Author: ធឿន មករា

  • ត្រឹមរយៈពេល 2ថ្ងៃ ប្រជាជនទៅធ្វើបណ្ណបើកបរនៅផ្សារអ៊ីអនជាង 1ពាន់នាក់

    ត្រឹមរយៈពេល 2ថ្ងៃ ប្រជាជនទៅធ្វើបណ្ណបើកបរនៅផ្សារអ៊ីអនជាង 1ពាន់នាក់

    ស្របពេលដែលប្រទេសកម្ពុជារឹតបន្តឹងច្បាប់ចរាចរណ៍នៅទូទាំងប្រទេស ប្រជាជនទាំងអស់ចាប់ផ្តើមសម្រុកចូលទៅបំពេញឯកសារនានាដូចជាការទៅឆៀករថយន្ត និង​បណ្ណបើកបរជាដើម។

    បើតាមការឱ្យពីនាយដ្ឋាន​ដឹកជញ្ជូនផ្លូវគោក​ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេល2ថ្ងៃ ប៉ុណ្ណោះ អាជ្ញាធរនៅផ្សារទំនើបអ៊ីអនទាំង2ទីតាំង បានចេញបណ្ណបើកបរជូនប្រជាជពលរដ្ឋ​បានជិត 1,100នាក់។

    ក្នុងរយៈពេល 2ថ្ងៃនេះ សម្រាប់ផ្សារទំនើបអ៊ីអនទី1 បានចេញបណ្ណបើកបរចំនួន 548បណ្ណ ទំនើបអ៊ីអនទី2 បានចំនួន 549បណ្ណ៕

  • សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា សមត្ថកិច្ចនឹងមិនឃាត់អ្នកដំណើរដើម្បីសួររកឯកសារទេ បើមិនល្មើសច្បាប់ចរាចរណ៍

    សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា សមត្ថកិច្ចនឹងមិនឃាត់អ្នកដំណើរដើម្បីសួររកឯកសារទេ បើមិនល្មើសច្បាប់ចរាចរណ៍

    សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា​ប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍​ផ្លូវគោក បានបញ្ជាក់ថា សមត្ថកិច្ចនឹងមិនឃាត់អ្នកដំណើរ​ដែលធ្វើដំណើរដោយគោរពច្បាប់ចរណ៍ ដើម្បីសួររកឯកសារនោះទេ។

    សម្តេចបញ្ជាក់ផងដែរថា អ្នកធ្វើដំណើរត្រឹមត្រូវដោយគ្មានកំហុស អាចធ្វើដំណើរបានជាធម្មតា និងដោយរលូន​ព្រោះគ្មានសមត្ថកិច្ចណាមកស្ទាក់សួរនាំរកឯកសារទេ តែប្រសិនបើយើងបានបំពានច្បាប់ត្រង់ចំណុចណាមួយដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញាចរាចរណ៍ ទើបសមត្ថកិច្ចធ្វើការឃាត់ ហើយសួររកឯកសារនៅពេលឃាត់នោះ។

    គួរបញ្ជាក់ថាឯកសារសំខាន់ៗដែលប្រជាពលរដ្ឋត្រូវដាក់តាមខ្លួនមានដូចជា បណ្ណបើកបរច្បាប់ដើម ឬលិខិតអនុញ្ញាតអាជីវកម្មសម្រាប់រថយន្តអាជីវកម្ម លិខិត​សម្គាល់យានយន្ត (កាតគ្រី) អាចថតចម្លងដោយមាន​ការទទួលស្គាល់ពីសមត្ថកិច្ច និងការឆៀកយានយន្តឱ្យបានត្រឹមត្រូវជាដើម៕

  • ក្រុមហ៊ុន RMA Cambodia ប្រកាសចុះបញ្ជីលក់មូលបត្របំណុលក្នុងទំហំទឹកប្រាក់ 80ពាន់លានរៀលក្នុងផ្សារមូលបត្រកម្ពុជា

    ក្រុមហ៊ុន RMA Cambodia ប្រកាសចុះបញ្ជីលក់មូលបត្របំណុលក្នុងទំហំទឹកប្រាក់ 80ពាន់លានរៀលក្នុងផ្សារមូលបត្រកម្ពុជា

    ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ឬហៅកាត់ថា (RMA Cambodia) បានចុះបញ្ជីលក់មូលបត្របំណុល​ក្នុងទំហំទឹកប្រាក់ 80ពាន់លានសៀល ឬស្មើនឹង 20លានដុល្លារអាមេរិក កាលពីថ្ងៃទី 30 ខែមេសា ឆ្នាំ2020នេះ។ មូលបត្របំណុលនេះ មានរយៈពេល 5ឆ្នាំ ជាមួយអត្រាគូប៉ុង 5.50% ក្នុងមួយឆ្នាំ នៅ​ផ្សារមូលបត្រកម្ពុជា ដែលជាការបោះផ្សាយលក់មូលបត្របំណុលដំបូងគេនៅក្នុងប្រវត្តិសាស្ត្ររបស់ RMA Cambodia។

    សញ្ញាបណ្ណសាជីរកម្ម RMA Cambodia គឺជាសញ្ញាបណ្ណដែលត្រូវបានធានា 100% ដោយស្ថាប័ន Credit Guarantee and Investment Facility ដែលជាមូលនិធិបរធនមួយនៃធនាគារអភិវឌ្ឍន៍អាស៊ី​ និងចុះបញ្ជីលក់សញ្ញាបណ្ណ ក្រោមក្របខណ្ឌការបោះផ្សាយសញ្ញាបណ្ណពហុរូបិយប័ណ្ណអាស៊ាន+3 ASEAN+3 Multi-Currency Bond Issuance Framework (AMBIF)។

    លោក Kevin Whitcraft នាយកប្រតិបត្តិរបស់ RMA Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន RMA Cambodia បានថ្លែងការកោតសរសើរក្នុងឱកាសនេះថា “ការបោះផ្សាយមូលបត្របំណុលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងសម្រាប់  RMA Group និងបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការត្រួសត្រាយផ្លូវ ក្នុងនាមជាក្រុមហ៊ុនមិនមែនស្ថាប័នហិរញ្ញវត្ថុដែលបានបោះផ្សាយមូលបត្របំណុលដំបូងបង្អស់នៅប្រទេសកម្ពុជា។ ពួកយើងមានទំនុកចិត្តយ៉ាងពេញទំហឹងចំពោះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាហើយបានបោះជំហានទៅមុខជាមួយនឹងការបោះផ្សាយលក់សញ្ញាបណ្ណ ទោះបីជាមានបញ្ហាប្រឈមជុំវិញការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ក៏ដោយ។ យើងមានសេចក្តីសោមនស្សរីករាយដែលស្ថាប័ន CGIF នៅតែមានការប្តេជ្ញាចិត្តខ្ជាប់ខ្ជួន និងចំណាប់អារម្មណ៍របស់វិនិយោគគិននៅតែមានភាពរឹងមាំ សូម្បីតែក្នុងស្ថានភាពមិនប្រក្រតីក៏ដោយ ក៏មូលបត្របំណុល ត្រូវបានធ្វើបរិវិសកម្មទាំងអស់ប្រកបដោយជោគជ័យ។ នេះគឺជាសក្ខីភាពនៃកេរ្តិ៍ឈ្មោះ និងភាពដែលអាចជឿទុកចិត្តបានរបស់ក្រុមហ៊ុន RMA Cambodia។

    លោកស្រី Sun Guiying នាយកប្រតិបត្តិនៃស្ថាប័ន CGIF បានថ្លែងថា “ទោះបីមានបញ្ហាប្រឈមដែលកើតមានដោយជំងឺរាតត្បាតរីករាលដាលថ្មី Covid 19 ក៏ដោយ ក៏ CGIF មានមោទនភាពដែលបានធ្វើការដោយជោគជ័យជាមួយក្រុមហ៊ុន RMA Cambodia និងនិយតករមូលបត្រនៅប្រទេសកម្ពុជាក្នុងការបោះផ្សាយមូលបត្របំណុលដំបូងរបស់ក្រុមហ៊ុន RMA Cambodia។ គម្រោងនេះ បង្ហាញពីសមិទ្ធិផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធិផលជាច្រើនរបស់​ CGIF ដែលជាសញ្ញាបណ្ណនេះជាសញ្ញាបណ្ណមានការធានាដំបូងបង្អស់ដោយ CGIF សម្រាប់ស្ថាប័នមិនមែនហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ការបោះផ្សាយមូលបត្របំណុលនេះ មានគោលបំណងមិនត្រឹមតែពង្រឹងទំនុកចិត្តរបស់វិនិយោគិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញក្រុមហ៊ុនផ្សេងទៀតដែលមានបំណងបោះផ្សាយសញ្ញាបណ្ណនាពេលអនាគតក្នុងការទាញយកទីផ្សារមូលបត្របំណុលក្នុងស្រុកផងដែរ។

    ឯកឧត្តម ស៊ូ ​សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា ដែលជានិយតករមូលបត្ររបស់ព្រះរាជាណាចក្រកម្ពុជាបានធ្វើជាអធិបតីក្នុងពិធីចុះបញ្ជីនេះ។ លោក បានមានប្រសាសន៍ថា “ការបោះផ្សាយមូលបត្របំណុលដោយជោគជ័យរបស់ RMA Cambodia នឹងក្លាយជាគំរូមួយ សម្រាប់ប្រតិបត្តិការនាពេលអនាគត។ មូលបត្របំណុលដែលមានបុគ្គលធានានេះ ផ្តល់នូវជម្រើសឧបករណ៍ហិរញ្ញវត្ថុថ្មីមួយ សម្រាប់ក្រុមហ៊ុនឯកជនក្នុងវិស័យផ្សេងៗ ដើម្បីប្រមូលមូលនិធិកាន់តែច្រើនជាមួយនឹងរយៈពេលវែងជាងមុន។

    លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ដែលមានវត្តមាននៅក្នុងពិធីចុះបញ្ជីមូលបត្របំណុល បានមានប្រសាសន៍ផងដែរថា “ទោះបីមានស្ថានភាពទីផ្សារមានភាពមិននឹងនរក៏ដោយ យើងនៅតែបន្តសម្រេចក្នុងការចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន RMA Cambodia នៅផ្សារមូលបត្រកម្ពុជាបានដោយរលូន។ ក្នុងស្ថានភាពបែបនេះ វាជាសញ្ញានៃការតស៊ូ និងបង្ហាញពីសញ្ញាវិជ្ជមានដល់វិនិយោគិននានា។ ក្រុមហ៊ុន SBI ដែលជាទីប្រឹក្សា​ហិរញ្ញវត្ថុ និងក្រុមហ៊ុនធានាទិញមូលបត្រតែមួយគត់សម្រាប់គម្រោងនេះ បានដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រវិស័យមូលបត្រ ​ចាប់តាំងពីការកកើតរបស់ក្រុមហ៊ុន ក្នុងការចាប់ផ្តើមប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមក ដើម្បីបើកទីផ្សារមូលបត្រក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីពេលនោះមកទីផ្សារនៅតែបន្តរីកចម្រើន ហើយប្រតិបត្តិការជាច្រើន ត្រូវបានបញ្ចប់ដោយជោគជ័យជារៀងរាល់ឆ្នាំ ​ដោយសារមានការគាំទ្រជាបន្តបន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មការមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត។

    លោក Shuzo Shikata នាយកប្រតិបត្តិរបស់ក្រុមហ៊ុន SBI Royal Secutiry បានលើកឡើងថា ក្នុងនាមជាអ្នកចូលរួមទីផ្សារមូលបត្រមួយដែលដើរតួនាទីយ៉ាងសកម្ម ក្រុមហ៊ុន SBI នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធដើម្បីចាប់យកទីផ្សារនេះជាបន្តទៀត។ ការធ្វើបែបនេះ នឹងបង្កឱ្យក្រុមហ៊ុនឯកជននានា នៅក្នុងប្រទេសកម្ពុជា អាចទទួលបានមូលនិធិកាន់តែច្រើនជាមួយរយៈពេលវែងជាងមុន ក្នុងដំណើរការមួយដែលនឹងកាន់តែមានភាពងាយស្រួលប្រកបដោយប្រសិទ្ធភាព និងចំណាយតិច។ ដោយសារក្រុមហ៊ុន RMA Cambodia នៅតែបន្តរីកចម្រើននៅក្នុងប្រទេសកម្ពុជា ការគាំទ្រពីសំណាក់ស្ថាប័ន CGIF និងក្រុមហ៊ុន អេសប៊ីអាយ នឹងជួយត្រួសត្រាយផ្លូវសម្រាប់ក្រុមហ៊ុនដើម្បីបន្តសកម្មភាពបង្កើនដើមទុនបន្ថែមទៀតនាពេលអនាគត។

    លោក ងន សាំង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន RMA Cambodia បានថ្លែងថា “ក្រុមហ៊ុន RMA Cambodia តែងតែយកចិត្តទុកដាក់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុរបស់ប្រទេស។ ក្នុងករណីនេះ យើងរីករាយដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍទីផ្សារមូលបត្រ របស់ប្រទេសកម្ពុជា”។

    លោកបានបញ្ជាក់បន្ថែមថា អាជីវកម្មរបស់យើងបានដំណើរការយ៉ាងល្អជាមួយនឹងការចែកចាយផលិតផលល្បីៗមួយចំនួនដូចជា រថយន្ត Ford រថយន្តប្រណិតម៉ាក Jaguar Land Rover បរិក្ខារកសិកម្មទំនើបម៉ាក John Deere បរិក្ខារសំណង់ម៉ាក JCB, TCM, JLG ឡានដឹកទំនិញម៉ាកFuso និង​ សម្ភារៈមួយចំនួនទៀតសម្រាប់ថែរក្សាទំនិញ លើកដាក់ទំនិញ និងសម្អាត។ មូលបត្របំណុល ជាប្រភពទុនដើម្បីបង្កើនចំណែកទីផ្សារថែមទៀតដល់ក្រុមហ៊ុន៕

  • FIFA អនុម័តកញ្ចប់ថរិកា 150លានដុល្លារ ត្រៀមដោះស្រាយវិបត្តិកូវីដ-19

    FIFA អនុម័តកញ្ចប់ថរិកា 150លានដុល្លារ ត្រៀមដោះស្រាយវិបត្តិកូវីដ-19

    ការផ្អាកសកម្មភាពបាល់ទាត់ដោយសារការឆ្លងរាលដាលនៃមេរោគកូវីដ-19 នាពេលបច្ចុប្បន្ន បានធ្វើឱ្យសហព័ន្ធនីមួយៗនៅជុំវិញពិភពលោកកំពុងតែជួបប្រទះនូវបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន៕

    ហេតុផលនេះ បានធ្វើឱ្យសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA សម្រេចអនុម័តកញ្ចប់ថរិកាប្រមាណជា 150លានដុល្លារ សម្រាប់ត្រៀមជួយដល់សហព័ន្ធបាល់ទាត់ដែលជាសមាជិកទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19

    កូវីដ-19 ដែលបានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ2019 បានធ្វើឱ្យការប្រកួតបាល់ទាត់ស្ទើរជុំវិញពិភពលោក ទាំងក្នុងស្រុក និងក្រៅស្រុកបានសម្រេចផ្អាក ក៏ដូចជាពន្យារពេលប្រកួតជាបន្តបន្ទាប់ ដើម្បីបង្ការការរីករាលដាលនៃវីរុសនេះ ខណៈកីឡាករស្ទើរជុំវិញពិភពលោកដូចគ្នា បានធ្វើការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន៕

  • Eredivisie រំសាយ ខណៈដែល Ajax និង AZ ជាប់ទៅលេង Champions League ដោយស្វ័យប្រវត្តិ

    Eredivisie រំសាយ ខណៈដែល Ajax និង AZ ជាប់ទៅលេង Champions League ដោយស្វ័យប្រវត្តិ

    លីកកំពូលបាល់ទាត់ហូល្លង់ Eredivisie បានប្រកាសលុបចោលការប្រកួតទាំងស្រុងនៅពេលនេះ គឺដើម្បីឆ្លើយតបទៅនឺងស្ថានភាពកូវីដ-19 ដែលកំពុងរាតត្បាតខ្លាំងនៅក្នុងប្រទេសមួយនេះ។

    នេះគឺជាលើកទី1 និងជាប្រវត្តិសាស្ត្រដ៏អាក្រក់មួយ នៃវិស័យបាល់ទាត់របស់ប្រទេសខ្លាំងមួយនេះ ដែលលីកកំពូលរបស់ហូល្លង់ ត្រូវបានលុបចោល ចាប់តាំងពីសង្គ្រាមលោកលើកទី2 បានបញ្ចប់មក។

    ជាមួយគ្នានេះដែរ លីកកំពូលនេះនឹងបញ្ចប់រដូវកាល2020 របស់ខ្លួននេះទៅត្រឹមប៉ុននេះ ដោយមិនមានម្ចាស់ជើងឯកឡើយ តែក្រុមដែលឡើងទៅលេងពានរង្វាន់អន្តរជាតិផ្សេងៗ នឹងត្រូវយកតាមពិន្ទុដែលបានប្រកួតហើយកន្លងទៅ ដោយ Ajax និង AZ នឹងបានជាប់ឈ្មោះក្នុងការលេងវគ្គជម្រុះបឋម UEFA Champions League រដូវកាលក្រោយ ខណៈ Feyenoord, PSV និង Willem II នឹងជាប់ក្នុងវគ្គជម្រុះ UEFA Europa League៕

  • រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បង្ហាញដំណោះស្រាយ លើផលប៉ះពាល់វិស័យទេសចរណ៍ក្នុងតំបន់

    រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បង្ហាញដំណោះស្រាយ លើផលប៉ះពាល់វិស័យទេសចរណ៍ក្នុងតំបន់

    រដ្ឋមន្រ្តីក្រសួងទេសចរណ៍  បានដឹកនាំកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ស្តីពី ផលប៉ះពាល់នៃជំងឺកូវីដ-19 លើវិស័យទេសចរណ៍អាស៊ាន ដោយមានការចូលរួមពីរដ្ឋមន្រ្តីទេសចរណ៍អាស៊ានទាំង 10ប្រទេស និងអគ្គលេខាធិការអាស៊ាន តាមរយៈប្រព័ន្ធ(Video Conference) កាលពីព្រឹកថ្ងៃទី29 ខែមេសា ឆ្នាំ2020។ នេះបើ​តា​ម​ហ្វេ​ស​ប៊ុ​ក​ក្រ​សួ​ង​ទេសចរណ៍។

    ឯកឧត្ដមបណិ្ឌត ថោង ខុន បានថ្លែងថា  ក្នុងនាមជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍ អាស៊ាននៅ ឆ្នាំ2021 ខាងមុខ (ATF 2021) និងក្នុងអាណត្តិរបស់ខ្លួនជា ប្រធានដឹកនាំវិស័យទេសចរណ៍ អាស៊ានឆ្នាំ2020  ក្រសួងទេសចរណ៍កម្ពុជាបានសហការជាមួយលេខាធិការដ្ឋានអាស៊ាន និងប្រទេសជាសមាជិក រៀបចំកិច្ចប្រជុំពិសេសនេះឡើងក្នុងគោលបំណងពិភាក្សា រកដំណោះ ស្រាយ អំពីវិបត្តិកូវីដ-19 លើវិស័យទេសចរណ៍ក្នុងតំបន់អាស៊ាន។

    កិច្ចប្រជុំក៏បានចែករំលែកបទពិសោធ ការអនុវត្តល្អៗស្ដីពីវិធានការទប់ស្កាត់កូវីដ-19 និង ផលប៉ះពាល់ក្នុងប្រទេសសមាជិកនីមួយៗ ក៏ដូចជាផែនការយុទ្ធសាស្ត្រ និងសកម្មភាពជួយ សង្គ្រោះ វិស័យទេសចរណ៍នៅចំពោះមុខ ក្នុងដំណាក់កាលនៃការដោះ ស្រាយវិបត្តិ (Mitigation Phase) ឬ ដំណាក់កាលនៃត្រៀមងើបឡើងវិញ (Early Recovery) ក៏ដូចជាផែនការស្ដារ ឡើងវិញបន្ទាប់ ពី វិបត្តិកូវីដ-19 ( Post Covid-19 Crisis Recovery Plan)។

    រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ក៏បានសម្រេចដាក់ចេញនូវសេចក្តីប្រកាសរួម រំលេចអំពីលទ្ធ ផល នៃកិច្ចប្រជុំពិសេស ដោយផ្ដោតលើចំណុចសំខាន់ៗដូចជា៖

    1- ជំរុញការសម្របសម្រួលរបស់ អាស៊ានក្នុងការពន្លឿនការផ្លាស់ប្តូរព័ត៌មាន ស្តីអំពីសុខភាព ទាក់ទងនឹងការធ្វើដំណើរ និងវិធានការ ចាំបាច់នានា ដែលអនុវត្តដោយរដ្ឋជាសមាជិក អាស៊ានទំាងអស់ ក្នុងការគ្រប់គ្រងការរីករាលដាល នៃវីរុសកូវីដ-19 តាមរយៈ ប្រតិបត្តិការកាន់តែសកម្មឡើង របស់ក្រុមការងារទាក់ទងនឹងវិបត្តិ​ទេស​ចរណ៍​អាស៊ាន (ASEAN Tourism Crisis Communication Team-ATCCT) តាមរយៈការផ្តល់ព័ត៌​មានទាន់ពេលវេលា និងទុកចិត្តបាន ដល់ភ្ញៀវទេសចរដែលធ្វើដំណើរចេញ និងចូលក្នុងប្រទេស ព្រមទាំងការីទេសចរណ៍នៅក្នុងតំបន់។

    2- ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទេសចរណ៍ជាតិ អាស៊ាន(NTOs) ជាមួយនឹងវិស័យអាស៊ានពាក់ព័ន្ធផ្សេងៗទៀត ជាពិសេសជាមួយវិស័យសុខាភិ បាល ព័ត៌មាន ដឹកជញ្ជូន និងអន្តោប្រវេសន៍ ក៏ដូចជាដៃគូខាងក្រៅរបស់អាស៊ានផ្សេងៗទៀត ព្រម ទាំងអង្គការ និងសហគមន៍អន្តរជាតិនានា សំដៅរួមគ្នាអនុវត្តវិធានការទាំងឡាយ និងបង្កើតឱ្យមានទម្រង់ការផ្សេងៗគ្នា របស់ភាគីនីមួយៗ ដើម្បីជំរុញការឆ្លើយតបទាន់ពេលវេលា ឆាប់រហ័ស តម្លាភាព ច្បាស់លាស់លើការដោះស្រាយ និងការកាត់បន្ថយ ផលប៉ះពាល់ នៃវីរុស កូវីដ-19 ក៏ដូចជា វិបត្តិដទៃទៀតនាពេលអនាគត។

    3- បង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ បន្ថែមទៀត ក្នុងការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរការអនុវត្តល្អៗ រវាងប្រទេសសមាជិកអាស៊ាន ក៏ដូចជា​ដៃគូអាស៊ានផ្សេងៗទៀត ស្តីពីការឆ្លើយតបចំពោះវិបត្តិ ការត្រៀមខ្លួនសម្រាប់ការទំនាក់ទំនង ការ​សម្របសម្រួលការតភ្ជាប់ កិច្ចខិតខំ ​និងវិធានការសង្គ្រោះផ្សេងៗ ដើម្បីគាំទ្រវិស័យទេសចរណ៍ ក៏​ដូច​ជាការចាប់យកមេរៀនសំខាន់ៗស្តីពីវិបត្តិ ដើម្បីបានជារបាយការណ៍ បន្ទាប់ពីវិបត្តិ សម្រាប់ជា​ឯក​សារយោងរបស់រដ្ឋជាសមាជិកអាស៊ាន ក្នុងការគ្រប់គ្រង ឱ្យកាន់តែប្រសើរនូវវិបត្តិណាមួយ ឬជំងឺ​រាត​ត្បាតនានា។

    4- អនុវត្តនូវវិធានការ និងគោលនយោបាយ ដ៏ច្បាស់លាស់ ដើម្បីបង្កើន​ទំនុក​ចិត្ត​របស់ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ ដែលមកទស្សនា តំបន់អាស៊ីអាគ្នេយ៍ រួមទាំងការរៀបចំ បង្កើតឱ្យមានស្តង់ដា និងគោលការណ៍ណែនាំច្បាស់លាស់ ស្តីអំពីបរិយាកាសការងារប្រកបដោយ​សុវត្ថិភាព សំដៅការពារ អ្នកបម្រើការងារ និងសហគមន៍ក្នុងផ្នែកបដិសណ្ឋារកិច្ច និងឧស្សាហកម្ម​ដែល​ជាប់ ពាក់ព័ន្ធវិស័យទេសចរណ៍ ក៏ដូចជាគោលដៅ និងស្ថាប័នទេសចរណ៍ទាំងឡាយ ក្នុង​រដ្ឋ​ជាសមាជិកអាស៊ាន។

    5- គាំទ្រការរៀបចំ និងការអនុវត្តផែនការស្តារឡើងវិញក្រោយវិបត្តិកូវីដ-19  ដោយមិនត្រូវបន្ធូរកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាការពារសុខភាពសាធារណៈ ដែលរួមមានដូចជា ការកសាងសមត្ថភាពទេសចរណ៍អាស៊ាន ការចូលរួមជាមួយភាគីពាក់ព័ន្ធនានា ក្នុងការ​បង្កើត​ទំនុក​ចិត្តអ្នកប្រើប្រាស់​ និងអាជីវកម្ម ឈ្វេងយល់ពីដំណោះស្រាយបែបច្នៃប្រឌិត និងនវានុវត្តន៍​ក្នុងការ​ពង្រឹង និងជំរុញវិស័យទេសចរណ៍ ជាពិសេសតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដោយ​ផ្តោត​​សំខាន់ទៅលើកិច្ចខិតខំប្រឹងប្រែងផ្នែកទីផ្សារ និងកម្មវិធីផ្សព្វផ្សាយទេសចរណ៍រួម ក្នុងគោល​ដៅ​ជំរុញអាស៊ានឱ្យក្លាយជាគោលដៅទេសចរណ៍តែមួយ។

    6- ជំរុញការអនុវត្តគោល​នយោបាយ​មីក្រូ និងម៉ាក្រូសេដ្ឋកិច្ច ក្នុងចំណោមគោលនយោបាយនានា ដោយផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងការសម្រួលផ្នែកហិរញ្ញវត្ថុ ការបន្ធូរបន្ថយពន្ធ និងការកសាងសមត្ថភាព ជាពិសេស លើជំនាញឌីជីថលសម្រាប់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ និងធ្វើដំណើរដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម (SMEs) ក្រុមជនដែលងាយរងគ្រោះ ព្រមទាំងសហគមន៍ដែលរងផលប៉ះពាល់នានា។

    7-បន្តកិច្ចសហប្រតិបត្តិការ ជាមួយដៃគូ សន្ទនាអាស៊ាន អង្គការអន្តរជាតិនានា និងភាគីពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍ ដើម្បីកសាងតំបន់ អាស៊ីអាគ្នេយ៍ទាំងមូល ឱ្យមានភាពរឹងមាំ និងត្រៀម ខ្លួនរួចជាស្រេច ក្នុងការគ្រប់គ្រងវិស័យទេសចរណ៍បន្ទាប់ពីវិបត្តិណាមួយប្រកបដោយចីរភាព និងបរិយាប័ន្ន៕

  • ក្រុមហ៊ុន Xiaomi ផលិតស្មាតហ្វូន 5G តម្លៃធូរថ្លៃជាងគេបំផុត តែ 285ដុល្លារ

    ក្រុមហ៊ុន Xiaomi ផលិតស្មាតហ្វូន 5G តម្លៃធូរថ្លៃជាងគេបំផុត តែ 285ដុល្លារ

    ក្រុម​ហ៊ុន Xiaomi បាន​ផលិត​ចេញ​​នូវ​ស្មាតហ្វូនម៉ូដែល Redmi K30 (5G) ​​ដែល​មាន​បំពាក់​នូវ​ប្រព័ន្ធ 5G តែ​តម្លៃត្រឹមតែ 285ដុល្លារ​ប៉ុណ្ណោះ (ឬ​ 1999 យន់​)​ ដែល​នេះជា​តម្លៃ​​លក់​រាយ​នៅ​ប្រទេស​ចិន និងបាន​ចេញ​លក់​កាល​ពី​ខែ​មករា​កន្លង​មក​។

    Redmi K30 បាន​​ចេញ​លក់​លើ​ទីផ្សារ​ហើយ​ តម្លៃ​នេះ​អាច​ជាប់​ក្នុង​បញ្ជី​ស្មាតហ្វូន 5G ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​គេ​បំផុត​មួយ ​នា​ពេល​បច្ចុប្បន្ន​។

    ចំពោះ​លក្ខណសម្បតិ្តរបស់​ K30 នេះវិញ គឺ​បំពាក់​កាមេរ៉ា​ក្រោយ 4គ្រាប់ ប្រើ​បន្ទះ​ឈីប Snapdragon 765G មាន​ 5G, មាន​ថ្ម​ទំហំ 4500 mAh, តែប្រើ​អេក្រង់​រាងអន់​បន្តិច​គឺ​ LCD ដែល​មាន Refresh Rate 120Hz​។

    មួយ​វិញ​ទៀត​ ក្រុមហ៊ុនក៏​គ្រោង​នឹង​បញ្ចេញ​ ​ស្មាតហ្វូន​ម៉ូដែល​ Redmi K30i ជា​សិស្ស​ប្អូនចេញ​មក​មួយ​ទៀត ហើយ​ដាក់​តម្លៃ​កាន់​តែ​ទាប​ជាងសិស្ស​បង​ផង​ដែរ។ បើ​សិន Redmi K30i អាច​ចេញ​លក់​នោះ​ គេរំពឹង​ថា ​នឹង​លក់​រាយ​ក្នុង​តម្លៃត្រឹមតែ 255ដុល្លារ​ប៉ុណ្ណោះ(1799 យន)។ បើ​ដូច​នេះ កំណត់ត្រា​ថ្មី នឹង​អាច​ធ្វើឱ្យ​វា​ក្លាយ​ជា​​ទូរស័ព្ទ 5G ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​គេ​បំផុត ​ប្រចាំ​ឆ្នាំ2020នេះ៕

  • មិនធម្មតាទេ! កម្មវិធីប្រជុំតាមអនឡាញ Zoom មានអ្នកប្រើជាង 300លាននាក់កើនឡើង 50%

    មិនធម្មតាទេ! កម្មវិធីប្រជុំតាមអនឡាញ Zoom មានអ្នកប្រើជាង 300លាននាក់កើនឡើង 50%

    Zoom បាន​ក្លាយ​ជា​កម្មវិធី​ពេញ​និយម​បំផុត​មួយ ដោយ​អាច​ស្ថិត​នៅលើ​តំណែង​កំពូល​ ទាំង​នៅ​លើ Apple App Store និង Google Play Store កាលពី​ខែ​មីនា។ អ្នក​ប្រើ​ប្រាស់​កម្មវិធី​ប្រជុំ​ Zoom បានកើនឡើង​ដល់​ចំនួន​ជាង 300លាន​នាក់ គិត​ជា​ភាគ​រយ​គឺ​ 50% ​បើ​ធៀប​នឹង​ចំនួន​អ្នក​ប្រើ​ប្រចាំ​ថ្ងៃ​ដែល​មាន​ 200​លាន​នាក់កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លងទៅ​។

    ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ Zoom ក៏​ត្រូវបាន​គេ​រាយការណ៍​ពីរឿង​សុវត្ថិភាព ​នៃ​ភាព​ជា​ឯកជន​របស់​អ្នក​ប្រើ​ប្រាស់​។ គេ​បាន​រក​ឃើញមាន​ចន្លោះ​ប្រហោង​ ដែល​អាច​ឱ្យ Hacker អាច​ចូល​រំខាន​ការ​ប្រជុំ​​ណា​មួយ​បាន​យ៉ាងងាយ ហើយ​ថែមទាំងអាច​លួច​យក​ព័ត៌មាន​​​បាន​យ៉ាង​ងាយទៀតផង។

    តែ​យ៉ាង​ណា​មិញ ​Version ថ្មី​នេះ ​បាន​បញ្ចេញ​មក​ ដើម្បី​អាប់ឌែត​ជូន​លើ​កង្វះ​ខាត​ដែល​គេ​រាយការណ៍​កន្លង​មកនោះ។

    រំឭក​ផង​ដែរ​ថា ដោយសារ​តែ​វីរុស​កូវីដ-19 បាន​តម្រូវ​ឱ្យរដ្ឋ​អំណាច​នៃប្រទេស​នីមួយៗអនុវត្ត​​​វិធានការ​គម្លាត​សុវត្ថិភាព និង​ការ​តម្រូវ​ឱ្យ​មនុស្ស​រាល់​គ្នាស្ថិត​នៅ​ក្នុងផ្ទះ ​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ទើប​បាន​ជា​គេ​ណែនាំ​ឱ្យ​​ងាក​មកប្រើ​ប្រាស់​កម្មវិធី​ប្រជុំ​តាម​អនឡាញ ដើម្បី​អាច​បន្ត​ធ្វើ​កិច្ច​ការ​ងារជា​ក្រុម និង​ភ្ជាប់​ទំនាក់ទំនង​ជា​មួយ​មិត្តភក្ដិ ​ក៏​ដូច​ជា​ក្រុម​គ្រួសារ​បាន។ ហេតុ​ដូច​នេះ Zooom ក៏​បាន​ល្បី​ និង​កើប​លុយ​បាន​មួយ​រំពេច៕​

  • ស្នងការនគរបាលរាជធានីភ្នំពេញថា អ្នកបើកបរត្រូវតែដាក់បណ្ណបើកបរ ឬលិខិតអាជីវកម្មចំពោះក្រុមហ៊ុនជាប់ជានិច្ច

    ស្នងការនគរបាលរាជធានីភ្នំពេញថា អ្នកបើកបរត្រូវតែដាក់បណ្ណបើកបរ ឬលិខិតអាជីវកម្មចំពោះក្រុមហ៊ុនជាប់ជានិច្ច

    ជាសេចក្តីជូនដំណឹងរបស់ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថា ឯកសារដែលអ្នកបើកបរត្រូវតែដាក់ជាប់ខ្លួនជានិច្ច និងចាំបាច់ត្រូវតែ​ជាច្បាប់ដើមនោះគឺ បណ្ណបើកបរ សម្រាប់អ្នកបើកបររថយន្តឯកជន និង​លិខិតអាជីវកម្មសម្រាប់ក្រុមហ៊ុន។

    ចំណែកឯ ឯកសារសំខាន់មួយផ្សេងទៀតដែលត្រូវតែដាក់តាមខ្លួនដែរនោះគឺ កាតសំគាត់យានយន្ត (កាតគ្រី) អាចធ្វើការថតចម្លងដោយមានការបញ្ជាក់ពីអាជ្ញាធរដែនដីដែលពាក់ព័ន្ធ។

    គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី 01 ខែឧសភា ឆ្នាំ2020 ខាងមុខនេះតទៅ កម្ពុជានឹងធ្វើការរឹតបន្តឹងច្បាប់ចរាចរណ៍នៅគ្រប់ទីកន្លែងទាំងអស់ ដើម្បីទប់ស្កាត់ការកើនឡើងនូវបទល្មើសចរាចរណ៍ និង​គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស៕

  • បើមានដីតូច មិនដឹងដាំអ្វី គួរសាកល្បងដំណាំត្រប់ស្រួយ ព្រោះងាយថែទាំ និងឆាប់បានផល

    បើមានដីតូច មិនដឹងដាំអ្វី គួរសាកល្បងដំណាំត្រប់ស្រួយ ព្រោះងាយថែទាំ និងឆាប់បានផល

    ការធ្វើ ប្រហុក ផ្អក និងសម្លខ្មែរ មួយចំនួនមិនអាចអវត្តមានត្រប់ស្រួយបាននោះទេ ព្រោះបន្លែប្រភេទនេះ​ភាគច្រើនត្រូវបានប្រជាជនយើងស្គាល់ និងចេះទទួលទានតាំងពីតូចរហូតដល់ធំ។

    ត្រប់ស្រួយជាបន្លែមួយប្រភេទដែលមានរសជាតិឆ្ងាញ់ និងអំណោយផលល្អសម្រាប់សុខភាព ព្រោះវាមានវីតាមីន និងជួយឱ្យរាងកាយមានតុល្យភាពល្អ។ បន្លែប្រភេទនេះភាគច្រើនមានស្ទើរតែគ្រប់ផ្ទះនៅតំបន់ជនបទ តែសម្រាប់អ្នកទីក្រុងវិញ ដោយសារតែមិនសូវសំបូរដីដាំ និងដោយសារតែភាពសំបូរបែបនៃបន្លែ ដែលជាពិសេសបន្លែនាំចូលច្រើននៅក្នុងទីផ្សារ ទើបធ្វើឱ្យមិនសូវមានអ្នកនិយមដាំ។

    នៅថ្ងៃនេះ ឡារ៉ែន សូមណែនាំលោកអ្នកឱ្យសាកល្បងដាំដំណាំត្រប់ស្រួយនេះនៅតាមគេហដ្ឋាន ព្រោះស្ថិតក្នុងស្ថានភាពដែលប្រទេសយើងកំពុងប្រឈមជាមួយនឹង​ការប្រយុទ្ធប្រឆាំងមេរោគ Covid-19នេះ ការនាំចូលបន្លែមិនសូវងាយស្រួលដូចពីមុននោះទេ ហើយវាក៏ជាពេលវេលាល្អផងដែរក្នុងការចាប់ផ្តើមដាំដុះដោយខ្លួនឯង ដើម្បីទទួលបានបន្លែធម្មជាតិគ្មានជាតិគីមី។

    តាមកសិករដែលមានបទពិសោធន៍ដាំដំណាំត្រប់ស្រួយជាច្រើនឆ្នាំនៅខេត្តកំពង់ចាម លោក សុខខេង បានប្រាប់ឡារ៉ែនថា លោកបានដាំត្រប់ស្រួយ​លើដីប្រមាណ 2ហិកតា ដែលអាចប្រមូលផលបានចន្លោះពី 300 ទៅ 400គីឡូក្រាមក្នុងមួយខែ បើគិតជាប្រាក់គឺអាចទទួលបានប្រហែលពី 7 ទៅ 8លានរៀល។

    វិធីសាស្ត្រដាំ ដំបូងឡើយយើងត្រូវសម្រាំងយកគ្រាប់ពូជណាដែលសុទ្ធល្អដើម្បីដាំ ព្រោះកាលណាពូជសុទ្ធយើងនឹងទទួលបានផលល្អ ហើយក៏ងាយលក់ទៅទីផ្សារដែរ។ បន្ទាប់មកទៀតយើងត្រូវយកគ្រាប់នោះមកត្រាំទឹកប្រហែលជា 2ម៉ោង ទើបចងវេចខ្ចប់​ដើម្បីយកមកត្រាំផ្អាប់ក្នុងទឹកត្រជាក់ ឬទឹកកកប្រមាណ 3 ទៅ4ថ្ងៃបន្ថែមទៀត ដើម្បីតាមដានឱ្យដឹងថាគ្រាប់ណាខ្លះដុះ និងគ្រាប់ណាខ្លះមិនដុះ។

    បន្ទាប់ពីរៀបចំតាមលំដាប់លំដោយរួចរាល់ហើយ យើងត្រូវ​ជ្រើសរើសយកគ្រាប់ដែលមានពន្លកមកដាំលើដីដែលបានរៀបចំតាមបច្ចេកទេស ដោយដីត្រូវឆូតជារងទាបៗដែលមានទទឹងប្រហែលជាងកន្លះម៉ែត្រ និងគ្របកៅស៊ូ​ដែលចោះប្រហោងរួចជាស្រេចដើម្បីការពារមេរោគពីខាងក្រៅ។ ចំពោះការដាំគឺត្រូវដាក់កូនត្រប់ឃ្លាតពីគ្នាប្រវែង 1ម៉ែត្រពីគ្នា ដើម្បីឱ្យវាមានទីលានដើម្បីលូតលាស់មិនប៉ះគ្នា។ បន្ទាប់មកទៀតយើងគ្រាន់តែមើលថែទាំស្រោចទឹក និងដាក់ជីធម្មជាតិវានឹងរីកលូតលាស់រហូតចេញផ្លែ។ ក្រោយពេលត្រប់ចេញផ្លែ យើងអាចប្រមូលផលបានរហូតដល់ទៅ 3ខែ ដោយរយៈពេលមួយអាទិត្យយើងអាចបេះវាបានពី 2 ទៅ 3ដង ទៅតាមស្ថានភាពដើមនីមួយៗដែលមានផ្លែតិច ឬច្រើនតែប៉ុណ្ណោះ។ សម្រាប់អ្នកនៅទីក្រុង អាចសាកល្បងដាំក្នុងផើង ឬនៅទីតាំងសមរម្យណាមួយមុខផ្ទះក៏អាចទទួលបានផលគួរសមសម្រាប់ទទួលទានដោយសុវត្ថិភាព៕