Author: ធឿន មករា

  • កូរ៉េខាងត្បូង​នឹង​បង្កើន​ការវិនិយោគ ខណៈ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-កូរ៉េ កើន​ដល់​ជាង 1ពាន់​លាន​ដុល្លារ

    កូរ៉េខាងត្បូង​នឹង​បង្កើន​ការវិនិយោគ ខណៈ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-កូរ៉េ កើន​ដល់​ជាង 1ពាន់​លាន​ដុល្លារ

    ប្រធានាធិបតី​នៃ​ប្រទេស​កូរ៉េខាងត្បូង​លោក មូ​នជេ​អុីន (Moon Jae-In) បាន​សន្យា​ជាមួយ​សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ថា នឹង​ជំរុញ​អ្នកវិនិយោគ​កូរ៉េខាងត្បូង​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ថែមទៀត។ ជាពិសេស​ចាប់​ឱកាស​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ។

    លោក Moon Jae-In ប្រធានាធិបតី​នៃ​ប្រទេស​កូរ៉េខាងត្បូង បាន​មានប្រសាសន៍​បែបនេះ​នៅក្នុង​ជំនួប​ស្វាគមន៍ និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី4 ខែកុម្ភៈ ឆ្នាំ2020 នៅ​ទីក្រុង​សេ​អ៊ូ​ល ជាទី​ដែលសម្តេចនាយក​រដ្ឋមន្ត្រី អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិភពលោក ឆ្នាំ2020 របស់​អង្គការ​សហព័ន្ធ​សន្តិភាព​សកល។

    ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​ប្រធានាធិបតី​កូរ៉េ បានកត់សម្គាល់​ពី​ការរីកចម្រើន​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង2 ដែល​បាន​ឈានដល់​ដំណាក់កាល​ដ៏​ល្អប្រសើរ​មួយនា​ពេលបច្ចុប្បន្ន។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​លើកឡើងថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង​កាលពី​ឆ្នាំមុន​បាន​កើន​ឡើងដល់​ជាង 1ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​សម្ដេច​បានលើកឡើង​ពី​លទ្ធផល​ផ្លែផ្កា ដែលជា​លទ្ធផល​នៃ​ចំណងទាក់ទង​ដ៏​រឹងមាំ​រវាង​ប្រទេស​ទាំង2។

    សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានប្រកាស​ព័ត៌មាន​នេះ នៅក្នុង​ជំនួប​ជាមួយ​ប្រជាជន​កម្ពុ​ជាជាង 1,000នាក់ កាលពី​ថ្ងៃទី3 ខែកុម្ភៈ ឆ្នាំ2020 នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​សហព័ន្ធ​សន្តិភាព​ពិភពលោក (the Universal Peace Federation ឬ UPF) កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ2020 ដែល​ព្រឹត្តិការណ៍​នេះ​បានបញ្ចប់​នៅ​ថ្ងៃទី5 ខែកុម្ភៈ ឆ្នាំ2020។

    សូមបញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី(កម្ពុជា-កូរ៉េ) មានតម្លៃ​សរុប 1,032ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ
    2019។ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង មាន​ចំនួន 335លាន​ដុល្លារ ខណៈ​កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​ប្រទេស​កូរ៉េ​វិញ មានតម្លៃ 696លាន​ដុល្លារ។ កម្ពុជា​បាន​នាំចូល​ក្រណាត់​កូ​តុង ភេសជ្ជៈ គ្រឿង​អេឡិចត្រូនិក រួមទាំង​ឧបករណ៍ប្រើប្រាស់​ក្នុងស្រុក ឱសថ និង​ផលិតផល​ប្លា​ស្ទិ​ក មកពី​ប្រទេស​កូរ៉េខាងត្បូង។

    សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែមថា៖“នេះ​គឺជា​អតុល្យភាព​ក្នុង​ពាណិជ្ជកម្ម ហើយ​នេះ​ដោយសារតែ​តម្រូវការ​របស់​យើង​មាន​ខ្ពស់ សម្រាប់​ទំនិញ​របស់​កូរ៉េខាងត្បូង ដែល​ភាគច្រើន​ជា​រថយន្ត និង​ទូរទស្សន៍ ហើយ​ទំហំ​ពាណិជ្ជកម្ម​នឹងមិន​កើនឡើង​ទេ បើ​គ្មាន​ទំនាក់ទំនង​ការទូត​ល្អ រវាង​ប្រទេស​ទាំង2”។

    គិត​ចាប់ពី​ឆ្នាំ1994 ដល់​ឆ្នាំ2019 គម្រោង​វិនិយោគ​របស់​កូរ៉េខាងត្បូង ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) មាន​ចំនួន 215គម្រោង ក្នុង​ទំហំ​ទឹកប្រាក់​ជិត 5ពាន់​លាន​ដុល្លារ​អាមេរិក។ ក្នុងនោះ​មាន 123គម្រោង បាន​វិនិយោគ​ទៅលើ​រោងចក្រ ជាមួយ​ទុនវិនិយោគ 486លាន​ដុល្លារ បង្កើត​ការងារ​ជូន​ប្រជាជន​បាន​ប្រមាណ 8ម៉ឺន​កន្លែង។ កូរ៉េខាងត្បូង​ក៏​ជា​ប្រទេស​ទី2 ផងដែរ ជា​អ្នកវិនិយោគ​បរទេស​ផ្ទាល់ ធំជាងគេ​នៅ​កម្ពុជា​បន្ទាប់ពី​ចិន។ នេះ​ជាការ​កត់សម្គាល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅក្នុង​កូរ៉េខាងត្បូង។

    សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា “ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-កូរ៉េ បាន​កើន​ឡើងជា​លំដាប់ ហើយ​ការកើនឡើង​នេះ​មិនអាច​កាត់​ផ្តាច់ចេញ​បាន​ទេពី​ទំនាក់ទំនង​ការទូត​ដ៏​ល្អ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​កូរ៉េ”។

    សម្តេច​ក៏បាន​លើកឡើង​អំពី​ផ្លែផ្កា​នៃ​ទំនាក់ទំនង​ការទូត​យ៉ាង​ល្អ​នេះ ដែល​ធ្វើឱ្យ​កម្ពុជា អាច​នាំចេញ​ផ្លែស្វាយ​ដោយផ្ទាល់​មកកាន់​ប្រទេស​កូរ៉េ ចាប់តាំងពី​ខែមករា ឆ្នាំ2020 មក។ ការនាំចេញ​ផ្លែស្វាយ​ទៅកាន់​ប្រទេស​កូរ៉េ​នេះ គឺជា​ការរីកចម្រើន​ថ្មី​របស់​កម្ពុជា ដែល​អាច​តម្រូវ​បាន​តាម​ស្តង់ដា​ទីផ្សារ​ក្នុងប្រទេស​ជឿនលឿន ដូចជា​ប្រទេស​កូរ៉េខាងត្បូង​នេះ​ជាដើម។

    ការនាំចេញ​ផ្លែស្វាយ​ទៅទីផ្សារ​ប្រទេស​កូរ៉េ​ដ៏​ធំ​នេះ ផ្តល់ឱកាស​ដល់​អ្នក​ដាំ​ស្វាយ​នៅ​កម្ពុជា ពង្រីក​អាជីវកម្ម​របស់ខ្លួន​កាន់តែ​ធំ​ជាង​មុន ព្រោះថា ផ្លែស្វាយ​ទាំងនោះ​មិនមែន​ត្រឹមតែ​ផ្គត់ផ្គង់​សម្រាប់តែ​ប្រជាជន​កូរ៉េ​ជាង 50លាន​នាក់​នោះទេ គឺអាច​ផ្គត់ផ្គង់​ដល់​ភ្ញៀវទេសចរ​ដែល​មកលេង​ប្រទេស​កូរ៉េ​ផងដែរ។

    សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា៖“ប្រភព​ទីផ្សារ​ដែល​យើង​នាំមក​កូរ៉េ វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការជំរុញ​ការដាំដុះ​នៅ​ប្រទេស​កម្ពុជា ហើយ​យើង​កំពុងតែ​ស្វែងរក​ឱកាស​ក្នុង​ការនាំចេញ​នូវ​មុខទំនិញផ្សេងៗបន្ថែមទៀត អ៊ីចឹង​ផ្លែស្វាយ​កម្ពុជា មិន​អន់​ជាង​ផ្លែស្វាយ​របស់​បណ្ដា​ប្រទេស​អាស៊ាន​ប៉ុន្មាន​ទេ”។

    សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ណែនាំ​ដល់​អ្នក​នាំចេញ​ស្វាយ​មកកាន់​ប្រទេស​កូរ៉េ​ទាំងអស់​ដែរ​ថា សូម​គោរព​តាម​ស្តង់ដា​អនាម័យ​ឱ្យបាន​ត្រឹមត្រូវ ធ្វើយ៉ាងណា​កុំ​រកស៊ី​លក់​ផ្លូវ ដែលនាំឱ្យ​ប៉ះពាល់​ដល់​ការធ្វើ​ពាណិជ្ជកម្ម​របស់ខ្លួន​ផង និង​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ ប្រទេសជាតិ​ផងដែរ។

    សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​បញ្ជា​ក់ទៀត​ដែរ​ថា៖“តាំងពី​ឆ្នាំ1996 ដល់​ឆ្នាំ2018 កូរ៉េខាងត្បូង​បានផ្តល់​ជំនួយឥតសំណង​ជាង 300លាន​ដុល្លារ​អាមេរិក ហើយ​ឆ្នាំ2019 កន្លងទៅ​ជំនួយឥតសំណង មាន 17លាន​ដុល្លារ និង​ឆ្នាំ2020 កូរ៉េ​គ្រោង​នឹង​ផ្តល់ឱ្យ​កម្ពុជា 24លាន​ដុល្លារ​ថែមទៀត។ គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ2019 កូរ៉េខាងត្បូង​ផ្តល់​កម្ចី​សម្រាប់​ការអភិវឌ្ឍ​ប្រមាណ 889 លាន​ដុល្លារ បើក​ប្រើប្រាស់​អស់ 442លាន​ដុល្លារ ហើយ​ការត្រៀម​ផ្តល់នៅ​ឆ្នាំ2019 ដល់​ឆ្នាំ 2023 ប្រមាណ 700លាន​ដុល្លារ​បន្ថែមទៀត​សម្រាប់​ការអភិវឌ្ឍន៍​គម្រោង​ចំនួន10”។

    ជាមួយគ្នានេះ រដ្ឋាភិបាល​ទាំង2 បាន​ផ្លាស់ប្តូរ​យោបល់​គ្នា ដើម្បី​ជំរុញ​ការវិនិយោគ​ពាណិជ្ជកម្ម និង​ទេសចរណ៍ រួមទាំង​ការហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង2 ទៀតផង។ បច្ចុប្បន្ននេះ មាន​ជើងហោះហើរ​ចំនួន 50ជើង​ក្នុង 1សប្តាហ៍ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​កូរ៉េខាងត្បូង ដែល​ស្ថិត​ក្នុងចំណោម​ចំណាត់ថ្នាក់​ទាំង10 សម្រាប់​ការមកដល់​នៃ​ទីផ្សារ​ទេសចរណ៍​កម្ពុជា។ កាលពី​ឆ្នាំមុន ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​សរុប ចំនួន 254,874នាក់ មកពី​ប្រទេស​កូរ៉េ ដែល​នេះ​ជាការ​ថយចុះ 15% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន(2018)។

    លើសពីនេះ​ទៀត ទំនាក់ទំនង​រវាង​ប្រទេស​ទាំង2 ក៏​ត្រូវបាន​ឆ្លុះបញ្ចាំង​នៅក្នុង​កិច្ច​ជំនួប​នេះ​ផងដែរ​ថា មាន​និស្សិត​កម្ពុ​ជាជាង 400នាក់ កំពុង​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ និង​មាន​ពលករ​ខ្មែរ​ជាង 65,000នាក់​កំពុងធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ។ បើតាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ហើយ​ពលករ​ទាំង​នោះបាន​ផ្ញើ​ប្រាក់​ប្រមាណ 400លាន​ដុល្លារ​ទៅ​ឪពុកម្តាយ​របស់​ពួកគេ​ជា​រៀងរាល់ឆ្នាំ។

    សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​កូរ៉េ បានចាប់ផ្តើម​បង្កើតឱ្យមាន​ការចរចា ការធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា-កូរ៉េ ដែលជា​ឱកាស​ឱ្យ​កម្ពុជា ពង្រីក​អាច​ទីផ្សារ​នៅ​ប្រទេស​កូរ៉េ​កាន់តែ​ធំ​ឡើង។

    សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា៖“រដ្ឋាភិបាល​ទាំង2 បានចាប់ផ្តើម​ធ្វើការ​សិក្សា​លើ​កិច្ចព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី នៅពេល​វា​ក្លាយជា​ការពិត វា​នឹង​អនុញ្ញាតឱ្យ​ប្រទេស​កម្ពុជា​មានឱកាស​មួយទៀត ដើម្បី​ពង្រីក​ទីផ្សារ​របស់ខ្លួន​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង”។

    កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំមុន កិច្ចព្រមព្រៀង​ដើម្បី​ធ្វើការ​សិក្សា​លើ​កិច្ចព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី ត្រូវបាន​ចុះហត្ថលេខា​រវាង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កូរ៉េខាងត្បូង លោក Yoo Myung-hee  ជាមួយ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៅក្នុង​ទីក្រុង​ប៊ូសាន​ប្រទេស​កូរ៉េខាងត្បូង ដែល​អាច​ត្រូវ​ចំណាយពេល 1ឆ្នាំ​ក្នុង​ការសិក្សា។

    កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​យន្តការ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ ដែល​នឹង​ជួយ​ក្រុមហ៊ុន​កូរ៉េខាងត្បូង ឱ្យ​ជ្រាបចូល​កាន់តែ​ជ្រៅ​មក​ក្នុងប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះជាមួយនឹង​សក្តានុពល​នៃ​កំណើន​ដ៏​លេចធ្លោ ខណៈដែល​វា​ក៏​អនុញ្ញាតឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ក្លាយជា​ទីផ្សារ​សក្តានុពល​ថ្មី​សម្រាប់​ការនាំចេញ​របស់ខ្លួន​ផងដែរ។

    សូមជម្រាបថា ប្រទេស​កូរ៉េខាងត្បូង មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​បាន​ចូល​ជា​ធរមាន​ជាមួយ​ប្រទេស​សិង្ហ​បុរី ក្នុង​ឆ្នាំ2006 និង​ជាមួយ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ2015។

    ដោយឡែក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​សហព័ន្ធ​សន្តិភាព​ពិភពលោក (UPF) ថា ប្រធានបទ​នៃ​វេទិកា​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់ និង​ចាំបាច់ ស្រប​ពេលដែល​ប្រជាជាតិ​ទាំងអស់​ក្នុង​ពិភពលោក កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន ដែល​បង្ក​ផលប៉ះពាល់ និង​គំរាម​ដល់​សន្តិភាព កំណើនសេដ្ឋកិច្ច វិបុលភាព និង​ភាពសុខដុមរមនា​រប​ស់​ប្រជាជន​ក្នុង​សកលលោក។

    សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកឡើងថា រាជរដ្ឋាភិបាល​បាន​យល់ច្បាស់​ថា ការបន្ត​រក្សាបាន​នូវ​សន្តិភាព គឺ​មិនអាច​កាត់ផ្ដាច់​បាន​ពី​ការ​ផ្ដល់ឱកាស​ស្មើគ្នា​ជូន​ប្រជាជន គ្រប់រូប​នូវ​ផ្លែផ្កា​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក៏ដូចជា​អភិវឌ្ឍន៍​ធនធានមនុស្ស​ឱ្យ​ក្លាយជា​ធនធាន​ដែលមាន​សក្តានុពល​មិនចេះ​រីងស្ងួត​ផងដែរ។

    សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​ផងដែរ​ថា ប្រទេស​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី1 ក្រោម​ប្រធានបទ“ការពង្រឹង​ពហុភាគី​និយម​ដើម្បី​កំណើន​រួម”នៅ​ខែវិច្ឆិកា ឆ្នាំ2020 ខាងមុខ ក្នុង​គោលបំណង​បង្កើត​ការមូល​មតិ​គ្នា​ជា​អន្តរជាតិ ប្រកបដោយ​ថាមពលស្ដីពី​សារៈសំខាន់​នៃ​ក្របខ័ណ្ឌ​ពហុភាគី​ក្នុងការ​ដោះស្រាយ​បញ្ហា និង​ការ​ប្រឈម​របស់​ពិភពលោក៕

  • ឥណទាន​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​កាល​ឆ្នាំ​2019 កើន​ដល់​ចំនួន​ប្រមាណ​ជាង 7ពាន់​លាន​ដុល្លារ

    ឥណទាន​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​កាល​ឆ្នាំ​2019 កើន​ដល់​ចំនួន​ប្រមាណ​ជាង 7ពាន់​លាន​ដុល្លារ

    ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ស៊ី​អឹម​អេ ឬ​ស.ម.ក (Cambodia Microfinance Association ឬ​​​ CMA) បានឱ្យដឹងថា វិស័យ​មីក្រូហិរញ្ញវត្ថុ​នឹង​បន្ត​មាន​សុខ​ភាពល្អ ខណៈ ដែល​ផលប​ត្រក​ម្ចី មាន​ដល់​ទៅ​ជាង 7ពាន់​លាន​ដុល្លារ។ ផលប​ត្រ​ឥណទាន​នេះ​បាន​បន្ត​ជាមួយនឹង​លទ្ធផល​ប្រសើរ​ជាង​មុន ជាមួយនឹង​ការកើនឡើង​ជិត 30%។

    លោក គា បូរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (ស៊ី​អឹម​អេ) បាន​មានប្រសាសន៍ថា៖“បើ​យើង​ក្រឡេកមើល​សមិទ្ធផល​មីក្រូហិរញ្ញវត្ថុ​ជាទូទៅ វា​ល្អ​កាលពី​ឆ្នាំមុន។ ប្រជាជន​កម្ពុជា​ចំនួន 2.1លាន​នាក់​បាន​ប្រើប្រាស់​សេវាកម្ម​របស់​អ្នកផ្តល់​ប្រាក់កម្ចី​ខ្នាតតូច ដោយ​ខ្ចីប្រាក់​សរុប​ចំនួន 7.5ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ2019 ពោលគឺ​កើនឡើង​ជិត 30% បើ​ធៀប​នឹង​ឆ្នាំមុន។ ខណៈពេលដែល​ប្រាក់​បញ្ញើ ក៏​កំពុង​កើន​ឡើងជា​លំដាប់​ផងដែរ និង​អ្នក​សន្សំ​មាន​ចំនួន​ជិត 3លាន​នាក់ ដោយមាន​ទឹកប្រាក់​ជិត4ពាន់​លាន​ដុល្លារ​នៅតាម​ការិយាល័យ​ចំនួន 1,400កន្លែង​ដែលមាន​បុគ្គលិក​ចំនួន 34,000នាក់​នៅ​ទូទាំងប្រទេស”។

    លោក​បានធ្វើការ​កត់សម្គាល់​ថា ការបំពេញ​ការងារ​ប្រកបដោយ​សុខភាព​ល្អ ក៏​ឆ្លុះបញ្ចាំង​ពី​សមាមាត្រ​នៃ​ប្រាក់កម្ចី​មិន​ដំណើរការ​ដែរ (NPL) ដែល​ក្នុងនោះ​លោក​បាន​មានប្រសាសន៍ថា ប្រាក់កម្ចី​ដែល​ការទូទាត់​លើសពី 30ថ្ងៃ គឺមាន​ទាប​ជាង 1% នៅ​ចុងឆ្នាំ2019 ដែលជា​អត្រា​ទាប​ជាង​ឆ្នាំមុន។

    សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (ស.ម.ក) Cambodia Microfinance Association ឬ ​CMA បានដាក់​ចេញ​នូវ​គម្រោង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ប្រកបដោយ​ការទទួលខុសត្រូវ ខណៈ​ការផ្តល់​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​កើន​ដល់​ចំនួន​ប្រហែល 7ពាន់​លាន​ដុល្លារ។

    គម្រោង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ប្រកបដោយ​ការទទួលខុសត្រូវ​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​ការព្រួយបារម្ភ​នានា និង​រួមចំណែក​ក្នុង​កំណើនសេដ្ឋកិច្ច តាមរយៈ​ការធ្វើឱ្យ​ប្រជាជន​កម្ពុជា​មានលទ្ធភាព​ទទួលបាន​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្លូវការ​ប្រកបដោយ​ការទទួលខុសត្រូវ។ គម្រោង 3ឆ្នាំ​ដែល​ទទួលបាន​វិភាគទាន​ពី​សមាជិក​របស់ ស.ម.ក នេះ នឹង​រួមចំណែក​ដល់​យុទ្ធសាស្ត្រ​ស្តីពី​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ឆ្នាំ2019-2025 របស់​ធនាគារជាតិ​នៃ​កម្ពុជា។

    លោក គា បូរាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បាន​មានប្រសាសន៍ថា៖“គម្រោង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ប្រកបដោយ​ការទទួលខុសត្រូវ ឆ្លើយតប​បន្ថែមទៀត​ទៅ​នឹង​ការព្រួយបារម្ភ​នានា ព្រមទាំង​ចូលរួមចំណែក​ក្នុង​កំណើនសេដ្ឋកិច្ច ដែល​ធ្វើឱ្យ​ប្រជាជន​កម្ពុជា មាន​សិទ្ធិ​ទទួល​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​បន្ថែម ក្នុងពេលដែល ស.ម.ក ឬ CMA បាននិងកំពុង​ធ្វើការ​ងារ​នេះ ជាមួយ​សមាជិក​របស់​ខ្លួន​ផងដែរ​ចាប់តាំងពី​ឆ្នាំ2017 មក”។

    ជាមួយគ្នានេះដែរ អតិថិជន​ដែល​បាន​ប្រើប្រាស់​ប្រាក់កម្ចី​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ ភាគច្រើន​ប្រើប្រាស់​នៅក្នុង​វិស័យ​កសិកម្ម ពាណិជ្ជកម្ម និង​ផលិតកម្ម រីឯ​វិស័យ​សេវាកម្ម​វិញ ក៏មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​ផងដែរ។ យើង​បាន​ប្រឈម​នឹង​បញ្ហា​មួយចំនួន ដែល​បញ្ហា​មួយ​គឺ​ការគំរាមកំហែង​នៃ​ស្ថានភាព​គ្រោះរាំងស្ងួត​ក្នុង​ឆ្នាំ2018 ពីព្រោះ​កសិកម្ម គឺជា​វិស័យ​អាទិភាព​មួយ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ដែល​កំណើន​ឥណទាន​ថយចុះ​បន្តិច​នៅ​ដើមឆ្នាំ2019។ ទោះយ៉ាងណា កំណើន​ឥណទាន​ចាប់ផ្តើម​មាន​អត្រាកំណើន​ល្អ ចាប់ពី​ត្រីមាស​ទី3 នៃ​ឆ្នាំ​នោះ។

    សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា គឺជា​ស្ថាប័ន​តែមួយគត់ តំណាងឱ្យ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ដែល​បាន​ចុះបញ្ជី​ស្របច្បាប់ និង​អនុវត្ត​នូវ​គម្រោង​តម្លៃ​ជិត 1លាន​ដុល្លារ ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមាជិក​របស់ខ្លួន ព្រមទាំង​ដៃគូសំខាន់ៗ ដូចជា​ធនាគារជាតិ​នៃ​កម្ពុជា សមាគម​ធនាគារជាតិ​នៅ​កម្ពុជា ការិយាល័យ​ឥណទាន​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​នានា។

    វិស័យ​ហិរញ្ញវត្ថុ មានការ​ផ្លាស់ប្តូរ​គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល 10ឆ្នាំ​ចុង​ក្រោយនេះ។ ជាបឋម ផលប​ត្រ​ឥណទាន​បាន​កើន​ជាង​មុន 18ដង នៅពេលដែល​ចំនួន​អតិថិជន​កើន​ជាង​មុន 2ដង។ ជាងនេះទៀត វិស័យនេះ​បាន​ប្រែប្រួល​ខ្លាំង ពី​វិស័យ​អង្គការ​អភិវឌ្ឍន៍ ទៅជា​ស្ថាប័នហិរញ្ញវត្ថុ​ដែល​គ្រប់គ្រង​ដោយ​ម្ចាស់ទុន​ឯកជន។

    ថ្មីៗនេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​ពិត​របស់​កម្ពុជា នឹងមាន​ជា​មធ្យម 6.1%នៅ​ឆ្នាំ(2020)នេះ ពោលគឺ​ធ្លាក់ចុះ កាលពី​ឆ្នាំមុន(2019)។ បញ្ហា​នេះ​ភាគច្រើន​ដោយសារតែ​កត្តា​ខាងក្រៅ ដោយ​រដ្ឋាភិបាល​បានលើកឡើង​ពី​មូលហេតុ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក និង​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រល័យ​លោក​ដែល​អាច​បង្ក​គ្រោះថ្នាក់​ធំ​ដល់​ពិភពលោក​ទាំងមូល ការប្រែប្រួល​អាកាសធាតុ និង​ការកាត់បន្ថយ​សន្តិសុខ​ភូមិសាស្ត្រ​នយោបាយ និង​សន្តិសុខ​សកលលោក បន្ទាប់ពី​មានការ​វាយប្រហារ​រប​ស់​អុីរ៉ង់​ទៅលើ​ផលប្រយោជន៍​អាមេរិក​ដែល​ការ​គាំពារ​និយម​រីក​រាលដាល។

    លោក គា បូរាណ ជឿជាក់ថា ប្រសិនបើ​កំណើន​ផ.ស.ស របស់​ប្រទេសជាតិ​ថយចុះ វា​នឹង​ប៉ះពាល់​ដល់​វិស័យ​មីក្រូហិរញ្ញវត្ថុ។ យើង​ត្រូវ​រង់ចាំ​មើលថា តើអ្វីៗនឹង​វិ​វ​ឌ្ឍ​យ៉ាងដូចម្តេច​នៅក្នុង​រយៈពេល​ខ្លី​ខាងមុខ។

    លោក​បាន​មានប្រសាសន៍ថា៖“ប្រសិនបើ​សេដ្ឋកិច្ច​ធ្លាក់ចុះ ការស្នើសុំ​ប្រាក់កម្ចី​ក៏​នឹង​ធ្លាក់ចុះ​ដែរ ហើយ​ការផ្តល់​ប្រាក់កម្ចី ក៏ត្រូវ​យកមក​ពិចារណា​ផងដែរ។ នោះ​ជា​មូលហេតុ ដែល​យើង​រំពឹងថា ផលប​ត្រ​ប្រាក់កម្ចី​នៅ​ឆ្នាំនេះ នឹងមិន​កើនឡើង​ខ្ពស់ជាង​ឆ្នាំ2019 ទេ។ ប៉ុន្តែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម EBA ប្រសិនបើ​វា​ត្រូវបាន​ដក នឹងមិន​ប៉ះពាល់​ដល់​ឧស្សាហកម្ម​មីក្រូហិរញ្ញវត្ថុ​ទេ ពីព្រោះ​ដូចដែល​បានលើកឡើង​ហើយ​ថា វិស័យនេះ​ផ្តោត​សំខាន់​ទៅលើ​វិស័យ​កសិកម្ម”។

    វិស័យ​មីក្រូហិរញ្ញវត្ថុ ក៏បាន​ធ្វើការ​ផ្តោត​ខ្លាំង​ទៅលើ​សហគ្រាស​ធុន​តូច និង​មធ្យម ទន្ទឹមនឹង​ធនាគារ​មួយចំនួន​តូច​ក៏បាន​ហក់​ចូលក្នុង​ទីផ្សារ​នេះដែរ។ ការដាក់​ពិតាន​អត្រា​ការប្រាក់​របស់​រដ្ឋកាលពី​ខែមេសា ឆ្នាំ2017 បានធ្វើឱ្យ​ចំនួន​អតិថិជន​នៅតែ​ថេរ តែ​ទំហំ​ឥណទាន​មធ្យម​កាន់តែ​កើនឡើង​គួរឱ្យកត់សម្គាល់។ កំណើន​នេះ បាន​ជំរុញឱ្យមាន​ការកោតសរសើ​រ ក៏ដូចជា​ក្តីបារម្ភ​ដែរ​ថា អាច​នឹងមាន​បញ្ហា​ប្រឈម ដូចជា​បំណុល​វ័ណ្ឌក ដោយសារតែ​មានការ​ប្រកួត​ប្រជែង​ខ្លាំង​ក្នុង​វិស័យនេះ។

    គេ​រំពឹងថា គម្រោង​នេះ​នឹងចូលរួម​ចំណែក​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ចជាតិ ទី1-ជួយ​លើ​កម្ពស់​បរិ​យា​ប័ន្ន​មីក្រូហិរញ្ញវត្ថុ ដោយ​ប្រើប្រាស់​ស្ដង់ដា​អន្តរជាតិ​ប្រកបដោយ​ក្រមសីលធម៌ មានដូចជា គោលការណ៍​ការពារ​អតិថិជន ឥណទាន​ភ្ជាប់​ជាមួយ​កិច្ចការ​សង្គមគោលការណ៍​ផ្តល់ប្រាក់​កម្ចី ព្រមទាំង​យន្តការ​ដោះស្រាយ​បណ្តឹង​អតិថិជន។ ទី2-លើកកម្ពស់​វិស័យ​អប់រំ​ហិរញ្ញវត្ថុ​ដល់​អតិថិជន និង​សាធារណជន ដោយ​សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា និង​ដៃគូផ្សេង។ ទី3-លើកកម្ពស់​ដល់​ការយល់ដឹង​ពី​តួនាទី​មីក្រូហិរញ្ញវត្ថុ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​ជួយ​កំណើនសេដ្ឋកិច្ច​តាម​ទីជនបទ និង​ទី4-ស្រាវជ្រាវ និង​អភិវឌ្ឍ​បន្ថែម​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ។

    សូមបញ្ជាក់ថា សមាគម​មីក្រូហិរញ្ញវត្ថុ គឺជា​សមាគមវិជ្ជាជីវៈ​មួយ​ដែល​ជួយ​ធ្វើឱ្យមាន​វិបុលភាព និង​និរន្តរភាព​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា ដោយបាន​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច​ព្រមទាំង​ការអភិវឌ្ឍ។ ស.ម.ក មាន​សមាជិក​ចំនួន101ស្ថាប័ន សុទ្ធសឹង​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុគ្រឹះស្ថាន​ឥណទាន​ជនបទ ព្រមទាំង​ក្រុមហ៊ុន​ភតិសន្យា(បង់​រំលស់)។

    លោក កាំ​ង តុង​ងី ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ឱ្យដឹងថា៖“ទិន្នន័យ​នៃ​កម្ចី​ដែល​សមាគម​មាន គេ​មិន​គិត​ជា​ឆ្នាំ​ទេ គឹ​គេ​គិតថា មកដល់​ចំណុច​ពេល​ហ្នឹង មាន​ប្រជាជន​ប៉ុន្មាន​នាក់​ដែល​កំពុងតែ​ទទួលបាន​កម្ចី ហើយ​ចំនួន​លុយ​ប៉ុន្មាន​ដែល​កំពុងតែ​ជំពាក់? ពីព្រោះ​អ្នកខ្លះ​ខ្ចី​ត្រឹម 2-3ឆ្នាំ ឯ​អ្នកខ្លះ​ខ្ចី​ដល់ 10ឆ្នាំ។ ដូច្នេះ​យើង​មិនអាច​គិតថា 1ឆ្នាំ​ប៉ុន្មាន​បានទេ។ ដូច្នេះ​តួលេខ​ពិតប្រាកដ​ដែល​យើង​មាន គិត​ត្រឹម​ខែកញ្ញា ឆ្នាំ2019 គឺមាន​មនុស្ស​ប្រមាណ​ជា 2.1លាន​នាក់​កំពុងតែ​ខ្ចី​បំណុល​ដែលមាន​ទំហំ​ប្រមាណ​ជាង 7.5ប៊ី​លាន​ដុល្លារ”។

    លោក កាំ​ង តុង​ងី ក៏បាន​បញ្ជាក់ដែរថា៖“ចំពោះ​តួលេខ​ដែល​បញ្ជាក់​អំពី​ការអនុវត្ត​ឱ្យបាន​នូវ​ការប្រើប្រាស់​ប្រាស់​រៀល​ឱ្យបាន 10%ក្នុង​ឆ្នាំ2019នោះ សមាគម​បាន​ទាក់ទង​ទៅ​សមាជិក​អ្នកពាក់ព័ន្ធ ដើម្បី​ប្រមូល​ទិន្នន័យ​ហើយ តែបើ​គិតពី​ការប្រើប្រាស់ គឺអាច​លើសពី 10%ហើយ ព្រោះ​វិស័យ​មីក្រូហិរញ្ញវត្ថុ​មាន​អតិថិជន​ប្រមាណ 80%ជា​អ្នក​ខ្ចី ក្នុង​មុខរបរ​ទាក់ទង​នឹង​កសិកម្ម និង​សហគ្រាស​ធុន​តូច និង​មធ្យម ដូច្នេះ​ការប្រើប្រាស់​ប្រាក់រៀល វា​ច្រើនជាង​ខាង​ធនាគារពាណិជ្ជ”៕

  • ឆ្នាំ2019 កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​ជិត 30ម៉ឺន​តោន ខណៈ​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម គ្រោង​មក​ពង្រីក​ផលិតកម្ម​នៅ​កម្ពុជា

    ឆ្នាំ2019 កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​ជិត 30ម៉ឺន​តោន ខណៈ​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម គ្រោង​មក​ពង្រីក​ផលិតកម្ម​នៅ​កម្ពុជា

    រយៈពេល​ពេញ 1ឆ្នាំ2019 កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជិត 30ម៉ឺន​តោន ដែល​ចំនួន​នេះ​កើនឡើង30% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2018។នេះ​បើតាម​របាយការណ៍​ផ្លូវការ របស់​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ។

    របាយការណ៍​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា រយៈពេល​ពេញ 1ឆ្នាំ2019 កន្លងទៅ កម្ពុជា​ផលិត​ជ័រកៅស៊ូ​សម្រេចបាន 287,638តោន កើនឡើង​ចំនួន67,538តោន ស្មើនឹង 30% ធៀប​នឹង​ឆ្នាំ2018។ បរិមាណ​ជ័រកៅស៊ូ​នាំចេញ​នៅ​ឆ្នាំ2019 សម្រេចបាន​ចំនួន 282,071តោន កើនឡើង 64,570តោន ស្មើនឹង 30% ធៀប​នឹង​ឆ្នាំ2018។

    គួរកត់សម្គាល់​ដែរ​ថា ក្នុង​ឆ្នាំ2019 តម្លៃ​ជ័រកៅស៊ូ​ជា​មធ្យម​គឺ 1,336ដុល្លារ​ក្នុង 1តោន តម្លៃ​នេះ​កើនឡើង 19ដុល្លារ​ក្នុង1 តោន កាលពី​ឆ្នាំមុន ធៀប​នឹង​ឆ្នាំ2018 ខណៈ​កាលពី​ខែធ្នូ​កន្លងទៅ តម្លៃ​ជា​មធ្យម1,371ដុល្លារ​ក្នុង 1តោន​កើនឡើង 44ដុល្លារ​ធៀប​នឹង​ខែវិច្ឆិកា ឆ្នាំ2018។

    ក្នុងរបាយការណ៍​បាន​បញ្ជាក់ថា គិត​មកដល់​បច្ចុប្បន្ន​នេះ កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​កៅស៊ូ​សរុប​មាន​ចំនួន 406,142ហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន 247,113ហិកតា ស្មើនឹង 61%។ ចិន​គឺជា​ទីផ្សារ​ធំជាងគេ​របស់​កៅស៊ូ​កម្ពុជា​នៅពេលនេះ។

    សូមបញ្ជាក់ថា រយៈពេល​ពេញ​មួយឆ្នាំ2018 កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជាង 21ម៉ឺន​តោន ទទួលបាន​ចំណូល​ជិត 300លាន​ដុល្លារ​អាមេរិក។ ជ័រកៅស៊ូ​កម្ពុជា បាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន វៀតណាម សិង្ហ​បុរី និង​ម៉ាឡេស៊ី។

    នៅ​ខណៈពេលដែល​កៅស៊ូ​កម្ពុជា​កំពុង​តែមាន​បញ្ហា និង​ស្វែងរក​ការពង្រីក​វិស័យ​កៅស៊ូ​នេះ ក្រុមហ៊ុន VRG ដែលជា​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ នៅ​ប្រទេស​វៀតណាម បាន​វិនិយោគ​លើ​ចម្ការកៅស៊ូ​ខ្នាត​ធំ​នៅ​ខេត្ត​ចំនួន7 នៃ​ប្រទេស​កម្ពុជា។ ផែនការ​ពង្រីក​វិស័យ​កៅស៊ូ ត្រូវ​បានលើកឡើង​ក្នុងជំនួប​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដែលមាន​តំណាង​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម គឺ​លោក ជិន ង៉ុ​ក​ធួ​ក ។

    លោក ជិន បាន​កត់សម្គាល់ថា ក្រុមហ៊ុន​បាន​ប្រមូល​ជ័រកៅស៊ូ​ចំនួន 5ម៉ឺន​តោន​ពី​ផ្ទៃដី 47,000ហិកតា​របស់ខ្លួន​កាលពី​ឆ្នាំមុន។ លោក​បាន​អរគុណ​ចំពោះ​ក្រសួងកសិកម្ម​ដែល​តែងតែ​គាំទ្រ​ការវិនិយោគ​របស់​យើង​នៅ​កម្ពុជា។ ក្នុងន័យនេះ​យើង​គ្រោង​នឹង​ពង្រីក​ផ្ទៃដី​ដាំ​ដំណាំ​ចម្ការកៅស៊ូ​របស់​យើង​ដើម្បី​បង្កើន​ផលិតកម្ម​កៅស៊ូ​សម្រាប់​កែច្នៃ​នៅក្នុង​ប្រទេស ។

    សូមបញ្ជាក់ថា ក្រុមហ៊ុន​កៅស៊ូ​វៀតណាម ប្រតិបត្តិការ​តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន19 នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ការវិនិយោគ​មួយ​នេះ ត្រូវបាន​គេ​រាយការណ៍​ថា មានតម្លៃ​ប្រហែល 800លាន​ដុល្លារ។ នៅ​ឆ្នាំ2019 ក្រុមហ៊ុន​បានទទួល​កម្រៃ​កើន​លើស23%នៃ​គោលដៅ​ប្រចាំឆ្នាំ​របស់ខ្លួន​ដែល​ធ្វើឱ្យមាន​ចំណូល​ប្រមាណ 1.28ពាន់​លាន​ដុល្លារ​អាមេរិក។

    ទោះយ៉ាងណា ប្រភព​ក្នុងស្រុក​មួយចំនួន​បាន​កត់សម្គាល់ថា ប្រាក់ចំណេញ​មុន​ពន្ធ​របស់ខ្លួន​មាន​ចំនួន 220.82លាន​ដុល្លារ​ពោល គឺ 98%នៃ​គោលដៅ​របស់ខ្លួន។

    ផលិតផល​កៅស៊ូ​ដែល​ប្រមូលបាន​ពី​ប្រជាកសិករ(កៅស៊ូ​គ្រួសារ)ក្នុង​ខេត្ត​ចំនួន8 រួមមាន​កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី និង​មណ្ឌល​គី​រីមានតម្លៃ​ជា​មធ្យម 1.18ដុល្លារ​ក្នុង 1គីឡូក្រាម សម្រាប់​ជ័រកៅស៊ូ​ស្រស់ ខណៈ​កៅស៊ូ​ស្ងួត ជា​មធ្យម​លក់​ក្នុងតម្លៃ 0.61ដុល្លារ​ក្នុង 1គីឡូក្រាម។ នេះ​បើ​យោងតាម​ទិន្នន័យ​ផ្លូវការ​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ។

    លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា៖“ការដែល​ក្រុមហ៊ុន​វៀតណាម​គ្រោង​នឹង​ពង្រីក​ការវិនិយោគ​ផលិត​កៅស៊ូ​របស់ខ្លួន​នៅ​កម្ពុជា​នោះ គឺ​ដោយសារតែ​ខាង​វៀតណាម​គេ​មាន​ដី​សម្បទាន​ដំណាំ​កៅស៊ូ​ស្រាប់​ទៅហើយ​នៅ​កម្ពុជា។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​បាន​បញ្ឈប់​ការវិនិយោគ​របស់ខ្លួន​ដោយ​មិនអាច​បន្តការងារ​នេះ​បាន ទើប​ស្ទុះ​ទៅមុខ​មិន​រួច”។

    លោក​ឧកញ៉ា បាន​បញ្ជាក់ថា៖“ដោយ​ខាង​ក្រសួង​ចង់​លុបចោល​ការវិនិយោគ​មួយចំនួន​របស់​ម្ចាស់​ដី​សម្បទាន​ក្នុងស្រុក ដែល​ពុំមាន​លទ្ធភាព និង​ពុំមាន​សកម្មភាព​បន្ត ទើប​ក្រុមហ៊ុន​វៀតណាម​បាន​ស្វែងរក​ដៃគូ​វិនិយោគ​ក្នុងស្រុក បន្ត​ការវិនិយោគ​លើ​វិស័យ​កៅស៊ូ​នេះ ដោយ​អាចជួយ​ពង្រីក​វិស័យ​កសិកម្ម​របស់​យើង​បន្ថែម​ផងដែរ។ តែបើ​ការវិនិយោគ​លើ​ការផ្តល់​ដី​សម្បទាន​ថ្មី ពុំមាន​ដី​សម្បទាន​ថ្មី​ផ្តល់ជូន​ទេ គឺ​ក្រសួង​បានបញ្ចប់​ការផ្តល់​យូរហើយ”។

    លោក​ឧកញ៉ា​ក៏បាន​បញ្ជាក់ដែរថា៖“ការវិនិយោគ​ដែល​ក្រុមហ៊ុន​វៀតណាម​នឹងធ្វើ គឺ​តាមរយៈ​កិច្ចសហការ​តាម​កិច្ចព្រមព្រៀង​របស់​ក្រសួងកសិកម្ម​ដែលមាន​ស្រាប់ ហើយ​វា​គឺជា​ការល្អ ដែល​យើង​អាច​រក្សា​ស្ថិរភាព នៃ​វិស័យ​កៅស៊ូ​របស់​យើង​សម្រាប់​ការអភិវឌ្ឍ​ទៅ​ថ្ងៃមុខ”។

    លោក​ឧកញ៉ា លឹម ហេង ក៏បាន​បញ្ជា​ក់ទៀត​ដែរ​ថា៖“ការវិនិយោគ​បែបនេះ វា​មិនមាន​ផលប៉ះពាល់​ទេ តែ​វា​ជាការ​ជួយ​គ្នា​ទៅវិញ​ទេ ពីព្រោះ​វិស័យ​កសិកម្ម​យើង​វា​មាន​បញ្ហា​ច្រើន បើ​យើង​មាន​ដៃគូ​ពី​ក្រៅ​សម្រាប់​សហការ ជាការ​ល្អ ហើយ​ក្នុង​ការផ្តល់​ដី​សម្បទាន រដ្ឋ​ក៏​ផ្តល់​សិទ្ធិ​ក្នុង​ការរក​ដៃគូ​ក្នុងការ​វិនិយោគ​រួម​ដែរ”៕

  • មន្ត្រី​ក្រសួង​៖ កម្ពុជា​ត្រូវ​ខិតខំ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋ​កិច្ច​ ដើម្បី​សម្រេច​បាន​ចក្ខុវិស័យ​នៅ​ឆ្នាំ2030​

    មន្ត្រី​ក្រសួង​៖ កម្ពុជា​ត្រូវ​ខិតខំ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋ​កិច្ច​ ដើម្បី​សម្រេច​បាន​ចក្ខុវិស័យ​នៅ​ឆ្នាំ2030​

    មន្ត្រី​ជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​មានប្រសាសន៍​ថា​កម្ពុជា​ត្រូវតែ​ខិតខំ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ឱ្យ​បាន​ខ្លាំងក្លា​ ទាំង​ការ​បង្កើន​ទំហំ​ និង​ការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ប្រភេទ​ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2030​ និង​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050​។

    រដ្ឋលេខាធិការ​ប្រចាំការ​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ឯកឧត្ដម​ វង្សី​ វិស្សុត​ បាន​លើកឡើង​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ “អនុក្រឹត្យ​ ស្តី​ពី​ការគ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ​” កាលពី​ពេល​ថ្មី​ៗនេះ​ថា​ សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​ មាន​គោលបំណង​ដោះស្រាយ​បញ្ហា​នៅក្នុង​ប្រព័ន្ធ​នៃ​ការ​វិនិយោគ​សាធារណៈ​របស់​យើង​នា​ពេល​បច្ចុប្បន្ន​ពិសេស​ការប្រើ​ប្រាស់​ធនធាន​វិនិយោគ​របស់​ប្រទេស​ទាំងមូល​ ដែល​មាន​លក្ខណៈ​រាយប៉ាយ​ ឱ្យ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ស្រប​ទៅតាម​បទដ្ឋាន​ និង​នីតិវិធី​ច្បាប់​ ដោយមាន​ភ្ជាប់​នូវ​ការទទួលខុសត្រូវ​ច្បាស់លាស់​ ទាំង​សម្រាប់​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដែល​នឹង​បំពេញមុខ​ងារ​ជា​ទ្វារបាល​នៃ​ការគ្រប់គ្រង​គម្រោង​វិនិយោគ​សាធារណៈ​ និង​ទាំង​សម្រាប់​ក្រសួង​-ស្ថាប័ន​នានា​ ដែល​ជា​ប្រតិបត្តិ​ករ​អនុវត្តន៍​ផ្ទាល់​។

    ឯកឧត្ដម វ​ង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

    ក្នុង​ន័យ​នេះ​ ឯកឧត្តម​បាន​ស្នើសុំ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​ សូម​ចូលរួម​ធ្វើ​កិច្ចការ​កែទម្រង់​ដ៏​សំខាន់​នេះ​ ក៏ដូចជា​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ទាំងមូល​ ក្នុងស្មារតី​ការងារ​ជា​ក្រុម​ និង​ឱ្យ​បាន​ស្រុះដៃ​គ្នា​ ដើម្បី​សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ការ​វិនិយោគ​សាធារណៈ​ អាច​ដើរតួ​នាទី​ជា​ឧបករណ៍​សេដ្ឋកិច្ច​ដ៏​មានប្រសិទ្ធភាព​ និង​ស័ក្ដិសិទ្ធិ​ភាព​ សម្រាប់​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​និង​ការ​អភិវឌ្ឍ​ប្រទេស​ឱ្យ​កាន់តែ​រីកចម្រើន​ផង​ និង​ដើម្បី​បន្ត​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ និង​ធានា​បាន​នូវ​យុត្តិធម៌​ និង​សមធម៌​នៅក្នុង​សង្គម​ផង​ដែរ​។

    រដ្ឋលេខាធិការ​ប្រចាំការ​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​រូប​នេះ​ ក៏បាន​លើកឡើង​ដែរ​ថា​ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2030​ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050​ កម្ពុជា​ត្រូវ​ខិតខំ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​ខ្លួន​ឱ្យ​បាន​ខ្លាំងក្លា​ ទាំង​តាមរយៈ​ការ​បង្កើន​ទំហំ​នៃ​ការ​វិនិយោគ​និង​ទាំង​តាមរយៈ​ការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ប្រភេទ​ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ការ​តភ្ជាប់​ក្នុង​វិស័យ​គមនាគមន៍​, ថាមពល​, និង​ឌីជីថល​ និង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​-សង្គម​ផ្សេងទៀត​ ដូចជា​សាលារៀន​ និង​មន្ទីរពេទ្យ​ជាដើម​។ ក៏ប៉ុន្តែ​ឯកឧត្តម​ថា​ បច្ចុប្បន្ន​កម្ពុជា​កំពុង​ប្រឈម​ទៅ​នឹង​ការ​ធ្លាក់ចុះ​នៃ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ (ODA​) ទាំង​ប្រភព​ហិរញ្ញប្បទាន​ឥត​សំណង​ និង​ទាំង​មក​ពី​ប្រភព​ឥណទាន​ដែល​មាន​សម្បទាន​កម្រិតខ្ពស់​ ដោយសារ​កម្ពុជា​បាន​ចាក​ផុត​ពី​ឋានៈ​ជា​ប្រទេស​ដែល​មាន​ចំណូល​ទាប​ហើយ​។

    ម្យ៉ាងទៀត​ ឯកឧត្ដម​បាន​មានប្រសាសន៍​ទៀត​ថា​ ការ​វិនិយោគ​សាធារណៈ​ កាន់តែ​មាន​លក្ខណៈ​ស្មុគស្មាញ​ ដោយសារ​កត្តា​ការប្រែប្រួល​អាកាសធាតុ​ តម្រូវការ​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ដែល​មាន​ទំហំ​កាន់តែ​ធំ​ ការ​រំពឹង​ទុក​របស់​ប្រជាជន​ដែល​កាន់តែ​ខ្ពស់​ជាង​មុន​ និង​ការប្រើ​ប្រាស់​បច្ចេក​វិទ្យា​ថ្មី​ៗ ក្នុង​ក្របខ័ណ្ឌ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី4​។

    ក្នុង​ន័យ​នេះ​ ឯកឧត្តម​ក៏បាន​បញ្ជាក់​ថា​ កម្ពុជា​ត្រូវ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ការ​វិនិយោគ​រួម​មួយ​ របស់​ប្រទេស​ដែល​រឹងមាំ​ និង​មាន​ភាព​គ្រប់ជ្រុងជ្រោយ​ និង​ស៊ីជម្រៅ​ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​អាច​ធានា​បាន​ថា​ កម្ពុជា​ពិតជា​បាន​ប្រើប្រាស់​ធនធាន​ក្នុង​ការ​វិនិយោគ​ប្រកបដោយ​ភាព​ត្រឹមត្រូវ​ និង​ឆ្លាតវៃ​ ហើយ​ទទួល​បាន​នូវ​ផល​ចំណេញ​មកវិញ​ខ្ពស់​បំផុត​ ដែល​អាច​ឆ្លើយតប​បាន​ទៅ​នឹង​សេចក្តី​ត្រូវការ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​។

    ជាមួយគ្នា​នោះ​ដែរ​ ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក៏​ធ្លាប់​បាន​គូសបញ្ជាក់​ប្រាប់​ពីសា​រៈសំ​ខាន់​នៃ​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​របស់​កម្ពុជា​ ដែល​នឹង​រួម​ចំណែក​សំខាន់​ដល់​ការ​ពង្រឹង​អធិបតេយ្យ​ភាព​ជាតិ​ និង​ឯករាជ​ភាព​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ព្រមទាំង​ឈាន​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ឆ្នាំ2030​ (ប្រទេស​ចំណូល​មធ្យម​កម្រិតខ្ពស់​) និង​ឆ្នាំ2050​ (ប្រទេស​ចំណូល​ខ្ពស់​)។

    ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

    ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​រូប​នេះ​ ក៏បាន​ស្នើ​ក្រសួង​ពាណិជ្ជកម្ម​ ខិតខំ​ជំរុញ​ការ​ធ្វើ​សេរី​ភាវូបនីយកម្ម​និង​សមាហរណកម្ម​ក្នុង​តំបន់​ និង​ពិភព​ឯកឧត្តម​ តាមរយៈ​ការ​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ពន្លឿន​ការ​ចុះ​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​តំបន់​ (RCEP​) នៅក្នុង​ឆ្នាំ2020​ និង​ខិតខំ​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-ចិន​ និង​កម្ពុជា​-សាធារណរដ្ឋ​កូរ៉េ​ ដើម្បី​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​របស់​កម្ពុជា​ សំដៅ​គាំទ្រ​ការ​អភិវឌ្ឍ​កំណើន​សេដ្ឋកិច្ច​ដែល​ជាគោល​ដៅ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំ​-ណា​ក់​កាល​ទី4​។

    បន្ថែម​លើ​នោះ​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ក៏បាន​ផ្តល់​អនុសាសន៍​សំ​ខាន់​ៗចំនួន​ 4ចំណុច​ដល់​ក្រសួង​ពាណិជ្ជកម្ម​ ដើម្បី​ជា​វិភាគទាន​សម្រាប់​រៀបចំ​គោលនយោបាយ​ និង​កំណត់​ទិសដៅ​សម្រាប់​អនុវត្ត​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ2020​ ឱ្យ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ មាន​ដូចជា​៖
    1. ការកែទម្រង់​ផ្ទៃក្នុង​ និង​បន្ត​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​កម្ពុជា​ចូល​ទៅ​ក្នុង​តំបន់​ និង​ពិភព​ឯកឧត្តម​។

    2. កំណែទម្រង់រដ្ឋបាល​សាធារណៈ និង​គុណភាព​សេវាសាធារណៈ។

    3. ការរៀបចំ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​ និង​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី4​ និង4​.ការ​រក្សា​បាន​នូវ​សន្តិសុខ​ស្បៀងអាហារ​ និង​ស្ថិរភាព​ថ្លៃ​ទំនិញ​ និង​សេវាកម្ម​ ដើម្បី​គាំទ្រ​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។

    ជា​ការ​ឆ្លើយតប​នឹង​ការ​ផ្តល់​ជា​អនុសាសន៍​ពី​សំណាក់​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នេះ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ឯកឧត្ដម​ ប៉ាន​ សូរ​ស័ក្តិ​ បាន​លើកឡើង​ដែរ​ថា​ ក្នុងរយៈពេល​ជាង​ 1ឆ្នាំ​កន្លងមក​នេះ​ ក្រសួង​ពាណិជ្ជកម្ម​បាន​យកចិត្ត​ទុកដាក់​បំពេញ​ភារកិច្ច​យ៉ាងសកម្ម​ រហូត​ទទួល​បាន​ជោគជ័យ​លើ​ការចរចា​បើក​ច្រក​ទីផ្សារ​ពាណិជ្ជកម្ម​ ការ​ពង្រឹង​សមត្ថភាព​ផលិតកម្ម​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក​ និង​នាំចេញ​ ការ​ធ្វើ​កំណែទម្រង់​សេវា​សាធារណៈ​ ការ​កសាង​លិខិត​បទដ្ឋាន​គតិ​យុត្ត​នៅ​ក្រោម​វិស័យ​ពាណិជ្ជកម្ម​ ការ​លើកកម្ពស់​កិច្ចការពារ​អ្នកប្រើ​ប្រាស់​និង​សុខុមាលភាព​ប្រជាជន​ ការ​រក្សា​បាន​សន្តិសុខ​ស្បៀង​ និង​ហិរញ្ញវត្ថុ​ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​រក្សា​កំណើន​ និង​ការអនុវត្ត​អភិបាលកិច្ច​ល្អ​របស់​រាជរដ្ឋាភិបាល​។

    ឯកឧត្ដម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម

    យោង​តាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ ឆ្នាំ2019​ និង​ទិសដៅ​ការងារ​ពាណិជ្ជកម្ម​ ឆ្នាំ2020​ របស់ក្រ​សួង​ពាណិជ្ជកម្ម​ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​ បានឱ្យ​ដឹង​ថា​ការនាំចេញ​ទំនិញ​ទៅ​គ្រប់​ទ្វីប​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ក្នុង​រយៈពេល​ 10ខែ​ ក្នុង​ឆ្នាំ2019​ មាន​ទឹកប្រាក់​ប្រមាណ​ជាង10,813លាន​ដុល្លារ​អាមេរិក​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2019​ ដែល​មាន​ទឹកប្រាក់​ប្រមាណ​តែ​ជាង​ 10,158លាន​ដុល្លារ​អាមេរិក​ កើន​ឡើង​ប្រមាណ​ជាង​ 654លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​6.45​%។ ក្នុង​នោះ​មាន​សម្លៀកបំពាក់​ ក្នុងទឹក​ប្រាក់​ប្រមាណ​ជាង​ 6,406​ លាន​ដុល្លារ​អាមេរិក​,វាយនភណ្ឌ​មាន​ទឹកប្រាក់​ប្រមាណ​ជាង​ 40លាន​ដុល្លារ​អាមេរិក​ ,ស្បែកជើង​ មាន​ទឹកប្រាក់​ប្រមាណ​ជាង​ 905​លាន​ដុល្លារ​អាមេរិក​, អង្ករ​ មាន​ទឹកប្រាក់​ប្រមាណ​ជាង​ 286លាន​ដុល្លារ​អាមេរិក​ និង​ផលិត​ផល​ផ្សេង​ៗមាន​ទឹកប្រាក់​ប្រមាណ​ជាង​ 3,174លាន​ដុល្លារ​អាមេរិក​។

    យ៉ាងណាក្ដី​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​រូប​នេះ​បាន​អះអាង​ថា​ នឹង​ខិតខំ​អនុវត្ត​តាម​អនុសាសន៍​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បី​បង្កើន​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ បង្កើន​ទំហំ​ពាណិជ្ជកម្ម​នាំចេញ​ ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​ឈាន​ទៅ​សម្រេច​ចក្ខុវិស័យ​នៅ​ឆ្នាំ2030​ និង​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050​៕

  • អឺរ៉ុបកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ខណៈរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចរាល់

    អឺរ៉ុបកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ខណៈរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចរាល់

    (ភ្នំពេញ)៖ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សហមគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានមានប្រសាសន៍នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះថា គណៈកម្មការអឺរ៉ុប (EU) បានចេញសេចក្តីសម្រេចពាក់ព័ន្ធបញ្ហា EBA នៅកម្ពុជាហើយនៅល្ងាចថ្ងៃទី១២ ខែកុម្ភៈនេះ ដោយបានកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ ពីទំហំទឹកប្រាក់ដែលត្រូវបានខាតបង់ពីការកាត់ EBA នៅឡើយទេ ដោយកំពុងគណនាតាមលេខកូដនីមួយៗ។

    លោក ម៉ូនីកា អាចត្រឹមបញ្ជាក់ថា វិស័យដែលប៉ះពាល់ដោយការកាត់ផ្នែកខ្លះនៃ EBA គឺវិស័យកាត់ដេរសម្លៀកសំលៀកបំពាក់, វិស័យផលិតស្បែកជើង និងផលិតផលសម្រាប់ធ្វើដំណើរ ប៉ុន្តែផលិតសម្រាប់ធ្វើដំណើរនេះប៉ះពាល់តិចតួចប៉ុណ្ណោះ ព្រោះទីផ្សារធំរបស់កម្ពុជា គឺអាមេរិក។លោកអគ្គលេខាធិការរងបានបញ្ជាក់ថា វិស័យផលិតកង់នៅកម្ពុជា បានរួចផុតពីការកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនេះអាចចាត់ទុកថា ជាការគាំទ្រការធ្វើពិពិធកម្មនៃការផលិតរបស់កម្ពុជា។

    បើទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា ពីការត្រៀមខ្លួនចំពោះការបាត់បង់ EBA នេះរួចហើយ និងប្រកាសមិនចុះញ៉មចំពោះការខាតបង់ EBA នេះឡើយ។

    ថ្លែងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំពោះបញ្ហា EBA សម្តេចមិនធ្វើសេចក្តីថ្លែងការណ៍ណាមួយ សូមឲ្យអឺរ៉ុបទុក EBA នោះទេ សិទ្ធិសេរីភាពនៅលើដៃរបស់អឺរ៉ុប ចង់ដក ឬទុក EBA ជាការសម្រេចរបស់អឺរ៉ុប។

    សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលនៅតែបញ្ជាក់ថា «ខ្ញុំមិនយកឯករាជ្យ អធិបតេយ្យជាតិរបស់កម្ពុជា ទៅដោះដូរជាមួយជំនួយ ឬភាពអនុគ្រោះណាទាំងអស់។ សូមប្រជាពលរដ្ឋកម្ពុជា គិតឲ្យច្បាស់ថា តើពេលនេះកម្ពុជាត្រូវការអ្វីពិតប្រាកដ? កម្ពុជាត្រូវការសន្តិភាព មិនអាចឲ្យអ្នកណាមកបំផ្លាញសន្តិភាពបានទេ បើទោះបីបង់ថ្លៃប៉ុណ្ណាក៏ដោយចុះ កម្ពុជាត្រូវតែជាប្រទេសដែលមានសន្តិភាព»

    សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់កម្មករ កម្មការិនី សុំកុំមានភាពតក់ស្លុត ចំពោះបញ្ហា [EBA] ដែលអាចកើតមាននាពេលខាងមុខ ព្រោះរាជរដ្ឋាភិបាល ត្រៀមលក្ខណៈដោះស្រាយហើយ។

    សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា «បើសិនមានរឿងអ្វីកើតឡើង សុំកុំស្លន់ស្លោទាក់ទងនឹងការសម្រេចចិត្តរបស់អឺរ៉ុប យ៉ាងម៉េចកុំមានការតក់ស្លុតឲ្យសោះ យើងត្រូវពឹងលើការដកដង្ហើបខ្លួនឯង»
    នេះបើយោងតាមការចុះផ្សាយរបស់អង្គភាពព័ត៌មាន Fresh News

  • ចម្ការបន្លែគ្រួសារជុំវិញផ្ទះ

    ចម្ការបន្លែគ្រួសារជុំវិញផ្ទះ

    លក្ខណៈការដាំដុះបន្លែជិតកន្លែងស្នាក់អាស្រ័យ ឬក្នុងទីប្រជុំជន ដោយប្រើប្រាស់ផ្ទៃដីដែលដាំដុះត្រឹមតែបន្តិចបន្តួច ដើម្បីទុកធ្វើជាប្រភពអាហារ ឬដែលហៅថា “ចម្ការបន្លែគ្រួសារ” នេះ មិនត្រឹមតែជាការធ្វើកសិកម្មដែលមានភាពចំណាស់យូររាប់រយឆ្នាំមកហើយនោះទេ  តែក្នុងសភាវសេដ្ឋកិច្ចក្នុងសង្គមបច្ចុប្បន្ន ដែលការចាយវាយក្នុងការចិញ្ចឹមជីវិតរបស់ប្រជាជនកំពុងកើនខ្ពស់ឡើងជាបន្តបន្ទាប់នោះ ប្រជាជនជួបប្រទះបញ្ហាប្រាក់ចំណូលមិនគ្រប់គ្រាន់ ជាមួយនឹងប្រាក់ចំណាយនោះ​ ទើប “ការដាំបន្លែគ្រួសារជុំវិញផ្ទះ” ក្លាយជាប្រព័ន្ធការធ្វើកសិកម្មមួយដែលគាំទ្រឱ្យមនុស្សគ្រប់រូបមានភាពស្ថិតស្ថេរខាងអាហារខ្លាំងឡើង ព្រោះការដាំបន្លែគ្រួសារនៅក្នុងផ្ទៃដីតូចមួយ មិនថាតែដើម្បីទុកបរិភោគក្នុងក្រុមគ្រួសារ ចែករំលែកទៅឱ្យអ្នកជិតខាង ឬដើម្បីលក់ជាប្រាក់ចំណូលបន្ថែមដល់គ្រួសារនោះទេ វាសុទ្ធតែសាងនូវផលប្រយោជន៍ដល់អ្នកបរិភោគទាំងអស់ ព្រោះទាំងអ្នកដាំ និងអ្នកទទួលទាននឹងបានបរិភោគបន្លែដែលមានសុវត្ថិភាពពីសារធាតុពុល និងថែមទាំងជាការធ្វើការងារក្រៅម៉ោង ឱ្យសមាជិកគ្រប់គ្នាក្នុងក្រុមគ្រួសារបានប្រើប្រាស់ពេលវេលាទំនេររួមគ្នាយ៉ាងមានប្រយោជន៍ទៀតផង។
    ប្រយោជន៍នៃការដាំបន្លែគ្រួសារ
    – សមាជិកក្នុងគ្រួសារបានទទួលទានបន្លែ ដែលមានគុណតម្លៃខាងអាហារគ្រប់ចំនួន និងមានសុវត្ថិភាពពីសារធាតុពុល។
    – ប្រើប្រាស់ធ្វើជារុក្ខជាតិឱសថបុរាណ សម្រាប់ព្យាបាលរោគ ដូចជា ខ្ទឹមក្រហម ខ្ទឹមស ខ្ញី ជីអង្កាម ជាដើម។
    – ជួយកាត់បន្ថយប្រាក់ចំណាយ និងអាចលក់ដើម្បីសាងប្រាក់ចំណូលបន្ថែមដល់គ្រួសារបាន។
    – ប្រើប្រាស់សម្រាប់តុបតែងលម្អបរិវេណជុំវិញផ្ទះ ឬអាចធ្វើជាព្រំកំណត់(របង)របស់ផ្ទះបានទៀតផង ដូចជា ដើមកន្ទុំទេស ដើមស្អំ ស្លឹកបាស់ និងម្រះ ជាដើម។
    – ជាការប្រើពេលវេលាទំនេរៗ និងផ្ទៃដីទំនេរខាងក្នុងរបងផ្ទះ ឱ្យកើតប្រយោជន៍ដល់សមាជិកក្នុងគ្រួសារ និងថែមទាំងធ្វើឱ្យកើតមានការធ្វើកិច្ចការងាររួមគ្នា ជាការសាងសម្ព័ន្ធភាព និងភាពកក់ក្តៅឱ្យកើតមានក្នុងក្រុមគ្រួសារទៀតផង។ចំណុចគួរពិចារណាក្នុងការដាំដុះ
    1 . ទីកន្លែង និងទីធ្លាសម្រាប់ដាំដុះ ៖ ការជ្រើសរើសទីកន្លែងដាំដុះបន្លែបង្ការ គួរតែនៅជិតទីកន្លែងស្នាក់អាស្រ័យ មានប្រភពទឹក ទីធ្លាដាំដុះត្រូវមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ក្នុងករណីដែលគ្មានដីធ្លីសម្រាប់ដាំដុះ លោកអ្នកអាចដាំបន្លែក្នុងភាជនៈផ្សេងៗ ដូចជា ថូ ផើង ពាង ឬធុង(ស្នោ) ជាដើម ដោយដាក់នៅលើកម្រាលឥដ្ឋ ឬព្យួរនៅក្នុងកន្លែងណាដែលមានពន្លឺថ្ងៃចាំងមកដល់ និងមិនគួរស្ថិតនៅឆ្ងាយពីកន្លែងស្នាក់នៅពេកនោះទេ ដើម្បីងាយស្រួលក្នុងការប្រតិបត្តិការងារផ្នែកការដាំដុះ ការរក្សាថែទាំ និងថែមទាំងងាយស្រួលក្នុងការបេះយកមកធ្វើជាម្ហូបអាហារបានភ្លាមៗតាមតម្រូវការទៀតផង។

    2 . ការគណនាទីធ្លា កំណត់ទំហំ និងចំនួនរង ៖ ដោយសភាពទីធ្លាស្នាក់អាស្រ័យក្នុងពេលបច្ចុប្បន្ន ជាពិសេសមនុស្សម្នាក្នុងសង្គមទីក្រុង សុទ្ធតែមានដែនកំណត់ក្នុងរឿងធនធាន ទាំងដីធ្លី ទឹក និងពន្លឺថ្ងៃ ជាពិសេសការដាំបន្លែនៅក្នុងតំបន់ទីក្រុង ត្រូវតែស្គាល់ពីការគ្រប់គ្រងចាត់ចែងទីធ្លាឱ្យកើតប្រយោជន៍ខ្ពស់បំផុត ដោយទំហំរងបន្លែដែលស័ក្តិសមក្នុងគ្រួសារគឺ ទទឹងមិនលើស 1ម៉ែត្រ X 4ម៉ែត្រ ឬបណ្តោយតាមទំហំទីធ្លា  ព្រមទាំងលើករងខ្ពស់ឡើងយ៉ាងតិច 30 – 50សង្ទីម៉ែត្រ ចំណែកចំនួនរងដែលស័ក្តិសមស្ថិតក្នុងចំនួនប្រមាណជា 3រង គឺមានបន្លែហូបស្លឹក 2រង និងបន្លែហូបផ្លែបានយូរ 1រង។

           (នៅមានត)

  • ច្បាស់កាណ៍ហើយ! ក្រុមដែលត្រូវចូលរួមលេងពានរង្វាន់ក្លិបបាល់ទាត់ធំជាងគេបំផុតប្រចាំតំបន់អាស៊ាន ACC

    ច្បាស់កាណ៍ហើយ! ក្រុមដែលត្រូវចូលរួមលេងពានរង្វាន់ក្លិបបាល់ទាត់ធំជាងគេបំផុតប្រចាំតំបន់អាស៊ាន ACC

    សហព័ន្ធបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍ហៅជាភាសាអង់គ្លេសថា ASEAN Football Federation (AFF) បានប្រកាសជាផ្លូវការពីពានរង្វាន់ថ្មីសន្លាងមួយ មានឈ្មោះថា ASEAN Club Championship ដោយជ្រើសយកក្លិបកំពូលៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មកប្រកួតតតាំងគ្នាលើសមរភូមិវាលស្មៅ។

    ACC រដូវកាលទី1 នឹងមានក្លិបចំនួន12 ចូលរួម អមដោយប្រាក់រង្វាន់ 50ម៉ឺនដុល្លារសហរដ្ឋអាមេរិក ស្របពេលដែលកូតាកីឡាករបរទេសនៅក្នុងក្លិបនីមួយៗ​ មានសញ្ជាតិក្រៅពីអាស៊ីចំនួន 3នាក់ និងសញ្ជាតិអាស៊ី 1នាក់។ សម្រាប់ការចូលរួមលេងក្នុងក្របខ័ណ្ឌពាននេះ កម្ពុជា ហ្វីលីពីន ប្រ៊ុយណេ ឡាវ និងទីម័រខាងកើត នឹងត្រូវប្រកួតជម្រុះជុំដំបូង ដោយយកតែក្លិបល្អៗ 2ចុងក្រោយបង្អស់មកបង្គ្រប់ក្លិបចំនួន 10ទៀតដែលឈរចាំស្រាប់ មានដូចជា ក្លិបរបស់ថៃមាន2 ក្លិបវៀតណាមមាន2 ក្លិបម៉ាឡេស៊ីមាន2 ក្លិបឥណ្ឌូនេស៊ីមាន ក្លិបសិង្ហបុរី1 និងក្លិបមីយ៉ាន់ម៉ា1។

    ខាង​ក្រោមនេះ ​ជា​ក្រុម​ដែល​ទទួលបានកៅអី​រួចហើយនៅ​ជុំផ្ដាច់​ព្រ័ត្រ ACC ៖
    1-Chiangrai United Thai League Champions 1 2019
    2-PT Prachuap 2019 Thai League Cup Champion
    3-Bali United Indonesia 1 Champions League 2019
    4-Persebaya Indonesia 1 Premier League Championship 2019
    5-Hanoi FC V.League Champions 1 2019
    6-Ho Chiminh City V.League Champions 2 2019
    7-Shan United 2019 Myanmar National League Champions
    8-Tampines Rover 2019 Singapore Premiere League Champions

    ក្រុម​ដែល​ត្រូវប្រកួតវគ្គ Play-off
    1-Svay Rieng FC 2019 Cambodia League Champion
    2-Lao Toyota 2019 Lao Premier League Champion
    3-Indera 4th Place Brunei Super League
    4-Ceres Negros 2019 Football League Champion

     

  • លោក Park ជាប់ពិន័យមិនឱ្យដឹកនាំ 4ប្រកួត និងបង់ប្រាក់ 5ពាន់ដុល្លារ

    លោក Park ជាប់ពិន័យមិនឱ្យដឹកនាំ 4ប្រកួត និងបង់ប្រាក់ 5ពាន់ដុល្លារ

    លោក Park Hang-Seo គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម ត្រូវបានសហព័ន្ធបាល់ទាត់អាស៊ី (AFC) ពិន័យព្យួរចំនួន 4ប្រកួត ដោយសារឧប្បត្តិហេតុមួយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ2019 នៅឯប្រទេសហ្វីលីពីន។

    សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC បានកត់សម្គាល់ឃើញថា លោក Park បានប្រើដៃរុញអាជ្ញាកណ្តាល, និយាយប្រមាថ និងប្រើប្រាស់ភាសាមិនសមរម្យ រំលោភបំពានចំពោះអាជ្ញាកណ្តាល ដោយនៅក្នុងច្បាប់បាល់ទាត់​ត្រូវនឹងបទប្បញ្ញត្តិប៉ះពាល់ធ្ងន់ធ្ងរ នៅក្រោមមាត្រាទី 47 នៃក្រមវិន័យ និងវិជ្ជាជីវៈបាល់ទាត់ AFC។
    ក្រៅពីត្រូវបានបណ្តេញចេញពីទីលាននៅពេលប្រកួតនោះហើយ គ្រូបង្វឹកជនជាតិកូរ៉េរូបនេះ ក៏នឹងត្រូវបង់ប្រាក់ពិន័យចំនួន 5,000ដុល្លារ រួមជាមួយនឹងការពិន័យមិនឱ្យដឹកនាំការប្រកួតចំនួន 4ប្រកួតទៀតផង។ បន្ថែមពីលើនោះទៅទៀត AFC បានបន្ថែមថា ការល្មើសម្តងហើយម្តងទៀតលើបទប្បញ្ញត្តិនេះ អាចនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរលើសពីនេះទៅទៀត៕

  • ចិន បង្កើត App ដឹងពីចម្ងាយសម្រាប់អ្នកឆ្លងវីរុសកូរ៉ូណា ដើម្បីការពារខ្លួន

    ចិន បង្កើត App ដឹងពីចម្ងាយសម្រាប់អ្នកឆ្លងវីរុសកូរ៉ូណា ដើម្បីការពារខ្លួន

    Close contact detector’ app ជា​កម្មវិធី​ថ្មីមួយសម្រាប់ទូរស័ព្ទ​ដៃ​​ ដែល​បាន​​ប្រកាស​ដាក់ចេញ​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​​​​នៅ​ក្នុង​ប្រទេស​ចិនកាលពីពេលថ្មីៗនេះ ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង និងការពារ​ជំងឺរលាកសួតដោយមេរោគ​ CoVid-19 ដែលកំពុងឆ្លងរាលដាល​​យ៉ាងគួរឱ្យភ័យខ្លាច​នាពេលបច្ចុប្បន្ន។

    មុខងារ​សំខាន់​ដែល​មាន​នៅ​ក្នុង​កម្មវិធី​នោះ ត្រូវ​បាន​គេ​ដឹង​ថា​ ​វា​នឹងផ្តល់​នូវ​ដំណឹង​លើ​អេក្រង់(Alert) ​ប្រសិន​បើ​​មានអ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ស្ថិតនៅ​ក្បែរ ឬកំពុងចូលមកជិតខ្លួន​អ្នក​ ជាពិសេស​​អ្នក​ដែល​ទើប​នឹង​ឆ្លង​ថ្មីៗ។ របៀប​ប្រើ​ គឺ​តម្រូវ​ឱ្យ​អ្នក​ប្រើ ដាក់​លេខ​ទូរស័ព្ទ និង ID number និង​ស្គែន QR ស្រដៀង​កម្មវិធី Pay online ដែរ ​ដូចជា Alipay, WeChat ឬ QQ ជាដើម។ វា​ពិសេស​ត្រង់​ថា ​យើងអាច​ដឹងពី​សីតុណ្ហភាព​របស់មនុស្ស​ដែល​នៅ​ជិត​ៗយើង។

    កម្មវិធី​ដ៏​មាន​សារៈ​សំខាន់​នេះ ត្រូវ​បាន​បង្កើត​ឡើងដោយ​គណៈកម្មការ​សុខភាព​ជាតិ និង​សាជីវកម្ម បច្ចេកវិទ្យា​អេឡិចត្រូនិក​រដ្ឋ​ចិន ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​រីក​រាលដាល​ដល់​​អ្នក​ដទៃ៕

  • គ្រឿងផ្តត់ផ្គង់ពីចិន មិនគ្រប់គ្រាន់ ព្រោះកំពុងផ្ទុះវីរុសកូរ៉ូណា ក្រុមហ៊ុនផលិតរថយន្តជាច្រើននឹងបិទទ្វាររោងចក្របណ្តោះអាសន្ន

    គ្រឿងផ្តត់ផ្គង់ពីចិន មិនគ្រប់គ្រាន់ ព្រោះកំពុងផ្ទុះវីរុសកូរ៉ូណា ក្រុមហ៊ុនផលិតរថយន្តជាច្រើននឹងបិទទ្វាររោងចក្របណ្តោះអាសន្ន

    ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan នឹងផ្អាកចង្វាក់ផលិតកម្មរបស់ខ្លួនចំនួន  2ថ្ងៃ ក្នុងប្រទេសជប៉ុន ដែលបច្ចុប្បន្នកំពុងផលិតរថយន្ត Nissan Serena និង X-Trail។ ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តជាច្រើននៅទូទាំងពិភពលោក ក៏កំពុងជួបបញ្ហាស្រដៀងគ្នានេះដែរ ហើយបានបិទទ្វាររោងចក្ររបស់ខ្លួនផងដែរ ដោយសារតែមេរោគវីរុសកូរ៉ូណានៅក្នុងប្រទេសចិន ដែលកំពុងបង្កឱ្យមានអ្នកឆ្លង និងមនុស្សស្លាប់រាប់ពាន់នាក់។

    ជាក់ស្តែង ក្រុមហ៊ុន Hyundai ក៏បានបិទទ្វាររោងចក្ររបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងជាបណ្តោះអាសន្នដែរ ដោយសារតែខ្វះគ្រឿងបន្លាស់ពីប្រទេសចិន។

    ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើននៅទូទាំងពិភពលោក កំពុងជួបបញ្ហាខ្វះគ្រឿងផ្គុំ រថយន្ត ស្របពេលដែលរោងចក្រផលិតគ្រឿងផ្គុំរថយន្តនៅប្រទេសចិន បាននិងកំពុងបិទទ្វារជាបន្តបន្ទាប់ដោយសារវិបត្តិមេរោគវីរុសកូរ៉ូណា  ក្នុងនោះ Nissan គឺជាក្រុមហ៊ុនផលិតរថយន្តចុងក្រោយបង្អស់មួយ ដែលនឹងបិទទ្វាររោងចក្ររបស់ខ្លួនបណ្តោះអាសន្ន និងដោយសារតែបញ្ហានេះ បានធ្វើឱ្យអាជីវកម្មធំៗដែលពឹងពាក់លើខ្សែចង្វាក់ផលិតកម្មរបស់ប្រទេសចិន ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន៕