Author: ធឿន មករា

  • បង្រៀន​កូន​ឱ្យ​ចេះ​ “តស៊ូ​”

    បង្រៀន​កូន​ឱ្យ​ចេះ​ “តស៊ូ​”

    ពាក្យ​ថា​ “តស៊ូ​” នៅក្នុង​អត្ថបទ​នេះ​ មិនមែន​ជា​ការ​វាយតប់​ ឬធ្វើបាប​គ្នា​ខាង​រាងកាយ​ ​មិនមែន​ជា​ការ​កែ​បញ្ហា​ដោយ​ប្រើ​កម្លាំងកាយ​នោះ​ទេ​ តែ​ជា​ការ​បង្រៀន​ឱ្យ​កូន​ដែល​ស្ថិត​ក្នុង​វ័យ​មតេ្តយ្យ​ ចេះ​គិត​ ចេះកែ​បញ្ហា​ និង​សម្របសម្រួល​ខ្លួន​ឱ្យ​រស់នៅ​ក្នុង​សង្គម​បាន​យ៉ាង​ស័ក្តិសម​។

    “តស៊ូ​” ដែល​ត្រឹមត្រូវ​
    ការ​តស៊ូ​ក្នុង​កុមារ​វ័យ​នេះ​ គឺ​ការ​សម្តែង​ចេញ​ដើម្បី​រក្សា​ការពារ​សិទ្ធិ​របស់​ខ្លួនឯង​ តាំងពី​សិទ្ធិ​លើ​រាងកាយ​ វត្ថុ​របស់របរ​ រួម​ទៅដល់​សិទ្ធិ​ដែល​មាននៅ​ក្នុង​សង្គម​របស់​ខ្លួនឯង​ ដូចជា​សិទ្ធិ​ក្នុង​ការ​មិន​ត្រូវ​គេ​មក​ឈរ​កាត់មុខ​ ពេល​តម្រង់​ជួរ​ធ្វើអ្វី​មួយ​ កេងប្រវ័ញ្ច​យក​ប្រៀប​ ខ្សែលើ​ មិនថា​តែ​នៅក្នុង​សង្គមសាលា​រៀន​ ឬសង្គម​ក្រៅ​ផ្ទះ​នោះ​ឡើយ​។
    តស៊ូ​” ខាង​កាយ​គឺ​ការ​ចេះកែ​បញ្ហា​ ក្នុងករណី​ដែល​កូន​មាន​អារម្មណ៍​ថា​ ខ្លួនឯង​ត្រូវ​បាន​ល្មើស​សិទ្ធិ​ ត្រូវ​បាន​រំលោភបំពាន​ ឬមាន​អារម្មណ៍​ថា​គ្មាន​សុវត្ថិភាព​។
    – គូ​ជម្លោះ​ជា​មនុស្ស​ធំ​ ឬក្មេង​ដែល​ធំជាង​ : ចំពោះ​ក្មេង​តូច​ ឡា​រ៉ែ​ន សូម​ណែនាំ​ឱ្យ​អាណា​ព្យាបាល​បង្រៀន​កូន​រឿង​ការ​សុំ​ការ​ជួយ​យកអាសា​ពី​មនុស្សម្នា​ដែល​នៅ​ជុំវិញ​ខ្លួន​ ដូចជា​ ឱ្យ​រត់​ទៅ​រក​មនុស្សចាស់​ណា​ម្នាក់​ ដែល​មើលទៅ​គួរ​ឱ្យ​ទុកចិត្ត​ ​ស្រែក​ដើម្បី​ឱ្យ​មនុស្ស​ចូល​មក​ជួយ​ ជាដើម​។
    – គូ​ជម្លោះ​ជា​ក្មេង​វ័យ​ស្របាល​គ្នា​ : ទុក​ឱកាស​ឱ្យ​ក្មេង​ចរចា​ កែ​បញ្ហា​ដោយខ្លួនឯង​ជាមុន​សិន​។ បង្រៀន​ឱ្យ​កូន​ប្រើពាក្យ​សម្តី​ និង​ជំនាញការ​ចរចា​តវ៉ា​ តែ​ត្រូវ​មិន​ប្រើ​អំពើ​ហិង្សា​ទាំង​ខាង​រាងកាយ​ និង​វាចា​ឡើយ​។ បើ​ចរចា​ហើយ​ មិន​បាន​លទ្ធផល​ ឬមិត្ត​ភ័ក្តិ​ចាប់ផ្តើម​ប្រើ​អំពើ​ហិង្សា​តប​មកវិញ​នោះ​ ចូរ​បង្រៀន​ឱ្យ​កូន​ចេះ​ដើរចេញ​ទៅ​សុំ​ការ​ជួយ​យកអាសា​ពី​មនុស្សចាស់​។
    តស៊ូ​” ខាង​ផ្លូវចិត្ត​
    មានន័យ​ពី​ផ្លូវចិត្ត​ដែល​រឹងប៉ឹង​ ព្យាយាម​ក្នុង​អ្វី​ដែល​ខ្លួន​តាំងចិត្ត​ចង់​ធ្វើ​ ទទួលស្គាល់​លទ្ធផល​របស់​ទង្វើ​របស់​ខ្លួនឯង​ ចេះ​ចាត់ការ​ជាមួយ​អារម្មណ៍​ខកបំណង​ សោក​ស្តាយ​ ឬខឹងសម្បា​បាន​យ៉ាង​សមរម្យ​។ ចេះ​សម្របសម្រួល​ខ្លួន​ជាមួយ​ស្ថានការណ៍​ និង​មាន​ភាព​ព្យាយាម​កែខៃ​ចំណុច​ខុសឆ្គង​ដែល​កើតឡើង​ រួម​ទៅដល់​ការ​ចេះ​អភ័យទោស​ឱ្យ​ខ្លួនឯង​ និង​អ្នកដទៃ​ទៀតផង​។

    5ចំណុច ជួយឱ្យកូនក្លាយជាអ្នកតស៊ូ
    ចំពោះ​ក្មេង​តូច​ រឿង​ដែល​បាន​ទទួលលទ្ធផល​ច្រើនជាង​ការអប់រំ​ប្រៀនប្រដៅ​ដោយ​វាចា​នោះ​ គឺ​ការដែល​ឪពុក​ម្តាយ​មាន​ទង្វើ​ជា​គំរូ​ដ៏​ល្អ​ត្រឹមត្រូវ​ ឱ្យ​កូន​បានឃើញ​ជាប្រចាំ​ជាប់​ជានិច្ច​ និង​ជួយ​ក្នុង​ការ​សាង​ឫសគល់​ដើម្បី​បង្រៀន​ឱ្យ​កូន​ចេះ​ “តស៊ូ​”។

    1. សាង​កូន​ឱ្យ​មាន​មោទនភាព​ និង​ជឿជាក់​លើ​ខ្លួនឯង​៖ បង្រៀន​ឱ្យ​កូន​ចេះ​មើលថែ​ទាំ​ខ្លួនឯង​បាន​ទៅតាម​វ័យ​ ដូចជា​ ស្លៀកពាក់​ ​ញ៉ាំបាយ​ខ្លួនឯង​បាន​ ជា​មូលដ្ឋាន​គ្រឹះ​ឱ្យ​កូន​មាន​អារម្មណ៍​ថា​ អាច​ធ្វើ​អ្វី​ផ្សេង​ៗបាន​ដោយខ្លួនឯង​ បង្ហាត់​ឱ្យ​មាន​ភាព​ទទួលខុសត្រូវ​ខ្លួនឯង​។
    2. សាង​ទស្សនៈ​ចំពោះខ្លួន​ឯង​ដែល​ស័ក្តិសម​ និង​ត្រឹមត្រូវ​៖ នឹង​ជួយ​ឱ្យ​កូន​ស្គាល់​ពី​ខ្លួនឯង​ ដឹង​ថាត្រូវ​ ត្រូវការ​អ្វី​ ​វាយតម្លៃ​សមត្ថភាព​ថា​ ធ្វើអ្វី​បាន​ប៉ុនណា​? និង​ពេលណា​ដែល​ត្រូវ​សុំ​ជំនួយ​ពី​អ្នកដទៃ​?
    3. សម្លឹង​មើល​ជុំវិញ​ខ្លួន​ក្នុង​ន័យ​វិជ្ជមាន​ តាម​ស្ថានភាព​ពិត​៖ ជួយ​ឱ្យ​ក្មេង​មាន​អារម្មណ៍​ថា​ ខ្លួនឯង​ស្ថិត​ក្នុង​បរិស្ថាន​ដែល​មាន​សុវត្ថិភាព​ មាន​អ្នកមាន​ចេតនា​ល្អ​ច្រើនជាង​មនុស្ស​មិនល្អ​ មាន​អ្នកចាំ​ជួយ​យកអាសា​គាំទ្រ​ ការពារ​ និង​ជួយ​លើកទឹកចិត្ត​ ​តែ​ក៏​ត្រូវ​ឱ្យ​ចេះ​ប្រយ័ត្ន​ប្រយែង​ផង​ដែរ​ ដោយ​ឪពុក​ម្តាយ​អាច​ប្រតិបត្តិ​ធ្វើជា​គំរូ​ ឱ្យ​កូន​បានឃើញ​ ​រៀន​យល់ដឹង​ ដោយ​ការ​មាន​ទស្សនៈ​ចំពោះ​រឿង​ផ្សេង​ៗ ជុំវិញ​ខ្លួន​ដែល​សម្បូរ​បែប​ ដូចជា​ ឃើញ​គេ​បើកឡាន​ជ្រែ​ពីមុខ​លឿន​ឆ្វេ​ចឆ្វាច​ អាច​និយាយ​ឱ្យ​កូន​បានឮ​ថា​ បើកឡាន​បែបនេះ​មាន​គ្រោះថ្នាក់​ណាស់​ មិន​គួរ​ឱ្យ​ចូលចិត្ត​សោះ​ សង្ស័យ​គេ​ប្រហែលជា​រឿង​ចាំបាច់​ប្រញាប់​ហើយ​ទើប​ភ្លេច​ខ្លួន​បើកឡាន​លឿន​បែបនេះ​…។
    4. ស្គាល់​សិទ្ធិ​តួនាទី​ មិន​ល្មើស​សិទ្ធិ​អ្នកដទៃ​៖ បង្រៀន​ឱ្យ​ក្មេង​បានដឹង​ថា​ ខ្លួនឯង​មាន​សិទ្ធិ​ក្នុង​រឿង​ណា​ ដូចជា​សិទ្ធិ​លើ​រាងកាយ​របស់​ខ្លួនឯង​ អ្នកដទៃ​ក្រៅពី​ឪពុក​ម្តាយ​គ្មាន​សិទ្ធិ​មក​ប៉ះពាល់​រាងកាយ​របស់ខ្ញុំ​ក្នុង​លក្ខណៈ​មិន​សមរម្យ​ ខណៈ​ពេល​ជាមួយគ្នា​ ខ្ញុំ​ក៏​ត្រូវ​ស្គាល់​ពី​តួនាទី​ដែល​ត្រូវ​ទទួលខុសត្រូវ​មើលថែ​ទាំ​រាងកាយ​របស់​ខ្លួន​ឱ្យ​ស្អាតបាត​ និង​មាន​សុខភាព​ល្អ​ផង​ដែរ​។
    5. ឱ្យ​មានចិត្ត​ចេះ​ជួយ​យកអាសា​៖ បង្រៀន​ឱ្យ​កូន​យល់ដឹង​ថា​ ការ​ជួយ​កអាសា​អ្នកដទៃ​ដោយ​មិន​សង្ឃឹម​សំណង​មកវិញ​នោះ​ ធ្វើ​ឱ្យ​កើត​អារម្មណ៍ល្អ​ចំពោះខ្លួន​ឯង​ និង​មាន​អារម្មណ៍​ថា​ ខ្លួនឯង​មានប្រយោជន៍​ មានតម្លៃ​ ​បើ​មាន​អ្នកណា​ត្រូវការ​ជំនួយ​ ហើយ​យើង​អាច​ជួយ​បាន​ដោយខ្លួនឯង​មិន​មាន​បញ្ហា​នោះ​ ក៏​គួរតែ​ជួយ​។ការ​បង្រៀន​បែបនេះ​នឹង​ជួយ​ឱ្យ​កូន​បាន​សម្តែង​នូវ​ចេតនា​ល្អ​ និង​រៀន​យល់ដឹង​ពី​ការគោរព​សិទ្ធិ​របស់​អ្នកដទៃ​ផង​ដែរ​៕

  • FASMEC ជំរុញ និង​គាំទ្រ​សកម្មភាព​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា ក្នុង​ប្រតិបត្តិការ​អាជីវ​កម្មស​ហ​គ្រាស​ធុន​តូច និង​មធ្យម

    FASMEC ជំរុញ និង​គាំទ្រ​សកម្មភាព​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា ក្នុង​ប្រតិបត្តិការ​អាជីវ​កម្មស​ហ​គ្រាស​ធុន​តូច និង​មធ្យម

    ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (Federation of Associations for SMEs of Cambodia)ហៅ​កាត់​ថា FASMEC បាន​ថ្លែងថា ការជួយ​ជំរុញ និង​គាំទ្រ​លើ​សកម្មភាព​មួយចំនួន​ទាក់ទង​នឹង​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា នឹងចូលរួម​ក្នុង​ការជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​កម្មន្តសាល​របស់​សហ​គ្រាស​ធុន​តូច និង​មធ្យម គឺជា​ការបោះជំហាន​ទៅមុខ​ទៅដល់ ឧស្សាហកម្ម4.0 ស្របទៅតាម​ការវិវឌ្ឍ​របស់​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ។

    លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​បានលើកឡើង​យ៉ាង​ដូច្នេះ​កាលពី​ព្រឹក​ថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2020នេះ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​រវាង FASMEC និង​ក្រុមហ៊ុន Metfone នៅ​ការិយាល័យ FASMEC ដើម្បី​ផ្តល់​កញ្ចប់​សេវាកម្ម​ពិសេស គាំទ្រ​ផ្នែក​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា។

    សូមបញ្ជាក់ថា កន្លងមក សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា FASMEC បាន​បង្កើត​កម្មវិធី​ជាច្រើន ជាមួយ​ដៃគូ​សហការក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ​នានា ដើម្បី​ជំរុញ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ក៏ប៉ុន្តែ​នៅមាន​ចំណុច​ជាច្រើន​ទៀត ដែល​យើង​ត្រូវការ​ដៃគូ​សហការ ដើម្បី​ជំរុញ​ក៏ដូចជា​រក​ដំណោះស្រាយ​បន្ថែមទៀត សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ផងដែរ។

    អ្វីដែល​ជាទី​ចាប់ អារម្មណ៍​ជាងគេ​នោះ​គឺ សហគ្រាស​ធុន​តូច និង​មធ្យម នៅ​កម្ពុជា​ភាគច្រើន​មានចំណេះដឹង​ផ្នែក​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​នៅមានកម្រិត ដែល​នេះ​ជា​កត្តា​ចម្បង​មួយ​ធ្វើឱ្យ​អាជីវកម្ម​របស់​ពួកគាត់ ដើរ​មិនទាន់​សម័យកាល និង​ការវិវឌ្ឍ​របស់​ពិភពលោក​នាពេល​បច្ចុប្បន្ន។

    លោក​ឧកញ៉ា តែ តាំង​ប៉ ក៏បាន​បញ្ជាក់ថា៖“សព្វថ្ងៃនេះ មាន​ចំនួន​ជាង 53ម៉ឺន​សហគ្រាស​ធុន​តូច និង​មធ្យម កំពុង​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា ហើយ​ឆ្អឹងខ្នង សេដ្ឋកិច្ច​ប្រទេស​កម្ពុជា យើង​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ពួកគេ​ទាំងនោះ”។

    លោក​ឧកញ៉ា បាន​បន្តទៀតថា៖“ប៉ុន្តែ​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំងនោះ​កំពុងតែជួបប្រទះ​បញ្ហា​ជាច្រើន ដូចជា​បញ្ហា​ទីផ្សារ បញ្ហា​ហិរញ្ញវត្ថុ បញ្ហា​បច្ចេកទេស ក៏ដូចជា​បញ្ហា​សហគ្រិនភាព​ផងដែរ ដែល​នេះ​ជា​ចំណុច​ទន់ខ្សោយ​របស់​ពួកគាត់”។

    លោក​ឧកញ៉ា បាន​បញ្ជាក់ថា៖“ការចុះហត្ថលេខា​រវាង FASMEC ជាមួយ​ក្រុមហ៊ុន Metfone នឹង​ជួយ​ជំរុញ​គាំទ្រ លើ​សកម្មភាព​មួយចំនួន​ទាក់ទង​នឹង​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា ដែល​នឹង​ដើរ​ទៅដល់​ឧស្សាហកម្ម4.0 ស្របទៅតាម​ការវិវឌ្ឍ​របស់​ពិភពលោក​បច្ចុប្បន្ន”។

    លោក​ឧកញ៉ា តែ តាំង​ប៉ បាន​បញ្ជាក់ដែរថា៖“ការចុះហត្ថលេខា​នេះ គឺ​តទៅ FASMEC និង​មាន​កម្លាំងចលករ​បន្ថែ​ម​ថ្មី​មួយទៀត គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​កម្មន្តសាល សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ធ្វើ​ការងារ​ក្នុង​វិស័យ​ឯកជន កសាង​សមិទ្ធផល​ជូន​ជាតិ​តាមរយៈ​ការសហការ​ជំរុញ​សហគ្រាស​ធុន​តូច និង​មធ្យម​ឱ្យមាន​ការប្រកួតប្រជែង​ជា​អន្តរជាតិ”។

    លោក Phung Van Cuong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន Metfone បាន​ថ្លែងថា៖“វា​ជា​កិត្តិយស​ណាស់ ដែល​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បានរួម​បញ្ចូល​ជាមួយ SME ដើម្បី​គាំទ្រ​សហគ្រាស​ធុន​តូច និង មធ្យម​នៅ​កម្ពុជា ហើយ​វា​នឹង​ជួយ​សង្គម​ធុរកិច្ច​ទាំងអស់​ឱ្យមាន​ការអភិវឌ្ឍ និង​រីកចម្រើន”។

    សូមបញ្ជាក់ថា FASMEC គឺជា​សមូហភាព នៃ​សមាគម​សម្រាប់​វិស័យផ្សេងៗរបស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដែល​បច្ចុប្បន្ន​មាន​សមាជិក​ជាង 60 ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ2010 និង​បានទទួល​ការចុះឈ្មោះ​នៅ​ក្រសួងមហាផ្ទៃ​នៅ​ចុងឆ្នាំ​ដដែល ហើយ​បាន​ចុះបញ្ជី​ជា​សមាគម​អាជីវកម្ម​នៅ​ក្រសួងពាណិជ្ជកម្ម។ នៅ​ពាក់កណ្តាល​ខែមេសា ឆ្នាំ2011 FASMEC ផ្តល់​លទ្ធភាព​ធ្វើឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា អាច​សម្រប​ខ្លួន​ទៅនឹង​បរិយាកាស​ធុរកិច្ច​ផលិតផល និង​ភាព​ប្រកួតប្រជែង​ជាស​កល។

    ជាមួយគ្នានេះដែរ នាយកដ្ឋាន​គយ និង​រដ្ឋាករ ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​តាម​បណ្តា​ខេត្ត ធ្វើការ​លើកទឹកចិត្ត​ដល់​សហគ្រាស​ធុន​តូច និង​ធុន​មធ្យម (SMEs) ក្នុង​គោលបំណង​លើកកម្ពស់ ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​ធុន​មធ្យម ដើម្បី​បង្កើត​ការងារ បង្កើន​សមត្ថភាព និង​លទ្ធផល​ប្រកួតប្រជែង​របស់​ផលិតកម្ម​ក្នុងស្រុក ក៏ដូចជា​ការលើកទឹកចិត្ត ផ្នែក​គយ និង​ពន្ធដារ សម្រាប់​សហគ្រាស​ធុន​តូច និង​ធុន​មធ្យម (SMEs) ឆ្នាំ2020 នេះដែរ។

    ដោយឡែក​បញ្ហា​ផ្នែក​ប្រព័ន្ធគ្រប់គ្រង​ស្តង់ដា​គុណភាព មិនទាន់មាន​លក្ខណៈ​ល្អ​គ្រប់គ្រាន់ ដំណើរ​ការមិន​បានល្អ ដោយនៅ​ខ្វះ​មន្ត្រី​ជំនាញ​ផ្នែក​នេះ​ជាច្រើន​នៅឡើយ ទើប​គេ​ឃើញ​មាន​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​ជំនាញ ផ្នែក​ប្រព័ន្ធគ្រប់គ្រង​ស្តង់ដា​គុណភាព​នេះ ត្រូវ​បានរៀបចំ​ធ្វើឡើង​នៅ​ខេត្តសៀមរាប​ផងដែរ។

    ឯកឧត្តម ចាន់ សូ​ផា អគ្គនាយក​នៃ​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា នៃ​ក្រសួង​ឧ​ស្សហកម្ម និង​សិប្បកម្ម បានមានប្រសាសន៍ថា៖“បច្ចុប្បន្ន ការធ្វើ​ពាណិជ្ជកម្ម​ទាំង​នៅក្នុង​ស្រុក និង​នៅលើ​ឆាក​អន្តរជាតិ គេ​ទាមទារ​ឱ្យ​ផលិតផល​ទាំងនោះ​មានការ​គ្រប់គ្រង​គុណភាព​មួយ ដ៏​ត្រឹមត្រូវ ដែលមាន​ការវាយតម្លៃ​ពី​មន្ត្រី​ជំនាញ​ផ្នែក​ប្រព័ន្ធគ្រប់គ្រង​ស្តង់ដា​គុណភាព”។

    ឯកឧត្តម បាន​បន្តថា បច្ចុប្បន្ន មាន​ក្រុមហ៊ុន​មួយចំនួន នាំចេញ​ទៅដោយ​មិនទាន់មាន​លក្ខណៈ​ល្អ​គ្រប់គ្រាន់ ដោយសារតែ​ប្រព័ន្ធគ្រប់គ្រង​ស្តង់ដា​គុណភាព​នៅ​កម្ពុជា មិនបាន​ដំណើរ​ការល្អ នៅ​ខ្វះ​មន្ត្រី​ជំនាញ​ផ្នែក​នេះ​ជាច្រើន ដូច្នេះហើយ​មាន​បានជា​បច្ចុប្បន្ននេះ​មានការ​បណ្តុះបណ្តាល​មន្ត្រី​ជំនាញ​ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់ធ្វើ​ការងា​រ​នេះ ជាពិសេស ជួយ​ដល់​ក្រុមហ៊ុន​នានា ឱ្យមាន​លក្ខណៈ​ល្អ​គ្រប់គ្រាន់​ក្នុងការ​នាំចេញ។

    ឯកឧត្តម ចាន់ សូ​ផា ក៏បាន​បញ្ជា​ក់ទៀត​ដែរ​ថា៖“កន្លងមក​ក្រុមហ៊ុន​ដែលមាន​លក្ខណៈ​ល្អ​គ្រប់គ្រាន់​ក្នុងការ​នាំចេញ​ផលិតផល​ទៅ​ក្រៅប្រទេស គេ​បាន​ជួល​អ្នកជំនាញ​ពី​ប្រទេស​ផ្សេង​មកជួយ​វាយតម្លៃ និង​កំណត់​ស្តង់ដា​ផលិតផល​ឱ្យ”៕

  • ប្រទេសអធិរាជបាល់ទាត់ក្នុងទ្វីបអាស៊ី ប្រកាសផ្អាកការប្រកួតលីកកំពូលរៀងៗខ្លួន ព្រោះមេរោគកូរ៉ូណាកំពុងរុករានខ្លាំង

    ប្រទេសអធិរាជបាល់ទាត់ក្នុងទ្វីបអាស៊ី ប្រកាសផ្អាកការប្រកួតលីកកំពូលរៀងៗខ្លួន ព្រោះមេរោគកូរ៉ូណាកំពុងរុករានខ្លាំង

    ការប្រកួតបាល់ទាត់ក្របខ័ណ្ឌលីកកំពូលរបស់ប្រទេសអធិរាជបាល់ទាត់ទ្វីបអាស៊ី និងអាស៊ាន ដូចជាចិន ជប៉ុន កូរ៉េខាងត្បូង ថៃ និងវៀតណាម បានផ្អាកការប្រកួតរបស់ខ្លួនទាំងអស់ជាបណ្ដោះអាសន្នហើយ។

    មូលហេតុនៃការផ្អាកការប្រកួតបណ្តោះអាសន្ននេះ គឺដោយសារតែការឆ្លងរាតត្បាតនៃមេរោគវីរុស COVID-19 ដែលកំពុងតែបង្កើនល្បឿនឆ្លងរបស់ខ្លួននៅក្នុងប្រទេសទាំងនោះ។

    ចំពោះការបរិច្ឆេទក្នុងការបន្តការប្រកួតឡើងវិញនោះ នៅមិនទាន់ច្បាស់នៅឡើយទេ ដោយត្រូវរង់ចាំអ៊ុតមើលថាតើ វីរុសនេះមានការថមថយការឆ្លង ឬក៏យ៉ាងណាសិន។

    ទោះជាយ៉ាងនេះក្តី ក្នុងដំណាក់កាលដំបូងនេះ ពួកគេបានប្រកាសផ្អាកការប្រកួតទាំងនោះត្រឹមថ្ងៃទី15 ខែមីនាសិន ហើយរង់ចាំមើលស្ថានការណ៍ជាបន្តទៀត៕

  • តោះមកដឹងលម្អិត អំពីរូបមន្តប្រកួត JENESYS 2019 ដែលកម្ពុជា កំពុងចូលរួមនៅជប៉ុន

    តោះមកដឹងលម្អិត អំពីរូបមន្តប្រកួត JENESYS 2019 ដែលកម្ពុជា កំពុងចូលរួមនៅជប៉ុន

    ការប្រកួតពានរង្វាន់មិត្តភាព JENESYS 2019 Japan-ASEAN U19 Men’s Football Tournament នៅប្រទេសជប៉ុន ដែលក្រុមយុវជនអាយុក្រោម 19ឆ្នាំកម្ពុជា បានចាញ់ក្រុមបាល់ទាត់យុវជនអាយុក្រោម 19ឆ្នាំ Kagoshima Uinted FC ក្នុងលទ្ធផល 0ទល់នឹង1។

    ក្នុងពានរង្វាន់ JENESYS 2019 Japan-ASEAN U19 Men’s Football Tournament នេះ ក្រុមដែលឈ្នះនឹងទទួលបាន 3ពិន្ទុ ខណៈដែលស្មើគ្នាតម្រូវឱ្យទាត់ប៉េណាល់ទីកាត់សេចក្តី ដោយក្រុមឈ្នះនឹងបាន 2ពិន្ទុ និងក្រុមដែលចាញ់ប៉េណាល់ទីបាន 1ពិន្ទុ។ បន្ទាប់ពីបញ្ចប់វគ្គចែកពូល ក្រុមដែលមានចំណាត់ដូចគ្នាក្នុងពូលទាំង2 ត្រូវប្រកួតគ្នាដើម្បីដណ្តើមចំណាត់ថ្នាក់បន្តទៀត។

    គួរបញ្ជាក់ផងដែរថា កាលពីការប្រកួតទី1 កម្ពុជា​ បានចាញ់ទីម័រក្នុងលទ្ធផលដុនដាបដល់ទៅ​ 7ទល់នឹង3។ ឯការប្រកួតក្រោយនេះ(លើកទី3) កម្ពុជានឹងត្រូវជួបជាមួយនឹងក្រុមយុវជនអាយុក្រោម 19ឆ្នាំមីយ៉ាន់ម៉ា នៅថ្ងៃស្អែក៕

  • អ្នកជំនាញថា៖ តំរូវការទីផ្សារខុនដូតំលៃសមរម្យក្នុងក្រុងភ្នំពេញ នឹងកាន់តែមានការកើនឡើងសំរាប់អតិថិជនជាជនជាតិខ្មែរយេីង

    អ្នកជំនាញថា៖ តំរូវការទីផ្សារខុនដូតំលៃសមរម្យក្នុងក្រុងភ្នំពេញ នឹងកាន់តែមានការកើនឡើងសំរាប់អតិថិជនជាជនជាតិខ្មែរយេីង

    ភ្នំពេញ ៖ ដោយសារទំហំនៃទីក្រុងភ្នំពេញកំពុងតែមានការរីកធំឡើងៗ ខណៈពេលប្រជាជននៅក្នុងក្រុង មានកំនើនជាបន្តបន្ទាប់ នាំអោយមានតំរូវការលំនៅដ្ឋានខ្ពស់។

    លោក សំ សុខនឿន អគ្គនាយកក្រុមហ៊ុន KW Sen Sok និងជាអគ្គនាយកក្រុមហ៊ុន សេម អេសអិន រៀលធី បានមានប្រសាសន៍ថា តំរូវការទីផ្សារខុនដូតំលៃសមរម្យក្នុងក្រុងភ្នំពេញ កំពុងតែមានការកើនឡើង សំរាប់អតិថិជនជនជាតិខ្មែរ។ លោកបានបន្ថែមទៀតថា មូលហេតុដែលកំនើនខុនដូតំលៃសមរម្យកំពុងមានការកើនឡើង ព្រោះបណ្តាលមកពីកត្តា៤សំខាន់ៗ:
    1. បុរីថ្មីៗកាន់តែឆ្ងាយពីក្រុងហេីយមានតំលៃខ្ពស់ទៅៗ ដែលធ្វើអោយអ្នកស្នាក់នៅក្នុងបុរីត្រូវចំណាយពេលវេលា ក្នុងការចូលមកក្នុងទីក្រុង ដើម្បីបំពេញការងារ។
    2. ដោយសារតែប្រជាជនក្នុងក្រុងមានការកើនឡើង នាំអោយមានការស្ទះចរាចរណ៍
    3. ដោយសារតែប្រជាជនខ្មែរ មានការយល់ដឹងពីរបៀបរស់នៅដែលមានស្តង់ដារប្រសើរជាងមុន ដូចជាហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ប្រើប្រាស់ ផ្សារទំនើប សាលារៀន មន្ទីរពេទ្យ ។ល។
    4. និន្នាការរបស់អតិថិជនដែលទិញដីឆ្ងាយពីក្រុង ហើយកំពុងតែជួលផ្ទះនៅក្នុងទីក្រុងភ្នំពេញ នឹងងាកមកទិញខុនដូតំលៃសមរម្យវិញ ដោយហេតុថាការទិញខុនដូមានភាពងាយស្រួល ក្នុងការបង់ប្រាក់ ដែលអាចអោយពួកគាត់យកលុយពីការជួលផ្ទះ រឺលុយពីការបង់រំលោះដី ដែលនៅជាយក្រុង ជំនួសដោយការទិញខុនដូវិញ។

    លើសពីនេះទៅទៀត ការទិញខុនដូគឺជាការទិញផ្ទះរស់នៅតែម្តង អាចអោយគាត់មានស្ថេរភាព និងផាសុកភាពសំរាប់គ្រួសារ ជាពិសេស គាត់អាចបំពេញភារកិច្ចក្នុងទីក្រុងភ្នំពេញ បានយ៉ាងងាយស្រួល និងចំណេញពេលវេលា ថែមទាំងកូនៗ របស់គាត់ អាចមានឱកាសក្នុងការចូលរៀនសាលាល្អៗក្នុងក្រុងភ្នំពេញ។

    នាយិកាប្រចាំប្រទេសក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា “បច្ចុប្បន្ននេះខុនដូដែលតម្លៃសមរម្យភាគច្រើន មានតម្រូវការខ្ពស់ពីសំណាក់អតិថិជនក្នុងស្រុក ដោយសារពួកគាត់បានយល់ និងស្គាល់ពីគុណតម្លៃនៃការស្នាក់នៅក្នុងខុនដូ ហើយពួកគាត់ទិញសម្រាប់រស់នៅច្រើន ជាងទិញសម្រាប់ទុកវិនិយោគបន្ត”។
    លោកស្រីអាន សុធីតាបានបន្តទៀតថា និយាយរួមទៅ ការវិនិយោគទៅលើប្រភេទខុនដូតម្លៃសមរម្យ នៅតែមានភាពល្អប្រសើរទាំងនៅក្នុងឆ្នាំ២០២០នេះ និងបន្តទៅឆ្នាំក្រោយទៀត ព្រោះកាលណាតម្លៃទាប នឹងមានទីផ្សារទូលាយ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីអតិថិជនក្នុងស្រុក ជាពិសេសជនជាតិខ្មែរ។
    លោកស្រីបានបញ្ជាក់ថា ខុនដូដែលត្រូវបានចាត់ទុកថាប្រភេទសមរម្យ គឺមានតម្លៃប្រមាណ១២០០ដុល្លារ។ ដោយឡែកខុនដូតម្លៃមធ្យមឬតម្លៃកណ្តាល គឺមានតម្លៃប្រមាណចាប់ពី១៥០០ដុល្លារឡើងទៅ ក្នុងមួយម៉ែត្រការ៉េហើយចំពោះប្រភេទខុនដូតម្លៃខ្ពស់គឺមានតម្លៃចាប់ពីប្រមាណ២៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េឡើងទៅ និងស្ថិតនៅជាន់ខ្ពស់ៗ៕

  • អូហូ៎…! ចំណេញកប់ក្តោងម៉ង…! កម្មវិធី “8K ប្រូម៉ូសិន ” សម្រាប់រាល់ការទិញ Samsung Galaxy S20+ ឬ Galaxy S20 Ultra!!

    អូហូ៎…! ចំណេញកប់ក្តោងម៉ង…! កម្មវិធី “8K ប្រូម៉ូសិន ” សម្រាប់រាល់ការទិញ Samsung Galaxy S20+ ឬ Galaxy S20 Ultra!!

    (ភ្នំពេញ) ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០៖ ទទួលស្គាល់ និងឱ្យកំពូលមេដាយដល់ Samsung Galaxy S20+ និង Galaxy S20 Ultra ថាជាស្តេចកំពូលស្មាតហ្វូនក្នុងលោកគ្មានគូប្រៀបប្រចាំឆ្នាំ ២០២០ ពិតមែន! ឥឡូវនេះក្រុមហ៊ុន សាមសុង បានផ្តល់ជូននូវភាពរំភើបរីករាយដ៏អស្ចារ្យជាមួយ នឹងកម្មវិធី “8K ប្រូម៉ូសិន”! សម្រាប់អតិថិជនដែលបាន Pre-order រួច ឬមិនទាន់ Pre-order កំពូលស្មាតហ្វូន Samsung Galaxy S20+ ឬ Galaxy S20 Ultra អាចទទួលយកកញ្ចប់នេះបានជាមួយនឹងការផ្តល់ជូនដ៏អស្ចារ្យដែលពុំធ្លាប់មាន!

    អតិថិជនដែលបានទិញ Galaxy S20+ | S20 ជាមួយនឹងប្រូម៉ូសិននេះនឹងអាចទិញទូរទស្សន៍ QLED 8K 65 អ៊ីញ ម៉ូឌែល QA65Q900RBKXXT ហើយទទួលបានការបញ្ចុះតម្លៃ ដល់ទៅ 50% នៃតម្លៃទូរទស្សន៍។

    រកឯណាបានលោកព្រះ…! រួសរាន់ឡើង…! កម្មវិធីប្រូម៉ូសិនមហាយក្សនេះគឺអត់ដែលមានទេ! លើកទី ១ ហើយ…ដូច្នេះសូមកុំឱ្យឱកាសមាស នេះកន្លងផុតឱ្យសោះណា៎!! បានទាំងទូរស័ព្ទដែលថតវីដេអូ 8K និងបានទាំងភាពរីករាយក្នុងការទស្សនាលើអេក្រង់ទូរទស្សន៍ 8K ទំហំ 65 អ៊ីញ យ៉ាងត្រជាក់ភ្នែកថែមទៀតផង! ជីវិតគឺពិតជាមានន័យ និងស៊ីវីល័យខ្លាំងណាស់…!

    បញ្ជាក់៖

    1- ការកម្ម៉ង់ចាប់ពីថ្ងៃទី 27 កុម្ភៈ 2020 នេះតទៅ រហូតដល់ទូរទស្សន៍អស់ពីស្តុក

    2- រាល់ការកម្ម៉ង់កញ្ចប់តម្លៃនេះ អតិថិជនត្រូវធ្វើការកក់លុយចំនួន $200 នៅហាងដែលខ្លួនបានជាវ (លុយកក់ពុំអាចដកវិញបាន)។

    3- ម្ចាស់ហាងត្រូវទំនាក់ទំនងមកខាងសាមសុងតាមរយលេខ 061 – 666 – 526  ដើម្បីបញ្ជាក់ការកម្ម៉ង់។

    4- ក្រុមហ៊ុន សាមសុង នឹងដឹកជញ្ជូនទូរទស្សន៍ដល់ផ្ទះអតិថិជនដោយមិនគិតថ្លៃ ។

    5- តម្លៃសេវាកម្មក្នុងការដំឡើង និងបរិក្ខារបន្ថែមជាបន្ទុករបស់អតិថិជន។

    សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ និងទស្សនាផលិតផលដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 !

  • រោងចក្រដៃគូដំឡើង iPhone ថា ការពន្យារពេល ប៉ះពាល់ធ្ងន់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុន

    រោងចក្រដៃគូដំឡើង iPhone ថា ការពន្យារពេល ប៉ះពាល់ធ្ងន់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុន

    រោងចក្រ​ដែល​ជា​ដៃ​គូ​ដំឡើង​ iPhone ឱ្យ Apple  បាន​ពន្យារពេល​បើក​រោងចក្រ​បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ចិន ដោយ​សារ​បញ្ហា​ឈឺ​ក្បាល​ទាក់ទង​នឹង​ការ​ផ្ទុះ​វីរុស។ យ៉ាងណាក្ដី កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ក្រុមហ៊ុន​បាននិយាយ​ថា ខ្លួន​បាន​ចាប់​ផ្ដើម​បើក​ដំណើរ​ការ​រោងចក្រ​ធំៗ​មួយ​ចំនួន​នៅ​ប្រទេស​ចិនរួចហើយ។

    Foxconn Technology Group ដែល​ជា​រោងចក្រ​​ដំឡើង​គ្រឿង​អេឡិចត្រូនិក​ធំ​ជាង​គេ​ក្នុង​លោក កំពុង​ស្វែង​រក​វិធី​លើក​ទឹក​ចិត្ត​ឱ្យ​បុគ្គលិក​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ បន្ទាប់​ពី​ការ​ឈប់​សម្រាក​ថ្ងៃ​ចូល​ឆ្នាំ​​ចិន​រយៈ​ពេល​យូរ​ និង​មាន​ការ​បិទ​រោងចក្រ​ដោយ​សារ​វីរុស​​កូរ៉ូណា​ទៀតផង​នោះ។

    ជាក់​ស្ដែង​នៅ​រោងចក្រ​​ធំ​ជាង​គេ​របស់ Foxconn ដែល​មាន​ទីតាំង​នៅ​ Zhengzhou ខេត្ត​ Henan កម្មករ​ម្នាក់ៗ​អាច​ទទួល​បាន​ប្រាក់​រង្វាន់​ជិត 1ពាន់​ដុល្លារ ប្រសិន​បើ​អាច​បំពេញ​តាម​តម្រូវ​ការ​មួយ​ចំនួន។ ទឹក​ប្រាក់​នេះ ​គឺ​ស្មើ​ប្រហែល 2 ទៅ 3ដង​នៃ​ប្រាក់ខែ​​ធម្មតា ដែល​នឹង​បើក​ជូន​រយៈពេល 2លើក​ក្នុងរយៈ​ពេល 5ខែ។

    អ្នក​តំណាង Foxconn ធ្លាប់​បាន​បញ្ជាក់​ថា​ ការ​ពន្យារពេល ​គឺ​ប៉ះពាល់​ធ្ងន់​ដល់​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន។ ប្រាក់​រង្វាន់​យ៉ាងច្រើននេះ ​គឺ​ដើម្បី​​លើក​ទឹក​ចិត្ត​ឱ្យ​​កម្មករ​វិល​ត្រឡប់​មក​ធ្វើ​ការ​វិញ និង​កាត់​បន្ថយ​ការ​ខូច​ខាត​ដោយ​សារ​ការ​ពន្យារពេល​ការ​ផលិត៕

  • រាជរដ្ឋាភិបាលកំណត់យកឆ្នាំ2020 ជាឆ្នាំ​អនុវត្ត​ច្បាប់​ចរាចរណ៍ និង​ការផាកពិន័យជា​ចម្បង

    រាជរដ្ឋាភិបាលកំណត់យកឆ្នាំ2020 ជាឆ្នាំ​អនុវត្ត​ច្បាប់​ចរាចរណ៍ និង​ការផាកពិន័យជា​ចម្បង

    ភ្នំពេញ៖ ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាសថា ឆ្នាំ​2020​នេះ ជា​ឆ្នាំ​អនុវត្ត​ច្បាប់​ចរាចរណ៍ ដោយ​ការផាកពិន័យជា​ចម្បង​ ខណៈដែលឆ្នាំ2019កន្លងទៅ​ជា​ឆ្នាំ​អប់រំ។

    ថ្លែងនៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ខែមករា ឆ្2020 នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ​សម្ដេច​ក្រឡាហោម ស ខេង បានលើកឡើងថា៖ “កន្លងមកយើង​យក​វិធាន​ការអប់រំ​ជាសំខាន់ ហើយ​ឆ្នាំ​2020 នេះ ខ្ញុំ​គិតថា គួរតែ​យើង​ដូរ​ចំណាត់ថ្នាក់​អាទិភាព ពី​ការអប់រំ ដែលជា​អាទិភាព​ចម្បង ទៅជា​ការអនុវត្ត​ច្បាប់​ជា​ចម្បង​។ បានន័យថា យើង​មិន​បោះបង់ចោល​វិធានការ​អប់រំ​ទេ តែ​នៅ​ឆ្នាំនេះ យើង​យក​ការអនុវត្ត​ច្បាប់​ជា​ចម្បង​។ ច្បាប់​បាន​ចាប់បង្ខំ​ឱ្យ​មនុស្ស​ទាំងអស់គ្នា គោរព អនុវត្ត ទោះបី​អ្នកនោះ បានដឹង ឬ​មិន​បានដឹង​ក៏ដោយ​។ មិនអាច​យក​លេស​ថា ច្បាប់​ហ្នឹង ខ្ញុំ​អត់​បានដឹង អត់​បាន​រៀន​ផង អីចឹង​ខ្ញុំ​អត់​មានទោស​ទេ​។ តែ​ច្បាប់ គឺ​ច្បាប់​ហើយ ចង់​អ្នកឯង​ដឹង ឬ​អ្នកឯង មិនដឹង គឺ​គេ​ធ្វើ​ហើយ​។ អីចឹង បាន​ខ្ញុំ​ថា យើង​ដូរ​អាទិភាព​របស់​យើង ពី​ការអប់រំ​ផ្សព្វផ្សាយ ជាសំខាន់ មក​ការអនុវត្ត​ជាសំខាន់​។ ប៉ុន្តែ​មិនមែន​បានន័យថា យើង​បោះបង់​ការអប់រំ​ផ្សព្វផ្សាយ​ទេ​។ គឺ​នៅតែ​យកចិត្តទុកដាក់​ជាប្រចាំ​អីចឹង​។ អានេះ ជាការ​ដូរ​នូវ​ទស្សនទាន​មួយ សម្រាប់​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក”។ ​

    កាលពី​ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស​កម្ពុជា បាន​កើតឡើង​ចំនួន 4,121លើក សម្លាប់​មនុស្ស 1,981​នាក់ និង​រងរបួស 6,141នាក់​។

    ​របាយការណ៍​ប្រចាំថ្ងៃ​របស់​នាយកដ្ឋាន​ន​គ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ បង្ហាញថា នៅក្នុង​ខែមករា ឆ្នាំ​2020 នៅ​ទូទាំងប្រទេស គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បានកើត​ឡើង​សរុប​ចំនួន 358​លើក បណ្តាល​ឱ្យ​ស្លាប់ 206​នាក់ និង​របួស 559​នាក់​។ ក្នុងចំណោម​អ្នកស្លាប់​ទាំង 206នាក់ គឺមាន 159​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​មិន​ពាក់មួក​សុវត្ថិភាព 116​នាក់​។

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

    ជាមួយគ្នានេះ សម្ដេច​ក្រឡាហោម ស ខេង ក៏បានបញ្ជាក់ផងដែរថា នៅ​ថ្ងៃ​ចន្ទ ទី​០2​មីនា​ខាងមុខនេះ នឹងមាន​ការជួបប្រជុំ ដើម្បី​ធ្វើ​វិសោធនកម្ម​អនុក្រឹត្យ ដើម្បី​បន្ថែម​ទោស​ប្បញ្ញត្តិ អំពី​ស្ថានភាព​ទម្ងន់ទោស ដែលមាន​ការបង្កើន​ប្រាក់​ផាកពិន័យ លើ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​។៕

  • សម្ដេច​តេ​ជោ​នាយក​រដ្ឋ​ម​ន្ត្រី្ក បញ្ជា​ឱ្យ​ត្រៀម​បង្ការ​ការឆ្លង​ជំងឺផ្តាសាយបក្សី H5N1

    សម្ដេច​តេ​ជោ​នាយក​រដ្ឋ​ម​ន្ត្រី្ក បញ្ជា​ឱ្យ​ត្រៀម​បង្ការ​ការឆ្លង​ជំងឺផ្តាសាយបក្សី H5N1

    សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី18 ខែកុម្ភៈ​កន្លងទៅ បានធ្វើ​ការណែនាំ និង​ក្រើនរំឭក​ដល់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ឱ្យមាន​ការប្រុងប្រយ័ត្ន និង​ទប់ស្កាត់​រាល់​ការផ្ទុះ​ឡើង​នៃ​ជំងឺផ្តាសាយបក្សី H5N1 ព្រោះថា ថ្មីៗនេះ ជំងឺ​នេះ​កំពុង​រីក​រាលដាល​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម។

    សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះក្នុង​ពិធី​ចែក​សញ្ញាបត្រ នៅ​រាជធានី​ភ្នំពេញ​ដោយមាន​ប្រសាសន៍ថា ជំងឺផ្តាសាយបក្សី​កំពុង​រាលដាល​ដល់​សត្វ​មាន់នៅ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម ហើយ​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​ដើម្បី​ទប់ស្កាត់ កុំឱ្យ​ជំងឺ​នេះ​ចូលមកក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

    សម្តេច​បាន​មានប្រសាសន៍ថា៖“ដូច្នេះ​យើង​ត្រូវ​ប្រយ័ត្ន​អំពី​ការផ្ទុះ​ជំងឺផ្តាសាយបក្សី ក្នុង ចំណោម​សត្វ​មាន់នៅ​ខាង​វៀតណាម។ ប្រជាជន​វៀតណាម​ភ័យខ្លាច​ថា មាន់​របស់​ពួកគេ​នឹងត្រូវ​បានសម្លាប់ ហើយ​ព្យាយាម​លក់​មាន់​ឈឺ​របស់​ពួកគេ​មក​ប្រទេស​កម្ពុជាដោយ​ជាហេតុ​បង្កឱ្យមាន​ជំងឺ​នេះ​ឆ្លង​រាលដាល​មក​ក្នុងប្រទេស​កម្ពុជា”។

    ទោះយ៉ាងណាសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា សម្ដេច​ជឿជាក់ថា​ ប្រទេស​វៀតណាម​មានការ​ទទួល​ខុសត្រូវ​ខ្ពស់ក្នុងការ​ការពារ​ជំងឺ​នេះ​មិនឱ្យរាលដាល​ទៅដល់​តំបន់​ផ្សេងទៀត ឬ​ប្រទេស​នានាដូច​កាលពី​ពេលមុន នៅពេលដែល​ជំងឺ​មួយ​បាន​សម្លាប់សត្វ​ជ្រូក​អស់​រាប់ពាន់​ក្បាល ដើម្បី​ការពារ​ការឆ្លង​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​វាយប្រហារ​ប្រទេស​របស់​ពួកគេ។

    យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម​បាន​រាយការណ៍​ថា វីរុស H5N1 ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ខេត្ត​ត្រា​វិញ ភាគខាងត្បូង​របស់​ប្រទេស​វៀតណាម។ មន្ទីរ​បសុព្យាបាល និង​សុខភាព សត្វ​ខេត្តបាន​បញ្ជាក់ថា សត្វ​បក្សី​នៅក្នុង​ភូមិ​ចំនួន2 នៃ​ស្រុក​ថ្កូវ បានធ្វើ​តេស្ត​រកឃើញ​វីរុស​នេះ ហើយ​មាន់​ប្រហែល 1,000ក្បាល​ត្រូវបាន​សម្លាប់។

    ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម បានបញ្ជាក់​ទៀតថា ប្រទេស​វៀតណាម​បាន​រាយការណ៍​ថា ​មានការ​ផ្ទុះឡើង​នូវ​ជំងឺផ្តាសាយបក្សី​ចំនួន 16លើក ក្នុង​រយៈពេល 21ថ្ងៃ ហើយ​មាន​សត្វ​បក្សី​ជាង55,000ក្បាល ក៏ត្រូវ​បានសម្លាប់​ដែរ។

    តាម​ការណែនាំ​របស់​ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានចេញ​សេចក្តីណែនាំ​មួយ​ចុះ​ថ្ងៃទី18 ខែកុម្ភៈ ដល់​មន្ត្រី ឱ្យ​ចាត់វិធានការ​ដើម្បី​បង្ការ​ជំងឺផ្តាសាយបក្សី មិនឱ្យ​ឆ្លង​រាលដាល​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា។

    នៅក្នុង​សេចក្តីណែនាំ​នោះ ឯកឧត្ដម​បាន​ណែនាំ​ដល់​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​នៅតាម​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ឱ្យ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុងការ​ពង្រឹង​វិធានការ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការនាំ​ចូល​សត្វ​បក្សី និង​ផលិតផល​បក្សី​ខុសច្បាប់​ពី​ព្រំដែន និង​តាម​អាកាសយានដ្ឋាន​ផងដែរ។

    បទបញ្ជា​នៃ​សារាចរ​ណែនាំ​នោះ បាន​បញ្ជាក់ថា“មន្ត្រី​ត្រូវតែ​ពង្រឹង​ការអនុវត្ត​វិធានការ​ជីវ​សុវត្ថិភាព​ឱ្យបាន​ល្អិតល្អន់​នៅ​គ្រប់​កសិដ្ឋាន​ចិញ្ចឹមសត្វ និង​កន្លែង​សម្លាប់សត្វ បង្កើន​ការត្រួតពិនិត្យ​សុខភាព​បក្សី​នៅ​ទូទាំងប្រទេស និង​ចាត់វិធានការ​ឱ្យបាន​ទាន់ពេលវេលា​ក្នុងករណី​សង្ស័យថា មានការ​ផ្ទុះ​ជំងឺផ្តាសាយបក្សី” និង​បាន​ណែនាំ​ដល់​មន្ត្រី​ឱ្យ​ពិនិត្យ​ដោយ​យកចិត្តទុកដាក់​លើ​សុខភាព​សត្វ​បក្សី និង​អនាម័យ​មុន​ពេលចេញ​វិញ្ញាបនបត្រ​អនាម័យ​សត្វ និង​បង្កើន​ការអប់រំ​ដល់​កសិករ​នៅ​ខេត្ត​ក្នុងការ​អនុវត្ត​អនាម័យ​ឱ្យបាន​ល្អ។

    សារាចរ​នោះបាន​បន្ថែមថា“មន្ត្រី​គួរតែ​សហការ​ជាមួយ​ភាគី​វៀតណាម​ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន​ស្តីពី​ជំងឺផ្តាសាយបក្សី និង​ការដឹកជញ្ជូន​បក្សី ឬ​ផលិត​ផលប​សុ​បក្សី ដើម្បី​បង្ការ​ជំងឺ​នេះ​ឱ្យបាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព”។

    ក្រសួងកសិកម្ម​បានឱ្យ​ដឹងថា ផ្អែក​តាម​សារព័ត៌មាន​របស់​ប្រទេស​វៀតណាម នៅ​ពី​ថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2020 នៅ​ខេត្ត​ត្រា​វិញ​ភាគខាងត្បូង មានការ​ផ្ទុះ​ជំងឺផ្តាសាយបក្សី​បង្ក ឡើង​ដោយ​វីរុស ប្រភេទ A/H5N1 ហើយ​ត្រូវបាន​កម្ទេច​សត្វ​មាន់​ប្រមាណ​ជាង 55,000ក្បាល។

    ឯកឧត្តម តាន់ ផាន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បានឱ្យដឹងថា បន្ទាប់ពី​ទទួលបាន​អនុសាសន៍​ពីស​ម្តេច​ហ៊ុន សែន ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជា​ឱ្យ​ចាត់វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​នេះភ្លាមៗតែម្ដង។

    ឯកឧត្តម​បន្តថា នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆ្នាំ ដែលមាន​ការចូលរួម​ពី​មន្ត្រី​ពេទ្យសត្វ និង​ប្រធាន​មន្ទីរ​គ្រប់​ខេត្ត ក្រុង ឯកឧត្តម​បាន​ណែ​នាំឱ្យ​ពង្រឹង​វិធានការ​ទប់ស្កាត់​ជាបន្ទាន់​នូវ​ការនាំ​ចូល​សត្វ​មាន់ និង​បក្សី​ពី​ប្រទេស​វៀតណាម។

    ឯកឧត្តម​បាន​បញ្ជាក់ថា៖“ក្រសួង​នឹង​ចេញ​លិខិត​ណែនាំ​មួយ​បន្ថែមទៀត ដើម្បី​បញ្ឈប់​ការនាំ​ចូល​សត្វ​មាន់​រស់​ទាំងស្រុង ពី​ប្រទេស​វៀតណាម​ចាប់ពីពេលនេះ​តទៅ ទាំង​មាន់​មានច្បាប់ និង​អត់​ច្បាប់​អនុញ្ញាត រហូត​ទាល់​តែមាន​សេចក្ដីណែនាំ​សាជាថ្មី”។

    ឯកឧត្តម បានបញ្ជាក់​ទៀតថា៖“មន្ត្រី​ពេទ្យសត្វ​នៅ​វៀតណាម ក៏ដូចជា​មន្ត្រី​ពេទ្យសត្វ​នៅ​កម្ពុជា​យើង​ដែរ ព្រោះ​យើង​ស្ថិតនៅក្រោម​ដំបូល​អង្គការ​ពេទ្យសត្វ​ពិភពលោក។ អុីចឹង ពេល​មាន​ផ្ទុះ​ជំងឺ យើង​ធ្វើ​សេចក្ដីប្រកាស​មួយ​ថា កន្លែង​ណា គឺជា​តំបន់​ផ្ទុះ​ជំងឺ ប៉ុន្តែ​នៅពេល​ជំនាញ​ចុះទៅ​ធ្វើតេស្ដ​ម្ដងទៀត និង​តាមដាន​ម្ដង​ទៀតថា នៅ​កន្លែង​នោះ​ពុំមាន​ជំងឺ​ទៀត​ទេ។ ដូច្នេះ​ខាង​វៀតណាម​នឹងធ្វើ​សេចក្ដីប្រកាស​មួយ​ដោយ​រំសាយ​តំបន់​ដែល​ពុំមាន​ផ្ទុះ​ជំងឺ​នោះ យើង​អាច​ដំណើរការ​ធម្មតា​ឡើងវិញ​បាន”។

    ទោះជា​យ៉ាងណា ឯកឧត្តម​បាន​បន្ថែមថា កម្ពុជា​បាន​នាំចូល​សត្វ​មាន់​ពី​ប្រទេស​វៀតណាម គឺមាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ហើយ​មួយរយៈ​ចុងក្រោយ​នេះ ស្ទើរតែ​មិនមាន​ការនាំ​ចូល​ផង។ ភាគច្រើន គឺ​កម្ពុជា​នាំចូល​សត្វ​មាន់​រស់​ពី​ប្រទេស​ថៃ ដើម្បី​បង្គ្រប់​តម្រូវការ​នៅក្នុង​ប្រទេស ដែល​ក្នុង 1ថ្ងៃ​គឺ​នាំចូល​សត្វ​មាន់​រស់​ប្រហែល 1,6000ក្បាល។

    ការចាក់វ៉ាក់សាំងបង្ការជំងឺឱ្យមាន់

    ជាមួយគ្នានេះដែរ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺផ្តាសាយបក្សី​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ តាមរយៈ​ការ​ចរាចរ​បក្សី និង​ផលិតផល​ពី​បក្សី​នាំចូល​ពី​ប្រទេស​វៀតណាម និង​ពី​តំបន់​មួយ ទៅ​តំបន់​មួយទៀត​ក្នុង​ផ្ទៃ​ប្រទេស ក្រសួងកសិកម្ម បានធ្វើ​ការណែនាំ​ដល់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល រាជធានី-ខេត្ត ជាពិសេស​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​វៀតណាម ត្រូវមាន​ការទទួលខុសត្រូវ​ប្រកបដោយ​តម្លាភាព​ខ្ពស់​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺផ្តាសាយបក្សី និង​ត្រូវអនុវត្ត​វិធានការ​ម៉ឺងម៉ាត់​ដូចខាងក្រោម៖

    1-ត្រូវ​ពង្រឹង​ការទប់ស្កាត់​ការ​នាំចូល​បក្សី និង​ផលិតផល​ពី​បក្សី​ខុសច្បាប់ ដែល​ឆ្លងកាត់​តាម​ច្រកព្រំដែន​ពី​ខេត្ត1 ទៅ​ខេត្ត1 ឬ​ពី​តំបន់1 ទៅ​តំបន់1 ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ ជាពិសេស​សមត្ថកិច្ច​ច្រកចេញ-ចូល​តាម​ព្រំដែន។

    2-អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រូវ​បង្កើន​ការត្រួតពិនិត្យ​ចរាចរណ៍​សត្វ និង ផលិតផល​សត្វ​បន្ថែមទៀត ដោយ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម និង​សមត្ថកិច្ច​ពាក់ព័ន្ធ។

    3-ពង្រឹង​ការអនុវត្ត​វិធានការ​ជីវ​សុវត្ថិភាព​ឱ្យបាន​ហ្មត់ចត់​នៅ​គ្រប់​កសិដ្ឋាន​ចិញ្ចឹម​បក្សី កន្លែង​ចិញ្ចឹម បក្សី កន្លែង​ប្រមូលផ្តុំ​បក្សី កន្លែង​អាជីវកម្ម​បក្សី និង​កន្លែង​សត្តឃាត។

    4-រាល់​ការ​ចរាចរ​បក្សី និង​ផលិតផល​ពី​បក្សី​ត្រូវមាន​លិខិតអនុញ្ញាត វិញ្ញាបនបត្រ​អនាម័យ​សត្វ និងផលិតផល​សត្វ ស្របតាម​បទដ្ឋាន​បច្ចេកទេស និង​ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​សុខភាព​សត្វ។

    5-មុន​ចេញ​វិញ្ញាបនបត្រ​អនាម័យ​សត្វ និង​ផលិតផល​សត្វ ជាពិសេស​បក្សី និង​ផលិតផល​ពី​បក្សី ត្រូវធ្វើ​ការពិនិត្យ​សុខភាព​សត្វ និង​អនាម័យ​សត្វ​ឱ្យបាន​ត្រឹមត្រូវ ងាយស្រួល​ក្នុងការ​តាមដាន និង គ្រប់គ្រង​ជំងឺ។

    6-ត្រូវអនុវត្ត​វិធានការ​ជីវ​សុវត្ថិភាព ដោយ​លាង​សម្អាត និង​បាញ់ថ្នាំ​សម្លាប់​មេរោគ តាម​លក្ខណៈ បច្ចេកទេស​លើ​ម​ធ្យោ​យ​បាយ​ដឹកជញ្ជូន​សត្វ ជាពិសេស​មុន និង​ក្រោយ​ដឹកជញ្ជូន​បក្សី។

    7-ត្រូវ​បង្កើន​ការអប់រំ និង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​កសិករ​ចិញ្ចឹម​បក្សី ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បក្សី ម្ចាស់​កន្លែង​សត្តឃាត អ្នក​សម្លាប់​បក្សី និង​អ្នកធ្វើអាជីវកម្ម​ទិញ-លក់​បក្សី។

    8-ធ្វើការ​សហការ​ជាមួយ​ភាគី​នៃ​ប្រទេស​វៀតណាម ក្នុងការ​ផ្លាស់ប្តូរ​ព័ត៌មាន​ទាក់ទង​នឹង​ជំងឺ​ផ្តាសាយ​បក្សី ចរាចរណ៍​បក្សី និង​ផលិតផល​ពី​បក្សី ដើម្បី​ធ្វើការ​ទប់ស្កាត់​ជំងឺផ្តាសាយបក្សី​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

    9-ករណី​មានការ​សង្ស័យ​ជំងឺផ្តាសាយបក្សី សូម​ធ្វើការ​ទំនាក់ទំនង​មក​ព័ត៌មាន​ទាន់​ហេតុការណ៍ ដែលមាន​ទូរស័ព្ទ​លេខ៖ 012 214 970៕