Author: ធឿន មករា

  • តើវីតាមីនសំខាន់ចំពោះអ្នកប៉ុនណា?

    តើវីតាមីនសំខាន់ចំពោះអ្នកប៉ុនណា?

    តារាស្រីហូលីវុដ ហ៊ីឡារី ស្វ៊ែងក៏ ញ៉ាំវីតាមីនបន្ថែមក្នុងមួយថ្ងៃ 45 គ្រាប់ ដោយសារតែមកពីការសម្រកទម្ងន់ ( Diet ) ទើបមានសំណួរមួយថា តើការញ៉ាំវីតាមីនបន្ថែមនោះសំខាន់ប៉ុនណា? គួរញ៉ាំយ៉ាងណា? មនុស្សបែបណាខ្លះដែលគួរញ៉ាំ? និងវីតាមីនជួយអ្វីដល់យើងខ្លះ? ចំពោះរឿងនេះ លោកវេជ្ជបណ្ឌិតជំនាញមានចម្លើយសម្រាប់មិត្តអ្នកអានទាំងអស់។

    តើវីតាមីន មានភាពចាំបាច់ចំពោះសុខភាពយ៉ាងណា? អាហារ 5 ប្រភេទក្រុមដែលរាងកាយត្រូវការនោះគឺ ខាបូហាយដ្រេត ប្រូតេអ៊ីន វីតាមីន ជាតិខ្លាញ់ និងសារធាតុរ៉ែ ប្រៀបដូចជាថាមពលបញ្ឆេះឱ្យរាងកាយ និងអង់ហ្ស៊ីមផ្សេងៗធ្វើការបានតាមប្រក្រតី។

    វីតាមីនបន្ថែមមានភាពចាំបាច់សម្រាប់អ្នកណាខ្លះ? បើស្ថិតក្នុងស្ថានភាពដែលញ៉ាំបន្លែ និងផ្លែឈើ រួមទាំងញ៉ាំអាហារផ្សេងៗក្នុងចំណែកដែលត្រឹមត្រូវបាននោះ ក៏គ្មានភាពចាំបាច់អ្វីត្រូវបន្ថែមវីតាមីនទេ លើកលែងតែករណីដែលមិនអាចញ៉ាំអាហារបានតាមចំណែកដែលត្រូវការ និងស្ថិតក្នុងសភាវដែលរាងកាយត្រូវការវីតាមីនជាពិសេស ដូចជា ឈឺថ្កាត់ និងត្រូវការឱ្យរាងកាយស្វាហាប់ឡើងវិញប៉ុណ្ណោះ តែសម្រាប់មនុស្សទូទៅដែលញ៉ាំអាហារបានតាមប្រក្រតី អាចប្រើតិចនិកផ្សេងទៀតដែលធ្វើឱ្យយើងញ៉ាំបន្លែ និងផ្លែឈើ មិនច្រើនជាពិសេសពេក ដូចជាកាត់បន្ថយអាហារលាងជាតិពុលមួយសប្តាហ៍មួយដង ឬពីរសប្តាហ៍ម្តងដោយការញ៉ាំផ្លែឈើពេញមួយថ្ងៃ ដើម្បីរាងកាយនឹងបានទទួលវីតាមីនពីផ្លែឈើ តែត្រូវមានលក្ខ័ណមួយថា ត្រូវតែជាផ្លែឈើដែលគ្មានជាតិម្សៅ និងរសជាតិដែលមិនផ្អែមខ្លាំងពេក។

    អាការខ្វះវីតាមីនរ៉ាំរ៉ៃ ជាសភាវម្យ៉ាងដែលមិនត្រូវបានរាប់ចូលក្នុងក្រុមជំងឺឈឺថ្កាត់ទេ ដូចជា ការខ្វះវីតាមីន C នឹងធ្វើឱ្យចេញឈាមតាមជើងធ្មេញ ឬការខ្វះវីតាមីន B1 នឹងធ្វើឱ្យកើតអាការស្ពឹកស្រពន់ជាដើម។ អាចមិនដល់ថ្នាក់ខ្វះវីតាមីនរហូតកើ់តជំងឺនោះទេ គ្រាន់តែអាចមានអារម្មណ៍ថាមិនសូវស្រស់ស្រាយដោយមិនដឹងមូលហេតុ ឬអស់កម្លាំងល្វើយតែប៉ុណ្ណោះ។

    យ៉ាងម៉េចទើបហៅថា ការញ៉ាំវីតាមីនដែលត្រឹមត្រូវ? ការញ៉ាំវីតាមីនតាមប្រភេទនីមួយៗក៏ខុសប្លែកគ្នាដែរ ដូចជា បេតាឃែរ៉ូធីន គួរជ្រើសរើសយកប្រភេទដែលចម្រាញ់ពីធម្មជាតិទើបប្រសើរជាង ចំណែកវីតាមីនច្នៃប្រឌិតក៏មានចំណុចគួរប្រយ័ត្នដែរ ព្រោះនឹងមានភាពប្រថុយប្រថានក្នុងការកើតជំងឺមហារីកសួតច្រើន ចំណែកឯវីតាមីន E ជាវីតាមីនរលាយក្នុងខ្លាញ់ដូចគ្នានឹងវីតាមីន K . A និង D ដែរ តែមានចំណុចកំណត់ថា ថ្នាំ ឬវីតាមីនដែលរលាយក្នុងខ្លាញ់ងាយនឹងប្រមូលសន្សំច្រើនណាស់ ដូច្នេះទើបត្រូវកំណត់បរិមាណ។

    វីតាមីនជួយអ្វីដល់លោកអ្នកខ្លះ?

    – វីតាមីន A ជួយដល់ការមើលឃើញនៅពេលយប់ និងជួយការពារការឆ្លងមេរោគក្នុងប្រព័ន្ធរំលាយអាហារ ប្រព័ន្ធបន្ទោបង់ ទឹកមូត្រ និងប្រព័ន្ធដង្ហើម។

    – វីតាមីន B1 សំខាន់ចំពោះសាច់ដុំ ប្រព័ន្ធប្រសាទ និងការធ្វើការរបស់បេះដូង។

    – វីតាមីន B12 ចាំបាច់ចំពោះការចម្រើនធំធាត់ ជួយសាងគ្រាប់ឈាមក្រហម និងជំរុញប្រព័ន្ធប្រសាទ។

    – វីីតាមីន C មានសារធាតុអ៊ែនទីអុកស៊ីឌែនត៍ ការពារការឆ្លងមេរោគ មុខរបួស ឬតំបៅឆាប់ជា និងជួយបឺតជ្រាបសារធាតុដែក តែអ្វីដែលសំខាន់នោះគឺ ជួយផលិតខូឡាជេន ដែលជួយឱ្យស្បែកតឹងណែនមិនឆាប់ចាស់។

    – វីតាមីន E ជួយបំប៉នគ្រាប់ឈាមក្រហម ការពារសួត និងសាច់ភ្នាសផ្សេងៗ៕

  • Ronaldo នឹងអវត្តមាននៅលីកកំពូលអ៊ីតាលី ប្រសិនបើលីកចាប់ផ្តើមវិញឆាប់ៗនេះ

    Ronaldo នឹងអវត្តមាននៅលីកកំពូលអ៊ីតាលី ប្រសិនបើលីកចាប់ផ្តើមវិញឆាប់ៗនេះ

    កីឡាករខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo អាចនឹងត្រូវមានបញ្ហាក្នុងការបង្ហាញខ្លួនឱ្យក្លិបបាល់ទាត់ Juventus ក្នុងប្រកួតលីកកំពូលអ៊ីតាលី ប្រសិនបើលីកនេះបើកដំណើរការវិញ នៅចុងខែនេះ ដោយសារតែកោះ Madeira ភាគខាងលិចរដ្ឋធានី Funchal ប្រទេសព័រទុយហ្គាល់ ត្រូវបានរដ្ឋាភិបាលនៃប្រទេសនេះ បិទការចេញចូលហើយ។

    ជាមួយគ្នានេះដែរ កោះនេះហើយ គឺជាទីកន្លែងដែល កីឡាករខ្សែប្រយុទ្ធលំដាប់ពិភពលោក Christiano Ronaldo ស្នាក់នៅដើម្បីរំដោះខ្លួនចេញពីវីរុសកូវីដ-19។ ខណៈដែលផ្ទះដែលគេស្នាក់នៅនេះ រូបគេបានទិញតាំងតែពីគេលេងនៅក្លិប Manchester United មកម្ល៉េះ។

    គួរបញ្ជាក់ដែរថា អាជ្ញាធរនៃប្រទេសព័រទុយហ្គាល់ បានប្រកាសបិទកោះ Madeira ដែលមានទីតាំងនៅភាគខាងត្បូងប្រទេសព័រទុយហ្គាល់ បណ្តោះអាសន្ន ក្រោយពីបានរកឃើញអ្នកឆ្លងមេរោគកូវីដ-19 ចំនួន 12ករណី នៅលើដែនកោះដែលមានចម្ងាយជិត 2ពាន់គីឡូម៉ែត្រពីដែនដីប្រទេសព័រទុយហ្គាល់មួយនេះ៕

  • ហេតុអ្វីមនុស្សមិនសូវខ្លាចការស្លាប់ដោយសារបញ្ហាធ្ងន់ៗជាច្រើនលើពិភពលោក ហើយបាក់ស្បាតខ្លាំងលើ Covid-19?

    ហេតុអ្វីមនុស្សមិនសូវខ្លាចការស្លាប់ដោយសារបញ្ហាធ្ងន់ៗជាច្រើនលើពិភពលោក ហើយបាក់ស្បាតខ្លាំងលើ Covid-19?

    ជារៀងរាល់ឆ្នាំស្ថាប័ន CDC (Centers for Disease Control and Prevention) បញ្ជាក់ថានៅលើពិភពលោកមានមនុស្សស្លាប់ដោយសារតែបញ្ហាគ្រោះថ្នាក់ចរាចរណ៍រហូតដល់ទៅ 1.35លាននាក់។ ហើយបើគិតជាថ្ងៃគឺមានមនុស្សប្រមាណ 3,700នាក់បានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ ចំនួននេះគឺលើសជំងឺកាចសាហាវមួយចំនួនដូចជាជំងឺអេដស៍ ឬជំងឺផ្សេងៗទៀតដែលបានវាយប្រហារពិភពលោក។

    ងាកមកជំងឺមហារីកវិញ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា វាជាករណីចម្បងទី2 ដែលសម្លាប់មនុស្សរាល់ថ្ងៃ ដោយមនុស្សប្រហែល 1 ក្នុងចំណោម 6នាក់ដែលបានស្លាប់លើពិភពលោកគឺបាត់បង់ជីវិដោយសារមហារីក។ នៅឆ្នាំ 2018 មនុស្សប្រហែលជា 9.6លាននាក់បានស្លាប់ដោយសារជំងឺមហារីកទូទាំងពិភពលោក។

    អង្គការសុខភាពពិភពលោកក៏បានបញ្ជាក់ផងដែរថា មានមនុស្សស្លាប់ដោយសារតែសម្ពាធផ្លូវចិត្ត (depression) កើតឡើងប្រមាណជិត 800,000នាក់ជារៀងរាល់ឆ្នាំលើពិភពលោក។ បញ្ហាទាំងអស់នេះថ្វីត្បិតតែអាចដឹងពីមូលហេតុ និង​មានវិធីសាស្រ្តព្យាបាល តែគ្មានក្បួនច្បាប់ជាក់លាក់ណាដែលអាចព្យាបាលបានទាំងស្រុងនោះទេ។ ហើយវាក៏មិនរើសប្រទេសអភិវឌ្ឍជឿនលឿន ឬប្រទេសក្រីក្រនោះដែរ។

    បើមើលពីទន្នន័យខាងលើយើងឃើញថាមានមនុស្សស្លាប់បាត់បង់ជីវិតច្រើនណាស់ ហើយចំនួននេះគឺលើសពីចំនួននាក់ស្លាប់ដោយសារ Covid-19 នាពេលបច្ចុប្បន្ននេះ។ តែហេតុអ្វីបានជាមនុស្សមិនសូវភ័យខ្លាចជាមួយនឹងបញ្ហាទាំងអស់នោះ តែបែរជាភ័យព្រួយខ្លាំងលើរឿង Covid-19 ទៅវិញ?

    បើតាមការបញ្ជាក់របស់លោកវិជ្ជបណ្ឌិត គួច ម៉េងលី ដែលបានបង្ហាញក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានបញ្ជាក់ថា មនុស្សព្រួយបារម្ភខ្លាំងលើបញ្ហា Covid-19 ដោយសារតែនេះជាជំងឺថ្មីដែលពិភពលោកទើបតែជួបប្រទះ ហេតុនេះហើយទើបមនុស្សម្នាទាំងអស់គ្នាចាប់អារម្មណ៍ខ្លាំង និងភ័យខ្លាច។ តែទោះជាយ៉ាងនេះក្តីប្រសិនបើយើងយល់ច្បាស់ពីវិធីបង្ការវាឱ្យបានត្រឹមត្រូវ យើងនៅតែអាចបន្តរស់នៅជាប្រក្រតី និង​អាចរំលត់អារម្មណ៍ព្រួយបារម្ភបានបន្តិចម្តងៗទៅតាមពេលវេលា និងកាលៈទេសៈដែលមនុស្សកំពុងប្រឆាំងការរីករាតត្បាតនៃជំងឺនេះ។

    ឆ្លើយតបជាមួយនឹងសំណួររបស់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាក៏បានលើកឡើងផងដែរថា មូលហេតុដែលធ្វើឱ្យប្រទេសមានប្រព័ន្ធសុខាភិបាល​រឹងមាំនានាលំបាកទប់ស្កាត់ការរីករាលដាល និងព្រួយបារម្ភពីមេរោគ Covid-19 គឺដោយសារតែជំងឺនេះជាជំងឺថ្មីសម្រាប់ពិភពលោក។ ហេតុនេះមិនថាប្រទេសតូច ឬប្រទេសធំនោះទេ គួរផ្តោតលើការទប់ស្កាត់មេរោគ covid-19 គឺវិធីសាស្រ្តក្នុងការគ្រប់គ្រងទៅវិញទេទើបជាមូលហេតុចម្បង។ លោកស្រីថាប្រសិនបើយើងមានវិធីសាស្រ្តគ្រប់គ្រងការរីករាលដាលបានល្អ ប្រជាជន​យកចិត្តទុកដាក់អនុវត្តវិធានការណែនាំច្បាស់លាស់របស់អាជ្ញាធរសុខាភិបាល នោះបញ្ហានៃការរីករាលដាលក៏នឹងអាចថមថយទៅតាមនោះដែរ។ ម្យ៉ាងវិញទៀតវាក៏អាស្រ័យលើដំណាក់កាលនៃការទប់ស្កាត់ផងដែរ។ ប្រទេសខ្លះទើបនឹងចាប់ផ្តើមទប់ស្កាត់ខ្លាំងនៅពេលដែលវាមាន​មានការរីករាលដាល់ធ្ងន់ធ្ងរទៅហើយ ទើបធ្វើឱ្យពួកគេជួបបញ្ហាធ្ងន់ ហេតុនេះប្រសិនបើយើងទប់ស្កាត់បានភ្លាមៗក្នុងដំណាក់កាលដែលវាមិនទាន់រីករាលដាលខ្លាំង នោះស្ថានភាពក៏អាចល្អប្រសើរទៅតាមនោះដែរ។

    បើមើលលើការបកស្រាយខាងលើ យើងនឹងឃើញថា​ដោយសារតែបញ្ហា Covid-19 ជារឿងថ្មី និងមិនទាន់រកឃើញវិធីសាស្រ្តព្យាបាលច្បាស់លាស់ទើបមនុស្សគ្រប់គ្នាព្រួយបារម្ភជាងរឿងកាចសាហាវនានា ដែលកំពុងសម្លាប់មនុស្សលើពិភពលោកជារៀងរាល់ថ្ងៃនេះ។ ហើយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជំងឺមហារីក និងបញ្ហាផ្លូវចិត្តជាដើម​ជាបញ្ហាចាស់ដែលមនុស្សសាំជាមួយនឹងវារហូតដល់លែងបារម្ភទៅហើយទើបមនុស្សមិនសូវចាប់អារម្មណ៍។

    សំណួរសួរថា នៅថ្ងៃអនាគត តើអារម្មណ៍ភ័យខ្លាច​របស់មនុស្សចំពោះបញ្ហា Covid-19 អាចនឹងសាបរលាបដូចបញ្ហាទាំងឡាយខាងលើដែរឬទេ?

    ចម្លើយគ្មានអ្នកណាស្មានបាននោះទេ តែបើមើលពីចរន្តនៃបញ្ហាទាំងអស់នោះយើងនឹងឃើញថា ករណីអាចនៅតែមានបើទោះបីជាស្ថានភាពជាក់ស្តែងមិនប្រាកដថាកើតឡើងក៏ដោយ។ ជាក់ស្តែងបើយើងមើលពីដើមហេតុ​នៃបញ្ហាទាំងអស់នោះវិញ យើងនឹងឃើញថាមនុស្សខ្លាច Covid-19 ដោយសារវាមិនទាន់មានវិធីព្យាបាលច្បាស់លាស់ មិនទាន់មានវ៉ាក់សាំងការពារ និង​ជារឿងថ្មី។ ចុះបើវាក្លាយជារឿងចាស់ទៅវិញនៅថ្ងៃណាមួយ?

    បើមើលពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ យើងនឹងឃើញថា វាក៏អាចរាប់ថាជាមេរោគ​ដែលគ្មានថ្នាំព្យាបាលជាដែរ ព្រោះលើពិភពលោកប្រទេសទាំងអស់ខំប្រឹងប្រែងអប់រំផង ដាក់កាមេរ៉ាសុវត្ថិភាពតាមផ្លូវផង បង្កើតច្បាប់ផង តែវានៅតែកើត និងសម្លាប់មនុស្សរាប់លាននាក់រាល់ឆ្នាំ។ ហេតុនេះមកដល់ពេលនេះ គ្មានក្បួនច្បាប់ ឬអ្នកប្រាជ្ញណា​ធានាថាមានរូបមន្តព្យាបាលបញ្ហាសង្គមនេះជាសះស្បើយ 100% នោះទេ។ ចុះហេតុអ្វីបានជាមនុស្សបច្ចុប្បន្នមិនសូវខ្លាចវា? ចម្លើយ គឺដោយសារតែវាជារឿងចាស់ដែលដល់ដំណាក់កាលមនុស្សលែងខ្លាចវាហើយ។

    ហេតុនេះទោះក្នុងភាគរយតិចក៏ដោយ យើងឃើញថាបន្តិចម្តងៗមនុស្សលើពិភពលោកនឹងចាប់ផ្តើមរំសាយចិត្តចំពោះភាពភ័យខ្លាចជំងឺ Covid-19 ហើយដំណើរការសេដ្ឋកិច្ច និងការភាពប្រក្រតីនៅលើពិភពលោកអាចនឹងចាប់ផ្តើមកើតឡើងវិញ។ ឆ្លងតាមមេរៀននេះ មនុស្សអាចនឹងបង្កើតទម្លាប់អនាម័យឱ្យបានច្រើនជាងមុន ការពារសុខភាពច្រើនជាងមុន ហើយយល់ដឹង និងចូលរួមបង្ការមេរោគនេះកាន់តែល្អឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់វាលែងក្លាយជាបញ្ហាគម្រាមកំហែងសម្រាប់ពិភពលោកទាំងមូល៕

  • realme 6 series បានដាក់ចេញជាផ្លូវការនូវអេក្រង់ 90Hz ជាមួយកាមេរ៉ា 6គ្រាប់ កម្រិតស្តង់ដារនៃវិស័យនេះកំពុងត្រូវបានធ្វើអោយរស់រវើកឡើងវិញ

    realme 6 series បានដាក់ចេញជាផ្លូវការនូវអេក្រង់ 90Hz ជាមួយកាមេរ៉ា 6គ្រាប់ កម្រិតស្តង់ដារនៃវិស័យនេះកំពុងត្រូវបានធ្វើអោយរស់រវើកឡើងវិញ

    ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០៖ ម៉ាកយីហោស្មាតហ្វូនដែលរីកលូតលាស់លឿនជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្នបានប្រកាសដាក់នូវកញ្ចប់នៃការផ្តល់ជូនដែលគេបានទន្ទឹងរង់ចាំ-ស្មាតហ្វូនrealme 6 និងrealme 6 Pro ។ ស្មាតហ្វូនទាំងពីរ realme 6 និង realme 6 Pro ត្រូវបានបំពាក់ដោយអេក្រង់ 90Hz ប្រភេទUltra Smooth Display កាមេរ៉ាក្រោយAIបួនគ្រាប់ទំហំ64MP, ការសាកថ្មល្បឿនលឿន 30W(សាកពេញ១០០%ប្រើពេលតែពេល60នាទី) និងrealme UI ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 10 ជាមួយនឹងមុខងារពិសេសៗថ្មីៗ។

    realme 6 បំពាក់ដោយបន្ទះឈីប MediaTek Helio G90T SoC ដែលមានសមត្ថភាពខ្ពស់ដែលនឹងមានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ comet white និងពណ៌ comet blue។

    realme 6 Pro គឺជាស្មាតហ្វូនដំបូងបង្អស់ នៅលើពិភពលោកដែលបានបំពាក់នូវកាមេរ៉ាសរុបចំនួន៦គ្រាប់ រួមមានកាមេរ៉ាមុំទូលាយខាងមុខចំនួន២គ្រាប់ និងកាមេរ៉ាក្រោយ៤គ្រាប់ទំហំ64MP មានសមត្ថភាពពង្រីកhybrid zoomរហូតដល់ទៅ២០ដង។ realme 6 Pro មានពីរពណ៌សំរាប់ជ្រើសរើសគឺពណ៌ lightning blue និងពណ៌ lightning red នៅក្នុងព្រឹត្តិការណ៍តាមរយៈប្រព័ន្ធអ៊ីនធើណេតដូចដែលយើងបានឃើញនេះមិនត្រឹមតែមានការសម្តែងពីតំណាងទូតសុឆន្ទៈរបស់realme លោកG-devithតែប៉ុណ្ណោះទេលើសពីនេះទៅទៀតពួកគេក៏បានអញ្ជើញ gaming KOLsដែលមានប្រជាប្រិយភាព ដើម្បីប្រើប្រាស់realme 6 សម្រាប់លេងហ្គេម​ MLBBផ្ទាល់នៅក្នុងកម្មវិធីនោះផងដែរ។ ជាមួយនឹងបន្ទះឈីបដ៏ខ្លាំងក្លា និងអេក្រង់90Hz

    យ៉ាងរលូន realme 6 គឺជាទូរស័ព្ទដែលត្រូវបានណែនាំជាផ្លូវការសម្រាប់ MLBB MSC នៅឆ្នាំនេះ។ ចំនុចដែលគួរតែទិញ​ realme 6 series ម៉ាស៊ីនដំណើរការដ៏មានអានុភាពសម្រាប់ការលេងហ្គេម៖ បំពាក់ដោយបន្ទះឈីប MediaTek Helio G90T, realme 6 ត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីក្លាយជាស្នូលនៃបទពិសោធន៍ដ៏អស្ចារ្យនៃការលេងនៅលើទូរស័ព្ទដៃ។ ម៉ាស៊ីនដំណើរការត្រូវបានផលិតឡើងដោយប្រើឈីប12nm ធ្វើឱ្យវាកាន់តែមានថាមពលនិងប្រសិទ្ធភាព។ ជាមួយនឹងការរួមបញ្ចូលគ្នានូវការអាប់ដេតចុងក្រោយបង្អស់នៃCPU GPU RAMដ៏លឿនអស្ចារ្យ និងAIដែលមានអានុភាព, realme 6 នាំមកនូវបទពិសោធន៍យ៉ាងរលូនដល់អ្នកនិយមលេងហ្គេមតាមទូរស័ព្ទដៃ។

    សម្រាប់ realme 6 Pro វាគឺជាស្មាតហ្វូនដំបូងបង្អស់លើពិភពលោកដែលបានបង្ហាញខ្លួនជាមួយឈីប Qualcomm’s Snapdragon 720G ។ ម៉ាស៊ីនដំណើរការនេះត្រូវបានផលិតដោយប្រើឈីប 8nm កម្រិតខ្ពស់ធ្វើឱ្យវាកាន់តែមានថាមពល និងប្រសិទ្ធភាព។ ការសាកថ្មល្បឿនលឿន៖ ជាមួយនឹងការធ្វើឱ្យប្រសើរថ្មីការសាកថ្មល្បឿនលឿន30W ទំហំថ្ម4300mAh របស់ realme អាចសាកបានពេញក្នុងរយៈពេលត្រឹមតែ60នាទីប៉ុណ្ណោះ។ សូម្បីតែពេលលេងហ្គេមធំៗក៏ដោយក៏ការសាកថ្មល្បឿនលឿន30Wអាចសាករហូតដល់55% ដោយប្រើពេលត្រឹមតែ60នាទីប៉ុណ្ណោះ។

    បទពិសោធន៍នៃការមើលឃើញដ៏អស្ចារ្យ៖ realme 6 មានអេក្រង់ទំហំ 6.5អ៊ីញ ប្រភេទ90Hz Ultra Smooth Display ដែលមានកំរិត refresh rate 90Hzនិងអត្រាsampling rate 120Hzដែលជាលទ្ធផលផ្តល់នូវបទពិសោធន៍មើលឃើញច្បាស់ និងរលូនជាមួយរាល់ការអូសអេក្រង់។ ជាមួយនឹងសមាមាត្រអេក្រង់ និងតួខ្លួនយ៉ាងពិសេស realme 6 នាំមកជូនអ្នកនូវបទពិសោធន៍មើលឃើញដ៏អស្ចារ្យ។ បន្ទះបង្ហាញនេះក៏ត្រូវបានបំពាក់ដោយដោយកញ្ចក់ Corning Gorilla Glass 3 សម្រាប់ការការពារឲ្យប្រសើរជាងមុន។ realme 6 Pro មានអេក្រង់ទំហំ 6.6អ៊ីញ ប្រភេទ90Hz Ultra Smooth Display ដែលមានអត្រាrefresh rate 90Hz និងអត្រា sampling rate 120Hz

    សម្រាប់បទពិសោធមើលឃើញកាន់តែប្រសើរ។ បន្ទះបង្ហាញនេះក៏ត្រូវបានបំពាក់ដោយកញ្ចក់ Corning Gorilla Glass 5 សម្រាប់ការការពារកាន់តែប្រសើរ។ វាក៏មានភ្ជាប់មកជាមួយនូវលក្ខណៈពិសេសដូចជា punch hole light effect ការពារភ្នែក ម៉ូដពណ៌ផ្ទាល់ខ្លួន និងប្រព័ន្ធ OSIE ។

    កាមេរ៉ាដ៏ខ្លាំងក្លា៖ ជាមួយកាមេរ៉ាមុខយ៉ាងច្បាស់16MP នឹងបំពេញតំរូវការ selfie ជាមួយនឹង aperture F2.0 គាំទ្រម៉ូដបង្កើនសម្រស់បែបឆ្លាតវៃ រូបភាពបែបព្រិលផ្ទៃខាងក្រោយ-ល-។ វាបំពាក់មកជាមួយលក្ខណៈពិសេសដែលអាចសម្គាល់ភេទ ប្រភេទស្បែក និងទម្រង់មុខហើយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតរូប Selfie បានយ៉ាងងាយស្រួលដែលបង្ហាញពីពណ៌ស្បែកធម្មជាតិ។

    realme 6 ក៏មានបំពាក់នូវបច្ចេកវិទ្យា flagship ស៊េរីចុងក្រោយផងដែរដែលមានបំពាក់កាមេរ៉ាក្រោយចំនួនបួនគ្រាប់ កាមេរ៉ាគោលទំហំ 64MP ឡេនទូលាយ119ដឺក្រេទំហំ8MP និងម៉ាក្រូលែន និងលែនបញ្ឈរសខ្មៅ។

    ចុចតែមួយដងគឺគ្រប់គ្រាន់សម្រាប់ការប្តូរទៅម៉ូដមុំទូលាយដែលធ្វើឱ្យអ្នកប្រើប្រាស់អាចចាប់យករូបភាពទេសភាពកាន់តែអស្ចារ្យ និងបានផ្ទៃកាន់តែធំ។ លែនម៉ាក្រូនឹងជួយឱ្យអ្នកប្រើប្រាស់អាចថតរូបភាពកាន់តែជិតនិងស្វែងយល់ពីភាពស្រស់ស្អាតនៃពិភពមីក្រូជាមួយនឹងចម្ងាយជិតរហូតដល់4cm។

    កាមេរ៉ាទាំង៦គ្រាប់ដ៏អស្ចារ្យ: realme 6 Pro ភ្ជាប់មកជាមួយកាមេរ៉ាភ្លោះដែលកាមេរ៉ាគោលទំហំ ​16MP ជាមួយនឹង IMX471 និងកាមេរ៉ាប្លង់ទូលាយ 8MP ថតបាន 105ដឺក្រេ។ អាចថតបាន ២.៥ដងធំជាងពេលមុន និងជាមួយការកែតម្រូវទ្រង់ទ្រាយគែមហើយវាអាចសម្គាល់មុខ និងបង្កើនប្រសិទ្ធិភាពលើផ្ទៃមុខនៅពេលដែលអ្នកថតនៅគែមនៃរូបថត។

    realme 6 Pro ក៏មានបំពាក់នូវបច្ចេកវិទ្យា flagship ស៊េរីចុងក្រោយផងដែរដែលបំពាក់ដោយកាមេរ៉ាភ្លោះដែលមានកាមេរ៉ាក្រោយចំនួនបួនគ្រាប់ និងមានកាមេរ៉ាគោលទំហំ64MP លែនពង្រីក20x(hybrid zoom)ទំហំ12MP កាមេរ៉ាប្លង់ទូលាយ119ដឺក្រេទំហំ8MP និងលែនម៉ាក្រូ។ ផ្អែកលើ Nightscape 2.0 នៅក្នុង realme 6 Pro មានបំពាក់នូវ Nightscape 3.0 ដែលត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនឹងទម្រង់កាមេរ៉ានិង Ultra Nightscape Mode។

    ចំណុចប្រទាក់ដ៏អស្ចារ្យ: realme UI ដែលផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 10 ត្រូវបានបង្កើតឡើងយ៉ាងល្អសម្រាប់បទពិសោធដំណើរការរបស់ Android សម្រាប់អ្នកប្រើប្រាស់។ realme UI ត្រូវបានធ្វើឱ្យទាន់សម័យជាមួយនឹងលក្ខណៈពិសេសថ្មីដែលរួមមានDocVault ដែលជាមធ្យោបាយងាយស្រួល

    និងរហ័សសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាក្នុងការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន និងឯកសាររដ្ឋាភិបាល។ Soloop ដែលជាឧបករណ៍ដ៏ឆ្លាតវៃកម្រិតជំនាញសម្រាប់កែសំរួលវីដេអូខ្លី។

    realme 6 កំពូលអេក្រង់90Hz ដែលមានជួរតម្លៃក្រោម300ដុល្លារនឹងដាក់លក់ក្នុងតម្លៃត្រឹមតែ(8GB+128GB ) 289​ ដុល្លារតែប៉ុណ្ណោះ រីឯ realme 6Pro អេក្រង់90Hz ដែលមានកាមេរ៉ាមុខ២គ្រាប់បង្កប់ក្រោមអេក្រង់ និងបំពាក់ដោយបន្ទះឈីប snapdragon 720 ដែលមានជួរតម្លៃក្រោម350ដុល្លារ នឹងដាក់លក់ក្នុងតម្លៃត្រឹមតែ (8GB+128GB) 349 ដុល្លារតែប៉ុណ្ណោះ។

    ព័ត៌មានលំអិតសូមចុច: https://www.facebook.com/realmeCambodia/

  • ក្រុមហ៊ុនបច្ចេកវិទ្យាចិន បង្កើត វ៉ែនតាឆ្លាតវៃ ពិនិត្យសីតុណ្ហភាពមនុស្ស នៅចម្ងាយ 3 ម៉ែត្រពីគ្នា

    ក្រុមហ៊ុនបច្ចេកវិទ្យាចិន បង្កើត វ៉ែនតាឆ្លាតវៃ ពិនិត្យសីតុណ្ហភាពមនុស្ស នៅចម្ងាយ 3 ម៉ែត្រពីគ្នា

    នេះយោងតាមការបញ្ជាក់របស់ប្រធានផ្នែកសាខា Rokid នៅអាមេរិកលោក Liang Guan បានឱ្យដឹងថា ក្រុមហ៊ុន Rokid របស់ប្រទេសចិន ដែលមានទីស្នាក់ការក្នុងទីក្រុង San Francisco បច្ចុប្បន្ន គឺកំពុងស្ថិតក្នុងការចរចាជាមួយភាគីក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក លើផែនការលក់វ៉ែនតាឆ្លាតវៃ T1 ដែលមានសមត្ថភាពអាចពិនិត្យរោគសញ្ញាអ្នកឆ្លងមេរោគ COVID-19។

    វ៉ែនតា T1 កន្លងមក ក៏មានប្រើប្រាស់ជាមួយអ្នកជំនាញជាហូរហែនៅឯប្រទេសចិន ដោយចំណុចលេចធ្លោរបស់វា គឺមានបង្កប់ Sensor អាចពិនិត្យសីតុណ្ហភាពក្នុងខ្លួនរបស់មនុស្សប្រមាណ 200នាក់ នៅចម្ងាយ 3ម៉ែត្រពីខ្លួនអ្នកពាក់ T1នេះ ក្នុងរយៈពេលត្រឹមតែ 2នាទីប៉ុណ្ណោះ។

    ឧបករណ៍នេះបំពាក់ដោយ CPU របស់ក្រុមហ៊ុន Qualcomm មាន Sensor កាមេរ៉ាទំហំ 12MP គាំទ្រការប្រើប្រាស់មុខងារ AR និងការបញ្ជាដោយសំឡេង ពោលអ្នកអាចនិយាយបញ្ជាឱ្យវាធ្វើការថតជារូបភាព ឬវីដេអូ ដោយមិនបាច់យកដៃទៅប៉ះលើផ្នែកណាមួយរបស់វ៉ែនតាផ្ទាល់ឡើយ។

    វ៉ែនតា T1 ទំនងជា អាចនឹងពង្រាយដាក់ឱ្យដំណើរការសម្រាប់បុគ្គលិកនៅក្នុងមន្ទីរពេទ្យ និងជាចំណែកជួយដល់ការអនុវត្តច្បាប់ក្នុងការទប់ស្កាត់ការរាតត្បាត COVID-19 របស់រដ្ឋាភិបាលអាមេរិកជាដើម៕

    វ៉ែនតាឆ្លាតវៃ T1

     

  • កូនក្អួតក្រោយពេលបញ្ចុកថ្នាំ តើត្រូវបញ្ចុកម្តងទៀតឬទេ?

    កូនក្អួតក្រោយពេលបញ្ចុកថ្នាំ តើត្រូវបញ្ចុកម្តងទៀតឬទេ?

    ឡារ៉ែន ជឿថានៅរៀងរាល់ពេលបញ្ចុកថ្នាំក្នុងពេលដែលកូនតូចមានអាការឈឺថ្កាត់ម្តងៗនោះ គឺពិតជារឿងមួយដែលធ្វើឱ្យលោកឪពុកអ្នកម្តាយឈឺក្បាលវឹលមុខមិនស្ទើរឡើយ ព្រោះណាមួយកូនមិនព្រមញ៉ាំ ឬលេបថ្នាំនោះសោះ និងមួយទៀត គឺលេបចូល​ទៅហើយ តែក្អួតចេញមកវិញអស់ ធ្វើឱ្យលោកឪពុកអ្នកម្តាយកើតមានការស្ទាក់ស្ទើរក្នុងចិត្តថា តើគួរបញ្ចុកម្តងទៀតឬយ៉ាងណា?

    ដូច្នេះ ខាងក្រោមនេះគឺជាចម្លើយចំពោះចម្ងល់នេះ។

    មូលហេតុកូនក្អួតក្រោយពេលបញ្ចុកថ្នាំរួច

    អាការក្អួតរបស់កូនក្រោយពេលត្រូវប៉ាម៉ាក់បញ្ចុកថ្នាំរួច ជាបញ្ហាដែលជួបញឹកញាប់ និងកើតឡើងដដែលៗ។ កូនក្អួតក្រោយការបញ្ចុកថ្នាំច្រើនតែបណ្តាលមកពីការយំយ៉ាងខ្លាំងក្លាព្រោះមិនចូលចិត្តរសជាតិរបស់ថ្នាំ មិនចូលចិត្តក្លិនរបស់ថ្នាំ កូនត្រូវការបដិសេធទើបព្យាយាមធ្វើឱ្យកើតអាការក្អួត ឬកើតពីតិចនិកក្នុងការបញ្ចុកថ្នាំមិនល្អ ធ្វើឱ្យរសជាតិថ្នាំទៅប៉ះនឹងបរិវេណគល់អណ្តាតនាំ ឱ្យកើតប្រតិកម្មការខ្ជាក់ចេញមកវិញដោយស្វ័យប្រវត្តិ ដែលខាងវេជ្ជសាស្រ្តហៅថា gag reflex ធ្វើឱ្យក្មេងក្អួតចេញមក ។

    កូនក្អួតក្រោយពេលបញ្ចុកថ្នាំ តើត្រូវបញ្ចុកថ្នាំម្តងទៀតឬទេ?

    1 – ត្រូវបញ្ចុកឡើងវិញម្តងទៀត ៈ ក្នុងករណីបញ្ចុកហើយក្អួតភ្លាម (មិនមែនក្អែចេញមកបន្តិចបន្តួចទេ) ចូរអ្នកម្តាយបញ្ចុកថ្នាំក្នុងបរិមាណដដែលឡើងវិញម្តងទៀតក្រោយពីកូនឈប់ក្អួតហើយ។

    2 – មិនបាច់បញ្ចុកម្តងទៀតទេ ៈ ក្នុងករណីដែលកូនក្អួតបន្ទាប់ពីការបញ្ចុកថ្នាំកន្លងផុតទៅយូរក្រែលហើយ ឬចាប់ពីកន្លះម៉ោងឡើងទៅនោះ មិនចាំបាច់បញ្ចុកឡើងវិញម្តងទៀតទេ ព្រោះថ្នាំមួយចំនួនអាចត្រូវបានបឺតជ្រាបចូលទៅក្នុងរាងកាយខ្លះហើយ តែត្រូវបញ្ចុកតាមពេលវេលាដែលពេទ្យកំណត់នៅលើកក្រោយទៀត។

    តិចនិកការបញ្ចុកថ្នាំ ឱ្យកូនបានទទួលថ្នាំគ្រប់ចំនួនតាមវេជ្ជបញ្ជា

    1- បញ្ចុកថ្នាំសម្រេចគ្រប់ពេល ត្រូវមានអារម្មណ៍ល្អតាំងពីលើកដំបូង។ លើកដំបូងរបស់ការបញ្ចុកថ្នាំត្រូវបបួលកូនតូចលេងឱ្យមើលនេះមើលនោះ ចាប់ កាន់ ឧបករណ៍ផ្សេងៗ បើស្ថិតក្នុងវ័យយល់ដឹងខ្លះហើយត្រូវអធិប្បាយ ឱ្យពេលវេលា និងកុំបង្ហាញអាការធុញថប់តានតឹងឱ្យកូនឃើញឱ្យសោះ។

    2- ឧបករណ៍សម្រាប់បញ្ចុកក៏សំខាន់ដែរ ត្រូវជ្រើសរើសឱ្យស័ក្តិសម ដូចជាថ្នាំដែលមានរសជាតិល្វីង ឡារ៉ែនណែនាំឱ្យប្រើបំពង់ម្ជុលចាក់ថ្នាំ បាញ់បញ្ចូលមាត់កូនតែម្តង រួចឱ្យញ៉ាំទឹកតាមក្រោយ ចំណែកថ្នាំដែលមានរសជាតិផ្អែមអាចប្រើស្លាបព្រាបញ្ចុកបាន

    3- ឥរិយាបថរបស់កូនក្នុងពេលបញ្ចុកក៏សំខាន់ដូចគ្នាដែរ កុំបញ្ចុុកដោយឱ្យកូនគេងរាបស្មើ ព្រោះកូននឹងលេបមិនទាន់ ធ្វើឱ្យក្អួតព្រួសចេញមកវិញ ឬអាចឈ្លក់ថ្នាំបាន គួរបញ្ចុកថ្នាំកូនក្នុងឥរិយាបទដែលក្បាលនៅខ្ពស់ជាងខ្លួន។

    4- ត្រូវត្រៀមទឹកទុកជាមុនបន្តិចបន្តួច បន្ទាប់ពីបញ្ចុកថ្នាំហើយ ចូរឱ្យទឹកញ៉ាំបន្តិច ព្រោះថ្នាំប្រភេទទឹកស៊ីរ៉ូធ្វើឱ្យស្អិតក្នុងបំពង់ក អាចធ្វើឱ្យកូនក្អក ហើយការឱ្យញ៉ាំទឹកបន្តិចអាចការពារអាការក្អកបាន។

    5- ប្តូររសជាតិរបស់ថ្នាំ ពីល្វីងឱ្យទៅជាផ្អែម តែត្រូវសួរនាំលោកគ្រូពេទ្យជាមុនសឹន ព្រោះថ្នាំខ្លះអាចកើតប្រតិកម្មខាងគីមីជាមួយទឹកស៊ីរ៉ូ អាចមានផលប៉ះពាល់ដល់ការបឺតជ្រាបរបស់រាងកាយបាន។

    បានដឹង និងស្គាល់ពីតិចនិកល្អៗពាក់ព័ន្ធនឹងវិធីបញ្ចុកថ្នាំកូនហើយ ឡារ៉ែនសង្ឃឹមថា ក្មេងតូចៗទាំងឡាយនឹងលែងសូវក្អួត ឬព្រួសថ្នាំចេញទៀតហើយ តែអាការក្អួតនេះក៏អាចបណ្តាលមកពីការកើតប្រតិកម្មចាញ់ថ្នាំដែលញ៉ាំនោះដែរ ដូច្នេះអ្នកម្តាយគួរសង្កេតមើលអាការរួមផ្សេងទៀតផង ដូចជា ឡើងកន្ទួលរមាស់ ភ្នែកហើម មាត់ហើម ពិបាកដកដង្ហើមជាដើម បើឃើញកូនតូចកើតមានអាការទាំងនេះក្រោយពេលបញ្ចុកថ្នាំរួចនោះ អ្នកម្តាយគួរប្រញាប់នាំកូនទៅមន្ទីពេទ្យជាបន្ទាន់កុំបង្អង់យូរ៕

  • អ្នកកើតរោគទឹកនោមផ្អែមគួរចៀសវាងបន្លែណាខ្លះ?

    អ្នកកើតរោគទឹកនោមផ្អែមគួរចៀសវាងបន្លែណាខ្លះ?

    គឺជាការពិតដែលថា បន្លែល្អចំពោះសុខភាព គុណសម្បត្តិវិសេសរបស់បន្លែមានច្រើនណាស់ តែសម្រាប់អ្នកដែលកើតជំងឺទឹកនោមផ្អែម ឬអ្នកដែលត្រូវគ្រប់គ្រងកម្រឹតជាតិស្ករជាពិសេសនោះ អាចមិនស័ក្តិសមជាមួយនឹងបន្លែប្រភេទខ្លះ។ ថ្ងៃនេះ ទំព័រសុខភាព ទស្សនាវដ្តី ឡារ៉ែន មានព័ត៌មានល្អៗក្នុងការជ្រើសរើសញ៉ាំបន្លែសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមមកជម្រាបមិត្តអ្នកអានដូចតទៅ។

    -​ បន្លែដែលមានជាតិស្ករ 3 – 5 ភាគរយ

    ផ្លែត្រប់ ឃ្លោក បន្លែតាំងអោ ស្ពៃបូកគោ កញ្ឆែត ត្រសក់ ននោង ស្លឹកផ្ទី ទំពាំង មើមឆៃថាវ ត្រឡាច សាលាដ ត្រកួនចិន ត្រួយល្ពៅ ម្រះ សណ្តែកបណ្តុះ ខាត់ណា ផ្កាគុយឆាយ ស្ពៃចង្កឹះ ស្ពៃក្តោប ស្អំ ក្រឪឈូក។

    – បន្លែដែលមានជាតិស្ករ 5 – 10 ភាគរយ

    សណ្តែកសៀង ស្លឹកឆះភ្លូ គល់ខ្ទឹម ត្រយូងចេក ខ្ទឹមបារាំង ស្លឹកម្រំ ផ្កាអង្គារដី ខ្ញី ស្នៀតពោត ផ្លែល្ហុងខ្ចី ស្លឹកកន្ទុំទេស និងផ្លែកន្ទុំទេសខ្ចី។

    – បន្លែដែលមានជាតិស្ករ 15 – 20 ភាគរយ

    ផ្កាអង្កាញ់ ត្រួយអំពឹល ស្លឹកបន្លែផ្អែម ស្លឹកងប់ មើមដំឡូងបារាំង គ្រាប់សណ្តែកឡាន់តៅ។

    -បន្លែដែលមានជាតិស្ករ 20 – 30 ភាគរយ

    មើមឈូក មើមក្តួច ត្រាវ ដំឡូងជ្វា ស្លឹកអង្កាញ់ មើមឈូកចិន។

    អានមកដល់ត្រង់នេះហើយ ក៏សូមប្រកាស់ប្រាប់គ្នាឱ្យច្បាស់ៗតែម្តងថា បន្លែក្នុងក្រុមដែលមានជាតិស្ករ 20 – 30 ភាគរយនេះ មិនស័ក្តិសមជាមួយអ្នកដែលកើតជំងឺទឹកនោមផ្អែមនោះទេ និងសាកល្បងពិនិត្យម្តងទៀតមើលថា តើគួរកាត់បន្ថយបន្លែដែលខ្លួនចូលចិត្តអ្វីខ្លះ៕

  • សាកលវិទ្យាល័យ NTU សិង្ហបុរី បង្កើតបានរ៉ូបូត អាចធ្វើចលនាស្វ័យប្រវត្តិ សម្លាប់មេរោគបាន

    សាកលវិទ្យាល័យ NTU សិង្ហបុរី បង្កើតបានរ៉ូបូត អាចធ្វើចលនាស្វ័យប្រវត្តិ សម្លាប់មេរោគបាន

    ក្រុមអ្នកស្រាវជ្រាវនៅប្រទេសសិង្ហបុរី បានបង្កើត រ៉ូបូត (មនុស្សយន្ត) មួយឡើង ដើម្បីបាញ់សម្លាប់មេរោគ ដោយមានដៃមួយ អាចធ្វើត្រាប់តាមចលនារបស់មនុស្សជួយសម្រាលបន្ទុកការងារដល់អ្នកសម្អាតក្នុងពេលកំពុងផ្ទុះកូវីដ-19។

    រ៉ូបូតនេះឈ្មោះថា “XDBOT” មានរាងដូចប្រអប់មួយ មានកង់ដែលអាចចូលទៅដល់ទីតាំងចង្អៀតៗមួយចំនួន ដូចជានៅក្រោមតុ និងក្រោមគ្រែជាដើម។

    រ៉ូបូត ដែលសាងសង់ដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Nanyang Technological University (NTU) របស់រដ្ឋក្នុងទីក្រុងនេះ មានក្បាលថាមពលខ្ពស់សម្រាប់បាញ់ថ្នាំសម្លាប់មេរោគ និងអាចបាញ់សម្អាតលើផ្ទៃទីធ្លាធំៗបានយ៉ាងឆាប់រហ័ស។

    រ៉ូបូត នេះអាចបញ្ជាបានពីចម្ងាយដោយប្រើកុំព្យូទ័រយួរដៃ ឬថេប្លេត ដោយជួយកាត់បន្ថយហានិភ័យដល់អ្នកសម្អាតក្នុងការឆ្លងមេរោគកូរ៉ូណា ដែលបានសម្លាប់មនុស្សជាង 140 0000 នាក់នៅទូទាំងពិភពលោក។

    អ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យ NTU ដែលដឹកនាំគម្រោងនេះ បាននិយាយថា “ដោយប្រើប្រាស់រ៉ូបូតថ្មីរបស់យើងពីចម្ងាយ ប្រតិបត្តិករជាមនុស្សអាចគ្រប់គ្រងបានយ៉ាងច្បាស់លាស់នូវដំណើរការនៃការបាញ់សម្អាតមេរោគដោយមិនចាំបាច់ប៉ះពាល់ជាមួយនឹងផ្ទៃរបស់វត្ថុទាំងនោះឡើយ”។

    មនុស្សយន្ត XDBOT ត្រូវបានសាកល្បងនៅបរិវេណសាកលវិទ្យាល័យ NTU ហើយអ្នកបង្កើតវាសង្ឃឹមថា នឹងធ្វើតេស្តវានៅតំបន់សាធារណៈ និងក្នុងមន្ទីរពេទ្យច្រើនទៀត៕

  • Tottenham Hostpur ក៏ប្រកាសកាត់ប្រាក់ខែបុគ្គលិក និងកីឡាកររបស់ខ្លួនដែរ

    Tottenham Hostpur ក៏ប្រកាសកាត់ប្រាក់ខែបុគ្គលិក និងកីឡាកររបស់ខ្លួនដែរ

    ក្លិបបាល់ទាត់ Tottenham Hostpur បានប្រកាសការសម្រេចចិត្តដ៏លំបាកមួយ ក្នុងគោលបំណងការពារមិនឱ្យបាត់បង់ការងារ ដោយក្លិបសម្រេចកាត់ប្រាក់ខែបុគ្គលិក និងកីឡាករ ចំនួន 2ខែ គឺខែមេសា និងខែឧសភា ដូចក្លិបឯទៀតនៅក្នុងលីកកំពូលអង់គ្លេស English Premier League ដែរ។

    ក្នុងនោះក្លិបមានគោលការណ៍កាត់ប្រាក់ខែតែចំពោះកីឡាករដែលមានប្រាក់ឈ្នួលថ្លៃៗប៉ុណ្ណោះ ដោយទុកប្រាក់បើកឱ្យសម្រាប់កីឡាករដែលមានប្រាក់ចំណូលទាប។ តាមការបញ្ជាក់របស់ក្លិប កីឡាកររបស់ខ្លួនចំនួនតែ 80%ប៉ុណ្ណោះ ដែលត្រូវកាត់ប្រាក់ខែ ខណៈដែលកីឡាករចំនួន ២០%ទៀត នៅបើកប្រាក់ខែជាធម្មតា ព្រោះពួកគេទាំងនោះ មានប្រាក់ចំណូល ឬប្រាក់ខែទាប។

    គួរបញ្ជាក់ដែរថា ក្លិបបាល់ទាត់ស្ទើរតែទាំងអស់នៅលើពិភពលោកទទួលរងនូវឥទ្ធិពល នៃវិបត្តិកូវីដ-19 ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ហិរញ្ញវត្ថុរបស់ក្លិបនីមួយៗ ដែលតម្រូវឱ្យធ្វើការកាត់ប្រាក់ខែដើម្បីទប់ទល់នឹងស្ថានការណ៍នេះ៕

  • អាការ 4 យ៉ាងរបស់កូនដែលអាចមើលថែឱ្យបាត់ទៅវិញខ្លួនឯងដោយមិនបាច់ពឹងថ្នាំ

    អាការ 4 យ៉ាងរបស់កូនដែលអាចមើលថែឱ្យបាត់ទៅវិញខ្លួនឯងដោយមិនបាច់ពឹងថ្នាំ

    តើទារកទើបនឹងកើតអាចញ៉ាំថ្នាំបានឬទេ? អ្នកម្តាយថ្មោងថ្មីជាច្រើននាក់ប្រហែលជានឹកកង្វល់ចំពោះរឿងនេះមិនតិចឡើយមែនទេ? ចំពោះចម្ងល់នេះ គ្រូពេទ្យជំនាញបានប្រាប់ថា ទារកទើបនឹងកើតអាចញ៉ាំថ្នាំបានយ៉ាងគ្មានបញ្ហាអ្វីឡើយ ព្រោះក្នុងពេលបច្ចុប្បន្ននេះក៏មានថ្នាំសម្រាប់ក្មេងទើបនឹងកើតជាច្រើនដែរ តែអ្វីដែលសំខាន់បំផុតនោះគឺ ការមើលថៃទាំ និងរក្សាសុខភាពរាងកាយរបស់កូនឱ្យរឹងប៉ឹង មាំមួន និងចាក់វ៉ាក់សាងការពារឱ្យគ្រប់ ដើម្បីចៀសវាងមិនឱ្យទារកញ៉ាំថ្នាំដោយមិនចាំបាច់។ អាការបន្តិចបន្តួច ក៏យើងអាចមើលថែទាំ និងចាត់ការដោយខ្លួនឯងបានដែរ ដូច្នេះសូមអ្នកម្តាយថ្មោងថ្មីមកមើលថា តើមានអាការអ្វីខ្លះរបស់កូនតូចដែលលោកឪពុកអ្នកម្តាយអាចមើលថែទាំឱ្យបាត់ទៅវិញបានដោយខ្លួនឯង ដោយមិនចាំបាច់ពឹងថ្នាំ និងគ្រូពេទ្យឡើយ។

    1 – នៅពេលកូនត្អើក ៈ ដោយសារតែទារកប្រញាប់បៅទឹកដោះ ឬបៅច្រើនជ្រុលពេក ធ្វើឱ្យក្រពះពង្រីកខ្លួនទៅរុញក្បាំងខ្យល់ធ្វើឱ្យកូនកើតអាការត្អើក ដូច្នេះចូរដាក់កូនឱ្យអង្គុយ ឬពដោយពាក់ខ្លួនកូនលើស្មារប្រមាណ 5 – 10 នាទី អាការត្អើកនោះនឹងថយចុះ រហូតដល់បាត់ដូចប្រក្រតីឡើងវិញ។

    2 – នៅពេលកូនក្អែរទឹកដោះចេញមកវិញ ៈ លោកឪពុកអ្នកម្តាយត្រូវបែងចែកឱ្យច្បាស់ថា តើជាអាការក្អួត ឬក៏ជាការក្អែរទឹកដោះ ព្រោះទារកជាង 90% សុទ្ធតែធ្លាប់ក្អែរទឹកដោះចេញមកទាំងអស់ មិនថាទឹកដោះម្តាយ ឬទឹកដោះគោនោះឡើយ។ អាការក្អែរទឹកដោះកើតឡើងដោយសារប្រព័ន្ធរំលាយអាហាររបស់ទារកនៅមិនទាន់រឹងមាំល្អឥតខ្ចោះ ធ្វើឱ្យកូនតូចក្អែរទឹកដោះចេញមកវិញ តែអាការក្អួតវិញកើតឡើងដោយសារក្មេងតូចបៅទឹកដោះ ឬញ៉ាំអាហារច្រើនពេកហួសនឹងក្រពះទប់ទល់រួចហ្នឹងឯង។

    3 – កូនមានអាការភ្ញាក់ៗ ឬភ័យ រួចស្រែកយំវ៉ា ៈ ទារកតូចៗច្រើនតែរហ័សចំពោះសំឡេង និងការប៉ះពាល់ ព្រោះប្រព័ន្ធប្រសាទទាំង 5 កំពុងចម្រើនធំធាត់ធ្វើឱ្យគេបានឮសូរសំឡេងអ្វីថ្មីៗគ្រប់ពេលវេលា ទើបក្មេងតូចច្រើនតែភ្ញាក់ៗភ័យៗ ឬឆ្លើយតបនឹងសំឡេងទាំងនោះ មិនមែនជាអាការខូលិក ដូចដែលឪពុកម្តាយយល់ច្រឡំនោះទេ។

    4 – កូនមិនបន្ទោបង់ រួមទាំងឆ្អល់ហើមពោះ និងក្អួត ៈ អាការខុសប្រក្រតីរបស់ក្មេងតូចអាចសង្កេតឃើញបានតាមរយៈការបន្ទោបង់ ទារកទើបកើតដំបូងរយៈពេល 2 – 3 ថ្ងៃ លាមកដែលជុះចេញមកមានពណ៌ប្រផេះ ឬបៃតងលាយលឿង រួចហើយទើបចាប់ផ្តើមក្លាយជាពណ៌លឿងទាំងអស់។ ជាប្រក្រតី បើទារកដែលបៅទឹកដោះម្តាយ នឹងជុះចេញមកមានលាយពពុះ ខ្លះជាគ្រាប់លាយសាច់ល្អិតៗ ដែលនឹងជុះមួយថ្ងៃ 6 – 10 ដង គឺជារឿងប្រក្រតីមិនមែនជាអាការរាករូសនោះទេ តែបើបៅទឹកដោះម្តាយគួបផ្សំជាមួយទឹកដោះគោម្សៅវិញ នឹងជុះក្នុងមួយថ្ងៃ 2 – 3 ដង។ យ៉ាងណាក៏ដោយ បើក្មេងតូចមិនជុះមក 2 – 3 ថ្ងៃ និងមានអាការហើមខ្លួន រួមទាំងមានអាការក្អួតផងនោះ គួរនាំទៅជួបលោកគ្រូពេទ្យ ព្រោះអាចមានសភាវឆ្លងមេរោគ ប្រតិកម្មចាញ់ប្រូតេអុីនក្នុងទឹកដោះគោ ឬសភាវពោះវៀនស្ទះណែន។

    ចូចាំទុកថា ថ្នាំមិនមែនជានំ ឬចំណីអាហារនោះទេ បើអាចទៅរួច សម្រាប់ទារកទើបនឹងកើតរហូតដល់ 2 ឆ្នាំ បើចៀសវាងក្នុងការឱ្យញ៉ាំថ្នាំបាននោះ ចូរចៀសវាង ព្រោះជំងឺខ្លះមិនខ្លាំងក្លាដូចដែលយើងគិតនោះទេ និងអាចធ្វើឱ្យធូរស្រាលបានដោយខ្លួនឯងដោយមិនចាំបាច់ពឹងថ្នាំឡើយ តែបើមិនប្រាកដក្នុងចិត្តលើអាការ ឬអាការមិនធូរស្រាលក្នុងអំឡុងពេល 2 ថ្ងៃទេនោះ គួរប្រញាប់នាំកុនតូចទៅមន្ទីរពេទ្យកុមារជាបន្ទាន់៕