Author: ធឿន មករា

  • Fellaini កើត COVID-19 នៅ Chinese Super League

    Fellaini កើត COVID-19 នៅ Chinese Super League

    អតីតកីឡាករខ្សែបម្រើជម្រើសជាតិប៊ែលហ្ស៊ិក Marouane Fellaini ត្រូវបានគេប្រកាសថា បានឆ្លងវីរុស COVID-19 នៅឯប្រទេសចិន ជាកន្លែងដែលកីឡាកររូបនេះកំពុងប្រកបអាជីព។
    លទ្ធផលតេស្ត មុនការចាប់ផ្តើមប្រកួតលីកកំពូលចិនវិញ នៅ 2សប្តាហ៍ចុងក្រោយនេះ បានធ្វើឱ្យកីឡាកររបស់ក្លិប Shandong Lunen រូបនេះ ក្លាយជាកីឡាករដំបូងនៅក្នុងលីកកំពូលរបស់ចិន ដែលឆ្លងជំងឺប្រភេទថ្មីនេះ។
    ចំណែក​សារព័ត៌មាន​ចិន​វិញ​ ក៏​បាន​រាយការណ៍​ដែរថា Fellaini ស្ថិត​នៅ​កន្លែង​ដាច់ដោយឡែកមួយ​ក្នុង​មន្ទីរពេទ្យ Jinan ដែលជា​មន្ទីរពេទ្យ​ជំនាញ​ខាង​ឯកទេស​ជំងឺ​ឆ្លង៕

  • រដ្ឋាភិបាលប្រកាសពន្យារពេល ប្រកួតកីឡាជាតិលើកទី3

    រដ្ឋាភិបាលប្រកាសពន្យារពេល ប្រកួតកីឡាជាតិលើកទី3

    រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា​ ការប្រកួតកីឡាជាតិ (National Games 2020) លើក​ទី​3 នៅ​ចន្លោះ​ខែឧសភា និង​ខែមិថុនា ឆ្នាំ​2020 ​នេះ ត្រូវបានពន្យារពេលហើយ ដោយសារតែការរាតត្បាតនៃវីរុសប្រភេទថ្មី ​COVID-19 ដែលជាក្តីកង្វល់របស់ពិភពលោក ក៏ដូចជាកម្ពុជានាពេលបច្ចុប្បន្ននេះដែរ។

    ជាមួយការពន្យារពេលនេះ ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងអំណរគុណ និងគាំទ្រចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ដែលបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់កីឡាករ-កីឡាការិនី ពិសេសផ្ដល់ឱកាសឱ្យគណៈកម្មការ មានពេលវេលាគ្រប់គ្រាន់ ក្នុងការត្រៀមលក្ខណៈរៀបចំ នៅពេលស្ថានភាពរីករាលដាល នៃជំងឺឆ្លង Covid-19 មានសភាពប្រក្រតីឡើងវិញ។

    គួររំឭកផងដែរថា តាមគម្រោង ការប្រកួតកីឡាជាតិ (National Games 2020) លើក​ទី​3 នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​25 ខែ​ឧសភា រហូតដល់​ថ្ងៃ​ទី​5 ខែ​មិថុនា ខាងមុខនេះ ​រយៈពេល​ 12​ថ្ងៃ​ ដោយព្រឹត្តិការណ៍ដ៏ធំនេះ គ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញ និងខេត្តចំនួន 5ទៀត ចូលរួមធ្វើជាម្ចាស់ផ្ទះ៕

  • ចិននឹងជម្នះគ្រប់ឧបសគ្គៈទាំងអស់ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19

    ចិននឹងជម្នះគ្រប់ឧបសគ្គៈទាំងអស់ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19

    លោក​ Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​២៣ មីនា​ បានបញ្ជាក់ថា រដ្ឋាភិបាល​ចិន នឹង​ជួយ​កម្ពុជា យកឈ្នះ​ជំងឺ​រាតត្បាត​COVID-19។ ​

    ដោយឆ្លើយ​ទៅនឹង​សំនួរ​អ្នកសារព័ត៌មាន ជុំវិញ​ការបញ្ជូន​សម្ភារ​បរិក្ខា​ពេទ្យ និង​ក្រុម​អ្នកជំនាញ​សុខាភិបាល​៧​នាក់មក​កម្ពុជា​នោះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ឥឡូវនេះ​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ការទប់ស្កាត់​វីរុស​COVID-19 ដ៏​កាច​សាហាវ ។ ដូច្នេះ​វា​មិន​ត្រឹមតែ​អាច​និយាយបានថា ចិន​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ជួយ​កម្ពុជា​ទេ ហើយក៏​មិន​គ្រាន់តែ​ជា​តំណាង​នៃ​ទំនាក់ទំនង​ទ្វេភាគី​ពិសេស​ដែរ ប៉ុន្តែ​វា​ពិតជា​សាកស​មណាស់ សម្រាប់​មិត្តភាព​ដែកថែប នៅក្នុង​សហគមន៍​វាសនា​រួមគ្នា​តែមួយ​។ ចិន​នឹង​បន្ត​ធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា ដើម្បី​យកឈ្នះ​លើ​ការ​រាតត្បាត​នៃ​វីរុស​COID-19​នេះ ជាពិសេស​រួមចំណែក​ដល់​សន្តិសុខ​សុខភាព​សាធារណៈ​ក្នុង​តំបន់​ទៀតផង​»​។​

    កាលពី​ថ្ងៃទី​23 មីនា​ ឆ្នាំ 2020 រដ្ឋាភិបាល​ចិន បាន​បញ្ជូន​ក្រុម​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​7​នាក់ ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​នៃ​ការ​ផ្ទុះឡើង​ជំងឺ​COVID-19 ​ក្រៅពីនេះចិនក៏បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​នូវ​សម្ភារពេទ្យមួយចំនួន​រួមមាន ឧបករណ៍​ធ្វើ​តេ​ស្តិ៍​, ឧបករណ៍​ដកដង្ហើម N95(ម៉ាស់), របាំង​វះកាត់​, ឯកសណ្ឋាន​ដែល​ធន់​នឹង​អង្គធាតុ​រាវ និង​អាវធំ​សម្រាប់​វះកាត់​ជាដើម​។
    គិត​ត្រឹម​ព្រឹក​ថ្ងៃទី​24 មីនា​ ឆ្នាំ2020​នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​COVID ចំនួន​87នាក់ ក្នុងនោះ​ជាសះស្បើយ​2​នាក់ គឺ​ស្ត្រី​ជនជាតិ​អង់គ្លេស​វ័យ​65ឆ្នាំ និង​បុរស​ជនជាតិ​ចិន​វ័យ​60​ឆ្នាំ​។

  • តារាបណ្តាញសង្គមកញ្ញា Sura ប្រាប់ពីអាថកំបាំងនៃការជ្រើសរើសស្បែកជើង ដើម្បីភាពជោគជ័យនៃការងារ

    តារាបណ្តាញសង្គមកញ្ញា Sura ប្រាប់ពីអាថកំបាំងនៃការជ្រើសរើសស្បែកជើង ដើម្បីភាពជោគជ័យនៃការងារ

    តារាបង្ហាញម៉ូដ Sura ក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការជ្រើសរើសស្បែកជើងម៉ាកល្បី Wakai ប្រាប់ដល់អ្នកគាំទ្រឱ្យបានដឹងថា កន្លងមកការងារដែលកញ្ញាទទួលបានជោគជ័យខ្លាំងបំផុតនៅក្នុងវិស័យដើរម៉ូដមួយនេះ គឺដោយសារការពូកែជ្រើសរើសស្បែកជើង។ កញ្ញាថា ស្បែកជើងមិនមែនចេះតែរើសយកមកពាក់ ដោយមិនបានគិតអំពីភាពធន់ និងសុខភាពនៃប្រអប់ជើងនោះទេ។ នាងថា  ម៉ាកស្បែកជើង Wakai ពិតជាមានផាសុខភាពសម្រាប់ប្រអប់ជើង ទោះពាក់ ឈររាប់ម៉ោង ក៏មិនស្ពឹក មិនឈឺចុកចាប់ និងធ្វើឱ្យរលាកជើងផងដែរ។

    នាងក៏បានលើកឡើងយ៉ាងសង្កត់ធ្ងន់ថា ស្បែកជើងWakai  នៅពេលដែលបានពាក់ហើយ ធ្វើឱ្យមានអារម្មណ៍ស្រាលជើង ហើយពុងស្បែកជើងក៏ទន់រមើយ បទបែនទៅតាមស្ថានភាពដែលយើងកំពុងធ្វើសកម្មភាព។ នាងថា គុណភាពរបស់ស្បែកជើងមួយនេះ  ពិតជាពិបាកនិយាយឱ្យអស់ខ្លាំងណាស់ ព្រោះពិតជាល្អខ្លាំងសម្រាប់សុខភាពនារី និងបុរស មិនត្រឹមតែមានសោភ័ណភាពស្អាតនោះទេ តែ Wakai បានគិតគូពីសុខភាពប្រអប់ជើង ធ្វើឱ្យប្រអប់ជើងកាន់តែស្រស់ស្អាត និងមិនប៉ះពាល់ដល់ក្រចកជើងផងដែរ។

    សូមជម្រាបថា Wakai ម៉ាកស្បែកជើងបង្កើតឡើងដោយជប៉ុនដែលល្បី១០ឆ្នាំមកហើយនៅប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានលេចវត្តមាននៅលើទីផ្សារកម្ពុជាហើយ។ ខណៈទើបចាប់ផ្ដើមដំណើរការហាងរបស់ខ្លួនជាលើកដំបូងម៉ាក​ស្បែកជើងមួយនេះ ត្រូវបានទទួលស្គាល់ និងកោតសរសើរយ៉ាងច្រើន ពីតារាភាពយន្ត និងបុគ្គលល្បីៗ ថាជាស្បែកជើងដែលមានតម្លៃសមរម្យ ងាយស្រួលពាក់ និង មានម៉ូតទាន់សម័យ សក្ដិសមសម្រាប់យុវវ័យ។

    ចំណុចដែលនាំឱ្យ Wakai មានភាពលេចធ្លោ និងទទួលបានការគាំទ្រច្រើនគឺដោយសារតែ Wakai ត្រូវបានបង្កើតឡើងសម្រាប់យុវវ័យ ហើយវាបានកើតចេញពីការសម្រិតសម្រាំងដោយភ្ជាប់ជាមួយនូវដូងព្រលឹងនៃជនជាតិជប៉ុន។ គិតពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ ស្បែកជើង Wakai ចំនួន១លាន៨សែនគូរត្រូវបានលក់នៅលើទីផ្សារប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ លើសពីនេះទៅទៀតជនជាតិឥណ្ឌូនេស៊ីម្នាក់ ក្នុងចំណោម១៤៥នាក់ គឺជាម្ចាស់នៃស្បែកជើង Wakai ទៀតផង។​ នៅក្នុងឱកាសបើកសម្ភោធហាងក្នុងប្រទេសកម្ពុជា Wakai ផ្ដល់ជូនការបញ្ចុះតម្លៃរហូតដល់ទៅ ២០ភាគរយចាប់ពីថ្ងៃទី១៥ ខែមីនា រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ហើយនៅក្នុងនឹឳកាសនេះផងដែរក្រុមហ៊ុន ក៏មានផ្តល់សេវាកម្មដឹកជញ្ជូនផងដែរ។ Wakai មានទីតាំងស្ថិតនៅជាន់ផ្ទាល់ដី ក្នុងផ្សារទំនើបអ៊ីអ៊នម៉លសែនសុខ។ លោក Clemence Tan រំពឹងយ៉ាងមុតមាំថា Wakai នឹងអាចប្រកួតប្រជែង ហើយក្លាយជាម៉ាកស្បែកជើងនាំមុខគេនៅក្នុងប្រទេសកម្ពុជា៕

  • ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៩ ខែមីនា ធាតុអាកាសបន្តក្តៅខ្លាំងនៅពេលថ្ងៃ ភ្លៀងអាចធ្លាក់ពីកម្រិតតិចទៅបង្គួរ !

    ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៩ ខែមីនា ធាតុអាកាសបន្តក្តៅខ្លាំងនៅពេលថ្ងៃ ភ្លៀងអាចធ្លាក់ពីកម្រិតតិចទៅបង្គួរ !

    ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

    ក្រសួងធនធានទឹក បានបញ្ជាក់ថា ក្នុងរយៈពេលនេះធាតុអាកាសបន្តក្តៅខ្លាំងនៅពេលថ្ងៃ ភ្លៀងអាចធ្លាក់ពីកម្រិតតិចទៅបង្គួរ។

    ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ថែរក្សាសុខភាពចំពោះការកើនឡើងនៃកម្តៅ និងសូមបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

  • ចំនួនអ្នកឆ្លងកើនឡើងដល់ 87នាក់ហើយ ក្រោយក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងមេរោគកូវីដ19ថ្មី សរុបចំនួន3នាក់ទៀត

    ចំនួនអ្នកឆ្លងកើនឡើងដល់ 87នាក់ហើយ ក្រោយក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងមេរោគកូវីដ19ថ្មី សរុបចំនួន3នាក់ទៀត

    គិតត្រឹមយប់ថ្ងៃទី23 ខែមីនា ឆ្នាំ2020នេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ19 ថ្មីសរុបចំនួន3នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ19 នៅក្នុងប្រទេសកម្ពុជា បានឡើងដល់87នាក់ហើយ។

    ក្នុងចំណោមអ្នកឆ្លងថ្មី៣នាក់នេះ មានស្រ្តីជនជាតិបារាំងម្នាក់អាយុ២៨ឆ្នាំ ដែលជាម្តាយទារកអាយុ៤ខែ មានវីរុសកូវីដ នៅរាជធានីភ្នំពេញ បុរសខ្មែរម្នាក់អាយុ៤៥ឆ្នាំ នៅខេត្តកំពង់ចាម និងបុរសខ្មែរម្នាក់អាយុ៣៦ឆ្នាំ រស់នៅខេត្តកំពត ដែលសម្រាកព្យាបាលនៅខេត្តកោះកុង។

  • លាងសម្អាតស្បែកមុខតាមរូបមន្តធម្មជាតិ

    លាងសម្អាតស្បែកមុខតាមរូបមន្តធម្មជាតិ

    1. ជូតមុខដោយកន្សែងក្តៅឧណ្ហៗ : យកកន្សែងជូតមុខរបស់អ្នកទៅជ្រលក់នៅក្នុងទឹកក្តៅឧណ្ហៗ ហើយយកវាមកដាក់លើមុខរបស់អ្នក។ ទឹក និងចំហាយក្តៅៗ នឹងជួយសម្អាតធូលី ព្រមទាំងជាតិកខ្វក់ផ្សេងៗចេញពីរន្ធញើស ហើយវាក៏ជួយបើករន្ធញើស ដែលធ្វើឱ្យអ្នកកាន់តែមានភាពងាយស្រួលក្នុងការសម្អាតស្បែកមុខបានជ្រៅ។ តែអ្នកក៏ត្រូវប្រុងប្រយ័ត្នចំពោះទឹកដែលត្រូវយកមកប្រើផងដែរ គឺមិនត្រូវឱ្យវាក្តៅពេកនោះទេ។
    2. លាងដៃអ្នកឱ្យស្អាតជាមួយសាប៊ូសម្លាប់មេរោគ : អ្នកពិតជាមិនអាចលាងមុខរបស់អ្នកឱ្យបានជ្រះស្អាតបានទេ ប្រសិនបើដៃរបស់អ្នកនៅមានសារធាតុកខ្វក់នៅឡើយនោះ។ ហេតុនេះអ្នកត្រូវតែប្រាកដក្នុងចិត្តថា ដៃរបស់អ្នកបានលាងយ៉ាងស្អាតដោយសាប៊ូ ដែលអាចសម្លាប់មេរោគយ៉ាងពិតប្រាកដ ដើម្បីការពារកុំឱ្យសារធាតុកខ្វក់ទាំងនោះឆ្លងទៅដល់ផ្ទៃមុខបានតាមរយៈដៃរបស់អ្នក។
    3. ល្បាយស្ករស និងទឹក : យកទឹក2ស្លាបព្រា លាយជាមួយស្ករស2ស្លាបព្រា កូរវាឱ្យរលាយចូលគ្នា។ ដាក់ល្បាយនោះនៅលើម្រាមដៃ ហើយយកវាទៅលាបនៅលើផ្ទៃមុខ ដោយផ្ទៃមុខរបស់អ្នកត្រូវមានសភាពសើមតិចៗផង។ រួចទុកវាចោលប្រមាណជា1នាទី ទើបលាងសម្អាតចេញជាការស្រេច។
    4. ទឹកក្រូចឆ្មារ : ច្របាច់យកទឹកក្រូចឆ្មារប្រហែលជា10តំណក់ដាក់លើបាតដៃ បន្ទាប់មកយកវាមកលាបលើផ្ទៃមុខរបស់អ្នកប្រហែលជា10វិនាទី ប៉ុន្តែត្រូវប្រយ័ត្នទឹកក្រូចឆ្មារផង ប្រសិនបើទឹកក្រូចឆ្មារកាត់ខ្លាំងពេកនោះ អ្នកគួរតែទុកចោលត្រឹមតែ3វិនាទីទៅបានហើយ ហើយធ្វើការលាងសម្អាតផ្ទៃមុខរបស់អ្នកជាមួយនឹងទឹកស្អាតធម្មតាជាការស្រេច វិធីនេះអាចជួយកម្ចាត់សារជាតិកខ្វក់ចេញពីរន្ធរោមរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព។
    5. ប្រើទឹកត្រជាក់ ឬត្រដុសផ្ទៃមុខដោយដុំទឹកកក : ទឹកប្រៀបបីដូចជាកូនសោដែលចាំបិទបើករន្ធញើសរបស់អ្នក។ បន្ទាប់ពីអនុវត្តតាមដំណាក់កាលទី1ខាងលើ ដោយការបើករន្ធញើសជាមួយទឹកក្តៅ ដើម្បីជួយបណ្តេញធូលី ក៏ដូចជាបាក់តេរីផ្សេងៗឱ្យចេញក្រៅ នៅដំណាក់កាលចុងក្រោយ បន្ទាប់ពីបានបណ្តេញសារធាតុកខ្វក់ចេញពីរន្ធញើសរួចហើយ អ្នកគ្រាន់តែយកទឹកត្រជាក់មកលុបលាងមុខ ឬយកដុំទឹកកកមកត្រដុសលើផ្ទៃមុខរបស់អ្នកហើយជូតសម្អាតដោយកន្សែងពោះគោដែលមានសាច់ក្រណាត់ទន់ជាការស្រេច។ អនុវត្តវិធីនេះរាល់ថ្ងៃបានត្រឹមរយៈពេលមួយសប្តាហ៍ នោះផ្ទៃមុខរបស់អ្នកនឹងទទួលបាននូវភាពស្រស់ស្អាតគួរជាទីពេញចិត្តជាក់ជាមិនខានឡើយ៕

  • រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីជូនដំណឹង ស្ដីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

    រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីជូនដំណឹង ស្ដីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

    ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ គ.ស.២០២០ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរដ៏ផូរផង់របសជាតិយើងរដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ជាយុវជន យុវនារី សិស្ស និស្សិត និងកម្មករ កម្មការនីទាំងអស់ដូចខាងក្រោម៖

    ១- ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។

    ២- ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ដោយប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដើម្បីរក្សាបានទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ។

    ៣- ចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងចៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម៉្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ ឬជិះម៉ូតូបង្ហោះប្រដេញគ្នាលេងនៅតាមផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ជាយថាហេតុប៉ះពាល់ដល់អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដំណើរ ព្រមទាំងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រ័កេទ ដើម្បីរក្សានូវភាពថ្លៃថ្នូរ ស័ក្តិសមជាកុលបុត្រកុលធីតាខ្មែរ។

    ៤- ត្រូវយកចិត្តទុកដាក់ក្នុងការថៃរក្សាសុខភាព អនាម័យ ជាពិសេសវិធានការការពារវីរុស Covid-19 ដោយប្រុងប្រយ័ត្នបំផុំត។

    រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ក្មួយៗ ជាយុវជន យុវនារី សិស្ស​ និស្សិត និងកម្មករ កម្មការិនីទាំងអស់ចូលរួមអនុវត្តតាមខ្លឹមសារជូនដំណឹងខាងលើ។

    ទទួលបានការជូនដំណឹងនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវសហការអនុវត្ត និងផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព ព្រមទាំងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិអំពើមិនគប្បីខាងលើ ដែលបង្កឱ្យប៉ះពាល់ដល់ប្រពៃណី សេចក្តីថ្លៃថ្នូររបស់ជាតិ ក៏ដូចជាប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ៕

  • Neymar រត់ទៅប្រេស៊ីល មុនប៉ារីសប្រកាសបិទក្រុង

    Neymar រត់ទៅប្រេស៊ីល មុនប៉ារីសប្រកាសបិទក្រុង

    ដោយសារការឆ្លងរាលដាលកាន់តែខ្លាំងនៃវីរុសថ្មី COVID-19 រាជរដ្ឋាភិបាលនៃប្រទេសបារាំង បានប្រកាសបិទទីក្រុងនានារបស់ខ្លួនជាបណ្តើរៗហើយ ដោយនៅពេលឆាប់ៗខាងមុខនេះ បារាំងក៏មានគម្រោងបិទប្រទេសទាំងមូលផងដែរ។

    មុន​ពេល​ការ​បិទ​ក្រុង​កើត​ឡើង ​កីឡាករ Neymar ​ក៏​បាន​ស្នើ​ទៅក្លិបរបស់ខ្លួន ​ដើម្បីសុំ​ចាកចេញ​ទៅ​ស្រុក​កំណើត​ផង​ដែរ។ ​រូបគេ​បាន​ប្រើប្រាស់​យន្ដហោះ​ផ្ទាល់​ខ្លួន ​ហោះ​ទៅ​ប្រេស៊ីល​ជាមួយ​មិត្ត​រួម​សញ្ជាតិ Thiago Silva ​។

    បើតាមតួលេខ ប្រទេសបារាំងមានអ្នកឆ្លងចំនួន 16,044នាក់ ខណៈអ្នកស្លាប់បានកើនដល់​ 674នាក់ ខណៈដែលអ្នកជាសះស្បើយមានចំនួនជាង 2ពាន់នាក់៕

  • អតីតប្រធានក្លិប Real Madrid ស្លាប់ព្រោះ COVID-19

    អតីតប្រធានក្លិប Real Madrid ស្លាប់ព្រោះ COVID-19

    តាមការប្រកាសជាផ្លូវការពីសាច់ញាតិរបស់លោក Lorenzo Sanz អតីត​ប្រធាន​​ក្លិប Real Madrid បានប្រកាសថា​ លោក Lorenzo Sanz បានទទួលមរណភាពហើយ ដោយសារវីរុស COVID-19 កាលពីថ្ងៃសៅរ៍ ទី21 ខែមីនា ឆ្នាំ2020 កន្លងទៅ។

    លោកបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយមិនបានដឹងខ្លួនថា មានជំងឺ COVID-19 ឡើយ មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

    សូម​បញ្ជាក់​ផង​ដែរ​ថា លោក Lorenzo Sanz ធ្លាប់បានធ្វើជា​ប្រធាន​ក្លិប Real Madrid ក្នុងអំឡុង​ឆ្នាំ1995 ដល់​ឆ្នាំ2000 ហើយ​ក្នុង​សម័យ​របស់​លោក Real Madrid បាន​ឈ្នះ​ពាន​ជា​ច្រើន ​ដូច​ជា UEFA Champions League អំឡុង​ឆ្នាំ1998 និង​ឆ្នាំ2000៕