ភ្នំពេញថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២០៖ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានរៀបចំទទួលស្វាគមន៍គណៈប្រតិភូរាជរដ្ឋាភិបាលនៅការិយាល័យកណ្តាលរបស់ខ្លួន ដើម្បីបង្ហាញនូវកន្លែងផ្តល់សេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក។
ដំណើរទស្សនកិច្ចនេះត្រូវបានដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (MPTC) និងគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ក្រសួងចំនួន ១៣ រូបផ្សេងទៀត។
ក្នុងដំណើរទស្សនកិច្ចនេះ វីង បានបង្ហាញទៅគណៈប្រតិភូពីរបៀបការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយនៃការធ្វើប្រតិបត្តិការទូតទាត់ហិរញវត្ថុតាមប្រព័ន្ធឌីជីថលដែលជួយគាំទ្រដល់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចក៏ដូចអភិបាលកិច្ចអេឡិចអេឡិចត្រូនិចដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។
ឯកឧត្តម ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ថា៖«ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរបៀបដែល វីង បានដាក់ពង្រាយការប្រើប្រាស់បច្ចេកវិទ្យាទំនើបឈានមុខគេ និងវិធីសាស្រ្តផ្សេងៗដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនតាមរយៈប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ។ ដំណោះស្រាយនៃការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលគឺជានិន្នាការសកលមួយដែលមានសារៈសំខាន់បំផុតក្នុងការលើកកម្ពស់កំណើនរួមប្រកបដោយចីរភាព ខណៈពេលដែលប្រទេសកម្ពុជាកំពុងឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល»។
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ឥឡូវនេះ វីង ដែលមានភ្នាក់ងារជាង ៧៥០០កន្លែងទូទាំងប្រទេស ត្រូវបានគេទទួលស្គាល់និងមានទំនុកចិត្តបំផុតក្នុងការផ្តល់សេវាហិរញ្ញវត្ថុចល័តនៅក្នុងទីផ្សារនៃព្រះរាជាណាចក្រហើយមានដៃគូសហការជាង ៤ ម៉ឺនពាណិជ្ជករ និងសហគ្រាសធំៗ រួមមាន៖ Mastercard, Western Union, និងMoneyGram Wechat និង Alipay ។
អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៏ថា៖ «ក្នុងនាមជាអ្នកផ្តល់សេវាធនាគារតាមទូរស័ព្ទចល័តឈានមុខគេមួយនៅកម្ពុជា យើងមានសេចក្តីរីករាយដែលប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់យើងបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គកម្ពុជាទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជានាពេលអនាគត់។ វីងកំពុងតែបន្តដំណើរជាមួយចក្ខុវិស័យក្នុងការផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបប្រកបដោយ ភាពងាយស្រួល មានការធានា និងរហ័សក្នុងការទទួលបានសេវាហិរញ្ញវត្ថុតាមទូរស័ព្ទដើម្បីធ្វើឲ្យជីវភាពប្រចាំថ្ងៃរបស់ពួកគេកាន់តែល្អប្រសើរ»។
ដោយមានអតិថិជនជាង ៥ លាននាក់ដែលភាគច្រើនមិនស្ថិតក្នុងបណ្តាញធនាគារនោះ វីង បានគាំទ្រដល់សេដ្ឋកិច្ចកម្ពុជាដោយជួយសំរួលដល់ការធ្វើប្រតិបត្តិការមានតម្លៃជិត ៩០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស តាមរយៈការធ្វើប្រតិបត្តិការជាង ១៣០ លានដង កាលពីឆ្នាំមុន។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីតបានមានប្រាសាសន៍ថា៖ «វីង តែងតែសង្កត់ធ្ងន់ទៅលើការអនុវត្តប្រកបដោយភាពលេចធ្លោ ក្នុងការខិតខំរក្សាប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាពទូទាំងអង្គភាពក៏ដូចជាពង្រឹងនិរន្តរភាពនៃការឆ្នៃប្រឌិតនៃដំណោះស្រាយហិរញ្ញវត្ថុដើម្បីបំពេញនូវតំរូវការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា»។
ក្រៅពីផ្តល់សេវាកម្មការផ្ទេរប្រាក់ ទូទាត់វិក្កបត្រ បញ្ចូលលុយទូរស័ព្ទ ដកប្រាក់ និងការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតនិងក្រៅប្រព័ន្ធអ៊ីនធឺណិតតាមរយៈប្រព័ន្ធអេកូឡូស៊ីចល័ត ដ៏រឹងមាំ វីងផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសដូចជា៖ ហ្វីលីពីន វៀតណាម ថៃ និងកូរ៉េខាងត្បូង ដែលកំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៅកម្ពុជាក៏ដូចជាជាពលករចំណាកស្រុកដែលកំពុងរស់នៅជាង ២០០ ប្រទេសនៅទូទាំងពិភពលោក។ ពួកគេទាំងនោះបានជ្រើសរើសដៃគូសហការអន្តរជាតិរបស់វីង ដើម្បីធ្វើការផ្ញើរប្រាក់មកកម្ពុជាប្រកបដោយប្រសិទ្ធភាពតាមរយៈគណនីយវីងមកកាន់សមាជិកគ្រួសាររបស់ពួកគេ៕

Author: ធឿន មករា

វីង រៀបចំទទួលស្វាគមន៍គណៈប្រតិភូរាជរដ្ឋាភិបាលដើម្បីបង្ហាញបច្ចេកវិទ្យាឈានមុខគេក្នុងការទូទាត់ប្រាក់ចំណាយ

កម្មវិធីសិក្សាថ្នាក់៣ថ្ងៃ និងថ្នាក់ចុងសប្ដាហ៍ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)
មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) បានបន្ថែមកម្មវិធីសិក្សារបស់ខ្លួន សម្រាប់ការសិក្សារយៈពេល ៣ថ្ងៃ និងចុងសប្ដាហ៍ ដើម្បីបង្កភាពងាយស្រួល និងបំពេញតម្រូវការដល់សាធារណជនឱ្យបានទូលំទូលាយសម្រាប់ការសិក្សា នៅគ្រឹះស្ថាន បណ្ដុះបណ្ដាលភាសាបរទេសរបស់ខ្លួន។
កម្មវិធីសិក្សាភាសាអង់គ្លេសនេះ ចាប់ផ្ដើមចុះឈ្មោះពីថ្ងៃនេះតទៅ នៅគ្រប់សាខាទាំង៦របស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) នៅក្នុងរាជធានីភ្នំពេញ។
កម្មវិធីសិក្សារបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ សម្រាប់ថ្នាក់៣ថ្ងៃ ត្រូវបានបែងចែកជា២វេនផ្សេងៗគ្នា។ ក្នុងនោះ វេនទី១ សិក្សានៅថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ដែលជម្រើសទី១ចាប់ពីម៉ោង៦:០០ព្រឹក រហូតដល់ម៉ោង៧:៤០នាទីព្រឹក ជម្រើសទី២ចាប់ពីម៉ោង១១:២០នាទីព្រឹក រហូតដល់ម៉ោង១:០០រសៀល និងជម្រើសចុងក្រោយចាប់ពីម៉ោង៦:០០ល្ងាច រហូតដល់ម៉ោង៧:៤០នាទីយប់ ដែលការសិក្សាមានរយៈពេល១០សប្ដាហ៍។
វេនទី២ សិក្សានៅថ្ងៃអង្គារ ថ្ងៃព្រហស្សតិ៍ និងថ្ងៃសៅរ៍ ដែលមានជម្រើសម៉ោងសិក្សា និងរយៈពេលសិក្សា ដូចវេនទី១ ដែរ។ ចំពោះកម្មវិធីសិក្សាចុងសប្ដាហ៍ ត្រូវសិក្សានៅថ្ងៃសៅរ៍ ចាប់ពីម៉ោង២:០០រសៀល ដល់ម៉ោង៥:០០ល្ងាច និងសិក្សានៅថ្ងៃអាទិត្យ ចាប់ពីម៉ោង៨:០០ព្រឹក រហូតដល់ម៉ោង១១:០០ព្រឹក ដែលសិក្សាមានរយៈពេល១០សប្ដាហ៍។
បើតាមលោក វ៉ា វណ្ណះ មន្ត្រីជាន់ខ្ពស់ផ្នែកទីផ្សារ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានឱ្យដឹងថា៖ «ការបង្កើតកម្មវិធីសិក្សានេះឡើង ក្នុងគោលបំណងផ្ដល់ឱកាសដល់មន្ត្រីរាជការ បណ្ដាបុគ្គលិកក្រុមហ៊ុន អ្នកអាជីវករ សិស្ស និស្សិត និងសាធារណជនទូទៅ ដែលមមាញឹកនិងការងារ អាចសិក្សាភាសាអង់គ្លេស តាមវេនកម្មវិធីសិក្សានីមួយៗ»។
សូមជម្រាបថា កម្មវិធីសិក្សាថ្នាក់៣ថ្ងៃ និងថ្នាក់ចុងសប្ដាហ៍នេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយបានផ្ដល់អាហារូបករណ៍រហូតដល់៥០% សម្រាប់សិស្ស និស្សិត និងសាធារណជនទូទៅដែលចុះឈ្មោះសិក្សាពីថ្ងៃនេះតទៅ។

ការប្រគំតន្ត្រីយក្សរបស់ថៃហ្គ័រ Tiger Street Football 2020 ធ្វើឲ្យកក្រើកក្រុងតាខ្មៅ
ក្រុងតាខ្មៅ៖ ការប្រគំតន្ត្រីយក្សរបស់ស្រាបៀរថៃហ្គ័រក្នុងឱកាសអបអរសាទរក្រុមជើងឯកម្ចាស់ពាន Tiger Street Football 2020 វគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស ដែលប្រារព្ធធ្វើឡើងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទី០៧-០៨ ខែមីនា ឆ្នាំ២០២០ បានធ្វើឲ្យកក្រើកក្រុងតាខ្មៅ នៅក្នុងបរិវេណទីធ្លាសួនច្បារច្រមុះជ្រូក មាត់ទន្លេក្រុងតាខ្មៅ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីវត្តមានតារាចម្រៀងល្បីជាច្រើនរូប។

ការប្រគុំតន្ត្រីយក្សរយៈពេលពីររាត្រីជាប់គ្នា ពិតជាអស្ចារ្យណាស់នាំភាពសប្បាយរីករាយជូនបងប្អូនក្នុងក្រុងតាខ្មៅ ដោយមានចូលរួមសម្តែងពីសំណាក់តារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា៖ លោក ខេមរះ សិរីមន្ត អ្នកនាង ឪក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា លោក ណុប បាយ៉ារិទ្ធ កញ្ញា សុខ សីឡាលីន លោក ហ្សូណូ លោក ខាត់ ជែមស៏ លោក នីកូ លោក Step និងកញ្ញា ឈិន ម៉ានិច្ច។
ការប្រគំតន្រ្តីដ៏កក្រើកពិសេសនេះ ដែលរៀបចំផ្តាច់មុខដោយស្រាបៀរថៃហ្គ័រ (CBL)។ ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០ មេដាយផ្នែករសជាតិ និងគុណភាព។សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.។

ពិសាដោយការទទួលខុសត្រូវ៕
Apple Store កំពុងតែខ្វះខាតគ្រឿងបន្លាស់សម្រាប់ការជួសជុលឧបករណ៍ដែលខូច
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ដែលប្រាប់ដែរថា មានហាងមួយចំនួនកំពុងតែខ្វះខាតគ្រឿងបន្លាស់មួយចំនួន សម្រាប់ការជួសជុលឧបករណ៍ដែលខូច ខណៈពេលដែលវីរុសកូរ៉ូណា កំពុងវាយលុកខ្លាំង។ Apple បានធ្វើការជូនដំណឹងដល់បុគ្គលិករបស់ខ្លួនថា គ្រឿងបន្លាស់របស់ iPhone ដែលបានបម្រុងទុកសម្រាប់ប្ដូរជូនអតិថិជន នឹងមានការខ្វះខាតនៅខែបន្ទាប់ទៅទៀតនេះហើយ។

ប្រភពដដែលបានពន្យល់ថា Apple បានប្រាប់ដល់បុគ្គលិកផ្នែកបច្ចេកទេសនៅហាងលក់រាយទាំងឡាយថា គ្រឿងបន្លាស់ iPhone សម្រាប់ប្ដូរជូនអតិថិជន នឹងមានកង្វះខាតយូរបំផុតពី 2 ទៅ 4សប្ដាហ៍។គ្រឿងបន្លាស់ iPhone ទាំងនេះ គឺ Apple ទុកសម្រាប់ប្ដូរជូនអតិថិជន នៅពេលអតិថិជនជួបបញ្ហាលើ iPhone ហើយ iPhone នោះមិនអាចជួសជុលបានុ។
ដើម្បីដោះស្រាយបញ្ហានេះ Apple បានប្រាប់ដល់បុគ្គលិកផ្នែកបច្ចេកទេសរបស់ខ្លួនថា ពួកគេអាចផ្ញើគ្រឿងបន្លាស់ iPhone សម្រាប់ប្ដូរ ទៅដល់អតិថិជន និងអាចផ្ដល់ឧបករណ៍សម្រាប់ឱ្យអតិថិជនខ្ចីប្រើប្រាស់ជាបណ្ដោះអាសន្នសិនបាន៕

អ្នកជំនាញ៖ ការជូតសម្អាតទូរស័ព្ទ ក៏ជាវិធីការពារខ្លួនពីវីរុសកូរ៉ូណាមួយដែរ
យោងតាមប្រភពពីអង្គការសុខភាពពិភពលោក(WHO)បានឱ្យដឹងថា WHO បានចេញសារាចរណែនាំដល់ប្រជាជនទូទាំងពិភពលោក ឱ្យអនុវត្តតាមចំណុច 3យ៉ាងសំខាន់ៗ ដើម្បីកាត់បន្ថយហានិភ័យក្នុងការឆ្លងវីរុស Covid-19ដូចខាងក្រោមនេះ៖
1. លាងសម្អាតដៃឱ្យបានញឹកញាប់ ដោយប្រើទឹកអាល់កុលសម្លាប់មេរោគ ឬជាមួយសាប៊ូ និងទឹកស្អាត។
2. ប្រើក្រដាសអនាម័យ ឬកែងដៃ ខ្ទប់មុខនៅពេលក្អក ឬកណ្ដាស់ រួចបោះក្រដាសចោលភ្លាមៗ និងលាងសម្អាតដៃឱ្យបានស្អាត។
3. ចៀសវាងការប៉ះពាល់អ្នកដែលមានជំងឺផ្ដាសាយ និងក្អក។យ៉ាងណាក្ដី អ្នកជំនាញបានរកឃើញថា COVID-19 អាចទំជាប់លើស្គ្រីនទូរស័ព្ទបានរហូតដល់ 1អាទិត្យឯណោះ។ អ្នកជំនាញការបានឱ្យដឹងថា វីរុសអាចរាលដាលតាមរយៈដំណក់ទឹក ដែលត្រូវបានបញ្ចេញតាមរយៈការក្អក និងកណ្តាស់ ហើយមេរោគអាចនៅរស់ និងសេសសល់នៅលើផ្ទៃទូរស័ព្ទដៃ បាន 7ថ្ងៃ។
សាស្រ្តាចារ្យ William Keevil មកពីសាកលវិទ្យាល័យ Southampton បានប្រាប់ថា “អ្នកអាចលាងដៃរបស់អ្នកបាន ប៉ុន្តែប្រសិនបើអ្នកចាប់ផ្តើមប៉ះអេក្រង់ស្មាតហ្វូនរបស់អ្នកទៀត ហើយបន្ទាប់មកយកដៃមកប៉ះមុខរបស់អ្នក វាអាចមានសក្តានុពលនៃការឆ្លងមេរោគ”។
ដើម្បីជាការទប់ស្កាត់ការចម្លងមេរោគតាមរយៈទូរស័ព្ទដៃនេះ អ្នកជំនាញការបានណែនាំឱ្យឧស្សាហ៍ជូតសម្អាតស្គ្រីនទូរស័ព្ទ ជាមួយអាល់កុលឱ្យបានយ៉ាងហោច 2ដងក្នុង 1ថ្ងៃ៕

បំណងល្អ! …បើកំពុងប្រើកម្មវិធី VPN ចូរឆាប់លុបចោលទៅ ព្រោះមានគេរកឃើញថា អ្នកដែលបង្កើតកម្មវិធីនេះមក គឺដើម្បីលួចយក Data របស់អ្នក
ប្រភពព័ត៌មាន BuzzFeed News បានផ្សព្វផ្សាយថា យ៉ាងហោចណាស់ក៏មានជាង 20កម្មវិធីដែរ ដែលក្រុមហ៊ុន Sensor Tower បានប្រើប្រាស់ដើម្បីលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់។ ក្រុមហ៊ុន Sensor Tower បានប្រើកម្មវិធីដ៏ពេញនិយមរបស់គេមានដូចជា Luna VPN និង Unlimited VPN នៅក្នុង Google Play Store ហើយ Luna VPN និង AdBlock Focus នៅក្នុង Apple App Store ដើម្បីលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់។
ក្រុមហ៊ុន Sensor Tower អាចជ្រៀតចូលក្នុងទូរស័ព្ទ ដោយតម្រូវឱ្យអ្នកប្រើប្រាស់បញ្ចូលកម្មវិធី (Root Certificate) ជាកម្មវិធីដែលគេអាចប្រើដើម្បីទាញយកទិន្នន័យ។
ចាប់តាំងពីឆ្នាំ2015 មក ក្រុមហ៊ុននេះ បានដាក់ឱ្យប្រើកម្មវិធីចំនួនប្រមាណ 20 សម្រាប់ទាំងប្រព័ន្ធប្រតិបត្តិការ Android និង iOS។
នៅពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានលុបចោលកម្មវិធី AdBlock Focus ចំណែកឯក្រុមហ៊ុន Android វិញ បានលុបចោលកម្មវិធី Mobile Data ហើយ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំដល់អ្នកប្រើប្រាស់ឱ្យលុបចោលកម្មវិធីពីក្រុមហ៊ុន Sensor Tower ព្រមទាំងកម្មវិធីណាដែលលោកអ្នកមានការសង្ស័យ ព្រោះថា អ្វីដែលគ្រោះថ្នាក់បំផុតនោះ គឺលោកអ្នកប្រហែលជាគិតថា កម្មវិធីទាំងនោះមានអត្ថប្រយោជន៍ណាស់សម្រាប់លោកអ្នក តែការពិត វាគ្រាន់តែជានុយដើម្បីទាក់លួចយកទិន្នន័យរបស់លោកអ្នកប៉ុណ្ណោះ៕

កីឡាគុនដាវ សាកលវិទ្យាល័យអាស៊ាន ឆ្នាំនេះ កម្ពុជាបានមេដាយច្រើនជាងឆ្នាំមុន
សហព័ន្ធកីឡាគុនដាវកម្ពុជា បានបញ្ជូនអត្តពលិកគុនដាវ ទៅចូលរួមប្រកួតជ្រើសរើសជើងឯកកីឡាគុនដាវសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍លើកទី4 ឆ្នាំ2020 នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី5 ដល់ថ្ងៃទី10 ខែមីនា ឆ្នាំ2020 ដោយខាងសហព័ន្ធ បានបញ្ជូនកីឡាករចំនួន 9នាក់ និងគ្រូបង្វឹក 3នាក់ទៅចូលរួម។

ជាលទ្ធផល កីឡាកររបស់កម្ពុជាទទួលបានមេដាយមាស ១គ្រឿង ប្រាក់ ១គ្រឿង និងមេដាយសំរឹទ្ធចំនួន ៣គ្រឿង ដែលមានកីឡាករ-កីឡាការិនី ដូចខាងក្រោមនេះ៖
១- កីឡាការិនី ឆាយ លីនលី ទទួលបានមេដាយមាស ១គ្រឿង សម្រាប់វិញ្ញាសានារីឯកត្តជនដាវតូច
២- កីឡាការិនី យី លីហ្សា ទទួលបានមេដាយប្រាក់ ១គ្រឿង សម្រាប់វិញ្ញាសានារីឯកត្តជនដាវតូច
៣- កីឡាការិនី សន និច ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង សម្រាប់វិញ្ញាសានារីឯកត្តជនដាវតូច និងមេដាយសំរឹទ្ធ ១គ្រឿង សម្រាប់វិញ្ញាសានារីឯកត្តជនដាវធំ
៤- កីឡាករ ថុង តាំងជីន ទទួលបានមេដាយសំរឹទ្ធ 1គ្រឿង សម្រាប់វិញ្ញាសាបុរសឯកត្តជនដាវតូច
ចំពោះការប្រកួតនេះ គឺជាលើកទី4 ហើយ ដែលសហព័ន្ធកីឡាគុនដាវកម្ពុជាបានចូលរួមប្រកួតក្នុងពានរង្វាន់មួយនេះ ដោយមានការកើនឡើងនូវចំនួនមេដាយរង្វាន់ ដោយឆ្នាំនេះកម្ពុជាទទួលបានមេដាយមាស 1គ្រឿង ខណៈឆ្នាំមុនមិនទទួលបានមេដាយមាសឡើយ។ គួរបញ្ជាក់ដែរថា ចំនួនកីឡាករ កីឡាការិនីចូលរួមលើកនេះមានការថយចុះ ដោយមានប្រទេសតែ6 ប៉ុណ្ណោះចូលរួមប្រកួត គឺដោយសារតែជំងឺ COVID-19 ដែលកំពុងរាតត្បាតនៅទូទាំងពិភពលោកហ្នឹងឯង៕


ឥណ្ឌូនេស៊ី ផ្តល់សញ្ជាតិដល់កីឡាករបរទេសម្នាក់ ដើម្បីត្រៀមជួយក្រុមក្នុងវគ្គជម្រុះ World Cup
កីឡាករ Marc Klok គឺជាខ្សែបម្រើបរទេសមួយរូប ដែលលេងនៅក្លិប Persija Jakarta លីកកំពូលឥណ្ឌូនេស៊ី បានទទួលសញ្ជាតិឥណ្ឌូនេស៊ី ដោយរូបគេនឹងត្រូវបានក្លាយជាកីឡាករជនបរទេសមួយរូបថ្មីទៀត ដែលបានចូលសញ្ជាតិឥណ្ឌូនេស៊ី។
កីឡាករមានវ័យ 26ឆ្នាំ ដែលលេងក្នុងតំណែងខ្សែបម្រើការពារខាងលើនេះ មានដើមកំណើតសញ្ជាតិដើម ហូឡង់ ខណៈរូបគេទើបតែឈានជើងមកស្គាល់ទឹកដីឥណ្ឌូនេស៊ីកាលពីឆ្នាំ2017 មកទល់ពេលបច្ចុប្បន្នប៉ុណ្ណោះ តែក៏បានស្នើសុំចូលសញ្ជាតិតែម្តង ហើយក៏បានសម្រេចដូចបំណងទៀតផង។ យោងតាមអ្នកនាំពាក្យរបស់ក្រសួងយុវជន និងកីឡា នៃប្រទេសឥណ្ឌូនេស៊ី បានឱ្យដឹងថា សម្រាប់ Marc Klok ពេលនេះ គឺមានសិទ្ធិជាពលរដ្ឋឥណ្ឌូនេស៊ីពេញលេញ ចំណែកឯការកោះហៅចូលលេងឱ្យក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅតែរង់ចាំការសម្រេចអនុញ្ញាតជាលើកចុងក្រោយពីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) តែប៉ុណ្ណោះ។

វាហាក់ជារឿងគាប់ជួនមួយ ដែលកីឡាកររូបនេះបានទទួលសញ្ជាតិឥណ្ឌូនេស៊ី ខណៈដែលក្រុមជម្រើសជាតិមួយនេះ កំពុងធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ដោយសារមិនទាន់ស្គាល់រសជាតិឈ្នះ ឬស្មើម្តងឡើយចាប់តាំងពីខែតុលា ឆ្នាំ2019 មកទល់នឹងពេលនេះ ដោយក្នុងនោះការប្រកួតវគ្គជម្រុះ World Cup មិនទាន់មានពិន្ទុរាប់នឹងគេនៅឡើយ៕



