ 3,000​ ទៅ​ 400តោន​។

    លោក​ ហេង​ ស្រេង​ អ្នកគ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន​ Boeung​ Ket​ Planting​ & Industrial​ Co​., Ltd​ បានឱ្យ​ដឹង​ថា​៖ “ក្រុមហ៊ុន​បាន​ទិញ​ផ្លែស្វាយ​ជាង​ 100តោន​ក្នុង​ 1ថ្ងៃ​ ក្នុង​តម្លៃ​ប្រមាណ​ 750រៀល​ ក្នុង​ 1គីឡូក្រាម​ សម្រាប់​ការកែច្នៃ​ជា​ផលិតផល​តំណាប់​ស្វាយ​។ ក្រុមហ៊ុន​យើង​កំពុង​នាំចេញ​តំណាប់​ស្វាយ​ទៅ​ប្រទេស​ចិន​។ តំណាប់​ស្វាយ​របស់​យើង​មាន​រសជាតិ​ឆ្ងាញ់​ និង​គុណភាព​ល្អ​”។

    ឯកឧត្តម​ ងិន​ ឆាយ​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​ បាន​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​ផលិត​ផ្លែស្វាយ​បាន​ប្រមាណ​ជា​ 4លាន​តោន​ជា​រៀងរាល់​ឆ្នាំ​ នៅ​លើ​ផ្ទៃដី​ដាំដុះ​ទំហំ​ 100,000ហិ​កតា​ ក្នុង​នោះ​ផ្ទៃដី​ប្រមូល​ផល​មាន​ចំនួន​ 8ម៉ឺន​ហិ​កតា​ និង​ទិន្នផល​ជាមធ្យម​ គឺ​ទទួល​បាន​ជាង​ 15​ តោន​ក្នុង​ 1ហិ​កតា​ បើ​គិត​សរុប​ពេញ​ 1រដូវ​វិញ​ គឺ​មាន​ជាង​ 1លាន​ 2សែន​តោន​ ក្នុង​ 1រដូវ​។

    គួរ​ជម្រាប​ឱ្យ​ដឹង​ដែរ​ថា​ ប្រទេស​កម្ពុជា​ក៏​ធ្លាប់​បាន​នាំចេញ​ផ្លែ​មង្ឃុត​ស្រស់​ តំណាប់​ផ្លែឈើ​ និង​ភេសជ្ជៈ​ទៅកាន់​ប្រទេស​ជាច្រើន​ ដូចជា​ វៀតណាម​ ថៃ​ បារាំង​ អេស្ប៉ាញ​ និង​ហុងកុង​ផង​ដែរ​ ហើយ​កាលពី​ឆ្នាំ2019​ កន្លងទៅ​នេះ​ កម្ពុជា​បាន​នាំចេញ​ស្វាយ​ស្រស់​ 58,162តោន​ ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​ចំនួន6​ គឺ​ប្រទេស​វៀតណាម​ ថៃ​ សិង្ហបុរី​ បារាំង​ រុស្ស៊ី​ និង​ហុងកុង​៕

  • បទដ្ឋាន​នៃ​ការសាងសង់​ត្រូវតែ​គិត​ពី​ភាព​វិជ្ជមាន​នៃ​សុវត្ថិភាព​

    បទដ្ឋាន​នៃ​ការសាងសង់​ត្រូវតែ​គិត​ពី​ភាព​វិជ្ជមាន​នៃ​សុវត្ថិភាព​

    រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​អំពាវនាវ​ដល់​ស្ថាបត្យករ​ និង​វិស្វករ​ ព្រមទាំង​អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម​ទាំងអស់​ដែល​ធ្វើការ​ក្នុង​វិស័យ​សំណង់​ ត្រូវ​មានការ​ត្រួតពិនិត្យ​លើ​ការរចនា​ និង​ការងារ​សំណង់​ ដើម្បី​ជួយ​ធ្វើ​ឱ្យ​វិស័យ​នេះ​កាន់តែ​រឹងមាំ​ ទាំង​ផ្នែក​គុណភាព​ និង​ការ​កសាង​ជំនឿ​ទុកចិត្ត​ពីសា​ធារ​ណជន​។ នេះ​បើ​តាម​ប្រសាសន៍​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ដែល​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​ច្បាប់​សាងសង់​ដល់​អ្នកជំនាញ​នៅ​ក្នុង​វិស័យ​នេះ​កាលពី​ពេល​ថ្មី​ៗនេះ​។

    ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​មានប្រសាសន៍​ថា​៖“ក្នុង​ឱកាស​នេះ​ ខ្ញុំ​សូម​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដែល​មានគុណ​វុឌ្ឍិ​ទាំងនោះ​ ដែល​ចុះឈ្មោះ​នៅ​ក្រសួង​ និង​មាន​ជំនាញ​ក្នុង​ការរចនា​ និង​ការងារ​សាងសង់​ ដើម្បី​ចេញ​វិញ្ញាបនបត្រ​នៅក្នុង​តំបន់​របស់​ពួកគេ​ ព្រោះ​ដល់ពេលហើយដែល​ក្រុមហ៊ុន​ត្រូវ​មាន​ភារកិច្ច​ត្រួតពិនិត្យ​ការសាងសង់​សំណង់​ និង​គម្រោង​ដែល​ត្រូវ​បាន​បញ្ជាក់​ មុន​ពេល​គម្រោង​ទាំងនេះ​ត្រូវ​បាន​បញ្ជូន​មក​ដើម្បី​ទទួល​បានការ​យល់ព្រម​”។

    យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់ក្រ​សួង​គិត​ត្រឹម​ឆ្នាំ2019​ មាន​ក្រុមហ៊ុន​សរុប​ចំនួន​ 1,132​ក្រុមហ៊ុន​ ដែល​មាន​សុពលភាព​ក្នុង​វិស័យ​រចនា​និង​សំណង់​។ ក្រុមហ៊ុន​ទាំងនេះ​ត្រូវ​បាន​ចេញ​វិញ្ញាបនបត្រ​ដោយ​ក្រសួង​ ដើម្បី​ដំណើរការ​នៅក្នុង​វិស័យ​សំណង់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

    លោក​ James​ Hodge​ នាយក​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​អចលនទ្រព្យ​ CBRE​ Cambodia​ បាន​ថ្លែង​ថា​ តម្រូវការ​សម្រាប់​អ្នកអង្កេត​តាមលំដាប់​ ទំនងជា​មាន​ការ​កើនឡើង​ដោយសារ​ចំនួន​អ្នកកាន់កាប់​កាន់តែ​ច្រើន​ ដែល​ត្រូវ​ព្យាយាម​ពិនិត្យមើល​ភាព​ត្រឹមត្រូវ​នៃ​អគារ​មុន​ពេល​ប្រតិបត្តិ​ការ​កើតឡើង​ ហើយ​យើង​អាច​នឹង​ឃើញ​សម្ពាធ​ សម្រាប់​ការ​កែតម្រូវ​ច្បាប់​ដើម្បី​ធានា​ថា​ អ្នកកាន់កាប់​ត្រូវ​បានការ​ពារ​ប្រសើរ​ជាង​មុន​ពី​អ្នក​អភិវឌ្ឍន៍​ទាំងឡាយ​។

    លោក​បាន​បញ្ជាក់​ថា​៖“វិនិយោគិន​ និង​អ្នកទិញ​ច្បាស់ជា​នឹង​យក​សុវត្ថិភាព​ និង​គុណភាព​ សំណង់​ទៅ​ធ្វើជា​ការពិចារណា​កាន់តែ​ខ្លាំង​ឡើង​ ដែល​ជា​លទ្ធផល​នៃ​ការ​ដួល​រលំ​នៃ​អគា​រថ្មីៗ​នេះ​ តែ​នៅទីបំផុត​ ទីផ្សារ​វា​មិន​មានផល​ប៉ះពាល់​អ្វី​ទេ​ ពីព្រោះ​ស្តង់​ដា​នៃ​សំណង់​អគារ​ខ្ពស់​ៗ ភាគច្រើន​ត្រូវ​នឹង​ស្តង់​ដា​អន្តរជាតិ​”។

    លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​ ខ្មែរ​ហ្វោ​នដេ​សិន​ អឹ​ព្រេហ្សល​ ខូ​អិល​ធី​ឌី​ (Khmer​ Foundation​ Appraisal​ Co​.,Ltd​.) បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“ដោយ​យោង​ទៅ​អ្វី​ដែល​ក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ពង្រឹង​នា​ពេល​ថ្មី​ៗនេះ​ បើ​និយាយទៅ​ គឺ​ពាក់ព័ន្ធ​នឹង​សំណង់​ និង​ដីធ្លី​ វា​មាន​ភាព​ចែក​ដាច់​ពីគ្នា​រវាង​បច្ចេកទេស​។ មានន័យថា​ ក្រសួង​គាត់​ពង្រឹង​ទៅលើ​បច្ចេកទេស​សាងសង់​ និង​គុណភាព​។ ដូច្នេះ​វា​អត់​ទាក់ទងគ្នា​ ឬជះឥទ្ធិពល​អ្វី​ដល់​វិស័យ​ដីធ្លី​យើង​ទេ​គឺ​វា​មានផល​ប្រយោជន៍​ដល់​អ្នកប្រើ​ប្រាស់​ និង​អ្នក​ទទួលយក​សំណង់​ទៅវិញ​ទេ​”។

    លោក​បាន​ពន្យល់​ថា​ កន្លងមក​អ្នកសាង​សង់​ គាត់​ទទួល​សិទ្ធិ​ពី​គេ​ជា​អ្នកម៉ៅការ​ ឯអ្នក​វិនិយោគិន​គាត់​ពឹងផ្អែក​លើ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​នេះ​។ នៅពេល​គាត់​(អ្នកមាន​គម្រោង​)បង្ហាញ​គ្រឿង​ផ្គុំ​ជា​ប្រភេទA​ ប៉ុន្តែ​អ្នកម៉ៅការ​សាងសង់​ គាត់​ធ្វើជា​ប្រភេទE​ នេះ​ជា​បញ្ហា​ដែល​ធ្វើ​ឱ្យ​មានការ​បាក់​រលំ​កន្លងមក​ ឬមានការ​បាក់​ស្រុត​ ប្រេះស្រាំ​ ជាហេតុ​ធ្វើ​ឱ្យ​មានការ​ខាតបង់​ពី​គម្រោង​ដែល​គាត់​វិនិយោគ​ដែរ​នោះ​។ នេះ​យើង​និយាយចំ​ពោះ​មុខ​រឿង​បច្ចេកទេស​។ ប៉ុន្តែ​វា​មិន​មាន​ជា​សញ្ញា​ណាមួយ​ពាក់ព័ន្ធ​ ដល់​វិស័យ​អចលនទ្រព្យ​នោះ​ទេ​។

    លោក​ឧកញ៉ា​ បាន​បញ្ជាក់​ថា​៖“ជា​ការ​ពង្រឹង​សុវត្ថិភាព​នេះ​ វា​ដល់ពេល​វេលា​ហើយ​ ពីព្រោះ​បច្ចុប្បន្ន​យើង​កំពុងតែ​ឈាន​ដល់​សកល​ភាវូបនីយកម្ម​នៅ​លើ​ពិភពលោក​នេះ​ យើង​ត្រូវតែ​កែតម្រូវ​និង​ទទួលយក​ស្តង់​ដា​។ ព្រោះថា​ យើង​ធ្លាប់​មាន​ស្តង់​ដា​ដែរ​ មុន​សម័យ​សង្គ្រាម​ តែ​ក្រោយមក​ពេល​សម័យ​ ប៉ុល​ ពត​ យើង​បាន​បាត់បង់​អស់​។ ដូច្នេះ​ទម្រាំ​តែ​យើង​កសាង​ និង​រដ្ឋាភិបាល​បាន​ធ្វើការ​ដឹកនាំ​កន្លងមក​ នៅ​មានការ​យល់យោគ​ច្រើន​។ ពេល​ដែល​មាន​បញ្ហា​កើតឡើង​ ការយល់​ដឹង​របស់​ប្រជាពលរដ្ឋ​មានកម្រិត​ទាប​ពី​បញ្ហា​ច្បាប់ទម្លាប់​ផង​ ធ្វើ​ឱ្យ​ងាយ​មានផល​ប៉ះពាល់​កើតមានឡើង​”។

    ទោះ​យ៉ាងណា​លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ថា​៖“ប្រសិនបើ​យើង​មើលទៅ​លើ​តួលេខ​មិនមែន​មានន័យថា​ នៅ​ទូទាំង​ប្រទេស​យើង​សុទ្ធតែ​អត់មាន​គុណភាព​នៃ​សំណង់​នោះ​ទេ​ គេ​បាន​សាងសង់​អគារ​រាប់​សិប​ជាន់​ តើ​គេ​មាន​បញ្ហា​អ្វី​ទេ​? ព្រោះ​ដោយសារតែ​គេ​បាន​គោរព​បទដ្ឋាន​សំណង់​បាន​ត្រឹមត្រូវ​”។

    លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​បញ្ជាក់​ថា​៖“នៅក្នុង​សង្គម​ហ្វេ​សប៊ុ​ក ក៏បាន​បង្ហាញ​ដែរ​ថា​ មិនមែន​មាននៅ​តែ​កម្ពុជា​ទេ​ នៅ​ប្រទេស​ខ្លះ​ក៏​កើតមាន​ដែរ​រឿង​គុណភាព​នេះ​ គឺ​មាន​ឆក​ល្វែង​មួយ​។ នៅ​កម្ពុជា​យើង​តំបន់​ខ្លះ​ការ​អភិវឌ្ឍ​មានការ​រីក​លូតលាស់​លឿន​ហួសពី​ការស្មាន​របស់​យើង​ ធ្វើ​ឱ្យ​មានការ​ឆក​ល្វែង​នៅកន្លែង​ខ្លះ​ ខ្វះចន្លោះ​ក្នុង​ការ​ត្រួតពិនិត្យ​ ទើប​យើង​ឃើញ​មាន​បញ្ហា​កើតឡើង​បាន​ ព្រោះ​យើង​មាន​ក្រុម​ត្រួតពិនិត្យ​ ខ្វះ​អ្នកជំនាញ​ និង​មាន​ចំនួន​តិច​ មិនបាន​មើល​អស់​ តែ​ពុំ​មាន​នរណា​ចង់ឱ្យ​រឿង​អកុសល​កើតមានឡើង​នោះ​ទេ​ ហើយ​សុំ​កុំ​គិតថា​ បញ្ហា​នេះ​ជា​បញ្ហា​ចោទ​ធំ​ ជា​ចំណោទ​នៅក្នុង​វិស័យ​របស់​យើង​ឱ្យ​សោះ​”។

    ក៏ប៉ុន្តែ​ ទោះ​យ៉ាងណាក៏ដោយ​បើ​យោង​តាមច្បាប់​ ជា​ធម្មតា​ ត្រូវ​ចំណាយពេល​ប្រហែល​ 6ខែ​ ដើម្បី​អនុវត្ត​ឱ្យ​បាន​ពេញលេញ​។ បែបនេះ​សំដៅ​ទៅលើ​ករណី​អគារ​ដែល​កំពុង​សាងសង់​ 7ជាន់​ដែល​បាន​ដួល​រលំ​នៅក្នុង​ក្រុងកែប​កាលពីដើម​ខែ​នេះ​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ 36នាក់​ និង​របួស​ 23នាក់​ ដែល​សោកនាដកម្ម​នេះ​បាន​កើតឡើង​ប្រហែល​ 7ខែ​ បន្ទាប់ពី​អគារ​ 7ជាន់​ដែល​គ្មាន​អាជ្ញាប័ណ្ណ​របស់​ជនជាតិ​ចិន​បាន​ដួល​រលំ​នៅ​ខេត្ត​ព្រះសីហនុ​ និង​បាន​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ 28នាក់​ និង​រង​របួស​ 26នាក់​។

    ជាមួយនឹង​ច្បាប់​ថ្មី​ដែល​នឹង​ត្រូវ​បាន​អនុវត្តយ៉ាង​ពេញលេញ​ ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ប្តេជ្ញា​ថា​ នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​សោកនាដកម្ម​បែបនេះ​កើតឡើង​ម្តង​ទៀត​ឡើយ​។

    ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ បាន​មានប្រសាសន៍​ថា​៖“ការសាងសង់​នៅតែ​បន្ត​កើនឡើង​ ហើយ​យើង​ត្រូវតែ​ចាត់វិធានការ​ធ្ងន់ធ្ងរ​ ដើម្បី​ចៀសវាង​សោកនាដកម្ម​នេះ​ ពីព្រោះ​យើង​មាន​អារម្មណ៍​ឈឺចាប់​នៅពេល​ដែល​រឿង​បែប​នោះ​កើតឡើង​”។

    ឯកឧត្ដម​បាន​បញ្ជាក់​ថា​ កាលពីមុន​យើង​មិន​មានច្បាប់​ទេ​ ឥឡូវនេះ​យើង​មានច្បាប់​នេះ​ ពីព្រោះ​យើង​ចាំបាច់​ត្រូវ​ខិតខំ​ធ្វើការ​ប្រឆាំង​នឹង​សំណង់​ខុសច្បាប់​ ហើយ​ច្បាប់​នេះ​ត្រូវ​បាន​រៀបចំឡើង​ដើម្បី​ធានា​គុណភាព​សំណង់​ សន្តិសុខ​ និង​សុវត្ថិភាព​ហើយនឹង​បន្ត​លើកកម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​តទៅទៀត​៕

     

  • 7កន្លែង​ រ៉ូម៉ែ​នទិ​កបំផុត​សម្រាប់​ដកពិសោធ​ចិត្ត​គូស្នេហ៍​

    7កន្លែង​ រ៉ូម៉ែ​នទិ​កបំផុត​សម្រាប់​ដកពិសោធ​ចិត្ត​គូស្នេហ៍​

    ចូល​ដល់​ខែកុម្ភៈ​ ជា​ខែ​នៃ​ក្ដី​ស្រឡាញ់​ពោរពេញ​ទៅ​ដោយ​ពណ៌​ផ្កាឈូក​។ អ្នក​កំពុងតែ​មាន​ផែនការ​ និង​កំពុង​ស្វែងរក​ទីកន្លែង​សម្រាក​ ស្វែងរក​តំបន់​ទេសចរណ៍​នានា​ក្នុង​ថ្ងៃ​សំខាន់​នោះ​ហើយ​មែនទេ​? អ្នក​អាច​ពិចារណា​ទីកន្លែង​ស្អា​តៗ​ទាំង7កន្លែង​ជាមួយ​ ឡា​រ៉ែ​ន ក្នុង​ទំព័រ​ដំណើរ​កម្សាន្ត​នេះ​បាន​។ ជឿជាក់​ថា​ កន្លែង​ខ្លះ​លោកអ្នក​ប្រាកដជា​ធ្លាប់ស្គាល់​ និង​មាន​កន្លែង​ខ្លះ​ក៏​ថ្មី​ប្លែក​សម្រាប់​គូស្នេហ៍​ ដែល​ចង់​ផ្ដិត​យក​រូបភាព​ស្រស់​ត្រកាល​ជាមួយ​នឹង​ធម្មជាតិ​ហើយ​។ ដើម្បី​កុំឱ្យ​ខាតពេល​យូរ​ តោះ​ទៅ​ស្គាល់​ទីតាំង​ទាំងអស់​នោះ​ទាំងអស់គ្នា​៖

    1. Jimbaran​, Bali​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី
    ​Jimbaran​ ជា​ឆ្នេរ​មួយ​ក្នុងចំណោម​ឆ្នេរខ្សាច់​ដែល​ល្បី​ជាងគេ​នៅ​កោះ​បាលី​។ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ក្រៅពី​មាន​ឆ្នេរខ្សាច់​ពណ៌ស​ ជាមួយនឹង​សមុទ្រ​ថ្លា​អាច​មុជទឹក​លេង​យ៉ាង​សប្បាយរីករាយ​ហើយ​ ក៏​មាន​ភោជនីយដ្ឋាន​អាហារ​សមុទ្រ​ជាច្រើន​កន្លែង​ដែល​មាន​រសជាតិ​ឆ្ងាញ់​ជាប់មាត់​ទៀតផង​ ទាំង​ស្រស់​ៗ និង​ថ្មី​ៗតែម្ដង​យក​មក​ពី​សមុទ្រ​ ព្រោះ​នៅ​ក្បែរ​ឆ្នេរ​សុទ្ធតែ​ផ្ទះ​អ្នកនេសាទ​សមុទ្រ​ទាំងអស់​។

    2. Hallstatt​, ប្រទេស​អូទ្រីស​
    Hallstatt​ ជាទី​ក្រុង​បឹង​ស្អាត​មួយ​ ដែល​ត្រូវ​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេ​តិ​កភ័​ណ្ឌ​ពិភពលោក​។ មាន​ព្រះវិហារ​ និង​ផ្ទះ​អឺរ៉ុប​បុរាណ​ដែល​ត្រូវ​បាន​ដាក់ដាំ​នៅ​លើ​ភ្នំ​។ ហើយ​កាន់តែ​ប្លែកភ្នែក​ខ្លាំង​ Hallstatt​ ក៏​ទីតាំង​ទេសចរណ៍​ហ៊ុំ​ព័ទ្ធជុំវិញ​ដោយ​ភ្នំ​ខ្ពស់​ៗ ធ្វើ​ឱ្យ​លោកអ្នក​មាន​អារម្មណ៍​ថា​ កំពុង​នៅ​ចំ​កណ្តាល​នៃ​លំហ​ដែល​ពេញដោយ​បរិយាកាស​ស្នេហា​ ដូច​ផ្ដិត​ចេញពី​ក្នុង​រឿងនិទាន​ពិ​តៗ​អុីចឹង​ដែរ​។

    3. Imerovigli​, ប្រទេស​ក្រិច​
    ទីនេះ​គឺជា​ភូមិ​ Santorini​ ប្រពៃណី​ដែល​មាន​ន័យ​ថា​ បណ្តុំ​ផ្ទះ​ទាំងអស់​ត្រូវ​បាន​លាប​ពណ៌ស​ តុបតែង​ជាមួយ​ដំបូល​សំ​យ៉ា​បផ្ទះ​មានផ្ទៃ​ពណ៌ស​មុទ្រ​ពណ៌ខៀវ​ស្រ​ងា​ត។ ហើយ​ផ្លូវ​នៅក្នុង​ភូមិ​ហាក់បីដូចជា​តូច​ចង្អៀត​បន្ដិច​ និង​អាច​មើលឃើញ​ពេលថ្ងៃ​លិច​ជាមួយនឹង​ទេសភាព​ដ៏​ល្អ​បំផុត​នៃ​កោះ​ Santorini​។

    4. Bruges​, ប្រទេស​បែលហ្ស៊ិក​Bruges​
    គឺជា​ទីក្រុង​ឆ្នេរ​ដ៏​ល្បីល្បាញ​មួយ​នៅ​ប្រទេស​បែលហ្ស៊ិក​។ ជាមួយនឹង​បរិយាកាស​មិនធ្លាប់​ស្រមៃឃើញ​ពីមុន​មក​ ជាមួយនឹង​ប្រឡាយ​ទឹកតូច​បែប​ស្ងប់ស្ងាត់​ ផ្លូវក្រាលថ្ម​ និង​ស្ថាបត្យកម្ម​បែប​មជ្ឈិមសម័យ​ ដែល​អាច​និយាយ​បាន​ថា​ វា​ដូចជា​ទីក្រុង​ក្នុង​រឿងនិទាន​អឺរ៉ុប​ ធ្វើ​ឱ្យ​គូស្នេហ៍​បាន​ទៅដល់​ហើយ​មាន​អារម្មណ៍​ថា​ ដូចជា​ខ្លួន​ជា​ព្រះនាង​ និង​ជា​ព្រះអង្គ​ម្ចាស់​នៅក្នុង​រឿងព្រេង​និទាន​ដូច្នោះ​ដែរ​។

    5. Marrakech​, ប្រទេស​ម៉ារ៉ុក​
    Marrakech​ គឺជា​រដ្ឋធានី​ទេសចរណ៍​នៅ​ប្រទេស​ម៉ារ៉ុក​។ អ្វី​ដែល​ប្លែក​គឺ​អគារ​នៅ​ទីនោះ​ត្រូវ​បាន​កសាង​ឡើង​តាម​បែប​ស្ថាបត្យកម្ម​ប្លែក​ភ្លែ​ក និង​លាប​ដោយ​ពណ៌​ទឹកក្រូច​ ដែល​ជា​ការកំណត់​របស់​រដ្ឋាភិបាល​។ អ្នកស្រុក​ហៅ​វា​ថា​ ទីក្រុង​ពណ៌​ផ្កាឈូក​ ឬទីក្រុង​ពណ៌​ទឹកក្រូច​។ ខណៈ​បាន​ទៅលេង​នៅ​ទីក្រុង​ Marrakech​ នោះ​អ្នក​នឹង​ឃើញ​ផ្លូ​វតូចៗ​ មាន​អ្នកលក់​របស់របរ​ និង​អាហារ​នៅ​លើ​ទេះ​សេះ​ ហើយក៏​មាន​តូ​បតូចៗ​ដាក់​លក់​គ្រឿងអលង្ការ​នៅ​ទី​ក្រុង​ណវ​ផង​ដែរ​។

    6. Prague​, ប្រទេស​ឆែក
    ​ជម្រើស​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយទៀត​សម្រាប់​កន្លែង​ដ៏​រ៉ូមែ​នទិ​ក គឺ​ក្រុង​ Prague​ ប្រទេស​ឆែក​។ ទីក្រុង​នេះ​ត្រូវ​បាន​គេ​ហៅថា​ ជា​បេះដូង​នៃ​តំបន់​ទេសចរណ៍​ប៉ែក​អឺរ៉ុប​។ បរិយាកាស​នៅ​ជុំវិញ​ទីក្រុង​មួយ​នេះ​គឺ​ ស្រស់​ស្អាត​នៅ​ចំ​កណ្តាល​ភ្នំ​ និង​ពិតជា​ស័ក្តិសម​សម្រាប់​គូស្នេហ៍​ ប្តី​ប្រពន្ធ​ ឬក្រុម​គ្រួសារ​ ទៅ​ដើ​រកម្សាន្ដយ៉ាង​រីករាយ​នារ​ដូវ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​។
    7. Paris​, ប្រទេស​បារាំង​
    ទីក្រុង​ ប៉ារីស​ ​ដែល​ត្រូវ​បាន​គេ​ហៅថា​ជាទី​ក្រុង​នៃ​ក្តី​ស្រឡាញ់​ “Tower​ Eiffel​” ដែល​ជា​និមិត្តរូប​របស់​ប្រទេស​បារាំង​។ ដូច្នេះ​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ឱ្យ​វា​ថា​ជា​ ​“កន្លែង​វេទមន្ត​ ដើម្បី​ប្រាប់​ពី​សេចក្តី​ស្នេហា​” និង​សមបំណង​សម្រាប់​គូស្នេហ៍​ទាំងឡាយ​។ គូ​ស្វាមី​ភរិយា​ភាគច្រើន​ដែល​មក​ទទួលទាន​អាហារ​ពេលល្ងាច​នៅ​លើកំពូល​ប៉ម​អេ​ហ្វែ​ល ជាន់ទី58​ ពិត​ជា​រ៉ូម៉ែ​នទិ​កបំផុត​ និង​អាច​គយគន់​ទីក្រុង​យ៉ាង​ស្រស់​ត្រកាល​ចម្រុះ​ភ្លើងពណ៌​ថែមទៀត​ផង​ រ៉ូមែ​នទិ​កខ្លាំង​ណាស់​៕

  • អាហារ​ និង​ថ្នាំ​ 5យ៉ាងដែល​អ្នកម្តាយ​កំពុង​បំបៅ​ដោះ​កូន​ ហាម​ទទួលទាន​

    អាហារ​ និង​ថ្នាំ​ 5យ៉ាងដែល​អ្នកម្តាយ​កំពុង​បំបៅ​ដោះ​កូន​ ហាម​ទទួលទាន​

    ក្នុងអំឡុងពេល​ដែល​អ្នកម្តាយ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​របស់​ខ្លួន​នោះ​ ការ​ទទួលទាន​អាហារ​របស់​អ្នកម្តាយ​ គឺជា​រឿង​មួយ​ដែល​ត្រូវ​ប្រយ័ត្ន​ខ្លាំង​ជាង​ពេល​ប្រក្រតី​ ព្រោះ​សារធាតុ​អាហារ​ខ្លះ​អាច​ត្រូវ​បញ្ជូន​បន្ត​ទៅ​កូនតូច​តាមរយៈ​ទឹកដោះម្តាយ​ ​ធ្វើ​ឱ្យ​ទឹកដោះ​របស់​អ្នកម្តាយ​មាន​រសជាតិ​ប្រែប្រួល​ ឬអាច​ធ្វើ​ឱ្យ​មាន​សារធាតុគីមី​ប្រមូល​សន្សំ​នៅក្នុង​រាងកាយ​កូន​បាន​ ​ដូច្នេះ​យើង​នាំគ្នា​មក​មើល​ថា​ តើ​អាហារ​ និង​ថ្នាំ​ទាំង​ 5យ៉ាងដែល​អ្នកម្តាយ​កំពុង​បំបៅ​ដោះ​កូន​ត្រូវ​តម​ និង​ហាម​ញ៉ាំ​នោះ​ មាន​អ្វីខ្លះ​?

    1. ឱសថ​បុរាណ​មួយចំនួន​ ថ្នាំចិនសែ​ប្រភេទ​ខ្លះ​ ឬស្រាថ្នាំ​ជាដើម​ មិន​គួរ​ទទួលទាន​ទេ​ ព្រោះ​អាច​ធ្វើ​ឱ្យ​កូន​ហើមពោះ​ រាក​ យំ​រករឿង​ច្រើន​ ឬបន្ទោបង់​ខុសប្រក្រតី​ទៀតផង​។
    2. ហាម​ទទួលទាន​វត្ថុ​ជ្រក់​ ត្រាំ​ ឬភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល​(ជាតិ​ស្រវឹង​) ព្រោះ​ជាតិ​អាល់កុល​មានផល​ប៉ះពាល់​ដល់​ខួរក្បាល​របស់​កូនតូច​ដោយ​ត្រង់​។
    3. អាហារ​ដែល​មាន​រសជាតិ​ហឹរ​ខ្លាំង​ គួរ​តម​សិន​ ព្រោះ​នឹង​ធ្វើ​ឱ្យ​កូន​បាន​ទទួល​រសជាតិ​ហឹរ​ពី​ទឹកដោះម្តាយ​ដែរ​ និង​អាច​ធ្វើ​ឱ្យ​កូនតូច​ឈឺពោះ​បាន​ តែបើ​អាហារ​ឱសថ​បុរាណ​មួយ​ចំនួន​ដូចជា​ ស្លឹក​ម្រះព្រៅ​ ខ្ញី​ ម្រេច​ អាច​ទទួលទាន​បាន​ ព្រោះ​ជា​អាហារ​ដែល​មាន​រសជាតិ​ក្តៅ​ខុសពី​ម្ទេស​។ ​អាហារ​ឱសថ​បុរាណ​ដែល​មាន​រសជាតិ​ក្តៅ​ទាំងនោះ​ ថែមទាំង​ជួយ​បំប៉ន​ទឹក​ដោះ​ម្តាយ​ទៀតផង​។
    4. បន្លែ​ដែល​មាន​ជា​តិ​ហ្គាស​ច្រើន​ ដូចជា​ ស្ពៃ​ក្តោប​ ផ្កា​ខាត់ណា​ ឬបន្លែស្រស់​ប្រភេទ​ខ្លះ​ គួរ​តម​សិន​ ព្រោះ​អាច​ធ្វើ​ឱ្យ​កូន​ហើមពោះ​បាន​ ឬបើ​ចង់​ញ៉ាំ​ គួរ​ញ៉ាំ​បន្លែ​ដែល​ឆ្អិន​ហើយ​ប្រសើរ​ជាង​។5. ថ្នាំពេទ្យ​មួយចំនួន​មានផល​ប៉ះពាល់​ដល់​កូន​តាមរយៈ​ទឹកដោះម្តាយ​ ដូច្នេះ​បើ​អ្នកម្តាយ​កើតមាន​អាការ​ឈឺថ្កាត់​អ្វីមួយ​ និង​ត្រូវ​ការប្រើ​ប្រាស់​ថ្នាំ​ ត្រូវ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន​គ្រប់ពេល​៕

  • អ្នកជំនាញ​មើលឃើញ​ថា​ អ្នក​អភិវឌ្ឍន៍​ចាប់ផ្តើម​ងាក​មក​វិនិយោគ​លើ​គម្រោង​ខុន​ដូ​តម្លៃ​សមរម្យ​

    អ្នកជំនាញ​មើលឃើញ​ថា​ អ្នក​អភិវឌ្ឍន៍​ចាប់ផ្តើម​ងាក​មក​វិនិយោគ​លើ​គម្រោង​ខុន​ដូ​តម្លៃ​សមរម្យ​

    នា​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ការ​អភិវឌ្ឍ​និង​សាងសង់​ខុន​ដូ​នៅ​កម្ពុជា​ មានការ​រីកចម្រើន​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់​ ស្រប​ពេល​ដែល​វិស័យ​អចលនទ្រព្យ​ផ្សេងទៀត​ ក៏​មានការ​រីកចម្រើន​ខ្លាំង​ផង​ដែរ​។ជាមួយគ្នា​នេះ​ ការ​អភិវឌ្ឍ​ខុន​ដូ​ ដែល​ត្រូវ​បាន​វិនិយោគ​ដោយក្រុម​ហ៊ុន​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ មួយរយៈពេល​ចុងក្រោយ​នេះ​បាន​ចាប់ផ្តើម​ងាក​មក​វិនិយោគ​លើ​គម្រោង​ខុន​ដូ​ដែល​មានតម្លៃ​សមរម្យ​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​កម្រិតមធ្យម​វិញ​ម្ដង​។

    ទន្ទឹមគ្នា​នេះ​ អ្នកជំនាញ​ផ្នែក​វាយតម្លៃ​អចលន​ទ្រព្យ​នៅ​កម្ពុជា​ បាន​លើកឡើង​ថា​ កាលពី​ក្នុង​ឆ្នាំ​2019​ ទីផ្សារ​ខុន​ដូ​ នៅ​កម្ពុជា​ហាក់​កំពុង​កើនឡើង​យ៉ាង​សន្ធឹក​សន្ធាប់​ ដែល​សុទ្ធសឹងតែ​ជា​គម្រោង​យក្ស​ ប៉ុន្តែ​ក្នុង​នោះ​ក៏​មានការ​ផ្លាស់​ប្តូរ​ផង​ដែរ​ ពី​ការ​ផ្គត់ផ្គង់​ខុន​ដូ​តម្លៃ​ខ្ពស់​ មក​ជា​ការ​ផ្គត់ផ្គង់​តម្លៃ​សមរម្យ​ដូច​បុរី​តម្លៃ​ខ្ពស់​ មក​ជា​បុរី​តម្លៃ​សមរម្យ​ដែរ​។

    អ្នកនាង​ អាន​ សុធី​តា​ នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ បានឱ្យ​ដឹង​ថា​ ស្រប​ទៅ​នឹង​កំណើន​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​កំពុង​មាន​តម្រូវការ​អគារ​ស្នាក់នៅ​រួម​ប្រភេទ​ខុន​ដូ​ដែល​បន្ត​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​នោះ​ ត្រូវ​បាន​អ្នកជំនាញ​ចាត់ទុកថា​ ទីផ្សារ​ខុន​ដូ​នឹង​ក្លាយជា​ទីផ្សារ​នាំ​មុខ​គេ​នៅក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​។ ជាមួយគ្នា​នោះ​អ្នកនាង​បានឱ្យ​ដឹង​ទៀត​ថា​ បច្ចុប្បន្ន​ខុន​ដូ​ដែល​មាន​តម្លៃ​សមរម្យ​កំពុង​ទទួល​បានការ​គាំទ្រ​ពីទី​ផ្សា​ក្នុង​ស្រុក​ប្រមាណ​ជាង​ 50​% ជាពិសេស​សំដៅ​ដល់​ខុន​ដូ​ដែល​សាងសង់​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី​ 50,000​ទៅ​ 80,000ដុល្លារ​ក្នុង​ 1យូនី​ត។

    អ្នកនាង​បន្ត​ថា​ ការ​វិនិយោគ​លើ​ទីផ្សារ​ខុន​ដូ​ ដែល​ផ្តោត​លើ​ប្រជាជន​មាន​ជីវភាព​មធ្យម​ ពួកគេ​អាច​ទទួល​បាន​ជោគជ័យ​ ដោយសារ​ប្រជាជន​ក្នុង​ស្រុក​អាច​មានលទ្ធភាព​ទិញ​បាន​ ហើយ​និន្នាការ​ប្រជាជន​ក្នុង​ស្រុក​ដែល​ទិញ​ខុន​ដូ​ ក៏​មានការ​កើនឡើង​ផង​ដែរ​ខណៈ​ដែល​ប្រជាជន​កម្ពុជា​វ័យក្មេង​ភាគច្រើន​ ចាប់ផ្តើម​ចង់​រស់នៅ​ក្នុង​ជីវិត​បែប​ឯករាជ្យ​ និង​ម្យ៉ាង​ បញ្ហា​ចម្ងាយផ្លូវ​ និង​បញ្ហា​កកស្ទះ​ចរាចរណ៍​ខ្លាំង​នៅក្នុង​ទីក្រុង​ ក៏​ជា​មូលហេតុ​មួយ​ផង​ដែរ​។

    ជាមួយគ្នា​នោះ​ដែរ​ សម្រាប់​អគ្គនាយក​ក្រុមហ៊ុន​ ខ្មែរ​រៀល​ អុីស្ទេ​តលោក​ឧកញ៉ា​បណ្ឌិត​ គីម​ ហ៊ា​ង បាន​លើកឡើង​ថា​ដោយសារតែ​ប្រជាជន​ខ្មែរ​ភាគច្រើន​ជាគ្រួសារ​ដែល​មាន​ចំណូល​មធ្យម​ លោក​ជឿ​ថា​ វា​ដល់ពេល​ដែល​អ្នក​អភិវឌ្ឍន៍​ត្រូវ​ផ្ដោត​លើ​គម្រោង​ខុន​ដូ​ និង​លំនៅឋាន​តម្លៃ​សមរម្យ​ហើយ​។

    ជាក់ស្តែង​សម្រាប់​ផ្នែក​លំនៅឋាន​ បុរី​ ផ្ទះល្វែង​ លោក​សង្កេតឃើញ​ថា​ កាលពី​ឆ្នាំ2019​ មាន​តម្រូវការ​ខ្លាំង​ បើ​ធៀប​នឹង​ឆ្នាំ2018កន្លងទៅ​ ជាពិសេស​សម្រាប់​ខុន​ដូ​ និង​លំនៅឋាន​តម្លៃ​សមរម្យ​ ដែល​មានតម្លៃ​ក្រោម​ 10ម៉ឺន​ដុល្លារ​កំពុង​ត្រូវប៉ាន់​ខ្លាំង​ពីសំណាក់​ទីផ្សារ​ក្នុង​ស្រុក​។

    ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​លើ​គម្រោង​ខុន​ដូ​តម្លៃ​សមរម្យ​នេះ​ដែរ​ លោក​ Chen​ Tai​ An​ ប្រធាន​ក្រុមហ៊ុន​ Yunnan​ ShengMao​ Investment​ ជា​ក្រុមហ៊ុន​ដែល​បាន​វិយោគ​លើ​គម្រោង​ខុន​ដូ​ TCC​ បានឱ្យ​ដឹង​ថា​ គម្រោង​ខុន​ដូ​ TCC​ ដែល​បើក​លក់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី18​ មករា​កន្លងមក​នេះ​ គឺ​ផ្តោត​ទៅលើ​ពលរដ្ឋខ្មែរ​ដែល​មាន​ចំណូល​ទាប​ និង​មធ្យម​ ដោយមាន​តម្លៃ​ចាប់ពី​ 950ដុល្លារ​ក្នុង​ 1ម៉ែត្រការ៉េ​ ដែល​នេះ​ជា​តម្លៃ​ទាប​ជាង​ទីផ្សារ​សម្រាប់​តំបន់​ក្នុង​ទីក្រុង​។

    លោក​បន្ត​ថា​ តាមរយៈ​ការ​វិនិយោគ​នេះ​ យើង​នឹង​ឈាន​ទៅ​រួមចំណែក​ជួយ​ជំរុញ​ដល់​ពលរដ្ឋ​កម្ពុជា​ឱ្យ​មាន​លំនៅឋាន​មួយ​សមរម្យ​ ពិសេស​ចង់​ជួយ​ពលរដ្ឋ​ដែល​មាន​ប្រាក់ចំណូល​ទាប​ និង​មធ្យម​ ឱ្យ​មានលទ្ធភាព​ទិញ​ ឬបង់​រំលស់​បាន​។យោង​តាម​របាយការណ៍​ព្យាករ​ទីផ្សារ​អចលន​-ទ្រព្យ​ឆ្នាំ2020​ របស់​

  • ទីផ្សារ​ដំឡូងមី​ឆ្នាំទៅ​ ហាក់​ផ្តល់​ក្តី​សង្ឃឹម​ច្រើន​ដល់​កសិករ​

    ទីផ្សារ​ដំឡូងមី​ឆ្នាំទៅ​ ហាក់​ផ្តល់​ក្តី​សង្ឃឹម​ច្រើន​ដល់​កសិករ​

    ផលិតផល​ដំឡូងមី​ ត្រូវ​បាន​ចាត់ទុកថា​ជា​កសិផល​សំខាន់​ និង​មានការ​ដាំដុះ​ច្រើនជាង​គេ​លំដាប់​ទី2​ បន្ទាប់ពី​ស្រូវ​នៅ​កម្ពុជា​ ហើយ​ទីផ្សារ​ដំឡូងមី​កាលពី​ឆ្នាំ2019​ កន្លងទៅ​ បាន​បង្ហាញ​នូវ​សញ្ញា​ល្អ​សម្រាប់​ប្រជាកសិករ​ ខណៈ​ដែល​តម្លៃ​មាន​ភាព​សមប្រកប​ជាង​ឆ្នាំទៅ​(2018​)។

    ជាក់ស្តែង​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និង​នេសាទ​ ឯកឧត្តម​ វេង​ សា​ខុន​ បានឱ្យ​ដឹង​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុ​កផ្លូវការ​របស់​ឯកឧត្តម​កាលពី​ពេល​ថ្មី​ៗថា​ សមាជិក​សហគមន៍​កសិកម្ម​ផលិត​ដំឡូងមី​ចំនួន​ 8កន្លែង​ក្នុង​ខេត្តព្រះវិហារ​ កំពុង​មមាញឹក​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រមូល​ផលដំណាំ​ដំឡូងមី​ លក់​ជូន​ក្រុមហ៊ុន​តាម​កិច្ចសន្យា​ ដោយ​ភាព​សប្បាយរីករាយ​។

    ឯកឧត្តម​ វេង​ សា​ខុន​ បាន​បញ្ជាក់​បន្ត​ថា​ តម្លៃ​ទីផ្សារ​ដំឡូងមី​ក្នុង​ខេត្តព្រះវិហារ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ​ និង​ផ្តល់​ក្តី​សង្ឃឹម​ច្រើន​ដល់​កសិករ​។ ជាង​នេះ​ទៀត​ ឯកឧត្តម​ក៏បាន​បង្ហាញ​នូវ​ទស្សនៈ​សុទិដ្ឋិនិយម​ចំពោះ​សារៈសំខាន់​នៃ​វិស័យ​ដំឡូងមី​នៅ​កម្ពុជា​ ដោយ​ការ​រីកចម្រើន​នៃ​វិស័យ​ដំឡូងមី​នឹង​រួមចំណែក​លើកកម្ពស់​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន ហើយ​ប្រទេស​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​នាំចេញ​ដំឡូងមី​ដែល​អាច​ទុកចិត្ត​បាន​ទៅកាន់​ទីផ្សារ​ពិភពលោក​។

    ទាក់ទិន​នឹង​ការ​លើកឡើង​នេះ​ដែរ​ លោក​ លា​ ថេត​ ដែល​ជា​កសិករ​ដាំដំឡូង​មី​ មក​ពី​សហគមន៍​កសិកម្ម​ជាំ​ក្សាន្ត​ជាយដែន​ ខេត្តព្រះវិហារ​ បាន​រៀបរាប់​ប្រាប់​ថា​ ចំពោះ​ទីផ្សារ​ដំឡូងមី​នៅក្នុង​ឆ្នាំ​កន្លងទៅ​ ឃើញថា​ មានតម្លៃ​កើនឡើង​ជាង​ឆ្នាំ​មុន​ៗ

    ដោយ​ដំឡូងមី​ស្រស់​ មានតម្លៃ​ថ្លៃ​ បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំមុន​។ លោក​ថា​ ឆ្នាំមុន​ ដំឡូងមី​ស្រស់​ 1គីឡូក្រាម​ តម្លៃ​តែ​ 340រៀល​ រី​ឯឆ្នាំ2019​ តម្លៃ​បាន​កើន​ដល់​ 370រៀល​។កសិករ​រូប​នេះ​ បានឱ្យ​ដឹង​ថា​ “ខ្ញុំ​មានការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ ចំពោះ​តម្លៃ​ដំឡូងមី​ស្រស់​ នៅ​ឆ្នាំ​2019​។

    លទ្ធផល​នេះ​ គឺ​ដោយសារ​មានការ​យកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្តព្រះវិហារ​គ្រប់​ជាន់ថ្នាក់​ ជាពិសេស​លោក​ប្រធានមន្ទីរ​ ក្នុង​ការ​សហការ​ និង​ស្វះស្វែង​រក​ទីផ្សារ​កសិផល​ជូន​កសិករ​ក្នុង​ខេត្ត​ព្រះវិហារ​ ជាពិសេស​បង្កើត​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​ ជាមួយ​ក្រុមហ៊ុន​ CACC​ និង​ក្រុមហ៊ុន​ដទៃទៀត​ និង​ដោយមាន​ការ​ខិតខំ​ប្រឹងប្រែង​របស់​កសិករ​របស់​យើង​ផង​ដែរ​”។

    យោង​តាម​របាយការណ៍​បូកសរុប​លទ្ធផល​នៅ​ឆ្នាំ2019​ របស់ក្រ​សួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ដំឡូងមី​ដែល​កម្ពុជា​ផលិត​បាន​សម្រាប់​នាំចេញ​នោះ​ មាន​ចំនួន​ជាង​ 3លាន​តោន​(3,310,092តោន​) ដោយ​ក្នុង​នោះ​មាន​ចំណិត​ដំឡូងមី​ 1,626,165តោន​) ដំឡូងមី​ស្រស់​ 1,608,450​តោន​ ម្សៅដំឡូង​មី​ 56,874តោន​ កាកសំណល់​ដំឡូងមី​ 18,602តោន​។របាយការណ៍​ដដែល​បាន​បន្ត​ថា​ ផលិតផល​ដំឡូងមី​នៅ​ឆ្នាំ2019​ កើនឡើង​ 26.66ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ2018​ ដែល​មាន​ចំនួន​ 2,613,220តោន​។

    ចំណែក​ផ្ទៃដី​ដាំដុះ​ដំឡូងមី​នៅ​ឆ្នាំ2019​ វិញ​ មាន​ចំនួន​ 648,476ហិ​កតា​ ថយ​ចុះ0.57ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ2018​ ដែល​មាន​ជាង​ 65ម៉ឺន​ហិ​កតា​។ ចំណែក​បរិមាណ​ផល​ដំឡូងមី​ ដែល​បាន​ពី​ផ្ទៃដី​ទាំងនេះ​ មាន​ចំនួន​ 14,590,710តោន​ កើនឡើង​ 6.11ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ2018​ ដែល​មាន13,750,076តោន​។យ៉ាងណាក្ដី​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ឯកឧត្តម​ វេង​ សា​ខុន​ ក៏បាន​បង្ហាញ​ឱ្យ​ដឹង​ដែរ​ថា​ សម្រាប់​ឆ្នាំ2019​ កន្លងទៅ​ កម្ពុជា​ទទួល​បាន​ប្រាក់ចំណូល​សរុប​ជាង​ 412លាន​ដុល្លារ​អាមេរិក​ ពី​ការនាំចេញ​ផលិតផល​ដំឡូងមី​ទៅកាន់​ទីផ្សារ​អន្តជាតិ​៕