Author: ធឿន មករា

  • វិធីបង្កើតទម្លាប់ល្អដើម្បីភាពស្រស់ស្អាតគ្រប់សមាជិកក្នុងគ្រួសារ

    វិធីបង្កើតទម្លាប់ល្អដើម្បីភាពស្រស់ស្អាតគ្រប់សមាជិកក្នុងគ្រួសារ

    មិនចាំបាច់ទាល់តែទៅស្វែងរកសេវាកម្មថែរក្សាសម្រស់ ក៏លោកអ្នកអាចទទួលបានភាពស្រស់ស្អាតដែរ ព្រោះថា ការដែលអ្នកមានទម្លាប់ល្អសម្រាប់អនុវត្តហើយនោះ ភាពស្រស់ស្អាតក៏ពិតជាមិនរត់ទៅណាចោលអ្នកដែរ។ កាន់តែពិសេសជាងនេះទៅទៀតនោះគឺ ប្រសិនបើអ្នកអាចធ្វើជាអ្នកដឹកនាំគ្រប់សមាជិកនៅក្នុងគ្រួសារឱ្យមានទម្លាប់ថែរក្សាភាពស្អាតឱ្យបានត្រឹមត្រូវដូចអ្នកដែរនោះ ធានាថា គ្រប់គ្នាពិតជាបានស្រស់ស្អាតជាមិនខាន។ សូមចាំថា ការអនុវត្តវិធីងាយៗនៅផ្ទះដោយខ្លួនឯងឱ្យបានញឹកញាប់ វានឹងក្លាយជាទម្លាប់ ហើយនៅពេលដែលគ្រប់គ្នានៅក្នុងគ្រួសារមានទម្លាប់ល្អហើយនោះ សូមធានាថា ក្តីបារម្ភដែលទាក់ទងនឹងការថែរក្សាសម្រស់ក៏ពិតជាមិនអាចមករំខានអ្នកណាម្នាក់នៅក្នុងផ្ទះរបស់អ្នកបានឡើយ។ សូមអនុវត្តដូចខាងក្រោមនេះ៖

    1. ស្បែកស្អាតត្រូវចាប់ផ្តើមពីការសម្អាត : ការសម្អាតស្បែកជាប្រចាំនាពេលព្រឹក និងពេលយប់ជាអ្វីដែលអ្នកត្រូវតែធ្វើឱ្យបានជាប់ជាប្រចាំ។ ក្នុងករណីដែលអ្នកចង់ឱ្យការសម្អាតផ្ទៃមុខរបស់អ្នកកាន់តែមានលក្ខណៈពិសេស និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងផ្តល់នូវគុណប្រយោជន៍ជាច្រើនដល់សម្រស់ស្បែករបស់អ្នកទៀតនោះ អ្នកអាចយកទឹកឃ្មុំបន្តិចលាយជាមួយទឹកដោះគោឆៅមួយស្លាបព្រា រួចយកវាទៅកម្តៅ3-4វិនាទីក្នុងម៉ាស៊ីនមៃក្រូវេវ ហើយយកមកលាបឱ្យសព្វលើផ្ទៃមុខ និងក រួចលាងសម្អាតចេញជាមួយទឹកក្ដៅតិចៗជាការស្រេច។

    2. ចំហុយជាកូនសោបើកទ្វារនៃភាពស្រស់ស្រាយ : ចំហុយមុខរបស់អ្នកឱ្យបានម្ដងក្នុងមួយសប្ដាហ៍ ដើម្បីសម្អាតជាតិពុល មុនក្បាលខ្មៅ និងស្នាមតូចៗចេញពីស្បែកមុខ។ ការបន្ថែមប្រេងផ្សេងៗឱ្យត្រូវទៅតាមប្រភេទស្បែករបស់អ្នក គឺជាការជួយឱ្យការចំហុយស្បែកមុខកាន់តែមានប្រសិទ្ធភាពខ្ពស់ឡើង។ សូមចាំថា ការចំហុយស្បែកគឺជាវិធីដែលជួយឱ្យស្បែកមានភាពស្រស់ស្រាយ និងសុខភាពល្អជាប់ជានិច្ច។

    3. គ្រឿងម៉ាស្សានៅផ្ទះ : ការម៉ាស្សាសម្អាតស្បែកដោយប្រើផលិតផលដែលមានស្រាប់នៅក្នុងផ្ទះម្តង ឬពីរដងក្នុងមួយសប្តាហ៍គឺជាទម្លាប់ដ៏ប្រសើរមួយ ដែលអ្នកគួរតែនាំគ្នាអនុវត្ត។ គ្រាន់តែយកប្រេងអូលីវបន្តិចលាយជាមួយនឹងស្ករត្នោតបន្តិច ហើយយកមកត្រដុសថ្នមៗលើស្បែក រួចសម្អាតចេញដោយទឹកក្តៅឧណ្ហៗ។ ក្រោយមកបន្តិចកុំភ្លេចបិទរន្ធញើសរបស់អ្នកដោយការសាចទឹកត្រជាក់លើផ្ទៃមុខផង។ វិធីនេះនឹងចូលរួមចំណែកធ្វើការកម្ចាត់ និងសម្អាតស្បែកចាស់ៗចេញ ដើម្បីផ្តល់ឱកាសឱ្យស្បែកថ្មីបានបង្ហាញវត្តមាននៅលើផ្ទៃមុខរបស់អ្នកវិញជាមិនខាន។

    4ចងចាំជានិច្ចថាស្បែកត្រូវមានសំណើម : ប្រេងបន្លែ ដូចជា ប្រេងអាល់ម៉ុនជាដើមត្រូវបានគេទុកថាជាជំនួយការដ៏ល្អបំផុតក្នុងការនាំមកនូវសំណើមដល់ស្បែក និងកាត់បន្ថយស្នាមជ្រួញ។

    5. កុំបំភ្លេចម៉ាសជំនួយផ្ទៃមុខ : ការប្រើម៉ាសបិទមុខដែលអ្នកទិញមកស្រាប់ៗអាចនឹងធ្វើឱ្យស្បែករបស់អ្នកប្រឈមនឹងបញ្ហាផ្សេងៗ ហើយអ្នកក៏អាចនឹងត្រូវចំណាយប្រាក់ច្រើនបន្តិច ដូច្នេះប្រសិនបើអ្នកចង់ឱ្យមានភាពចំណេញ និងមិនមានក្តីបារម្ភទៀតនោះ សូមសាកល្បងនាំសមាជិកក្នុងគ្រួសារបិទម៉ាសដែលអ្នកធ្វើឡើងដោយខ្លួនឯងដែលបានមកពីការផ្សំចូលគ្នានៃគ្រីម មួយស្លាបព្រា ចេកទុំកិនម៉ដ្ឋ មួយផ្លែ និងវីតាមីនEមួយគ្រាប់។ លាបលើផ្ទៃមុខទុកចោលប្រហែលជា15នាទី សិមសម្អាតចេញជាការស្រេច។

    ទាំងនេះសុទ្ធតែជាវិធីដែលអាចនាំអ្នក និងសមាជិកក្នុងគ្រួសាររបស់អ្នកទៅរកភាពស្រស់ស្អាត ប៉ុន្តែសូមចងចាំផងថា ក្រៅពីការធ្វើតាមវិធីទាំងនេះហើយនោះ អ្នកក៏ត្រូវថែរក្សាស្បែកដោយការលាបឡេការពារកម្តៅថ្ងៃឱ្យបានជាប្រចាំ កុំជក់បារី ត្រូវទទួលទានទឹកឱ្យបានគ្រប់គ្រាន់ មិនថាជាទឹកធម្មតា ឬទឹកបន្លែ ផ្លែឈើដែលចម្រាញ់ចេញពីបន្លែផ្លែឈើស្រស់ៗនោះទេ៕

  • កម្ពុជា សម្របសម្រួលឲ្យមិត្តម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿងមកកម្ពុជា ដើម្បីទទួលយកពលរដ្ឋខ្លួន

    កម្ពុជា សម្របសម្រួលឲ្យមិត្តម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿងមកកម្ពុជា ដើម្បីទទួលយកពលរដ្ឋខ្លួន

    ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានសម្របសម្រួលឲ្យមិត្តម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿងមកទទួលជនជាតិគាត់ដែលជាប់នៅកម្ពុជា ចំនួន 111 នាក់ ដោយសារតែការលុបគ្រប់ជើងហោះហើរទាំងអស់តាមបទបញ្ជារគ្រប់គ្រងការធ្វើដំណើររបស់រដ្ឋាភិបាលម៉ាឡេស៊ី ។

    ជាមួយនេះ ក្រសួងក៏បានសម្របសម្រួលឲ្យពលរដ្ឋយើងចំនួន 6នាក់ដែលជាប់នៅម៉ាឡេស៊ីបានធ្វើដំណើរតាមយន្តហោះពិសេសនេះត្រឡប់មកកម្ពុជាវិញដែរ។

    ដើម្បីធានាសុវត្ថិភាពពលរដ្ឋទាំង6នាក់នោះ បានទៅធ្វើតេស្តនៅមន្ទីរពេទ្យចាក់អង្រែពេលមកដល់ភ្លាម។
    រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishammudin Hussein ក៏បានទូរស័ព្ទមក ឯកឧត្តមប្រាក់ សុខុន ដើម្បីអរគុណចំពោះការសម្រួលមាតុភូមិនិវត្តន៍របស់ពលរដ្ឋគាត់ផង ហើយម៉្យាងក៏ឆ្លៀតឱកាសពិភាក្សាគ្នាអំពីការជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងវីរុស covid-19 ការរឹតចំណងទាក់ទងទ្វេភាគី និងកិច្ចសហការក្នុងក្របខណ្ឌអាស៊ានផង។

    ឯកឧត្តមប្រាក់ សុខុនក៏បានជូនពរសារជាថ្មីជូនលោក Hussein ដែលបានឡើងកាន់តំណែងថ្មីនេះកាលពីថ្ងៃទី 9 ខែមីនា កន្លងទៅ អរគុណគាត់ចំពោះការអនុញ្ញាតឲ្យពលករខ្មែរបានដោយសារយន្តហោះពិសេសរបស់គាត់ ហើយបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជាក្នុងការជំរុញទំនាក់ទំនងទ្វេភាគីនិងពហុភាគី។
    ប្រភពពី៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

  • កសិដ្ឋានចិញ្ចឹមមាន់សាច់ “3PLE FARM” កំពុងពង្រឹងខ្លួន ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស

    កសិដ្ឋានចិញ្ចឹមមាន់សាច់ “3PLE FARM” កំពុងពង្រឹងខ្លួន ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស

    ដោយសារតែជំងឺជាច្រើនបានវាយលុក នៅលើវិស័យកសិកម្ម នៅតាមតំបន់ និងប្រទេស​ជិតខាង ដូចជាជំងឺសារ៍(SARS) ជំងឺH1N1, ជំងឺគ្រុនផ្តាសាយបក្សី និងជំងឺប៉េស្តជ្រូកអាហ្វ្រិក ជាដើម ហើយថ្មីៗនេះក៏មានជំងឺកូវីដ19 ទៀតផងនោះ បានធ្វើ​ឱ្យ​ប្រទេសកម្ពុជាទទួលរងនូវជំងឺទាំងនោះផងដែរ និងបាន​ធ្វើឱ្យ​វិស័យកសិកម្មកម្ពុជា នៅតែមិន​អាច​វិវឌ្ឍ​ខ្លួន​ឱ្យរីកចម្រើនបាននៅឡើយ។

    ប៉ុន្តែទោះជាយ៉ាងណាក្តី​ យើងសង្កេតឃើញពីការខិតខំប្រឹងប្រែងរបស់កសិករ និងរដ្ឋាភិបាល ដែលបានជម្នះ​បញ្ហាទាំងនេះ បង្កើនការចិញ្ចឹមសត្វ​ ក្នុងវិស័យកសិកម្មឱ្យបានរីកចម្រើន។ ដូចជាក្រុមហ៊ុន 3PLE FARM ដែលបានធ្វើកសិដ្ឋាន​ចិញ្ចឹមមាន់​សាច់ មួយរយៈកន្លងមក និងបច្ចុប្បន្នកំពុងតែពង្រឹងខ្លួន ​ដើម្បីស្វែង​​រកទីផ្សារផ្គត់ផ្គង់សាច់មាន់សម្រាប់អតិថិជនកម្ពុជា ​និងនាំចេញ។

    លោក ថុល រិទ្ធិស័ក្តិ អ្នកគ្រប់គ្រងទូទៅ ដែលមានជំនាញផ្នែកលក់ បានប្រាប់កាសែតឡារ៉ែន​ពាណិជ្ជ​ឱ្យ​ដឹងថា៖«ខ្សែចង្វាក់ផលិតកម្មរបស់សត្តឃាតដ្ឋានយើង ដែលបានចាប់​ផ្តើមសាកល្បងដំណើរ​ការ​កាលពីខែមេសា ឆ្នាំកន្លងទៅ មានទីតាំងនៅភូមិឈើទាល ឃុំជម្ពូវ័ន្ត ស្រុកជុំគីរី ខេត្តកំពត»។

    លោកបន្តថា៖«សត្តឃាត​ដ្ឋាន​នេះ​បានបំពាក់ទៅដោយឧបករណ៍ និងសម្ភារបច្ចេកទេស​ទំនើបស្វ័យ​ប្រវត្តិមក​ពីសហភាពអឺរ៉ុប អាមេរិក និងអូស្រ្តាលី ដោយសហការវិនិយោគជា​មួយក្រុមហ៊ុន​ម៉ា​ឡេស៊ី។​ ​ដោយ​ឧបករណ៍បច្ចេកទេសទាំងនេះ ធានាបាននូវអនាម័យ គុណភាព និងសុវត្ថិភាព​លើ​ផលិត​ផលសាច់ ​ឆ្លើយ​តប​បានយ៉ាងពេញលេញតាមតម្រូវការទីផ្សារ និងតម្រូវចិត្តអ្នកបរិភោគ ដែលតែងតែ​គិត និងបារម្ភ​អំពី​គុណ​ភាពសាច់ខ្វះអនាម័យនាពេលបច្ចុប្បន្ន»។

    លោកបានឱ្យដឹងថា សត្តឃាតដ្ឋានរបស់ក្រុមហ៊ុន 3PLE FARM មានសមត្ថភាព ​ពិឃាត​មាន់ បានចំនួន 12ពាន់ក្បាល ក្នុង​1ថ្ងៃ ដោយប្រើកម្លាំងពលកម្ម 50នាក់។

    លោក រិទ្ធិស័ក្តិ បានឱ្យ​ដឹងទៀតថា៖«កសិដ្ឋានមាន់របស់ក្រុមហ៊ុន 3PLE FARM របស់ខ្ញុំ ក្នុង1ឆ្នាំ ចិញ្ចឹម​មាន់បានប្រមាណជាង 1លានក្បាល ជាប្រភេទ​មាន់សាច់។ ក្នុងការចិញ្ចឹម​មាន់​សាច់នេះ កសិដ្ឋាន​របស់​ខ្ញុំ បានចាប់ផ្ដើមតាំងពីឆ្នាំ2016 មករហូតដល់បច្ចុប្បន្ន យើងមានរោងចក្រ​សត្តឃាតដ្ឋានដែលបានដំណើរការនៅឆ្នាំ2018 លើផ្ទៃដី 8ហិកតា»។
    លោកបានមានប្រសាសន៍ឱ្យដឹងថា៖«ក្នុង 1ថ្ងៃ កសិដ្ឋានរបស់ខ្ញុំមានសមត្ថភាព​បញ្ចេញ​មាន់បាន 3,000ក្បាលទៅក្នុងទីផ្សារ ដោយការចិញ្ចឹមមាន់សាច់នេះ ត្រូវប្រើរយៈពេលចិញ្ចឹម 35ថ្ងៃ​ទៅ 40ថ្ងៃ យើងនឹងបានទទួលផលហើយ ដោយមាន់ 1ក្បាល អាចមានទម្ងន់ជាមធ្យមពី ​2.2 ទៅ 2.4គីឡូ​​ក្រាម»។

    លោក រិទ្ធិស័ក្តិ ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន 3PLE FARM មានលក្ខណៈប្លែកពីគេត្រង់ថា ​ក្រុម​ហ៊ុន​​មាន​កន្លែងពន្លះសាច់ លាងសម្អាត និងវេចខ្ចប់ដោយខ្លួនឯង ដែលជាក្រុម​ហ៊ុនដំបូងគេនៅ​ស្រុកខ្មែរ។ មានន័យថា យើងធ្វើដោយខ្លួនឯង ដោយ​​​កាត់ជាផ្នែកៗ រួចយើងរៀបចំវេចខ្ចប់ដោយម៉ាស៊ីនស្តង់ដាទំនើប រួចទើបបញ្ជូនទៅ​ឱ្យអតិថិជន ដូចជាភោជនីយដ្ឋាន និងសណ្ឋាគារធំៗ​។

    លោកបញ្ជាក់ទៀតថា សម្រាប់មាន់សាច់​នៅស្រុកខ្មែរយើង មាន់សាច់ក្នុងកសិដ្ឋានរបស់លោក មាន​ទីផ្សារ​គោលដៅគឺ​ហាងធំៗ ដោយហាងទាំងនោះ ត្រូវការគុណភាពសាច់មាន់ប្រភេទនេះ។ ដូច្នេះ​គេ​បាន​ទទួលស្គាល់មាន់សាច់របស់យើង ដែលយើងបានចរាចរលើទីផ្សារកន្លងមក។

    លោក រិទ្ធិស័ក្ត បានបញ្ជាក់ឱ្យដឹងថា៖«ក្នុងការលក់ តាមសាច់មាន់របស់ខ្ញុំ គឺមាន់ទាំង​មូល​លក់​ក្នុងតម្លៃ 3.5ដុល្លារ ក្នុង 1គីឡូក្រាម។ សាច់ទ្រូងសុទ្ធតម្លៃ 4.8ដុល្លារ ក្នុង 1គីឡូក្រាម​, ស្លាប​លក់​តម្លៃ 4ដុល្លារ ក្នុង 1គីឡូក្រាម។​ ការលក់សាច់មាន់តាមផ្នែកនេះ គឺយើងមានកម្មករដែលរៀបចំ​សាច់តាមផ្នែក ដោយមានជំនាញ ស្តង់ដា ​ហើយក្នុងមាន់មួយ យើងអាចលក់បានតាំងពីជើង ដល់​គ្រឿងក្នុង ហើយ​ការ​​​លក់ គឺលក់ជាប្រចាំតែម្តង ដោយពុំឱ្យមានអាក់ខានឡើយ»។

    លោកបានបញ្ជាក់ឱ្យដឹងថា៖«មាន់នៅកសិដ្ឋានខ្ញុំ ខ្ញុំបានប្រើម៉ាក PAMAK All Natural CHIC​KEN ហើយការធ្វើកសិដ្ឋាននេះ ​ខ្ញុំប្រើកម្មករប្រមាណ 50នាក់ ដែលពួកគាត់មានជំនាញ ​និង​បទពិសោ​ធច្បាស់លាស់ រួមទាំងជនជាតិអារ៉ាប៊ីសាអ៊ូឌីត​ និងហ្វីលីពីនដែលជាកម្មករជំនាញផងដែរ ​ហើយយើង​ក៏មា​ន​​​​ការ​រក្សា​សុវត្ថិ​ភាព និងការ​ពារ​សុខភាពពួកគេទៀតផង»។

    លោក រិទ្ធិស័ក្តិ បានឱ្យដឹងទៀតថា៖«មាន់សាច់នៅក្នុងកសិដ្ឋានរបស់ខ្ញុំ មានមនុស្សជា​ច្រើន​ក្នុងសង្គម​បច្ចុប្បន្ន ដែលចង់បានគុណភាព ស្អាត អនាម័យ ដូច្នេះកសិដ្ឋាន​របស់ខ្ញុំ គឺមានសាច់មាន់​ប្រភេទ​ហ្នឹងដាក់លក់នៅទីផ្សារ»។

    ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា កសិដ្ឋានលោក ក៏មានគំនិត​ចិញ្ចឹមមាន់សាច់នេះ​ ក្នុងលក្ខណៈមួយដែលទីផ្សារក្នុងស្រុកកំពុងត្រូវការ នាពេលបច្ចុប្បន្នដែរ គឺ៖

    ទី1-កសិដ្ឋានចិញ្ចឹមមាន់ និងផលិតសាច់មាន់នេះ បានចិញ្ចឹម​មាន់​ និង​ផលិតសាច់មាន់ក្នុង​គោល​បំណងជួយទប់ស្កាត់ និងការពារ និងកាត់បន្ថយការនាំចូលមាន់ពីខាងក្រៅ និងផ្គត់ផ្គង់​ទី​ផ្សារ​ក្នុងស្រុក​ឱ្យ​បានគ្រប់គ្រាន់។

    ទី2-គឺជាផលិតផលខ្មែរសុទ្ធសាធ ដែលខ្មែរអាចធ្វើ និងផលិតបាន និងជាផលិតផល​នាំមុខ​​គេ ក្នុងស្រុកខ្មែរផងដែរ។

    លោកថុល រិទ្ធិស័ក្តិ បានបញ្ជាក់ថា៖«រោងចក្រកសិដ្ឋាន សម្អាត និងវេចខ្ចប់​មាន់សាច់​របស់​​ខ្ញុំ នេះ ខ្ញុំ​បានប្រើ​ប្រាស់​ថវិកាប្រមាណជិត 10លានដុល្លារសម្រាប់ការងារនេះ ហើយមាន់​សាច់របស់ខ្ញុំ​បាន​លក់​ចូលក្នុងទីផ្សារ ដែលមាន់នេះមាន​ការសហការ និងយក​ពូជមក​ពីប្រទេសថៃ។ ចំពោះ​​ចំណី​អា​ហារវិញ យើងមានរោងចក្រផលិតជាក្រុមហ៊ុនក្នុងស្រុក ដែលផលិតចំណីសត្វរបស់ប្រទេសកូរ៉េ។

    ទោះជាយ៉ាងណាក្តី លោក រិទ្ធិស័កិ្ត បានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមមាន់សាច់របស់​លោក មិន​ទាន់​បាននាំចេញទៅក្រៅប្រទេសទេ បានត្រឹមតែផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប៉ុណ្ណោះ ប៉ុន្តែ​យើងមានការទំនាក់​ទំនង​ពីទីផ្សារខាងក្រៅមកច្រើនហើយ យើងកំពុងតែជជែក​គ្នាសិន។

    លោក ថុល រិទ្ធិស័ក្តិ បានបញ្ជាក់ថា៖«ខ្ញុំសង្ឃឹមថា នឹង​រៀបចំធ្វើការ​ងារនេះ ​​​ តែពេលស្ថិត​ក្នុងដំណាក់កាលជជែកគ្នានេះ ខ្ញុំក៏មានគម្រោងពង្រីកការផលិត សម្រាប់​ការនាំចេញ​ទៅ​ទី​ផ្សារក្រៅប្រទេសដែរ។​ ចំពោះ​ការដាក់​លក់​​មាន់សាច់នៅក្នុងគ្រប់ទីផ្សារទំនើប ​ក៏ជាទិស​ដៅ​របស់កសិដ្ឋានខ្ញុំ​ដែរ ហើយក្រុមហ៊ុន​របស់ខ្ញុំក៏កំពុងចរចាផងដែរ តែពុំទាន់បានលទ្ធផលនៅឡើយ ក៏ប៉ុន្តែខ្ញុំជឿជាក់ថា​វានឹងទទួលបានផលវិជ្ជមានក្នុងពេល​ឆាប់ៗនេះ៕

  • ក្រសួងសេដ្ឋកិច្ច និង JICA ចេញសេចក្តីប្រកាសផ្តល់ហិរញ្ញប្បទានជិត 600លានដុល្លារ

    ក្រសួងសេដ្ឋកិច្ច និង JICA ចេញសេចក្តីប្រកាសផ្តល់ហិរញ្ញប្បទានជិត 600លានដុល្លារ

    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (Japan International Cooperation Agency ឬ JICA ប្រចាំនៅកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានរួមមួយ ស្តីពីពិធីចុះហត្ថលេខា ក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងចំនួន5 ដែលមានទឹកប្រាក់ជិត 600លានដុល្លារអាមេរិក។

    ពិធីចុះហត្ថលេខាក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងចំនួន5 ក្នុងនោះលើលិខិតប្តូរសារចំនួន5 និងលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន2 ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី24 ខែមីនា ឆ្នាំ2020។
    ក-ការចុះហត្ថលេខា៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា លើលិខិតប្តូរសារ(Exchange of Notes)ស្តីពីការផ្តល់ហិរញ្ញប្បទានដល់គម្រោងចំនួន5 ដែលមានទឹកប្រាក់សរុបប្រមាណ 312.37លានដុល្លារអាមេរិក។ លិខិតប្តូរសារចំនួន5 នេះរួមមាន៖

    1- គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ (ទឹកប្រាក់ចំនួន 3,421 លានយ៉េន ត្រូវជាប្រមាណ 30.7លានដុល្លារអាមេរិក)។
    2- គម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន (ទឹកប្រាក់ចំនួន1,000លានយ៉េន ត្រូវជាប្រមាណ 8.97លានដុល្លារអាមេរិក)។
    3- គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្ដល់ជារថយន្ត និងសម្ភារដល់កម្ពុជា សម្រាប់កិច្ចប្រជុំអាស៊ាន 2022(ទឹកប្រាក់ចំនួន 300លានយ៉េន ត្រូវជាប្រមាណ 2.7លានដុល្លារអាមេរិក)។
    4- គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ5 (ពីស្ពានព្រែកក្ដាម – ធ្លាម្អម ខេត្តពោធិ៍សាត់) ដំណាក់កាលទី3 ដែលមានទឹកប្រាក់ចំនួន 11,715លានយ៉េន ត្រូវជាប្រមាណ 108 លានដុល្លារអាមេរិក។
    5- គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ5 (ពីធ្លាម្អម ខេត្តពោធិ៍សាត់ – ក្រុងបាត់ដំបង និងពីក្រុងសិរីសោភ័ណ – ក្រុងប៉ោយប៉ែត) ដំណាក់កាលទី2 ដែលមានទឹកប្រាក់ចំនួន 17,702លានយ៉េន ត្រូវជាប្រមាណ 162លានដុល្លារអាមេរិក។

    ខ- ការចុះហត្ថលេខា៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក SUGANO Yuichi ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា លើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន2 ដែលមានទឹកប្រាក់សរុបប្រមាណ 270លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងឥណទានសម្បទាន ចំនួន2 នេះ ជាកញ្ចប់ឥណទានសម្រាប់បន្ថែមដល់គម្រោងទាំង2 រួមមាន៖

    1-
     គម្រោងធ្វើឱ្យប្រសើរឡើង នូវកំណាត់ផ្លូវជាតិលេខ5 (ពីស្ពានព្រែកក្ដាម – ធ្លាម្អម ខេត្តពោធិ៍សាត់)ដំណាក់កាលទី3 ដែលមានទឹកប្រាក់ចំនួន 11,715លានយ៉េនត្រូវជាប្រមាណ 108លានដុល្លារអាមេរិក។
    2- គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ5(ពីធ្លាម្អម ខេត្តពោធិ៍សាត់ – ក្រុងបាត់ដំបង និងពីក្រុងសិរីសោភ័ណ – ក្រុងប៉ោយប៉ែត) ដំណាក់កាលទី2 ដែលមានទឹកប្រាក់ចំនួន 17,702 លានយ៉េន ត្រូវជាប្រមាណ 162 លានដុល្លារអាមេរិក
    ជារួម គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ5 (ពីស្ពានព្រែកក្តាម-ក្រុងប៉ោយប៉ែត) ក្នុងក្របខ័ណ្ឌឥណទានសម្បទានជប៉ុន មានប្រវែងសរុប 366គម បានបែងចែកជា 3ផ្នែកធំៗគឺ៖
    1- ភាគខាងជើង (ពីក្រុងបាត់ដំបង – ក្រុងសិរីសោភ័ណ) កំណាត់ផ្លូវមានប្រវែងសរុប 84.74គម ក្នុងនោះ ផ្លូវមេមានប្រវែង 51.48គម និងផ្លូវវាងក្រុងបាត់ដំបង មានប្រវែង 23.92គម និងផ្លូវវាងក្រុងសិរីសោភ័ណ មានប្រវែង 9.34 គម។
    2- ភាគខាងត្បូង (ពីស្ពានព្រែកក្តាម – ធ្លាម្អម ខេត្តពោធិ៍សាត់) កំណាត់ផ្លូវមានប្រវែងសរុប135.24គម ក្នុងនោះផ្លូវមេ មានប្រវែង 117.97គម និងផ្លូវវាង 2ខ្សែ គឺ ផ្លូវវាងក្រុងឧដុង្គ មានប្រវែង5.2គម និងផ្លូវវាងក្រុងកំពង់ឆ្នាំង មានប្រវែង 12.07គម។
    3- ភាគកណ្តាល (ពីធ្លាម្អម ខេត្តពោធិ៍សាត់-ក្រុងបាត់ដំបង និងពីក្រុងសិរីសោភ័ណ-ក្រុងប៉ោយប៉ែត) កំណាត់ផ្លូវមានប្រវែងសរុប 146.04គម។ ក្នុងនោះពីធ្លាម្អម ខេត្តពោធិ៍សាត់ ទៅក្រុងបាត់ដំបង មានប្រវែង 99.21គម ជាផ្លូវ 4គន្លង, ផ្លូវវាងក្រុងពោធិ៍សាត់ 11.69គម និងកំណាត់ផ្លូវពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត មានប្រវែង 35,14គម។

    ដោយសារ តម្រូវការហិរញ្ញប្បទានសម្រាប់ផ្នែកនីមួយៗមានតម្រូវការធំ ដូចនេះ ការផ្តល់ឥណទានសម្រាប់ផ្នែកនីមួយៗ បានធ្វើឡើងជាដំណាក់កាលៗ ទៅតាមការវិវឌ្ឍនៃការរៀបចំអនុវត្តគម្រោង។ ជារួម កំណាត់ផ្លូវជាតិលេខ5 (ពីស្ពានព្រែកក្តាម-ក្រុងប៉ោយប៉ែត) ដែលមានប្រវែងសរុបចំនួន 366គម មាន​តម្រូវការឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន សរុបប្រមាណ 840លានដុល្លារអាមេរិក៕

  • Ronaldo, Messi និង Lewandoski រៃគ្នាម្នាក់ 1លានអឺរ៉ូ ជួយទប់ស្កាត់ វីរុសCOVID-19

    Ronaldo, Messi និង Lewandoski រៃគ្នាម្នាក់ 1លានអឺរ៉ូ ជួយទប់ស្កាត់ វីរុសCOVID-19

    ក្រោយពីទំនេរនៅផ្ទះ បន្ទាប់ពីការប្រកួតបាល់ទាត់ត្រូវបានផ្អាក ក្នុងអំឡុងពេលរាតត្បាតនៃរីរុសកូវីដ-19 កីឡាករល្បីល្បាញជាច្រើននាក់នៅលើពិភពលោក បានជួយជាថរិកាមួយចំនួនដើម្បីរួមចំណែកទប់ស្កាត់ការរាតត្បាតរបស់មេរោគដ៏ចង្រៃមួយនេះ។

    ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណាប្រភេទថ្មី ​កីឡាករ​​បាល់ទាត់​លំដាប់​កំពូល​​​ 3​នាក់ ​​រួម​មាន Lionel Messi, Cristiano Ronaldo និង Robert Lewandowski បាន​បរិច្ចាគ​ប្រាក់​សរុប​​រួម​គ្នា ចំនួន 3​លាន​អឺរ៉ូ (3.2លាន​ដុល្លារ) ដើម្បីជួយ​ដល់​មន្ទីរពេទ្យ។

    គួរបញ្ជាក់ដែរថា ការប្រកួតបាល់ទាត់ទូទាំងទ្វីបអឺរ៉ុប បានផ្អាកទាំងស្រុងហើយ និងថែមទាំងមិនទាន់កំណត់ថ្ងៃចាប់ផ្តើមការប្រកួតវិញនៅឡើយទៀតផង ដោយត្រូវរង់ចាំស្ថានការណ៍វិលទៅរកភាពស្ងប់ស្ងាត់វិញសិន៕

  • វិសាខា ផ្ដល់ថវិកាជូនខេត្តព្រៃវែង និងបាត់ដំបង ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-19

    វិសាខា ផ្ដល់ថវិកាជូនខេត្តព្រៃវែង និងបាត់ដំបង ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-19

    ថ្នាក់ដឹកនាំ​នៃក្លិប​បាល់ទាត់​វិសាខា មាន​ឯកឧត្ដម ស សុខា និង​លោកជំទាវ កែ សួន​សុ​ភី បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន 4,500​ដុល្លារដល់​រដ្ឋ​បាល​ខេត្ត​ចំនួន​2 រួមមាន​ខេត្ត​ព្រៃវែង ចំនួន 2,500​ដុល្លារ និង​ខេត្ត​បាត់ដំបង ​ចំនួន 2,000​ដុល្លារ ​ដើម្បី​ជាការរួមចំណែក​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាលនៃ​ជំងឺឆ្លងដែលបណ្ដាលមកពីមេរោគវីរុស Covid-19 ដែល​កំពុង​គំរាម​កំហែង​ពិភពលោក ក៏ដូចជា​បង្ក​ក្ដី​បារម្ភ​ដល់​កម្ពុជាផងដែរ។

    ក្រៅពីសកម្មភាពខាងលើនេះ ក្លិបវិសាខាក៏បានចូលរួមក្នុងការទប់ស្កាត់មេរោគចង្រៃនេះដោយវិធានផ្សេងៗផងដែរ ដូចជាការធ្វើអនាម័យកីឡាករ កីឡដ្ឋាន ក៏ដូចជាធ្វើវីដេអូអប់រំទៅដល់អ្នកគាំទ្រ ឱ្យមានការយល់ដឹងពីវីរុសCOVID-19 នេះផងដែរ៕

  • Pacquiao បរិច្ចាគថរិកាផ្ទាល់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-19 នៅហ្វីលីពីន

    Pacquiao បរិច្ចាគថរិកាផ្ទាល់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-19 នៅហ្វីលីពីន

    Manny Pacquiao កីឡាករប្រដាលលំដាប់ពិភពលោកដ៏ល្បីល្បាញ និងជាសមាជិកសភាម្នាក់របស់ប្រទេសហ្វីលីពីនផងនោះ បានប្រកាសសន្យាថា ខ្លួននឹងប្តេជ្ងាចិត្តក្នុងការជួយប្រជាពលរដ្ឋហ្វីលីពីនក្នុងគ្រាអាសន្ននៃវីរុសកូវីដ-19 ដោយមិនរួញរាឡើយ។ នេះបើតាមសារព័ត៍មានក្នុងស្រុកហ្វីលីពីនមួយ ដែលបានចុះផ្សាយកាលពីថ្ងៃម្សិលមិញនេះ។

    លោកបានបន្តថា លោកនឹងនៅកៀកស្មាគ្នាជាមួយប្រជាពលរដ្ឋ ព្រោះលោកកើតក្នុងគ្រួសារក្រតោកយ៉ាក ដែលធ្វើឱ្យលោកយល់ពីអារម្មណ៍របស់ពួកគេនៅពេលមានអាសន្នបែបនេះ។ សមាជិកសភារូបនេះ ក៏បានជួយប្រជាជនដោយថរិកាផ្ទាល់ខ្លួនផងដែរ ដោយបានផ្តល់ម៉ាស់ជាង 2សែនបន្ទះ និងជំនួយជាទឹកប្រាក់មួយចំនួនទៀត ជូនដល់មន្ទីរពេទ្យ និងគ្រូ ពេទ្យព្យាបាលជំងឺនេះផងដែរ។

    នាព្រឹកថ្ងៃព្រហស្បតិ៍ ទី26 ខែមីនានេះ មាន​មនុស្ស​ចំនួន 471,794នាក់​ទូទាំង​ពិភពលោក​ បាន​ឆ្លងមេរោគ Covid-19 និង​ចំនួន 21,297នាក់​បាន​ស្លាប់។ ចំណែក​ប្រទេស​ហ្វីលីពីន ត្រូវ​បាន​គេរាយការណ៍​ថា មាន​អ្នក​ឆ្លង​ជំងឺ​នេះ 636ករណី និង​ស្លាប់ ​38នាក់៕

  • សម្តេចតេជោ ហ៊ុន សែន៖ សូមបងប្អូនកូនក្មួយពលករដែលទើបវិលត្រឡប់មកពីប្រទសថៃ ត្រូវដាក់ខ្លួនឯងអោយនៅដាច់ដោយឡែក 14ថ្ងៃ

    សម្តេចតេជោ ហ៊ុន សែន៖ សូមបងប្អូនកូនក្មួយពលករដែលទើបវិលត្រឡប់មកពីប្រទសថៃ ត្រូវដាក់ខ្លួនឯងអោយនៅដាច់ដោយឡែក 14ថ្ងៃ

    ពីវិមានសន្តិភាព នៅព្រឹកមិញថ្ងៃទី25 មីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19 បានបញ្ជាឲ្យស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវធ្វើយ៉ាងណាគ្រប់គ្រងជាបន្ទាន់នូវពលករខ្មែរចំនួនប្រមាណ 15,000នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសថៃចូលកម្ពុជា កាលពីពេលថ្មីៗនេះ ដើម្បីឲ្យពួកគេអនុវត្តន៍វិធានការ “ដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល 14ថ្ងៃ” ។

    សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក គឺមិនសំដៅដល់ការយកពលករទាំងនោះទៅក្រុងទុកនោះទេ ប៉ុន្តែគឺជាការដាក់ខ្លួនឯងនៅក្នុងផ្ទះ ដោយមិនឲ្យប៉ះពាល់ជាមួយសមាជិកគ្រួសារ ហើយត្រូវតាមដានសុខភាពជាប្រចាំ។ ប្រសិនបើមានការសង្ស័យថាអាចមានរោគសញ្ញានេះកើតមានឡើង គឺត្រូវរាយការណ៍ជាប្រញាប់ទៅអាជ្ញាធរ ឬមន្ត្រីសុខាភិបាលភ្លាម។

    សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19 បានចេញបទបញ្ជាបញ្ជាក់ច្បាស់ថា «មន្រ្តី និងអាជ្ញាធរពាក់ព័ន្ឋគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវតែគ្រប់គ្រងជាបន្ទាន់ នូវពលករមកពីប្រទេសថៃ ដែលបានវិលចូលមកក្នុងប្រទេសរួចមកហើយ គឺត្រូវតាមគ្រប់គ្រងអ្នកទាំងអស់នោះ ដែលត្រូវប្រគល់ការងារនេះ ឲ្យទៅអជ្ញាធរខេត្តរៀបចំបណ្តាញចុះធ្វើការ ដើម្បីដាក់បងប្អូនកូនក្មួយពលករឲ្យរស់នៅដោយឡែកនៅតាមផ្ទះមួយរយៈសិន។ ក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ ខ្ញុំមានការលើកទឹកចិត្តណាស់ ម្សិលមិញគ្រប់មធ្យោបាយនៃការឃោសនា គឺត្រូវបានធ្វើដោយរថយន្តក្តី ដោយម៉ូតូក្តី ដោយកង់បីក្តី ដែលមានដាក់មេក្រូស្រែកតាមភូមិ»។

    សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនពលករទាំងអស់កុំមានការភ័យខ្លាច អ្នកខ្លះថាខ្លាចគេយកទៅក្រុងទុក ឥឡូវបើមិនចង់ឲ្យគេយកទៅក្រុងទុក គឺសូមនៅតែក្នុងផ្ទះទៅ កុំដើរទៅណា ហើយត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកឆ្ងាយពីគេមួយរយៈពេលសិន ហើយបើមានប្រពន្ធកូន កុំអាលទៅជិតប្រពន្ធកូន ខ្លាចឆ្លងដល់ប្រពន្ធកូន គឺមិនមានអ្វីដែលត្រូវភ័យនោះទេ គឺធ្វើបែបនេះដើម្បីធានាសុខភាពរបស់បងប្អូនកូនក្មួយពលករទាំងអស់គ្នាកុំអោយមានឆ្លងជំងឺកូវីដ-19 ពីម្នាក់ទៅម្នាក់ទៀតនៅក្នុងក្រុមគ្រួសារ និងសហគមនីមួយ៕

  • សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់អំពីសុខភាពផ្ទាល់ខ្លួន និងក្នុងក្រុមគ្រួសារ

    សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់អំពីសុខភាពផ្ទាល់ខ្លួន និងក្នុងក្រុមគ្រួសារ

    សារជាផ្លូវការរបស់ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រកម្ពុជាថ្លែងពីវិមានសន្តិភាព នៅព្រឹកមិញ ថ្ងៃទី25 ខែមីនា គឺបានអំពាវនាវដល់ប្រពលរដ្ឋកម្ពុជាទូទាំងប្រទេសត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-19 (Covid-19) ទាំងអស់គ្នា គឺសូមបងប្អូនកុំចេញពីផ្ទះ បើគ្មានការចាំបាច់អ្វីមួយនោះទេ ព្រោះមេរោគកូវីដ-19 នេះគឺងាយឆ្លងពីមនុស្សម្នាក់ទៅម្នាក់បានយ៉ាងងាយ។ ពិតណាស់ការស្នាក់នៅផ្ទះ គឺយើងអាចការពារការឆ្លងរាលដាលជំងឺកូវីដ-19 បានផង និងចំណេញពេលវេលាផង ហើយចំណេញទាំងសាំងឡាន និងសាំងម៉ូតូផងដែរ។ ម៉្យាងវិញទៀត គឺបងប្អូនមានឱកាសច្រើនបានរស់នៅជួបជុំបង្កភាពសប្បាយរីករាយដល់ក្រុមគ្រួសារផងដែរ។ ចំពោះពិធីសែន ឆេង ម៉េង នៅពេលខាងមុខនេះ ក៏យើងអាចធ្វើពីផ្ទះបាន។

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ផងដែរថា វិធានការខាងលើគឺដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ-19 ពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន។ ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា មិនបានហាមឃាត់ មិនឱ្យប្រជាជពលរដ្ឋកម្ពុជាធ្វើដំណើរ ហើយក៏មិនបានហាមឃាត់មិនឱ្យប្រជាពលរដ្ឋយើងធ្វើពិធីសែនឆេង ម៉េង នោះដែរ៕

  • កម្ពុជាបានត្រៀមបន្ទប់ជាង 3,000 សម្រាប់ព្យាបាលអ្នកមានមេរោគកូវីដ-19 ដោយឥតគិតថ្លៃ

    កម្ពុជាបានត្រៀមបន្ទប់ជាង 3,000 សម្រាប់ព្យាបាលអ្នកមានមេរោគកូវីដ-19 ដោយឥតគិតថ្លៃ

    នៅ​ព្រឹក​មិញ ថ្ងៃទី25 ខែមីនា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ជម្រាបជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​អោយបាន​ដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​រួចស្រេច​ហើយ​នូវ​បន្ទប់​សម្រាក​ព្យាបាល​ជាង៣ពាន់​បន្ទប់ នៅ​ទូទាំងប្រទេស សម្រាប់​ពិនិត្យ និង​ព្យាបាល​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ-19 ដោយ​ឥតគិតថ្លៃ។

    ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​នេះ គឺ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​រួចជាស្រេច​នូវ​បន្ទប់​សណ្ឋាគារ, សាលារៀន និង​មន្ទីរពេទ្យ​មួយចំនួន​ដែលមាន​ប្រព័ន្ធ​ទឹក ភ្លើង និង​មាន​គ្រែ​រៀបចំ​រួចស្រេច​ហើយ ដែល​អាច​ទទួល​បងប្អូន​ប្រជាពលរដ្ឋ​អោយ​ស្នាក់នៅ​ព្យាបាល​ដោយ​ឥតគិតថ្លៃ។ នៅ​រាជធានី​ភ្នំពេញ​វិញ រាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​អគារ​មួយចំនួន​ដូចជា 1.អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ (Inter Continental Hotel/ The Great Duke ) 2. មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត 3. មន្ទីរពេទ្យ​នៅ​ចាក់អង្រែ 4. ពេទ្យ​យោធារ​ដែល​នៅ​មិនទាន់​ប្រើ​នៅឡើយ។

    សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​សង្ស័យថា​ខ្លួន​មាន​ឆ្លង​មេរ​រោគ​កូ​វីដ-19 សូម​ទូរ​ស័​ព្វ​មក​លេខ 115 ដើម្បី​ប្រឹក្សា​យោបល់ នឹង​ទទួលបាន​ការពិនិត្យ​ព្យាបាល​ដោយ​ឥតគិតថ្លៃ ព្រោះនេះ​គឺជា​បញ្ហា​សុខភាព​ផ្ទាល់​របស់​បងប្អូន​ដែល​ត្រូវតែ​ពិនិត្យ​សុខភាព​ខ្លួនឯង​អោយបាន​ច្បាស់ ចៀសវាង​ចម្លងរោគ​នេះ​ទៅ​ប្តី ឬ​ប្រព​ន្ឋ​ឬ​កូនចៅ និង​ក្រុមគ្រួសារ​ដែល​ចុងក្រោយ​គឺមាន​តែ​ការសោកស្តាយ ។ សូម​បងប្អូន​កុំ​មានការ​ភ័យព្រួយ​បារម្ភ ហើយ​សូមកុំ​រើសអើង​គ្នា​ទៅវិញទៅមក៕