Author: ធឿន មករា

  • អតីតកីឡាករ Manchester United ម្នាក់ជាសះស្បើយពីកូវីដ-19 នៅប្រទេសចិនហើយ

    អតីតកីឡាករ Manchester United ម្នាក់ជាសះស្បើយពីកូវីដ-19 នៅប្រទេសចិនហើយ

    កាលពីព្រឹកថ្ងៃទី24 ខែមីនា ឆ្នាំ2020 សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)) បានប្រកាសជាផ្លូវការក្នុងបណ្តាញសង្គមរបស់ខ្លួនថា កីឡាករខ្សែបម្រើ សញ្ជាតិបែលហ្ស៊ិកក្នុងក្លិប Shandong Luneng របស់លីកកំពូលចិនបានធ្វើតេស្តឃើញវិជ្ជមានវីរុសកូវីដ-19។

    មកទល់នឹងពេលនេះ អតីតកីឡាករបាល់ទាត់របស់ក្លិប Manchester United រូបនេះ បានជាសះស្បើយពីជំងឺកូវីដ-19 និងបានចេញពីមន្ទីរពេទ្យមកស្នាក់នៅផ្ទះវិញហើយ ដោយឆ្លងកាត់ការព្យាបាលអស់រយៈពេល 3សប្តាហ៍នៅមន្ទីរពេទ្យ​ ក្នុងប្រទេសចិន។

    គួរបញ្ជាក់ដែរថា អំឡុង​ពេល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ Fellaini ជា​រឿយៗ​ រូបគេតែងតែ​បង្ហោះ​សារ​ថា សុខភាពរបស់គេ​នៅ​តែ​ល្អ​ធម្មតា​ ហើយ​ថែមទាំង​បានហាត់ប្រាណ​ក្នុងមន្ទីរ​ពេទ្យ​ទៀត​ផង​៕

  • Seria A ត្រៀមបើកការប្រកួតបិទទ្វារឡើងវិញ ក្រោយរាងធូរស្បើយពីកូវីដ-19 បន្តិច

    Seria A ត្រៀមបើកការប្រកួតបិទទ្វារឡើងវិញ ក្រោយរាងធូរស្បើយពីកូវីដ-19 បន្តិច

    លីគកំពូលអ៊ីតាលី បានប្រកាសថា នឹងត្រូវធ្វើតេស្តរកមេរោគកូវីដ-19 នៅខែក្រោយនេះបន្តទៀត នៅលើក្លិបបាល់ទាត់ទាំងអស់ រួមនឹងបុគ្គលិកដែលពាក់ព័ន្ធនឹងវិស័យបាល់ទាត់ បន្ទាប់ពីពួកគេវិលត្រឡប់មកពីការឃុំខ្លួនឯងក្នងផ្ទះអស់ជិត 3ខែមកនេះ។

    ការធ្វើតេស្តរកវីរ៉ុសនេះ ត្រូវបាន Seria A ប្រកាស ដោយសារតែលីកកំពូលរបស់អ៊ីតាលីគ្រោងនឹងវិលត្រឡប់មកវិញ នៅអំឡុងខែមិថុនាខាងមុខនេះ ដោយគ្រោងនឹងបញ្ចប់នៅក្នុងខែសីហា ពោលគឺ នឹងមានការប្រកួតជារៀងរាល់ 3ថ្ងៃម្តង។

    ការវិលត្រឡប់មកវិញនេះ គឺបន្ទាប់ពីប្រទេសអ៊ីតាលីហាក់ធូរស្បើយបន្តិចពីការវាយលុក របស់ជំងឺនេះ ដោយពីតួលេខអ្នកស្លាប់ បានធ្លាក់មកនៅក្រោម 450នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕

  • ការអបអរពិធីបុណ្យចូលឆ្នាំខ្មែរតាមអនឡាញ នឹងជួយឱ្យពលរដ្ឋកម្ពុជានៅទូទាំងពិភពលោក អាចឆ្លងឆ្នាំថ្មីជាមួយគ្នាបាន នៅលើ FACEBOOK

    ការអបអរពិធីបុណ្យចូលឆ្នាំខ្មែរតាមអនឡាញ នឹងជួយឱ្យពលរដ្ឋកម្ពុជានៅទូទាំងពិភពលោក អាចឆ្លងឆ្នាំថ្មីជាមួយគ្នាបាន នៅលើ FACEBOOK

    ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មីប្រពៃ​ណី​ខ្មែរ ដែល​ជា​ពិធី​បុណ្យ​មួ​យ​ក្នុង​ចំណោម​ពិធី​បុណ្យ​ជាតិ​ដ៏​សំខាន់​បំផុតសម្រាប់កម្ពុជា​ នៅតែអាច​ប្រារព្ធ​ធ្វើឡើងបាន​តាម​អន​ឡាញ បើ​ទោះ​បីជាមាន​​ការ​រាត​ត្បាត​ជា​សកល​របស់​​វីរុស​កូវីដ-19 ដែល​បាន​បង្ខំ​​ឱ្យ​​មានការ​លើក​ពេល​ថ្ងៃ​ឈប់​សម្រាក​នៅ​កម្ពុជា​ផ្ទាល់ និងបាន​​រា​រាំង​មិន​ឱ្យ​​ពល​​រដ្ឋ​កម្ពុជា​ទូ​ទាំង​ពិភព​លោក​ជួប​ជុំ​គ្នា ​ជាលក្ខណៈ​គ្រួ​សារ និង​សហ​គមន៍​តាម​បែប​ប្រពៃ​ណី​ក៏ដោយ​​។

    ព្រឹត្តិការណ៍ «Stay Home Khmer New Year ឬ​ អប​អរ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរពី​ផ្ទះ» នឹង​មាន​ការ​​​ផ្ដល់ជូននូវ​​ការ​លេង​ល្បែង​​ប្រជា​ប្រិយ​​ជាច្រើន ដូចជា​ការ​ប្រគំ​តន្ត្រី និង​ការ​សម្តែង​​​ពីសំណាក់​កំពូលតារា​ចម្រៀង ​តារា​កំ​ប្លែង និងពិធីករកម្មវិធីលេងហ្គេមកម្សាន្ត​ល្បី​ៗ​​​​ប្រចាំ​កម្ពុជា​ ជា​ច្រើនរូបដែលនឹងមានផ្សាយ​​ផ្ទាល់ជូនទស្សនា​នៅ​លើ Facebook តាម​រយៈ https://www.facebook.com/IKAREeverywhere/ នៅ​ថ្ងៃសៅរ៍ ទី​18 ខែ​មេសាឆាប់ៗនេះ ចាប់​​ពី​ម៉ោង 10:00GMT (ត្រូវ​​នឹង​ម៉ោង​ 5​ល្ងាច ម៉ោង​នៅប្រទេសកម្ពុជា)​។

    ការ​អប​អរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ខ្មែរ​តាម​អន​ឡាញ​នេះ នឹង​ត្រូវ​​រៀប​ចំឡើង​ដោយ​អង្គ​ការ​សមា​គម​អន្តរ​ជាតិ​ Kare ហៅ​កាត់​ថា IKARE ដែលមាន​ស្នាក់ការធំនៅសហរដ្ឋ​អាមេរិក។ ​អង្គការនេះក៏​​​ជាអ្នកគ្រប់គ្រង​សារមន្ទីរ​ National Khmer Legacy (កេរដំណែល​ជាតិខ្មែរ) នៅ​រដ្ឋ Minnesota សហ​រដ្ឋ​អាមេរិកផងដែរ​។

    រាជរដ្ឋា​ភិបាល​កម្ពុជា បានប្រកាស​កាលពីសប្តាហ៍មុន​ថា ថ្ងៃ​​ឈប់​សម្រាក​សម្រាប់ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​​បាន​ចាប់ផ្តើមពីថ្ងៃ​ទី​14 ដល់​ទី​16 ខែ​មេសានេះ នឹង​ត្រូវ​​លើកទៅប្រារព្ធនៅ​ពេលក្រោយវិញ ដើម្បី​ទប់​ស្កាត់​​ការ​ឆ្លង​វីរុស​កូរ៉ូ​ណាប្រភេទថ្មី ហើយ​​និយោ​ជិត​ទាំង​អស់ នឹង​ទទួល​បាន​​​ថ្ងៃ​ឈប់​សម្រាក​បន្ថែម​នៅ​ចុងឆ្នាំនេះ​ ជាការ​​តប​ស្នងការលើកពេលនេះ។ រាជរដ្ឋា​ភិបាល​កម្ពុជា ក៏​បាន​ហាម​មិន​ឱ្យ​ប្រជា​ពល​រដ្ឋ​​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ខេត្ត​1 ​ទៅ​ខេត្ត​1​ ចាប់​ពីថ្ងៃ​ទី​9 ដល់​ទី​16 ខែមេសាទូ​ទាំង​ព្រះ​រាជា​ណាចក្រ​កម្ពុជាផងដែរ​។

    ក្នុង​កិច្ច​សម្ភាស​ន៍មួយ​តាម​រយៈ​​ Facebook Messenger លោក ​សេក កុសល ជាសមាជិកគណៈ​កម្ម​ការ​រៀប​ចំ​ព្រឹត្តិការណ៍ និង​​ជា​នា​យក​ចាត់​ការ​ទូទៅនៃ​សមា​គម​ IKARE បាន​ប្រាប់​​​​ឱ្យ​ដឹង​ថា៖ «ការ​រាត​ត្បាត​ជា​សកល​របស់​វីរុស​កុរ៉ូ​ណាប្រភេទថ្មី ឬ​កូវីដ-19នេះ​ បាន​បង្ខំ​​ឱ្យ​​សហ​គមន៍​នៅ​ក្រៅ​ប្រទេស​ទាំង​អស់ ផ្អាក​រាល់​ការ​ជួប​ជុំ​ជា​សា​ធារណៈ​​នានា​។ ក្នុងនាម​ជា​​អង្គ​ការ​មិន​រក​ប្រាក់ចំណេញ​ ដែលមាន​បេស​កកម្ម​ ការ​ពារ អភិរក្ស និង​លើក​កម្ពស់​ប្រជា​ពល​រដ្ឋ​ខ្មែរ IKARE មានភាពទទួលខុសត្រូវ ​ដើរ​តួ​ជាស្ថាប័នគំរូមួយ​សម្រាប់យុវ​ជន​​ជំនាន់​ក្រោយ ពាក់ព័ន្ធនឹង​ការ​បង្វែរបញ្ហាប្រឈម​នានា ឱ្យ​ទៅ​ជា​ឱកាស​វិញ»​។

    លោក​បាន​ប្រាប់​បន្ត​ថា៖ «ជាក់ស្ដែងក្នុង​ករណី​នេះ វា​គឺ​ជា​ឱកាសមួយសម្រាប់ឱ្យយើង​ប្រើប្រាស់​បច្ចេក​វិទ្យា ដើម្បី​រក្សា​ទំនាក់​ទំនង​ជាមួយនឹង​សហ​គមន៍​ខ្មែរ​នៅទូ​ទាំង​ពិភព​លោក ដោយក្នុងនោះ​រាប់​បញ្ចូល​ទាំងសហ​គមន៍​ខ្មែរនៅសហ​រដ្ឋ​អាមេរិក អូ​ស្ត្រាលី បារាំង កាណា​ដា កម្ពុជា ថៃ ឡាវ វៀត​ណាម និង​កន្លែង​ផ្សេង​ទៀត ដែល​មាន​​ប្រជា​ពល​រដ្ឋខ្មែរ​រស់​នៅ​»​។

    ព្រឹត្តិ​ការណ៍​​​តាម​អន​ឡាញ​នេះ នឹងប្រព្រឹត្ត​ទៅ ដោយមាន​​ការ​សូត្រ​មន្ត​របស់​ព្រះ​សង្ឃ​តាម​បែប​ព្រះ​ពុទ្ធ​សាស​នា ដែល​​ប្រជា​ពលរដ្ឋ​កម្ពុជា តែង​តែត្រង់​ត្រាប់​​​ស្តាប់ នៅ​ពេល​ដែលពួកគាត់​យក​ចង្ហាន់​ និង​គ្រឿង​បូ​ជា​ផ្សេង​ៗ​ទៅ​តាម​វត្ត​អារាម​នានា ដើម្បី​អប​អរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ខ្មែរ​។

    ព្រះ​តេជ​គុណ ម៉ឹង សាង ព្រះ​ចៅ​អធិ​ការ​វត្ត​មុនីសុ​តា​រាម និង​ជា​ប្រធាន​ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ​នៅរដ្ឋ Minnesota ស​ហ​រដ្ឋ​អាមេរិក នឹង​សូត្រ​មន្ត​ដើម្បី​ប្រោស​ព្រំពុទ្ធ​សាស​និក ក្នុង​ការ​​អប​អរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ តាម​អន​ឡាញនេះ​។

    ក្នុង​កិច្ច​សម្ភាសន៍មួយ​ជាមួយ​នឹងសារ​ព័ត៌​មាន​វី​អូ​អេ ភាសាខ្មែរ ​ព្រះ​តេជគុណ​ ម៉ឹងសាង មាន​សង្ឃ​ដីកា​​​ថា៖ «បើ​ទោះ​បី​ យើង​មិន​អាច​អប​អរ​​បាន​ជា​ធម្ម​តា ដោយ​សារ​តែ​វីរុស​កូរ៉ូ​ណា​រាតត្បាត ក៏ដោយ ប៉ុន្តែយើង​នៅ​តែ​អាច​សម្តែង​នូវទឹកចិត្តស្មោះ​ស្ម័គ្រ និង​ក្ដី​គោរព​ដល់​វប្បធម៌ និង​ប្រពៃ​ណីជាតិ​របស់​យើងបានដដែល​»​។

    ព្រឹត្តិការណ៍នេះ ក៏​នឹង​មានការ​សម្តែង​ជូននូវ​ក្បាច់​គុន​ល្បុក្ក​តោ ដែល​ជា​សិល្បៈ​ក្បាច់​គុណ​បុរាណ​​ខ្មែរផងដែរ ដោយដឹកនាំការសម្ដែង​ដោយ​លោក​គ្រូ ប្រាជ្ញ កេន​យ៉ា ពីផ្ទះ​​របស់​លោក​ផ្ទាល់ ក្នុងរដ្ឋ San Francisco​។

    លោក​ កេន​យ៉ា បានធ្វើ​ជា​គ្រូបង្វឹក​​ក្បាច់​គុន​ល្បុក្ក​តោ​ ​អស់​រយៈពេល​​ជាង​ 30​ឆ្នាំ និងបាន​បង្វឹក​សិស្ស​​​ជាង​ 1,000នាក់រួច​មក​ហើយ​។ លោក​គ្រូ​តា​ ​វ័យខ្ទង់​ 60​ឆ្នាំ​រូបនេះ បច្ចុប្បន្ន​កំពុង​​បង្រៀន​ក្បាច់​គុន​ល្បុក្កតោ ដល់​សិស្ស​គណ ​​ប្រមាណ​ជា​ 200​នាក់ទៀត ប៉ុន្តែលោក​តា​ បាន​ផ្អាក​​ថ្នាក់​បង្រៀន​​របស់​លោកតា​ជា​បណ្តោះ​អាសន្ន​ ដោយ​សារ​តែ​វិបត្តិវីរុស​កូរ៉ូ​ណា​។

    ក្នុង​កិច្ច​សម្ភា​សន៍មួយ​តាម​ទូរ​ស័ព្ទ​ លោក​តា​បាន​ប្រាប់​សា​រព័ត៌​​មាន​វី​អូ​អេ ថា៖ «ក្នុង​នាម​​យើង​ជា​ពល​រដ្ឋ​កម្ពុជា ខ្ញុំចង់​​ឱ្យ​​​យើង​មាន​សាម​គ្គី​ភាព​ចំពោះគ្នា។ នៅប្រទេសក្រៅរាល់ថ្ងៃនេះ មិនសូវជាសម្បូរបងប្អូនខ្មែរយើងរស់នៅប៉ុន្មានទេ។  ហេតុនេះ យើង​គួរ​តែចេះ​ស្រឡាញ់​គ្នា ហើយ​ជា​ពិសេស​ស្រឡាញ់​វប្បធម៌​ខ្មែរ​យើង​»​។

    តារា​កិត្តិ​យស​ផ្សេង​ទៀត ដែលគ្រោង​​​នឹង​សម្តែង​ក្នុង​ព្រឹត្តិ​ការណ៍នេះ រួម​មាន តារា​ចម្រៀង​ល្បី​ៗ​ជាច្រើន​របស់​កម្ពុជា ដូច​ជា កញ្ញា ចេន សាយ​ចៃ ដែល​នឹង​ច្រៀង​បទ​​ប្រពៃ​ណីខ្មែរ រួម​ជា​មួយ​នឹង​តារា​ចម្រៀង​កម្ពុជា​ផ្សេង​ទៀត ដូច​ជា លោក ​វី ជីវ័ន្ត លោក​ សាន ផានិត កញ្ញា ចាន់ឡៃ វលក្ខណ៍ និងលោក ​សាល ចាន់ស៊ី​ ជាដើម។

    ក្នុង​កិច្ច​សម្ភាសន៍​តាម Facebook Messenger លោក ​សេក កុសល បានប្រាប់បន្ថែម​ទៀត​ថា៖ «គោល​បំណង​សំខាន់​​ ក្នុង​ព្រឹត្តិ​ការណ៍នេះ គឺចង់​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ នៅ​គ្រប់​ទីកន្លែង បានជ្រាបថា ការដែលយើងផ្សារភ្ជាប់ទំនាក់ទំនងគ្នា ឆ្លងមហាសមុទ្របែបនេះ  វាជួយឱ្យកេរដំណែល និង​ប្រវត្តិ​សាស្ត្រ​របស់​ប្រជាជន​យើង ​មិន​សាប​សូន្យ​ទៅណាឡើយ​។ អាចថា​​ ជារឿង​​អកុសលក៏បាន ​ជា​រឿង​កុសលក៏បាន ដែលថា ស្ថានភាព​បច្ចុប្បន្ននេះ គឺវាផ្តល់​ឱ្យយើង​នូវ​ឱកាសដ៏កម្រមួយ ដើម្បី​ចាប់​ផ្តើម​ភ្ជាប់ទំនាក់ទំនងគ្នាជាស្ពាននេះ​។ កម្ពុជា ធ្លាប់​បាន​ខកខានប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីខ្មែរ ចាប់តាំងពីថ្ងៃ​ទី​17 ​មេសា ​1975 ដល់ថ្ងៃទី7 មករា ឆ្នាំ1979 ម្ដងរួចទៅហើយ [ដោយ​សារ​តែរបប​​ខ្មែរក្រហម]។ យើង​មិន​ចង់​ខក​ខានការ​អប​អរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ខ្មែរ​​ម្តង​ទៀត នៅថ្ងៃ​ទី​18 មេសា ឆ្នាំ​2020 ខាងមុខនេះឡើយ​»​៕

  • វេសឡាញ ប្រើការបង្រៀនតាម អេឡិចត្រូនិក (E-Learning) ដោយផ្តោតលើគុណភាពជាចម្បង ក្នុងពេលប្រយុទ្ធនឹង covid-19

    វេសឡាញ ប្រើការបង្រៀនតាម អេឡិចត្រូនិក (E-Learning) ដោយផ្តោតលើគុណភាពជាចម្បង ក្នុងពេលប្រយុទ្ធនឹង covid-19

    នាពេលបច្ចុប្បន្ននេះ ទោះបីជាពិភពលោកកំពុងឆ្លងកាត់គ្រោះមហន្តរាយដ៏ធំនៃការរីករាលដាលជំងឺ covid-19 ក៏ដោយ ក៏វិស័យអប់រំ នៅតែជាផ្នែកសំខាន់បំផុតដែលត្រូវបានគេយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីឱ្យវិស័យប្រកបដោយគុណតម្លៃនេះ​ដំណើរការទៅមុខដោយរលូន។ ជាក់ស្តែង ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពីការលើកកម្ពស់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត និង ជម្រុញឲ្យសិស្សានុសិស្សធ្វើស្វ័យសិក្សានៅតាមផ្ទះ និង ផ្តល់ជូននៅឯកសារមេរៀនល្អៗសម្រាប់សិស្សានុសិស្សផងដែរ ។

    ឆ្លើយតបនឹងបរិបទនេះ ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប ដែលផ្តល់សេវាកម្មអប់រំតាមរយៈ សាលារៀនវ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ សាលាអន្តរជាតិ ហ្វររ៉េសហៀល សាលារៀនអន្តរជាតិ អេបផល ទ្រី និង សាលាភាសាអង់គ្លេសលីដឺលែនបានខិតខំប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីធ្វើយ៉ាងណាបន្តនិរន្តរភាពនៃការអប់រំ​ ដល់សិស្សានុសិស្សទាំងអស់ដែលកំពុងត្រូវការការសិក្សាប្រកបដោយគុណភាព និងការយកចិត្តទុកដាក់ខ្ពស់។

    លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ទោះបីជាពិភពលោកស្ថិតក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺ covid-19 ក៏ដោយ ក៏វេសឡាញ​នៅតែខិតខំប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីជំរុញឱ្យសិស្សានុសិស្សទាំងអស់ទទួលបានការអប់រំ​ប្រកបដោយគុណភាព។ ក្នុងស្ថានភាពបែបនេះ បណ្តាញសាលារៀន​របស់ វេសឡាញ អេឌ្យូខេសិន គ្រុប ទាំងអស់បានដាក់ឱ្យប្រើប្រាស់​ប្រព័ន្ធ​សិក្សាតាមរយៈប្រព័ន្ធអេឡិចត្រូនិក (E-Learning) ដើម្បីឱ្យសិស្សានុសិស្សទាំងអស់សិក្សានៅតាមផ្ទះរៀងៗខ្លួន រក្សាការចូលរួមរបស់សិស្ស និង អាចឱ្យសិស្សរៀនចប់តាមកម្មវិធីសិក្សា និង រក្សាទំនាក់ទំនង រវាងសិស្សានុសិស្ស ឬអ្នកអាណាព្យាបាលសិស្ស និង សាលារៀន។ លោកថា រហូតមកដល់ពេលនេះ ក្រុមការងារទាំងអស់កំពុងបង្កើនភាពសកម្មក្នុងការផលិតវីដេអូមេរៀន​ដោយផ្តោតលើគុណភាពជាចម្បងទាំងកម្រិតគុណភាពវីដេអូ គុណភាពមេរៀន និងការភ្ជាប់ទំនាក់ទំនងល្អជាមួយអាណាព្យាបាល។ វីដេអូទាំងអស់ដែលផលិតបាននឹងត្រូវបែងចែកទៅកាន់ប្រភពសំខាន់ៗជាច្រើនដូចជា ដាក់ទៅក្នុង YouTube WEG education channel បង្ហោះក្នុង Page WEG education TV និង​ផ្ញើរទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមចំណែកជួយដល់វិស័យអប់រំនៅក្នុងប្រទេសយើង។

    លោក ប៉ិច បូឡែន បាននិយាយថា៖ «​ក្រៅពីប្រភពខាងលើយើងមានទម្រង់ (platform) ជាច្រើនផ្សេងទៀតក្នុងការ​ផ្តល់ការអប់រំឱ្យសិស្សានុសិស្សទាំងអស់នៅគ្រប់ទីកន្លែង។ បច្ចុប្បន្ននេះយើងបាន​បង្កើតក្រុម (close group) ដូចជា Group of Telegram ឬ Group of Messenger ឬ Group of Facebook Closed Group ដើម្បីបង្កើតទំនាក់ទំនងល្អជាមួយអាណាព្យាបាល ហើយផ្ញើរវីដេអូជូនពួកគាត់ដើម្បីឱ្យអាណាព្យាបាលអាចយកមេរៀនទាំងអស់នោះទៅបង្រៀនកូនៗនៅតាមផ្ទះរៀងៗខ្លួន»។

    បន្ថែមពីលើវិធីទាំងអស់នេះស្ថាបនិកគ្រឹះស្ថានអប់រំខាងលើបានលើកឡើងផងដែរថា ដើម្បីភ្ជាប់ទំនាក់ទំនងល្អជាមួយនឹងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ត្រូវប្រាកដថាសិស្សានុសិស្សបានចូលរួមក្នុងកម្មវិធីស្វ័យសិក្សា និង ការសិក្សាពីចម្ងាយតាមរយៈប្រព័ន្ធអេឡិចត្រូវនិក (E-Learning) ប្រកបដោយប្រសិទ្ធភាពខ្ពស់ និង បានប្រើកម្មវិធីជំនួយមួយចំនួនដូចជា Kahoot, Seesaw, ZOOM, EDEMY, សង្កប្ប, E-School, FB Messenger Group, និង FB Closed Group ដើម្បីបង្រៀនសិស្សក្នុងថ្នាក់នីមួយៗ ដោយយកចិត្តទុកដាក់ដូចជាការបង្រៀននៅក្នុង​ថ្នាក់ជាប្រក្រតី។ លោកបានបញ្ជាក់ផងដែរថា ទោះស្ថិតក្នុងដំណាក់កាលដែលត្រូវសិក្សាតាមរយៈប្រព័ន្ធអេឡិចត្រូនិកក៏ដោយ ក៏បុគ្គលិក​គ្រប់ផ្នែកទាំងអស់នៅតែខិតខំប្រឹងប្រែងមកធ្វើការងារជាប្រក្រតីទៅតាមជំនាញរៀងៗខ្លួន ដើម្បីពង្រឹងគុណភាព និងផលិតភាពការងារក្នុងការអប់រំ។ ជាក់ស្តែងបុគ្គលិក​បង្រៀនគាត់នៅតែត្រូវមក​ធ្វើការងារ​បង្រៀន និងផលិតមេរៀន ស្របពេលដែលបុគ្គលិកផ្នែកផលិតកម្មក៏នៅតែបន្តថត និងរៀបចំមេរៀនល្អៗសម្រាប់សិស្សានុសិស្ស ហើយបុគ្គលិកក្នុងផ្នែកផ្សេងៗទៀតក៏បានធ្វើការងារទៅតាមជំនាញរៀងៗខ្លួនដោយយកចិត្តទុកដាក់ខ្ពស់។ ទោះជាយ៉ាងនេះក្តី វេសឡាញ អេឌ្យូខេសិន គ្រុប បានផ្តោតសំខាន់ផងដែរចំពោះសុវត្ថិភាព និងសុខភាពបុគ្គលិកដោយ​រៀបចំកន្លែងធ្វើការងារឱ្យមានមានពន្លឺ មានខ្យល់ចេញចូលគ្រប់គ្រាន់ វាស់សីតុណ្ហភាព និងលាងសម្អាតដៃជាញឹកញាប់៕

  • វីង និង​ ស្មាយិ៍សប ចាប់ដៃគូរ​បង្កើតផ្សារអនឡាញនៅលើ​កម្មវិធីស្មាតហ្វូនវីង

    វីង និង​ ស្មាយិ៍សប ចាប់ដៃគូរ​បង្កើតផ្សារអនឡាញនៅលើ​កម្មវិធីស្មាតហ្វូនវីង

    ឥឡូវនេះអតិថិជនដែលប្រើកម្មវិធីស្មាតហ្វូនវីង អាចទិញទំនិញសម្រាប់បំពេញតំរូវការប្រចាំថ្ងៃរបស់ពួកគេនៅលើទូរស័ព្ទឆ្លាតវៃបានយ៉ាងរហ័ស ងាយស្រួល និងសុវត្ថិភាព។

    ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតនិង ស្មាយិ៍សប ដែលជា ផ្សារអនឡាញឈានមុខគេដូច Amazon បានកំពុងចាប់ដៃគ្នា ដើម្បីធានាថារាល់អតិថិជននៅក្នុងប្រទេសកម្ពុជាអាចទិញផលិតផលផ្សេងៗបានដោយងាយស្រួលតាមរយៈកម្មវិធីស្មាតហ្វូនវីងខណៈពេលដែលកំពុងនៅផ្ទះក្នុងអំឡុងពេលនៃការរាតត្បាតនៃមេរោគកូវីដ១៩ ។​

    តាមរយៈភាពជាដៃគូនេះអតិថិជនអាចធ្វើការបញ្ជាទិញទំនិញពីស្មាយិ៍សបនៅក្នុង​កម្មវិធីស្មាតហ្វូនវីងដោយគ្រាន់តែប្រើចុងម្រាមដៃចុចពីរទៅបីដងលើទូរស័ព្ទវៃឆ្លាតតែប៉ុណ្ណោះ។​ ទំនិញដែលទិញហើយនឹងត្រូវបានដឹកជញ្ជូនមកដល់មាត់ទ្វារដោយផ្ទាល់។​

    លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ «យើងជឿជាក់ថាភាពជាដៃគូនេះ នឹងអាចឲ្យប្រជាជនកម្ពុជាទិញទំនិញតាមអនឡាញបានដោយងាយស្រួលតាមរយៈកម្មវិធីស្មានហ្វូនវីង។ភាពជាដៃគូនេះអនុញ្ញាតឱ្យអ្នករាល់គ្នាទិញទំនិញពីស្មាយិ៍សបដោយមិនមានការព្រួយបារម្ភអ្វីទាំងអស់​ជាមួយកម្មវិធីស្មានហ្វូនវីងប្រកបដោយភាពងាយស្រួល មានការធានា និងឆាប់រហ័ស​ដោយប្រើប្រាស់ប្រព័ន្ធការទូទាត់ប្រាក់របស់វីង។ អតិថិជនមិនចាំបាច់ទៅហាងដោយផ្ទាល់ និងប្រើក្រដាស់ប្រាក់ដើម្បីទិញទំនិញក្នុងអំឡុងពេលមានការរាតត្បាតនៃជម្ងឺនេះឡើយ »។

    ស្មាយិ៍សបត្រូវបានបើកដំណើរការនៅក្នុងប្រទេសកម្ពុជាក្នុងខែតុលាឆ្នាំ២០១៨ ដោយយក​តាមលំនាំ ផ្សារអនឡាញរបស់ Amazon និង AliExpress។​ ត្រឹមតែ​២ឆ្នាំប៉ុណ្ណោះស្មាយិ៍សបបានក្លាយជាហាងលក់ទំនិញតាមអ​​នឡាញដែលមានលក់ផលិតផលគ្រប់ប្រភេទរាប់ចាប់ពី​គ្រឿងទេសគ្រឿងសំអាងរហូតដល់សៀវភៅ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិចជាច្រើនផ្សេងទៀត។​ ស្មាយិ៍សបចាប់ផ្តើមដំណើរការនៅក្នុង​កម្មវិធីស្មាតហ្វូនវីង នៅខែមីនាឆ្នាំ២០២០ ដើម្បី​ធ្វើឱ្យអតិថិជនវីងកាន់តែងាយស្រួលក្នុងការបញ្ជាទិញទំនិញដោយប្រើគណនីយរបស់វីង។​

    ការទិញទំនិញតាមរយៈកម្មវិធីស្មាតហ្វូនវីង គឺងាយៗ​ ហើយមិនគិតតម្លៃបន្ថែមនោះឡើយ។ អតិថិជនទាំងអស់អាចចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីង ហើយគ្រាន់តែចុចលើ“Online Shop” បន្ទាប់មកជ្រើសរើសពាក្យ “Smile Shop” នោះអតិថិជននឹងអាចស្វែងរកផលិតផលជាង១០០០មុខ ហើយអាចធ្វើការបញ្ជាទិញបានភ្លាមៗ។​ រាល់អតិថិជនដែលប្រើកម្មវិធីស្មានហ្វូនវីងអាចទទួលបានការផ្តល់ជូនពិសេសៗជាច្រើន​ក៏ដូចជាការដឹកជញ្ជូនដោយឥតគិតថ្លៃសម្រាប់ការបញ្ជាទិញលើសពី២០​ដុល្លារប៉ុណ្ណោះ។​

    លោក Jack Lee នាយកប្រតិបត្តិនៃស្មាយិ៍សប​បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមនស្សរីករាយជាទីបំផុតដែលវីង និងស្មាយិ៍សប បានចាប់ដៃសហការនាពេលនេះ។ វាជាពេលវេលាដ៏សមស្របជាទីបំផុត ខណៈពេលដែលផ្សារអនឡាញ​​ និងមធ្យោបាយទូទាត់សាច់ប្រាក់តាមបែបឌីជីថលកំពុងតែពេញនិយមនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរយើងបានផ្តល់ជូនប្រជាជនកម្ពុជានូវជម្រើសកាន់តែច្រើនសម្រាប់ការបញ្ជាទិញទំនិញ»។​

    វីង និងស្មាយិ៍សប​ មានចក្ខុវិស័យក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ វីង បានកសាងយីហោរបស់ខ្លួនក្លាយជាសេវាទូទាត់ប្រាក់យ៉ាងរហ័ស ងាយស្រួល និងមានការធានា តាមរយៈកម្មវីធីស្មាហ្វូនវីងដ៏ទំនើប និងបណ្តាញភ្នាក់ងារវីងរបស់ខ្លួនទូទាំងប្រទេស។​ ចំនែកឯ ស្មាយិ៍សប​ វិញត្រូវបានគេទទួលស្គាល់ជាអ្នកផ្គត់ផ្គង់ផលិតផលប្រកបដោយគុណភាពខ្ពស់ និងមានសេវាដឹកជញ្ជូនយ៉ាងឆាប់រហ័ស។ ក្រុមហ៊ុនផ្នែកឌីជីថលទាំងពីរនេះនឹងរួមគ្នានាំមកនូវ​អនាគតនៃការធ្វើពាណិជ្ជកម្ម​អនឡាញមកប្រទេសកម្ពុជា៕

  • វិទ្យាស្ថាន​ ប៉ាស្ទ័រ​កម្ពុជា ​ត្រូវ​បាន WHO ​តែង​តាំង​ជា​មន្ទីរ​ពិសោធន៍​លំដាប់​អន្តរជាតិ

    វិទ្យាស្ថាន​ ប៉ាស្ទ័រ​កម្ពុជា ​ត្រូវ​បាន WHO ​តែង​តាំង​ជា​មន្ទីរ​ពិសោធន៍​លំដាប់​អន្តរជាតិ

    វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា (Institut Pasteur du Cambodge) ត្រូវ​បាន​ទទួល​ការ​តែង​តាំង​ដោយ​អង្គការ​សុខភាព​ពិភពលោក ជា​មន្ទីរពិសោធន៍​យោង​អន្ដរជាតិ​ សម្រាប់ការ​ធ្វើ​តេស្ត​រក​​វីរុស​ឆ្លង Covid-19។ នេះ​បើ​យោង​តាម​សារ​បង្ហោះ​​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

    បណ្ដាញ​មន្ទីរពិសោធន៍​យោង​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​មាន​មន្ទីរពិសោធន៍​ក្នុង​ប្រទេស​នានា​ដែល​អាច​ផ្ដល់​នូវ​ការ​ធ្វើ​តេស្ដ​ ដើម្បី​បញ្ជាក់​ពី​មេរោគ Covid-19។

    លើស​ពីនេះ​ទៀត មន្ទីរពិសោធន៍​ទាំង​នេះ ពិត​ជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ដោះ​ស្រាយ និង​ឆ្លើយ​តប​នឹង​ហានិភ័យ​សុខភាព​សាធារណៈ​ដែល​បណ្ដាល​មក​ពី​ជំងឺរាតត្បាត។

    ជាមួយគ្នា​នេះដែរ មន្ទីរពិសោធន៍​ទាំង​នេះ មាន​សារៈ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ និង​ធ្វើ​តេស្ដ​ការ​រក​ឃើញ​ថ្មី ផ្ដល់​ព័ត៌មាន​បឋម និង​ទាន់​ពេលវេលា និង​ជួយ​ជំរុញ​សមត្ថភាព​ឆ្លើយតប​ទៅ​នឹង​ជំងឺ​ទូទាំង​ពិភពលោក។

    ការទទួលស្គាល់នេះ ផ្តើមចេញពីការមានកម្រិតខ្ពស់នៃសមត្ថភាពបច្ចេកទេស និងសមត្ថភាពធ្វើតេស្តវិនិច្ឆ័យនៅ​វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ​រួមជាមួយនឹងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើតេស្តសុពលភាព និងការកសាងសមត្ថភាពដើម្បីប្រយុទ្ធប្រឆាំងនឹង​មេរោគកូវីដ-19 នៅទូទាំងពិភពលោក។

    ក្រៅ​ពី​អាច​ទទួល​បាន និង​បញ្ជាក់​ពី​សំណាក​មេរោគកូវីដ​-19 ពី​ទូទាំង​ពិភពលោកហើយ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នឹង​បន្ដ​ផ្ដល់​ជូន​នូវ​ការ​ធ្វើ​រោគវិនិច្ឆ័យ​ ការ​ធ្វើ​តេស្ដ និង​ធ្វើ​ឱ្យមាន​សុពលភាព​នៃ​ការ​រក​ឃើញ​ថ្មី ​និង​បច្ចេកវិទ្យា ដើម្បី​បង្កើន​សមត្ថភាព​បន្ថែម​ទៀត​ក្នុ​ងការ​ធ្វើ​តេស្ដ​នៅ​កម្ពុជា និង​អាស៊ីអាគ្នេយ៍ ក៏​ដូចជា​ផ្ដល់​នូវ​ទិន្នន័យ និង​ព័ត៌មាន​សំខាន់​ៗ ​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគកូវីដ​-19​ នៅ​ទូ​ទាំង​ពិភពលោក។

    គួរ​បញ្ជាក់​ថា ក្នុង​ចំណោម​មន្ទីរ​ពិសោធន៍​ទាំង17  វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​ជា​វិទ្យាស្ថាន​ទី​4 ​នៃ​បណ្ដាញ​វិទ្យាស្ថាន​ប៉ាស្ទ័រ​អន្ដរជាតិ បន្ទាប់​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ (បារាំង) វិទ្យាស្ថាន​ប៉ាស្ទ័រ​ហុងកុង Research Pole និង វិទ្យាស្ថាន​ប៉ាស្ទ័រ​ដាកា (សេណាហ្គាល់)៕

  • ប្រព័ន្ធ​ទំនើបមួយ ដែល​បង្កើត​ដោយ Apple និង Google នឹង​យក​ទៅ​ជួយ​អាមេរិក​ ក្នុង​ការ​បង្ការ​មេរោគ COVID-19

    ប្រព័ន្ធ​ទំនើបមួយ ដែល​បង្កើត​ដោយ Apple និង Google នឹង​យក​ទៅ​ជួយ​អាមេរិក​ ក្នុង​ការ​បង្ការ​មេរោគ COVID-19

    ប្រព័ន្ធមួយដែល​មាន​​​ឈ្មោះ​ថា​ Contact Tracing ត្រូវ​បាន​ Apple និង Google រួម​គ្នា​បង្កើត​ឡើង ​សម្រាប់​តាមដាន​ការ​រាតត្បាត​នៃ​មេរោគ​កូវីដ​-19 ដែល​នឹងអនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ចែក​រំលែក​ព័ត៌មាន​ផ្ទាល់​ខ្លួន ​តាម​រយៈ​ Bluetooth រយៈ​ចម្ងាយ​ជិត​ និង​តាម​រយៈ​កម្មវិធី​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​​ស្ថាប័ន​សុខាភិបាល។

    មុខ​ងារ​នៃ​បច្ចេកវិទ្យា​នេះ ត្រួសៗ​ ដែល​ត្រូវ​បាន​គេ​ដឹង​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ទាំង​2 ​គឺ វា​​ប្រើ​ប្រាស់​នូវ​ Bluetooth ចម្ងាយ​ជិត ​ដើម្បី​តាមដាន​ និង​ចែក​រំលែក​ទិន្នន័យ​ រវាង​ស្មាតហ្វូន​ដែល​ស្ថិត​នៅ​ជិតៗ​គ្នា នៅ​ពេលណា ​ដែល​​ដឹង​ថា​ ​ខ្លួន​មាន​មេរោគ​កូវីដ​-19 អ្នក​ប្រើ​ប្រាស់​អាច​រាយការណ៍​បានតាម​រយៈ​កម្មវិធី ដើម្បី​ឱ្យ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​បាន​ដឹង​ថា ​ពួក​គេ​ធ្លាប់​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​នឹង​អ្នក​ជំងឺ​នោះ​ ឬ​អត់?។

    ក្រុមហ៊ុន​ទាំង2 ​នឹង​រួម​គ្នា​បញ្ចេញ​នូវ API ​ ដែល​នឹង​អនុញ្ញាត​​ឱ្យ​​ឧបករណ៍ iOS និង Android អាច​ធ្វើ​​ការ​ទំនាក់ទំនង​នឹង​គ្នា​ដោយ​ផ្ទាល់​ តាមរយៈ​ Bluetooth នៅ​​ពាក់​កណ្ដាល​​ខែ​ឧសភា​ខាង​មុខ ។

    ​នៅ​ត្រឹម​ដំណាក់​កាល​នេះ អ្នក​ប្រើ​ប្រាស់​ត្រូវ​ធ្វើ​ការ​ទាញ​យក​កម្មវិធី ​ដើម្បី​ចូល​រួម​ក្នុង​ Contact Tracing នេះ​ ប៉ុន្តែ​ក្នុង​ប៉ុន្មាន​ខែ​ក្រោយ​ បន្ទាប់​ពី API សម្រេច​រួច​រាល់ ក្រុមហ៊ុន​ទាំង​2 ​នឹង​ធ្វើ​ការ​បង្កើត​មុខងារ Tracing នេះ​ទៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​តែ​ម្ដង ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ​ទាញ​យក​ឡើយ។​

    រំឭក​ផង​ដែរ​ថា Apple និង Google នៅ​កំពុង​ពិភាក្សា​ជា​មួយ​អាជ្ញាធរ​សុខភាព និង​ម្ចាស់​ភាគហ៊ុន​ដទៃ​ទៀត​អំពី​ការ​ដំណើរ​ការ​ប្រព័ន្ធ​​នេះ ព្រោះ​ថា ​វា​ជា​ប្រព័ន្ធ​ថ្មី​មួយ​ដែល​មាន​ភាព​ស្មុគស្មាញ​បំផុត៕

  • លោក ហូ វណ្ឌី៖ មហាវិនាសកម្មជាសកលក្នុងវិស័យទេសចរណ៍ដោយសារ COVID-19

    លោក ហូ វណ្ឌី៖ មហាវិនាសកម្មជាសកលក្នុងវិស័យទេសចរណ៍ដោយសារ COVID-19

    ស្ថិតក្នុងវិបត្តិសកលដែលកើតឡើងដោយសារតែការរីករាលដាលនៃមេរោគដ៏កាចសាហាវ COVID-19 នេះ លោក ហូ វណ្ឌី សហប្រធាន​ក្រុមការងារ​វិស័យ​ទេសចរ​ណ៏​ផ្នែក​ឯកជន បានបង្ហាញពីហេតុផល និងបញ្ហាជាច្រើនពាក់ព័ន្ធនឹងការធ្លាក់ចុះនៃវិស័យទេសចរណ៍នៅលើសកលលោក។

    អ្នកជំនាញទេសចរណ៍រូបនេះបានលើកឡើងក្នុងអត្ថបទទាំងស្រុងថា៖ ឆ្នាំ2020​ ម្នាក់ៗកំពុងបន់ព្រះសំពះទេវតាសុំឱ្យជំងឺនេះសាបរលាយទៅវិញ ហើយជាពេលដែល​មនុស្ស​ខ្លាចមនុស្សជាងខ្លាចខ្មោច​ សង្រ្គឺតធ្មេញដាក់គ្នាក៏មិនដឹង​ បបូរមាត់លាបក្រេមក៏មិនដឹងស្អាត​ ប្រុស​មិនដឹង​ថាប្រុស​ ស្រីក៏មិនដឹងថាស្រី​ សាច់ញាតិផៅសណ្តាន​ ប្តីប្រពន្ធកូនចៅមើលគ្នាមិនស្គាល់​ មិនហ៊ានប៉ះគ្នា​ មិន​ហ៊ានជិតគ្នា ព្រោះមុខមាត់ហ៊ុមព័ទ្ធទៅដោយម៉ាស់ជិតឈឹង​ និងរអាឆ្លងរោគទៅវិញទៅមក​ ប្រើម៉ាស់​ អាល់កុល​ ជែល​ សាប៊ូ​ រាប់មិនអស់​។ កាលពីមុនមនុស្សចូលកន្លែងឃុំទាល់តែប៉ូលីសអ្នកនាំចូល​ ប៉ុន្តែ​ឥឡូវ​នេះម្នាក់ៗស្ម័គ្រចិត្តឃុំខ្លួនឯង​ ទើបដឹងថាតើជីវិតនៅក្នុងទ្រុងវាមានអារម្មណ៍យ៉ាងណា​។ ដូច​មនុស្ស​មួយចំនួនចាប់សត្វឱ្យរស់នៅក្នុងទ្រុង មើលទៅហាក់បីដូចជាផែនដីនេះកំពុងតែ​ជួសជុលដើម្បីបរិស្ថានល្អ​ ខ្យល់បរិសុទ្ធ​ ទាំងលើអាកាស​ លើគោក និងក្នុងទឹក​ឱ្យល្អឡើងវិញ​ដើម្បីទុកជូនបន្តទៅមនុស្សជំនាន់​ក្រោយ​ទៀតយ៉ាងដូច្នោះ​។

    ខ្ញុំបាទមិនមែនទស្សនវិទូ​ ឫសេដ្ឋវិទូទេទាន​ ប៉ុន្តែទាំងបទពិសោធន៍និងអាជីវកម្មក្នុងវិស័យ​ទេសចរណ៍​ជិត​30ឆ្នាំកន្លងមក ទោះបីជាកើតជំងឺសារ​ (Sars) ឆ្នាំ2001​ សង្រ្គាមមជ្ឈឹមបូពារ៍(Invasion of Iraq)​ ឆ្នាំ​2003 វិបត្តិសេដ្ឋកិច្ច​ពិភពលោក(Worldwide Economic Crisis)ឆ្នាំ2008​ ​ ជំងឺ​អេចវ័ន​អែនវ័ន​(H1N1) ឆ្នាំ​2009 ជំងឺ​អីប៊ូឡា(Ebola)ឆ្នាំ2014​ ការប្រយុទ្ធប្រឆាំងនិងក្រុមភេរវករឆ្នាំ​2014(Global War on Terrorism) ការប្រកាសបង្កើត​សង្រ្គាមពាណិជ្ជកម្ម (Trade War US-China) ឆ្នាំ​2018 ក៏​អន្តរវិស័យក្នុងការផ្គត់ផ្គង់ និងផ្តល់សេវាកម្មកទាំងតូចទាំងធំទាំងខ្ពស់មធ្យមទាបមិនដែលនៅត្រឹង ឫបញ្ឈប់នូវសង្វាក់របស់ខ្លួនឡើយ​ ។ ពេលនេះម៉ោងនេះថ្ងៃនេះជាងពេលណាៗទាំងអស់​ ចង់ស្រែកក៏ស្រែកមិន​កើត​ ចង់យំក៏យំមិនចេញ​ពី ព្រោះអ្វីខ្ញុំបានឃើញពីផលប៉ះពាល់ដ៏មហាសាលដល់វិស័យទេស​ចរណ៍​ដែល​ជាវិស័យនាំសំណាង​ដល់​គ្រប់​សាសន៍ និងគ្រប់វ័យ​ក្នុងពិភពលោក កន្លងមកថ្មីៗនេះអង្គកា​រទេសចណ៍​ពិភពលោក​(UNWTO)​បានធ្វើការទស្សទាយពីផលប៉ះពាល់ដែលវិស័យនេះនឹងទទួលផលអវិជ្ជមានរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក​។​

    ​មិនត្រឹមតែប៉ុណ្ណោះ​ វិស័យ​នេះបានឈានមុខនិងដឹកនាំវិស័យផ្សេងៗទៀត​ឱ្យរស់រានមានជីវិត​និយាយ​ដោយ​ឡែកតែក្នុងអន្តរវិស័យពាក់ព័ន្ធនឹងទេសចរណ៍តែមួយប៉ុណ្ណោះ ដែលកំពុងតែដួល​បណ្តើរៗដោយមិន​បាច់​ច្រាន​ ហើយ​ក៏គ្មានគូប្រកួតប្រជែងណាបន្ថែមទុន​វិនិយោគ​ដើម្បីចាប់​យកចំណែកទីផ្សារទៀតដើម្បី​វាយ​បំបាក់គូប្រជែងរបស់ខ្លួនក្នុងអំឡុងពេលនេះដែរ​ ក្នុងនោះមានជាអាទ៍៖

    1.​ ក្រុមហ៊ុនអាកាសចរណ៍(Airlines)​ និងឧទ្ធម្ភាគចក្រ(Helicopter)

    ជាក្រុមហ៊ុនវិនិយោគដឹកជញ្ជូន​ក្នុងលំហរអាកាស​ ដែលវិនិយោគប្រាក់រាប់ពាន់លានដុល្លារ​ ត្រូវយកយន្តហោះទាំងអស់មកចតចោល​ប្រៀបបីដូចជារថយន្តដែលខូចយកចូលយាន្តដ្ឋានរង់ចាំជួសជុល​យ៉ាងដូច្នោះ​ បានបញ្ឈប់​បញ្ឈរជើង​បុគ្គលិក​គ្រប់លំដាប់ថ្នាក់​ អ្នកបើកយន្តហោះខ្លះគាត់ថា​ គាត់ស្ទាត់នឹងបើកបក្សី​ស្លាបដែក​ហោះហើរលើ​អាកាស​ តែពេលនេះគាត់មិនអាចបញ្ជារថយន្តរបស់គាត់ឱ្យហោះដូចយន្តហោះបានឡើយ​ ក្រុមហ៊ុន​បានកាត់ប្រាក់បៀរវត្ស៍​ និងកាត់ម៉ោងធ្វើ​ការរហូតដល់បិទ​សកម្មភាពអាជីវកម្មរបស់ខ្លួន​ក្នុងពេលបន្តិច​ទៀត​នេះ​ដោយហេតុផលមិនមានទេសចរនិងអ្នកដំណើរ។​

    2. ព្រលានយន្តហោះ(Airport)

    ​ងើយមើលទៅលើឃើញយន្តហោះខ្លះកំពុងសុំសិទ្ធចុះចត​ រីឯខ្លះទៀតក៏ហោះត្រុយឡើងទៅលើអាកាសដោយក្នុងលំហរពោរពេញទៅដោយខ្សែរអាកាសចរណ៍ខ្វាត់ខ្វែងដេរដាស់​ ជាទីកន្លែងសំចតនិងឆ្លងកាត់​របស់អាកាសចរណ៍ទាំងតូចទាំងធំ​ ហើយម្ខាងទៀតនៃព្រលានជាកន្លែងដែលរថយន្តតូចធំទាំងទំនើបនិងមធ្យមដាក់ភ្ញៀវ​ ឫអ្នកដំណើរដើម្បីបន្តដំណើររបស់ខ្លួនក្នុងស្រុកឫក្រៅស្រុកជិតឫឆ្ងាយប៉ុន្តែមិនចេញពីភពផែនដី​ លើកលែងតែយាន្តអាវកាសដែលធ្វើដំណើរទៅភពផ្សេងៗតែប៉ុណ្ណោះ​ ត្រូវបិទនិងផ្អាកសកម្មភាពរបស់ខ្លួនមួយអន្លើរដោយសារយន្តហោះមិនធ្វើការហោះហើរ​ ដោយសារហេតុផល​ មិនមានភ្ញៀវទេសចរឫអ្នកដំណើរ។​

    3. ហាងទំនិញក្នុងព្រលានយន្តហោះ/តាមក្រវ៉ាត់ជាដែន​(Duty Free)

    ហាងទំនិញ​សារពើភ័ណ្ឌ​ ភោជនីយដ្ឋាន​ ជាកន្លែងដែលអ្នកធ្វើដំណើរគ្រប់លំដាប់ជាវរបស់របររួចពន្ធសុទ្ធតែប្រែនៗមុននឹងឡើងយន្តហោះ​ ឫចាកចេញពីជាយដែនត្រឡប់ទៅកាន់ប្រទេសកំណើតឬជាប្រទេសទី2របស់ខ្លួន​ បែរជាស្ងាត់ដូចចោរលួចសេះ​ ទីតាំងខ្លះក៏រើយកឥវ៉ាន់ចេញ​ ហើយបុគ្គលិកត្រូវបានរំសាយដោយហេតុផលមិនមានទេសចរ និងអ្នកដំណើរតាមផ្លូវអាកាស​ និងតាមក្រវ៉ាត់ព្រំដែន​

    4. កន្លែងទទួលទានតំណេក (Accommodation)

    សណ្ឋាគារ​(Hotel) រីសតរ៍​(Rsort) ផ្ទះសំណាក់(Guest House)​ ផ្ទះស្នាក់​(Home Stay) ម៉ូតែល​(Motel) ហូស្តែល​(Hostel) ខុនដូថែល (ConTel=Condo Hotel) ទីតាំងទាំងអស់នេះជាកន្លែងសុខសំរាន្តគ្រប់ឋាន:នៃមនុស្សជាតិទាំងទេសចរចាស់ក្មេងតូចធំសខ្មៅ​ ជាទីកន្លែងឆ្វេចឆ្វាចចេញចូល24ម៉ោងលើ24ម៉ោង​ ដោយមានតម្លៃបន្ទប់ពីរាប់ម៉ឺនរហូតចុះក្រោមសិបដុល្លារអាមរិក​ ឥឡូវគ្រែនៅផ្ទះស្អាតនិងមានតម្លៃជាងគេ ដោយមានការតុបតែងលំអរដោយភ្លើងពណ៌​ និងក្បូរក្បាច់ផ្សេងៗទៅតាមរដូវកាលរបស់ប្រទេសនីមួយៗនៃជាតិសាសន៍ខ្លួន​ បែរជាងងឹតសូន្យសុងដូចជាអគារខ្មោចទៅវិញ​ ដូចចាស់បូរាណខ្មែរបានប្រៀបធៀប​ មានផ្ទះអត់មនុស្សនៅ​ មានផ្លូវអត់មនុស្សដើរ​ បុគ្គលិកគ្រប់ផ្នែកត្រូវត្រឡប់ទៅទីលំនៅរបស់ខ្លួនដោយគ្មានវាចារនឹងថ្លែងដោយសារមូលហេតុគ្មានភ្ញៀវទេសចរនិងអ្នកដំណើរ។​

    5. ទីតាំងកំសាន្ត( Amusement/Theam Parks)

    ក្មេងៗឱ្យតែឮថាមានកម្មវិធីទៅតាំងកំសាន្តទាំងនេះពិតជាហក់កញ្ឆេងដូចឃើញម្តាយរបស់ខ្លួនទិញឥវ៉ាន់មកពីផ្សារយ៉ាងដូច្នេះ​ ជាកន្លែងដែលសំបូរទៅដោយសម្ភារ:លេងកន្រា្តក់អារម្មណ៍ភ័យអររន្ធន់ស្លន់ស្លោរសប្បាយក្អាកក្អាយសំឡេងតន្ត្រីគ្រប់ទីកន្លែងភ្លើងដូរគ្រប់ពណ៌​ ក្មេងៗប្រដេញគ្នាប្រសាចដូចជាមិនចេះហត់នឿយដូចពេលរៀននៅសាលានិងធ្វើការងារផ្ទះឡេីយ​ ទោះបីជាលេងពីព្រឹករហូតដល់យប់ក៏មិនចេះធុញទ្រាន់នៃការបង្កើតទាក់ចិត្តដិតអារម្មណ៍របស់ម្ចាស់ទីតាំងទាំងនោះ​ ជាទីប្រជុំជនទៅដោយមនុស្សរាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ​ តែប្រែ​ក្លាយជាស្ងាត់ជ្រងុំ​ ពេលខ្លះអ្នកយាមបែរជាស្រែកឡូរឡាម្នាក់ឯងទៅវិញ​ ពីព្រោះសុំាងឫសុំានឹងសំឡេងដែលកងរំពងរាល់ថ្ងៃ​ គ្រឿងចក្រក្មេងលេងក្លាយជាធ្មឹងៗគ្រប់ទីកន្លែង​ ទឹករេរាំភ្លើងឆ្លាស់ពណ៌ភ្លឺចែងចាំងបែរជាងងឹតសូន្យសុងគ្រប់ៗកន្លែង​ទៅវិញ​ ម្ចាស់ទីតាំងត្រូវបង្ខំចិត្តផ្អាកនិងបិទអាជីវកម្មរបស់ខ្លួនដោយមិនអាចបន្តរឈរជើងតទៅទៀតបានឡើយ​ ដោយហេតុផលថា​មិនមានភ្ញៀវទេសចរកទទួលសវា។

    6. តំបន់ទាក់ទាញទេសចរ ​(Tourism Sites)

    ជាសាធារណប្រយោជន៍​ និងជាកន្លែងដែលមាននិមិត្តសញ្ញារបស់ប្រទេសនិងតំបន់​ខ្លួនដែលឱ្យទេសចរគ្រប់រូបបានចងចាំថាខ្លួនធ្លាប់មកដល់មកឃើញទីនេះ​ ហើយទទួលទេសចររាប់ពាន់រាបម៉ឺននាក់គ្រប់ជាតិសាសន៍ទាំងក្មេងទាំងចាស់ទាំងប្រុសទាំងស្រីហ៊ុមព័ទ្ធរាល់ថ្ងៃបែរជាស្រឡះ​ ដោយមិនមានភ្ញៀវណាម្នាក់ផ្តិតយករូបភាពទាំងនោះឡើយ​ ហាក់បីដូចជាចែកគ្នាដាច់ដោយមិនលាយឡំជាមួយនឹងមនុស្ស
    ដែលមានវិញា្ញណយ៉ាងដូច្នេះ​ ពី្រពោះគ្មានទេសចរលេចមុខទៅតំបន់នោះទៀតឡើយ។

    7. ក្រុមហ៊ុនដឹកជញ្ជូនលើគោកនិងតាមទឹក (Land/Water Way Transportation)

    ក្រុមហ៊ុនឡានតូចឡានធំទាំងទំនើបនិងប្រែនៗ​ តាក់ស៊ី​ តុកតុក​ រឺម៉ក​ ម៉ូតូ​ ស៊ីក្លូ​ កង់បី​ ត្រូវចូលចតទៅតាមក្រុមរបស់ខ្លួនដោយមិនកំរើក​ ហើយមិនចាំបាច់ថែមប្រេងសាំងម៉ាស្សូតបន្តទៀតឡើយ​នាំតែធ្ងន់​ហើយកង់ក៏មិនសឹកសម្រេចចិត្តបិទដំណើរការអាជីវកម្មរបស់ខ្លួនដោយមិនកំណត់ថាពេលណានឹងដូចដើមវិញ​ រីឯរថភ្លើងរត់លើផ្លូវដែកសោះក៏ត្រូវបានបញ្ជាឱ្យចូលស្ថានីយចតយ៉ាងស្ងៀមស្ងាត់ដោយឥតកម្រើកបន្តិចឡើយ​ ងាកមកមើលកប៉ាល់យក្សដឹកភ្ញៀវទេសចររាប់ម៉ឺននាក់ម្តងៗរាប់សិបថ្ងៃត្រាច់ចរតាមប្រទេសជាច្រើនត្រូវចូលក្នុងផែរបស់ខ្លួនវិញ​ នាវឹកនិងបុគ្គលិកទាំងអស់មិនដឹងវាសនាការងាររបស់ខ្លួនពេលពេលណានឹងកើតឡើងវិញ​ ដូចជាកប៉ាល់តូចៗអូប័រធ្លាប់ដឹកចម្លងនិងជិះកំសាន្តមានវាសនាដូចកប៉ាល់យក្សដែរ​ នេះជាមូលហេតុដោយគ្មានភ្ញៀវទេសចរ​ និងអ្នកដំណើរ។​

    8. ភោជនីដ្ឋាន​/អាហារដ្ឋាន(Restaurant)

    ជាកន្លែងដែលបង្កើតនូវមុខម្ហូបប្លែកៗ​ សម្រាប់ទាំងចាស់ទាំងក្មេងអ្នកដែលមានចំណូលច្រើន​ មធ្យម​ ទាប​ ប្រចាំថ្ងៃ​ ប្រចាំខែ​ ប្រចាំឆ្នាំ​ តម្រូវការរកអ្វីបែ្លកៗចម្លែកៗដើម្បីបានរសជាតិខុសពីម្ហូបចំណីអាហារនៅក្នុងផ្ទះរបស់ខ្លួន​តែពីរបីមុខ​និងស្តាយដដែលៗ​ ប៉ុន្តែភោជនីដ្ឋានឫអាហារដ្ឋានមានចាប់ពីសិបមុខដល់ជាងរយមុខម្ហូបនិងរសជាតិគ្រប់ជាតិសាសន៍​ រង់ចាំទទួលស្វាគមន៍រាក់ទាក់ទសចរនិងភ្ញៀវគ្រប់ជាតិ
    សាសន៍​ មេចុងភៅមួយចំនួនលិឍនិងភ្លក់រសជាតិមុខម្ហូបមុនចេញជូនភ្ញៀវពិសា​ ទៅជាលិឍដៃរបស់ខ្លួនឯទៅវិញពីព្រោះមួយថ្ងៃៗធ្លាប់ភ្លក់រាប់រយចានក៏មានដូច្នេះថ្នឹកនឹងអ្វីដែលខ្លួនបានធ្វើ តែអនិច្ចាឆ្នាំងចានស្លាបព្រាវែកវែងវែកខ្លី​ កាំបិតមុតក្តីក៏លែងត្រូវការ​ ចុងភៅកូនកាំបិតរហូតដល់អ្នកផ្តល់សេវា​ រៀបចំយាត្រាត្រឡប់ទៅស្រុកវិញ​ នេះដោយសារហេតុផល​ គ្មានភ្ញៀវនិងទេសចរមកទទួលសេវាកម្ម​។

    9.​ ទីភ្នាក់ងារទេសចរណ៍​(Travel Agent)

    បុគ្គលិកជំនាញយកពិភពលោកទាំងមូលដាក់ក្នុងបាតដៃរបស់ខ្លួន​ពួកគាត់អង្គុយ​ស្ទើរតែមិនបាច់បង្វិលខ្លួន​ អាចស្គាល់គ្រប់ប្រទេស​ គ្រប់ទីក្រុង​ និងគ្រប់ក្រុមហ៊ុនអាកាសចរណ៍​ ចង់ចាប់កៅអីប្រភេទណាក៏អាចចាប់យកបាន​ឫជាប្រភេទគ្រែដេកនៅក្នុងយន្តហោះក៏ពួកគាត់អាចកក់ជូនទៅតាមតម្រូវការរបស់អតិថិជនមិនឱ្យទាស់ចិត្តដែរ​ ​ដែលមានតម្លៃចាប់ពី​ រាប់សិបដុល្លារដល់រាប់ម៉ឺនដុល្លារទាំងក្នុងនិងក្រៅប្រទេស​ ប៉ុន្តែឱ្យពួកគាត់ធ្វើយ៉ាងណាបើគ្រប់ក្រុមហ៊ុនអាកាសចរណ៍ត្រូវកៀងបង្សីស្លាបដែកទាំងនោះចូលទៅក្នុងទ្រុងវិញទៅហើយ​ម្ចាស់ក្រុមហ៊ុនក៏សម្រេចចិត្តផ្អាកអាជីវកម្មរបស់ខ្លួនមួយរយ:ផងដែរ​ ក្រោមហេតុផលមិនមានអាកាសចរណ៍ដំណើរការ​ ដោយសារថាការភ័យខ្លាចរបស់ទេសចរនិងអ្នកដំណើរ។​

    10. ការីទេសចរណ៍(Tour Operator)

    ជាអ្នករៀបចំកញ្ចប់ទស្សនកិច្ចសំរាប់ទេសចរគ្រប់លំដាប់ពួកគាត់មិនអន់ជាងគ្នាប៉ុន្មានទេបើធៀបជាមួយអ្នកកក់សបុត្រ​យន្តហោះ​ គឺពួកគាត់បានស្គាល់គ្រប់ច្រកល្ហកនៃទី្វបទាំងអស់ក្នុងសកលលោកយើងនេះ​ សូម្បីតែទីក្រុងតូចតាចកោះតូចកោះធំភ្នំខ្ពស់ប៉ុន្មាន​ ជ្រលងដងអូរ​ ទន្លេសមុទ្រ​ បឹងកោះទឹកធ្លាក់​ ទឹកជ្រោះ​ កន្លែងជិះស្គីតាមភ្នំទឹកកក​ តំបន់ត្រជាក់ទោះក្តៅប៉ុណ្ណាសមុត្រខ្សាច់​ ឫកន្លែងស្រៀវស្រើបតាមក្លឹបតន្រ្តី​មានពណ៌ភ្លឹបភ្លែតសំរាប់កំដរកាយនិងអាម្មណ៍មនុស្សប្រុសស្រី​ ស្គាល់ច្បាស់ពីបែបបទគោលការណ៍មុនចេញនិងចូលប្រទេសគេឫតំបន់នីមួយ​ ចំណេះដឹងរបស់គាត់ជាងរដ្ឋមន្ត្រីក្រសួងការបរទេស​ ឬឯកអគ្គរាជ/រដ្ឋទូតទៅទៀត​ ឫហៅម្យ៉ាងទៀតថា​ជាទូតសុច្ឆន្ទ:ដោយមិនរអាមាត់ឡើយ​ តែមិនអាចបន្តការប្រតិបត្តិរបស់ពួកគាត់តទៅទៀតបានឡើយ​ ដោយមូលហេតុមិនមានការស្នើសុំពីដៃគូអាជីវកម្មក្រៅប្រទេសដើម្បីទទួលភ្ញៀវទេសចរចូលឫចេញទៅកំសាន្តស្រុកគេឡើយ​ ប្រទេសគេក៏ដូចយើង​ រីឯស្រុកយើងក៏ដូចគេ​ ដោយសារបំរាមគោចរនិងបិទទ្វារច្រកចេញចូលទាំងអាកាស​ តាមទឹកនិងតាមគោក​ គឺមូលហេតុតែមួយគត់​ គឺមិនមានទេសចរចូលនិងចេញទៀតឡើយ​ ។

    11. មគ្គុទ្ទេសក៍​ទេសចរណ៍​ (Tour Guide)

    និយាយពីមគ្គុទេស្ទក៍ទេសចរណ៍វិញ​ គឺឋាន:ស្មើនឹងប្រធានាធិបតីឬនាយករដ្ឋមន្រី្តពីព្រោះគាត់ត្រូវស្គាល់ប្រវត្តិសាស្រ្តសេដ្ឋកិច្ចនយោបាយសិល្ប:ពីអតីតកាលបច្ចុប្បន្នកាលហើយអាចផ្តល់នូវការទោះទាយនាពេលអនាគតនឹងមកដលទៀតផង​ ប្រៀបបីដូចជាគ្រូទាយផងដែរ​ រួសរាយរាក់ទាក់ញញឹមញញែមដឹងពីចិត្តភ្ញៀវថាត្រូវការអ្វី​ ភ្ញៀវជេរស្តីថានូវតែញញឹម​ប្រៀបបីដូចជាមនុស្សចម្លាក់​ ភ្ញៀវមានទុក្ខត្រូវជូនទៅពេទ្យ​ពេលខ្លះភ្លេចឈឺខ្លួនឯង​ ពេលអរសប្បាយត្រូវចិត្តនៃសេវា​ និងការទទួលបដិសណ្ឋារកិច្ចល្អបានតែពាក្យ​អរគុណ​នោះ​ ពួកគាត់បេះដូងរីកហើយ​ ទោះបីគ្មានប្រាក់សណ្តានចិត្តក៏ហីទៅចុះ​ តែវាសនារបស់គាត់ក៏ដូចគ្នានឹងម្ចាស់ក្រុមហ៊ុនដែរ​ ដោយិនមានក្រុមទេសចរបន្តទៀតឡើយ​ មានតែរង់ចាំឱ្យអ្វីៗវាបានធូរស្រាលមកវិញ​ ហើយវាសមហេតុសមផលណាស់ដែលគ្រប់គ្នាបានយល់ច្បាស់ពីហេតុផលគ្មានភ្ញៀវទេសចរនេះឯង​ ។

    12.​ មេក្រុមទេសចរ​ (Tour Leader)

    ជាអ្នកសម្របសម្រួលពេលក្រុមទេសចរចេញនិងចូលតែប៉ុណ្ណោះ​ ឫប្រៀបបាននឹងពិធីការ​ ដែលពួកគាត់មិនទទួលបន្ទុកធ្ងន់ដូចមគ្គុទេស្ទក៍ទេសចរណ៍ឡើយ​ ម្យ៉ាងទៀតពួកគាត់ប្រៀបីដូចជាអ្នកនាំពាក្យរបស់ស្ថាប័នមួយ​ ធ្វើយ៉ាងណាឱ្យក្រុមទេសចរនោះបញ្ចប់ការទស្សនកិច្ចទៅដោយរលូន​និងនាំមកវិញនូវលទ្ធផលល្អដល់ក្រុមហ៊ុននិងក្រុមភ្ញៀវគ្រប់រូប​ ប៉ុន្តែពួកគាត់ក៏ប្រឈមនឹងហានិភ័យផងដែរចំពោះទេសចរខ្លះដែលគ្មានចិត្តប្រណី​ពេលដែលឃ្នើសនឹងចិត្តខ្លួន​ គឺអ្នកសម្របសម្រួលត្រូវទក់សាច់ដូចនំបុ័ងត្រូវទឹកយ៉ាងដូច្នោះ​ ពេលដែលមិនទាន់រកហេតុផលឃើញ​ នៃទង្វើខុសឆ្គងទាំងឡាយពេលកើតមានម្តងៗ​។ ណ្ហើយចុះ​ ទោះបីយ៉ាងណាក៏ភ្ញៀវនៅតែជាស្តេចពីព្រោះពួកយើងជាអ្នកផ្តល់សេវកម្ម​ តែពេលនេះក៏ត្រូវត្រឡប់ទៅស្រុកភូមិកំណើតមួយរយ:តូចដែរទំរាំក្រុមហ៊ុនបើកដំណើរការអាជីវកម្មឡើងវិញ​ ហើយនេះជាហតុផលដែលមិនមានភ្ញៀវទេសចរចេញទៅស្រុកគេកំសាន្តនេះឯង​។

    13.​ អ្នកទទួលប្រយោជន៍ដោយប្រយ៉ោល(Indirect beneficiary)

    ពួកគាត់លាក់មុខលាក់មាត់នៅតាមចំការ​ដាំដំណាំ​ នៅស្រែធ្វើស្រូវ​ នៅកសិដ្ឋានចញ្ចឹមសត្វយកស៊ុតយកសាច់ទៅដាក់តាមសណ្ឋាគារ​ ភោជនីដ្ឋាន​ អាហារដ្ឋាន​ សម្រាប់ធ្វើជូនភ្ញៀវទេសចរ​ តែបែរជារងគ្រោះដូចគេឯងដែរ​ ទោះបីជាមិនបានចាប់ដៃចាប់ជើងភ្ញៀវទេសចរដោយផ្ទាល់ក៏ដោយ​ ពីព្រោះមិនមានអ្នកទទួលទានទើបគេឈប់បញ្ជាទិញពីពួកគាត់​ នេះជាហេតុផលដែលគ្មានភ្ញៀវទេសចរទទួលទានណាទាន​។

    មិនមានអ្វីលើសពីការបរិយាយខាងលើនោះទៀតទេ​ មានតែបន់ព្រះសំពះទេវតាបើ​សិន​ជារោគានេះរលាយបាត់ពីភពផែនដី​ ខ្ញុំបាទនឹងថ្វាយភ្លេងពិណពាទ្យ7បទ​ និង7សីល​ ដើម្បីឱ្យវិស័យទេសចរណ៍យើងងើបឡើងវិញឆាប់ៗ​ ហើយបើតាមបទពិសោធន៍ខាងលើ​ ការរាតត្បាតជំងឺនេះ​នឹងមិនលើសពី6ខែឡើយ​ ដោយសារការខិតខំប្រឹង​ប្រែងដ៏សកម្មរបស់គ្រូពេទ្យជំនាញៗតាមប្រទេសនីមួយៗ​និងវិធានទប់ស្កាត់​ និងអន្តរាគមន៍​បន្ទាន់ទាំងអស់នេះ​ ។

    សូមគ្រប់ៗសមាជិកក្រុមគ្រួសារមានសុខភាពល្អ​ និងសុភមង្គល ដែលជីវិតមនុស្សគ្រប់រូបគ្រប់វ័យគ្រប់សាសន៍ត្រូវការជាទីបំផុត​៕

  • Unilever បានឧបត្ថមផលិតផលអនាម័យចាំបាច់ដើម្បីជួយដល់ការរីករាលដាល Covid-19 នៅកម្ពុជា

    Unilever បានឧបត្ថមផលិតផលអនាម័យចាំបាច់ដើម្បីជួយដល់ការរីករាលដាល Covid-19 នៅកម្ពុជា

    ភ្នំពេញ – ក្រុមហ៊ុនយូនីលីវឺរ (ខេមបូឌា) លីមីតធីត​ បានឧបត្ថមផលិតផលចាំបាច់ប្រើប្រាស់់ប្រចំាថ្ងៃសំខាន់ៗដល់ក្រសួងសុខាភិបាលក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការដោះស្រាយបញ្ហា Covid-19 នៅកម្ពុជា។

    ក្រុមហ៊ុន Unilever បានរៀបចំផលិតផលចាំបាច់ចំនួន ៣,០០០ កញ្ចប់រួមមាន​: អនាម័យ ការថែរក្សាគេហដ្ឋាន ការថែរក្សាផ្ទាល់ខ្លួន និងអាហារសម្រាប់បុគ្គលិកសុខាភិបាលជួរមុខដែលកំពុងធ្វើការដោយមិនខ្លាចនឿយហត់ក្នុងការប្រយុទ្ធ និងការពារប្រជាជនកម្ពុជាឱ្យរួចផុតពីការរាតត្បាត Covid-19 ។ អំណោយនេះគឺជាវិធីរបស់ក្រុមហ៊ុនក្នុងការនិយាយ អរគុណច្រើន​ ដល់បុគ្គលិកថែទាំសុខភាពជួរមុខ។

    ក្រុមហ៊ុន Unilever  រួមជាមួយនឹងលោកជំទាវ Tina Redshaw ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេសប្រចាំនៅប្រទេសកម្ពុជា បានប្រគល់អំណោយនូវផលិតផល Dove, Lux, Pond’s , Vaseline, Knorr, Sunlight, Signal and Viso ជូនដល់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅទីស្តីការក្រសួងនាថ្ងៃទី ៦ ខែមេសា។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដែលមិនអាចកាត់ថ្លៃបានរបស់ក្រុមហ៊ុន Unilever

    ក្រុមហ៊ុន Unilever ក៏បានសម្តែងការកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 និងការពារប្រជាជនកម្ពុជាឱ្យមានសុវត្ថិភាព។ ក្រុមហ៊ុន គឺជាសមាជិកមួយជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់អនាម័យផ្ទាល់ខ្លួន ការលាងដៃឱ្យបានត្រឹមត្រូវ និងបរិភោគអាហារដែលមានជីវជាតិក្នុងគ្រាលំបាកទាំងនេះ។ ក្រុមហ៊ុនប្តេជ្ញាធានានូវការផ្គត់ផ្គង់ជាបន្តបន្ទាប់នូវផលិតផល Unilever សំខាន់ៗដូចជា អនាម័យ ការថែរក្សាគេហដ្ឋាន ការថែរក្សាផ្ទាល់ខ្លួន          និងអាហារ។

    កាលពីខែមីនា Unilever បានប្រកាសនូវវិធានការណ៍ជាច្រើនដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោក និងថ្នាក់ជាតិនៃជំងឺរាតត្បាត Covid-19 ។ ការឧបត្ថមនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19​ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារអាយុជីវិតមនុស្ស៕

  • អូហូ! នៅមានថាមពលខ្លាំង! ម្តាយ Neymar មានមិត្តប្រុសថ្មី អាយុខុសគ្នា 30ឆ្នាំ

    អូហូ! នៅមានថាមពលខ្លាំង! ម្តាយ Neymar មានមិត្តប្រុសថ្មី អាយុខុសគ្នា 30ឆ្នាំ

    នៅក្នុងបណ្តាញសង្គម រូបភាពក្នុង Instragram អ្នក​ស្រី Nadine Goncalves ​ដែល​ត្រូវ​ជា​ម្ដាយ​របស់ Neymar ​បាន​បង្ហោះ​រូប​ 1​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម ​ជាមួយ​ដៃ​គូ​ថ្មី​ឈ្មោះ​ថា ​Thiago Ramos​។

    មិត្តប្រុសថ្មីរបស់អ្នកស្រីម្នាក់នេះ ​គឺមានវ័យត្រឹមតែ 22ឆ្នាំប៉ុណ្ណោះ និងអាយុថេមទាំងប្អូន Neymar ដល់ទៅ 6ឆ្នាំទៀតផង។ ភ្ជាប់ជាមួយនឹងរូបភាពនោះ អ្នកស្រីបានសរសេររៀបរាប់ថា “រឿងដែលមិនគួរឱ្យជឿ វាពិតជាមិនងាយពន្យល់ឡើយ ប្រសិនបើយើងនៅរស់”។

    គួរបញ្ជាក់ថា បន្ទាប់ពីបែកបាក់ពីស្វាមីលោកស្រីមក លោកតែងតែបានទាក់ទងជាមួយនឹងកំលោះម្នាក់នេះ ហើយNeymar ក៏មិនបានជំទាស់អ្វីដែរ ថែមទាំងបើមានពេលទំនេរខ្លះកូន(Neymar) និងមិត្តប្រុសកំលោះវ័យក្មេងរបស់អ្នកស្រី តែងតែជួបគ្នាជាញឺកញយទៀតផង៕