Author: ធឿន មករា

  • ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

    ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

    ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។

    អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់ ហើយបើសិនជាមួយរយៈនេះអ្នកមានអាការឈឺពោះខាងស្តាំញឹកញាប់នោះ សាកល្បងមកពិនិត្យទៅមើល៍ថា តើអាការឈឺពោះខាងស្តាំក្នុងលក្ខណៈនេះ បញ្ជាក់ថារាងកាយយើងកំពុងបញ្ចេញសញ្ញារបស់ជំងឺអ្វី?

    – ឈឺពោះខាងស្តាំផ្នែកលើ (ម្តុំឆ្អឹងជំនីផ្នែកស្តាំ)

    បើអ្នកមានអាការឈឺពោះខាងស្តាំខាងលើ ហើយអាការច្រើនតែកើតបន្ទាប់ពីទទួលទានអាហារដែលមានជាតិខ្លាញ់ខ្ពស់នោះ បញ្ជាក់ថា អ្នកកំពុងមានភាពប្រថុយប្រថានរបស់ជំងឺក្រួសក្នុងថង់ប្រមាត់ និងជំងឺថ្លើម ដោយមានចំណុចសង្កេតបន្ថែមគឺ បើសង្កត់លើពោះបរិវេណដែលឈឺនោះហើយ ស្ទាបប៉ះដុំរឹងៗ រួមជាមួយរាងកាយមានអាការខ្លួនលឿង ភ្នែកលឿងផងនោះ។

    ក្រៅពីនេះ បើមានអាការឈឺពោះផ្នែកស្តាំរាលដាលទៅដល់ផ្នែកខ្នង (អ្នកខ្លះអាចឈឺពោះផ្នែកលើ ឬផ្នែកកណ្តាល) នោះរាងកាយកំពុងចង់ប្រាប់អ្នកថា អ្នកមានអាការខុសប្រក្រតីនៅលើថ្លើមខ្ចី ដោយអាចប្រថុយប្រថាននឹងជំងឺរលាកថ្លើមខ្ចីពីការញ៉ាំភេសជ្ជៈជាតិអាល់កុលច្រើនជ្រុលពេកហ្នឹងឯង។

    – ឈឺពោះខាងស្តាំខាងក្រោម

    បើឈឺពោះខាងស្តាំផ្នែកក្រោម តាំងពីម្តុំជុំវិញរន្ធផ្ចឹតរាលទៅឈឺនៅម្តុំផ្នែកក្រោមខាងស្តាំ ស្ទាបទៅហើយប៉ះដុំសាច់ សង្កត់ទៅហើយឈឺ រួមជាមួយអាការឈឺចុកសៀតគ្រប់ពេលវេលា អាការបែបនេះអាចសន្និដ្ឋានបានថា អាចជាអាការរលាកខ្នែងពោះវៀន តែបើឈឺបែបមានខ្យល់នៅក្នុងពោះ រមូរៗពោះវិញនោះ អាចដោយសារតែពោះវៀនធំធ្វើការខុសប្រក្រតី។

    – ឈឺពោះខាងស្តាំក្រោមឆ្អឹងជំនី

    ឈឺផ្សានៅម្តុំពោះខាងស្តាំក្រោមឆ្អឹងជំនី អ្នកខ្លះអាចមានអាការឈឺចុកសៀតរួមជាមួយផងដែរ នេះអាចជាសញ្ញាខុសប្រក្រតីរបស់ពោះវៀនតូច ដោយអាចមានមូលហេតុមកពីការកើតប្រតិកម្មចាញ់ប្រូតេអ៊ីនគ្លូដេន ប៉ះពាល់ដល់ពោះវៀនតូចឱ្យមិនអាចបឺតជ្រាបអាហារបាន រហូតកើតអាការឈឺពោះ និងបើបណ្តោយទុកចោលដោយមិនព្យាបាលនោះ អាចកើតសភាវរាករូស ឆ្អល់ និងអាចវិវឌ្ឍទៅជាជំងឺរលាកពោះវៀនតូចបាន។

    – ឈឺពោះខាងក្រោមផ្នែកស្តាំ

    ដោយមានអាការឈឺខ្លាំងជាតំណាក់ៗ ឈឺពោះខាងក្រោមផ្នែកស្តាំរាលដាលទៅដល់គល់ភ្លៅ អាចកើតបញ្ហាសុខភាពក្រលៀន ដូចជា មានក្រួសនៅក្នុងតម្រងនោម តែបើឈឺពោះផ្នែកក្រោមខាងស្តាំរួមទាំងមានឡើងកម្តៅខ្លួនខ្ពស់ ស្រៀវរងា និងមានធ្លាក់សផងនោះ លក្ខណៈសញ្ញានេះច្រើនតែជាអាការរលាកដៃស្បូន ដែលបើស្ទាបហើយឃើញមានដុំសាច់ផងនោះ អាចព្រោះតែសំបុកស៊ុតខុសប្រក្រតីម្យ៉ាងទៀត។

    – ឈឺពោះខាងស្តាំផ្នែកកណ្តាល(ចង្កេះខាងស្តាំ)

    បើឈឺនៅបរិវេណនេះ រួមទាំងមានអាការបត់ជើងមកមានឈាម បន្ទោបង់ខុសប្រក្រតី អាចជាសញ្ញារបស់ជំងឺរលាកពោះវៀនធំ ឬបើស្ទាបប៉ះដុំសាច់ផងនោះ អាចជាសញ្ញារបស់សាច់ដុះក្នុងពោះវៀនធំ តែបើឈឺតាំងពីចង្កេះខាងស្តាំរាលដាលចុះទៅគល់ភ្លៅនោះ អាចជាអាការក្រួសក្នុងតម្រងនោម ឬបើឈឺចង្កេះខាងស្តាំរួមទាំងមានគ្រុនក្តៅ រងាញាក់ និងទឹកមូត្រមានពណ៌ល្អក់ផងនោះសញ្ញានេះប្រាប់ពីជំងឺរលាកតម្រងនោម។

    – ឈឺពោះខាងស្តាំ ពេលមានគភ៌

    អាការឈឺពោះខាងស្តាំ ពេលមានគភ៌អាចមិនមែនជារឿងគួរឱ្យកង្វល់នោះទេ បើស្រ្តីមានគភ៌មានអារម្មណ៍ថាឈឺពោះផ្នែកខាងស្តាំ ឬខាងឆ្វេង ឈឺបែបស្រាលៗ នោះដោយសារតែកូនជីវិតចាប់ផ្តើមបញ្ចូលខ្លួននៅក្នុងស្បូនហើយ និងអាការឈឺបែបនេះនឹងកើតឡើងក្នុងតែរយៈពេលតាំងគភ៌ដំបូងៗប៉ុណ្ណោះ ដោយបន្ទាប់ពីការបញ្ចូលខ្លួនរបស់កូនជីវិតហើយនោះ អាការឈឺចាប់ដែលស្រ្តីមានគភ៌ត្រូវជួបតទៅទៀតនោះគឺ ការឈឺស្បូន ដោយសារតែស្បូនចាប់ផ្តើមរីកធំជារឿយៗ ដែលអ្នកម្តាយមានអារម្មណ៍ថាឈឺនៅផ្នែកខាងក្រោមពោះច្រើនជាងគេ។

    អាការឈឺពោះអាចកើតឡើងបានគ្រប់ពេល តាមរយៈការបរិភោគអាហារខុសប្រក្រតីរហូតធ្វើប្រព័ន្ធពោះវៀន និងប្រព័ន្ធរំលាយអាហារធ្វើការខុសប្រក្រតី និងទង្វើផ្សេងៗ ដូចជា ការគេងភ្លាមៗក្រោយពីញ៉ាំអាហាររួចជាដើម តែបើអាការឈឺពោះកាន់តែខ្លាំងក្លាទ្វេរគុណឡើង ឬឈឺនៅលើចំណុចមួយចំនួន ដូចជា ឈឺពោះខាងស្តាំបែបនេះ ជួនកាលវាជាសញ្ញាដែលរាងកាយដាស់តឿនពីជំងឺ និងអាការខុសប្រក្រតីដែលកើតឡើងឱ្យយើងបានដឹងហើយ ដូច្នេះចូរកុំទុកចិត្តឱ្យសោះ គួរប្រញាប់ទៅជួបគ្រូពេទ្យឱ្យបានលឿនបំផុត៕

  • គ្មានស្លាកលេខក៏ដោយ ឱ្យតែមានបង្កាន់ដៃធ្វើស្លាកលេខប៉ូលីសនឹងមិនផាកនោះទេ

    គ្មានស្លាកលេខក៏ដោយ ឱ្យតែមានបង្កាន់ដៃធ្វើស្លាកលេខប៉ូលីសនឹងមិនផាកនោះទេ

    ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងថ្មីមួយពាក់ព័ន្ធនឹងការផាកពិន័យលើយានយន្ តដែលមិនទាន់មានស្លាកលេខហើយចរាចរណ៍លើដងផ្លូវ។

    តាមការបញ្ជាក់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ចំពោះម៉ូតូ រថយន្ត ផាសអេប ម៉ូតូ ទាំងឡាយណាដែលមានបង្កាន់ដៃ​ធ្វើស្លាកលេខពីខាងក្រសួងសាធារណការ និងដឹកជញ្ជូន បន្តែមិនទាន់បានទទួលស្លាកលេខគឺមិនទទួលការផាកពិន័យឡើយ៕

  • ប្រធានាធិបតីបារាំង ចង់ឱ្យលីកនៅអឺរ៉ុប បញ្ឈប់ត្រឹមនេះ ទាំងអស់គ្នា

    ប្រធានាធិបតីបារាំង ចង់ឱ្យលីកនៅអឺរ៉ុប បញ្ឈប់ត្រឹមនេះ ទាំងអស់គ្នា

    លោក Emmanuel Macron ប្រធានាធិបតីបារាំង និងត្រូវជាប្រធានផ្លាស់វេនរបស់សហភាពអឺរ៉ុបឆ្នាំនេះ បានថ្លែងដោយសង្កត់ធ្ងន់ថា ប្រទេសជាសមាជិកអឺរ៉ុបទាំងឡាយ គួរតែរៀនតាមបារាំង ពោលគឺបិទសកម្មភាពកីឡាទាំងអស់ក្នុងឆ្នាំនេះចោលទៅ។

    ក្នុងនោះលោកក៏បានលើកឡើងចំៗ ពីឈ្មោះប្រទេសដូចជា អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី និងអេស្ប៉ាញ ដែលជាប្រទេសលំដាប់កំពូលទាំង10 ដែលមានអ្នកឆ្លងមេរោគកូវីដ-19 ច្រើនជាងគេបំផុតនៅលើពិភពលោក ឱ្យប្រញាប់ប្រញាល់បិទបញ្ឈប់ការប្រកួតក្នុងលីកកំពូលទាំងអស់របស់ខ្លួនចោលទៅ ដើម្បីចូលរួមទប់ស្កាត់មេរោគកូវីដ-19 នៅក្នុងប្រទេសរបស់ខ្លួន ក្នុងសហគមន៍អឺរ៉ុប ក៏ដូចជាក្នុងពិភពលោកផងដែរ។

    គួររំឭកផងដែរថា នៅអឺរ៉ុបមានប្រទេស 3ហើយ ដែលបានប្រកាសរំសាយក្របខ័ណ្ឌលីកកំពូលរបស់ខ្លួន មានដូចជា បែលហ្ស៊ិក ហូល្លង់ និងបារាំង ដែលជាអ្នកចាប់ផ្តើមដំបូងគេបង្អស់៕

  • Hokkaido ប្រកាសលក់កីឡាករថ្លៃជាងគេបំផុតនៅ J-League យកលុយដោះទាល់

    Hokkaido ប្រកាសលក់កីឡាករថ្លៃជាងគេបំផុតនៅ J-League យកលុយដោះទាល់

    កីឡាករជម្រើសជាតិថៃ Chanathip songkrasin ត្រូវបានក្លិប Hokkaido Consadole Sapporo នៃលីកកំពូលជប៉ុន ប្រកាសលក់ចេញក្នុងតម្លៃលើសពី 2លាន 6សែនដុល្លារ ព្រោះតែវិបត្តិហិរញ្ញវត្ថុរបស់ក្លិបក្នុងអំឡុងពេលវិបត្តិកូវីដ-19។

    Chanathip songkrasin គឺជាកីឡាករថៃដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុត ដែលប្រកបអាជីពនៅប្រទេសជប៉ុន និងមានតម្លៃខ្លួនថ្លៃជាងគេបំផុតប្រចាំក្លិបនៅជប៉ុននេះផងដែរ ដូចនេះការលក់រូបគេចេញម្នាក់ គឺគ្រប់គ្រាន់សម្រាប់ឱ្យក្លិបបន្តរស់បាន រហូតដល់រដូវកាលក្រោយ។

    ជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេលំដាប់ទី9 នៅក្នុងប្រទេសជប៉ុនផងដែរ កីឡាកររូបនេះ ត្រូវបានគេដឹងថា Hokkaido បានទិញពីក្លិប SCG Moeungthong United ក្នុងតម្លៃត្រឹមតែ 7សែនដុល្លារតែប៉ុណ្ណោះ៕

  • ទោះស្ថិតក្នុងស្ថានភាព Covid-19 ក៏អំបិលកំពតនៅដំណើរការល្អ

    ទោះស្ថិតក្នុងស្ថានភាព Covid-19 ក៏អំបិលកំពតនៅដំណើរការល្អ

    អំបិល ជាអាហារចាំបាច់បំផុតសម្រាប់មនុស្សលើពិភពលោក ហេតុនេះហើយទើប​តម្រូវការអំបិល​នៅតែជាចំនុចអាទិភាពបើទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

    លោក ភូ លិ អភិបាលរងខេត្តកំពត បានលើកឡើងថា ដំណើរការផលិតអំបិលក្នុងខេត្តកំពតនៅតែបន្តដំណើរការទៅមុខដូចធម្មតា បើទោះបីជាកន្លងមកមានបញ្ហាលំបាកមួយចំនួន​ក៏ដោយ។ បញ្ហាដែល​សហគមន៍ផលិតអំបិលនៅខេត្តកំពតធ្លាប់ជួបប្រទះគឺ បញ្ហាបម្រែបម្រួលអាកាសធាតុ និងដើមទុនសម្រាប់អាជីវកម្ម។

    លោកអភិបាលរងខេត្តបានបញ្ជាក់ទៀតថា ខេត្តកំពត គឺជាកន្លែងផលិតអំបិល​ ដែលបានចែកចាយទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា​ ព្រោះទីនេះមានអំបិលប្រកបដោយគុណភាពខ្ពស់។ កន្លងមក​ពេលដែលសហគមន៍​អំបិលកើតឡើងដំបូង យើងក៏ធ្លាប់មានការព្រួយបារម្ភថា​ក្រោយពេលផលិតបានច្រើន អាចនឹងលំបាកស្វែងរកទីផ្សារ តែស្ថានភាពជាក់ស្តែង បញ្ហាទីផ្សារមិនមែនជាបញ្ហាចម្បងទេ ព្រោះអ្វីដែលធ្វើឱ្យយើងលំបាកគឺ​ការប្រែប្រួលអាកាសធាតុ និងទុនផលិត​ទៅវិញទេដែលធ្វើឱ្យអ្នកផលិតជួបបញ្ហា។ ទោះជាយ៉ាងនេះក្តីរហូតមកដល់បច្ចុប្បន្ននេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងសហការជាមួយគណៈអភិបាលខេត្តកំពត ក្នុងការជួយដោះស្រាយដោយរឹតត្បិតអំបិលនាំចូលពីប្រទេសជិតខាង និង​ជួយ​ជាដំណោះស្រាយមួយចំនួនផ្សេងទៀត។

    រយៈពេល 4ខែដើមឆ្នាំ 2020 នេះ ខេត្តកំពតបានផលិតអំបិល​ប្រមាណ 27,775តោន ហើយបានផ្គត់ផ្គង់លើទីផ្សារចំនួន 12,332តោន៕\

  • ថៃ និងវៀតណាម អះអាងដូចគ្នាថា ទទួលបានជោគជ័យក្នុងការធ្វើតេស្ដគំរូបឋម វ៉ាក់សាំងកូវីដ-19

    ថៃ និងវៀតណាម អះអាងដូចគ្នាថា ទទួលបានជោគជ័យក្នុងការធ្វើតេស្ដគំរូបឋម វ៉ាក់សាំងកូវីដ-19

    ក្រសួងសាធារណៈសុខាភិបាលថៃ នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អាជ្ញាធរសុខាភិបាលរបស់ខ្លួន បានបង្កើតភាពជឿនលឿន ក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងមេរោគកូវីដ​-19 បន្ទាប់ពីការធ្វើតេស្ដគំរូបឋមក្នុងមន្ទីរពិសោធន៍ ដែលបានបង្ហាញលទ្ធផលជោគជ័យ។

    លោកវេជ្ជបណ្ឌិត Opas Karnkawinpong ជាអគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រនៃក្រសួងសារធារណៈសុខាភិបាល របស់ប្រទេសថៃ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រុមអ្នកស្រាវជ្រាវថៃ បានចាក់គំរូវ៉ាក់សាំង DNA លើខ្លួនសត្វកណ្ដុរពិសោធន៍ជាច្រើនក្បាល ហើយបន្ទាប់មកបានធ្វើតេស្ដឈាមលើពួកវា ដើម្បីឱ្យដឹងថា តើកណ្ដុរទាំងនេះបានអភិវឌ្ឍអង្គបដិបក្ខប្រាណ ឬអង់ទីគ័រ ប្រឆាំងមេរោគដែរ ឬក៏យ៉ាងណា។

    វេជ្ជបណ្ឌិត Opas បានបន្ថែមទៀតថា ជាលទ្ធផល សត្វកណ្ដុរពិសោធន៍មានការអភិវឌ្ឍអង់ទីគ័រ ក្នុងកម្រិតមួយគួរជាទីគាប់ចិត្ត។

    ជំហានបន្ទាប់ គឺជាការធ្វើតេស្ដគំរូវ៉ាក់សាំងលើមនុស្ស ដើម្បីពិនិត្យមើលថា តើប្រព័ន្ធភាពសុំា មានប្រតិកម្ម ក្នុងកម្រិតដូចគ្នានឹងការធ្វើតេស្ដលើសត្វកណ្ដុរពិសោធន៍ដែរឬទេ?។ ម្យ៉ាងវិញទៀត បើទោះជាការអភិវឌ្ឍវ៉ាក់សាំងនៅក្នុងប្រទេសថៃ មិនមានភាពជឿនលឿនខ្លាំង ដូចនៅប្រទេសចិន សហរដ្ឋអាមេរិក និងនៅតាមបណ្ដាប្រទេសអឺរ៉ុបក៏ដោយ ក៏លោកនៅតែសង្ឃឹមដែរថា ក្រុមអ្នកវិទ្យាសាស្ត្រថៃ នឹងអភិវឌ្ឍវ៉ាក់សាំង COVID-19 មួយបាន ដែលនឹងមានភាពល្បីល្បាញគ្រប់ពេលវេលា។

    រី​ឯ​ វៀតណាម ​បាន​ប្រកាស​ថា ខ្លួនបាន​ធ្វើតេស្ត​វ៉ាក់សាំង​ប្រឆាំង​កូវីដ-19 នៅ​លើ​​សត្វចិញ្ចឹមប្រកប​ដោយ​ជោគជ័យ។ គម្រោង​បង្កើត​វ៉ាក់សាំង​នេះត្រូវបានបង្កើត​ឡើងរួមគ្នា រវាង​ក្រុមអ្នកវិទ្យាសាស្ត្រនៅក្រុមហ៊ុន​បង្កើត​វ៉ាក់សាំង ​វ៉ាប៊ីអូថិច (VABIOTECH) និងសហការី​មកពីសាកលវិទ្យាល័យ ប្រ៊ីស្តូល (Bristol) តាំងពី​ប្រទេសវៀតណាម បាន​រក​ឃើញ​ករណី​ឆ្លងជំងឺ​កូវីដ​-19 លើក​ដំបូង​មកម្ល៉េះ​។

    ក្រុមអ្នកវិទ្យាសាស្ត្រ​បានទទួលជោគជ័យ​ក្នុងការបង្កើត​សារធាតុ​អង់ទីគ័រ នៅក្នុងមន្ទីរ​ពិសោធន៍​ដែលត្រូវ​បានគេចាត់​ទុកថា ជាគ្រឿង​ផ្សំដ៏សំខាន់បំផុត​ក្នុងការផលិតបាននូវ​វ៉ាក់សាំងនេះ​។

    ​លោក Mac Van Trong អ្នកវិទ្យាសាស្ត្រ​នៅក្រុមហ៊ុន វ៉ាប៊ីអូថិក និង​នៅក្រសួងសុខាភិបាល វៀតណាម បាននិយាយថា ពួក​គេបានជោគជ័យ​ក្នុងការបង្កើត​សារធាតុមួយ​ចំនួនដែលឈាន​ដល់ការបង្កើត​វ៉ាក់សាំង​ដែលពួកគេបាន​ធ្វើតេស្តនៅលើខ្លួន​សត្វដោយជោគជ័យ​។

    មន្ត្រី​ជំនាញ​បាន​បញ្ជាក់ថា វ៉ាក់សាំងនេះ​ បាននិងកំពុង​ធ្វើតេស្តនៅលើសត្វ​កណ្ដុរ​ដើម្បីពិនិត្យ​ពីលទ្ធភាព​របស់វ៉ាក់សាំង​នេះក្នុងការបង្កើត​អង់ទីគ័រការពារវីរុសកូរ៉ូណាប្រភេទថ្មីនេះ ​ហើយ​គេត្រូវរង់​ចាំមើលលទ្ធផល​នេះរយៈពេល 2-3សប្ដាហ៍ទៀត​មុនពេលធ្វើតេស្តនៅ​លើខ្លួនមនុស្ស​៕

    ប្រភព៖ https://www.nationthailand.com/news/30387391

    https://e.vnexpress.net/news/news/vietnam-tests-covid-19-vaccine-on-mice-4093317.html

  • សិស្សវៀតណាម បានត្រឡប់ទៅថ្នាក់រៀនវិញហើយ ក្រោយទីក្រុង និងសាលារៀនបានបើកឡើងវិញ

    សិស្សវៀតណាម បានត្រឡប់ទៅថ្នាក់រៀនវិញហើយ ក្រោយទីក្រុង និងសាលារៀនបានបើកឡើងវិញ

    ​រយៈ​ពេល​ 3​ខែ​កន្លង​ផុត​ទៅ រដ្ឋាភិបាលប្រទេសវៀតណាម ​បាន​សម្រេច​បញ្ចប់វិធាន​ការ​បិទ​ទីក្រុង​របស់​ខ្លួន​ ហើយ​ឥឡូវ​នេះ ​ប្រជាពលរដ្ឋនៃប្រទេសវៀតណាម បានចាប់​ផ្ដើម​វិល​ត្រឡប់​ទៅ​កាន់​ជីវិត​ធម្មតា​ដូច​កាល​ពី​មុនឡើង​វិញ ប៉ុន្តែនៅតែរក្សាគម្លាតឆ្ងាយពីគ្នាខាងសង្គមឱ្យនៅដដែល។

    យោងតាមទីភ្នាក់ងារព័ត៌មាន CNN បានឱ្យដឹង​ថា សិស្ស​វៀតណាម​ប្រមាណ​ជា 22លាន​នាក់ បាន​វិលត្រឡប់​ទៅ​កាន់​ថ្នាក់​រៀន​របស់​ពួកគេ​វិញ​ហើយ ក្រោយ​ពីការ​បិទទីក្រុង​ដោយ​សារវិបត្តិ​វីរុស​កូវីដ-19​ ត្រូវ​បាន​បញ្ចប់។ ជាមួយគ្នានេះ សាលារៀនដែលបានបើកឱ្យដំណើរការ ​បាន​រៀប​ចំ​តុ​អង្គុយ​ឡើង​វិញ ​ដោយ​ដាក់ឱ្យ​នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា ហើយ​ថ្នាក់​មួយ​ចំនួន ត្រូវ​បំបែក​ទៅ​ជា​ថ្នាក់​តូច​ៗ។

    ដោយ​ឡែក​នៅ​សាលាបឋមសិក្សា Nhi Dong គេ​សង្កេត​ឃើញ​ថា សិស្ស​សាលា​នាំ​គ្នា​ពាក់​របាំង​មុខ​ដើម្បី​ការ​ពារ​ការ​ឆ្លង​វីរុស​កូរ៉ូណា ឬវីរុស​កូវីដ-19។ មក​ទល់​ពេល​នេះ វៀតណាម​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅតំបន់​អាស៊ីអាគ្នេយ៍ ​ដែល​បាន​បន្ធូរបន្ថយ​ការ​បិទ​ទីក្រុង ខណៈ​ដែល​ចំនួន​អ្នក​ឆ្លង​សរុប ​ក្នុង​ប្រទេស​នេះ​មានចំនួន 271នាក់ ដោយ​ក្នុង​នោះ 232នាក់ ​ត្រូវបាន​ព្យាបាល​ជា​សះស្បើយ ហើយ​មិន​មាន​អ្នក​ស្លាប់​នោះទេ៕

    សូមទស្សនា ទិដ្ឋភាពខាងក្រោមនេះ គឺសិស្សវៀតណាម បានត្រឡប់ទៅកាន់ថ្នាក់រៀន ក្រោយពីទីក្រុង និងសាលារៀនបានបើកឡើងវិញ​…​​​​​​​​​​​​៖

  • ក្រុមអ្នកជំនាញ ប្រាប់ពីវិធីសាស្ត្រ ធ្វើឱ្យលេខសម្ងាត់ ពិបាកស្មាន ដើម្បីការពារពីពួក Hacker

    ក្រុមអ្នកជំនាញ ប្រាប់ពីវិធីសាស្ត្រ ធ្វើឱ្យលេខសម្ងាត់ ពិបាកស្មាន ដើម្បីការពារពីពួក Hacker

    ដោយសារមានជនខិលខូចមួយចំនួន បាននិងកំពុងរិះរកល្បិចកលដើម្បីបោកប្រាស់ប្រជាពលរដ្ឋ និងលួចចូលក្នុងគណនីផ្សេងៗ ស្របពេលដែលមនុស្សទូទាំងពិភពលោក កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងនឹងការរាតត្បាតរបស់ជំងឺ កូវីដ-19 នោះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើ (រក្សាទុក) លេខសម្ងាត់ (Password) ក្នុងប្រព័ន្ធឌីជីថល។

    ថ្វីបើគេហទំព័រ និងកម្មវិធីភាគច្រើនសព្វថ្ងៃនេះផ្តល់នូវការការពារសុវត្ថិភាពបន្ថែមក៏ដោយ ក៏ជនខិលខូចនៅតែព្យាយាមវាយសាកល្បងលេខសម្ងាត់របស់អ្នក ឬរំលងប្រព័ន្ធសុវត្ថិភាពនៅក្នុងគេហទំព័រ ដើម្បីពួកគេអាចចូលទៅផ្លាស់ប្តូរទិន្នន័យក្នុងគណនីរបស់អ្នកបញ្ជាទិញទំនិញ ខ្ចីលុយ ឬពួកគេនឹងរក្សាទុកទិន្នន័យរបស់អ្នកដើម្បីប្រើប្រាស់ក្នុងគោលបំណងទុច្ចរិតណាមួយ។

    ខាងក្រោមនេះ គឺជាវិធីសាស្ត្រដែលធ្វើឱ្យលេខសម្ងាត់ពិបាកនឹងស្មាន ដើម្បីជួយការពារគណនីរបស់លោកអ្នក ៖

    1- លេខសម្ងាត់ត្រូវមានយ៉ាងតិច 10ខ្ទង់ (at least 10 digits)

    2- មានបញ្ចូលជា តួអក្សរ តូច-ធំ ជាលេខ និងជាសញ្ញាលាយគ្នា ex: p@$$GOand$ — “Pass Go and $” ។

    3- កុំប្រើព័ត៌មានផ្ទាល់ខ្លួន មានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខផ្ទះ លេខទូរស័ព្ទ ជាលេខសម្ងាត់ ជាដើម។

    4- សម្រាប់អ្នកមានគណនីច្រើន សូមចៀសវាងប្រើលេខសម្ងាត់ដូចៗគ្នា។

    5- ប្រសិនបើលោកអ្នកឱ្យហាងទូរស័ព្ទបង្កើតលេខសម្ងាត់ឱ្យ លោកអ្នកត្រូវប្ដូរ លេខសម្ងាត់ចាស់ចោលឱ្យបានឆាប់បំផុត។

    6- សូមកុំរក្សាទុក (Save) លេខសម្ងាត់ក្នុងកំព្យូទ័រ ឬទូរស័ព្ទ

    7- សូមកុំចុចលើតំណភ្ជាប់ (ឬវាយបញ្ចូលលេខសម្ងាត់) ដែលលោកអ្នកបានទទួលតាមរយៈ អ៊ីមែល ឬសារ ដោយពុំបានស្នើសុំ៕

     

    ប្រភព៖ ​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    https://www.facebook.com/anti.cyber.crime.department/photos/a.1380644988671773/2818461194890138/?type=3&theater

  • ទំហំសហហិរញ្ញប្បទានរបស់ធនាគារ SME បានកើនដល់ 150លានដុល្លារ សម្រាប់ជួយដល់វិស័យ SME ក្នុងស្រុក

    ទំហំសហហិរញ្ញប្បទានរបស់ធនាគារ SME បានកើនដល់ 150លានដុល្លារ សម្រាប់ជួយដល់វិស័យ SME ក្នុងស្រុក

    ធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank) ត្រូវបានរាជរដ្ឋាភិបាលបង្កើត​ឱ្យ​មានឡើង ដើម្បីផ្តល់ប្រាក់កម្ចីដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ខណៈ​ដែល​ធនាគារនេះមានដើមទុនដំបូងរបស់ខ្លួនចំនួន 100លានដុល្លារ ដែលនឹង​ផ្តល់ជូន​ដល់​អ្នកវិនិយោគលើវិស័យ SMEs នូវអត្រាការប្រាក់ទាប ត្រឹមតែ 7%ប៉ុណ្ណោះក្នុង 1ឆ្នាំ។

    ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី7 ខែឧសភា ឆ្នាំ2020 ស្ដីពី «គម្រោងសហ​ហិរញ្ញ​ប្បទានទ្រទ្រង់​សហគ្រាស​ធុន​តូច​ និងមធ្យម និងបញ្ហាប្រឈមរបស់ធនាគារសហគ្រាស​ធុន​តូច និង មធ្យម» ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានឱ្យដឹងថា រហូត​មក​ដល់ពេលនេះ ទំហំសហហិរញ្ញប្បទានរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank) បានកើនឡើងដល់ 150លានដុល្លារអាមេរិក ដែលត្រៀមសម្រាប់ជួយដល់វិស័យ SMEs នៅក្នុងប្រទេសកម្ពុជា។

    លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថា ដំបូងឡើងនៅពេលរាជរដ្ឋាភិបាលបង្កើតធនាគារ SMEs យើងមានទុនដំបូងតែចំនួន 100លានដុល្លារប៉ុណ្ណោះ ប៉ុន្ដែក្រោយមកធនាគារឯកជន បាន​សហការជា​មួយធនាគារ SMEs ដែលធ្វើឱ្យដើមទុនកើនឡើងរហូតដល់ 150លានដុល្លារអាមេរិកនៅពេលនេះ។

    លោកឧកញ៉ា តែ តាំងប៉ បានថ្លែងអះអាងថា៖ «រហូតមកដល់ពេលនេះ មានសេចក្ដីរាយ​ការណ៍ថា មានធនាគារចំនួន 33ទៀត បានបរិច្ចាគជួយដល់ធនាគារ SMEs ដូច្នេះធនាគារ SMEs មានទុនចូលដល់ 150លានដុល្លារ ដែលនឹងផ្ដល់កម្ចីក្នុងអត្រាការប្រាក់7%»។

    ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក៏បានអះអាងដែរថា ចំពោះឥណ​ទាននេះ នឹងផ្ដល់ឱកាសឱ្យម្ចាស់សហគ្រាសធុនតូច និងមធ្យម ទទួលបានឥណ​ទានក្នុងទុនបង្វិល 20​ម៉ឺន​ដុល្លារ ហើយចំពោះការវិនិយោគទៅលើគ្រឿងម៉ាស៊ីន នឹងបាន​រហូត​ដល់ 30ម៉ឺនដុល្លារ ក្នុង 1ក្រុម​ហ៊ុន។

    លោកឧកញ៉ា ក៏បានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំងដល់ធនាគារ SMEs ដែលបានកៀរ​គរ​ប្រភព​ទុនមួយចំនួនបន្ថែមទៀតនេះ ហើយលោកក៏នឹងចូលរួមចំណែកដល់ការបន្ធូរបន្ថយលើនីតិវិធី​ក្នុងការខ្ចី​លុយនេះផងដែរ។ លោកឧកញ៉ា បានសំណូមពរដល់ធនាគារ ដែលជាដៃគូសហការទាំងអស់ ត្រូវផ្ដោតទៅ​លើ​គម្រោងនៃការវិនិយោគរបស់អ្នកខ្ចី ទើបអាចគ្រប់គ្រងបាន។

    លោកឧកញ៉ា បានស្នើដល់ធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank)និង​ធនា​គារ​ដៃគូទាំង33 សូមកុំមានការតឹងតែងខ្លាំងពេកលើវត្ថុបញ្ចាំ ចំពោះម្ចាស់សហគ្រាសធុនតូច និង​មធ្យម (SME) ដែលមានបំណងមកទទួលឥណទាន ដើម្បីពង្រីកអាជីវកម្មរបស់ពួកគាត់។

    លោកឧកញ៉ា តែ តាំងប៉បានបញ្ជាក់យ៉ាងដូច្នេះថា៖«ចំពោះបញ្ហាការដាក់វត្ថុបញ្ចាំ ក្នុងនាម ខ្ញុំជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ខ្ញុំកំពុងធ្វើការសម្របសម្រួល ព្រោះសហគ្រាសធុនតូច និងមធ្យម(SME) ភាគច្រើន មិនមែននៅពេញទូទាំងប្រទេសនោះទេ គឺនៅតាមបណ្ដាខេត្តមួយចំនួន និងជាពិសេសនៅក្នុងរាជធានី មានច្រើនជាងគេ ដូច្នេះខ្ញុំសំណូមពរឱ្យវត្ថុបញ្ចាំ​ កុំឱ្យមាន​ការ​តឹងតែងពេក កាលណាតឹងតែងពេក SME អាចនឹងខ្ចីអត់បាន»។

    លោកឧកញ៉ា បានបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យមដែលទទួលបានកម្ចី នឹងមិន​រត់ចោល​ស្រុកនោះទេ គឺទទួលឥណទានមកដើម្បីអភិវឌ្ឍន៍ ហើយលោកចង់​ឱ្យធនាគារសហ​គ្រាស​ធុនតូច និង​មធ្យមមានការទុកចិត្ដគ្នា។ លើសពីនោះទៀត លោកថ្លែងថា សម្ព័ន្ធសមាគម​សហគ្រាសធុនតូច និង​មធ្យម​កម្ពុជា កំពុងដាក់ពាក្យស្នើទៅក្រុមការងារ SMEs Bank ឱ្យបន្ដនីតិវិធីដល់ 6ឆ្នាំ ដើម្បីសង​ត្រឡប់​ទៅវិញ ខណៈសព្វថ្ងៃមានរយៈពេល 4ឆ្នាំ។

    បច្ចុប្បន្នវិស័យសេដ្ឋកិច្ចរបស់កម្ពុជា បានទទួលរងផលប៉ះពាល់ដោយសារតែឥទ្ធិពលនៃជំងឺ COVID-19 ដែលកំពុងតែរីករាលដាល ក្នុងនោះវិស័យសហគ្រាសធុនតូច និងមធ្យម ក៏បានធ្វើឱ្យ​ជួបនូវ​បញ្ហា​​​ប្រឈម​នេះដូចគ្នាផងដែរ តែផ្នែកដែលផលិតផលិតផលមិនមែនចំណីអាហារ កំពុងរងផលប៉ះពាល់ខ្លាំង​ជាង SMEs ដែលផលិតចំណីអាហារ។

    លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃ​ក្រសួង​ឧស្សា​ហ​កម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាងថា ផលប៉ះពាល់របស់ SMEs ដែល​ផលិត​ផលិតផលមិន​មែនចំណីអាហារ គឺកង្វះវត្ថុធាតុដើម ប៉ុន្ដែរហូតមកដល់ពេលនេះ ដោយមានកិច្ចសម្របសម្រួល​ពីថ្នាក់ដឹកនាំពាក់ព័ន្ធ គឺយើងបានរួមគ្នាដោះស្រាយបានមួយ​កម្រិត​ហើយ ពាក់ព័ន្ធនឹងបញ្ហាកង្វះវត្ថុធាតុដើមនេះ។

    លោក ឈា ឡាយហ៊ី បានបញ្ជាក់ថា ដោយឡែក បញ្ហាប្រឈមមួយទៀតដែល SMEs កំពុង​ជួប​ប្រទះ​នេះ គឺទាក់ទងទៅនឹងបញ្ហា​ទី​ផ្សារ ដែលបញ្ហានេះគឺជារឿងសំខាន់ ដោយសាររហូតមក​ដល់ពេល​នេះ ប្រជាពលរដ្ឋ​មិនទាន់ដឹងថា ជំងឺCOVID-19 នឹងអូសបន្លាយដល់ពេលណានោះ​ទេ ដូច្នេះ​ថវិកា​របស់​ពួកគាត់នៅមានកម្រិត។ កត្តាទាំងនេះ នាំឱ្យការផលិត និងតម្រូវការមិន​ទាន់​បន្ស៊ី​គ្នាបាននៅឡើយទេ។

    បើតាមលោក ឈា ឡាយហ៊ី ក្នុងពេលអន្ដរកាលនេះ ក្រុមការងារក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលដឹកនាំដោយឯកឧត្ដមទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានកោះប្រជុំ​ក្រុមការងារ​ស្ទើរតែ​រាល់​សប្ដាហ៍ ដើម្បីដោះស្រាយបញ្ហានេះ និងកំណត់​អ្វីដែលជាទំនិញយុទ្ធសាស្ដ្រផ្សេងៗ សម្រាប់​ត្រៀម​បង្ការករណី ដែលមានរលកទី2 នៃជំងឺCOVID-19 នេះ៕

  • 8 សំនួរសំខាន់ៗរបស់អ្នកដែលចង់ចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង

    8 សំនួរសំខាន់ៗរបស់អ្នកដែលចង់ចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង

    អ្នកម្តាយថ្មោងថ្មីជាច្រើននាក់ប្រហែលជាមានកង្វល់ច្រើនក្នុងរឿង ការចិញ្ចឹមកូនដោយទឹកដោះម្តាយ ព្រោះមានអ្នកម្តាយជាច្រើននាក់ដែលប្រសូតបុត្ររួចហើយទឹកដោះមិនបានហូរចេញមកភ្លាមៗ អ្នកម្តាយខ្លះទៀតក៏អាចនឹងមានកង្វល់ពាក់ព័ន្ធនឹងរាងកាយ និងសុខភាពរបស់ខ្លួនឯងថា តើត្រៀមជាស្រេចក្នុងការបំបៅទឹកដោះកូនហើយឬនៅ? ទើបកើតចេញជាសំនួរផ្សេងៗពាក់ព័ន្ធនឹងការបំបៅដោះកូនថា តើការបំបៅទឹកដោះកូនបែបនេះអាចធ្វើបានឬទេ?។ ដូច្នេះយើងនាំគ្នាមកមើលថា តើសំនួរទាំងនោះមានអ្វីខ្លះ?។

    1 – បៅដោះម្តាយហើយកូនក្អែរ ក្អួត បញ្ជាក់ថា កូនមានប្រតិកម្មចាញ់ជាមួយទឹកដោះម្តាយឬទេ? និងត្រូវបញ្ឈប់ការបំបៅទឹកដោះកូនឬទេ?

    រឿងនេះមិនពិតទេ បើកូនក្អែរទឹកដោះចេញមកវិញ ចូរគិតជាមុនថា អ្នកម្តាយឱ្យកូនបៅទឹកដោះច្រើនពេកទេដឹង? ដែលឃើញកូនស្រែកយំញឹកញាប់នោះ អាចនឹងមិនបានឃ្លានមឹមទេ អាចបណ្តាលមកពីមូលហេតុផ្សេងទៀត។ បើកូនស្រែកយំក៏គួរពដើរលេងខ្លះផង មិនមែនឃើញកូនស្រែកយំហើយ ក៏លើកកូនមកបំបៅដោះតែម្យ៉ាងបែបនេះ មិនមែនជារឿងល្អប៉ុន្មានឡើយ។

    2 – ម្តាយកើតប្រតិកម្មចាញ់នៅលើរាងកាយឱ្យកូនបៅទឹកដោះបានឬទេ?

    អាចឱ្យកូនបៅទឹកដោះបានតាមប្រក្រតី តែត្រូវកាត់បន្ថយអាហារណាដែលជំរុញឱ្យកើតប្រតិកម្ម ដូចជា សណ្តែក ផលិតផលធ្វើអំពីទឹកដោះ ស៊ុត អាហារសមុទ្រ និងម្សៅសាលី ជាដើម។

    3 – មានកូនភ្លោះឱ្យកូនបៅទឹកដោះម្តាយគ្រប់គ្រាន់ឬទេ?

    បើអ្នកម្តាយមានគភ៌ភ្លោះនោះ រាងកាយនឹងទទួលដឹងបានដោយខ្លួនឯងតាមធម្មជាតិ និងផលិតទឹកដោះចេញមកឱ្យគ្រប់គ្រាន់ជាមួយតម្រូវការរបស់កូនទាំងពីរយ៉ាងពិតប្រាកដ។

    4 – ដោះខ្វាក់ ក្បាលដោះខ្លី តើបំបៅទឹកដោះកូនបានឬទេ?

    បាន! នៅពេលពិនិត្យគភ៌ គ្រូពេទ្យនឹងបានដឹងរឿងពួកនេះស្រេចទៅហើយ និងណែនាំវិធីការបំបៅទឹកដោះកូនដែលត្រឹមត្រូវឱ្យអ្នកម្តាយយកទៅប្រតិបត្តិដោយខ្លួនឯង។ អ្នកម្តាយមិនចាំបាច់មានកង្វល់អំពីរឿងនេះ ព្រោះកូននឹងរិះរកវិធីបឺតជញ្ជក់ទឹកដោះបានដោយខ្លួនឯង ហើយនឹងស៊ាំធ្លាប់ជាមួយដោះរបស់អ្នកម្តាយដោយឯកឯង។

    5 – កូនបៅទឹកដោះម្តាយហើយ បន្ទោបង់មិនប្រក្រតី

    មិនមែនជាការពិតទេ ព្រោះទឹកដោះម្តាយងាយរំលាយ ធ្វើឱ្យប្រព័ន្ធការបន្ទោបង់របស់កូនធ្វើការល្អ ក្រពះធ្វើការបានល្អ កូន​នឹងមិនឆ្អល់ពោះ ពោះមិនឡើងរឹងណែន មិនតឹងថប់ ឬក្អួត តែនឹងគេងលក់ស្រួល និងបៅទឹកដោះស្រួល។

    6 – កូនខ្លួនឡើងលឿងត្រូវតែបានទទួលទឹកដោះម្តាយភ្លាម

    ទារកភាគច្រើននឹងខ្លួនឡើងលឿងបណ្តាលមកពីការធ្វើការរបស់ថ្លើម និងទឹកប្រមាត់នៅធ្វើការមិនទាន់ល្អ។ បើទឹកដោះរបស់អ្នកម្តាយនៅមិនទាន់មានក្នុងអំឡុងពេលដំបូងៗក៏មិនអីដែរ តែបើទឹកដោះចាប់ផ្តើមមានហើយ គួរឱ្យកូនបានបៅទឹកដោះម្តាយភ្លាម ដើម្បីកាត់បន្ថយអាការខ្លួនលឿងរបស់កូន។

    7 – ម្តាយមិនស្រួលខ្លួន កើតជំងឺផ្តាសាយ តើអាចបំបៅទឹកដោះកូនបានឬទេ?

    បំបៅបានតាមប្រក្រតី លើកលែងតែពេលអ្នកម្តាយគ្រុនក្តៅខ្លួនខ្លាំង ព្រោះអ ាការគ្រុនក្តៅកើតពីមេរោគបាក់តេរីអាចធ្វើឱ្យកូនឈឺបាន តែបើអ្នកម្តាយគ្រាន់តែក្អក ហៀរសំបោ ឬឈឺកនោះ អាចបំបៅទឹកដោះកូនបានតាមប្រក្រតី និងមិនគួរទិញថ្នាំមកលេបខ្លួនឯងទេ ព្រោះថ្នាំខ្លះមានផលដល់ទារកដែលបៅទឹកដោះម្តាយ គួរប្រឹក្សាជាមួយគ្រូពេទ្យមុនពេលទិញថ្នាំជានិច្ច។

    8 – អ្នកម្តាយដែលធ្វើការវះកាត់បំប៉ោងសុដន់ តើអាចបំបៅទឹកដោះកូនបានឬទេ?

    អាចបំបៅទឹកដោះកូនបានដូចប្រក្រតី តែនៅក្នុងអំឡុងពេលដែលដោះស្ទះនឹងមានអារម្មណ៍ថាថប់ៗ និងតឹងណែនជាងប្រក្រតី តែនៅពេលកូនបៅបានមួយរយៈហើយនោះ សុដន់នឹងត្រឡប់មកជាប្រក្រតីវិញ និងមិនយារធ្លាក់នោះឡើយ។

    ជំនឿទាំងឡាយពាក់ព័ន្ធនឹងការបំបៅទឹកដោះកូន ជារឿងដែលមនុស្សភាគច្រើននិយាយតៗគ្នាមក ទើបធ្វើឱ្យអ្នកម្តាយថ្មីថ្មោងមួយចំនួនកើតការសង្ស័យ និងអាចយល់ច្រឡំបានហ្នឹងឯង៕