Author: ធឿន មករា

  • តើនរណាជាកីឡាករបាល់ទាត់អាជីព ដែលទទួលកាតក្រហមច្រើនជាងគេ?

    តើនរណាជាកីឡាករបាល់ទាត់អាជីព ដែលទទួលកាតក្រហមច្រើនជាងគេ?

    ក្នុងពិភពបាល់ទាត់ ចៀសមិនផុតឡើយពីការលើសលស់លើគ្នាបន្តិចបន្តួច ដែលពេលខ្លះក៏ប៉ះគ្នាខ្លាំងៗ ឈានទៅដល់ការទទួលបានកាតលឿង និងក្រហមក៏មាន។

    កីឡាករខ្សែបម្រើការពារ សញ្ជាតិកូឡុំប៊ី Gerardo Bedoya ត្រូវបានចារិកឈ្មោះក្នុងប្រវត្តិសាស្រ្តក្នុងនាមជាកីឡាករ ដែលបង្កកំហុសច្រើនជាងគេបង្អស់ នៅក្នុងការលេងបាល់ទាត់អាជីព ដោយទទួលបានកាតក្រហមដល់ទៅ 46លើក។

    ចំពោះកីឡាករដែលឈរនៅលំដាប់លេខ2 ដែលទទួលបានកាតក្រហមច្រើនជាងគេនោះគឺ ខ្សែការពារបារាំង Cyril Rool ដែលទទួលបានកាតក្រហមចំនួន 27លើកក្នុងអាជីព៕

  • ចំណេះដឹងក្នុងការត្រៀមអាហារបន្ថែមសម្រាប់កូនតូច

    ចំណេះដឹងក្នុងការត្រៀមអាហារបន្ថែមសម្រាប់កូនតូច

    នៅពេលកូនតូចចូលដល់វ័យត្រូវញ៉ាំអាហារបន្ថែម លោកឪពុកអ្នកម្តាយត្រូវយកចិត្តទុកដាក់ជាពិសេសបន្តិច ថ្ងៃនេះ ឡារ៉ែនមានចំណេះដឹងល្អៗក្នុងរឿងការត្រៀមជាស្រេចរឿងអាហារបន្ថែមដែលល្អសម្រាប់កូនតូចមកជម្រាបជូនដូចតទៅ។

    ចំណេះដឹងរឿងអាហារបន្ថែម

    ដំបូងគេបង្អស់លោកឪពុកអ្នកម្តាយគួរសិក្សាពីព័ត៌មានការឱ្យអាហារបន្ថែមសម្រាប់កូន ដូចខាងក្រោម ៈ

    – អាហារប្រភេទណាស័ក្តិសមក្នុងការនាំមកបញ្ចុកធ្វើជាអាហារបន្ថែមឱ្យកូនក្នុងរយៈដំបូង និងអំឡុងខែបន្តបន្ទាប់មកទៀត នៅពេលកូនមានវិវឌ្ឍនាការល្អឡើងហើយ។

    – លក្ខណៈរបស់សាច់អាហារ ភាពទន់ ស្អិត ខាប់ រាវ ល្អិត មិនសូវម៉ត់ -ល- បែបណាទើបស័ក្តិសមជាមួយកូនតូចក្នុងអំឡុងខែនីមួយៗដែលកើនឡើង។

    – អាហារដែលមានភាពប្រថុយប្រថានក្នុងការកើតប្រតិកម្មចាញ់លើក្មេងតូចប្រភេទណាខ្លះដែលគួរចៀសវាង។

    – បរិមាណអាហារបន្ថែមដែលស័ក្តិសមជាមួយកូនក្នុងមួយពេលៗ។

    – ដំណាក់កាលក្នុងការត្រៀម ការធ្វើ ការរក្សាទុកអាហារបន្ថែមរបស់កូន រួមទាំងចំណែកផ្សំដែលគួរ និងមិនគួរនាំយកមកលាយផ្សំក្នុងអាហារបន្ថែមរបស់កូន។

    – ករណីដែលទិញអាហារបន្ថែមកញ្ចប់ ឬកំប៉ុង លោកឪពុកអ្នកម្តាយគួរសិក្សាពីវិធីការជ្រើសរើសទិញ វិធីការអានការណែនាំ ដើម្បីប្រយោជន៍ដែលល្អដល់កូនរបស់យើងខ្លួនឯង។

    ចំណេះដឹងរឿងភាពត្រៀមខ្លួនរួចហើយរបស់កូនតូច

    ក្មេងម្នាក់ៗមានវិវឌ្ឍនាការក្នុងការញ៉ាំយឺតលឿនមិនដូចគ្នាទេ បើក្នុងរយៈដំបូងៗកូននៅបដិសេធក្នុងការញ៉ាំអាហារបន្ថែមនោះ ឪពុកម្តាយក៏កុំអាលទៅកង្វល់អ្វីច្រើនពេក គ្រាន់តែធ្វើចិត្តត្រជាក់ និងខំទ្រាំបញ្ចុកតទៅទៀត ថ្ងៃនេះនៅមិនទាន់ញ៉ាំ ឬញ៉ាំត្រឹមតែ 1 – 2 ម៉ាត់ ក៏មិនអីដែរ ស្អែកនេះសឹមចាប់ផ្តើមម្តងទៀត ព្រោះអាហារជាអ្វីដែលក្មេងត្រូវការ និងចាំបាច់យ៉ាងខ្លាំងសម្រាប់គេក្នុងអំឡុងវ័យនេះគឺ ទឹកដោះ។

    ចំណេះដឹងរឿងភាពស្អាត និងមានអនាម័យ

    ជាដំណាក់កាលដែលសំខាន់បំផុតព្រោះក្នុងការបញ្ចុកឪពុកម្តាយគួរប្រយ័ត្នប្រយែងទង្វើខាងក្រោមនេះ ព្រោះអាចនាំមេរោគចូលទៅក្នុងរាងកាយកូនបាន។

    – ការផ្លុំដោយមាត់ដើម្បីឱ្យត្រជាក់គួរប្រយ័ត្នការខ្ទាតទឹកមាត់ផង។

    – ការបៀមអាហារឱ្យកូនដើម្បីឱ្យត្រជាក់។

    – ការទំពារ ឬប្រើធ្មេញខាំជាចំណឹតតូចៗមុននឹងបញ្ចុកកូន។

    – ការប្រើដៃ ឬវត្ថុផ្សេងៗចាប់អាហារបញ្ចុកចូលមាត់កូនដោយមិនបានលាងសម្ងាតឱ្យបានស្អាតជាមុន៕

  • គន្លឹះ 4 យ៉ាង ដើម្បីសុខភាពល្អ

    គន្លឹះ 4 យ៉ាង ដើម្បីសុខភាពល្អ

    មនុស្សជាច្រើនអាចនឹងរៀបផែនការឱ្យឆ្នាំថ្មីខាងមុខនេះ ក្លាយជាឆ្នាំនៃការចាប់ផ្តើមនូវរឿងថ្មីៗចំពោះខ្លួនឯង ឬតាំងគោលបំណងដើម្បីធ្វើរឿងល្អៗចំពោះខ្លួនឯង បើលោកអ្នកគិតចង់ក្រោកឡើងមកផ្លាស់ប្តូរខ្លួនឯងជាថ្មីដើម្បីចាប់ផ្តើមឆ្នាំថ្មីបែបមានភាពរស់រវើកនោះ ក្រៅពីសាងភាពសប្បាយរីករាយឱ្យខ្លួនឯងហើយ នៅបានធ្វើឱ្យអ្នកនៅជុំវិញខ្លួនយើងសប្បាយរីករាយជាមួយដែរទៀតផង។ ខាងក្រោមនេះជាគន្លឹះល្អៗក្នុងការធ្វើឱ្យមានសុខភាពល្អ ដែលយើងអាចធ្វើបានដោយខ្លួនឯងដើម្បីជីវិតកាន់តែប្រសើរឡើង។

    1 – ដកដង្ហើមវែងៗដើម្បីសុខភាពល្អ

    សាកល្បងសង្កេតមើលខ្លួនឯងថា តើលក្ខណៈការដកដង្ហើមរបស់លោកអ្នកយ៉ាងម៉េចដែរ ដកដង្ហើមខ្លីៗញាប់ៗ ដកដង្ហើមវែងៗ ឬយឺតៗ? ការហ្វឹកហាត់ខ្យល់ដង្ហើមឱ្យវែងៗចូលចេញយ៉ាងយឺតៗ មិនត្រឹមតែនឹងជួយឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយស្វាហាប់ ព្រោះរាងកាយបានទទួលអុកស៊ីហ្ស៊ែនយ៉ាងពេញទំហឹងប៉ុណ្ណោះទេ ថែមទាំងជួយកំចាត់ជាតិពុលចេញពីរាងកាយបានទៀតផង ហើយនៅជួយកាត់បន្ថយអាការមួម៉ៅ ឆាប់ខឹងបានទៀតផង។ សាកល្បងហ្វឹកហាត់ខ្យល់ដង្ហើម 5 – 10 នាទីក្នុងមួយថ្ងៃសឹនក៏បាន ធ្វើក្នុងមួយថ្ងៃម្តង ធានាថាលោកអ្នកនឹងមានអារម្មណ៍សប្បាយទាំងកាយ និងចិត្តច្រើនឡើងមិនខាន។

    2 – ចាប់ផ្តើមថាមពលជីវិតដោយ បន្លែផ្លែឈើ អ័រហ្កានិក

    ការជ្រើសរើសញ៉ាំបន្លែផ្លែឈើអ័រហ្កានិក ឬគ្មានសារធាតុពុលឱ្យបានយ៉ាងតិច 5 ពេលក្នុង 1 សប្តាហ៍ លោកអ្នកនឹងប្រាកដក្នុងចិត្តបានតែម្តងថា រាងកាយបានទទួលសារជាតិអាហារដែលបរិសុទ្ធកាន់តែច្រើនឡើង រាងកាយក៏នឹងបានទទួលវីតាមីន និងសារធាតុរ៉ែច្រើនឡើង ភាពប្រថុយប្រថានក្នុងការកើតរោគក៏ថយចុះទៅតាមនោះដែរ។

    3 – បែងពេលវេលាឱ្យខ្លួនឯង

    នារីៗទាំងឡាយគួរបែងចែកពេលវេលាដើម្បីសាងសេចក្តីសុខដល់ខ្លួនឯងខ្លះផង ដែលវិធីការអង្គុយតាំងសមាធិ ឬនៅស្ងៀមៗប្រមាណជា 15 – 20 នាទីគឺជាវិធីមួយទៀតដែលអាចសាកអាគុយថាមពលជីវិត និងសាងភាពស្ងប់ស្ងាត់ទាំងខាងកាយ ឬផ្លូវចិត្តបាន។ ទាំងអស់នេះ ក្នុងអំឡុងពេលដែលលោកអ្នកកំពុងសាងភាពស្ងប់ស្ងាត់ដល់ខ្លួនឯងនោះ សូមសាកល្បងអុជទៀនក្រអូបក្លិនស្រាលៗ ដើម្បីជួយសាងបរិយាកាសឱ្យធូរស្រាល និងបិទភ្នែកចុះយ៉ាងសប្បាយបានកាន់តែខ្លាំងឡើង ធ្វើឱ្យរាងកាយបានចូលដល់ការសម្រាកបានយ៉ាងពេញទំហឹង។

     

    4 – ធ្វើខ្លួនឱ្យសប្បាយ

    សាកល្បងរកវិធីកែសម្រួលខ្លួន កែសម្រួលការតុបតែងខ្លួនឱ្យមានអារម្មណ៍ថាសប្បាយឡើង ដើម្បីស្វាគមន៍ការងារថ្មីៗក្នុងឆ្នាំថ្មីខាងមុខនេះ ដោយការរកមើលសម្លៀកបំពាក់ឈុតក្រណាត់កប្បាស់ ឬអាវយឺតសាច់កូតុងមកពាក់ទៅធ្វើការ នឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍សប្បាយ ទាន់សម័យ និងរហ័សរហួនបានកាន់តែខ្លាំងឡើង ឬបើលោកអ្នកមានផែនការនឹងទៅជប់លៀងកំសាន្តជាមួយមិត្តភ័ក្តិនៅពេលល្ងាចរបស់ថ្ងៃធ្វើការ ការស្លៀកសម្លៀកបំពាក់ការងារ ឬសម្លៀកបំពាក់ផ្លូវការទៅនោះ ប្រហែលជាមិនសូវជាល្អមើលប៉ុន្មានទេ ដូច្នេះគួររកមើលអាវសាច់ក្រណាត់កូតុងពាក់បែបសប្បាយៗ ពណ៌ស្អាតៗ ពាក់ជាមួយខោខូវប៊យឡូយៗចេញពីផ្ទះទៅល្អជាង។

    តែចុងក្រោយនេះ បន្ទាប់ពីត្រឡប់ពីការងារមកដល់ផ្ទះហើយ រឿងដំបូងដែលគួរធ្វើនោះគឺ ការផ្លាស់សម្លៀកបំពាក់ដែលស្លៀកពេញមួយថ្ងៃនោះចេញ ហើយស្លៀកឈុតសប្បាយៗជំនួសវិញ ដើម្បីឱ្យរាងកាយបានសម្រាក និងធូរស្រាលអារម្មណ៍៕

  • ក្រសួងអប់រំ និង JICA បើកឱ្យប្រើប្រាស់កម្មវិធីរៀនដើម្បីបង្កើនភាពឆ្លាតវៃ (IQ) តាម Online

    ក្រសួងអប់រំ និង JICA បើកឱ្យប្រើប្រាស់កម្មវិធីរៀនដើម្បីបង្កើនភាពឆ្លាតវៃ (IQ) តាម Online

    ក្រសួងអប់រំ យុវជន និងកីឡា​ សហការជាមួយនឹង​ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានដាក់ឱ្យប្រើប្រាស់​កម្មវិធីសិក្សាថ្មីមួយដែលមានឈ្មោះថា Think! Think! ដើម្បីបង្រៀនកុមារតាមប្រព័ន្ធអេឡិចត្រូនិក លើកកម្ពស់ការគិត បង្កើតភាពឆ្លាតវៃ (IQ) និង​ពង្រឹងសមត្ថភាពគណិតវិទ្យាសម្រាប់កុមារទូទៅ។

    កម្មវីធីនេះជាកម្មវិធីដ៏ល្អមួយដែល​អាចជំរុញកុមារឱ្យមានការគិតស៊ីជម្រៅ និងបណ្តុះបណ្តាលបំណិនជីវិតដល់កុមារបានយ៉ាងល្អថែមទៀតផង។ នៅក្នុង​អំឡុងពេលដែលកម្ពុជាកំពុងបិទសាលា ហើយដាក់ឱ្យកុមារសិក្សាតាមរយៈអនឡាញនេះ កម្មវិធី Think! Think! អាចជាជម្រើសល្អមួយសម្រាប់ដាក់ឱ្យកុមារសិក្សារៀនសូត្រនៅតាមផ្ទះរៀងៗខ្លួន។

    ដើម្បីរៀនកម្មវិធី Think! Think! នេះអាណាព្យាបាល ឬសិស្សានុសិស្សអាច​តាមដាន Facebook របស់ក្រសួងអប់រំ Moeys Cambodia និង Krou Cambodia ដោយមានរយៈពេលបីថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ វេលាម៉ោង 5:00នាទី ដល់ម៉ោង 5:30នាទីល្ងាច៕

  • ក្មេងលេងជាមួយទឹក បានទាំងក្តីសប្បាយ បានទាំងភាពឆ្លាត

    ក្មេងលេងជាមួយទឹក បានទាំងក្តីសប្បាយ បានទាំងភាពឆ្លាត

    ដោយសារតែក្មេងគ្រប់គ្នាចូលចិត្តលេងទឹក ពេលណាដែលខ្លួនប្រាណទទឹក អារម្មណ៍ធូរស្រាលនឹងកើតឡើងជាសន្សឹមៗ ដូច្នេះហើយទើបការលេងជាមួយទឹក គឺជាកិច្ចការដែលនឹងបានទទួលអារម្មណ៍ល្អៗ ស្រស់ថ្លា សប្បាយ និងរំភើបញាប់ញ័រ មិនថាជាមួយក្មេងក្នុងភេទ ឬវ័យណាក៏ដោយសុទ្ធតែមានប្រយោជន៍ទាំងចំពោះរាងកាយ និងការធ្វើការរបស់ខួរក្បាលទាំងអស់។

    1- ការលេងជាមួយទឹកគឺជាកិច្ចការមួយដែលជំរុញការធ្វើចលនារបស់រាងកាយ ដែលល្អចំពោះសុខភាព ធ្វើឱ្យកើតភាពយឺតយាររបស់សាច់ដុំ បណ្តុះសេចក្តីស្រឡាញ់ក្នុងការនៅកណ្តាលទីវាល និងមិនខ្លាចទឹក។

    2 – ភាគច្រើនក្មេងដែលចូលចិត្តលេងទឹកត្រូវបានរកឃើញថា មានសុខភាពរឹងប៉ឹង ជាពិសេសក្មេងដែលចូលចិត្តហែលទឹក នឹងបានទទួលការហាត់ប្រាណក្នុងរាងកាយគ្រប់ចំណែក មានសួតដែលរឹងមាំ និងចេះជួយខ្លួនឯងបាននៅពេលកើតឧបត្តិហេតុបន្ទាន់ខាងផ្លូវទឹក។

    3 – ក្មេងមានអារម្មណ៍ល្អពីការលេងទឹក ហុចផលឱ្យខួរក្បាលបង្ហូរសារធាតុអេនដូហ្វ៊ីនដែលមានទាំងសេចក្តីសុខ និងភាពក្លៀវក្លា។

    4 – ក្មេងនឹងបានយល់លើហេតុផលខាងវិទ្យាសាស្រ្តពាក់ព័ន្ធនឹងការធ្វើចលនារបស់ទឹក កម្លាំងទំនាញរបស់ផែនដី និងបរិស្ថានវិទ្យា ធ្វើឱ្យក្លាយជាក្មេងដែលមានហេតុផល ឆ្លាតវៃ និងមានចំណេះដឹងជុំវិញខ្លួនច្រើន។

    5 – ក្មេងនឹងបានប្រើការនឹកស្រមៃក្នុងការលេងជាមួយទឹក ក្មេងៗនឹងបានគំនិត និងការគិតស្រមៃផ្លាស់ប្តូរវិធីការលេងដោយខ្លួនឯងនៅក្នុងទឹក។

    6 – ការលេងទឹកនៅកណ្តាលទីវាលក្នុងពេលវេលាដែលស័ក្តិសម ដូចជាព្រឹក និងល្ងាច ធ្វើឱ្យក្មេងបានទទួលវីតាមីន D ពីធម្មជាតិ បានស្រូបយកខ្យល់អាកាសបរិសុទ្ធ និងមានភាពប្រឆាំងជំងឺកាន់តែល្អឡើងទៀតផង។

    7 – ការលេងទឹកជួយអភិវឌ្ឍជំនាញខាងសង្គមទៅជាមួយផង នៅពេលដែលត្រូវលេងជាមួយក្មេងឯទៀតៗ ឬប្រើអាងហែលទឹករួមជាមួយអ្នកដទៃ បានរៀនយល់ដឹងពីការធ្វើបដិសម្ព័ន្ធក្នុងទីសាធារណៈបានល្អទៀតផង។

    8 – កិច្ចការងារលេងទឹកដែលភាគច្រើនមានអាណាព្យាបាលទៅជាមួយដែរនោះ ជួយរឹតចំណងសម្ព័ន្ធភាពក្នុងគ្រួសារឱ្យមានកិច្ចការងារសប្បាយរីករាយរួមគ្នា៕

  • ហេតុអ្វីតម្លៃអគ្គិសនីនៅកម្ពុជាថ្លៃជាងនៅវៀតណាម និងថៃ?

    ហេតុអ្វីតម្លៃអគ្គិសនីនៅកម្ពុជាថ្លៃជាងនៅវៀតណាម និងថៃ?

    បច្ចុប្បន្ននេះកម្ពុជាបានតម្លើង និង​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអគ្គីសនីជាច្រើនដែលផ្លាស់ប្តូរពីការប្រើប្រាស់​ប្រេងទាំងស្រុងមកប្រើប្រាស់វារីគ្គិសនី ប្រើប្រាស់ធ្យូងថ្ម និងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យជាដើម។ ហេតុនេះហើយទើបធ្វើឱ្យអគ្គិសនីអាចរក្សាបាននូវតម្លៃធូរថ្លៃជាងមុន សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជននៅទូទាំងប្រទេស តែទោះជាយ៉ាងនេះក្តីបើប្រៀបធៀបជាមួយនឹងប្រទេសជិតខាងដូចជាថៃ និងវៀតណាម ជាដើម យើងឃើញថា តម្លៃអគ្គិសនីនៅកម្ពុជាហាក់នៅមានតម្លៃថ្លៃជាងបណ្តាប្រទេសទាំងអស់នោះនៅឡើយ។

    ឆ្លើយតបនឹងបញ្ហានេះ  ឯកឧត្តម វិចទ័រ ហ្សូនា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានលើកឡើងថា មូលហេតុដែលនៅប្រទេសវៀតណាម និងប្រទេសថៃ មានតម្លៃអគ្គិសនីធូរថ្លៃជាងនៅកម្ពុជា ព្រោះនៅប្រទេសនោះមានទំហំនៃការផលិត (Scale) ធំជាងនៅប្រទេសកម្ពុជា។ ឯកឧត្តមបញ្ជាក់ថា នៅកម្ពុជា ប្រសិនបើយើងប្រមូលឱ្យអស់ពីការផ្គត់ផ្គង់អគ្គីសនីតាមរយៈវារីអគ្គីសនី ធ្យូងថ្ម និងថាមពលផ្សេងៗទៀត យើអាចផលិតបានប្រមាណត្រឹមតែប្រហាក់ប្រហែល 3,000មេកាវ៉ាត់ប៉ុណ្ណោះ តែសម្រាប់នៅវៀតណាម និងនៅប្រទេសថៃ គឺគេផលិតដល់ទៅប្រមាណ 5ម៉ឺនមេកាវ៉ាត់ឯណោះ។

    ហេតុនេះមានន័យថាចំនួននៃការផលិតអគ្គីសនីនៅថៃ និងនៅវៀតណាម មានទំហំធំជាងនៅកម្ពុជាឆ្ងាយណាស់។ ចំណែកឯតម្លៃវិញ គឺផ្អែកលើចំនួន មានន័យថាប្រសិនបើចំនួននៃការផលិតជារួមមានទំហំធំ នោះតម្លៃលក់រាយនឹងធូរថ្លៃ តែប្រសិនបើការផលិតសម្រាប់ផ្គត់ផ្គង់តិច តម្លៃអគ្គិសនីរាយប្រាកដជាមានតម្លៃខ្ពស់។

    ម្យ៉ាងវិញទៀត បើសម្រាប់ប្រទេសវៀតណាមវិញ ក្រុមហ៊ុន​ផលិតធ្យូងថ្មនៅប្រទេសគេគឺមាន​ការឧបត្ថម្ភធន ដោយក្រុមហ៊ុនផលិតធ្យូងថ្មលក់ជូនក្រុមហ៊ុនអគ្គិសនីរដ្ឋក្នុងតម្លៃធូរថ្លៃ។ ឧទាហរណ៍ប្រសិនបើធ្យូងថ្ម មានតម្លៃ 100ដុល្លារក្នុងមួយតោន គេលក់ឱ្យរដ្ឋត្រឹមតែ 40ដុល្លារតែប៉ុណ្ណោះ តែសម្រាប់យើងវិញគឺំមិនមានការឧបត្ថម្ភធនបែបនេះនោះទេ។ ក្រុមហ៊ុនអគ្គីសនីរដ្ឋ ចរចារជាមួយក្រុមហ៊ុនឯកជនក្នុងលក្ខខណ្ឌឯកភាពស្រុះស្រួលគ្នា ដែលអាចឱ្យក្រុមហ៊ុនផ្គត់ផ្គង់ផលិតធ្យូងថ្មចំណេញ ឬអាចទៅរួចសម្រាប់ការលក់ឱ្យរដ្ឋ៕

  • អឺរ៉ុបបង្វែរហិរញ្ញប្បទានឥតសំណង 56លានអឺរ៉ូ មកជួយលើវិស័យគាំពារសង្គម របស់កម្ពុជា

    អឺរ៉ុបបង្វែរហិរញ្ញប្បទានឥតសំណង 56លានអឺរ៉ូ មកជួយលើវិស័យគាំពារសង្គម របស់កម្ពុជា

    សហគមន៍អឺរ៉ុប បានសម្រេចបង្វែរហិរញ្ញប្បទានឥតសំណង 56លានអឺរ៉ូពីកម្មវិធីកំពុង​ដំណើរ​ការមួយចំនួន មកជួយលើវិស័យគាំពារសង្គម ដែលជាការងារអាទិភាព និងបន្ទាន់របស់រាជរដ្ឋាភិបា​ល​កម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី21 ខែមេសានេះ។

    យោងតាមសេច​ក្តីប្រកាសព័ត៌មាន បានឱ្យដឹងថាកាលពីថ្ងៃទី20 ខែមេសា ឆ្នាំ2020 ឯកឧត្ដមអគ្គ​បណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានជួប​ជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា តាមរយៈ Video Conference ដើម្បីពិភាក្សាអំពីតម្រូវការរបស់កម្ពុជា និងលទ្ធភាពនៃការចូលរួម​របស់សហ​ភាព​អឺរ៉ុប ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹង​ការរាតត្បាត​នៃ​វីរុសកូវីដ-19 និងស្ដារសម្បទាសេដ្ឋកិច្ចពីផលប៉ះពាល់នៃជំងឺនេះ។

    ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ ចំពោះសហភាពអឺរ៉ុបក្នុង​កិច្ច​សហការដ៏ល្អប្រសើរកន្លងមក ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្នុងកាលៈទេសៈ​បច្ចុ​ប្បន្នដែលពិភពលោក ក៏ដូចជាកម្ពុជាដែរ កំពុងប្រឈម និងប្រយុទ្ធដោះស្រាយចំពោះវិបត្ដិសកល​ដោយ​សារវីរុសកូវីដ-19 (COVID-19)។

    កម្ពុជា បាននិងកំពុងគ្រប់គ្រងលើបញ្ហានៃវីរុសកូវីដ-19 បានល្អប្រសើរ ប៉ុន្តែកម្ពុជា​នៅតែមិន​បន្ធូរដៃនោះទេ និងរឹតតែសកម្មកាន់តែខ្លាំងថែមទៀត ដោយបានបង្កើតនូវយន្តការ និងដាក់ចេញនូវ​វិធាន​​ការ​ជាយុទ្ធសាស្រ្តមុតស្រួច ទាំងលើសមរភូមិក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតវីរុសកូវីដ-19​និងលើការដ្ឋានស្ដារសម្បទាសេដ្ឋកិច្ច-សង្គមឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ពីជំងឺនេះ ។

    សូមបញ្ជាក់ថា វីរុសកូវីដ-19 មិនត្រឹមតែជាវិបត្ដិសុខភាពសាធារណៈប៉ុណ្ណោះទេ តែជំងឺនេះ ក៏បានបង្ក​ផលប៉ះពាល់អវិជ្ជមានដល់វិស័យសេដ្ឋកិច្ចផ្សេងៗ រួមមានវិស័យកាត់ដេរ ទេសចរណ៍ ធុរកិច្ចខ្នាតតូច និងមធ្យមទៀតផង។

    លោកស្រី Carmen Moreno បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យ​របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងបញ្ហាវិបត្តិនៃវីរុសកូវីដ-19 នេះ និងបានថ្លែងបញ្ជាក់​អំពីជំហរ​គាំទ្រយ៉ាងពេញទំហឹងរបស់សហភាពអឺរ៉ុប ក្នុងការចូលរួមចំណែកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារសម្បទាសេដ្ឋកិច្ច-សង្គម ដែលរងផលប៉ះពាល់ពីនៃជំងឺវិបត្តិនៃវីរុសកូវីដ-19 នេះ។

    លោកស្រី បានជម្រាបជូនថា ក្នុងស្មារតីនេះ សហភាពអឺរ៉ុបដែលមានទីស្នាក់ការកណ្តាលនៅ Brussel ទើបតែបានអនុម័តអនុញ្ញាតឱ្យបង្វែរហិរញ្ញប្បទានឥតសំណងសរុបចំនួន 56លានអឺរ៉ូ ពី កម្មវិធីកំពុងដំណើរការមួយចំនួន ដែលជាហិរញ្ញប្បទានដោយសហភាពអឺរ៉ុប សម្រាប់យកមកប្រើប្រាស់លើវិស័យគាំពារសង្គម ដែលជាការងារអាទិភាព និងបន្ទាន់របស់រាជរដ្ឋាភិបាល  ក្នុងការស្ដារ សម្បទាសេដ្ឋកិច្ច-សង្គមឡើងវិញ ពីវិបត្តិនៃវីរុសកូវីដ-19 នេះ។

    អគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះកិច្ចសហប្រតិបត្ដិ​ការ​រឹង​មាំកន្លងមករបស់​សហភាពអឺរ៉ុបជាមួយនឹងកម្ពុជា ជាពិសេសស្វាគមន៍ចំពោះការចូលរួមចំណែកនៅក្នុងគ្រា​ដ៏លំបាកនេះ។

    អគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ឡើងវិញថា ក្នុងការអនុវត្តវិធានការស្ដារសេដ្ឋកិច្ច​សង្គមពីផលប៉ះពាល់នៃវីរុសកូវីដ-19 រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារចំនួន4 រួម​មាន៖ 1-ក្រុមការងារចំពោះកិច្ច គ្រប់គ្រងការផ្គត់ផ្គង់ និងថ្លៃទំនិញយុទ្ធសាស្ត្រ ក្នុងអំឡុងពេលប្រយុទ្ធនឹងវីរុសកូវីដ-19។

    2-ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងយន្តការជំនួយសង្គម ក្នុងអំឡុងពេលប្រយុទ្ធនឹងវីរុសកូវីដ-19។

    3-ក្រុមការងារចំពោះកិច្ចរៀបចំគោលនយោបាយថវិកា ហិរញ្ញប្បទាន និងជំនួយសង្គម ដើម្បីគ្រប់ គ្រងការប្រយុទ្ធនឹងវីរុសកូវីដ-19។

    4-ក្រុមការងារបច្ចេកទេសចម្រុះ ចំពោះកិច្ចសិក្សារៀបចំដាក់ចេញនូវកញ្ចប់វិធានការខាងរូបិយវត្ថុ និងធនាគារ ដើម្បីគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ពីការរីករាលដាលនៃវីរុសកូវីដ-19 និងការ ព្យួរប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញមួយចំនួន ក្នុងក្របខ័ណ្ឌ «ទំនិញគ្រប់យ៉ាងលើក​លែង​តែសព្វា​វុធ ​(EBA)»៕

     

  • Chanathip ជាកីឡាករថ្លៃជាងគេក្នុងក្លិប នៅលីកកំពូលជប៉ុន

    Chanathip ជាកីឡាករថ្លៃជាងគេក្នុងក្លិប នៅលីកកំពូលជប៉ុន

    កាលពីពេលថ្មីៗនេះ លីកកំពូលជប៉ុន J-League បានបង្ហាញសមាសភាព និងបញ្ជីឈ្មោះកីឡាករ អមជាមួយនឹងតម្លៃខ្លួនកីឡាករនីមួយៗ ដែលលេងនៅក្នុងលីកមួយនេះ ក្នុងនោះគេឃើញមានកីឡាករមកពីតំបន់អាស៊ានម្នាក់បានជាប់ក្នុងបញ្ជីឈ្មោះកីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេបង្អស់ទាំង 10ប្រចាំលីកកំពូលជប៉ុននេះ។

    Chanathip Songkrasin (ឆាណាធីប ស៊ង់ក្រៈស៊ីន) កីឡាករខ្សែបម្រើ-ប្រយុទ្ធវ័យ 26ឆ្នាំរូបនេះ មានតម្លៃខ្លួន 2.6លានដុល្លារ ដែលធ្វើឱ្យគេបានក្លាយទៅជាកីឡាករមានតម្លៃខ្លួនខ្ពស់បំផុតលេខរៀងទី9 នៅក្នុងលីកកំពូលជប៉ុនរដូវកាល2020 នេះ។ ហើយរូបគេក៏បានក្លាយខ្លួនជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេប្រចាំក្លិប Hokkaido Consadole Sapporo ផងដែរ។

    គួរបញ្ជាក់ដែរថា កីឡាកររូបនេះបានផ្ទេរទៅកាន់ក្របខ័ណ្ឌលីកកំពូលជប៉ុនដំបូង មានតម្លៃខ្លួនតែ 70ម៉ឺនដុល្លារប៉ុណ្ណោះ៕

  • ក្រុមហ៊ុន TADA ផ្ដល់ជូនសេវាដឹកជញ្ជូនឥតគិតថ្លៃរយៈពេលមួយខែ ជាជំនួយដល់អាជីវករក្នុងការរក្សាទំនាក់ទំនងនិងផ្គត់ផ្គង់សេវាកម្មជូនអតិថិជនរបស់ខ្លួន

    ក្រុមហ៊ុន TADA ផ្ដល់ជូនសេវាដឹកជញ្ជូនឥតគិតថ្លៃរយៈពេលមួយខែ ជាជំនួយដល់អាជីវករក្នុងការរក្សាទំនាក់ទំនងនិងផ្គត់ផ្គង់សេវាកម្មជូនអតិថិជនរបស់ខ្លួន

    រាជធានីភ្នំពេញ ថ្ងៃទី២២ ខែមេសា៖ នៅខណៈដែលប្រទេសកម្ពុជាកំពុងខិតខំទប់ស្កាត់​ការរាតត្បាតនៃវីរុសកូវីដ-១៩ អាជីវកម្មលក់ដូរទាំងឡាយ​ក៏ប្រែជាស្ងាត់ជ្រងំ ដោយហេតុថាអតិថិជនជាទូទៅ កំពុងអនុវត្តវិធានការរក្សាគម្លាតពីសង្គម។

    ក្នុងនោះផងដែរ អាជីវកម្មតូចៗដែលត្រូវបានអនុញ្ញាតឱ្យបន្តដំណើរការ​អាជីវកម្មជាធម្មតានោះ ក៏កំពុងប្រឈមនឹងការលំបាកច្រើនណាស់ដែរ ក្នុងការរក្សាទំនាក់ទំនងនិងផ្គត់ផ្គង់សេវាកម្មរបស់ខ្លួន ជូនដល់អតិថិជន ជាហេតុនាំឱ្យអាជីវកម្មរបស់ពួកគាត់ត្រូវធ្លាក់ចុះ ទាំងមិនមានតម្រុយថាតើ ពេលណាទើបស្ថានការណ៍ត្រលប់មកប្រសើរដូចដើមវិញ។

    ក្នុងនាមជាក្រុមហ៊ុនផ្ដល់សេវាកក់ការធ្វើដំណើរដ៏ពេញនិយមនៅកម្ពុជា ក្រុមហ៊ុន TADA កំពុងផ្ដល់ដំណោះស្រាយមួយជូនដល់អាជីវករចំពោះបញ្ហានេះ ដោយក្រុមហ៊ុនបានបើកឱ្យដំណើរការនូវសេវាដឹកជញ្ជូន TADA Delivery សម្រាប់ជួយឱ្យអាជីវករអាចបន្តផ្គត់ផ្គង់សេវាកម្ម​ជូនដល់អតិថិជនរបស់ខ្លួនបាន នៅគ្រប់ទិសទីក្នុងរាជធានីភ្នំពេញ។

    ជាផ្នែកមួយនៃការបើកដំណើរការសេវានេះ ក្រុមហ៊ុន TADA នឹងបើកបម្រើសេវាកម្មនេះជូនដល់អាជីវករប្រើប្រាស់ដោយឥតគិតថ្លៃ រយៈពេលមួយខែពេញ។ ដើម្បីប្រើប្រាស់សេវានេះ អាជីវករគ្រាន់តែចុះឈ្មោះងាយៗ ដោយផ្ញើសារទៅកាន់ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន (https://www.facebook.com/TADAKHM/) ឬទូរស័ព្ទឬផ្ញើសារទៅកាន់គណនី Telegram របស់ក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទ 061555643 ឬ 010555643។ សូមបញ្ជាក់ផងដែរថា សេវានេះ ចាប់បើកដំណើរការ ចាប់ពីសប្តាហ៍នេះតទៅ។

    លោក ជីម ប៉ូលី ប្រធានចាត់ការទូទៅក្រុមហ៊ុន TADA CAMBODIA បានមានប្រសាសន៍ថា៖ “ហេតុផលដែលយើងបើកនូវសេវាកម្មដឹកជញ្ជូននេះ គឺយើងចង់ធ្វើការគាំទ្រមិនត្រឹមតែ អ្នកបើកបរប៉ុណ្ណោះទេ​ គឺយើងចង់គាំទ្ររហូតទៅដល់​អាជីវករ និង​អាជីវកម្មក្នុងស្រុករបស់យើង ដែលកំពុងជួបការលំបាក នៅក្នុងពេល កូវីដ-១៩  ព្រោះ​អាជីវករភាគច្រើនមិនមានលទ្ធភាព ក្នុងការជួលសេវាដឹកជញ្ជូនដោយផ្ទាល់ខ្លួននោះទេ។ យើងផ្ដល់ឱ្យគាត់ក្នុង រយៈពេល ១​ខែ ក្នុងការដឹកជញ្ជូនឱ្យគាត់ ដោយឥតគិតថ្លៃក្នុង​ ទីក្រុងភ្នំពេញ អញ្ចឹងសង្ឈឹមថាការផ្ដល់ជូនដោយឥតគិតថ្លៃនេះ អាចជួយអាជីវករម្មគាត់ និងការទំនាក់ទំនងឡើងវិញជាមួយអតិថិជនរបស់គាត់។”

    សេវា TADA Delivery ដំណើរការដោយប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនតាមអនឡាញដ៏ទំនើបមិនធ្លាប់មាននៅកម្ពុជា ព្រមទាំងអាចជួយឱ្យអាជីវករកក់និងពិនិត្យមើលលំហូរនៃការដឹកជញ្ជូនទំនិញរបស់ពួកគាត់បានយ៉ាងងាយស្រួល។ ប្រព័ន្ធនេះ ក៏ជួយឱ្យអាជីវករអាចគ្រប់គ្រងការបង់ប្រាក់ថ្លៃទំនិញរបស់ខ្លួនបានផងដែរ ទាំងការទូទាត់ជាក្រដាសប្រាក់ និងទូទាត់តាមគណនី ដោយថវិកានោះនឹងត្រូវទទួលជំនួស ដោយអ្នកបើករឺម៉កកង់បី ។

    អាជីវករដែលបានចុះឈ្មោះរួច បានឱ្យដឹងថា សេវាTADA Deliveryផ្ដល់ជំនួយបានច្រើនដល់អាជីវកម្មរបស់ពួកគាត់។

    កញ្ញា ភា ស្រីម៊ុម អ្នកតំណាងហាងលក់សម្ភារៈកីឡា Lifeshion បានឱ្យដឹងថា៖ “តាំងពីពេល កូវីដ-១៩ ​បាន​មកដល់ប្រទេសកម្ពុជា ការលក់នូវឧបករណ៍ហាត់ប្រាណមានការធ្លាក់ចុះ ហើយភ្ញៀវក៏មិនហ៊ានដើរចូលមកហាងផ្ទាល់ដែរ អញ្ចឹងដើម្បីបម្រើដល់អតិថិជន យើងមានការសហការណ៍ជាមួយ នឹង ក្រុមហុ៊ន TADA​ សំរាប់ការ  Delivery​ជូនភ្ញៀវ ដែលជាសេវាកម្មរហ័សទាន់ចិត្ត”

    អតិថិជនដែលជាអ្នកទិញទំនិញ ក៏នឹងទទួលបានអត្ថប្រយោជន៍ពីសេវាដឹកជញ្ជូននេះផងដែរ ពីព្រោះពួកគាត់អាចទិញទំនិញបាន ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ហាងដោយផ្ទាល់នោះទេ ព្រោះសេវានេះនឹងដឹកទំនិញរបស់គាត់ ជូនដល់គេហដ្ឋានតែម្ដង។

    រីឯសម្រាប់អ្នករត់រឺម៉កកង់បីដែលជាកម្លាំងស្នូលនៃសេវា TADA Delivery វិញ ពួកគាត់យល់ឃើញថា សេវានេះពិតជាអាចជួយសម្រាលបន្ទុកផ្នែកសេដ្ឋកិច្ចរបស់ពួកគាត់ បានមួយកម្រិតដែរ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។

    លោក ហែ ផល្លី អ្នករត់រឺម៉កកង់បីម្នាក់ បានឱ្យដឹងថា៖ “មួយរយៈនេះ ខ្សត់ភ្ញៀវហៅកង់បីជិះណាស់។ តែដល់ពេលមានសេវាដឹកឥវ៉ាន់នេះ វាក៏ជួយជីវភាពខ្ញុំបានច្រើនគួរសមដែរ។ បើសិនជាគ្មានសេវាដឹកឥវ៉ាន់នេះទេ វាធ្វើឱ្យអ្នករត់កង់បីនេះ មានការលំបាកយ៉ាងខ្លាំង។”​

    ក្រុមហ៊ុន TADA បានឱ្យដឹងថា ពីដំបូងឡើយ ក្រុមហ៊ុនគ្រោងនឹងដាក់ឱ្យដំណើរការនូវសេវាដឹកជញ្ជូននេះ នៅពីរបីខែខាងមុខឯណោះទេ។ ប៉ុន្តែដោយហេតុថា​វីរុសកូវីដ-១៩ បានរាតត្បាតពាសពេញពិភពលោក ក្រុមហ៊ុនក៏សម្រេចចិត្តពន្លឿនពេលបើកដំណើរការសេវានេះមុនផែនការវិញ ដើម្បីឆ្លើយតបទៅតាមសេចក្ដីត្រូវការដ៏​ចាំបាច់របស់អាជីវករ នាទីក្រុងភ្នំពេញ។

    លោក ជីម ប៉ូលី ប្រធានចាត់ការទូទៅក្រុមហ៊ុន TADA CAMBODIA បានបន្ថែមថា៖ “[នេះ]គឺជាផ្នែកមួយសំខាន់ក្នុងការចូលរួមចំណែក ក្នុងការសំរេចនូវចក្ខុវិស័យរបស់យើង ថាយើងមិនត្រឹមតែអាចជួយដៃគូរបើកបររបស់យើងតែបុ៉ណ្ណោះទេ យើងចង់ជួយដល់អាជីវកម្ម អាជីវករ ឬក៏ដៃគូររកសុីជាមួយយើងទាំងអស់គ្នា ជាពិសេសហ្នឹងគឺ ចង់បន្ថែមទៅលើកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីធ្វើម៉េច ស្ដារលទ្ធភាពសេដ្ឋកិច្ចយើងឱ្យដូចដើមវិញ។ មិនតែប៉ុណ្ណោះសេវាកម្មរបស់យើងនៅមានច្រើនទៀត ដែលយើងនឹងធ្វើការប្រកាស ក្នុងពេលឆាប់ៗនេះ ហើយទាំងអស់ហ្នឹងគឺជាផ្នែកមួយដែលយើងព្យាយាមធ្វើដើម្បីរួមចំណែកក្នុងការសំរេចបាននូវ ចក្ខុវិស័យរយៈពេលវែងរបស់យើង”៕

  • ពេលស្ងប់ស្ងាត់នេះទំនេរច្រើនពេក! សាកល្បងដាំត្រឡាចដើម្បីទុកជាស្បៀងផង និងអាចធ្វើអាជីវកម្មបានផង

    ពេលស្ងប់ស្ងាត់នេះទំនេរច្រើនពេក! សាកល្បងដាំត្រឡាចដើម្បីទុកជាស្បៀងផង និងអាចធ្វើអាជីវកម្មបានផង

    ត្រឡាច ជាប្រភេទបន្លែដែលប្រជាជនខ្មែរគ្រប់រូប ចូលចិត្ត និងច្នៃបានជា​អាហារជាច្រើនមុខ ដូចជាស្ងោ ឆា លាយជាមួយបន្លែផ្សេងៗនៅក្នុងសម្លជាច្រើនមុខ និងធ្វើជាបង្អែម ដំណាប់ ឬធ្វើជាទឹកត្រឡាចជាដើម។ បើមើលពី​គុណសម្បត្តិរបស់វា យើងនឹងឃើញថាត្រឡាច ជាផលិតផលកសិកម្មមួយដែលអាចមាន​ទីផ្សារខ្ពស់ និងត្រូវប៉ាន់ផងដែរនៅក្នុងកាលៈទេសៈដែលប្រទេសយើងបច្ចុប្បន្ននេះ កំពុងត្រូវការបន្លែដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងស្របពេលដែលប្រជាជននៅទីក្រុង​ពេញនិយម​ទទួលទានអាហារគ្មានជាតិគីមី។

    ប្រសិនបើលោកអ្នកមានដីជុំវិញផ្ទះ ឬសល់ដីនៅជនបទ អាចសាកល្បងដាំដំណាំត្រឡាច ព្រោះវាជាប្រភេទដែលងាយដាំ ទទួលបានផលច្រើន និង​អាចធ្វើអាជីកវម្មបានថែមទៀតផង។

    កសិករដាំត្រឡាច​នៅក្នុងខេត្តកំពង់ឆ្នាំ អ្នកស្រី ស៊ុន ស្រីពៅ បានលើកឡើងថា នៅប្រទេសយើងនេះ​ជាទីតាំងល្អបំផុតក្នុងការដាំត្រឡាច ព្រោះសីតុណ្ហភាព និងស្ថានភាពអាកាសធាតុអំណោយផលសម្រាប់ដំណាំប្រភេទនេះ។ អ្នកស្រីបញ្ជាក់ថាដំណាំនេះ អាចប្រមូលផលបានក្នុងរយៈពេលចាប់ពី 30ថ្ងៃ ទៅ 45ថ្ងៃប៉ុណ្ណោះ ហើយវាមិនរើសរដូវនោះទេ ទោះក្នុងពេលណាក៏អាចដាំបានដែរ។

    វិធីសាស្ត្រក្នុងការដាំត្រឡាចឱ្យទទួលផលល្អ អ្នកស្រីបញ្ជាក់ថា​ដំបូងឡើងគួរភ្ជួរដីជាមុនឱ្យបាន2 ទៅ 3ដង ដើម្បីឱ្យដីផុសល្អ។ ហើយមុននឹងភ្ជួរលើកដំបូងគួរបាញ់ថ្នាំកំចាត់ស្មៅជាមុនសិន ដើម្បីសម្លាប់ពូជរុក្ខជាតិនានាដែលរំខានដល់ការលូតលាស់របស់ដើមត្រឡាច។ បន្ទាប់មកគួរហាលដីចោលដើម្បីសម្លាប់មេរោគ និងទុកឱ្យស្មៅងាប់ក្នុងរយៈពេល 3 ទៅ7ថ្ងៃសិន។

    សម្រាប់ការភ្ជួរលើកទី2 គេត្រូវរាស់ដីឱ្យស្មើល្អបន្ទាប់មកកាប់រណ្តៅទំហំប្រមាណ 4តឹក ឬ 40សង់ទីម៉ែត្រ បួនជ្រុង និងជម្រៅ2 ទៅ3 តឹក​ដោយរក្សាគម្លាត​ពីគុម្ពមួយទៅគុម្ពមួយប្រវែង 1ម៉ែត្រ។

    ចំពោះ​ការរៀបចំ​គ្រាប់ពូជ​សម្រាប់​ដាំ​ គឺ​គេ​ត្រូវ​ជ្រើសរើស​ពូជ​ណា​ល្អ​ ដែល​គ្មាន​ជំងឺ​ដើម្បី​ធ្វើការ​ដាំដុះ​ដោយ​ត្រូវ​យក​គ្រាប់​ត្រឡាច​ទៅ​ត្រាំ​ក្នុងទឹក​ ពី​6 ទៅ​ 12ម៉ោង​ បន្ទាប់មក​យក​គ្រាប់​ដែល​ត្រាំទឹក​ហើយ​នោះ​ទៅ​ដាក់ដាំ​ ក្នុង​កន្ទោង​បណ្ដុះ​កូន​ជាមុន​សិន​ ចាំ​ដល់ពេល​វា​លាស់​ចេញ​ស្លឹក​ខ្លះ​ ទើប​គេ​យក​វា​ទៅ​ដាក់ដាំ​ក្នុង​រណ្ដៅ​។ ក្រោយពី​ដាំ​រួច​ យើង​ត្រូវ​អនុវត្ត​ដំណាក់កាល​ 3ជំហាន​៖+ ជំហាន​ទី​ 1 ពេល​កូន​ត្រឡាច​ដុះ​លូតលាស់​បាន​ 7សន្លឹក​ យើង​ត្រូវ​ក្ដិចត្រួយ​វា​ចេញ​ម្តង​ ក្រោយ​មក​យើង​នឹង​បាន​ទទួល​បាន​ពន្លក​ត្រួយ​ថ្មី​ចំនួន​ 3បន្ថែម​ទៀត​។

    +ជំហាន​ទី​ 2 ត្រួយ​ដែល​បែកចេញ​នោះ​ នៅពេល​វា​លូតលាស់​បាន​ស្លឹក​ 7សន្លឹក​យើង​បន្ត​អនុវត្ត​ដូច​ជំហាន​ទី1​ ទៀត​ ពេលនោះ​យើង​នឹង​បាន​ពន្លក​ត្រួយ​ថ្មី​ចំនួន​ 7បន្ថែម​ទៀត​។

    +ជំហាន​ទី​ 3 យើង​នៅតែ​បន្ត​អនុវត្ត​ដូច​ជំហាន​ទី1​និង​ទី2​ ដដែល​ ហើយ​ពេលនោះ​ យើង​នឹង​បាន​ ពន្លក​ត្រួយ​ថ្មី​ដល់ទៅ​ 30​ ទៅ​ 35ខ្នែង​។ ដូច្នេះ​ ពេល​នេះ​វា​ជា​ដំណាក់កាល​ ដែល​យើង​ត្រូវ​បន្ថែម​ជីធម្មជាតិ​ ដើម្បី​ជួយ​ទ្រទ្រង់​ការលូតលាស់​របស់​វា​។

    ការ​ដាក់ជី​នេះ​ យើង​ត្រូវ​ដាក់​នៅ​សងខាង​ចេញពី​រណ្តៅ​ត្រឡាច​ចម្ងាយ​ប្រមាណ​ 30​ ទៅ​ 50​ សង់ទីម៉ែត្រ​ មាន​ដូចជា​ជីកំប៉ុស​ លាមក​សត្វ​ និង​កម្ទេច​ស្លឹកឈើ​ និង​ស្រោចទឹក​ជាប្រចាំ​ ធ្វើបែប​នេះ​ត្រឡាច​នឹង​លូតលាស់​បាន​ល្អ​ មាន​រយៈពេល​យូរ​រហូតដល់​ជាង​ 2ខែ​ ដែល​អាច​ឱ្យ​វា​ផ្លែ​បាន​ច្រើន​ និង​យូរ​ និង​ច្រើន​។ ក្រោយពី​ដាំ​បាន​រយៈពេល​ 30ទៅ​ 45ថ្ងៃ​ អាច​ប្រមូល​ផល​បាន​ហើយ​។

    ចំពោះផលវិញ ក្នុងដីមួយហិកតា គេអាចប្រមូលត្រឡាចបានពី 10 ទៅ 15តោន ហើយក្នុងមួយផ្លែមានទម្ងន់ជាងកន្លះគីឡូក្រាម។ ហេតុនេះប្រសិនបើលោកអ្នកដាំជាលក្ខណៈគ្រួសារ ក៏អាចទទួលបានផលច្រើនគីឡូដែរក្នុងពេលប្រមូលផលម្តងៗ៕