Author: ធឿន មករា

  • ក្រសួងអប់រំនឹងពិចារណាលើការបើកសាលារៀនឱ្យបានមុនថ្ងៃទី1 វិច្ឆិកាឆ្នាំ 2020

    ក្រសួងអប់រំនឹងពិចារណាលើការបើកសាលារៀនឱ្យបានមុនថ្ងៃទី1 វិច្ឆិកាឆ្នាំ 2020

    ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថានឹង​ពិចារណាបន្ថែមទៀតលើការបើកដំណើរការសាលារៀនឡោះងវិញឱ្យបានមុនថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ2020 ដែលជាថ្ងៃចូលបវេសនកាលឆ្នាំសិក្សាថ្មី។

    ការលើកឡើងបែបនេះគឺស្របពេលដែលឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ​ យុវជន និងកីឡា បាន​សរសេរលិខិត​ផ្ញើរជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីពីការគិតគូររបស់ក្រសួងចំំពោះការសុំបើកដំណើរគ្រឹះស្ថានសិក្សាឡើងវិញ។

    ក្នុងលិខិតនេះបានបញ្ជាក់ថា ឆ្លើយតបនឹងសំណើររបស់សមាគមគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈមួយចំនួនដែលបានលើកសំណូមពរមក​ក្រសូងអប់រំ ឱ្យដំណើរការសាលារៀនឡើងវិញនៅសប្តាហ៍ទី4 ខែឧសភា ឬដើមខែមិថុនាឆ្នាំ 2020 ឬនៅពេលណាមួយខាងមុខ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យល់ឃើញថា​គ្រឹះស្ថានសិក្សាគ្រប់ប្រភេទ គួរបន្តពន្យារពេលក្នុងការបើកដំណើរការឡើងវិញ​ដើម្បីតាមដាន​ស្ថានភាពនៃជំងឺ Covid-19 កុំឱ្យមានការឆ្លងជាសហគមន៍ ជាពិសេស​ការបង្ការរលកទី2។

    ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាកត្តាដែលមិនទាន់អាចបើកសាលារៀននៅពេលនេះ ហើយរង់ចាំរហូតដល់ដំណាច់ឆ្នាំនេះ គឺដោយសារតែបច្ចុប្បន្ននេះនៅបណ្តាប្រទេសមួយចំនួនចាប់ផ្តើមមានការរីករាលដាលនៃមេរោគ Covid-19 ជាថ្មី ហើយក្នុងនោះ​កម្ពុជាក៏កំពុងស្ថិតក្នុងដំណាក់កាលផុយស្រួយនៅឡើយ។ បន្ថែមពីលើនេះ បើពិនិត្យមើលលើកត្តាបច្ចេកទេស​ថ្នាក់រៀនកម្ពុជាមានទំហំសិស្សចាប់ពី 50 ទៅ 60នាក់ ខណៈស្តង់ដារសម្រាប់អង្គការ WHO ឱ្យដាក់តែ 20នាក់ប៉ុណ្ណោះដើម្បីរក្សាគម្លាតសុវត្ថិភាព។ បន្ថែមពីលើនេះប្រសិនបើយើងបំបែកសិស្សឱ្យរៀនច្រើនវេន គ្រូនឹងត្រូវបន្ថែមម៉ោង ហើយ​សុំប្រាក់ឧបត្ថម្ភបន្ថែម។

    ជាដំណោះស្រាយក្នុងដំណាក់កាលនេះគឺក្រសួងដាក់ចេញនូវយន្តការ​សិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកជាច្រើនដើម្បីអប់រំសិស្ស។ ចំពោះមុខស្ថានភាពបែបនេះឯកឧត្តមមបញ្ជាក់ថា យើងមិនគួរប្រថុយប្រថានខ្លាំងពេកឡើយក្នុងការប្រញ៉ាប់បើកសាលារៀន ហើយសម្រេចចិត្តបើកសាលានៅចុងឆ្នាំ 2020 ក៏មិនយឺតពេលដែរ៕

  • WHO នឹងដាក់ឱ្យប្រើ App ឆែករោគសញ្ញាផ្ទុកកូវីដ១៩ សម្រាប់ប្រទេសមិនសូវមានធនធានគ្រប់គ្រាន់

    WHO នឹងដាក់ឱ្យប្រើ App ឆែករោគសញ្ញាផ្ទុកកូវីដ១៩ សម្រាប់ប្រទេសមិនសូវមានធនធានគ្រប់គ្រាន់

    WHO នឹងដាក់ចេញឱ្យប្រើប្រាស់នូវកម្មវិធី (app) ដើម្បីឆែកមើលអ្នកដែលអាចសង្ស័យថា មានផ្ទុកមេរោគកូរ៉ូណា ហើយថែមទាំងអាចតាមដានពីទំនាក់ទំនងរបស់ពួកទៀតផង។

    តាមប្រភពពីសារព័ត៌មាន Reuters បានឱ្យដឹងថា ក្នុងពេលឆាប់ៗនេះ WHO អាចនឹងដាក់ឱ្យប្រើប្រាស់នូវកម្មវីធី (app) ដើម្បីឆែកមើលរោគសញ្ញាអ្នកដែលអាចមានផ្ទុកមេរោគកូរ៉ូណា សម្រាប់ប្រទេសទូទាំងពិភពលោក  ជាពិសេសសម្រាប់ប្រទេសដែលមិនសូវមានធនធានគ្រប់គ្រាន់  តែអាចមានលទ្ធភាពប្រើកម្មវីធីរបៀបនេះបាន។

    លើសពីនេះទៅទៀត WHO កំពុងតែសិក្សា ថាតើគេគួរតែបន្ថែមមុខងារដែលអាចធ្វើការតាមដានការធ្វើទំនាក់ទំនងជាប្រចាំរបស់អ្នកជំងឺ (contact tracing) ថែមទៀតដែរឬទេ?។

    អ្វីដែលជាចំណុចសំខាន់នៃកម្មវិធីនេះ គឺវានឹងធ្វើការសួរទៅអ្នកដែលមានរោគសញ្ញាដែលអាចសង្ស័យថា នឹងកើតជំងឺកូវីត-19 ចំណែកឯរបៀប និងទីតាំងធ្វើតេស្តរកមើលជំងឺនេះ វាអាស្រ័យទៅតាមប្រទេសរបស់អ្នកប្រើប្រាស់ដែលអាចធ្វើការកែសម្រួលកម្មវីធីនេះរៀងៗខ្លួន។

    កន្លងមកតាមបណ្តាប្រទេសមួយចំនួនដូចជា ឥណ្ឌា អូស្ត្រាលី ចក្រភពអង់គ្លេស ជាដើមបានបង្កើត និងដាក់ឱ្យប្រើប្រាស់កម្មវិធីប្រភេទនេះតាមបច្ចេកវិទ្យារបស់គេរួចមកហើយដែរ ដោយមានមុខងារដូចជា ណែនាំអ្នកមានរោគសញ្ញាឱ្យធ្វើតេស្ត និងតាមដានការចល័តរបស់ប្រជាពលរដ្ឋ ដើម្បីងាយស្រួលក្នុងការស្វែងរកអ្នកដែលអាចត្រូវបានឆ្លង។

    WHOសង្ឃឹមថា កម្មវីធីនេះនឹងមានសារៈប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រទេសមួយចំនួនដែលមិនទាន់មានការរីកចម្រើនខ្លាំងខាងបច្ចេកវិទ្យាមានដូចជា អាមេរិកខាងត្បូង និងអាហ្វ្រិក ហើយថែមទាំងជាប្រទេស កំពុងមានករណីឆ្លងកើនឡើងនោះ៕

  • ប្រព័ន្ធ Thunderbolt គ្រាន់តែ 5នាទី អាចចូលលួចយកទិន្នន័យក្នុងកុំព្យូទ័របាន

    ប្រព័ន្ធ Thunderbolt គ្រាន់តែ 5នាទី អាចចូលលួចយកទិន្នន័យក្នុងកុំព្យូទ័របាន

    ​មើលថែកុំព្យូទ័ររបស់លោកអ្នកឱ្យបានល្អ ព្រោះគ្រាន់តែ 5នាទីប៉ុណ្ណោះ ក៏គេអាចចូលលួចយកទិន្នន័យក្នុងកុំព្យូទ័ររបស់អ្នកបានដែរ។ វាមិនមែនជារឿងចម្លែកពេកទេ ដែលកុំព្យូទ័ររបស់លោកអ្នកអាចត្រូវបានវាយប្រហារពីជនអនាមិក ល្គឹកណាលោកអ្នកធ្វើការដោយប្រើប្រាស់ឧបករណ៍ទាំងនោះ ជាពិសេសក្នុងពេលមានការតភ្ជាប់ជាមួយប្រព័ន្ធអ៊ិនធើណិត។

    ក្នុងពេលថ្មីៗនេះ សូម្បីនៅក្នុងប្រព័ន្ធ Thunderbolt ក៏នៅតែមានចំណុចខ្សោយ ដែលអាចឱ្យអ្នកវាយប្រហារលួចយកទិន្នន័យក្នុងកុំព្យូទ័រលោកអ្នកបាន ដោយគ្រាន់តែចំណាយពេលប្រហែល 5នាទីប៉ុណ្ណោះ នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពនៅសាកលវិទ្យាល័យ Eindhoven។

    ការវាយប្រហារនេះត្រូវបានគេឱ្យឈ្មោះថា Thunderspy ហើយមានការប៉ះពាល់ដល់កុំព្យូទ័រដែលផលិតមុនឆ្នាំ2019 ដែលប្រើប្រព័ន្ធប្រតិបត្តិការ Windows ឬ Linux ជាមួយនឹងឈីប Intel ដើម្បីធ្វើការវាយប្រហារនេះ ពួកគេគ្រាន់តែបើកគម្របខាងក្រោយកុំព្យូទ័រ ហើយប្រើឧបករណ៍តូចមួយដើម្បីធ្វើការផ្លាស់ប្ដូរ firmware ដែលគ្រប់គ្រងប្រព័ន្ធរបស់ Thunderbolt ជាការស្រេច។

    ខាង​ក្រោម​នេះ​គឺ​ជា ​ព័ត៌មាន​ខ្លះៗ​ទាក់ទងនឹងបច្ចេកវិទ្យា Thunderbolt សម្រាប់​អ្នក​ដែល​មិនទាន់ស្គាល់ពីវា…៖

    -Thunderbolt គឺជាប្រព័ន្ធរន្ធភ្ជាប់នៅក្នុងកុំព្យូទ័រសម្រាប់តភ្ជាប់ឧបករណ៍បច្ចេកវិទ្យាផ្សេងៗ មានដូចជា monitor និង hard drive ជាដើម ដែលអាចបញ្ជូនទិន្នន័យលឿនជាងបច្ចេកវិទ្យា USB។

    ដើម្បីទទួលបានល្បឿនដ៏លឿននេះ ប្រព័ន្ធ Thunderbolt ត្រូវបាននិម្មាបនកម្មដែលអាចផ្លាស់ប្តូរទិន្នន័យដោយផ្ទាល់ជាមួយកុំព្យូទ័រ memory ដែលជាហេតុនាំឱ្យមានចំណុចខ្សោយនេះ។

    ដើម្បីចៀសវាងពីការវាយប្រហារនេះ លោកអ្នកអាចបិទការប្រើប្រាស់ប្រព័ន្ធ Thunderbolt នៅក្នុងប្រព័ន្ធប្រតិបត្តិការ ដោយប្រើរន្ធភ្ជាប់នេះ សម្រាប់តែជាមួយនឹង monitor ប៉ុន្តែវិធីនេះក៏មិនអាចចៀសវាងពីការវាយប្រហារបានទាំងស្រុងនោះដែរ។

    អ្វីដែលល្អបំផុតនោះគឺ អ្នកគួរតែចៀសវាងកុំទុកកុំព្យូទ័រចោល ដែលអាចឱ្យជនអនាមិកមានឱកាសអាចប៉ះពាល់បាន ដូចជានៅក្នុងបន្ទប់សណ្ឋាគារ ជាដើម៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • តើវីតាមីនសម្រាប់ក្មេង ចាំបាច់ដែរឬទេ?

    តើវីតាមីនសម្រាប់ក្មេង ចាំបាច់ដែរឬទេ?

    ឱ្យកូនញ៉ាំវីតាមីនបន្ថែមសម្រាប់កុមារ តើមានភាពចាំបាច់ដែរឬទេ?

    លោកឪពុកអ្នកម្តាយជាច្រើននាក់ដែលចាប់ផ្តើមមានកង្វល់ ដោយសារតែកូនច្រើនតែញ៉ាំអាហារមិនទៀងទាត់ពេលវេលា និងពេលខ្លះក៏ញ៉ាំអាហារមិនគ្រប់ 5 ប្រភេទក្រុម ក្មេងខ្លះជក់លេង គិតតែពីលេង មិនញ៉ាំអាហារ ក្មេងខ្លះទៀតមិនញ៉ាំបន្លែ ក្មេងខ្លះ​​មិនញ៉ាំទឹកដោះគោ និងក្មេងខ្លះមិនញ៉ាំផ្លែឈើ។

    ទើបរឿងផ្សេងៗទាំងអស់នេះ ធ្វើឱ្យលោកឪពុកអ្នកម្តាយអត់មិនបារម្ភមិនបានឡើយ ព្រោះខ្លាចក្រែងថាកូនសម្លាញ់ខ្វះសារជាតិអាហារ ទើបខំព្យាយាមស្វែងរកអាហារបន្ថែមផ្សេងៗ ដូចជា វីតាមីនបន្ថែមដែលអាចចេញមកក្នុងរូបបែបរបស់សូកូឡា ថ្នាំ ឬបង្អែមផ្សេងៗមកឱ្យកូនបានញ៉ាំដើម្បីបំពេញនូវអ្វីដែលបាត់បង់។

    ការឱ្យវីតាមីនបន្ថែមដល់កូននេះ ឡារ៉ែនមានគោលគំនិតមួយជម្រាបដល់លោកឪពុកអ្នកម្តាយ គឺចូរសង្កេតមើលថា តើមានអាហារក្រុមណា ដែលកូនមិនបានញ៉ាំខ្លះឬទេ? តើកូនញ៉ាំបន្លែ ផ្លែឈើ ទឹកផ្លែឈើដែរឬទេ? កូនញ៉ាំ​សាច់សត្វ សាច់ត្រី ស៊ុត ឬញ៉ាំទឹកដោះគោខ្លះដែរឬទេ? បើកូនញ៉ាំ​បានគ្រប់យ៉ាង ហើយញ៉ាំឆ្លាស់គ្នាម្តងនេះម្តងនោះក៏មិនគួរជាមានបញ្ហាអ្វីឡើយ កូនប្រហែលជាបានទទួលសារធាតុអាហារគ្រប់ចំនួនហើយ មិនចាំបាច់ត្រូវឱ្យកូនញ៉ាំវីតាមីនបន្ថែមទៀតទេ។

    ព្រោះអាហារគឺជាប្រភពរបស់សារជាតិអាហារដែលល្អបំផុត តែបើកូនរបស់អ្នកមានបញ្ហាខាងការញ៉ាំ ដូចជា មិនព្រមញ៉ាំអាហារក្នុងប្រភេទក្រុមណាមួយ មិនញ៉ាំសាច់សត្វអ្វីទាំងអស់ ឬកូនញ៉ាំតែបាយតែម្យ៉ាង មិនញ៉ាំបន្លែ ឬផ្លែឈើឡើយ។ ក្មេងខ្លះមានប្រតិកម្មចាញ់អាហារមួយចំនួន ឬនៅពេលខ្លះដែលកូនឈឺថ្កាត់រយៈពេលយូរ ក៏អាចនឹងធ្វើឱ្យគេញ៉ាំបានតិចដែរ ក្នុងករណីនេះលោកឪពុកអ្នកម្តាយគួរតែប្រឹក្សាជាមួយគ្រូពេទ្យ។

    ការឱ្យវីតាមីនបន្ថែមសម្រាប់កូន គួរតែស្ថិតនៅក្រោមការមើលថែទាំរបស់ពេទ្យជាចំបង លោកឪពុកអ្នកម្តាយមិនគួររកទិញមកឱ្យកូនញ៉ាំដោយខ្លួនឯងឡើយ ព្រោះវីតាមីនប្រភេទខ្លះ បើក្មេងបានទទួលក្នុងបរិមាណច្រើនជ្រុលពេក ជំនួសឱ្យការបានទទួលប្រយោជន៍ តែបែរជាហុចផលឱ្យក្លាយជាគ្រោះថ្នាក់វិញបាន បើរាងកាយប្រមូលសន្សំទុក និងមិនបណ្តេញចំណែកដែលលើសនោះចេញមកទេ។

    ដូច្នេះ វីតាមីនដែលល្អបំផុតមាននៅក្នុងអាហារដែលកូនបរិភោគប្រក្រតីនោះស្រាប់ហើយ បើកូនបានបរិភោគអាហារគ្រប់ 5 ប្រភេទក្រុមក្នុងមួយថ្ងៃៗរួមគ្នាដែលមិនចាំបាច់គ្រប់ពេលក៏បានដែរនោះ តែប៉ុណ្ណឹង វីតាមីនបន្ថែម ក៏លែងចាំបាច់ត្រូវឱ្យកូនញ៉ាំហើយ៕

  • ក្លិបអង់គ្លេស2 ក្តោបតំណែងជាក្លិបបាល់ទាត់ ដែលមានកីឡាករថ្លៃជាងគេបង្អស់លើពិភពលោក

    ក្លិបអង់គ្លេស2 ក្តោបតំណែងជាក្លិបបាល់ទាត់ ដែលមានកីឡាករថ្លៃជាងគេបង្អស់លើពិភពលោក

    ខណៈដែលក្លិបបាល់ទាត់នានានៅជុំវិញពិភពលោក កំពុងតែជួបវិបត្តិហិរញ្ញវត្ថុ មានក្លិបបាល់ទាត់មួយចំនួន កំពុងតែពិចារណាក្នុងការលក់កីឡាករចេញខ្លះ ដើម្បីយកប្រាក់មកទប់ជីវភាពក្លិប ក៏ដូចជាសម្រាលបន្ទុក ដោយសារតែកីឡាករមួយចំនួនមានតម្លៃខ្លួនខ្ពស់ជាងគេដល់ទៅរាប់សិបដងឯណោះ។

    ក្នុងនោះដែរ Transfermarket បានបង្ហាញស្ថិតិតម្លៃខ្លួនកីឡាករទាំងអស់ប្រចាំក្លិបនីមួយៗក្នុងអំឡុងពេលមានវិបត្តិកូវីដ-19 ដោយគេមើលឃើញថា ក្លិបបាល់ទាត់ Manchester City និង Liverpool របស់អង់គ្លេស បានឈរនៅលំដាប់កំពូលលេខ1 និងលេខ2 ខណៈដែលក្លិប 2ទៀតមកពីអេស្ប៉ាញ Real Madrid និង Bacelona បានក្តោបតំណែងលេខ3 និងលេខ4 តាមពីក្រោយដោយក្លិបយក្សបារាំង PSG ដែលស្ថិតក្នុងលំដាប់ទី5៕

  • ទោះធុរេន និងផ្លែឈើខ្មែរធ្លាក់ថ្លៃបន្តិចតែកសិករនៅតែសប្បាយចិត្ត

    ទោះធុរេន និងផ្លែឈើខ្មែរធ្លាក់ថ្លៃបន្តិចតែកសិករនៅតែសប្បាយចិត្ត

    នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺ Covid-19 នេះ ការដឹកទំនិញនៅតាមបន្ទាន់ព្រំដែន​ហាក់មានសកម្មភាពយឺតយ៉ាវ ខណៈបន្លែផ្លែឈើបរទេសជាច្រើនប្រភេទមិនសូវហូរចូលខ្លាំងដូចកាលពីមុនឡើយ។ ចំណុចនេះបានអនុញ្ញាតឱ្យ​កសិផលខ្មែរយើងបានចេញមកយ៉ាងព្រោងព្រាតក្នុងទីផ្សារដើម្បីបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាជននៅក្នុងស្រុក។

    សម្រាប់កសិករនៅខេត្តព្រះសីហនុ ក្នុងខែនេះពួកគាត់កំពុងប្រមូលផលធុរេន សាវម៉ាវ ម្ឃុត និងផ្លែឈើហូបផ្លែជាច្រើនមុខទៀត។ ក្នុងទឹកមុខសប្បាយរីករាយ អុំស្រី យឹម ធា អ្នកមើលការខុសត្រូវចំការផ្លែឈើនៅស្រុកព្រៃនប់ បានលើកឡើងថា ផ្ទៃដីរបស់គាត់មានចំនួន 30ហិកតា ដែលបានដាំដំណាំហូបផ្លែជាច្រើនមុខដូចជា​ធុរេន សាម៉ាវ និងម្ឃុត ដោយផលទាំងនោះនឹងត្រូវចែកចាយទៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តសៀមរាប និងបណ្តាខេត្តមួយចំនួនទៀត។

    នៅឆ្នាំនេះ​ផលសាវម៉ាវ​អាចលក់បានក្នុងមួយគីឡីក្រាម 7,000រៀលសម្រាប់អ្នកលក់បោះដុំ និងធុរេនលក់បានតម្លៃ 15,000រៀល ដោយឈ្មួញបោះដុំមកទិញដល់ទីតាំងតែម្តង។ អុំស្រីបញ្ជាក់ថាទោះបីជាតម្លៃនេះមើលទៅធូរថ្លៃជាងឆ្នាំមុន តែគាត់នៅតែសប្បាយចិត្តព្រោះផលទាំងអស់បានចេញទៅកាន់ទីផ្សារបានទូលំទូលាយ ហើយតម្រូវការក៏មានការកើនឡើងដែលធ្វើឱ្យផ្លែឈើត្រូវលក់អស់ៗពីចំការ មិនដូចឆ្នាំខ្លះត្រូវសល់ចោលនោះទេ។ បន្ថែមពីលើនេះ អ្វីដែលជាចំណុចពិសេសបន្ថែមទៀតនោះគឺផលផ្លែឈើទាំងអស់សុទ្ធតែដាំដោយធម្មជាតិ និងមានរសជាតិឆ្ងាញ់ ហេតុនេះដំណាក់កាលនេះបានធ្វើឱ្យប្រជាជនខ្មែរយើងកាន់តែច្រើនងាកមកគាំទ្រផលិតផលក្នុងស្រុក និងដឹងកាន់តែច្បាស់ពីគុណភាពបន្លែផ្លែឈើខ្មែរដែលឆ្ងាញ់ជាងផ្លែឈើនាំចូល។ អុំស្រីរំពឹងថាចាប់ពីឆ្នាំនេះទៅ អតិថិជននៅទូទាំងប្រទេសនឹងចាប់ផ្តើម​គាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើនឡើងៗ បើទោះបីជាមានផលិតផលនាំចូលមកខ្លះក៏ដោយ ព្រោះគាត់ជឿជាក់ថា​ប្រជាជននឹងជក់ចិត្តជាមួយនឹងផ្លែឈើ​ដែលមានគុណភាពល្អនៅក្នុងស្រុក និងបន្តស្វែងរកនៅពេលបន្តបន្ទាប់ទៀត៕

  • អាណាព្យាបាលគួរការពារកូនបែបណាពីគ្រោះថ្នាក់នៃបច្ចេកវិទ្យាក្នុងពេលរៀនតាមអនឡាញ?

    អាណាព្យាបាលគួរការពារកូនបែបណាពីគ្រោះថ្នាក់នៃបច្ចេកវិទ្យាក្នុងពេលរៀនតាមអនឡាញ?

    នៅក្នុងរយៈពេលនៃការរីករាលដាលជំងឺ Covid-19 នេះអង្គការ UNICEF បានបញ្ជាក់ថា កុមារ និងមនុស្សវ័យក្មេងជាង 320លាននាក់ បានរងផលប៉ះពាល់​ដោយសារតែការបិទសាលារៀននៅអាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក។

    ក្រៅពីផលប៉ះពាល់នៃ​ការមិនបានទៅរៀនសូត្រនៅក្នុងសាលាផ្ទាល់ អង្គការដែលធ្វើការងារដើម្បីកុមារខាងលើបានបញ្ជាក់ផងដែរថា ការសិក្សាតាមអនឡាញជារឿងល្អ តែក្នុងនោះបើអាណាព្យាបាលមិនបានយកចិត្តទុកដាក់ឱ្យបានល្អនោះទេ កុមារអាចនឹងរងគ្រោះថ្នាក់ដូចជាធ្វើឱ្យកុមារងាយរងគ្រោះដោយសារតែ​បញ្ហាកេងប្រវ័ញ្ចផ្លូវភេទ និងការល្បួងតាមប្រព័ន្ធអនឡាញ ដោយសារតែ​ជនខិលខូច​តែងតែព្យាយាមទាញយកប្រយោជន៍តាមបណ្តាញបច្ចេកវិទ្យា​នៅក្នុងពេលរាតត្បាតជាសកលនៃជំងឺ Covid-19 នេះ។

    ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ UNICEF ណែនាំឱ្យ អាណាព្យាបាល គួរនិយាយទៅកាន់កូនៗអំពីសុវត្ថិភាពអនឡាញដើម្បីធានាថាពួកគេបានយល់ពីវិធីសាស្រ្តក្នុងការ​បញ្ចៀសខ្លួនឯងកុំឱ្យ​ជនដែលមានបំណងមិនល្អដឹងពីទីតាំង ឬសកម្មភាពប្រចាំថ្ងៃ។ ចំណុចបន្ទាប់គឺគួរស្វែងយល់ពី​ឧបករណ៍​រក្សាសុវត្ថិភាពតាមអនឡាញ ដើម្បី​ការពារកូនៗឱ្យជៀសផុតពីការល្បួង ឬការបោកបញ្ឆោតតាមរយៈអនឡាញ។ បន្ថែមពីលើនេះអាណាព្យាបាលគួរស្វែងយល់ពីហានិភ័យ ដែលកុមារអាចជួបប្រទះនៅពេលប្រើប្រាស់អនឡាញ និងជួយតម្រង់ទិសក្នុងករណីដែលគេចូលទៅក្នុងតំបន់គ្រោះថ្នាក់ ឬមានសកម្មភាពណាដែលអាចប្រឈមនឹងគ្រោះថ្នាក់​ដោយសារតែបណ្តាញអនឡាញ។ ចុងក្រោយគឺអាណាព្យាបាល​ត្រូវតាមដានដើម្បីសម្គាល់ដឹងពីសញ្ញាពិបាកចិត្តដែលកើតឡើងពីការប្រើប្រាស់អនឡាញច្រើនហួសកម្រិត និងដឹងពីកន្លែងស្វែងរកជំនួយ​ដូចជា​ការប្រឹក្សាជាមួយសាលារៀន ឬគ្រូពេទ្យចិត្តសាស្ត្រជាដើម៕

  • ទឹកសណ្តែក គុណប្រយោជន៍ធំៗចំពោះសុខភាព

    ទឹកសណ្តែក គុណប្រយោជន៍ធំៗចំពោះសុខភាព

    ភេសជ្ជៈដែលបានទាំងសុខភាព និងថែមទាំងញ៉ាំបានគ្រប់ពេលដូចជាទឹកសណ្តែកនេះ អ្នកណាៗក៏ដឹងដែរថា មានប្រយោជន៏ ជួយបង្កើនប្រូតេអុីន តែថ្ងៃនេះយើងនឹងមកស៊ីជម្រៅអំពីប្រយោជន៍របស់ទឹកសណ្តែកយ៉ាងលម្អិតដូចតទៅ។

    ប្រយោជន៍របស់ទឹកសណ្តែក

    សណ្តែកលឿងដែលចម្រាញ់ចេញមក និងស្ងោររហូតក្លាយជាទឹកសណ្តែកនោះ សម្បូរទៅដោយប្រូតេអុីន ដែលអ្នកមានប្រតិកម្មចាញ់ទឹកដោះគោអាចបែរមកទទួលយកប្រូតេអ៊ីនពីទឹកសណ្តែកបាន និងទឹកសណ្តែកថែមទាំងងាយស្រួលរំលាយ គ្មានជាតិខ្លាញ់ ញ៉ាំហើយមានអារម្មណ៍ថាឆ្អែតបែបមិនណែនពោះ រួមទាំងប្រយោជន៍ពីទឹកសណ្តែកដែល ឡារ៉ែនកំពុងណែនាំនេះ បើបានដឹងក៏ប្រហែលជាមិនចម្លែកចិត្តទេដែលនរណាៗក៏លើកតំកើងឱ្យទឹកសណ្តែកជា ស៊ូភើរ៍ហ្វូ៊ត ដែរ។

    1 – មានសារធាតុអាហារគ្រប់ទាំង 5 ប្រភេទក្រុម

    ទឹកសណ្តែកលឿង ឬទឹកសណ្តែកមានសារធាតុអាហារគ្រប់ទាំង 5 ប្រភេទក្រុម ទាំងប្រូតេអុីន ជាតិខ្លាញ់ ខាបូហាយដ្រេត សារធាតុរ៉ែ និងវីតាមីន ជាពិសេសបរិមាណសារធាតុអាហារប្រភេទប្រូតេអ៊ីននៅក្នុងទឹកសណ្តែកមានច្រើនប្រហាក់ប្រហែលនឹងសាច់សត្វឯណោះ។

    2 – មានអាស៊ីតអៈមីណូដែលចាំបាច់ចំពោះរាងកាយគ្រប់ទាំង 10 ប្រភេទ

    ប្រូតេអ៊ីន គ្លោប៊ូលីន ( Globulin ) ដែលប្រទះឃើញនៅក្នុងទឹកសណ្តែក ប្រកបទៅដោយអាស៊ីតអៈមីណូដែលចាំបាច់ចំពោះរាងកាយគ្រប់ទាំង 10 ប្រភេទ និងថែមទាំងជាប្រូតេអុីនប្រភេទដែលរាងកាយបឺតជ្រាបបានងាយ ដោយ 95% របស់ប្រូតេអុីនក្នុងទឹកសណ្តែក រាងកាយអាចបឺតជ្រាបយកទៅប្រើជាប្រយោជន៍បានទាំងអស់។

    ក្រៅពីនេះ ការងារស្រាវជ្រាវពី Molecular Nutrition & Food Research ឆ្នាំ 2011 ក៏បានឱ្យដឹងដែរថា ទឹកសណ្តែកនៅមាន លេកស៊ីទីន ( Lecithin), អូសូហ្វ្លាវ៉ូន ( isoflavone), អូលីហ្គោ ( Oligo) និងហ្វៃប៊ើរ៍ ដែលមានគុណសម្បត្តិជួយពន្យឺតភាពចាស់ជរា ជួយសម្រួលតុល្យភាពរបស់អ័រម៉ូន និងថែមទាំងជួយក្នុងការបន្ទោបង់ និងការពារជំងឺទឹកនោមផ្អែម បញ្ចុះសម្ពាធឈាមដែលឡើងខ្ពស់ រោគធាត់ និងថែបំប៉នសរសៃឈាមក្រហមទៀតផង។

    3 – ជួយបញ្ចុះកូលេស្តេរ៉ូលក្នុងសរសៃឈាម

    ស្ថាប័នអាហារ និងថ្នាំ ព្រមទាំងសមាគមរោគបេះដូងរបស់ប្រទេសអាមេរិក បានបង្ហើបឱ្យដឹងថា ទឹកសណ្តែកលឿងមានអាស៊ីតខ្លាញ់មិនបង្កកខ្លួនក្នុងអត្រាចំណែកដែលខ្ពស់ ដែលអាស៊ីតខ្លាញ់ប្រភេទនេះនឹងជួយបញ្ចុះកូលេស្តេរ៉ូលនៅក្នុងសរសៃឈាម ការពារការប្រមូលសន្សំរបស់ខ្លាញ់នៅក្នុងសរសៃឈាមខាងក្នុង ដែលជាមូលហេតុសំខាន់របស់ការកើតជំងឺបេះដូង និងសម្ពាធឈាមឡើងខ្ពស់បាន។

    4 – ប្រភពរួមវីតាមីន

    ជាពិសេសវីតាមីន B រួម ណៃអាស៊ីន រួមទាំងវីតាមីន A វីតាមីន E វីតាមីន D និងវីតាមីន C ក្នុងបរិមាណបន្តិចបន្តួច តែក៏អាចនិយាយបានថាត្រឹមតែញ៉ាំទឹកសណ្តែកសៀងមួយថង់ក៏ប្រមូលបានគ្រប់វីតាមីនដែរ និងថែមទាំងអ្នកណាដែលចូលចិត្តញ៉ាំទឹកសណ្តែករាល់ថ្ងៃផងនោះ សាច់ស្បែក និងរាងកាយនឹងស្រស់ថ្លា ព្រោះមានវីតាមីនទាំងនេះជួយថែបំប៉នរាងកាយហ្នឹងឯង។

    5 – បំប៉នខួរក្បាល បង្កើនការចងចាំ

    ទឹកសណ្តែកថែមទាំងឧត្តមសម្បូរទៅដោយសារធាតុអាហារផ្សេងៗទៀតជាច្រើន មិនថាតែខាបូហាយដ្រេតដែលផ្តល់កម្លាំងថាមពល កាល់ស្យូម ផូស្វ័រ នឹងជួយបំប៉នទាំងរាងកាយ ទាំងខួរក្បាល និងជួយបង្កើនសមត្ថភាពក្នុងការចងចាំបានទៀតផង។

    6 – ទឹកសណ្តែក បញ្ចុះភាពធាត់

    ទឹកសណ្តែកមានកាឡូរីប្រមាណជា 75 – 200 គីឡូកាឡូរី អាស្រ័យលើភាពផ្អែម និងគ្រឿងដែលផ្សំនៅក្នុងទឹកសណ្តែកមួយកែវៗនោះ រួមទាំងក្នុងទឹកសណ្តែកថែមទាំងគ្មានកូលេស្តេរ៉ូល និងមានអាស៊ីតខ្លាញ់មិនបង្កកខ្លួនទៀតផង។

    ដូច្នេះអ្នកដែលសង្ស័យថា តើញ៉ាំទឹកសណ្តែកហើយធាត់ឬអត់នោះ ប្រហែលជាត្រូវឆ្លើយប្រាប់ពេលនេះហើយថា បើអ្នកញ៉ាំទឹកសណ្តែកបែបមិនសូវផ្អែម មិនថែមគ្រឿង រួមទាំងគ្រប់គ្រងការហូបចុក និងហាត់ប្រាណជាប់ជាប្រចាំនោះ ភាពធាត់នឹងមិនសួររកមុខអ្នកឡើយ៕

  • អគ្គស្នងការនគរបាលជាតិបញ្ជាក់ជាថ្មីថា មិនឱ្យសមត្ថកិច្ចឃាត់យានយន្តដែលគ្មានកំហុសដើម្បីសួររកឯកសារទេ

    អគ្គស្នងការនគរបាលជាតិបញ្ជាក់ជាថ្មីថា មិនឱ្យសមត្ថកិច្ចឃាត់យានយន្តដែលគ្មានកំហុសដើម្បីសួររកឯកសារទេ

    អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់មិនឱ្យ​មន្ត្រីនគរបាលចរាចរណ៍ ឃាត់អ្នកបើកបរយានយន្តដើម្បីត្រួតពិនិត្យឯកសារផ្សេងៗជាដាច់ខាត លើកលែងតែមានអំពើល្មើសជាក់ស្តែង។

    ពាក់ព័ន្ធនឹងបញ្ហានេះ នាយឧត្តមសេនីយ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា៖ ករណីនេះត្រូវបានការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិយ៉ាងច្បាស់ គឺថាយានយន្តទាំងអស់ដែលត្រូវត្រួតពិនិត្យគឺជាយានយន្តដែលប្រព្រឹត្តល្មើសហើយ ល្មើសក្នុងចំណោម 7 និង9 នេះ ដូចជាមាន មិនពាក់ខ្សែក្រវ៉ាត់ បើម៉ូតូអត់មួក ជាល្មើសជាក់ស្តែង។ ហើយក្រោយពេលគេពិនិត្យលើករណីជាក់ស្តែងនេះហើយ គឺនឹងពិន្យបន្ថែមទៀត ដូចជាសួររឿងបណ្ណបើកបរ បញ្ហាស្រវឹង ឬខ្វះខាតឯកសារផ្សេងៗជាដើម»។

    គួរបញ្ជាក់ថាក្រោយពេលរឹតបន្តឹងច្បាប់រាចរណ៍ផ្លូវគោកប៉ុន្មានថ្ងៃនេះ បទល្មើសចរាចរណ៍ និងករណីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានថយចុះយ៉ាងច្រើន៕

  • វិធី 6 យ៉ាងពិនិត្យមើលវិវឌ្ឍនាការរបស់កូនពីវ័យ 0 – 24 ខែ ថាតើត្រូវតាមវ័យឬទេ?

    វិធី 6 យ៉ាងពិនិត្យមើលវិវឌ្ឍនាការរបស់កូនពីវ័យ 0 – 24 ខែ ថាតើត្រូវតាមវ័យឬទេ?

    ទារកទើបនឹងកើតអាចនឹងធ្វើអ្វីបានមិនច្រើនប៉ុន្មានទេក្នុងអំឡុងពេលកើតដំបូង តែនៅពេលកន្លងទៅ 1 – 2 ខែ នឹងចាប់ផ្តើមមានវិវឌ្ឍនាការមួយចំនួនដែលអ្នកម្តាយអាចសង្កេតឃើញបាន ឬអ្នកម្តាយអាចសាកល្បងពិនិត្យមើលវិវឌ្ឍនាការរបស់កូនបាន ថាតើត្រូវទៅតាមវ័យដែរឬទេ ដូចខាងក្រោមនេះ។

    1 – ការសម្លឹងមើលរូបភាព សម្រាប់ក្មេងវ័យ 4 – 12 ខែ ៈ អ្នកម្តាយអាចយករូបភាពដែលជាពណ៌ខ្មៅ ក្រហមអ្វីក៏បានមកចាប់ឱ្យកូនមើល រំកឹលទៅខាងឆ្វេងម្តង រំកឹលទៅខាងស្តាំម្តង ឡើងលើ ឬចុះក្រោម បើកូនបែរមុខមើលតាមនោះ បញ្ជាក់ថាកូនមានវិវឌ្ឍនាការខាងការមើលឃើញត្រឹមត្រូវតាមវ័យហើយ។

    2 – កណ្តឹង ឬវត្ថុព្យួរលើអង្រឹងពណ៌ផ្សេងៗសម្រាប់ទារក 2 – 4 ខែ ៈ អាចនឹងព្យួរកណ្តឹង ឬរូបតុក្កតាពណ៌ផ្សេងៗដែលស្រស់ស្អាត ឬមានសម្លេងនៅលើអង្រឹងកូន ឬពីមុខកៅអីរទេះកូនក៏បាន កូននឹងបានហ្វឹកហាត់ការប្រើភ្នែក និងការបានឮ។ ក្រៅពីរឿងការប្រើខ្សែភ្នែក និងការបានឮហើយនោះ ក្មេងខ្លះនឹងប្រើដៃឈោងចាប់ទៀតផង គឺជាការបានហ្វឹកហាត់ប្រើសាច់ដុំដៃផងដែរ។ ក្រៅពីនេះក្មេងមួយចំនួននៅបញ្ចេញសំឡេងទៀតផង អាចនិយាយបានថាជាវត្ថុដើម្បីវិវឌ្ឍនាការសម្រាប់ក្មេងតូចដែលល្អមែនទែន។

    3 – សាកល្បងតម្រូវការរបស់កូនវ័យ 6 – 12 ខែ ៈ ដាក់វត្ថុ 2 យ៉ាងដែលមានលក្ខណៈស្រដៀងគ្នានៅចំពីមុខកូនរបស់អ្នក ដើម្បីឱ្យកូនបានសម្លឹងមើលមួយស្របក់ ហើយធ្វើការចាប់យកវត្ថុណាមួយចេញមក ឬរំកឹលទៅផ្នែកខាង រួចចាំមើលប្រតិកម្មរបស់កូនថា នឹងលូកដៃមកចាប់ឬទេ?។ ក្មេងខ្លះនឹងញញឹម ឬអាចធ្វើមុខជូរសម្តែងពីភាពមិនពេញចិត្ត ឬងឿងឆ្ងល់ នោះបញ្ជាក់ថា វិវឌ្ឍនាការរបស់កូនស្ថិតក្នុងកម្រឹតសមតាមវ័យហើយ។

    4 – សាកល្បងវិវឌ្ឍនាការ ដៃ និងជើង របស់ទារកវ័យ 2 – 6 ខែ ៈ យករបស់លេងដែលមានសំឡេងមកអង្រួនតិចៗនៅក្បែរដៃ ឬជើងរបស់កូន កូនតូចនឹងព្យាយាមឈោងដៃចាប់ដែលជាការហ្វឹកហាត់គ្រប់គ្រងដៃ និងជើងរបស់កូនហ្នឹងឯង។ ជាប្រក្រតី ទារកនឹងមានវិវឌ្ឍនាការពីផ្នែកខាងលើ ចុះទៅផ្នែកខាងក្រោម រឿងនេះអ្នកម្តាយអាចសាកល្បងហ្វឹកហាត់ផ្ទុយពីធម្មជាតិបន្តិចលមើលក៏បានដែរ។

    5 – សាកល្បងសម្ពាធអំពីរាងកាយឱ្យមាត់ហារឡើងចំពោះទារកវ័យ 0 – 6 ខែ ៈ ដាក់កូនឱ្យគេងផ្ងារាបនឹងកម្រាលដោយដែលដៃទាំងពីរបស់កូនដាក់នៅលើក្បាល ហើយអ្នកម្តាយក៏យកមេដៃទាំង 2 ខាងដាក់ពីលើបាតដៃរបស់កូនថ្នមៗ កូននឹងចាប់ម្រាមមេដៃរបស់អ្នក ព្រមទាំងហារមាត់ឡើងភ្លាមដែរ។

    6 – ដាក់ឱ្យអង្គុយលើកៅអីខ្ពស់ សម្រាប់ក្មេងវ័យពី 6 – 24 ខែ ៈ កូននឹងចាប់ផ្តើមអង្គុយបានតាំងពីខែទី 5 ឡើងទៅ អាចនឹងយឺតជាងនេះបន្តិចបន្តួច។ នៅពេលក្មេងតូចចាប់ផ្តើមអង្គុយលើកៅអីខ្ពស់សម្រាប់ក្មេងបានហើយនោះ អ្នកម្តាយគួរអង្គុយលេងជាមួយ ជជែកលេងជាមួយ ឬច្រៀងឱ្យកូនស្តាប់ រឹតតែបានអង្គុយញ៉ាំអាហារជាមួយគ្នាផង រឹតតែជារឿងល្អទៅទៀត កូននឹងមានបដិសម្ព័ន្ធជាមួយសមាជិកក្នុងគ្រួសារបានល្អ ធ្វើឱ្យវិវឌ្ឍនាការរបស់កូនតូចកាន់តែអភិវឌ្ឍទៅយ៉ាងឆាប់រហ័សទៀតផង។

    សាកល្បងនាំយកវិធីខាងលើទៅកែសម្រួលប្រើជាមួយកូនតូចលមើលថា តើកូននឹងមានប្រតិកម្មយ៉ាងណាខ្លះ។ ការពិតទៅនៅមានជាច្រើនវិធីទៀតដែលអាចនាំទៅសាកល្បងរឿងវិវឌ្ឍនាការរបស់កូនបាន អាស្រ័យលើភាពងាយស្រួលរបស់លោកឪពុក អ្នកម្តាយហ្នឹងឯង៕