Author: ធឿន មករា

  • ធនាគារជាតិនៃកម្ពុជា សុំឱ្យគ្រឹះស្ថានហិរញ្ញវត្ថុយោគយល់ និងកុំពិន័យកូនបំណុលរហូតដល់ចុងខែធ្នូ

    ធនាគារជាតិនៃកម្ពុជា សុំឱ្យគ្រឹះស្ថានហិរញ្ញវត្ថុយោគយល់ និងកុំពិន័យកូនបំណុលរហូតដល់ចុងខែធ្នូ

    ធនាគារជាតិនៃកម្ពុជា បានចេញលិខិតស្នើរសុំឱ្យមានការអនុគ្រោះ​បន្ធូបន្ថយ​ការយកកម្រៃសេវារផ្សេងៗពាក់ព័ន្ធនឹងឥណទាន និងលើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជន ចំពោះមុខការរីករាលដាលនៃជំងឺ Covid-19។

    នៅក្នុងលិខិតរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ​សូមជម្រាបជូនដល់គ្រប់គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ​ឱ្យបានជ្រាបថា ធនាគារជាតិនៃកម្ពុជា​សូម​ធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ​របស់គ្រប់គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ​ ដែលបាន និងកំពុងអនុវត្ត​វិធានការនានា​ដែលបានដាក់ចេញកន្លងមក។ ក្នុងស្ថានភាព​ដែលពិភពលោក ក៏ដូចជាកម្ពុជា​កំពុង​ប្រឈមនឹងការរីករាលដាល​នៃមេរោគ Covid-19 ធនាគារជាតិនៃកម្ពុជា​ស្នើរសុំការយោគយល់​ពីគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះបន្ថែមដល់អតិថិជន​ដើម្បីសម្រាលបន្ទុករបស់​គាត់មួយកម្រិត​ទៀតក្នុង​គ្រាលំបាកនេះ ដូចជាការបន្ធូរបន្ថយ​កម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹង​ឥណទាន និង/ឬ លើកលែងការផាកពិន័យ​ផ្សេងៗចំពោះអតិថិជនរបស់ខ្លួន​ចាប់ពីកាលបរិច្ឆេទនៃលិខិតនេះ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ 2020៕

  • វិធីសាស្ត្រសន្សំសំចៃអគ្គីសនីក្នុងរដូវកាលភ្លើងឡើងខ្លាំង

    វិធីសាស្ត្រសន្សំសំចៃអគ្គីសនីក្នុងរដូវកាលភ្លើងឡើងខ្លាំង

    មួយរយៈនេះមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានលើកឡើងស្រដៀងគ្នាថា តម្លៃភ្លើងក្នុងផ្ទះចាប់ផ្តើមកើនឡើងខ្លាំងជាងខែមុនៗ។ កត្តានេះត្រូវបានស្ថាប័នអគ្គិសនីកម្ពុជា​បញ្ជាក់ថាអាចបណ្តាលមក​ពីការកើនឡើងនូវបរិមាណប្រើប្រាស់អគ្គិសនីក្នុងខែក្តៅ ឬ​អាចបណ្តាលមកពីបញ្ហាឧបករណ៍អេឡិចត្រូនិក​នានាដែលឆ្លងភ្លើង ឬខូចជាដើម។

    ដើម្បីជាវិធីសាស្រ្តក្នុងការជួយឱ្យការប្រើប្រាស់អគ្គិសនីសម្រាប់ប្រជាពលរដ្ឋមានភាពសន្សំសំចៃ និងចំណេញច្រើនជាងមុន អាជ្ញាធរអគ្គិសនីកម្ពុជា​ បានបង្ហាញវិធីសាស្រ្តមួយចំនួនដើម្បីជួយកាត់បន្ថយការចំណាយលើការប្រើប្រាស់អគ្គិសនីដូចតទៅ៖

    1.ឆ្នាំដាំបាយ

    – គួរជ្រើសរើសទំហំដែលសមរម្យ​សម្រាប់គ្រួសារ​នីមួយៗ

    – ជៀសវាង​បើកគម្របឆ្នាំងពេលបាយមិនទាន់ឆ្អិន

    – ដកខ្សែភ្លើងចេញពេលបាយឆ្អិន

    1. កង្ហារ

    – សម្អាតកង្ហារឱ្យបានញឹកញាប់

    – ជ្រើសរើស​ទំហំកង្ហារដែល​សមល្មមនឹង​តម្រូវការ

    – ដកខ្សែភ្លើងពេលឈប់ប្រើ

    1. អំពូលភ្លើង

    – គួរប្តូរមកប្រើអំពូលដែលស៊ីភ្លើងតិចដូចជាអំពូល LED ជាដើម

    – សម្អាតអំពូល ចានអំពូល ឱ្យបានញឹកញាប់

    1. ម៉ាស៊ីនត្រជាក់

    – ធ្វើការសម្អាតម៉ាស៊ីនត្រជាក់​រាល់ 6ខែម្តង

    – កុំយក​របស់ក្តៅចូលក្នុងបន្ទប់ម៉ាស៊ីនត្រជាក់

    – កម្រិតសីតុណ្ហភាព​កុំឱ្យត្រជាក់ពេក អាចត្រឹម 25អង្សារសេ

    – ជ្រើសរើសទំហំ​ម៉ាស៊ីនត្រជាក់ដែលសមស្របនឹងទំហំទីតាំង ឬទំហំបន្ទប់

    – បិទទ្វារ និងបង្អួចនៅពេលដែលម៉ាស៊ីនត្រជាក់កំពុងដំណើរការ

    1. ឆ្នាំងអ៊ុត

    – អ៊ុតខោអាវច្រើនតែម្តង កុំអ៊ុតខោអាវតិចៗច្រើនដង ហើយពេលអ៊ុតកុំបាញ់សើមពេក

    – រលាស់ខោអាវមុនហាល ដើម្បីកាត់បន្ថយ​កុំឱ្យមានភ្លឺច្រើនដែលធ្វើឱ្យអ៊ុតយូរ

    1. ម៉ាស៊ីនបោកខោអាវ

    – ដាក់ខោអាវឱ្យច្រើន​តាមដែលម៉ាស៊ីនកំណត់

    – ត្រាំខោអាវ​មុនដាក់បោក​ជួយឱ្យសម្អាតបានស្អាតល្អ

    7.កុំព្យូទ័រ

    – បិទម៉ូនីទ័របើមិនប្រើលើសពី 10នាទី

    – ជ្រើសរើសកុំព្យូទ័រសន្សំសំចៃអគ្គិសនី

    – បិទកុំព្យូទ័រនៅពេលមិនប្រើប្រាស់រយៈពេលយូរ (ច្រើនជាង 30នាទី)

    1. ទូទឹកកក

    – ដាក់ទូទឹកកយ៉ាងតិច 15សង់ទីម៉ែត្រពីជញ្ជាំង

    – ជ្រើសរើសទំហំទូទឹកកកដែលសមរម្យ ហើយកុំក្លាស្សេរបស់ដែលមិនចាំបាច់

    – ជ្រើសរើសកន្លែងដាក់ទូទឹកកកដែលឆ្ងាយពីរបស់​ដែលមានចំហាយ​ក្តៅ

    – ជៀសវាង​បើកទូទឹកកកញឹកញាប់

    1. ទូរទស្សន៍

    – កុំបិទទូរទស្សន៍ដោយប្រើតេឡេ ត្រូវចុចប៊ូតុង​បិទទូរទស្សន៍តែម្តង ហើយដកខ្សែភ្លើងចេញបើឈប់មើល

    – ដាក់ទូរទស្សន៍ឱ្យឃ្លាតពីជញ្ជាំង 10សង់ទីម៉ែត្រ និងកន្លែងដែលមានខ្យល់ចេញ ចូល

    10.កុំសៀវដាំទឹក

    – ដាំទឹកក្នុងចំណុះដែលត្រូវការប្រើ

    – ដកខ្សែភ្លើងចេញពេលទឹកពុះ

    – សម្អាត​កំសៀវដាំទឹកឱ្យស្អាតជានិច្ច ជៀសវាងការថយចុះនៃកម្តៅកំសៀវ៕

  • កម្មវិធី Messenger Kids របស់ Facebook នឹងដាក់ឱ្យដំណើរការនៅកម្ពុជា ថ្ងៃនេះ

    កម្មវិធី Messenger Kids របស់ Facebook នឹងដាក់ឱ្យដំណើរការនៅកម្ពុជា ថ្ងៃនេះ

    Facebook​ បាន​ប្រកាស​នៅថ្ងៃ​នេះ(ទី23មេសា)​ថា ក្រុមហ៊ុន ​នឹ​ង​​ដាក់​ឱ្យ​កម្មវិធី Messenger Kids ដំណើរ​​ការ​ក្នុង​ប្រទេស​ចំនួន​70 ​​លើពិភព​លោក ដោយ​មាន​ការ​​​បញ្ចូល​នូវ​ចំណុច​ពិសេស​ ថ្មី​ៗ​ជាច្រើន ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់ឪពុក​ម្តាយ ក្នុង​ការ​ជួយ​ឱ្យ​កូន​ៗ ​របស់​​ពួក​គាត់​​រក្សា​​ការ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​មិត្ត​ភក្តិ​របស់​ពួកគេ​។ ​ជា​មួយ​គ្នា​នេះដែរ មាតា​-បិតា និង​អាណា​ព្យា​បាល ​ក្នុង​ប្រទេស​កម្ពុជា ក៏​អាច​ទាញ​យក​កម្ម​វិធី​នេះ ដើម្បី​ឱ្យ​កូន​ៗ​របស់​ខ្លួន បាន​ប្រើប្រាស់​ចាប់​ពី​ថ្ងៃ​នេះ(ទី23មេសា)តទៅ ទាំង​លើ​ប្រព័ន្ធ Android និង IOS ផងដែរ​។

    ខណៈ​ដែល​​សហ​គមន៍​ជាច្រើន​កំពុង​តែ​ស្វែង​រក​វិធី​សាស្ត្រ​ផ្សេង​​ៗ​​ដើម្បី​ឆ្លើយ​តប​ទៅ​នឹងវិ​បត្តិ​​វីរុស​កូវីដ-19​ និង​ស្រប​ពេល​ដែលសា​លា​​រៀន​​នានា​​បាន​បិទ​ជា​បណ្តោះ​អាសន្ន ហើយ​​ប្រជា​ពល​រដ្ឋ​ទូទៅ​កំពុង​អនុ​វត្ត​វិធានការ រក្សាគម្លាតក្នុង​សង្គម ឪពុក​​ម្តាយ​ជា​ច្រើន កំពុង​តែ​​​​ចាប់​អារម្មណ៍កាន់តែ​​ខ្លាំង​​​​​​ក្នុងការប្រើប្រាស់​បច្ចេក​វិទ្យា ដើម្បី​ជួយ​ឱ្យ​កូន​ៗរបស់​ពួក​គាត់ រក្សា​ទំនាក់ទំនង​ជា​មួយ​នឹង​មិត្ត​ភក្កិ និងក្រុម​គ្រួ​សារ ប៉ុន្តែ ក៏​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​​ពួក​គាត់​ដែរ​​។

    Messenger Kids ជា​កម្ម​វិធី​ផ្ញើសារ និង​ជជែក​កម្សាន្ត​ជា​វីដេ​អូ។​ កម្មវិធីនេះនឹង​​ជួយ​ឱ្យ​​កុមារ​ៗ រក្សា​​​​ការ​ភ្ជាប់​ទំនាក់ទំនង​ជា​មួយនឹង​មិត្ត​ភក្តិ និងក្រុមគ្រួ​សារ​​របស់​ពួកគេបានយ៉ាងសប្បាយរីករាយ ក្នុង​កម្រិត​មួយដែល​ស្ថិត​ក្រោម​​ការ​គ្រប់គ្រង​របស់ឪពុក​ម្តាយ​​របស់​ពួកគេ​។ Facebook បាន​ធ្វើការ​យ៉ាង​ប្រកៀក​ជា​មួយ​នឹង​ទី​ប្រឹក្សា​យុវជ​ន ឬ Youth Advisors ដែល​ជាក្រុម​ជំនាញ​ផ្នែក​សុវត្ថិភាព​លើប្រព័ន្ធ​អន​ឡាញ ការ​អភិវឌ្ឍ​របស់​កុមារ និង​បណ្តាញ​សារ​ព័ត៌​មាន ដើម្បី​​រួម​​គ្នាបង្កើត​កម្មវិធី Messenger Kids នេះ​ឡើង​​។

    Facebook នៅ​តែ​បន្ត​ធ្វើការ​ពិភាក្សា​ជា​មួយ​នឹង​អ្នក​ជំនាញ​ក្នុង​​វិស័យ​អប់​រំ និង​ទីប្រឹក្សា​ផ្នែក​​សុវត្ថិ​ភាពកុមារ ដើម្បី​ធា​នា​ឱ្យ​បាន​ថា ក្រុមហ៊ុន​​កំពុង​តែ​​ផ្តល់​សេវា​មួយ ដែល​ជួយ​ឱ្យ​មាន​តុល្យ​ភាពរវាងការ​គ្រប់គ្រង របស់​​ឪពុក​ម្តាយ និង​មុខងារទាំងឡាយណា ដែលជួយ​ឱ្យ​កុមារ​បានរៀនអំ​ពី​របៀប​ភ្ជាប់​ទំនាក់ទំនង​ ជាមួយគ្នាលើ​​អន​ឡាញ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​។

    កម្ម​​វិធីនេះ ត្រូវបានបង្កើតឡើងសម្រាប់កុមារ ប៉ុន្តែក្រោមការគ្រប់គ្រងរបស់​​ឪពុកម្តាយ

    Messenger Kids មាន​លក្ខណៈ​ពិសេស​​​ជា​ច្រើន​សម្រាប់​ក្មេង​ៗ ដើម្បី​​ជួយ​ឱ្យ​​ពួក​គេ​រក្សាការ​ភ្ជាប់​ទំនាក់ទំនង​ ជាមួយ​នឹង​មនុស្ស​​ជា​ទី​ស្រឡាញ់​របស់ពួក​គេ​​បាន។ នៅ​ពេល​ដែល​ឪពុកម្តាយ​បង្កើត​គណនី​​ឱ្យ​កូនៗ  កូន​​​ៗ​ក៏ អាច​ចាប់​ផ្តើម​​ជជែក​កម្សាន្ត​ជា​វីដេអូ​ 1​ទល់​នឹង1 ​ ឬ​ជាក្រុម​ក៏​បាន​។ ជា​មួយ​គ្នា​នេះ ឪពុក​ម្តាយ អាច​ចូល​ទៅ​ត្រួត​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​​​មនុស្ស​ ដែល​កូន​ៗ​របស់​ពួក​​គាត់​បាន​ភ្ជាប់​ទំនាក់ទំនងជា​​មួយ​ និងមើលថា តើ​អ្នកទាំងនោះ បើក​អន​ឡាញ​​នៅពេលណា។

    • រូបភាព​​​តំណាង​ឱ្យ​​​ម៉ាស់​ការ​ពារ រូប emoji ដ៏​សម្បូរ​បែប និង​សំឡេង​និមិត្តផ្សេងៗ នឹង​ធ្វើ​ឱ្យ​​ការ​​សន្ទនា​​មានភាពរស់​រវើក​​។
    • ក្រៅពី​​ការ​ជជែក​ជា​វីដេ​អូហើយ ក្មេង​ៗក៏​អាច​ផ្ញើ​រូប​ថត ឃ្លិបវី​ដេអូ ឬ​សារ​ជា​អក្សរ ទៅកាន់​មិត្ត​ភក្តិ ​របស់​ពួក​​គេ ក៏ដូច​ជា​ផ្ញើ​សារ​ចូល​ទៅ​កាន់កម្ម​វិធី Messenger ធម្ម​តា របស់​​អ៊ុំៗ ពូៗ និងមីងៗ​ របស់​ពួកគេបានដែរ​ ប៉ុន្តែ​ត្រូវស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ឪពុក​ម្តាយ​​​​។
    • កម្ម​វិធី​សម្រាប់​ក្មេង​ៗ​ដ៏​សម្បូរ​បែប ដូច​ជា GIF ស៊ុម​រូប​ថត ស្ទីក​ឃើរ ម៉ាស​ការ​ពារ និង​កម្មវិធី គូរ​រូប​ផ្សេង​ៗ នឹង​អនុ​ញ្ញាត​ឱ្យ​ក្មេងៗ ​​អាច​បង្កើត​មាតិ​កា​​ជាច្រើន ​ក៏ដូច​ជា​បង្ហាញ​ពី​​ការយល់ឃើញ ​​របស់​ពួកគេ​​ផងដែរ។
    • Messenger Kids ផ្ដល់ជូន​ឪពុកម្តាយ នូវលទ្ធភាពកាន់តែច្រើន ដើម្បី​គ្រប់គ្រង​​​​កូនៗ​ ​បញ្ជី​មិត្ត​ភក្តិ​របស់​កូនៗ ព្រមទាំង​​អាច​ចូល​ទៅ​ពិនិត្យ​មើល ថាតើកូនៗកំពុង​តែ​ប្រើ​ប្រាស់​​កម្មវិធីនេះ ដើម្បីធ្វើអ្វីខ្លះទៀតផង​។ លើស​ពី​នេះ​ទៅទៀត ឪពុកម្តាយក៏​​អាច​គ្រប់គ្រង​​គណនី និង​បញ្ជី​មិត្ត​ភក្តិ​ របស់​កូនៗ​​​បាន​ផងដែរ តាមរយៈប្រអប់​ Messenger Kids Parent Dashboard នៅ​ក្នុង Facebook ​ផ្ទាល់​របស់​ពួក​គាត់តែម្ដង ​ដែល​ដំណើរ​ការបាន​ ទាំង​លើ​ប្រព័ន្ធ iOS និង Android​​។

    វិធី​​ប្រើប្រាស់កម្មវិធី

    រាល់​គណនី​​របស់​កុមារ​ទាំង​អស់ដែលមាននៅលើ Messenger Kids ត្រូវ​តែ​បង្កើត​ឡើង​ដោយ​ឪពុក​ម្តាយ​ របស់​ពួក​គេ​។ មាតា-បិតា អាច​បង្កើត​គណនី Messenger Kids សម្រាប់កូន​​ៗ​បានតាម 4ឌំណាក់កាល ខាង​ក្រោមនេះ៖

    • ទាញយកកម្មវិធី៖ ដំបូង ត្រូវ​ទាញយក​កម្មវិធី Messenger Kids ដើម្បីដំឡើង​លើ iPad, iPod ឬ​ទូរ​ស័ព្ទ iPhone ពី​ App Store​។
    • ផ្ទៀងផ្ទាត់៖ បន្ទាប់​មក ត្រូវ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ជាមួយ​នឹង​ឧបករណ៍​ដែល​កូន​​​លោក​អ្នក​​ត្រូវ​ប្រើ តាម​រយៈ​ការ​​ប្រើប្រាស់​ឈ្មោះ (Username) និង​លេខ​​សម្ងាត់​ (Password) Facebook ផ្ទាល់ខ្លួន​​របស់​អ្នក​។ សូម​បញ្ជាក់​ថា នេះ​មិនមែន​ជា​ការ​បង្កើត​គណនី Facebook ថ្មីមួយ​សម្រាប់​កូន​របស់​អ្នក ឬ​​ជាការផ្ដល់សិទ្ធិឱ្យកូនៗចូលប្រើគណនី​ Facebook របស់​លោក​អ្នកនោះឡើយ​។
    • បង្កើតគណនី 1៖ ដើម្បី​បញ្ចប់​ដំណើរ​ការ​នៃ​ការ​ដំឡើង លោក​អ្នក​ត្រូវ​តែ​បង្កើត​គណនី 1 ​សម្រាប់​កូន​របស់​អ្នក ខណៈ​ដែលក្នុង​គណនី​នោះ អ្នក​នឹង​ត្រូវ​តែ​បញ្ចូល​ឈ្មោះ​របស់​ពួក​គេ ក៏ដូច​ជា ​កំណត់ និង​​ជ្រើស​រើស​បន្ថែម​នូវលក្ខណៈ​ពិសេស​ផ្សេង​ៗ​។ បន្ទាប់​មក ​លោក​អ្នក​អាច​ប្រគល់​ឧប​ករណ៍​​ ដែល​ត្រូវ​បាន​ដំឡើង​គណនី Messenger Kids នោះ ទៅ​កូន​របស់​លោក​អ្នកបាន​ ដើម្បី​ឱ្យ​ពួក​គេ​​អាច ចាប់​ផ្តើម​ជជែក​កម្សាន្ត​ជាមួយ​នឹងក្រុម​គ្រួ​សារ និង​មិត្ត​ភក្តិ​។
    • បញ្ចូលមិត្តភក្តិ៖ ដើម្បី​បញ្ចូល​មិត្ត​ភក្តិ​​ក្នុង​បញ្ជី​មិត្ត​ភក្តិ​កូនៗ​របស់​អ្នក សូម​ចូល​ទៅកាន់ប្រអប់ Messenger Kids Parent Dashboard នៅ​ក្នុងគណនី​ Facebook ផ្ទាល់​ខ្លួន​​របស់​អ្នក​។ ដើម្បី​ចូល​ទៅ​កាន់​ប្រអប់​នោះ សូម​ចុច​លើ​ពាក្យ «More​» ឬ «មើល​ច្រើន​ទៀត» ដែលមាន នៅ​​ឯជ្រុងខាងស្ដាំនៃ​ ផ្នែកខាង​​ក្រោមនៃអេក្រង់​ នៅ​ក្នុង​គណនី Facebook ផ្ទាល់ខ្លួន​​របស់​អ្នក ហើយ​ចុច​លើពាក្យ «Messenger Kids» នៅក្នុង​ប្រអប់​ Explore​។

    ព័ត៌មានបន្ថែម និងផែនការបន្ទាប់

    នៅ​លើ Messenger Kids មិនមានការ​ផ្សាយ​​ពាណិជ្ជ​កម្ម​​ឡើយ ហើយ​ព័ត៌​មាន​របស់កូន​​លោក​អ្នក មិន​​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​ដើម្បីប្រយោជន៍ផ្សាយ​ពាណិជ្ជ​កម្ម​ឡើយ​​។ លោក​អ្នក​អាច​ទាញ​យក​កម្មវិធី​នេះបាន ​ដោយ​ឥត​​គិត​ថ្លៃ ហើយ​​ក៏​គ្មាន​ការបង់ថ្លៃអ្វីបនែ្ថមក្នុង​កម្មវិធី​នេះ​ដែរ​។ Messenger Kids ក៏ត្រូវ​បាន​បង្កើត​ឡើង ដោយ​អនុ​លោម​តាម​ច្បាប់​​ស្ដីអំពីឯក​ជន​ភាព ​និងការការពារការ​អន​ឡាញ​របស់​កុមារ ផងដែរ (COPPA)​។

    យើង​បន្ត​ធ្វើ​ការ​ជាមួយ​នឹង​ឪពុកម្តាយ អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព និង​សន្តិ​សុខ ដើម្បី​ធ្វើ​ឱ្យ​កម្មវិធី Messenger Kids កាន់​តែ​មានភាព​ល្អ​ប្រសើរ ហើយ​នៅ​ថ្ងៃ​នេះ យើង​ក៏​បានប្រកាស​ពី​វិធី​ថ្មី​ៗ​ក្នុង​ការ​ជួយ​ឱ្យ​​ឪពុក​ម្តាយ ​រក្សា​ការ​ភ្ជាប់​ទំនាក់ទំនង​​របស់​កូន​ៗ​ជាមួយនឹង​មិត្ត​ភក្តិ​​របស់​ពួក​គេ ផងដែរ​។ កម្មវិធី​នេះ នឹង​​​ដាក់​ឱ្យ​ដំណើរ​ការទូ​ទាំង​ពិភពលោក នៅ​ប៉ុន្មាន​ខែ​ខាងមុខ​នេះ​។

    សម្រាប់​ព័ត៌​មានលម្អិត​បន្ថែម​ទៀត​​អំពី​កម្មវិធី​នេះ សូម​ចូល​ទៅកាន់​គេហ​ទំ​ព័រ messengerkids.com​។

    សម្រាប់​​ព័ត៌​មាន​ថ្មី​ៗ អំ​ពី​របៀប​ប្រើ​ប្រាស់ Messenger Kids សូម​ចូល​ទៅ​កាន់​មជ្ឈមណ្ឌល​ផ្តល់​ជំនួយ ឬ Help Center របស់​យើង​៕

     

  • មានម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់Samsung ដូចមានជំនួយការបោកគក់ដ៏វៃឆ្លាតបំផុតក្នុងផ្ទះ…!!

    មានម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់Samsung ដូចមានជំនួយការបោកគក់ដ៏វៃឆ្លាតបំផុតក្នុងផ្ទះ…!!

    (ភ្នំពេញ) ថ្ងៃទី ២៤ ខែមេសា ២០២០៖
    ការបោកគក់សម្លៀកបំពាក់ មិនមែនជាការងារងាយស្រួលឡើយ ជាពិសេសក្នុងអាកាសធាតុក្តៅ សម្បូរធូលីដីបែបនេះ គឺថាតិចៗបែកញើសជោគ!ខោអាវទើបនឹងពាក់ឆាប់ប្រឡាក់ និងងាយធុំក្លិនញើស! ប៉ុន្តែឥឡូវនេះលោកអ្នកឈប់បារម្ភទៀតទៅ… ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់ Samsung ពិតជាអាចធ្វើឱ្យជីវិតរបស់លោកអ្នកកាន់តែងាយស្រួល!

    ទាំងនេះគឺជាលក្ខណៈសម្បត្តិពិសេសរបស់ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់ Samsung ដែលបំពាក់មកជាមួយនឹងបច្ចេកវិទ្យាចុងក្រោយក្នុងការជួយសម្រួលដល់ការបោកសម្អាតសម្លៀកបំពាក់បានយ៉ាងល្អបំផុត៖

    1. បច្ចេកវិទ្យា Digital Inverter
    ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ធ្វើឱ្យម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់ Samsung មានសំឡេងស្ងាត់ល្អ គ្មានសំឡេងរំខាន សន្សំសំចៃថាមពលខ្ពស់បំផុត និងមានការធានារហូតដល់ 11 ឆ្នាំ!

    2. Magic Dispenser
    ជាបច្ចេកវិទ្យាដែលជួយកាត់បន្ថយការជាប់សាប៊ូលើសម្លៀកបំពាក់ដោយមុខងារនេះអាចវាយបំបែកម្សៅសាប៊ូ ឬសាប៊ូទឹកបោកខោអាវជាមួយនឹងស្លាបចក្រទាំង៦ ធ្វើឱ្យសាប៊ូរលាយបានយ៉ាងល្អបំផុតក្នុងទឹកដោយបង្កើតបានជាពពុះសាប៊ូ ហើយជ្រាបចូលទៅក្នុងសាច់ក្រណាត់បានយ៉ាងល្អឥតខ្ចោះមុននឹងម៉ាស៊ីនចាប់ផ្តើមនូវប្រតិបត្តិការបោកគក់។

    3. Magic Filter (Powerful Filtration)
    ជាបច្ចេកវិទ្យាដែលបំពាក់មកជាមួយតម្រងពីរជាន់អាចចាប់យកកំទេចកំទីផ្សេងៗបានយ៉ាងល្អ និងធ្វើឱ្យអ្នកអាចបោកសម្លៀកបំពាក់បានស្អាតដោយគ្មានជាប់កំទេចកំទីជាប់លើសាច់ក្រណាត់បានយ៉ាងល្អឥតខ្ចោះ!

    4. WobbleTM Technology
    ជាបច្ចេកវិទ្យាទំនើបចុងក្រោយក្នុងការកាត់បន្ថយការប្រទាក់គ្នានៃសម្លៀកបំពាក់ ដែលជាមូលហេតុធ្វើឱ្យសម្លៀកបំពាក់ជ្រួញ និងរមួលចូលគ្នា។

    5. Smart Check
    លោកអ្នកនឹងមិនចាំបាច់ចំណាយពេល ឬថវិកាបន្ថែមក្នុងការហៅជាងជួសជុលទៀតនោះទេ! លោកអ្នកក៏អាចពិនិត្យ និងស្វែងរកដំណោះស្រាយនៃម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់ Samsung បានដោយស្វ័យប្រវត្តិជាមួយនឹងមុខងារជាច្រើននៅលើទូរស័ព្ទដៃបានយ៉ាងងាយបំផុត!

    6. Intensive Cleaning
    ជាមួយនឹងមុខងារ Intensive Wash លោកអ្នកអាចជ្រើសរើសមុខងារនេះក្នុងការបោកសម្អាតនូវសម្លៀកបំពាក់ណាដែលមានស្នាមប្រឡាក់ខ្លាំង ដែលមិនងាយជម្រះ!
    យ៉ាងម៉េចដែរប៉ុនហ្នឹង…? ពេញចិត្តនៅ? ដូច្នេះមានម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់ Samsung មួយគ្រឿងនៅផ្ទះដឹងតែជីវិតងាយស្រួល និងមានពេលវេលាសម្រាកច្រើនតែម្តង!
    ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមហាងដេប៉ូចែកចាយផលិតផល
    សាមសុង ទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800 203 232!

  • កម្ពុជាចំណាយប្រាក់ចន្លោះ 2,000ដុល្លារ ទៅ 2,500ដុល្លារ សម្រាប់ព្យាបាលអ្នកមានវីរុសកូវីដ-19 ម្នាក់

    កម្ពុជាចំណាយប្រាក់ចន្លោះ 2,000ដុល្លារ ទៅ 2,500ដុល្លារ សម្រាប់ព្យាបាលអ្នកមានវីរុសកូវីដ-19 ម្នាក់

    រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ការព្យាបាលអ្នកមានផ្ទុកវីរុសកូវីដ-19 ម្នាក់ត្រូវការចំណាយទឹកប្រាក់ចន្លោះពី 2,000ដុល្លារ ទៅ 2,500ដុល្លារអាមេរិក នេះបើតាមការថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពវីរុសកូវីដ-19 នៅថ្ងៃទី20 ខែមេសា ឆ្នាំ2020។

    លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងឱ្យដឹងថា៖«ថវិកាដែលនឹងចំណាយពាក់ព័ន្ធនឹងរឿងនេះគឺ ជាង 1ពាន់ដុល្លារ សម្រាប់ចំណាយទៅលើការធ្វើតេស្តរកមេរោគ។ ដោយឡែកជាង 1ពាន់ដុល្លារទៀត ចំណាយទៅលើថ្លៃថ្នាំ អាហារហូបចុក ថែទាំ និងការស្នាក់នៅជាដើម»។

    លោកជំទាវបានបន្ថែមថា ការចំណាយនេះអាស្រ័យទៅលើរយៈពេលនៃការព្យាបាល ពោលបើការព្យាបាលចំណាយពេលយូរ ការចំណាយក៏ច្រើនឡើងដែរ ហើយបើការព្យាបាលមានរយៈពេលខ្លី ការចំណាយក៏តិចទៅតាមហ្នឹងដែរ ហើយតម្លៃនេះ ក៏ប្រែប្រួលទៅតាមការព្យាបាលរវាងមន្ទីរពេទ្យរដ្ឋ និងឯកជនផងដែរ។ ការចំណាយនេះ មិនទាន់បូករួមការឧបត្ថម្ភដល់គ្រូពេទ្យអ្នកព្យាបាល 1ថ្ងៃម្នាក់ 20ម៉ឺន​រៀល(50ដុល្លារ)ថែមពីលើប្រាក់បៀវត្សរ៍នៅឡើយផង។

    មិនទាន់មានការបញ្ជាក់ពីការចំណាយសរុបក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងវីរុសកូវីដ-19 ក៏ដូចជាព្យាបាលអ្នកជំងឺនៅឡើយនោះទេ។ ប៉ុន្តែលោកស្រីរដ្ឋលេខាធិការ បានឱ្យដឹងថា ក្រសួងបានចំណាយថវិកាប្រមាណ 4.5លានដុល្លារអាមេរិក ជាថវិការបស់រដ្ឋ និងថវិកាសប្បុរសជន 5លានដុល្លារទៀត ដើម្បីទិញសម្ភារនានា សម្រាប់ក្រុមគ្រូពេទ្យប្រើប្រាស់។

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានបញ្ជាក់ថា ការព្យាបាលអ្នកជំងឺកូវីដ-19 ទាំងជនបរទេស និងពលរដ្ឋខ្មែរ មិនត្រូវបានគិតថ្លៃពីអ្នកជំងឺនោះទេ។ ការសម្រេចនេះ បានបង្ហាញពីការទទួលខុសត្រូវខ្ពស់ និងទឹកចិត្តសប្បុរសធម៌ដ៏ជ្រាលជ្រៅរបស់រាជរដ្ឋាភិបាលកម្ពុជាទៅលើអ្នកជំងឺ ខណៈបណ្តាប្រទេសជាច្រើនទៀត សុទ្ធតែបានយកថ្លៃព្យាបាលពីជនបរទេស។

    អ្នកមានវីរុសCovid-19 ជាជនជាតិខ្មែរ និង​ជនបរទេស ដែលនៅក្នុងកម្ពុជា អាច​ចាត់ទុកថា ជាអ្នកមានសំណាងធំណាស់ ដោយសារតែ​ពួកគេ​មិន​តម្រូវ​ឱ្យ​បង់ប្រាក់​ឡើយ  ព្រោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងសុខាភិបាល ​បានបង្ហាញ​ពី​ការទទួល​បន្ទុក និង​មាន​ភាពទទួល​ខុសត្រូវ​យ៉ាងខ្ពស់ ដោយបាន​ចំណាយ​ថវិកា​ទាំងស្រុង​ ទៅលើ​ថ្លៃ​ព្យាបាល​​អ្នកមានវីរុសCovid-19 ចម្រុះ​ជាតិ​សាសន៍​ទាំងនោះ។

    អ្នកជំងឺ​ដែល​ផ្ទុកវីរុសកូវីដ-19  ដែល​សម្រាក​ព្យាបាល​នៅក្នុង​ប្រទេស​កម្ពុជា ភាគច្រើន ​គឺជា​ជនជាតិ​បរទេស ហើយ​មានការ​ប្រែប្រួល​ទៅតាម​អាការ និង​ការធ្វើ​តេស្ត​នៅក្នុង​រង្វង់10 ទៅ11ដង។

    លោកជំទាវបានលើកឧទាហរណ៍ថា ដូចជា ជនជាតិ​បារាំង 2នាក់​ប្ដី​ប្រពន្ធ រួម​ជាមួយនឹង​កូនតូច​អាយុ 4ខែ ដែល​សម្រាក​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ គឺ​ពួកគាត់​ឈ្លោះ​គ្នា ពេល​ពិនិត្យឃើញ​ឪពុក​វិជ្ជមាន ម្តាយ​អវិជ្ជមាន ពេល​ម្ដាយ​វិជ្ជមាន ឪពុក​អវិជ្ជមាន​ម្ដង អ៊ីចឹ​ង​មានន័យថា វា​មានការ​ប្រែប្រួល​អាស្រ័យទៅលើ​កត្តា​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​ផងដែរ។

    លោកជំទាវ​បាន​បញ្ជាក់ថា៖«ក្រោយ​ពេល​យើង​ធ្វើតេស្ត​ម្ដង​ឃើញ​មាន​វិជ្ជមាន គឺ​តម្រូវឱ្យ​គាត់​សម្រាក​នៅ​ពេទ្យពី 5-7ថ្ងៃ បាន​យើង​កុងត្រូល (គ្រប់គ្រង​ជំងឺ)គាត់។ អ៊ីចឹ​ង​ពេលដែល​កុងត្រូល​អវិជ្ជមាន​លើក​ទី1 ក្រោយ​រយៈពេល 48ម៉ោង យើង​ធ្វើ​កុងត្រូល​លើក​ទី2»។

    ជាមួយនឹង​ការទទួល​បន្ទុកការចំណាយ​ទាំងស្រុង ទៅលើ​ការព្យាបាល​អ្នកជំងឺ Covid-19 របស់​រដ្ឋាភិបាល​កម្ពុ​ជា គឺជា​ទង្វើ​មនុស្សធម៌​ដ៏​ថ្លៃថ្លា ដែលបច្ចុប្បន្ននេះ រដ្ឋាភិបាល​បាន​ត្រៀម​ថវិកាបម្រុង​ជាច្រើន​លាន​ដុល្លារ សម្រាប់​ចំណាយ​រួចជាស្រេច បន្ថែម​ពីលើ​ការចូលរួម​បរិច្ចាគ​ថវិកា និង​ធនធាន​ផ្ទាល់ខ្លួន​របស់​មន្ត្រីរាជកា​រ និង​បណ្តា​សប្បុរសជន​នានា​នៅ​ទូទាំងប្រទេស។

    ដោយឡែកនៅបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសសិង្ហបុរី​ ត្រូវ​បាន​ប្រកាស​ នៅលើ​​គេហទំព័ររបស់ក្រសួងសុខាភិបាល ឱ្យ​ដឹង​ថា៖«ចាប់​ពី​​ខែ​មីនា ​ការព្យាបាលការឆ្លងមេរោគ ផ្លូវដង្ហើមធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យរដ្ឋរបស់ប្រទេសសិង្ហបុរី ត្រូវបានអនុវត្តលើជនបរទេស ដែលជាធម្មតាមានតម្លៃចន្លោះពី 4,300 ទៅ 4,800ដុល្លារអាមេរិក»។

    ចំណែក នៅឯសហរដ្ឋអាមេរិកវិញ​ សម្រាប់តម្លៃការព្យាបាល ការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យរដ្ឋ ចំពោះប្រជាជនអាមេរិកទូទៅ គឺមានតម្លៃចន្លោះពីជាង 40,000 ទៅ 70,000ដុល្លារអាមេរិក។

    សូមបញ្ជាក់ថា មកដល់ត្រឹមថ្ងៃទី22 ខែមេសា ឆ្នាំ2020 កម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ-19 ចំនួន 122នាក់ ពលរដ្ឋខ្មែរ 51នាក់ ជនបរទេស71នាក់។ មកដល់បច្ចុប្បន្នព្យាបាលជា 110នាក់ ហើយកំពុងព្យាបាល 12នាក់៕

  • PSG ដំឡើងប្រាក់ខែ ចងជើង Neymar ឱ្យនៅបន្តដល់ឆ្នាំ2025

    PSG ដំឡើងប្រាក់ខែ ចងជើង Neymar ឱ្យនៅបន្តដល់ឆ្នាំ2025

    កីឡាករ Neymar JR សញ្ជាតិប្រេស៊ីល ត្រូវបានទាក់ទងឱ្យវិលត្រឡប់ទៅកាន់កីឡដ្ឋាន Nou-Camp វិញ ជាកន្លែងដែលគេធ្លាប់លេងឱ្យ Barcelona រវាងឆ្នាំ2013-2017 មុនពេលចាកចេញមកទីក្រុងប៉ារីស ក្នុងតម្លៃខ្លួនកំណត់ត្រាពិភពលោក គឺ 198លានផោន។

    ដោយសារតែនៅលីកបារាំង ការប្រកួតប្រជែងហាក់មិនសូវមានភាពខ្លាំងដូចនៅអេស្ប៉ាញ ហើយ Neymar ក៏ហាក់បង្ហាញកាយវិការដូចជាចង់យកឱកាសនេះដើម្បីទៅកាន់អតីតក្លិបរបស់ខ្លួនផងនោះ ក្លិបបច្ចុប្បន្នរបស់គេ Paris Saint Germaint បានប្រកាសបង្កើនប្រាក់ថ្លៃឈ្នួលរបស់កីឡាកររូបនេះល់ទៅ 64ម៉ឺនផោនក្នុង 1សប្ដាហ៍។

    គួរបញ្ជាក់ដែរថា Neymar រកបាន 18គ្រាប់ និង Assist 10គ្រាប់ គិតគ្រប់កម្មវិធីឲ្យ PSG រដូវកាលនេះ និងបច្ចុប្បន្នមានចំណូល 60ម៉ឺនផោនក្នុង 1សប្ដាហ៍៕

  • ជំងឺសួតធ្លុះ កើតចេញពីអ្វី?

    ជំងឺសួតធ្លុះ កើតចេញពីអ្វី?

    សួតធ្លុះ មានន័យថា ជាសភាវដែលមានលេចខ្យល់ចេញពីថង់ខ្យល់( alveoli ) ចូលទៅដក់នៅក្នុងប្រឡោះរុំសួត( pleuralcavity ) ខ្យល់ដែលលេចនោះនឹងកើនច្រើនឡើងជារឿយៗ និងរុញឱ្យសាច់សួតសំប៉ែតចុះ ធ្វើឱ្យមានអាការពិបាកដកដង្ហើម និងអាចកើតសភាវគាំងដល់ស្លាប់បាន តែជាសភាវដែលកម្រជួបប្រទះណាស់។

    មូលហេតុរបស់ ជំងឺសួតធ្លុះ

    អាចបណ្តាលមកពីការរងរបួសហៅថា ធ្លុះសួតដោយសាររបួស ដូចជា ត្រូវគ្រាប់កាំភ្លើង ត្រូវចាក់ដោយកាំបិត រថយន្តបុក ឬនៅសុខៗក៏អាចកើតឡើងដោយឯកឯងបានដែរ ហៅថា សួតធ្លុះដែលកើតឡើងឯង( spontaneous pneumothorax ) កើតឡើងដោយសារតែមានការបែករបស់ថង់ខ្យល់ដែលខុសប្រក្រតី ច្រើនជួបប្រទះនៅលើអ្នកដែលកើតជំងឺថង់ខ្យល់រីក ក្រៅពីនេះនៅអាចជួបប្រទះលើអ្នកដែលកើតជំងឺ ហឺត រលាកសួត របេងសួត ផងដែរ អ្នកខ្លះអាចកើតដោយមិនដឹងពីមូលហេតុក៏មាន ច្រើនជួបនៅលើមនុស្សដែលជក់បារី។ បើរន្ធលេចមិនច្រើន អាចគ្មានអាការធ្ងន់ធ្ងរទេ និងបាត់ទៅវិញបានដោយឯកឯងក្នុងរយៈពេលតែមិនប៉ុន្មានថ្ងៃប៉ុណ្ណោះ តែបើលេចខ្យល់ចេញមកច្រើន ច្រើនតែធ្វើឱ្យកើតអាការដង្ហក់ធ្ងន់ធ្ងរ បើជួយសង្រ្គោះមិនទាន់អាចបណ្តាលឱ្យស្លាប់បាន។

    អាការរបស់ សួតធ្លុះ

    មានអាការដែលបង្ហាញឱ្យឃើញបានច្រើនយ៉ាង អាស្រ័យលើខ្នាតរបស់រន្ធដែលលេច និងសភាពរបស់អ្នកជំងឺ អ្នកខ្លះអាចមានអារម្មណ៍ឈឺដើមទ្រូងអួលឡើងភ្លាមៗ និងអាចឈឺរាលទៅរកស្មា ឬដៃ ហើយតមកមានអារម្មណ៍ដកដង្ហើមដង្ហក់ អ្នកខ្លះអាចមានអាការក្អកស្ងួតរួមជាមួយផង។ អ្នកខ្លះទៀតអាចគ្រាន់តែមានអារម្មណ៍ថាណែនថប់ក្នុងដើមទ្រូង ឬឈឺដើមទ្រូងម្តងម្កាលស្រដៀងនឹងអាការរលាកស្រទាប់រុំសួត នៅពេលបណ្តោយទុកចោលយូរថ្ងៃ បើខ្យល់នៅតែលេចចេញមករឿយរហូតធ្វើឱ្យសួតម្ខាងសំប៉ែតនោះ នឹងធ្វើឱ្យអ្នកជំងឺមានអាការដង្ហក់ខ្លាំង ជីពចរលោតញាប់ និងសម្ពាធឈាមធ្លាក់ចុះ។

    អ្វីដែលពិនិត្យឃើញ

    ដើមទ្រូងខាងដែលឈឺគោះទៅឮរាងស្រឡះជាងម្ខាងទៀត ប្រើប្រដាប់ស្តាប់នៅលើសួតនឹងមិនបានឮសូរសំឡេងដកដង្ហើមឡើយ ឬបានឮ តែតិចបំផុត បំពង់ខ្យល់ធំអាចវៀចទៅផ្នែកម្ខាងទៀត។

    អាការជ្រៀតជ្រែក

    បើកើតធ្ងន់ធ្ងរ អាចធ្វើឱ្យកើតសភាវគាំងបេះដូងទាន់ហន់( acute pulmonary failure ) ឬកើតសភាវគាំងសន្លប់បាន។

    ការព្យាបាលអាការសួតធ្លុះ

    1- បើសិនមានការសង្ស័យ ចូរប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ លោកគ្រូពេទ្យអាចនឹងត្រូវឆ្លុះអេក្សរេយ៍មើលដើម្បីឱ្យប្រាកដក្នុងចិត្ត ឬប្រើម្ជុលតភ្ជាប់ជាមួយបំពង់សេរ៉ាំងចាក់ថ្នាំចោះនៅកន្លែងចន្លោះឆ្អឹងជំនីទី 2 (ដោយចាក់ថ្នាំស្ពឹក​ជាមុន) បើសិនមានខ្យល់បាញ់ចូលមកក្នុងបំពង់សេរ៉ាំងចាក់​ថ្នាំនោះ សម្តែងថា ពិតជាមានខ្យល់នៅក្នុងចន្លោះរុំសួតមែន ក៏នឹងធ្វើការចោះទម្លាយឱ្យខ្យល់ចេញ។ បើរកឃើញមូលហេតុច្បាស់លាស់ លោកគ្រូពេទ្យក៏នឹងធ្វើការព្យាបាលជំងឺដែលជាដើមហេតុនោះផងដែរ។

    2- លើអ្នកជំងឺដែលមានអាការដង្ហក់ខ្លាំង និងរកឃើញថាបំពង់ខ្យល់ធំត្រូវបានរុញទៅផ្នែកផ្សេង តែមិនអាចបញ្ជូនទៅមន្ទីរពេទ្យបាន ចូរធ្វើការជួយសង្រ្គោះបថម ដោយប្រើម្ជុលតចូលជាមួយខ្សែសេរ៉ូមឱ្យណែន ព្រលែងចុងខ្សែសេរ៉ូមម្ខាងទៀតចូលទៅក្នុងដបទឹក ឬអាងដាក់ទឹកដែលមានកំពស់ទឹក 15 – 20 សង្ទីម៉ែត្រ ហើយចាក់ម្ជុលចូលទៅចន្លោះឆ្អឹងជំនីទី 2 ឱ្យធ្លុះស្រទាប់សាច់ទ្រូង នឹងឃើញមានពពុះខ្យល់ចេញមកឱ្យឃើញ រួចហើយប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ និងត្រូវប្រយ័ត្នកុំឱ្យចុងខ្សែសេរ៉ូមចេញផុតពីទឹកជាដាច់ខាត។ នៅពេលឃើញថាពពុះខ្យល់ចេញមកតិចហើយ និងអាការរបស់អ្នកជំងឺធូរស្រាលហើយនោះ អាចដកម្ជុលចេញបាន។

    ចំណុចណែនាំ

    អ្នកជំងឺដែលមានសភាវ សួតធ្លុះ កើតឡើងឯងដោយមិនដឹងពីមូលហេតុ នៅពេលព្យាបាលជាហើយ ប្រមាណជា 50% អាចមានអាការកម្រើកឡើងវិញ និងបើមានប្រវត្តិធ្លាប់ជក់បារីផងនោះ គួរតែតមជក់បារីដើម្បីកុំឱ្យមានការកម្រើកឡើងវិញ៕

  • អ្នកជំនាញថាភ្នំពេញខ្វះទឹកសឹងរាល់ថ្ងៃដោយសារសំណង់កើនគំហុកខ្លាំងពេក

    អ្នកជំនាញថាភ្នំពេញខ្វះទឹកសឹងរាល់ថ្ងៃដោយសារសំណង់កើនគំហុកខ្លាំងពេក

    បច្ចុប្បន្ននេះ នៅក្នុងទីក្រុងភ្នំពេញនៅតំបន់មួយចំនួនជាពិសេស​តំបន់ជាយក្រុង តែងតែមានបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់ដោយតំបន់ខ្លះមានទឹកចេញខ្សោយខ្លាំង ខណៈផ្ទះខ្លះបានដាច់ទឹកជាញឹកញាប់។

    ឯកឧត្តម ហេង សុខគង់

    ឆ្លើយតបនឹងបញ្ហានេះឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ បានលើកឡើងថា បញ្ហាខ្វះទឹកប្រើប្រាស់នេះ​ដោយសារតែរាជធានីភ្នំពេញ មានកំណើនសំណង់អគារ​ខ្ពស់ៗយ៉ាងកំហុកទើបធ្វើឱ្យចរន្តទឹកនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញត្រូវខ្វះទឹករាល់ថ្ងៃ តែទោះជាយ៉ាងនេះក្តី រដ្ឋាករទឹកស្វយ័តរាជធានភ្នំពេញ កំពុងតែ​ពិនិត្យពិចារណា​លើចំណុចនេះដើម្បីរិះរក​វិធានការ​ដើម្បីដោះស្រាយជូនប្រជាជន។

    លោក សោម សិទ្ធ

    ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក សោម សិទ្ធ ប្រធាននាយកដ្ឋានបញ្ញត្តកម្ម​ទឹកស្អាតនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ បានលើកឡើងថា​រដ្ឋាករស្វយ័តរាជធានីភ្នំពេញនឹងសាងសង់ជាបន្តបន្ទាប់នូវអាងប្រព្រឹត្តកម្មទឹកស្អាតដើម្បីសម្រេចគោលដៅឱ្យបាន 1លានម៉ែត្រគូបនៅឆ្នាំ 2030 សម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងឆ្លើយតបជាមួយនឹងការអភិវឌ្ឍទីក្រុង៕

  • ដំណាំត្រកួន ងាយដាំ ងាយបានផល តែមានផលប្រយោជន៍ច្រើន

    ដំណាំត្រកួន ងាយដាំ ងាយបានផល តែមានផលប្រយោជន៍ច្រើន

    ត្រកួនជាប្រភេទបន្លែដែលងាយដាំ ងាយ​ថែទាំ ឆាប់ទទួលបានផល និងមានផលប្រយោជន៍ច្រើនសម្រាប់សុខភាព។ មិនថាមុខម្ហូបឆា សម្ល ជ្រក់ ឬធ្វើជាអន្លក់នោះទេ ត្រកួនអាចត្រូវបានគេច្នៃ និងចូលរួមចំណែកបង្កើនរសជាតិដល់ម្ហូបអាហារជាច្រើនសម្រាប់ប្រជាជនខ្មែរយើង។ ក្រៅពីនេះ ដំណាំប្រភេទនេះក៏មានតម្លៃគួរសម ហើយសំបូរទីផ្សារផងដែរ។

    លោក ខ្នុរ ខាន់ កសិករដាំត្រកួននៅខេត្តកណ្តាលបានលើកឡើងថា ដំណាំត្រកួនជាដំណាំដែលមានប្រជាប្រិយភាព និងទទួលបានការគាំទ្រច្រើន​ពីប្រជាជនគ្រប់រូបនៅកម្ពុជា។ ផលដែលទទួលបានពីត្រកូនមិនសូវខ្វះទីផ្សារនោះទេ ព្រោះមានម៉ូយមកទទួលទិញដល់ផ្ទះតែម្តង ដែលសម្រាប់គ្រួសារគាត់ អាចទទួលបានចំណូលប្រមាណ 2 ទៅ3លានរៀល ក្នុងពេលប្រមូលផលម្តងៗលើផ្ទៃដីប្រមាណ 70អាដែលគាត់បានដាំដុះ។

    ចំពោះវិធីដាំវិញ គឺមានលក្ខណៈងាយស្រួលបំផុត ហើយក៏មិនលំបាកថែទាំដែរ។ ដំបូងកគ្រាន់តែភ្ជូររាស់ ឬកាប់ឆាយជារងទុកចោលរយៈពេល 2ថ្ងៃដើម្បីឱ្យងាប់ស្មៅ ឬសម្លាប់មេរោគនៅក្នុងដី។ ក្រោយលើករងហើយ គ្រាន់តែព្រួសគ្រាប់ត្រកូនដែលទិញពីផ្សារ និងស្រោចទឹកមួយថ្ងៃ 3ដងសម្រាប់រដូវប្រាំង ឬទុកឱ្យត្រូវទឹកភ្លៀងធម្មតាសម្រាប់រដូវវស្សារង់ចាំរហូតដល់រយៈពេល 18ថ្ងៃនឹងទទួលបានផលជាក់ជាមិនខាន។

    ក្រោយពេលត្រកូនដុះហើយ អ្នកដាំគ្រាន់តែឧស្សាហ៍មើលថែទាំចំពោះគុណភាពដី និងដកស្មៅ ឬរុក្ខជាតិនានាដែលរំខានដល់ការលូតលាស់របស់ត្រូកួន នោះយើងនឹងអាចទទួលផលបានច្រើនដងលើដីដែលដាំលើកទី1នេះ។ ហើយដំណាំប្រភេទនេះមិនទាមទារឱ្យមានការថែទាំច្រើន ក៏វាដុះលូតលាស់ដោយខ្លួនឯងឡើងមកវិញដែរក្រោយពេលច្រូត ឬប្រមូលផលរួច។

    សម្រាប់ទីផ្សារវិញឈ្មួញកណ្តាលដែលតែងតែប្រមូលទិញត្រកូនតាមផ្ទះយកទៅលក់នៅផ្សារ លោក ឆុំ បានប្រាប់អ្នកយកព័ត៌មានយើងថា ខុសពីដំណាំដទៃ ត្រកួនជាបន្លែដែលងាយលក់ ព្រោះវាត្រូវជាមួយនឹង​មុខម្ហូបច្រើនរបស់ខ្មែរយើង។ ក្រៅពីនេះចំពោះហាងឆេងតម្លៃវិញក៏ដូចគ្នា វាមានហាងឆេងល្អជាងបន្លែផ្សេងៗ ដោយបន្លែខ្លះឡើងចុះក្នុងរយៈពេលយូរ តែសម្រាប់ត្រកួនចុះថ្លៃមិនយូរទេ ហើយសម្រាប់រដូវប្រាំង ឬរដូវមិនសូវសំបូរទឹកវិញ តម្លៃត្រកួនកាន់តែឡើងខ្ពស់ថែមទៀត៕

  • ខែក្តៅឆ្នាំនេះកម្ពុជាមិនខ្វះអគ្គិសនីប្រើប្រាស់ដូចឆ្នាំមុនទេ

    ខែក្តៅឆ្នាំនេះកម្ពុជាមិនខ្វះអគ្គិសនីប្រើប្រាស់ដូចឆ្នាំមុនទេ

    ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឱ្យតែដល់រដូចក្តៅ ប្រទេសកម្ពុជាយើងត្រូវប្រឈមជាមួយនឹងបញ្ហាកង្វះខាតអគ្គិសនីប្រើប្រាស់ ដែលបណ្តាលឱ្យ​អគ្គិសនីនៅក្នុងប្រទេសត្រូវដាច់ជាញឹកញាប់ ព្រោះត្រូវផ្លាស់ប្តូរតំបន់គ្នាប្រើប្រាស់។

    បញ្ហាកង្វះភ្លើងប្រើប្រាស់នៅរដូវក្តៅនេះ ដោយសារតែឆ្នាំមុនៗវារីអគ្គីសនីនៅកម្ពុជាមានបញ្ហាខ្វះទឹក ដែលធ្វើឱ្យ​មានភាពរាំងស្ទះ និងគ្មានចរន្តអគ្គិសនីប្រើប្រាស់។ ក្រោយមក​ដើម្បីជាដំណោះស្រាយ រដ្ឋាភិបាល​បានទិញម៉ាស៊ីនផលិតអគ្គិសនីធំៗចំនួន 2 ពីបរទេសដើម្បីផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់​សម្រាប់ប្រជាជនដែលត្រូវការ​អគ្គិសនីទូទាំងប្រទេស តែម៉ាស៊ីនទាំង2គ្រឿនោះមិនទាន់បានតម្លើងរួចរាល់នៅឡើយទេសម្រាប់ការដាក់ឱ្យដំណើរការផលិតអគ្គិសនី។

    ទោះជាយ៉ាងនេះក្តីនៅឆ្នាំនេះកម្ពុជាយើងទំនងជាមិនមានបញ្ហាខ្វះអគ្គិសនីប្រើប្រាស់នោះទេ ព្រោះថ្មីៗនេះថ្លែងក្នុងវេទិកាអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម វិចទ័រ ហ្សូនា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល  បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ឆ្នាំនេះយើងមិនមានការខ្វះខាតថាមពលទេ ហើយវារីអគ្គិសនីរបស់យើងក៏មានទឹកក្នុងបរិមាណខ្ទង់ 70% សម្រាប់ការផ្គត់ផ្គង់។ ហើយបើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧត្តុនិមយ យើងអាចនឹងមានភ្លៀងឆាប់ជាងឆ្នាំកន្លងមក»។

    ចំពោះបញ្ហាម៉ាស៊ីនដែលទិញពីបរទេសវិញ ឯកឧត្តមបានលើកឡើងថាយើងបានទិញម៉ាស៊ីនភ្លើង 200មេកាវ៉ាត់ពីអាលឺម៉ង់ និង200ម៉េកាវ៉ាត់ពីហ្វាំងឡង់ សរុបទាំងអស់ 400មេកាវ៉ាត់ដើម្បីផលិតអគ្គិសនី។ ម៉ាស៊ីនទាំងនេះត្រូវបានសាងសង់នៅល្វាឯម ហើយបានតាមការបញ្ជាក់របស់អគ្គិសនីកម្ពុជា បានឱ្យដឹងថា​ការសាងសង់សម្រេចបាន 80% ហើយ តែយើងនៅមានឧបសគ្គខ្លះដោយសារអ្នកជំនាញរប​ស់ប្រទេសទាំងពីរខាងលើមានឧបសគ្គក្នុងការធ្វើដំណើរព្រោះដំណាក់កាល covid-19 នេះការធ្វើដំណើរឆ្លងប្រទេសត្រូវបានរឹតត្បិត។ ក្រោយពេលស្ងប់ស្ងាត់ covid-19 យើងនឹងអាចដោះស្រាយបញ្ហាទាំងអស់នេះ ដោយមានអ្នកជំនាញមកពិនិត្យឱ្យបានច្បាស់លាស់៕