Author: ធឿន មករា

  • ក្លិប4 នៅលីកកំពូលអង់គ្លេស កំពុងប្រជែងគ្នាយកខ្សែប្រយុទ្ធអ៊ីរ៉ង់ ដែលបានស៊ុតហ៊ែតទ្រីក កម្ពុជា

    ក្លិប4 នៅលីកកំពូលអង់គ្លេស កំពុងប្រជែងគ្នាយកខ្សែប្រយុទ្ធអ៊ីរ៉ង់ ដែលបានស៊ុតហ៊ែតទ្រីក កម្ពុជា

    កីឡាកររបស់ក្លិប Zenit St.Petersburg Sardar Azmoun កំពុងទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លិបធំចំនួន4 នៅ Premier League ដែលមាន Leicester City, Westham United, Eveton និង Arsenal ក្រោយពេលរូបគេបានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងវគ្គជម្រុះ UEFA Champions League។

    កីឡាកររូបនេះ ក៏ជាចំណែកមួយដែលបានបង្កើតប្រវត្តិសាស្ត្រជូរចត់ដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាផងដែរ ដោយបានយកឈ្នះយ៉ាងមិនសំចៃដៃ មកលើក្រុមជម្រើសជាតិគោព្រៃ កាលពីឆ្នាំ2019កន្លងទៅ នៅក្នុងវគ្គជម្រុះ FIFA World Cup ឆ្នាំ2022 ក្នុងលទ្ធផល 14ទល់នឹង0។

    គួរបញ្ជាក់ដែរថា កីឡាករក្លិប Zenit St.Petersburg រូបនេះទំនងជាអាចនឹងទៅចូលរួមជាមួយនឹង Arsenal ប្រសិនបើការចរចា ត្រូវរ៉ូវជាមួយនឹងក្លិបនេះ ដោយសារតែកីឡាកររូបនេះហាក់មានចំណាប់អារម្មណ៍ខ្លាំងជាងគេជាមួយក្លិបនេះ៕

  • ADB គ្រោងនឹងផ្តល់ហិរញ្ញប្បទាន ប្រមាណ 1300លានដុល្លារអាមេរិក ដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍកម្ពុជាពីឆ្នាំ2021-2023

    ADB គ្រោងនឹងផ្តល់ហិរញ្ញប្បទាន ប្រមាណ 1300លានដុល្លារអាមេរិក ដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍកម្ពុជាពីឆ្នាំ2021-2023

    ធនាគារអភិវឌ្ឍន៍អាស៊ី ឬADB គ្រោងនឹងផ្តល់ហិរញ្ញប្បទានប្រមាណ ប្រមាណ 1.3ប៊ីលាន​ដុល្លារអាមេរិក តាមរយៈកម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស (COBP) ឆ្នាំ2021-2023 ដែលនឹងចូលរួមយ៉ាងសកម្មក្នុងការធ្វើយ៉ាងណា​ឱ្យការអនុវត្តយុទ្ធសាស្រ្ត ភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ2019-2023 របស់ADB សម្រេចបានជោគជ័យ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹង តម្រូវការនៃកិច្ចអភិវឌ្ឍន៍របស់កម្ពុជាដែរ។

    បើគិតទាំងសហហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ផ្សេងៗ រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋា ភិបាល កម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ2021-2023 របស់ ADB មានទឹកប្រាក់ ចំនួនប្រមាណ 1.5ប៊ីលានដុល្លារអាមេរិក។

    រដ្ឋលេខាធិការប្រ​ចាំ​​ការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​លោ​កស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ប្រចាំកម្ពុជា​ កាលពីថ្ងៃទី8 ខែឧសភា ឆ្នាំ2020 នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ដឹកនាំ​កិច្ចប្រជុំ Country Operation Business Plan-COBP 2021-2023  តាមរយៈ Video Conference ដើម្បី​ធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់​ស៊ីជ​ម្រៅ​​អំពីស្ថានភាព បញ្ហាប្រឈម និងជម្រើសនៃដំណោះស្រាយជាយុទ្ធសាស្រ្តក្នុង​វិស័យ​អាទិភាព​​សំខាន់ៗ។

    ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រ​ចាំ​​ការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសា សន៍ថា៖«រាជ​រដ្ឋាភិបាលបានផ្តល់នូវអាទិភាពខ្ពស់បំផុតលើកិច្ចការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-19 ដើ​ម្បី​​ទប់ស្កាត់ការឆ្លង ការចម្លង និងការពារអាយុជីវិតរបស់ប្រជាជន។ ជាក់ស្តែង ចំនួននៃការឆ្លង មា​នត្រឹមតែ 122 ករណីប៉ុណ្ណោះ​ ដែលភាគច្រើននៃការឆ្លងជំងឺនេះ គឺការនាំចូល ឬមានប្រ​ភ​ពមកពី​ខាង ក្រៅ និងមួយចំនួនតូច ជាការឆ្លងបន្តទៅប្រជាពលរដ្ឋក្នុងស្រុក»។

    ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏ផ្តោតការយកចិត្តទុកដាក់លើការជួយអន្តរាគមន៍ ដើម្បីការ រក្សាលំនឹងជីវភាពប្រជាជន ពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ព្រមទាំងអ្នក បាត់បង់ការងារ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងកម្មវិធីជំនួយសង្គម​ ការបន្តអនុវត្ត គម្រោងសាច់ប្រា​ក់​​ពលកម្ម និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ និងការផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មករ នៅ​ពេលដែលរោងចក្រព្យួរអាជីវកម្ម។

    ឯកឧត្តមក៏បានលើកឡើងផងដែរថា ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុង រៀបចំនូវសេចក្តីព្រាងផែនការសម្រាប់ជំរុញសេដ្ឋកិច្ច ដោយផ្អែកលើសភាពការណ៍វិវឌ្ឍន៍ និងគោល ការណ៍សំខាន់ៗចំនួន 4 គឺ៖ 1-និន្នាការសកល បន្ទាប់ពីវិបត្តិវីរុសកូវីដ-19។  2-ការកំណត់ និងជ្រើស រើសវិស័យដែលអាទិភាព និងមានសក្តានុពលខ្ពស់។ 3-ការកែទម្រង់រចនាសម្ព័ន្ធស៊ីជម្រៅ និងប្រាកដនិយម និង 4-ការបង្កើនចំណាយថវិកាកាន់តែធំជាងមុន និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាងមុន តាមរយៈការបង្កើនទំហំនៃការខ្ចី ទាំងពីដៃគូអភិវឌ្ឍន៍នានា និងតាមការបោះសញ្ញាបណ្ណក្នុង ស្រុក នាពេលខាងមុ​ខ​។

    ជាក់ស្តែង កម្មវិធីគាំទ្រចំណាយ និងការឆ្លើយតបទៅនឹងជំងឺកូវីដ-19 (COVID-19 Active Response and Expenditure Support Program) ដែលមានទឹកប្រាក់សរុបចំនួន 250លាន ដុល្លារអាមេរិក ត្រូវបានផ្តល់ការអនុម័តដោយក្រុមប្រឹក្សាភិបាល ADB កាលពីពេលថ្មីៗនេះ តាម សំណើបន្ទាន់របស់កម្ពុជាផងដែរ។

    បន្ថែមពីនេះ ក្នុងកិច្ចគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច-មធ្យម (SME) នៅកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានស្នើឱ្យ ADB ពិនិត្យមើលការបញ្ចូលនូវសមាសភាព នៃធនាគារ​ឥណទាន (Guarantee) សម្រាប់ SME ទៅក្នុងគម្រោងជំរុញការអភិវឌ្ឍ កសិ-ធុរកិច្ច ប្រកបដោយ​ការ​ប្រកួតប្រជែង (Competitive Agribusiness Development Project) ដែលមានទឹកប្រាក់​សរុប​ចំនួន​​ប្រមាណ 111លានដុល្លារអាមេរិក ដែលនឹងជួយដោះស្រាយបញ្ហាប្រឈមជាគន្លឹះរបស់​ SME។

    ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ADB ដែលបានផ្តល់ការ ជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុម័តផ្តល់ហិរញ្ញប្ប ទានសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍនានានៅកម្ពុជា កាន់តែច្រើនជាងមុន និងទាន់ពេលវេលា តាមសំណើរបស់កម្ពុជា ដែលនឹងរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍកម្ពុជា សំដៅជំរុញសេដ្ឋកិច្ចកម្ពុជាឡើងវិញនៅក្នុងបរិការណ៍វីរុសកូវីដ-19 នេះ​។​

    គិតចាប់ពីឆ្នាំ1992 រហូតដល់បច្ចុប្បន្ន  ADB បានផ្តល់ហិរញ្ញប្បទាន​សហប្រតិបត្តិការ​​​ដល់​ប្រ​ទេស​កម្ពុជា​ សម្រាប់​ហិរញ្ញប្បទាន​គម្រោង​អភិវឌ្ឍន៍នានា មានទឹកប្រាក់សរុប​ចំនួន​ប្រមាណ 3485 លានដុល្លារអាមេរិក ដែលក្នុងនោះ ឥណទានសម្បទានចំនួនប្រមាណ 2983លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ 502លានដុល្លារអាមេរិក៕

  • Facebook នឹងបើកឱ្យមានជម្រើសផ្ទេររូបពី Google Drive តាមរបៀបងាយៗមួយនេះ

    Facebook នឹងបើកឱ្យមានជម្រើសផ្ទេររូបពី Google Drive តាមរបៀបងាយៗមួយនេះ

    កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ Facebook ទូទាំង​ពិភពលោក អាច​ផ្ទេរ​រូបថត និង​វីដេអូ​របស់​ពួកគេ​ទៅ Google Drive បាន​យ៉ាង​ងាយស្រួល។

    ការដាក់​ឱ្យប្រើ​មុខងារ​មួយ​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ចសន្យា Data Transfer Project រវាង​ក្រុមហ៊ុន Facebook, Google, Microsoft និង Twitter ដើម្បីឱ្យ​អ្នកប្រើប្រាស់​ងាយស្រួល​ក្នុងការ​ផ្ទេរ​ទិន្នន័យ​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយទៀត ដោយ​មិនចាំបាច់​ត្រូវតែ​នៅ​ប្រើ​ក្រុមហ៊ុន​តែមួយ​រហូត។ មុខងារ​នេះ ក៏​អាចជួយ​អ្នកប្រើប្រាស់​រក្សាទុក​ទិន្នន័យ​កុំឱ្យ​បាត់បង់​នៅពេលដែល​គណនី​ណា មួយ​នោះ​ត្រូវបាន​គេ​លួច​ចូល ហើយ​បំផ្លាញ​ទិន្នន័យ​ទាំងអស់នោះ​ចោល។

    *បញ្ជាក់៖ អ្នក​អាច​ផ្ទេរ​បានតែ​រូបថត ឬ​វីដេអូ ប៉ុន្តែ​មិនអាច​ផ្ទេរ​ម្តង​ទាំង​រូបថត និង​វីដេអូ ក្នុងពេល​តែមួយ​បានទេ (មានន័យថា វីដេអូ ទំហំ Mbធំ  ដូច្នេះ​ត្រូវ​ផ្ទេរ​ម្តង១)។

    ដើម្បី​ផ្ទេរ​ទិន្នន័យ​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ទៅ Google Drive លោកអ្នក​អាច​ចូលទៅក្នុង Settings របស់ Facebook ដូចខាងក្រោម៖

    -នៅ​ផ្នែក​ខាងស្តាំ ចុច​លើស​ញ្ញា “គំនូស3 លើ​គ្នា”

    -ចុច​លើ​ពាក្យ Settings

    -ចុច​លើ​ពាក្យ Transfer a Copy of Your Photos or Videos

    -ចុច​លើ Choose Destination

    -រើសយក Google Photos

    -ចុច Next ហើយ Login ចូល Google Drive

  • ក្រសួងវប្បធម៌ នឹងពិន័យចំពោះអ្នកផ្សព្វផ្សាយ ឬចែកចាយខ្លឹមសារព័ត៌មានដែលប៉ះពាល់ដល់វប្បធម៌ជាតិ

    ក្រសួងវប្បធម៌ នឹងពិន័យចំពោះអ្នកផ្សព្វផ្សាយ ឬចែកចាយខ្លឹមសារព័ត៌មានដែលប៉ះពាល់ដល់វប្បធម៌ជាតិ

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីពេលថ្មីៗនេះបានចេញសេចក្តីណែនាំស្តីពី​វិធានការ​ទប់ស្កាត់ការផ្សាយ ឬការចែកចាយ​ខ្លឹមសារព័ត៌មាន​ជាអក្សរ សំឡេង រូបភាព វីដេអូ និងទម្រង់ផ្សេងៗដែលបណ្តាលឱ្យប៉ះពាល់​ដល់វប្បធម៌ទំនៀមទម្លាប់​ប្រពៃណីជាតិ។

    នៅក្នុងសេចក្តីណែនាំនោះ ក្រសួងបញ្ជាក់ថា ក្នុងបរិការណ៍ដែល​ប្រជាជនកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់​ចូលរួម ថែរក្សា ការពារ និងលើកកម្ពស់សុខដុមភាពនៃវិស័យសិល្បៈ ក្រុមប្រឹក្សាវិន័យនិងលើកសរសើររបស់ក្រសួងបានមើលឃើញថាអ្នកប្រើប្រាស់​គេហទំព័រ និងបណ្តាញសង្គម​មួយចំនួន ពិសេស​អាជីវករតាមអនឡាញ អ្នកនិពន្ធបទភ្លេង ទំនុកច្រៀង និងអ្នកសម្តែងក្រៅប្រព័ន្ធបាន​ផ្សព្វផ្សាយរូបភាព សារជាអក្សរ និងសំឡេង និងវីដេអូ​ប្រកបដោយអសីលញាណ ប្រាសចាកក្រមសីលធម៌បង្កឱ្យមាន​ផលប៉ះពាល់ធ្ងន់ធ្ងរដល់វប្បធម៌​ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ និងកិត្យានុភាពជាតិជារឿយៗ។

    ហេតុនេះដើម្បីបញ្ចៀសផលប៉ះពាល់ និងដើម្បីរក្សា​បាននូវសេចក្តីថ្លៃថ្នូរ​ព្រមទាំងគុណតម្លៃក្នុងនាមជាពលរដ្ឋកម្ពុជា ក្រុមប្រឹក្សាពិន័យនិងលើកសរសើរ​សូមធ្វើការណែនាំដល់​អ្នកប្រើប្រាស់​គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមទាំងអស់​សូមបញ្ឈប់សកម្មភាព​ផ្សពផ្សាយខ្លឹមសារទាំងឡាយណាដែលមានចរិតអាសអាភាស ស្រើបស្រាល អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ដែលបង្ករឱ្យមាន​ផលប៉ះពាល់ដល់វប្បធម៌ ប្រពៃណី ជំនឿ សាសនា សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់​សង្គមជាតិ។

    ប្រសិនបើបុគ្គល ឬក្រុមណាមួយនៅបន្តប្រព្រឹត្តអវិជ្ជមាន​ខាងលើ ក្រុមប្រឹក្សាវិន័យនិងលើកសរសើរ និងសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងប្រៃសនីយនិងទូរគមនាគមន៍ ក៏ដូចជាស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀតដើម្បីចាត់វិធានការតាមច្បាប់៕

  • អ្វីជាគម្លាតសង្គម ហើយអ្វីជាគម្លាតបុគ្គល?

    អ្វីជាគម្លាតសង្គម ហើយអ្វីជាគម្លាតបុគ្គល?

    ស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺ Covid-19 លើពិភពលោកនេះ ពិភពលោក​បាន​ជំរុញឱ្យមនុស្សរក្សាគម្លាតសង្គម និងគម្លាតបុគ្គលដើម្បីកុំឱ្យមានការឆ្លងរីករាលដាលកាន់តែខ្លាំងនៅក្នុងសហគមន៍ ក៏ដូចជាការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ឬមួយក្រុម។

    ពាក់ព័ន្ធនឹងបញ្ហានេះ​ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា៖

    គម្លាតសង្គម៖ គឺជាការដាក់ខ្លួនឱ្យឆ្ងាយពីសង្គម ដូចជាពិធីអាពាហ៍ពិពាហ៍ ខួបកំណើត ពិធីសាសនានានា ឡើងផ្ទះ ឬជប់លៀងជាដើម។ គម្លាតសង្គម​គួរត្រូវបានគេអនុវត្តដំណាលគ្នា​ជាមួយនឹងគម្លាតបុគ្គល។

    គម្លាតបុគ្គល៖ គឺការប្រាស្រ័យទាក់ទងគ្នាពីម្នាក់ទៅម្នាក់ ជួបដោយការងារ ឬគ្រួសារ និង​ការទិញលក់ទំនិញជាដើម គឺត្រូវរក្សា​គម្លាតពីគ្នាយ៉ាងហោចណាស់ 1.5 ម៉ែត្រឡើងទៅ ហើយត្រូវពាក់ម៉ាស់​ និងមានជែល ឬអាល់កុលសម្រាប់សម្អាតដៃ។

    លោកវិជ្ជបណ្ឌិត​បានបញ្ជាក់ផងដែរថា ក្នុងករណីដែលពុំអាចចៀសវាងបាន តាមរយៈការអនុវត្តគម្លាតសង្គម ឬគម្លាតបុគ្គល ប្រជាពលរដ្ឋ​ត្រូវមានវិធានអនម័យជាប់ជានិច្ច ដោយយ៉ាងហោចណាស់ក៏ត្រូវការពារជំងឺឆ្លងនេះកុំឱ្យមានការចម្លងពីគេមកខ្លួនឯង ព្រោះបើទោះបីជាកម្ពុជាមិនមានរកឃើញករណីឆ្លងថ្មីរយៈពេល 3សប្តាហ៍មកនេះក៏ពិតមែន តែករណីនាំចូលនៅតែអាចមានក្នុងរណីជាយថាហេតុណាមួយ៕

  • PSG គ្រោងជួលកីឡដ្ឋាននៅក្រៅប្រទេសលេង Champions League

    PSG គ្រោងជួលកីឡដ្ឋាននៅក្រៅប្រទេសលេង Champions League

    UEFA Champions League បានឈានចូលមកដល់វគ្គ 4ក្រុមចុងក្រោយហើយ ដោយនៅមានក្រុម Paris Saint Germain (បារាំង), RB Leipzig (អាល្លឺម៉ង់), Atalanta (អ៊ីតាលី), Atléctico Madrid (អេស្ប៉ាញ)។

    ក្នុងនោះដែរ កាលពីពេលកន្លងទៅនេះ ប្រធានាធិបតីបារាំងបានប្រកាសមិនឱ្យមានសកម្មភាពកីឡាណាមួយកើតមានឡើយនៅទូទាំងប្រទេស ដើម្បីការពារប្រជាជនពីមេរោគកូវីដ-19 តែអ្វីដែលពិសេសនោះ គឺក្រុម Paris Saint Germaint ដែលមានភារកិច្ចក្នុងពានរង្វាន់ UEFA Champions League នេះ នឹងត្រូវទំនេរគ្មានការប្រកួត ខណៈដែលក្រុមនៃប្រទេសផ្សេងៗមានការប្រកួតឡើងវិញហើយ។

    ដូចនេះ PSG បានប្រកាសថា ខ្លួននឹងរកជួលកីឡដ្ឋានណាមួយនៅក្រៅប្រទេសដើម្បីធ្វើការហ្វឹកហាត់ និងប្រកួតមិត្តភាពដើម្បីស្ដារយកភាពខ្លាំងរបស់ក្រុមមកវិញ ដើម្បីត្រៀម UEFA Champions League នាពេលខាងមុខ៕

  • កៀកថ្ងៃបើកប្រកួតវិញ ក្លិប Cologne រកឃើញកីឡាករផ្ទុកមេរោគកូវីដ-19 3នាក់

    កៀកថ្ងៃបើកប្រកួតវិញ ក្លិប Cologne រកឃើញកីឡាករផ្ទុកមេរោគកូវីដ-19 3នាក់

    លីកកំពូលនៃប្រទេសអាល្លឺម៉ង់ ត្រៀមនឹងបើករដូវកាលរបស់ខ្លួនឡើងវិញ នាពាក់កណ្តាលខែឧសភា ឆ្នាំ2020 នេះហើយ ដោយបានអនុញ្ញាតឱ្យក្រុមនីមួយៗធ្វើការប្រមូលផ្តុំគ្នាហ្វឹកហាត់់វិញបានហើយ។

    តែអ្វីដែលជាការព្រួយបារម្ភរបស់លីកកំពូលអាល្លឺម៉ង់មួយនេះ គឺដោយសារតែក្នុងអំឡុងពេលហ្វឹកហាត់នេះ លីកកំពូលរបស់ប្រទេសមួយនេះ បានរកឃើញកីឡាករចំនួន 3នាក់ មានផ្ទុកមេរោគកូវីដ-19 ដែលជាកីឡាកររបស់ក្រុម Cologne។

    មកទល់នឹងពេលនេះ គណៈកម្មការរៀបចំការប្រកួត Bundesliga បានប្រកាសឱ្យក្រុមមួយនេះរំសាយការហ្វឹកហាត់ហើយ និងយកកីឡាករទាំង 3រូបនោះទៅព្យាបាល និងមិនទាន់ដឹងច្បាស់នៅឡើយថា តើក្រុម Cologne អាចនឹងចូលរួមប្រកួតក្នុងក្របខ័ណ្ឌលីកនេះបាន ឬអត់នោះទេ?៕

  • តើអ្វីទៅជាប្រព័ន្ធបច្ចេកវិទ្យាសាកថ្មឥតខ្សែ NFC?

    តើអ្វីទៅជាប្រព័ន្ធបច្ចេកវិទ្យាសាកថ្មឥតខ្សែ NFC?

    ពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ ជាពិសេសលើវិស័យបច្ចេកវិទ្យាតែម្តង។ ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សសព្វថ្ងៃនេះ គឺពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ដែលធ្វើឱ្យជីវិតពួកគេមានភាពងាយស្រួលក្នុងការរស់នៅ បំពេញការងារ ប្រកបមុខរបរអាជីវកម្មផ្សេងៗ ជាមួយគ្នានេះដែរ ឧបករណ៍ទាំងអស់នោះក៏ត្រូវការថាមពល ដើម្បីប្រើប្រាស់ផងដែរ។

    កាលពីពេលថ្មីៗនេះ NFC Forum បានធ្វើការផ្សព្វផ្សាយទាក់ទងទៅនឹងការអនុម័តឱ្យមានសមត្ថភាពសាកថ្មឥតខ្សែ សម្រាប់ឧបករណ៍អេឡិចត្រូនិកដែលប្រើប្រាស់ថាមពលថ្មតិចតួច មានដូចជា នាឡិកាឆ្លាតវៃ (smart watch) និងប៊ិចសម្រាប់ tablet ជាដើម។ ដើម្បីសាកថ្មឧបករណ៍តាមរយៈ NFC លោកអ្នកអាចប្រើជាមួយទូរស័ព្ទស្មាតហ្វូនដែលមានបច្ចេកវិទ្យា NFC ឬឧបករណ៍ NFC ក៏បាន។

    បច្ចេកវិទ្យានេះអាចធ្វើការផ្ទេរថាមពលរហូតដល់ 1វ៉ាត់ និងប្រើហ្វ្រេកង់ជាមូលដ្ឋាន 13.56MHz ជាមួយនឹងអានុភាពនៃតភ្ជាប់របស់ NFC ដើម្បីធ្វើការគ្រប់គ្រងទៅលើការផ្ទេរថាមពល ដែលការដំឡើងនេះធ្វើឱ្យមានភាពល្អប្រសើរដល់អ្នកប្រើប្រាស់ ព្រោះវាមិនទាមទារឱ្យលោកអ្នកដាក់ឧបករណ៍ត្រូវគ្នាយ៉ាងល្អ ដើម្បីសាកថ្មនោះទេ ដែលរឿងនេះ វាផ្ទុយពីបច្ចេកវិទ្យាផ្សេងៗទៀត មានដូចជា Qi ជាដើម។

    ទោះបី NFC Forum ទើបតែអនុម័តការប្រើប្រាស់សាកថ្មតាមរយៈ NFC ក៏ដោយ ក៏មានក្រុមហ៊ុនខ្លះ បាននិងកំពុងសាកល្បងប្រើបច្ចេកវិទ្យានេះផងដែរ។ ជាឧទាហរណ៍ ក្រុមហ៊ុន Samsung បានប្រើបច្ចេកវិទ្យានេះជាមួយនាឡិកា Galaxy Fit ព្រោះហេតុនេះហើយ បានជាអ្នកប្រើប្រាស់ពុំអាចសាកថ្ម Galaxy Fit ជាមួយទូរស័ព្ទស្មាតហ្វូន Samsung បាន ដោយសារថា ទូរស័ព្ទទាំងនោះបានប្រើបច្ចេកវិទ្យា Qi ដែលជាប្រព័ន្ធបច្ចេកវិទ្យាផ្សេងមួយទៀត។

    NFC Forum គឺជាសមាគមឧស្សាហកម្មមួយដែលបង្កើតឡើងដោយមិនយកប្រាក់កម្រៃ តាំងពីឆ្នាំ2004 មកម្ល៉េះ​ ក្នុងគោលបំណងដើម្បីអភិវឌ្ឍការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ក្នុងការចែករំលែកគ្នាទៅវិញទៅមក និងធ្វើឱ្យមានភាពប្រាកដប្រជាក្នុងកិច្ចសហការរវាងឧបករណ៍ និងសេវាកម្ម ព្រមទាំងធ្វើការអប់រំអំពីបច្ចេកវិទ្យា NFC ទៅលើទីផ្សារអ្នកប្រើប្រាស់ផងដែរ៕

  • វេសឡាញ ចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ 4 ពង្រឹងគុណភាពសិក្សាតាមអនឡាញ

    វេសឡាញ ចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ 4 ពង្រឹងគុណភាពសិក្សាតាមអនឡាញ

    ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចំនួន 4 គឺក្រុមហ៊ុន​ Edemy ក្រុមហ៊ុន Maxbit ក្រុមហ៊ុន Vconnect និងក្រុមហ៊ុន DTP ដើម្បីពង្រឹងគុណភាពអប់រំតាមបច្ចេកវិទ្យាឱ្យកាន់តែខ្លាំងទាំងក្នុងស្ថានភាពនៃការរីករាលដាលជំងឺ Covid-19 និងទៅថ្ងៃអនាគតខាងមុខទៀត។

    លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ការសហការគ្នារវាង​វេសឡាញ ជាមួយនឹង​ក្រុមហ៊ុនបច្ចេកវិទ្យាទាំង4 នៅថ្ងៃនេះ គឺជាបោះជំហានថ្មីមួយក្នុងវិស័យអប់រំឯកជនឱ្យគ្រប់គ្នាមើលឃើញពីតម្លៃនៃបច្ចេកវិទ្យាអប់រំ (Edtech) ហើយក៏ស្របគ្នាជាមួយនឹង​ចក្ខុវិស័យរបស់​ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ដែលកំពុង​តែអភិវឌ្ឍប្រសិទ្ធភាពអប់រំតាមរយៈបច្ចេកវិទ្យា។ សម្រាប់រដ្ឋ គឺមានសាលារៀនជំនាន់ថ្មីដែលបានអភិវឌ្ឍយ៉ាងខ្លាំងលើការអប់រំ​ ខណៈវិស័យអប់រំឯកជនក៏គួរតែមានសាលាសតវត្សទី21 ដែលមានការបញ្ចូលនូវការអប់រំកាន់តែមានប្រសិទ្ធភាពខ្ពស់ដោយប្រើប្រាស់បច្ចេកវិទ្យា។ ទាំងអស់នេះជាជំហានប្រកបដោយភាពវិជ្ជមានក្នុងការជំរុញឱ្យការអប់រំកាន់តែមានលក្ខណៈពេញលេញ ស្របតាមចរន្តសកលដែលកំពុងតែមានភាពប្រែប្រួលទៅតាមបដិវដ្តឧស្សាហកម្ម 4.0 ដែលរដ្ឋាភិបាលរបស់យើងកំពុងតែយកចិត្តទុកដាក់។

    លោក ប៉ិច បូឡែន បាននិយាយថា៖ «​ការសហការនៅថ្ងៃនេះ មិនមែនគ្រាន់តែជាប្រយោជន៍ដល់ការ​ពង្រឹងគុណភាព​នៃការអប់រំ​របស់សិស្សានុសិស្សរបស់យើង​ក្នុងពេលមាន Covid-19 នោះទេ តែយើងបានបោះជំហានបន្ថែំទៀត​ដើម្បីធ្វើទំនើបកម្ម​គុណភាពអប់រំរបស់យើង។ ដូចខ្ញុំធ្លាប់បានលើកឡើងហើយថា បញ្ហា Covid-19 ជារឿងបណ្តោះអាសន្ន តែ​ការសិក្សាតាមអនឡាញ នៅតែបន្តទៅមុខទៀតជារៀងរហូត»។

    ស្ថាបនិកស្ថាប័នអប់រំខាងលើបានលើកឡើងផងដែរថា ចំពោះការសិក្សាតាមអនឡាញនេះ នៅបរទេសគេបានធ្វើជាយូរណាស់មកហើយ តែសម្រាប់កម្ពុជាយើង​ដោយសារតែយើងទើបតែជួបប្រទះ​នូវបញ្ហា Covid-19 ទើបយើងចាប់ផ្តើមអនុត្តខ្លាំង ដែលធ្វើឱ្យអាណាព្យាបាល​មានការភ្ជាក់ផ្អើលបន្តិច។ ទោះជាយ៉ាងនេះក្តីចរន្តនេះនឹងធ្វើឱ្យ​អនាគតកាន់តែមានភាពប្រសើរលើផ្នែកអប់រំ ព្រោះ​ទម្រង់នៃការអប់រំដែលយើងកំពុងចាប់ផ្តើម ហើយនឹងបន្តទៅថ្ងៃអនាគតនេះ គឺជាទម្រង់ប្រកបដោយប្រសិទ្ធភាពដែលអាចឱ្យសិស្សសិក្សាបានគ្រប់ទីកន្លែង និងអាចវិភាគយ៉ាងច្បាស់ពី​កម្រិតនៃការយល់ដឹងរបស់សិស្ស ចំណុចខ្វះខាត និងទិន្នន័យសំខាន់ៗជាច្រើនទៀត។ តាមរយៈទម្រង់នៃបច្ចេកវិទ្យាអប់រំ យើងនឹងអាចវាយតម្លៃបានយ៉ាងងាយស្រួលថា​តើសិស្សចេះប៉ុន្មានភាគរយ ហើយសិស្សដែលមិនទាន់ចេះមានចំណុចប៉ុន្មានភាគរយ។ បន្ថែមពីលើនេះ យើងក៏អាវាយតម្លៃគ្រូបានកាន់តែប្រសើរផងដែរ ដោយសារតែទិន្នន័យទាំងអស់នេះអាចនឹងបង្ហាញពី​ចំណុចគុណភាពនៃការរៀន និងការបង្រៀនយ៉ាងច្បាស់។

    ជាចំនុចបន្តបន្ទាប់ ដើម្បីជំរុញឱ្យការអប់រំតាមអនឡាញនេះកាន់តែមានប្រសិទ្ធភាពខ្ពស់ យើងនឹងជំរុញឱ្យផ្នែកផ្សេងៗទៀត​បានប្រើប្រាស់នូវកម្មវិធីអប់រំទាំងអស់នេះដើម្បីអភិវឌ្ឍគុណភាពអប់រំ ព្រោះ​ការអប់រំជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា។ សាលាដទៃអាចនឹងសហការជាមួយវេសឡាញ ឬ​សហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាទាំង4 ដែលបានសហការគ្នានៅថ្ងៃនេះ ដើម្បីធ្វើយ៉ាងណា​ទៅឱ្យកាន់តែឆ្ងាយជាមួយនឹង​វិធីសាស្រ្តបង្រៀនថ្មីៗ និងប្រកបដោយប្រសិទ្ធភាពកាន់តែខ្លាំង។

    គួរបញ្ជាក់ផងដែរថា ​ក្រុមហ៊ុនសំខាន់ៗទាំង4 ដែលបានសហការជាមួយនឹងវេសឡាញ អេឌ្យូខេសិន គ្រុបនៅពេលនេះ ទី1 គឺក្រុមហ៊ុន អេតឌឺមី (Edemy) ដែលមានបច្ចេកទេសក្នុងការបង្កើតថ្នាក់រៀនតាមប្រព័ន្ធឌីជីថល និងការរៀនតាមអ៊ីនធឺណេត។ តាមរយៈកម្មវិធីនេះ សិស្សានុសិស្សអាចទស្សនាមេរៀនជាលក្ខណៈវីដេអូ អាចអានអត្ថបទមេរៀន ធ្វើការវាយតម្លៃលើលំហាត់ ឬកិច្ចការសាលាដោយខ្លួនឯងបាន តាមដានដំណើរការរៀនសូត្ររបស់ខ្លួនឯងបាន បង្កើនទំនាក់ទំនងរវាងលោកគ្រូ/អ្នកគ្រូ ហើយនិងសិស្សានុសិស្សឱ្យមានប្រសិទ្ធិភាព។ ក្រុមហ៊ុនទី2 គឺក្រុមហ៊ុន ម៉ាក្សបីត (Maxbit) ដែលអាចជួយដល់ការរៀនតាមប្រព័ន្ធអ៊ីនធឺណេត និងពិគ្រោះយោបល់អំពីអាជីវកម្មអនឡាញន៍ទៅកាន់អ្នកអាណាព្យាបាល ដើម្បីជួយកែលម្អអាជីវកម្មរបស់អ្នកអាណាព្យាបាល និងជំរុញសាលារៀនឱ្យសម្របខ្លួនតាមឧបករណ៍បង្រៀនទំនើបៗឱ្យមានប្រសិទ្ធិភាពជាងមុន។ ក្រុមហ៊ុនទី3 គឺក្រុមហ៊ុន វីខូនិក (VConnect) ដែលនឹងជួយអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងសាលារៀនវ័យឆ្លាត ជួយអ្នកអាណាព្យាបាល និងសាលារៀនទៅលើការទំនាក់ទំនងឱ្យមានប្រសិទ្ធិភាពខ្ពស់ រួមទាំងការគ្រប់គ្រងការសិក្សារបស់សិស្សានុសិស្ស។ ក្រុមហ៊ុនទី 4 គឺក្រុមហ៊ុន ឌី ធី ភី (DTP) ដែលជាអ្នកអភិវឌ្ឍបណ្ណាល័យអេឡិចត្រូនិច និង កម្មវិធីរៀនតាមប្រព័ន្ធឌីជីថល។ អ្នកអាណាព្យាបាល និង សិស្សានុសិស្សអាចប្រើប្រាស់កម្មវិធីរៀននៅផ្ទះដើម្បីបង្កើនសមត្ថភាពទៅការប្រើប្រាស់ភាសាអង់គ្លេសរបស់ពួកគាត់៕

  • រោងចក្រព្យួរ និងខាតច្រើនពេក GMAC ស្នើរម្ចាស់អគារចុះថ្លៃឈ្នួល 30%

    រោងចក្រព្យួរ និងខាតច្រើនពេក GMAC ស្នើរម្ចាស់អគារចុះថ្លៃឈ្នួល 30%

    សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីថ្ងៃម្សិលម៉ិញនេះ បាន​ចេញលិខិតអំពាវនាវឱ្យ​ម្ចាស់អគារទាំងអស់ ដែលជួលឱ្យរោងចក្រកាត់ដេរសម្លៀកបំពាក់​ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បញ្ចុះតម្លៃឈ្នួល​ដល់ម្ចាស់ផលិតកម្មទាំងអស់នោះ។

    សមាគមរោងចក្រកាត់ដេរកម្ពុជា បានលើកឡើងថា ឧស្សាហកម្ម​កាត់ដេរសម្លៀកបំពាក់​ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ​ ជាឧស្សាហកម្ម​មួយក្នុងចំណោម​ឧស្សាហកម្មនានានៅកម្ពុជាដែលទទួល​បាន និងកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺ Covid-19។ ការទទួល​រងនេះត្រូវបានសង្កេតឃើញថា មានសភាពកាន់តែធ្ងន់ធ្ងរទៅៗ។ ជាក់ស្តែង រោងចក្រ​ចំនួន 180 បានព្យួរផលិតកម្មរបស់ខ្លួន​ ខណៈ​ដែលរោចចក្រចំនួន 60ផ្សេងទៀតនឹងព្យួរផលិតកម្មនៅពេលខាងមុខ។ ការព្យួរនេះបានបញ្ជាក់អំពីភាពមិនអាចទ្រងទ្រង់បាននូវបន្ទុក​ចំណាយនានារបស់រោងចក្រខណៈចំណូលរបស់ពួកគេបានធ្លាក់ចុះ។

    GMAC បានបញ្ជាក់ផងដែរថា ការចំណាយរបស់រោងចក្រលើថ្លៃឈ្នួលអគារ និងទីតាំង គឺជាបន្ទុក​ចំណាយ​ដ៏ធ្ងន់ធ្ងរមួយ ស្របពេលដែល​សមាជិករបស់យើងកំពុង​រងគ្រោះដោយសារការលុបចោលនៃការទិញជាច្រើន និងការគ្មានការបញ្ជាទិញថ្មីនោះ ក៏ដូចជា​ការ​ចំណាយផ្សេងៗទៀត។

    សមាគមយល់អំពី​ទុក្ខលំបាក​នៃផលប៉ះពាល់​ដោយសារជំងឺ Covid-19 តែសមាគមសុំអំពាវនាវដល់ម្ចាស់អគារ​នានាដែលកំពុងជួល​ឱ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិផលធ្វើដំណើរ មេត្តា​ចុះថ្លៃឈ្នួល​របស់ខ្លួន​យ៉ាងតិច 30% សម្រាប់រយៈពេល 3 ទៅ 6ខែ។ GMAC យល់ឃើញថាការចុះថ្លៃឈ្នួលនេះ នឹងអាចជួយសម្រាលបន្ទុក​ចំណាយរបស់រោងចក្រ និង​ចួលរួមចំណែក​ស្តារសេដ្ឋកិច្ច​នៅកម្ពុជា​ទើម្បីទ្រទ្រង់វិស័យនេះ៕ ​