Author: ធឿន មករា

  • Facebook និង Google អនុញ្ញាតឱ្យបុគ្គលិកធ្វើការនៅផ្ទះ ដើម្បីការពារការឆ្លងវីរុស COVID-19

    Facebook និង Google អនុញ្ញាតឱ្យបុគ្គលិកធ្វើការនៅផ្ទះ ដើម្បីការពារការឆ្លងវីរុស COVID-19

    ក្រុមហ៊ុន​ ​ Facebook និង Google បាន​ធ្វើ​ការ​ណែនាំ​ឱ្យ​បុគ្គលិក​ក្នុង​តំបន់​ San Francisco Bay ធ្វើ​ការ​នៅ​ផ្ទះ ដើម្បី​កាត់​បន្ថយ​​ឱកាស​នៃ​ការ​ឆ្លង​ COVID-19។

    តាម​ការ​លើក​ឡើង​របស់​ Anthony Harrison អ្នក​នាំ​ពាក្យ​របស់ Facebook បាន​និយាយ​ថា Facebook បាន​និយាយថា ​ខ្លួន​សុំ​ធ្វើ​ការណែនាំ​ឱ្យ​បុគ្គលិក​ក្នុង​តំបន់​ San Francisco Bay ទាំង​អស់ ​រួម​ទាំង​បុគ្គលិក​ធ្វើ​ការ​ក្រៅ​ម៉ោងផង គួរ​តែ​ធ្វើ​ការ​នៅ​ផ្ទះ​ចាប់​ពី​ថ្ងៃ​សុក្រ​អាទិត្យនេះត​ទៅ។

    ការ​សម្រេច​ចិត្ត​នេះ ​គឺ​ផ្អែក​តាម​សេចក្ដី​ណែនាំ​ចេញ​ពី​​​ Santa Clara County កាល​ពី​ថ្ងៃព្រហស្បតិ៍ ចំណែក Google វិញ ​ក៏​បាន​ផ្ដល់​ជម្រើស​ធ្វើ​ការ​នៅ​ផ្ទះ​ដល់​បុគ្គលិក​ក្នុង​តំបន់​ខាង​លើ​ផង​ដែរ។

    ដោយ​ឡែក ក្រុមហ៊ុន​ Microsoft ក៏បាន​បញ្ជាក់​កាល​ពី​​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ផង​ដែរ​​ថា ​​មាន​បុគ្គលិក​​របស់​ខ្លួន​ចំនួន 2នាក់​បាន​​ផ្ទុក​វីរុស COVID-19 និងបច្ចុប្បន្ន ​កំពុង​សម្រាក​ព្យាបាល​នៅ​ឡើយ៕​​​​​​

  • Ads លក់ម៉ាស់កើនខ្លាំងពេក Facebook នឹងបិទលែងឱ្យផ្សព្វផ្សាយ

    Ads លក់ម៉ាស់កើនខ្លាំងពេក Facebook នឹងបិទលែងឱ្យផ្សព្វផ្សាយ

    យោង​តាម​ការ​ប្រកាស​ផ្លូវការ​បាន​ឱ្យ​ដឹង​ថា ​ក្រុមហ៊ុន​ Facebook បាន​បង្ហោះ​សេចក្តី​ជូន​ដំណឹង​មួយ ​ក្នុង​គោលបំណង​ទប់​ស្កាត់​​ពាណិជ្ជកម្ម​លក់​ម៉ាស់​ការពារ ក្នុងអំឡុង​យុទ្ធនាការ​ទប់ស្កាត់វីរុស COVID-19 ​ដែលកំពុង​ផ្ទុះ​ខ្លាំង​​ឡើង។

    Facebook បាន​ប្រកាស​ថា ​នឹង​ធ្វើ​ការ​ហាម​ឃាត់​ជា​បណ្ដោះ​អាសន្ន​លើ​ការ​​ Boost លក់​ម៉ាស់​អនាម័យ និង​ការ​លក់​ម៉ាស់​មុខ​នៅ​លើ​ Market Place ​(ទីតាំង​លក់​ទំនិញ​អនឡាញ) របស់​ខ្លួន ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត ក្រោយ​​ពី​​មាន​ការ​កេង​ប្រវ័ញ្ច​ជុំវិញ​​ បញ្ហាវីរុសCOVID-19។

    ក្រៅ​ពី​ហាម​ឃាត់​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​លក់​ម៉ាស់អនាម័យ និង​ការ​លក់​ម៉ាស់​សម្អាតផ្ទៃមុខលើ Martket Place ហើយ​នោះ Facebook ក៏​បាន​ហាម​ឃាត់​​លើ​ការ​ផ្សព្វផ្សាយ​​​ដំណឹង​មិន​ពិត ​អំពី​ការ​ព្យាបាល ឬ​​វិធីសាស្ត្រ​ការពារ​មិន​ពិត​នានា​សម្រាប់​ វីរុស COVID-19 ផង​ដែរ។

    ​វិធានការ​ទាំង​នេះ​ ក៏​នឹង​ត្រូវ​អនុវត្ត​លើ Instagram ផង​ដែរ។ Adam Mosseri ជា​ប្រធាន​ផ្នែក​ Instagram បាន​និយាយ​ថា​ ៖ “គ្រឿង​ផ្គត់ផ្គង់​មាន​តិច តម្លៃ​កើន​ឡើង​ ហើយ​​យើង​ប្រឆាំង​នឹង​មនុស្ស​ដែល​កេងប្រវ័ញ្ច​​ក្នុង​ស្ថានភាព​អាសន្ន​បែប​នេះ”

    ក្រៅ​ពី​ Facebook ហាង​លក់​ទំនិញ​អនឡាញ​ដទៃ​ទៀត រួម​មាន​ eBay និង Amazon ក៏​បាន​កែ​សម្រួល​ច្បាប់​របស់​ខ្លួន​ ជុំវិញ​ផលិតផល​ដែល​ទាក់ទង​នឹង​វីរុស COVID-19។

    Amazon បាន​ដក​ចេញ​នូវ​ឈ្មួញ​​មួយ​ចំនួន​ ដែល​បាន​​ដំឡើង​ថ្លៃ​នូវ​ម៉ាស់ និង​ទឹក​លាង​ដៃ​ផង​ដែរ។​​​​​

    ​​​eBay បាន​ហាម​ឃាត់​រាល់​ការ​លក់ ​ម៉ាស់អនាម័យ ទឹក​លាង​ដៃ និង​កន្សែង​ជូត​សម្អាត​សម្លាប់​មេរោគ ដើម្បី​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ៕

  • លួចស្នេហ៍ប្រុសស្អាត តើធ្វើយ៉ាងម៉េចទៅ ទើបគេដឹងខ្លួន?

    លួចស្នេហ៍ប្រុសស្អាត តើធ្វើយ៉ាងម៉េចទៅ ទើបគេដឹងខ្លួន?

    បើអ្នកនាងកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍បុរសណាម្នាក់នោះ ខាងក្រោមនេះ គឺជាវិធី 2-3យ៉ាង ដែលអាចធ្វើឱ្យបុរសម្នាក់នោះដឹងខ្លួនថា ពេលនេះអ្នកនាងកំពុងលួចស្រឡាញ់គេហើយ ដូច្នេះសូមតាមដានដូចតទៅ៖

    1. សម្តែងអាកប្បកិរិយាបែបត្រង់ទៅត្រង់មកតែម្តង
    វិធីដែលងាយបំផុតនោះគឺ ចូរដកដង្ហើមចូលឱ្យវែងៗ ហើយបើកបង្ហាញបេះដូងឱ្យគេបានដឹងត្រង់ៗតែម្តង  ដោយគ្រាន់តែរកមើលពេលវេលាណាមួយ ដែលអ្នកនាង និងគេម្នាក់នោះនៅតែ 2នាក់ស្ងាត់ៗ ហើយប្រាប់អំពីអារម្មណ៍ដ៏ពិតប្រាកដរបស់អ្នកនាងដែលមានចំពោះគេ និងសួរគេថា តើគេមានអារម្មណ៍ដូចគ្នាដែរឬអត់?
    ការធ្វើបែបនេះ អាចនឹងធ្វើឱ្យរូបអ្នកនាង ត្រូវបុរសម្នាក់នោះបដិសេធភ្លាមៗ ក៏អាចថាបានដែរ តែនេះជាវិធីមួយដ៏ឆាប់រហ័សបំផុត ដែលអ្នកនាងអាចធ្វើឱ្យខ្លួនឯងបាត់ធុញថប់តានតឹងនៅក្នុងចិត្ត ព្រោះបានទម្លាយអ្វីដែលនៅក្នុងចិត្ត(យូរមកហើយនោះ)ឱ្យគេបានដឹងហើយ  តែវិធីនេះត្រូវការភាពជឿជាក់លើខ្លួនឯងខ្លាំងបំផុត  ដូច្នេះបើអ្នកនាងមិនមែនជាប្រភេទមនុស្សដែលមានភាពជឿជាក់លើខ្លួនឯងយ៉ាងខ្លាំងក្លាពេញពោរហូហៀរទេនោះ  ជួនកាលវិធីផ្សេងពីនេះ ដូចជាមិនបង្ហាញមុខឱ្យគេស្គាល់ច្បាស់ៗដល់ថ្នាក់នោះ អាចនឹងប្រសើរជាង ក៏ថាបានដែរ។
    2. បង្កើនការរាយមន្តស្នេហ៍
    វិធីដែលល្អបំផុតក្នុងការធ្វើឱ្យដឹងពីភាពអាចទៅរួច ឬមិនរួច នៃការប្រែក្លាយពីមិត្តភាពទៅជាស្នេហានោះ  គឺបង្កើនការរាយមន្តស្នេហ៍បន្តិចម្តងៗទៅលើអ្នកកម្លោះ ដែលអ្នកនាងប៉ងប្រាថ្នាម្នាក់នោះឱ្យកាន់តែច្រើនឡើង ដូចជា បន្ថែមស្នាមញញឹមដាក់គេឱ្យកាន់តែច្រើនឡើង លបសម្លឹងកែវភ្នែកគេឱ្យបានញឹកញាប់ឡើង ឬធ្វើជាដើរទៅប៉ះខ្លួនគេនៅពេលដែលគេនៅជិតអ្នកនាងជាដើម។ ទាំងអស់នេះ គឺដើម្បីឱ្យគេបានដឹងថា អ្នកនាងបាន និងកំពុងចាប់អារម្មណ៍លើរូបគេពិសេសជាងអ្នកដទៃហើយហ្នឹងឯង។
    3. គ្មានវិធីណាមួយដែលធានាថា នឹងជោគជ័យ
    ទាំងអស់ឡើយហើយទោះយ៉ាងណា ក៏អ្នកនាងនៅតែចាំបាច់ ត្រូវតែប្រាប់គេពីអារម្មណ៍របស់ខ្លួនឯងចំពោះគេចេញមកដដែល នេះក្នុងករណីបើគេនៅតែមិនដឹងពីអត្ថន័យ និងទង្វើដែលអ្នកនាងបានធ្វើដូចបានរៀបរាប់ខាងលើរួចហើយនោះ។ តែដែលសំខាន់ជាងអ្វីទាំងអស់នោះគឺ  ការសង្កេតមើលការឆ្លើយតបរបស់គេ បើគេឆ្លើយតបចំពោះពាក្យសរសើររបស់អ្នកនាងដោយក្តីធុញទ្រាន់ ឬរំខាននោះ គឺមានន័យថា គេអាចមិនគិត ដូចអ្នកនាងគិតនោះទេ(មិនចាប់អារម្មណ៍អ្នកនាងទេ) តែបើគេតបស្នងមកវិញ ចំពោះអ្វីដែលអ្នកនាងបានធ្វើទៅលើគេ ដោយស្នាមញញឹមយ៉ាងស្មោះ និងរំភើបបំផុតនោះ  ហ្នឹងគឺជាសញ្ញាដ៏ល្អមួយ  ដែលបង្ហាញថា គេក៏លួចស្រឡាញ់អ្នកនាងដែរ៕

    ឡារ៉ែន ជូនពរឱ្យអ្នកនាងសមបំណង…៕

  • តើអ្នកដឹងទេ? ទារកអាចរៀនយល់ដឹងអ្វីផ្សេងៗ តាំងពីនៅក្នុងគភ៌ម្តាយម្លេះ

    តើអ្នកដឹងទេ? ទារកអាចរៀនយល់ដឹងអ្វីផ្សេងៗ តាំងពីនៅក្នុងគភ៌ម្តាយម្លេះ

    តើស្ត្រីមានគភ៌ទាំងឡាយដឹងដែរឬទេថា ទារកដែលនៅក្នុងគភ៌ អាចទទួលដឹងពីអ្វីផ្សេងៗដែលនៅខាងក្រៅគភ៌បាន និងពេលប្រសូតចេញមកហើយ ថែមទាំងចេះត្រៀមខ្លួនជាស្រេច ក្នុងការរៀនយល់ដឹងរឿងផ្សេងៗក្នុងសភាពបរិស្ថានជុំវិញខាងក្រៅបានយ៉ាងល្អទៀតផង។ ឥឡូវនេះ យើងនាំគ្នាមកមើលថា តើទារករៀនយល់ដឹងពីអ្វីខ្លះពេលនៅក្នុងគភ៌ម្តាយ?

    1. រៀនយល់ដឹងពីការស្តាប់ និងឮ
    កូននៅក្នុងស្បូនដែលនៅក្នុងគភ៌ម្តាយមួយជាន់ទៀតនោះ ក៏បានឮសំឡេងដែលនៅជុំវិញ និងសំឡេងដែលនៅក្នុងរាងកាយរបស់អ្នកម្តាយយ៉ាងច្បាស់ដែរ ដូចជា សំឡេងកូរពោះរបស់ម្តាយ សំឡេងបេះដូង សំឡេងរញេរញ៉ៃជុំវិញខ្លួនម្ដាយរបស់គេ ឬសំឡេងនៅលើផ្លូវថ្នល់ ជាដើម។ ស្ត្រីមានគភ៌អាចសាកល្បងបានយ៉ាងងាយ គឺនៅពេលណាដែលកូនរើខ្លាំងៗ ចូរអ្នកម្តាយអង្អែលក្បាលពោះ និងនិយាយជាមួយកូនយ៉ាងទន់ភ្លន់ កូននឹងស្ងប់ស្ងាត់ទៅវិញ ព្រោះចាំសំឡេងម្តាយបាន។

    2.​ ប្រែភាសាបានទៀតផង
    ពិតប្រាកដណាស់ នៅពេលកូនបានឮ កូនក៏នឹងអាចដឹងអំពីភាសា និងអត្ថន័យនៃពាក្យនោះបានដែរ។ ស្ត្រីមានគភ៌អាចសង្កេតមើលបានថា ពេលកូនប្រសូតចេញមកហើយ កូននឹងអាចយល់ដឹងពីភាសាដើមក្នុងតំបន់ ដែលគេធ្លាប់បានឮញឹកញាប់ ដូច្នេះហើយទើបមានការណែនាំឱ្យស្ត្រីមានផ្ទៃពោះស្តាប់បទភ្លេងដែលបើកតិចៗ ពីរោះៗ ឬអ្នកណាដែលចង់និយាយភាសាអង់គ្លេសជាមួយកូន ឬក៏ស្តាប់បទភ្លេងភាសាអង់គ្លេសដើម្បីឱ្យចងចាំសំនៀងភាសាបាន។

    3. អាចមើលឃើញពន្លឺភ្លើងបានហើយ
    ទារកនឹងមើលឃើញពន្លឺបានច្បាស់នៅពេលមានអាយុក្នុងគភ៌ខែទី 7 បើមានពន្លឺចាំងខ្លាំងមកចំពីមុខ ទារកនឹងបែរខ្លួនចេញ ព្រោះពន្លឺភ្លឺខ្លាំងជ្រុលពេក។ ស្ត្រីមានគភ៌មួយចំនួនដែលធ្វើអាល់ត្រាសោនដ៍ក្នុងអំឡុងពេលជិតប្រសូត អាចនឹងបានឃើញកូនតូចបើកភ្នែកឱ្យមើលទៀតផង។

    4. រៀនយល់ដឹងពីរសជាតិ
    ទារកនៅក្នុងគភ៌អាចដឹងពីរសជាតិអាហារដែលម្តាយទទួលទាន ចាប់តាំងពីសប្តាហ៍ទី7 – 8 និងដឹងគ្រប់រសជាតិចាប់តាំងពីសប្តាហ៍ទី14 ឡើងទៅ។ ក្រៅពីអាហារដែលមានរសជាតិហឹរ ជូរ ផ្អែម ល្វីង ដែលម្តាយលេបចូលទៅហើយនោះ កូនតូចនៅបានភ្លក្សទឹកភ្លោះដែល អណ្តែតនៅជុំវិញខ្លួនគេទៀតផង។ យើងអាចសង្កេតឃើញបានថា នៅពេលដែលកូនតូចប្រសូតចេញមកហើយ កូនអាចទទួលយករសជាតិអាហារក្នុងបែបផ្សេងៗបានទាំងអស់ នៅពេលដល់វ័យដែលស័ក្តិសមនឹងញ៉ាំ។

    5. ចាំក្លិនម្តាយបានមុនគេទាំងអស់
    ក្រៅពីចាំរសជាតិអាហារបានហើយ ទារកនៅអាចចាំក្លិនអាហារបានទៀតផង តែអ្វីដែលគេចាំបានល្អបំផុតនោះគឺ ក្លិនរបស់ម្តាយ  ដោយយើងអាចសង្កេតឃើញបានថា បន្ទាប់ពីប្រសូតចេញមក កូនអាចបែរមុខទៅរកម្តាយ ឬបញ្ជាក់ពីមនុស្សជាម្តាយបានភ្លាមៗតែម្តង ហើយរឹតតែចិញ្ចឹមយូរទៅបានមួយរយៈហើយ កូននឹងដឹងភ្លាមតែម្តងថា តើម្តាយនៅជិត ឬក៏អត់ទៀតផង។ ក្មេងខ្លះអាចដល់ថ្នាក់យំងង៉ក់រករឿងទៀតផង ពេលមិនបានធុំក្លិនម្តាយនៅជិតខ្លួន។

    6. ចេះយល់សប្តិតាំងពីនៅក្នុងពោះម្ល៉េះ
    មានលទ្ធផលនៃការស្រាវជ្រាវមួយបានរកឃើញថា ទារកដែលស្ថិតនៅក្នុងអាយុគភ៌ 32សប្តាហ៍ឡើងទៅ អាចចេះយល់សប្តិបានហើយ ដោយសារតែគ្រូពេទ្យបានសាកល្បងពិនិត្យមើលលទ្ធផលនៃការស្រាវជ្រាវក្នុងការធ្វើអាល់ត្រាសោនដ៍ទារកជាច្រើនដង ហើយរកឃើញថា កែវភ្នែក និងរាងកាយរបស់ទារកមានការធ្វើចលនាយ៉ាងរហ័សនៅពេលគេងលក់នៅក្នុងផ្ទៃម្តាយ។

    7. ត្រៀមខ្លួនជាស្រេចដើម្បីចេញឆ្ពោះមករកពិភពដ៏ធំ
    ខាងក្រៅលទ្ធផលស្រាវជ្រាវបានរកឃើញទៀតថា ទារកដែលមានអាយុនៅក្នុងគភ៌ 20សប្តាហ៍ឡើងទៅ នឹងរៀនយល់ដឹងអ្វីផ្សេងៗបានឆាប់រហ័សណាស់ ដូចជា ការបឺតទឹកដោះម្តាយបានភ្លាមៗក្រោយពេលប្រសូតចេញមក។ ស្ត្រីមានគភ៌ខ្លះដែលធ្វើអាល់ត្រាសោនដ៍ ថែមទាំងបានឃើញកូនតូចកំពុងជញ្ជក់ម្រាមដៃខ្លួនឯងតាំងពីនៅក្នុងគភ៌ទៀតផង ដែលទាំងនោះអាចនិយាយបានថា ជាការហាត់បឺតជញ្ជក់របស់កូនតូចតាំងពីពេលនៅក្នុងផ្ទៃ ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការរស់នៅ ក្រោយពេលកើតចេញមកហ្នឹងឯង៕

  • COVID-19៖ កម្ពុជា​រកឃើញអ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​1ករណីទៀតហើយ លើខ្លួនស្រ្តីជនជាតិអង់គ្លេសម្នាក់

    COVID-19៖ កម្ពុជា​រកឃើញអ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​1ករណីទៀតហើយ លើខ្លួនស្រ្តីជនជាតិអង់គ្លេសម្នាក់

    រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង បានប្រកាសថា ក្រសួងសុខាភិបាល បានរកឃើញនូវករណីវីរុសកូវីដ19 មួយករណីទៀត លើខ្លួនស្រ្តីជនជាតិអង់គ្លេសម្នាក់ អាយុ 65ឆ្នាំ ដែលបានចូលមកខេត្តកំពង់ចាម ប្រទេសកម្ពុជា តាមទូកទេស​ចរណ៍ ដែលចេញពីកំពង់ផែហូជីមីង ប្រទេសវៀតណាម។

    ការប្រកាសរបស់លោករដ្ឋមន្រ្តីសុខាភិបាល បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រលប់ថ្ងៃទី10 ខែមីនា ឆ្នាំ2020 នេះ នៅទីស្តីការក្រសួងសុខាភិបាល។ នេះគឺជាករណីទី3 នៅកម្ពុជា បន្ទាប់ពីរកឃើញករណីទី1 នៅលើខ្លួនជនជាតិចិនដែលត្រូវបានព្យាបាលជាសះស្បើយ ហើយត្រឡប់ទៅប្រទេសចិនវិញ និងករណីទី2 នៅលើខ្លួនជនជាតិខ្មែរអាយុ 38ឆ្នាំ នៅខេត្តសៀមរាប។

    តាមរយៈទំព័រ Facebook នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហៅកាត់ថា CDC ស្ត្រីជនជាតិអង់គ្លេសដែលផ្ទុកមេរោគ Covid-19 កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម គាត់មានសុខភាពល្អ​ មិនមានរោគសញ្ញាអ្វីគួរឱ្យកត់សំគាលទេ​។ ចំណែកអ្នកប៉ះពាល់ទាំងអស់នឹងយកវត្ថុវិភាគ​ ដាក់ឱ្យនៅដោយឡែក​ និងតាមដានសុខភាពចំនួន 14ថ្ងៃ​។ នេះជាករណីនាំចូលពីប្រទេសពីប្រទេសក្រៅ​។
    ប្រទេសកម្ពុជាយេីងមិនទាន់រកឃេីញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡេីយទេ​៕

  • អ្នកនិពន្ធស្រ្តី ចង់ជំរុញស្ត្រីឱ្យកាន់តែច្រើន ចូលរួមក្នុងវិស័យតែងនិពន្ធ

    អ្នកនិពន្ធស្រ្តី ចង់ជំរុញស្ត្រីឱ្យកាន់តែច្រើន ចូលរួមក្នុងវិស័យតែងនិពន្ធ

    ស្ត្រីជាផ្នែកមួយយ៉ាងសំខាន់ក្នុងពិភពលោក នាពេលបច្ចុប្បន្ន ហេតុនេះហើយទើបស្ត្រីត្រូវបានគេមើលឃើញថា បានដើរតួនាទីយ៉ាងសំខាន់នៅគ្រប់ផ្នែកទាំងអស់ចាប់តាំងពីការងារ
    តូចតាច រហូតដល់ការងារដឹកនាំប្រទេស។ សំឡេងស្រ្តីជាផ្នែកមិនអាចខ្វះបានសម្រាប់ការរស់នៅក្នុងពិភពលោក ហើយមានតែស្ត្រីទេដែលយល់ច្បាស់ពីតម្រូវការ និង ស្ថានភាពជាក់ស្តែងដែលស្ត្រីត្រូវការក្នុងសង្គម។ ពាក់ព័ន្ធនឹងវិស័យតែងនិពន្ធវិញ ស្ត្រីក៏បានដើរតួនាទីសំខាន់ផងដែរ ក្នុងការបញ្ចេញមតិ និងការអប់រំ។

    លោកស្រី ប៊ុនចាន់ សុក្រសិរី អ្នកនិពន្ធ និងជាសាស្ត្រាចារ្យនៃវិទ្យាស្ថានភាសាបរទេស (IFL) បានលើកឡើងថា ស្ត្រីជាធនធានមនុស្សមួយចំណែកធំរបស់សង្គមដូច្នេះការចូលរួមរបស់ស្ត្រី នៅក្នុងវិស័យតែងនិពន្ធ គឺជាភាពចាំបាច់ដើម្បីធ្វើជាតំណាងឱ្យស្ត្រី ជាអ្នកបន្លឺសំឡេងរបស់ស្ត្រីឱ្យសង្គមបានដឹងឮនូវសេចក្តីប្រាថ្នា ការលំបាក ការតស៊ូ និងការសម្រេចជោគជ័យរបស់ស្ត្រីទាំងឡាយដែលនាំទៅដល់ការយល់ដឹងពីសមត្ថភាព និងគុណតម្លៃនៃការរួបរួមកម្លាំងគ្នារវាងស្ត្រី និងបុរសក្នុងការដឹកនាំសង្គមឱ្យឆ្ពោះទៅរកភាពរីកចម្រើនប្រកបដោយភាពស្មើមុខស្មើមាត់ មេត្រីភាព និងសន្តិភាព។

    បន្ថែមពីលើនេះ ស្ត្រីដែលជាអ្នកចូលចិត្តអានប្រលោមលោក ប្រហែលជាចង់ទទួលបាននូវអារម្មណ៍យល់ចិត្តតាមរយៈបទពិសោធ និងគំនិតដែលផ្តល់ឱ្យដោយអ្នកនិពន្ធជាស្ត្រីដូចគ្នា។ ចំណែកឯបុរសដែលចង់យល់ចិត្តគំនិតស្ត្រីក៏អាចរីករាយនឹងការអានស្នាដៃរបស់អ្នកនិពន្ធប្រលោមលោកជាស្ត្រីដែរ។

    លោកស្រីបានបញ្ជាក់ថា កម្លាំងជំរុញឱ្យលោកស្រីចាប់ផ្តើមសរសេរប្រលោមលោក ឬធ្វើជាអ្នកនិពន្ធនេះ គឺកើតចេញពីមតិរបស់និស្សិតដែលបានរអ៊ូរទាំថា ពួកគេមិនអាចស្វែងរកប្រលោមលោកល្អៗរបស់ខ្មែរមកអាន ហេតុនេះហើយទើបគេអានប្រលោមលោកជាភាសាអង់គ្លេស។

    កត្តានេះក៏ជំរុញឱ្យលោកស្រីតាំងចិត្តប្តេជ្ញាថា ត្រូវតែសរសេររឿងប្រលោមលោកខ្មែរ និងត្រូវសរសេរឱ្យដំណើររឿងមានភាពបត់បែន ក្នុងបំណងមិនឱ្យអ្នកអានអាចទាយសាច់រឿងត្រូវបានដោយងាយៗ និងបង្កប់ដោយគំនិតត្រិះរិះពិចារណាផង ក្រែងមានអ្នកអានជាបញ្ញវន្តខ្មែរខ្លះអាចអានបាន និងចូលរួមបង្កើតស្នាដៃតែងនិពន្ធជាភាសាខ្មែរ ដើម្បីរួមគ្នាលើកតម្កើងអក្សរសិល៍្ប និងអក្សរសាស្ត្រខ្មែរឱ្យកាន់តែប្រសើរឡើង។

    លោកស្រី ប៊ុនចាន់ សុក្រសិរី បាននិយាយថា៖ «ទោះជាការងារតែងនិពន្ធមានតម្លៃសម្រាប់ស្ត្រីក៏ដោយ តែកន្លងមក ក៏មានឧបសគ្គមួយចំនួនផងដែរសម្រាប់ស្ត្រី។ ឧបសគ្គដែលពួកគាត់ត្រូវឆ្លងកាត់ គឺអ្នកនិពន្ធស្ត្រី អាចជួបការរើសអើងពីអ្នកអានខ្លះ ដែលគិតថា អ្នកនិពន្ធស្ត្រីច្រើនតែនិពន្ធតែរឿងរ៉ាវស្នេហា ខ្វះភាពស៊ីជម្រៅទៅលើអត្ថរសដទៃទៀតដែលគេចូលចិត្តអាន ដូចជានយោបាយ ទស្សនវិជ្ជា និងប្រវត្តិសាស្រ្តជាដើម»។

    អ្នកនិពន្ធស្រ្តីខាងលើបានបន្ថែមទៀតថា ជាក់ស្តែងលោកស្រីផ្ទាល់ ក៏ធ្លាប់ទទួលបានមតិពីអ្នកអានម្នាក់ថា គេចូលចិត្តប្រលោមលោករបស់លោកស្រី តែគេច្រឡំថា លោកស្រីជាបុរស ហើយគេសម្តែងការហួសចិត្តពេលដឹងថា អ្នកនិពន្ធជាមនុស្សស្រី។ ពេលនេះ អ្នកអានម្នាក់នោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះគាត់មិនដែលបានអានប្រលោមលោកដែលនិពន្ធដោយស្ត្រីពីមុនមកសោះឡើយ។ ដើម្បីជាការជំរុញទឹកចិត្តដល់ស្ត្រីឱ្យក្លាយជាអ្នកនិពន្ធ លោកស្រីបានបញ្ជាក់ថា ស្ត្រីដែលធ្លាប់មានស្នាដៃតែងនិពន្ធ ឬមានគំនិតសរសេរល្អហើយ ដូច្នេះកុំបារម្ភពីការរិះគន់ ហើយគួរចាប់ផ្តើមផ្សព្វផ្សាយស្នាដៃរបស់ខ្លួន ដោយកុំរង់ចាំពេលវេលាល្អ ឬមិនចាំបាច់ខ្លាចអត់អ្នកគាំទ្រនោះទេ។ បើយើងមិនបានចាប់ផ្តើមផង តើធ្វើយ៉ាងណានឹងអាចឱ្យគេមើលឃើញពីសមត្ថភាពរបស់យើង ហើយធ្វើយ៉ាងណាឱ្យគេបានស្គាល់ពីស្នាដៃរបស់យើងបាន?។

    បើសិនជាយើងចង់ក្លាយជាអ្នកនិពន្ធគួរតែចាប់ផ្តើមសរសេរឱ្យបានច្រើន ព្រោះដំបូងឡើយ គឺកុំខ្វល់ច្រើន ព្រោះវាជាសេចក្តីសុខផ្នែកអារម្មណ៍របស់យើង។ បន្តិចម្តងៗយើងនឹងអាចអភិវឌ្ឍទេពកោសល្យឱ្យកាន់តែខ្លាំង ហើយស្នាដៃរបស់យើងក៏ត្រូវបានគេទទួលស្គាល់កាន់តែច្រើនឡើងដែលទាំងអស់នេះ នឹងធ្វើឱ្យសំឡេងរបស់ស្ត្រីកាន់តែមានតម្លៃ និងមានថាមពលជាងមុន។

    ពាក់ព័ន្ធនឹងបញ្ហានេះដែរ កញ្ញា ច័ន្ទ ស៊ីណេត អ្នកគ្រប់គ្រងទូទៅនៃគ្រឹះស្ថានបោះពុម្ពផ្សាយចត្វាផ្លឹស បានលើកឡើងថា កាលពីក្មេង កញ្ញាមិនមានក្ដីស្រមៃទេ ព្រោះកញ្ញាកើតក្នុងគ្រួសារក្រីក្រមួយថ្ងៃៗខំរកតែលុយដើម្បីបានទិញម្ហូបហូបប៉ុណ្ណោះ។

    ក្រោយមកកញ្ញាក៏បានចូលធ្វើការងារនៅអង្គការ BBC ក្នុងកម្មវិធីវិទ្យុឡយ9 គឺពេលនោះហើយដែលកញ្ញាចាប់ផ្តើមមានក្តីស្រមៃ និងចាប់ផ្តើមសរសេរកាន់តែច្រើនឡើងៗ។ ម្យ៉ាងវិញទៀតដោយសារតែកញ្ញាចូលចិត្តអានកាលពីក្មេងផង ទើបយល់ថា ការងារសរសេរនេះជាចំណូលចិត្តយ៉ាងធំមួយដែលធ្វើឱ្យកញ្ញាអាចធ្វើការងារបានដោយមិននឿយហត់។

    អ្នកនិពន្ធខាងលើបានបញ្ជាក់ផងដែរថា ស្ត្រីគួរតែចាប់ផ្តើមសរសេរនូវអ្វីដែលខ្លួនចង់សរសេរ ឬប្រសិនបើមានទេពកោសល្យគួរតែចាប់ផ្តើមតែងនិពន្ធឱ្យបានច្រើន ព្រោះគ្រប់ការងារទាំងអស់មិនអាចខ្វះសំឡេងរបស់ស្ត្រីបានទេ។ ជាក់ស្តែងកញ្ញាធ្វើការងារនៅក្នុងវិស័យភាពយន្ត ក៏នៅតែមើលឃើញថា ស្ត្រីដើរតួនាទីសំខាន់ផងដែរ ព្រោះទាំងគំនិត សាច់រឿង និងផ្នែកផ្សេងៗទៀត សុទ្ធតែជាអ្វីដែលស្ត្រីអាចធ្វើបាន ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមឱ្យរីកចម្រើនកាន់តែខ្លាំង។

    កញ្ញា ច័ន្ទ ស៊ីណេត មើលឃើញថា ឧបសគ្គដែលតែងតែកើតមានសម្រាប់ស្ត្រីដែលចង់ក្លាយជាអ្នកនិពន្ធ គឺការមិនសូវបើកឱកាសឱ្យខ្លួនឯងសាកល្បងធ្វើកិច្ចការងារនេះ និងការគិតរបស់ស្ត្រីខ្លួនឯងដែលបំបាក់ទឹកចិត្តខ្លួនឯង ដោយសារការមិនទុកចិត្តលើសមត្ថភាពខ្លួនឯង ឬគិតថា ស្នាដៃរបស់ខ្លួនមិនល្អដូចបុរស។

    សហស្ថាបនិកនៃគ្រឹះស្ថានបោះពុម្ពផ្សាយសៀវភៅជីវិត កញ្ញា សែត ហត្ថា បានលើកឡើងថា រវាងបុរស និងស្ត្រី គឺគួរតែមានការចូលរួមក្នុងកិច្ចការងារតែងនិពន្ធដូចគ្នា ដើម្បីធ្វើឱ្យមានសមភាពលើគ្រប់វិស័យទាំងអស់ ព្រោះមិនថា សង្គមគ្រួសារក្តី សហគមន៍ក្តី ឬសង្គមជាតិទាំងមូលក្តីអាចរីកចម្រើនទៅបាន លុះត្រាតែមានស្ត្រីមានសមត្ថភាពច្រើន។

    ស្ត្រីដែលមានការអប់រំល្អ នឹងធ្វើឱ្យកូនៗរបស់ពួកគេទទួលបាននូវការចិញ្ចឹមបីបាច់ល្អ ដែលមានន័យថា គេនឹងក្លាយជាធនធានមនុស្សដ៏សំខាន់នាថ្ងៃអនាគត​ដោយសារតែពួកគេតែងតែត្រូវបានយកចិត្តទុកដាក់ពីសំណាក់ម្តាយដែលអាចមានសមត្ថភាព។ ប្រសិនបើម្តាយជាអ្នកនិពន្ធទៀតផងនោះគាត់នឹងអាចបង្រៀនកូនឱ្យក្លាយជាមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងការអាន និងការក្រេបយកចំណេះដឹងថ្មីៗឱ្យកាន់តែទូលំទូលាយឡើងមិនខាន៕

  • ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

    ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

    ដោយសារតែចង្កោមពូជមិនមានភាពទៀងទាត់ គ្រាប់ពូជជំនាន់តៗទៅទៀត របស់គ្រាប់ពូជកូនកាត់ នឹងមានទិន្នផលថយចុះ និងគុណសម្បត្តិផ្សេងៗទៀតក៏ប្រែប្រួល និងមិនអាចផលិតគ្រាប់ពូជបានដោយខ្លួនឯងឡើយ ដោយសារគ្មានគ្រាប់ពូជមេ ព្រោះក្រុមហ៊ុនអ្នកផលិតគ្រាប់ពូជ តែងតែលាក់ទុកវិធីផលិត និងវិធីជ្រើសរើសគ្រាប់ពូជមេ (គ្រាប់ពូជដែលដាក់ដាំលើកទី1)។ នេះជាការសម្ងាត់។

    ដំណាំដែលប្រើគ្រាប់ពូជកូនកាត់ ដែលកសិករនិយមប្រើក្នុងការដាំដុះ ដើម្បីលក់ដូរបែបពាណិជ្ជកម្មនោះ មានដូចជា ពោត និងដំណាំផ្កាតុបតែងផ្សេងៗ។

    គ្រាប់ពូជលាយផ្សំប្រភេទបើក ភាគច្រើននឹងមានភាពសម្បូរបែប ធន់នឹងសភាពបរិស្ថាន និងមានតម្លៃថោកជាងគ្រាប់ពូជកូនកាត់ តែក្នុងផ្លូវផ្ទុយគ្នាវិញ គ្រាប់ពូជកូនកាត់នឹងមានភាពច្បាស់លាស់ខាងពូជ ខ្លាំងជាង ដោយសារតែគ្រាប់ពូជកូនកាត់ជាគ្រាប់ពូជគុណភាពខ្ពស់ មានអត្រាការលូតលាស់ខ្ពស់ អាយុការប្រមូលផលយូរជាង និងមានទិន្នផលខ្ពស់ជាប់លាប់ តែដោយសារមានតម្លៃខ្ពស់ ទើបការប្រើសម្រាប់ដាំដុះ ក្នុងកម្រិតគ្រួសារ អាស្រ័យលើការនិយមចូលចិត្តរបស់អ្នកដាំ ក្នុងការជ្រើសរើសប្រើគ្រាប់ពូជប្រភេទណាមួយ។

    – ការជ្រើសរើសទិញ និងទុកដាក់រក្សាគ្រាប់ពូជ តើត្រូវធ្វើយ៉ាងណា?

    ការជ្រើសរើសទិញគ្រាប់ពូជបន្លែ ដែលល្អអាចចាត់ទុកថា ជាបច្ច័យសំខាន់ដែលមានផលដល់ការរីកចម្រើនធំធាត់របស់ដំណាំ និងការទទួលបានទិន្នផលដែលសមនឹងតម្លៃ ដូចចិត្តអ្នកដាំដុះ។ ដូច្នេះការជ្រើសរើសទិញគ្រាប់ពូជ រឿងដែលសំខាន់បំផុតនោះគឺ៖

    1. ការអានស្លាកព័ត៌មាននៅលើកញ្ចប់ ឬកំប៉ុងគ្រាប់ពូជយ៉ាងល្អិតល្អន់ ដោយសង្កេតពីថ្ងៃ-ខែ-ឆ្នាំផលិត និងថ្ងៃផុតកំណត់ ភាគរយនៃការដុះលូតលាស់យ៉ាងតិចត្រូវតែខ្ពស់ជាង 70% ឡើងទៅ។
    2. ទីកន្លែងនៃការដាក់លក់ ក៏ជារឿងមួយសំខាន់ដែរ ព្រោះគ្រាប់ពូជ នឹងមិនត្រូវស្ថិតនៅក្នុងទីកន្លែងដែលអាប់សើម ឬត្រូវពន្លឺថ្ងៃ ខ្លាំងជ្រុលពេកឡើយ។
    3. នៅពេលបើកកញ្ចប់គ្រាប់ពូជប្រើហើយ គួរប្រើឱ្យអស់ក្នុង 1លើកតែម្តង ឬបើសិនជាប្រើមិនអស់ គួរតែបិទកញ្ចប់ឱ្យជិត សរសេរឈ្មោះពូជដំណាំ ថ្ងៃ-ខែ-ឆ្នាំផុតកំណត់ បន្ទាប់មកយកទៅដាក់នៅក្នុងដប ឬថង់ដែលមានវត្ថុការពារសំណើម ដូចជា ដុំធ្យូង ឬផេះ បិទមាត់ថង់ ឬដបនោះឱ្យជិត បន្ទាប់ពីនោះ យកទៅទុកដាក់នៅក្នុងទីកន្លែងដែលស្ងួតល្អ ប្រាសចាកសត្វកណ្តុរ និងសត្វល្អិតផ្សេងៗ និងមានសីតុណ្ហភាព 5 – 10អង្សាC ឬទុកក្នុងទូទឹកកកដើម្បីថែរក្សាគុណភាព។
    4. មិនទិញគ្រាប់ពូជ ពីប្រភពផលិតគ្រាប់ពូជដែលមានរោគរាលដាល។
    5. បើជាគ្រាប់ពូជធម្មតាក្នុងស្រុក ត្រូវទិញគ្រាប់ពូជពីអ្នកផលិតដែលអាចជឿទុកចិត្តបាន ដោយពិចារណាពីបទពិសោធក្នុងការដាំដុះកាលពីគ្រាកន្លងមកថា តើពេលយកមកដាំហើយមានអត្រាការលូតលាស់ខ្ពស់ឬទេ? បានផលល្អ មានរូបរាងស្អាត មានទម្ងន់ និងមានរសជាតិល្អត្រូវតាមលក្ខណៈដូចដែលគេបានឃោសនាដែរឬទេ? បើដាំហើយបានទិន្នផលល្អ គ្រាប់ពូជពីក្រុមហ៊ុនផលិតនោះ ក៏នឹងមានភាពគួរឱ្យជឿទុកចិត្តខ្ពស់។
    6. ទ្រង់ទ្រាយរបស់គ្រាប់ពូជត្រូវតាមពូជ មិនវៀចវ៉ចខុសទម្រង់ពីពូជដែលត្រូវការ។

    ភាគច្រើន គ្រាប់ពូជផ្សេងៗ ទោះជាអាចរក្សាទុកក្នុងកន្លែងកកក្នុងទូទឹកកកបានយូរដល់ 3 – 4ឆ្នាំ និងក្នុងកន្លែងត្រជាក់ធម្មតាក្នុងទូទឹកកកអាចរក្សាទុកបាន 1 – 2 ឆ្នាំក៏ដោយ តែរឿងដែលគួរនឹកដល់មុនគេបំផុតនោះគឺ កុំរក្សាទុកគ្រាប់ពូជយូរជ្រុលពេក ព្រោះបើសិនជារឹតតែរក្សាទុកយូរ ភាគរយក្នុងការលាស់ចេញមករបស់គ្រាប់ពូជនឹងរឹតតែថយចុះដែរ។

    – ការពិសោធលើប្រសិទ្ធភាព ការលាស់ឡើងរបស់គ្រាប់ពូជ
    មុនការដាំដុះដំណាំបន្លែម្តងៗ គួរពិសោធពីភាពដុះលាស់ឡើងរបស់គ្រាប់ពូជដំណាំដោយវិធីងាយៗ ដើម្បីឱ្យដឹងពីបរិមាណភាពលាស់ឡើងរបស់គ្រាប់ពូជនោះ និងបើសិនបានពិសោធគ្រាប់ពូជ មុននឹងសម្រេចចិត្តទិញមកដាំបានផងនោះ ក៏នឹងធ្វើឱ្យមានការសម្រេចចិត្តជ្រើសរើសទិញ បានត្រូវតាមតម្រូវការកាន់តែខ្លាំងឡើង។

    វិធីពិនិត្យមើលគ្រាប់ពូជ បានដោយខ្លួនឯងបែបងាយៗនោះគឺ៖
    1.​ការដាក់ត្រាំទឹក៖ ចាប់ផ្តើមដោយការយកគ្រាប់ពូជដំណាំ ដាក់ចូលក្នុងភាជនៈ ដូចជា ពែង ផ្តិលទឹក ឬចានគោមក៏បាន បន្ទាប់មកដាក់ទឹកចូលទៅ រួចសង្កេតមើលគ្រាប់ពូជ បើជាគ្រាប់ដែលខូច វានឹងអណ្តែតឡើង ឯគ្រាប់ដែលល្អនឹងលិចនៅក្នុងទឹក។ បើសង្កេតឃើញថា មានគ្រាប់ដែលអណ្តែតទឹកច្រើន នោះបង្ហាញថា ជាគ្រាប់ពូជគ្មានគុណភាព ខូចច្រើនមិនគួរទិញយកមកដាំទេ។

    (នៅមានត)

  • សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ លើកទឹកចិត្ត បន្តផ្តល់ឥណទានជាអាទិភាព

    សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ លើកទឹកចិត្ត បន្តផ្តល់ឥណទានជាអាទិភាព

    វិស័យមួយចំនួន ត្រូវបានទទួលភាពអនុគ្រោះជាអាទិភាព ជាពិសេសផ្នែកអាជីវកម្មសណ្ឋា​គារ ផ្ទះ​សំណាក់ ទេសចរណ៍ សំណង់ វាយនភណ្ឌកាត់ដេរ និងផលិតផល​ស្បែក​ជើង ដើម្បីបន្ត​និរន្ត​រ​​ភាព​អាជីវកម្មទាំងនេះ។ នេះបើតាមសេចក្តីប្រកាសរបស់​សមាគមធនាគារ​នៅ​កម្ពុជា​ និងសមាគម​មី​ក្រូ​ហិរញ្ញវត្ថុ ដែលបានលើកទឹកចិត្តដល់​សមាជិករបស់ខ្លួនឱ្យបន្ត​ផ្តល់​​ឥណ​​ទាន​ ដែលជាតម្រូវការរ​បស់​វិស័យទាំងនោះ។

    យោងតាមសេចក្តីថ្លែងការណ៍រួមនៃសមាគមធនាគារនៅកម្ពុជា និងសមាគមមី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជាស្តីពីវិធានការការពារផលប៉ះពាល់បណ្តាលមកពីការរីករាលដាល​ជា​សកល​​នៃវីរុសកូវីដ-19 ចេញផ្សាយនៅថ្ងៃទី9 ខែមីនា ឆ្នាំ2020 បានឱ្យដឹងថា សមាជិកសមាគម គប្បីរក្សាភាពទន់ភ្លន់ និង​ពិនិត្យតាមលទ្ធភាពជាក់ស្តែងក្នុងការដោះស្រាយ​បំណុល​យឺត​យ៉ាវ ដែលបណ្តាលមក​ពីផលប៉ះពាល់​វីរុស​កូវីដ-19។

    សេចក្តីថ្លែងការណ៍ដដែលបន្តថា សមាជិកសមាគម ត្រូវបន្តតាមដាន និងដាក់ចេញ​វិធានការ ការពារការរីករាលដាលនៃវីរុសកូវីដ-19 ទៅលើបុគ្គលិក និងអតិថិជន ដើម្បីធានាឱ្យ​បាន​​និរន្តរភាពប្រតិ​បត្តិ​ការរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាប្រក្រតី។

    បន្ថែមលើវិធានការការពារខាងលើ សមាជិកសមាគមទាំង2 ក៏បាននិងកំពុង​ចូល​រួមជាមួ​យ​រាជរដ្ឋាភិបាលកម្ពុជាក្នុងគម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់​សហគា្រស​ធុនតូច និងមធ្យមតាម​រយៈ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គម្រោងនេះ នឹងផ្តល់ទុនក្នុងអត្រាការ​ប្រាក់សមរម្យដល់សហគ្រាស​​ធុនតូច និងមធ្យមនៅកម្ពុជា លើវិស័យអាទិភាព ហើយដែល​គ្រោងចាប់ផ្តើមដំណើរការ​ក្នុងពេល​ឆាប់​ៗ​ខាងមុខនេះ។

    សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានអំពាវនាវដល់​សមា​ជិក​របស់ខ្លួនទាំងអស់ រួមមានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានឥណទាន​ជនបទ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ចូលរួមអនុវត្តនូវ​វិធានការខាង​លើដើម្បីកាត់​បន្ថយផលប៉ះ​ពាល់ជាយថាហេតុ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច​ជាតិបន្ថែម​ទៀត។

    នៅក្នុងសេចក្តីថ្លែងការណ៍របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញ​វត្ថុកម្ពុជា ក៏បានប្រកាសគាំទ្រចំពោះសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញកាលពី5 ខែមីនា ឆ្នាំ2020 កន្លងមកនេះផងដែរ លើការទប់ទល់ការរីករាលដាលនៃវីរុស Covid-19 និងផលអវិជ្ជមាន ជាយថាហេតុផ្សេងទៀត៕

  • បើដោនឡូតកម្មវិធីនេះ អាចចៀសផុតពីតំបន់ផ្ទុះវីរុសកូរ៉ូណានៅកូរ៉េខាងត្បូង

    បើដោនឡូតកម្មវិធីនេះ អាចចៀសផុតពីតំបន់ផ្ទុះវីរុសកូរ៉ូណានៅកូរ៉េខាងត្បូង

    នៅ​​ថ្ងៃ​ទី11 ខែ​កុម្ភៈ តាម​ការ​ចេញផ្សាយ​របស់ CNN Business បានឱ្យដឹងថា មានកម្មវិធីមួយឈ្មោះថា Corona 100m បាន​ដាក់ឱ្យ​ដំណើរ​ការដើម្បី​ឆ្លើយ​តប​នឹង​វីរុស​កូរ៉ូណាប្រភេទថ្មី ដែលអ្នក​បង្កើត​កម្មវិធីនេះ ​មួយ​ចំនួន​បាន​បង្កើត​កម្មវិធីដែល​អាច​​ឱ្យគេបាន​ដឹង​​ព័ត៌មាន​អំពី​​វីរុស​កូរ៉ូណា និង​ទីតាំង​ដែល​កើត​មាន​វីរុសកំណាច​នេះ។ ​

    កម្មវិធី​នេះ​នឹងប្រមូល​ទិន្នន័យ​ពី​រដ្ឋបាល​សាធារណៈ​ រួម​មាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ឆ្លង​របស់​កូរ៉េ ដើម្បី​បង្ហាញ​អំពី​កាល​បរិច្ឆេទ​ដែល​អ្នក​ជំងឺ​ម្នាក់​ឆ្លង​វីរុស​កូរ៉ូណា រួម​ជា​មួយ​សញ្ជាតិ អាយុ ភេទ និង​ទី​កន្លែង​ដែល​គេ​បាន​ទៅ​ដល់​ផង​ដែរ។
    ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​កម្មវិធី​នេះ​ស្ថិត​នៅ​ចម្ងាយ​ 100ម៉ែត្រ​ ពី​ទី​កន្លែង​ដែល​មាន​មនុស្ស​ឆ្លង​វីរុស​កូរ៉ូណា​បាន​ទៅ​ដល់​នោះ គេ​នឹង​ទទួល​បាន​ការ​ផ្ដល់​ដំណឹង​ (Notification) ព្រមាន​តែ​ម្ដង ដែល​ដូច​ជា​ឈ្មោះ​របស់​កម្មវិធី​នេះ​ដែរ។

    អ្នក​បង្កើត​កម្មវិធី​នេះ​​ឈ្មោះ Bae Won-Seok និយាយ​ថា ​កម្មវិធី​នេះ​បន្ត​រីក​ធំ ដោយ​រៀង​រាល់ 1​ម៉ោង​ម្ដង នឹងមាន​ការ​ទាញ​យកទៅប្រើជាង 2ម៉ឺន​ដង ហើយ​ពេល​ខ្លះ​គាំង​ដោយ​សារ​មាន​ចំនួន​ទាញ​យក​ច្រើនលើសលប់​ពេក។

    នៅមាន​មួយ​ទៀត ​គឺ​កម្មវិធី Corona Map ដែល​វា​ក៏នឹងបង្ហាញ​​ទីតាំង​របស់​អ្នក​ដែល​ឆ្លង​វីរុស​កូរ៉ូណា​ផង​ដែរ ហើយវា​បាន​ក្លាយ​ជា​កម្មវិធី​ដែល​មាន​គេ​ទាញ​យកទោប្រើ​ច្រើន​ជាង​គេ​នៅ​កូរ៉េ​ខាង​ត្បូង។

    Corona Map នេះ​​ ដំណើរ​ការ​ដូច​ Corona 100m ដែរ គឺ​អាច​ឱ្យ​អ្នក​ប្រើ​ប្រាស់ចៀស​វាង​ពី​តំបន់​ដែល​​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ធ្លាប់​បាន​ទៅ​ដល់។ គួរបញ្ជាក់​ផង​ដែរ​ថា ប្រទេស​កូរ៉េ​ខាង​ត្បូង​ កើតមាន​​ករណី​ថ្មី 813ករណី​ជាប់​ជា​កំណត់​ត្រា​ខ្ពស់​បំផុត​មួយ​ដែលមិន​ធ្លាប់​មាន​ពីមុនមកឡើយ។
    Link: https://play.google.com/store/apps/details?id=jcsla.novelcoronavirus

  • រោងចក្រ Sharp ធ្លាប់ផលិត TV ឥឡូវប្តូរមកផលិតម៉ាស់ឱ្យបាន 15ម៉ឺន ក្រោយជួបបញ្ហាផ្ទុះកូរ៉ូណាខ្លាំងនៅជប៉ុន

    រោងចក្រ Sharp ធ្លាប់ផលិត TV ឥឡូវប្តូរមកផលិតម៉ាស់ឱ្យបាន 15ម៉ឺន ក្រោយជួបបញ្ហាផ្ទុះកូរ៉ូណាខ្លាំងនៅជប៉ុន

    ក្រុមហ៊ុន Sharp គ្រោង​នឹង​ចាប់​ផ្ដើម​ផលិត​ម៉ាស់​អនាម័យ ​នៅក្នុងរោងចក្រ​ 1កន្លែង​​របស់​ខ្លួន​ក្នុង​ប្រទេស​ជប៉ុន ជា​ការ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​​កើន​ឡើង​ខ្លាំង​ដោយ​សារ​ការ​ផ្ទុះ​វីរុស​កូរ៉ូណា។

    យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Associated Press រោងចក្រ​ដែល​ Sharp នឹងធ្វើការ​ផលិត​ម៉ាស់អនាម័យនោះ​ គឺ​ស្ថិត​នៅក្នុង​​ទីក្រុង Kameyama ដែល​ជា​ធម្មតា ​គឺ​ប្រើ​សម្រាប់​​ផលិត​ផ្ទាំង​អេក្រង់ LCD ​ទ្រង់ទ្រាយ​ធំ និង​ជា​រោងចក្រ​ដំឡើង​ទូរទស្សន៍។

    Sharp នឹង​ប្រើ​រោងចក្រ​នេះ​ ផលិត​ម៉ាស់​អនាម័យឱ្យបានចំនួន​ 150,000បន្ទះ ​ក្នុង​ 1​ថ្ងៃត្រឹម​ដំណាច់​ខែ​មីនា​នេះ ហើយ​នឹង​បន្ត​ពង្រីក​ឱ្យបានដល់​ 500,000 បន្ទះ ក្នុង​ 1​ថ្ងៃ។

    Sharp មិន​បាន​ប្រាប់​អំពី​តម្លៃ​លក់ និង​ផែនការ​ចែក​ចាយ​ម៉ាស់​អនាម័​នេះ​នៅ​ឡើយ​ទេ។ គួរជម្រាបដែរថា រោងចក្រ​ខាង​លើ​នេះ ​​គឺ​ស័ក្ដិសម​បំផុត​សម្រាប់​ខ្សែចង្វាក់​ផលិតកម្ម​​ម៉ាស់អនាម័យ ព្រោះ​មាន​គុណភាព​ខ្ពស់​​ខាង​ផ្នែក​អនាម័យ៕​​​​​​