Author: ធឿន មករា

  • ជប៉ុនប្រកាស៖ កីឡាអូឡាំពិក ឆ្នាំ2020 នឹងត្រូវលើកពេលទៅឆ្នាំក្រោយ

    ជប៉ុនប្រកាស៖ កីឡាអូឡាំពិក ឆ្នាំ2020 នឹងត្រូវលើកពេលទៅឆ្នាំក្រោយ

    កាលពីពេលកន្លងទៅនេះ ទោះបីជាវីរុស COVID-19 បានឆ្លងរាតត្បាតខ្លាំងនៅជប៉ុនកាលពីជាង 1ខែមុនក៏ដោយ តែក៏ជប៉ុន នៅតែរក្សាទុកកាលវិភាគប្រកួតអូឡាំពិករបស់ខ្លួននៅដដែល រហូតទាល់តែមកដល់ពេលថ្មីៗនេះ ទើបប្រទេសជប៉ុនសម្រេចប្រកាស លើកពេលវេលារៀបចំការប្រកួតកីឡាដ៏ធំបំផុតរបស់ពិភពលោកនេះ។

    គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ (IOC) ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​​ការ​សម្រេច​ចិត្ត​ផ្អាក​សិន​នេះ គឺ​ក្រោយ​ពី​មាន​អត្តពលិក​ជា​ច្រើន​នាក់​បានបង្ហាញពី​ក្ដី​បារម្ភ ​និង​មិន​ចង់​ចូលរួម​។ ដោយឆ្លើយតបនឹងសំណើទាំងនេះ គណៈកម្មការរៀបចំការប្រកួតកីឡាអូឡាំពិកជប៉ុន ក៏បានយល់ព្រមទៅលើសំណើទាំងនេះ ដោយសម្រេចចិត្តពន្យារពេល ទៅធ្វើនៅឆ្នាំក្រោយវិញ។

    ​គួរបញ្ជាក់ដែរថា តាមកាលវិភាគចាស់ កីឡាអូឡាំពិក 2020 នៅជប៉ុន គ្រោងនឹងធ្វើឡើងនៅថ្ងៃទី24 កក្កដា ឆ្នាំ2020​ រហូតដល់ថ្ងៃទី9 ខែសីហា ឆ្នាំ2020៕

  • ការណែនាំ 4ចំណុចរបស់រដ្ឋបាលរាជធានីភ្នំពេញ ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលទើបអញ្ជើញត្រលប់មកពីក្រៅប្រទេស

    ការណែនាំ 4ចំណុចរបស់រដ្ឋបាលរាជធានីភ្នំពេញ ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលទើបអញ្ជើញត្រលប់មកពីក្រៅប្រទេស

    រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទើបអញ្ជើញត្រលប់មកពីធ្វើការនៅព្រះរាជាណាចក្រថៃ និងពីបណ្តាប្រទេសមួយចំនួនទៀតឱ្យបានជ្រាបថា មេរោគកូវីដ ១៩ (COVID-19) បាន និងកំពុងរាតត្បាតនៅទូទាំងពិភពលោក ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលបានរកឃើញអ្នកមានផ្ទុកមេរោតកូវីដ ១៩ (COVID-19) ចំនួន​ ៨៦ ករណី គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ហើយមេរោគនេះកំពុងតែបន្តរីករាលដាល ជាបន្តបន្ទាប់។

    ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងការចម្លងមេរោគកូវីដ១៩ (COVID-19) នៅក្នុងរាជធានីភ្នំពេញ ក៏ដូចក្នុងព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញស្នើបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទើបអញ្ជើញត្រលប់មកពីធ្វើការនៅព្រះរាជាណាចក្រថៃ និងពីបណ្តាប្រទេសមួយចំនួនទៀត ត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម៖

    ១. ត្រវជួនដំណឹងទៅរដ្ឋបាលខណ្ឌទាំង១៤ ដូចមានតារាងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ដែលជាឯកសារឧបសម្ព័ន្ធ។

    ២. ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដោយអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណ៍ដែលបងប្អូនមានការលំបាកក្នុងការអនុវត្តសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ត្រវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីមានមូលដ្ឋានដោះស្រាយបញ្ហាជូន។

    ៣. ក្នុងករណីដែលបងប្អូនមានអាការមួយចំនួន ដូចជាក្អក ឡើងកម្តៅ ៣៨ ដឺក្រេ ពិបាកដកដង្ហើមដែលសង្ស័យថាអាចមានផ្ទុកមេរោគកូវីដ១៩(COVID-19) សូមបងប្អូនទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដូចមានឯកសារឧបសម្ព័ន្ធភ្ជាប់មកជាមួយ / ឬអាចទំនាក់ទំនងដោយផ្ទាល់ទៅអាជ្ញាធរភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ និងរដ្ឋបាលសង្កាត់ និងមន្ទីរពេទ្យរដ្ឋ ដែលនៅជិតទីកន្លែងរស់នៅរបស់បងប្អូន ជាបន្ទាន់។

    ៤. អាជ្ញាធរភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ និងរដ្ឋបាលសង្កាត់ត្រូវរាយការណ៍បន្ទាន់ក្នុងករណី ដែលទទួលបានព័ត៌មានថាមានបងប្អូនប្រជាពលរដ្ឋដែលទើបអញ្ជើញត្រលប់មកពីធ្វើការនៅព្រះរាជាណាចក្រថៃ និងពីបណ្តាប្រទេសមួយចំនួនទៀត ទៅរដ្ឋបាលខណ្ឌ ដើម្បីអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាលដាលនៃមេរោគកូវីដ (COVID-19) និងត្រូវចុះអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នោះ អំពីការដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ។

    រដ្ឋបាលរាជធានីភ្នំពេញមានក្តីសង្ឃឹមយ៉ាងមុតម៉ាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទើបអញ្ជើញត្រលប់មកពិធ្វើការនៅព្រះរាជាណាចក្រថៃ និងពីបណ្តាប្រទេសមួយចំនួនទៀត ត្រវច្ចលរួមទប់ស្កាត់ការរីករាលដាលមេរោតកូវីដ ១៩ (COVID-19) នេះ ដើម្បីសេចក្តីសុខក្រមត្រសារជាទីស្រឡាញ់ សាច់ញាតិក៏ដូចសង្គមជាតិយើងផងដែរ។

    ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រវអនុវត្តសេចក្តីជូនដំណឹងនេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

    ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

  • រឿងធម្មតា10យ៉ាង ដែលយើងច្រើនតែភ្លេចក្នុងការតុបតែងផ្ទះ

    រឿងធម្មតា10យ៉ាង ដែលយើងច្រើនតែភ្លេចក្នុងការតុបតែងផ្ទះ

    តើ​លោកអ្នក​ធ្លាប់​ដែរឬទេ  ធ្លាប់មាន​អារម្មណ៍​ថា ទោះជា​ខំ​តុបតែង​ផ្ទះ​យ៉ាងណា ក៏​នៅតែ​មិន​ស្អាត​ដូច​រូប​នៅក្នុង​ទស្សនា​វ​ដ្តី​ដែរ និង​មាន​អារម្មណ៍​ថា ដូចជា​រាង​ទើសភ្នែក ខ្វះ​នេះ លើស​នោះ​យ៉ាងម៉េច​ក៏​មិនដឹង…។ ព្រោះថា ទោះជា​ផ្ទះ​របស់​លោកអ្នក ទំនើប និង​ថ្លៃ​ប៉ុនណា​ក៏ដោយ តែ​រឿង​ការតុបតែង​លម្អ​មិនមែនជា​រឿង​ងាយ​ដូច​ការគិត​នោះទេ។ ខាងក្រោម​នេះ​គឺ ឧទាហរណ៍ខ្លះៗដែល​យើង​ច្រើនតែ​ភ្លាត់ភ្លាំង​ក្នុងការ​តុបតែង​ផ្ទះ ដូច្នេះ​បើ​អ្នកណា​មិន​ចង់​ខុសឆ្គង​ក្នុងការ​តុបតែង​ផ្ទះ សូម​តាមដាន​ដូចតទៅ។

    1. តែង​ផ្ទះ​ច្រើនពេក ឡើង​ស៊ុបទ្រុប
    កុំ​គិតតែ​ពី​តុបតែង​ផ្ទះ​ដោយ​របស់​លម្អ​ច្រើន​ពោរ​ពាស រហូត​មើលទៅ​ដូចជា​ចង្អៀត​ហប់​នោះ បើ​លោកអ្នក​ត្រូវ​ដើរ​ចៀស​របស់​នេះ ដើរគេច​របស់​នោះ​ពេល​ដើរចេញចូល​ក្នុងផ្ទះ​របស់ខ្លួន​ឯង​នោះ នោះ​បញ្ជាក់ថា លោកអ្នក​មាន​របស់រ​បរ​ច្រើន​ជ្រុល​ពេក​ហើយ ដូច្នេះ​គួរ​ទុក​ឱ្យមាន​កន្លែង​ចន្លោះ​ទំនេរ​គ្រាន់​នឹង​សម្រាក​ខ្សែ​ភ្នែក​ខ្លះ​ផង។

    2. ពេញ​ទៅដោយ​របស់​ប្រមូល​សន្សំទុក
    ផ្ទះ​ដែល​ពោរពេញ​ទៅដោយ​របស់​ប្រមូល​សន្សំ ដែលជា​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន​នោះ អ្នក​អាច​មើលឃើញថា​វា​ស្អាត​ក៏ពិតមែន តែ​អ្នក​ជឿ​ទេ​ថា ភ្ញៀវ​ដែល​មកលេង​ផ្ទះយើង គេ​មិន​បានគិត​បែប​ហ្នឹង​ទេ ហើយ​គេ​មាន​អារម្មណ៍​ថា ដូចជា​រំខាន​ទៀតផង ដូច្នេះ​ចូរ​សាកល្បង​តុបតែង​ផ្ទះ​តាមបែប​ស្ទីល​ធម្មតា​វិញ ប្រហែលជា​គួរឱ្យ​គយគន់​ជាង។

    3. ទិញ​គ្រឿងសង្ហារិម​មក​ដាក់​ក្នុងផ្ទះ ខុស​ទំហំ
    ទំហំ​របស់​វត្ថុ​ប្រើប្រាស់​គួរតែ​ឱ្យ​វា​សមល្មម​នឹង​ទំហំ​របស់​បន្ទប់ មិនគួរ​តូច ឬ​ធំ​ជ្រុល​ពេក​ឡើយ ដូច្នេះ​សូមកុំ​ភ្លេច​វាស់​ទំហំ​ទីកន្លែង​ដែល​ត្រូវ​ដាក់តាំង មុននឹង​ចេញទៅ​រក​ទិញ​របស់​ទាំងនោះ​ផង​ទើប​ជាការ​ប្រសើរ។

    4. វ៉​ល​ផេ​ភើ​រ៍(ក្រដាស​រូបភាព​បិទ​ជញ្ជាំង)
    មាន​រូបភាព​ក្បាច់ក្បូរ​គួរឱ្យខ្លាចវ៉​ល​ផេ​ភើ​រ៍ មាន​រូប​ដូច​សត្វ​ពស់ ដូច​សត្វ​ចម្លែក គួរឱ្យ​ខ្លាចញញើត… សូម​សាកល្បង​គិត​ទៅ​មើលថា បើ​ភ្ញៀវ​មកលេង​ផ្ទះ​របស់អ្នក តើ​គេ​ហ៊ាន​ឈាន​ជើង​ចូលមក​ក្នុងផ្ទះ​ឬទេ? ដូច្នេះ ចូរ​កុំ​តុបតែង​ផ្ទះ​ដោយ​វ៉​ល​ផេ​ភើ​រ៍​បែបនេះ​ជាដាច់ខាត។

    5. ដើម​ផ្កាជ័រ
    ពិតប្រាកដ​ហើយ​ថា ដើមឈើ និង​ផ្កា នឹង​ជួយ​ឱ្យ​ផ្ទះ​មើលទៅ​ស្រស់ស្អាត តែ​ដើម​ផ្កា​ក្លែងក្លាយ ឬ​ជ័រ នឹងធ្វើ​ឱ្យ​ផ្ទះ​មើលទៅ​មាន​តម្លៃថោក បង្ហាញ​ពី​ចំណង់​ចំណូលចិត្ត​របស់​អ្នកស្នាក់នៅ មិន​ហាយ​ក្លាស់ ដូច្នេះ​គួរ​ចំណាយ​ប្រាក់​ទិញ​ដើម​ផ្កា​មែនទែន​មក​តុបតែង​លម្អ​វិញដែល​ទោះជា​ថ្លៃ​ជាង​មែន តែ​មើលទៅ​ល្អ​ស្រស់ស្រាយ​ជាង​ច្រើនណាស់។

    6. បន្ទប់​គេង​ប្រើ​ពណ៌​ផ្កាឈូក​ពេញ​ទាំង​បន្ទប់
    តើ​អ្នក​គិត​យ៉ាងណាដែរ ពេល​ជួប​មនុស្ស​ដែល​តុបតែង​ខ្លួន​ដោយ​សម្លៀកបំពាក់​ពណ៌​តែមួយ​តាំងពី​ក្បាល​ដល់​ចុងជើង​នោះ? ការតុបតែង​បន្ទប់ ឱ្យអ្វីៗគ្រប់យ៉ាង​មាន​ពណ៌​ផ្កាឈូក​ទាំងអស់ ទោះជា​មើល​យ៉ាងម៉េច ក៏​នៅតែ​ដូចជា​ដែល​គ្មាន​សិល្ប:ក្នុងការ​តុបតែង​ដែរ។ ដូច្នេះ​សូម​សាកល្បង​រក​របស់​តុបតែង​ណា ដែលមាន​ពណ៌​ស៊ីគ្នា​នឹង​ពណ៌​ផ្កាឈូក​មក​ដាក់​លាយឡំ​ខ្លះ ទើប​ជាការ​ប្រសើរ​ជាង។

    7. មិន​ព្រម​បក​ថង់​ប្លា​ស្ទិ​ក​ចេញពី​វត្ថុ​តុបតែង​លម្អ
    មាន​វិធី​ផ្សេងទៀត​ជាច្រើន​ក្នុងការ​ថែទាំ​របស់​ប្រើប្រាស់​ឱ្យនៅ​ថ្មី ជាប់​ធន់​បានយូរ និង​មិន​ប្រឡាក់ តែ​មិនមែនជា​វិធី​បែបនេះ​ទេ…។

    8. ព្យួរ​រូបភាព​លើ​ជញ្ជាំង​ខ្ពស់​ជ្រុល​ពេក
    មើលទៅ​ដូចជា​ស្អាត តែ​តើ​វា​នឹង​រួយក​ទេ ពេល​យើង​ងើយ​មើល​វា? រូបភាព ឬ​រូបថតផ្សេងៗមិនគួរ​ព្យួរ​ខ្ពស់​ជ្រុល​ពេក ដល់​ថ្នាក់​ត្រូវ​ងើបមុខ​ឡើង​មើល​នោះទេ គួរ​ព្យួរ​នៅក្នុង​កម្ពស់​ដែយើង​អង្គុយ ឬ​ឈរ​ក៏​អាច​មើលឃើញ​ដែរ​ទើប​ជាការ​ប្រសើរ។

    9. ខ្សែភ្លើង​ច្រ​វេត​ច្រវាត់ រ​ញេ​រ​ញ៉ៃ គ្មាន​របៀប
    ខ្សែភ្លើង​របស់​ទូរទស្សន៍ កង្ហារ ឬ​គ្រឿង​ប្រើប្រាស់​អគ្គិសនី​ទាំងអស់​ដែលមាន​នៅក្នុង​ផ្ទះ មិនថាតែ​ក្នុង​បន្ទប់​ណាក៏ដោយ  គួររៀបចំ​ប្រមូល​ចង ឬ​រុំ​បញ្ចូល​គ្នា​ជា​ខ្សែ​តែមួយ​ដាក់​ទៅ​កៀនជញ្ជាំង ទើប​មើលទៅ​មិន​កេក​កាក រ​ញ៉េ​រ​ញ៉ៃ និង​មាន​សណ្តាប់ធ្នាប់។

    10. ដាក់​កៅអី​សា​ឡុង​ឃ្លាតឆ្ងាយ​ពីគ្នា​ជ្រុល​ពេក
    នេះ​គឺជា​ចំណុច​ខុសឆ្គង​មួយ ដែល​មិនអាច​ទទួលយក​បានជា​ទីបំផុត ដូច្នេះ​មិនចាំបាច់​ដាក់​កៅអី​សា​ឡុង​ទៅ​ជាប់​នឹង​ជញ្ជាំង​ពេក​ទេ ហើយ​ទោះជា​បន្ទប់ទទួលភ្ញៀវ​មាន​ទីធ្លា​ធំ​ទូលាយ​យ៉ាងណាក៏ដោយ ក៏​គួររៀបចំ​ឱ្យបាន​សមរម្យ និង​មាន​រយៈចម្ងាយ​ពីគ្នា​សមល្មម ដើម្បី​ងាយស្រួល​ក្នុងការ​សំណេះសំណាល​គ្នា៕

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានចេញសារសំឡេងដោយដាក់ចេញនូវវិធានការដោះស្រាយបន្ទាន់ ចំពោះបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានចេញសារសំឡេងដោយដាក់ចេញនូវវិធានការដោះស្រាយបន្ទាន់ ចំពោះបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ

    នៅក្នុងសារសំឡេងនោះសម្តេចតេជោបានជម្រាបថា៖ “ជូនថ្នាក់ដឹកនាំរបស់យើងនៅក្នុង Group ប្រឆាំងកូវីត-19នេះ ហើយក៏ដូចជាពិសេសគឺអភិបាលខេត្ត ដែលជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងកូវីត-19នៅតាមខេត្ត។

    យើងបានឃើញហើយថា អ្នកជំងឺរបស់យើងជូនកាលកន្លែងខ្លះមានការកើនឡើង ដូចជានៅខេត្តព្រះសីហនុជាដើម អញ្ចឹងបើកើតឡើងរបៀបនេះ ធ្វើឱ្យកន្លែងដែលយើងទទួល គឺវាមិនគ្របគ្រាន់ទេ។ អញ្ចឹងខ្ញុំបានពិភាក្សាជាមួយនឹងឯកឧត្តម ម៉ម ប៊ុនហេង យើងត្រូវប្រើប្រាស់សាលារៀន ហើយខ្លះមានអ្នកជូនយោបល់ខ្ញុំថាអោយយកកុងទីន័ររមកកែច្នែធ្វើជាបន្ទប់ ប៉ុន្តែគឺវាមិនល្អទេ ចឹងខ្ញុំគិតថា ត្រូវប្រើប្រាស់សាលារៀន ហើយសាលារៀនដែលខ្ញុំបានធ្វើកន្លងមកគឺស្អាតៗណាស់ គឺនៅទីរួមខេត្ត និងកន្លែងមួយចំនួន គឺយើងយកសាលារៀនតែម្តង អ្វីដែលជាបញ្ហាបន្ទាន់ គឺត្រូវជ្រើសរើសទីតាំងណាមួយ ឬពីរ ក្នុងខេត្តមួយ ហើយគឺថានឹងរៀបចំប្រព័ន្ធទឹក ភ្លើង ចូលអោយដល់ជាបន្ទាន់ នេះជាកិច្ចការបន្ទាន់នៅតាមខេត្តត្រូវយកចិត្តទុកដាក់។

    រាជធានីភ្នំពេញមិនជាចំណោទទេ ដោយសារយើងមាន មន្ទីរពេទ្យរុស្ស៊ី ហើយអគារនៅចាក់អង្រែ ហើយក្រៅពីនោះ នៅមន្ទីរពេទ្យ UT ហើយនឹងសណ្ឋាគារអាំងទែកុងទីណង់តាល់ហើយ មិនជាចំណោទទេ ប៉ុន្តែអ្វីដែលជាចំណោទ គឺនៅតាមបណ្តាខេត្ត ដែលត្រូវធ្វើបន្ទាន់ ដោះស្រាយធ្វើមិចត្រូវជ្រើសរើសសាលារៀនដែលយើងកំពុងតែបិទ យកអគារមួយ ឬពីរ គឺអោយមានច្រើនបន្ទប់ រៀបចំបន្ទប់ រៀបចំគ្រែ ដើម្បីដំណើរការតែម្តង ដោយប្រើប្រាស់កម្លាំងសរុប ដែលអាចយកទាំងកម្លាំងប៉ូលីស កម្លាំងទាហាន និងប៉េអឹមដើម្បីយកមកជួយការងារនេះតែម្តង។

    ហើយជាពិសេសគឺសម្រុកដោះស្រាយបញ្ហាតភ្ជាប់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ចូលទៅក្នុងសាលាតែម្តង ហើយរៀបចំគ្រែ ដោះស្រាយគ្រែ ដើម្បីដាក់សម្រាប់ទទួលអ្នកជំងឺដែលយើងត្រូវមានការចំបាច់ នេះជាវិធីដែលដោះស្រាយបន្ទាន់ ហើយយើងមានអគារស្រាប់ទាំងអស់ មិនចាំបាច់ដូចនៅប្រទេសចិនគេកសាងអគារភ្លាមៗ ដែលយើងគឺមិនចំបាច់ទេ គឺយើងយកអគារសាលារៀនតែម្តង បន្ទប់សាលារៀនដែលយើងបានធ្វើកន្លងទៅស្អាតៗណាស់ ហើយរឿងដែលខ្វះ គឺថាខ្វះតែបន្ទប់ទឹកទេ ប៉ុន្តែបើនិយាយពីសាលាមានកន្លែងខ្លះ គឺមានបន្ទប់ទឹក ប៉ុន្តែបណ្តាញទឹកដែលត្រូវផ្គត់ផ្គង់គឺវាត្រូវអោយគ្រប់ ដែលត្រូវខិតខំដោះស្រាយបញ្ហានឹងបន្ទាន់។

    សូមអោយយកចិត្តទុកដាក់អំពីបញ្ហានេះ ព្រោះដើម្បីជៀសវាងគឺនៅពេលមានអ្នកជំងឺច្រើន យើងមិនអាចរកកន្លែងដាក់បាន តែយើងបានត្រៀមបម្រុងទុកហើយ ។

    សូមអោយថ្នាក់ខេត្ត ឯកឧត្តម ម៉ម ប៊ុនហេង ក៏ដូចជាថ្នាក់ដឹកនាំក្រសួងគឺចូលរួមផ្តល់មតិបន្ថែមទៅអោយសុខាភិបាលខេត្ត រួមជាមួយនឹងគណៈអភិបាល ដើម្បីពិនិត្យទៅថា គួរយកកន្លែងណាដែលសមស្រប យើងមិនមែនចេះតែដើរយកទេ គឺយកកន្លែងណាដែលសមស្រប ដែលមានលទ្ធភាព ហើយដែលមិនអាចរីករាលដាលទៅកន្លែងដទៃ សូមអរគុណ”៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

  • VIVO និយាយថា មិនយូរទេ ទូរស័ព្ទតម្លៃជាង 200ដុល្លារនឹងមាន 5G ស្រាប់

    VIVO និយាយថា មិនយូរទេ ទូរស័ព្ទតម្លៃជាង 200ដុល្លារនឹងមាន 5G ស្រាប់

    លោក Liu Hong ​ដែល​ជា​ថ្នាក់ដឹកនាំ​មួយ​រូប​ក្នុង​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន VIVO បាន​លើក​ឡើង​ថា​ នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ(ចុង​ឆ្នាំ ២០២០) ស្មាតហ្វូន​ 5G ​នឹង​មាន​តម្លៃ​ត្រឹមតែ​ជាង ២០០​ដុល្លារ​ប៉ុណ្ណោះ។

    ​លោក​បាន​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​កំពុង​តែ​ធ្វើ​យ៉ាង​ណា​ផលិត​ស្មាតហ្វូន 5G ​ឱ្យ​បាន​ច្រើន​ជាង ១០០,០០០គ្រឿង​ដើម្បី​ផ្គត់ផ្តង់​ទីផ្សារ។ ​វិបតិ្ត​វីរុស COVID-19 ​បាន​ធ្វើ​ឲ្យ​ចរន្ត​លក់​ចេញ​ ធ្លាក់​ចុះ​ពី ៣០% ទៅ ៥០% ​ហើយមិនមែន​មាន​តែ VIVO មួយ​នោះ​ទេ សហគ្រាស​ផ្សេងៗ​ក៏​មិន​ខុស​គ្នា​ដែរ។

    ថ្នាក់​ដឹក​នាំ​រូប​នោះ​ បាន​បន្ថែម​ទៀត​ថា VIVO ដាក់​គោល​ដៅ​នៅ​ឆ្នាំ​បន្ទាប់ ​នឹង​ត្រូវ​ផលិត​យ៉ាង​តិច​ឲ្យបាន​ជាង ២០០លាន​គ្រឿង​ក្នុង​ 1​ឆ្នាំ​ ដើម្បី​យក​ចំណែក​ទីផ្សារ​ពិភពលោក​ឱ្យបានកាន់​តែ​ច្រើន​ជាង​មុន៕

  • Ninja robots ត្រូវបានដាក់ឱ្យប្រើនៅពេទ្យក្នុងប្រទេសថៃ ជំនួសបុគ្គលិកពេទ្យ

    Ninja robots ត្រូវបានដាក់ឱ្យប្រើនៅពេទ្យក្នុងប្រទេសថៃ ជំនួសបុគ្គលិកពេទ្យ

    មន្ទីរពេទ្យនានានៅក្នុងប្រទេសថៃ កំពុងដាក់ឱ្យប្រើប្រាស់ “Ninja robots” ដើម្បីស្ទង់កម្តៅ និងការពារសុខភាពបុគ្គលិកពេទ្យ នៅសមរភូមិជួរមុខដែលធ្វើការហួសកម្លាំងដើម្បីប្រយុទ្ធនឹងជំងឺកូរ៉ូណា។

    លោក វីប៊ុន សាងវីរៈផាន់ស៊ិរិ មកពីសាកលវិទ្យាល័យជុឡាឡុងកន និយាយថា “ក្រុមគ្រូពេទ្យអាចឈរនៅក្រៅបន្ទប់ និងធ្វើទំនាក់ទំនងជាមួយអ្នកជំងឺនៅខាងក្នុងតាមរយៈមនុស្សយន្ត”។ មនុស្សយន្តស៊េរីក្រោយនឹងផលិតឡើងដើម្បីឱ្យវាដឹកអាហារ និងថ្នាំពេទ្យឱ្យអ្នកជំងឺ និងចុងក្រោយអាចនឹងប្រើដើម្បីលាងសម្អាតមេរោគនៅតាមបន្ទប់មន្ទីរពេទ្យបានទៀតផង។

    ក្រុមវិស្វកររបស់លោកវីប៊ុន ក៏កំពុងប្រឹងប្រែងផលិតមនុស្សយន្តនិនចាឱ្យបានច្រើនបន្ថែមទៀតសម្រាប់មន្ទីរពេទ្យ 10កន្លែង ផ្សេងទៀតនៅជុំវិញប្រទេសថៃ។

    ពីដំបូង គេផលិត​រ៉ូបូតនេះ​ឡើង ​គឺ​ដើម្បីតាមដានអ្នកជំងឺស្ត្រូក (ដាច់សរសៃឈាមខួរក្បាល) តែប៉ុណ្ណោះ។យ៉ាងណាមិញ គេក៏បានយកទៅច្នៃវាឡើងវិញយ៉ាងលឿន ដើម្បីជួយប្រយុទ្ធនឹងជំងឺ COVID-19 ដែលមកទល់ឥឡូវបានសម្លាប់មនុស្សជាង 1ម៉ឺននាក់ហើយនៅជុំវិញពិភពលោក។

    ពួកវាបានជួយបុគ្គលិកនៅមន្ទីរពេទ្យចំនួន 4 ក្នុងទីក្រុងបាងកក ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ តាមរយៈការអនុញ្ញាតឱ្យវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកអាចនិយាយទៅកាន់អ្នកជំងឺបានតាមរយៈវីដេអូ។

  • ចិនបានបញ្ជូនគ្រូពេទ្យជំនាញចំនួន7នាក់ រួមទាំងបរិក្ខាពេទ្យម​កកម្ពុជា

    ចិនបានបញ្ជូនគ្រូពេទ្យជំនាញចំនួន7នាក់ រួមទាំងបរិក្ខាពេទ្យម​កកម្ពុជា

    ដូចការគ្រោងទុកក្រុមគ្រួពេទ្យជំនាញរបស់ចិនចំនួន7នាក់ និងជំនួយសម្ភារៈបរិក្ខាពេទ្យជាង4តោន បានមកដល់ប្រទេសកម្ពុជាហើយនៅវេលាម៉ោង 8:50នាទីព្រឹកថ្ងៃទី23នេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលវីរុស Covid-19 ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

  • កូនតូចគេងលក់គ្រប់គ្រាន់ គឺកូនសោបើកឆ្ពោះទៅរកការរៀនយល់ដឹង

    កូនតូចគេងលក់គ្រប់គ្រាន់ គឺកូនសោបើកឆ្ពោះទៅរកការរៀនយល់ដឹង

    តើ​លោកឪពុក​អ្នក​ម្តាយ​ទាំងអស់​ដឹង​ទេ​ថា ទារក​ដែល​បាន​គេង​លក់​ញឹកញាប់ នឹង​ជួយ​ហុច​ផល​ល្អ​ដល់​ការរៀន​យល់ដឹង​នៅពេល​ក្រោយ?

    ព្រោះ​មាន​លទ្ធផល​នៃ​ការស្រាវជ្រាវ​វិភាគ​ពី​មហាវិទ្យាល័យ ឆេ​ហ្វ​ហ្វៀ​ល មួយ ដែល​តាមដានសង្កេតមើល​ទង្វើ​របស់​ទារក​ដែលមាន​អាយុ​មិន​លើស 12ខែ ចំនួន 216នាក់ ហើយ​បាន​រកឃើញថា ទារក​នឹង​ចងចាំ​ការរៀន​យល់ដឹងថ្មីៗមិនបាន​ឡើយ បើ​មិនបាន​គេង​លក់យូរៗជា​បន្តបន្ទាប់​គ្រប់គ្រាន់ ហើយ​ពេលវេលា​ដែល​ល្អ​បំផុត​ក្នុង​ការរៀន​យល់ដឹង​របស់​ក្មេង​នោះ​គឺ អំឡុង​ពេលមុន​គេង​ហ្នឹងឯង ដូច្នេះហើយ​ទើប​ការអាន​ក្នុងអំឡុង​ពេលមុន​គេង​លក់ គឺជា​រឿង​សំខាន់។

    ការ​គេង​លក់​មាន​ភាព​សំខាន់​ចំពោះ​អំឡុងពេល​ដំបូង​របស់​ជីវិត​ខ្លាំង​ជាង​វ័យ​ផ្សេងទៀត អ្នកស្រាវជ្រាវ​វិភាគ​បាន​សាកល្បង​លេង​ធ្វើ​តុក្កតា​ដៃ​ជាមួយ​ទារក​វ័យ 6 – 12ខែ ដោយ​ឱ្យ​ទារក​ចំនួន​ពាក់កណ្តាល​បាន​គេង​លក់ 4ម៉ោង​ក្រោយការរៀន​យល់ដឹង  ខណៈដែល​ចំនួន​ពាក់កណ្ដាលទៀត មិនបាន​គេង​សម្រាក ឬ​បាន​គេង​សម្រាក​តិចជាង30នាទី។

    ថ្ងៃ​បន្ទាប់មក ពេល​សាកល្បង​ជំរុញ​ឱ្យ​ទារកលេង​ធ្វើ​តុក្កតា​ដៃ​ឡើងវិញ​ដូច​ពី​ម្សិល​នោះ  លទ្ធផល​នៃ​ការសាកល្បង​បានបង្ហាញ​ឱ្យឃើញថា ការ​គេង​លក់ គឺជា​បច្ច័យ​សំខាន់​មួយ​ក្នុង​ការរៀន​យលដឹង ព្រោះ​ទារក​ដែល​បាន​គេង​លក់​គ្រប់គ្រាន់​អាច​លេង​ធ្វើ​តុក្កតា​ដៃ​ឡើងវិញ​បាន ជា​មធ្យម​បាន 1ក្នុង 3នាក់  តែ​ក្មេង​ដែល​មិនបាន​គេងសម្រាក ឬ​បាន​គេង​សម្រាក​តិច ធ្វើ​ឡើងវិញ​មិនបាន​ឡើយ។

    វេជ្ជបណ្ឌិត ជេន ហ៊ើ​រ៍​ប៊ើ​ដ សាស្ត្រាចារ្យ​មុខវិជ្ជា​ចិត្ត​វិទ្យា នៃ​មហាវិទ្យាល័យ ឆេ​ហ្វ​ហ្វៀ​ល បានអធិប្បាយ​បន្ថែមថា ភាព​ក្លៀវក្លា​ស្វាហាប់ មិនមែនជា​រឿង​ដែល​ល្អ​បំផុត​សម្រាប់​ការរៀន​យល់ដឹង​នោះទេ តែ​កិច្ចការងារ​មុនពេល​គេង​ទៅវិញ​ទេ ដែល​សំខាន់បំផុត​សម្រាប់​កុមារ។
    សាស្ត្រាចារ្យ ឃើ​ក ចាន់​ឌិ​ចក៍ អ្នកវិទ្យាសាស្រ្តផ្នែក​ការ​គេង​នៃ​មហាវិទ្យាល័យ ស៊ើ​រ៍​រេ​យ៍ប្រាប់ថា យន្តការ​របស់​ការចង​ចាំ​នៅក្នុង​កម្មវិធី​នៃ​ការ​គេង​លក់ បានបង្ហាញ​ឱ្យឃើញថា មានការទាក់ទិន​រវាង​ខួរក្បាល​ដែល​បង្ក​ខ្លួន​ឡើង​ក្នុងអំឡុងពេល​គេង​លក់  ដូច្នេះ​ទារក​គួរ​គេង​លក់​យ៉ាង​គ្រប់គ្រាន់​ដើម្បី​ការរៀន​យល់ដឹង។ ទោះជា​ការរៀន​យល់ដឹង​ក្នុងអំឡុង​ពេលមុន​គេង និង​ការ​គេង​លក់​ក្រោយ​ការហ្វឹកហាត់​ជា​រឿង​ល្អ​មែន  តែ​ត្រូវ​មិនមែន​ជាការ​គេង​លក់​ក្នុងអំឡុងពេល​ហ្វឹកហាត់​នោះទេ៕

  • វីង រួមចំណែកជួយប្រជានជនកម្ពុជានៅកូរ៉េខាងត្បូងខណៈមានការរីករាលដាលមេរោគ Covid-19

    វីង រួមចំណែកជួយប្រជានជនកម្ពុជានៅកូរ៉េខាងត្បូងខណៈមានការរីករាលដាលមេរោគ Covid-19

    ភ្នំពេញ​ ខែមីនា ២០២០-ធនាគារឯកទេសវីង បានបរិច្ចាគទឹកប្រាក់ចំនួន៥០០០​ ដុល្លារដល់​ប្រជាជនខ្មែរ ដែលកំពុង រស់នៅ ប្រកបការងារ​និង សិក្សានៅកូរ៉េខាងត្បូងតាមរយៈស្ថានទូតកម្ពុជាដើម្បីទិញម៉ាស់និងទឹកលាងដៃក្នុងការការពារខ្លួនពីការីករាលដាលនៃមេរោគ Covid-19។

    ឯកឧត្ដម ឡុង ឌីម៉ង់ ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូងបានមានប្រសាសន៍ថា៖ «ការបរិច្ចាគវិភាគទានដែលប្រកបដោយសប្បុរសធម៌របស់វីងនៅពេលនេះ គឺពិតជាចាំបាច់បំផុតដើម្បីទិញម៉ាស់និងទឹកលាងដៃសម្រាប់ចែកជូនដល់ពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅទីនេះ ជាពិសេសពលរដ្ឋមួយចំនួនដែលកំពុងរស់នៅក្នុងតំបន់លំបាកក្នុងការរកទិញម៉ាសនិងទឹលាងដៃ ដើម្បីការពារនិងប្រយុទ្ធប្រឆាំងពីការរីករាលដាលមេរោគ Covid -19»។

    នាពេលបច្ចុប្បន្ននេះ មានមនុស្សរាប់ពាន់នាក់ហើយដែលត្រូវបានគេរកឃើញថាមានផ្ទុកមេរោគCovid 19 នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ទោះជាខណៈពេលនេះមានប្រជាជនកម្ពុជាជាង ៦០.០០០ នាក់ កំពុងរស់នៅធ្វើការនិងសិក្សារនៅក្នុងប្រទេសមួយនេះក៏ដោយ ប៉ុន្តែមិនទាន់មានរបាយការណ៍ណាមួយដែលបានបញ្ជាក់ពីការឆ្លងមេរោគនេះឡើយ។​

    លោក​ ឆៃ ប៉េងស្រ៊ន់ និស្សិតកម្ពុជាដែលកំពុងសិក្សាថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យ Myongji University ក្នុងប្រទេសកូរ៉បាននិយាយថា៖​ «យើងខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងដែល វីង មិនត្រឹមតែយកចិត្តទុកដាក់ចែករំលែកសុខទុក្ខដល់បងប្អូនខ្មែរដែលរស់នៅក្នុងប្រទេសតែប៉ុណ្ណោះទេ សូម្បីតែពួកយើងនៅដល់ប្រទេសកូរ៉េ ក៏វីងនៅតែជួយនិងចូលរួមវិភាគទានតាមរយៈស្ថានទូតផងដែរ» ។

    បើយោងតាមសមាគមនិស្សិតកម្ពុជានៅកូរ៉េ(CSAK) មាននិស្សិតខ្មែរប្រមាណជាង៤៥០នាក់កំពុងតែបន្តការសិក្សានៅសាកលវិទ្យាល័យនានាក្នុងប្រទេសកូរ៉េខាងត្បូង។
    លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស​​ វីង (ខេមបូឌា) លីមីតធីត ​បានមានប្រសាសន៍ទៅកាន់ប្រជាជនកម្ពុជានៅក្នុងប្រទេសកូរ៉េខាងត្បូងថា៖«សូមអ្នកទាំងអស់គ្នាថែរក្សាខ្លួនអោយបានល្អ ហើយព្យាយាមរក្សារការទាក់ទងជាមួយក្រុមគ្រួសារអ្នកនៅកម្ពុជាជាប្រចាំ។ ខ្ញុំប្រាកដថាក្រុមគ្រួសាររបស់អ្នកកំពុងព្រួយបារម្ភអំពីអ្នកទាំងអស់គ្នាជាខ្លាំង។ អ្នកទាំងអស់គ្នាពិតជាមានតួនាទីយ៉ាងសំខាន់សំរាប់គ្រួសារណាស់»។

    កាលពីឆ្នាំមុនប្រជាជនកម្ពុជាដែលធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិជាង៥០០ លានដុល្លារតាមយៈការផ្ទេរប្រាក់ពីប្រទេសកូរ៉ខាងត្បូងមកប្រទេសកម្ពុជា។

  • តើអ្នកដឹងទេថា វីតាមីនសំខាន់ចំពោះមនុស្សខ្លាំងប៉ុនណា?

    តើអ្នកដឹងទេថា វីតាមីនសំខាន់ចំពោះមនុស្សខ្លាំងប៉ុនណា?

    តារាស្រីហូលីវូដ ហ៊ីឡារី ស្វ៊ែងក៍ ញ៉ាំវីតាមីនបន្ថែមក្នុង1ថ្ងៃ 45គ្រាប់ ដោយសារតែមកពីការចង់សម្រកទម្ងន់ (Diet) ដូច្នេះទើបកើតមានជាសំណួរមួយឡើងថា តើការញ៉ាំវីតាមីនបន្ថែមនោះសំខាន់ប៉ុនណា? គួរញ៉ាំយ៉ាងណា? តើមនុស្សបែបណាខ្លះដែលគួរញ៉ាំ? និងវីតាមីនជួយអ្វីដល់យើងខ្លះ? ចំពោះរឿងនេះ លោកវេជ្ជបណ្ឌិតជំនាញមានចម្លើយសម្រាប់មិត្តអ្នកអានទាំងអស់។

    តើវីតាមីន មានភាពចាំបាច់ចំពោះសុខភាពយ៉ាងណា? អាហារ 5ប្រភេទក្រុមដែលរាងកាយត្រូវការនោះគឺ ខាបូហាយដ្រេត ប្រូតេអុីន វីតាមីន ជាតិខ្លាញ់ និងសារធាតុរ៉ែ ប្រៀបដូចជាថាមពលបញ្ឆេះឱ្យរាងកាយ និងអង់ហ្ស៊ីមផ្សេងៗធ្វើការបានតាមប្រក្រតីដូច្នោះដែរ។

    តើវីតាមីនបន្ថែម មានភាពចាំបាច់សម្រាប់អ្នកណាខ្លះ? បើស្ថិតក្នុងស្ថានភាពដែលអាចញ៉ាំបន្លែ និងផ្លែឈើ រួមទាំងញ៉ាំអាហារផ្សេងៗក្នុងចំណែកដែលត្រឹមត្រូវបាននៅឡើយនោះ ក៏មិនមានភាពចាំបាច់អ្វីត្រូវបន្ថែមវីតាមីនទេ លើកលែងតែក្នុងករណីដែលមិនអាចញ៉ាំអាហារបានគ្រប់តាមតម្រូវការដែលរាងកាយត្រូវការ និងស្ថិតក្នុងសភាវដែលរាងកាយត្រូវការវីតាមីនជាពិសេស ដូចជា ពេលឈឺថ្កាត់ និងត្រូវការឱ្យរាងកាយស្វាហាប់ឡើងវិញប៉ុណ្ណោះ។  តែសម្រាប់មនុស្សទូទៅដែលញ៉ាំអាហារបានតាមប្រក្រតី អាចប្រើតិចនិកផ្សេងទៀតដែលនឹងធ្វើឱ្យយើងញ៉ាំបន្លែ និងផ្លែឈើមិនច្រើនជ្រុលពេក ដូចជា កាត់បន្ថយអាហារលាងជាតិពុល ក្នុង 1សប្តាហ៍ 1ដង ឬ 2សប្តាហ៍ម្តងដោយការញ៉ាំផ្លែឈើពេញ 1ថ្ងៃ ដើម្បីឱ្យរាងកាយបានទទួលវីតាមីនពីផ្លែឈើ តែត្រូវមានលក្ខខណ្ឌមួយថា ត្រូវតែជាផ្លែឈើដែលគ្មានជាតិម្សៅ និងរសជាតិដែលមិនផ្អែមខ្លាំងពេក។
    អាការខ្វះវីតាមីនរ៉ាំរ៉ៃ ជាសភាវម្យ៉ាងដែលមិនត្រូវបានរាប់ចូលក្នុងក្រុមជំងឺឈឺថ្កាត់ទេ ដូចជាការខ្វះវីតាមីន C នឹងធ្វើឱ្យចេញឈាមតាមជើងធ្មេញ ឬការខ្វះវីតាមីន B1 នឹងធ្វើឱ្យកើតអាការស្ពឹកស្រពន់ជាដើម  តែមិនមែនដល់ថ្នាក់ខ្វះវីតាមីន រហូតដល់កើ់តជំងឺនោះទេ គ្រាន់តែអាចមានអារម្មណ៍ថា មិនសូវស្រស់ស្រាយដោយមិនដឹងមូលហេតុ ឬអស់កម្លាំងល្វើយតែប៉ុណ្ណោះ។

    យ៉ាងម៉េចទើបហៅថា ការញ៉ាំវីតាមីនដែលត្រឹមត្រូវ?  ការញ៉ាំវីតាមីនតាមប្រភេទនីមួយៗក៏ខុសប្លែកពីគ្នាដែរ ដូចជា បេតាឃែរ៉ូធីន គួរជ្រើសរើសយកប្រភេទដែលចម្រាញ់ពីធម្មជាតិទើបប្រសើរជាង។ ចំណែកវីតាមីនច្នៃប្រឌិត ក៏មានចំណុចគួរប្រយ័ត្នដែរ ព្រោះនឹងមានភាពប្រថុយប្រថានក្នុងការកើតជំងឺមហារីកសួតច្រើន។  ចំណែកឯវីតាមីនE ជាវីតាមីនរលាយក្នុងខ្លាញ់ដូចគ្នានឹងវីតាមីន K. A និងD ដែរ តែមានចំណុចកំណត់ថា ថ្នាំ ឬវីតាមីនដែលរលាយក្នុងខ្លាញ់ ងាយនឹងប្រមូលពូនផ្ដុំច្រើនណាស់ ដូច្នេះទើបត្រូវកំណត់បរិមាណក្នុងការទទួលទាន។

    តើវីតាមីនជួយអ្វីដល់រាងកាយមនុស្សខ្លះ?
    -វីតាមីន A ជួយដល់ការមើលឃើញនៅពេលយប់ និងជួយការពារការឆ្លងមេរោគក្នុងប្រព័ន្ធរំលាយអាហារ ប្រព័ន្ធបន្ទោបង់ទឹកមូត្រ និងប្រព័ន្ធដង្ហើម។
    -វីតាមីន B1 សំខាន់ចំពោះសាច់ដុំ ប្រព័ន្ធប្រសាទ និងការធ្វើការរបស់បេះដូង។
    -វីតាមីន B12 ចាំបាច់ចំពោះការចម្រើនធំធាត់ ជួយសាងគ្រាប់ឈាមក្រហម និងជំរុញប្រព័ន្ធប្រសាទ។
    -វីតាមីន C មានសារធាតុ អ៊ែនទីអុកស៊ីឌែនត៍ ការពារការឆ្លងមេរោគ ធ្វើឱ្យមុខរបួស ឬដំបៅឆាប់ជាសះ និងជួយបឺតជ្រាបសារធាតុដែក តែអ្វីដែលសំខាន់នោះគឺ ជួយផលិតខូឡាជេន ដែលនឹងជួយឱ្យស្បែកតឹងណែនមិនឆាប់ចាស់។
    -វីតាមីន E ជួយបំប៉នគ្រាប់ឈាមក្រហម ការពារសួត និងសាច់ភ្នាសផ្សេងៗ៕