Author: ធឿន មករា

  • Apple ដាក់​គម្រោង តម្លៃ 1ពាន់​លាន​ដុល្លារ បង្កើត​មជ្ឈមណ្ឌល​ផលិត​ឈី​ប 5G ផ្ទាល់ខ្លួន

    Apple ដាក់​គម្រោង តម្លៃ 1ពាន់​លាន​ដុល្លារ បង្កើត​មជ្ឈមណ្ឌល​ផលិត​ឈី​ប 5G ផ្ទាល់ខ្លួន

    បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ផ្លូវការ ពី​ការិយាល័យ​កណ្ដាល​របស់ Cupertino របស់ Apple កាលពី​សប្ដាហ៍​មុន​បានឱ្យដឹងថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ល្បីល្បាញ​មួយ​នេះ បាន​បញ្ចេញ​ឱ្យដឹង​នូវ​គម្រោង​ថ្មី​មួយទៀត នោះ​គឺ ការចំណាយ 1ពាន់​លាន​ដុល្លារ​ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ផលិត​ឈី​ប 5G ដោយផ្ទាល់​ខ្លួន។

    ការប្ដេជ្ញាចិត្ត​នេះ បានបញ្ជាក់​យ៉ាងច្បាស់​ថា Apple កំពុង​ត្រៀមខ្លួន ដើម្បី​ដើរចេញ​ពី​ម៉ូ​ឌឹ​ម 5G របស់ Qualcomm ដែល​ពួកគេ​ធ្លាប់​សហការគ្នា​ប្រើ​វា​កន្លងមក យកមក​ដាក់​ក្នុង​ផលិតផល Apple ទ្រទ្រង់​សេវា 5G បាន ហើយ​កាន់តែច្បាស់​បន្ថែមទៀត​នោះ គឺ​កាលពី ឆ្នាំ2019 ក្រុមហ៊ុន Apple ថែមទាំង​បាន​ទិញយក​អាជីវកម្ម​ផលិត​ម៉ូ​ឌឹ​ម 5G របស់​ស្មា​ត​ហ្វូ​ន ពី​ក្រុមហ៊ុន intel ទៀតផង។

    ទឹកប្រាក់​ដែល Apple បាន​ត្រៀម​ជាង 1ពាន់​លាន​ដុល្លារ​នោះ នឹង​ធ្វើឱ្យ​លេចចេញ​ជា​រូបរាង ក្នុង​រយៈពេល 3ឆ្នាំ​ខាងមុខ ទៅកាន់​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ថ្មី របស់​ពួកគេ​នៅ​ទីក្រុង​មុយ​និ​ច ប្រទេស​អាល្លឺម៉ង។

    បច្ចុប្បន្ន​ទីតាំង​ចាស់​នៅ​ទីក្រុង​មុយ​និ​ច នៅ​ប្រទេស​អាល្លឺម៉ង​របស់ Apple នៅ​អឺរ៉ុប មាន​វិស្វករ​ជំនាញ 1,500នាក់ ដោយ​បម្រើការ​លើ​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ចាប់ពី​ផ្នែក​បច្ចេកវិទ្យា​ឥត​ខ្សែ រហូតដល់​ប្រព័ន្ធ​កម្មវិធីសំខាន់ៗដទៃទៀត​ផងដែរ តែ​ទាំងអស់នេះ មិនទាន់​រាប់បញ្ចូល​គម្រោង​ថ្មី​ខាងលើ​នោះទេ៕

  • បាត់​មុខ​យូរ ស្រាប់តែ​លោក ដូ​ណា​ល់ ត្រាំ បញ្ចេញ​គម្រោង បង្កើត Social Media ផ្ទាល់ខ្លួន​តែម្ដង

    បាត់​មុខ​យូរ ស្រាប់តែ​លោក ដូ​ណា​ល់ ត្រាំ បញ្ចេញ​គម្រោង បង្កើត Social Media ផ្ទាល់ខ្លួន​តែម្ដង

    បន្ទាប់ពី​សហរដ្ឋអាមេរិក ធ្វើការ​បោះឆ្នោត​ជ្រើសតាំង បាន​ប្រធានាធិបតី​ថ្មី គឺ​លោក ចូ បៃ​ឌិន មក គេ​ក៏​លែង​សូវ​បានឃើញ​វត្តមាន និង​ឮដំណឹង​អ្វី ពី​អតីត​ប្រ​ធានា​ធិ​ប​តិ​អាមេរិក​ទី45 គឺ​លោក ដូ​ណា​ល់ ត្រាំ អស់​ជាច្រើន​សប្ដាហ៍​មកហើយ តែ​កាលពីពេលថ្មីៗនេះ អ្នកនាំពាក្យ​ជំនិត​ម្នាក់ ឈ្មោះ​លោក Jason Miller មកពី​គណបក្ស​សាធារណរដ្ឋ បាន​បង្ហើប​ឱ្យដឹងថា លោក ត្រាំ នឹង​វិល​ត្រឡប់មកវិញ ជាមួយនឹង​ការបង្កើត Social media ផ្ទាល់ខ្លួន​មួយ។

    ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នោះ គឺ​លោក​នឹង​បង្កើត​ប្រព័ន្ធ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន ដែល​អាច​នឹងដាក់​ឱ្យប្រើ​ប្រាស់​នៅក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ តែ​គេ​មិនទាន់​ទទួលបាន​ព័ត៌មាន​ច្រើន​នៅឡើយ​ថា តើ​វា​មានឈ្មោះ​អ្វី ហើយ​ដំណើរការ​យ៉ាងដូចម្តេច?។

    សូម​រំឭក ថយ​ទៅក្រោយ​វិញ​បន្តិច…រឿងរ៉ាវ​បង្កើត Social media ផ្ទាល់ខ្លួន​នេះ គេ​ធ្លាប់​បានឮ​ម្ដង​រួចមកហើយ កាលពី​អំឡុងពេល ដែល​លោក​នៅ​កាន់តំណែង ដោយសារ​មិន​ពេញចិត្ត​លើ​ចំណាត់ការ​របស់ Twitter ក៏ដូចជា​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗនៅ​សហរដ្ឋអាមេរិក ដែល​ហាមឃាត់​មិនឱ្យ​មានការ​ចូលទៅ​ប្រើប្រាស់​បាន។ លោក ត្រាំ ក៏​ត្រូវបាន​ក្រុមហ៊ុន​បណ្ដាញ​សង្គម​នានា ដូចជា Facebook, Twitter, និង Reddit លុប​គណនី​របស់លោក​ចោល​តែម្ដង កាលពីដើមឆ្នាំ2021កន្លង​ទៅហើយ​ដែរ ហើយ​លោក​ក៏​ត្រូវបាន​ហាមឃាត់ មិនឱ្យ​ធ្វើការ​បង្ហោះ​សារផ្សេងៗណាមួយ ដែល​អាច​បង្ក​ជា​ហានិភ័យ ឬ​ជាការ​ញុះញង់​អ្នកគាំទ្រ ឱ្យធ្វើ​ការតវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​ជាប់ឆ្នោត​នោះដែរ។

    គម្រោង​ការបង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​នេះ អាច​នឹង​ត្រូវដាក់​ឱ្យប្រើ​ប្រាស់ យ៉ាងយូរបំផុត​នៅ​ពាក់កណ្ដាល​ឆ្នាំ2021 នេះឯង ដោយ​អតីត​ប្រធានាធិបតី​ទី45 រូបនេះ បាន​រំពឹងទុក​ថា អាច​ទាក់ទាញ​អ្នកគាំទ្រ​បានជា​ថ្មី​ម្ដងទៀត យ៉ាងហោចណាស់​ក៏ 10លាន​នាក់​ដែរ។ មានន័យថា បើ​អត់​ពី Twitter ទៅ អ្នក​ដែល​ធ្លាប់​គាំទ្រ​លោក ត្រាំ អាច​តាមដាន​លើ platform ថ្មី​នេះ​ជំនួស​វិញ​បាន៕

  • បទសម្ភាស នៅអៀកឡង់ បង្ហាញមូលហេតុនៃការចាកចេញរបស់ Barret ពីព្រះខ័នរាជស្វាយរៀង

    បទសម្ភាស នៅអៀកឡង់ បង្ហាញមូលហេតុនៃការចាកចេញរបស់ Barret ពីព្រះខ័នរាជស្វាយរៀង

    ខ្សែការពារ​កណ្តាល​សញ្ជាតិ​អៀក​ឡង់ Paddy Barret បាន​ចាក​ចេញពី​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​ហើយ​កាលពីពេល​កន្លងទៅនេះ ក្រោយ​ចុះ​កុងត្រា​មិនបាន​ប៉ុន្មាន​ផង។ ការចាកចេញ​នេះ ត្រូវបាន​គេ​ដឹងថា កីឡាករ​រូបនេះ នឹង​ទៅ​ចូលរួម​ជាមួយនឹង​ក្លិប​នៅ​លី​គ​កំពូល​របស់​ប្រទេស​អៀក​ឡង់ St Patrick’s Athletic FC។

    ទោះជា​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង បាន​បញ្ជាក់ថា គេ​ចាកចេញ​ដោយសារតែ​បញ្ហា​ផ្ទាល់ខ្លួន ដើម្បី​ទៅ​ជួបជុំ​គ្រួសារ ក្នុងពេល​វិបត្តិ​កូ​វីដ-19 ក៏ដោយ ក៏ប៉ុន្តែ​កីឡាករ​វ័យ 27ឆ្នាំ​រូបនេះ បានផ្តល់​បទ​សម្ភាស​ដ​ល់​សារព័ត៌មាន​ក្នុងស្រុក អៀក​ឡង់ ថា មូលហេតុ​គឺមាន​ដូចតទៅ​នេះ៖

    -ពិបាក​សម្រប​ខ្លួន​នឹង​ស្ថានភាព​នានា​ក្នុងប្រទេស​កម្ពុជា(អាកាសធាតុ ម្ហូបអាហារ មជ្ឈដ្ឋាន​ជុំវិញខ្លួន…)

    -ទម្រង់​លេង​មិនល្អ​តាម​ការទាមទារ​របស់​ក្លិប និង​គ្រូបង្វឹក

    -ប្រាក់​ឈ្នួល​តិច លី​គ​កំពូល​កម្ពុជា ជាលី​គ​ប្រកួតប្រជែង​ទាប មិន​ស័ក្តិសម​នឹង​រូបគេ

    -ក្លិប​ផ្សេង​ឱ្យប្រាក់​ឈ្នួល​ខ្ពស់ជាង​នៅ​កម្ពុជា និង​មាន​លក្ខខណ្ឌ​ល្អ​ជាង​គ្រប់យ៉ាង

    ខណៈ​កូតា​កីឡាករ​បរទេស នៅសល់តែ៤នាក់​នេះ ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បាន​បន្ថែម​កីឡាករ​ម្នាក់ភ្លាមៗ គឺ​កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់ Robert Lopez Mendy មក​ជំនួស​តំណែង​កីឡាករ​រូប​នះ៕

  • ខាន់ ចេសា ត្រូវប៉ះកីឡាការិនី មកពីប្រេស៊ីល នៅដើមខែមេសានេះ

    ខាន់ ចេសា ត្រូវប៉ះកីឡាការិនី មកពីប្រេស៊ីល នៅដើមខែមេសានេះ

    កីឡាការិនី​កូនកាត់​កម្ពុជា-មិ​ក​ស៊ិ​ក-អាមេរិកាំង ខាន់ ចេ​សា ឈ្នះ​ខ្សែក្រវាត់ Who Number One នឹង​ឡើង​ទៅកាន់​សង្វៀន Evolve Ur Game ដោយ​ត្រូវ​ប្រកួត​ជាមួយ​កីឡាការិនី​មកពី​ប្រទេស​ប្រេ​ស៊ី​ល Thamires Aquino។ ហើយ​នេះ​ជាការ​ប្រកួត Superfight ដែល​ធ្វើ​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស់ រដ្ឋ​ណេ​វ៉ា​ដា សហរដ្ឋអាមេរិក នៅ​ថ្ងៃទី3 ខែមេសា ឆ្នាំ2021។

    នេះ​ជាការ​បង្ហាញខ្លួន​ជាថ្មី​ម្តងទៀត​របស់ ចេ​សា បន្ទាប់ពី​ឈ្នះ​កីឡាការិនី Danielle Kelly ក្នុង​កម្មវិធី Who Number One នៅ​តិច​សាស់ កាលពីពេលថ្មីៗកន្លងទៅ។ ដោយមាន​ឪពុក​ជា​កូនកាត់​កម្ពុជា-អាមេរិក និង​ម្តាយ​ជា​កូនកាត់​មិ​ក​ស៊ិ​ក-អាមេរិក ខាន់ ចេ​សា ត្រូវបាន​គេ​ចាត់ទុកថា ជា​កីឡាការិនី ដែល​លេង​កីឡា​ជូ​ជី​តស៊ូ​បានល្អ​បំផុត​ក្នុង​ពិភពលោក ដោយ​ឈ្នះ​ជើងឯក​ពិភពលោក 3ដង, ជើងឯក​ទ្វីបអាមេរិក 4ដង, ជើងឯក​ពិភពលោក NoGi 3ដង និង​ជើងឯក​អឺរ៉ុប 2ដង។ នៅ​ឆ្នាំ2018 និង2019 កីឡាការិនី​រូបនេះ បាន​ប្រកួត​តំណាងឱ្យ​កម្ពុជា ហើយ​ដណ្តើមបាន​មេដាយមាស កីឡា​អាស៊ី​នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​កីឡា​អាស៊ីអាគ្នេយ៍​នៅ​ហ្វ៊ី​លី​ពី​ន៕

  • តោះ! មកមើលប្រាក់ខែ Honda កាលលេងនៅក្លិបចាស់

    តោះ! មកមើលប្រាក់ខែ Honda កាលលេងនៅក្លិបចាស់

    Keisuke Honda អតីត​កីឡាករ​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​ជប៉ុន និង​ជា​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រូវបាន​គេ​ស្គាល់​ថា ជា​កីឡាករ​ជប៉ុន​ម្នាក់ ដែល​សម្បូរ​បទពិសោធ​ក្រៅប្រទេស​បំផុត ដោយ​រូបគេ​ធ្លាប់បាន​លេង​នៅ​ក្លិប​សឹងតែ​គ្រប់​ទ្វីប​ទាំងអស់ នៅតែ​ទ្វីបអង់តាក់ទិក​មួយ​តែប៉ុណ្ណោះ។

    បើ​និយាយ​អំពី​ប្រាក់ខែ​វិញ កីឡាករ​រូបនេះ អាច​រកបាន​ខ្ទង់​រាប់សិប​លាន​ដុល្លារ កាលពី​នៅ​លេង​ឱ្យ​ក្លិប AC Milan នៃ​លី​គ​កំពូល​អ៊ីតាលី ដែល​គ្រានោះ គឺជា​សម័យកាល​ដ៏​កំពូល របស់​កីឡាករ​រូបនេះ។ មកទល់នឹង​ពេលនេះ ក្លិប Botafugo ដែលជា​ក្លិប​ចុងក្រោយ​របស់​កីឡាករ​រូបនេះ​ប្រកប​អាជីព​ចុងក្រោយបង្អស់ បាន​បញ្ចេញ​ទិន្នន័យ​ប្រាក់ខែ​របស់ Honda ដោយមាន​តម្លៃ​ដល់​ទៅ 66ម៉ឺន​ដុល្លារ ក្នុង 1រដូវ​កាល បើ​គិត​ជា​ខែ​វិញ រូបគេ​អាច​រកបាន​ប្រហែល​ខ្ទង់ 5ម៉ឺន5ពាន់​ដុល្លារ ជា​រៀងរាល់ខែ ពី​ក្លិប​លី​គ​កំពូល​ប្រេ​ស៊ី​ល​ខាងលើ។

    គួរឱ្យ​ដឹង​ដែរ​ថា កាលពីពេលថ្មីៗនេះ Keisuke Honda ទើបតែ​បាន​ចុះ​កុងត្រា​ជាមួយនឹង​ក្លិប​មួយ នៃ​លី​គ​កំពូល​អា​ស៊ែ​បៃ​ហ្ស​ង់ គឺ​ក្លិប  Neftçi PFK តែ​មិនទាន់មាន​ភាគី​ណាមួយ ហ៊ាន​ចេញមុខ​ទម្លាយ​អំពី​ប្រាក់ខែ​របស់​កីឡាករ​ម្នាក់នេះ​នៅឡើយ​ទេ៕

  • 40 ចំណុចដែលបញ្ជាក់ថា Ford Ranger XLT 2021 មានប្រៀបជាងដៃគូប្រកួតប្រជែង

    40 ចំណុចដែលបញ្ជាក់ថា Ford Ranger XLT 2021 មានប្រៀបជាងដៃគូប្រកួតប្រជែង

    បច្ចុប្បន្ននេះយើងសង្កេតឃើញថាទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទន្ទឹមជាមួយគ្នានេះដែរក៏មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្នុងទីផ្សារមួយនេះ។ ដូច្នេះមុននឹងសម្រេចចិត្តទិញរថយន្តយកមកប្រើប្រាស់អតិថិជនទាំងអស់គ្នាគួរគប្បីពិនិត្យមើលឲ្យបានល្អិតល្អន់ទាក់ទងទៅនឹងគុណភាពនៃរថយន្ត តម្លៃ ជាពិសេសនោះគឺទៅលើប្រវត្តិក្រុមហ៊ុន និងម៉ាកយីហោនៃរថយន្តនោះផ្ទាល់តែម្តង។ ជាក់ស្តែងក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងទីផ្សាររថយន្តដែលមានដើ​មកំណើតមកពីសហរដ្ឋអាមេរិក និងបានឈរជើងយ៉ាងរឹងមាំ 100 ឆ្នាំជាងក្នុងការផ្គត់ផ្គង់រថយន្តទៅទូទាំងពិភពលោក។ រថយន្ត Ford បានមានវត្តមានក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ បងប្អូនមួយចំនួនតែងតែនិយមហៅរថយន្ត Ford ថាជារថយន្ត Ford Ranger ។ តើបងប្អូនដឹងទេថារថយន្ត Ford Ranger នេះមានប៉ុន្មានប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាយើង? ជាការពិតណាស់មកទល់នឹងពេលបច្ចុប្បន្ននេះត្រកូល Ford Ranger មាន 4ប្រភេទនោះគឺ Ford Ranger XLS, Ford Ranger XLT, Ford Ranger Wildtrak និង Ford Ranger Raptor ដែល Ford Ranger នីមួយៗមានចំណុចពិសេសរាងៗខ្លួន។

    ថ្ងៃនេះដែរ យើងខ្ញុំនឹងលើកយកម៉ូឌែល Ford Ranger XLT មកបង្ហាញជូនអតិថិជនទាំងអស់គ្នា ដែលរថយន្ត Ford Ranger XLT នេះជារថយន្តប្រភេទ Pick Up ដែលមានភាពធន់រឹងមាំ ប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យា ប្រព័ន្ធជើងក្រោម និងសមត្ថភាពក្នុងការដឹកប្រហាក់ប្រហែលទៅនឹងរថយន្ត Ford Ranger Wildtrak ដែរ ។ គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ូឌែល Ford Ranger XLT នេះមានជម្រើស 2ប្រភេទគឺ Ford Ranger XLT ម៉ាស៊ីន 2.2L និង Ford Ranger XLT ម៉ាស៊ីន 3.2L។ រថយន្តនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងក្នុងទីផ្សាររថយន្ត Pick Up ក្នុងប្រទេសកម្ពុជារយៈពេល 2-3 ឆ្នាំចុងក្រោយនេះគួរឲ្យកត់សម្គាល់ដោយសារតែរថយន្តនេះមានប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យា និងភាពធន់រឹងមាំទាំង 40 ចំណុចដែលលើសពីដៃគូប្រកួតប្រជែង ដូច្នេះយើងខ្ញុំនឹងធ្វើការបកស្រាយចំណុច​ទាំងនេះនៅខាងក្រោម៖

    1. ម៉ាស៊ីនម៉ាស៊ូតជំនាន់ចុងក្រោយសម្រាប់ម៉ូឌែល 2L អាចផលិតនូវកម្លាំងសេះដល់ទៅ 150 PS និងកម្លាំងរមួលបានដល់ទៅ 385 Nm និងម៉ូឌែល 3.2L ជាប្រភេទម៉ាស៊ីនតែមួយជាមួយ Ranger Wildtrak 3.2L ដែលអាចផលិតនូវកម្លាំងសេះដល់ទៅ 200 PS និងកម្លាំងរមួលបានដល់ទៅ 470 Nm។
    2. ប្រអប់លេខ 6 វគ្គអូតូ ក៏ជាប្រអប់លេខតែមួយជាមួយរថយន្ត Ranger Wildtrak ផងដែរ ដែលធ្វើឲ្យមានភាពរលូនក្នុងការបើកបរ (6-Speed Automatic)
    3. ចង្កៀងគុជ HID (HID Headlamps) និងចង្កៀងបំភ្លឺផ្នែកខាងក្រោម (Fog Lamps) ដែលមានភាពភ្លឺច្បាស់ជាងមុន
    4. ចង្កៀងបិទ/បើក និងហ្វាកូដដោយស្វ័យប្រវត្ត (Auto On/Off Headlamps)
    5. ប៉ាណាភ្លឺ ក្រូម៉េពណ៍ទឹកប្រាក់ (Silver Front Grille)
    6. យ៉ាន់កង់បែបស្ព័រទំនើបទាន់សម័យទំហំ 17អ៊ីញស័ក្តិសមជាមួយតួរថយន្ត និងអាចជំនះឧបសគ្គបានគ្រប់ស្ថានភាពផ្លូវ ជាពិសេសធន់រឹងមាំសម្រាប់ការដឹកទំនិញ (17” Alloy Wheel)
    7. ប្រព័ន្ធកូនសោឆ្លាតវៃ (Smart Key) និងចុចបញ្ឆេះរថយន្ត (Start-Stop Engine)

    និងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងដៃទ្វារ

    1. កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត ​(Rear View Camera)
    2. សេនសឺផ្នែកខាងក្រោយចំនួន 4 គ្រាប់ (4 Rear Sensors)
    3. ចុចកព្ចាក់ក្តោបដោយស្វ័យប្រវត្ត (Auto Side Mirror Folding System)
    4. ផ្លិតទឹកអូតូ (Rain Sensing Wipers)
    5. ចង្កូតបូមអេឡិចត្រូនិចដែលមានលក្ខណះធូរងាយស្រួលបើកបរ )Electric Power-Assisted Steering)
    6. ប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command) សម្រាប់ការហៅទូរស័ព្ទ និងបញ្ជាប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរថយន្ត
    7. កុងទ័រឌីជីថលរចនាម៉ូដថ្មីស្រឡាងដែលផ្តល់ព័ត៍មានយ៉ាងលម្អិតអំពីរថយន្ត​ (LCD Instrument Cluster)
    8. ប្រព័ន្ធផ្តល់សញ្ញានៅពេលដែលប្រើប្រាស់ម៉ាស៊ូតមិនល្អ (Water In Diesel Filter Warning Lights)
    9. កញ្ចក់មើលក្រោយអាចកាត់បន្ថយចំណាំងផ្លាត (Auto-Dimming)
    10. អេក្រង់ Touch Screen 8 អ៊ីញ សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (8” Touch Screen)
    11. បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីដែលអាចធ្វើការភ្ជាប់ផ្ទាល់ជាមួយនឹង Apple CarPlay, Android Auto និង Google Map (New SYNC 3 Technology)
    12. រន្ធ USB ចំនួន 2 និងរន្ធសាកកម្លាំង 12V នៅផ្នែកខាងក្រោយ (2 USB Ports / 12V Invertor)
    13. សេនសឺខ្សែក្រវ៉ាត់សុវត្ថិភាព (Seat Belt Sensor)
    14. ប្រព័ន្ធការពារចោរកម្ម (Anti-Theft Alarm System)
    15. ប្រព័ន្ធពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្ត ពេលបញ្ឆេះរថយន្តចោល (Auto Engine Off)
    16. ប្រព័ន្ធកាត់បន្ថយសម្លេងរំខានពីខាងក្រៅ (Active Noise Cancellation)
    17. ប្រព័ន្ធកាត់បន្ថយផ្សែងពុល​ (Emissions System)
    18. ប្រព័ន្ធសម្រាប់កំណត់ល្បឿនអតិបរមាពេលបើកបរ (MyKey System)
    19. រថយន្តនេះអាចចុះទឹកបានជម្រៅ 800mm លើសគេ (800mm Water Wading)
    20. ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់ (Electronic Stability Program)
    21. ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត )Hill Launch Assist)
    22. ប្រព័ន្ធទប់លំនឹងពេលចុះចំណោត )Hill Descent Control)
    23. ប្រព័ន្ធហ្រ្វាំង ABS និងEBD (Anti-Lock Braking Systems and Electronic Brake Force Distribution)
    24. ប្រព័ន្ធជំនួយក្នុងការចាប់ហ្រ្វាំង (Brake Fade)
    25. ប្រព័ន្ធគ្រប់គ្រងប៉ុងរបស់រថយន្ត​ (កាប់ពីតាស)(4×4 Shift-On-The-Fly)
    26. ប្រព័ន្ធចាប់ប៉ុងក្រោយដែលជួយសម្រួលដល់ការជាប់ផុង (Rear Lock Differential)
    27. តួរថយន្តធ្វើពីដែកថែបមានភាពរឹងមាំខ្លាំង មានដែកថែបពិសេសចំនួន 2ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar)
    28. ខែលដែកថែបការពារម៉ាស៊ីនផ្នែកខាងក្រោម (Front Bumper Protector)
    29. គឺជារថយន្ត Pick Up ដែលទទួលបានចំណាត់ថ្នាក់ផ្កាយ 5​ផ្នែកសុវត្ថិភាពពីគណ:កម្មការវាយតម្លៃសុវត្ថិភាពរបស់រថយន្តថ្មី (Euro NCAP)
    30. បំពាក់ជូននូវពោងសុវត្ថិភាពចំនួន 6 គ្រាប់ (6 Air Bags)
    31. ប្រព័ន្ធជើងក្រោមផ្លាស់ប្តូរថ្មីដែលអាចកាត់បន្ថយការរលាក់ រំញ័រ និងមានលំនឹងពេលបើកបរ[Upgraded Suspension System (Improves Steering, Ride and Handling)]
    32. អាចអូសសណ្តោងបានដល់​ 3 តោន (3 Tons Towing Capacity)
    33. អាចដឹកទំនិញបានដល់ទៅជាង 1 តោន (1 Ton Payload Capacity)

    ជាសរុបមកវិញ យើងឃើញថាចំណុចទាំង 40 នេះអាចបញ្ជាក់បានថារថយន្ត Ford Ranger XLT 2021 គឺពិតជារថយន្តដែលមានសមត្ថភាពខ្ពស់ដែលអាចផ្តល់ជូននូវទំនុកចិត្ត ព្រមទាំងផាសុកភាពជូនអតិថិជនបានផងដែរ ជាពិសេសនោះគឺធន់រឹងមាំជាមួយនឹងការដឹក អូសសណ្តោងដែលមានទម្ងន់ធ្ងន់។ សម្រាប់តម្លៃនៃរថយន្ត Ford Ranger XLT 2021 នេះវិញគឺពិតជាពិសេសខ្លាំងមែនទែនដែលជម្រើសម៉ាស៊ីន 2.2L មានតម្លៃត្រឹមតែ $38,900 និងជម្រើសម៉ាស៊ីន 3.2L មានតម្លៃត្រឹមតែ $39,900។

    សម្រាប់ពណ៍គឺមានរហូតដល់ទៅ7 ពណ៍រួមមាន៖ ស ខ្មៅ ប្រផេះ ទឹកប្រាក់ ទឹកមាស ខៀវ និងក្រហម។ រថយន្ត Ford Ranger XLT 2021 ត្រូវបានដាក់តាំងបង្ហាញនៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដែលមានដូចជា៖

    • អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្សដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214
    • អគារតាំងបង្ហាញសាខាទឹកថ្លាដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880
    • អគារតាំងបង្ហាញសាខាទួលសង្កែដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800
    • អគារតាំងបង្ហាញសាខាខេត្តសៀមរាបដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661។
  • សោកស្តាយ អ៊ុំ សេរីរ័ត្ន សម្រេចចិត្ត បោះបង់អាជីពបាល់ទាត់ហើយ

    សោកស្តាយ អ៊ុំ សេរីរ័ត្ន សម្រេចចិត្ត បោះបង់អាជីពបាល់ទាត់ហើយ

    អ្នកចាំទី​របស់​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ បានប្រកាសថា រូបគេ​នឹង​បញ្ចប់​អាជីព​បាល់ទាត់​ត្រឹម​នេះហើយ ដោយសារតែ​បញ្ហា​របួស​ជង្គង់ និង​សរសៃពួរ​រ៉ាំរ៉ៃ ដែល​អូសបន្លាយ​អស់​រយៈពេល​ជាង 4ឆ្នាំ​មកហើយ។

    អ៊ុំ សេរី​រ័ត្ន ចាប់ផ្ដើម​មាន​បញ្ហា​របួស​សរសៃ MCL នៅ​ឆ្នាំ2018 ហើយ​ក៏បាន​ចេញទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ដោយ​ត្រូវ​សម្រាក​រយៈពេល​ជាង 10ខែ។ បន្ទាប់ពី​របួស​ជាសះស្បើយ សេរី​រ័ត្ន​បាន​ចូល​លេង​ឡើងវិញ​នៅ​ចុងឆ្នាំ2019។ លុះ​លី​គ​កំពូល​កម្ពុជា​ដំណើរការ​នៅ​ឆ្នាំ2020 គេ​លេង​បានតែ 3ប្រកួត​បុ​ណ្ណោះ ក៏​របួស​សរសៃ MCL ផ្សេងទៀត តែ​មិនអាច​ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​បានទេ ដោយសារតែ​ការផ្ទុះ​នៃ​ជំងឺ​កូ​វីដ-19។ វិបត្តិ​នេះ​បានធ្វើ​ឱ្យគេ​សម្រេចចិត្ត​ព្យាបាល​នៅក្នុង​ប្រទេស។

    កីឡាករ​របស់​ក្លិប Tiffy Army រូបនេះ​បាន​រៀបរាប់​អំពី​អាការ​របួស​របស់គេ​ថា៖ «ពេលដែល​ខ្ញុំ​ប្រកួត​ជាមួយ​វិសាខា​ហ្នឹង គឺ​នៅ​ឆ្នាំ2019 ជាការ​ប្រកួត​ចុងក្រោយ​ហើយ ហើយ​បន្ទាប់ពី​ហ្នឹង​មក ជើង​ខ្ញុំ​វា​ប្រសើរ​ឡើងវិញ​ហើយ ដល់ពេល​ចូលឆ្នាំ2020ហ្នឹង គឺ​ខ្ញុំ​លេង​ជាមួយ​អាស៊ី​អឺរ៉ុប ព្រះខ័ន​រាជ​ស្វាយរៀង និង​វិសាខា លេង​បាន 3ប្រកួត​ជុំ​ទី1 ដល់ពេល​ហើយ កូ​វីដ​មកដល់ ក៏​សម្រាក…ពេល​គេ​សម្រាក​កូ​វីដ​ហ្នឹង គឺ​បញ្ហា​សាច់ដុំ​ខ្ញុំ ចាប់ផ្ដើម​ស្រក​ទៅវិញ ហើយ​ណាមួយ​គេ​អត់ឱ្យ​ប្រមូលផ្ដុំ​ផង បញ្ហា​សាច់ដុំ​ខ្ញុំ​អត់​សូវ​បាន​ហាត់ វា​ស្រក ដល់ពេល​ចូលទៅ​វិញ ខ្ញុំ​ខំប្រឹង​ទាត់​បាល់​ទៅ វា​ធ្វើឱ្យប៉ះពាល់​ដល់​សរសៃ​ផ្សេង​មួយទៀត»៕

  • Honda នឹងបានពាក់អាវលេខ4 នៅលីគកំពូល អាស៊ែបៃហ្សង់

    Honda នឹងបានពាក់អាវលេខ4 នៅលីគកំពូល អាស៊ែបៃហ្សង់

    អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Keisuke Honda បានសម្រេច​ចិត្ត​ផ្លាស់​ទៅកាន់​ក្លិប  Neftci PFK នៃ​លី​គ​កំពូល​អា​ស៊ែ​បៃ​ហ្ស​ង់។

    Honda វ័យ 34ឆ្នាំ ដែល​ត្រូវបាន​គេ​ដឹងថា ពេលនេះ​កំពុងស្ថិត​នៅក្នុង​រដ្ឋធានី​បា​គូ របស់​អា​ស៊ែ​បៃ​ហ្ស​ង់ គឹ​នៅ​មិនទាន់មាន​ក្លិប​លេង ចាប់តាំងពី​បាន​ចាក​ចេញពី​ក្រុម​នៅ​ប្រេ​ស៊ី​ល កាលពី​ចុង​ឆ្នាំមុន។ ក្រោយមក អ្នកចាត់ការ​ទូទៅ​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូបនេះ ក៏បាន​ចុះកិច្ចសន្យា​ចូលរួម​ជាមួយ​ក្លិប Portimonense របស់​ព័រ​ទុយ​ហ្គា​ល់ តែ​មិនយូរប៉ុន្មាន ស្រាប់តែ​កិច្ចសន្យា​នោះ ត្រូវបាន​លុបចោល​ទៅវិញ នៅពេលដែល​ក្រុម មិនអាច​ចុះឈ្មោះ​រូបលោក ឱ្យចូល​ប្រកួត​បាន​ទាន់ពេលវេលា។

    Honda នឹង​ពាក់អាវ​លេខ4 សម្រាប់​ក្លិប​ថ្មី​របស់ខ្លួន ដែលមាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​បា​គូ នៃ​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ ហើយ​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​នេះ នឹង​ក្លាយជា​ប្រទេស​ទី7 ហើយ ដែល Honda បាន​ទៅលេង​បាល់ទាត់​អាជីព បន្ទាប់ពី​ប្រទេស​ហូ​ឡង់, រុស្ស៊ី, អ៊ីតាលី, ម៉ិ​ក​ស៊ិ​ក, អូស្ត្រាលី និង​ប្រេ​ស៊ី​ល៕

  • OnePlus 9 Pro ចេញលក់ហើយ មានឆ្នាំងសាកក្នុងប្រអប់ស្រាប់

    OnePlus 9 Pro ចេញលក់ហើយ មានឆ្នាំងសាកក្នុងប្រអប់ស្រាប់

    កាលពីពេលថ្មីៗនេះ វត្តមាន​ស្មា​ត​ហ្វូ​ន OnePlus 9 និង 9 Pro កំពុងតែ​ពេញនិយម​យ៉ាងខ្លាំង ដោយសារតែ​វា​ត្រៀម​នឹង​ចេញមក​កាន់​ទីផ្សារ នាពេលឆាប់ៗនេះ អំឡុង​ថ្ងៃទី23 ខែ​មិនា ឆ្នាំ2021។ បើតាម​ដំណឹង​ទទួល​ពី​ច្រើន​ប្រភព បាន​បង្ហើប​ឱ្យដឹងថា វា​នឹង​ភ្ជាប់​មកជា​មួយ​នូវ​ឆ្នាំង​សាក​នៅក្នុង​ប្រអប់​ស្រាប់​តែម្តង។

    រឹតតែ​ពិសេស​ទៅទៀត​នោះ គឺ​បច្ចេកវិទ្យា LTPO ឬ LTPO (Low-Temperature Polycrystalline Oxid) គឺជា​បច្ចេកវិទ្យា​មួយ ដែល​អនុញ្ញាតឱ្យ​អេក្រង់ អាច​ផ្លាស់ប្តូរ​កម្រិត Refresh Rate ទៅតាម​កម្មវិធី​ដែល​យើង​កំពុង​ប្រើ​ដោយ​ស្វ័យប្រវត្តិ ហើយ​វា​មាន​សមត្ថភាព​ធ្វើឱ្យ​កម្រិត Refresh Rate របស់​អេក្រង់ ធ្លាក់ចុះ​រហូតដល់​ទៅ 10Hz ឯណោះ។

    OnePlus teases Morning Mist color for OnePlus 9 Pro, camera system

    មានន័យថា ពេលដែល​យើង​កំពុង​ប្រើ​កម្ម​វី​ធី ឬ​ហ្គេម ដែល​ត្រូវ​ការកម្រិត Refresh Rate ខ្ពស់ នោះ​បច្ចេកវិទ្យា LTPO នឹង​បញ្ជា​ឱ្យ​អេក្រង់ រត់​ក្នុង​កម្រិត Refresh Rate ខ្ពស់បំផុត ទៅតាម​អ្វីដែល​អេក្រង់​របស់​វា អាចធ្វើ​បាន។ ប៉ុន្តែ បើសិនជា​ទូរស័ព្ទ​របស់​យើង​កំពុងតែ​ដំណើរការ​មុខងារ Always-On Display នោះ បច្ចេកវិទ្យា LTPO នឹង​បញ្ជា​ឱ្យ​អេក្រង់ រត់​ក្នុង​កម្រិត Refresh Rate ទាប​បំផុត ដើម្បី​ជួយ​សន្សំសំចៃ​ថាមពល​ថ្ម។

    OnePlus 9 Pro អាច​នឹងមាន​តម្លៃ​ចាប់ផ្តើម​ដំបូងខ្ទង់ពាន់ៗដុល្លារ ដោយសារតែ​សមត្ថភាព​វា​បំពាក់​មកជា​មួយ​អេក្រង់​កោង ទំហំ 6.78អ៊ី​ញ ប្រភេទ AMOLED អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត QHD+ និង​អាច​គាំទ្រ​អេក្រង់ Refresh Rate 120Hz បំពាក់​មកជា​មួយ​បន្ទះ​ឈី​ប​លំដាប់​កំពូល Snapdragon 888 គួបផ្សំ​ជាមួយ​ជម្រើស RAM ទំហំ 12GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 256GB ក៏ដូចជា​ថាមពល​ថ្ម ទំហំ 4,500mAh អាច​គាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ កម្លាំង 45W ទៀតផង៕

  • សិស្ស​វិទ្យាល័យ​អាមេរិក​ម្នាក់ Hack ចូល Twitter ឥឡូវ ត្រូវ​តុលាការ​សម្រេច ឱ្យ​ជាប់គុក 3ឆ្នាំ

    សិស្ស​វិទ្យាល័យ​អាមេរិក​ម្នាក់ Hack ចូល Twitter ឥឡូវ ត្រូវ​តុលាការ​សម្រេច ឱ្យ​ជាប់គុក 3ឆ្នាំ

    សិស្សសាលា​វ័យ 17ឆ្នាំ​ម្នាក់ ឈ្មោះ Graham Ivan Clark រៀន​នៅ​វិទ្យាល័យ Gaither នៅ​រដ្ឋ​ហ្វ្ល​រី​ដា សហរដ្ឋអាមេរិក ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន បញ្ជូនទៅ​តុលាការ និង​ត្រូវ​តុលាការ​កាត់ក្តី សម្រេច​ឱ្យ​ជាប់ឃុំ រយៈពេល 3ឆ្នាំ ពីបទ​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ដោយ​ខុសច្បាប់(Hack)ចូលទៅក្នុង​បណ្ដាញ​សង្គម Twitter កាលពី​ខែកក្កដា ឆ្នាំ2020 កន្លងទៅ។

    Graham Ivan Clark នៅមាន​គ្នា​របស់គេ​ប៉ុន្មាន​នាក់​ទៀត ដែល​បាន​លួច​ចូលទៅ​ប្រើប្រាស់​គណនី Twitter របស់​បុគ្គលល្បីៗ និង​ក្រុមហ៊ុន​តូច-ធំផ្សេងៗ ចំនួន 130គណនី​ទៀត​ឯណោះ។ បន្ទាប់ពី​លួច​ចូល​បានសម្រេច​ហើយ គ្នីគ្នា​របស់គេ ក៏បាន​បង្ហោះ​សារ ដើម្បី​ផ្សព្វផ្សាយ​បញ្ឆោត ឱ្យ​អ្នកគាំទ្រ​របស់​បុគ្គលល្បីៗ ក៏ដូចជា​ក្រុមហ៊ុន​តូច-ធំ​ទាំងអស់នោះ ធ្វើ​ការផ្ញើ​ប្រាក់​ជា Bitcoin ទៅឱ្យ​ពួកគេ។

    គ្រាន់តែ​សារ​ដែល​ពួកគេ បាន​បង្ហោះ​នោះ ចេញ​ជា​សាធារណៈ​បាន​ប៉ុន្មាន​ម៉ោង ពួកគេ​អាច​ប្រមូលប្រាក់ Bitcoin បាន​សរុប​ច្រើនជាង 10ម៉ឺន​ដុល្លារ។

    ដោយសារតែ​ក្មេង​ជំទង់​ម្នាក់នេះ ធ្វើអំពើ​ខុសច្បាប់ នៅពេលដែល​គេ​ទើប​មាន​អាយុ 17ឆ្នាំ (ឆ្នាំមុន​នៅ​មិនទាន់​គ្រប់​អាយុ​នៅឡើយ) ដូច្នេះហើយ ទើបត្រូវ​ជាប់ពន្ធនាគា​រ​តែ 3ឆ្នាំ​ប៉ុណ្ណោះ ព្រោះ​មិនទាន់​គ្រប់ 18ឆ្នាំ តែបើ​គ្រប់​វិញ អាច​ជាប់ទោស​លើស 10ឆ្នាំ។

    ក្រុមហ៊ុនធំៗ និង​គណនី​បុគ្គលល្បីៗជាច្រើន​បាន​រងគ្រោះ​ដូចជា Twitter របស់ ក្រុមហ៊ុន Apple, CEO របស់ Tesla លោក Elon Musk, ក្រុមហ៊ុន Uber គណនី​អតីត​ប្រធានាធិបតី Barack Obama, CEO Microsoft លោក Bill Gats, CEO Amazon លោក Jeff Bezos លោក Warren Buffet គណនី​តារា​ល្បី Kim Kardashian កីឡាប្រដាល់ Floyd Mayweather និង​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន Joe Biden ជាដើម។

    ក្រុម​របស់​ពួកគេ​មាន​ចេតនា ដើម្បី​បោក​បញ្ឆោត​អ្នកប្រើប្រាស់ Twitter និង​លួច​យកលុយ Bitcoin ជាពិសេស គឺ​ខ្ចីដៃ​គណនី​បុគ្គលល្បីៗខាងលើ ឬ​ក្រុមហ៊ុនធំៗ ដើម្បី​បោក​បញ្ឆោត​អ្នកលេង Twitter តែម្ដង៕