បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល រាជរដ្ឋាភិបាលបានសម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ19។


បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល រាជរដ្ឋាភិបាលបានសម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ19។


ដោយសារតែខណៈនេះ នៅមិនទាន់មានវ៉ាក់សាំងការពារមេរោគវីរុស COVID-19 ដ៏សាហាវមួយនេះ និងថែមទាំងមិនទាន់អាចគ្រប់គ្រងការឆ្លងរាលដាលបានទៀតនោះ មានវិធីទប់ទល់តែមួយគត់ ដែលយើងអាចការពារខ្លួនបាន គឺជំរុញ បង្កើន និងពង្រឹងប្រព័ន្ធការពាររាងកាយដើម្បីការពារការឆ្លងមេរោគ និងបំផ្លាញក្រោយពេលបានទទួលមេរោគហើយឱ្យកាន់តែឆាប់រហ័សឡើង មិនឱ្យមានអាការធ្ងន់ធ្ងរដល់ជីវិត នោះគឺការទទួលទានវីតាមីន និងសារធាតុអាហារដែលមានចំណែកជួយបង្កើន និងសាងប្រព័ន្ធការពាររាងកាយរបស់យើង ដែលមានដូចជា៖
1.វីតាមីនC (Vitamin C) មានប្រយោជន៍ចំពោះរាងកាយមនុស្សច្រើនផ្នែក រួមទាំងការបង្កើនភាពរឹងមាំរបស់ប្រព័ន្ធប្រឆាំងនឹងជំងឺឆ្លងទៀតផង។ អ្នកដែលមានកម្រិតវីតាមីន C ក្នុងរាងកាយខ្ពស់ នឹងឆាប់ជាសះស្បើយពីជំងឺគ្រុនផ្ដាសាយ និងការឆ្លងមេរោគបានលឿនជាងអ្នកដែលមិនបានទទួលវីតាមីន C បន្ថែម។ វីតាមីន C មានច្រើននៅក្នុងផ្លែឈើស្រស់ និងបន្លែមួយចំនួន ដូចជា ក្រូចឆ្មារ បន្លែប្រូខូលី(ផ្កាខាត់ណាពណ៌ខៀវ) ស្ពៃក្ដោប ប៉េងប៉ោះ ផ្លែស្វាយ និងផ្លែត្របែក។

2. មើមខ្ទឹមស (Garlic) គុណសម្បត្តិរបស់សារធាតុ អាល់លីស៊ីន(Allicin) ក្នុងខ្ទឹមស អាចប្រឆាំងមេរោគបាក់តេរី មេរោគវីរុស និងមេរោគជាច្រើនទៀត និងថែមទាំងជួយប្រព័ន្ធឈាមរត់ដំណើរការបានល្អ និងជួយឱ្យគ្រាប់ឈាមសធ្វើការយ៉ាងមានប្រសិទ្ធភាព។ អ្នកទទួលទានខ្ទឹមសជាប្រចាំ នឹងមិនសូវឈឺថ្កាត់ និងឆាប់ជាសះស្បើយពីជំងឺឆ្លងដោយមេរោគទៀតផង។
3. អេខៃណាសៀ(Echinacea) ជារុក្ខជាតិឱសថបុរាណមួយប្រភេទដែលជួយស្ដារប្រព័ន្ធការពាររាងកាយ និងប្រឆាំងជំងឺ។ តាមរយៈការស្រាវជ្រាវ បានរកឃើញថា ឱសថបុរាណអេខៃណាសៀ មានគុណសម្បត្តិជួយទប់ស្កាត់មេរោគបាក់តេរី វីរុស និងមេរោគផ្សិត និងជាអ្នកស្ទាក់ចាប់ និងកម្ទេចមេរោគដំបូងគេនៅពេលមេរោគចូលមកក្នុងរាងកាយ។
ទោះជាមេរោគមានគ្រោះថ្នាក់ខ្លាំងប៉ុនណាក៏ដោយ តែបើយើងបានត្រៀមរាងកាយឱ្យរឹងប៉ឹងជាប់ជានិច្ច នោះនឹងធ្វើឱ្យភាពប្រថុយប្រថានក្នុងការឆ្លងជំងឺ ថយចុះ និងកាត់បន្ថយភាពធ្ងន់ធ្ងរក្នុងការឆ្លងមេរោគបានទៀតផង៕
ប្រភព ៖ សារព័ត៌មានបរទេស

តាមរយៈស្ថានការណ៍ការឆ្លងរាលដាលនៃវីរុស COVID-19 ដ៏មហាគ្រោះថ្នាក់ដែលកំពុងរាតត្បាតស្ទើរតែពាសពេញពិភពលោកក្នុងខណៈពេលនេះ ធ្វើឱ្យយើងមានការភិតភ័យ និងព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសនៅក្នុងប្រទេសកម្ពុជាយើងដែលបានរកឃើញមានអ្នកឆ្លងមេរោគកំណាចនេះផងដែរ។ ឥឡូវយើងនាំគ្នាមកមើល ថាតើបុគ្គលស្ថិតក្នុងក្រុមណាខ្លះដែលគួរតែទៅពិនិត្យរកមេរោគវីរុស COVID-19 និងតើត្រូវទៅពិនិត្យរកមេរោគវីរុសកំណាចនេះនៅពេលណា?
ក្រុមមនុស្សដែលគួរតែទៅពិនិត្យរកវីរុស COVID-19
ក្រុមទី2 គឺប្រជាជនទូទៅដែលគ្មានភាពប្រថុយប្រថានក្នុងការឆ្លងមេរោគ។ ក្រុមនេះមិនចាំបាច់ត្រូវពិនិត្យរកមេរោគទេ…តែបើដឹងថាខ្លួនឯងមានភាពប្រថុយប្រថានក្នុងការឆ្លងមេរោគ(ដោយសារបានប៉ះពាល់អ្នកឆ្លងមេរោគ-ល-) និងមិនទាន់មានចេញអាការជំងឺ ចូរបង្ខាំងខ្លួនឯងនៅដាច់ដោយឡែក ដើម្បីសង្កេតមើលអាការរយៈពេល14ថ្ងៃ បើសិនគ្មានអាការឈឺថ្កាត់អ្វីទេនោះ ក៏មិនចាំបាច់ទៅពិនិត្យរកមេរោគដែរ៕

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី17 ខែមីនា ឆ្នាំ2020នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃនេះដល់ថ្ងៃទី23 ខែមីនា ឆ្នាំ 2020។
ក្រសួងបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា កម្រិតសម្ពាធទាបនៅលើផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈកម្ពស់ គ្របដណ្តប់លើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ ធាតុអាកាសបន្តក្តៅនៅពេលថ្ងៃ៖
1. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី 26-27°C
– សីតុណ្ហភាពអតិបរមា មានពី 37-39°C អាចមានភ្លៀងធ្លាក់ខ្សោយនៅផ្នែកខ្លះ ដោយឡែកនៅថ្ងៃទី 18-21 ខែមីនា ផ្នែកមួយចំនួននៃខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ប៉ៃលិន បាត់ដំបង និងខេត្តព្រះវិហារ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម ជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
2. បណ្តាខេត្តនៅខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី 26-28°C
– សីតុណ្ហភាពអតិបរមា មានពី 34-36°C ។
3. បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី 26-28°C
– សីតុណ្ហភាពអតិបរមា មានពី 35-37°C ។
ចាប់ពីថ្ងៃទី 17-23 ខែមីនា នឹងអាចមានភ្លៀងខ្សោយ ដោយឡែកតែ ខេត្តកោះកុង នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម ។
ក្រសួងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាពចំពោះការកើនឡើងនៃកម្តៅ និងសូមបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបណ្តាខេត្តនៅភាគពាយ័ព្យ ចាប់ពីថ្ងៃទី 18-21 ខែមីនា៕

សូមគោរពនូវទឹកចិត្តគោរពស្រលាញ់របស់ថ្នាក់ដឹកនាំ ISUZU
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន Tri Petch Isuzu ប្រចាំនៅកម្ពុជា ដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រមហ៊ុន លោក ព្រាប សុវត្តិ ទូតសុឆន្ទៈប្រចាំISUZU និង សហការី ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយដង្វាយជា អង្ករ ចំនួន 10 តោន និង រថយន្តភីក អាប់ ISUZU D-Max 1គ្រឿង នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំងដើម្បីចូលរួមដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្ដុង្តឧត្ដមជាប្រវត្តិសាស្ត្រ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការជួយសម្រាលទុក្ខលំបាកដល់ប្រជានុរាស្រ្តក្រីក្ររបស់ព្រះអង្គទូទាំងប្រទេស នាវេលាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។
សូមអរគុណសម្រាប់ទឹកចិត្តគោរព ស្រលាញ់ ប្រជាជនខ្មែរ និងតែងតែជួយ ចូលរួមគ្រប់សកម្មភាពមនុស្សធម៌មកកាន់កម្ពុជា។
សូមទស្សនាវីឌីអូខាងក្រោម

អ្នកណាថាសម្រស់មិនសំខាន់? សម្រស់គឺសំខាន់ខ្លាំងណាស់ ហើយសម្រស់បបូរមាត់របស់នារីៗទាំងអស់ ក៏សំខាន់ណាស់ដែរ បើបុរសៗក្រឡេកឃើញបបូរមាត់ដ៏ទន់រលោង ពណ៌ស៊ីជម្ពូរបស់អ្នក ទោះជាពណ៌សម្បុររបស់អ្នកមិនជាសស្អាតក៏ដោយ ក៏ជាចំណុចដ៏ទាក់ទាញមួយរបស់នារីៗយើងផងដែរ។ បបូរមាត់ដ៏ទាក់ទាញគួរឱ្យចង់ថើប ជាផ្នែកមួយនៃមន្តស្នេហ៍របស់នារីសម័យថ្មី ដូច្នេះអ្នកគួរតែចេះយកវាមកធ្វើជាប្រយោជន៍ ដើម្បីបង្កើននូវមន្តស្នេហ៍ និងភាពស្រស់ស្អាតរបស់អ្នកឱ្យកាន់តែមានអត្ថន័យឡើងថែមមួយកម្រិតទៀត។ អូខេ! មកមើលបន្តិចទៅមើល៍ថា តើដើម្បីឱ្យបបូរមាត់របស់អ្នកក្លាយជាបបូរមាត់ដែលគួរឱ្យស្រឡាញ់នោះ ត្រូវធ្វើដូចម្តេចខ្លះ? សូមបន្តអានអត្ថបទខាងក្រោមនេះ៖
1. ការពារគឺជាកូនសោសំខាន់ : បបូរមាត់របស់អ្នកមានស្រទាប់ស្បែកខាងលើស្តើងខ្លាំងណាស់ ដូច្នេះវាជារឿងសំខាន់ណាស់ដែលអ្នកត្រូវការពារវាឱ្យបានល្អពីកម្តៅថ្ងៃ។ ចូរប្រើផលិតផលលាបលើបបូរមាត់ណាដែលមានជាតិ SPF, UVA, UVB ជាប្រចាំ។ ទុកដាក់វានៅក្បែរដៃចៀសវាងការភ្លេច ហើយបើអ្នកត្រូវធ្វើដំណើរកម្សាន្តទៀតនោះ គួរតែដាក់វាក្នុងកាបូបស្ពាយជាប់ខ្លួនរបស់អ្នក។
2. រក្សាសំណើមបបូរមាត់ជានិច្ច : បបូរមាត់នឹងឡើងស្ងួតប្រេះបែក ប្រសិនបើអ្នកមិនបានបំពេញជាតិទឹកឱ្យបានគ្រប់គ្រាន់ ដូច្នេះមិនថាអ្នកទៅដល់ទីណានោះទេ ទឹកត្រូវតែនៅជាមួយអ្នកជានិច្ច ហើយអ្នកត្រូវទទួលទានទឹកឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីផ្តល់នូវជាតិសំណើមដល់រាងកាយរបស់អ្នក ក៏ដូចជាបបូរមាត់របស់អ្នកផងដែរ។
3. កុំលិតបបូរមាត់ : ការលិតបបូរមាត់មិនមែនជាវិធីផ្តល់សំណើមនោះទេ តែវានឹងកាន់តែធ្វើឱ្យបបូរមាត់របស់អ្នកស្ងួតទៅៗម្តងបន្តិច។ ជំនួសដោយការប្រើអណ្តាតលិតបបូរមាត់ អ្នកគួរតែព្យាយាមលាបផលិតផលដូចដែលបានជម្រាបជូនខាងលើឱ្យបានញឹកញាប់វិញប្រសើរជាង។
4. ផ្តល់វីតាមីនដល់បបូរមាត់ : ជឿឬទេដែលថាកង្វះវីតាមីនធ្វើឱ្យប៉ះពាល់ដល់រាងកាយ ទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ? ហើយវាក៏នាំឱ្យបបូរមាត់ប្រេះបែកផងដែរ។ត្រូវប្រាកដក្នុងចិត្តថា អាហារដែលអ្នកទទួលទានជាអាហារដែលមានប្រយោជន៍ចំពោះសុខភាព ហើយក៏កុំភ្លេចដាក់បញ្ចូលវីតាមីនចម្រុះដូចជា វីតាមីន B, C, E… ផងដែរ។
5. ទទួលទានអាហារល្អៗ : ពេលធ្វើដំណើរកម្សាន្តអ្នកពិតជាមានជម្រើសច្រើនណាស់ក្នុងការភ្លក្សអាហារផ្សេងៗតាមតំបន់ ប៉ុន្តែសូមកុំភ្លេចថា អាហារមួយចំនួនដែលមានផ្ទុកអាស៊ីតខ្លាញ់ និងអាហារមួយចំនួនទៀតដូចជា ផ្លែឈើ បន្លែ ត្រី ធញ្ញជាតិ និងប្រេងអូលីវជាដើម គឺជាអាហារដ៏សំខាន់សម្រាប់អ្នកដែលមានបបូរមាត់ស្ងួតប្រេះបែកដូចជារូបអ្នក ដើម្បីជួយឱ្យសុខភាពស្បែកត្រងបបូរមាត់របស់អ្នកប្រែមកជាមានសភាពស្រស់ថ្លា និងមានសំណើមគួរជាទីពេញចិត្តវិញ។
អនុវត្តតាមវិធីងាយៗខាងលើ នោះអ្នកនឹងទទួលបាននូវបបូរមាត់ដែលទន់រលោង មានសុខភាពល្អគួរឱ្យចង់ថើប និងទាក់ទាញដូចបំណងជាមិនខាន៕

បច្ចុប្បន្ននេះ ការធ្វើការងាររបស់មនុស្សកំពុងវិវឌ្ឍទៅរកចំណុចកាន់តែខ្លាំង តែក្នុងនោះក៏ទាមទារឱ្យមានការអភិវឌ្ឍសមត្ថភាពកាន់តែខ្លាំងផងដែរដើម្បីដើរឱ្យទាន់របត់នៃភាពកាន់តែសាំញ៉ាំ និងចូលក្នុងចំណោមមនុស្សឆ្លាតវៃដែលមានចំនួនកាន់តែច្រើនលើពិភពលោក។ នាយុគសម័យថ្មីនេះ បើទោះបីជាយើងមិនប្រែប្រួល ឬរក្សាលំនឹងប្រចាំថ្ងៃក៏ដោយក៏មានន័យថាយើងកំពុងដើរថយក្រោយដែរ ព្រោះមនុស្សទាំងអស់កំពុងតែដើរទៅមុខយ៉ាងលឿន។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកជំនាញផ្នែកចិត្តសាស្រ្តលោកបណ្ឌិត Travis Bradberry សហអ្នកនិពន្ធនៃស្នាដៃ ភាពឆ្លាតខាងអារម្មណ៍ 2.0 (Emotional Intelligence 2.0) បានបញ្ជាក់នៅក្នុងណែនាំថាក្នុងតាមការសង្កេត និងស្រាវជ្រាវ នាយុគសម័យថ្មីនេះក្នុងចំណោមបុគ្គលដែលមានប្រសិទ្ធភាពខ្ពស់ និងធ្វើការងារល្អបំផុតទាំងអស់ មាន90% ហើយដែលជាមនុស្សដែលមានភាពវៃឆ្លាតខាងអារម្មណ៍ (EQ)។
ហេតុនេះអ្វីដែលមនុស្សត្រូវតែព្យាយាមអភិវឌ្ឍនៅក្នុងឆ្នាំ 2020នេះ គឺសមត្ថភាពមួយចំនួនដែលជាផ្នែកនៃភាពវៃឆ្លាតខាងអារម្មណ៍ (EQ) ដើម្បីក្លាយជាមនុស្សដែលមានសមត្ថភាពខ្ពស់ (High Performance) នៅក្នុងការធ្វើការងារ ក៏ដូចជាការធ្វើអាជីវកម្មជាដើម។
លោកបណ្ឌិតណែនាំថា ក្នុងចំណោមមនុស្សទាំងអស់ដែលកំពុងធ្វើការងារ និងរស់នៅប្រចាំថ្ងៃ មានភាគរយតិចណាស់ដែលសម្រេចគោលដៅជីវិត និងក្លាយជាមនុស្សដែលមានការអភិវឌ្ឍលឿន ព្រោះមនុស្សជាច្រើនមិនទាន់មានវិន័យខ្លួនឯងបានល្អ គ្រប់គ្រងពេលវេលាមិនបានល្អ និងបណ្តែតបណ្តោយជីវិតឱ្យក្លាយជាមនុស្សដែលផ្តេកផ្តួលជាមួយនឹងភាពងាយស្រួលជាដើម។
ជាដំណោះស្រាយ មនុស្សគួរអភិវឌ្ឍសមត្ថភាពនៃភាពឆ្លាតវៃផ្នែកអារម្មណ៍ ដើម្បីគ្រប់គ្រងឱ្យបានល្អនូវចរិតលក្ខណៈផ្ទាល់ខ្លួន គ្រប់គ្រងផលប៉ះពាល់នៃវិបត្តិសង្គមចំពោះជិវិត និងបង្កើនការសម្រេចចិត្តឱ្យបានល្អឆ្ពោះទៅរកការអភិវឌ្ឍជីវិតប្រកបដោយភាពវិជ្ជមាន។ ជំនាញដែលមនុស្សត្រូវការ និងគួរមាននៅក្នុងខ្លួនមានដូចជា៖
1. ជំនាញគ្រប់គ្រងខ្លួនឯង (Personal Competence)
ជំនាញនេះជាជំនាញដែលអាចធ្វើឱ្យយើងក្លាយជាមនុស្សឯករាជ្យម្ចាស់ការលើខ្លួនឯង ដោយមិនចាំបាច់រស់នៅពឹងពាក់តែលើការជំរុញទឹកចិត្ត ឬការដឹកនាំពីអ្នកដទៃ។ អ្នកដែលមានជំនាញនេះគឺជាអ្នកដែលមានសតិ ឬជាអ្នកដែលស្គាល់ពីខ្លួនឯងបានល្អ (self-awareness) យល់ពីចិត្តរបស់ខ្លួនឯង និងដឹងពីចំណុចខ្វះខាតដែលត្រូវអភិវឌ្ឍបន្ថែម។ ក្រោយពេលស្គាល់ពីសមត្ថភាពហើយ អ្វីដែលចាំបាច់គឺយកព័ត៌មានដែលមាននៅក្នុងខ្លួននោះទៅបង្កើតជាវិធីសាស្រ្តដើម្បីគ្រប់គ្រងដំណើរជីវិត (Self-Management) ឱ្យកាន់តែប្រសើរ។ ការគ្រប់គ្រងខ្លួនឯងនៅទីនេះគឺសំដៅដល់សមត្ថភាពក្នុងការប្រើប្រាស់សតិដែលដឹងពីស្ថានភាពអារម្មណ៍ ភាពខ្លាំង និងភាពខ្សោយ ដើម្បីប្រើប្រាស់ក្នុងការហាត់ពុតចរិតលក្ខណៈឱ្យក្លាយជាមនុស្សវិជ្ជមាន។
2. ជំនាញទំនាក់ទំនងសង្គម (Social Competence)
ជំនាញនេះជាផ្នែកយ៉ាងសំខាន់ដែលធ្វើឱ្យយើងក្លាយជាមនុស្សដែលបង្ហាញខ្លួនបានល្អនៅក្នុងសង្គម និងយល់ពីមនុស្សទូទៅនៅក្នុងសង្គមបានល្អ (Social Awareness)។ វាជាសមត្ថភាពក្នុងការស្គាល់មនុស្សទូទៅ និងដឹងពីអ្វីដែលមនុស្សចង់បាន។ ប្រសិនបើយើងមានសមត្ថភាពនេះ ទោះបីជាយើងមិនមានសមត្ថភាពវិជ្ជាជីវៈខ្ពស់ ក៏យើងអាចប្រមូលមនុស្សខ្លាំងៗផ្នែកវិជ្ជាជីវៈឱ្យធ្វើការងារជាមួយយើងបានយ៉ាងរលូន។
បន្ថែមពីលើនេះមនុស្សដែលមានសមត្ថភាពផ្នែកទំនាក់ទំនងសង្គមខ្ពស់ ជាមនុស្សដែលអាចគ្រប់គ្រងទំនាក់ទំនងបានល្អ ដែលធ្វើឱ្យគេក្លាយជាមនុស្សដែលមនុស្សជុំវិញខ្លួនគោរពស្រឡាញ់ និងតែងតែទទួលបានជំនួយនៅពេលពួកគេត្រូវការ។
3. ជំនាញគ្រប់គ្រងពេលវេលា (Time Management)
ជំនាញនេះជាជំនាញសំខាន់ និងជាអ្វីដែលមនុស្សជាច្រើនបានដឹង តែមិនព្រមអនុវត្ត។ មានមនុស្សជាច្រើនចាប់ផ្តើមអង្គុយស្តាយពេលវេលាដែលកន្លងហួស ខណៈមនុស្សជាច្រើនផ្សេងទៀតកំពុងយល់ថាការគ្រប់គ្រងពេលវេលាជារឿងសំខាន់សម្រាប់ជីវិត។ ហេតុនេះហើយទើបទិន្នន័យពីក្រុមហ៊ុន Google បង្ហាញថា ក្នុងមួយខែ មានអ្នកស្វែងរក (search) អំពីការគ្រប់គ្រងពេលវេលារហូតដល់ទៅប្រហែល 111លានដង។
បច្ចុប្បន្ននេះមានមនុស្សមិនច្រើនទេដែលអាចចេញផុតពីភាពក្រីក្រ ចេញពីភាពជាបុគ្គលិកធម្មតាមកក្លាយជាអ្នកគ្រប់គ្រងផ្នែកសំខាន់ក្នុងស្ថាប័ន និងក្លាយជាមនុស្សដែលមានសុភមង្គលខ្ពស់ក្នុងក្រុមគ្រួសារ។ អ្នកទាំងអស់នោះត្រូវបានគេមើលឃើញថាជាមនុស្សដែលមានសមត្ថភាពវិជ្ជាជីវៈខ្ពស់ តែអ្វីដែលជាស្ថានភាពពិតប្រាកដនោះ គឺពួកគេស្ទើរតែទាំងអស់ជាមនុស្សដែលអាចប្រើប្រាស់ពេលវេលា 24ម៉ោងប្រកបដោយប្រសិទ្ធភាព ខណៈមនុស្សជាច្រើនទៀតបណ្តែតបណ្តោយពេលវេលានោះឱ្យកន្លងហួសជាមួយនឹងភាពអសកម្ម។
4. ការដោះស្រាយបញ្ហាបានល្អ (Making Great Decisions)
ជំនាញនេះជាជំនាញដែលត្រូវបានគេបញ្ជាក់ជាទូទៅថាជាជំនាញសម្រាប់សវត្សទី21 ព្រោះជំនាញនេះមានតែមនុស្សទេដែលអាចធ្វើបាន។ ម៉ាស៊ីនមិនចេះដោះស្រាយបញ្ហាទេ ហើយការដោះស្រាយបញ្ហានេះក៏ជាជំនាញដែលគ្រប់ស្ថាប័នទាំងអស់ត្រូវការ ព្រោះគ្រប់ការងារទាំងអស់ត្រូវតែឆ្លងកាត់បញ្ហា ទាំងបញ្ហាក្នុងក្រុមការងារ បញ្ហាដែលជាតម្រូវការចំពោះមុខ បញ្ហាសង្គម ឬវិបត្តិនានាដែលកើតឡើងភ្លាមៗ សុទ្ធតែត្រូវការមេដឹកនាំដែលមានគំនិតស៊ីជម្រៅដើម្បីទៅដោះស្រាយ។
5. ជំនាញក្នុងការធ្វើបទបង្ហាញ (Outstanding Presentation)
ជាការពិតណាស់ជំនាញនេះមិនមែនត្រូវការតែក្នុងឆ្នាំ 2020ទេ ព្រោះវាមានតម្រូវការយូរហើយ តែទោះជាយ៉ាងនេះក្តីអ្នកជំនាញបញ្ជាក់ថាវានៅតែត្រូវការរហូតមកដល់បច្ចុប្បន្ន និងអនាគត។
សមត្ថភាពក្នុងការធ្វើបទបង្ហាញជាសមត្ថភាពពិសេសមួយក្នុងការបញ្ចេញនូវសមត្ថភាពរបស់ខ្លួនឯងផ្ទាល់ និងក្រុមការងារ។ ជាក់ស្តែងប្រសិនបើយើងជាមនុស្សខ្លាំង មានភាពច្នៃប្រឌិតខ្ពស់ តែបែរជាមិនចេះបង្ហាញក្រុមការងារ និងមនុស្សទូទៅឱ្យយល់ទេ ភាពច្នៃប្រឌិត និងគំនិងល្អនោះ ប្រហែលជាមិនអាចត្រូវបានគេអនុវត្តជាប្រយោជន៍កើតនោះទេ។ ងាកមកក្រុមការងារក៏ដូចគ្នា ប្រសិនបើយើងមិនចេះធ្វើបទបង្ហាញទេ ទោះក្រុមការងារធ្វើការបានល្អប៉ុណ្ណាក៏ដោយ ក៏ក្រុមនោះមិនត្រូវបានគេយកចិត្តទុកដាក់ដែរ ព្រោះយើងមិនមានវិធីក្នុងការធ្វើឱ្យគេយល់ពីអ្វីដែលយើងកំពុងធ្វើ៕

បើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំក្រុមកីឡាករសញ្ជាតិព័រទុយហ្គាល់ បានឱ្យដឹងថា Christiano Ronaldo សព្វថ្ងៃកំពុងតែស្នាក់នៅលើកោះ Madeira នាស្រុកកំណើតជាមួយក្រុមគ្រួសាររបស់គេ ក្រោយបានលទ្ធផលតេស្ត COVID-19 ហើយ ដោយលទ្ធផលអវិជ្ជមាន (គ្មានផ្ទុក COVID-19 )។
រូបគេមិនមានសញ្ញាណាមួយបង្ហាញថា បានឆ្លង ឬរកឃើញមេរោគអ្វីឡើយនាពេលនេះ ក៏ប៉ុន្តែត្រូវនៅបន្ដតាមដានទៀតដែរ។ ការបន្ដតាមដាននេះ គឺធ្វើតាមអ្វីដែលក្លិប Juventus បានដាក់ចេញ ដោយបុគ្គលិកក្លិបទាំងអស់ចំនួន 121នាក់ត្រូវស្ថិតនៅដោយឡែកសិន ដើម្បីតាមដានថា មានឆ្លងមេរោគ Covid-19 ឬអត់?។
គួរបញ្ជាក់ដែរថា នៅប្រទេសអ៊ីតាលី ដែលកីឡាកររូបនេះបានប្រកបអាជីព បានក្លាយជាប្រទេសដែលកំពុងទទួលរងការគំរាមកំហែងខ្លាំងជាងគេបំផុតពីមេរោគមរណៈមួយនេះ រួមទាំងកីឡាករបាល់ទាត់ផងដែរ ដោយបានធ្វើឱ្យលីកបាល់ទាត់របស់ប្រទេសនេះផ្អាកការប្រកួតទាំងអស់ជាបណ្តោះអាសន្ន៕

លោក Ronaldinho កាលពីពេលថ្មីៗនេះ បានជួយក្រុមបាល់ទាត់របស់ខ្លួនឱ្យឈ្នះពានរង្វាន់បាល់ទាត់ក្នុងគុក របស់ប្រទេសប៉ារ៉ាហ្គាយ។ ក្នុងការប្រកួតពានរង្វាន់មួយនេះ ក្រុមរបស់គេបានយកឈ្នះគូប្រកួត ក្នុងលទ្ធផល 11ទល់នឹង 2។ ដោយគ្រាប់បាល់ទាំងអស់សុទ្ធតែទទួលបានដោយសាររូបគេទាំងអស់ ក្នុងនោះរូបគេបានស៊ុតបញ្ចូលទីបាន 5គ្រាប់ និង Assist បាន 6គ្រាប់។
កីឡាករ Ronaldinho រូបនេះ មាននប្រវត្តិធ្លាប់លេងឱ្យក្លិបបាល់ទាត់ល្បីៗជាច្រើននៅជុំវិញពិភពលោកដូចជា Paris Saint-Germain, Bacelona, AC Milan, ជម្រើសជាតិប្រស៊ីល ដោយធ្លាប់ឈ្នះពានជាហូរហែក្នុងអាជីពរបស់គេ៕
គួររំឭកដែរថា កីឡាករ Ronaldinho ត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្នុងគុកមួយកន្លែង ក្រោយពីរូបគេបានប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយចូលប្រទេសប៉ារ៉ាហ្គាយ៕

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធជួយសម្រួលការដឹកជញ្ជូនវត្ថុធាតុដើមពីប្រទេសចិន ដើម្បីយកមកផ្គត់ផ្គងរោងចក្រកាត់ដេរ នៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែលឿន កាន់តែល្អ ខណៈកប៉ាល់ដឹកជញ្ជូនវត្ថុធាតុដើមមកពីចិនបានមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់តាំងពីដើមសប្ដាហ៍កន្លងទៅ។
សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី10 ខែមីនា ឆ្នាំ2020 បានឱ្យដឹងថា រដ្ឋាភិបាលចិនបាន ផ្តល់កប៉ាល់ ចំនួន 7គ្រឿង ជាមធ្យោបាយដឹកជញ្ជូនវត្ថុធាតុដើមមកកាន់កម្ពុជា ខណៈដែលយប់ថ្ងៃទី 9 ខែមីនា កប៉ាល់ដឹកទំនិញដែលជាវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតកម្មនៅកម្ពុជាបានមកដល់កំពង់ផែក្រុងព្រះសីហនុដោយផ្ទុកទំនិញចំនួនជាង 60កុងតឺន័រ។
សម្ដេចតេជោ បានថ្លែងថា៖“កប៉ាល់ចំនួន7 ដែលដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ដល់ចង្វាក់ផលិតកម្មរោងចក្រនៅកម្ពុជា មានចំនួន5 បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ហើយកប៉ាល់ចំនួន 2ទៀត នឹងចូលចតនៅកំពង់ផែហូជីមិញ សម្រាប់ផ្គត់ផ្គង់ដល់ចង្វាក់ផលិតកម្មរោងចក្រដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ដែលមានកម្មករសរុបប្រមាណ 31,000នាក់ និងរោងចក្រស្ថិតនៅក្នុងខេត្តកំពង់ចាម មានចំនួនកម្មករសរុប ចំនួនជាង 4,000នាក់ ដែលរោងចក្រទាំងនេះ ភាគច្រើនផលិតសម្ភារពេទ្យ”។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមថា សម្រាប់កប៉ាល់ទាំង 7គ្រឿងនេះ នឹងដឹកជញ្ជូនវត្ថុធាតុដើម សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រកាត់ដេរនៅកម្ពុជា ជាបន្តបន្ទាប់ក្នុងរង្វិលជុំ។ ដោយឡែក នៅពេលដែលវត្ថុធាតុដើមចូលមកដល់កំពង់ផែ មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរត្រូវជួយសម្រួលក្នុងការដឹកជញ្ជូនចូលរោងចក្រ បើក្នុងលក្ខខណ្ឌចាំបាច់ ត្រូវដឹកជញ្ជូននៅពេលថ្ងៃ អាចប្រើរថយន្តស៊ីរ៉ែនបើកផ្លូវតែម្ដង សំដៅដល់ការធានា និងជំរុញចង្វាក់ផលិតកម្មរបស់រោងចក្រ។ ពិសេសខាងកំពង់ផែ និងគយ ត្រូវធ្វើយ៉ាងណាសម្រួលដល់ការដឹកជញ្ជូនឱ្យដល់រោងចក្រឱ្យបានឆាប់រហ័សបំផុត។
ក្រុមហ៊ុនដឹកជញ្ជូន SITC CONTAINER LINES CAMBODIA, ក្រុមហ៊ុនដឹកជញ្ជូន COSCO SHIPPING/RCL, ក្រុមហ៊ុនដឹកជញ្ជូនOriental Overseas Container Line, ក្រុមហ៊ុនដឹកជញ្ជូន SINOTRANS / RCL និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀត បានសហការរួមគ្នាជាកម្លាំង ធានាបាននូវកិច្ចការដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរដោយអស់ពីលទ្ធភាព ដើម្បីសម្រួលដល់ការដឹកជញ្ជូនវត្ថុធាតុដើមច្រើនជាងគេ មកកាន់កំពង់ផែក្នុងសប្តាហ៍នេះ។
ក្នុងនោះ ក្រុមហ៊ុនSITC ដែលបានដឹកជញ្ជូនវត្ថុធាតុដើមជាង 60កុងតឺន័របានមកដល់កំពង់ផែខេត្តព្រះសីហនុមុនគេបង្អស់នៅថ្ងៃចន្ទ ទី9 ខែមីនា។ រីឯភាគីកំពង់ផែវិញ បានជួយសម្រួលការចូលចតនៃកប៉ាល់ដឹកវត្តុធាតុដើមទាំងនោះក្នុងកំពង់ផែ ជួយលើកកម្ពស់អត្រាប្រសិទ្ធភាពនៃការដាក់ ទំនិញចុះ និងអត្រាប្រសិទ្ធភាពនៃការផ្តល់ទំនិញដល់អតិថិជននៅក្នុងកំពង់ផែផ្ទាល់ ផ្តល់អាទិភាពក្នុងការបើកច្រកសម្រាប់រៀបចំឯកសារបែបបទ ជួយផ្តល់អាទិភាពក្នុងការដឹកជញ្ជូនកុងតឺន័រ តាមរយៈរថយន្តស្ទូចដោយមានការសម្រួលពីខាងគយផងដែរ។
លោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖“យើងជឿជាក់ថា ស្ថិតនៅក្រោមការគាំទ្រពីរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសហគ្រាសដែលពាក់ព័ន្ធ វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេររបស់ប្រទេសចិន នឹងដឹកជញ្ជូនមកដល់រោងចក្រកម្ពុជាបានយ៉ាងឆាប់រហ័ស ហើយការខាតបង់នៃភាគីកម្ពុជានឹង អាចធ្លាក់ដល់អត្រាទាបបំផុត និងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងក្នុងប្រទេសកម្ពុជា នឹងឆ្លងផុតនូវដំណាក់កាលដ៏លំបាកមួយនេះបានយ៉ាងឆាប់រហ័ស”។
អគ្គលេខាធិការ GMAC លោក ខេន លូ បានស្វាគមន៍ការមកដល់នៃការដឹកជញ្ជូនវត្ថុធាតុដើមប៉ុន្តែបានកត់សម្គាល់ថា ពួកគេនឹងមិនគ្រប់គ្រាន់ ដើម្បីបំពេញកង្វះខាតនេះទេ“ក្នុងកាលៈទេសៈធម្មតាយើងត្រូវការវត្ថុធាតុដើមចំនួន 2,000 កុងតឺន័រ ដើម្បីផលិតបាន ផលិតផល 1,000 កុងតឺន័រប្រចាំសប្តាហ៍។ ឥឡូវយើងមានតែកុងតឺន័ររាប់រយប៉ុណ្ណោះដែលនឹងមិនគ្រប់គ្រាន់ដើម្បីបំពេញតាមកូតាផលិតកម្មទេ”។ ទោះយ៉ាងណាយើងមានអំណរគុណចំពោះការគាំទ្រទោះបីជាវាតិចជាងអ្វីដែលយើងត្រូវការជាធម្មតាក៏ដោយ។
លោកបានបន្ថែមទៀតថា៖“នៅពេលដែលស្ថានភាពប្រទេសចិន មានសភាពធម្មតានោះវត្ថុធាតុដើមទាំងអស់នឹងមកដល់តាមការបញ្ជាទិញ។ រោងចក្របានបញ្ជាទិញវត្ថុធាតុដើមរួចទៅហើយ មុនពេលមានព័ត៌មាននៃការឆ្លងមេរោគនេះ ប៉ុន្តែអ្វីៗត្រូវបានពន្យារពេលដោយសារតែការផ្ទុះឡើង។ ដូច្នេះខ្ញុំសង្ឃឹមថាស្ថានភាពនឹងវិលមករកភាពប្រក្រតីឆាប់ៗនេះ”។
ប៉ុន្តែបន្ទាប់ពីទទួលបានវត្ថុធាតុ ដើមដែលដឹកពីប្រទេសចិនមកដល់ប្រទេសកម្ពុជា រោងចក្រកាត់ដេរចំនួន7 បានបើកដំណើរការឡើងវិញ បន្ទាប់ពីទទួលបានវត្ថុធាតុដើម។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹង។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានប្រាប់សារព័ត៌មាននៅថ្ងៃទី 10 ខែមីនា ឆ្នាំ 2020 នេះឱ្យដឹងថា ការមកដល់នៃវត្ថុធាតុដើមពីប្រទេសចិននេះ ជួយឱ្យរោងចក្រដែលព្យួរការងារមួយចំនួន ចាប់ផ្តើម ដំណើរការឡើងវិញផងដែរក្នុងនោះរោងចក្រដែលសុំព្យួរការងារចំនួន 7 ដែលមានកម្មករសរុបប្រមាណ 10, 103នាក់ ស្ត្រី 9,173នាក់បានដំណើរការឡើងវិញ។
លោកបានមានប្រសាសន៍ថា៖“ការមកដល់នៃវត្ថុធាតុដើមទាំងនេះ វានឹងជួយឱ្យរោងចក្រដែលមិនទាន់ព្យួរ កាន់តែអាចដំណើរការទៅមុខដោយមិនបាច់ព្យួរ។ ប្រសិនជាវាផ្គត់ផ្គង់ទៅរោងចក្រដែលព្យួរគឺវានឹង ធ្វើឱ្យរោងចក្រនោះបើកឡើងវិញ។ កង្វះវត្ថុធាតុដើមនេះ បានធ្វើឱ្យរោងចក្រចំនួន 50 ព្យួរការងារ នាំឱ្យប៉ះពាល់កម្មករ និយោជិត 20,940នាក់ ស្ត្រី16,183នាក់”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការពន្លឿនការដឹកវត្ថុធាតុដើមពីចិនមកកាន់ប្រទេសកម្ពុជានេះ គឺកើតចេញពីទំនាក់ទំនងល្អរវាងកម្ពុជា និងចិន ជាពិសេសភាពជា ដៃគូទំនាក់ទំនង គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង2។ ការដឹកជញ្ជូនវត្ថុធាតុដើម នឹងមានរយៈពេលរហូតដល់ខែឧសភា ដែលនៅពេលនោះសម្តេចសម្តែងក្តីសង្ឃឹមថា ការភ័យខ្លាចកូវីដ-19 ត្រូវបានបញ្ឈប់ ហើយប្រតិបត្តិការរបស់រោងចក្រកាត់ដេរ ដែលរង-ផលប៉ះពាល់បានចាប់ផ្តើមដំណើរការឡើងវិញ។
នាវាដឹកវត្ថុធាតុដើមប្រមាណ 212 ទូបានចូលមកដល់ប្រទេស កម្ពុជាហើយនៅយប់ ថ្ងៃទី09 ខែមីនា ឆ្នាំ2020 ដើម្បីផ្គត់ផ្គង់នៅតាមរោងចក្រនានា។ វត្ថុធាតុដើមទាំងនេះ បានធ្វើឱ្យរោងចក្រព្យួរ ការងារចាប់ផ្តើមដំណើរការឡើងវិញបណ្តើរៗហើយ។
ដោយសារជំងឺកូវីត-19 ដែលវាយលុកនៅក្នុងប្រទេសចិន បានធ្វើឱ្យរអាក់រអួលដល់ការ ផ្គត់ផ្គង់វត្ថុធាតុដើមពីប្រទេសចិន និងនាំឱ្យអាក់ខានដល់ដំណើរការរោងចក្រនៅក្នុងប្រទេសកម្ពុជាផងដែរ៕