Author: ធឿន មករា

  • តើ​អ្នក​ប្រាកដ​ចិត្ត​ទេ​ថា​អ័រម៉ូន​ក្នុង​រាងកាយ​អ្នកមាន​គ្រប់​ធម្មតា​?

    តើ​អ្នក​ប្រាកដ​ចិត្ត​ទេ​ថា​អ័រម៉ូន​ក្នុង​រាងកាយ​អ្នកមាន​គ្រប់​ធម្មតា​?

    អ័រម៉ូន​ គឺជា​សារធាតុគីមី​ដែល​ផលិត​ចេញពី​ក្រពេញ​នានា​នៅក្នុង​រាងកាយ​ វា​ធ្វើ​តួនាទី​ជា​អ្នកនាំ​ដំ​ណឹង​ផ្សេង​ៗទៅ​ប្រាប់​កោសិកា​ ឬអវៈ​យា​វៈ​ផ្សេង​ ដែល​កំពុងធ្វើការ​។ ដូច្នេះហើយ​ បរិមាណ​អ័រម៉ូន​ក្នុង​ប្រភេទ​នី​មួយ​ៗ នឹង​ត្រូវ​បែង​ចែ​កខុស​ៗគ្នា​ ហើយ​ផ្លាស់ប្ដូរ​បាន​ដោយ​ងាយ​ដូចគ្នា​៖
    • សភាវ​រាងកាយ​ដូចជា​ ការ​មករ​ដូវ​ប្រចាំខែ​ ឬការផ្លាស់ប្ដូរ​រាងកាយ​ ចូល​វ័យ​ជំទង់​។
    • ឱសថ​ ឬអាហារ​បំប៉ន​ផ្សេង​ៗ។
    • រោគ​ជំ​ងឺ​ផ្សេង​ៗ ដែល​មាន​ចំណែក​នៃ​ការផ្លាស់ប្ដូរ​អ័រម៉ូន​ ធ្វើ​ឱ្យ​កើតឡើង​នូវ​ជំងឺ​ និង​ផ្ដល់​ឱកាស​ឱ្យ​ជំងឺ​ខ្លះ​កាន់តែ​រីក​ធំ​ ឬរ៉ាំរ៉ៃ​ឡើង​។

    1. រដូវ​មក​មិន​ទៀងទាត់​
    វដ្ត​រដូវ​ជាទូទៅ​គឺ​ចាប់ពី​ 21​ ទៅ​ 35ថ្ងៃ​ដោយ​អាស្រ័យ​លើ​លក្ខណៈ​រាងកាយ​របស់​ស្រ្តី​ម្នា​ក់ៗ​។ ក៏ប៉ុន្តែ​ប្រសិនបើ​មាន​ខែ​ខ្លះ​ អ័រម៉ូន​មិន​គ្រប់​ ធ្វើ​ឱ្យ​រដូវ​មក​មិន​ទៀងទាត់​ នោះ​វដ្ត​រដូវ​ក៏​បាត់​ពី1​-2ខែ​ដូចគ្នា​។ វា​អាច​បណ្តាល​មក​ពី​អ័រម៉ូន​ភេទ​ស្រី​ (អេ​ស្ត្រូ​សែន​ និង​ប្រូ​សេ​ស្តេ​រ៉ូន​) ស្ថិតនៅ​ក្នុង​កម្រិត​មិនធម្មតា​ ឬនៅ​ក្នុងរយៈពេល​មុន​ពេល​អស់​រដូវ​ (អាយុ​ចាប់ពី​ 40ឆ្នាំ​ឡើង​ទៅ​) ក៏ប៉ុន្តែ​ប្រសិនបើ​ការ​មករ​ដូវ​មិន​ត្រូវ​ ឬមិន​ទៀងទាត់​ច្រើន​ខែ​ជាប់​ៗគ្នា​ វា​អាចម​កពី​រោគសញ្ញា​នៃ​ជំងឺ​ ឬអាច​ឈាន​ដល់​ការ​អស់​រដូវ​ឆាប់​ពេក​។
    2. បញ្ហា​ដំណេក​
    មនុស្សជា​ច្រើន​ប្រហែលជា​មិនបាន​ដឹង​ទេ​ថា​ អ័រម៉ូន​ភេទ​ក៏​ទាក់ទង​នឹង​ដំណេក​ដែរ​។ អាថ៌កំបាំង​នៃ​ប្រូ​សេ​ស្តេ​រ៉ូ​នដែល​ទាប​ពេក​នឹង​ធ្វើ​ឱ្យ​ពិបាក​គេង​។ កម្រិត​អ័រម៉ូន​អុី​ស្ត្រូ​សែន​ទាប​អាច​បណ្តាល​ឱ្យ​ក្តៅ​ត្រជាក់​ ឬបែកញើស​ពេល​យប់​។ ដូច្នេះ​វា​ត្រូវ​បាន​គេ​សម្គាល់​ឃើញថា​ នៅក្នុង​វ័យ​ស្ត្រី​អស់​រដូវ​ (អ័រម៉ូន​ភេទ​ទាប​) នឹង​មាន​បញ្ហា​ដំណេក​។
    3. បញ្ហា​មុន​រ៉ាំរ៉ៃ​
    អំពី​មេរោគ​មុន​កើតឡើង​ក្នុង​កំឡុង​ពេលមុន​ ឬខណៈ​មាន​រដូវ​ ហើយ​បាត់​ទៅវិញ​ ដែល​នេះ​ជា​រឿង​ពេញវ័យ​ធម្មតា​សម្រាប់​ស្ត្រីជា​ច្រើន​។ ជា​លទ្ធផល​នៃ​កម្រិត​អ័រម៉ូន​ភេទ​ខ្ពស់​ក្នុង​អំឡុង​ពេល​មាន​រដូវ​ ធ្វើ​ឱ្យ​កើតមុន​ ក៏ប៉ុន្ដែ​គ្រាប់​មុន​ខ្លះ​ក៏​មិន​បាត់​ទៅវិញ​ដែរ​។ សូម្បីតែ​បន្ទាប់ពី​អំឡុង​ពេល​មករ​ដូវ​ អ័រម៉ូន​អង់​ដ្រូហ្សែន​ ក៏​ទៅ​រំញោច​ក្រពេញ​ខ្លាញ់​នៅ​លើ​ស្បែក​ និង​ឫស​សក់​ ធ្វើ​ឱ្យ​មានការ​ផលិត​អ័រម៉ូន​ហួស​កម្រិត​ ក៏អាច​បណ្តាល​ឱ្យ​កើតមុន​នៅ​លើ​ស្បែក​ និង​ស្បែក​ក្បាល​បាន​ផង​ដែរ​។
    4. បញ្ហា​នៃ​ការ​ចងចាំ
    ​ទោះបីជា​បញ្ហា​នេះ​មិន​ត្រូវ​បាន​បញ្ជាក់​ដោយ​អ្នកជំនាញ​សុខភាព​ ប៉ុន្តែ​មាន​ទ្រឹ​ស្តី​មួយ​ដែល​ថា​ មុន​ពេល​អស់​រដូវ​ ហើយ​ពេល​អស់​រដូវ​ កម្រិត​អ័រម៉ូន​ភេទ​ស្រី​ដែល​ធ្លាក់ចុះ​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ដល់​ការ​ចងចាំ​។ ទាំង​ការ​ចងចាំ​អនុស្សាវរីយ៍​ជាដើម​ក៏​កំពុង​រលុប​ចេញពី​ខួរ​ក្បាល​ដែរ​។ ការ​ចង​ចាំ​ថ្មី​ៗក៏​ពិបាក​ចាំ​ផង​ដែរ​ គឺ​ដោយសារតែ​អ័រម៉ូន​ភេទ​ ដែល​ជះឥទ្ធិពល​ដល់​បដិបត្តិ​ការណ៍​របស់​សារធាតុគីមី​នៅក្នុង​ខួរក្បាល​។ នៅពេល​អ័រម៉ូន​ភេទ​ថយ​ចុះ​ សារធាតុ​គីមី​ទាំងនោះ​ក៏​នឹង​កាត់បន្ថយ​បាន​ដែរ​ ហើយ​ក្រៅពី​អ័រម៉ូន​ភេទ​ ក៏​មាន​អ័រម៉ូន​ផ្សេងទៀត​ដូចជា​ អ័រម៉ូន​ទី​រ៉ូ​អុី​ត ផង​ដែរ​។
    5. បញ្ហា​រំលាយអាហារ​
    ខណៈ​ពេល​ដែល​អ័រម៉ូន​ផ្លាស់​ប្តូរ​ (មុន​ពេល​ អំឡុង​ពេល​ និង​ក្រោយពេល​មករ​ដូវ​) អាច​បណ្តាល​ឱ្យ​រាគ​ ហើមពោះ​ ឈឺពោះ​ ឬចង្អោរ​ និង​ក្អួត​។ ដូច្នេះ​ក្នុងករណី​វ័យ​ចំណាស់​ ប្រព័ន្ធ​រំលាយអាហារ​របស់​អ្នក​ក៏​ចាប់ផ្តើម​ដំណើរ​ការ​មិន​ប្រក្រតី​ទៅៗ​ នោះ​នឹង​ធ្វើ​ឱ្យ​អស់កម្លាំង​ និង​ឆាប់​កើតមុន​ផង​ដែរ​ ហើយ​វា​អាច​ទៅរួច​ដែល​ថា​ អ័រម៉ូន​ភេទ​លែង​មានត​ទៅទៀត​។
    6. ហត់នឿយ​ងាយ​អស់កម្លាំង​
    ប្រសិនបើ​អ្នក​អស់កម្លាំង​ហត់នឿយ​ជា​ញឹកញាប់​ វា​អាច​ទៅរួច​ដែល​វា​ពាក់ព័ន្ធ​ជាមួយ​កម្រិត​អ័រម៉ូន​ថយ​មិនធម្មតា​។ ដូចជា​មាន​ប្រូ​សេ​ស្តេ​រ៉ូន​ច្រើនពេក​ ឬអ័រម៉ូន​ទី​រ៉ូ​អុី​តតិចតួច​ពេក​។ ដោយសារតែ​អ័រម៉ូន​ទី​រ៉ូ​អុី​តទទួលខុសត្រូវ​ក្នុង​ការ​បង្កើត​ថាមពល​ កង្វះ​អ័រម៉ូន​នេះ​នឹង​បណ្តាល​ឱ្យ​រាងកាយ​ចុះ​ខ្សោយ​មាន​ថាមពល​តិចតួច​។ បច្ចុប្បន្ន​នេះ​វា​មាន​ភាព​ងាយស្រួល​ក្នុង​ការពិនិត្យ​មើល​អ័រម៉ូន​ទី​រ៉ូ​អុី​ត និង​មាន​គោលការណ៍​ណែនាំ​ច្បាស់លាស់​ក្នុង​ការ​ព្យាបាល​។
    7. ការ​ផ្លាស់​ប្តូរ​អារម្មណ៍​ និង​ការ​ធ្លាក់ទឹក​ចិត្ត
    ​អ្នកស្រាវជ្រាវ​បាន​អះអាង​ថា​ ការ​ថយ​ចុះ​កម្រិត​អ័រម៉ូន​អុី​ស្ត្រូ​សែន​ ឬការ​ផ្លាស់​ប្តូរ​អ័រម៉ូន​យ៉ាង​ឆាប់រហ័ស​ អាច​បណ្តាល​ឱ្យ​ប្រព័ន្ធ​បញ្ជូន​សរសៃប្រសាទ​ទទួលខុសត្រូវ​ចំពោះ​ការ​ផ្លាស់​ប្តូរ​អារម្មណ៍​។ ដូច្នេះ​ធ្វើ​ឱ្យ​អារម្មណ៍​ប្រែប្រួល​ មាន​សភាព​ផ្លាស់ប្ដូរ​អា​រម្ម​ណ៍​លឿន​ៗ ឆាប់​ខឹង​ ឆាប់​ឆេវឆាវ​ ឆាប់​សប្បាយចិត្ត​ និង​ឆាប់​អន់ចិត្ត​ផង​ដែរ​។
    8. តម​អាហារ​ និង​ឡើង​ទម្ងន់​ញឹកញាប់​
    ស្ត្រីជា​ច្រើន​តែងតែ​ឃ្លាន​ ហើយ​និយាយ​ថា​ ខ្លួន​មិន​ចង់​ញ៉ាំ​ប៉ុន្មាន​ទេ​។ ស្ត្រី​ខ្លះ​តម​អាហារ​ តែ​ជាក់ស្ដែង​ទម្ងន់​ឡើង​រហូត​ ជាពិសេស​ក្នុង​អំឡុង​ពេល​មាន​រដូវ​។ មូលហេតុ​ដែល​អាច​កើតមាន​ គឺ​ការ​ថយ​ចុះ​កម្រិត​អ័រម៉ូន​អុី​ស្ត្រូ​សែន​នៅក្នុង​ខ្លួន​។ ការដែល​ស្ត្រី​មាន​អារម្មណ៍​ឃ្លាន​ តែ​ហាក់បីដូចជា​ឆ្អែត​ និង​ចំណង់​អាហារ​ខុស​ធម្មតា​ នោះ​ក៏​បណ្ដាលមកពី​អា​ត្រា​អ័រម៉ូន​ក្នុង​ខ្លួន​ថយ​ចុះ​ដូចគ្នា​។
    9. ឈឺក្បាល​
    ឈឺក្បាល​ក៏​ជា​រោគសញ្ញា​មួយ​ក្នុងចំណោម​រោគសញ្ញា​ដែល​ពាក់ព័ន្ធ​ជាមួយ​ការ​មករ​ដូវ​មិន​ទៀង​របស់​ស្ត្រី​ផង​ដែរ​។ ដោយសារតែ​កម្រិត​អ័រម៉ូន​អុី​ស្ត្រូ​សែន​ទាប​ អាការ​ឈឺក្បាល​អាច​មាន​មួយដង​ ឬច្រើនដង​ក្នុង​មួយ​វដ្ត​រដូវ​។
    10​. ទ្វារមាស​ស្ងួត​
    ដោយសារតែ​អ័រម៉ូន​អុី​ស្ត្រូ​សែន​ទៅ​រំញោច​កោសិកា​ក្នុង​ទ្វារមាស​ឱ្យ​ផលិត​សារធាតុ​គីមី​ ដែល​ផ្តល់​សំណើម​ដល់​ទ្វារមាស​គ្រប់ពេល​។ ក្នុងករណី​ដែល​កម្រិត​អ័រម៉ូន​ថយ​ចុះ​ មានកម្រិត​ទាប​ វា​នឹង​ធ្វើ​ឱ្យ​ទ្វារមាស​ស្ងួត​ បណ្តាល​ឱ្យ​រមាស់​ ឬឈឺចុក​ចាប់​ជាដើម​។
    11​. ការ​ថយ​ចុះ​ផ្លូវភេទ​
    អ័រម៉ូន​ដែល​ទទួលខុសត្រូវ​ចំពោះ​អារម្មណ៍​ផ្លូវភេទ​គឺ​ តេ​ស្តូ​ស្តេ​រ៉ូន​ ដែល​ច្រើនតែ​មាននៅ​ក្នុង​រាងកាយ​បុរស​ប៉ុណ្ណោះ​។ ប៉ុន្តែ​តាមពិត​អ័រម៉ូន​ទាំងនេះ​ក៏​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​ខ្លួន​ស្ត្រី​ដែរ​ ក៏ប៉ុន្តែ​ក្នុង​បរិមាណ​តិច​ជាង​។ ក្នុង​នោះ​វ័យ​អាយុ​កើនឡើង​ កម្រិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូន​ចំពោះ​ស្ត្រី​ក៏​កាន់ការ​ថយ​ចុះ​ រហូតដល់​បាត់បង់​ចំណាប់​អារម្មណ៍​ក្នុង​ការ​រួមភេទ​តែម្ដង​៕

  • រឿង​ពិត​ពាក់ព័ន្ធ​នឹង​ស្រោមអនាម័យ​ស្ត្រី​ ដែល​បុរស​មិនធ្លាប់​ដឹងពី​មុន​

    រឿង​ពិត​ពាក់ព័ន្ធ​នឹង​ស្រោមអនាម័យ​ស្ត្រី​ ដែល​បុរស​មិនធ្លាប់​ដឹងពី​មុន​

    ស្រោមអនាម័យ​ មិនមែន​មាន​សម្រាប់​តែ​បុរស​ប៉ុណ្ណោះទេ​ តែ​នៅ​មាន​ស្រោមអនាម័យ​សម្រាប់​ស្ត្រី​ដូចគ្នា​ដែរ​។ វា​ត្រូវ​បាន​ប្រើ​ប្រតិបត្តិ​ការណ៍​ដូចគ្នា​ គឺ​ដើម្បី​ការពារ​ការ​តាំង​គ៌ភ​ និង​ជំងឺ​កាម​រោម​និង​អាច​ប្រើ​កាត់បន្ថយ​ហា​នី​ភ័យ​ខណៈ​រួមភេទ​ ក្នុងអំឡុងពេល​នៃ​ចង្វាក់​រួមភេទ​តាម​រន្ធ​គូថ​ផង​ដែរ​។ ទោះបី​មិនសូវ​ពេញនិយម​ ប៉ុន្តែ​វា​ជា​ជម្រើស​មួយទៀត​នៃ​ការ​ពន្យារកំណើត​ដែល​អ្នក​គួរតែ​ស្គាល់​។ តើមាន​បុរស​ប៉ុន្មាន​នាក់​ដែល​បាន​ស្គាល់​ពី​ស្រោមអនាម័យ​ស្ត្រី​?

    អ្វីទៅ​ជា​ស្រោមអនាម័យ​របស់​ស្ត្រី​?
    ស្រោមអនាម័យ​ស្រី្ត​ ជា​ថង់​តូច​មួយ​ ផលិត​ឡើង​ពី​ប្លាស្ទិក​ សម្រាប់​ដាក់​ចូលក្នុង​ទ្វារមាស​ នឹង​អាច​គ្រប​ផ្នែក​ខ្លះ​នៃ​មាត់ទ្វារ​មាស​ខាងក្រៅ​ ដើម្បី​ការពារ​កុំឱ្យ​មានការ​ជ្រៀប​សារធាតុរាវ​ចូលក្នុង​ទ្វារមាស​។ ស្រោមអនាម័យ​នេះ​ មាន​ពីរ​ផ្នែក​ គេដាក់​ផ្នែក​ម្ខាង​ចូលក្នុង​ជិតដល់​មាត់ស្បូន​ ហើយ​ដាក់​ម្ខាងទៀត​នៅ​ខាងក្រៅ​ទ្វារមាស​ ដើម្បី​ការពារ​កុំឱ្យ​ស្រោម​របូត​ចេញ​។ ស្រោមអនាម័យ​ស្រី្ត​ មាន​តួនាទី​ប្រមូល​ទឹកកាម​ដៃគូ​ខាង​ប្រុស​ និង​ការពារ​កុំឱ្យ​ទឹកកាម​ហូរ​ចូល​ទៅ​ក្នុង​ទ្វារមាស​បាន​។ បើ​អ្នកប្រើ​បាន​ត្រឹមត្រូវ​ ស្រោមអនាម័យ​នេះ​ មានប្រសិទ្ធភាព​ខ្ពស់​ ការពារ​កុំឱ្យ​មានកូន​ និង​បង្ការ​ជំងឺ​កាម​រោ​គផ្សេង​ៗបាន​។

    គុណសម្បត្តិ​របស់​ស្រោមអនាម័យ​ស្រី្ត
    ​– ស្រោមអនាម័យ​ស្រី្ត​ អាច​គ្រប​ពេញលេញ​លើ​ប្រដាប់​របស់​ស្រី្ត​ កាត់បន្ថយ​អត្រា​ឆ្លង​មេរោគ​ Herpes​ (មេរោគ​រើម​លើ​ប្រដាប់​ភេទ​) និង​បង្ការ​ពី​ជំងឺ​សិរមាន់​។
    – មាន​រាង​តូច​ និង​ងាយស្រួល​យក​តាម​ខ្លួន​
    – អាច​ប្រើ​បាន​គ្រប់​ស្រី្ត​ទាំងអស់​
    – ពេល​មករ​ដូវ​ ក៏អាច​ប្រើ​វា​បាន​ដែរ​
    – រួមភេទ​តាម​រន្ធ​គូទ​ ក៏អាច​ប្រើ​បាន​ដូចគ្នា​។

    គុណវិបត្តិ​ពី​ស្រោមអនាម័យ​ស្រី្ត
    ​– លិង្គ​ប្រុស​ៗ អាច​ភ្លាត់​ចូល​ចន្លោះ​រវាង​ស្រោមអនាម័យ​ និង​ជញ្ជាំង​ទ្វារមាស​
    – ពេល​រួមភេទ​ អាច​មាន​សំឡេង​រំខាន​ (ប៉ុន្តែ​បើ​ប្រើ​ទឹករំអិល​ បញ្ហា​នេះ​នឹង​បាត់​ទៅវិញ​ដោយខ្លួនឯង​)
    – ស្រោមអនាម័យ​នេះ​អាច​រហែក​ ឬរបូត​ពេល​ដក​លិង្គ​ចេញពី​ទ្វារមាស​
    – ស្រោមអនាម័យ​ស្រី្ត​ មិនសូវ​សម្បូរ​លើ​ទីផ្សារ​ ដូច​ស្រោម​អនា​ម័យ​ប្រុស​ៗនោះ​ទេ​។ ណា​មួយ​ អាច​មានតម្លៃ​ថ្លៃ​ទៀតផង​ដែរ​ គឺ​ស្រោម​មួយ​ តម្លៃ​ប្រមាណ​ជា​ 4ដុល្លារ​ ឯណោះ​។

    ប្រើ​ទឹករំអិល​ជាមួយ​ស្រោមអនាម័យ​មនុស្ស​ស្រី​
    ជាទូទៅ​ នៅក្នុង​ស្រោមអនាម័យ​ គេ​មាន​ដាក់​ទឹករំអិល​ស្រាប់​ទៅ​ហើយ​។ ប៉ុន្តែ​ អ្នក​ក៏អាច​បន្ថែម​ទឹករំអិល​បន្តិច​ថែមទៀត​ ដើម្បី​ការពារ​កុំ​ឱ្យ​រហែក​ស្រោម​។ ស្រោមអនាម័យ​ស្រី្ត​ ធ្វើឡើង​ពី​ជា​តិ​ប៉ូលី​អ៊ុយ​រ៉េ​តាន​ (Polyurethane​) អាច​ប្រើ​បាន​ជាមួយ​ទឹករំអិល​គ្រប់​ប្រភេទ​ ខណៈ​បើ​ស្រោម​អនា​ម័យ​ប្រុស​ៗប្រភេទ​ឡា​តិច​វិញ​ អាច​ប្រើ​បានតែ​ជាមួយ​ទឹករំអិល​ប្រភេទ​ខ្លាញ់​ប៉ុណ្ណោះ​៕

  • ប្រតិកម្ម​ចាញ់​ស្រោមអនាម័យ​ តើ​ជា​រឿង​ពិត​ ឬជា​លេស​ដោះ​សារ​របស់​បុរស​មិន​ប្រើ​ស្រោម​ការពារ​?

    ប្រតិកម្ម​ចាញ់​ស្រោមអនាម័យ​ តើ​ជា​រឿង​ពិត​ ឬជា​លេស​ដោះ​សារ​របស់​បុរស​មិន​ប្រើ​ស្រោម​ការពារ​?

    ខណៈ​កំពុង​មាន​អារម្មណ៍​រោលរាល​ជាមួយ​ដៃគូ​ស្នេហា​ តែ​ភាគី​បុរស​ហាក់បីដូចជា​តឹងទ្រូង​មិនព្រម​ចង់​ប្រើប្រាស់​ស្រោមអនាម័យ​ នោះ​ភាគី​នារី​ក៏​ចង់​ដឹង​ភ្លាម​ៗថា​ តើ​អាការ​ប្រតិកម្ម​ចាញ់​ “ស្រោមអនាម័យ​” មាន​ពិតមែន​ឬទេ​ ឬគ្រាន់តែ​ជា​លេស​ដោះសា​ររបស់​បុរស​តែប៉ុណ្ណោះ​? នៅក្នុង​ថ្ងៃនេះ​ ទស្សនាវដ្ដី​ ឡា​រ៉ែ​ន សូម​ធ្វើការ​ពន្យល់​ និង​បកស្រាយ​នូវ​បញ្ហា​មួយចំនួន​សម្រាប់​គូស្នេហ៍​ និង​សុខភាព​ផ្លូវភេទ​ដែរ​អ្នក​គួរ​យល់ដឹង​។ ដើម្បី​កុំឱ្យ​ខាតពេល​យូរ​ តោះ​យើង​ទៅ​ស្វែងរក​ចម្លើយ​ទាំងអស់គ្នា​។

    មនុស្ស​ប្រុស​មាន​អាការ​ប្រតិកម្ម​ចាញ់​ស្រោម​អនាម័យ​ កើតឡើង​ពិត​ ឬមិន​ពិត​?
    មនុស្សជា​ច្រើន​កើត​មន្ទិលសង្ស័យ​ថា​ រោគ​ប្រតិកម្ម​ចាញ់​ស្រោមអនាម័យ​ វា​ពិតជា​មាន​មែន​ទេ​ណ៎​? យើង​សូម​ឆ្លើយ​ថា​ មាន​ពិតមែន​ ក៏ប៉ុន្ដែ​ភាគច្រើន​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​ចាញ់​ ឬអា​លែ​កហ្ស៊ី​នោះ​ វា​អាច​កើតឡើង​ពី​ស្រោមអនាម័យ​ ដែល​មាន​ផ្សិត​ម្យ៉ាង​ហៅថា​ “latex​ allergy​” នៅក្នុង​ស្រោម​ ហើយ​ខ្លះទៀត​គឺ​ ផុត​អាយុ​កំណត់​នៃ​ការប្រើ​ប្រាស់​។ អាការ​ប្រតិកម្ម​ចាញ់​ស្រោមអនាម័យ​នេះ​ នឹង​ធ្វើ​ឱ្យ​មាន​អាការ​រោល​ រមាស់​ ឡើង​ផ្សិត​ក្រហម​នៅ​លើ​ស្បែក​។

    ស្រោមអនាម័យ​ដែល​គួរ​ឱ្យ​ប្រុងប្រយ័ត្ន​បំផុត​គឺ​ប្រភេទ​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​ និង​ប្រភេទ​ចែក​ប្រើ​ហ្វ្រី​នៅ​តាម​ផ្ទះសំណាក់​ ឬសណ្ឋាគារ​ ដែល​គ្មាន​ការពិត​និត្យ​មើល​ត្រឹមត្រូវ​នូវ​ថ្ងៃ​បរិ​ច្ឆេ​តកំណត់​។ មនុស្ស​ដែល​កើតមាន​អាការ​ប្រតិកម្ម​ចាញ់​ស្រោមអនាម័យ​ មាន​លក្ខណៈ​រមាស់​ឡើង​កន្ទួល​ក្រហម​នៅ​បរិវេណ​ប្រដាប់​ភេទ​ ដោយ​អាការ​កើតឡើង​បន្ទាប់ពី​បាន​រួមភេទ​ហើយ​ក្នុងរយៈពេល​ 48ម៉ោង​។ ក៏ប៉ុន្ដែ​អាការ​នេះ​អាច​នឹង​បាត់​ទៅវិញ​ដោយឯកឯង​ផង​ដែរ​។ សម្រាប់​មនុស្ស​ដែល​កើត​ប្រតិកម្ម​ គ្រូពេទ្យ​ជំនាញ​ក៏បាន​ណែនាំ​ថា​ គួរតែ​ផ្លាស់ប្ដូរ​ប្រភេទ​ស្រោមអនាម័យ​ ដែល​មាន​បញ្ជាក់​ការប្រើ​ប្រាស់​សារធាតុគីមី​ ផូ​លី​យូ​រ៉េ​ថេន​ (polyuretane​) ដែល​ត្រូវ​បាន​ផលិត​ឡើង​អំពី​ផ្លា​ស្ទីក​ និង​ប្រភេទ​ស្រោម​ដែល​មិន​ផ្សំ​ដោយសារ​ធាតុគីមី​សម្លាប់​ទឹក​អង្គជា​តិបុ​រស​(Spermicide​) ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ប្រដាប់​ភេទ​ ដែល​នឹង​ធ្វើ​ឱ្យ​កើតមាន​អាការ​ចាញ់​តែម្ដង​។

    កត្តា​ដែល​បណ្ដាល​ឱ្យ​អា​លែ​កហ្ស៊ី​

    អា​លែ​កហ្ស៊ី​ស្រោមអនាម័យ​អាច​បណ្តាល​មក​ពីក​ត្តា​ពីរ​ដូច​ខាងក្រោម​៖
    1. អា​លែ​កហ្ស៊ី​ស្រោមអនាម័យ​ប្រភេទ​ផ្លា​ស្ទីក​កៅស៊ូ​នៅក្នុង​ស្រោម​៖ អ្នក​អាច​ផ្លាស់​ប្តូរ​ការប្រើ​ប្រាស់​ទៅជា​ស្រោម​ប៉ូលី​យូ​ធ្យូន​ ដែល​មិនមែន​ជា​សារធាតុគីមី​ជ័រកៅស៊ូ​។
    2. អា​លែ​កហ្ស៊ី​ទៅ​នឹង​ប្រេងរំអិល​៖ ប្រសិន​បើ​មាន​អាការ​ប្រតិកម្ម​ អ្នក​គួរ​ផ្លាស់​ប្តូរ​ម៉ាក​ស្រោម​អនាម័យ​ជា​រឿយ​ៗ ជាពិសេស​ប្តូរ​ស្រោមអនាម័យ​ណា​ដែល​បណ្តាល​ឱ្យ​មាន​ប្រតិកម្ម​អា​លែ​កហ្ស៊ី​ចេញ​ ហើយ​កុំ​បារម្ភ​ខ្លាំង​ ព្រោះ​អាការ​មួយចំនួន​អាច​នឹង​បាត់​ទៅវិញ​ដោយឯកឯង​ទេ​។

    អាការ​សម្រាប់​អ្ន​កប្រតិ​ម្ម​ចាញ់​ស្រោមអនាម័យ​
    មាន​អាការ​រមាស់​ឈីបៗ​ និង​មាន​អារម្មណ៍​ក្រហាយ​ កើត​ផ្ទាំង​កន្ទួល​ក្រហម​ ជាពិសេស​គឺ​នៅ​ម្ដុំ​បរិវេណ​ស្បែក​ដែល​បាន​ប៉ះ​ពាល​ជាមួយ​នឹង​ស្រោមអនាម័យ​។ ប្រសិនបើ​អាការ​ចាញ់​ខ្លាំង​ក្នុងករណី​អាក្រក់​មួយចំនួន​ដែល​គ្រូពេទ្យ​បាន​ជួបប្រទះ​ចំពោះ​អ្នកជំងឺ​ នោះ​នឹង​មាន​អាការ​ដូចជា​ ពិបាក​ដកដង្ហើម​ បណ្ដាលមកពី​សារធាតុ​គីមី​ជម្រុ​ញអារម្មណ៍​ផ្លួវ​ភេទ​ខ្លាំង​ រហូត​បណ្ដាល​ឱ្យ​អ្នកប្រើ​ប្រាស់​កើត​ខ្យល់​ ឬវិលមុខ​ ឬកើតហឺត​ក៏មានដែរ​។

    វិធីការ​ពារ​យ៉ាងណា​ ប្រសិនបើ​អ្នក​មិនបាន​ប្រើ​ស្រោមអនាម័យ​ក្នុង​ពេល​រួមភេទ​?
    ការ​បាញ់​ទឹកកាម​នៅ​ខាងក្រៅ​
    ការ​បាញ់​ទឹកកាម​នៅ​ខាងក្រៅ​ គឺជា​វិធីការ​ពារ​មិន​ឱ្យ​មានផ្ទៃពោះ​ដ៏​ល្អ​ដែរ​ តែ​ក៏​ហុច​ឱកាស​ខ្ពស់​ក្នុង​ការ​បរាជ័យ​ ហើយ​បណ្តាល​ឱ្យ​មានផ្ទៃពោះ​ផង​ដែរ​។ ដូច្នេះ​អ្នក​គួរតែ​ជ្រាប​ដឹងពី​វិធី​បញ្ចេញ​ទឹកកាម​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​មក​ពី​ការ​រួមភេទ​។

    ថ្នាំ​សម្លាប់​មេជី​វិត​ឈ្មោល​
    គឺជា​ប្រភេទ​ថ្នាំ​ពន្យារកំណើត​បែប​បណ្តោះអាសន្ន​ ដែល​មាន​សណ្ឋាន​ជា​ក្រែម​ ឬថ្នាំ​គ្រាប់​។គេ​ប្រើ​សម្រាប់​បញ្ចូល​ទៅ​ក្នុង​ទ្វារមាស​របស់​ស្ត្រី​។ជា​វិធីសាស្ត្រ​ដែល​មានប្រសិទ្ធភាព​បំផុត​បន្ទាប់ពី​បញ្ចូល​ថ្នាំ​រយៈពេល​ 10នាទី​ និង​មិន​ទុក​លើស​ពី​ 1ម៉ោង​។ តែ​បន្ទាប់ពី​ប្រើប្រាស់​ថ្នាំ​ដាក់​ចូល​ទ្វារមាស​ហើយ​នោះ​ អ្នក​មិន​គួរ​ក្រោកពីដំណេក​ឡើយ​ ព្រោះ​វា​អាច​បណ្តាល​ឱ្យ​ថ្នាំ​ហូរចេញ​មក​ក្រៅ​ ដែល​នាំ​ឱ្យ​ថ្នាំ​បាត់បង់​ប្រសិទ្ធភាព​។ យ៉ាង​ណាមិញ​ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំ​នាញ​ឱ្យ​បាន​ត្រឹមត្រូវ​ មុន​ពេល​ប្រើប្រាស់​ថ្នាំ​៕

  • វេជ្ជបណ្ឌិតឯកទេសជនជាតិសឹង្ហបុរី រង់ចាំផ្ដល់ សេវាពិនិត្យ និង ព្យាបាលនៅភ្នំពេញ! ស៊ីងហ្គាពួរ មេឌីខល សេនធ័រ (អេស ជី អឹម ស៊ី) មានក្រុមវេជ្ជបណ្ឌិតឯកទេសពីប្រទេសសឹង្ហបុរី

    វេជ្ជបណ្ឌិតឯកទេសជនជាតិសឹង្ហបុរី រង់ចាំផ្ដល់ សេវាពិនិត្យ និង ព្យាបាលនៅភ្នំពេញ! ស៊ីងហ្គាពួរ មេឌីខល សេនធ័រ (អេស ជី អឹម ស៊ី) មានក្រុមវេជ្ជបណ្ឌិតឯកទេសពីប្រទេសសឹង្ហបុរី

    រាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែ កុម្ភះ ឆ្នាំ ២០២០៖ ស៊ីងហ្គាពួរមេឌីខល សេនធ័រ (Singapore Medical Center)គ្រប់គ្រងចាត់ចែងដោយ DrMap មកពីប្រទេសសឹង្ហបុរី មានមោទនភាពក្នុងជូនដំណឹងដល់សាធារណជនអំពីការមកដល់នៃក្រុមវេជ្ជបណ្ឌិតឯកទេសជនជាតិសឹង្ហបុរីចាប់ពីខែ មីនា នេះតទៅ។ ក្នុងនាមជាអ្នកផ្តល់សេវាកម្ម វេជ្ជសាស្ត្រឈានមុខមួយក្នុងប្រទេសកម្ពុជាយើងមានក្រុមវេជ្ជបណ្ឌិតឯកទេសជាច្រើនជំនាញមកពីប្រទេសសឹង្ហបុរីដើម្បីផ្តល់នូវសេវាកម្មពិនិត្យ និង ព្យាបាលវេជ្ជសាស្ត្រតាមស្ដង់ដារប្រទេសសឹង្ហបុរីជូនប្រជាជនកម្ពុជានៅរាជធានីភ្នំពេញផ្ទាល់តែម្ដង។

    នៅចំបេះដូងនៃរាជធានីភ្នំពេញ ដែលមានទីតាំងនៅជាន់ទី 3A នៃ អគារដឹប្រ៊ីដ (The Bridge Mall) ស៊ីងហ្គាពួរ មេឌីខល សេនធ័រ មានក្រុមវេជ្ជបណ្ឌិតឯកទេសជនជាតិសឹង្ហបុរី នឹងធ្វើការពិនិត្យ និងព្យាបាលជូនអ្នកជំងឺតាមជំនាញនីមួយ​ៗចាប់ពីពេលនេះតទៅ​ ក្រោមការដឹកនាំដោយ Dr. Su-Lin Tan​ (Senior Physician) និងក្រុមវេជ្ជបណ្ឌិតដែលមានជំនាញវេជ្ជសាស្រ្តជាច្រើនរូប។​

    សម្រាប់អ្នកជំងឺដែលស្វែងរកសេវាវេជ្ជសាស្រ្តដែលមានគុណភាពខ្ពស់ និងប្រកបដោយទំនុកចិត្ត​ លោកអ្នកអាចធ្វើការណាត់ជួបជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសជនជាតិសឹង្ហបុរី មកពី FEM Surgery ដែលនឹងធ្វើការរួមគ្នាជាមួយស៊ីងហ្គាពួរ មេឌីខល សេនធ័រ ផ្តល់នូវសេវាកម្មពិនិត្យ និង ព្យាបាលវេជ្ជសាស្រ្តតាមស្តង់ដារអន្តរជាតិជូនប្រជាជនកម្ពុជា។​

    FEM Surgery មានវេជ្ជបណ្ឌិតឯកទេសជនជាតិសឹង្ហបុរីដែលទទួលស្គាល់ដោយអន្តរជាតិ ហើយមានជំនាញក្នុងពិនិត្យ នឹងព្យាបាលវះកាត់ជំងឺជាច្រើនឯកទេស​ដូចជា៖ ឯកទេសរោគស្រ្តី និង​ ជំងឺសុដន់, ឯកទេសរោគបុរស រួមមាន បញ្ហាក្រពេញប៉្រូស្តាត, បញ្ហាអសមត្ថភាពផ្លូវភេទ, និងជំងឺផ្សេងៗទៀតទាក់ទងនឹងបុរស,​ ការថតឆ្លុះដោយម៉ាស៊ីនអង់ដូរស្តុប រួមមាន៖ ក្រពះ ពោះវៀន និងប្រព័ន្ធទ្វារបាត, ឯកទេសត្រចៀកច្រមុះ បំពង់ ករ, ឯកទេសវះកាត់​ ផ្នែកប្រព័ន្ធប្រសាទ និង​​​​ ឆ្អឹងខ្នង។​ សម្រាប់ពត៍មានបន្ថែមចំពោះអ្នកកំពុងជួបបញ្ហាដូចបានរៀបរាប់ខាងលើ អាចធ្វើការណាត់ជួបជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសរបស់យើង ដោយធ្វើការទំនាក់ទំនងមកកាន់ស៊ីងហ្គាពួរ មេឌីខល សេនធ័រ ឥលូវនេះ។​

    Dr. Su-Lin Tan ដែលជាវេជ្ជបណ្ឌិតជាន់ខ្ពស់មួយរូបប្រចាំស៊ីងហ្គាពួរ មេឌីខល សេនធ័រ បានបញ្ជាក់ថា៖ លោកស្រីវេជ្ជបណ្ឌិតមានការជឿជាក់ថា ការផ្តល់ជូនការពិនិត្យ នឹងព្យាបាលដោយមានភស្តុតាងត្រឹមត្រូវតាមមគ្គុទេសន៏វេជ្ជសាស្រ្ត ពិតជាមានសារៈសំខាន់ណាស់សម្រាប់បុគ្គលម្នាក់ៗ​ ហើយការសហការរួមគ្នារវាងអ្នកផ្តល់សេវាវេជ្ជសាស្រ្តដែលមានគុណភាពកំរិតអន្តរជាតិ ភាពរហ័ស ជាមួយនឹងតម្លៃសមរម្យ គឺជាតម្រូវការចាំបាច់សំរាប់បុគ្គល គ្រួសារ នឹងសហគមន៏ក្នុងប្រទេសកម្ពុជា។​ លើសពីនេះ លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការស្វែងរកសេវាការពារវេជ្ជសាស្រ្ត គឺប្រសើរជាងការព្យាបាល។​

    SGMC មានគោលបំណងផ្តល់ជូនសេវាវេជ្ជសាស្ត្រ និងការព្យាបាលដល់ប្រជាជនកម្ពុជា និងជនបរទេសដែលកំពុងរស់នៅធ្វើការក្នុងប្រទេសនេះ ក៏ដូចជាប្រជាជនមកពីប្រទេសជិតខាងកម្ពុជាដែលស្វែងរកមូលដ្ឋាន និងសេវាកម្មសុខាភិបាលទំនើប។ មជ្ឈមណ្ឌលនេះ ដំណើរការ និងគ្រប់គ្រងដោយគណៈគ្រប់គ្រង DrMap ដោយប្រើប្រាស់ស្តង់ដារ​ និងអ្នកឯកទេសសឹង្ហបុរី។ រាល់ការព្យាបាល និងសេវាកម្មទាំងអស់សុទ្ធតែបានអនុលោមតាមដំណើរការ និងពិធីសារសុខាភិបាលដែលទទួលបានវិញ្ញាបនបត្រត្រឹមត្រូវ។

    SGMC នឹងក្លាយទៅជាមជ្ឈមណ្ឌលវេជ្ជសាស្រ្តមួយដែលផ្តល់សេវាកម្មពេញលេញ និងឈានមុខគេដោយរួមបញ្ចូលគ្នាទាំងវេជ្ជសាស្រ្តទូទៅ និងវេជ្ជសាស្រ្តថែទាំសុខភាព ដែលចំណុចនេះធ្វើឲ្យមជ្ឈមណ្ឌលយើងក្លាយជាមជ្ឈមណ្ឌលទីមួយនៅរាជធានីភ្នំពេញ ដែលបានដាក់បញ្ចូលសុខុមាលភាពគ្រប់ជ្រង់ជ្រោយទៅជាទិដ្ឋភាពស្នូលនៅសេវាកម្មវេជ្ជសាស្រ្តសម្រាប់សហគមន៍។

    មជ្ឈមណ្ឌលវេជ្ជសាស្រ្តមួយនេះនឹងផ្តល់សេវាកម្មជាច្រើនរួមមានការអនុវត្តន៍វេជ្ជសាស្រ្តទូទៅ, ការថែទាំជំងឺរ៉ាំរ៉ៃ, ការថតឆ្លុះធ្វើរោគវិនិច្ឆ័យ និងការត្រួតពិនិត្យសុខភាព, សុខុមាលភាពគ្រប់ជ្រង់ជ្រោយ, ការព្យាបាលដោយប្រើទឹកសេរ៉ូម ការព្យាបាលសម្ផស្ប​ និងរោគសើស្បែក, និងការវះកាត់ផ្សេងៗ។

    សេវាកម្មធ្វើរោគវិនិច្ឆ័យដោយប្រើម៉ាស៊ីនថ្មីបំផុតរួមមានម៉ាស៊ីនថតកាំរស្មី x, ម៉ាស៊ីនស្គេនម៉ាម៉ូក្រាម, ម៉ាស៊ីនស្គេនស៊ីធី, ឧបករណ៍វាស់ដង់ស៊ីតេឆ្អឹង និងម៉ាស៊ីនអេកូសាស្រ្ត។ ចំណែកឯការព្យាបាលសុខុមាលភាពគ្រប់ជ្រង់ជ្រោយ និងបញ្ចូលលក្ខណៈពិសេសដូចជា ការព្យាបាលដោយត្រាំខ្សាច់ភ្នំភ្លើង, ការព្យាបាលអ៊ីយ៉ង់អវិជ្ជមាន និងអ៊ីនហ្រ្វារ៉េដ, ថ្នាំចិនបុរាណ, និងរបៀបបន្សាបជាតិពុលជាច្រើនប្រភេទ, កម្មវិធីបញ្ចុះទម្ងន់ និងការគ្រប់គ្រងការឈឺចាប់។

  • ក្រុមហ៊ុន Realestate.com.kh សម្ពោធជាផ្លូវការនៃពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ២០២០

    ក្រុមហ៊ុន Realestate.com.kh សម្ពោធជាផ្លូវការនៃពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ២០២០

    ភ្នំពេញ ៖ ក្រោយទទួលបានជោគជ័យទៅលើការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យកាលពីឆ្នាំកន្លងទៅ ក្រុមហ៊ុន Real Estate.con.kh បានត្រៀមខ្លួនរួចរាល់ជាស្រេចក្នុងការរៀបចំព្រឹត្តិការណ៍លើកទី២ ដែលគ្រោងនឹងប្រព្រឹត្តទៅថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ នៅសាលពិព័រណ៍កោះពេជ្រ។
    ក្រុមហ៊ុន Realestate.com.kh បានសម្ពោធជាផ្លូវការនៃព្រឹត្តិការណ៍ពិព័រណ៍ប្រចាំឆ្នាំដ៏មានប្រជាប្រិយភាពរបស់ខ្លួនកាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ក្រោមការចូលរួមពីបណ្តាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននាក់ ដែលព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះនឹងជួយលើកតម្កើងវិស័យអចលនទ្រព្យ និង វិស័យដែលជាប់ពាក់ព័ន្ធផ្សេងទៀតឲ្យឈានទៅដល់សករាជថ្មីមួយ។
    ព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យត្រូវបានផ្ដួចផ្ដើតគំនិតធ្វើឡើងដោយស្ថាបនិកក្រុម ហ៊ុន Realestate.com.kh លោក មុឹក ចិន្ដា និង នាយកប្រតិបត្តិក្រុមហ៊ុនលោក Thomas O’Sullivan។ ពិព័រណ៍នេះត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើតនូវព្រឹត្តិការណ៍មួយដែលអតិថិជនអាចទទួលបាន ការផ្ដល់ជូនយ៉ាងពិសេសសម្រាប់ការជាវ ផ្ទះ យានយន្ដ ជាមួយការផ្ដោតសំខាន់ក្នុងការទាក់ទាញជនជាតិ ខ្មែរដែលមានជីវភាពមធ្យម និងទ្រព្យច្រើន និងជនជាតិបរទេសរស់នៅក្នុងប្រទេសកម្ពុជាឲ្យចូលរួម។

    ព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ ២០១៩ ទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយការ បំបែកកំណត់ត្រាក្នុងការលក់ដាច់បានច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានតម្លៃច្រើន
    ជាង៣០លានដុល្លារ ហើយបានទាក់ទាញអ្នកមកទស្សនាច្រើនជាង ២ម៉ឺននាក់។
    លោក Thomas O’Sullivan មានប្រសាសន៍ថា “បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងកាលពីឆ្នាំមុន លើសពីការរំពឹងទុករបស់គ្រប់គ្នា យើងពិតជាមានភាពជឿជាក់យ៉ាងមុតមាំថាពិព័រណ៍ំលំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ ២០២០នឹងក្លាយទៅជាព្រឹត្តិការណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យដ៏ធំជាង គេប្រចាំប្រទេសម្ដងទៀតជាមួយចំនួនអ្នកចូលរួមតាំងបង្ហាញ អ្នកទស្សនា និង ការលក់បានច្រើន ជាងមុនដែលពុំធ្លាប់មាន។ យើងពិតជារំភើបខ្លាំងណាស់ក្នុងការនាំយកព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យត្រឡប់មកកាន់ប្រជាជនកម្ពុជាវិញជាពិសេសអ្នកដែលកំពុងគិតពិចារណាក្នុង ការទិញផ្ទះដំបូង វិនិយោគលើអចលនទ្រព្យ ទិញឡាន គ្រឿងអលង្ការ និងរបស់ផ្សេងៗជាច្រើនទៀត” លោក O’Sullivan បានបញ្ជាក់បន្ថែមថា “គោលបំណងធំបំផុតរបស់យើងគឺផ្ដល់ឲ្យក្រុមគ្រួសារជនជាតិ កម្ពុជានូវឱកាសទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ប្រចាំឆ្នាំនៅព្រឹត្តិការណ៍ពិព័រណ៍នេះ និង បង្កើតកន្លែងមួយដែលក្រុមគ្រួសារទាំងអស់អាចចំណាយពេលយ៉ាងសប្បាយរីករាយជាមួយគ្នានាចុងសប្ដាហ៍”។ “ចូរធ្វើការស្រមៃថាអ្នក និងក្រុមគ្រួសាររបស់អ្នកកំពុងស្ថិតនៅក្នុងព្រឹត្តិការណ៍មួយដែលអ្នកមិន ត្រឹមតែអាចមកចូលរួម និងទិញផ្ទះ ឬ ទិញអចលនទ្រព្យសម្រាប់ការវិនិយោគនោះទេ ឧទាហរណ៍៍ដូចជា គម្រោង The Flora ប៉ុន្ដែអ្នកក៏អាចចូលរួមនៅក្នុងសិក្ខាសាលា ប្រឹក្សាយោបល់ជាមួយសាលាល្បីនៅក្នុង ប្រទេសកម្ពុជា ឲ្យកូនៗរបស់អ្នកលេងកំសាន្ដនៅក្នុងតំបន់ដែលរៀបចំសម្រាប់ក្មេងលេង ញ៉ាំអាហារពេល ថ្ងៃជុំគ្នានៅតំបន់ស្ដង់ចំណីអាហារដែលរៀបចំឡើងដោយក្រុមហ៊ុន foodpanda ទិញគ្រឿងអលង្ការម៉ូត ចុងក្រោយបំផុតពីហាងលក់គ្រឿងអលង្ការដ៏ល្បី Lukfook Jewellery Cambodia និង បញ្ចប់សកម្មភាព របស់អ្នកសម្រាប់ថ្ងៃនេះជាមួយការបើកឡានសាកល្បងពីក្រុមហ៊ុន MG។ ព្រឹត្តិការណ៍នេះផ្ដល់ឲ្យប្រជាជន កម្ពុជា និងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជានូវទិដ្ឋភាពស៊ីជម្រៅនូវអ្វីដែលប្រទេសកម្ពុជាអាចផ្ដល់ ជូនបាន មិនត្រឹមតែក្នុងវិស័យអចលនទ្រព្យនោះទេ គឺបូករួមទាំងវិស័យ បច្ចេកវិទ្យា ទំនិញលក់រាយ និងរបស់របរជាច្រើនផ្សេងទៀត” លោក Thomas O’Sullivan មានប្រសាសន៍បន្ថែម។
    ព្រឹត្តិការណ៍ពិព័រណ៍ លំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ ២០២០ នឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី ២៤ និង ២៥ ខែមេសា ឆ្នាំ២០២០ នៅសាលពិព័រណ៍៍កោះពេជ្រ ដោយថ្ងៃទី១ត្រូវនឹងថ្ងៃសុក្រសាលពិព័រណ៍នឹងបើកទ្វារស្វា គមន៍អ្នកចូលរួមចាប់ពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង ៧ ល្ងាច ដើម្បីអាចអនុញ្ញាតឲ្យអ្នកដែលចេញពី ធ្វើការអាចទស្សនាបាន ហើយសម្រាប់ថ្ងៃបន្ទាប់ត្រូវនឹងថ្ងៃសៅរ៍ពិព័រណ៍នឹងបិទនៅម៉ោង ៦ល្ងាច។

    ក្រៅពីវិស័យអចលនទ្រព្យ យើងក៏មានអ្នកចូលរួមមកពីវិស័យជាប់ពាក់ព័ន្ធផ្សេងទៀតរួមមាន ធនាគារ មីក្រូហរិញ្ញវត្ថុ រចនាម៉ូត សំណង់ និង ក្រុមហ៊ុនធានារ៉ាប់រង ក៏ដូចជា យានយន្ដ ម៉ូតូ ទូរស័ព្ទ សម្ភារក្នុង ផ្ទះ គ្រឿងសង្ហារិម គ្រឿងអលង្ការ សម្ភារកីឡា និងរបស់របរជាច្រើនផ្សេងទៀត។ អ្វីដែលកាន់តែពិសេស អ្នកចូលរួមក្នុងព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យកម្ពុជាឆ្នាំ២០២០ក៏នឹងមាន ឱកាសពិភាក្សាគ្នាជាមួយអ្នកតំណាងមកពីធនាគារ និងមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេស កម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីតម្រូវការ ឬ នីតិវិធីក្នុងការស្នើសុំកម្ចីសម្រាប់ទិញផ្ទះ ឬ យានយន្ដ។
    ព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យកម្ពុជាឆ្នាំ២០២០ គឺជាព្រឹត្តិការណ៍មួយដ៏ល្អសម្រាប់ឲ្យគ្រួសារ ទាំងមូលអាចចូលរួម និងចំណាយពេលជាមួយគ្នាពេញមួយថ្ងៃ។ ក្នុងពិព័រណ៍នេះក៏មានការលក់ម្ហូប អាហារ ភេសជ្ជៈ និង ការរៀបចំសកម្មភាព និងកន្លែងកំសាន្ដផ្សេងៗលក្ខណៈគ្រួសារផងដែរ។ ជាមួយការទទួលបានសិទ្ធិក្នុងការកាន់កាប់ស្របច្បាស់នៃគេហទំព័រ B2B Cambodia មានន័យថា ព្រឹត្តិការណ៍នេះនឹងបើកទ្វារស្វាគមន៍ទៅដល់ប្រជាជនក្នុងស្រុក និងអ្នកជំនួញអន្ដរជាតិដែលស្វែងរក សេវាកម្មផ្សេងៗនៅក្នុងទីផ្សារប្រទេសកម្ពុជា រួមមាន សេវាផ្នែកច្បាប់ គណនេយ្យ និង សេវកម្មផ្សេង ទៀត បូករួមទាំង អចលនទ្រព្យបែបអាជីវកម្ម ប្រាក់កម្ចី ឡាន និង ទំនិញម៉ាក់ល្បីៗជាច្រើនទៀត។
    កម្មវិធីនេះអាចធ្វើទៅបានដោយមានការគាំទ្រពីដៃគូសហការជាច្រើនរួមមាន ក្រុមហ៊ុនដឹកជញ្ចូនចំណី អាហារ foodpanda ហាងលក់គ្រឿងអលង្ការយីហោមកពីទីក្រុងហុងកុង Lukfook Jewelry Cambodia ក្រុមហ៊ុនទឹកបរិសុទ្ធ Funny Water និង ក្រុមហ៊ុនប្រព័ន្ធផ្សព្វជាច្រើនទៀតរួមមាន Tnoat News, Khmer Times, Sing Meng Media, Fang.com និង Panasia Life។
    ជាមួយគ្នានេះ ក្រៅពីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីវិស័យអចលនទ្រព្យ និងរបស់របរផ្សេងៗទៀត អ្នកចូលរួមនៅក្នុងពិព័រណ៍ក៏មានឳកាសឈ្នះរង្វាន់ធំៗជាច្រើនដូចគ្នាជាមួយព្រឹត្តិការណ៍ដ៏ទៃទៀតដែរ រួមមាន ធុនបាស ទូរស័ព្ទ និង របស់របសជាច្រើនផ្សេងទៀត ហើយរង្វាន់ដែលធំជាងគេនោះគឺគ្រឿង អលង្ការពិតៗ១០០%ផ្ដល់ជូនដោយហាងលក់គ្រឿងអលង្ការ Lukfook Jewellry Cambodia ។

  • អាណាព្យាបាលគួរកុំកំណត់ស្តង់ដាក្មេងថា ពូកែ ឬមិនពូកែដោយផ្អែកតែលើពិន្ទុក្នុងសាលា

    អាណាព្យាបាលគួរកុំកំណត់ស្តង់ដាក្មេងថា ពូកែ ឬមិនពូកែដោយផ្អែកតែលើពិន្ទុក្នុងសាលា

    អាណាព្យាបាល និងមនុស្សជាច្រើននាពេលបច្ចុប្បន្ននេះតែងតែយល់ថា ចំណាត់ថ្នាក់ក្នុងសាលា ឬពិន្ទុដែលបានមកពីការប្រឡងនៅក្នុងសាលាជាចំណុចកំណត់សមត្ថភាពជាក់ស្តែងរបស់មនុស្សថា ពូកែ ឬខ្សោយ។ ជាធម្មតា គេតែងតែកំណត់ស្តង់ដាបែបនេះ ដើម្បីបញ្ជាក់ ឬប្រមើលមើលលើវាសនារបស់មនុស្ស ឬសិស្ស ដែលតាមពិតទៅវាមិនមែនជារឿងត្រឹមត្រូវទាំងស្រុងនោះទេ។

    ពិតជាក់ស្តែងណាស់ថា សិស្សដែលពូកែនៅក្នុងសាលាភាគច្រើនជាមនុស្សដែលមានសមត្ថភាពសិក្សាខ្ពស់ តែស្ថានភាពជាក់ស្តែងសិស្សដែលមិនបានទទួលពិន្ទុ ឬលេខល្អក៏មិនប្រាកដថាអន់ដែរ ព្រោះមនុស្សម្នាក់ៗមានសមត្ថភាព និងភាពប៉ិនប្រសប់ខុសៗគ្នា។ ជាក់ស្តែងដូចយើងបានឃើញហើយថា មនុស្សដែលបានពិន្ទុល្អៗនៅក្នុងសាលាខ្លះ មិនទទួលបានជោគជ័យក្នុងការរស់នៅនោះទេ ខណៈអ្នកល្មមៗមួយចំនួន បែរជាអាចទទួលបានការអភិវឌ្ឍជីវិតយ៉ាងឆាប់រហ័ស។ បញ្ហានេះ បញ្ជាក់ឱ្យឃើញថា ភាពរីកចម្រើនក្នុងការធ្វើការងារ ឬការរស់នៅវាមិនអាស្រ័យលើការដណ្តើមយកពិន្ទុនោះទេ តែវាអាស្រ័យការអភិវឌ្ឍទេពកោសល្យ និងសក្តានុពលផ្ទាល់ខ្លួនសម្រាប់ខ្លួនឯងទៅវិញទេ។

    ពាក់ព័ន្ធនឹងបញ្ហានេះ លោក Haward Gardner ដែលមនុស្សជាច្រើនស្គាល់ថា ជាអ្នកចិត្តសាស្ត្រដែលបង្កើតទ្រឹស្តីពហុបញ្ញា បានលើកឡើងថា មនុស្សម្នាក់ៗមានសមត្ថភាពមិនដូចគ្នាទេ ហើយយើងក៏មិនអាចកំណត់ថា មនុស្សណាម្នាក់ដែលបានពិន្ទុខ្ពស់ផ្នែកគណិតវិទ្យា ឬអក្សរសាស្ត្រជាមនុស្សពូកែគ្រប់រឿងបានដែរ។ តាមពិតទៅ លើពិភពលោកយើងនេះមានអាជីពច្រើនណាស់ ដែលមិនមែនត្រូវការតែមុខវិជ្ជាប៉ុន្មានមុខក្នុងកម្មវិធីសិក្សាជារួមនោះទេ ហេតុនេះការរកឱ្យឃើញនូវទេពកោសល្យពិតប្រាកដ ហើយអភិវឌ្ឍវាទើបជាចំណុចសំខាន់ដែលអាចធ្វើឱ្យយើងអាចដុសខាត់សមត្ថ-ភាពបានយ៉ាងល្អប្រសើរ។

    តាមទ្រឹស្តីពហុបញ្ញា (Multiple Intelligence) បានបញ្ជាក់ថា មនុស្សទាំងអស់លើពិភពលោកមានភាពខ្លាំង 8ប្រភេទ គឺទី1មនុស្សមានទេពកោសល្យផ្នែកភាសា ទី2 មនុស្សពូកែផ្នែកតក្កវិទ្យា និងគណិតវិទ្យា ទី3 មនុស្សពូកែផ្នែកតន្ត្រី ទី4 មនុស្សពូកែផ្នែកចលនារាងកាយ ទី5 មនុស្សពូកែប្រមើលមើលពីលម្ហ ឬស្មានពីទ្រង់ទ្រាយក្នុងលម្ហ ទី6 មនុស្សពូកែទំនាក់ទំនង និងស្គាល់ពីមនុស្សដទៃ ទី7 មនុស្សពូកែពិចារណាពីខ្លួនឯង និងទី8 គឺមនុស្សពូកែផ្នែកធម្មជាតិ។ ហេតុនេះបើយោងតាមទ្រឹស្តីពហុបញ្ញានេះ មនុស្សម្នាក់ៗអាចមានសមត្ថភាពផ្ទាល់ៗខ្លួន និងល្អដូចៗគ្នាទៅតាមអាជីព និងលក្ខខណ្ឌនៃការរស់នៅ។ ជាក់ស្តែងប្រសិនបើមនុស្សម្នាក់គាត់ពូកែផ្នែកគណិតវិទ្យា គាត់អាចនឹងក្លាយជាវិស្វករ គណនេយ្យករ ឬអ្នកធ្វើការងារដែលត្រូវការគិតលេខ តែប្រសិនបើឱ្យគាត់ទៅលេងតន្ត្រី គាត់មិនប្រាកដថាធ្វើបានល្អនោះទេ តែផ្ទុយមកវិញ មានមនុស្សម្នាក់មិនពូកែផ្នែកគណិតវិទ្យា ឬមិនពូកែផ្នែកប្រវត្តិសាស្រ្តនោះទេ តែគាត់អាចលេងតន្ត្រីបានយ៉ាងប៉ិនប្រសប់។ សម្រាប់អាជីពនៅថ្ងៃអនាគត គាត់អាចនឹងក្លាយជាតន្ត្រីករ ឬអ្នកនិពន្ធបទភ្លេងដ៏ល្បីល្បាញក៏អាចថាបានដែរ។ ហេតុនេះប្រសិនបើយោងលើពិន្ទុនៅក្នុងសាលាទាំងស្រុង នោះយើងនឹងមិនអាចវាយតម្លៃលើមនុស្សណាម្នាក់បានទេ។

    រូបភាពបង្ហាញពីការបែងចែកភាពឆ្លាតវៃរបស់មនុស្ស

    ចំណុចនេះជាចំណុចដ៏សំខាន់មួយដែលអាណាព្យាបាលនានា ជាពិសេសនៅក្នុងសង្គមកម្ពុជាគួរតែយកចិត្តទុកដាក់ក្នុងការស្វែងយល់ ព្រោះប្រសិនបើគាត់មិនយល់ពីចំណុចនេះទេ គាត់អាចនឹងស្តាយក្រោយ។ កន្លងមកមានអាណាព្យាបាលជាច្រើនបានដាក់សម្ពាធឱ្យកូន ឬអស់សង្ឃឹមដោយយល់ថា កូនរបស់គាត់នឹងមិនមានអនាគតល្អទេ ព្រោះកូនរបស់គាត់រៀនមិនបានចំណាត់ថ្នាក់ល្អនៅក្នុងសាលា។

    ការបារម្ភនេះ មិនប្រាកដថាខុសទេ តែជាដំណោះស្រាយ គាត់គួរស្វែងយល់ពីកូនៗឱ្យបានច្បាស់ជាមុនសិន ថាតើកូនរបស់គាត់ជាមនុស្សពូកែផ្នែកអ្វីខ្លះ ដើម្បីឱ្យគាត់ងាយតម្រង់ទិសដៅ និងជួយគាត់ឱ្យសម្រេចក្តីស្រមៃទៅតាមទេពកោសល្យពីធម្មជាតិ។

    កាលណាមនុស្សអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដុសខាត់សមត្ថភាពពីធម្មជាតិ គាត់អាចនឹងក្លាយជាមនុស្សម្នាក់ដែលមានថាមពលនៃការផ្តោតខ្ពស់ ព្រោះគាត់អាចធ្វើការសិក្សា ធ្វើការងារ និងរស់នៅជាមួយអ្វីដែលគាត់ស្រឡាញ់។ ហេតុនេះរាល់ពេលជួបឧបសគ្គនានា គាត់តែងតែមានភាពឆ្លាតវៃក្នុងការដោះស្រាយ និងអភិវឌ្ឍជំនាញនោះរហូតក្លាយជាអ្នកជំនាញដែលមនុស្សទូទៅទទួលស្គាល់។ ហេតុនេះជាជាងការវាយតម្លៃជារួមលើពិន្ទុក្នុងសាលា មនុស្សគួរចាប់ផ្តើមងាកមកផ្តល់តម្លៃលើភាពល្អប្លែកគេ (Unique) របស់មនុស្សវិញ ទើបអាចទាញយកប្រយោជន៍ ឬជំរុញឱ្យមានការអភិវឌ្ឍធនធានមនុស្សជាវិជ្ជមានបាន៕

  • មន្ត្រីជាន់ខ្ពស់ AFI នឹង​ជួយ​ គាំទ្រ​ទាំង​ថវិកា និង​បច្ចេកទេស ដើម្បី​ពង្រឹង​ខ្សែចង្វាក់​ តម្លៃ​ផលិតកម្ម​កម្ពុជា

    មន្ត្រីជាន់ខ្ពស់ AFI នឹង​ជួយ​ គាំទ្រ​ទាំង​ថវិកា និង​បច្ចេកទេស ដើម្បី​ពង្រឹង​ខ្សែចង្វាក់​ តម្លៃ​ផលិតកម្ម​កម្ពុជា

    នាយិកា​ថ្មី​ដែល​ទើបត្រូវ​បានតែងតាំង​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ ឬ AFD ថ្មី​ប្រចាំ​កម្ពុជា បាន​លើកឡើងថា អង្គការ AFD មាន​ឆន្ទៈយ៉ាង​មុតមាំ​ក្នុងការ​ឧបត្ថម្ភ​គាំទ្រ​ទាំង​បច្ចេកទេស និង​ថវិកា​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា។

    នាយិកា​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ ឬ AFD ប្រចាំ​កម្ពុជា​ដែល​ទើបត្រូវ​បានតែងតាំង​ថ្មីបាន​ថ្លែង​បែបនេះ​នៅក្នុង​ឱកាស​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​នាពេល​កន្លងមក ជាមួយ​ឯកឧត្ដម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដោយបាន​សម្ដែង​ការគាំទ្រ​ក្នុងការ​រៀបចំ​គម្រោង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ថ្មី ដែល​ផ្តោតទៅលើ​ដំណាំ​រំពឹង​ទឹកភ្លៀង​កាលពីពេលថ្មីៗនេះ។ ក្នុងឱកាស​នោះ លោកស្រី Ophelie BOURHIS នាយិកា​ថ្មី​ដែល​ទើបត្រូវ​បានតែងតាំង​នៃ​ទីភ្នាក់ងា​រ

    បាំ​រាំង​សម្រាប់​ការអភិវឌ្ឍន៍ (AFD) ថ្មី​ប្រចាំ​កម្ពុជា​បានលើកឡើង​ថា AFI នឹង​ជួយ​គាំទ្រ​ទាំង​ថវិកា និង​បច្ចេកទេស ដើម្បី​ពង្រឹង​ខ្សែចង្វាក់​តម្លៃ​ផលិតកម្ម​កម្ពុជា តាមរយៈ​ការកសាង​ផែនការ និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ពាក់ព័ន្ធ​នឹង​ខ្សែចង្វាក់​តម្លៃ​ផលិតកម្ម និង​តម្លៃបន្ថែម​លើ​ផលិតកម្ម​ស្រូវ និង​បន្លែ ការកែប្រែ​គុណភាព​ដី និង​កៅស៊ូ​គ្រួសារ​កម្ពុជា​ឱ្យមាន​និរន្តរភាព។ លោកស្រី​អះអាងថា តាមរយៈ​កិច្ច​គ្រាំ​ទ្រនេះ នឹង​ជួយ​បង្កើត​ការងារ បង្កើន​ប្រាក់ចំណូល និង​កាត់បន្ថយ​ភាពក្រីក្រ​ដល់​កសិករ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

    នាយិកា AFD រូបនេះ ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រសួងកសិកម្ម ដែល​តែងតែផ្តល់​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ដល់​ក្រុមការងារ​របស់​អង្គការ AFD ដែល​កិច្ចសហការ​នេះហើយ បានផ្តល់​ជា​ជំនឿ​ទុកចិត្ត​មកដល់​អង្គការ AFD ដើម្បី​បន្ត​ការគាំទ្រ និង​រៀបចំ​គម្រោង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ថ្មី​ដែល​ផ្តោតទៅលើ​ដំណាំ​រំពឹង​ទឹកភ្លៀង។

    ពា​ក៉​ព័ន្ធ​នឹង​ការលើកឡើង​នេះ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បាន​លើកឡើង​ដែរ​ថា វិស័យ​កសិកម្ម បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធានា​សន្តិសុខ​ស្បៀងជំរុញ​កំណើនសេដ្ឋកិច្ច​តាមរយៈ​ការនាំចេញ លើកកម្ពស់​ផលិតកម្ម​ក្នុងស្រុក បង្កើត​ការងារ បង្កើន​ប្រាក់ចំណូល និង​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ប្រទេស។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ដើម្បី​ដើរ​ឱ្យទាន់​បរិបទ​នៃ​កំណើនសេដ្ឋកិច្ច និង​ឈាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​នា​ឆ្នាំ2030 ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ត្រូវ​ផ្ចង់​ផ្តោតទៅលើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​និរន្តរភាព និង​បរិ​យា​ប័ន្ន តាមរយ:ការអនុវត្ត​បច្ចេកវិទ្យា​កសិកម្ម​ទំនើប​ទាន់សម័យ​សមស្រប អនុវត្ត និង​បំពេញ​ខ្សែចង្វាក់​ផលិតកម្ម និង​តម្លៃបន្ថែម អនុវត្ត​ផែនការ​ផលិតកម្ម​ច្បាស់លាស់ និង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ធានា​និរន្តរភាព​ក្នុងការ​ផ្គត់ផ្គង់ គុណភាព អនាម័យ ភូតគាម​អនាម័យ និង​ការប្រកួតប្រជែង។

    មិនតែប៉ុណ្ណោះ ឯកឧត្តម​ថា ដៃគូ​អភិវឌ្ឍន៍​នានា​ក៏ត្រូវ​គិតគូរ និង​ពិនិត្យឡើងវិញ​នូវ​រាល់​សកម្មភាព​គម្រោង​ដែល​បាន​អនុវត្ត​កន្លងមក ធ្វើយ៉ាងណា​តម្រង់ទិស​ឱ្យចំ​គោលដៅ​របស់​ក្រសួង ក៏ដូចជា​របស់​រាជរ​ដ្ឋា​ភិ​បាល គឺ​កំណើន​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​គ្រួសារ។

    ដោយឡែក ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ដល់​អង្គការ AFD និង​ក្រុមការងារ​ពិនិត្យ​ពិចារណា​លទ្ធភាព​ជួយផ្តល់​ការគាំទ្រ​លើ​ការពិសោធ និង​ផលិត​ពូជ បច្ចេកទេស​ដាំ​ដុះ និង​ប្រមូល​ផល ឃ្លាំង​ស្តុកឡស​ម្ងួ​ត​លើ​ដំណាំ​មួយចំនួនទៀត ដូចជា​ដំណាំ​ពោត​ ដំឡូង​មី ស្វាយ និង​ស្វាយចន្ទី​ដែល​កំពុងមាន​សក្តានុពល​នៅលើ​ទីផ្សារ​ក្នុង និង​ក្រៅ​ស្រុក ហើយ​បានផ្តល់​ចំណូល​យ៉ាង​ល្អ​ជូន​ប្រជាកសិករ។ ទន្ទឹមនឹងនេះ ជំរុញ​ការរៀបចំ​ចងក្រង​សហគមន៍​ផលិតកម្ម ដើម្បី​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ប្រយោជន៍​ដល់​ការធានា​ការផ្គត់ផ្គង់​ទាំង​បរិមាណ គុណភាព និង​ស្ថិរភាព​តម្លៃ និង​ជាពិសេស​ផែនការមេ និង​ប្រព័ន្ធធារាសាស្ត្រ​ស្រោចស្រព​ដែល​ផ្តោតលើ​ដំណាំ​ទាំងនេះ​ជាសំខាន់។

    តប​តាម​ការលើកឡើង​របស់​ឯកឧត្តម​រដ្ឋមន្ត្រី លោកស្រី Ophelie BOURHIS នាយិកា​ថ្មី​ដែល​ទើបត្រូវ​បានតែងតាំង​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) ប្រចាំ​កម្ពុជា និង​ក្រុមការងារ បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម​រដ្ឋមន្ត្រី ហើយនឹង​យក​សំណើទាំងនោះ​ទៅ​ពិចារណា​បន្ថែម រួច​ដាក់បញ្ចូល​ក្នុង​គម្រោង​ថ្មី​ដែល​នឹងត្រូវ​រៀបចំ​ដោយ​អង្គការ AFD នាពេលឆាប់ៗខាងមុខនេះ៕

  • ក្រុមបាល់ទាត់ សសយក កំចាយមារ ក្លាយជាម្ចាស់ជើងឯកទូទាំងប្រទេស Tiger Street Football 2020

    ក្រុមបាល់ទាត់ សសយក កំចាយមារ ក្លាយជាម្ចាស់ជើងឯកទូទាំងប្រទេស Tiger Street Football 2020

    ភ្នំពេញ៖ ជើងឯក Tiger Street Football 2020 វគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសដែលមានប្រាក់រង្វាន់លើកទឹកចិត្តរហូតដល់ទៅ១៥០០០ដុល្លារអាមេរិកត្រូវបានរកឃើញ នាល្ងាចថ្ងៃអាទិត្យទី១ ខែមិនា ម្សិលមិញនេះ បន្ទាប់ពីក្រុមខ្លាំង សសយក កំចាយមារ បានប្រកួតយកឈ្នះក្រុមបាល់ទាត់ VANDASAK ដោយលទ្ធផល១ទល់០ក្នុងវគ្គផ្តាច់ព្រ័ត្រ។

    មុនឈានទៅគ្រងដំណែងជើងឯកទូទាំងប្រទេសជាមួយរង្វាន់១៥០០០ដុល្លារអាមេរិកនេះ ក្រុម សសយក កំចាយមារ បានប្រកួតយកឈ្នះក្រុមបាល់ទាត់ Poipet United ដោយលទ្ធផល៤ទល់១ នៅវគ្គ៨ក្រុមចុងក្រោយឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយ វគ្គកណ្តាលផ្តាច់ព្រ័ត្រប្រជែងយកឈ្នះក្រុម Rolling United ដោយលទ្ធផល៣ទល់២ ឈានឡើងទៅប្រជែងដណ្តើមតំណែងជើងឯកជាមួយក្រុមបាល់ទាត់ VANDASAK ដោយយកឈ្នះក្រុមបាល់ទាត់ VANDASAK ជាមួយការប្រកួតយ៉ាងតានតឹងបំផុតក្នុងលទ្ធផល១ទល់០ក្លាយជាម្ចាស់ជើងឯកទូទាំងប្រទេស Tiger Street Football 2020

    តំណាងក្រុមបាល់ទាត់ សសយក កំចាយមា បានបញ្ជាក់ថា ការដណ្តើមបានតំណាងជើងឯកទូទាំងប្រទេសលើកទី១នេះ បានកើតឡើងដោយសារតែក្រុមលេងជាមួយគ្នាដោយការរួបរួមសាមគ្គីភាព មិត្តភាពនៅក្នុងក្រុមបានល្អ ដូច្នោះហើយ ពីមួយវគ្គទៅមួយវគ្គចេះតែទទួលបានជោគជ័យរហូតក្លាយជាម្ចាស់ជើងឯកទូទាំងប្រទេស។ លោក ប្តេជ្ញាថា Tiger Street Football រដូវកាលក្រោយ នឹងដណ្តើមបានជើងឯកម្តងទៀត។

    ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 បានដំណើរការប្រកួតអស់រយៈពេល២ខែ ចែកចេញជា៨មណ្ឌល ក្នុងនោះមណ្ឌលតាមបណ្តាលខេត្តមានចំនួន៧ និងនៅរាជធានីភ្នំពេញចំនួន១មណ្ឌល ដែលសម្រាំងក្រុមខ្លាំងចេញពី៨មណ្ឌលនោះ មានចំនួន៦៤ក្រុមចូលរួមការប្រជែងវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស ដោយលទ្ធផលក្រុមជើងឯកបានទៅលើក្រុមបាល់ទាត់ សសយក កំចាយមាទទួលបានរង្វាន់លើកទឹកចិត្តពីក្រុមហ៊ុនស្របៀរ Tiger (CBL) ចំនួន១៥០០០ដុល្លារអាមេរិក ក្រុមជើងឯករងក្រុមបាល់ទាត់ VANDASAK ទទួលបានរង្វាន់៥០០០ដុល្លារអាមេរិក​ ក្រុមចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមបាល់ទាត់ Rolling United ទទួ​លបានរង្វាន់២៥០០ដុល្លារអាមេរិក និងក្រុមចំណាត់ក្រុមបាល់ទាត់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ទទួលបានរង្វាន់១០០០ដុល្លារអាមេរិក។

    សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.

    ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
    ពិសាដោយការទទួលខុសត្រូវ៕

  • និស្ស័យល្អ 10យ៉ាងដែលឪពុកម្ដាយសម័យថ្មី គួរបង្រៀនដល់កូន

    និស្ស័យល្អ 10យ៉ាងដែលឪពុកម្ដាយសម័យថ្មី គួរបង្រៀនដល់កូន

    ការ​បង្ហាត់​កុមារ​ឱ្យ​មាន​ទស្សន​គតិ​ និង​ឧបនិស្ស័យ​ក្នុង​ការរស់នៅ​ឱ្យ​បាន​ល្អ​ត្រឹមត្រូវ​ ទាំង​រឿង​ការ​ចូលក្នុង​សង្គម​ និង​ចេះ​ហាត់​មើលថែ​ទាំ​សុខភាព​តាំងពី​អាយុ​នៅ​តិច​ៗ នឹង​ធ្វើ​ឱ្យ​រឿង​ល្អ​ៗទាំងអស់​នេះ​នៅ​ដក់ជាប់​នឹង​ខ្លួន​គេ​រហូត​មួយ​ជីវិត​ ​ហើយ​ខាងក្រោម​នេះ​ គឺជា​រឿង​សំ​ខាន់​ៗដែល​អាណាព្យាបាល​សម័យថ្មី​គួរតែ​បង្រៀន​ឱ្យ​កូន​ៗប្រ​ត្តិ​បត្តិ​ឱ្យ​ក្លាយជា​ទម្លាប់​និស្ស័យ​ ៖

    1. ញើសសំបោរ​ឱ្យ​អស់
    ​រឹតតែ​បង្ហាត់​ឱ្យ​កុមារ​ឆាប់​ចេះ​ញើសសំបោរ​លឿន​ប៉ុនណា​ បញ្ហា​សុខភាព​របស់​ពួកគេ​នឹង​ឆាប់​បាន​ថយ​ចុះ​លឿន​ប៉ុន​នោះ​ដែរ​ ព្រោះ​ច្រមុះ​ដែល​ពោរពេញ​ដោយ​សំបោរ​ គឺជា​ផ្នែក​មួយ​នៃ​បញ្ហា​ត្រចៀក​ និង​រោគ​ផ្សេងទៀត​ជាច្រើន​។
    2. បរិភោគ​អាហារ​ពេលព្រឹក​រាល់ថ្ងៃ​
    អាហារ​ពេលព្រឹក​ គឺជា​ពេល​អាហារ​ដ៏​សំខាន់​បំផុត​ ព្រោះ​នឹង​ជួយ​ឱ្យ​ក្មេង​គិត​ និង​រៀន​បាន​កាន់តែ​ល្អ​ឡើង​ ​អាណាព្យាបាល​គួរ​រកនឹក​អាហារ​ពេល​ព្រឹ​កប្លែក​ៗថ្មី​ៗ ដើម្បី​ឱ្យ​កូន​ៗមាន​អារម្មណ៍​ចង់​ញ៉ាំ​ ដោយសា​កល្បង​ប្តូរ​ពី​បាយ​សាច់​ជ្រូក​ មក​ជា​នំ​សាំង​វិច​ ឬនំ​ប៊ើហ្គ៊ើ​ជាដើម​។
    3. ការពារ​ស្បែក​របស់​ខ្លួនឯង​
    អ្នក​ដែល​កើតរោគ​មហារីក​ស្បែក​ភាគច្រើន​ ច្រើនតែ​កើត​ដោយសារ​ការ​ហាល​កម្ដៅថ្ងៃ​ដែល​សន្សំ​បន្តិច​ម្តង​ៗតាំងពី​វ័យ​កុមា​រម​កម្ល៉េះ។ ចូរ​បង្រៀន​ឱ្យ​កុមារ​យល់ដឹង​អំពី​រឿង​នេះ​ និង​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​ មុន​ពេល​ចេញក្រៅ​ផ្ទះ​គ្រប់ពេល​។
    4. កម្រើក​រាងកាយ​ និង​ហាត់ប្រាណ
    ​កុមារ​ៗឥឡូវនេះ​ច្រើនតែ​ចូលចិត្ត​អង្គុយលេង​ហ្គេម​កុំព្យូទ័រ​ ឬមើល​ទូរ​ទស្សន៍​យូរ​ៗដោយ​មិន​កម្រើកខ្លួន​ទៅណា​ ធ្វើ​ឱ្យ​អាច​កើត​ជំ​ងឺ​ផ្សេង​ៗជា​ញឹកញាប់​ ដូច្នេះ​ឪពុកម្ដាយ​គួរ​បង្ហាត់​ឱ្យ​គេ​ចេះ​ធ្វើ​កិច្ចការ​ឯទៀត​ខ្លះ​ផង​ ដូចជា​បង្ហាត់​ឱ្យ​ចេះ​ហាត់ប្រាណ​តាម​រយ:ការ​ធាក់កង់​ ឬលេង​បាល់បោះ​ជាដើម​។
    5. ថែទាំ​សុខភាព​មាត់​ធ្មេញ​របស់​ខ្លួនឯង
    ​បង្រៀន​កូន​ៗថា​ ការ​មិន​ដុស​សម្អាត​ធ្មេញ​ ឬបណ្តោយ​ឱ្យ​ធ្មេញ​ពុក​ នឹង​មាន​ជំងឺ​អាក្រក់​ផ្សេងទៀត​កើតឡើង​។ បង្រៀន​ឱ្យ​គេ​ចេះ​ដុសធ្មេញ​ឱ្យ​បាន​ត្រឹមត្រូវ​ និង​នាំទៅ​ទិញ​ច្រាស​ដុសធ្មេញ​ម៉ូដ​ណា​ដែលគេ​ស្រឡាញ់​ ដើម្បី​ជា​ការជំរុញ​ឱ្យ​គេ​កាន់តែ​ចង់​ដុសធ្មេញ​ឡើង​។
    6. ខ្ទប់មាត់​ និង​លាងដៃ​ពេល​កណ្តាស់​រួច​
    មាន​មេរោគ​ច្រើន​ប្រភេទ​ណាស់​នៅក្នុង​ទឹកមាត់​ពេល​យើង​ក្អក​ ឬកណ្តាស់​ចេញ​មក​ ដូចជា​ មេរោគ​ផ្តាសាយ​ មេ​រោ​គកញ្រ្ចឹល​ជាដើម​។ល។ បង្ហាត់​ឱ្យ​ក្មេង​ៗចេះ​លើកដៃ​ខ្ទប់មាត់​ពេល​ក្អក​ ​ឬកណ្តាស់​ រួចហើយ​លាងដៃ​នឹង​សាប៊ូ​ឱ្យ​បាន​ស្អាត​ដើម្បី​ការពារ​ការ​ចម្លងរោគ​ទៅ​គ្នា​ទៅវិញទៅមក​។
    7. ខំប្រឹង​ និង​ព្យាយាម​ ដើម្បី​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត​ មិនមែន​ដើម្បី​ឱ្យ​ក្លាយជា​មនុស្ស​ពូកែ​បំផុត​នោះ​ទេ​
    នៅក្នុង​ពិភព​នៃ​ការប្រកួត​ប្រជែង​ និង​សម្ពាធ​ដែល​គ្មាន​ហេតុផល​ គ្មាន​នរណា​ម្នាក់​ទទួល​បាន​គ្រប់យ៉ាង​ដែល​ខ្លួន​ចង់បាន​នោះ​ឡើយ​។ ចូរ​បង្រៀន​ឱ្យ​កូន​បាន​ដឹង​ថា​ គេ​បាន​ប្រើប្រាស់​ភាព​ជំនាញ​របស់​គេ​យ៉ាង​អស់ពី​សមត្ថភាព​ហើយ​ នោះ​គឺជា​មោទនភាព​របស់​ខ្លួន​យើង​ មិនមែន​ស្ថិតនៅ​លើ​ការសម្រេច​របស់​អ្នកដទៃ​នោះ​ទេ​។ បង្រៀន​ឱ្យ​គេ​យល់ថា​ កុំ​រីករាយ​នឹង​រង្វាន់​ខ្លាំង​ជ្រុល​ពេក​ តែ​ចូរ​ផ្តល់​ភាព​សំខាន់​ទៅលើ​ការ​អភិវឌ្ឍ​ និង​លទ្ធផល​នៃ​ការ​ព្យាយាម​របស់​ខ្លួន​យើង​វិញ​ ទើប​ប្រសើរ​ជាង​។
    8. ចេះ​បរិភោគ​អាហារ​ដែល​មានគុណ​ប្រយោជន៍​
    កុំឱ្យ​កុមារ​ញៀន​អាហារ​ដែល​មិនសូវ​មានប្រយោជន៍​រហូត​ក្លាយជា​និស្ស័យ​ ដែល​នាំ​ឱ្យ​កើតរោគ​ធាត់​ និង​ប្រថុយ​នឹង​ការ​កើតជំងឺ​ទឹកនោមផ្អែម​នៅពេល​ធំឡើង​។ ចូរ​បង្ហាត់​កូន​ឱ្យ​ចេះ​បរិភោគ​បន្លែ​ និង​ផ្លែឈើ​ដែល​មាន​គុណប្រយោជន៍​ឱ្យ​បាន​ញឹកញាប់​។
    9. ចូលបន្ទប់​ទឹក​រៀងរាល់​ពេលព្រឹក
    ​កុមារ​គួរតែ​ត្រូវ​បាន​បង្ហាត់​ឱ្យ​យល់ដឹង​ពី​ការ​បន្ទោបង់​ប្រចាំថ្ងៃ​។ គ្រូពេទ្យ​បាន​បញ្ជាក់​ថា​ អាការ​ដាស់តឿន​ទាក់ទិន​នឹង​ប្រព័ន្ធ​បន្ទោបង់​របស់​រាងកាយ​តែង​កើត​ឡើង​ច្រើន​បំផុត​ គឺ​ក្នុងអំឡុងពេល​ក្រោយ​អាហារ​ពេលព្រឹក​ ហើ​យក្មេងៗ​គួរតែ​មាន​ពេល​ចូលបន្ទប់​ទឹក​នៅពេល​នោះ​។
    10​. ចេះ​គ្រប់គ្រង​កំហឹង​មិនថា​តែ​អាការ​ក្រេវក្រោធ​ ឬការ​បញ្ចេញ​ទឹកមុខ​បង្ហាញ​ពី​អារម្មណ៍​ជំនួស​ឱ្យ​ការ​ទម្លាយ​វា​ចេញ​មក​ក៏ដោយ​ អាណាព្យាបាល​គួរ​បង្ហាត់​ឱ្យ​កូន​ៗចេះ​ទប់​ និង​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួនឯង​ និង​ចេះ​សម្របសម្រួល​ក្នុង​គ្រប់​ស្ថានការណ៍​ ដោយ​ប្រាប់​កូន​ៗថា​ អារម្មណ៍​ទាំងនោះ​មិនល្អ​ទេ​។ ត្រូវ​ចេះ​ពិចារណា​ក្នុង​កម្រិត​ណាមួយ​សិន​ មុននឹង​បង្ហាញ​វា​ចេញ​មក​ ឬក៏​បោះ​បង់់​វា​ចោល​ មិនបាច់​នឹកដល់​វា​តែម្តង​ រឹតតែ​ប្រសើរ​ទៅទៀត​។

    រឿង​ការ​មើលថែ​ទាំ​កុមារ​ ប្រៀប​ដូចជា​ការ​ដាំ​ដើមឈើ​ដែរ​ ​បើសិនជា​មនុស្ស​ធំ​យកចិត្ត​ទុកដាក់​ ឧស្សាហ៍​រៀបចំ​តុបតែង​ និង​ផ្តល់​ឱ្យ​នូវ​អ្វី​ដែល​ស័ក្តិសម​នោះ​ ដើមឈើ​ជាទីស្រឡាញ់​របស់​យើង​នឹង​រីក​លូតលាស់​ធំធាត់​យ៉ាង​ល្អ​ស្អាត​ និង​រឹងមាំ​មិនខាន​៕

  • រដ្ឋមន្ត្រី​ទេសចរណ៍​ផ្សព្វផ្សាយ​វិធានការ​របស់​រាជរដ្ឋាភិបាល​ និង​ក្រសួងទេសចរណ៍​ជូន​ដល់​បុគ្គលិក​និយោជិត​ និង​មគ្គុទ្ទេសក៍​នៅ​សៀមរាប​ដែល​រង​ផល​ប៉ះពាល់​ក្នុង​ដំណាក់កាល​វិបត្តិ​ជំងឺ​ COVID​-19​

    រដ្ឋមន្ត្រី​ទេសចរណ៍​ផ្សព្វផ្សាយ​វិធានការ​របស់​រាជរដ្ឋាភិបាល​ និង​ក្រសួងទេសចរណ៍​ជូន​ដល់​បុគ្គលិក​និយោជិត​ និង​មគ្គុទ្ទេសក៍​នៅ​សៀមរាប​ដែល​រង​ផល​ប៉ះពាល់​ក្នុង​ដំណាក់កាល​វិបត្តិ​ជំងឺ​ COVID​-19​

    (សៀមរាប)៖ ក្រសួងទេសចរណ៍បានរៀបចំការផ្សព្វផ្សាយវិធានការទាំង 7ចំណុច របស់រាជរដ្ឋាភិបាលជុំវិញដំណោះស្រាយគាំទ្រវិស័យទេសចរណ៍ ជូនដល់បុគ្គលិក និយោជិត ប្រតិបត្តិករទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប ដែលរងផលប៉ះពាល់ដល់ការងារ និងមុខរបររបស់ខ្លួន ក្នុងដំណាក់កាលកើតមានវិបត្តិជំងឺ Covid-19 ដែលបណ្ដាលឱ្យភ្ញៀវទេសចរនៅកម្ពុជា ក៏ដូចជានៅលើពិភពលោកមានការធ្លាក់ចុះ។

    ពិធីផ្សព្វផ្សាយវិធានការខាងលើនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅសណ្ឋាគាររីជេនស៊ីអង្គរ នាថ្ងៃទី០2 ខែមីនា ឆ្នាំ2020 ដើម្បីឱ្យបុគ្គលិក និយោជិត ប្រតិបត្តិករទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប បានយល់ច្បាស់ពីសភាពការណ៍ពិតជាក់ស្ដែងជុំវិញបញ្ហាជំងឺ Covid-19 ដែលកម្ពុជាមិនទាន់ករណីឆ្លងជំងឺនេះទៀតនោះឡើយ បន្ទាប់ពីកើតមានលើភ្ញៀវទេសចរចិនតែម្នាក់គត់ (ត្រូវបានព្យាលបាលជាសះស្បើយដោយជោគជ័យ) ព្រមទាំងលើកទឹកចិត្តឱ្យពួកគេខិតខំបំប៉នសមត្ថភាពក្នុងកាលៈទេសៈនេះ កុំមានការព្រួយភ័យពីការបាត់បង់ការងារ និងមុខរបររបស់ខ្លួន។

    ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានអាន និងពន្យល់វិធានការរបស់រាជរដ្ឋាភិបាលទាំង 7ចំណុចនោះដូចតទៅ៖

    *ទី1៖ លើកលែងនូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់សណ្ឋាគារ និងផ្ទះសំណាក់ (រដ្ឋទទួលបន្ទុកពន្ធជំនួស) ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប សម្រាប់រយៈពេលបួនខែ ដោយគិតចាប់ខែកុម្ភៈរហូតដល់ខែឧសភា ឆ្នាំ2020។ អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធ-អាករ និងប្រើប្រាស់ប្រព័ន្ធអនឡានសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ។

    *ទី2៖ មិនធ្វើសវនកម្មពេញលេញសម្រាប់ការិយបរិច្ឆេទឆ្2020 ចំពោះសហគ្រាសក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប។

    *ទី3៖ ធ្វើវិចារណកម្មថវិកាជាតិឆ្នាំ2020 ទាំងចំណាយចរន្ត និងចំណាយវិនិយោគ ពិសេសកាត់បន្ថយការធ្វើដំណើរចូលរួមក្នុងកិច្ចប្រជុំនៅក្រៅប្រទេស ដោយគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល និងចូលរួមជំរុញវិស័យទេសចរណ៍ក្នុងស្រុកឲ្យទៅជាចលនាជាតិធំទូលាយ តាមរយៈការជំរុញនូវការធ្វើសិក្ខាសាលា កិច្ចប្រជុំ វគ្គបណ្តុះបណ្តាលខ្លីៗ និងកម្មវិធីផ្សេងៗទៀត រៀបចំដោយគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជន ស្ថានទូត អង្គការមិនមែនរដ្ឋាភិបាលឱ្យទៅធ្វើនៅតាមខេត្តសំខាន់ៗ ពិសេសគឺខេត្តសៀមរាប។

    *ទី4៖ បង្កើនប្រសិទ្ធភាពនៃការធ្វើដំណើររួមគ្នាតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាពិសេសជាមួយប្រទេសជិតខាង (បាងកក-សៀមរាប និង ហូជីមិញ-សៀមរាប) ពិសេសតាមរយៈរថយន្តក្រុង ឬរថយន្តផ្ទាល់ខ្លួន ដោយធ្វើការសម្របសម្រួលដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅកន្លែងទទួលសេវាកម្មឆ្លងកាត់ព្រំដែន និងបញ្ហាពាក់ព័ន្ធដទៃទៀត។

    *ទី5៖ ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការរៀបចំសកម្មភាព និងព្រឹត្តិការណ៍ទាក់ទាញផ្សេងៗនៅក្នុងខេត្តសៀមរាប ដូចជា អង្គរសង្រ្កាន្ត (2020) ពិធីបុណ្យប្រពៃណី សាសនា កម្មវិធីប្រកួតកីឡា ការប្រគុំតន្រ្តី ការបញ្ចាំងភាពយន្ត និងការបង្ហាញម៉ូដសម្លៀកបំពាក់ជាដើម សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ។

    *ទី6៖ រក្សាថ្លៃសំបុត្រចូលទស្សនាតំបន់អង្គរឲ្យនៅដដែល ប៉ុន្តែបន្ថែមចំនួនថ្ងៃសម្រាប់ប្រភេទសំបុត្រនីមួយៗ សំបុត្រសម្រាប់ 1ថ្ងៃ អាចចូលមើលបាន 2ថ្ងៃ សំបុត្រសម្រាប់ 3ថ្ងៃ អាចចូលមើលបាន 5ថ្ងៃ និងសំបុត្រសម្រាប់ 7ថ្ងៃ អាចចូលមើលបាន 10ថ្ងៃ ដើម្បីទាក់ទាញទេសចរឱ្យស្នាក់នៅបន្ថែមនៅកម្ពុជា។

    *ទី7៖ ក្រសួងទេសចរណ៍នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលដល់កម្មករ-និយោជិត ដែលបាត់បង់ការងារនៅក្នុងវិស័យទេសចរណ៍ (បុគ្គលិកបម្រើការនៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងភ្នាក់ងារទេសចរណ៍) តាមរយៈការរៀបចំឲ្យមាននូវវគ្គបណ្តុះបណ្តាលនៃមុខវិជ្ជាចំណេះដឹងថ្មី (Re-skilling) ឬការបង្កើនចំណេះដឹងបន្ថែម (Upskilling) និងការផ្តល់នូវប្រាក់ខែសមរម្យ។​ ចំណុចនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តអោយ មគ្គុទេសក៍ទេសចរណ៍ យើងចូលរួមឧទ្ទេសនាមដល់ក្រុមភ្ញៀវទេសចរក្នុងស្រុកអោយបានល្អ ដែលការងារនេះមគ្គុទេសក៍ទេសចរណ៍យើង នឹងទទួលបានកម្រៃសមរម្យផងដែរ។

    ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកជាគំនិតយោបល់ថា ក្នុងពេលមិនសូវមានភ្ញៀវទេសចរដូចនេះ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ដែលចង់ជួសជុលទីតាំងរបស់ខ្លួន អាចឆ្លៀតពេលនេះអនុវត្តផែនការរបស់ខ្លួន លុះដល់នៅពេលមានភ្ញៀវទេសចរច្រើនមកវិញ កន្លែងរបស់ពួកគេត្រូវបានរៀបរយហើយស្រេច។

    ឯកឧត្តមបានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធខាងលើកុំមានការអស់សង្ឃឹម ឬភ័យព្រួយថាខ្លាចបាត់បង់ការងារ និងមុខរបររបស់ខ្លួនដោយសារតែមានវិបត្តិជំងឺ Covid-19 នេះ ហើយសូមជឿជាក់ និងចូលរួមអនុវត្តវិធានការទាំង 7ចំណុចជាមួយរាជរដ្ឋាភិបាល ដើម្បីសាមគ្គីគ្នាជម្នះឧបសគ្គនេះឱ្យបាន។

    ពិសេសលើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានអំពាវនាវយ៉ាងទទួចដល់បុគ្គលិក និយោជិត ប្រតិបត្តិករទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ទាំងនៅខេត្តសៀមរាប ក៏ដូចជានៅទូទាំងប្រទេស សូមកុំចូលរួមផ្សព្វផ្សាយ ឬចែកចាយព័ត៌មានបំភ្លៃបំភ្លើសមិនពិតពាក់ព័ន្ធនឹងជំងឺ Covid-19 នេះតទៅទៀត ពីព្រោះវាមិនបានធ្វើឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិទទួលបានផលចំណេញអ្វីឡើយ ផ្ទុយទៅវិញវារឹតតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ខណៈហេតុការណ៍ឆ្លងជំងឺនៅក្នុងប្រទេសកម្ពុជាមិនបានកើតមានពិតជាក់ស្ដែងនោះឡើយ៕

    ប្រភព៖ ក្រសួងទេសចរណ៍