Author: ធឿន មករា

  • អ្នកបើកម៉ូតូគួរដឹង៖ ចំណុចអាទិភាពដែលអគ្គស្នងការនគរបាលជាតិកំណត់សម្រាប់រឹតបន្តឹងមាន 7 ចំណុច

    អ្នកបើកម៉ូតូគួរដឹង៖ ចំណុចអាទិភាពដែលអគ្គស្នងការនគរបាលជាតិកំណត់សម្រាប់រឹតបន្តឹងមាន 7 ចំណុច

    ថ្មីៗនេះនៅកម្ពុជាយើងមានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដោយតឹងតែងបំផុត ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាច​រណ៍នៅទូទាំងប្រទេស។

    ពាក់ព័ន្ធនឹងបញ្ហានេះអគ្គស្នងការនគរបាលជាតិ បានកោះហៅមន្ត្រីនគរបាលទាំងអស់ដើម្បីផ្សព្វផ្សាយពីបទបញ្ជារ និងកំណត់អាទិភាពដើម្បីធ្វើការផាកពិន័យទៅលើរថយន្ត និងម៉ូតូដំណាក់កាលទី1នេះ ដោយក្នុងនោះសម្រាប់ម៉ូតូគឺត្រូវកំណត់យក 7ចំណុចសំខាន់ៗ។

    នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានបញ្ជាក់ថា ចំណុចទាំង7 ចំនុចដែលជាផ្នែកអាទិភាពសម្រាប់ការផាកពិន័យ​ក្នុងដំណាក់កាលនេះគឺ៖

    ទី1. ការបើកបរមិនពាក់មួកសុវត្ថិភាព ព្រោះចំណុចនេះជាចំណុចសំខាន់ដែលបង្ករឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតច្រើន។

    ទី2. អ្នកបើកបរមានប្រើប្រាស់គ្រឿងស្រវឹង

    ទី3. អ្នកបើកបរមិនគោរពភ្លើង និងផ្លាកសញ្ញាចរាចរណ៍

    ទី៤. អ្នកបើកបរល្មើសក្នុងការបត់ និងវ៉ាជែង ដែលបញ្ហានេះ​ភាគច្រើនគឺបត់មិនស៊ីញ៉ូ និងបញ្ហាជាច្រើនទៀតដែលបង្កើតឱ្យមានគ្រោះថ្នាក់

    ទី៥. ដឹកលើសចំណុះ ព្រោះកន្លងមកមានម៉ូតូខ្លះដឹកដល់ពី 4 ឬ5នាក់ឯណោះ

    ទី៦. គ្មានផ្លាកលេខ

    និងទី7. គឺប្រើប្រាស់ទូរស័ព្ទដោយគ្មានឧបករណ៍ភ្ជាប់ (កាស)៕

  • អ្នកម្តាយដែលចាញ់កូនខ្លាំង កូននៅក្នងផ្ទៃច្បាស់ជារឹងប៉ឹងខ្លាំងដែរ

    អ្នកម្តាយដែលចាញ់កូនខ្លាំង កូននៅក្នងផ្ទៃច្បាស់ជារឹងប៉ឹងខ្លាំងដែរ

    តាមរយៈការពិនិត្យសម្រាប់ស្រ្តីមានផ្ទៃពោះ 85% ក្នុងអំឡុងត្រីមាសដំបូងនឹងមានអាការចាញ់កូនយ៉ាងខ្លាំងក្លា អ្នកខ្លះដល់ថ្នាក់ញ៉ាំអ្វីមិនបាន ញ៉ាំហើយក្អួតចេញមកវិញអស់ អ្នកខ្លះទៀតចាញ់កូនធ្ងន់ធ្ងរដល់ថ្នាក់ត្រូវទៅគេងព្យួរសេរ៉ូមនៅឯមន្ទីរពេទ្យក៏មាន តែសូមជឿចុះថា អាការចាញ់កូនធ្ងន់ធ្ងររបស់អ្នកម្តាយនេះ គឺជាការបញ្ជាក់ឱ្យដឹងថា កូនមានសុខភាពរាងកាយរឹងមាំល្អតាំងពីនៅក្នុងពោះហ្នឹងឯង។

    លទ្ធផលនៃការតាមដានពិនិត្យមើលអ្នកម្តាយមានគភ៌ជាង 850,000 នាក់ បានដឹងថា អ្នកម្តាយដែលមានអាការចាញ់កូន មិនថាតែចាញ់ខ្លាំង ឬចាញ់តិចនោះទេ ច្រើនតែប្រសូតត្រូវចំគំណត់ពេល ហើយទារកដែលប្រសូតចេញមកក៏មានសុខភាពរាងកាយរឹងមាំល្អ តែសម្រាប់អ្នកម្តាយដែលគ្មានអាការចាញ់កូនសោះនោះ គិតជាភាគរយ 9,5% ច្រើនតែប្រសូតមុនពេលកំណត់ និងអ្នកខ្លះអាចស្លាប់បាត់បង់ជីវិតតាំងពីនៅក្នុងគភ៌ផងក៏មាន។

    អាការចាញ់កូនកើតឡើងបានចំពោះអ្នកម្តាយគ្រប់រូប កើតឡើងដោយសារការដែលអ័រម៉ូនក្នុងរាងកាយប្រែប្រួលយ៉ាងឆាប់រហ័ស រហូតធ្វើឱ្យរាងកាយបញ្ជូនសញ្ញាអ្វីម្យ៉ាងចេញមក ដូចជា ក្អួត អស់កម្លាំងល្វើយ ចង់តែគេងសម្រាករហូត ឆាប់ទទួលដឹងក្លិនលឿនជាងសព្វដង មានកង្វល់ មិនសប្បាយក្នុងខ្លួន ជាដើម តែអាការចាញ់កូនទាំងនេះនឹងកើតធ្ងន់ធ្ងរចំពោះតែក្នុងត្រីមាសដំបូងប៉ុណ្ណោះ លុះឈានចូលដល់អំឡុងត្រីមាសទី 2 អាការចាញ់កូនទាំងនេះនឹងបាត់អស់ទៅវិញ ឬមានអាការស្រួលខ្លួនឡើងវិញជាងមុន បើអ្នកម្តាយមានអាការចាញ់កូន មិនថានឹងច្រើន ឬក៏តិចយ៉ាងណានោះទេ គួរតែប្រាប់ទៅលោកគ្រូពេទ្យឱ្យបានដឹងគ្រប់ពេលដែលទៅពិនិត្យរាងកាយ ដើម្បីលោកគ្រូពេទ្យនឹងបានវាយតម្លៃសុខភាពទារកក្នុងគភ៌របស់អ្នកម្តាយបាន។ អ្នកម្តាយម្នាក់ណាដែលមានអាការចាញ់កូនខ្លាំងអាចញ៉ាំអាហារដើម្បីសម្រាលអាការបានដូចតទៅ ៈ

    1 – ទឹកខ្ញីក្តៅៗ ឬត្រជាក់ ផ្អែមតិចៗ។

    2 – បែងអាហារដែលចង់ទទួលទានចេញជាពេលអាហារតូចៗ ដើម្បីទទួលទានក្នុងពេលថ្ងៃ។

    3 – នំឃុកគី ឬ គ្រែកឃើរ៍ដុំតូចៗទុកយកញ៉ាំក្នុងពេលថ្ងៃ។

    4 – ញ៉ាំទឹកឱ្យបានច្រើនៗ និងសម្រាករាងកាយឱ្យបានគ្រប់គ្រាន់។

    សម្រាប់អាការចាញ់កូន អាចនិយាយបានថាជារឿងប្រក្រតីសម្រាប់អ្នកមានគភ៌ ចូរគិតថា ចាញ់កូនខ្លាំង កូនរឹងប៉ឹងខ្លាំង ព្រោះបញ្ចេញអ័រម៉ូនការមានជីវិតចេញមកច្រើន តែសម្រាប់ស្រ្តីមានគភ៌ដែលគ្មានអាការចាញ់កូនសោះនោះក៏មិនចាំបាច់កង្វល់ដែរ បើពិនិត្យរាងកាយគ្រប់យ៉ាងប្រក្រតីនោះ ក៏បញ្ជាក់ថា អ្នកជាម្តាយដែលសំណាងល្អខ្លាំងណាស់ដែលមិនចាំបាច់នឿយហត់ជាមួយអាការចាញ់កូន៕

  • ពានអត់មានម្ចាស់ ! លីកកំពូលបារាំង Ligue 1 ប្រកាសឆាចោល 1ទៀតហើយ

    ពានអត់មានម្ចាស់ ! លីកកំពូលបារាំង Ligue 1 ប្រកាសឆាចោល 1ទៀតហើយ

    ដូចកីឡាដទៃទៀតដែរ បាល់ទាត់លីកកំពូលរបស់ប្រទេសបារាំង នឹងគ្មានម្ចាស់ជើងឯកសម្រាប់រដូវកាល2020 នេះទេ ដោយសារតែរដ្ឋាភិបាលបារាំងបានចេញនូវវិធានការដ៏ក្តៅគគុកមួយ ដែលត្រូវបិទគ្រប់សកម្មភាពកីឡាទាំងអស់នៅក្នុងឆ្នាំ2020 ដើម្បីបញ្ចៀសការកើនឡើងនៃការឆ្លងរាតត្បាតនៃមេរោគកូវីដ-19។

    …តែ គេនៅមិនទាន់ដឹងថា តើសហព័ន្ធបាល់ទាត់របស់ប្រទេសមួយនេះ នឹងលុបចោលលីកដោយគ្មានក្រុមកាត់ចោល, ក្រុមឡើងថ្មី ឬយ៉ាងណានោះទេ? រីឯក្រុមជើងឯក និងកៅអី Champions League អាចគិតត្រឹមចំណាត់ថ្នាក់បច្ចុប្បន្ន ឬយ៉ាងណានោះ ក៏គេនៅមិនទាន់សម្រេចឱ្យបានច្បាស់លាស់ដែរ។

    …តែ អ្វីដែលគួរឱ្យសោកស្តាយបំផុតនោះគឺ ក្លិបដែលឈរនៅកំពូលតារាង Paris Saint Germaint ដែលបានឆ្លងកាត់ 27ប្រកួតមកហើយ ដោយចាញ់តែ 3ប្រកួតប៉ុណ្ណោះ និងមានពិន្ទុឈ្នះដាច់ក្រុមលេខ2 ដល់ទៅ 12ពិន្ទុ ហើយមានគ្រាប់ចំណេញដល់ទៅ 57គ្រាប់នោះ នឹងត្រូវបាត់បង់ឱកាសលើកពានរបស់ខ្លួនសម្រាប់រដូវកាលនេះយ៉ាងពិតប្រាកដ៕

  • Liverpool ភ័យបុកពោះខ្លាំង ក្រោយលីកកំពូលៗនៅអឺរ៉ុប 3ក្របខ័ណ្ឌ ប្រកាសបិទ បន្តកន្ទុយគ្នា

    Liverpool ភ័យបុកពោះខ្លាំង ក្រោយលីកកំពូលៗនៅអឺរ៉ុប 3ក្របខ័ណ្ឌ ប្រកាសបិទ បន្តកន្ទុយគ្នា

    គិតមកទល់នឹងពេលនេះ មានលីកកំពូលៗរបស់ប្រទេសនៅតំបន់អឺរ៉ុប ចំនួន 3ហើយ ដែលបានប្រកាសបិទ បន្តបន្ទាប់គ្នា ដោយសារតែវិបត្តិកូវីដ-19 និងក៏ដើម្បីជាការបង្ការជំំងឺដែលបង្កដោយមេរោគមួយនេះដែរ។

    ក្នុងនោះដែរ ហូឡង់គឺជាប្រទេសទី1 ដែលបានប្រកាសឆាចោលរាល់ការប្រកួតទាំងអស់កន្លងមកនៅក្នុងក្របខ័ណ្ឌលីកកំពូលរបស់ខ្លួន គឺ Eredivisie ក្រោយស្ថានភាពហាក់មិនសមប្រកប និងចៀសវាងការទន្ទឹងរង់ចាំរបស់ក្លិបបាល់ទាត់នានា។

    បារាំងជាប្រទេសបន្ទាប់ ដែលប្រកាសលុបចោលក្របខ័ណ្ឌលីកដូចគ្នា ដោយសារតែរដ្ឋាភិបាលបារាំង បានដាក់កំហិតឱ្យបិទគ្រប់សកម្មភាពកីឡាទាំងអស់នៅក្នុងប្រទេសក្នុងឆ្នាំ2020នេះ។

    បន្ទាប់មកគឺ លីកកំពូលរបស់ប្រទេសប៊ែលហ្ស៊ិក Belgian Pro League គឺជាប្រទេសទី 3ហើយ ដែលទើបតែបានប្រកាសបិទជាបន្ត ក្រោយរដ្ឋាភិបាលរបស់ប្រទេសនេះ បើកភ្លើងក្រហមឱ្យបញ្ឈប់កីឡាមួយនេះជាបន្ទាន់។

    ចំពោះក្របខ័ណ្ឌលីកកំពូលរបស់អង់គ្លេស ដែលជាប្រទេសរងការរាតត្បាតដោយមេរោគកូវីដ-19 ខ្លាំងជាងគេនៅតំបន់អឺរ៉ុបវិញនោះ ក៏ហាក់មានសញ្ញានៃការបិទនេះដែរ ដែលបានធ្វើឱ្យក្លិប ក៏ដូចជាអ្នកគាំទ្ររបស់ក្លិប Liverpool មានការស្រងាកចិត្តយ៉ាងខ្លាំង ព្រោះក្រុមមួយនេះ ហាក់បានឈានទៅកៀកនឹងការលើកពានទៅហើយ ដោយត្រូវការឈ្នះតែ 2ប្រកួតទៀតប៉ុណ្ណោះ ខណៈនៅសល់ក្នុងដៃដល់ទៅជាង 10ប្រកួតទៀតឯណោះ៕

  • ថៃ នឹងអវត្តមានកីឡាករឆ្នើម 4រូប នៅក្នុងពាន Suzuki Cup

    ថៃ នឹងអវត្តមានកីឡាករឆ្នើម 4រូប នៅក្នុងពាន Suzuki Cup

    ការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 បានគ្រោងនឹងធ្វើឡើងនៅថ្ងៃទី23 ខែវិច្ឆិកា ឆ្នាំ2020 ដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 តាមរូបមន្តប្តូរទឹកដី និងលេង 2ជើង។

    ចំពោះថៃ ដែលជាក្រុមជើងឯក 5សម័យកាលនោះ នឹងត្រូវអវត្តមានកូនក្រុមចំនួន 4រូប គឺ Teerasil Dangda, Chanathip Songkrasin, Theerathon Bunmathan និង Kawin Thamsatchanan ព្រោះទាំង 4នាក់នោះ មានភារកិច្ចជួយក្រុមរបស់ខ្លួន បន្តការប្រកួតក្នុងក្របខ័ណ្ឌលីកកំពូលជប៉ុន ដែលមិនបានសម្រាកឡើយក្នុងអំឡុងពេលប្រកួតដណ្ដើមពាន Suzuki Cup។

    គួរបញ្ជាក់ដែរថា កីឡាករទាំង 4រូបនេះ គឺសុទ្ធសឹងតែជាគ្រាប់ពេជ្រនៃក្រុមបាល់ទាត់ជម្រើសជាតិថៃទាំងអស់ និងសុទ្ធតែជាកីឡាករឆ្នើមដែលធ្លាប់ជួយថៃ ឱ្យបានលើកពានរង្វាន់ AFF Suzuki Cup នេះជាច្រើនលើករួចមកហើយ៕

  • តាជីគីស្ថាន ប្រកាសបិទក្របខ័ណ្ឌលីកដែរហើយ តែមិនមែនដោយសារវិបត្តិមេរោគកូវីដ-19 ទេ

    តាជីគីស្ថាន ប្រកាសបិទក្របខ័ណ្ឌលីកដែរហើយ តែមិនមែនដោយសារវិបត្តិមេរោគកូវីដ-19 ទេ

    ក្របខ័ណ្ឌលីកកំពូលនៃប្រទេសតាជីគីស្ថាន បានបង្កភាពភ្ញាក់ផ្អើលទៅកាន់ពិភពលោក ដោយសារតែលីកបាល់ទាត់របស់ប្រទេសនេះ បានប្រកាសបិទក្នុងសប្តាហ៍នេះ ដោយសារតែមានមូលហេតុ ខុសពីប្រទេសដទៃ ក៏ដូចជាពិភពលោកទាំងមូលដែរ នោះគឺដោយសារតែប្រទេសនេះមានការរាតត្បាតយ៉ាងខ្លាំងពីជំងឺផ្តាសាយជ្រូកទៅវិញ។

    ចំពោះការផ្អាកនេះ ត្រូវបានសហព័ន្ធបាល់ទាត់ប្រទេសតាជីគីស្ថាន បញ្ជាក់ថា គឺជាការគោរពតាមបម្រាម របស់រដ្ឋាភិបាល ដើម្បីប្រឆាំងនឹងជំងឺផ្តាសាយជ្រូកដែលកំពុងតែរាតត្បាតយ៉ាងខ្លាំងក្លានៅក្នុងប្រទេសនេះ។

    គួរបញ្ជាក់ដែរថា ប្រទេសតាជីគីស្ថានបានបើកការប្រកួតក្របខ័ណ្ឌលីកជាផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី៤ ខែមេសា ខណៈដែលក្រុម Istiklol FC បានទទួលស្វាគមន៍ក្រុម Khujand ដោយគ្មានអ្នកគាំទ្រ៕

  • លោក សំ សុខនឿន ផ្ញើសាររំលែកមរណទុក្ខ សូមគោរពជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

    លោក សំ សុខនឿន ផ្ញើសាររំលែកមរណទុក្ខ សូមគោរពជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

    ភ្នំពេញ ៖ លោក សំ សុខនឿន អគ្គនាយកក្រុមហ៊ុនក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW Sen Sok និងជាប្រធានក្រុមហ៊ុន សេម អេស អិន រៀលធី ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ផ្ញើសាររំលែកមរណទុក្ខដ៏ក្រៀមក្រំ សូមគោរពជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមគ្រួសារនៃសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។

    នៅក្នុងសាររំលែកទុក្ខក៏ក្រៀមក្រំ លោកបានសរសេរថា យើងខ្ញុំមានក្ដីរន្ធត់ចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា មាតាក្មេក ជីដូន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២ និង១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។

    មរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា គឺជាការបាត់បង់ដ៏ធំធេងនូវពុទ្ធសាសនិកមួយរូបពោរពេញដោយសេចក្ដីបរិសុទ្ធក្នុងព្រះធម្ម ដែលបានបរិច្ចាគនូវទ្រព្យ និងកម្លាំងកាយចិត្ត ប្រកបដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត ក្នុងការងារមនុស្សធម៌ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ព្រមទាំងជាការបាត់បង់នូវមាតា មាតាក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រឡាញ់ស្មើជីវិត ដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់ គ្រប់បែបយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងអប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យកូនចៅ បានក្លាយជាពលរដ្ឋល្អ បញ្ញវន្ត និងជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលជាមនុញ្ញផល មិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

    ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយ សម្ដេចតេជោ នាយករដ្ឋមន្ត្រី សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ដោយសេចក្ដីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួង សុំឱ្យវិញ្ញាណក្ខន្ធរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

  • មិនស្រួលខ្លួនខណៈមានផ្ទៃពោះ ត្រូវមើលថែទាំខ្លួនឯងយ៉ាងណា?

    មិនស្រួលខ្លួនខណៈមានផ្ទៃពោះ ត្រូវមើលថែទាំខ្លួនឯងយ៉ាងណា?

    ត្រឹមតែមានផ្ទៃពោះតែម្យ៉ាងក៏ធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ថានឿយហត់ និងចង់សម្រាកឱ្យបានច្រើនៗណាស់ទៅហើយ តែបើអ្នកម្តាយមានគភ៌មានអាការឈឺថ្កាត់ ឬមិនស្រួលខ្លួនរួមជាមួយទៀតផងនោះ ក៏រឹតតែធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ថាយ៉ាប់យ៉ឺនទុរុនទុរា ព្រោះអ្នកម្តាយនឹងអស់កម្លាំងខ្លាំងឡើងដល់ទៅទ្វេរដង និងមិនដឹងថានឹងចាត់ការចំពោះខ្លួនឯងយ៉ាងណាស្រួល ដូច្នេះថ្ងៃនេះ ឡារ៉ែន មានវិធីដែលអ្នកម្តាយមានគភ៌ត្រូវធ្វើពេលមានអាការឈឺថ្កាត់ ឬមិនស្រួលខ្លួនមកជម្រាបជូន។

    1 – ពិនិត្យមើលខ្លួនឯង ៈ តើអ្នកគ្រុនក្តៅមិនស្រួលខ្លួនដោយសារអ្វី? អ្នកម្តាយមានគភ៌គួរប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីឱ្យគ្រូពេទ្យពិនិត្យមើលថា អាការដែលអ្នកឈឺថ្កាត់នោះបណ្តាលមកពីឆ្លងមេរោគបាក់តេរី ឬមេរោគវីរុស ព្រោះក្នុងអំឡុងពេលមានគភ៌អ្នកម្តាយនឹងមានប្រព័ន្ធប្រឆាំងជំងឺទាបជាងប្រក្រតីស្រាប់ហើយ និងគួរតែឱ្យគ្រូពេទ្យរកមើលមូលហេតុឱ្យឃើញឱ្យបានលឿនបំផុត។

    2 – នៅពេលដឹងថា ឈឺដោយសារអ្វីហើយ គួរតែបញ្ឈប់ទង្វើនោះ ៈ ដើម្បីកុំឱ្យកើតមានទៀតនៅលើកក្រោយ ដូចជា ប្រឡូកប៉ូកប៉ាកជាមួយអ្នកជំងឺញឹកញាប់ ឬចេញទៅនៅក្នុងកន្លែងដែលមានមនុស្សម្នាច្រើនកុះករញឹកញាប់ជាដើម។

    3 – បើមានអាការដូចតទៅនេះ ស្រ្តីមានគភ៌គួរប្រញាប់ទៅជួបពេទ្យ ៈ គ្រុនក្តៅខ្លួនខ្លាំង នឿយល្វើយខ្លាំងជាងធម្មតា ឈឺ-ក មានអាការហើម ណែនថប់ក្នុងដើមទ្រូង ពិបាកដកដង្ហើម ខ្លួនប្រាណស្លេកស្លាំង វឹលមុខ ឈរទប់ខ្លួនមិនជាប់ អាការទាំងអស់នេះត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។

    ការមើលថែទាំខ្លួនឯងរបស់អ្នកម្តាយមានគភ៌នៅពេលឈឺថ្កាត់

    ជាប្រក្រតីអ្នកម្តាយដែលមានគភ៌ បើឈឺថ្កាត់បន្តិចបន្តួចមិនចាំបាច់ទៅជួបគ្រូពេទ្យក៏បាន អាចព្យាបាលខ្លួនឯងបានបែបងាយៗដោយការទទួលទានទឹកឱ្យបានច្រើន សម្រាកឱ្យបានគ្រប់គ្រាន់ និងមិនគួរប្រើថ្នាំក្នុងការព្យាបាល​ខ្លួនឯងឡើយបើគ្មានវេជ្ជបញ្ជា។

    អ្វីដែលអ្នកម្តាយគួរធ្វើនៅពេលមានអាការឈឺថ្កាត់ គ្រុនក្តៅ មិនស្រួលខ្លួននោះគឺ ទទួលទានទឹកឱ្យបានច្រើនៗ ព្រោះពេលមិនស្រួលខ្លួន រាងកាយនឹងត្រូវការទឹកច្រើនជាងពេលប្រក្រតី ដូច្នេះការទទួលទានទឹកច្រើនធ្វើឱ្យរាងកាយរបស់ស្រ្តីមានគភ៌ឆាប់ស្រួលខ្លួនឡើងវិញ និងមានអារម្មណ៍ល្អឡើង។ ទឹកដែលគួរទទួលទានគឺ ទឹករ៉ែ ទឹកបរិសុទ្ធ បើទទួលទានអាហារមិនបាន គួរទទួលទានទឹកផ្លែឈើច្រ-បាច់ស្រស់ៗ ដើម្បីឱ្យទារកក្នុងគភ៌បានទទួលសារធាតុអាហារដែលចាំបាច់ និងភេសជ្ជៈដែលមិនគួរទទួលទានសោះនោះគឺ ភេសជ្ជៈដែលមានកាហ្វេអ៊ីន និងភេសជ្ជៈដែលមានជាតិអាល់កុល៕

  • នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន មិនទាន់ឱ្យសមត្ថកិច្ចពិន័យបញ្ហាឆៀកនោះទេ ព្រោះមានរថយន្តជាច្រើនឆៀកមិនទាន់បាន

    នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន មិនទាន់ឱ្យសមត្ថកិច្ចពិន័យបញ្ហាឆៀកនោះទេ ព្រោះមានរថយន្តជាច្រើនឆៀកមិនទាន់បាន

    ចំពោះមុខការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនេះ មានប្រជាជនមួយចំនួនហាក់បង្ហាញភាពរីករាយចំពោះចំណាត់ការដ៏ម៉ឹងម៉ាត់របស់សមត្ថកិច្ច ខណៈប្រជាជនមួយចំនួនក៏មានការថ្នាំងថ្នាក់ចំពោះសកម្មភាពរបស់សមត្ថកិច្ចមួយចំនួននៅមូលដ្ឋានរបស់ខ្លួន។

    ពាក់ព័ន្ធនឹងបញ្ហានេះ នាយឧត្តមសេនីយ៍ ហ៊ឹម​ យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថាមួយរយៈពេលនេះយើងបានផ្តល់លេខទំនាក់ទំនងទាំងអធិការ និងរហូតដល់ថ្នាក់ដឹកនាំថែមទៀតផង ដើម្បីឱ្យប្រជាពលរដ្ឋរាយការណ៍ចំពោះសកម្មភាពអសកម្មទាំងឡាយណារបស់មន្ត្រីនគរបាលចរាចរណ៍ប្រសិនបើខ្លួនបានជួប។ បន្ថែមពីលើនេះ តាមច្បាប់យើងបានទុកពេលវេលាសមស្របមួយផងដែរសម្រាប់ប្រជាពលរដ្ឋប្តឹង ក្នុងករណីទាំងឡាយណាដែលប្រជាជនយល់ថាការពិន័យរបស់សមត្ថកិច្ចចរាច​រណ៍មិនសមស្រប ដោយអ្នកនៅតាមបណ្តាខេត្តគាត់អាចប្តឹងទៅអធិការ ឬសម្រាប់ថ្នាក់ជាតិអាចប្តឹងទៅនាយកដ្ឋានសណ្តាប់ធ្នាប់ចរាចរណ៍ ឬបើនៅតែមិនសុខចិត្តអាចប្តឹងទៅតុលាការបាន។

    ឯកឧត្តម បញ្ជាក់ផងដែរថា នៅគ្រប់តំបន់យើងបានប្រកាសអស់ហើយនូវលេខទូរស័ព្ទទំនាក់ទំនងរបស់លោកស្នងការ ស្នងការរង និងអធិការជាដើមដើម្បីឱ្យប្រជាជនទាក់ទង។ ហេតុនេះបើមានការអ្វីមិនសុខចិត្តគួរទំនាក់ទំនងទៅថ្នាក់ដឹកនាំ ជាជាងការបង្ករបញ្ហានៅនឹងកន្លែង៕

  • តម្លៃសាំងនៅតែរក្សាតម្លៃ 2,250រៀលក្នុងមួយលីត្រ រហូតដល់ពាក់កណ្តាលខែនេះ

    តម្លៃសាំងនៅតែរក្សាតម្លៃ 2,250រៀលក្នុងមួយលីត្រ រហូតដល់ពាក់កណ្តាលខែនេះ

    ស្របពេលដែលស្ថានភាពនៃការរីករាតត្បាតជំងឺ Covid-19 បានធ្វើឱ្យ​តម្លៃប្រេងសាំងលើសកលលោកបានធ្លាក់ចុះយ៉ាងគំហុក ដែលក្នុងនោះតម្លៃប្រេងសាំងនៅកម្ពុជាក៏បន្តចុះថ្លៃបន្ថែមទៀតផងដែរ។

    យោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួពាណិជ្ជកម្ម​កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ផ្អែកតាមតម្លៃជាមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ​ ថ្លៃលក់រាយ​ប្រេងឥន្ធនៈចាប់ពីថ្ងៃទី 01 ដល់ថ្ងៃទី 15 ខែឧសភា ឆ្នាំ2020 ដឹងត្រូវលក់ 2,411រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា AE92 និង 2,324រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។

    ដើម្បីជួយសម្រួលដល់​ប្រជាជន និង​ដោយមានការរួមចំណែក​ពីក្រុមហ៊ុនចែកចាយ​ប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចបញ្ចុះតម្លៃលក់រាយ​ប្រេងឥន្ទនៈ​នៅកម្ពុជាចំនួន 4សេនដុល្លារក្នុងមួយលីត្រ។ ហេតុនេះ​ថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត​ចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 15 ខែឧសភា តម្លៃសាំងនឹងមកនៅត្រឹម 2,250រៀក្នុងមួយលីត្រ ហើយម៉ាស៊ីនមកនៅត្រឹម 2,150រៀលក្នុងមួយលីត្រ៕