Author: ធឿន មករា

  • អាល្លីម៉ង់ ប្រកាសបើកឱ្យដំណើរការប្រកួតបាល់ទាត់ឡើងវិញ

    អាល្លីម៉ង់ ប្រកាសបើកឱ្យដំណើរការប្រកួតបាល់ទាត់ឡើងវិញ

    ប្រទេសអាល្លឺម៉ង់ កំពុងតែរងការរាតត្បាតយ៉ាងខ្លាំងក្លា ពីមេរោគវីរុសកូវីដ-19 ដែលចំនួនអ្នកឆ្លងមេរោគកំណាចនេះ បានកើនឡើងលើសប្រទេសអ៊ីតាលីទៅទៀត តែប្រទេសនេះបានធ្វើការសម្រេចចិត្តដ៏ពិបាកមួយដើម្បីកុំឱ្យខាតបង់ដល់សេដ្ឋកិច្ចខ្លាំងក្លាពេក ដោយការសម្រេចថា នឹងបើកការប្រកួតបាល់ទាត់លីគរបស់ខ្លួនជាធម្មតាឡើងវិញ នៅខែ5 ខាងមុខនេះ។

    ដើម្បីទប់ទល់កុំឱ្យខាតបង់ច្រើនក្នុងវិស័យសេដ្ឋកិច្ច សហព័ន្ធបាល់ទាត់អាល្លីម៉ង់ បានបង្ហើបពីគម្រោងបើកការប្រកួតរបស់ខ្លួនបន្តនៅក្នុងខែឧសភាខាងមុខនេះ។ មិនតែប៉ុណ្ណោះការប្រកួតនេះ ត្រូវបានគេសម្រេចធ្វើឱ្យលឿនជាទីបំផុត ដោយនឹងត្រូវបញ្ចប់ការប្រកួត និងលើកពាននានាឱ្យបានក្នុងអំឡុងចុងខែមិថុនា ខាងមុខនេះ។

    សម្រាប់​អ្នក​គាំទ្រ​ដែល​មិន​អាច​ទៅ​ចូលរួម​ទស្សនាដោយ​ផ្ទាល់​បាន​ អាច​តាម​ដានបាន​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ផ្ទះ​ជំនួស​វិញ។ សម្រាប់​ការ​​ប្រកួត​​នីមួយ​ៗ Bundesliga អនុញ្ញាត​ឱ្យមនុស្ស​ចូលរួមត្រឹមតែ​ 240​នាក់ ​​រួម​មាន​ កីឡាករ គ្រូ បុគ្គលិក​ពេទ្យ មន្ត្រី​អាជ្ញាកណ្ដាល និង​ក្រុម​ការងារ​ថតប៉ុណ្ណោះ ដែលអាចចូល​ក្នុង​កីឡដ្ឋានបាន៕

  • ជំហានជោគជ័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនជុំទី2

    ជំហានជោគជ័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនជុំទី2

    មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹង​ថា ការចរចា​លើកិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្មសេរី​រវាងកម្ពុជា-ចិន (the free-trade agreement  ឬ​ FTA) ទទួលបានជោគជ័យប្រមាណ 70% ហើយ​ហើយ​គេ​រំពឹង​ថា កិច្ចព្រមព្រៀងនេះ នឹងត្រូវចុះ​ហត្ថលេខា​នៅចុងឆ្នាំនេះ។

    ឯកឧត្តម សុខ សុភ័ក្ត្ររដ្ឋ លេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ក្នុងអំឡុង ពេលនៃកិច្ចចរចា FTA លើកទី2 ភាគីទាំង2 ទទួលបានលទ្ធផលល្អពីក្រុមការងារចរចាចំនួន 10 ចំណុច​តាមរយៈវេទិកាអនឡាញ ដែលត្រូវបានប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ មេរោគCOVID-19 ។ ជុំទី1 បានធ្វើឡើងនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី20 និង 21 ខែមករា ឆ្នាំ2020។

    ឯកឧត្តមបន្ថែមថា៖«ក្រុមចរចាទាំង2 បានឯកភាពគ្នាលើជំពូកជាច្រើនក្នុងជុំទី2 រួមមានកិច្ច​សហប្រតិបត្តិការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស កិច្ចសហប្រតិបត្តិការគំនិត ផ្តួចផ្តើមខ្សែក្រវាត់1 ផ្លូវខ្សែ1 និងប្រព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ យើងសម្រេច​បាន​ច្រើនសម្រាប់ការចរចាជុំទី2 ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ ទោះយ៉ាងណា​យើងមិនអាចបង្ហាញព័ត៌មានលម្អិតជាសាធារណៈបានទេ ពី​ព្រោះកិច្ចការ​មួយ​ចំនួនកំពុងស្ថិត​ក្នុង​ការ​ពិភាក្សាផ្ទៃក្នុងនៅឡើយ»។

    ឯកឧត្តមបានឱ្យដឹងដែរថា ក្រុមចរចា ក៏បានឯកភាពជាគោលការណ៍លើបញ្ហាដែលមិនទាន់​បានដោះស្រាយ ហើយបានឯកភាព និងប្រគល់ភារកិច្ចមួយចំនួនដល់ក្រុមតូចៗ ដើម្បីនាំបញ្ហាទាំង​នោះមកពិភាក្សាបន្តទៀត ហើយរាយការណ៍ជូនប្រធានក្រុមអ្នកចរចា នៅមុនដល់ខែឧសភា ឆ្នាំ 2020 ហើយក៏សង្ឃឹមថា ការចរចារនៅក្នុងលក្ខខណ្ឌនៃក្រុមបច្ចេកទេស នឹងត្រូវបញ្ចប់នៅ​ក្នុងខែមិថុនា​ឆ្នាំនេះដែរ។ ជំពូកខ្លះ យើងបានបញ្ចប់ជាគោលការណ៍ហើយ ប៉ុន្តែជំពូកទាំងនោះ​ត្រូវឆ្លងកាត់រដ្ឋ​មន្រ្តីក្រសួង​ពាណិជ្ជ​កម្ម និងទាំងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ជាមុនសិន។

    ឯកឧត្តមបន្ថែមថា៖«រហូតមកដល់ថ្ងៃនេះជំងឺរាតត្បាតរ៉ាំរ៉ៃ វីរុសកូវីដ-19  បានកាត់បន្ថយខ្សែ​ចង្វាក់ផ្គត់ផ្គង់ ​និង​ខ្សែ​ចង្វាក់តម្លៃ។ ការដឹកជញ្ជូន និងការបញ្ជាទិញទំនិញត្រូវបានលុបចោល ពីព្រោះ​ប្រទេសមួយចំនួន​ ស្ថិត​ក្នុងស្ថានភាពអាសន្ន ដូច្នេះវាប៉ះពាល់ដល់ពាណិជ្ជកម្ម។ យើងកំពុងធ្វើ​ការចរចាតាម​រយៈ​វីដេអូ ដូច្នេះនៅពេលដែលវីរុសកូវីដ-19 បញ្ចប់ យើងអាចធ្វើសកម្មភាពសេដ្ឋកិច្ច​របស់យើង​ឡើង​វិញយ៉ាងឆាប់រហ័សជាមួយប្រទេសចិន»។

    ទាក់ទងនឹងរយៈពេលកំណត់ ឯកឧត្តមបាននិយាយថា លោកកំពុងសម្លឹងមើលខែមិថុនាដើម្បីចែកចាយឯកសារស្នើសុំជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ។ ប្រសិនបើមិនមានបញ្ហាអ្វី​ទេ រដ្ឋាភិបាល​នៃប្រទេសទាំង2 គួរតែស្ថិតនៅលើគោលដៅ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅពេលណាមួយនៅចុងឆ្នាំ2020នេះ។

    ប្រទេសខ្លះត្រូវការពេលយ៉ាងតិច 3ឆ្នាំសម្រាប់ការចរចា ប៉ុន្តែយើងបានធ្វើការចរចា​នៅ​ខែ​ធ្នូ​ ឆ្នាំ2019 ខែមករា ឆ្នាំ2020 និងខែមេសា ឆ្នាំ2020 ទាំងអស់នេះ គឺ​ដោយសារកម្ពុជាស្ថិត​នៅក្នុងសមា​ជិក​អាស៊ាន ដែល​មានទំនាក់ទំនងរួចហើយ។ យើងគ្រាន់តែត្រូវការកែទម្រង់​ច្បាប់ និងនីតិវិធីនៃច្បាប់​ ដើម្បី​សម្រួលដល់ការវិនិយោគពាណិជ្ជកម្ម ការនាំចូល និងការនាំចេញតែប៉ុណ្ណោះ។

    យោងតាមឯកឧត្តម បានមានប្រសាសន៍ថា ប្រសិនបើបញ្ចប់ដោយជោគជ័យនោះ FTA នឹង ក្លាយជា​យន្ត​ការថ្មីមួយដែលនឹងជំរុញ និងបង្វែរសក្តានុពលសេដ្ឋកិច្ច និងទស្សនវិស័យរបស់​ប្រទេស ទាំង2។ គោលបំណងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ គឺដើម្បីពង្រីកពាណិជ្ជកម្ម វិនិយោគ សេវា កម្ម និងកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅរវាងប្រទេសទាំង2។ សំខាន់វាក៏នឹងជួយឱ្យ​ប្រទេស​កម្ពុជា​នាំចេញនូវផលិតផលដ៏ច្រើនរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសចិន។

    ឯកឧត្តមបានបន្ថែមថា៖«ទាក់ទងនឹងការវិនិយោគ FTA នឹងរួមចំណែកដល់ភាពងាយ​ស្រួល​របស់​វិនិយោគិនដែលមានស្រាប់ ឱ្យពង្រីកអាជីវកម្មរបស់ពួកគេ និងទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត​មកកម្ពុជា។ វានឹងមានឱកាសដ៏ធំមួយសម្រាប់ព្រះរាជាណាចក្រ នៅពេលនិយាយអំពីការបង្កើនបរិមាណផលិតផលរបស់ខ្លួន ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី2 នៅលើ​ពិភពលោក និងមានប្រជាជនធំជាងគេនៅលើពិភពលោក។

    ឯកឧត្តមបានបញ្ជាក់ថា៖«តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ប្រទេសកម្ពុជានឹងអាចជំរុញការនាំចេញ ជាពិសេសផលិតផលកសិកម្មទៅកាន់ទីផ្សារ ហើយវាក៏នឹងពង្រឹងខ្សែចង្វាក់តម្លៃផលិតផលរបស់ប្រទេសកម្ពុជាផងដែរ» ។

    សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង2 បានកើនឡើងជាលំដាប់ពី 5.16ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ2016 ដល់ 7.4ពាន់លានដុល្លារ ក្នុងឆ្នាំ2018  នេះបើយោងតាមតួលេខរបស់​រដ្ឋា​ភិបាល។ គោលបំណង គឺដើម្បីឈានដល់ទំហំពាណិជ្ជកម្មទ្វេភាគីចំនួន 10ពាន់លានដុល្លារ​នៅ​ឆ្នាំ 2023។

    ប្រធានក្រុមចរចានៃប្រទេសទាំង2 បានណែនាំឱ្យអនុក្រុមការងារ ពន្លឿនការពិភាក្សា និង ដោះស្រាយបញ្ហាសំខាន់ៗដែលនៅសេសសល់ទាំងនេះ ទោះជាតាមប្រព័ន្ធអនឡាញក៏ដោយ សំដៅបញ្ចប់ជំពូកថ្មីៗ បន្ថែមឱ្យបានមុនកិច្ចប្រជុំបន្ទាប់ ដែលគ្រោងធ្វើនៅខែមិថុនា ខាងមុខនេះ៕

     

  • ប្រពៃណាស់! Media Coffee បរិច្ចាគថវិកា 5% នៃចំណូលសរុបជួយទប់ស្កាត់ Covid-19

    ប្រពៃណាស់! Media Coffee បរិច្ចាគថវិកា 5% នៃចំណូលសរុបជួយទប់ស្កាត់ Covid-19

    នៅក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺ Covid-19 នេះ មន្ត្រីរាជការ និងក្រុមហ៊ុនសហគ្រាសជាច្រើនបានចូលរួមចំណែកគ្រប់លទ្ធភាពដើម្បីជួយដល់សង្គមដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគដ៏កាចសាហាវដែលកំពុងរាតត្បាតពិភពលោកនេះ។

    ដើម្បីបង្ហាញជាទឹកចិត្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺ covid-19 ហាងកាហ្វេ Media Café បានប្រកាសបង្កើតមូលនិធិសម្រាប់ covid-19 ដោយបរិច្ចាគប្រាក់ចំណូលសរុបប្រមាណ 5% ជារៀងរាល់ថ្ងៃក្នុងមូលដ្ឋានសង្កាត់ទឹកថ្លាចាប់ពីថ្ងៃទី17 ខែមេសា ឆ្នាំ2020 តទៅរហូតដល់ថ្ងៃទី 02 ខែកញ្ញា ឆ្នាំ2020ខាងមុខ។

    គួរបញ្ជាក់ផងដែរថា Media Coffee មានបម្រើជូនជារៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00ព្រឹក រហូតដល់ម៉ោង 18:45នាទីល្ងាច ដែលមានអាសយដ្ឋានចម្ងាយ150ម៉ែត្រពីខាងលិចសាលាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ចុះតាមច្រកស្តុប ចន្លោះក្រុមហ៊ុនតូយូតា និងក្រុមហ៊ុនតេលា)។ ដើម្បីទាក់ទងទៅទៅកាន់ Media Coffee លោកអ្នកអាចទូរស័ព្ទទៅកាន់លេខ 087 766 278 / 076 966 6278 ឬអាចទាក់ទងរយៈ FB Page: @Media Coffee៕

  • ឃឹម ឌីម៉ា ឆ្លៀតពេលទំនេរ បង្រៀនវិធីធ្វើរបាំងមុខ ការពារវីរុសផ្សេងៗ

    ឃឹម ឌីម៉ា ឆ្លៀតពេលទំនេរ បង្រៀនវិធីធ្វើរបាំងមុខ ការពារវីរុសផ្សេងៗ

    ឆ្លៀតពេលទំនេរពីការហ្វឹកហាត់ដោយខ្លួនឯង អ្នកប្រដាល់ជើងខ្លាំងកម្ពុជា ឃឹម ឌីម៉ា បានបញ្ចេញវីដេអូថ្មីមួយ កាលពីពេលកន្លងទៅ បង្ហាញអំពីវិធីផលិតរបាំងមុខ ដើម្បីការពារខ្លួនស្របពេលដែលមានការញាំញីដោយវិបត្តិកូវីដ-19។

    ខាង​ក្រោម​នេះ​ជា​វិធី​សាមញ្ញ​មួយ​របស់​កីឡាករ​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ ឃីម​ ឌីម៉ា​ ដែលបង្រៀន​ពី​របៀប​ធ្វើ​របាំង​មុខ​ស្រួលៗ​ និង​ចំណាយ​ថវិកា​តិច​ទៀតផង ដើម្បី​ទុកប្រើប្រាស់នៅពេលចេញទៅ​ក្រៅ ដូច​ជា​ទៅផ្សារជា​ដើម។​

    គួរបញ្ជាក់ផងដែរថា ក្រៅពីការងារជាកីឡាករប្រដាល់ រូបគេក៏មានមុខងារជាមន្ត្រីសមត្ថកិច្ចមួយរូប នៅកងរាជអាវុធហត្ថផងដែរ ដោយកាលពីពេលថ្មីៗនេះ រូបគេទើបតែបរិច្ចាគប្រាក់ខែ 1ផ្នែក ជូនទៅដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹង កូវីដ-19ទៀតផង៕

  • ក្នុង Premier League មានតែក្លិបមួយនេះទេ ដែលឡូយជាងគេ អត់កាត់ប្រាក់ខែកីឡាករ…

    ក្នុង Premier League មានតែក្លិបមួយនេះទេ ដែលឡូយជាងគេ អត់កាត់ប្រាក់ខែកីឡាករ…

    កូវីដ-19 កំពុងក្លាយជាប្រធានបទនៃវិបត្តិហិរញ្ញវត្ថុរបស់ក្លិបបាល់ទាត់នីមួយៗនៅជុំវិញពិភពលោក ដោយសារតែមិនមានការប្រកួត ហើយលុយគិតតែពីហូរចេញដូចទឹកបាក់ទំនប់។

    ក្នុងនោះដែរ លីកកំពូលអង់គ្លេស English Premier League ក្លិបស្ទើរតែទាំងអស់ បានកាត់បន្ថយប្រាក់ខែបុគ្គលិកទៅតាមសមត្ថភាពក្លិប។

    ដោយឡែកក្លិបមិនសូវជាល្បី និងខ្សត់ធនធានមួយ គឺ Southampton បានប្រកាសជំហរថា នឹងមិនកាត់បន្ថយប្រាក់ខែបុគ្គលិកខ្លួនឡើយ។

    ផ្ទុយទៅវិញគឺ ក្លិបសុំជំពាក់សិន ដោយក្នុងនោះបើក 90% នៃប្រាក់ខែដូចធម្មតា និងជំពាក់តែ 10%ទេ។ ដោយការជំពាក់នេះ នឹងចាប់ផ្តើមពីខែក្រោយតទៅ៕

  • Loic Chan កំពុងចរចាកុងត្រាជាមួយក្លិបនៅ La Liga

    Loic Chan កំពុងចរចាកុងត្រាជាមួយក្លិបនៅ La Liga

    កុមារាសញ្ជាតិ​ខ្មែរ-បារាំង​ Loic Chan​ វ័យ​ 14ឆ្នាំ កំពុង​ទទួលបាន​ការ​ចាប់​អារម្មណ៍​​ខ្លាំង តាមរយៈ​វីដេអូ​បង្ហាញ​សមត្ថភាព ដែល​ត្រូវបាន​គេ​ចែករំលែក​តៗគ្នា​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​ដឹង​ថា កុមារា​​រូបនេះ ជាកូនរបស់តារា​សម្ដែង​ខ្មែរ​-បារាំង​ Maurice Chan ដែល​ជា​តារា​សម្ដែង​ក្បាច់គុនដ៏​ល្បី​ឈ្មោះមួយរូប។

    បន្ទាប់ពីបាត់មុខមួយរយៈធំ នៅពេលនេះគេកំពុងតែចរចា ដើម្បីស្វែងរកលទ្ធភាពក្នុងការផ្ទេរទៅលេងឱ្យក្លិប RCD Mallorca នៅក្របខ័ណ្ឌ La Liga នេះបើតាមការបញ្ជាក់ពីលោក Maurice Chan ដែលជាឪពុកបង្កើតរបស់ Loic Chan។

    លោក Maurice Chan បានឱ្យដឹងថា កូនរបស់លោកមានក្តីស្រមៃ ចង់ពាក់អាវជម្រើសជាតិកម្ពុជា ហើយលោកសង្ឃឹមថា កូនប្រុសរបស់លោក នឹងអាចជាប់ជម្រើសជាតិកម្ពុជា នាពេលអនាគត៕

  • អូនតូចអាយុ 8ឆ្នាំម្នាក់ ត្រែះបាល់ដូចកីឡាករអាជីព

    អូនតូចអាយុ 8ឆ្នាំម្នាក់ ត្រែះបាល់ដូចកីឡាករអាជីព

    កុមារា Marco Antonio សញ្ជាតិប្រេស៊ីល ត្រូវបានគេឱ្យរហស្សនាមថា ជា Ronaldo សម័យថ្មី ដែលត្រូវបានគេស្គាល់តាមរយៈវីដេអូលេងបាល់យ៉ាងឡូយ ពូកែដូចជាកីឡាករអាជីព និងកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងបណ្តាញសង្គមតាមរយៈវីដេអូរបស់គេ។

    អូនតូចរូបនេះ ជាហ្វ៊ែនរបស់ក្លិបបាល់ទាត់ធំៗល្បី2 គឺ Real Madrid និង Bacelona ហើយបានបង្ហើបប្រាប់សារព័ត៌មានថា គេមានក្តីស្រមៃថា នឹងទៅលេងនៅក្នុងក្លិបទាំង2 នេះ នាពេលអនាគត។

    ទោះជាជួប​បញ្ហា​ជំងឺរលាកពោះវៀន​មែន តែឪពុករបស់គេគិត​ថា កូន​របស់​គាត់​ កើត​មក​មាន​ទេពកោសល្យ​ខាងបាល់ទាត់​ស្រាប់ និង​ជា​កាដូ​ពី​ធម្មជាតិ។ ក្ដី​ស្រមៃ​របស់ Marco ចង់​ក្លាយ​ជា​កីឡាករ​បាល់ទាត់អាជីព​ម្នាក់។ Marco Antonio ចាប់​ផ្ដើម​មាន​អ្នក​ស្គាល់​តាម​រយៈ​វីដេអូ​ត្រែះ​បាល់​នៅក្នុង​ផ្ទះ ទទួល​បាន​អ្នក​ចូល​មើល​ 12​លាន​ដង​លើ Instagram៕​​​

  • អាស៊ានឯកភាពគ្នា បង្កើតមូលនិធិឆ្លើយតប ដើម្បីដោះស្រាយផលប៉ះពាល់របស់វីរុសកូវីដ-19 នៅក្នុងតំបន់

    អាស៊ានឯកភាពគ្នា បង្កើតមូលនិធិឆ្លើយតប ដើម្បីដោះស្រាយផលប៉ះពាល់របស់វីរុសកូវីដ-19 នៅក្នុងតំបន់

    នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី25 តាមរយៈសន្និសីទវីដេអូកាល ពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានឯកភាពគ្នាលើការបង្កើតការឆ្លើយតបដើម្បីជួយរដ្ឋជាសមាជិកទាំងអស់ កាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតវីរុសកូវីដ-19។

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជាបាន ឱ្យដឹងថា គោលបំណងនៅពីក្រោយមូលនិធិឆ្លើយតបអាស៊ាន វីរុសកូវីដ-19 គឺដើម្បីកៀរគរធន​ធាន​ហិរញ្ញវត្ថុ ដើម្បីដោះស្រាយកង្វះខាត ក្នុងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ និងដើម្បីគាំទ្រដល់ការ​ស្រាវ​ជ្រាវ និងការអភិវឌ្ឍ វីរុសCOVID-19 ។ មូលនិធិនេះក៏មានគោលបំណងដើម្បីរៀប​ចំរដ្ឋជាសមាជិក​សម្រាប់ឆ្លើយតបទៅនឹងភាពអាសន្ននាពេលអនាគតផងដែរ។

    រដ្ឋមន្ត្រី នៃបណ្តាប្រទេសអាស៊ាន ក៏បានសម្តែងការប្តេជ្ញាចិត្ត ដើម្បីធានា​ចង្វាក់ផ្គត់ផ្គង់​ក្នុង​តំបន់ និងទីផ្សារបើកចំហ ក៏ដូចជាធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីកាត់បន្ថយផលប៉ះ​ពាល់នៃវិបត្តិ​សេដ្ឋ​កិច្ចក្នុងតំបន់ និងពិភពលោក ស្តារទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងសហគមន៍ពាណិជ្ជកម្ម និង​រក្សា​ស្ថិរ​ភាពសេដ្ឋកិច្ចសង្គម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។

    លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ឱ្យដឹងថា គំនិត​ផ្តួចផ្តើម​នេះ គឺជា​ឧទាហរណ៍ដ៏ល្អមួយពីរបៀបដែលរដ្ឋជាសមាជិកអាស៊ានកំពុងធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហារួម។

    លោកបានមានប្រសាសន៍ថា៖«ផលប៉ះពាល់នៃជំងឺរាតត្បាតវីរុសកូវីដ-19 កំពុងធ្វើឱ្យប៉ះ​ពាល់​​ដល់បណ្តាប្រទេសនានានៅលើពិភពលោក ជាពិសេសសេដ្ឋកិច្ចរបស់ពួកគេ​ហើយមនុស្ស​គ្រប់គ្នា​កំពុងរងគ្រោះ»។

    លោក កុយ គួង បានមានប្រសាសន៍ទៀតថា៖«ក្រោមប្រធានបទ«សហគមន៍តែមួយ វាសនា​តែមួយ» រដ្ឋសមាជិកនៃបណ្តាប្រទេសអាស៊ានទាំងអស់ បានបោះជំហានបន្ទាប់ក្នុងការការពារ​ និង​កាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតនៅលើតំបន់ ក៏ដូចជាដើម្បីត្រៀមសម្រាប់អ្វី ដែលអាចកើតឡើងនាពេលអនាគត»។

    យ៉ាងណាក្តី តាមលោក​ កុយ គួង បើទោះ អាស៊ានឯកភាពគ្នា បង្កើតមូលនិធិឆ្លើយតប ដើម្បី​ដោះស្រាយផលប៉ះពាល់របស់វីរុសកូវីដ-19​ នៅក្នុងតំបន់ក៏ដោយ ក៏រយៈពេលគ្រោងក្របខ័ណ្ឌ​ និង​សកម្ម​ភាព​​នៃមូល​និធិឆ្លើយតបអាស៊ាន គឺវីរុសកូវីដ-19 មិនទាន់ត្រូវបានគេកំណត់ និងសម្រេច​ចិត្ត​នៅ​ឡើយទេ។

    គិតត្រឹមថ្ងៃទី9 ខែមេសា ករណីចំនួន 1,600,019 ត្រូវបានកំណត់អត្តសញ្ញាណ នៅអាស៊ីអាគ្នេយ៍។ ប្រទេសម៉ាឡេស៊ីដែលជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី3 ក្នុងតំបន់ បានរាយការណ៍ ថាមានអ្នកឆ្លងមេរោគថ្មីចំនួន 109នាក់ដែលបង្កើនចំនួនសរុបដល់ 4,228ករណីដែលធ្វើឱ្យប្រទេស នេះមានអត្រាឆ្លងខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ និងជាប្រទេសមួយដែលមានចំនួនអ្នកព្យាបាលខ្ពស់បំផុត៕

     

  • ក្រសួងអប់រំអំពាវនាវឱ្យធនាគារជាតិអន្តរាគមន៍បញ្ចុះអត្រាការប្រាក់ និងពន្យាការទូទាំត់ដល់សលាឯកជន

    ក្រសួងអប់រំអំពាវនាវឱ្យធនាគារជាតិអន្តរាគមន៍បញ្ចុះអត្រាការប្រាក់ និងពន្យាការទូទាំត់ដល់សលាឯកជន

    ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាស​នៅព្រឹកនេះដោយជំរុញឱ្យមានការអន្តរាគមន៍​ពីធនាគារជាតិនៃកម្ពុជា ចំពោះគ្រឹះស្ថានឯកជន​ដែលរងផលប៉ះពាល់ដោយសារតែបញ្ហា Covid-19 និងជំរុញឱ្យ​ម្ចាស់ទីតាំងដែល​ជួល​អគារឱ្យ​គ្រឹះស្ថានអប់រំ​ជួយបញ្ចុះតម្លៃ។

    នៅក្នុង​សេចក្តីប្រកាសរបស់ក្រសួងដែលចេញនៅព្រឹកថ្ងៃទី 13 ខែមេសា ឆ្នាំ2020នេះបានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់​ម្ចាស់ទីតាំង​ដីដែល​ត្រូវបានជួល​សម្រាប់ដំណើរការ​គ្រឹះស្ថានសិក្សាមួយចំនួន​ឱ្យបញ្ចុះតម្លៃ​ឈ្នួលតាមភាពជាក់ស្តែង ដើម្បីដោះស្រាយបន្ទុកមួយចំនួន​ដែលរងផលប៉ះពាល់​ពីជំងឺ covid-19 និងរកដំណោះស្រាយឈ្នះៗទាំងអស់គ្នា។

    នៅក្នុងនោះដែរក្រសួងអប់រំ ក៏បាន​អំពាវនាវផងដែរដល់ធនគារជាតិនៃកម្ពុជា សូមធ្វើអន្តរាគមន៍​ជាមួយធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់​ ដែលបានផ្តល់​ប្រាក់កម្ចរីដល់គ្រឹះស្ថានសិក្សាមួយចំនួន​ សូមឱ្យពិចារណា​បញ្ចុះអត្រាការប្រាក់ និងពន្យារ​ការទូទាត់សំណងទៅតាមលទ្ធភាព ដើម្បីដោះបន្ទុកមួយចំនួន​ដែលរងផលប៉ះពាល់ពីជំងឺ covid-19៕

  • អ្នកបើកបរកង់បី 5ពាន់នាក់នៅភ្នំពេញ ទទួលបានអំណោយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណា (កូវីដ-19)

    អ្នកបើកបរកង់បី 5ពាន់នាក់នៅភ្នំពេញ ទទួលបានអំណោយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណា (កូវីដ-19)

    កាលពីថ្ងៃទី10 ខែមេសា៖ ​អ្នកបើក​បររ៉ឺ​ម៉ក ឬ​កង់​3 ចំនួន​ 5​ពាន់​នាក់ ​ដែល​បាន​ភ្ជាប់​សេវាកម្មជាមួយ​នឹង​​​កម្ម​វិធី​ហៅ​យាន​ជំនិះ​ផ្សេង​ៗ​​ បាន​ទទួល​កញ្ចប់​អំណោយជាសម្ភារ​ថែ​រក្សាអនាម័យ ​ក្នុង​​រាជ​​ធា​នី​ភ្នំ​ពេញ ដើម្បី​ជួយ​ឱ្យ​ពួក​​គាត់ អាច​​ចូលរួម​បានកាន់តែប្រសើរក្នុង​តួនាទី​ដ៏សំខាន់របស់ពួកគាត់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូ​ណា ឬ​កូវីដ-19។

    ព្រឹត្តិការណ៍​​ផ្តល់​អំណោយ​ក្រោម​ទស្ស​ន​ទាន «ប្រទេស​តែ​1 សហ​គមន៍​តែ​1​» មួយ​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ ក្រុមហ៊ុន Grab និង​ក្រុមហ៊ុន​​ភេសជ្ជៈ​កម្ពុជា (កូកា​-កូឡា) ក្រោម​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​នឹង​សា​លា ​រាជ​ធានី​ភ្នំពេញ ដែល​តំណាង​ដោយឯកឧត្ដម អ​​​​​​​ភិបាលរង នៃគណៈអភិបាល​រាជ​ធានី​ភ្នំពេញ និង​ក្រុម​​អ្នកអភិរក្ស​​ព្រៃ​ឈើ បៃ​តង​ វ៉ររៀរស៍ (Baitong Warriors)​។

    នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ឯក​ឧត្តម នួន ផារ័ត្ន អ​ភិបាលរង​នៃគណៈអភិបាលរាជ​​ធានី​ភ្នំពេញ និងអ្នក​តំណាង​មក ​ពី​ក្រុមហ៊ុន​​ភេសជ្ជៈ​កម្ពុជា (កូកា-កូឡា) បាន​​ចែក​ជូន​​អ្នក​បើកបរកង់​3 នូវ​កញ្ចប់អំណោយជាសម្ភារថែ​រក្សា​អនា​ម័យ ក្នុង​​​​​ម្នាក់​ 1កញ្ចប់ ដែល​​ក្នុងនោះ​មានសម្ភារដូចជា​ម៉ាស់​​ការ​ពារ ទឹក​​​អនា​ម័យលាង​​ដៃ ភេសជ្ជៈ Coca-Cola Energy ខិត​ប័ណ្ណ​អប់​រំ​ស្តី​ពី​កូវីដ-19 និង​ស្ទីក​គ័​រជាច្រើន​សម្រាប់បិទ​លើ​កង់​3​របស់​ពួកគាត់​។

    ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​ការ​ងារ​របស់​​​ក្រុមហ៊ុន​ Grab បាន​​រៀប​ចំ​កន្លែងមួយ ដើម្បី​ផ្តល់​អំណោយ​​​ នៅ​ខាង​មុខ​​ការិយា​ល័យ​របស់ខ្លួន ស្ថិតលើផ្លូវ​ព្រះ​មុនី​វង្ស រាជ​ធានីភ្នំ​ពេញ ដើម្បី​​ប្រគល់​​កញ្ចប់​អំណោយ​ថែ​ទាំសុខ​ភាព​ ទាំង​អស់​នោះ។

    លោក Hashim Alkaff នា​យក​ក្រុមហ៊ុន Grab ​​ប្រចាំ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា៖ «អំណោយ​ទាំង​នេះ គឺ​ការ​បង្ហាញ​ពីការ​ទទួល​ស្គាល់​​របស់​យើងចំពោះ​តួនាទី​ដ៏សំខាន់​របស់​​អ្នក​បើក​បរ ដែល​​ភ្ជាប់​កម្មវិធី​ហៅ​យានជំនិះ ​​ផ្សេង​ៗ​គ្នា​ ជា​ច្រើន​​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូវីដ-19។ ដើម្បី​​ថែ​រក្សា​សុខ​ភាព​របស់​ពួកគាត់ផ្ទាល់ និង​សុខភាព​​អ្នក​ដំណើរ ​របស់​ពួកគាត់ វា​ពិត​ជា​សំខាន់​ណាស់​ដែល​​អ្នក​បើកបរ ​ត្រូវ​​ធ្វើ​តាម​សេចក្តី​ណែនាំចុង ក្រោយបង្អស់ ស្ដីអំពីការការពារ​សុខភាព និង​សុវត្ថិ​ភាព តាម​រយៈ​ការ​​ប្រើ​ប្រាស់​ម៉ាស់​ការ​ពារ និង​ទឹកអនាម័យលាង​​ដៃ ដើម្បី​ជួយ​ឱ្យ​ពួក​គាត់​រក្សា​បាននូវ​អនាម័យជា​និច្ច ដែល​​ពិត​ជា​សំខាន់ណាស់​ក្នុង​ការ​​កាត់​បន្ថយ​ការ​ឆ្លង​របស់​ជំងឺ​​នេះ​​»​។

    ជាមួយ​គ្នា​នេះផងដែរ ក្រុមហ៊ុន​​ភេសជ្ជៈ​កម្ពុជា (កូកា-កូឡា) បានប្រកាស​កាលពីសប្តាហ៍មុន​ថា ក្រុម​ហ៊ុន​បាន​បង្វែរ​ ថវិកាចំនួន 20ម៉ឺន​ដុល្លារសហរដ្ឋ​អាមេរិក ពី​​កញ្ចប់​ថវិកា​ផ្សាយ​ពាណិជ្ជ​កម្មរបស់ខ្លួន សម្រាប់យកមក​​ចូល​រួម​ជួយ ​ដល់​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង ​វិបត្តិ​ជំ​ងឺដែលបណ្ដាលមកពីមេរោគវីរុស​កូរ៉ូ​ណាប្រភេទថ្មី នា​ពេល​បច្ចុប្បន្ន​​។

    លោក រស់ សោភា នាយក ផ្នែកច្បាប់ និងកិច្ចការសាធារណៈប្រចាំប្រទេស  នៃ​ក្រុម​ហ៊ុនភេសជ្ជៈ​កម្ពុជា (​កូកា-កូឡា) មាន​ប្រសាសន៍​ថា៖ «ក្រុមហ៊ុនរបស់យើង​បាន​ក្លាយ​ជាផ្នែកមួយ​នៃ​​សង្គម​កម្ពុជា អស់​រយៈពេល​ជិត​30ឆ្នាំមក​ហើយ ហើយ​​ឥរិ​យា​បថ​​មូល​ដ្ឋាន​របស់​យើង គឺយើង​ជួយ​ឧប​ត្ថម្ភ​គាំទ្រដល់​សហ​គមន៍ទូទៅ ក្នុង​ដំណាក់​កាល​ដ៏​ចាំ​បាច់ តាម​រយៈ​ការ​ផ្តល់​អំណោយ​​បែបនេះ​​។ ការ​ផ្ដល់លទ្ធភាព​ឱ្យ​អ្នក​បើក​បរ​ទាំងអស់ អាចបន្ដប្រកបអាជីវកម្មបាន​ប្រក​ប ដោយ​សុវត្ថិភាព តាម​រយៈ​ការ​ប្រើប្រាស់​ម៉ាស់​ការពារ និង​ទឹក​​អនា​ម័យលាង​ដៃ មានន័យ​ថា ពួក​​គាត់​អាច​បន្ត​​ការ​រក​ប្រាក់ ​ដើម្បី​ផ្គត់​ផ្គង់​ដល់​ក្រុម​គ្រួសារ​ និង​សហ​គមន៍​របស់​ពួកគាត់បាន​»​។

    លោក​បាន​បន្ថែម​ទៀត​ថា៖ «យើងក៏ចូលរួម​ប្តេជ្ញា​អនុវត្តតាមយុទ្ធនាការ «ពិភព​លោក​មួយ​ដែល​គ្មាន​សំរាម» តាម​រយៈ​ការ​លើក​ទឹក​ចិត្ត​​អ្នក​បើក​បរ​​ទាំងនោះឱ្យយក​ដប​ដែល​អាច​ប្រើ​ប្រាស់​វិញ​បាន ដើម្បីច្រក​ទឹក​អនា​ម័យ ​លាង​ដៃ​»​។

    ក្រុម​អ្នកអភិរក្ស​​ព្រៃ​ឈើ​ បៃ​តង​ វ៉រ​រៀរស៍ ដែល​​បាននិង​កំពុង​តែ​ចូលរួម​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង ​ទប់​ស្កាត់​ការ​ឆ្លង​របស់​វីរុស ​កូរ៉ូ​ណា ទូ​ទាំង​ប្រទេស​នោះ បាន​​ចូលរួម​​​ក្នុង​ការ​​​​ផ្តល់​​ទឹក​អនា​ម័យ​ដៃ​ចំនួន​ 420​លីត្រ ក្នុង​​កម្មវិធី​អំណោយ​នេះផងដែរ​។

    លោក ​តាន់ គឹម​សួគ៌ អ្នក​តំណាង​ឱ្យ​ក្រុម​អ្នកអភិរក្សព្រៃ​ឈើ បៃ​តង ​វ៉រ​រៀរស៍ បាន​ឱ្យ​ដឹង​ថា៖​ «ក្នុងនាម​ជាក្រុម​​មួយ បៃ​តង​វ៉រ​រៀរស៍កំពុង​តែ​យក​ចិត្ត​​ទុក​ដាក់ ​រៀប​ចំ​​​ទឹកអនាម័យ​លាងដៃ​បែប​សាមញ្ញ ប៉ុន្តែមាន​ប្រសិទ្ធ​ភាពនេះ សម្រាប់​ចែក​ជូន​​​ប្រជា​​ពល​រដ្ឋ​​របស់​យើង​នៅទូ​ទាំង​ប្រទេស​ ដើម្បី​ជួយឱ្យ​ពួក​គាត់មានលទ្ធភាព​​រក្សា​​បាននូវ​សុវត្ថិភាព និង​សុខភាពល្អ តាម​រយៈ​ការ​រក្សា​ដៃ​របស់ពួក​គាត់ ឱ្យមានអនា​ម័យ​ជានិច្ច​»​។

    ឯក​ឧត្ដម នួន ផារ័ត្ន អភិបាលរង​​រាជ​ធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា៖ «យើងខ្ញុំ​​សូម​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅ​ដល់ ក្រុម​ហ៊ុន Grab ក្រុមហ៊ុនកូកា-កូ​ឡា និង​បៃ​តង ​វ៉រ​រៀរស៍ ចំពោះ​ការ​ចូល​រួម​​​ចំណែក​​ទាំង​នេះ ​ក្នុងន័យផ្តល់​សុវត្ថិភាព និង​សុខុ​មាលភាព​របស់​អ្នកបើករ៉ឺម៉ក​កង់​3 ដែល​កំពុង​តែ​ស្ថិតក្នុង​ទី​តាំង​ជួរ​មុខ​គេ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង ​នឹង​វីរុស​កូរ៉ូ​ណា​​នេះ​»​។

    លោក​មាន​ប្រសាសន៍បន្ថែម​​ថា៖ «ការ​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​បើកបរ​ទាំង​អស់ អនុ​វត្ត​វិធី​​​ថែ​រក្សា​អនាម័យ​ល្អ នឹង​ផ្តល់​ឱ្យអ្នក​ដំណើរ និងក្រុម​គ្រួ​សារ​របស់​ពួក​គាត់ដែលនៅ​ឯផ្ទះ មានអារម្មណ៍ស្ងប់ចិត្ត ដោយ​សារ​តែ​អ្នក​បើក​បរ​ទាំងអស់​ កំពុង​តែ​ការ​ពារ​សមា​ជិក​ក្រុម​គ្រួ​សារ និង​សហ​គមន៍​របស់​ពួក​គាត់​»​។

    ទាំងក្រុមហ៊ុន​ Grab និង​កូកា-កូឡា សុទ្ធ​សឹងតែ​បាន​បញ្ជាក់​ថា ពួក​គេ​នឹង​​រៀប​ចំព្រឹត្តិការណ៍​ផ្តល់​អំណោយ​បន្ថែម​ទៀត​ ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ ខណៈ​ដែល​ក្រុមហ៊ុន​ទាំង​2 ចូលរួមជា​កម្លាំង​​ជាមួយ​នឹង​ដៃគូផ្សេង​ៗ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង ​វីរុស​កូរ៉ូ​ណា​៕