Author: ធឿន មករា

  • ក្រសួង​ជំរុញ​អនុវត្ត​គោលនយោបាយ​ថ្មី សម្រាប់​ផលិតកម្ម​នាំចេញ​គ្រាប់ស្វាយចន្ទី

    ក្រសួង​ជំរុញ​អនុវត្ត​គោលនយោបាយ​ថ្មី សម្រាប់​ផលិតកម្ម​នាំចេញ​គ្រាប់ស្វាយចន្ទី

    ក្រសួងពាណិជ្ជកម្ម​បាន​សម្រេច​បង្កើត​ក្រុមការងារ ដើម្បី​រៀបចំ​គោលនយោបាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​ផលិតផល និង​ការនាំចេញ​គ្រាប់ស្វាយចន្ទី ដោយលោក ចាន់ រ៉ាស៊ី អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ជា​អ្នកដឹកនាំ​ក្រុមការងារ​ដែល​ទើប​បង្កើត​ថ្មី​នេះ នឹងធ្វើ​ការសិក្សា ប្រមូល​ព័ត៌មាន​ទាក់ទង​នឹង​ចង្វាក់​ផលិតកម្ម​គ្រាប់ស្វាយចន្ទី ជាការ​បណ្តាក់ទុន​ខាង​វិស័យ​កសិកម្ម ។

    សេចក្តីប្រកាស​ព័ត៌មាន បានឱ្យដឹងថា៖ “ក្រុម​នេះ​មាន​សមាសភាព 13រូប មកពី​ក្រសួងពាណិជ្ជកម្ម និង​អង្គការ​សង្គម​ស៊ីវិល។ ក្រុមការងារ​បច្ចេកទេស នឹង​សម្របសម្រួល​ផែនការ សកម្មភាព កិច្ចប្រជុំ​ផ្តល់យោបល់​លើ​របាយការណ៍​បច្ចុប្បន្ន​ភាព​ចង្វាក់​ផលិតកម្ម​គ្រាប់ស្វាយចន្ទី និង​សិក្ខាសាលា​ពិគ្រោះ​យោបល់ សិក្សា​ស្រាវជ្រាវ សែ្វ​ងរ​កដៃ​គូ និង​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​ក្នុង​គោលបំណង​បង្កើត​គោលនយោបាយ​គ្រាប់ស្វាយចន្ទី​កម្ពុជា”។

    យោងតាម​សេចក្តីថ្លែងការណ៍ ដែល​បាន​ចុះហត្ថលេខា​ដោយ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី25 ខែកុម្ភៈ បានឱ្យដឹងថា ព័ត៌មាន​ប្រមូលបាន នឹង​ត្រូវបាន​បញ្ចូល​ស​ម្រា​ប់​ការរៀបចំ​គោលនយោបាយ សម្រាប់​ដំណាំ​នៅ​កម្ពុជា។ ក្រុមការងារ​ត្រូវបាន​ចាត់​ឱ្យធ្វើ​ការសិក្សា និង​ស្រាវជ្រាវ ដើម្បី​ប្រមូល​ព័ត៌មាន ទាក់ទង​នឹង​ខ្សែចង្វាក់​ផលិតកម្ម​គ្រាប់ស្វាយចន្ទី ស្វែងរក​ធាតុ​ចូលសម្រាប់ធ្វើ​សេចក្តីព្រាង​គោលនយោបាយ​យុទ្ធសាស្ត្រ លើ​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា​ទៀតផង។

    បន្ទាប់ពី​ចងក្រង​ព័ត៌មាន​រួចហើយ សេចក្តីព្រាង​គោលនយោបាយ នឹងត្រូវ​ដាក់ជូន​រាជរដ្ឋាភិបាល ដើម្បី​ត្រួតពិនិត្យ និង​អនុម័ត មុនពេល​អនុវត្ត​ជា​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា។ ក្រុម​នេះ​ក៏​នឹង​រៀបចំ​សិក្ខាសាលា និង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​អាជីវកម្ម​នៅក្នុង​ឧស្សាហកម្ម​ស្វាយចន្ទី និង​ឧស្សាហកម្ម​កសិកម្ម​ដទៃ​ទៀតផង​ដែរ។

    សេចក្តីព្រាង​គោលនយោបាយ​នេះ ត្រូវបាន​អនុវត្ត ពីព្រោះ​ផលិតកម្ម​គ្រាប់ស្វាយចន្ទី​របស់​ប្រទេស​កម្ពុជា​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ ទោះយ៉ាងណា​ក្ដីដោយសារតែ​ការអភិវឌ្ឍ​ដំណាំ​កសិផល​នេះ កង្វះ​ដំណើរការ​ខាង​កែច្នៃ​គ្រាប់ស្វាយចន្ទី​ឆៅ​នៅក្នុង​ស្រុក ហើយ​គ្រាប់​ឆៅ​នេះ នៅតែ​សំខាន់​សម្រាប់​ការនាំចេញ និង​ត្រូវការ​បណ្តាក់ទុន​ឱ្យបាន​ពេញលេញ​ផងដែរ។

    ប្រធាន​នាយកដ្ឋាន​ក​សិ-ឧស្សាហកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា មន្ត្រី​មកពី​នាយកដ្ឋាន​នេះ នឹងចូលរួម​ជាមួយ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ធ្វើ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ថ្មី។

    លោក ខាន់ សំបាន ប្រធាន​នាយកដ្ឋាន​ក​សិ-ឧស្សាហកម្ម​មានប្រសាសន៍​ថា៖“យើង​កំពុងធ្វើការ ដើម្បី​ជំរុញ​ការផលិត​គ្រាប់ស្វាយចន្ទី​នៅក្នុង​ប្រទេស ដូច្នេះ​ការធ្វើការងារ​ជាមួយ​ក្រសួងពាណិជ្ជកម្ម មន្ត្រី​ក្រសួងកសិកម្ម​នឹងចូលរួម​ជាមួយ​ចំណេះដឹង​ខាង​បច្ចេកទេស”។

    លោក​បន្ថែមថា តម្លៃ​គ្រាប់ស្វាយចន្ទី បច្ចុប្បន្ន​គឺ 1.25 ទៅ 1.5ដុល្លារ​ក្នុង 1គីឡូក្រាម អាស្រ័យ​លើ​គុណភាព​នៃ​គ្រាប់ ដោយ​ការផលិត​គ្រាប់ស្វាយចន្ទី​នៅតែ​រំពឹងថា នឹងមាន​កំណើន​ល្អ នៅ​ឆ្នាំ2020។

    យោងតាម​ទិន្នន័យ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ បានឱ្យដឹងថា ប្រទេស​កម្ពុជា បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​ចំនួន 202,318តោន​កាលពី​ឆ្នាំមុន ទៅកាន់​ទីផ្សារ​បរទេស​កើនឡើង ជិត 100% ពី​ចំនួន 101,973 តោន​ក្នុង​ឆ្នាំ2018។

    ដូច្នេះ នៅ​ឆ្នាំ2019 កម្ពុជា​បាន​នាំ​គ្រាប់ស្វាយចន្ទី​ឆៅ ទៅ​លក់​លើ​ទីផ្សារ​អន្តរជាតិ បាន​ដល់​ទៅ​ជាង 20ម៉ឺន​តោន ពោលគឺ ច្រើនជាង​ការនាំចេញ​ឆ្នាំ2018 ដល់​ទៅ 2ដង។ នេះ​បើតាម​តួលេខ​ផ្តល់​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

    កាលពី​ឆ្នាំ2018 សមាគម​ស្វាយចន្ទី​វៀតណាម បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ជាមួយ​ក្រសួងកសិកម្ម​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ការនាំចេញ​គ្រាប់ស្វាយចន្ទី​ឆៅ​របស់​កម្ពុជា ឱ្យបាន​ដល់ 1លាន​តោន​នៅ​ឆ្នាំ2028។ តាមរយៈ​អនុស្សរណៈ​នេះ គេ​ត្រូវមាន​ការវិនិយោគ​ធំ និង​ពន្លាត​ផ្ទៃដី​ដាំ​ដើម​ស្វាយចន្ទី នៅក្នុង​ប្រទេស​កម្ពុជា​ប​ន្ថែ​ម​ទៀត។

    សូមបញ្ជាក់ថា ពេល​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នេះ កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ស្វាយចន្ទី​ចំនួន ប្រមាណ​តែ 10ម៉ឺន​ហិកតា ដែល​ផ្តល់​ទិន្នផល​បាន​ជាង 10ម៉ឺន​តោន។ ដូច្នេះ កម្ពុជា​ត្រូវ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ 1ជា5 ពោលគឺ 50ម៉ឺន​ហិកតា នៅ​ឆ្នាំ2022 និង​ត្រូវ​សហការ​ជាមួយ​អ្នកជំនាញ​វៀតណាម ដើម្បី​បង្កើន​ទិន្នផល។ នៅ​ប្រទេស​វៀតណាម ដើម​ស្វាយចន្ទី 1ហិកតា ផ្តល់​ផល​ប្រមាណ 2តោន ពោលគឺ​ច្រើនជាង​កម្ពុជា​ចំនួន 2ដង។

    វៀតណាម បាន​ជំរុញ​លើកទឹកចិត្ត ឱ្យ​កម្ពុជា​បង្កើន​ការដាំដុះ​ដើម​ស្វាយចន្ទី ដោយ​ផ្តល់​ជា​គ្រាប់ពូជ និង​បច្ចេកទេស​ដាំ​ដុះ។ ការធ្វើ​វិនិយោគ​នៅ​កម្ពុជា សម្រាប់​វៀតណាម​ជាការ​ងាយ ព្រោះ​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​អ្នកផ្គត់ផ្គង់​ដ៏​ជាក់លាក់​មួយ ហើយ​នៅ​ជិតគ្នា។ ផ្នែក​មធ្យោបាយ​ដឹកជញ្ជូន​ក៏​ជិត ចំណាយ​ក៏​តិច មិនបាច់​ស្តុក​ទុក​យូរ ដូច្នេះ គ្រាប់ស្វាយចន្ទី នឹង​រក្សា​គុណភាព​បាន​ខ្ពស់ ប្រសើរ​ជាង​គ្រាប់ស្វាយចន្ទី​ឆៅ នាំចូល​មកពី​អាហ្វ្រិក។

    លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ឱ្យដឹងថា៖ “ខ្ញុំ​ធ្លាប់​ឃើញ​ក្រសួងកសិកម្ម​បាន​ទំនាក់ទំនង​ទីផ្សារ​ដែរ ហើយ​បាន​ជំ​រុញឱ្យ​ក្រុមហ៊ុន​វៀតណាម​ខាង​ផលិត​ស្វាយចន្ទី ដែល​មកជួប​រដ្ឋមន្ត្រី​កសិកម្ម​កន្លងមក ឱ្យជួយ​រក​ទីផ្សារ​គ្រាប់ស្វាយចន្ទី​របស់​កសិក​រ​ខ្មែរ។ ចំណែក​ក្រុមហ៊ុន គឺ​គាត់​ចង់ឱ្យ​កសិករ​ខ្មែរ​ដាំ​ស្វាយចន្ទី​ផ្គត់ផ្គង់​ឱ្យ​គាត់ ហើយ​ឱ្យ​តែមាន(គ្រាប់ស្វាយចន្ទី) ប៉ុន្មាន​ក៏​គាត់​ទិញយក​ទាំងអស់។ ព្រោះ​គាត់​ធ្លាប់​ទិញ​គ្រាប់ស្វាយចន្ទី​ពី​ប្រទេស​អាហ្វ្រិក​មានតម្លៃ​ថ្លៃ​ពេក”។

    លោក​ឧកញ៉ា​បាន​មានប្រសាសន៍ថា៖“ខ្ញុំ​គិតថា នេះ​ជា​ការរក​ទីផ្សារ​ដល់​កសិករ​យើង​សម្រាប់​ដំណាំ​ស្វាយចន្ទី នេះ​ជាការ​ល្អ តែ​ប្រសិនបើ​មាន​គោលនយោបាយ ដូចដែល​ក្រសួងពាណិជ្ជកម្ម​បានរៀបចំ​ឡើង​នេះ​ទៀត វារឹតតែ​ប្រសើរ​សម្រាប់​ដំណាំ​ស្វាយចន្ទី។ ខ្ញុំ​គាំទ្រ​ការបង្កើត​ក្រុមការងារ​បច្ចេកទេស​ស​ម្រា​ប់​សិក្សា ដែលមាន​ភារកិច្ច​ស្រាវជ្រាវ និង​ចងក្រង​សេចក្តីព្រាង​គោលនយោបាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ស្វាយចន្ទី​នៅ​កម្ពុជា នេះ​ជាការ​ល្អ”។

    លោក​ឧកញ៉ា លឹម ហេង បាន​បញ្ជាក់ថា៖ “គោលនយោបាយ​ស្វាយចន្ទី នឹង​ជួយ​លើកកម្ពស់​ចង្វាក់​ផ្គត់ផ្គង់ ខណៈ​កម្ពុជា​កង្វះ​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី។ ខ្ញុំ​គិតថា ប្រសិនបើ​យើង​មាន​គោលនយោបាយ​ស្វាយចន្ទី គឺជា​សញ្ញា​ល្អ ដែល​វា​នឹង​ផ្តល់​ជា​ជំនួយ​បច្ចេកទេស​ដល់​កសិករ ហើយក៏​នឹង​ជួយ​ទាក់ទាញ​អ្នកវិនិយោគ​នៅពេល​អនាគត​ផងដែរ។ ម្យ៉ាងទៀត ដើម្បី​កុំឱ្យ​ឈ្មួញ​កំណត់​តម្លៃ ឬ​ទម្លាក់​តម្លៃ ស្រេច​តែ​នឹង​ចិត្ត”។

    តាម​របាយការណ៍ របស់​ក្រសួងកសិកម្ម បានបង្ហាញ​តួលេខ​ថា ផ្ទៃដី​សរុប​នៃ​ការដាំដុះ​ស្វាយចន្ទី​មាន149,660 ហិកតា ទូទាំងប្រទេស។ ជិត 60% ត្រូវបាន​ប្រមូល​ផល ដែល​អាច​ផ្តល់​ទិន្នផល​បាន 116,343តោន​ កាលពី​ឆ្នាំមុន ហើយ​ដើម​ស្វាយចន្ទី​ជាង 500,000ហិកតា ត្រូវបាន​គ្រោង​នឹង​ដាំ។ ចំណែក​ទិសដៅសំខាន់ៗសម្រាប់​ការនាំចេញ​គ្រាប់ស្វាយចន្ទី​របស់​ប្រទេស​កម្ពុជា គឺ​ប្រទេស​វៀតណាម រុស្ស៊ី កូរ៉េខាងត្បូង ចិន មី​យ៉ាន់​ម៉ា ប៉េ​រូ ឥណ្ឌា អូស្ត្រាលី កោះ​តៃវ៉ាន់ សិង្ហ​បុរី ម៉ាឡេស៊ី និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត៕

  • ការអានធ្វើឱ្យគុណភាពនៃភាពឆ្លាត ខាងអារម្មណ៍ (EQ) ល្អប្រសើរ

    ការអានធ្វើឱ្យគុណភាពនៃភាពឆ្លាត ខាងអារម្មណ៍ (EQ) ល្អប្រសើរ

    នៅក្នុងពិភពលោក នាយុគសម័យថ្មីនេះ មនុស្សគ្រប់គ្នាត្រូវការសមត្ថភាពកាន់តែច្រើនដើម្បីរស់នៅប្រកបដោយភាពអភិវឌ្ឍ និងសេចក្តីសុខ។ ខុសពីពីអតីតកាល ដែលគិតថាមានត្រឹមតែគុណភាពនៃបញ្ញា្ញា (IQ) បច្ចុប្បន្ននេះ មនុស្សគ្រប់គ្នាត្រូវការភាពឆ្លាតខាងអារម្មណ៍ (EQ) ដើម្បីរស់នៅក្នុងភាពស្ងប់សុខ ដោះស្រាយបញ្ហាក្នុងជីវិតបានល្អ និងអាចធ្វើការងារជាក្រុមបានល្អនៅគ្រប់ទីកន្លែងទាំងអស់។

    នៅក្នុងចំណោមវិធីសាស្រ្តបង្កើនភាពវៃឆ្លាតខាងអារម្មណ៍ (EQ) ទាំងអស់ ការអានសៀវភៅត្រូវបានគេមើលឃើញថាជាវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងអារម្មណ៍ បង្កើនភាពរឹងមាំផ្នែកផ្លូវចិត្ត និងសមាធិខ្ពស់។

    លោក គីម ដារ៉ា ស្ថាបនិកស្ថាប័នបណ្តុះបណ្តាល Start Up Cambodia បានលើកឡើងថា តាមការសង្កេតរបស់លោក ការអានអាចជួយឱ្យការរស់នៅទទួលបានលទ្ធផលល្អប្រសើរយ៉ាងច្រើន។ លោកថានៅពេលលោកធ្លាក់ទឹកចិត្ត លោកចាប់ផ្តើមអានសៀវភៅ ហើយជាលទ្ធផលក្រោយពេលអានរយៈពេល 2ម៉ោង ទៅ3ម៉ោងក្រោយ អារម្មណ៍របស់លោកបានចាប់ផ្តើមល្អប្រសើរ។ បន្ថែមពីលើនេះ ពេលលោកបាត់បង់ជំនឿចិត្ត លោកចំណាយពេលអានប្រមាណជា 2 ទៅ3ម៉ោង ក៏ចាប់ផ្តើមមានអារម្មណ៍ថាល្អប្រសើរផងដែរ។ មានពេលខ្លះទៀតលោកមានអារម្មណ៍ថាខ្ជិល លោកក៏ចាប់យកសៀវភៅមកអានផងដែរដើម្បីឱ្យមានអារម្មណ៍ចង់ធ្វើការឡើងវិញ។

    លោក គីម ដារ៉ា បាននិយាយថា៖ «ទោះបីជាខ្ញុំមិនមែនជាអ្នកលក់សៀវភៅ ឬជាអ្នកនិពន្ធសៀវភៅលក់ ក៏ខ្ញុំនៅតែឱ្យតម្លៃដល់ការអាន ព្រោះការអានបានជួយខ្ញុំច្រើន»។

    អ្នកអប់រំខាងលើបានលើកឡើងថា ក្រៅពីបញ្ហាខាងលើ សៀវភៅក៏អាចធ្វើឱ្យយើងគ្រប់គ្រងកំហឹងបានល្អផងដែរ ព្រោះនៅពេលយើងខឹងនឹងអ្នកណាម្នាក់ ក្រោយពេលអានសៀវភៅប្រហែលជា2 ម៉ោងអារម្មណ៍ក៏ចាប់ផ្តើមស្រស់ស្រាយឡើងវិញ។ មានពេលខ្លះទៀតនៅពេលយើងគាំងគំនិតគិតអ្វីមិនចេញ ការអានអាចជាវិធីល្អមួយក្នុងការដោះស្រាយបញ្ហាទាំងអស់នោះ ព្រោះសៀវភៅអាចផ្តល់គំនិតច្រើនដើម្បីពិចារណា ឬបង្ហាញជាពន្លឺច្រើនសម្រាប់ជួយឱ្យការគិតកាន់តែទូលំទូលាយ។

    ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ហម សុខនី សហស្ថាបនិកក្លិបយុវជនអ្នកអានសៀវភៅ បានលើកឡើងថាក្រោយពេលអានសៀវភៅច្រើនស្ថានភាពអារម្មណ៍របស់មនុស្សនឹងប្រែប្រួល។ ជាក់ស្តែងយើងឃើញថាអ្នកចំណាយពេលវេលាអានសៀវភៅជាទៀតទាត់ភាគច្រើនជាមនុស្សដែលអាចប្រមូលអារម្មណ៍ និងមានភាពផ្តោតខ្ពស់ ព្រោះការអានសៀវភៅជាប្រភេទល្អនៃការសមាធិម្យ៉ាងដែលអាចធ្វើឱ្យអារម្មណ៍របស់យើងស្ងប់ និងផ្តោតបានល្អ។

    បន្ថែមពីលើនេះ អ្នកអានសៀវភៅច្រើនក៏ជាមនុស្សដែលគ្រប់គ្រងកំហឹងបានល្អផងដែរ ព្រោះជាក់ស្តែង យើងឃើញថាមនុស្សឆេវឆាវដែលចាប់ផ្តើមអានសៀវភៅច្រើនឆ្នាំទៅ គាត់បែរជាក្លាយជាមនុស្សថ្មីដែលគិតវែងឆ្ងាយជាងមុន ស្គាល់ពីអារម្មណ៍របស់មនុស្សខាងក្រៅច្រើនជាងមុន និងក្លាយជាមនុស្សម្នាក់ដែលចាប់ផ្តើមប្រើប្រាស់ហេតុផលក្នុងការដោះស្រាយបញ្ហាបានយ៉ាងល្អ។

    លោក ហម សុខនី បាននិយាយថា៖ «យើងគ្រប់គ្នាតែងតែព្យាយាមធ្វើគ្រប់លទ្ធភាពដើម្បីរក្សាសុខភាពផ្លូវកាយ ដូចជាការហាត់ប្រាណ ការញ៉ាំអាហារសុខភាព ឬការបង្កើតទម្លាប់ល្អក្នុងការរស់នៅជាដើម តែពេលខ្លះយើងភ្លេចគិតថាសុខភាពផ្លូវចិត្តក៏សំខាន់ផងដែរក្នុងការកសាងក្តីសុខក្នុងជីវិត។ ក្នុងចំណោមវិធីសាស្រ្តល្អៗជាច្រើនក្នុងការកសាងសេចក្តីសុខក្នុងចិត្ត ការអានសៀវភៅ ក៏ជាផ្នែកចម្បងមួយផងដែរក្នុងការជំរុញឱ្យស្ថានភាពផ្លូវចិត្តមានភាពនឹងនរ»។

    លោក សុខនី បានបន្ថែមទៀតថា សម្រាប់អ្នកមិនទាន់បានអានសៀវភៅ ហើយកំពុងមានអារម្មណ៍ថាខ្លួនឯងឆេវឆាវ មានអារម្មណ៍ឆាប់ខឹង ឆាប់ភ័យ ឆាប់ភ្លេច ឬធ្វើការងារមិនសូវផ្តោត អាចសាកល្បងចាប់សៀវភៅអានដើម្បីព្យាបាលបញ្ហាទាំងអស់នោះ។

    ការអានសៀវភៅដំបូងអាចជារឿងលំបាកសម្រាប់អ្នកមិនសូវចូលចិត្តអាន ព្រោះវាអាចធ្វើឱ្យយើងងងុយគេង ធុញទ្រាន់ ស្ត្រេស ឬអាចធ្វើឱ្យយើងមានអារម្មណ៍នៅមិនសុខជាដើមតែក្រោយពេលចាប់ផ្តើមស្វែងរកចំណុចជក់ចិត្ត ឬបង្កើតចំណូលចិត្តអានបានហើយ យើងនឹងមានអារម្មណ៍ថាវាចាប់ផ្តើមធ្វើឱ្យជីវិតរបស់យើងកាន់តែមានសេចក្តីសុខ។ ជាក់ស្តែង អារម្មណ៍នៅពេលអានសៀវភៅ គឺជាពេលដ៏ស្ងប់ស្ងាត់ បិទភាពទុក្ខកង្វល់ និងរឿងជ្រួលច្របល់ទាំងឡាយក្នុងការរស់នៅ ហើយចូលទៅក្នុងពិភពនៃការស្រមើស្រមៃប្រកបដោយភាពស្រស់ស្អាត វិជ្ជមាន និងក្តីសង្ឃឹម។ ក្រៅពីនេះ យើងឃើញថាសៀវភៅបច្ចុប្បន្ននេះមានគ្រប់ប្រភេទ និងសម្បូរបែប ហេតុនេះសៀវភៅក៏អាចក្លាយជាទីប្រឹក្សាដ៏ល្អផងដែរនៅពេលយើងមានបញ្ហា។ ពិតណាស់ថាក្នុងសម័យបច្ចេកវិទ្យាយើងអាចប្រើប្រាស់អ៊ីនធើណិតដើម្បីដោះស្រាយចម្ងល់បាន តែប្រភពជាច្រើនក្នុងអ៊ីនធើណិតមិនប្រាកដថាមានតម្លៃ ឬត្រឹមត្រុវនោះទេ ខុសពីសៀវភៅដែលមុននឹងចេញផ្សាយត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់។ ហេតុនេះសូមចាប់ផ្តើមអានដើម្បីបង្កើនគុណភាពជីវិតឱ្យកាន់តែខ្លាំង ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាធនធានមនុស្សប្រកបដោយប្រសិទ្ធភាពខ្ពស់៕

  • អាថ៌កំបាំងថែទាំស្បែកមុខរបស់បុរស

    អាថ៌កំបាំងថែទាំស្បែកមុខរបស់បុរស

    ក្រៅពីរូបរាងសង្ហា និងសម្លៀកបំពាក់ដែលស័ក្តិសមនឹងខ្លួនប្រាណហើយនោះ នៅមានរឿងមួយទៀតដែលបុរសមិនអាចធ្វើព្រងើយកន្តើបានឡើយ ដើម្បីភាពស្អាតសង្ហាដ៏ឥតខ្ចោះ នោះគឺរឿងសម្រស់ស្បែក ជាពិសេសគឺសម្រស់ស្បែកមុខតែម្តង។ មនុស្សប្រុសជាច្រើនមិនដឹងថាប្រភេទស្បែកនីមួយៗរបស់ខ្លួននោះ គួរបានទទួលការមើលថែទាំខុសប្លែកពីគ្នានោះទេ  ហើយដោយនិស្ស័យរបស់មនុស្សប្រុសដែលមិនចូលចិត្តអ្វីដែលរញេរញ៉ៃផងនោះ  ទើបធ្វើឱ្យអ្នកខ្លះព្រងើយកន្តើយនឹងវិធីមើលថែស្បែកមុខដែលត្រឹមត្រូវ ឬមិនប្រើផលិតផលសម្អាតមុខឱ្យត្រូវនឹងប្រភេទស្បែកមុខរបស់ខ្លួន។ ដូច្នេះថ្ងៃនេះ ឡារ៉ែន សូមនាំយកនូវវិធីថែទាំផ្ទៃមុខតាមប្រភេទស្បែកមុខនីមួយៗមកជម្រាបជូនមិត្តអ្នកអានដែលជាសុភាពបុរសឱ្យបានដឹង ដើម្បីបន្ថែមនូវភាពស្រស់សង្ហាឱ្យបានគ្រប់គ្រឿងតែម្តង។

    – បុរសស្បែកមុខស្ងួត
    លក្ខណ: ៖ អាចសង្កេតឃើញតាមរយ:ស្បែកដែលស្ងួតប្រេះ ឬមានឡើងស្នាមក្រហមញឹកញាប់ រួមទាំងអាចមានអារម្មណ៍ដឹងថា មានភាពស្ងួតក្រៀមនៅលើស្បែកមុខ ឬពេលលុបលាងមុខរួចនឹងមានអារម្មណ៍តឹងៗនៅលើស្បែកមុខ។
    ការមើលថែទាំ ៖ ចូរជ្រើសរើសហ្វូមលាងមុខប្រភេទរក្សាភាពសើម និងប្រើគ្រីមបំប៉នស្បែកមុខរាល់ពេលព្រឹកក្រោយពេលកោរពុកមាត់ និងមុនពេលចូលគេង រួមទាំងរកហ្វូមខាត់ (Scrub) មកប្រើមួយសប្តាហ៍2ដង ដើម្បីកម្ចាត់កោសិកាស្បែកចាស់ៗចេញផង។

    – បុរសស្បែកមុខឡើងខ្លាញ់
    លក្ខណ: ៖  អ្នកអាចដឹងពីភាពឡើងខ្លាញ់នេះដោយគ្រាន់តែយកម្រាមដៃអង្អែលលើផ្ទៃមុខ  ភាពរលោងខ្លាញ់នឹងដឹតជាប់នៅលើម្រាមដៃរបស់អ្នកយ៉ាងច្បាស់តែម្តង ទោះជាអ្នកទើបតែលាងសម្អាតមុខហើយថ្មីៗក៏ដោយ ក្រៅពីនេះនៅមានកើតមុនច្រើនជាងស្បែកមុខប្រភេទផ្សេងទៀតផង។
    ការមើលថែទាំ ៖  គួរងាកមកប្រើជេលលាងមុខដែលមានផ្សំដោយអាស៊ីត សាលីសៃលិក ដែលជួយឱ្យមុនស្រកចុះ និងកាត់បន្ថយជាតិខ្លាញ់នៅលើផ្ទៃមុខ ហើយក្រោយពេលលាងមុខ អ្នកក៏គួររកថូនើរ៍មកជូតសម្អាតស្បែកម្តងទៀត ដើម្បីកាត់បន្ថយការកើតមុន។ អ្វីដែលមិនគួរភ្លេចនោះគឺ ផលិតផលបំប៉នស្បែកមុខក្រោយពេលកោរពុកមាត់រួច ក៏ជាវត្ថុដ៏ចាំបាច់បំផុតផងដែរ ព្រោះផលិតផលថែទាំស្បែកមុខទាំងនេះនឹងជួយបន្ថែមភាពស្រស់ស្រាយ និងជួយកាត់បន្ថយជាតិខ្លាញ់នៅលើផ្ទៃមុខបានច្រើនទៀតផង។

    – បុរសដែលមានស្បែកងាយប្រតិកម្ម
    លក្ខណ: ៖  ស្បែកងាយកើតស្នាមអុចៗ កន្ទួលដោយសារធូលីដី ឡើងអាការក្រហមដោយសារស្ថានភាពជុំវិញខ្លួន ឬឡើងខ្មៅក្រៀមដោយសារកម្តៅថ្ងៃដែលក្តៅខ្លាំងជាដើម។
    ការមើលថែទាំ ៖  គួរប្រឹក្សាជាមួយអ្នកជំនាញ ដើម្បីជ្រើសរើសប្រើផលិតផលដែលស័ក្តិសមនឹងស្បែកមុខរបស់អ្នក ដោយគោលការណ៍ភាគច្រើនគឺ ព្យាយាមជ្រើសយកផលិតផលណាដែលផលិតពីធម្មជាតិឱ្យបានច្រើនបំផុតតាមដែលអាចទៅរួច។ ចៀសវាងប្រើផលិតផលណាដែលមានក្លិនក្រអូប ឬមានចំណែកផ្សំរបស់អាល់កុល។

    – បុរសដែលមានស្បែកផ្សំ
    លក្ខណ: ៖ បុរសភាគច្រើន ច្រើនតែមានស្បែកក្នុងលក្ខណ:នេះ ដោយស្បែកបែបផ្សំនេះនឹងមានភាពឡើងខ្លាញ់នៅម្តុំ T-zone ដែលមានដូចជា ម្តុំថ្ងាស ច្រមុះ និងចង្កា ចំណែកឯថ្ពាល់វិញមានលក្ខណ:ជាស្បែកស្ងួត។
    ការមើលថែទាំ ៖ អ្នកចាំបាច់ត្រូវប្រើទាំងផលិតផលសម្រាប់ស្បែកស្ងួត និងស្បែកឡើងខ្លាញ់ មើលថែទាំតាមចំណុច T-zone ដោយប្រើផលិតផលថែទាំសម្រាប់ស្បែកខ្លាញ់។ រីឯកន្លែងថ្ពាល់វិញ ក៏មើលថែទាំដោយផលិតផលសម្រាប់ស្បែកស្ងួត ហើយអ្វីដែលសំខាន់នោះគឺ គួរប្រើប្រាស់គ្រីមការពារកម្តៅថ្ងៃ និងគ្រីមថែបំប៉នស្បែក ដើម្បីការពារស្បែកមុខឱ្យបានល្អផង។

    បានដឹងពីប្រភេទ និងវិធីមើលថែទាំស្បែកមុខគ្រប់ប្រភេទបែបនេះហើយ  ឡារ៉ែន សង្ឃឹមថា ប្រហែលជាធ្វើឱ្យបុរសៗយើងនាំគ្នាបែរមកមើលថែទាំស្បែកមុខកាន់តែច្រើនឡើងហើយ ព្រោះផ្ទៃមុខគឺជាកន្លែងមួយដែលមនុស្សយើងតែងក្រឡេកមើលមុនគេបង្អស់ ដូច្នេះមិនគួរធ្វេសប្រហែស ឬធ្វើព្រងើយកន្តើយឡើយ បើសិនជាអ្នកចង់បានផ្ទៃមុខស្អាតស្រស់សង្ហា ក្មេងជាងវ័យ និងរលោងភ្លឺថ្លា៕

  • Ronaldo ចេញមុខមកបកស្រាយថា មិនបានបើកសណ្ឋាគាររបស់ខ្លួនដាក់អ្នកជំងឺ COVID-19 ទេ

    Ronaldo ចេញមុខមកបកស្រាយថា មិនបានបើកសណ្ឋាគាររបស់ខ្លួនដាក់អ្នកជំងឺ COVID-19 ទេ

    កាលពីប៉ុន្មានថ្ងៃមុននេះ មានព័ត៏មានជាច្រើនបានចុះផ្សាយថា កីឡាករជម្រើសជាតិព័រទុយហ្គាល់ ​Christiano Ronaldo បានប្រកាសដាក់សណ្ឋាគាររបស់ខ្លួន ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺ COVID-19។
    ពាក់ព័ន្ធនឹងព័ត៏មានបោកប្រាស់ ដែលបានផ្សព្វផ្សាយពាសពេញពិភពលោកនេះ បានធ្វើឱ្យកីឡាកររូបនេះ ចេញមុខមកប្រតិកម្ម ដោយបានបកស្រាយថា សណ្ឋាគាររបស់គេ គឺមិនមែនជាមន្ទីរពេទ្យឡើយ ដូចនេះវាមិនអាចទៅរួចឡើយដែលលោកនឹងប្រើវិធីដ៏ល្ងង់ខ្លៅបែបនេះដើម្បីជួយទប់ស្កាត់ជំងឺនោះ។
    គួរបញ្ជាក់ថា ប្រមុខសណ្ឋាគារ​ក្នុង​ទីក្រុង Lisbon របស់ Cristiano Ronaldo បាន​ចេញ​មក​បដិសេធ​ចំពោះ​ព័ត៌មាន​ថា ​ពួក​គេ​អនុញ្ញាត​ឱ្យ​យក​កន្លែង​របស់​ពួកគេ ​ធ្វើ​ជា​មន្ទីរពេទ្យ​បណ្ដោះអាសន្ន សម្រាប់ដាក់​អ្នក​ជំងឺ​កូរ៉ូណា៕

  • កោះដែល Ronaldo ទៅស្នាក់នៅ ដើម្បីគេចពីវីរុសកូរ៉ូណា រងការរញ្ជួយដីក្នុងកម្រិតទាប

    កោះដែល Ronaldo ទៅស្នាក់នៅ ដើម្បីគេចពីវីរុសកូរ៉ូណា រងការរញ្ជួយដីក្នុងកម្រិតទាប

    កាលពីយប់មិញនេះ មានការរាយការណ៍ចេញមកថា កោះ Madeira របស់ប្រទេសព័រទុយហ្គាល់ ដែលជាកោះស្នាក់នៅដាច់ដោយឡែករយៈពេល 14ថ្ងៃ របស់ Christiano Ronaldo ត្រូវ​រង​ការ​វាយ​ប្រហារ​​ដោយ​​គ្រោះ​រញ្ជួយ​ដី​កម្រិត​ទាប​មួយ​។

    យោង​តាម​សារព័ត៌មាន​របស់ប្រទេស​ព័រទុយហ្គាល់​ឱ្យ​ដឹង​ថា កោះ Madeira ត្រូវ​រង​ការ​វាយ​ប្រហារ​​ដោយ​​គ្រោះ​រញ្ជួយ​ដី​កម្រិត​ទាប​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ។ គ្រោះ​រញ្ជួយ​ដី​នោះ​មាន​កម្រិត ​3.8​រ៉ិចទ័រ​។ តែយ៉ាងណា​ក្ដី មិន​មាន​សេចក្ដីរាយការណ៍​​ពី​អ្នក​ស្លាប់ ​និង​របួស​ដោយ​សារ​​គ្រោះ​ធម្មជាតិ​នេះ​ឡើយ។

    មកទល់នឹងពេលនេះ កីឡាករមួយចំនួនរបស់ក្លិប Juventus ដែលជាមិត្តរួមក្រុមរបស់ Ronaldo បានឆ្លងវីរុសCOVID-19 ខណៈដែលមិត្តរួមក្រុមផ្សេងទៀត រួមទាំង Ronaldo ត្រូវបានគេណែនាំឱ្យរស់នៅដាច់ដោយឡែកពីគេរយៈពេល 2សប្តាហ៍សិន៕

  • Amazon ផ្ដល់ទឹកប្រាក់ 5ម៉ឺនដុល្លារ និងសម្ភារយ៉ាងច្រើន ជួយដល់តំបន់រងគ្រោះនៅអង់គ្លេស

    Amazon ផ្ដល់ទឹកប្រាក់ 5ម៉ឺនដុល្លារ និងសម្ភារយ៉ាងច្រើន ជួយដល់តំបន់រងគ្រោះនៅអង់គ្លេស

    ក្រុមហ៊ុន​ផ្នែក​ផ្គត់ផ្គង់​ទំនិញ​ដ៏​ល្បី​ល្បាញ Amazon ត្រូវ​បាន​​គេ​ដឹង​ថា ​បាន​បរិច្ចាគ​​ទឹកប្រាក់​ 5ម៉ឺន​ដុល្លារ ​និង​សម្ភារយ៉ាង​ច្រើនដើម្បី​ជួយ​ដល់​តំបន់ស្ថិត​នៅ​ភាគ​ខាងត្បួង​​​នៃ​ចក្រភព​អង់គ្លេស​។

    Econo-Lodge នៅ​ទីក្រុង Kent ភាគ​ខាង​ត្បូង​នោះ​ធ្លាប់​ជា​សណ្ឋាគារ ប៉ុន្តែ​បាន​ប្រែក្លាយ​ជា​កន្លែង​សម្រាប់​ដាក់​អ្នក​ជំងឺ COVID-19 ដែល​ស្នាក់នៅ​ដាច់​ដោយ​ឡែកបណ្ដោះអាសន្ន​រយៈពេល 14ថ្ងៃ។

    សម្ភារ​ទាំងនោះ​មាន​ដូចជា កន្សែង ពូក ​ខ្នើយ ធ្នើរ​ដាក់​ម្ហូប​អាហារ ទំនិញ និងសម្ភារ​ប្រើប្រាស់​ជា​ច្រើន​ទៀត​ផង​។

    សូមជម្រាបជូនថា ចក្រភពអង់គ្លេស រកឃើញមាន​ករណីឆ្លង​កើន​ដល់ 1950នាក់​ មាន​អ្នក​សា្លប់ 71នាក់ ​និង​អ្នកជាសះស្បើយ​​ 65នាក់ (គិតត្រឹមថ្ងៃទី18 ខែមីនា ឆ្នាំ2020)៕

  • ប្រធានកីឡាបាល់ទាត់ជប៉ុន ឆ្លងវីរុស COVID-19 ក្រោយមកពីអាមេរិក

    ប្រធានកីឡាបាល់ទាត់ជប៉ុន ឆ្លងវីរុស COVID-19 ក្រោយមកពីអាមេរិក

    នៅព្រឹកថ្ងៃទី18 ខែមីនា ឆ្នាំ2020 នេះ លោក Kozo Tajima ដែលជាប្រធានសមាគមបាល់ទាត់ជប៉ុន ត្រូវបានគេផ្តល់ដំណឹងថា លោកបានឆ្លងវីរុស COVID-19។

    ការធ្វើតេស្តឃើញវីរុសប្រភេទថ្មីនេះ គឺក្រោយពេលដែលលោកបានបង្ហាញអាការមួយចំនួន ដូចគ្នាទៅនឹងអាការឆ្លងវីរុសប្រភេទថ្មីនេះ ហើយលោកក៏ធ្លាប់មានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសជាច្រើន ដូចជាប្រទេស​អង់គ្លេស​ ប្រទេស​ហូល្លង់​ និង​​សហរដ្ឋអាមេរិក​ ដើម្បី​ចូល​រួម​បើក​កម្មវិធីប្រកួតបាល់ទាត់នានាជុំវិញពិភពលោកផងដែរ។

    គួរ​បញ្ជាក់​ផង​ដែរថា​ លោក​ Kozo Tajima មិន​ត្រឹម​តែ​ជា​ប្រធាន​សមាគម​បាល់ទាត់​ជប៉ុន​ប៉ុណ្ណោះ​ទេ​ លោក​ថែមទាំងមាន​តំណែង​នៅក្នុង​ស្ថាប័ន​ផ្សេងៗទៀត​ជា​ច្រើន ​ដូច​ជា​ ក្រុមប្រឹក្សាភិបាល​របស់ FIFA និង​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​ជប៉ុន​ ជា​ដើម​៕

  • Amazon ត្រូវការបុគ្គលិក 10ម៉ឺននាក់ ពេលផ្ទុះ COVID-19 ដោយសារលក់ដាច់ខ្លាំង

    Amazon ត្រូវការបុគ្គលិក 10ម៉ឺននាក់ ពេលផ្ទុះ COVID-19 ដោយសារលក់ដាច់ខ្លាំង

    នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន​ កាលពី​ថ្ងៃ​ចន្ទកន្លង​ទៅ បានឱ្យដឹងថា ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ Amazon ចង់​ជួល​បុគ្គលិក​​ផ្នែក​ឃ្លាំង​ផ្ទុក​ទំនិញ និង​ដឹក​ជញ្ជូន​បន្ថែមទៀត​ចំនួន 10ម៉ឺន​នាក់ ដើម្បី​បំពេញ​​​តម្រូវ​ការ​​ដែល​មាន​ការ​កើន​ឡើង​ខ្លាំង អំឡុង​ពេល​ផ្ទុះការឆ្លងរាលដាលនៃមេរោគ COVID-19។

    ក្រុមហ៊ុន​ក៏​នឹង​បន្ថែម​ប្រាក់​កម្រៃ​គិត​ម៉ោង ​សម្រាប់​បុគ្គលិក​ក្នុង​ផ្នែក​នេះដោយ​បន្ថែម​ 2 ដុល្លារ​ទៀត សម្រាប់​នៅ​សហរដ្ឋអាមេរិក រហូត​​ដល់​ខែ​មេសា។ ស្រប​ពេល​ដែល​ពលរដ្ឋ​អាមេរិក​កាន់​តែ​ច្រើន​ កំពុងសម្ងំ​នៅ​ក្នុង​ផ្ទះ ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​វីរុស​កូរ៉ូណា ពួក​គេ​បាន​ងាក​ទៅ​​ប្រើ​ហាង​លក់​ទំនិញ​អនឡាញ​ដូច​ជា Amazon ដើម្បី​ទិញ​គ្រឿង​ទេស​ និង​សម្ភារ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ។

    Amazon បាន​ប្រាប់​អតិថិជន​របស់​ខ្លួន​ថា​ អាច​នឹង​មាន​ការ​ពន្យារ​ពេល​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ ហើយ​ក្រុមហ៊ុន​ក៏​បាន​អស់​ស្តុក​​ទំនិញ​មួយចំនួនដែល​មាន​គេ​រក​ទិញ​ច្រើន​ផង​ដែរ។ ​

    ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ លោក​ Dave Clark ដែល​ជា​អនុប្រធាន​ប្រតិបត្តិ​ទូទាំង​ពិភពលោក​ បាន​និយាយ​ថា ៖ “យើង​ចង់​ឱ្យ​មនុស្ស​ទាំង​នោះ​ដឹង​ថា​ ពួក​យើង​ស្វាគមន៍​ពួក​គេ​មក​កាន់​ក្រុម​របស់​យើង ​រហូត​ដល់​គ្រប់​យ៉ាង​ត្រឡប់​ទៅ​ដូច​ដើមវិញ​”

    រដ្ឋ​មួយ​ចំនួន ​ដូច​ជា​ New York និង​រដ្ឋ​ Ohio ជា​ដើម បាន​បិទ​ហាង​ជា​ច្រើន​​កន្លែង​ដើម្បី​កាត់​បន្ថយ​ឱកាស​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា ដែល​នេះ​ជា​ហេតុ​ធ្វើ​ឱ្យ​បុគ្គលិក​​ជា​ច្រើន​នាក់​លែង​មាន​ការងារ​ធ្វើ និង​មិន​មាន​ប្រាក់​ចំណូល​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ទៀត។ ដោយ​ឡែក​ Amazon គឺ​ចង់​បាន​មនុស្ស​ទាំង​នោះ​មក​បម្រើ​ការងារ​នៅ​ឃ្លាំង​ទំនិញ​របស់​ខ្លួន៕

  • ប្រយោជន៍ 15យ៉ាងរបស់ផ្លែក្រូចឆ្មារក្នុងការងារផ្ទះដែលបងៗស្ត្រីមេផ្ទះគួរតែដឹង

    ប្រយោជន៍ 15យ៉ាងរបស់ផ្លែក្រូចឆ្មារក្នុងការងារផ្ទះដែលបងៗស្ត្រីមេផ្ទះគួរតែដឹង

    ប្រយោជន៍របស់ផ្លែក្រូចឆ្មារជាមួយការងារក្នុងផ្ទះ ដែលបងៗស្រ្តីមេផ្ទះជាច្រើននាក់អាចមិនធ្លាប់បានដឹងថា ការពិតទៅផ្លែក្រូចឆ្មារអាចធ្វើអ្វីៗផ្សេងទៀតបានច្រើនជាងគ្រាន់តែជាគ្រឿងគ្រៅសម្រាប់បន្ថែមរសជាតិអាហារទៅទៀត។

    1. កម្ចាត់ក្លិនសំរាម
    កម្ចាត់ក្លិនស្អុយៗក្នុងធុងសំរាម ដោយការពុះផ្លែក្រូចឆ្មារជា 4ចំណែក ហើយបោះចូលទៅក្នុងធុងសំរាម ព្រមជាមួយទឹកសូដា 1ស្លាបព្រាកាហ្វេ ដើម្បីជួយបង្អាក់កុំឱ្យមានក្លិនសំរាមស្អុយពេញក្នុងផ្ទះ ទម្រាំនឹងដល់ពេលត្រូវយកទៅចោលនៅពេលឡានសំរាមមកដល់។

    2. បន្ថែមភាពស្រស់ស្រាយឱ្យទឹកថ្នាំជូតសម្អាត
    បន្ថែមទឹកក្រូចឆ្មារ 2 – 3ស្លាបព្រាកាហ្វេ ចូលទៅក្នុងទឹកថ្នាំជូតសម្អាតវត្ថុផ្សេងៗ ដើម្បីជួយសាងក្លិនក្រអូបស្រស់ស្រាយតាមធម្មជាតិក្នុងពេលប្រើប្រាស់។

    3. កម្ចាត់ស្នាមប្រឡាក់លើកម្រាលតុ
    បើមានស្នាមខ្លាញ់ៗរបស់ម្ហូបអាហារជាប់នៅលើក្រណាត់កម្រាលតុ ចូរយកចំណិតផ្លែក្រូចឆ្មារមកដុសនៅលើស្នាមប្រឡាក់នោះ រួចហើយយកទៅហាលថ្ងៃចោល 2 – 3ម៉ោង បន្ទាប់ពីនោះមកសឹមយកទៅបោកគក់តាមប្រក្រតី។

    4. ការពារសាច់ផ្លែប៉ាមដូរពណ៌
    យកចំណិតផ្លែប៉ោមដែលចិតហើយ ទៅដាក់ត្រាំក្នុងទឹកស្អាតដែលមានលាយទឹកក្រូចឆ្មារ ដើម្បីបង្អាក់មិនឱ្យសាច់ផ្លែប៉ោមប្តូរពណ៌ទៅជាពណ៌ស្ករ(ដោយសារជ័រ) និងដើម្បីឱ្យពណ៌របស់វានៅតែស្រស់គួរឱ្យចង់ញ៉ាំដដែល។

    5. សម្អាតជ្រញ់ហាន់ម្ហូបអាហារ
    កម្ចាត់ស្នាម និងក្លិននៅលើជ្រញ់ ដោយការដុសសម្អាតនឹងចំណិតក្រូចឆ្មារឱ្យសព្វលើជ្រញ់ បន្ទាប់មក លាងឱ្យស្អាត និងយកទៅដាក់ហាលថ្ងៃឱ្យស្ងួត។

    6. ដេញស្រមោច និងសត្វល្អិត
    បន្តក់ទឹកក្រូចឆ្មារ ដើម្បីស្ទាក់ផ្លូវដើររបស់ហ្វូងស្រមោច មិនថានៅលើកម្រាលឥដ្ឋ ឬស្នាមប្រេះបែកផ្សេងៗនោះទេ ព្រោះក្លិនឆួលរបស់ទឹកក្រូចឆ្មារ នឹងធ្វើឱ្យសត្វស្រមោចលែងហ៊ានមករញេរញ៉ៃនៅម្តុំនោះទៀត  ក្រៅពីនេះនៅអាចប្រើចំណិតផ្លែក្រូចឆ្មារដេញសត្វពីងពាង ឬកន្លាតបានទៀតផង។

    7. ធ្វើឱ្យកែវ និងកញ្ចក់ឡើងភ្លឺថ្លា
    បន្តក់ទឹកក្រូចឆ្មារទៅក្នុងទឹកសាប៊ូលាងចាន ដើម្បីលាងកែវឱ្យស្អាតភ្លឺថ្លាដូចទើបតែទិញមកថ្មី ឬលាយជាមួយទឹកដើម្បីជូតកញ្ចក់ឱ្យស្អាតភ្លឺឆ្លុះក៏បានដូចគ្នា។

    8. ធ្វើឱ្យឧបករណ៍ផ្ទះបាយដែលធ្វើពីដែកអ៊ីណុក
    ឡើងភ្លឺចាំងរលោងកម្ចាត់ស្នាមកំណកទឹកដែលតោងជាប់ស្អិតនៅលើឧបករណ៍ដែលធ្វើពីដែកអុីណុក ដោយការយកចំណិតផ្លែក្រូចឆ្មារមកដុសលើឧបករណ៍ទាំងនោះតែម្តង មិនចាំបាច់ប្រើផលិតផលលាងសម្អាតណាបន្ថែមឡើយ តែប៉ុណ្ណឹងក៏ភ្លឺចាំងដូចថ្មីទៅហើយ។

    9. ការពារបាយជាប់ឆ្នាំង
    បន្តក់ទឹកក្រូចឆ្មារចូលទៅក្នុងឆ្នាំង ឬខ្ទះពេលចង់ចម្អិនអាហារប្រភេទបាយ(ដូចជាដាំបាយ ឆាបាយជាដើម) វានឹងជួយមិនឱ្យបាយជាប់ខ្ទះ និងថែមទាំងធ្វើឱ្យគ្រាប់បាយរៀងគ្នាល្អគួរឱ្យចង់ញ៉ាំទៀតផង។

    10. កម្ចាត់ស្នាមប្រឡាក់នៅលើខោអាវ
    កម្ចាត់ស្នាមញើស  ស្នាមដុះផ្សិត ខ្លាញ់ ឬស្រា លើខោអាវយ៉ាងងាយៗដោយទឹកក្រូចឆ្មារ ដោយគ្រាន់តែយកចំណិតផ្លែក្រូចឆ្មារមកដុសជាមួយអំបិលនៅលើកន្លែងដែលមានស្នាមប្រឡាក់នោះតែម្តង បន្ទាប់ពីនោះមកសឹមយកទៅបោកគក់សម្អាតតាមធម្មតា។

    (នៅមានត)

  • ក្រសួងសុខាភិបាលបានយកមន្ទីពេទ្រគន្ធបុប្ផា និងកុមារជាតិ ដើម្បីព្យាបាលជំងឺកូវីដ19 សម្រាប់កុមារ ខណៈដែលអ្នកឆ្លងកើនឡើងដល់ 35នាក់

    ក្រសួងសុខាភិបាលបានយកមន្ទីពេទ្រគន្ធបុប្ផា និងកុមារជាតិ ដើម្បីព្យាបាលជំងឺកូវីដ19 សម្រាប់កុមារ ខណៈដែលអ្នកឆ្លងកើនឡើងដល់ 35នាក់

    ក្រសួងសុខាភិបាលតាមរយៈលោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី18 ខែមីនា ឆ្នាំ2020 មុននេះបន្ដិចថា បានសម្រេចដាក់មន្ទីពេទ្យគន្ធបុប្ផា និងពេទ្យកុមារជាតិ សម្រាប់ព្យាបាលកុមារណាដែលមានផ្ទុកជំងឺកូវីដ19។

    លោកជំទាវបានមានប្រសាសន៍បន្ថែមទៀតថា មកទល់នឹងពេលនេះកម្ពុជាបានរកឃើញអ្នកផ្ទុកមេរោគកូវីដ19 សរុបចំនួន 35នាក់។