ឧបករណ៍សម្រាប់តេស្តស្វែងរកវីរុស COVID-19 ថ្មីមួយ ត្រូវបានបណ្ដាញសារព័ត៌មាន CNA របស់ប្រទេសសិង្ហបុរី ចុះផ្សាយថា វាមានប្រសិទ្ធខ្ពស់ ដែលអាចបង្ហាញលទ្ធផលបានរហ័សត្រឹមតែ 3ម៉ោងប៉ុណ្ណោះ ក្រោយពេលពិនិត្យរួចរាល់។
ប្រភពពីអ្នកជំនាញនៅបន្ទប់ពិសោធន៍របស់ក្រុម HTX និង Veredus បានឱ្យដឹងថា ឧបករណ៍ថ្មីនេះឆ្លងកាត់ការផលិតយ៉ាងហ្មត់ចត់ អាចធ្វើការបានផល 99% ស្រួលប្រើ និងថែមទាំងរហ័សទៀតផង។ បច្ចុប្បន្ន វាត្រូវបានយកទៅដាក់ឱ្យប្រើប្រាស់នៅមន្ទីរពេទ្យ ឬកន្លែងពិនិត្យរកមេរោគនៅអាកាសយានដ្ឋានអន្តរជាតិ។
ករណីរកឃើញវិជ្ជមាន(ផ្ទុក) អ្នកជំនាញHTX នឹងបញ្ជូនទិន្នន័យទៅក្រសួងសុខាភិបាលបានលឿន និងទុកសំណាកមួយផ្នែកតូចសម្រាប់ការធ្វើពិសោធបន្ថែមនៅ Lab។ បើធៀបនឹងឧបករណ៍ចាស់របស់ក្រសួង វាដំណើរការហាក់នៅយឺតយ៉ាវបន្តិច។
សូមមើលវីឌីអូខាងក្រោម៖
Author: ធឿន មករា

ឧបករណ៍តេស្តថ្មីនៅសិង្ហបុរី អាចស្វែងរកលទ្ធផល COVID-19 បានរហ័ស

អ្នកស្រាវជ្រាវ រកឃើញថា វីរុស COVID-19 អាចលុកលុយបំផ្លាញប្រព័ន្ធសរសៃប្រសាទអ្នកជំងឺ
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យប៉េកាំង Ditan បានធ្វើការផ្ទាល់ជាមួយនឹងសាកលវិទ្យាល័យវេជ្ជសាស្ត្រ Capital ជាស្ថាប័នដែលចាត់តាំងឡើងដើម្បីព្យាបាលជំងឺឆ្លងថ្មី COVID-19 បានប្រកាសថា ពួកគេបានព្យាបាលអ្នកជំងឺម្នាក់ដែលមានសារធាតុរាវ Cerebrospinal មានផ្ទុកវីរុសនេះ។
ករណីរកឃើញនេះ គឺជាលើកដំបូងហើយដែលគ្រូពេទ្យចិនបានធ្វើការបញ្ជាក់ថា មេរោគកូរ៉ូណាអាចបណ្ដាលឱ្យខូចខាតប្រព័ន្ធប្រសាទរបស់អ្នកជំងឺ។ បុគ្គលិកពេទ្យនៅទីនោះ បានធ្វើតេស្ដលើគំរូនៃសារធាតុរាវ Cerebrospinal របស់អ្នកជំងឺ និងបានបញ្ជាក់ថា ពិតជាមានវត្តមាននៃ Coronavirus ដែលធ្វើឱ្យអ្នកជំងឺរលាកខួរក្បាលពិតមែន។

ការសិក្សាពីពេលមុនបានបង្ហាញថា Covid-19 អាចវាយប្រហារសរីរាង្គជាច្រើន រួមទាំងក្រលៀន ថ្លើម និងបេះដូង ប៉ុន្តែមិនមានកំណត់ត្រាអំពីការខូចខាតប្រព័ន្ធសរសៃប្រសាទកណ្តាលទេ។
យោងតាមលោក Liu Jingyuan ប្រធានផ្នែក ICU នៃមន្ទីរពេទ្យខាងលើបានឱ្យដឹងថា នៅពេលដែលអ្នកជំងឺ COVID-19 ត្រូវបានគេរកឃើញថា មានការសន្លប់ បុគ្គលិកពេទ្យគួរតែពិចារណាពីលទ្ធភាពនៃការឆ្លងមេរោគចូលដល់ប្រព័ន្ធសរសៃប្រសាទ ហើយធ្វើការពិនិត្យសារធាតុរាវ Cerebrospinal ក្នុងខួរក្បាលឱ្យបានទាន់ពេលវេលាដើម្បីចៀសវាងការធ្វើរោគវិនិច្ឆ័យយឺត និងកាត់បន្ថយអត្រាស្លាប់របស់អ្នកជំងឺធ្ងន់ធ្ងរ។
គិតមកត្រឹមថ្ងៃអាទិត្យ មន្ទីរពេទ្យខាងលើបានផ្តល់ការព្យាបាលវេជ្ជសាស្រ្តដល់អ្នកជំងឺឆ្លងមេរោគ Covid-19 បានចំនួន 150នាក់ហើយ និងបានរកឃើញករណីរលាកខួរក្បាលលើអ្នកជំងឺម្នាក់។
សូមជម្រាបជូនថា អ្នកស្រាវជ្រាវក៏បានរកឃើញដែរថា វីរុស SARS និងវីរុស MERS ក៏អាចលុកលុយប្រព័ន្ធសរសៃប្រសាទរបស់អ្នកជំងឺបានដែរ៕

កុំភ្លេច!! ថ្ងៃស្អែក ព្រះខ័នរាជស្វាយរៀង ត្រូវទទួលស្វាគមន៍ក្រុមលីកកំពូលវៀតណាម Than Quang Ninh ក្នុងពាន AFC CUP
ការប្រកួតពានរង្វាន់ AFC CUP 2020 ប្រចាំពូលG នៅថ្ងៃស្អែកទី11 ខែមីនា ឆ្នាំ2020 ខាងមុខនេះ ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតជាមួយនឹងក្រុមមកពីលីកកំពូលវៀតណាម Than Quang Ninh វេលាម៉ោង 6ល្ងាច ក្នុងទីលានពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្រុម Than Quang Ninh គឺជាក្រុមបាតតារាងប្រចាំពូលG ដោយ 2ប្រកួតកន្លងមកនេះ ស្មើ1 និង ចាញ់1 ខណៈដែលក្រុមព្រះខ័នរាជស្វាយរៀង 2ប្រកួតកន្លងមកនេះ ឈ្នះ1 និងចាញ់1 កំពុងតែឈរនៅលេខ2 នៃពូល G បន្ទាប់ពីរកបាន 3ពិន្ទុដំបូងពីក្រុមជើងឯកលីកកំពូលឥណ្ឌូនេស៊ី Bali United ដោយលទ្ធផល 2ទល់នឹង1៕
វគ្គជម្រុះ WORLD CUP គ្រប់ទ្វីបទាំងអស់ រួមទាំងកម្ពុជាផង ត្រូវបានសម្រេចលើកពេល
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កំពុងស្ថិតនៅបាតតារាងនៃពូល C ដែល 1ពិន្ទុក្នុងដៃ តែនៅមិនទាន់អស់ឱកាសឡើងទៅលេង WORLD CUP នៅឡើយទេ។ បើយោងតាមកាលវិភាគចាស់ កម្ពុជាត្រូវប៉ះជាមួយប៉ារ៉ែន នៅថ្ងៃទី26 ខែមីនា ឆ្នាំ2020 និងប៉ះជាមួយអ៊ឺរ៉ាក់ នៅថ្ងៃទី31 ខែមីនា ឆ្នាំ2020។

មកទល់នឹងពេលនេះ ការប្រកួតវគ្គជម្រុះ FIFA WORLD CUP ដែលនៅសេសសល់ទាំងអស់ ត្រូវបានសម្រេចលើកពេល ដោយមិនទាន់កំណត់ពេលវេលាថ្មីនៅឡើយទេ នេះបើឆ្លងកាត់ការប្រជុំសម្រេចកាលពីម្សិលមិញនេះ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលសមាជិករបស់ FIFA និង AFC ទាំងអស់បានមូលមតិគ្នា។
គួរបញ្ជាក់ដែរថា កម្ពុជាស្ថិតនៅក្នុងពូល C នៃវគ្គជម្រុះ FIFA WORLD CUP 2022 ជាមួយនឹងអ៊ឺរ៉ង់ ប៉ារ៉ែន ហុងកុង និងអ៊ឺរ៉ាក់។ ទោះបីជាមិនសូវទទួលបានលទ្ធផលល្អក្តី តែកម្ពុជានៅសល់ 3ប្រកួតទៀតក្នុងដៃ៕
ជម្រើសជាតិសិង្ហបុរី ហ្វឹកហាត់ជាធម្មតា ទោះបីមានអត្រាឆ្លងជំងឺកូរ៉ូណា ខ្លាំងជាងគេបំផុតនៅអាស៊ានក៏ដោយ
សមាគមបាល់ទាត់ប្រទេសសិង្ហបុរី និងក្រោមការដឹកនាំរបស់លោក Tatsuma Yoshida គ្រូបង្គោលជម្រើសជាតិបានសម្រេចកោះហៅកីឡាករចំនួន 25នាក់ ជាបញ្ជីបឋមមកប្រមូលផ្តុំហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតមិត្តភាព និងប្រកួតផ្លូវការក្នុងខែនេះ។

ទោះបីជាសិង្ហបុរី មានអ្នកឆ្លងជំងឺនេះរហូតដល់ទៅ 150ករណីពិតមែន ក៏ប៉ុន្តែការប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិរបស់ពួកគេ នៅតែមាន ដើម្បីត្រៀមខ្លួនប្រកួតជម្រុះ FIFA World Cup 2022 និង AFC Asian Cup 2023។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមានការផ្ទុះវីរុស COVID-19 មកទល់នឹងពេលនេះ ការប្រកួតបាល់ទាត់នានា ទាំងជម្រើសជាតិ និងក្នុងស្រុក ទាំងក្របខ័ណ្ឌលីក ពានរង្វាន់នានា បានផ្អាកទាំងអស់នៅក្នុងប្រទេសជាច្រើន ដូចជា ជប៉ុន ចិន កូរ៉េខាងត្បូង វៀតណាម ថៃ អ៊ីតាលី និងស្វ៊ីសជាដើម៕
ចិនអាចផ្តល់អាទិភាព សម្រាប់តម្រូវការវត្ថុធាតុដើមរបស់កម្ពុជា ខណៈផលិតកម្មនឹងមិនរងផលប៉ះពាល់ធំ
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី27 ខែកុម្ភៈ បានជំរុញឱ្យឯកអគ្គរដ្ឋទូតចិន លោក វ៉ាង វិនធាន ពិនិត្យមើលលទ្ធភាពនៃការនាំចេញវត្ថុធាតុដើមតាមផ្លូវអាកាស និងសមុទ្រមកព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារការបាត់បង់ការងាររបស់កម្មករនិយោជិត ដែលបណ្តាលមកពីការផ្អាកប្រតិបត្តិការរបស់រោងចក្រកាត់ដេរ ហើយជាថ្មីទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍កាលពីដើមខែមីនា ឆ្នាំ2020 នេះដែរថា ពេលនេះផលប៉ះពាល់នៃសេដ្ឋកិច្ច បានចាប់ផ្ដើមរំជួល និងអង្រួននៅលើសកលលោកហើយ។
យោងតាមក្រសួងការងារ កម្មករប្រមាណ 7,000នាក់ នឹងប្រឈមនឹងការឈប់សម្រាក ប្រសិនបើការបញ្ជូនវត្ថុធាតុដើមមកកម្ពុជា មិនមានលទ្ធផល ហើយប្រសិនបើកង្វះខាតនេះនៅតែបន្តកើតមាន កម្មករប្រមាណ 90,000នាក់នឹងត្រូវបញ្ឈប់នៅចុងខែមីនា។
សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា៖“ទីផ្សារនៅគ្រប់ទ្វីបទាំងអស់ គឺគ្មានទីផ្សារណាមួយស្ទុះឡើងនោះទេ គឺដាំក្បាលចុះទាំងអស់។ ចង្វាក់ផលិតកម្មនៅប្រទេសមួយចំនួនត្រូវបានបិទទាំងអស់តែម្ដង ព្រោះវត្ថុធាតុដើម គឺត្រូវបាននាំចេញពីប្រទេសចិន។ បើនិយាយពីវិស័យកាត់ដេរនៅក្នុងប្រទេសយើង ការផ្គត់ផ្គង់វត្ថុធាតុដើម គឺ 60% នាំមកពីប្រទេសចិន អ៊ីចឹងហើយ បានជាយើងស្នើសុំឱ្យមិត្តចិនជួយក្នុងការបញ្ជូនវត្ថុធាតុដើមមកកាន់កម្ពុជាឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ដើម្បីចៀសវាងការព្យួរការងារកម្មករនៅក្នុងដំណាក់កាលនេះ”។
កាលពីចុងខែកុម្ភៈ ឆ្នាំ2020 កន្លងទៅនេះ មានរោងចក្រចំនួន 10បានស្នើសុំបិទទ្វារជាបណ្តោះអាសន្ន ដោយសារតែកង្វះខាតវត្ថុធាតុដើម សម្រាប់ចង្វាក់ផលិតកម្ម ខណៈដែលមានរោងចក្រប្រមាណ 200ទៀត បានស្នើសុំផ្អាកបណ្តោះអាសន្ន នៅក្នុងខែមីនា ឆ្នាំ2020 នេះ និងបណ្តាលឱ្យកម្មករសរុបប្រមាណ 16ម៉ឺននាក់ត្រូវប្រឈមនឹងការព្យួរការងារ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖“នៅខេត្តព្រះសីហនុ មានរោងចក្រចំនួន2 បានស្នើសុំផ្អាកចង្វាក់ផលិតកម្មបណ្តោះអាសន្ន ដែលមានចំនួនកម្មករសរុបទាំងប្រមាណ 350នាក់ ត្រូវព្យួរការងារជាបណ្ដោះអាសន្ន និងទទួលប្រាក់បៀវត្សរ៍50%”។
សម្ដេចបានបន្តទៀតថា៖ “យើងមិនចង់ឱ្យមានការព្យួរទេ បានជាយើងសំណូមពរទៅមិត្តចិន ហើយកាលពីពេលកន្លងទៅ រដ្ឋាភិបាលចិនក៏បានបញ្ជូនមន្ត្រីជំនាញមកសិក្សា និងគិតគូរទៅលើ បញ្ហានៃការបញ្ជូនវត្ថុធាតុដើមមកកាន់កម្ពុជា ដែលនេះ គឺជាការឆ្លើយតបភ្លាមៗជាមួយនឹងបញ្ហា របស់កម្ពុជា”។
មន្ត្រីសភាពាណិជ្ជកម្មចិនដែលមានឋានៈខ្ពស់ ត្រូវបានគេស្រង់សម្តីថា ប្រទេសចិនអាចផ្តល់អាទិភាពដល់ប្រទេសកម្ពុជា សម្រាប់ការផ្គត់ផ្គង់វត្ថុធាតុដើមជាបន្ទាន់របស់ខ្លួន ដើម្បីអនុញ្ញាតឱ្យរោងចក្រនៅទីនេះបន្តប្រតិបត្តិការ។
ការងាររាប់ពាន់ បានប្រថុយប្រថាននឹងការព្យួរ ហើយរោងចក្របានប្រកាសផ្អាកដំណើរការដោយសារតែកង្វះខាតវត្ថុធាតុដើម ហើយមន្ត្រី បានប៉ាន់ស្មានថា កម្មករកាត់ដេរកម្ពុជាជាច្រើនម៉ឺននាក់អាចប្រឈមនឹងការបាត់បង់ការងារ ប្រសិនបើស្ថានភាពផ្គត់ផ្គង់មិនប្រសើរឡើងយ៉ាងឆាប់រហ័សក្នុងខែនេះទេនោះ។
មន្ត្រីដដែលបានប្រាប់ក្នុងលក្ខខណ្ឌថា ប្រទេសចិនកំពុងបង្កើនផលិតកម្មនៅគ្រប់វិស័យទាំង 24ម៉ោង និងធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីផ្គត់ផ្គង់វត្ថុធាតុដើមដែលកម្ពុជាត្រូវការ ដើម្បីចៀសវាងការបាត់បង់ការងារពីការផ្អាករោងចក្រ និងកត្តាផ្សេងទៀត ដែលអាចប៉ះពាល់ដល់កម្មករ និងជីវភាពនៃការងាររបស់ពួកគេ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏បានឱ្យដឹងកាលពីខែមុនដែរថា វត្ថុធាតុដើមជាង 60% ដែលត្រូវបានប្រើនៅក្នុងរោងចក្រកាត់ដេរ និងវាយនភណ្ឌនៅកម្ពុជា ត្រូវបាននាំចូលពីប្រទេសចិនដោយមានអ្នកផ្គត់ផ្គង់ជាច្រើនបានផ្អាកការផលិត និងធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មរោងចក្រនៅក្នុងប្រទេស។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃ GMAC បានថ្លែងថា ការផ្អាកផលិតកម្មជាបណ្តោះអាសន្ន មិនទាន់បានចាប់ផ្តើមនៅឡើយទេ ប៉ុន្តែលោកបានឃើញ មានការផ្អាកខ្លះនឹងចាប់ផ្តើមពីពាក់កណ្តាលខែមីនា រហូតដល់ខែមេសា។
មន្ត្រីរូបនោះបញ្ជាក់ថា៖“ដើម្បីការពារបញ្ហានេះ ប្រទេសចិនប្រហែលជាអាចជួយសង្គ្រោះប្រទេសកម្ពុជាបាន ដោយផ្តល់អាទិភាពដល់ប្រទេសតូចមួយនេះខ្លាំងជាងប្រទេសដទៃទៀត លើកលែងតែតម្រូវការផ្ទាល់ខ្លួន”។
ប៉ុន្តែភាពប្រឈមទៅនឹងកង្វះវត្ថុធាតុដើមផ្គត់ផ្គង់ដោយសារប្រទេសចិន បានធ្វើឱ្យបណ្តារោងចក្រដែលកំពុងដំណើរការនៅកម្ពុជាជាច្រើន នឹងត្រូវបង្ខំចិត្តបិទទ្វារ ផ្អាកផលិតកម្មជាបណ្តោះអាសន្ននាពេលខាងមុខ បានត្រូវឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ អះអាងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ថា មានសញ្ញាល្អឡើងវិញជាបណ្ដើរៗហើយ នៅក្នុងតម្រូវការនៃការផ្គត់ផ្គង់វត្ថុធាតុដើមនេះ។
ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានមានប្រសាសន៍ថា៖“សញ្ញាល្អនៃការផ្គត់ផ្គង់វត្ថុធាតុដើម ដែលអគ្គនាយកដ្ឋានគយ មិនប្រមូលចំណូល សម្រាប់វិស័យកាត់ដេរ ពន្ធអាករជាបន្ទុករដ្ឋទាំងអស់នោះ ត្រូវបានកត់សម្គាល់ឃើញថា កំពុងងើបឡើងវិញ”។
ឯកឧត្តមបានបន្តថា៖“ទន្ទឹមនោះ ទំនិញដែលនាំចូលមកជាលក្ខណៈពាណិជ្ជកម្ម ដើម្បីយកមកលក់នៅក្នុងទីផ្សារក្នុងស្រុក ក៏ចាប់ផ្ដើមងើបឡើងវិញបន្ដិចផងដែរ។ អ៊ីចឹង នេះជាសញ្ញាល្អ ដែលយើងនឹងតាមដានបន្តទៀត”។
ឯកឧត្តម គុណ ញឹម បានមានប្រសាសន៍បន្ថែមថា៖“ជាការជួយសម្រួល និងដោះស្រាយបញ្ហាប្រឈមរបស់វិស័យរោងចក្រ អគ្គនាយកដ្ឋានគយនៅកំពង់ផែអន្ដរជាតិខេត្តព្រះសីហនុ នៅពេលនេះ ធ្វើការមិនកំណត់ពេលវេលានោះទេ ពោលប្រសិនបើទំនិញមកដល់ម៉ោង12 ឬម៉ោង1 រំលងអាធ្រាត្រ ក៏ត្រូវតែបំពេញបែបបទបញ្ជូនចេញដែរ មិនអាចពន្យារពេលបានទេ ដើម្បីសម្រួលដល់រោងចក្រដែលកំពុងមានកង្វះខាតវត្ថុធាតុដើម។
លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាប់កាសែតឡារ៉ែនពាណិជ្ជថា៖“ដោយសារតែទំនាក់ទំនងល្អរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាយើងជាមួយប្រទេសចិន ទើបធ្វើឱ្យ ប្រទេសចិនបានបញ្ជូនប្រតិភូ មកសិក្សាពីផលប៉ះពាល់រឿងវត្ថុធាតុដើមនេះរួចហើយ និងក៏បានបញ្ជូនវត្ថុធាតុដើមទាំងនោះមកកម្ពុជា ដោយទំនិញក៏បានចាប់ផ្តើមចូលមកដែរ”។
លោកឧកញ៉ា បានបញ្ជាក់ថា៖“នាយកដ្ឋានគយ និងរដ្ឋាករ ក៏បានបញ្ជាក់នៅក្នុងសន្និសីទថ្ងៃ ទី5 ខែមីនា ឆ្នាំ2020 កន្លងទៅថា បើតាមវិធានការរបស់រាជរដ្ឋាភិបាល គឺត្រូវព្រលែង ធ្វើម៉េចឱ្យទំនិញចូលបានលឿនបំផុត។ ទំនិញជាវត្ថុធាតុដើមផ្នែកវិស័យកាត់ដេរ ត្រួវឱ្យចូល កុំឱ្យរាំងស្ទះតែម្តង”។
លោកឧកញ៉ា បានបន្តថា៖“បើតាមខាងនាយកដ្ឋានគយ គាត់ថា បើទំនិញបញ្ជូនមកច្រើនគាត់អាចបង្កើតច្រកពិសេស ថែមទៀតដើម្បីការងារនេះ”។
លោកឧកញ៉ា បានបញ្ជាក់បន្ថែមថា៖“នេះជាសញ្ញាល្អហើយ សម្រាប់វិស័យឧស្សាហកម្មកាត់ដេររបស់យើង ដូច្នេះការព្យួររោងចក្រ អាចប្រហែលជាមិនមានចំនួនច្រើនទេ ប្រសិនបើវត្ថុធាតុដើមបានមកដល់ជាបន្តបន្ទាប់នោះ។ ការបញ្ជូនមកជាបណ្តើរៗនូវវត្ថុធាតុដើមរោងចក្រ យើងសង្ឃឹមថា ការព្យួរការងាររោងចក្រហ្នឹង អាចមានរយៈពេលខ្លី ឬក៏តិចបំផុត។ វាអាចខ្វះវត្ថុធាតុដើមលើមុខទំនិញខ្លះ មិនខ្វះទាំងស្រុង ដូចមុនទេ”។
លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ទៀតថា៖“ដូច្នេះដំណោះស្រាយ នៃការផ្គត់ផ្គង់វត្ថុធាតុដើមមិនមានបញ្ហាធំទៀតទេ វាអាចកាត់បន្ថយផលប៉ះពាល់បានច្រើន មិនមានហានិភ័យធំដុំទេ។ យើងក៏សង្ឃឹមថា យើងនឹងមានវត្ថុធាតុដើម វាជាឱកាសសម្រាប់ឱ្យអ្នកបញ្ជាទិញនៅទីផ្សារខាងក្រៅ អាចទុកចិត្តជាមួយកម្ពុជា ព្រោះវត្ថុធាតុដើម បញ្ជូនមកពីចិន បានផ្តល់ទាន់ពេលវេលាមិនខកខាន។
ដូចនេះបើវត្ថុធាតុដើមមិនមានបញ្ហា យើងអាចផលិត ហើយបើយើងផលិតបាន យើងអាចលក់ទំនិញយើងបាន”៕

ឆ្នាំនេះ ក្រសួងនឹងដាក់ចេញបច្ចេកវិទ្យាថ្មី ល្បឿនលឿន 5G សំខាន់សម្រាប់សេដ្ឋកិច្ចឌីជីថលកម្ពុជា
រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា ផែនការនៃការដាក់ឱ្យដំណើរការប្រព័ន្ធ5G របស់ប្រទេសកម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងគំនិតផ្តួចផ្ដើមឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី4 ដែលកម្ពុជាមានបំណងបង្កើនការផ្លាស់ប្តូរ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួន។
ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្នុងព្រឹត្តិការណ៍ដាក់សាកល្បងប្រព័ន្ធ5G របស់ក្រុមហ៊ុន Cellcard បានមានប្រសាសន៍ថា៖“ប្រទេសកម្ពុជា ជាទីផ្សារកំពុងរីក និងកំពុងស្ទុះងើប ដែលសម្រេចបានកំណើនដ៏រឹងមាំ និងប្រកបដោយស្ថិរភាពជាបន្តបន្ទាប់ក្នុងរយៈពេល 2ទសវត្សរ៍ចុងក្រោយ។ លោកបន្ថែមថា ប្រព័ន្ធ5G គឺជាក្បាលម៉ាស៊ីនដ៏សំខាន់មួយ ដែលតភ្ជាប់នវានុវត្តន៍ និងធុរកិច្ច”។
ឯកឧត្តម ថ្លែងថា៖ “ជាមួយនឹងការរង់ចាំការដាក់ឱ្យដំណើរការប្រព័ន្ធ5G វាមានដំណាក់កាលជាច្រើនសម្រាប់កម្ពុជា ដើម្បីសេដ្ឋកិច្ចរបស់យើង ឧស្សាហកម្មរបស់យើង និងប្រជាជនរបស់យើង។ ប្រព័ន្ធ5G ត្រូវបានរំពឹងថា នឹងបង្កើនប្រាក់ចំណូលប្រតិបត្តិករ ប្រហែលប្រមាណ 36% ត្រឹមឆ្នាំ2026”។
សូមបញ្ជាក់ថា ក្រុមហ៊ុនទូរគមនាគមន៍ Cellcard បានរៀបចំដំណើរទស្សនកិច្ចរបស់រដ្ឋាភិបាលដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនសែលកាត ដោយមានភ្ញៀវពិសេស គឺឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ក្រសួង ដើម្បីពិនិត្យមើលគេហទំព័រ និងគ្រឿងបរិក្ខារ5G របស់ខ្លួនដោយបង្ហាញពីល្បឿនអុីនធើណិត លឿនដែលអតិថិជន នឹងអាចទទួលបានបទពិសោធថ្មីនាពេលឆាប់ៗនេះ។
សមាជិកនៃគណៈប្រតិភូ បានពិនិត្យមើលការធ្វើតេស្តផ្សាយផ្ទាល់5G នៅលើបណ្តាញទូរស័ព្ទចល័តសែលកាត ដោយល្បឿនបានឈានដល់ 1.6ជីហ្គាបៃ ក្នុង 1វិនាទី។ ការធ្វើតេស្តនេះបានពង្រឹងការត្រៀមលក្ខណៈបច្ចេកទេសរបស់សែលកាត និងការប្តេជ្ញាចិត្តពេញលេញក្នុងការដាក់ចេញនូវបច្ចេកវិទ្យាថ្មីនៅឆ្នាំ2020។
បទបង្ហាញរបស់ប្រធានផ្នែកបច្ចេកវិទ្យា លោក ចនជុន ណាវីល បានបង្ហាញថា ការគ្របដណ្តប់5G នឹងត្រូវបានដាក់បង្ហាញនៅក្នុងប្រទេសជា 5ដំណាក់កាល។
ដំណាក់កាលទី1- នឹងមានទីតាំងចំនួន 700កន្លែង ដើម្បីបំពេញការគ្របដណ្តប់ រួមមាន តំបន់ពាណិជ្ជកម្មសំខាន់ៗក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប។
ដំណាក់កាលទី2- នឹងរួមបញ្ចូលទាំងគេហទំព័រ5G ចំនួន 512 ដើម្បីបំពេញការគ្របដណ្តប់ រាជធានី និងបណ្តាខេត្ត-ក្រុងសំខាន់ៗបន្ថែមទៀត គឺខេត្តបាត់ដំបង កំពត កំពង់ចាម ប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ។
ដំណាក់កាលទី 3-នឹងរួមបញ្ចូលការគ្របដណ្តប់លើផ្លូវសំខាន់ៗដែលមានទាំងផ្លូវជាតិលេខ1 ដល់ផ្លូវជាតិលេខ7។
ដំណាក់កាលទី4- នឹងរួមបញ្ចូលទាំងតំបន់5G ចំនួន600 ដើម្បីផ្តល់សេវាគ្របដណ្តប់ តាមបណ្ដាខេត្តនៅជាយក្រុង និងតំបន់ជនបទ។
ដំណាក់កាលទី5- នឹងមានទីតាំងចំនួន600 ថែមទៀតដែលមាន5G ដើម្បីផ្តល់សមត្ថភាព បន្ថែមដល់ទីប្រជុំជន និងតំបន់ បន្ថែមពីលើតំបន់ជាយក្រុង និងជនបទ។
អត្ថប្រយោជន៍សំខាន់ៗរបស់ 5G នឹងរួមបញ្ចូល ល្បឿនអុីនធើណិតលឿនជាង 60ដង ទៅ 120ដង នៃសេវាកម្មអុីនធើណិត4G នាពេលបច្ចុប្បន្ន ព្រោះទិន្នន័យអាចទៅដល់គោលដៅក្នុងរយៈពេល 10មីល្លីវិនាទី។ លើសពីនេះទៅទៀត វានឹងមានការបញ្ជូនរូបភាព និងវីដេអូបានលឿន និងខ្សែភាពយន្តដែលមានគុណភាពខ្ពស់អាចទាញយកបាន ក្នុងរយៈពេលតិចជាង 2-3វិនាទី។ វគ្គសាកល្បង ថែមទាំងបានបង្ហាញផងដែរថា មានការបាត់បង់ទិន្នន័យសូន្យភាគរយ។ 5G ក៏នឹងអាចគាំទ្រ ដល់បណ្តាញតភ្ជាប់ចំនួន 1លានក្នុង 1គីឡូម៉ែត្រក្រឡា រួមទាំងអុីនធើណិត។
ឯកឧត្តម ត្រាំ អុីវតឹក មានប្រសាសន៍ថា៖“ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគម្រោង ដែលក្រុមហ៊ុនសែលកាតបានផ្តល់ក្នុងគម្រោង5G របស់ពួកគេក្នុងការគាំទ្រដល់គំនិតផ្តួចផ្តើមសេដ្ឋកិច្ចឌីជីថលរបស់រដ្ឋាភិបាល”។ 5G នឹងក្លាយជាជំហានឈានមុខគេ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ហើយយើងត្រូវតែត្រៀមខ្លួនទទួលយកបច្ចេកវិទ្យា និងធានាថា វានឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការបង្កើនឧស្សាហកម្មក្នុងស្រុក និងការរស់នៅរបស់ប្រជាជន”។
ឯកឧត្តមបញ្ជាក់ថា៖ “សម្រាប់ប្រទេសកម្ពុជា ដើម្បីទទួលបានចំណែកនៅក្នុងតម្លៃ និងកំណើននោះ ប្រទេសរបស់យើង ត្រូវតែធ្វើសកម្មភាពយ៉ាងរហ័ស។ យើងចង់ឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅលេចធ្លោជាងគេបំផុតនៅក្នុងតំបន់សម្រាប់នវានុវត្តន៍”។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Cellcard បានមានប្រសាសន៍ថា៖“វាជាទំព័រថ្មីគួរឱ្យរំភើបសម្រាប់ក្រុមហ៊ុន សែលកាត និងសម្រាប់ប្រទេសកម្ពុជានៅពេលយើងដឹងថា ចក្ខុវិស័យរបស់រ៉ូយ៉ាល់គ្រុប សម្រាប់ប្រទេសកម្ពុជាដែលមានលក្ខណៈឌីជីថលពេញលេញ”។
អ្នកឧកញ៉ា បានឱ្យដឹងថា លោកពិតជាមានសេចក្ដីសោមនស្សរីករាយក្នុងការបង្ហាញសមត្ថភាពល្បឿនអុីនធើណិតរបស់បច្ចេកវិទ្យាប្រព័ន្ធ5G។ ទាំងនេះបានបង្ហាញពីការយល់ដឹង និងការប្ដេជ្ញាចិត្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីគាំទ្រការដាក់ឱ្យដំណើរការប្រព័ន្ធ5G នៅក្នុងប្រទេសកម្ពុជា និងគោលបំណងរបស់ពួកគេដើម្បីធ្វើការងារយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករលើបដិវត្តន៍ឧស្សាហកម្មជំនាន់ក្រោយនេះ។
អ្នកឧកញ៉ា បានបញ្ជាក់ថា៖“វាជាការបើកទំព័រប្រវត្តិសាស្ដ្រថ្មី គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ក្រុមហ៊ុន Cellcard និងចាំបាច់សម្រាប់ប្រទេសកម្ពុជា ខណៈយើងសម្រេចបានទស្សនវិស័យរបស់ក្រុមហ៊ុនរ៉ូយាល់គ្រុប សម្រាប់ការធ្វើឱ្យកម្ពុជាមានលក្ខណៈឌីជីថលពេញលេញ។ យើងបានសហការគ្នាយ៉ាងជិតស្និទ្ធបំផុតរវាងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់នៅក្នុងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបនៃក្រុមហ៊ុន ជាពិសេសផ្នែក ICT ដោយពួកយើងកំពុងធ្វើការងារលើអ្វីជាអនាគតសម្រាប់ការផ្ដល់សេវាអុីនធើណិត មាតិកាឌីជីថល និងសេវាទូទាត់ប្រាក់តាមឌីជីថលនៅក្នុងពិភពលោកនៃប្រព័ន្ធ5G”។
អ្នកឧកញ៉ា គិត ម៉េង បានឱ្យដឹងថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ MPTC ពីខែឧសភា ឆ្នាំមុនសម្រាប់ការសហការ និងការរៀបចំផែនការសម្រាប់ប្រព័ន្ធ5G នេះ ដែលនឹងធ្វើឱ្យកម្ពុជាមានលក្ខណៈឌីជីថលកាន់តែខ្លាំង។
បន្ថែមលើនេះទៀត នាយកប្រតិបត្តិលោក Ian Watson បានមានប្រសាសន៍ថា៖“យើង ទាំងអស់គ្នាមានគោលដៅរួមដើម្បីលើកស្ទួយប្រទេសកម្ពុជាឱ្យឈានទៅរកឋានៈខ្ពស់ក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ2050 ហើយ 5G នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឌីជីថលរបស់ប្រទេស”។
ឯកឧត្តម ត្រាំ អុីវតឹក ក៏បានឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ 2019 ប្រទេសកម្ពុជាត្រូវបានប៉ាន់ប្រមាណថា នឹងមានអ្នកប្រើប្រាស់អុីនធើណិតទូរស័ព្ទចល័ត 16.7លាន ជាមួយនឹង 215ពាន់ ជាអ្នកប្រើប្រាស់អុីនធើណិតលើតុ ខណៈការប្រើប្រាស់ប្រព័ន្ធ 4G នៅក្នុងប្រទេស កម្ពុជា មានជាង 30ជីហ្គាបៃក្នុង 1ខែ។
ការតភ្ជាប់ទូរស័ព្ទចល័តប្រព័ន្ធ5G នឹងកើនឡើងជាង 2.7លានទូទាំងពិភពលោក ដោយសារតែពួកគេ
ផ្លាស់ប្តូរពីមនុស្សទៅគ្រឿងយន្ត ជាមួយនឹងម៉ាស៊ីនទៅម៉ាស៊ីន សង្គមអុីនធើណិត និងទិន្នន័យធំ៕
ការផ្ទុះវីរុស Covid-19 មិនប៉ះពាល់ដល់ការសាងសង់លំនៅឋាននៅកម្ពុជានោះទេ
នៅតាមប្រទេសមួយចំនួននៅលើពិភពលោកបានផ្ទុះវីរុសកូរ៉ូណា ឬ Covid-19 ខណៈក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្មបានស្នើបណ្តាក្រុមហ៊ុនសាងសង់លំនៅឋានទាំងអស់ កុំមានព្រួយបារម្ភខ្លាំងពេក។ ព្រោះវាមិនប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការអភិវឌ្ឍសំណង់លំនៅឋាននៅកម្ពុជានោះទេ។ នេះបើតាមការអះអាងរបស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្លែងក្នុងពិធីបិទសន្និបាតសមាគមអ្នក-អភិវឌ្ឍន៍លំនៅឋានកម្ពុជា។
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖“…ប្រហែលជាយឺតបន្តិចដោយសារ បញ្ហាការធ្វើហេដ្ឋារចនាសម្ព័ន្ធ វាមិនយូរទេ នឹងមានវិនិយោគិនបរទេសជាច្រើន មកវិនិយោគនៅកម្ពុជាបងប្អូនត្រូវសន្និដ្ឋានមួយថា អ្វីដែលជាដំណាក់កាលខ្លី កុំឱ្យមានការតក់ស្លុត ហើយត្រូវប្រកាន់ជំហររឹងប៉ឹង…។ វិនិយោគិននៅក្រៅប្រទេស នៅក្នុងខេត្តព្រះសីហនុ និងតាមបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា ហើយបញ្ហារាំងស្ទះមួយចំនួន នឹងបំពេញមកវិញ”។
លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានឱ្យដឹងដែរថាសមាគមនឹងបន្តពង្រឹងអានុភាពរបស់ខ្លួនឈរលើចក្ខុវិស័យ និងទិសដៅវែងឆ្ងាយ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសសំណង់លំនៅឋាន នៅតែជាតម្រូវការយ៉ាងខ្ពស់ ទៅថ្ងៃអនាគត ការខិតខំរបស់សមាគម ក៏ត្រូវតែបន្តខិតខំទៅមុខលើផ្លូវដ៏យូរអង្វែង។
លោកឧកញ៉ា បានមានប្រសាសន៍ថា៖“សមាគមមានទស្សនវិស័យមួយទៀត គឺលើកកម្ពស់ស្តង់ដា វិស័យអចលនទ្រព្យនៅកម្ពុជា ឱ្យកាន់តែខ្ពស់ មិនផ្តោតសំខាន់តែលើសំណង់លំនៅឋានប៉ុណ្ណោះទេ សមាគមផ្តោតលើអគារ ខុនដូ អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារទំនើបខ្ពស់ៗ ព្រោះអគារខ្ពស់ៗ ជាប៉ូលដ៏សំខាន់ នៃការធ្វើទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយពាណិជ្ជកម្មអន្តរជាតិ ការធ្វើសេវាកម្មពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចកម្ពុជាផងដែរ”។ ប៉ុន្តែ អ្នកជំនាញអចលនទ្រព្យបានព្យាករថា សម្រាប់ឆ្នាំ2020 វិស័យសំណង់នៅកម្ពុជា អាចនឹងថមថយដោយសារតែកត្តាធំៗ 3។
លោក សន សៀប នាយកនៃក្រុមហ៊ុន Key Real Estateបានប្រាប់ឡារ៉ែនថា កត្តាទាំងនេះ រួមមាន ទី1- ការរាតត្បាតនៃវីរុសកូរ៉ូណាដែលប៉ះដល់សេដ្ឋកិច្ចចិន ទី2- ឥទ្ធិពលពីការបិទហ្គេមអន-ឡាញនៅខេត្តព្រះសីហនុ និងទី3-ការថមថយនៃការសុំអនុញ្ញាតសាងសង់គម្រោងថ្មី។
លោក បានមានប្រសាសន៍ថា៖ “ក្រោយការបិទហ្គេមអនឡាញនៅខេត្តព្រះសីហនុ គឺមានការនិយាយបន្តគ្នាថា សេដ្ឋកិច្ចនៅខេត្តព្រះសីហនុគឺធ្លាក់ចុះខ្លាំង ដីជួល ផ្ទះជួល គឺកំពុងជួបបញ្ហា។ បើកំពុងជួបបញ្ហាដូច្នេះ គឺគេមិនមកវិនិយោគថ្មីៗទេ។ នេះក៏ជាបញ្ហាមួយដែលយើងត្រូវតែរកដំណោះស្រាយ”។
លោកនាយកក្រុមហ៊ុនបាន ពន្យល់ថា៖ “ចាប់ពីខែមករា និងខែកុម្ភៈ ពិភពលោកកំពុងបារម្ភពីរឿងកូវីដ-19 អ្នកវិនិយោគបានកាត់បន្ថយសកម្មភាពក្នុងអំឡុងពេលនេះ។ ដូច្នេះ បើការរាតត្បាតនេះបន្ត2-3ខែទៀត គឺបាត់បង់ឱកាសវិនិយោគ25%ទៅហើយ។ បើបន្ត 6ខែ ឬ1ឆ្នាំ គឺជាការគួរព្រួយបារម្ភ ហើយនេះគឺជាកត្តា ដែលគិតថានឹងធ្វើឱ្យវិស័យសំណង់ និងអចលនទ្រព្យចុះថមថយក្នុងឆ្នាំនេះ”។
លោក សន សៀប បានបន្ថែមទៀតថា៖“ប៉ុន្តែ ក្នុងដំណាក់កាលនេះ កម្ពុជានៅមិនទាន់ប៉ះពាល់ច្រើននៅឡើយទេ ពីព្រោះគម្រោងភាគច្រើនត្រូវបានគ្រោងទុក ហើយជាក់ស្ដែងវាមិនទាន់ប៉ះពាល់ដល់តម្លៃអចលនទ្រព្យនោះទេ”។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាធ្លាប់បានប្រាប់ឡារ៉ែនពាណិជ្ជថា បញ្ហាមេរោគកូវីដ-19 អាចនឹងមានផលប៉ះពាល់ ដល់វិស័យអចលនទ្រព្យកម្ពុជា នៅក្នុងរយៈពេលខ្លីប៉ុណ្ណោះហើយយើងពុំទាន់អាចវាយតម្លៃពីផលប៉ះពាល់ បានភ្លាមៗនោះទេ ដោយរង់ចាំមើលរហូតដល់ឆមាសទី1 ឆ្នាំ2020នេះ។ ស្ថានការណ៍ដ៏តានតឹងនេះ អាចនឹងបាត់ទៅវិញ នៅពេលដែលគេអាចគ្រប់គ្រងជំងឺនេះបានក្នុងនៅរយៈពេលខ្លី ក្នុងពេលឆាប់ៗខាងមុខនេះ៕

កម្ពុជាកំពុងពង្រឹងខ្លាំងលើការអប់រំកុមារតូច
ការអប់រំកុមារតូច គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ព្រោះកុមារគឺជាវ័យដែលអាចអភិវឌ្ឍបានលឿន និងជាគ្រឹះនៃការអប់រំ។ កាលណាកុមារតូចៗមានមូលដ្ឋានចំណេះដឹងខ្ពស់ នោះពួកគេនឹងអាចមានសមត្ថភាពកាន់តែប្រសើរ នៅពេលពួកគេក្លាយជាយុវជន ឬប្រជាជនសកម្មនាថ្ងៃអនាគត។ ហេតុនេះហើយ ទើបក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយដៃគូអភិវឌ្ឍន៍នានាដើម្បីជំរុញឱ្យមានការអភិវឌ្ឍកុមារតូចឱ្យកាន់តែប្រសើរឡើង។
នៅពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីថ្មីដើម្បីអប់រំកុមារគឺកម្មវិធី «កុមាររៀន កុមារចេះ» ដែលកម្មវិធីនេះបង្កើតឡើងតាមរយៈបទពិសោធ និងការចូលរួមរបស់អ្នកពាក់ព័ន្ធផ្អែកលើភ័ស្តុតាងនៃការសិក្សាស្រាវជ្រាវ លើការសិក្សានៅកម្រិតថ្នាក់ដំបូងនៃបឋមសិក្សានាពេលកន្លងមក។
ការផលិតកញ្ចប់សម្ភារសិក្សាទាំងអស់នៅក្នុងកម្មវិធីនេះទទួលបានការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក មូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ អង្គការយូនេស្កូ អង្គការយូនីសេហ្វ និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនទៀត។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា បើតាមបទពិសោធ និងការសង្កេតជាក់ស្តែង នៅឆ្នាំ2010 យើងឃើញថា បរិមាណសិស្សប្រមាណ 30% ទៅ 40% មិនទាន់ចេះអាន និងសរសេរអក្សរឱ្យបានស្ទាត់ជំនាញនៅឡើយ ដែលចំណុចនេះ គឺទាមទារឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងលើការត្រួតពិនិត្យពីវិធីសាស្រ្តបង្រៀនឡើងវិញ ដើម្បីឱ្យសិស្សទទួលបានការអប់រំកាន់តែល្អ។ បន្ទាប់ពីអនុវត្តនូវវិធីសាស្ត្រប្រកប និងវិធីសាស្រ្តមួយចំនួនទៀតយើងឃើញថា ចំនួនសិស្សដែលមិនចេះអាន និងសរសេរស្ទាត់ជំនាញបានថយចុះ ពោលគឺ សិស្ស25% ក្នុងចំណោមសិស្សដែលមិនចេះកាលពីមុន បានចេះអាន និងសរសេរឡើងវិញ។ ហេតុនេះហើយទើបក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយនឹងដៃគូបានបង្រួបបង្រួមវិធីសាស្ត្រដែលយើងបានសាកល្បងជាច្រើនមកនេះឱ្យក្លាយជាវិធីសាស្ត្រដែលមាន 7ជំហាន ដែលចាប់ផ្តើមពីការប្រកប ស្គាល់តួអក្សរ ស្គាល់សូរ និងបន្ទាប់មកចេះសរសេរឃ្លា តែងឃ្លា តែងល្បះ និងចុងក្រោយ គឺយើងប្រើប្រាស់វិធីបុរាណបែបសរុប។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ «សិស្សចំនួន 30% ទៅ40% មិនចេះអាន និងសរសេរអក្សរខ្មែរច្បាស់លាស់ ហេតុនេះនៅពេលគាត់ឡើងទៅរៀននៅកម្រិតមធ្យមសិក្សា គាត់ច្បាស់ណាស់ប្រាកដជាមិនចេះអាន និងសរសេរច្បាស់ទេ។ នៅពេលនោះយើងនឹងលំបាកអនុវត្តការពង្រឹងគុណភាពអប់រំនៅកម្រិតមធ្យមសិក្សា។
ហេតុនេះហើយទើបយើងឃើញថា នៅថ្នាក់ទី7 មានអត្រាបោះបង់ការសិក្សាខ្ពស់ដែលយើងត្រូវតែយកចិត្តទុកដាក់»។
កម្មវិធី «កុមាររៀន កុមារចេះ» ជាកម្មវិធីដែលដាក់ឱ្យប្រើប្រាស់នូវកញ្ចប់សម្ភារអំណាន និងគណិតវិទ្យាសម្រាប់កម្រិតថ្នាក់ដំបូងនៅបឋមសិក្សា ដើម្បីធ្វើយ៉ាងណាឱ្យសិស្សមានមូលដ្ឋានចំណេះដឹងខ្ពស់ផ្នែកអំណាន ការសរសេរ និងការស្គាល់លេខ។
នៅពេលពួកគេមានប្រភពចំណេះដឹងល្អពួកគេអាចនឹងកាត់បន្ថយការបោះបង់ការសិក្សា ក៏ដូចជាអាចអភិវឌ្ឍសមត្ថភាពបានល្អនៅពេលពួកគេចូលមធ្យមសិក្សា។ សម្ភារដែលដាក់បញ្ចូលទៅក្នុងកម្មវិធីនេះ មានដូចជាសៀវភៅណែនាំសម្រាប់គ្រូ និងឯកសារបង្រៀន និងរៀនសម្រាប់ប្រើប្រាស់ក្នុងមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាសម្រាប់ថ្នាក់ទី1 និងទី2 ដែលឯកសារទាំងអស់នេះ នឹងបំពេញបន្ថែមលើសៀវភៅសិក្សាគោលភាសាខ្មែរដែលមានស្រាប់។
គ្រូបង្រៀនថ្នាក់ទី1 និងថ្នាក់ទី2 ទាំងអស់នឹងទទួលបានការបណ្តុះបណ្តាល និងណែនាំវិធីសាស្ត្រថ្មីៗទាំងអស់នេះ។ បន្ទាប់ពីបណ្តុះបណ្តាលរួច ពួក-គាត់នឹងទទួលបានការចុះជួយពីសំណាក់គ្រូបង្វឹក និងអ្នកប្រឹក្សាគរុកោសល្យអំពីវិធីសាស្ត្របង្រៀនថ្មីនេះបន្ថែមទៀត។
ក្នុងឆ្នាំសិក្សា 2018-2019 និងឆ្នាំសិក្សា 2019-2020 កញ្ចប់សម្ភារអំណានថ្នាក់ដំបូងត្រូវបានយកមកអនុវត្តនៅសាលាបឋមសិក្សាចំនួន 2,100កន្លែង និងមានសិស្សទទួលផលប្រមាណ 150,000នាក់ ស្ថិតក្នុងខេត្តកំពង់ធំ សៀមរាប ក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពត និងឧត្តរមានជ័យ ព្រមទាំងនៅតាមសាលារៀនចំនួន 130កន្លែង នៅតាមបណ្តាខេត្តដទៃទៀតដែលបាន និងកំពុងអនុវត្តដោយអង្គការដៃគូនានា។ ចំណែកឯកញ្ចប់សម្ភារគណិតវិទ្យា គឺកំពុងអនុវត្តសាកល្បងនៅក្នុងខេត្តសៀមរាបដែលគ្រោងនឹងពង្រីកទៅកាន់តំបន់ដទៃ-
ទៀតនៅឆ្នាំក្រោយ។ដើម្បីធានាដល់ការលើកកម្ពស់គុណភាពអប់រំបឋមសិក្សាជារួម ក្រសួងអប់រំ នឹងពង្រីកការការអនុវត្តកម្មវិធី «កុមាររៀន កុមារចេះ» ទៅគ្រប់សាលាបឋមសិក្សាទូទាំងប្រទេស និងបញ្ចូលទៅក្នុងកម្មវិធីនៃការបណ្តុះបណ្តាលគ្រូនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបឋមសិក្សាទូទាំងប្រទេស៕

“មហារីកសុដន់” ឆាប់ដឹងមុន មានសង្ឃឹមព្យាបាលបាន ដោយមិនបាច់វះកាត់
ជំងឺមហារីកសុដន់នៅតែជាប្រភេទជំងឺមហារីកលំដាប់ទី1 ដែលកើតមានចំពោះស្ត្រីនៅជុំវិញពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីយើងមិនគួរបណ្ដោយខ្លួនឱ្យកើតជំងឺដ៏អាក្រក់មួយនេះ ដែលមកបំផ្លាញទឹកចិត្ត និងបំផ្លាញក្ដីសង្ឃឹមនៅក្នុងជីវិតរបស់យើងនោះទេ។ សម័យវិទ្យាសាស្ត្រទំនើបនេះ ជំងឺមហារីកសុដន់ លែងជាបញ្ហាចោទគួរឱ្យព្រួយបារម្ភក្នុងការព្យាបាលមិនជាសះស្បើយទៀតហើយ ដោយមានវិធីព្យាបាលដោយការវះកាត់សុដន់ចេញជាដើម។ ក៏ប៉ុន្ដែ ហេតុអ្វីស្ដ្រីយើងចាំបាច់ត្រូវឱ្យជំងឺដ៏អាក្រក់នេះមករុករានរាងកាយរបស់យើងដល់កម្រិតមួយព្យាបាលមិនជានោះ? ស្ត្រីយើងគួរតែមានវិធានការប្រុងប្រយ័ត្នខ្លួនជាមុន ទើបជាការប្រសើរ។ ថ្ងៃនេះ ឡារ៉ែន សូមណែនាំនារីទាំងអស់ ដើម្បីឱ្យអ្នកឆាប់ដឹងបានឆាប់រហ័សពីជំងឺមហារីកសុដន់ដូចខាងក្រោមនេះ។
ការពិនិត្យរកមើលជំងឺមហារីកសុដន់តាំងពីដំណាក់កាលដំបូងគឺជាវិធីដ៏ល្អបំផុត ដើម្បីឱ្យការព្យាបាលបានទាន់ពេលវេលា និងមានឱកាសខ្ពស់ក្នុងការជាសះស្បើយ ដោយមិនចាំបាច់ធ្វើការកាត់សុដន់ចេញ ហើយនៅមានជីវិតបន្ដរស់រាន្តទៅថ្ងៃខាងមុខទៀត។ ជំងឺមហារីកសុដន់ដំណាក់កាលដំបូង មិនអាចប្រើប្រាស់ថ្នាំព្យាបាលដោយខ្លួនឯងបាននោះទេ អ្នកត្រូវតែទៅពិនិត្យជាមួយគ្រូពេទ្យជំនាញ ដើម្បីឱ្យដឹងជាក់ច្បាស់អំពីអាការជំងឺ និងទទួលបានការណែនាំក្នុងការព្យាបាលឱ្យបានត្រឹមត្រូវ ទាន់ពេលវេលា និងចៀសវាងទុកឱ្យជំងឺនេះកាន់តែរីករាលដាលកាន់តែធ្ងន់ធ្ងរឡើង។

តើអ្វីទៅជាជំងឺមហារីកសុដន់?
មហារីកសុដន់ គឺជាទម្រង់ពិសេសមួយនៃជំងឺមហារីក ដូចជាជំងឺមហារីកផ្សេងទៀតដែរ ដែលកោសិកាធ្វើការវិវឌ្ឍលូតលាស់យ៉ាងលឿនបំផុត។ កោសិកាមានជំងឺ (សាច់កាច) បង្កើនខ្លួនច្រើនឡើងៗ ដោយមិនមានសណ្តាប់ធ្នាប់ រហូតបង្កើតជាដុំពក ដែលមានសមត្ថភាពវាយប្រហារជាលិកាសរីរាង្គល្អៗនៅជិតនោះ និងអាចពង្រីកការរាតត្បាតជាកោសិកាមហារីកពេញខ្លួន ដែលគេហៅថា ដំណើរប្តូរកន្លែងឈឺ ឬការឆ្លងជំងឺពីតំបន់មួយទៅតំបន់មួយទៀតនៃរាងកាយ។ បើពន្យល់យ៉ាងងាយស្រួល គឺអ្នកប្រហែលជាធ្លាប់ឮថា ជំងឺមហារីកសុដន់តែងតែកើតមានឡើងក្នុងរូបរាងជាដុំពក។ នោះជាការពិត វាជារោគសញ្ញាជំងឺមហារីកសុដន់ទូទៅ។ នោះហើយជាមូលហេតុ ដែលគ្រូពេទ្យជំនាញចង់ណែនាំឱ្យអ្នកទៅពិនិត្យមើលដុំពកថ្មីនៅក្នុងសុដន់ ប្រសិនបើវានៅតែមិនបាត់ទៅវិញក្រោយពេលវដ្តរដូវច្រើនដងហើយ។ការវះកាត់កោសិកាមហារីក
2ភាគ3នៃជំងឺមហារីកសុដន់ មានកើតនៅលើស្ត្រីដែលមានអាយុចាប់ពី50ឆ្នាំឡើងទៅ។ ផ្ទុយទៅវិញ គេកម្រឃើញជំងឺនេះកើតមានចំពោះស្ត្រីក្រោមអាយុ35ឆ្នាំណាស់ ហើយកាន់តែកម្រ ឬអាចជាករណីពិសេសផង បើមានកើតលើស្ត្រីក្រោមអាយុ20ឆ្នាំ។ ក្នុងករណីនេះ សូមគិតគូរដល់បញ្ហាពូជអម្បូររបស់អ្នកផងដែរ។ នៅក្នុងការព្យាបាលជំងឺមហារីកសុដន់ វិធីសាស្ត្រដែលប្រើញឹកញាប់ជាងគេនោះគឺ ការវះកាត់សុដន់។ សព្វថ្ងៃនេះ ប្រសិទ្ធភាពក្នុងការព្យាបាលក៏មានខ្ពស់ផងដែរ ហើយគ្រោះបាត់បង់សរីរាង្គក៏មានកាន់តែតិចទៅដែរ។ ប្រសិនបើដុំមហារីកមានទំហំតូចជាង3សង់ទីម៉ែត្រ គ្រូពេទ្យជំនាញនឹងសាកល្បងវះឆ្កៀលកាត់យកសាច់នោះចេញ និងស្រាវផ្តាច់ឱ្យអស់ (យកតែដុំមានជំងឺចេញ) ដោយរក្សាក្រពេញផ្សេងៗទៀត ពោលគឺរក្សាសុដន់ឱ្យនៅដដែល។ ចំណែកការវះកាត់តាមបែបវិទ្យុសកម្ម (កាំរស្មី) ឬគីមីវិទ្យា ក៏មានអមជាមួយផងដែរ។ ប្រសិនបើដុំមហារីកធំខ្លាំង គ្រូពេទ្យនឹងវះកាត់ចេញទាំងអស់នូវក្រពេញទឹកដោះ ក្រពេញកូនកណ្តុរ ដោយរក្សាទុកតែសាច់ដុំសុដន់ ដើម្បីឱ្យអ្នកជំងឺអាចធ្វើការវះកាត់កែទម្រង់សុដន់ឡើងវិញបាននៅថ្ងៃក្រោយ។
យើងនឹងបង្ហាញអ្នកនូវរោគសញ្ញាមួយចំនួន ដែលអ្នកគួរតែចាប់អារម្មណ៍ ដើម្បីទទួលបានការពិនិត្យឱ្យបានទាន់ពេលវេលាដូចខាងក្រោមនេះ៖
ការឈឺចាប់ : មានអារម្មណ៍ឈឺចាប់ ភាគច្រើនមិនសូវទាក់ទងទៅនឹងមហារីកសុដន់នោះទេ។ តែវាជាការឈឺចាប់របស់សុដន់ ដែលជាទូទៅកើតឡើងដោយសារតែការប្រែប្រួលអ័រម៉ូន គីសសុដន់ ភាពតានតឹង ឬការប្រើថ្នាំពន្យារកំណើតជាដើម។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះជំងឺមហារីកសុដន់អាចមានការឈឺចុកចាប់តែម្ខាង ឬទាំងសងខាងនៃសុដន់របស់អ្នក។
ក្បាលសុដន់លិបចូលក្នុង : ដោយសារតែមានការប្រែប្រួលកោសិកា នោះទើបធ្វើឱ្យក្បាលដោះដែលមានបញ្ហាទាញលិបចូលទៅខាងក្នុងអស់។
មានអាការហើមសុដន់ : ទោះបីជាអ្នកមិនបានពិនិត្យឃើញដុំពកនៅលើសុដន់ក៏ដោយ តែសភាពរបស់សុដន់ ឬផ្នែកណាមួយរបស់វាមានលក្ខណៈហើម និងតឹងជាដើម ក៏អ្នកត្រូវទៅពិនិត្យឱ្យបានល្អិតល្អន់ជាមួយគ្រូពេទ្យជំនាញដែរ។
សុដន់មានសភាពគគ្រាមដូចសម្បកផ្លែក្រូច : នេះជាសញ្ញាសម្គាល់សំខាន់បំផុត ដើម្បីកំណត់លក្ខណៈរបស់ជំងឺមហារីកសុដន់ ដោយវាមានសភាពខួចនៅលើសុដន់ ដែលមើលទៅស្រដៀងនឹងសម្បកក្រូចដែរ។
កើតកូនកណ្តុរឡើងធំនៅលើសុដន់ : ចំពោះជំងឺមហារីកសុដន់ អ្នកអាចសម្គាល់បានថា មានកើតកូនកណ្តុររីកធំនៅក្នុងតំបន់ក្លៀក ដែលនេះជាសញ្ញាបញ្ជាក់ថា មានការរីករាលដាលពីសុដន់ទៅដល់ប្រព័ន្ធកូនកណ្តុរហើយ។
ការហូរទឹកពីសុដន់មិនធម្មតា : ការហូរទឹកមិនធម្មតាចេញពីសុដន់ ក្រៅពីទឹកដោះ (ប្រសិនបើអ្នកបំបៅកូនដោយទឹកដោះម្តាយ) គឺជាសញ្ញាអាសន្នមួយនៃជំងឺមហារីកសុដន់ ប្រសិនបើមានរោគសញ្ញានេះ អ្នកមិនត្រូវបង្អង់យូរ ក្នុងការពិនិត្យព្យាបាលនោះទេ។
ការស្រកទម្ងន់ដោយមិនដឹងពីមូលហេតុ : ជំងឺមហារីក ជាធម្មតាគឺបណ្តាលឱ្យបាត់បង់ចំណង់អាហារ និងបញ្ហាស្រកទម្ងន់ដោយមិនដឹងពីមូលហេតុ។
ពណ៌នៃក្បាលសុដន់ប្រែប្រួល : ជំងឺមហារីកសុដន់ អាចធ្វើឱ្យសុដន់ ឬក្បាលសុដន់របស់អ្នកមានពណ៌ក្រហម សំប៉ែត និងមានពងបែកនៅបរិវេណសុដន់។
ការផ្លាស់ប្តូរទំហំរបស់សុដន់ : វាជារឿងធម្មតាទេ ដែលស្រ្តីមានទំហំ ឬរាងសុដន់មិនស្មើគ្នា។ ប៉ុន្តែប្រសិនបើ វាមានការផ្លាស់ប្តូរទំហំ ឬរូបរាងរបស់វាភ្លាមៗ នោះអ្នកគួរតែទៅជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យឱ្យបានច្បាស់។
ការព្យាបាលដំណាក់កាលដំបូងនេះជួយឱ្យអ្នកជំងឺមានទំនុកចិត្តខ្ពស់។ យ៉ាងណាមិញចំពោះការវះកាត់សុដន់ អាចធ្វើឡើងនៅក្នុងរយៈពេលមិនលើសពី4-6ម៉ោង អ្នកជំងឺភាគច្រើនអាចអង្គុយលើគ្រែ និងអាចដើរបាន អាចសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល5-7ថ្ងៃ បន្ទាប់មកអ្នកជំងឺអាចទៅផ្ទះវិញបានហើយ។ ប្រសិនបើអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ នោះអ្នកគួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលការព្យាបាលឱ្យបានទាន់ពេលវេលា៕