Author: ធឿន មករា

  • ហាងតែ CHICHA San Chen ឧបត្ថម្ភតែ 200ពែង ដល់គ្រូពេទ្យកំពុងព្យាបាលជំងឺ Covid-19 នៅមន្ទីរពេទ្យរុស្សី

    ហាងតែ CHICHA San Chen ឧបត្ថម្ភតែ 200ពែង ដល់គ្រូពេទ្យកំពុងព្យាបាលជំងឺ Covid-19 នៅមន្ទីរពេទ្យរុស្សី

    ហាងតែ CHICHA San Chen ដែលជាក្រុមហ៊ុន តែដ៏ល្បីល្បាញមកពីកោះតៃវ៉ាន បានឧបត្ថម្ភ តែពពុះចំនួន 200ពែង ដល់គ្រូពេទ្យដែលកំពុង ព្យាបាល ជំងឺ Covid-19 នៅមន្ទីរពេទ្យ មិត្តភាពកម្ពុជាសូវៀត កាលពីថ្ងៃទី 12 -13ខែឧសភា ឆ្នាំ2020 នេះ។

    វេជ្ជបណ្ឌិត សួន សាមិត្ត អនុប្រធានការិយាល័យ បច្ចេកទេស នៃមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត បានលើកឡើងថា ការចូលរួម ជួយឧបត្ថម្ភ ភេសជ្ជៈពីក្រុមហ៊ុន CHICHA San Chan នេះជាការលើកទឹកចិត្ត និងជាការផ្តល់កម្លាំងចិត្តមួយពីសំណាក់ក្រុមហ៊ុនឯកជនចំពោះក្រុមគ្រូពេទ្យជួរមុខដែលកំពុង តែ ខិតខំប្រឹងប្រែង ព្យាបាល និងទប់ស្កាត់ជំងឺ Covid-19ក្នុងប្រទេសកម្ពុជា។ ទោះបីជាបច្ចុប្បន្ននេះ អ្នកជំងឺ Covid-19 នៅកម្ពុជាមានចំនួនតិចតួចក៏ដោយ តែក្រុមគ្រូពេទ្យនៅតែ ខិតខំប្រឹងប្រែងតាមដាន ពិនិត្យ ស្វែងរក និងអប់រំ ដើម្បីការពារប្រជាជនកម្ពុជា ពីការឆ្លងមេរោគរលាកសួតប្រភេទថ្មីនេះ។

    លោកវេជ្ជបណ្ឌិត សួន សាមិត្ត បានមានប្រសាសន៍ថា៖ « ក្រុមគ្រូពេទ្យទាំងអស់ដែលកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺ Covid-19 បានលះបង់ និងខិតខំប្រឹងប្រែងដោយមិនខ្វល់ពីការសម្រាក។ បន្ថែមពីលើនេះ គាត់ត្រូវតែ នៅដាច់ដោយរយៈពេលពេញមួយខែ មុននឹងអាចទៅចូលរួមរស់ជាមួយក្រុមគ្រួសារវិញ ហេតុនេះការលើកទឹកចិត្តពីគ្រប់មជ្ឈដ្ឋាន នឹងធ្វើឱ្យក្រុមគ្រូពេទ្យកាន់តែមានកម្លាំងចិត្តក្នុងការខិតខំប្រឹងប្រែងកាន់តែខ្លាំងសម្រាប់កម្ពុជាយើង»។

    លោក Kevin Dantអ្នកគ្រប់គងនៅក្នុងហាងតែ CHICHA San Chen បានលើកឡើងថា មូលហេតុសំខាន់ដែលលោក ចូលរួមឧបត្ថម្ភ ដល់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀតនៅថ្ងៃនេះ គឺដើម្បីចូលរួមចំណែកក្នុងការលើកទឹកចិត្ត និងតបស្នងចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន និងជីវិតដើម្បី ការពារប្រជាជនទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើនេះ ហាងតែ CHICHA San Chen ក៏តែងតែចូលរួមចំណែកក្នុងការងារសង្គមជាច្រើនផ្សេងទៀត ដែលថ្មីៗនេះ យើងក៏បាន ផ្តល់នូវកម្មវិធីបញ្ចុះតម្លៃពិសេស ចំនួន 20%សម្រាប់ គ្រូពេទ្យ នគរបាល មន្ត្រីពន្លត់អគ្គិភ័យ និងកងកម្លាំង។ ពួកគាត់គ្រាន់តែទៅដល់ទីតាំងហាងតែ CHCHA San Chen នៅផ្សារជីពម៉ុងជិតសាលាបាក់ទូក ហើយបង្ហាញកាតការងារ ឬឯកសារសម្គាល់ខ្លួន ថាគាត់ជាគ្រូពេទ្យ ឬជាកងកម្លាំងជាដើម នោះគាត់នឹងទទួលបានការបញ្ចុះតម្លៃភ្លាម។
    លោក Kevin Dant បាននិយាយថា៖ « ហាងតែ CHICHA San Chen នឹងបន្តសកម្មភាពមនុស្សធម៌ជាច្រើនផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ហើយទន្ទឹមនឹងនេះ ក៏ព្យាយាមក្នុងការផ្តល់នូវសេវាកម្ម និងផលិតផលកាន់តែប្រសើរសម្រាប់គ្រប់អតិថិជនទាំងអស់»។

    គួរបញ្ជាក់ផងដែរថា ហាងតែ CHICHA San Chen ជាហាងតែដែលមាន ឈ្មោះល្បីនៅកោះតៃវ៉ាន់ដែលមានប្រវត្តិកើតឡើងតាំងពីឆ្នាំ 1998មកម្លេះ។ ហាងតែដ៏ល្បីនេះមានសាខាជាច្រើនលើពិភពលោក ហើយអ្វីដែលជាចំណុចពិសេសរបស់ហាងតែ CHICHA San Chen គឺគុណភាពតែដែលមានរសជាតិឆ្ងាញ់ជាងគេលើពិភពលោក និង មានម៉ាស៊ីនកិនតែភ្លាមៗ ថ្មី និងស្រស់ៗសម្រាប់អតិថិជន៕

  • realme 6i បានដាក់លក់ជាផ្លូវការហើយក្នុងតម្លៃ ១៩៩ដុល្លា រួមជាមួយនឹងនាឡិកាឆ្លាតវៃ ឧបករណ៍ថ្មីសម្រាប់ជីវិតបច្ចេកវិទ្យាបែបយុវវ័យនឹងមកដល់ឆាប់ៗនេះ!

    realme 6i បានដាក់លក់ជាផ្លូវការហើយក្នុងតម្លៃ ១៩៩ដុល្លា រួមជាមួយនឹងនាឡិកាឆ្លាតវៃ ឧបករណ៍ថ្មីសម្រាប់ជីវិតបច្ចេកវិទ្យាបែបយុវវ័យនឹងមកដល់ឆាប់ៗនេះ!

    realme, ម៉ាកយីហោស្មាតហ្វូនដែលរីកលូតលាស់លឿនបំផុត ថ្ងៃនេះបានដាក់បង្ហាញស្មាតហ្វូនrealme 6i នៅលើទីផ្សារប្រទេសកម្ពុជាដែលជាសមាជិកថ្មីនៃគ្រួសារ realme 6ស៊េរី ដែលមានកាមេរ៉ាបួនគ្រាប់។ ក្នុងនាមជាអ្នកស្នងតំណែងrealme 5irealme 6i នាំមកនូវការធ្វើឱ្យប្រសើរយ៉ាងខ្លាំងនូវផ្នែកកាមេរ៉ាការ ដំណើរការ និងការរចនា។ ក្នុងពេលជាមួយគ្នានេះដែរrealmeបានចាប់ផ្តើមធ្វើអាជីវកម្ម AIoT ជាផ្លូវការនៅក្នុងប្រទេសកម្ពុជាដោយការដាក់ប្រកាសផលិតផលAloTដំបូងបង្អស់គឺនាឡិកាឆ្លាតវៃ។

    នៅក្នុងការដាក់បង្ហាញតាមអ៊ីនធឺណេតរបស់realme 6i យើងអាចឃើញថាrealme 6i ក៏ត្រូវបានគិតបញ្ចូលជាទូរស័ព្ទសម្រាប់លេងហ្គេមផងដែរ។ ជាមួយនឹងបន្ទះឈីប Helio G80 និងថាមពលថ្ម 5000mAh ដែលអាចសាកបានល្បឿនលឿន 18វ៉ាត់ វាជាទូរស័ព្ទលំដាប់ថវិកាសម្រាប់លេងហ្គេមតម្លៃក្រោម ២០០ដុល្លារ។

    realme 6i បំពាក់ជាមួយនឹងបន្ទះឈីប MediaTek Helio G80 ដែលផ្តល់ថាមពលគួរឱ្យភ្ញាក់ផ្អើល។ CPUប្រាំបីគ្រាប់មានប្រេកង់ចំបងរហូតដល់ ២.០Gz ផ្តល់ជូននូវមុខងារស្នូលមួយគ្រាប់ប្រសើរជាងជំនាន់មុន ៣៥% និងដំណើរការពហុស្នូលប្រសើរជាងជំនាន់មុន ១៧%។ លទ្ធផលនេះបានធ្វើឲ្យគុណភាពរូបភាពកាន់តែល្អប្រសើរ និងអត្រា frame មានស្ថេរភាពជាងមុនដែលធ្វើឲ្យrealme 6i លេចធ្លោខណៈនៅពេលលេងហ្គេម។

    ផ្នែកខាងកាមេរ៉ាវិញ វាធ្វើឱ្យកាន់តែប្រសើរឡើងដែល កាមេរ៉ាបួនគ្រាប់ 48MP- កាមេរ៉ាគោល48MP, មុំទូលាយ ១១៩ដឺក្រេ (៨ មេហ្គាភិចស៊ែល) លែនព្រាលផ្ទៃខាងក្រោយ (២មេហ្គាភិចស៊ែល) និងលែនម៉ាក្រូ ៤ស.ម (២មេហ្គាភិចស៊ែល) ។ នេះរឹតតែដេញទាន់តាមលក្ខណៈពិសេសរបស់ម៉ូដែលផ្សេងទៀតដែលមានតម្លៃលើសពី ៣០០ដុល្លារផងដែរ។

    ក្រៅពីនេះrealme 6i នៅតែប្រកាន់ខ្ជាប់នូវការរចនាបទបែបសាមញ្ញរក្សានូវការរចនាម៉ូដស្នាដៃពី Naoto Fukasawa។ វាបានទទួលយកដំណើរការបាញ់ថ្នាំជាមួយទឹកថ្នាំពណ៌ដ៏កម្រ ហើយទូរស័ព្ទត្រូវបានប៉ូលារាប់រយដង។ កាលពីពេលមុន ការរចនាប្រភេទនេះត្រូវបានអនុវត្តទៅលើម៉ូដែលកំពូលរបស់ពួកគេគឺ realme X។ realme 6i មកជាមួយនឹងពណ៌បែបយុវវ័យពីរប្រភេទគឺ ពណ៌តែបៃតង និងពណ៌សទឹកដោះគោ។

    អេក្រង់ realme 6i មានអេក្រង់ទំហំ ៦.៥អ៊ីញ កម្រិតបង្ហាញHD+ ជាមួយនឹងអេក្រង់ដំណក់ទឹកតូច ដែលតូចជាងអេក្រង់ដំណក់ទឹកធម្មតា៣០.៩% ធ្វើឱ្យសមាមាត្រអេក្រង់នឹងដងខ្លួនខ្ពស់រហូតដល់ ៨៩.៨%។ អេក្រង់ធំនេះនឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ដ៏រំជួលចិត្តនៅពេលមើលវីដេអូ ឬលេងហ្គេម។

    ក្រៅពីនេះ realme 6i ជាមួយrealme UI គាំទ្រឲ្យមានប្រព័ន្ធការធានាការពារព័ត៌មានផ្ទាល់ខ្លួន។ realme UI
    ក៏មានគោលបំណងដើម្បីការពារឯកជនភាពរបស់អ្នកប្រើប្រាស់បន្ថែមទៀត និងផ្លាស់ប្តូរវិធីដែលកម្មវិធីអាចទទួលបានព័ត៌មានផ្ទាល់ខ្លួន។ ដោយបើក“ការការពារព័ត៌មានផ្ទាល់ខ្លួន” នៅក្នុងrealme UI ប្រព័ន្ធនឹងផ្តល់ជូននូវទំព័រព័ត៌មានទទេនៅពេលកម្មវិធីកំពុងស្នើរសុំចូលមើលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។

    លើសពីនេះទៅទៀត realme បានចេញផ្សាយជាផ្លូវការនូវនាឡិកាឆ្លាតវៃនៅក្នុងទីផ្សារប្រទេសកម្ពុជា។ ដោយធ្វើការតាមដានចលនា និងចង្វាក់បេះដូង ការគណនាអាចវិភាគគុណភាពនៃការសម្រាន្ត និងបង្កើតរបាយការណ៍ដែលជួយអ្នកឱ្យដឹងកាន់តែច្បាស់អំពីលំនាំនៃការសម្រាន្តរបស់អ្នក។ នាឡិកាឆ្លាតវៃនេះគាំទ្រការសាកថ្មដោយផ្ទាល់តាមរន្ធសាកថ្មប្រភេទUSB ដោតវាដោយផ្ទាល់នៅក្នុងរន្ធUSBដោយមិនចាំបាច់ប្រើខ្សែសាកណាផ្សេងឡើយ។

    រួមគ្នាជាមួយនឹង APP realme link ជម្រើសលើនាឡិកាឆ្លាតវៃមានកាន់តែច្រើន។ អ្នកអាចមើលទិន្នន័យដែលរកឃើញនៅលើកម្មវិធីនេះ ដោយជ្រើសរើស៥របៀបផ្សេងៗគ្នាឲ្យបង្ហាញនៅលើអេក្រង់ដែលមានពណ៌ដ៏ស្រស់ស្អាត ដើម្បីដឹងកាន់តែច្បាស់អំពីលំនាំនៃការសម្រាន្តរបស់អ្នក។

    នាឡិកាឆ្លាតវៃ និងrealme 6iនេះ បានដាក់បង្ហាញរួមគ្នាក្នុងពេលតែមួយ realmeបង្ហាញពីឆន្ទៈខ្ពស់ក្នុងការផ្តល់នូវបច្ចេកវិទ្យាទាន់សម័យ និងគួរឱ្យចាប់អារម្មណ៍ដល់យុវវ័យ។ ហើយផលិតផលទាំងពីរនេះក៏ស្ថិតនៅតម្លៃសមរម្យសម្រាប់យុវវ័យផងដែរ – realme 6i ជាមួយ 4GB+128GB លក់ក្នុងតម្លៃ១៩៩ដុល្លារ ឥឡូវនេះនាឡិកាឆ្លាតវៃមានតែពណ៌ខ្មៅប៉ុណ្ណោះជាមួយតម្លៃ២៨ដុល្លារ៕

  • ក្រុមហ៊ុន Facebook ចេញផ្សាយរបាយការណ៍ស្តីអំពីការពង្រឹងស្តង់ដាសុវត្ថិភាព សហគមន៍

    ក្រុមហ៊ុន Facebook ចេញផ្សាយរបាយការណ៍ស្តីអំពីការពង្រឹងស្តង់ដាសុវត្ថិភាព សហគមន៍

    ក្រុមហ៊ុន Facebook បានចេញផ្សាយរបាយការណ៍ចុងក្រោយបំផុតរបស់ខ្លួន ស្តីពីការពង្រឹងស្តង់ដាសុវត្ថិភាពសហគមន៍ កាលពីថ្ងៃអង្គារ ដោយរៀបរាប់លម្អិតអំពីមធ្យោបាយដែលក្រុមហ៊ុនកំពុងប្រើប្រាស់ដើម្បីតាមដាន និងដោះស្រាយបញ្ហាមាតិកាដែលបានផ្សព្វផ្សាយមិនស្របតាមគោលការណ៍ស្តង់ដាសុវត្ថិភាពសហគមន៍របស់ក្រុមហ៊ុននៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និង Instagram។

    របាយការណ៍ស្តីពីការពង្រឹងសុវត្ថិភាពស្តង់ដាសហគមន៍លើកទី5 នេះ មានរៀបរាប់អំពីវិធានការ ដែលក្រុមហ៊ុន Facebook បានប្រើដើម្បីពង្រឹងការអនុវត្តគោលការណ៍របស់ខ្លួន ពីចន្លោះខែតុលា ឆ្នាំ2019 ដល់ខែមីនា ឆ្នាំ2020 (ចាប់ពីត្រីមាសទី4 ឆ្នាំ2019 ដល់ត្រីមាសទី1 ឆ្នាំ2020)   ប៉ុន្តែ របាយការណ៍នេះ មិនបានបញ្ចូលទិន្នន័យក្នុងអំឡុងពេលនៃការរីករាលដាលនៃមេរោគរកូវីដ-19 (COVID-19)ទេ។

    Facebook បានឱ្យដឹងថា ក្រុមហ៊ុនបានរកឃើញសារបង្ហោះដែលប្រើប្រាស់ភាសាបែបរើសអើង និងស្អប់ខ្ពើម ជិត 90ភាគរយ ហើយក្រុមហ៊ុនបានលុបវាចេញ មុនពេលដែលមានគេរាយការណ៍ទៅទៀត ហើយតួលេខនេះ បានកើនឡើង 24ភាគរយ បើធៀបនឹងតួលេខក្នុងរបាយការណ៍ដំបូងរបស់ក្រុមហ៊ុន ដែលបានចេញផ្សាយក្នុងឆ្នាំ2018។

    នៅលើបណ្តាញសង្គម Instagram ក្រុមហ៊ុន Facebook បានឱ្យដឹងថា ទោះបីមិនមានការរាយការណ៍ពីអ្នកប្រើប្រាស់ក៏ដោយ តែក៏ក្រុមហ៊ុនបានរកឃើញច្រើនជាងមុនចំនួន 89.7​ភាគរយ នូវ​ការបង្ហោះដែលពាក់ព័ន្ធនឹងការសម្លាប់ខ្លួន និងការបង្ករបួសស្នាមលើខ្លួនរបស់អ្នកបង្ហោះ ក្នុងត្រីមាសទី1 ពោលគឺល្អប្រសើរជាងមុនដល់ទៅ 12ពិន្ទុ បើគិតចាប់ពីរបាយការណ៍នាពេលមុនៗមក។ ជាលទ្ធផល ចំនួនមាតិកាដែលក្រុមហ៊ុន Facebook បានចេញវិធានការ បានកើនឡើង 40%។

    គោលការណ៍ត្រួតពិនិត្យមាតិកាផ្សព្វផ្សាយរបស់ក្រុមហ៊ុន Facebook រួមមាន ការរើសអើង និងស្អប់ខ្ពើម រូបភាពអាក្រាតរបស់មនុស្សពេញវ័យ និងសកម្មភាពផ្លូវភេទ មាតិកា និងរូបភាពហិង្សា ព្រមទាំងការសម្លុត និងការយាយីសម្រាប់ Instagram ក៏ដូចជាទិន្នន័យអំពីបណ្តឹងតវ៉ា និងការសម្រេចចិត្តដែលយើងបានបដិសេធ។

    ក្នុងរយៈពេល 3ខែដំបូងនៃឆ្នាំ2020 ក្រុមហ៊ុន Facebook បានលុបចោលការបង្ហោះមាតិកាផ្សព្វផ្សាយចំនួន 4.7លាន មាតិកា នៅតាមបណ្ដាញសង្គម Facebook ដែលទាក់ទងនឹងការប្រើប្រាសភាសារើសអើង និងស្អប់ខ្ពើម ពោលគឺកើនឡើងចំនួន 3លានមាតិកា បើប្រៀបធៀបទៅនឹងត្រីមាសមុន។

    លើសពីនេះទៀត ដោយមិនមានរបាយការណ៍ពីអ្នកប្រើប្រាស់ជាមុន ក៏ក្រុមហ៊ុនបានរកឃើញច្រើនជាងមុននូវការប្រើប្រាស់ភាសាបែបរើសអើង និងស្អប់ខ្ពើម ដែលមានលក្ខណៈគ្រោងទុកជាមុន ព្រមទាំងរកឃើញ និងបានដកចេញច្រើនជាងមុន នូវមាតិកាមិនសមរម្យ មុនពេលដែលមានគេរាយការណ៍មកក្រុមហ៊ុន Facebook ពោលគឺកើនឡើងពីចំនួន 89.6ភាគរយក្នុងត្រីមាសទី4 ក្នុងឆ្នាំ2019 មកនៅត្រឹមចំនួន 96.7ភាគរយ ក្នុងត្រីមាសទី1 ក្នុងឆ្នាំ2020។

    ក្រុមហ៊ុន Facebook ក៏បានធ្វើបច្ចុប្បន្នភាពលទ្ធផល នៃយុទ្ធនាការប្រឆាំងនឹងព័ត៌មានមិនពិតទាក់ទងនឹង វីរុសកូវីដ-19 (Covid-19) របស់ខ្លួន ដោយក្រុមហ៊ុនបានឱ្យដឹងថា នៅក្នុងខែមេសា ក្រុមហ៊ុនបានដាក់សញ្ញា ព្រមានដល់ការបង្ហោះមាតិកាផ្សព្វផ្សាយមិនពិត ទាក់ទងនឹងវីរុសកូវីដ-19 ចំនួនប្រហែល 50លានមាតិកា លើបណ្ដាញសង្គម Facebook ដោយផ្អែកលើអត្ថបទប្រហែល 7,500អត្ថបទ ដោយមានការត្រួតពិនិត្យពីដៃគូឯករាជ្យរបស់ខ្លួន។

    ក្រុមហ៊ុន Facebook និយាយថា 95ភាគរយនៃអ្នកដែលបានឃើញមាតិកាព័ត៌មាន ដែលមានស្លាកព្រមាននេះ​ មិនបានចុចចូលមើលមាតិកានោះទេ។

    ចាប់តាំងពីថ្ងៃទី1 ខែមីនាមក ក្រុមហ៊ុន Facebook បាននិយាយថា ខ្លួនបានលុបចោលមាតិកាទាំងឡាយដែលផ្សព្វផ្សាយលក់ ម៉ាស់ ទឹក​លាងដៃ​សម្លាប់​មេរោគ ក្រដាសជូតសម្លាប់មេរោគ និងឧបករណ៍ពិនិត្យរកវីរុសកូវីដ-19 ចំនួនជាង 2លាន 5សែនមាតិកា។

    ដើម្បីលុបមាតិកាទាំងនេះបាន ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាពិនិត្យមើលរបស់កុំព្យូទ័រ ដែលក្រុមហ៊ុនធ្លាប់បានប្រើកន្លងមកអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីស្វែងរក និងដកចេញមាតិកាដែលទាក់ទងនឹងការលក់អាវុធ និងគ្រឿងញៀន។

    ក្រុមហ៊ុន Facebook បានឱ្យដឹងទៀតថា ការដែលក្រុមហ៊ុនអាចត្រួតពិនិត្យ និងលុបចោលមាតិកាគ្រោះថ្នាក់ទាំងនេះបានល្អជាងមុននោះ គឺដោយសារតែបច្ចេកវិទ្យា AI របស់ក្រុមហ៊ុនបានអភិវឌ្ឍកាន់តែប្រសើរជាងមុនហ្នឹងឯង។ ការអភិវឌ្ឍនោះ រួមមានសមត្ថភាពកាន់តែខ្ពស់លើផ្នែកយល់ច្បាស់ នូវអត្ថន័យរបស់ភាសាផ្សេងៗគ្នា និងសមត្ថភាព យល់ដឹងពីខ្លឹមសារទាំងមូលនៃមាតិកា ជាជាងការដែលគ្រាន់តែយល់ន័យរបស់រូបភាព ឬអត្ថបទ៕

  • ទង្វើ 7 យ៉ាងដែលឪពុកម្តាយធ្វើបាបកូនដោយមិនដឹងខ្លួន

    ទង្វើ 7 យ៉ាងដែលឪពុកម្តាយធ្វើបាបកូនដោយមិនដឹងខ្លួន

    ការចិញ្ចឹមមើលថែទាំកូនត្រូវធ្វើឡើងបែបសន្សឹមៗ ព្រោះទង្វើមួយចំនួនរបស់លោកឪពុកអ្នកម្តាយអាចនឹងធ្វើបាបកូនៗដោយមិនដឹងខ្លួន ថ្ងៃនេះ ឡារ៉ែនមានចំ​ណេះដឹងក្នុងការចិញ្ចឹមមើលថែកូនដែលមិនធ្វើឱ្យកូនៗធ្លាក់ទឹកចិត្តមកជម្រាបជូនថា តើឪពុកម្តាយត្រូវកែខៃយ៉ាងណាដូចខាងក្រោមនេះ។

    ជួនកាលយើងអាចមិនដឹងខ្លួនផងថា អ្វីដែលនិយាយទៅ អ្វីដែលធ្វើ ឬបង្ហាញឡើងចំពោះកូននោះ ក្លាយជាទង្វើបំផ្លាញផ្លូវចិត្តកូនទៅវិញ នៅពេលកើតឡើងញឹកញាប់នោះក៏នឹងហុចផលប៉ះពាល់ដល់បុគ្គលភាពរបស់កូនបាន ៈ

    1 – មិនឱ្យធ្វើ

    និយាយងាយៗក៏គឺ អ្នកជាអ្នកគ្រប់គ្រងចាត់ការអ្វីៗគ្រប់យ៉ាង (ម៉ាក់ធ្វើម្នាក់ឯង) ដោយកូនមិនបានមានចំណែកចូលរួម ឬបានជួយធ្វើអ្វីឡើយ ដែលការធ្វើបែបនេះស្មើនឹងការកាត់ចរន្តការរៀនយល់ដឹងរបស់ក្មេងលើផ្នែកផ្សេងៗ ធ្វើឱ្យជំនាញក្នុងការជួយខ្លួនឯងថយចុះ និងធ្វើឱ្យកូនបាត់បង់ភាពជឿជាក់លើខ្លួនឯង ជាដើម។

    2 – គ្មានដែនកំណត់

    គឺតាមចិត្តកូនគ្រប់យ៉ាងដោយភ្លេចពីអ្វីត្រូវអ្វីខុស ឬអ្វីគួរអ្វីមិនគួរ ព្រោះតែគិតថាកូននៅតូច ដែលផលប៉ះពាល់នោះគឺ នៅពេលកូនចូលទៅក្នុងសង្គមធំ រស់នៅរួមជាមួយអ្នកដទៃទៀតនោះ ក៏នឹងក្លាយជាក្មេងដែលពិបាកសម្របសម្រួលខ្លួន យកតែចិត្តខ្លួនឯងជាធំ ខ្វះភាពអំណត់អត់ធន់ មានសម្ព័ន្ធភាពជាមួយបុគ្គលផ្សេងមិនរលូនល្អ និងមានបញ្ហាផ្សេងៗទៀតជាច្រើន។

    3 – មិនចេះបត់បែន

    ព្រោះអ្នកត្រូវការចង់ឱ្យអ្វីគ្រប់យ៉ាង ល្អ ត្រឹមត្រូវឥតខ្ចោះជានិច្ច រឹតតែកូនធ្វើមិនបានដូចចិត្តផងនោះ ក៏នឹងខឹង ទិតៀន គ្រាន់តែរឿងតូចមួយ ក៏ធ្វើឱ្យក្លាយជារឿងធំ។ ការធ្វើបែបនេះនឹងធ្វើឱ្យវិវឌ្ឍនាការដែលគួរនឹងទៅបានរបស់កូនធ្លាក់យ៉ាប់យ៉ឺន ដោយសារតែមានអារម្មណ៍អស់សង្ឃឹម មានអារម្មណ៍ថា ខ្លួនគ្មានតម្លៃ គ្មានអ្វីល្អ គ្មានសមត្ថភាព ធ្វើអ្វីក៏មិនដែលត្រូវចិត្តឪពុកម្តាយ។

    4 – មិនទទួលស្គាល់ការពិត

    ការដែលអ្នកច្រើនតែវិតក្កកង្វល់ហួសហេតុពេក ដូចជា មិនឱ្យកូនទៅណាជាមួយមិត្តភ័ក្តិ ព្រោះខ្លាចកូនមានគ្រោះថ្នាក់ ឬឧបត្តិហេតុ ខ្លាចកូនមានរឿង ខ្លាចកូនត្រូវគេបោកប្រាស់ មិនឱ្យចេញពីផ្ទះ ខ្លាចកូនមិនស្រួលខ្លួន នេះឯងគឺបញ្ហានាពេលអនាគតដែលនឹងធ្វើឱ្យកូនក្លាយជាក្មេងងាយនឹងវិតក្កកង្វល់ ភ័យខ្លាចរហូតគ្មានសេចក្តីសុខ និងបាត់ភាពជឿជាក់លើខ្លួនឯង។

    5 – មិនចេះការពារ

    គឺរឿងសុវត្ថិភាពហ្នឹងឯង ព្រោះជាច្រើនដងណាស់ដែលមានហេតុការណ៍ដែលមិននឹកស្មានដល់កើតឡើង។ មានស្ថិតិតួលេខកើនឡើងរបស់ឧបត្តិហេតុដែលបណ្តាលមកពីការដែលអាណាព្យាបាល ឬឪពុកម្តាយមិនបានប្រយ័ត្នប្រយែង ដូចជាភ្លេចបិទទ្វាផ្ទះ ជក់និយាយទូរស័ព្ទពេក ឬការប្រើប្រាស់សូសៀលណេតវើករហូតភ្លេចខ្លួន ជាដើម។ ចូរកុំភ្លេចថា សភាពបរិស្ថានជុំវិញខ្លួនក៏ជារឿងមួយសំខាន់ដែរ។

    6 – មិនចេះនិយាយសរសើរ

    មានតែពាក្យបន្ទោសទិតៀន ប្រមាថផ្សេងៗ ព្រោះមិនជឿថា កូននឹងមានសមត្ថភាពអាចធ្វើបាន មិនជឿថាកូននឹងធ្វើបានសម្រេច។ ទង្វើដែលរៀបរាប់មកនេះ ប្រៀបដូចជាអាវុធដែលបំផ្លាញផ្លូវចិត្ត បំផ្លាញគំនិតល្អៗរបស់កូន ធ្វើឱ្យកូនៗរបស់អ្នកខ្វះភាពជឿជាក់ និងមោទនភាពលើខ្លួនឯង។ សូមជម្រាបថា រឿងបែបនេះគ្រាន់តែគិត ក៏ខុសស្រេចទៅហើយ។

    7 – មិនយល់អំពីកូន

    ព្រោះអ្នកគិតថា ហេតុអីបានកូនមិនពូកែដូចក្មេងឯទៀត ដែលការពិតទៅ ក្មេងគ្រប់គ្នាមានភាពជាខ្លួនរបស់ខ្លួនឯង មានឧបនិស្ស័យ មានសមត្ថភាពផ្សេងៗពីគ្នា ទើបអ្នកមិនគួរប្រៀបធៀបកូនជាមួយក្មេងដទៃទៀតឡើយ ព្រោះជាការសាងអារម្មណ៍ថាខ្លួនឯងអន់ឱ្យកើតឡើងចំពោះកូនបាន ហើយផលអាក្រក់ដែលធ្ងន់ធ្ងរជាងទៀតនោះគឺ អាចធ្វើឱ្យកូនមានអារម្មណ៍ឈឺចាប់ សុខចិត្តចុះចាញ់បោះបង់ក្តីព្យាយាម ឬកើតគំនិតដែលផ្ទុយ ធ្វើបាបគូប្រជែងរបស់ខ្លួន។ អ្នកគួរនិយាយសរសើរនូវអ្វីដែលកូនមាន គាំទ្រនូវអ្វីដែលដែលកូនចាប់អារម្មណ៍ ឬចូលចិត្តវិញទើបជាការប្រសើ៕

  • វៀតណាម អាយុក្រោម 19ឆ្នាំ ដាក់គោលដៅឱ្យដល់់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC U19 Championship

    វៀតណាម អាយុក្រោម 19ឆ្នាំ ដាក់គោលដៅឱ្យដល់់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC U19 Championship

    សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានគូសបង្ហាញអំពីគោលដៅរបស់ខ្លួនថា ត្រូវឡើងឱ្យដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងពានរង្វាន់ AFC U19 Championship ឆ្នាំ2020 ឱ្យបាន ដើម្បីដណ្តើមកៅអីទៅលេង FIFA World Cup U-20 នាឆ្នាំក្រោយ។

    ក្រុមវៀតណាម ទទួលបានសិទ្ធិចូលរួមវគ្គចែកពូល AFC U19 Championship ក្នុងនាមជាក្រុមលេខ2 ល្អបំផុត ដូចកម្ពុជាដែរ ដូច្នេះក្រុមមួយនេះត្រូវធ្វើយ៉ាងណាលេងឱ្យដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទើបមានសិទ្ធិចូលលេង FIFA World Cup U-20 បានដូចបំណង។

    គួរបញ្ជាក់ដែរថា ពានរង្វាន់ FIFA World Cup U-20 ឆ្នាំ2021 ដែលគ្រោងធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី នឹងចាប់ផ្តើមពីខែឧសភា ឆ្នាំ2021 រហូតដល់ខែកក្កដា ឆ្នាំ2021៕

  • ទោះឈ្នះកម្ពុជា 14គ្រាប់ តែអ៊ីរ៉ង់នៅតែគោរពគូប្រកួត

    ទោះឈ្នះកម្ពុជា 14គ្រាប់ តែអ៊ីរ៉ង់នៅតែគោរពគូប្រកួត

    កាលពីចុងឆ្នាំ2019 ក្រុមជម្រើសជាតិគោព្រៃកម្ពុជា បានទាត់ចាញ់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ដោយលទ្ធផល 14ទល់នឹង0 ក្នុងវគ្គជម្រុះ FIFA World Cup 2022 នៅក្នុងទឹកដីអ៊ីរ៉ង់។

    លោក Dragan Skocic គ្រូបង្វឹកជម្រើសជាតិអ៊ីរ៉ង់ថ្មី ដែលទើបតែទទួលតំណែងថ្មី បានលើកឡើងថា លោកគោរពគូប្រកួត ហើយលោកមិនអាចចាត់ទុកលទ្ធផលកាលពីប្រកួតមុន ធ្វើជាការវាស់ស្ទង់សមត្ថភាពក្រុមជម្រើសជាតិគោព្រៃកម្ពុជាបានឡើយ។

    គួរបញ្ជាក់ដែរថា កម្ពុជាបានឆ្លងកាត់ 4ប្រកួតមកនេះ គឺស្មើ 1ប្រកួត និងចាញ់ 3ប្រកួត ក្នុងការប្រកួតវគ្គជម្រុះតាមពូល FIFA World Cup 2022 ខណៈដែលឈរនៅបាតតារាងដោយមានត្រឹមតែ 1ពិន្ទុតែប៉ុណ្ណោះ៕

  • ឆ្នាំ2020 នេះ FIFA អនុញ្ញាតឱ្យផ្លាស់ប្តូរកីឡាករបានដល់ទៅ 5រូប

    ឆ្នាំ2020 នេះ FIFA អនុញ្ញាតឱ្យផ្លាស់ប្តូរកីឡាករបានដល់ទៅ 5រូប

    ក្រោយហាក់មានសភាពធូរស្បើយពីកូវីដ-19 ការប្រកួតបាល់ទាត់នៅបណ្តាប្រទេសនានា បានចាប់ដំណើរការជាបណ្តើរៗឡើងវិញហើយ ខណៈដែលFIFA បានអនុម័តច្បាប់បន្ធូរបន្ថយដោយអនុញ្ញាតឱ្យកីឡាករបម្រុងអាចប្តូរចូលបាន 5នាក់។

    មូលហេតុដែល FIFA អនុម័តច្បាប់ថ្មីនេះ គឺដោយសារតែដើម្បីជួយសម្រួលដល់ក្លិបបាល់ទាត់នានានៅលើពិភពលោក ដែលសុទ្ធតែសម្រាកក្នុងអំឡុងពេលផ្ទុះការរាតត្បាតនៃមេរោគកូវីដ-19 ដែលធ្វើឱ្យកម្លាំងកីឡាករមានការថមថយយ៉ាងខ្លាំង ក្នុងការប្រកួតពេញ 90នាទី។

    គួរបញ្ជាក់ដែរថា ច្បាប់ទូទៅនៃបាល់ទាត់ដែលប្រើប្រាស់ក្នុងការប្រកួតជាផ្លូវការនានានៅលើពិភពលោក គឺអនុញ្ញាតឱ្យកីឡាករបម្រុងបានតែ 3នាក់តែប៉ុណ្ណោះ ដែលអាចធ្វើការផ្លាស់ប្តូរចូលលេងជំនួសកីឡាករដែលកំពុងលេងនៅលើទីលាន៕

  • អ៊ីរ៉ង់ ត្រៀមជើងប្រកួតបាល់ទាត់វិញ ជាមួយនឹងលក្ខខណ្ឌពិនិត្យសុខភាពរាល់សប្តាហ៍

    អ៊ីរ៉ង់ ត្រៀមជើងប្រកួតបាល់ទាត់វិញ ជាមួយនឹងលក្ខខណ្ឌពិនិត្យសុខភាពរាល់សប្តាហ៍

    ក្រោយពីទទួលបានដំណឹងល្អពីរដ្ឋាភិបាលភ្លាម សហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ បានប្រកាសត្រៀមខ្លួនបើកការប្រកួតលីកកំពូលរបស់ខ្លួន និងពានរង្វាន់នានាក្នុងស្រុកឡើងវិញនាពេលខាងមុខឆាប់ៗនេះភ្លាមៗដែរ។

    ចំពោះការបើកដំណើរការបាល់ទាត់ឡើងវិញនេះ ត្រូវបានគេដឹងថា មានលក្ខខណ្ឌពិនិត្យសុខភាពរៀងរាល់សប្តាហ៍តែម្តងមុនពេលប្រកួតនីមួយៗដោយមជ្ឈមណ្ឌលវាយតម្លៃ និងស្រាវជ្រាវវេជ្ជសាស្ត្ររបស់សហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់។

    ជាមួយគ្នានោះដែរ កាលបរិច្ឆេទនៅមិនទាន់ចេញជាផ្លូវការនៅឡើយទេ ដោយគណៈកម្មការរៀបចំការប្រកួតកំពុងតែរៀបចំធ្វើ ដោយផែនការដំបូង អាចនឹងកើតមានឡើងប្រហែលជាក្នុងអំឡុងសប្តាហ៍ទី2 នៃខែមិថុនាខាងមុខនេះ៕

  • សមាគមមីក្រូហិរញ្ញវត្ថុថាអតិថិជនជិត 14ម៉ឺននាក់បានសុំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្រួលលើបញ្ហាកម្ចី

    សមាគមមីក្រូហិរញ្ញវត្ថុថាអតិថិជនជិត 14ម៉ឺននាក់បានសុំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្រួលលើបញ្ហាកម្ចី

    សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទើបនឹងចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដែលបានបញ្ជាក់ថា អតិថិជន​ប្រមាណជិត 14 ម៉ឺននាក់​បានស្នើរសុំឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​រៀបចំឥណទានឡើងវិញ។

    ស្ថាប័នដដែលបានបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី 10 ខែ​ឧសភា ឆ្នាំ2020 អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន 137,158នាក់ បានធ្វើការស្នើរសុំរៀបចំឥណទានឡើងវិញ។ ក្នុងនោះ​អតិថិជនចំនួន 118,182នាក់ ឬជិត 90% បានទទួលការរៀបចំឥណទានឡើងវិញដែលមានទំហំទឹកប្រាក់សរុប 488លានដុល្លារ។

    ជាលក្ខខណ្ឌ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​អាចរៀបចំឥណទាន​ឡើងវិញជូនអតិថិជនបាន លុះត្រាតែ​មានការស្នើសុំពីអតិថិជន ដោយយោងតាមកិច្ចសន្យា​រវាងគ្រឹះស្ថាន និងអតិថិជន គោលការណ៍ការពារសិទ្ធអតិថិជន ក៏ដូចជាលក្ខខណ្ឌផ្លូវច្បាប់មួយចំនួនទៀត។

    គួរបញ្ជាក់ថា គិតត្រឹមដំណាច់ត្រីមាសទី1 ឆ្នាំ 2020 គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ជាសមាជិក​របស់សមាគមមីក្រូហិរញ្ញវត្ថុបានបន្តប្រកាន់ខ្ជាប់នូវ​ទស្សនៈវិស័យ​របស់ខ្លួនតាមរយៈការជួយប្រជាជនប្រមាណជាង 2.2លាននាក់ និងមានឥណទានសរុបជាង 30ទ្រីលានរៀល ឬស្មើនឹង 7.4ប៊ីលានដុល្លា ខណៈអតិថិជន​បញ្ញើរមានសរុប​ចំនួនជាង 2.8លាននាក់ ដោយគិតជាទឹកប្រាក់សរុបប្រមាណ 14ទ្រីលានរៀល ឬស្មើនឹង 3.6ប៊ីលានដុល្លា៕

  • រឿង 10 យ៉ាងដែលនារីៗនឹកសង្ឃឹមចង់ឃើញនៅក្នុងខ្លួនអនាគតស្វាមី

    រឿង 10 យ៉ាងដែលនារីៗនឹកសង្ឃឹមចង់ឃើញនៅក្នុងខ្លួនអនាគតស្វាមី

    នារីៗគ្រប់រូបសុទ្ធតែមានក្តីស្រមៃក្នុងការមានក្រុមគ្រួសារដែលល្អ មានកូន និងដែលសំខាន់បំផុតនោះគឺ “ស្វាមីដែលល្អ ឬឪពុករបស់កូនដែលល្អ”។ ការបានជួបគូស្នេហ៍ដែលល្អ អាចមិនមែនជារឿងពិបាកនោះទេ តែការបានជួបនឹងស្វាមីដែលល្អនោះ មិនមែនជារឿងងាយឡើយ ឡារ៉ែនជឿថា នារីៗយើងច្បាស់ជាមានសេចក្តីសង្ឃឹមទាំងអស់ដូចខាងក្រោមនេះនៅក្នុងខ្លួនអនាគតស្វាមី ឬមេគ្រួសារមិនខាន តើមានអ្វីខ្លះនោះ សូមអានជាបន្តទៀតប្រសើរជាងថា តើអនាគតស្វាមីដ៏ល្អ ដែលនារីៗយើងនឹកសង្ឃឹមនោះត្រូវតែជាបែបណា?។

    1 – គេត្រូវមានចំណែករួមជាមួយកូន

    យើងសង្ឃឹមថា បុរសម្នាក់នោះនឹងលេងជាមួយកូន យកចិត្តទុកដាក់លើកិច្ចការងារផ្សេងៗរបស់កូន ដូចជា លេងបាល់ លេងឧបករណ៍តន្រ្តីផ្សេងៗ ឬអ្វីក៏ដោយ គេត្រូវតែមិនព្រងើយកន្តើយ​ឬបណ្តោយកូន និងផ្តល់នូវភាពសំខាន់ចំពោះអ្វីដែលកូនចូលចិត្ត។

    2 – គេត្រូវតែធ្វើជាគំរូដ៏ល្អសម្រាប់គ្រួសារ និងកូនៗ

    កូនរបស់យើងនឹងមានគំរូដែលល្អ ហើយសម្រាប់មេគ្រួសារវិញនោះ ការធ្វើជាគំរូដ៏ល្អពិតជាសំខាន់ចំពោះកូនខ្លាំងណាស់។

    3 – គេត្រូវតែមិនធ្វើអ្វីលាក់កំបាំង

    យើងមិនចង់ឱ្យកើតហេតុការដែលពេលកូនមកសុំការអនុញ្ញាតយើងហើយ យើងឆ្លើយថា ទេ តែកូនបែរជានិយាយថា “ទៅសុំប៉ាល្អជាង ប៉ាអាចនឹងឱ្យ” យើងសង្ឃឹមថា យើងពីរនាក់ត្រូវតែប្រកាន់ខ្ជាប់ និងនឹងនរគ្រប់គ្រាន់។

    4 – គេត្រូវតែបំពេញតួនាទីរបស់គេបានល្អ

    យើងមិននឹកសង្ឃឹមថា​អ្វីៗគ្រប់យ៉ាងត្រូវតែជាតួនាទីរបស់យើង ដូចជា ប្តូរក្រណាត់កន្ទបកូន ងូតទឹកឱ្យកូន ឬភ្ញាក់ឡើងពេលយប់ជ្រៅដើម្បីលួងលោមកូនឱ្យបាត់យំនៅពេលយប់តែម្នាក់ឯង យើងនឹកសង្ឃឹមថា គេត្រូវតែជួយយើងបាន បើមិនច្រើនក៏តិចដែរ។

    5 – យើងសង្ឃឹមថា គេនឹងមិនទំរើសកូន

    ក្នុងខណៈដែលយើងក្លាយជានាងយក្ខិណីក្នុងកែវភ្នែកកូន ហើយគេប្រែក្លាយជាលោកឪពុកចិត្តល្អដែលឱ្យអ្វីគ្រប់យ៉ាងដល់កូននោះ យើងនឹកសង្ឃឹមថា គេគួរតែជាឪពុកដែលកាចនៅពេលដែលត្រូវកាច និងស្លូតនៅពេលដែលគួរស្លូត។

    6 – យើងសង្ឃឹមឱ្យគេបើកចិត្តទូលាយ

    បញ្ហាក្នុងក្រុមគ្រួសារ យើងសង្ឃឹមថា យើងពីរនាក់ត្រូវតែជួយគ្នា ហើយគេត្រូវតែហ៊ានសម្តែងគំនិតយោបល់ ហ៊ានសម្រេចចិត្ត និងអាចកែបញ្ហាចំពោះមុខបាន។

    7 – យើងសង្ឃឹមឱ្យគេស៊ូទ្រាំ

    កូន គឺ កែវភ្នែក និងបេះដូងរបស់យើងទាំងពីរនាក់ ហើយយើងក៏សង្ឃឹមថា គេនឹងស៊ូទ្រាំជាមួយអាការងង៉ក់ ឌឺរឹង រពឹស និងអ្វីផ្សេងៗទៀតរបស់កូន និងរឿងដែលយើងត្រូវចាំទប់ទល់ជានិច្ចនោះបានមិនខាន។

    8 – យើងសង្ឃឹមថា គេនឹងមិនឈ្លោះជាមួយយើងនៅមុខកូន

    អ្វីដែលយើងនឹកសង្ឃឹមនោះគឺ យើងនឹងមិនមួម៉ៅដាក់កូនជាដាច់ខាត រឹតតែការឈ្លោះនៅនឹងមុខកូនផងនោះ រឹតតែជារឿងមួយដែលត្រូវហាមឃាត់ជាដាច់ខាត ព្រោះគ្មានហេតុផលណាមួយដែលក្មេងម្នាក់ត្រូវមកចាំទទួលរងអារម្មណ៍ក្រេវក្រោធ ធុញថប់ មួម៉ៅរបស់ឪពុកម្តាយនោះទេ។

    9 – យើងសង្ឃឹមថា គេនឹងមិនធ្វើឱ្យកូនត្រូវជ្រើសរើសថា តើត្រូវទៅនៅជាមួយប៉ា ឬម៉ាក់ នោះទេ

    សម្រាប់ឪពុកម្តាយ យើងគឺមនុស្សតែមួយ ការចែកបក្ស ចែកពួកនៅក្នុងផ្ទះ ឬការបែកបាក់ លែងលះគ្នា នឹងធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។

    10 – យើងសង្ឃឹមថា គេនឹងផ្តល់កម្លាំងចិត្តដល់កូន

    យើងនឹកសង្ឃឹមថា គេនឹងផ្តល់កម្លាំងចិត្តដល់កូនដោយឈរលើមូលដ្ឋានរបស់ពាក្យថា “ពេញចិត្តបំផុត” មិនមែន “ឥតខ្ចោះបំផុត” នោះទេ៕