Author: ធឿន មករា

  • ឈប់ប្រឹងស្រែក ឬស្លៀកពាក់ស៊ិចស៊ី Live លក់ផលិតផលទៀតទៅ បន្តិចទៀត Facebook បង្កើត ផ្សារលក់ទំនិញឱ្យហើយ

    ឈប់ប្រឹងស្រែក ឬស្លៀកពាក់ស៊ិចស៊ី Live លក់ផលិតផលទៀតទៅ បន្តិចទៀត Facebook បង្កើត ផ្សារលក់ទំនិញឱ្យហើយ

    តាមការបញ្ជាក់របស់​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងថាបន្តិចទៀនេះ Facebook នឹងប្រកាសដាក់ឱ្យប្រើប្រាស់ Facebook Shop សម្រាប់អ្នកដែលមានបំណងចង់ធ្វើអាជីវកម្មខ្នាតតូចតាមប្រព័ន្ធអនឡាញនៅលើបណ្តាញសង្គមដ៏ធំមួយនេះ។ ការរៀបចំនេះស្របពេលដែលមានការផ្ទុះនូវជំងឺ Covid-19 ដែលធ្វើឱ្យ​មនុស្សមិនអាចចេញទៅក្រៅដើម្បីដើរផ្សារទិញទំនិញបាន។

    Facebook Shop វាគឺជាកម្មវិធីមួយសម្រាប់ឱ្យអ្នកធ្វើអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួន អាចបង្កើតហាងខ្លួនឯងបានដើម្បីលក់ផលិតផលដោយផ្ទាល់ ឬឱ្យអតិថិជនអាចចូលទៅរកមើលផលិតផលដែលគេចង់បាននៅក្នុងហាងនោះបានផងដែរ និយាយទៅវាស្រដៀងទៅនឹង Facebook Page ដែរ គ្រាន់តែវាមានលក្ខណៈស្តង់ដារជាការលក់លើអនឡាញជាង ដោយមានភ្ជាប់មកជាមួយនឹងមុខងារបញ្ជារទិញ កាតាឡុកផលិតផលតាំងបង្ហាញ ព្រមទាំងមានមុខងារក្នុងការទូទាត់ប្រាក់ សំខាន់ៗមួយចំនួនដែលស្រដៀងគ្នាទៅនឹងវេបសាយលក់អនឡាញនានាផ្សេងដែរ។

    លោកអ្នកអាចដំឡើងកម្មវិធី Facebook Shop ដោយឥតគិតថ្លៃ ដើម្បីរៀបចំជាហាងផ្ទាល់ខ្លួន ហើយវានឹងបង្ហាញប្រាប់នៅលើ គណនី Facebook និង Instagram របស់លោកអ្នកដើម្បីចាប់ផ្តើមដំណើរការហាងនោះ ហើយមិនយូរមិនឆាប់វាក៏មាននៅលើ Messenger និង WhatsApp ផងដែរ សម្រាប់ធ្វើការទាក់ទងជាមួយអតិថិជនរបស់លោកអ្នក៕

  • ឆ្លងមេរោគក្នុងក្រសែឈាម គឺជាអ្វី? និងគ្រោះថ្នាក់ប៉ុនណា?

    ឆ្លងមេរោគក្នុងក្រសែឈាម គឺជាអ្វី? និងគ្រោះថ្នាក់ប៉ុនណា?

    ការឆ្លងមេរោគក្នុងក្រសែឈាម ទោះវាត្រឹមតែជាអាការ មិនមែនជាជំងឺមែន តែយើងត្រូវតែធ្លាប់បានឮមកខ្លះហើយយ៉ាងពិតប្រាកដ ព្រោះមិនថាលោកអ្នកឈឺដោយជំងឺអ្វីនោះទេ ក៏អាចមានសិទ្ធិក្នុងការកើតអាការឆ្លងមេរោគក្នុងក្រសែឈាមបានដែរ ហើយដែលសំខាន់នោះគឺ បើមិនបានទទួលការព្យាបាលយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលានោះទេ ក៏អាចធ្វើឱ្យស្លាប់បាត់បង់ជីវិតបានភ្លាមៗក្នុងរយៈពេលតែមិនប៉ុន្មាននាទីប៉ុណ្ណោះ។

    តើការឆ្លងមេរោគក្នុងក្រសែឈាមគឺជាអ្វី?

    សភាវឆ្លងមេរោគក្នុងក្រសែឈាម កើតឡើងពីការដែលមានមេរោគឆ្លងចូលមកក្នុងរាងកាយយើងតាមផ្លូវណាមួយ មេរោគរត់តាមក្រសែឈាម បង្កឱ្យកើតអាការរលាកក្លាយ ឆ្លងមេរោគនៅបរិវេណណាមួយ ឬទូទាំងរាងកាយ។ ជាប្រក្រតី នៅពេលមេរោគចូលមកក្នុងរាងកាយ នឹងមានគ្រាប់ឈាមសនៅចាំបំពេញតួនាទីចាប់មេរោគនោះរួចជាស្រេចហើយ តែនៅពេលណាដែលរាងកាយស្ថិតក្នុងសភាវទន់ខ្សោយ មិនអាចតតាំងជាមួយមេរោគបាន ទើបជាហេតុឱ្យមេរោគចូលទៅក្នុងក្រសែឈាមរហូតកើតអាការឆ្លងមេរោគហ្នឹងឯង។

    បច្ច័យប្រថុយប្រថានចំពោះសភាវការឆ្លងមេរោគក្នុងក្រសែឈាម

    – ជំងឺឈឺថ្កាត់

    ប្រាកដណាស់ថា ពេលណាក៏ដោយដែលរាងកាយចុះទន់ខ្សោយ កើតជំងឺ ប្រព័ន្ធប្រឆាំងជំងឺមិនសមប្រកប ឬបំពេញតួនាទីមិនបានពេញទំហឹង នៅពេលនោះមេរោគក៏អាចចូលមកក្នុងរាងកាយរហូតធ្វើឱ្យកើតការឆ្លងមេរោគក្នុងក្រសែឈាមបាន ដូចជា គ្រុនផ្តាសាយធំ គ្រុនឈាម ជាដើម។

    – កុមារ និងមនុស្សចាស់ មានឱកាសប្រថុយប្រថានក្នុងការឆ្លងមេរោគក្នុងក្រសែឈាមខ្លាំងជាងមនុស្សវ័យជំទង់ និងវ័យធ្វើការងារ។

    ដោយសារតែកុមារតូចៗ និងមនុស្សវ័យចំណាស់មានប្រព័ន្ធប្រឆាំងជំងឺទាបជាងមនុស្សក្នុងវ័យផ្សេងៗ បើមានអាការឈឺថ្កាត់ ឬមិនមាំទាំស្រាប់ហើយផងនោះ ទើបមានឱកាសប្រថុយប្រថានក្នុងការឆ្លងមេរោគក្នុងក្រសែឈាមច្រើនជាងហ្នឹងឯង។

    – អ្នកដែលមានជំងឺប្រចាំកាយ

    ដូចជា ជំងឺថ្លើមរឹង ទឹកនោមផ្អែម ខ្សោយក្រលៀនរ៉ាំរ៉ៃ អេដស៍ ជាដើម ព្រោះរាងកាយស្ថិតនៅក្នុងអំឡុងពេលដែលប្រព័ន្ធប្រឆាំងជំងឺធ្វើការមិនបានពេញលេញ។

    – ការដាក់ឧបករណ៍ផ្សេងៗក្នុងរាងកាយ

    បើជាអ្នកជំងឺដែលត្រូវការសុលទុយយោតាមទ្វាធំ និងបង្ហួរនោម ឬបំពង់ និងទុយយោផ្សេងៗចូលទៅក្នុងបំពង់ក ឬតាមផ្នែកណាមួយរបស់រាងកាយ ត្រូវប្រយ័ត្នប្រយែងឱ្យឧបករណ៍ទាំងនោះស្អាត គ្មានមេរោគ ព្រោះអ្នកជំងឺកំពុងស្ថិតក្នុងសភាវប្រព័ន្ធប្រឆាំងជំងឺចុះខ្សោយស្រាប់ហើយ មេរោគពីឧបករណ៍ទាំងនោះអាចនឹងធ្វើឱ្យអ្នកជំងឺឆ្លងមេរោគ និងនាំឆ្ពោះទៅរកសភាវឆ្លងមេរោគក្នុងសរសៃ​ឈាមបាន។

    – មេរោគបង្កជំងឺមានភាពខ្លាំងក្លាខុសប្រក្រតី និងអ្នកជំងឺស្ថិតក្នុងសភាវឌឺថ្នាំ

    បើជាអ្នកជំងឺដែលមានប្រវត្តិធ្លាប់ឈឺថ្កាត់ជាប្រចាំស្រាប់ហើយនោះ រាងកាយនឹងចុះខ្សោយ និងមេរោគអភិវឌ្ឍរហូតមិនអាចប្រើថ្នាំដដែលនោះដើម្បីធ្វើការព្យាបាលតទៅទៀតបាននោះ បើនៅរកថ្នាំផ្សេងទៀតមកជំនួសមិនបាន និងព្យាបាលមិនបានទាន់ពេលវេលា ក៏អាចនឹងកើតសភាវឆ្លងមេរោគក្នុងក្រសែឈាមបានដូចគ្នាដែរ។

    អាការរបស់ការឆ្លងមេរោគក្នុងក្រសែឈាម

    – គ្រុនក្តៅខ្លួនលើសពី 38,3 អង្សា

    – ជីពចរលោតញាប់លើសពី 90 ដងក្នុងមួយនាទី(មនុស្សធំ)

    – ដង្ហើមញាប់ជាង 24 ដងក្នុងមួយនាទី(មនុស្សធំ)

    – គ្រាប់ឈាមសកើនចំនួនច្រើនឡើង

    – សម្ពាធឈាមធ្លាក់ចុះទាប រហូតអាចមានអាការសន្លប់បាត់ស្មារតី

    – បើឆ្លងមេរោគក្នុងអវយវៈមួយចំនួននោះ នឹងកើតមានអាការនៅលើបរិវេណនោះ ដូចជា បត់ជើងតូចចេញមកក្រហាយផ្សា

    ដែលបណ្តាលមកពីឆ្លងមេរោគនៅក្នុងប្លោកនោម ឬក្អក និងឈឺក្នុងដើមទ្រូងនៅពេលមានអាការឆ្លងមេរោគនៅក្នុងសួតជាដើម។

    – ការធ្វើការងាររបស់អវយវៈផ្សេងៗរអាក់រអួល ឬគាំង ដូចជា ក្រលៀន សួត បេះដូង រហូតចុងក្រោយស្លាប់បាត់បង់ជីវិត។

    ការការពារអាការឆ្លងមេរោគក្នុងក្រសែឈាម

    1 – ថែរក្សាសភាពរាងកាយឱ្យនៅរឹងមាំជាប់ជានិច្ច(កុំឱ្យឈឺញឹកញាប់ពេក)

    2 – បរិភោគអាហារឱ្យមានប្រយោជន៍ គ្រប់ 5 ប្រភេទក្រុម ហាត់ប្រាណជាប់ជាប្រចាំ ក្នុងមួយសប្តាហ៍ 2 – 3 ដង។

    3 – សម្រាកឱ្យបានគ្រប់គ្រាន់ គេងក្នុងមួយថ្ងៃឱ្យបាន 6 – 8 ម៉ោង។

    4 – ចាក់វ៉ាក់សាំងការពារជំងឺម្តងម្កាល ដូចជា វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយធំ មេរោគវីរុសរលាកថ្លើម ។

    5 – ត្រួតពិនិត្យរាងកាយឱ្យបានជាប់លាប់រៀងរាល់ឆ្នាំ។

    6 – អ្នកដែលមានជំងឺប្រចាំកាយត្រូវទៅជួបលោកគ្រូពេទ្យតាមការណាត់ និងលេបថ្នាំឱ្យបានទៀងទាត់៕

  • Samsung Galaxy Z flip រចនាបថដ៏ប្រណីតថ្មី…ពេលបត់ក៏ឡូយឆាយស្រស់ស្អាត…ពេលបើករឹតតែសង្ហាទាន់សម័យ!!

    Samsung Galaxy Z flip រចនាបថដ៏ប្រណីតថ្មី…ពេលបត់ក៏ឡូយឆាយស្រស់ស្អាត…ពេលបើករឹតតែសង្ហាទាន់សម័យ!!

    (ភ្នំពេញ) ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០៖ បើនិយាយពីរសនិយមនៃពិភពស្មាតហ្វូនភាគច្រើនគឺមានភាពមិនខុសគ្នាច្រើននោះទេ…គ្រាន់តែវាមានការកែប្រែតិចតួច…ដកនេះ…ថែមនោះ ប៉ុណ្ណោះ! ប៉ុន្តែជាមួយបច្ចេកវិទ្យាដ៏ជឿនលឿនបំផុតរបស់ក្រុមហ៊ុន សាមសុង នាពេលបច្ចុប្បន្ននេះបានធ្វើឱ្យអ្នកនិយមស្មាតហ្វូនជាច្រើនទូទាំងពិភពលោកងាកមកភ្លក់នូវរសជាតិថ្មីនៃកំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ចុងក្រោយ Samsung Galaxy Z flip ដែលកំពុងទាញចំណាប់អារម្មណ៍ ការគាំទ្រ ការកោតសរសើរស្ញប់ស្ញែង និងប្រាថ្នាចង់ប៉ះកាន់ផ្ទាល់ក្នុងដៃធ្វើជាម្ចាស់គ្រប់គ្នាដោយគ្មានការស្ទាក់ស្ទើរចិត្តឡើយ!

    Samsung Galaxy Z flip រចនាឡើងជាមួយ ប្រណិតភាព ទំនើប ទាន់សម័យ ទាក់ភ្នែកមែនទែនជាពិសេស រូបរាងដ៏ស្រស់ស្អាត  ជាមួយនឹងរចនាបទមានភាពកាន់តែប្រណីតដោយរំលេចចេញនូវពណ៌ដ៏ទាក់ទាញចាំងផ្លេករលោងស្អាត ដូចកញ្ចក់អញ្ជឹង! ពិតជាស៊ីវីល័យមែនទែន…!!គ្រាន់តែឃើញក៏មានអារម្មណ៍ថាឡូយបាត់ទៅហើយ…!

    ម្យ៉ាងវិញទៀតសម្រាប់យុវវ័យសម័យថ្មី ជាពិសេសនោះសុភាពនារីដែលចូលចិត្តស្មាតហ្វូនមានលក្ខណៈតូចល្មមខ្យូតៗ…ពេលនេះគឺត្រូវម៉ាច់តែម្តង…!! ជាមួយ Samsung Galaxy Z flip នឹងផ្តល់ឲ្យអ្នកនូវបទពិសោធន៍ដ៏ស័ក្តិសមតាមតម្រូវការ គ្រប់កាលៈទេសៈម៉ាឡូយតែម្តង!

    សូមបញ្ជាក់ផងដែរថាកំពូលស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z flip មិនគ្រាន់តែមានរូបរាងស្រស់ស្អាត ទាក់ទាញ លេចធ្លោ និងឡូយប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានសមត្ថភាពមិនធម្មតាផងដែរ! ចង់ដឹងថាវាមានអ្វីដែលអស្ចារ្យដែលអាចក្តោបយកបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនទូទាំងពិភពលោកបាននោះ…សូមមកមើលទាំងអស់គ្នា!

    * Samsung Galaxy Z flip

    – តម្លៃ៖ 1,449 ដុល្លារ

    – មេម៉ូរី (RAM)៖ 8 GB

    – អង្គផ្ទុក (ROM)៖ 256 GB

    – ទម្ងន់ (Weight)៖ 183 g

    – ស៊ីមកាត៖ Nano Sim និង e-Sim (ស៊ីមអេឡិចត្រូនិច)

    – ទំហំអេក្រង់៖ 6.7”

    – ប្រភេទអេក្រង់៖ Foldable Dynamic AMOLED

    – ប្រព័ន្ធដំណើរការ៖ Android 10, One UI 2

    – CPU: Octa-core Qualcomm SM8150, Snapdragon 855+

    – កាមេរ៉ាមុខ៖ 10 MP

    – កាមេរ៉ាក្រោយ៖ 12 MP + 12 MP (Dual Primary Cameras)

    – ថាមពលថ្ម៖ Li-po 3300 mAh, សាកថ្មលឿន

    – ប្រព័ន្ធដោះសោរ៖ ស្កេនខ្ចៅដៃលើអេក្រង់

    – ពណ៌៖ ស្វាយ (រលោងចាំងភ្លឺផ្លេកដូចកញ្ចក់) និង ខ្មៅ(រលោងចាំងភ្លឺផ្លេកដូចកញ្ចក់)

    នៅចាំអីទៀត…? អញ្ជើញទៅសាកសួរព័ត៌មានបន្ថែមដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

    * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

  • ក្រុមហ៊ុន Smart Axiata ប្រកាសឈ្មោះស្ថាប័នមួយក្រុមដំបូងដែលទទួលបានជំនួយពីមូលនិធិទឹកប្រាក់ចំនួន1លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវីដ១៩

    ក្រុមហ៊ុន Smart Axiata ប្រកាសឈ្មោះស្ថាប័នមួយក្រុមដំបូងដែលទទួលបានជំនួយពីមូលនិធិទឹកប្រាក់ចំនួន1លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវីដ១៩

    ភ្នំពេញ, ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០៖ ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះថាខ្លួនបានចាប់ផ្តើមផ្តល់ជំនួយពីមូលនិធិទឹកប្រាក់ចំនួន 1 លានដុល្លារបស់ខ្លួនដើម្បីប្រឆាំងវីរុសកូវីដ១៩ ដល់វិទ្យាស្ថានបា៉ស្ទ័រកម្ពុជា (Institut Pasteur du Cambodge)  វិទ្យាស្ថានបើកទូលាយ (Open Institute)  អង្គការមិត្តសំលាញ់អន្តរជាតិ (Friends International) និង ក្រុមហ៊ុនសារព័ត៌មាន Southeastern Globe Communications។

    គម្រោងរបស់ស្ថាប័នក្រុមដំបូង ដែលត្រូវបានអនុម័តដោយគណៈកម្មាធិការនិងដៃគូវាយតម្លៃ​ផ្ដោតលើសកម្មភាពរួមមាន៖

    1. ការផ្ដល់ឧបករណ៍ធ្វើតេស្ត និងឧបករណ៍ការពារខ្លួនផ្ទាល់ប្រឆាំងវីរុសកូវីដ១៩ រហូតដល់រយៈពេល 2 ខែសម្រាប់ការ       ពិនិត្យនិងការធ្វើរោគវិនិច្ឆ័យ ក្នុងនោះមានការធ្វើតេស្តម៉ូលេគុលដល់អ្នកជំងឺរាប់ពាន់នាក់ ដែលដឹកនាំដោយវិទ្យាស្ថាន   ប៉ាស្ទ័រកម្ពុជា
    2. កម្មវិធីភ្នាក់ងារសុវត្ថិភាពកុមារដែលផ្ដោតសំខាន់លើបុគ្គលនិង សហគមន៏ដែលមិនមានឱកាសនិងលទ្ធភាព នៅតាមខេត្តចំនួន ៧​ ដែលដឹកនាំ​ដោយ អង្គការមិត្តសំលាញ់អន្តរជាតិ
    3. វេទិកាព័ត៍មាន​និង​ការចូលរួមទាក់ទងនិងវីរុសកូវីដ១៩ ដែលមានប្រធានបទ ស្ដីអំពីអាជីព និង ការអប់រំ ដែលដឹកនាំដោយក្រុមហ៊ុនសារព័ត៌មាន Southeastern Globe Communications
    4. ការអភិវឌ្ឍមាតិកាតាមអនឡាញសម្រាប់កម្មវិធីរសិក្សាតាមអិុនធឺណិតថ្នាក់ជាតិ ដោយផ្ដល់សំដៅដល់សិស្សថ្នាក់ទី១២ ដោយដឹកនាំដោយវិទ្យាស្ថានបើកទូលាយ។​

    លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «កម្មវិធីផ្ដួចផ្ដើមទាំងបួនដំបូងដែលត្រូវបានជ្រើសរើសសម្រាប់ការផ្ដល់ជំនួយមូលនិធិនេះគឺផ្តោតសំខាន់លើវិស័យដែលយើងគាំទ្រ​​ដូចជា៖ បច្ចេកវិទ្យាទូរគមនាគមន៍សម្រាប់វិស័យអប់រំ ការគ្រប់គ្រងគ្រោះមហន្តរាយ ការក្សាចម្ងាយពីគ្នា និងការរក្សាអនាម័យផ្ទាល់ខ្លួន។ បេក្ខជនទាំងអស់ដែលយើងបានសន្យាផ្តល់ជំនួយមូលនិធិនេះមានការប្តេជ្ញាចិត្តស្របនិិង ក្រុមហ៊ុន​ Smart ដើម្បីជួយប្រទេសកម្ពុជាក្នុងការប្រើប្រាស់ បច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្តល់អំណាចដល់សង្គម ដើម្បីទប់ស្កាត់ និងជៀសវាងឲ្យផុតពីការឆ្លងរាលដាលវីរុសនេះជាមួយគ្នា ហើយសង្ឃឹមថានឹងផ្លាស់ផ្ដូរជីវិតរស់នៅ មកជាធម្មតាឡើងវិញនាពេលឆាប់ៗនេះ។»

    មូលនិធិរបស់ក្រុមហ៊ុន Smart ដែលបើកទទួលពាក្យសុំពីស្ថាប័ននានាកាលពីខែមុន មានគោលបំណងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់សកម្មភាពទាំងឡាយណាដែលមានសមត្ថភាពចូលរួមដោះស្រាយតម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្ពុជាក្នុងកំឡុងពេលនិងក្រោយពេលមានវិបត្តិ។​ មូលនិធិរបស់ក្រុមហ៊ុន Smart  គឺជាទឹកប្រាក់លើសពីការប្តេជ្ញាក្នុងការបរិច្ចាគប្រាក់ចំណូលប្រចាំឆ្នាំទៅក្នុងកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដែលមានច្រើនជាង ១​ ភាគរយនៃប្រាក់ចំណូលឌុលរបស់ខ្លួន។

    ពាក្យស្នើរសុំនៅបន្តបើកសម្រាប់មូលនិធិជំនួយដើម្បីប្រឆាំងវីរុសកូវីដ១៩ របស់ក្រុមហ៊ុន Smart ហើយរាល់សំណើរទាំងអស់អាចដាក់ស្នើតាមអិុនធឺណិតដោយផ្អែកលើលក្ខណ្ឌវិនិច្ឆ័យច្បាស់លាស់តាមរយៈ៖ https://bit.ly/3aQsrJV

    ការដាក់ស្នើនឹងត្រូវបានពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ដោយគណៈកម្មាធិការផ្ទៃក្នុងមុនពេលបញ្ជូនទៅគណៈកម្មាធិការវាយតម្លៃរួម ដែលមាន ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និងអ្នកតំណាងឯករាជ្យកម្ពុជាចំនួន ២ រូប។ រាល់គម្រោងដែលត្រូវបានអនុម័តគឺស្ថិតក្រោមការគ្រប់គ្រងអភិបាលកិច្ចយ៉ាងហ្មត់ចត់ ដែលរួមមាន​ ការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាព វាស់ស្ទង់ឥទ្ធិពលនៃការប្ដេជ្ញាចិត្ត និងរបាយការណ៍ការចំណាយច្បាស់លាស់ ដែលជាផ្នែកមួយនៃតម្រូវការរបាយការណ៍ចាំ​​​​​​​​   បាច់។

    លោក ថូម៉ាស បានបន្តទៀតថា៖ «យើងបន្តស្វែងរកការដាក់ពាក្យសុំបន្ថែមទៀតពីក្រុមហ៊ុនវិស័យឯកជន    អង្គការក្រៅរាជរដ្ឋាភិបាល អាជីវកម្មទើបបង្កើតថ្មី ក៏ដូចជាស្ថាប័នអប់រំ និងស្ថាប័នរដ្ឋាភិបាលនៅកម្ពុជាលើគម្រោង (ទាំងគម្រោងមានស្រាប់ និងគម្រោងថ្មី) ដែលបង្ហាញពីផលប៉ះពាល់នៃវីរុសកូវីដ១៩។ សេចក្ដីប្រកាសក្នុងថ្ងៃនេះគឺជាការចាប់ផ្តើមនៃគំនិតផ្តួចផ្តើមដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតដែលនឹងត្រុូវទទួលបានជំនួយពីមូលនិធិដើម្បីគាំទ្រដល់ប្រទេសកម្ពុជាក្នុងកំឡុងពេលវិបត្តិនេះដែលមិនធ្លាប់មានពីមុនមក»។

    សម្រាប់ព័ត៌មានបន្ថែម​ទាក់ទងនិងមូលនិធិដើម្បីប្រឆាំងវីរុសកូវីដ ១៩​របស់ក្រុមហ៊ុន     Smart     សូមចូលទៅកាន់ទំព័រហ្វេសប៊ុក ​ ‘Smart for Cambodia’       www.facebook.com/smartforcambodia ឫ​ ចូលទៅកាន់ www.smart.com.kh.

    អំពីក្រុមហ៊ុន Smart

    ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា  “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

    ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ជាមួយ HD Voice (VoLTE) និង 4.5Gក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជា១៩០ប្រទេស។  Smart បាន​នឹង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំង​ព្រះរាជា​ណាចក្រកម្ពុជា ។

    ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវា​ SmartLuy សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និងសេវា SmartNas ។ ក្រុមហ៊ុន Smart មានទស្សនៈវិស័យក្លាយជាក្រុមហ៊ុន  “លេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុត”នៅព្រះរាជាណាចក្រកម្ពុជាត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

    ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និង ធ្វើអោយជីវិតកាន់តែប្រសើរឡើង។

    Smart ជីវិត​រស់​រវើក!               

    ចប់

     

    ក្រុមហ៊ុន​ Smart Axiata Co., Ltd.

    No. 464A, មហាវិថីព្រះមនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា

    ទូរស័ព្ទ: +855 10 201 000

    www.smart.com.kh

                                                                                                   

    សម្រាប់ព័ត៌មាន​បន្ថែម​ សូមទាក់ទង

    លោក      គាំ ទីវា

    ទូរស័ព្ទ៖   +855 10 202 271

    អីុមែ៉ល៖   [email protected]

  • របស់មិនល្អពេលមានផ្ទៃពោះរបស់ស្រ្តី

    របស់មិនល្អពេលមានផ្ទៃពោះរបស់ស្រ្តី

    ស្រ្តីមានផ្ទៃពោះត្រូវតែប្រយ័ត្នឱ្យបានច្រើនលើគ្រប់ៗរឿង ជាពិសេសក្នុងត្រីមាសដំបូង (1-3 ខែដំបូង) រឹតតែត្រូវប្រយ័ត្នខ្លាំង ជាងអំឡុងពេលណាទាំងអស់ ព្រោះជារយៈពេលដែលអាចនឹងកើតការរលូតបានយ៉ាងងាយ ជាអំឡុងពេលដែលកូនកំពុងសាងអវយវៈ និងកំពុងតោងជាប់នឹងជញ្ជាំងស្បូន។ ក្នុងអំឡុងពេលមានគភ៌ ប្រព័ន្ធការពារជំងឺរបស់អ្នកម្តាយនឹងធ្លាក់ចុះទាប ដែលជាការសម្របសម្រួលខ្លួនដើម្បីបន្ថយការបដិសេធគភ៌ ដែលប្រៀបដូចជារឿងផ្លែកចម្លែកមួយដែរ។

    ដូច្នេះ យើងនឹងមើលឃើញថា ស្រ្តីមានគភ៌មានឱកាសឆ្លងមេរោគបានយ៉ាងងាយជាងមនុស្សធម្មតាទូទៅ និងនៅពេលឆ្លងមេរោគហើយ ក៏នឹងកើតសភាវជ្រៀតជ្រែកពីជំងឺផ្សេងកាន់តែងាយឡើង ដូចជា បើឆ្លងមេរោគគ្រុនផ្តាសាយធំ ឱកាសក្នុងការកើតសភាវរលាកសួតមានខ្ពស់ជាងមនុស្សប្រក្រតីទូទៅ ប្រព័ន្ធរំលាយអាហារក៏ដូចគ្នាដែរ បើបានទទួលអាហារដែលមិនស្អាត ស្ទើរឆៅ ស្ទើរឆ្អិននោះ ក៏ធ្វើឱ្យងាយមានការឆ្លងមេរោគក្នុងប្រព័ន្ធរំលាយអាហារ ដែលជាមូលហេតុធ្វើឱ្យស្រ្តីមានគភ៌មានអាការរាករូស ក្អួតចង្អោរ ឈឺពោះ និងត្រូវមកគេងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដើម្បីបញ្ចូលសេរ៉ូមជំនួសជាតិទឹកដែលបាត់បង់ចេញពីរាងកាយដោយសារការក្អួត ឬបន្ទោបង់រាគជាទឹកច្រើនៗដង និងឱ្យញ៉ាំថ្នាំសម្លាប់មេរោគ ដូច្នេះស្រ្តីមានគភ៌គួរតែផ្តល់ភាពសំខាន់ និងផ្ចិតផ្ចង់រឿងអាហារការហូបចុកឱ្យបានដិតដល់ជាពិសេស ដោយសារតែ បើសិនជាមានអាការធ្ងន់ធ្ងរខ្លាំងរហូតរាងកាយទប់ទល់នឹងការឆ្លងមេរោគលែងរួច (ដូចជា ធ្ងន់ធ្ងររហូតទទួលទានអាហារ និងទឹកមិនបាន រហូតធ្វើឱ្យតុល្យភាពទឹក និងសារធាតុរ៉ែក្នុងរាងកាយខុសប្រក្រតី)នោះ រាងកាយអាចកាត់បន្ថយបន្ទុកការធ្វើការងារដោយការទម្លាក់កូនចេញ ដែលធ្វើឱ្យកើតការរលូតតាមមកហ្នឹងឯង។

    ទើបអ្នកម្តាយដែលកំពុងមានគភ៌គួរចៀសវាងអាហារទាំងនេះ ទាំងដែលក្នុងអំឡុងពេលមុនមានផ្ទៃពោះអាចទទួល​ទាន​បានក៏ដោយ ព្រោះសភាពរាងកាយស្ថិតក្នុងអំឡុងពេលដែលខុសផ្លែកពីគ្នា គួរចៀសវាងអាហារឆៅ ដូចជា ត្រីឆៅផ្សេងៗ តែបើចង់ទទួល​ទានមែនទែននោះ ក៏ត្រូវជ្រើសរើសហាងណាដែលជឿទុកចិត្តបានក្នុងរឿងភាពស្អាត និងអនាម័យ។

    ចំណែក ទឹកតែ កាហ្វេ បើឈប់ញ៉ាំក្នុងខណៈពេលតាំងគភ៌បានគឺជារឿងល្អ ព្រោះទោះជាកាហ្វេអ៊ីននៅក្នុងទឹកតែ និងកាហ្វេគ្មានចំណែកធ្វើឱ្យកើតភាពពិការចំពោះកូននៅក្នុងផ្ទៃក៏ដោយ តែវាមានចំណែកជំរុញការធ្វើការងាររបស់បេះដូងអ្នកម្តាយមានគភ៌ឱ្យធ្វើការកាន់តែខ្លាំងឡើង ព្រោះបេះដូងរបស់ស្រ្តីមានគភ៌នឹងធ្វើការកើនឡើង 10 – 15 ភាគរយ ជាប្រក្រតីរបស់ការប្រែប្រួលក្នុងអំឡុងពេលមានគភ៌។ ការបន្ថែមបរិមាណកាហ្វេអ៊ីនចូលទៅទៀត អាចនឹងធ្វើឱ្យអ្នកម្តាយមានគភ៌មានអារម្មណ៍ញ័រដើមទ្រូង ឆាប់ហត់ និងថាមពល​ផ្សេងៗដែលគួរបញ្ជូនទៅឱ្យកូនក្នុងផ្ទៃអាចត្រូវបាននាំទៅប្រើក្នុងការធ្វើការងាររបស់ម្តាយ ធ្វើឱ្យកូនក្នុងផ្ទៃបានទទួលសារជាតិអាហារផ្សេងៗថយចុះ ហើយក្នុងរយៈពេលវែងអាចនឹងហុចផលឱ្យកូនក្នុងគភ៌ខ្លួនតូច ចម្រើនធំធាត់យឺត និងមានទម្ងន់ខ្លួនតិចនៅពេលកើតដំបូង។ ចំពោះស្រ្តីមានគភ៌ដែលញៀនកាហ្វេខ្លាំង ឬអ្នកខ្លះបើមិនបានញ៉ាំហើយនឹងមានអាការឈឺក្បាលនោះ សូមណែនាំថា អាចញ៉ាំបានក្នុងមួយថ្ងៃ មួយកែវដែលជាបរិមាណអាចទទួលយកបាន ឬជ្រើសរើសញ៉ាំកាហ្វេប្រភេទដែលចម្រាញ់យកជាតិកាហ្វេអ៊ីន​ចេញគឺជាការល្អបំផុត៕

  • ភ្នំពេញនឹងមានផ្លូវក្រោមដី 3ខ្សែបន្ថែមទៀតដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

    ភ្នំពេញនឹងមានផ្លូវក្រោមដី 3ខ្សែបន្ថែមទៀតដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

    រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា​ដើម្បី​កាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ក្នុងតំបន់សំខាន់ៗ​នៅក្នុងទីក្រុងដ៏មមាញឹកមួយនេះ អាជ្ញាធរគ្រោងនឹងធ្វើផ្លូវក្រោមដីចំនួន 3ខ្សែបន្ថែមទៀត។

    ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងផ្លូវក្រោមដីទី1 គឺស្ថិតនៅចំណុចផ្លូវជាតិលេខ1 ដោយរដ្ឋបាលរាជធានីភ្នំពេញ​ និងក្រុមហ៊ុនប៉េងហួត បានឯកភាពគ្នា​លើកជាគម្រោង​ស្ថាបនាផ្លូវក្រោមដី​ដែលតភ្ជាប់ពីផ្សារ PH Eco Mall ទៅផ្លូវជាតិលេខ1 ស្ថិតក្នុងសង្កាត់និរោធ។ ផ្លូវក្រោមដីទី2 ស្ថិតនៅផ្លូវសហព័ន្ធរុស្សី នៅមុខវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងផ្លូវក្រោមដីទី3 ស្ថិតនៅម្តុំ​ក្តាន់ពីរក្បែក្រសួងការពារជាតិ។ ​គម្រោងទាំងអស់នេះត្រូវធ្វើឡើងឆ្លើយតបទៅនឹងសំណូមពរ​របស់បងប្អូនប្រជាពលរដ្ឋ​ដែលបានស្នើមក​រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួល​រំដោះចរាចរណ៍៕

  • អៀកឡង់ អនុវត្តបែបណាចំពោះភ្ញៀវបរទេសក្រោយបើកច្រកព្រំដែន?

    អៀកឡង់ អនុវត្តបែបណាចំពោះភ្ញៀវបរទេសក្រោយបើកច្រកព្រំដែន?

    ប្រទេសអៀកឡង់កំពុងរៀបចំឱ្យសេដ្ឋកិច្ច និងដំណើរការប្រទេសរបស់ខ្លួនជាប្រក្រតីជាមួយនឹងទម្លាប់ថ្មី​ សម្រាប់បញ្ចៀសប្រទេសពីបញ្ហា​គ្រោះថ្នាក់នៃជំងឺ Covid-19 និងបញ្ហាសេដ្ឋកិច្ច។

    ជាគម្រោងការប្រទេសនេះនឹងធ្វើតេស្តគ្រប់អ្នកដំណើរទាំងអស់ដែលចូលមកក្នុងប្រទេសបន្ថែមពីការ​វាស់កម្តៅ និងការសម្អាតដៃជាមួយអាល់កុល។ ស្របពេលជាមួយគ្នានេះដែរអ្នកដំណើរទាំងអស់ចាំបាច់តម្រូវឱ្យធ្វើចត្តាឡីសក្តខ្លួនឯងរយៈពេល 14ថ្ងៃ និងត្រូវតែទាញយកកម្មវិធីតាមដាន Covid-19 (Covid-19 Tracing app) នៅគ្រប់​ទូរស័ព្ទដៃទាំងអស់ ដើម្បីឱ្យអាជ្ញាធរដឹងពីកន្លែងដែលយើងបានដើរ និងដឹងពីអ្នកទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងដំណើររបស់យើងនៅក្នុងប្រទេសរបស់គេ។

    នៅក្នុងកម្មវិធីទូរស័ព្ទដៃនេះផងដែរ អ្នកដំណើរទាំងអស់នឹង​ត្រូវតាមដានគ្រប់វិនាទី ហើយ​វានឹងលោតសញ្ញាប្រាប់​ភ្លាមៗចំពោះអ្នកដែលធ្លាប់ទទួលលទ្ធផលវិជ្ជមាន​ Covid-19។ ការធ្វើបែបនេះត្រូវបាន​អ្នកនៅក្នុងឧស្សាហកម្មទេសចរណ៍របស់​ប្រទេសអៀកឡង់​ សង្ឃឹមទុកថាអាចនឹងជួយស្រោចស្រង់ស្ថានភាពអាក្រក់បានខ្លះចំពោះបញ្ហា​ធ្លាក់ចុះនៃទេសចរណ៍ក្នុងស្រុក ព្រោះ 10% នៃ GDP របស់ប្រទេសនេះបានមកពីវិស័យទេសចរណ៍៕

  • រឿងតុក្កតាគ្មានសំឡេងនិយាយគ្រោះថ្នាក់ដល់កុមារបើគ្រប់គ្រងមិនល្អ

    រឿងតុក្កតាគ្មានសំឡេងនិយាយគ្រោះថ្នាក់ដល់កុមារបើគ្រប់គ្រងមិនល្អ

    បច្ចុប្បន្ននេះ ដោយសារតែការរីកចម្រើនខ្លាំងផ្នែកបច្ចេកវិទ្យា បានធ្វើ​គ្រប់គ្នាមានទូរស័ព្ទដៃឆ្លាតវៃ (smart phone) ប្រើប្រាស់ ដោយក្នុងនោះរួមទាំងកុមារតូចៗផងដែរ។ ជារៀងរាល់ថ្ងៃគេសង្កេតឃើញថា កុមារខ្មែរយើងជាច្រើនកំពុងត្រូវបានអាណាព្យាបាលបណ្តែតបណ្តោយឱ្យប្រើប្រាស់ទូស័ព្ទដើម្បីមើលវីដេអូ ឬដើម្បីលេងស្ទើររៀងរាល់ថ្ងៃ។ បញ្ហានេះត្រូវបានអ្នកចិត្តសាស្រ្តបញ្ជាក់ថាអាចគ្រោះថ្នាក់ដល់កុមារតូចៗប្រសិនបើអាណាព្យាបាលគ្រប់គ្រងមិនល្អ។

    តាមគេហទំព័រ Psychology today បានបញ្ជាក់ថា កុមារតូចអភិវឌ្ឍសមត្ថភាពតាមរយៈការបញ្ចូលព័ត៌មានពីគ្រប់ទិសទៅទៅកាន់ខួរក្បាល ដូចជាការរៀននិយាយ ការរៀនគិត និងការរៀន​បញ្ចេញសកម្មភាពជាដើម។ រូបភាព ឬសំឡេងទាំងឡាយណាដែលចូលទៅក្នុងខួរក្បាលរបស់គេ នឹងក្លាយជាប្រភពព័ត៌មានដែលបកប្រែឱ្យក្លាយជាបញ្ញា ឬឥរិយាបថជាក់ស្តែងរបស់ក្មេង។

    បញ្ហាដែលកំពុងជួបប្រទះនៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ គឺក្មេងកាន់តែច្រើនឡើងៗមិនចេះនិយាយ បើទោះពីជាពួកគេដល់វ័យត្រូវនិយាយ ឬហួសវ័យដែលត្រូវចេះនិយាយហើយក៏ដោយ។ ជាក់ស្តែង​ មានកុមារខ្លះ​មានអាយុជិត4ឆ្នាំទៅហើយ តែពួកគេមិនដែលនិយាយ ឬទំនាក់ទំនងជាមួយមនុស្សធំនោះទេ។ បញ្ហានេះ ត្រូវបានស្ថាប័នចិត្តសាស្ត្រខាងលើបញ្ជាក់ថាអាចបណ្តាលមកពីការទំនាក់ទំង និងបញ្ចូលព័ត៌មានមិនល្អទៅកាន់ខួរក្បាល។ ជាធម្មតាក្មេងត្រូវការ​រស់នៅដោយសង្កេតពីសកម្មភាព សន្ទនា និងរៀនតាមមនុស្សធំ តែពេលពួកគេប្រើប្រាស់ពេលវេលាភាគច្រើននៅជាមួយឧករណ៍បច្ចេកវិទ្យា ដែលធ្វើឱ្យគេមិនចង់និយាយ ឬមិនចង់ទាក់ទងជាមួយមនុស្ស។

    បន្ថែមពីលើនេះ កុមារតូចៗដែលមិនទាន់ចេះនិយាយ ភាគច្រើនចូលចិត្តមើល​តុក្កតាដែលមិនមានសំឡេង។ បញ្ហានេះត្រូវបានអ្នកជំនាញចិត្តសាស្ត្រយល់ឃើញថា វាអាចប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពនិយាយរបស់កុមារ ព្រោះក្មេងតូចៗមិនបានរៀនភាសាអ្វីទាំងអស់ក្រៅពីសកម្មភាពដែលគេមើលរាល់ថ្ងៃ។ ហេតុនេះបន្តិចម្តងៗ ពួកគេនឹងប្រើភាសាកាយវិកាដើម្បីជំនួសឱ្យការនិយាយស្តី ដែលបង្កើតជាក្តីព្រួយបារម្ភយ៉ាងធំសម្រាប់អាណាព្យាបាល៕

  • ទង្វើ 5 យ៉ាងដែលប្រថុយនឹងជំងឺបេះដូង

    ទង្វើ 5 យ៉ាងដែលប្រថុយនឹងជំងឺបេះដូង

    ជំងឺបេះដូងមិនមែនមានតែនៅក្នុងខ្សែភាពយន្តដែលយើងតែងឃើញតារាសម្តែងចំណាស់ៗវ័យឪពុកម្តាយលើកដៃឡើងក្តោបដើមទ្រូងជាសញ្ញាថាឈឺបេះដូង ហើយទីបំផុតក៏ស្លាប់បាត់បង់ជីវិតនោះ មិនមែនជារឿងខុសប្រក្រតីឡើយ ព្រោះនរណាៗក៏មានសិទ្ធិកើតជំងឺបេះដូងបានទាំងអស់ ថែមទាំងមិនមែនកើតតែចំពោះមនុស្សចាស់អាយុច្រើនប៉ុណ្ណោះទេ យើងគ្រប់គ្នា គ្រប់ភេទ គ្រប់វ័យ សុទ្ធតែអាចកើតជំងឺបេះដូងបានទាំងអស់ បើមិនព្រមបញ្ឈប់ទង្វើដូចខាងក្រោមនេះទេ។

    1 – បរិភោគអាហារដែលមានខ្លាញ់ច្រើន

    ដូចជា ជើងជ្រូក សាច់ជ្រូកបីជាន់ ស្បែកមាន់បំពង សម្លរខ្ទិះខ្លាញ់ៗផ្សេងៗ បើសិនបរិភោគច្រើនជ្រុលពេក អាចនឹងធ្វើឱ្យកើតសភាវជាតិខ្លាញ់ញ៉ុកណែននៅក្នុងសរសៃឈាម ធ្វើឱ្យឈាមបាញ់ចេញទៅចិញ្ចឹមរាងកាយមិនគ្រប់គ្រាន់ រហូតធ្វើឱ្យកើតសភាវបេះដូងខ្វះឈាម និងអាចនាំឆ្ពោះទៅរកសភាវគាំងបេះដូងបាន។

    2 – ជក់បារី

    មនុស្សជាច្រើនអាចនឹងគិតថា ការជក់បារីនឹងធ្វើឱ្យកើតមហារីកសួតតែប៉ុណ្ណោះ តែការពិតវិញ បារីគឺជាមូលហេតុដែលសំខាន់មួយរបស់ជំងឺបេះដូងដូចគ្នាដែរ ព្រោះបារីធ្វើឱ្យបេះដូងខ្សោះឈាម និងកើតជំងឺសរសៃឈាមបេះដូង។

    3 – ធុញថប់តានតឹង

    ដែលយើងធ្លាប់ឃើញនៅក្នុងខ្សែភាពយន្តថា មហាសេដ្ឋីទាំងឡាយធ្វើការច្រើន មានអារម្មណ៍តានតឹងធុញថប់ ត្រូវលីសែងបន្ទុកធ្ងន់ និងមានសម្ពាធផ្លូវចិត្តគ្រប់ពេលវេលារហូតកើតជំងឺបេះដូង នោះគឺជារឿងពិត ព្រោះពេលណាដែលយើងមានអារម្មណ៍ធុញថប់តានតឹង បេះដូងយើងនឹងធ្វើការកាន់តែខ្លាំងឡើង បេះដូងដើរញាប់ឡើង សម្ពាធឈាមខ្ពស់ឡើង រហូតអាចកើតសភាវបេះដូងដើរខុសចង្វាក់រហូតជំរុញអាការរបស់ជំងឺបេះដូងឱ្យកាន់តែធ្ងន់ធ្ងរឡើងបាន(ក្នុងករណីដែលអ្នកជំងឺកំពុងមានភាពប្រថុយប្រថានស្រាប់ហើយ)។

    4 – មិនដែលហាត់ប្រាណ

    ការរត់ រាំអ៊ែរ៉ូប៊ិកឌែនស៍ ឬហាត់ប្រាណបែបខាឌីអូផ្សេងៗប្រៀបដូចជានាំគ្នាជួយឱ្យបេះដូងបានហាត់ប្រាណ បង្កើនភាពរឹងមាំដល់បេះដូងដូច្នោះដែរ បើបេះដូងមិនដែលបានហ្វឹកហាត់ ក៏ទ្រាំនឹងការធ្វើការធ្ងន់មិនរួច នៅពេលដែលយើងស្ថិតក្នុងសភាវបេះដូងត្រូវធ្វើការធ្ងន់តែបេះដូងទទួលមិនរួច អាចនឹងធ្វើឱ្យបេះដូងគាំងបាន។

    5 – កើតជំងឺទឹកនោមផ្អែម រោគធាត់

    បើអ្នកកើតជំងឺទឹកនោមផ្អែម ឬធាត់ស្រាប់ហើយនោះ អ្នកនឹងប្រថុយប្រថាននឹងការកើតជំងឺបេះដូងខ្លាំងឡើងដែរ ព្រោះមានឱកាសខ្ពស់ណាស់ដែលអ្នកនឹងមានជាតិខ្លាញ់នៅក្នុងឈាមខ្ពស់ ធ្វើឱ្យឈាមខាប់ ញ៉ុកណែនសរសៃឈាមដែលចាត់បញ្ជូនឈាមទៅចិញ្ចឹមបេះដូង ធ្វើឱ្យបេះដូងធ្វើការកាន់តែខ្លាំងឡើង រហូតទៅលែងរួច និងគាំងនៅទីបំផុត។

    បានដឹងបែបនេះហើយ គួរឧស្សាហ៍ហាត់ប្រាណ តមជក់បារី កាត់បន្ថយអាហារដែលមានជាតិខ្លាញ់ច្រើន និងរក្សាសុខភាពឱ្យរឹងមាំជាប់ជានិច្ច តែប៉ុនហ្នឹងអ្នកអាចកាត់បន្ថយភាពប្រថុយប្រថានក្នុងការកើតជំងឺបេះដូងបានច្រើនទៅហើយ៕

  • ឈឺពោះខណៈពេលមានគភ៌ តើជារឿងដែលអ្នកម្តាយត្រូវកង្វល់ដែរឬទេ?

    ឈឺពោះខណៈពេលមានគភ៌ តើជារឿងដែលអ្នកម្តាយត្រូវកង្វល់ដែរឬទេ?

    ស្រ្តីជាច្រើននាក់ដែលមុនពេលមានគភ៌ ភាគច្រើននឹងមានអាការឈឺពោះពេលមានវដ្តរដូវរាល់ខែ លុះដល់ពេលមានគភ៌ក៏គិតថា ការមានគភ៌នឹងធ្វើឱ្យលែងមានអាការឈឺពោះ តែការពិតវិញនោះ មិនមែនដូច្នេះឡើយ ព្រោះស្រ្តីមានផ្ទៃពោះសឹងតែគ្រប់គ្នាតែងតែមានអាការឈឺពោះខណៈពេលមានគភ៌ អ្នកខ្លះឈឺខ្លាំង អ្នកខ្លះឈឺតិច ដែលអាការម្នាក់នឹងខុសប្លែកពីគ្នា។ បើជាការឈឺពោះបន្តិចបន្តួច អ្នកម្តាយមិនចាំបាច់កង្វល់ឡើយ ព្រោះជារឿងប្រក្រតីទេ តែបើមានអាការឈឺបែបធ្ងន់កន្តុកទៅក្រោម ឬឈឺខ្លាំងឡើងៗជារឿយៗនោះ ក៏គួរតែត្រូវសង្កេតមើលអាការផ្សេងៗរួមជាមួយផងហើយ។

    ហេតុអីទើបអ្នកម្តាយមានអាការឈឺពោះខណៈពេលមានគភ៌

    ការតាំងគភ៌ក្នុងត្រីមាសដំបូង រាងកាយរបស់អ្នកម្តាយនឹងមានអាការប្រែប្រួលផ្សេងៗយ៉ាងឆាប់រហ័ស រហូតដល់អ្នកម្តាយអាចនឹងទប់ទល់មិនទាន់ ទើបធ្វើឱ្យអ្នកម្តាយមានអាការឈឺពោះ និងមូលហេតុសំខាន់នោះគឺ ស្បូនរបស់អ្នកម្តាយកំពុងចាប់ផ្តើមពង្រីកខ្លួនឱ្យធំឡើងហ្នឹងឯង។

    ក្នុងអំឡុងពេលដំបូងៗដែលតាំងគភ៌ អ្នកម្តាយអាចចាប់ផ្តើមឈឺពោះផ្នែកខាងស្តាំ ឬ ឆ្វេង ឈឺបែបបន្តិចបន្តួចដោយសារតែការទម្លាក់ខ្លួនរបស់កូនជីវិត។ អាការឈឺពោះដែលបណ្តាលមកពីមូលហេតុនេះនឹងមិនកើតឡើងយូរទេ និងនៅពេលទម្លាក់ខ្លួនរួចរាល់ហើយ អ្នកម្តាយអាចមានអាការឈឺពោះពីអាការឈឺស្បូនដែលចាប់ផ្តើមមានការប្រែប្រួលដើម្បីពង្រីកឱ្យធំឡើងជារឿយៗយ៉ាងយឺតៗដើម្បីមិនឱ្យអ្នកម្តាយមានអារម្មណ៍ថាទើសទែងខ្លាំងពេក។

    ប្រាកដណាស់ថា ការតាំងគភ៌មិនបានចប់ក្នុងអំឡុងពេល 2 – 3 ខែនោះទេ ស្បូននឹងពង្រីកខ្លួនធំឡើងទៅជារឿយៗរហូតទាល់តែដល់កំណត់ប្រសូត ក្រៅពីនេះក្នុងអំឡុងពេលមានគភ៌ បើអ្នកម្តាយមានភេទសម្ព័ន្ធ ឬការដើរ ការហាត់ប្រាណ ការដើរឡើងចុះជណ្តើរនោះ ក៏អាចធ្វើឱ្យអ្នកម្តាយមានអាការឈឺពោះផ្នែកខាងក្រោមបានដែរ ដោយសារតែការប្រើការរបស់សាច់ដុំលើផ្នែកនោះហ្នឹងឯង។

    តើត្រូវធ្វើយ៉ាងណានៅពេលមានអាការឈឺពោះក្នុងអំឡុងពេលមានគភ៌?

    បើអាការឈឺពោះផ្នែកខាងក្រោមរបស់អ្នកម្តាយជាអាការឈឺពោះបែបប្រក្រតីមិនពាក់ព័ន្ធជាមួយសភាវរលូតអ្វីទេនោះ អ្នកម្តាយអាចសម្រាលអាការឈឺពោះបែបនេះបាន ដូចខាងក្រោមនេះ ៈ

    – បញ្ឈប់កិច្ចការងារផ្សេងៗដែលកំពុងធ្វើនោះភ្លាម ដើម្បីអង្គុយ ឬគេងសម្រាកឱ្យរាងកាយបានធូរស្រាល មួយស្របក់អ្នកម្តាយនឹងមានអារម្មណ៍ថា ការឈឺពោះថយចុះ និងមានអាការល្អប្រសើរឡើងវិញមិនខាន។

    – ទម្លាក់ខ្លួនគេង និងសង្កេតមើលថា តើមានអាការឈឺផ្នែកខាងណា ហើយសាកល្បងគេងផ្អៀងខាងឆ្វេង ឬ ខាងស្តាំមើលថា តើគេងផ្អៀងខាងណានឹងធ្វើឱ្យអាការឈឺពោះនោះធូរស្រាលឡើងវិញ?។

    – ងូតទឹកក្តៅឧណ្ហៗ ព្រោះការងូតទឹកក្តៅឧណ្ហៗនឹងជួយកាត់បន្ថយអាការឈឺពោះតាមរាងកាយបានល្អ ឬអាចញ៉ាំថ្នាំប៉ារ៉ាសេតាម៉ុលដើម្បីបន្ថយអាការឈឺបាន។

    តែក្នុងករណីដែលមានអាការឈឺពោះខ្លាំង ធ្វើយ៉ាងណាក៏មិនធូរស្រាលឡើងដែរនោះ ចូរប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យមើលគភ៌ និងរាងកាយ ឬសុំការប្រឹក្សាក៏បាន៕