Author: ធឿន មករា

  • វិវឌ្ឍនាការខួរក្បាលរបស់កូនក្នុងពេលគេងលក់(វ័យទើបកើតដំបូង – 6ខែ)

    វិវឌ្ឍនាការខួរក្បាលរបស់កូនក្នុងពេលគេងលក់(វ័យទើបកើតដំបូង – 6ខែ)

    ការគេងលក់គឺការសម្រាកដែលល្អបំផុត ព្រោះក្នុងអំឡុងពេលដែលកូនគេងលក់នោះ ខួរក្បាលនឹងមានការអភិវឌ្ឍលើផ្នែកផ្សេងៗយ៉ាងពេញទំហឹង ដូច្នេះការបានគេងលក់ឆ្អែតពេញលេញរបស់កូនតូចពិតជាមានភាពសំខាន់ខ្លាំងណាស់ តែការគេងលក់របស់ទារកក្នុងវ័យនេះនឹងមានវិវឌ្ឍនាការខួរក្បាលខុសផ្លែកពីគ្នា ដូច្នេះអ្នកម្តាយត្រូវឧស្សាហ៍សង្កេតមើល និងយល់ដឹងឱ្យបានច្បាស់។

    ទារកទើបនឹងកើត ៈ

    ជាអំឡុងពេលដែលមើលទៅដូចជាងាយស្រួលចិញ្ចឹមមើលថែណាស់ ព្រោះពេលភ្ញាក់ឡើងមកក៏យំទារបៅទឹកដោះ យំរករឿងពេលបន្ទោបង់ រួចហើយមានលេងបន្តិចបន្តួច ចុងក្រោយក៏គេងលក់ទៅវិញ។ ក្នុងអំឡុងពេលនេះអាចសង្កេតបានថា គេគេងលក់ខ្លាំងបំផុត ទើបអ្នកម្តាយគួររៀបចំឱ្យនៅក្នុងបន្ទប់ស្ងាត់ៗ ដើម្បីកុំឱ្យរំខានការគេងលក់របស់កូនតូច។ មានការងារស្រាវជ្រាវវិភាគពីបរទេសមួយបានរកឃើញថា រលកខួរក្បាលរបស់ទារកក្នុងអំឡុងពេលភ្ញាក់ពីគេង និងពេលគេងលក់មានលក្ខណៈស្រដៀងគ្នាខ្លាំងណាស់ ខួរក្បាលរបស់ទារកនឹងស្វាហាប់ និងត្រៀមជាស្រេចក្នុងការរៀនយល់ដឹងគ្រប់ពេលវេលាទោះជាក្នុងពេលគេងលក់ក៏ដោយ។

    ចង់បើកបទភ្លេងបំពេរ ឬបទភ្លេងក្លាសស៊ិកកំដរតិចៗ ឬជជែកគ្នាក្នុងបន្ទប់ក៏អាចធ្វើបានដែរ ព្រោះទារកដែលកំពុងគេងលក់នោះអាចរៀនយល់ដឹងរឿងផ្សេងៗជុំវិញខ្លួនបាន។

    ទារកវ័យ 2 – 5 ខែ

    ក្នុងអំឡុងពេលនេះចង់ឱ្យអ្នកម្តាយសាកល្បងសង្កេតមើលការគេងរបស់កូនតូច គេច្រើនតែធ្វើអាកប្បកិរិយាកម្រើកបបូរមាត់សុំមឹមទឹកដោះ ជ្រួញចិញ្ចើម ឬញញឹម រឿងទាំងអស់នេះគឺជាវិវឌ្ឍនាការខាងសាច់ដុំផ្ទៃមុខ សូម្បីតែពេលគេងលក់ពេលថ្ងៃ ក៏ទារកត្រៀមជាស្រេចក្នុងការរៀនយល់ដឹងពីអ្វីៗជុំវិញខ្លួនជានិច្ចដែរ។ ក្នុងអំឡុងពេលកន្លះម៉ោង ទារកក្នុងវ័យនេះអាចកម្រើករាងកាយបានសរុបជារយះពេលជាមធ្យម 10,5 នាទី នៅពេលយប់ទារកនឹងធ្វើចលនាបានដល់ទៅ 24,4 នាទី។

    ទារកវ័យ 6 ខែ

    តាមរយៈការវាស់រលកខួរក្បាលរបស់ទារកក្នុងវ័យនេះ គេបានរកឃើញថា រលកខួរក្បាលរបស់ទារកដែលកំពុងយកសប្តិ មានខ្សែដូចរលកខួរក្បាលរបស់មនុស្សធំខណៈពេលយល់សប្តិដែរ តែយើងមិនដឹងទេថា ការយល់សប្តិរបស់ទារកក្នុងវ័យនេះជាយ៉ាងណានោះទេ ព្រោះខួរក្បាលនៅត្រូវវិវឌ្ឍតទៅទៀតជារឿយៗ និងទារកខ្លួនឯងនៅមិនទាន់ចេះនិយាយផង ទំរាំតែក្មេងនឹងចាំការយល់សប្តិ និងរៀបរាប់ជារឿងជារ៉ាវបាននោះ អយុរបស់គេក៏ជិត 10 ឆ្នាំឯណោះ។

    ដោយសារតែខួរក្បាលរបស់ក្មេងមានការវិវឌ្ឍន៍ជាប់ជានិច្ច ទាំងពេលគេងលក់ និងពេលភ្ញាក់ ដូច្នេះការជំរុញឱ្យខួរក្បាលវិវឌ្ឍយ៉ាងពេញទំហឹងនោះ ធ្វើឱ្យក្មេងមានភាពត្រៀមជាស្រេចក្នុងការរៀនយល់ដឹងបានច្រើនដើម្បីការធំធាត់ឡើងយ៉ាងពេញសក្តានុពល៕

  • ចៀសវាងមេរោគឆ្លងតាមការកាន់ iPhone ក្រុមហ៊ុន Apple ប្រាប់ឱ្យជូតជាមួយក្រដាសសើម ដាក់អាល់កុល

    ចៀសវាងមេរោគឆ្លងតាមការកាន់ iPhone ក្រុមហ៊ុន Apple ប្រាប់ឱ្យជូតជាមួយក្រដាសសើម ដាក់អាល់កុល

    ក្រោយ​ពីមេរោគ​កូវីដ-19 បាន​រាតត្បាត​ពាស​ពេញ​ពិភពលោក ការ​សម្អាត​ឧបករណ៍ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ឱ្យ​បាន​ញឹកញាប់ បានក្លាយ​ជា​ផ្នែក​មួយ​ជួយ​កាត់​បន្ថយ​ឱកាស​នៃ​ការ​ឆ្លង​វីរុស​នេះ​បាន​ផង​ដែរ។

    ជាមួយ​គ្នា​នេះ វេបសាយ​ផ្លូវការ​របស់​ Apple ​ក៏​បាន​អាប់ឌែត​​ទាក់ទង​នឹង​ការ​សម្អាត​ឧបករណ៍​របស់​ខ្លួន​ផង​ដែរ ដើម្បីចៀស​វាង និងការពារ​កុំឱ្យមេរោគ​ឆ្លង​តាម​ការ​កាន់ iPhone។

    Apple បាន​ធ្វើ​ការ​អាប់ឌែត​វេបសាយ​របស់​ខ្លួន ដើម្បី​ឱ្យ​អ្នក​ប្រើ​ប្រាស់​ iPhone iPad និង​ Mac ទាំងអស់បាន​ដឹង​ថា​ ពួក​គេ​អាច​សម្អាត​​ឧបករណ៍​របស់​ខ្លួន​ជា​មួយ​​ក្រដាស​សើមដែល​មាន​ជាតិ​អាល់កុល​បាន ដោយ​មិន​បាច់​ព្រួយ​បារម្ភ​ថា វានឹង​ខូច​នោះ​ទេ។

    Apple បាន​ណែនាំ ដោយការ​ប្រើ​ប្រាស់​​ក្រដាស​សើម​មាន​ជាតិ​អាល់កុល ឬ​ផលិតផល​ម៉ាក​ ​Clorox Disinfecting Wipes ដោយអ្នក​អាច​​ជូត​សម្អាត​ថ្នមៗ​លើ​ផ្នែក​រឹង​នៃ​ផលិតផល​ Apple ដូច​ជា​អេក្រង់ ក្ដារ​ចុច​ និង​ផ្ទៃ​ខាង​ក្រៅ​ដទៃ​ទៀតបាន។

    កុំ​ប្រើ​ទឹក​សាប៊ូ​​ដែល​វា​មាន​ជាតិ​​គីមី​ខ្លាំង កុំ​ឱ្យ​មាន​សំណើម​ជ្រៀត​ចូលទៅក្នុង​រន្ធ​នានា និង​កុំ​ជ្រលក់​ផលិតផល Apple ចូល​ក្នុង​ទឹក​លាង​សម្អាត​នានា។ កុំ​ជូត​សម្អាត​លើ​ផ្ទៃ​ក្រណាត់ ឬ​ស្បែក។​​

    កន្លង​មក​ Apple បាន​ណែនាំ​មិន​ឱ្យ​ប្រើ​ប្រាស់​​សារធាតុ​ផ្សេង​ក្រៅ​ពី​ទឹក​ ដើម្បី​សម្អាត​ផលិតផល​ Apple ឡើយ ព្រោះ​វាមាន​សារធាតុ​ខ្លះ​អាច​ប៉ះពាល់​ដល់​​ស្រទាប់​ Oleophobic ដែល​ក្រុមហ៊ុន​បាន​បំពាក់​លើ​អេក្រង់​នៃ​ឧបករណ៍​របស់ខ្លួន៕

  • ការរស់នៅក្នុងសភាពធម្មតាបែបគន្លងថ្មី ជាវិធីថ្មីដែលអាចធ្វើឱ្យពិភពលោកងាកមកប្រក្រតី

    ការរស់នៅក្នុងសភាពធម្មតាបែបគន្លងថ្មី ជាវិធីថ្មីដែលអាចធ្វើឱ្យពិភពលោកងាកមកប្រក្រតី

    ការរស់នៅក្នុងសភាពធម្មតាបែបគន្លងថ្មី (New Normal life) អាចជាវិធីសាស្រ្តថ្មីក្នុងការកែប្រែពិពភលោកមកសភាពធម្មតាបើទោះបីជាមានវត្តមានជំងឺ Covid-19 នៅអូសបន្លាយយូរយ៉ាងណាក៏ដោយ។ បន្តិចទៀត ពិភពលោកអាចនឹងស្ថិតក្នុងស្ថានភាពប្រក្រតីឡើងវិញ មនុស្សម្នានៅតែអាច​ទាក់ទងគ្នាបាន រកស៊ីបាន និងធ្វើការងារបានជាធម្មតា គ្រាន់តែត្រូវអនុវត្តទម្លាប់នៃការរស់នៅថ្មី។

    យើងសុទ្ធតែឃើញហើយថា ពិភពលោកមិនមែនទើបតែប្រែប្រួលលើកទី1 នោះទេ តែអ្វីដែលជាចំណុចសំខាន់គឺត្រង់ថាទោះស្ថិតក្នុងសភាពបែបណាក៏ដោយ មនុស្សនៅតែរកច្រកចេញឃើញដើម្បីបន្តរស់នៅក្នុងសភាពថ្មីម្យ៉ាងទៀត និងបន្តអភិវឌ្ឍជាប់ជានិច្ច។ សម្រាប់ករណី Covid-19 ក៏ដូចគ្នា ថ្វីត្បិតតែវាកាចសាហាវ និងឆ្លងលឿន តែមនុស្សនៅតែអាចរស់នៅក្នុងពិភពលោកដែលមានវត្តមាន​ស្រមោលខ្មៅមួយនេះ។

    មនុស្សប្រហែលជាត្រូវរស់នៅក្នុងសភាព “The Dance” (រាំ) ដែលអ្នកវិភាគធ្លាប់បានលើកឡើងដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង។ មានន័យថា ការរាំគឺត្រូវធ្វើតាមរបៀប តាមចង្វាក់ និងធ្វើដដែលៗទៅតាមវិន័យ និងរបៀបរាំដើម្បីកុំឱ្យប៉ះអ្នកដទៃ។ ហេតុនេះមនុស្សនៅតែអាចរស់នៅបាន និងធ្វើអ្វីគ្រប់យ៉ាងអាចប្រព្រឹត្តទៅដូចពីមុន គ្រាន់តែត្រូវបង្កើតទម្លាប់ថ្មីដោយការសម្អាតឱ្យបានច្រើនជាងមុន រក្សាគម្លាតសង្គមតែទាក់ទងគ្នាតាមវិធីថ្មី រកស៊ីជាមួយគ្នាតាមទម្លាប់ថ្មី និងធ្វើការតាមទម្លាប់ថ្មីជាដើម។ បន្តិចម្តងៗ ទម្លាប់ដដែលៗទាំងអស់នេះនឹងធ្វើឱ្យមនុស្សមានអារម្មណ៍ថាសាមញ្ញក្នុងការរស់នៅបែបទម្លាប់ថ្មី។

    ជាទូទៅមនុស្សអាចរាំដោយរីករាយ និងគ្មានការនឿយហត់ទៅបានលុះត្រាតែ​ យើងមានវិន័យ អនុវត្តដូចគ្នា និងធ្វើទៅឱ្យស្រុះគ្នា បើមិនដូច្នោះទេ វានឹងធ្វើឱ្យឆាករាំទាំងមូលពោរពេញដោយភាពរញ៉េរញ៉ៃ របួស និងការឈឺចាប់។ ចំណុចនេះជាក្តីបារម្ភធំមួយសម្រាប់ស្ថានភាពជាក់ស្តែងនៅកម្ពុជា ដែលវង់រាំរបស់យើងហាក់មិនមានភាពស្រុះគ្នា។ មានអ្នកខ្លះអនវត្តទម្លាប់ថ្មីបានល្អ ខណៈអ្នកខ្លះទៀតឆាប់ភ្លេចខ្លួន ជុំគ្នាផឹកស៊ី គ្មានគម្លាតសង្គម ហើយក៏គ្មានគម្លាតបុគ្គលដែរ។ ចំណុចនេះអាចនឹងធ្វើឱ្យយើងលំបាកក្នុងការ​រស់នៅក្នុងជីវិតបែប The next normal ឬ New Normal life ហើយប្រឈមខ្ពស់ជាមួយនឹងរលកទី2នៃ Covid-19។ ហេតុនេះប្រសិនបើយើងចង់ឱ្យវង់រាំក្នុងប្រទេសយើងអាចអនុវត្តបានស្រុះគ្នា ហើយអ្វីៗឆាប់ប្រសើរឡើង សូមចួលរួមគ្នា​ផ្សព្វផ្សាយ និងអនុវត្តឱ្យត្រូវតាមវិន័យនៃការរាំ ដែលក្រសួ​សុខាភិបាលបានប្រកាសជារឿយៗ។ កុំភ្លេចខ្លួនឱ្យសោះបើចង់ឆាប់បានរស់ក្នុងជីវិតដែលស្រួលជាងនេះ!

  • មកដល់ថ្ងៃនេះកម្ពុជាអស់អ្នកជំងឺ Covid-19 ហើយ

    មកដល់ថ្ងៃនេះកម្ពុជាអស់អ្នកជំងឺ Covid-19 ហើយ

    ក្រសួងសុខាភិបាលនៅមុននេះបន្តិចបានចេញសេចក្តីប្រកាសថា អ្នកជំងឺ Covid-19 ទី 122 បានជាសះស្បើយហើយ និងមិនមាន​ករណីវិជ្ជមានថ្មីនោះទេ។

    ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកដែលបានជាសះស្បើយសរុបគឺ 122នាក់ ស្មើនឹង 100% ដោយក្នុងនោះក្រសួងនឹងផ្អាកមិនធ្វើសនិ្នសីទសារព័ត៌មាន រួមទាំងផ្អាកការចេញផ្សាយសេចក្តីជូនព័ត៌មាន​ចាប់ពីថ្ងៃអាទិត្យទី 17 ខែឧសភា ស្អែកនេះតទៅ។ តែទោះជាយ៉ាងនេះក្តីក្រសួងបញ្ជាក់ថា ការផ្អាកធ្វើសន្និសីទសារព័ត៌មាននេះមិនមែនមានន័យថាការចម្លងវីរុស​ Covid-19 នៅកម្ពុជា​ត្រូវបានបញ្ចប់ជាស្ថាពរនោះទេ។ ថ្វីត្បិតតែ​ករណីអ្នកជំងឺ Covid-19 ទី122 បានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីក៏ពិតមែន តែ​ហានិភ័យ​នៃការចម្លង​វីរុស​ Covid-19 នៅតែមានចំពោះមុខយើងទាំងអស់គ្នានៅឡើយទេ ល្គឹកណាសកលលោក និង​ប្រទេសក្នុងតំបន់ នៅតែមានកំណើននៃករណីឆ្លងថ្មី​ ប្រទេសកម្ពុជា​នៅតែប្រឈមទៅនឹង​ហានិភ័យ​នៃការចម្លង​ជំងឺ Covid-19។

    ជាសារអំពាវនាវ ក្រសួងសុខាភិបាល​នៅតែក្រើនរំលឹក និងបន្តអំពាវនាវឱ្យ​ប្រជាជនទាំងអស់ចូលរួម​អនុវត្ត​វិធានការការពារខ្លួន។ សម្រាប់សត្ថកិច្ច​គឺនៅតែត្រូវ​មានកិច្ចការអនុវត្តជាបន្តបន្ទាប់ ជាពិសេស​ការត្រួតពិនិត្យ​ដោយហ្មត់ចត់​នូវសុខភាពអ្នកដំណើរដែល​ចូលមកក្នុងប្រទេសកម្ពុជាដើម្បីចៀសវាង​ការនាំចូល​វីរុស Covid-19 ហើយបុគ្គលគ្រប់រូបត្រូវតែប្រុងប្រយ័ត្ន​ និងអនុវត្តវិធានការការពារការចម្លង ដោយត្រូវកែប្រែទម្លាប់ និងឥរិយាបទនៃការរស់នៅឱ្យស្របទៅតាម សភាពធម្មតាបែបគន្លងថ្មី (new normal life) ក្នុងបរិបទ​ប្រយុទ្ធនឹងជំងឺ Covid-19 ជាចាំបាច់ ដូចជា​ត្រូវសម្អាតដៃ ពាក់ម៉ាស់ ប្រើក្រម៉ា ឬ​ក្រដាសជូតមាត់ខ្ទប់មាត់ពេលក្អកកណ្តាស បន្តអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតបុគ្គលជាដើម៕

  • Facebook បង្កើតប្រព័ន្ធ AI ថ្មីមួយទៀត ដើម្បីតាមដានព័ត៌មានមិនពិត អំឡុងពេលផ្ទុះកូវីដ-19

    Facebook បង្កើតប្រព័ន្ធ AI ថ្មីមួយទៀត ដើម្បីតាមដានព័ត៌មានមិនពិត អំឡុងពេលផ្ទុះកូវីដ-19

    ព័ត៌មានមិនពិត គឺជារឿងដ៏រសើបបំផុតមួយ ក្នុងការធ្វើឱ្យមនុស្សមានការភាន់ច្រឡំចំពោះព្រឹត្តិការណ៍​ផ្សេងៗ ជាពិសេស នៅពេលដែលពិភពលោកទាំងមូលកំពុងធ្វើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់យ៉ាងខ្លាំង ទាក់ទងទៅនឹងមេរោគកូវីដ-19។

    ក្នុងនោះប្រទេសកម្ពុជាយើង ក៏បាននិងកំពុងតែខំប្រឹង និងតាមដានស្រាវជ្រាវដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយទាំងនោះដែរ។

    ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភាន់នៅលើបណ្តាញសង្គម ក្រុមហ៊ុនហ្វេសប៊ុកបានប្រើប្រព័ន្ធ AI ដើម្បីធ្វើការតាមដានព័ត៌មានមិនពិតទាក់ទងទៅនឹងមេរោគកូវីដ-19 ដែលអាចធ្វើឱ្យលោកអ្នកមានការភាន់ច្រឡំទៅលើការរីករាលដាល ឬការព្យាបាលនៃជំងឺនេះ។

    ជាក់ស្តែងវាពិតជាមានការលំបាកខ្លះៗហើយ ក្នុងទប់ស្កាត់ និងបង្ក្រាបការលក់ផលិតផលក្លែងក្លាយសម្រាប់ការពារការឆ្លងនៃមេរោគកូវីដ-19 ដែលមានដូចជា ម៉ាស់បិទមុខ ទឹកលាងដៃ និងឧបករណ៍ធ្វើតេស្តទាំងនោះ ដោយសារតែមានជនខិលខូចធ្វើការកែរូបភាពតែបន្តិចបន្តួច ក៏អាចបំភាន់ភ្នែកអ្នកតាមដាន ឬប្រព័ន្ធ AI បានបាត់ទៅហើយ។ ព្រោះតែពិបាកក្នុងការវិភាគព័ត៌មាន ក៏ដូចជារូបភាពក្លែងក្លាយទាំងនោះ ក្រុមហ៊ុនបានប្រើប្រព័ន្ធ SimSearchNet ដែលជាប្រព័ន្ធបង្កើតឡើងដើម្បីចាប់ភ័ស្ដុតាងក្នុងរូបភាពដែលសឹងតែដូចគ្នាបេះបិទទាំងនោះ។

    ដោយការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្រុមហ៊ុនហ្វេសប៊ុកបានធ្វើការដាក់ជាបម្រាមតាមបណ្តាញសង្គមរបស់ពួកគេជាង ៥០លានបម្រាមរួចមកហើយ ទាក់ទងទៅនឹងការឆ្លងរីករាលដាលនៃមេរោគកូវីដ-19 កាលពីអំឡុងខែមេសាកន្លងទៅនេះ។ ដោយឡែកចាប់ពីថ្ងៃទី1 ខែមីនាមក ហ្វេសប៊ុកបានលុបចោលនូវការផ្សព្វផ្សាយលក់ ម៉ាស់បិទមុខ ទឹកលាងដៃ ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-19 បានប្រមាណជា 2.5លាន ហើយក្រុមហ៊ុន ក៏បានសហការជាមួយអង្គការប្រមាណជា 60ផ្សេងទៀត ដើម្បីត្រួតពិនិត្យតាមដានព័ត៌មានក្លែងក្លាយ ជុំវិញពិភពលោកដែលសរសេរជាភាសាផ្សេងៗគ្នាប្រហែល 50ភាសាផងដែរ៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • ភ្នាក់ងារ FBI អាមេរិក ចោទចិនថា លួចទិន្នន័យស្រាវជ្រាវវ៉ាក់សាំងកូវីដ-19

    ភ្នាក់ងារ FBI អាមេរិក ចោទចិនថា លួចទិន្នន័យស្រាវជ្រាវវ៉ាក់សាំងកូវីដ-19

    Hacker របស់​ចិន បាន​និង​កំពុង​ប៉ុនប៉ង​លួច​ទិន្នន័យ​ជំងឺកូរ៉ូណាពីការ​ព្យាបាល និងវ៉ាក់សាំងការពារមេរោគនេះ​ពី​អាមេរិក ដោយអាជ្ញាធរ​អាមេរិក បាន​ព្រមាន​កាលពីថ្ងៃទី13 ខែឧសភា ឆ្នាំ​2020 ថា ភ្នាក់ងារ FBI និង​ភ្នាក់ងារសន្តិសុខ​ហេដ្ឋារចនាសម្ព័ន្ធ និង​សន្តិសុខ​ប្រព័ន្ធ​អ៊ីនធើណិត (CISA) បាន​បញ្ជាក់​ថា ស្ថាប័ន​ដែល​ស្រាវជ្រាវអំពីមេរោគ​កូវីដ-19 កំពុង​ស្ថិតក្នុងហានិភ័យ​នៃការក្លាយជាគោលដៅ​របស់ចិន។

    ភ្នាក់ងារ​ខាងលើ បាន​ព្រមាន​ថា រដ្ឋាភិបាល​ចិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​លួចទិន្នន័យ ដើម្បី​ប្រមូល​យកនូវទិន្នន័យសុខភាព​ពាក់ព័ន្ធវ៉ាក់សាំង ការព្យាបាល និង​ការធ្វើតេស្ត​ ចេញពី​បណ្តាញ និង​អ្នកដែលពាក់ព័ន្ធ​ក្នុងការស្រាវជ្រាវមេរោគកូវីដ-19។ កិច្ចប្រឹងប្រែង​របស់ចិន លើ​វិស័យទាំងនេះ បានបង្កការគំរាមកំហែងដល់​ប្រទេស​របស់​យើង ក្នុងការ​ដោះស្រាយបញ្ហាកូវីដ១៩។

    ទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងារ​ទាំង2 ​បានត្រឹមតែចោទចិនប៉ុណ្ណោះ ព្រោះមិនទាន់មានភស្តុតាងណាមួយមកបង្ហាញឡើយ៕

  • 8 វិធី ថែទាំខួរក្បាលឱ្យស្រស់ភ្លឺថ្លាជានិច្ច

    8 វិធី ថែទាំខួរក្បាលឱ្យស្រស់ភ្លឺថ្លាជានិច្ច

    នៅពេលមានអារម្មណ៍ថានឿយល្វើយ ខួរក្បាលមិនដំណើរការ សូមសាកល្បងមកមើលពីវិធីការថែទាំខួរក្បាលបែបងាយៗដើម្បីបង្កើនភាពស្រស់ស្រាយភ្លឺថ្លាឡើងវិញដូចខាងក្រោមនេះ។

    1 – ទំនាក់ទំនងការងារខួរក្បាល ៈ ការសរសេរលេខ 8 ក្នុងអាកាសដោយដៃទាំងពីរខាង ម្ខាង 5 ដង ដោយចាប់ផ្តើមពីផ្នែកខាងឆ្វេងរបស់លេខជាមុន ហើយសរសេរវឹលឱ្យទៅជារាងលេខ 8 ។ វិធីនេះនឹងជួយបង្កើនប្រសិទ្ធភាពផ្នែកការអាន និងការបំពេញភាពយល់ដឹងកាន់តែល្អឡើង និងធ្វើឱ្យខួរក្បាលផ្នែកខាងឆ្វេង និងផ្នែកខាងស្តាំទំនាក់ទំនងការងារគ្នាបានល្អផង។

    2 – ទឹកស្អាតចិញ្ចឹមខួរក្បាល ៈ ដាក់ដបទឹកនៅជិតតុធ្វើការរបស់អ្នកជាប្រចាំ និងលើកក្រេបម្តងបន្តិច វិធីនេះនឹងជួយឱ្យចិត្ត គំនិត និងរាងកាយរបស់លោកអ្នកស្វាហាប់គ្រប់ពេលវេលា ហើយខួរក្បាលក៏នឹងបើកស្រឡះ អាចទទួលព័ត៌មានបានល្អ ព្រោះទឹកនឹងជួយសម្រួលសារធាតុគីមីដែលសំខាន់នៅក្នុងខួរក្បាល និងប្រព័ន្ធប្រសាទ។ បើពេលណាដែលមានអារម្មណ៍ថាតានតឹងដោយសារខ្វះជាតិទឹកនោះ គួរតែក្រេបទឹកដើម្បីឱ្យរាងកាយបានទទួលជាតិទឹកដើម្បីទៅចិញ្ចឹមប្រព័ន្ធរបស់រាងកាយ។

    3 – ធ្វើម៉ាស្សាលើចំណុចតភ្ជាប់ខួរក្បាល ៈ ដាក់ដៃម្ខាងលើរន្ធផ្ចឹត ដៃម្ខាងទៀតប្រើម្រាមមេដៃ និងម្រាមចង្អុលដៃដាក់នៅលើឆ្អឹងដើមទ្រូងម្តុំក្រោមឆ្អឹងស្លាបប្រចៀវ និងច្របាច់ថ្នមៗទាំងពីរទីតាំងប្រមាណជា 10 នាទី វិធីនេះនឹងជួយកាត់បន្ថយភាពភាន់ភាំង និងវឹលវល់ ជំរុញកម្លាំងថាមពល និងជួយឱ្យមានគំនិតស្រស់ថ្លា។

    4 – ធ្វើចលនាសាច់ដុំស្មា ៈ យកដៃឆ្វេងចាប់ស្មាស្តាំ ច្របាច់សាច់ដុំឱ្យណែនព្រមទាំងដកដង្ហើមចូល បន្ទាប់មកដកដង្ហើមចេញ និងបែរទៅខាងឆ្វេងរហូតអាចមើលស្មាឆ្វេងរបស់ខ្លួនឯងឃើញ បន្ទាប់ពីនោះស្រូបដង្ហើមចូលវែងៗ ដាក់ដៃឆ្វេងលើស្មាស្តាំ ព្រមទាំងបង្រួមស្មា បែរក្បាលសន្សឹមៗត្រឡប់ទៅចំកណ្តាល និងបង្ហួសទៅខាងស្តាំ រហូតទាល់អាចមើលរំលងស្មាស្តាំរបស់អ្នកបាន។

    ហែកស្មាទាំង 2 ខាងចេញ ឱនចង្កាមកទល់ដើមទ្រូង ព្រមទាំងស្រូបខ្យល់ដង្ហើមចូលឱ្យវែង ដើម្បីឱ្យសាច់ដុំរបស់អ្នកបានធូរស្រាល។

    ប្តូរមកប្រើដៃស្តាំចាប់ស្មាឆ្វេងម្តង និងធ្វើដូចគ្នាម្ខាង 2 ដង វិធីនេះនឹងជួយចាត់ការសាច់ដុំត្រង់ផ្នែកបំពង់ក និងស្មា ការបានឮ ការស្តាប់ និងជួយកាត់បន្ថយភាពតានតឹងរបស់សាច់ដុំដែលបណ្តាលមកពីការអង្គុយនៅនឹងតុធ្វើការយូរពេកទៀតផង។

    5 – ធ្វើម៉ាស្សាស្លឹកត្រចៀកជំរុញភាពយល់ដឹង ៈ វិធីនេះធ្វើបានដោយការអង្គុយសម្រាកសប្បាយៗ យកម្រាមដៃទាំងសង​ខាងប៉ះស្លឹកត្រចៀក រំកឹលម្រាមដៃទៅផ្នែកខាងលើរបស់ត្រចៀក បន្ទាប់ពីនោះច្របាច់ឈ្លីតាមស្នាមបត់របស់ស្លឹកត្រចៀកទាំង 2 ខាង រួចរំកឹលម្រាមដៃចុះមកម៉ាស្សានៅកន្លែងផ្សេងទៀតរបស់ស្លឹកត្រចៀក ទាញថ្នមៗ ពេលមកដល់ទងត្រចៀក ទាញចុះថ្នមៗ ចូរធ្វើដូចគ្នានេះដដែលៗ 2 ដង។ វិធីនេះនឹងជួយជំរុញការបានឮ និងធ្វើឱ្យការយល់ដឹងកាន់តែល្អឡើង ព្រោះជាការបន្ធូរសរសៃប្រសាទម្តុំស្លឹកត្រចៀកដែលភ្ជាប់ទៅខួរក្បាល។

    6 – ធ្វើចលនាជើង ៈ ដោយការឈរត្រង់ឱ្យជើងជិតគ្នា ដកជើងឆ្វេងថយទៅក្រោយ ដោយលើកកែងជើងឡើង បញ្ជុចជង្គង់ស្តាំបន្តិច ហើយបង្អោនខ្លួនទៅមុខបន្តិច ត្រគៀករបស់លោកអ្នកនឹងស្ថិតនៅក្នុងជំហរដូចគ្នានឹងកែងជើងស្តាំ ស្រូបខ្យល់ដង្ហើមចូល និងបន្ធូរចេញ តែក្នុងខណៈព្រលែងខ្យល់ដង្ហើមចេញវិញនេះ ចូរសង្កត់កែងជើងឆ្វេងឱ្យប៉ះនឹងកម្រាលឥដ្ឋ ព្រមទាំងបញ្ជុចជង្គង់ស្តាំថែមឡើង ខ្នងយឹតត្រង់ ស្រូបខ្យល់ដង្ហើមចូល ហើតត្រឡប់ទៅចាប់ផ្តើមម្តងទៀត ដោយប្តូរពីជើងឆ្វេងមកជាជើងស្តាំម្តង និងហាត់ប្រាណក្នុងក្បាច់នេះទាំងអស់ 3 ដង។ ការធ្វើចលនាក្បាច់នេះស័ក្តិសមសម្រាប់ការកែសម្រួលសមាធិ រួមទាំងជួយបង្កើនល្បឿនក្នុងការអានសៀវភៅ និងនៅជួយឱ្យសាច់ដុំភ្លៅ និងសាច់ដុំកំភួនជើងបានធូរស្រាលទៀតផង។

    7 – សង្កត់ចំណុចបន្ធូរភាពធុញថប់តានតឹង ៈ ប្រើម្រាមដៃ 2 សង្កត់លើថ្ងាសទាំង 2 ខាង ចំកណ្តាលចន្លោះរោមចិញ្ចើម និងជើងសក់ សង្កត់ឱ្យជាប់ទុកប្រមាណជា 3 – 10 នាទី វិធីនេះនឹងជួយបន្ធូរភាពធុញថប់តានតឹង និងបង្កើនការហូរវឹលរបស់លោហិតចូលក្នុងខួរក្បាលឱ្យបានល្អផងដែរ។

    8 – ធ្វើចលនាខួរក្បាលដោយការសរសេរ ៈ គូសខ្សែចុះឡើងដោយដៃទាំង 2 ខាងដំណាលៗគ្នា រូបគំនូរខ្សែដែលគូរអាចនឹងមើលទៅរាងផ្លែកៗមែន តែបានផលល្អចំពោះប្រព័ន្ធខួរក្បាលខ្លាំងណាស់ វិធីនេះនឹងជួយឱ្យកើតការកែសម្រួលការសហការគ្នាធ្វើការរបស់ខួរក្បាល ដោយការធ្វើឱ្យខួរក្បាលទាំង 2 ខាងធ្វើការព្រមគ្នា និងបង្កើនភាពចំណានខាងការប្រកបពាក្យ និងគណនាលេខល្អ និងឆាប់រហ័សឡើងទៀតផង៕

  • ក្នុងពេលទប់ស្កាត់ Covid-19 អាណាព្យាបាលគួរស្វែងយល់ពីវិធីអប់រំឥរិយាបទរបស់កូនឱ្យបានល្អ

    ក្នុងពេលទប់ស្កាត់ Covid-19 អាណាព្យាបាលគួរស្វែងយល់ពីវិធីអប់រំឥរិយាបទរបស់កូនឱ្យបានល្អ

    ក្នុងដំណាក់កាលដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 កុមារជាច្រើននាក់បានសម្រាកនៅក្នុងផ្ទះ ដោយសារតែសាលារៀនមិនបានបើកទ្វា។ បញ្ហានេះ បានធ្វើឱ្យអាណាព្យាបាលជាច្រើនមានពេលវេលាក្នុងការសង្កេត និងអប់រំកូនតូចៗនៅក្នុងផ្ទះឱ្យបានដិតដល់។ វាក៏ជាឱកាសដ៏សំខាន់ផងដែរក្នុងការទប់ស្កាត់ចរិតមិនល្អ ហើយកែប្រែពួកគេឱ្យក្លាយជាមនុស្សដែលមានឥរិយាបថល្អវិញ។

    អង្គការ Save The Children បានលើកឡើងថា កុមារទាំងអស់សុទ្ធតែមានឥរិយាបថមិនល្អ។ វាជារឿងធម្មតាដែលកុមារហត់នឿយ ឃ្លាន ខ្លាច ឬមិនឯករាជ្យ ហើយពួកគេចូលចិត្តរំខាន និងធ្វើឱ្យយើងខឹងពេលពួកគេនៅផ្ទះ។

    ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ អាណាព្យាបាលគួរចេះអប់រំកូនដោយការប្រើប្រាស់វិធីមួយចំនួនដើម្បីអប់រំ និងកែប្រែកុមារដូចជាវិធីសាស្រ្តបង្វែរឥរិយាបថមិនល្អ ចេះសម្រាកទប់អារម្មណ៍ កំណត់វិន័យ និងគន្លឹះមួយចំនួនផ្សេងទៀត។ អង្គការ​ Save The Children បានណែនាំថា អាណាព្យាបាល​គួរចេះកត់សម្គាល់​ឥរិយាបថមិនល្អរបស់ក្មេងឱ្យបានឆាប់ ហើយបង្វែរ​ចំណាប់អារម្មណ៍របស់កូន​អ្នកពីឥរិយាបថមិនល្អឱ្យទៅជាល្អឱ្យបានឆាប់រហ័ស។ ចំណុចមួយផ្សេងទៀតគឺនៅពេលពួកគេចាប់ផ្តើមលែងនៅស្ងៀម អាណាព្យាបាលអាច​បង្វែរចំណាប់អារម្មណ៍​របស់ពួកគេដោយសកម្មភាពគួរឱ្យ​ចាប់អារម្មណ៍ ឬសប្បាយ ដូចជាការហៅពួកគេឱ្យទៅលេងខាងក្រៅ ឬធ្វើសកម្មភាពណាដែលមានប្រយោជន៍វិញម្តង។

    ចំណុចសំខាន់ផ្សេងទៀតគឺ ការកំណត់វិន័យ ព្រោះវិធីនេះអាចជួយបង្រៀនក្មេងៗឱ្យ​ចេះទទួលខុសត្រូវ​ចំពោះអ្វីដែលខ្លួនបានធ្វើ។ វាជាការដាក់ពិន័យមួយ​ដែលអាចគ្រប់គ្រងបាន និងមានប្រសិទ្ធភាពជាងការវាយ ឬស្រែក។ ក្នុងវិធីនេះអាណាព្យាបាលអាច​ផ្តល់ឱកាសដល់កូនៗដើម្បីធ្វើការណែនាំមុន​នឹងផ្តល់ការពិន័យដល់ពួកគេ។ ចំពោះឥរិយាបថនៃការដាក់ពិន័យ អាណាព្យាបាលគួរព្យាយាមកុំឆេវឆាវ និងធានាថាការដាក់ពិន័យនោះកុមារអាចធ្វើបានដោយមិនប៉ះពាល់ធ្ងន់ធ្ងរ។ នៅពេលការដាក់ពិន័យត្រូវបានបញ្ចប់ ប្រសិនបើកុមារ​បានធ្វើល្អគួរមានការលើកសរសើរ។

    វិធីម្យ៉ាងទៀតដែលអាណាព្យាបាលគួរធ្វើគឺ ចេះសម្រាកទប់ចិត្តនៅពេលកូនៗរពឹសខ្លាំងពេក។ ប្រសិនបើយើងមានអារម្មណ៍ថាចង់ស្រែក គួរទប់ខ្លួនឯងសម្រាកដកដង្ហើមវែងៗឱ្យបាន10វិនាទីសិន បន្ទាប់មក​ព្យាយាមឆ្លើយតបដោយវិធីស្ងប់ស្ងាត់៕

  • ក្នុងស្ថានភាពនេះបើមានបញ្ហាព្រួយបារម្ភ គេងមិនលក់ ពិបាកផ្លូវចិត្តខ្លាំងអាចរកសេវាប្រឹក្សាផ្លូវចិត្តដោយឥតគិតថ្លៃពី TPO

    ក្នុងស្ថានភាពនេះបើមានបញ្ហាព្រួយបារម្ភ គេងមិនលក់ ពិបាកផ្លូវចិត្តខ្លាំងអាចរកសេវាប្រឹក្សាផ្លូវចិត្តដោយឥតគិតថ្លៃពី TPO

    នៅក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹង​ជំងឺ Covid-19 នេះ ប្រជាជនជាច្រើនហាក់មានភាពតក់ស្លុត នឿយហត់ ស្មុគស្មាញ ឬព្រួយបារម្ភពីបញ្ហានានាដូចជាបញ្ហាគ្រួសារ ការភ័យខ្លាចចំពោះជំងឺ និង​បញ្ហា​ហិរញ្ញវត្ថុជាដើម។

    ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដ៏លំបាកទាំងអស់នេះកម្មវិធីសុខភាពផ្លូវចិត្ត (TPO) នៃអង្គការចិត្តសង្គម អន្តរវប្បធម៌ បានបង្កើតកម្មវិធីប្រឹក្សាផ្លូវចិត្តមួយតាមរយៈលេខទូស័ព្ទសម្រាប់ប្រជាជនគ្រប់គ្នាដោយឥតគិតថ្លៃ។

    អង្គការខាងលើបានបញ្ជាក់ថា ក្នុងអំឡុងពេលមានបញ្ហាដែលមិនធ្លាប់មានពីមុនមក ការគាំទ្រផ្លូវចិត្តដល់​ជនងាយរងគ្រោះ ក្រុមគ្រួសារ និងសហគមន៍គឺពិតជាចាំបាច់ក្នុងកាលៈទេសៈនេះ។ តាមរយៈការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងឆ្លាតវៃ អង្គការ TPO បានបំពេញសេវា​ដ៏មានសារៈសំខាន់សម្រាប់សហគមន៍ តាមរយៈការប្រឹក្សាយោបល់ផ្នែកផ្លូវចិត្ត​ជូនដោយឥតគិតថ្លៃ។

    អាការៈដែលប្រជាជនអាចនឹងកើតឡើងគឺំមានដូចជាភ័យខ្លាច ព្រួយបារម្ភ ពិបាកចិត្តឬស្ត្រេស គ្មានកម្លាំង ហត់នឿយ នឿយណាយ វិលវល់ ឆាប់ខឹង មួម៉ៅច្រើន អារម្មណ៍សន្ធប់ ក្រៀមក្រំ មិនរីករាយ និងមានអារម្មណ៍ថាមានវិប្បដិសារីជាដើម។ ប្រសិនបើអ្នកមានអារម្មណ៍ថាពិបាកទ្រាំ មិនថាអ្នកជាមនុស្សធំ ក្មេងជំទង់ ឬជាកុមារក៏ដោយ អាចទូរស័ព្ទមកកាន់លេខ 017 222 372/ 089 666 325/ 097 9111 918 ចាប់ពីម៉ោង8 ព្រឹក ដល់ម៉ោង 10យប់៕

     

  • ប្រជាជនបន្តដាំដុះបន្លែត្រសក់ខណៈពេលនេះកំពុងមានហាងឆេង

    ប្រជាជនបន្តដាំដុះបន្លែត្រសក់ខណៈពេលនេះកំពុងមានហាងឆេង

    ដោយសារតែគ្រប់បណ្តាប្រទេសជាច្រើនរួមទាំងប្រទេសកម្ពុជាផងកំពុងសហការទប់ស្កាត់នៃការរីករាលដាលនូវជំងឺកូវីដ19 បង្ខំឱ្យច្រកជាច្រើននៅតាមតំបន់ព្រំដែនត្រូវបិទ ហើយតម្រូវការទីផ្សារមានការកើនឡើងធ្វើឱ្យតម្លៃបន្លែបន្លែផ្លែឈើជាច្រើនបានឡើងថ្លៃគួរសម។

    ក្នុងចំណោមបន្លែទាំងអស់ ត្រសក់ដែលជាបន្លែមានប្រជាប្រិយភាពជាងគេនៅកម្ពុជា ក៏កំពុងមានទីផ្សារល្អផងដែរ ដែលចំណុចនេះធ្វើឱ្យកសិករនៅក្នុងតំបន់នានាចាប់ផ្តើមបន្តមើលថែទាំ និងដាំដុះកាន់តែច្រើនឡើង។

    ប្រជាកសិកជាដាំបន្លែត្រសក់នៅចំណុចភូមិចំការសំរោង1 សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានលើកឡើងថា ពួកគាត់បានចាប់យករបរដាំដំណាំបន្លែត្រសក់នេះជាច្រើនឆ្នាំមកហើយ ចំណែកឯតម្លៃវិញ កន្លងមកមានការឡើងចុះមិនសូវថេរនោះទេ។ មានពេលខ្លះត្រសក់ត្រូធ្លាក់ថ្លៃមកនៅក្រោម1,000រៀលឬរហូតមកដល់200រៀលក៏មាន តែមួយរយៈចុងក្រោយនេះបន្ទាប់ពីមានផ្ទុះជំងឺCovid-19កើតឡើងបានធ្វើឱ្យតម្រូវការត្រសក់កើនឡើងខ្ពស់ដែលធ្វើឱ្យតម្លៃក៏ឡើងខ្ពស់តាមនោះដែរ។ នៅក្នុងស្ថានភាពនេះ តម្លៃត្រសក់ក្នុងរដូវប្រមូលផលបានហក់ឡើងខ្ពស់គួរសម ដោយពួកគាត់អាចលក់បានតម្លៃចាប់ពី 2,000រៀលរហូតទៅដល់3,000រៀលក្នុងមួយគីឡូក្រាម។ តម្លៃនេះអាចធ្វើឱ្យកសិកររកប្រាក់ចំណូលបានច្រើនគួរសមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងជាទុនសម្រាប់ដាំដុះបន្ត។

    ពួកគាត់បានបញ្ជាក់បន្តថាបច្ចុប្បន្នពួកគាត់ដាំដំណាំត្រសក់អន្លក់នេះក្នុងម្នាក់ៗនៅលើផ្ទៃដីទំហំកន្លះហិកតា ហើយចំពោះការប្រមូលផលវិញគិតចាប់ពីថ្ងៃប្រមូលផលដំបូងរហូតអស់ផ្លែមានរយៈពេលជាង20ថ្ងៃនិងទទួលបានផលចាប់ពីជាង10តោនទៅ20តោន។

    ប្រជាកសិករដដែលបានបញ្ជាក់បន្ថែមថា នៅរដូវកាលប្រមូលផលនេះត្រសក់ដែលមានប្រភពចេញពីតំបន់ក្នុងភូមិសាស្ត្រសង្កាត់ចំការសំរោង ភាគច្រើនត្រូវបានឈ្មួញនាំយកទៅលក់នៅផ្សារភួពុយ ស្ថិតក្នុងក្រុងបាត់ដំបង សម្រាប់ចែកចាយបន្តទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗផងដែរ៕