Author: ធឿន មករា

  • ក្លិបឈៀងម៉ៃ ចុះកុងត្រាយកកីឡាករជម្រើសជាតិមីយ៉ាន់ម៉ា

    ក្លិបឈៀងម៉ៃ ចុះកុងត្រាយកកីឡាករជម្រើសជាតិមីយ៉ាន់ម៉ា

    ក្លិបបាល់ទាត់ឈៀងម៉ៃ បានបង្ហោះរូបកីឡាករជម្រើសជាតិមីយ៉ាន់ម៉ា Kyaw Koko ជាមួយនឹងវិញ្ញាបនបត្រសុខភាពរបស់កីឡាកររូបនេះ ក្នុងនាមជាកីឡាករ កូតាអាស៊ាន។

    ក្នុងនោះដែរ កីឡាករជើងខ្លាំងខាងស៊ុតទម្លុះទីគូប្រកួតរូបនេះ បានធានាយ៉ាងមុតមាំក្នុងការស្វែងរកជើងឯកក្នុងពានរង្វាន់លីកទី2 របស់ថៃ ឱ្យខាងតែបានក្នុងរដូវកាលនេះ។ បន្ទាប់ពីទៅដល់ឈៀងម៉ៃ កីឡាកររូបនេះបានទទួលការពិនិត្យរាងកាយយ៉ាងល្អិតល្អន់ពីវេជ្ជបណ្ឌិតរបស់ក្លិប ដោយលទ្ធផលនៃការពិនិត្យរាងកាយ និងសម្បទា គឺល្អ និងគ្មានបញ្ហាអ្វីឡើយ។

    កីឡាករវ័យ 27ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកថា ជាកីឡាករដែលមានបទពិសោធខ្ពស់ ខ្លាំងក្នុងក្រុម ដ្បិតអីធ្លាប់លេងក្នុងក្របខ័ណ្ឌពានលំដាប់អន្តរជាតិ និងជម្រើសជាតិជាច្រើនរួចមកហើយ និងថែមទាំងធ្លាប់លេងឱ្យក្រុមលីកកំពូលៗរបស់ថៃ ជាច្រើនទៀតផង ដូចជា Singha Chiang Rai United, Samut Prakan City និង Sukhothai FC ក៏ដូចជាស្ថិតនៅក្នុងក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ដោយលេងបាន 53លើក និងរកបាន 16គ្រាប់៕

  • នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាណែនាំកុំឱ្យក្មេងប្រើប្រាស់ Tiktok ច្រើនពេកព្រោះប៉ះពាល់ដល់សុវត្ថិភាព

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាណែនាំកុំឱ្យក្មេងប្រើប្រាស់ Tiktok ច្រើនពេកព្រោះប៉ះពាល់ដល់សុវត្ថិភាព

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃកម្ពុជាបាន​ណែនាំអាណាព្យាបាលឱ្យមានការប្រុងប្រយ័ត្ន​ចំពោះកូនៗកុំឱ្យប្រើប្រាស់បណ្តាញសង្គមផ្សេងៗជាពិសេស​កម្មវិធី Tiktok ព្រោះកម្មវិធីនេះអាចប៉ះពាល់ដល់សុវត្ថិភាពកុមារ។

    ស្ថាប័នដ៏សំខាន់ខាងលើបានបញ្ជាក់ថា ក្រុមអ្នកគាំពារកុមារបានចោទប្រកាន់ក្រុមហ៊ុន TikTok ថាមិនបានធ្វើការកែសម្រួលកម្មវិធី ដើម្បីការពារឯកជនភាពរបស់កុមារដូចបានសន្យា

    យើងបានដឹងហើយថាកម្មវិធី TikTok គឺជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់ថត និងចែកចាយវីដេអូឃ្លីបខ្លីៗជារបៀបច្រៀងតាម (lip-syncing video) មិនត្រឹមតែនៅក្រៅប្រទេសនោះទេ ថែមទាំងមាននៅក្នុងប្រទេសកម្ពុជាយើងផងដែរ ជាពិសេសក្នុងចំណោមក្មេងៗដែលមិនទាន់គ្រប់អាយុ។ ដោយសារតែហេតុផលទាំងនេះហើយបានជាក្រុមអ្នកគាំពារកុមារ មានការព្រួយបារម្ភជាមួយនឹងកម្មវិធីនេះ ក៏ព្រោះតែកម្មវិធីនេះពុំមានគោលការណ៍ក្នុងការ ការពារឯកជនភាពរបស់កុមារ។

    កាលពីឆ្នាំកន្លងទៅ ក្រុមហ៊ុន Musical.ly ដែលជាក្រុមហ៊ុន TikTok បានទិញ និងបញ្ចូលជាក្រុមហ៊ុនតែមួយនោះ ត្រូវបានរកឃើញថាបានបំពានលើច្បាប់ឯកជនភាពរបស់កុមារនៅលើប្រព័ន្ធអុីនធឺណេត ព្រោះបានទាញយកទិន្នន័យដូចជា ឈ្មោះ អុីមែល វីដេអូ និងព័ត៌មានផ្ទាល់ខ្លួនផ្សេងៗទៀតពីអ្នកប្រើប្រាស់ដែលមានវ័យតិចជាង១៣ឆ្នាំ ដោយមិនមានការឯកភាពពីអាណាព្យាបាលរបស់ពួកគេ។ ជាងនេះទៅទៀតគេក៏បានរកឃើញថា ប្រូហ្វាល់របស់អ្នកប្រើប្រាស់ត្រូវបានដាក់ឱ្យឃើញជាសាធារណៈ ដែលជាហេតុនាំឱ្យមនុស្សពេញវ័យមួយចំនួនបានប្រើកម្មវិធីនេះ ដើម្បីធ្វើការផ្ញើសារទាក់ទងទៅក្មេងៗទាំងនោះ។ ក្រុមហ៊ុន TikTok បានយល់ព្រមធ្វើកំណែកំហុសឆ្គងទាំងនោះ ប៉ុន្តែគិតមកដល់ពេលនេះ ក្រុមហ៊ុននៅមិនទាន់ធ្វើការកែប្រែទៅលើកម្មវិធីរបស់ខ្លួននៅឡើយទេ។

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំដល់អាណាព្យាបាល ឱ្យមានការប្រុងប្រយ័ត្នចំពោះកូនៗរបស់ខ្លួនក្នុងការប្រើប្រាស់កម្មវិធីនៅតាមបណ្តាញសង្គមផ្សេងៗ ជាពិសេសកម្មវិធី TikTok សូមមានការណែនាំពួកគាត់កុំឱ្យប្រើប្រាស់កម្មវិធីទាំងនោះច្រើនពេក និងតាមដានពីសកម្មភាពរបស់ពួកគាត់ឱ្យបានជាប់លាប់ ព្រោះវានាំឱ្យខាតពេលវេលារៀនសូត្រ និងអាចនាំមកនូវផល់ប៉ះពាល់ផ្សេងៗទៀតផង៕

  • បន្ទាប់ពីចែកអង្ករហើយ ម្ចាស់ក្លិបអង្គរថាយហ្គើរ នឹងជូនភ្ញៀវទេសចរ ដែលមកលេងសៀមរាប ម្នាក់ 200ដុល្លារទៀត

    បន្ទាប់ពីចែកអង្ករហើយ ម្ចាស់ក្លិបអង្គរថាយហ្គើរ នឹងជូនភ្ញៀវទេសចរ ដែលមកលេងសៀមរាប ម្នាក់ 200ដុល្លារទៀត

    លោក Akihiro Kato ម្ចាស់ក្លិបបាល់ទាត់អង្គរថាយហ្គើរ បានធ្វើការចែកអង្ករជូនប្រជាជនក្នុងស្រុកចំនួន 400គ្រួសារ ដោយក្នុង 1គ្រួសារ ទទួលបាន 20គីឡូ ក្នុងខែឧសភា មិថុនា និងកក្កដា ពោលគឺ ចំនួន 3ខែ។ ហើយលោកបានបន្តថា អាចនឹងធ្វើការចែកជូនបន្តទៅមុខទៀត ប្រសិនបើស្ថានភាពកូវីដ-19 នេះ មិនទាន់បានធូរស្បើយ។

    បន្ទាប់ពីគម្រោងនេះទទួលបានជោគជ័យ លោកបានបង្ហើបឱ្យដឹងអំពីគម្រោងថ្មីរបស់លោកទៀតថា គឺលោកនឹងជួយឧបត្ថម្ភជនជាតិជប៉ុនចំនួន 50នាក់ ដោយម្នាក់ៗនឹងទទួលបានទឹកប្រាក់ចំនួន 200ដុល្លារ នៅពេលដែលពួកគេមកលេងខេត្តសៀមរាបដោយផ្ទាល់៕

  • បើបានសម្រេចមែន…ចិននឹងមានកីឡាករចូលសញ្ជាតិ 6រូប ក្នុងឈុត 11នាក់ដំបូងរបស់ខ្លួន

    បើបានសម្រេចមែន…ចិននឹងមានកីឡាករចូលសញ្ជាតិ 6រូប ក្នុងឈុត 11នាក់ដំបូងរបស់ខ្លួន

    គិតមកទល់នឹងពេលនេះ សហព័ន្ធកីឡាបាល់ទាត់ចិន មានកីឡាករបរទេសចូលសញ្ជាតិចិន ចំនួន 6រូបហើយ ក្នុងឈុតធំរបស់កីឡាករជម្រើសជាតិរបស់ខ្លួន ដោយមាន 3នាក់ធ្លាប់លេងឱ្យជម្រើសជាតិចិន ខណៈដែល 3រូបទៀតកំពុងតែរៀបចំឯកសារចូលសញ្ជាតិចិន។

    អ្វីដែលគេកត់សម្គាល់នោះ គឺក្លិប Guangzhou Evergrande បានជួយឱ្យសហព័ន្ធកីឡាបាល់ទាត់ចិន ចំណេញបានកីឡាករបរទេសបានចូលសញ្ជាតិ និងលេងឱ្យចិនទៀតផង ក្នុងនោះដែរមានកីឡាករ 6រូបហើយដែលក្លិបមួយនេះជួយឱ្យបានសញ្ជាតិចិន។

    កីឡាករទាំង 6រូបនេះ មានដូចជា៖ Elkeson (Ai Kesen), Aloisio (Luo Guofu) និង Nico Yennaris (Li Ke) ដែលបានចូលសញ្ជាតិរួចរាល់ហើយ ខណៈដែល Ricardo Goulart (បម្រើកណ្ដាល), Alan Carvalho (ប្រយុទ្ធ) និង Fernando Henrique ប្រយុទ្ធ) នឹងមកចូលហ្វឹកហាត់ជាមួយជម្រើសជាតិ ពេលដែលពួកគេបំពេញឯកសារនានានៃការចូលសញ្ជាតិចិនរួចរាល់៕

  • សង្កប្ប និង E-School Cambodia ជាក្រុមហ៊ុនបច្ចេកវិទ្យាទី5 និងក្រុមហ៊ុនទី6 ដែលបានចូលរួមអភិវឌ្ឍកម្មវិធីពីចម្ងាយរបស់វេសឡាញ

    សង្កប្ប និង E-School Cambodia ជាក្រុមហ៊ុនបច្ចេកវិទ្យាទី5 និងក្រុមហ៊ុនទី6 ដែលបានចូលរួមអភិវឌ្ឍកម្មវិធីពីចម្ងាយរបស់វេសឡាញ

    ដើម្បី​ពង្រឹង​ការអប់រំ​តាម​អន​ឡាញ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​បណ្តុះបណ្តាល​សិស្សានុសិស្ស​របស់ខ្លួន ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​ចុះ​កិច្ចព្រមព្រៀង​ក្រុមហ៊ុន​បច្ចេកវិទ្យា​អប់រំធំៗចំនួន 6 ដើម្បី​ធ្វើការ​រួមគ្នា​បង្កើត​ព្រឹត្តិការណ៍​អប់រំ​រួមគ្នា​មួយ​យ៉ាងសំខាន់។

    ក្រុមហ៊ុនធំៗបច្ចេកវិទ្យាធំៗទាំង6 ដែល​បាន​បង្កើត​កិច្ចសហការ​ពង្រឹងគុណភាព​អប់រំ​ជាមួយនឹង​វេស​ឡាញ គឺ​ក្រុមហ៊ុន Edemy ក្រុមហ៊ុន Maxbit ក្រុមហ៊ុន Vconnect ក្រុមហ៊ុន DTP ក្រុមហ៊ុន​សង្កប្ប និង​ក្រុមហ៊ុន E-School Cambodia។

    លោក ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​លើកឡើងថា​ការបង្កើន​កិច្ចសហការ​ជាមួយនឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​អប់រំ​នេះ មិនមែន​គ្រាន់តែ​ជា​ប្រយោជន៍​ដល់​ការពង្រឹង​គុណភាព​នៃ​ការសិក្សា​របស់​សិស្ស​រប​ស់​យើង​ក្នុងពេល Covid-19ប៉ុណ្ណោះ​ទេ តែ​វា​ជាការ​បោះជំហាន​ថ្មី​មួយ​បន្ថែមទៀត​ដើម្បី​ធ្វើ​ទំនើបកម្ម​គុណភាព​អប់រំ។ ពិតណាស់​បច្ចេកវិទ្យា​អប់រំ (Edtech) នាពេល​បច្ចុប្បន្ននេះ​បាន កំពុង និង​បន្ត​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​ការអប់រំ​លើ​ពិភពលោក ខណៈ​ប្រទេស​ជាច្រើន​ធ្លាប់បាន​អនុវត្ត​ការសិក្សា​តាម​អន​ឡាញ​ជា​យូរ​ឆ្នាំ​មកហើយ។ សម្រាប់​កម្ពុជា​យើង​ដោយសារតែ​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 យើង​ក៏​ចាប់ផ្តើម​អនុវត្ត​ការសិក្សា​តាម​អន​ឡាញ​នេះ ដែល​ធ្វើឱ្យ​គ្រប់គ្នា​យល់ថា​ជា​រឿង​ថ្មី តែ​ទោះជា​យ៉ាងនេះ​ក្តី យើង​សង្ឃឹមថា​ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យាសំខាន់ៗទាំងអស់នេះ នឹងធ្វើ​ឱ្យ​យើង​បន្ត​អភិវឌ្ឍ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ការអភិវឌ្ឍ​ជាប់​ជាប្រចាំ រហូត​ក្លាយទៅជា​ទម្រង់​នៃ​ការអប់រំ​មួយ​ដែល​ធ្វើឱ្យមាន​គុណភាព​កាន់តែ​ប្រសើរ​នៅ​ថ្ងៃ​អនាគត។

    លោក ប៉ិច បូ​ឡែ​ន បាន​និយាយថា៖ «បច្ចេកវិទ្យា​អប់រំ​នឹង​ក្លាយទៅជា ទម្រង់​មួយ​ដ៏​មានគុណ​សម្បត្តិ​ខ្ពស់​នៅ​ថ្ងៃ​អនាគត ព្រោះ​ការអប់រំ​តាម​អន​ឡាញ ជា​ផ្នែក​មួយ​ដែល​ធ្វើឱ្យ​ការអប់រំ​ត្រូវបាន​អនុវត្ត​គ្រប់​ជ្រុងជ្រោយ។ បន្តិចទៀត សិស្ស​នៅ​គ្រប់​ទៅ​កន្លែង​កាន់តែ​មាន​សេរីភាព​ក្នុងការ​ទទួលយក​ការអប់រំ​គ្រប់​ទីកន្លែង បើទោះបីជា​គាត់​នៅ​ខេត្ត​ក៏​គាត់​អាច​ស្វែងរក​សាលា​ល្អ​ណាមួយ​នៅ​ភ្នំពេញ​ដែល​គាត់​ពេញចិត្ត​ដើម្បី​សិក្សា​បានដែរ ព្រោះ​គាត់​អាច​សិក្សា​បាន​តាមរយៈ​អន​ឡាញ»។

    លោក ប៉ិច បូ​ឡែ​ន បាន​បន្តទៀតថា ទម្រង់​នៃ​ការអប់រំ​តាម​អន​ឡាញ​ដែល​យើង​កំពុង​សហការ​រៀបចំ​នេះ​នឹង​បង្កើតជា​ចរន្ត​ថ្មី​មួយ​ប្រកបដោយ​ភាព​វិជ្ជមាន​លើ​ការអភិវឌ្ឍ​ប្រសិទ្ធភាព​នៃ​ការអប់រំ ព្រោះ​ទម្រង់​នៃ​ការអប់រំ​ដែល​យើង​កំពុង​ចាប់ផ្តើម ហើយនឹង​បន្តទៅ​ថ្ងៃ​អនាគត​នេះ គឺជា​ទម្រង់​ប្រកបដោយ​ប្រសិទ្ធភាព​ដែល​អាចឱ្យ​សិស្ស​សិក្សា​បាន​គ្រប់​ទីកន្លែង និង​អាច​វិភាគ​យ៉ាងច្បាស់​ពី​កម្រិត​នៃ​ការយល់ដឹង​របស់​សិស្ស ចំណុច​ខ្វះខាត និង​ទិន្នន័យសំខាន់ៗជាច្រើន​ទៀត។ តាមរយៈ​ទម្រង់​នៃ​បច្ចេកវិទ្យា​អប់រំ យើង​នឹង​អាច​វាយតម្លៃ​បាន​យ៉ាង​ងាយស្រួល​ថា​តើ​សិស្ស​ចេះ​ប៉ុន្មាន​ភាគរយ ហើយ​សិស្ស​ដែល​មិនទាន់​ចេះ​មាន​ចំណុច​ប៉ុន្មាន​ភាគរយ។ បន្ថែម​ពីលើ​នេះ យើង​ក៏​អា​វាយតម្លៃ​គ្រូ​បាន​កាន់តែ​ប្រសើរ​ផងដែរ ដោយសារតែ​ទិន្នន័យ​ទាំងអស់នេះ​អាច​នឹង​បង្ហាញ​ពី​ចំណុច​គុណភាព​នៃ​ការរៀន និង​ការបង្រៀន​យ៉ាងច្បាស់។

    គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុនសំខាន់ៗទាំង6 ដែល​បាន​សហការ​ជាមួយនឹង​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប​នៅពេលនេះ ទី1 គឺ​ក្រុមហ៊ុន អេ​ត​ឌឺ​មី (Edemy) ដែលមាន​បច្ចេកទេស​ក្នុងការ​បង្កើត​ថ្នាក់រៀន​តាម​ប្រព័ន្ធ​ឌីជីថល និង​ការរៀន​តាម​អ៊ី​ន​ធឺ​ណេ​ត។ តាមរយៈ​កម្មវិធី​នេះ សិស្សានុសិស្ស​អាច​ទស្សនា​មេរៀន​ជា​លក្ខណៈ​វីដេអូ អាច​អាន​អត្ថបទ​មេរៀន ធ្វើការ​វាយតម្លៃ​លើ​លំ​ហាត់ ឬ​កិច្ចការ​សាលា​ដោយ​ខ្លួនឯងបាន តាមដាន​ដំណើរការ​រៀនសូត្រ​រប​ស់​ខ្លួនឯងបាន បង្កើន​ទំនាក់ទំនង​រវាង​លោកគ្រូ/អ្នកគ្រូ ហើយ​និង​សិស្សានុសិស្ស​ឱ្យមាន​ប្រសិទ្ធិភាព។ ក្រុមហ៊ុន​ទី2 គឺ​ក្រុមហ៊ុន ម៉ាក្ស​បី​ត(Maxbit) ដែល​អាចជួយ​ដល់​ការរៀន​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត និង​ពិគ្រោះ​យោបល់​អំពី​អាជីវកម្ម​អន​ឡាញ​ន៍​ទៅកាន់​អ្នកអាណាព្យាបាល ដើម្បី​ជួយ​កែលម្អ​អាជីវកម្ម​របស់​អ្នកអាណាព្យាបាល និង​ជំរុញ​សាលារៀន​ឱ្យ​សម្រប​ខ្លួន​តាម​ឧបករណ៍​បង្រៀនទំនើបៗឱ្យមាន​ប្រសិទ្ធិភាព​ជាង​មុន។ ក្រុមហ៊ុន​ទី3 គឺ​ក្រុមហ៊ុន វី​ខូ​និក (VConnect) ដែល​នឹង​ជួយ​អភិវឌ្ឍ​ប្រព័ន្ធគ្រប់គ្រង​សាលារៀន​វ័យឆ្លាត ជួយ​អ្នកអាណាព្យាបាល និង​សាលារៀន​ទៅលើ​ការទំនាក់ទំនង​ឱ្យមាន​ប្រសិទ្ធិភាព​ខ្ពស់ រួមទាំង​ការគ្រប់គ្រង​ការសិក្សា​របស់​សិស្សានុសិស្ស។ ក្រុមហ៊ុន​ទី 4 គឺ​ក្រុមហ៊ុន ឌី ធី ភី (DTP) ដែលជា​អ្នក​អភិវឌ្ឍ​បណ្ណាល័យ​អេ​ឡិច​ត្រូ​និ​ច និង កម្មវិធី​រៀន​តាម​ប្រព័ន្ធ​ឌីជីថល។អ្ន កអាណាព្យាបាល និង សិស្សានុសិស្ស​អាច​ប្រើប្រាស់​កម្មវិធី​រៀន​នៅផ្ទះ​ដើម្បី​បង្កើន​សមត្ថភាព​ទៅ​ការប្រើប្រាស់​ភាសា​អង់គ្លេស​របស់​ពួកគាត់។ ក្រុមហ៊ុនទី5 គឺក្រុមហ៊ុនសង្កប្ប (Sangapac) ដែលជាក្រុមហ៊ុន​បង្កើតបច្ចេកវិទ្យាអប់រំសម្រាប់ជួយដល់ស្ថាប័នអប់រំ កុមារតូច និងអាណាព្យាបាល​កុមារនៅកម្ពុជា។ តាមរយៈកម្មវិធីរបស់សង្កប្ប សិស្សនៅកម្រិតបឋមសិក្សានឹងសិក្សាបានលឿននូវរបៀបសរសេរអក្សរ ស្គាល់លេខ និងចេះគណនាតាមវិធីឆ្លាតវៃ។ ក្រុមហ៊ុនទី6 គឺក្រុមហ៊ុន E-School Cambodia ដែលជាក្រុមហ៊ុនផ្តល់នូវបច្ចេកវិទ្យាអប់រំដល់សិស្សានុសិស្សចាប់តាំងពីបឋមសិក្សារហូតដល់​មធ្យមសិក្សា។ ក្រុមហ៊ុននេះបានអញ្ជើគ្រូបង្រៀន​ល្បីៗជាច្រើន​ដើម្បីចូលរួមផលិតជាវីដេអូបង្រៀន​ដែលអាចធ្វើឱ្យសិស្សគ្រប់កម្រិតអាចសិក្សាបានប្រកបដោយប្រសិទ្ធភាព៕

  • ត្រៀមជាស្រេច… បើត្រូវរៀបការម្តងទៀត

    ត្រៀមជាស្រេច… បើត្រូវរៀបការម្តងទៀត

    ការព្រមបើកបេះដូងឱ្យឱកាសថ្មីៗដើរចូលមកក្នុងជីវិតម្តងទៀតមិនមែនជារឿងខាត់បង់នោះទេ តែត្រូវគិតត្រិះរិះឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យការសម្រេចចិត្តលើកនេះរបស់អ្នក មិនប៉ះពាល់ផ្លូវចិត្តរបស់ “កូន”។

    រៀបការម្តងទៀតល្អដែរទេ? រៀបការពេលកូននៅតូចៗ ឬក៏រង់ចាំឱ្យកូនធំបន្តិចទៀតសិន? រៀបការហើយកូននឹងមានបញ្ហាដែរឬទេ? មានសំនួរជាច្រើនដែលសាងនូវក្តីពិបាកចិត្តចំពោះស្រ្តីដែលមានតែខ្លួនឯង និងកូនដែលគិតចង់កែសម្រួលគ្រោងសាងគ្រួសារជាថ្មីមិនតឹចឡើយ។

    រឿងបែបនេះ ឡារ៉ែនសូមប្រាប់បានតែមួយម៉ាត់ទេថា ត្រូវគិតឱ្យបានច្រើន គិតឱ្យបានល្អិតល្អន់ កុំប្រញាប់ប្រញាល់ធ្វើអ្វីតាមអារម្មណ៍ឱ្យសោះ ព្រោះការសម្រេចចិត្តលើកនេះរបស់អ្នក ច្បាស់ជាហុចផលប៉ះពាល់ដល់កូនដោយត្រង់មិនខាន។

    រៀបការម្តងទៀត ល្អដែរទេហ្ន៎?

    ទោះជាការរៀបការម្តងទៀតជាសិទ្ធិរបស់អ្នកផ្ទាល់ក៏ដោយ តែប្រាកដណាស់ថា រឿងដំបូងគេដែលត្រូវនឹកដល់មុនគេនោះគឺកូន។ អ្នកម្តាយដែលមានតែខ្លួនឯង និងកូននោះច្រើនតែប្រាប់ថា ចាំឱ្យកូនធំបន្តិចទៀតសឹមគិតរៀបការម្តងទៀត ដែលការនិយាយបែបនេះ មួយផ្នែក គឺជាលទ្ធផលមកពីភាពរាងចាលពីបញ្ហាដែលធ្លាប់ជួបនៅក្នុងជីវិតគូដែលកន្លងមក ទើបធ្វើឱ្យបិទទ្វាបេះដូងលែងទទួលយកអ្នកណាទៀត តែដូចថាអ៊ីចឹងឯង ព្រោះជោគវាសនាជតាព្រហ្មលិខិតនឹងមកបែបណានោះ គ្មាននរណាដឹងមុនឡើយ បើចៃដន្យថ្ងៃណាមួយជីវិតប្រែប្រួល មានព្រះអង្គម្ចាស់ជិះសេះសចូលមកក្នុងជីវិតរហូតដល់ត្តូវគិតដល់ការរៀបការម្តងទៀត តើឱ្យធ្វើម៉េចទៅ?។

    ការសម្រេចចិត្តរៀបការម្តងទៀត មិនមែនជាការខាតបង់អ្វីឡើយ សំខាន់អ្នកត្រូវអធិប្បាយឱ្យអនាគតស្វាមីយល់អំពីបន្ទុក និងតួនាទីនៃភាពជាម្តាយដែលមានជាប់នឹងខ្លួនឱ្យបានច្បាស់ថា តើគេអាចទទួលយកបាន និងយល់ព្រមក្នុងការស្រឡាញ់ និងមេត្តាកូនរបស់អ្នក ដូចដែលគេស្រឡាញ់អ្នកដែរឬទេ?។ បើគ្រប់យ៉ាងអូខេ ក៏អាចសម្រេចចិត្តបាន តែ តើនឹងរៀបការឱ្យហើយតាំងពីពេលកូននៅតូច ឬរង់ចាំឱ្យកូនធំសិនល្អជាង?។

    បើកូននៅតូចមិនទាន់ដឹងក្តីនោះ ក៏ចូរគិតថា ជាឱកាសដែលស័ក្តិសមល្អក្នុងការឱ្យ “អ្នកមកថ្មី” បានចូលមកទទួលតួនាទីជាឪពុកបន្តបានយ៉ាងមិនចាំបាច់អៀនប្រៀន សុំត្រឹមតែគេស្រឡាញ់ និងមេត្តាកូនរបស់យើងពិតប្រាកដប៉ុណ្ណោះ។

    តែបើរៀបការម្តងទៀតពេលដែលកូនចាប់ផ្តើមដឹងក្តី អាចបញ្ចេញប្រតិកម្មតបត និងឆ្លើយឆ្លងបានយ៉ាងល្អហើយនោះ អ្នកម្តាយចាំបាច់ត្រូវប្រើសិល្បៈក្នុងការអធិប្បាយពន្យល់បន្តិច រួមទាំងត្រូវប្រើភាពអត់ធន់ និងផ្តល់ពេលវេលាក្នុងការកសាងសម្ព័ន្ធភាពរវាងឪពុកថ្មី ជាមួយកូនចិញ្ចឹមទៀតផង។

    ត្រៀមទប់ទល់ជាមួយរឿងរញេរញ៉ៃ

    ប្រាកដណាស់ថា ក្រោយពីអ្នកសម្រេចចិត្តរៀបការលើកទីពីរ នោះមានន័យថា នឹងមានមនុស្សម្នាក់ទៀតដែលប្រៀបដូចជា មនុស្សផ្លែកមុខ(របស់កូន) ថែមចូលមកជាផ្នែកមួយរបស់គ្រួសារ ហើយបុរសម្នាក់ហាក់ដូចជាស្និទ្ធស្នាលជាមួយម៉ាក់មែនទែន ក្នុងទស្សនៈរបស់កូន ៗអាចនឹងគិតថា ម៉ាក់នឹងស្រឡាញ់បុរសម្នាក់នេះខ្លាំងជាងយើងទេដឹង? ម៉ាក់ច្បាស់ជាលែងស្រឡាញ់យើងទៀតហើយ ម៉ាក់លែងត្រឡប់មកជានាគ្នាជាមួយប៉ាវិញហើយឬ?។ ចូរកុំបណ្តោយឱ្យសំនួរទាំងនេះនៅដក់វឹលវល់ក្នុងចិត្តកូនឡើយ អ្នកគួរតែ… ៈ

    និយាយជាមួយកូនឱ្យយល់ កុំគិតថាកូននៅតូចមិនដឹងរឿងរ៉ាវអ្វីនោះ

    ក្មេងខ្លះគិតច្រើនជាងមនុស្សធំទៅទៀត អ្វីដែលសំខាន់គឺការប្រាប់ ឬអធិប្បាយដំណើររឿងដែលកើតឡើងនៅក្នុងផ្ទះឱ្យកូនបានដឹង និងយល់ ដែលវានឹងជួយឱ្យកូនមិនមានអារម្មណ៍ថាត្រូវបានបំបែកចេញពីអ្នក។

    សាងភាពជឿជាក់ដល់កូន

    រឿងសំខាន់គឺ អ្នកម្តាយខ្លួនឯងត្រូបផ្តល់ភាពជឿជាក់ក្នុងចិត្តដល់កូនថា អ្នកនៅតែស្រឡាញ់គេដូចមុនដដែល ការដែលម៉ាក់មានប៉ាថ្មីនេះមិនអាចផ្លាស់ប្តូរអារម្មណ៍ដែលម៉ាក់មានចំពោះកូនបានទេ ក្តីស្រឡាញ់ដែលម៉ាក់មានចំពោះកូននឹងនៅស្ថិតស្ថេររហូតទៅ

    ឱ្យពេលវេលាក្នុងការសម្របសម្រួលខ្លួន

    នៅពេលដែលអ្នកម្តាយចាប់ផ្តើមស្គាល់អ្នកថ្មី និងរៀបផែនការថា អនាគតអាចនឹងរៀបការជាមួយគ្នាផងនោះ អ្នកម្តាយគួរតែមានកិច្ចការងារប្រចាំថ្ងៃដែលអាចធ្វើរួមគ្នារវាង រូបអ្នក កូន និងអ្នកថ្មី ដើម្បីឱ្យបានស្គាល់ចិត្តស្គាល់ថ្លើមគ្នា និងមានសម្ព័ន្ធភាពល្អៗជាមួយគ្នា និងជាពិសេសទុកឱកាសឱ្យកូន និងអ្នកថ្មីបានសម្របសម្រួលខ្លួនចូលគ្នាផង៕

  • សូមស្វាគមន៍ហាង LG BRANDSHOP ប្រកបដោយអនាម័យខ្ពស់

    សូមស្វាគមន៍ហាង LG BRANDSHOP ប្រកបដោយអនាម័យខ្ពស់

    ចាប់តាំងពីវីរុសកូរូណា(កូវីត១៩) ប្រភេទថ្មីដែលបានឆ្លងនិងសាយភាយជាសាកល ហើយត្រូវបានអង្គការសុខភាពពិភពលោកចាត់ទុកជាជម្ងឺ​រាតត្បាត​សាកលរួចមក ប្រទេសជាច្រើនបានចាប់ផ្ដើមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩ មួយនេះកុំអោយបន្ដរីករាលដាលតទៅទៀត។

    យោងទៅតាមសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាល​ ក៏ដូចជាក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាស្ដីពីការអនុវត្ដវិធានការទប់ស្កាត់និងការពារការ​ចម្លងមេរោគ​កូវីត១៩​ នេះ​​ ហាងលក់គ្រឿងអេឡិចត្រូនិចទំនើប LG Brandshop បានគាំទ្រនិងចូលរួមសកម្មភាពដោយបានធ្វើការណែនាំអំពីការរក្សាអនាម័យ​ក្នុងហាង បុគ្គលិក ក៏ដូចជាអតិថិជនទាំងឡាយដែលបានអញ្ជើញមកហាងផ្ទាល់ប្រកបដោយ​អនាម័យខ្ពស់ ដើម្បីធានាបាននូវសុវត្ថិភាពដល់​យើងទាំងអស់គ្នា​​។ ខាងក្រោមនេះគឺជាគោលការណ៍ស្ដង់ដាសំខាន់ៗ​ និងមានប្រសិទ្ធិភាពដែលយើងបានអនុវត្ដជាប្រចាំថ្ងៃរួចមកហើយ។


    ការណែនាំស្ដីពីការរក្សាអនាម័យសម្រាប់បុគ្គលិក

    1. ផ្នែកទី១៖គឺជារបៀបនៃការថែរក្សាអនាម័យផលិតផលក្នុងហាងដោយយើងបានអនុវត្ដជា៤សកម្មភាពដូចជា ការសម្អាតហាង ការសម្អាតផលិតផលិត ផ​លិតផលដាក់តាំង និង​ការបាញ់សម្លាប់មេរោគពីអ្នកជំនាញ។
    2. ផ្នែកទី២៖ផ្ដោតសំខាន់ទៅលើអនាម័យខ្លួនប្រាណរបស់បុគ្គលិកក្នុងហាងផ្ទាល់ដែលតម្រូវអោយពាក់ម៉ាសជាប់ជានិច្ច លាងដៃជាមួយទឹកអាល់កុលជាប្រចាំ និងរក្សាគម្លាតពីគ្នាយ៉ាងតិច មួយម៉ែត្រ។

    ការណែនាំស្ដីពីការរក្សាអនាម័យសម្រាប់អតិថិជន

    មុននឹងឈានទៅដល់ការប្រឹក្សាយោបល់ពីផលិតផល បុគ្គលិក LG Brandshop យើងខ្ញុំនឹងពន្យល់ដល់អតិថិជនពីការការពារជម្ងឺកូវីដ១៩​ នូវវិធីសាស្រ្ដងាយៗដែលមានដូចជា ការផ្ដល់ទឹកលាងដៃនៅច្រកចូលហាង ពាក់ម៉ាសជាប់ជានិច្ច​ លាងដៃក្រោយប៉ះពាល់​វត្ថុផ្សេងៗ លើសពីនេះទៀតយើងតម្រូវអោយបុគ្គលិក​ រក្សាបាននូវគម្លាតសុវត្ថិភាពជាមួយអតិថិជនផងដែរ។

    ដូចដែលអ្នកទាំងអស់គ្នាបានជ្រាបរួចមកហើយថា ផលិតផលគ្រឿងអេឡិចត្រូនិចរបស់ LG ដែលមានទូរទឹកកក ម៉ាស៊ីនបោក​ ម៉ាស៊ីនត្រជាក់​ ម៉ាស៊ីនបន្សុទ្ធខ្យល់និងបន្ថែមពីនេះ គឺសុទ្ធសឹងតែ​អាចកម្ចាច់មេរោគ ឬបាក់តេរីទូទៅបានយ៉ាងមានប្រសិទ្ធភាពបំផុត ដែលសរបញ្ជាក់អោយឃើញ​ពីការ យកចិត្ដទុកដាក់ខ្លាំង សម្រាប់សកម្មភាពចូលរួមចំនែកថែរក្សាសុខភាពរបស់គ្រួសារអ្នកក្នុងពេលបច្ចុប្បន្ន រហូតតទៅថ្ងៃអនាគត។

    អតិថិជនដែលមានចំណាប់អារម្មណ៍និងគាំទ្រផលិតផល LG គ្រប់ប្រភេទអាចអញ្ជើញមកទស្សនាការតាំងបង្ហាញផ្ទាល់​នៅគ្រប់សាខា​ LG Brandshop របស់យើងខ្ញុំ ឬដើម្បីភាពងាយស្រួលដល់អតិថិជនទាំងអស់ ឥឡូវនេះ​លោកអ្នកអាចបញ្ជាទិញគ្រប់គ្រឿងអេឡិចត្រូនិចរបស់ LG

    តាមរយៈហ្វេសបុកផេក LG Brandshop Cambodia ដោយផ្ទាល់តែម្ដង រួមជាមួយនឹងការដឹកជញ្ជូនដោយឥតគិតថ្លៃ​ សម្រាប់ពត៌មានបន្ថែមលោកអ្នកអាចចូលទៅកាន់វេបសាយ https://www.ggear.com.kh/  ឬហៅទៅកាន់​លេខទូរសព្ទ 016 888 029 / 012 444 051។

  • រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យនាំចេញអង្ករស ចាប់ពីថ្ងៃទី20 ខែឧសភា តទៅ

    រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យនាំចេញអង្ករស ចាប់ពីថ្ងៃទី20 ខែឧសភា តទៅ

    ការនាំចេញអង្ករសនឹងត្រូវអនុញ្ញាតឱ្យមានសកម្មភាពឡើងវិញជាបណ្តើរៗ តាមកិច្ចសន្យា បញ្ជាទិញពីក្រៅប្រទេស ដោយគិតចាប់ពីថ្ងៃទី20 ខែឧសភា ឆ្នាំ2020តទៅ។ ការសម្រេចនេះ ត្រូវ បានប្រកាសឱ្យដឹងតាមរយៈលិខិតផ្លូវការរបស់ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើជូនប្រធាន សហព័ន្ធស្រូវអង្ករកម្ពុជា កាលពី ថ្ងៃទី13 ខែឧសភា ឆ្នាំ2020។

    តាមលិខិតផ្លូវការរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើជូន​ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា តាមសំណើរបស់សហព័ន្ធស្រូវអង្ករកម្ពុជា រាជ​រដ្ឋាភិបាល សម្រេចផ្តល់ការអនុញ្ញាតឱ្យធ្វើការនាំចេញអង្ករស ជាបណ្តើរៗឡើងវិញ តាមកិច្ច​សន្យា​បញ្ជាទិញពីក្រៅប្រទេស។

    សូមរំឭកថា ដើម្បីធានាដល់ការផ្គត់ផ្គង់ក្នុងស្រុក ក្នុងដំណាក់ប្រឈមនឹងការរីករាល​ដាល​នៃជំងឺកូវីដ-19 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ​ទី30 ខែមីនា ឆ្នាំ2020 ដាក់ចេញបទបញ្ជាឱ្យផ្អាកនូវការនាំចេញអង្ករស និងស្រូវ ដោយចាប់អនុវត្តន៍ពីម៉ោង 23:59នាទី ថ្ងៃទី5 ខែមីនា ឆ្នាំ2020 ដើម្បីធានានូវសន្តិសុខស្បៀងរបស់កម្ពុជា នៅគ្រាដែលកំពុងរងវិបត្តិនៃជំងឺកូវីដ-19។ ការហាមឃាត់ការនាំចេញអង្ករនេះ គឺហាមឃាត់ តែអង្ករស និងស្រូវប៉ុណ្ណោះ ចំពោះអង្ករក្រអូប ត្រូវបានអនុញ្ញាតឱ្យនាំចេញធម្មតា។

    យោងតាមកិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាអំពីថ្លៃដើមផលិតកម្ម និងនាំចេញអង្ករ កម្ពុជាកាលពីថ្ងៃទី12 ខែ​ឧសភា ឆ្នាំ​2020 របស់ក្រសួង​ពាណិជ្ជកម្ម បានឱ្យដឹងថា គម្រោងសិក្សា​ថ្លៃ​ដើមផលិតកម្ម និងនាំចេញអង្ករកម្ពុជា ត្រូវបានស្នើឡើងដោយក្រសួងពាណិជ្ជកម្ម ក្រោមកិច្ច​សហ​ការ និងគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការ «កម្មវិធីខ្សែចង្វាក់តម្លៃកសិកម្មកម្ពុជា» ឬ កាវ៉ាក់ (CAVAC) ដែលគម្រោងនេះមានបំណងរកឱ្យឃើញពីបញ្ហាប្រឈមឧត្តម​ភាព ឬលទ្ធ​ភាព​ពង្រឹងភាពប្រកួតប្រជែងបច្ចុប្បន្នរបស់វិស័យស្រូវ-អង្ករកម្ពុជា។

    ការសិក្សាបានផ្តោតសំខាន់លើភាពប្រកួតប្រជែងវិស័យស្រូវ-អង្ករកម្ពុជា ដោយវិភាគលើ​ខ្សែចង្វាក់តម្លៃរបស់វិស័យស្រូវ-អង្ករ ចាប់តាំងពីការបង្កបង្កើនផល ការសម្ងួត និងកិន រហូតដល់​ការនាំចេញ ដែលរួមទាំងការដឹកជញ្ជូន និងការរត់ការឯកសារផងដែរ សម្រាប់ការនាំ​ចេញទៅកាន់​ប្រទេសគោលដៅ (ប្រទេសនាំចូល) នៅសហភាពអឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀត។

    ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួង​ពាណិជ្ជកម្ម​ ដែលបានដឹកនាំ​កិច្ចប្រជុំពិភាក្សា​លើរបាយការណ៍សិក្សាអំពីថ្លៃដើមផលិតកម្ម និងនាំចេញអង្ករកម្ពុជា (Rice Export Cost Study)​បានឱ្យដឹងថា របាយការណ៍ នៃលទ្ធផលសិក្សា នឹងផ្សព្វផ្សាយជូនវិស័យឯកជន និងបណ្តាក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ សំដៅដាក់ចេញផែនការ និងគោលនយោបាយអភិវឌ្ឍន៍វិស័យស្រូវ-អង្ករកម្ពុជា និង​ឈានទៅចាប់​យកទីផ្សារអង្ករក្រៅប្រទេស។

    ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងឯកជន បន្ត​សហការ និងធ្វើ​ការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យស្រូវ-អង្ករកម្ពុជា លើតម្លៃអង្ករនាំចេញ។

    ទន្ទឹមនឹងនេះ អង្គប្រជុំបានពិភាក្សាលើផ្នែកពាក់ព័ន្ធ​សំខាន់ៗដែលប៉ះពាល់​ដល់តម្លៃនាំចេញ​អង្ករ​កម្ពុជា រួមមាន៖ អគ្គិសនី ថ្លៃដឹកជញ្ជូនពីឃ្លាំងទៅកំពង់ផែ ថ្លៃចំណាយនៅកំពង់ផែ ចំណាយ​លើ​ការនាំចេញ ថ្លៃដឹកជញ្ជូនពីកំពង់ផែទៅប្រទេសគោលដៅ (នាំចូល) និងចំណាយពាក់​ព័ន្ធផ្សេងៗ​ទៀតផងដែរ។

    គួរបញ្ជាក់ថា គិតត្រឹម 3ខែ ដើមឆ្នាំ2020នេះ កម្ពុជាបាននាំចេញអង្ករសរុបទៅកាន់ទីផ្សារ អន្តរជាតិចំនួនជាង 23ម៉ឺនតោន ខណៈដែលសហព័ន្ធស្រូវអង្ករកម្ពុជាធ្លាប់បានបង្ហាញពីក្ដីរំពឹង ចំពោះការនាំចេញអង្កររបស់កម្ពុជានៅ ឆ្នាំ2020 នេះថា អាចនឹងមានការកើនឡើងដល់ 80ម៉ឺនតោន។ កាលពីឆ្នាំ 2019 កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណសរុបចំនួន 62ម៉ឺនតោន ថយចុះជិត 1% បើធៀបនឹងឆ្នាំ2018៕

  • វិធីសាស្ត្រជួយបង្រៀនក្មេងឱ្យមានការចងចាំល្អពេលមានវិបត្តិ Covid-19

    វិធីសាស្ត្រជួយបង្រៀនក្មេងឱ្យមានការចងចាំល្អពេលមានវិបត្តិ Covid-19

    ក្នុងពេលសិក្សាតាមរយៈបច្ចេកវិទ្យានេះ អាណាព្យាបាលជាច្រើនបានបង្ហាញការព្រួយបារម្ភចំពោះកូនៗព្រោះពួកគាត់​បារម្ភក្រែងកូនមិនចងចាំបានល្អ មិនទាន់ទម្លាប់រៀនជាមួយបច្ចេកវិទ្យា ឬជក់ជាមួយនឹងបច្ចេកវិទ្យាជ្រុលលើសពីការសិក្សាជាដើម។

    នៅក្នុងដំណាក់កាលនេះ អាណាព្យាបាលគួរព្យាយាម​ចូលរួមឱ្យបានកាន់តែច្រើនដើម្បីធ្វើយ៉ាងណាឱ្យការសិក្សារបស់កូនៗអាចប្រព្រឹត្តទៅបានរលូន​។ នៅពេលនេះអ្នកជំនាញនានាបានណែនាំមនុស្សឱ្យ​ធ្វើការផ្លាស់ប្តូររបៀបនៃការរស់នៅក្នុងជីវិតរបស់យើង (new normal life) ដើម្បីការពារសុខភាព តែលើសពីការបង្ការកុំឱ្យឆ្លងមេរោគ មនុស្សក៏គួរតែ​គិតគូរពី​ការផ្លាស់ប្តូរទម្លាប់ក្នុងការប្រាស្រ័យទាក់ទងជាមួយកូន និងការបង្រៀនកូនៗផងដែរ។

    ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួន​ក្នុងការបង្រៀនកូនៗឱ្យមានការចងចាំល្អ បន្ថែមពីការរៀនតាមបច្ចេកវិទ្យា៖

    1. និទានរឿង

    ការនិទានរឿង ត្រូវបានគេមើលឃើញថា​ជាផ្នែកយ៉ាងសំខាន់មួយដែលធ្វើឱ្យកុមារមានការចងចាំបានល្អ ព្រោះធម្មជាតិរបស់កុមារគឺចូលចិត្តស្តាប់ មើល និង​ដាក់អារម្មណ៍រីករាយជាមួយនឹងដំណើររឿងដែលមនុស្សធំបង្ហាញ។ ហេតុនេះ​អាណាព្យាបាលគួរ​ស្វែងរយល់ពីតម្លៃអប់រំនៃ​មេរៀនរបស់កូន បន្ទាប់មក​ស្វែងរក​រឿងនិទានខ្លីៗណាដែល​ត្រូវនឹង​ផ្នត់គំនិតអប់រំនោះដើម្បីនិយាយប្រាប់គេបន្ថែមពីលើអ្វីដែលគ្រូបង្រៀនតាមអនឡាញ។

    វាក៏ជាវិធីសាស្រ្តល្អផងដែរក្នុងការរក្សាទំនាក់ទំនងល្អជាមួយកូន និង​ជាវិធីដើម្បីជំរុញឱ្យ​កុមារមានភាពរីករាយក្នុងពេលសិក្សា​នៅផ្ទះថែមទៀតផង។

    2. ល្បែងកម្សាន្តល្បងប្រាជ្ញា

    កុមារតូចជាវ័យដែលចូលចិត្តលេងបំផុត ហេតុនេះប្រសិនបើអាណាព្យាបាលគ្មានពេលគ្រប់គ្រាន់ដើម្បីលេងជាមួយពួកគេ ឬមិនបានយកចិត្តទុកដាក់​ក្នុងការ​គ្រប់គ្រងការលេងរបស់ក្មេងឱ្យបានល្អ នោះកុមារនឹង​នឹង​អាចក្លាយជាមនុស្សម្នាក់ដែលងាកទៅរកភាពញៀន​ឧបករណ៍អេឡិចត្រូនិក។

    ហេតុនេះអាណាព្យាបាលគួរស្វែងរក Mobile App ឬសៀវភៅទាំងឡាយណាដែលមានល្បែងកម្សាន្ត​បង្កើនភាពឆ្លាតវៃ (IQ) ដើម្បីនាំពួកគេលេង។ បន្ថែមពីលើនេះ បើមានពេលអាណាព្យាបាលក៏អាចបង្កើតកម្មវិធីធ្វើតេសងាយៗពាក់ព័ន្ធនឹងមេរៀន ឬចំណេះដឹងទូទៅដើម្បីឱ្យ​ពួកគេប្រឡងយករង្វាន់ផងដែរ។ វិធីនេះជាវិធីមួយដែលអ្នកអប់រំជាច្រើនណែនាំអាណាព្យាបាលជំរុញកូនឱ្យខំរៀនដោយមិនបាច់បង្ខំ និងមិនប្រើអំពើហិង្សា។

    3. Mind Map

    អ្នកជំនាញចិត្តសាស្ត្រអប់រំ បានមើលឃើញថា នៅក្នុងចំណោម​វិធីសាស្រ្តនានាដើម្បីឱ្យមានការចងចាំបានល្អ ការគូសតារាងសង្ខេបមេរៀន ឬការធ្វើ Mind map ដោយប្រើប្រាស់ពណ៌ ឬរូបសត្វដែលកុមារចូលចិត្ត អាចធ្វើឱ្យគេងាយចងចាំ​បានល្អ។

    ជាធម្មតាក្មេងចូលចិត្តសង្កេត និង​ចូលចិត្ត​រូបភាពដែលមានភាពទាក់ទាញ ហេតុនេះប្រសិនបើអាណាព្យាបាល​អាចឆ្លៀតពេល​គូររូប ឬ​ប្រើប្រាស់រូបភាពស្អាតៗដើម្បីបង្កើតជាតារាងប្រភេទមេរៀនរបស់កូន នោះក្មេងៗនឹងឧស្សាហ៍មើល ហើយចងចាំដោយងាយនៅគ្រប់ទីកន្លែងក្នុងផ្ទះ៕

  • កម្មវិធីសេវាដឹកជញ្ជូនទំនិញឆាប់រហ័សប្រចាំថ្ងៃ ហ្គ្រែបម៉ាត (GrabMart) ត្រូវបានដាក់ឲ្យដំណើរការក្នុងរាជធានីភ្នំពេញ

    កម្មវិធីសេវាដឹកជញ្ជូនទំនិញឆាប់រហ័សប្រចាំថ្ងៃ ហ្គ្រែបម៉ាត (GrabMart) ត្រូវបានដាក់ឲ្យដំណើរការក្នុងរាជធានីភ្នំពេញ

    ភ្នំពេញ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ – កម្មវិធី GrabMart ដែលជាសេវាកម្មដឹកជញ្ជូនទំនិញ​ប្រចាំថ្ងៃឆាប់រហ័ស ត្រូវបានដាក់ឱ្យដំណើរការនៅរាជធានីភ្នំពេញកាលពីសប្តាហ៍មុន។

    ឥឡូវនេះប្រជាពលរដ្ឋនៅរាជធានីអាចទិញគ្រឿងទេស អាហារកញ្ចប់ ផលិតផលថែរក្សាសុខភាព ផលិតផលថែរក្សាសម្រស់ កាដូ និងទំនិញជាច្រើនទៀតតាមរយៈកម្មវិធី Grab ដោយដឹកជញ្ជូន សម្រាប់លោកអ្នកក្នុងរយៈពេលតិចជាង ១ ម៉ោង។

    ដោយគ្រាន់តែបញ្ចូលអាស័យដ្ឋានរបស់ពួកគេនៅក្នុងមុខងារកម្មវិធី GrabMart នៅក្នុងកម្មវិធី Grab អតិថិជននឹងឃើញបញ្ជីរាយនាមមុខទំនិញដែលអាចទិញបាននៅតាមហាងជិតអាស័យដ្ឋានបំផុត។ ឈ្មោះហាងទំនិញ​ដែលត្រូវបានបង្ហាញក្នុងបញ្ជីទិញទំនិញ អាស្រ័យលើទីតាំងរបស់អតិថិជន រួមមាន ហាងថៃហួត (Thai Hout) គីវីម៉ាត (Kiwi Mart) ឱសថស្ថានយូឃែរ (Ucare Pharmacy) និង វីននេសកម្ពុជា (Winest Cambodia)។

    នៅក្នុងដំណាក់កាលទើបតែចាប់ផ្ដើមដំបូង សេវាកម្មនេះនឹងមានវត្តមាននៅចំកណ្ដាល រាជធានីភ្នំពេញតែប៉ុណ្ណោះ ដែលគ្របដណ្ដប់លើសង្កាត់​បឹងកេងកង សង្កាត់ទួលទំពូង ខណ្ឌដូនពេញ ខណ្ឌទួលគោក និងតំបន់មួយចំនួនទៀតដែលនៅក្បែរសង្កាត់ខណ្ឌទាំងនេះ) ហើយអតិថិជនអាចបង់ថ្លៃសេវាដឹកជញ្ជូន របស់ពួកគេជាសាច់ប្រាក់ជាមួយដៃគូបើកបរ​បាន ហើយទំនិញដែលដឹកជញ្ជូន ត្រូវមានតម្លៃមិនលើសពី ៤០ ដុល្លារនោះទេ។ ក្រុមហ៊ុន Grab គ្រោងនឹងពង្រីកសេវាកម្មនេះនៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញនាពេលអនាគត ដ៏ខ្លីខាងមុខនេះផងដែរ ដោយនឹងមានដៃគូពាណិជ្ជកម្មកាន់តែច្រើន ដែលនឹងត្រូវបានដាក់បញ្ចូល នាពេលឆាប់ៗខាងមុខនេះ។

    លោក Hashim Alkaff ប្រធានក្រុមហ៊ុន Grab ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ៖​ «យើងសូមណែនាំសេវាកម្មថ្មីៗមួយចំនួន ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងអំឡុងពេលនៃជំងឺរាតត្បាតសកល ហើយយើងនឹងប្រើប្រាស់បច្ចេកវិទ្យារបស់យើង តាមគ្រប់មធ្យោបាយ ដើម្បីផ្ដល់ជូននិងពង្រីកសេវាកម្មថ្មីៗ ដើម្បីជួយបំពេញតម្រូវការប្រជាពលរដ្ឋ។ នេះក៏ជាឱកាសសម្រាប់ដៃគូបើកបររបស់យើង ឲ្យទទួលបានប្រភពចំណូលបន្ថែមផងដែរ។»

    លោក Alkaff  បានបន្ថែមទៀតថា ៖​ «នៅក្នុងកាលៈទេសៈដែលប្រជាពលរដ្ឋត្រូវការដំណោះស្រាយ ជាបន្ទាន់  ដើម្បីដោះស្រាយភាពខ្វះចន្លោះក្នុងគ្រាដ៏លំបាកបែបនេះ សេវាកម្មរហ័សរបស់យើងនឹងរង់ចាំជួយសម្រួលដល់ពួកគេជានិច្ច។»