Author: ធឿន មករា

  • អ្នកជំនាញចិត្តសាស្ត្របញ្ជាក់ថាអាណាព្យាបាលជាច្រើនលើពិភពលោកកំពុងបង្រៀនកូនខុស

    អ្នកជំនាញចិត្តសាស្ត្របញ្ជាក់ថាអាណាព្យាបាលជាច្រើនលើពិភពលោកកំពុងបង្រៀនកូនខុស

    ស្ទើរគ្រប់អាណាព្យាបាលទាំងអស់លើពិភពលោក សុទ្ធតែចង់អប់រំកូនឱ្យក្លាយជាមនុស្សល្អ តែអ្វីដែលជាបញ្ហាប្រឈម និងធ្វើឱ្យកូនៗក្លាយជាមនុស្សកាន់តែអាក្រក់ គឺវិធីសាស្ត្របង្រៀនដែលអាណាព្យាបាលភាគច្រើនប្រើចំពោះកូន គឺជាវិធីសាស្រ្តមិនត្រឹមត្រូវ។

    លោក Adam Grant អ្នកជំនាញចិត្តសាស្រ្ត បានលើកឡើងថា អាណាព្យាបាលជាច្រើន គិតថា
    រាល់ពេលកូនធ្វើខុសគឺត្រូវតែទទួលពិន័យដើម្បីអប់រំពួកគេកុំឱ្យដើរជាន់កំហុសដដែល។ មានអ្នកខ្លះអង្គុយចាំមើលតែសកម្មភាពរបស់កូន ឱ្យតែកូនធ្វើខុស ឬមានឥរិយាបថមិនល្អភ្លាម គាត់នឹងស្តីបន្ទោស ដាក់ពិន័យ និងប្រាប់ភ្លាមថា រឿងដែលក្មេងកំពុងធ្វើនោះជារឿងខុស ហើយធ្វើតាមគាត់ទើបជារឿងត្រឹមត្រូវ។ ការធ្វើបែបនេះ ពេលខ្លះអាចធ្វើឱ្យក្មេងក្លាយជាមនុស្សម្នាក់ដែលដើរត្រូវបន្ទាត់របស់មនុស្សទូទៅ តែមិនប្រាកដថាអាចធ្វើឱ្យក្មេងក្លាយជាមនុស្សខ្លាំងបាននោះទេ ព្រោះគ្រាន់ដឹងថាសកម្មភាពបែបណាខុស ហើយសកម្មភាពបែបណាត្រូវមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ជីវិតមនុស្សម្នាក់ៗ។

    លោកបានបញ្ជាក់ថា ការអប់រំតាមបែបបុរាណ គឺភាគច្រើនជំរុញឱ្យមនុស្សធ្វើអ្វីដដែលៗនៅលើបន្ទាត់មួយដូចៗគ្នា គឺរស់នៅក្នុងទម្លាប់ដូចៗគ្នា មានសកម្មភាពដូចៗគ្នា និងការគិតដូចៗគ្នា។ គ្រាន់តែក្មេងដើរខុសបន្ទាត់តែបន្តិច បើទោះបីជារឿងនោះល្អ ឬមិនសូវល្អក៏ដោយក៏មនុស្សធំភាគច្រើនតម្រង់មករកភាពដើមវិញ។

    ចំណុចនេះបានបង្កើតឱ្យមានបញ្ហាជាច្រើនសម្រាប់អនាគតរបស់មនុស្សលើពិភពលោក ដែលយើងកំពុងត្រូវការមនុស្សប្រកបដោយសមត្ថភាពខ្លាំងជាងមុន មានថាមពលនៃភាពច្នៃប្រឌិតខ្ពស់ជាងមុន និងមានភាពឆ្លាតវៃមុតស្រួចជាងមុន។

    លោក Adam Grant បាននិយាយថា៖ «ជាធម្មតានៅក្នុងសហគមន៍ នីមួយៗយើងមើលឃើញថា នៅពេលគេឃើញមានមនុស្សណាម្នាក់ចេញពីសហគមន៍នោះ ហើយក្លាយជាមនុស្សជោគជ័យ ឬក្លាយជាមនុស្សដែលមានសមិទ្ធផលជីវិតខ្លាំងមនុស្សគ្រប់គ្នាតែងតែគិតថាគាត់ជាមនុស្សអស្ចារ្យ
    (Hero)។ អ្វីដែលនៅពីក្រោយភាពអស្ចារ្យនេះគឺសិល្បៈក្នុងការអប់រំរបស់អាណាព្យាបាល»។

    អ្នកជំនាញខាងលើបានបញ្ជាក់ថា ជាធម្មតាបើគេមើលលើមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ៗ មានសមត្ថភាពខ្លាំងនៅក្នុងពិភពលោក គេនឹងឃើញថាអ្នកខ្លាំងទាំងអស់នោះទទួលការអប់រំបានល្អទាំងក្នុងសាលា និងក្នុងគ្រួសារ។ ការឆ្លើយតបដោយវិជ្ជមានរបស់អាណាព្យាបាលក្នុងការបណ្តុះផ្នត់គំនិតល្អ ទើបជាចម្លើយយ៉ាងសំខាន់ដែលរុញច្រានឱ្យក្មេងក្លាយជាមនុស្សខ្លាំង មិនមែនដើរតាមទម្លាប់ដដែលៗនោះទេ។ អ្វីដែលអាណាព្យាបាលឆ្លាតវៃទាំងអស់នោះធ្វើ គឺបង្រៀនកូនឱ្យចេះធ្វើអ្វីថ្មីៗ ក្នុងវិធីខុសប្លែកពីទម្លាប់ពិន័យដដែលៗ ហើយពួកគេអភិវឌ្ឍសមត្ថភាពកូនដោយការលើកទឹកចិត្ត។

    ជំនួសឱ្យការពិន័យនៅពេលធ្វើខុសគេ គាត់អាចលួងលោមកូនឱ្យមើលឃើញពីហេតុ និងផលនៃសកម្មភាព បន្ទាប់មកក៏ជំរុញកូនឱ្យធ្វើអ្វីដោយផ្អែកលើភាពខ្លាំងរបស់ខ្លួន។ ពេលខ្លះគាត់អាចខុសគេបន្តិចមែនតែគាត់ខ្លាំងខុសគេ មិនមែនខុសគេដោយភាពផ្តេសផ្តាសនោះទេហេតុនេះប្រសិនបើយើងមើលឃើញពីគុណសម្បត្តិនៃសកម្មភាពរបស់កូនច្បាស់លាស់ហើយ យើងគួរជំរុញ និងចេះផ្តល់រង្វាន់។ កុំបង្រៀនមនុស្សដោយភាពឈឺចាប់ តែត្រូវចេះដាស់ស្មារតីដោយថាមពលនៃភាពរីករាយ ឱ្យកូនចេះរស់ក្នុងសេចក្តីសុខ និងការអភិវឌ្ឍ ជាជាងអំពើហិង្សា។

    អ្នកចិត្តសាស្ត្រខាងលើបានបញ្ជាក់ផងដែរថា ជំនួសឱ្យការកំណត់បន្ទាត់ឱ្យកូនដើរ យើងគួរពង្រឹងសមត្ថភាពនៃការពិចារណាឱ្យបានល្អ បង្រៀនកូនឱ្យមានភាពចាស់ទុំ និងចេះប្រើប្រាស់ហេតុផលដើម្បីដោះស្រាយបញ្ហាក្នុងការរស់នៅជាក់ស្តែង។

    នៅពេលក្មេងមានប្រភពចំណេះដឹងច្បាស់លាស់ក្នុងការវិភាគ ពិចារណាស៊ីជម្រៅ និងមានទម្លាប់រស់នៅល្អហើយ យើងនឹងមិនចាំបាច់ខ្វល់ច្រើនថាគាត់នឹងអាចប្រឈមនឹងបញ្ហា ឬធ្វើអ្វីខុសប្លែកពីទម្លាប់របស់មនុស្សទូទៅនោះទេ ព្រោះយើងដឹងច្បាស់ថាគាត់មានប្រព័ន្ធការពារមួយដ៏ល្អរួចបាត់ទៅហើយ។ ម្យ៉ាងវិញទៀត យើងដឹងច្បាស់ណាស់ថាទោះជាយ៉ាងណាក៏ដោយអាណាព្យាបាលនឹងមិនអាចលែងដៃពីកូនបាននោះទេ បើទោះបីជាដឹងថាគេមានវិធីសាស្ត្រគិតល្អហើយក៏ដោយ។ ហេតុនេះអ្វីដែលអាណាព្យាបាលអាចធ្វើបាន គឺចែករំលែកបទពិសោធ និងជួយប្រឹក្សាជាមួយកូននៅពេលពួកគេត្រូវការជំនួយ ឬសង្ស័យថាគាត់មិនទាន់អាចបែងចែកហេតុផលនៃសកម្មភាពទាំងឡាយណាដែលគ្រោះថ្នាក់ដល់ជីវិតរបស់គាត់៕

  • ក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពកំដៅកើនឡើងនៅពេលថ្ងៃ និងអាចមានភ្លៀងធ្លាក់ នៅតំបន់ខ្លះពីខ្សោយទៅមធ្យម

    ក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពកំដៅកើនឡើងនៅពេលថ្ងៃ និងអាចមានភ្លៀងធ្លាក់ នៅតំបន់ខ្លះពីខ្សោយទៅមធ្យម

    ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

    ក្រសួងធនធានទឹកបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា កម្រិតសម្ពាធទាបនៅលើផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈកម្ពស់ គ្របដណ្តប់លើកម្ពុជា។

    ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសកើនក្តៅនៅពេលថ្ងៃ៖
    ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
    * សីតុណ្ហភាពអប្បបរមា ពី២៦-២៨អង្សាសេ។
    * សីតុណ្ហភាពអតិបរមា ពី៣៧-៣៩អង្សាសេ។
    * ផ្នែកខ្លះអាចមានភ្លៀងធ្លាក់ ពីខ្សោយទៅមធ្យម។

    ២៖ បណ្តាខេត្តខ្ពស់រាបឦសាន៖
    * សីតុណ្ហភាពអប្បបរមា ពី២៦-២៨អង្សាសេ។
    * សីតុណ្ហភាពអតិបរមា ពី៣៤-៣៦អង្សាសេ។

    ៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
    * សីតុណ្ហភាពអប្បបរមា ពី២៦-២៨អង្សាសេ។
    * សីតុណ្ហភាពអតិបរមា ពី៣៥-៣៧អង្សាសេ។
    * អាចមានភ្លៀងធ្លាក់ខ្សោយ។

    ជាមួយគ្នានេះ ក្រសួងក៏អំពាវនាវដល់ប្រជាពលរដ្ឋសូមប្រុងប្រយ័ត្ន នូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ និងថែរក្សាសុខភាព នៅពេលអាកាសធាតុក្តៅពេលថ្ងៃ៕

  • កម្ពុជា​ប្រកាស​ស្តារ​វិស័យ​ ទេសចរណ៍​បណ្តា​លពី​ផលប៉ះពាល់​ជំងឺ COVID-19 ខណៈ​ការផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរ​ណ៍នៅតែ​បន្ត

    កម្ពុជា​ប្រកាស​ស្តារ​វិស័យ​ ទេសចរណ៍​បណ្តា​លពី​ផលប៉ះពាល់​ជំងឺ COVID-19 ខណៈ​ការផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរ​ណ៍នៅតែ​បន្ត

    ស្ថិតនៅក្នុង​ស្ថានភាព​ដែល​កំពុង​រង​ឥទ្ធិពល​អាក្រក់ និង​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​វិស័យ​ទេសចរណ៍​កម្ពុជា ដោយសារ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក និង​ជាពិសេស​នាពេល​បច្ចុប្បន្ន​ដែល​កំពុងតែ​ប្រឈម​នឹង​ភាពភ័យខ្លាច​នៃ​ការ​រាតត្បាត​របស់​វីរុស​ Covid-19 នោះ តាម​ការ​ព្យាករ​សាជាថ្មី​របស់​ក្រសួងទេសចរណ៍ បាន​បង្ហាញថា ក្នុង​ឆ្នាំ2020 នេះ ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​មកកាន់​កម្ពុជា អាច​នឹងមាន​ការធ្លាក់​ចុះ​រហូតដល់​ប្រមាណ 1លាន​នាក់។

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា ដោយសារតែ​វិបត្តិ​ជំងឺ Covid-19 បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម និង​បញ្ហា​មួយចំនួនទៀត​ដែលមាន​ប្រភពពី​កត្តា​ខាងក្រៅ បាន​បណ្ដាលឱ្យ​កម្ពុជា​ទទួលភ្ញៀវ​ទេសច​រ​អន្តរជាតិ​មិនបាន​ដូច​ការ​ព្យាករ​ជាក់ស្ដែង​នៅ​ឆ្នាំ2020 នេះ។ ការ​ព្យាករ​សាជាថ្មី​របស់​ក្រសួងទេសចរណ៍ បាន​បង្ហាញថា ភ្ញៀវទេសចរ​អន្តរជាតិ​នឹងមាន​ការធ្លាក់ចុះ​ប្រមាណ 1លាន​នាក់ ខណៈ​ប្រទេស​ថៃ​ក៏បាន​ព្យាករ​ដែរ​ថាប្រទេស​គេ​នឹង​ជួប​បញ្ហា​ធ្លាក់ចុះ​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ 6លាន​នាក់។

    ឯកឧត្តម ថោង ខុន បាន​បន្តថា៖“ប្រសិនបើ​ភាគី​ពាក់ព័ន្ធ​មិន​ជួយ​គ្នា​អនុវត្ត​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល និង​វិធានការ​របស់​ក្រសួងទេសចរណ៍​ដើម្បី​ដោះស្រាយ​ឧបសគ្គ​នៅ​ចំពោះមុខ​នេះ​ទេ ភ្ញៀវទេសចរ​នៅ​កម្ពុជា​នឹង​ធ្លាក់ចុះ​ប្រមាណ40% ប៉ុន្តែ​បើ​ភាគី​ពាក់ព័ន្ធ​ចូលរួម​សាមគ្គី​គ្នា​ជម្នះ​ឧបសគ្គ​នេះ​បាន ភ្ញៀវទេសចរ​ប្រហែលជា​ធ្លាក់ចុះ​ត្រឹម 10-15%ប៉ុណ្ណោះ”។

    តាម​ការអះអាង​របស់​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ទោះបីជា​កម្ពុជា​ជួប​វិបត្តិ​ទាំងនេះ​ក៏ដោយ ប៉ុន្តែ​នៅ​ឆ្នាំ2025 ភ្ញៀវទេសចរ​នៅ​កម្ពុជា​នឹង​កើនឡើង​ប្រមាណ 25% មកវិញ។ នេះ​បើតាម​ការ​ព្យាករ។

    ដោយឡែក​វិស័យ​ទេសចរណ៍​ទូទាំង​សកលលោក បាន​ព្យាករ​ថា នឹង​ខាតបង់​ថវិកា​ជាង 22 ពាន់​លាន​ដុល្លារ។ ប្រធាន​អង្គការ​នៃ​ក្រុមប្រឹក្សា​ដំណើរ​កម្សាន្ត និង​ទេសចរណ៍​ពិភពលោក (WTTC) បាន​មានប្រសាសន៍ថា៖“ការរីក​រាលដាល​នៃ​ជំងឺឆ្លង COVID-19 អាច​នឹង​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​ទូទាំង​សកលលោក ខាតបង់​ថវិកា​ជាង 22ពាន់​លាន​ដុល្លារ ហើយ​ការខូចខាត​នេះ ក៏មាន​ការចូលរួមចំណែក​ពី​ការធ្លាក់ចុះ​នៃ​ចំនួន​អ្នកទេសចរ​ចិន​ផងដែរ។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA Channel NewsAsia កាលពី​ថ្ងៃ​សុក្រ ទី28 ខែកុម្ភៈ ឆ្នាំ2020។

    ប្រធាន​អង្គការ WTTC លោកស្រី ក្លូ​រៀ ហ្គេ​វ៉ា​រ៉ា (Gloria Guevara) បានធ្វើការ​កត់សម្គាល់​ខាងលើប្រាប់​សារព័ត៌មាន​អេ​ស្ប៉ា​ញ អែល ម៉ាន់​ឌូ (El Mundo) ដោយបាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “វា​ដូចជា​លឿន​ពេក​ដើម្បី​ដឹង​ពី​ទំហំ​ខាតបង់​ថា…ការរីក​រាលដាល​នៃ​ជំងឺ ​COVID-19 អាច​នឹង​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​សកលលោក​ខាតបង់​ថវិកា​ជាង 22ពាន់​លាន​ដុល្លារ។

    ប៉ុន្តែ WTTC បានធ្វើការ​គណនា​ជាបឋម​នេះ ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ស្រាវជ្រាវ​សេដ្ឋកិច្ច អុក​ស៍​ហ្វ៉​ដ(Oxford Economics)”។ គួរបញ្ជាក់​តាម​លោកស្រី Gloria ទៀតថា ការ​គណនា​នេះ គឺ​ផ្អែកលើ​បទពិសោធ​នៃ​វិបត្តិ​ដែល​បង្កឡើង​ដោយ​ជំងឺឆ្លងមុនៗដូចជា​ជំងឺ SARS ឬ H1N1 ព្រមទាំង​ផ្ដោតលើ​ការធ្លាក់ចុះ​នៃ​ភ្ញៀវទេសចរ​ចិន ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មី​នេះ។

    អ្វី​ដែលជា​ភាពជាក់ស្តែង​នោះ គឺ​ការផ្អាក​ជើងហោះហើរ និង​ការណែនាំ​របស់​រដ្ឋាភិបាល របស់​ប្រទេស​នានា​ទូទាំង​ពិភពលោក ឱ្យ​ប្រជាជន​របស់​ពួកគេ មានការ​ប្រុងប្រយ័ត្ន និង​កុំ​ធ្វើដំណើរ​ទៅកាន់​បណ្តា​ប្រទេស​ដែលមាន​ការផ្ទុះ​ជំងឺ COVID-19 ខ្លាំងក្លា​នោះ ទាំងអស់នេះ​គឺ​សុទ្ធតែជា​ចំណាត់​ការដែល​បង្ក​ផលប៉ះពាល់​ធ្ងន់់ធ្ងរ ទៅដល់​វិស័យ​ទេសចរណ៍។

    ជា​បទពិសោធ ក្នុង​គ្រា​ដែល​ពិភពលោក​ជួប​វិបត្តិ​ជំងឺ SARS នៅ​ចុងឆ្នាំ2002 ដល់​ឆ្នាំ2003ចំនួន​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​នៅ​កម្ពុជា មានការ​ធ្លាក់ចុះ​យ៉ាងគំហុក ប៉ុន្តែ​នៅ​ខណៈនោះ​ក្រសួងទេសចរណ៍​បាន​ជំរុញឱ្យមាន​ចលនា​ទេសចរ​ក្នុងស្រុក ដើម្បី​ជួយ​ទប់ទល់​ការចំណាយ​របស់​សណ្ឋាគា​រ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​នានា។ ជាក់ស្ដែង ដោយ​អនុវត្តតាម​វិធានការ​នេះហើយ កម្ពុជា​បានទទួល​នូវ​កំណើន​ភ្ញៀវទេសចរ​ក្នុងស្រុក ដល់​ទៅ 9% ហើយ​បញ្ហា​នានា​ត្រូវបាន​ដោះស្រាយ​គួរ​ជាទី​គាប់ប្រសើរ។

    ជា​អកុសល នៅ​ចុងឆ្នាំ2019 រហូតដល់​ដើមឆ្នាំ2020 នេះ ពិភពលោក​បាន​ជួបប្រទះ​វិបត្តិ​ជំងឺ Covid-19 ថ្មី​នេះ​ទៀត ដែល​បណ្ដាលឱ្យ​វិស័យ​ទេសចរណ៍​លើ​ពិភពលោក​ជួប​បញ្ហា​ឱនភាព ក្នុងនោះ​កម្ពុជា​ក៏​គេច​មិន​ផុតពី​បញ្ហា​នេះដែរ ដូច្នេះហើយ​បានជា​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងទេសចរណ៍​បាន​ដាក់ចេញ​វិធានការ ជំរុញឱ្យមាន​ចលនា​ទេសចរ​ក្នុងស្រុក​ឱ្យ​កាន់តែ​ខ្លាំងក្លា។

    ជាមួយនឹង​ការរំពឹងទុក​ថា ភ្ញៀវទេសចរណ៍ក្នុងស្រុក​នឹងមាន​ការកើនឡើង​ដែរនោះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អំពាវនាវ​ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍ក្នុងប្រទេស ជាពិសេស​នៅ​ខេត្តសៀមរាប ត្រូវ​ត្រៀមខ្លួន​ទទួល​ភ្ញៀវទេសចរ​ក្នុងស្រុក​ឱ្យបាន​ត្រឹមត្រូវ និង​បញ្ចេញ​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​បកស្រាយ​ពន្យល់​ប្រាប់​ពួកគាត់​នូវ​អ្វី​ដែលមាន​នៅតាម​គោលដៅ​ទេសចរណ៍នីមួយៗ ខណៈ​ពួកគាត់​ក៏​ចង់ដឹង​ពី​ព័ត៌មាន ឬ​អាថ៌កំបាំង​ផ្សេងទៀត​ដែល​បង្កប់​លើ​ជញ្ជាំង​ប្រាសាទ ប្រាង្គ​ប្រាសាទ តំបន់​បេតិកភណ្ឌ​វប្បធម៌ អច្ឆរិយ​ភាព​របស់​ស្នាដៃ​ដូនតា​ខ្មែរ​ជាដើម​ដែរ។

    ជាមួយគ្នានេះដែរ នាយកដ្ឋាន​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ កម្ពុជា បានអះអាងចំពោះភ្ញៀវទេសចរអន្តរជាតិថា “កម្ពុ​ជាមាន​សុខសន្តិភាព សុវត្ថិភាព គ្មាន​ការឆ្លង​ជំងឺ Covid-19 និង​មានឱកាស​ច្រើន​សម្រាប់​ការវិនិយោគ” ដែល​ការផ្សព្វផ្សាយ​នេះ​ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​សក្តានុពល​ទេសចរណ៍​ក្រោម​ប្រធានបទ “កម្ពុជា៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្តល់​ភាពកក់ក្តៅ”។ នេះបើតាមក្រុមការងារក្រសួងទេសចរណ៍ក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិនៅសហរដ្ឋអាមេរិក។

    ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​លោក សូ វិ​សុ​ទ្ធី (So Visothy) អនុរដ្ឋលេខាធិការ និង​លោក ថោងរដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចូលរួម និង​ផ្សព្វផ្សាយ នៅក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន (ATF2021) តាមរយៈ​ការតាំង​បង្ហាញ​ស្តង់​កម្ពុជា នៃ​ការចូលរួម​តាំងពិព័រណ៍​ទេសចរណ៍​អន្តរជាតិ (Travel and Adventure Show) ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី29 ខែកុម្ភៈ ដល់​ថ្ងៃទី1 ខែមីនា ឆ្នាំ2020 កន្លងទៅ​នៅ​ទីក្រុង​អា​ត្ល​ង់​តា រដ្ឋ​ច​ច​ជា សហរដ្ឋអាមេរិក។

    ការផ្សព្វផ្សាយ​នេះ ជាការ​បង្ហាញ​ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​វេទិកា​ទេសចរណ៍​អាស៊ាន (ATF2021) នាពេលខាងមុខ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ និង​វិនិយោគិន​ពី​អាមេរិក​មក​ទស្សនា​កម្ពុ​ជា​ឱ្យ​កាន់តែច្រើន​ថែមទៀត។

    នាឱកាស​នោះ គណៈប្រតិភូ​នៃ​ក្រសួងទេសចរណ៍​បាន​អះអាង​ចំពោះ​ភ្ញៀវទេសចរ និង​ដៃគូ​អន្តរជាតិ​យ៉ាង​ដូច្នេះ​ថា៖ “កម្ពុជា បច្ចុប្បន្ន​មាន​សុខសន្តិភាព មាន​សុវត្ថិភាព ផ្ដល់​ភាពកក់ក្ដៅ​ចំពោះ​ភ្ញៀវទេសចរ និង​អ្នកដំណើរ​គ្រប់គ្នា ជាពិសេស​គ្មាន​ការឆ្លង​ជំងឺ Covid-19 និង​ផ្ដល់ឱកាសពិសេសៗយ៉ាងច្រើន​សម្រាប់​អ្នកវិនិយោគ និង​អ្នកធ្វើ​ធុរកិច្ចគ្រប់ៗគ្នា”។

    លោក ថោង រដ្ឋ​សក្តិ បានឱ្យដឹងថា ព្រឹត្តិការណ៍ Travel & Adventure Show ជា​ពិព័រណ៍​ទេសចរណ៍​ធំជាងគេ​បង្អស់​របស់​សហរដ្ឋអាមេរិក ដែល​ប្រារព្វ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ទីក្រុង ចំនួន10 ផ្សេងគ្នា ដែល​ឆ្នាំនេះ​ជា​លើក​ទី1 ហើយ​សម្រាប់​ទីក្រុង​អា​ត្ល​ង់​តា ដោយមាន​អ្នកចូលរួម​តាំងពិព័រណ៍​ប្រមាណ​ជាង 500ស្ថាប័ន មកពី​ប្រមាណ 60ប្រទេស ក្នុងនោះ​ពន្លា​ក្រសួងទេសចរណ៍​កម្ពុជា ដែល​បានរៀបចំ​តុបតែង​យ៉ាង​ស្អាត និង​មាន​ភាព​ទាក់ទាញ ដោយ​ទទួលបាន​ភ្ញៀវ​ចូល​ទស្សនា និង​សាកសួរ​ព័ត៌មាន​យ៉ាង​ផុលផុស។

    លោក​បាន​បន្តថា ក្នុង​ព្រឹត្តិការណ៍​នោះ​ក្រុមការងារ​ក៏បាន​ជួបប្រជុំ​ជាមួយនឹង​លោក John Spooner និង​លោក Jonathan Goazlic ដែលជា​អ្នក​រៀច​ចំ​កម្មវិធី ដើម្បី​ពិភាក្សា​ពី​ការងារ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា​ទៅកាន់​ទីផ្សារ​អាមេរិក​ទាំ​ង​មូល ជាពិសេស​នៅតាម​បណ្ដា​រដ្ឋ និង​ទីក្រុងធំៗ ដូចជា San Francisco, San Diego រដ្ឋ California, ទីក្រុង Philadelphia រដ្ឋ Pennsylvania, ទីក្រុង Denver រដ្ឋ Colorado, ទីក្រុង Tampa Bay និង Miami រដ្ឋ Florida, ទីក្រុង Chicago រដ្ឋ Illinois ដែលជា​ទីផ្សារធំៗរបស់​សហរដ្ឋអាមេរិក។

    ឆ្លៀត​ក្នុងឱកាស​នេះ ក្រុមការងារ​របស់​ក្រសួងទេសចរណ៍​កម្ពុជា ក៏បាន​ចុះ​ពិនិត្យ​ក្នុង​របៀប​ជា Study Tour & Research នៅ Studio 7 របស់​បណ្តាញ​ស្ថានីយទូរទស្សន៍​អន្តរជាតិ CNN ក្នុង​ទីក្រុង​អា​ត្ល​ង់​តា ដើម្បី​បន្ត​កិច្ចសហប្រតិបត្តិការ​ផ្សព្វផ្សាយ​សក្តានុពល​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​ភាព ជា​ដៃគូ​យូ​អង្វែង​ផងដែរ។

    យោងតាម​ស្ថិតិ​របស់​ក្រសួងទេសចរណ៍​ឆ្នាំ2019 កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អាមេរិក ប្រមាណ 25ម៉ឺន​នាក់ ឈរ​នៅក្នុង​លំដាប់​ទី6 នៃ​ទីផ្សារ​ទេសចរ​កំពូល​ទាំង 10របស់​កម្ពុជា៕

  • បញ្ហា​ជំងឺ​កូ​វីដ19 ធ្វើឱ្យមាន​ប្រទេស មួយ​ចំនួន​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច

    បញ្ហា​ជំងឺ​កូ​វីដ19 ធ្វើឱ្យមាន​ប្រទេស មួយ​ចំនួន​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច

    ស្ថិតក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ កូ​រ៉ូ​ណា(COVID-19) បានធ្វើឱ្យ មានការ​ប្រឈម​ដ៏​ធំ​មួយទៀត ក្នុងចំណោម​បញ្ហា​ប្រឈមដែលមាន​សម្រាប់​ប្រទេស​ក្នុង​សកលលោក ពិសេស​សង្គ្រាម​ពាណិជ្ជកម្ម និងការ​អន់ថយ​នៃ​កំណើនសេដ្ឋកិច្ច។

    ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2020 នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​គូសបញ្ជាក់ថា ​ជំងឺកូ​វីដ19 (COVID-19) បានធ្វើឱ្យ​ប្រទេសមួយ​ចំនួន​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ផងដែរ។

    “ផលប៉ះពាល់​ជំងឺ COVID -19 បាន​មកដល់​មិនអាច​ព្យាករ ទុក​មុន​បាន​អំពី​ទំហំ​របស់​វា ហើយ​កំពុង​បង្កឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សេដ្ឋកិច្ច​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ី និង​អាច​រុញច្រាន​ឱ្យ​ប្រទេស​មួយចំនួន​ធ្លាក់​ក្នុង​វិបត្តិ។ ប្រការនេះ​បាន​បង្កើតឱ្យមាន​ការព្រួយបារម្ភ ចំពោះ​និយោជក​ផងដែរ”។ នេះ​បើតាម​ប្រសាសន៍​សម្តេច​តេ​ជា។

    សម្តេច​តេ​ជោ ​ហ៊ុន សែន​ បាន​មានប្រសាសន៍​បន្ថែមថា ៖“រដ្ឋាភិបាល​នៃ​ប្រទេស​ជាច្រើន​បានដាក់​ចេញ​នូវ​វិធានការ​ជាច្រើន ដើម្បី​ធ្វើការ​ស្រោចស្រង់ ក្នុង​គោលបំណង កាត់បន្ថយ​ផលប៉ះពាល់ និង​គាំទ្រលើកស្ទួយ​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់។ ទន្ទឹមនេះជំងឺ​កូ​វីដ19​នេះ​ បានធ្វើឱ្យ​ប៉ះពាល់ដល់វិស័យសំខាន់ៗនៃ​សេដ្ឋកិច្ចកម្ពុជា​ផងដែរ។

    សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បញ្ជាក់ថា៖ “វិស័យ​2​របស់​កម្ពុជា​ដែល​រង​ផល​ប៉ះ ពាល់​ធ្ងន់​ជាង គេ​គឺ1-វិស័យ​ទេសចរណ៍ ដោយសារ​អ្នកទេសចរ​ភ័យ​លែង​ហាន​ធ្វើដំណើរ​កម្សាន្ត និង​ទី2-វិស័យ​កាត់ដេរ ដោយសារ​ខ្វះ​វត្ថុធាតុដើម បិទ​រោងចក្រ​មួយចំនួន នៅ​ប្រទេស​ចិន​មិនទាន់​ដំណើរការ​ឡើងវិញជា​ប្រក្រតី”។

    យោងតាម​ការផ្សព្វផ្សាយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាន់ខ្ពស់​អាស៊ាន លើក​ទី19 នៅ​ទីក្រុង​ហាណូយប្រទេស​វៀតណាម ថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2020កន្លងមកនេះ ឱ្យដឹងថា ការឆ្លើយតប​នឹង​ផលប៉ះពាល់​នេះ គោលនយោបាយ​មួយចំនួន​ត្រូវ បានលើកឡើង ដូចជា ការរក្សា​ឱ្យបាននូវ​កម្រិត​អតិផរណា ការបង្កើន​ការចំណាយ​របស់​រដ្ឋាភិបាល ធ្វើឱ្យ​ប្រសើរឡើង​នូវ​កម្លាំង​ពលកម្ម​និងបច្ចេកវិទ្យា ការផ្តល់​ហិរញ្ញប្បទាន​ចំពោះ​ការ ចំណាយ​ទប់ទល់​នឹង​ការរីក​រាលដាល​នៃ​មេរោគ​នេះ បង្កើន​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការតភ្ជាប់​ក្នុង​តំបន់​អាស៊ាន​ជាដើម។

    កំណើនសេដ្ឋកិច្ច​អាស៊ាន​ត្រូវបាន​ព្យាករ​ថា អាច​នឹង​ថមថយ​ពី 4.9% ក្នុង​ឆ្នាំ 2019 មក​ត្រឹម4.5% នៅ​ឆ្នាំ2020 ដោយសារ​ការរីក​រាល​ដាល​នៃ​មេរោគ​កូ​រ៉ូ​ណា (COVID-19) ដែល​អាចមាន​ហានិភ័យ​ចំពោះ​សេដ្ឋកិច្ច​ក្នុង​តំបន់​រយៈពេល​មធ្យម និង​ជះឥទ្ធិពល​ខ្លាំង លើ​ផ្នែក​សេវា ការវិនិយោគ និង​ការប្រើប្រាស់​របស់​ប្រជាជន។

    មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ(IMF)ក៏បាន​ព្រមាន​ដែរថា​ ការរីក​រាលដាល​វីរុស​កូ​រ៉ូ​ណា​ដែល​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​នឹងមាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក ខណៈ​ក្រុម​រដ្ឋមន្ដ្រីក្រសួង​ហិរញ្ញវត្ថុ​ក្រុម​ប្រទេស G20 និង​ប្រធាន​ធនាគារកណ្ដាល​បាន​ថ្លឹងថ្លែង​ផលប៉ះពាល់​សេដ្ឋកិច្ច​របស់ខ្លួន ។

    លោកស្រី Kristalina Georgieva ប្រធាន IMF បានឱ្យដឹងថា ការរីក​រាលដាល​នេះ​នឹង​កាត់បន្ថយ​ប្រហែល 0,1 % ពី​កំណើន​សេដ្ឋកិច្ចពិភពលោក និង​រារាំង​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​មក​នៅត្រឹម5.6% នៅ​ឆ្នាំនេះ។យើង​ក៏​កំពុង​សម្លឹងមើល​សេណារីយោ កាន់តែ​អាក្រក់​ដែល​ការរីក​រាលដាល​របស់​វីរុស​នេះ​បន្ត​ក្នុង​រយៈពេល​កាន់តែ​វែង និង​កាន់តែច្រើន​ទៀត​ទូទាំង​ពិភពលោក និង​ផលវិបាក​កំណើនសេដ្ឋកិច្ច​មាន​រយៈ​ពេល​កាន់តែ​វែង​ផងដែរ។

    លោក​បណ្ឌិត​ហុង វណ្ណៈ  អ្នកស្រាវជ្រាវ​សេដ្ឋកិច្ចនៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​មានប្រសាសន៍ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា៖“តាមពិត​បើ​គិត​ទៅតាម​ការ​ព្យាករសេដ្ឋកិច្ច​យើង​នឹងមាន6.0-6.5%នៃ​ផលិតផល​សរុប​របស់​ប្រទេស​ក្នុងឆ្នាំនេះ។ សញ្ញាណ​នេះ​បើ​ជំងឺ​កូ​វីដ នៅតែ​បន្តសកម្មភាព​វា​អាច​បន្ត​ទៅដល់​ឆ្នាំ 2021 ទៀត។ ដូច្នេះ​វិស័យទេសចរណ៍ នឹងមាន​ផលប៉ះពាល់​ជាងគេ រួមទាំង​រោងចក្រ​ជាច្រើន​ដែល​ត្រូវ​ប៉ះពាល់​ក្នុង​រឿង​EBA ដែលជា​បញ្ហា​ធំ ដែល​ចំនួន​ប៉ះពាល់ អាច​ដល់​ទៅ 100 លាន​ដុល្លារ។ ព្រោះ​បើតាម​គណនា​ចំនួន 20% នៃ​ទឹកប្រាក់ 600លានដុល្លារ ដែលជា​ផលប៉ះពាល់​នៃ​វិស័យនេះ​ទាំងមូល”។

    លោក​បណ្ឌិត​បានបញ្ជាក់​ថា បើតាម​ខ្ញុំ​គិត វា​មាន​ផលប៉ះពាល់​ទំហំ​ធំ នៅ​ក្នុងនោះ​ផលិតកម្ម ទាំងអស់​ត្រូវ​គាំង។ សកម្មភាព​លក់ដូរ​រ​បស់​ពលរដ្ឋ​មាន​សភាព​តានតឹង ពោលគឺ​ស្រប​ពេលដែល​ជនជាតិ​ចិន​បាន​ចាកចេញ បន្ទាប់ពី​ការប្រកាស​បិទ​ហ្គេម​អន​ឡាញ ក៏ត្រូវ​នឹង​មេរោគ​កូ​វីដ19 បានកើតឡើង​ផងដែរ ដែលជា​អកុសល ធ្វើឱ្យ​សេដ្ឋកិច្ច​យើង​ត្រូវ​ទទួលរង​នូវ​បញ្ហា។

    លោក​បណ្ឌិត​បានបញ្ជាក់​ដែរ​ថា បើ​យើង​មើលទៅ​សេដ្ឋកិច្ចកម្ពុជា ដែល​ទទួលរង​ពី​បញ្ហា ជំងឺ​កូ​វីដ19 គឺមាន​2 ព្រោះ​បញ្ហា​នៃ​ជំងឺ​នេះ​វា​មាន​លក្ខណៈ​ជា​សកល​ហើយ ធ្វើឱ្យ​ឥទ្ធិពល​របស់​វា​ដែល​បានធ្វើឱ្យ​កម្ពុជា​ទទួលរង គឺមាន​ការពាក់ព័ន្ធ​នឹង​វិស័យ​ភ្ញៀវទេសចរ ពិសេស​ទេសចរ​ជនជាតិ​ចិន ដែល​ពីមុន​មានចំនួន​ក្នុង 1ឆ្នាំ​ប្រមាណ 200លាន​នាក់ សម្រាប់​សកល និង​មក​ទេសចរណ៍​នៅ​កម្ពុជា​ដល់​ទៅ 2 លាន​នាក់​តែ​ឥឡូវ​បាន​ថយចុះ​ដល់​ទៅ 90%។

    បញ្ហា​មួយទៀត​គឺ​បញ្ហា​រោងចក្រ​មួយចំនួន​ដែល​កំពុងដំណើរការ ត្រូវ​ទទួលរង​នូវ​ការខ្វះ​វត្ថុធាតុដើម មិនអាច​ផ្គត់ផ្គង់​បាន​ដោយសារ​ជំងឺ​កូ​វីដ19 ដែល​កើតឡើង​នៅ​ប្រទេស​ចិន ធ្វើឱ្យ​រោងចក្រ​មួយចំនួន នៅ​ប្រទេស​ចិន​មិនទាន់​ដំណើរការ​ឡើងវិញ​បាន ស្របពេល ដែល​បញ្ហា EBA ក៏បាន​កើតឡើង​ផងដែរ។

    លោក​បណ្ឌិត​បានបញ្ជាក់​ទៀតថា៖“ដូច្នេះ​សេដ្ឋកិច្ច​ប្រទេសមួយ​បើ​មាន​បញ្ហាផ្ទួនៗគ្នា​ពេក​ វា​ធ្វើឱ្យ​ជួបប្រទះ​នូវ​វិបត្តិ​ជាក់​ជាមិនខាន​ឡើយ។ តែ​យើង​ឃើញ​រាជរដ្ឋាភិបាល​បាន​ចាត់វិធានការ បន្ទាន់ ដូចជា​ការលើកទឹកចិត្ត​ដល់​វិស័យ​អចលនទ្រព្យ ដែល​តម្លៃ​ត្រឹម 7ម៉ឺន​ គឺ​រដ្ឋ​មិន​យកពន្ធ​ប្រថាប់ត្រា​ និង​ការមិន​យកពន្ធ 4 ខែ​សម្រាប់​សណ្ឋាគារ នៅ​ខេត្តសៀមរាប​ជាដើម”។

    ក្រៅពីនោះ​រាជរដ្ឋាភិបាល​ក៏បាន​ស្វែងរក​អ្នកវិនិយោគ ដែល​ក្នុង​រយៈពេល​នេះ​មានការ​ទទួលបាន​អ្នកវិនិយោគ ដោយ​ទទួលបាន​ទឹកប្រាក់​ក្នុង​ចំនួន​ច្រើន​គួរសម ក៏ប៉ុន្តែ​បើតាម​ផលប៉ះពាល់​មិនអាច​ទូទាត់​គ្នា​បានទេ ព្រោះថា​វា​អាច​ទើបនឹង​ចាប់ផ្តើម​ដោយ​យើង​មិនអាច​ប៉ាន់ស្មាន​បាន​ព្រោះ​បញ្ហា​វា​ស្ទួន​គ្នា​ពេក។

    លោក​បណ្ឌិត​ ហុង វណ្ណៈ បានបញ្ជាក់​ផងដែរ​ថា៖ “បើតាម​ខ្ញុំ​គិត វា​មិនទាន់​ដល់​ដំណាក់​ការដែល​យើង​មិនអាច​ថា​ទប់ទល់​ស្ថានការណ៍​បាន​នោះទេ ពីព្រោះ​រដ្ឋាភិបាល​យើង​បាន​ត្រៀម​ប្រាក់​បម្រុង​សម្រាប់​ប្រតិបត្តិការ​សេដ្ឋកិច្ច​របស់ខ្លួន ក្នុង​ចំនួន​សមស្រប សម្រាប់​ប្រការ​ក្នុង​ស្ថានការណ៍​អាក្រក់។ ជាមួយគ្នានេះដែរ​រដ្ឋាភិបាល ក៏បាន​ធ្វើការ​កំណែទម្រង់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ រួមទាំង​ប្រាក់ចំណូល​ពី​ពន្ធដារ គយ និង​ការវិនិយោគ​ផង​នោះ យើង​អាចធ្វើឱ្យ​ចំណូល​នោះ​ទូទាត់​ក្នុង​ចំណាយ​ចរន្ត​បាន​ក្នុង​កាលៈទេសៈ​ចាំបាច់​នេះ។ ក្នុង​ស្ថានការណ៍​ដែល​រដ្ឋាភិបាល​នៅ​បន្ត​ការគ្រប់គ្រង​ដោយ​ម៉ឺងម៉ាត់​ទៅលើ​ប្រព័ន្ធ​ប្រាក់ចំណូល នោះ​យើង​នៅ​អាច​ទប់ទល់​បញ្ហា​មូ​យ​ផ្នែក​ណាមួយ​បាន”៕

  • ម៉ូដសក់បែបងាយៗ សម្រាប់នារីសម័យថ្មី

    ម៉ូដសក់បែបងាយៗ សម្រាប់នារីសម័យថ្មី

    មិនត្រឹមតែម៉ូដក្រចកនោះទេ ម៉ូដសក់ក៏ត្រូវតែរៀបចំយ៉ាងស្រស់ស្អាតជាទីពេញចិត្តបែបសាមញ្ញ និងងាយៗ តែស្អាតគួរឱ្យស្រឡាញ់។ សូមពិនិត្យមើលម៉ូដសក់ដែលមាននៅក្នុងទំព័រនេះ ហើយសូមជ្រើសរើសម៉ូដសក់ដែលអ្នកពេញចិត្ត រួចតុបតែងម៉ូដសក់របស់អ្នកឱ្យស្រស់ស្អាតជារៀងរាល់ថ្ងៃ ឱ្យស័ក្តិសមជានារីសម័យថ្មី និងដើម្បីអបអរសាទរពិធីបុណ្យសិទ្ធិនារី៕

  • សារធាតុអាហារ ដែលចាំបាច់បំផុតសម្រាប់ស្ត្រីក្នុងអំឡុងពេលមានគភ៌

    សារធាតុអាហារ ដែលចាំបាច់បំផុតសម្រាប់ស្ត្រីក្នុងអំឡុងពេលមានគភ៌

    ស្ត្រី​មានគភ៌​ត្រូវការ​កម្លាំង​ថាមពល​បន្ថែម​ឡើង​ពី150 – 350កាឡូរី​ក្នុង 1ថ្ងៃ ដើម្បី​ការ​ចម្រើន​ធំធាត់​របស់​ទារក​ក្នុង​ផ្ទៃ និង​មេ​តា​បូ​លី​ហ្ស៊ឹ​ម​ដែល​កើនឡើង​របស់​មាតា។ ជាទូទៅ​គ្រូពេទ្យ​តែងណែ​នាំឱ្យ​ទទួលទាន​ប្រូ​តេ​អ៊ី​ន​បន្ថែម​ឡើង​យ៉ាងតិច 30ក្រាម​ក្នុង1ថ្ងៃ។ ដូច្នេះ​ខាងក្រោម​នេះ គឺជា​សារធាតុ​អាហារសំខាន់ៗដែល​ស្ត្រី​មានគភ៌​ចាំបាច់​ត្រូវតែ​បានទទួល។

    ហ្វូ​លេ​ត : ស្ត្រី​មានគភ៌​មួយចំនួន​មាន​ភាព​ប្រថុយប្រថាន​ចំពោះ​ការខ្វះ​សារធាតុ​ហ្វូ​លេ​ត​ខ្លាំងណាស់ ដូចជា ការ​មានគភ៌​កូនភ្លោះ ការទទួល​ទាន​ថ្នាំ​ការពារ​ប្រកាច់ជាដើម ដូច្នេះហើយ​ទើប​ស្ត្រី​មានគភ៌ គួរ​បានទទួល​សារធាតុ​ហ្វូ​លេ​ត​បន្ថែម​យ៉ាងតិច 200 – 400មីក្រូ​ក្រាម ហើយ​ហ្វូ​លេ​ត​ថែមទាំង​ជួយ​កាត់បន្ថយ​ភាព​ប្រថុយ​ចំពោះ​ភាព​ពិការ​របស់​បំពង់​ប្រសាទ​ទារក​ដែល​មិន​បិទ( Neural Tube Defect) ទៀតផង។

    សារធាតុ​ដែក : ស្ត្រី​មានគភ៌​ត្រូវការ​សារធាតុ​ដែក​ច្រើនឡើង​ដើម្បី​ផលិត​គ្រាប់​ឈាម។ ឡា​រ៉ែ​ន​សូម​ណែ​នាំឱ្យ​ទទួលយក​សារធាតុ​ដែក​ពី​អាហារ​ឱ្យបាន 30 – 60មី​ល្លី​ក្រាម​ក្នុង 1ថ្ងៃ តែបើ​ទទួលទាន​សារ​ធាតុដែក​បន្ថែម​ក្នុង​រូប​បែប FeSO4 វិញ​នោះ ត្រូវ​ឱ្យបាន​ពី 300 – 600មី​ល្លី​ក្រាម​ក្នុង 1ថ្ងៃ។
    មាន​ឯកសារ​មួយ​បានឱ្យដឹងថា បើ​កម្រិត​សារធាតុ​ដែក​ខ្ពស់​ជ្រុល​ពេក នឹង​នាំ​ឆ្ពោះទៅរក​សភាវ​ទឹកនោមផ្អែម​ខណៈ​មានគភ៌ ដូច្នេះហើយ​ទើប​ក្រុម​វេជ្ជបណ្ឌិត​ក្នុងប្រទេស​អង់គ្លេស និង​កាណាដា តែង​ពិចារណា​ក្នុងការ​ផ្តល់​សារ​ធាតុដែក​បន្ថែម​ចំពោះតែ​ស្ត្រី​ណា​ដែល​រកឃើញថា មាន​ជំងឺ​ឈាមស្លេក ដែល​បណ្តាលមកពី​ការខ្វះ​សារ​ធាតុដែកតែប៉ុណ្ណោះ។ សម្រាប់​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍ ភាគច្រើន​គ្រូពេទ្យ​នឹង​ឱ្យ​សារ​ធាតុដែក​បន្ថែម​ជាប្រចាំ ដោយសារតែ​តែងមាន​ការខ្វះ​សារធាតុ​ដែក​ច្រើន ទើប​កន្លែង​ខ្លះ​មានកម្ម​វិធី​បន្ថែម​សារធាតុ​ដែក និង​ហ្វូ​លេ​តដល់​ស្ត្រី​វ័យ​ជំទង់ ដើម្បី​កាត់បន្ថយ​ការកើនឡើង​នៃ​រោគ​ឈាម​ស្លេក​តាំងពី​ពេលមុន​តាំង​គភ៌។

    វីតាមីនB12 : បើ​មាន​វីតាមីន​ក្នុង​កម្រិត​ទាប រួមជាមួយ​កម្រិត​ហ្វូ​លេ​ត​ដែល​ខ្ពស់​នៅលើ​ស្ត្រី​មានគភ៌​នោះ នឹង​ក្លាយជា​បច្ច័យ​ប្រថុយប្រថាន ដែល​អាច​នឹង​ធ្វើឱ្យ​ទារក​មាន​សភាវ​ឌឺ​នឹង​សារធាតុ​អ៊ីន​ស៊ូ​លីន​នាពេល​អនាគត​បាន។

    កាល់ស្យូម : កាល់ស្យូម មាន​ភាព​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ឆ្អឹង​របស់​ទារក  នៅពេល​តាំង​គភ៌ ស្ត្រី​នឹងមាន​តម្រូវការ​កាល់ស្យូម​កើនឡើង 122 – 167ភាគរយ ឬ​គួរ​បានទទួល​ជាតិ​កាល់ស្យូម​យ៉ាងតិច​បំផុត 1ក្រាម​ក្នុង 1ថ្ងៃ។ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​មួយ បានឱ្យដឹងថា កាល់ស្យូម​នឹង​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​នៅលើ​ស្ត្រី​មានគភ៌ កាត់បន្ថយ​ភាព​ប្រថុយប្រថាន​ចំពោះ​សភាវ​គភ៌​មាន​ជាតិពុល​បាន​ទៀតផង។

    វីតាមីន A : មាន​សម្ពន្ធភាព​ជាមួយ​កម្រិត​សារធាតុ​ដែក បើ​ទទួលបាន​មិន​គ្រប់គ្រាន់​ក្នុងខណៈ​មានគភ៌ នឹង​ក្លាយជា​មូលហេតុ​បណ្តាលឱ្យ​កើតរោគ​លោហិត​ស្លេក​បាន។ បរិមាណ​ដែល​លោកគ្រូ​ពេទ្យ​ណែនាំ​ឱ្យទទួល​ទាន​នោះ​គឺ 1ថ្ងៃ 5,000IU បើ​ទទួលបាន​ច្រើនជាង 10,000 IU ទារក​នៅក្នុង​ផ្ទៃ​នឹង​ប្រថុយប្រថាន​ក្នុង​ការកើត​សភាវ​ពិការ ជាពិសេស​នៅលើ​ប្រព័ន្ធ​បញ្ចេញ​ទឹកមូត្រ។

    ដូច្នេះហើយ​ទើប​ការជ្រើសរើស​ប្រើ​អាហារ​បំប៉ន​ក្នុងអំឡុងពេល​មានគភ៌​គួរ​ ស្ថិតនៅក្រោម​ការមើល​ថែរ​បស់​គ្រូពេទ្យ​ ដើម្បី​ទទួលបាន​ពាក្យ​ណែនាំ​ដែល​ត្រឹមត្រូវ និង​ការប្រើ​ថ្នាំ​ដែល​ស័ក្តិសម និង​ដើម្បីឱ្យ​ទាំង​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​មាន​សុវត្ថិភាព រឹងប៉ឹង និង​មាន​វិវឌ្ឍនាការ​ដ៏​ល្អប្រសើរ៕

  • សេដ្ឋកិច្ច​ឌីជីថល ជា​វិស័យ​មួយ​ដ៏​ចម្បង​សម្រាប់​កម្ពុជា និង​អាស៊ាន​ទាំងមូល

    សេដ្ឋកិច្ច​ឌីជីថល ជា​វិស័យ​មួយ​ដ៏​ចម្បង​សម្រាប់​កម្ពុជា និង​អាស៊ាន​ទាំងមូល

    រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​លើកឡើងថា សេដ្ឋកិច្ច​ឌីជីថល គឺជា​វិស័យ​មួយ​ដ៏​ចម្បង​សម្រាប់​កម្ពុជា និង​អាស៊ាន​ទាំងមូល ហើយ​តាមរយៈ​ការស្រាវជ្រាវថ្មីៗនេះ បានបង្ហាញ​ឱ្យឃើញថា ទំហំ​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​តំបន់​អាស៊ាន ត្រូវបាន​រំពឹងថា កើនឡើង​ដល់ 200 ប៊ី​លាន​ដុល្លារ ក្នុង​រង្វង់​ពេល 10ឆ្នាំ​ខាងមុខនេះ។

    ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ រដ្ឋលេខាធិការ នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានលើកឡើង​បែបនេះ​ក្នុងឱកាស​ដែល​ឯកឧត្តម ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី​ដំណោះស្រាយ នៃ​ភាពស្មុគស្មាញ នៃ​សន្តិសុខ​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន នៅក្នុង​យុគសម័យ​នៃ​ការតភ្ជាប់ (Tame the Complexity of Cybersecurity in the Connected Age) កាលពី​ថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ2020 នេះ នៅ​ទីស្ដីការក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

    ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា ទទួលស្គាល់​នូវ​ការរីកចម្រើន​លូតលាស់យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា ក៏ដូចជា​ការ​ទីផ្សារ និង​សេដ្ឋកិច្ច នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន។

    ឯកឧត្តម​បាន​មានប្រសាសន៍ថា “សេដ្ឋកិច្ច​ឌីជីថល គឺជា​វិស័យ​មួយ​ដ៏​ចម្បង​សម្រាប់​កម្ពុជា និង​អាស៊ាន​ទាំងមូល ហើយ​តាម​ការស្រាវជ្រាវថ្មីៗនេះ បានបង្ហាញ​ឱ្យឃើញថា ទំហំ​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​តំបន់​អាស៊ាន ត្រូវបាន​រំពឹងថា កើនឡើង​ដល់ 200 ប៊ី​លាន​ដុល្លារ ក្នុង​រង្វង់​ពេល 10ឆ្នាំ​ខាងមុខនេះ ដែល​នៅ​ក្នុងនោះ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា 88ប៊ី​លាន​ដុល្លារ”។

    ឯកឧត្តម រដ្ឋលេខាធិការ បាន​បន្ថែមទៀតថា ក្នុងខណៈ​ពេលដែល​វិស័យ​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន បាន​នាំមក​នូវ​ឱកាសថ្មីៗជាច្រើន វា​ក៏បាន​បើកចំហ​ផងដែរ នូវ​ភាព​ងាយ​រងគ្រោះ​ជាច្រើន​ដល់​យើងទាំងអស់គ្នា។ ជាស​កល ការ​គំរាម​កំហែង​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត និង​ការវាយប្រហារ គឺ​កាន់​តែមាន​ភាពស្មុគស្មាញឡើងៗ ហើយ​ផលប៉ះពាល់ ក៏មាន​ទំហំធំធេង​ដែរ។

    នៅ​កម្ពុជា ក៏​អាចនឹងទទួល​រង​ពី​ការគំរាមកំហែង​នោះដែរ។ លើសពីនេះទៅទៀត បណ្តាញ​អុីន​ធើ​ណិ​តរបស់​រដ្ឋាភិបាល ទទួលរង​ការវាយប្រហារ​ដោយ​មេរោគ ការ​ជ្រៀតចូល​លួច​ទិន្នន័យ និង​ការកែប្រែ​ព័ត៌មាន នៅក្នុង​វេ​ប​សាយ​ជាដើម។ ក្នុងនោះ​ផងដែរ យើង​ក៏​ធ្លាប់​ទទួលរង​គ្រោះ ដោយ​ការវាយប្រហារ​ក្នុង​ទម្រង់ DDoS ដែល​ធ្វើឱ្យ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​នៅ​កម្ពុជា មាន​ភាពរអាក់រអួល មិន​ដំណើរការ។

    ជាមួយគ្នានេះដែរ ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ បានបញ្ជាក់​ទៀតថា កម្ពុជា​ត្រូវការ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន ដើម្បី​ត្រៀមខ្លួន​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​សេដ្ឋកិច្ច​ឌីជីថល នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ។

    ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ សង្ឃឹម និង​ជឿជាក់ថា សិក្ខាសាលា​នេះ នឹងចូលរួម​ចំណែក​ជាមួយនឹង​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​សម្រេច​ឱ្យបាន​នូវ​គោលដៅ ដែល​មានចែង​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4របស់​រដ្ឋាភិបាល​អាណ​ត្តិ​ទី6 នៃ​រដ្ឋសភា នៅក្នុង​ចតុកោណ​ទី2 គឺ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ត្រង់​មុំ​ទី3 បាន​កំណត់ថា “ការរៀបចំ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល និង​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី4”។

    ថ្មីៗនេះដែរ ដំណើរការ​សាកល្បង​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនា​ន់ទី5 (5G)របស់​ក្រុមហ៊ុន Yes Seatel (Yes 018) ត្រូវបាន​ដាក់ឱ្យ​ដំណើរការ ដើម្បី​ឆ្លើយតប​នឹង​ចក្ខុ​វិស័យនេះ ក្រសួង​កំពុងដំណើរការ​ទៅមុខ​យ៉ាង​ល្អ​ក្នុង​ការចេញ​អាជ្ញាប័ណ្ណ​វិសាល​គម​ន៍5G ដល់​ប្រតិបត្តិ​ករ ហើយ​ក្រសួង​នឹង​បន្ត​ផ្តល់​ការគាំទ្រ​ដល់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​នៅ​កម្ពុជា ដើម្បីឱ្យ​បណ្តា​ខេត្ត ក្រុង​ទាំងអស់​បានទទួល​ប្រព័ន្ធ​សេវា 5G យ៉ាង​ឆាប់រហ័ស​ផងដែរ”។

    “ចក្ខុវិស័យ​របស់​ផែនការមេ​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន​អាស៊ាន​ឆ្នាំ2020 នឹង​ជំរុញ​អាស៊ាន​ឆ្ពោះទៅកាន់​ការប្រកាន់យក​សេដ្ឋកិច្ច​ឌីជីថលដែលមាន​សុវត្ថិភាព​ខ្ពស់ ចីរភាព និង​មាន​ភាព​រីកលូតលាស់ ហើយ​ធ្វើឱ្យ​សហគមន៍​អាស៊ាន ក្លាយជា​សហគមន៍​មួយ មាន​នវានុវត្តន៍​ភាព ពេញលេញ និង​រួមបញ្ចូល​គ្នា​តែមួយ”។ នេះ​បើតាម​ការ​ថ្លែង​របស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍។

    ឯកឧត្តម ត្រាំ អុីវតឹក បាន​សម្តែង​នូវ​អំណរ​សាទរ​ចំពោះ​ក្រុមហ៊ុន ដែល​បាន​វិនិយោគ និង​បាន​កោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រៀបចំ​ពិធី​សាកល្បង​បច្ចេកវិទ្យា 5G នេះ​បាន​ជោគជ័យ ជា​បន្តបន្ទាប់​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ជួយ​ឱ្យ​ប្រជាជន​កម្ពុជា ទទួលបាន​នូវ​បទពិសោធ និង​អត្ថប្រយោជន៍​ជាច្រើន​ពី​បច្ចេកវិទ្យាទំនើបៗចុងក្រោយ​ផងដែរ។

    តាម GSMA: The GSM Association (Global System for Mobile Communications originally Groupe Spécial Mobile) បច្ចេកវិទ្យា​5G នឹង​ជំរុញ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប 4.8% សម្រាប់​ប្រទេស។ បច្ចេកវិទ្យា​នេះ​នឹង​ផ្លាស់ប្តូរ​ពិភពលោក តាមរយៈ​បច្ចេក វិទ្យា AI Robotics, Dronas IoT និង​បច្ចេកវិទ្យា Smart Cities។ Yes 018 មាន​បណ្តាញ​4G 100% ដែល​បាន​គ្រប់​ដណ្តប់​ចំនួន​ប្រជាជន​ជាង 90% នៅក្នុង​ប្រទេស​កម្ពុជា។

    ប្រព័ន្ធ​សេវា 5G ផ្តល់នូវ​ភាពងាយស្រួល និង​ផ្តល់​ល្បឿន​លឿន​ជាង​ប្រព័ន្ធ​សេវា 4G ចំនួន 10ដង និង​មាន​ប្រព័ន្ធ​ត​ភ្ជាប់​សេវា​អ៊ី​ន​ធើ​ណិ​ត ជាទី​ទុកចិត្ត​ជាមួយ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​ឧបករណ៍​អេឡិចត្រូនិកផ្សេងៗ ជាមួយនឹង​ល្បឿន​លឿន​ក្នុង​ការទាញយក​ទិន្នន័យ​ជា​មធ្យម 1GB។

    ការពង្រីក​បច្ចេកវិទ្យា 5G មុនគេ​នេះ គឺ​ដើម្បី​ជា​ផ្នែក​មួយ​ចូលរួមចំណែក​ក្នុងការ​រីកចម្រើន​រប​ស់​ប្រទេស​កម្ពុជា ដោយ​ឯកឧត្តម​បាន​កត់សម្គាល់ថា នឹងមាន​ចំនួន​ការតភ្ជាប់​ការប្រើប្រាស់​ប្រព័ន្ធ​អុីន​ធើ​ណិ​តតាមរយៈ​ឧបករណ៍​អេឡិចត្រូនិក គ្រប់​ប្រភេទ​កាន់តែច្រើន ដែល​នឹង​ផ្តល់នូវ​ភាពងាយស្រួល និង​ភាពទំនើប​ទាន់សម័យ ដល់​ការរស់នៅ​បែប​សម័យថ្មី។

    គួរ​បញ្ជាក់ដែរថា សិក្ខាសាលា​ខាងលើនេះ ត្រូវបាន​រៀបចំ​ដោយ​នាយកដ្ឋាន​សន្តិសុខ បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន ក្រោម​ការគាំទ្រ​ដោយ​ក្រសួង​ប្រៃសណីយ៍ ដោយមាន​ការចូលរួម​ពី​សិក្ខាកាម​ដែលជា​តំណាង​មកពី​ក្រសួង-ស្ថាប័ន រាជរដ្ឋាភិបាល វិស័យ​ឯកជន គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ សហគ្រាស​មីក្រូ តូច និង​មធ្យម និង​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា សរុប 135នាក់។

    សិក្ខាសាលា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹងសមត្ថភាព​ទៅដល់​មន្ត្រី និង​បុគ្គល​ពាក់ព័ន្ធ​ផ្នែក​សន្តិសុខ បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន (Cybersecurity) ដើម្បី​យល់ដឹង​អំពី​បច្ចេកទេសថ្មីៗ ក្នុងការ​ឆ្លើយតប​ទៅនឹង​ហានិភ័យ​នានា ដែល​អាច​កើតមានឡើង ក្នុង​ប្រព័ន្ធ​អុីន​ធើ​ណិ​ត៕

  • ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកុមារ នៅលើទឹកដីអតីតចម្ការមីន

    ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកុមារ នៅលើទឹកដីអតីតចម្ការមីន

    កាលពីថ្ងៃទី16 ខែកុម្ភៈកន្លងទៅ នៅក្នុងទីលានបាល់ទាត់ដែលស្ថិតនៅក្នុងសាលាអនុវិទ្យាល័យកូនត្រី​ដែលស្ថិតនៅក្នុងតំបន់ដាច់ស្រយាល និងជាអតីតចម្ការមីន ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្រារព្ធកម្មវិធីប្រកួតកីឡាបាល់ទាត់មិត្តភាពរវាងសិស្សនៃសាលាអនុវិទ្យាល័យកូនត្រី(ម្ចាស់ផ្ទះ) នឹងសិស្សនៃសាលាអនុវិទ្យាល័យទួលពង្រ ក្រោមការឧបត្ថម្ភពីអង្គការ CMC ប្រចាំកម្ពុជា និងសប្បុរសជនជាច្រើនទៀត។

    នៅក្នុងកម្មវិធីនោះមានការចូលរួមពីសំណាក់លោក ខេនជិ អូតានី តំណាងអង្គការ CMC ជប៉ុន លោក សូវ៉ាក តំណាងអង្គការ YOUME School 2008 ជាភ្ញៀវកិត្តិយស លោកនាយកសាលាអនុវិទ្យាល័យកូនត្រី លោកនាយកសាលាអនុវិទ្យាល័យទួលពង្រ តំណាងអាជ្ញាធរស្រុកអូជ្រៅ តំណាងក្លិបបាល់ទាត់អង្គរថាយហ្គឺរ តំណាងក្រុមហ៊ុន MT Sport សិស្សានុសិស្ស និងអាណាព្យាបាលសិស្សជាច្រើន។

    មុននឹងបើកកម្មវិធីប្រកួត លោក ខេនជិ អូតានី បានថ្លែងថា៖ “សាលាអនុវិទ្យាល័យកូនត្រីនេះ សាងសង់ឡើងនៅឆ្នាំ2008 កាលពីមុនជាតំបន់ដែលដាច់ស្រយាល មានការខ្វះខាត និងជាអតីតចម្ការមីនទៀតផង ហើយជាពិសេសមិនដែលមានរៀបចំកម្មវិធីប្រកួតកីឡាអ្វីឡើយ តែក្រោយមកក្រោមការឧបត្ថម្ភរបស់សប្បុរសជននៃអង្គការ CMC ប្រទេសជប៉ុន តំបន់នេះបានក្លាយជាតំបន់ដែលមានសុវត្ថិភាព និងតែងមានរៀបចំកម្មវិធីមិត្តភាពជាបន្តបន្ទាប់ដើម្បីរឹតចំណងសាមគ្គីភាពរវាងសិស្ស និងសិស្ស” សម្រាប់លទ្ធផលនៃការប្រកួតទាំង 2ប្រកួត រវាងសិស្សប្រុសនៃសាលាទាំង2 និង 1ប្រកួតទៀតរវាងសិស្សស្រីនៃសាលាទាំង2ដែរនោះ ជ័យជម្នះខាងសិស្សប្រុស បានទៅលើក្រុមសិស្សនៃសាលាអនុវិទ្យាល័យកូនត្រី ខាងផ្នែកសិស្សស្រី ជ័យជម្នះបានទៅលើក្រុមសិស្សមកពីសាលាអនុវិទ្យល័យទួលពង្រ។

    គួរជម្រាបដែរថា កម្មវិធីប្រកួតបាល់ទាត់មិត្តភាពនេះ បានទទួលការសហការបង្ហាត់ និងឧបត្ថម្ភបាល់ និងស្បែកជើងដោយតំណាងក្រុមបាល់ទាត់អាជីព អង្គរថាយហ្គឺរ ចំណែកឯសម្លៀកបំពាក់កីឡា ឧបត្ថម្ភដោយក្រុមហ៊ុន MT Sport។

    ក្រោយពីការប្រគល់ពានរង្វាន់ដល់ក្រុមកីឡាករ និងក្រុមកីឡាការិនីហើយ ភ្ញៀវកិត្តិយស សិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់ បានចូលរួមពិសាភោជនាហារសាមគ្គីជុំគ្នាយ៉ាងរីករាយ។

    ជាការលាគ្នា លោក ខេនជិ អូតានី តំណាងអង្គការ CMC ជប៉ុនបានថ្លែង លោកមិនដែលភ្លេចសិស្សានុសិស្ស និងប្រជាជននៅទីនេះឡើយ លោកនឹងមករៀបចំកម្មវិធីថ្មីៗទៀត ដូចដែលលោកធ្លាប់បានធ្វើកន្លងមករហូត។
    កម្មវិធីនេះបានចប់សព្វគ្រប់នៅវេលាម៉ោង15 និង30នាទី ក្រោមបរិយាកាសរីករាយបំផុត៕ ​