Author: ធឿន មករា

  • Hudson-Odoi ត្រូវប៉ូលិសឃាត់ខ្លួន ពីបទរំលោភផ្លូវភេទ

    Hudson-Odoi ត្រូវប៉ូលិសឃាត់ខ្លួន ពីបទរំលោភផ្លូវភេទ

    នារីម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ក្រោយពីត្រូវបានគេរាយការណ៍ថា នាងបានទទួលរងនូវការរំលោភផ្លូវភេទ ដោយកីឡាករខ្សែបម្រើ Chelsea វ័យ 19ឆ្នាំ Callum Hudson-Odoi។

    នាងបានរៀបរាប់រឿងរ៉ាវយ៉ាងលម្អិតថា នាងត្រូវបានកីឡាកររូបនេះហៅមកលេងផ្ទះ ក្រោយពីបានសាសងគ្នាតាមបណ្តាញសង្គម ហើយពេលមកដល់ នាងក៏ត្រូវបានកីឡាករជម្រើសជាតិអង់គ្លេសខាងលើ រំលោភបានសម្រេចតែម្តង។

    គួរបញ្ជាក់ដែរថា កីឡាកររូបនេះទើបតែបានជាសះស្បើយពីជំងឺកូវីដ-19 តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលរូបគេបានឆ្លងជំងឺនេះកាលពីដើមខែមេសា ខណៈដែលកីឡាកររូបនេះ កំពុងតែត្រូវហាមឃាត់ឱ្យស្នាក់នៅក្នុងផ្ទះរយៈពេល 14ថ្ងៃសិន មុននឹងចេះដើរហើរជាធម្មតាវិញ៕

  • Ronaldo ចាប់ផ្តើមហ្វឹកហាត់ជាមួយគេហើយ ក្រោយពីនៅតែក្នុងផ្ទះអស់ 14ថ្ងៃ

    Ronaldo ចាប់ផ្តើមហ្វឹកហាត់ជាមួយគេហើយ ក្រោយពីនៅតែក្នុងផ្ទះអស់ 14ថ្ងៃ

    កីឡាករខ្សែប្រយុទ្ធជួរមុខ ជម្រើសជាតិព័រទុយហ្គាល់ Christiano Ronaldo បានធ្វើការហ្វឹកហាត់ជួបជុំជាមួយនឹងមិត្តរួមក្រុម Juvenuts ហើយ កាលពីថ្ងៃចន្ទកន្លងទៅនេះ។

    មុននឹងបានហ្វឹកហាត់ជុំគ្នាជាមួយនឹងក្រុម Ronaldo ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកក្នុងផ្ទះ អស់រយៈពេល14ថ្ងៃ ដោយសារតែរូបគេទើបតែត្រឡប់មកពីស្រុកកំណើត នៅឯប្រទេសព័រទុយហ្គាល់វិញ។

    គួរបញ្ជាក់ដែរថា ក្លិបបាល់ទាត់ Juventus របស់លីកកំពូលនៃប្រទេសអ៊ីតាលី (Italy Seria A) បានចាប់ផ្ដើមធ្វើការហ្វឹកហាត់វិញហើយ កាលពីថ្ងៃចន្ទ ទី18 ខែឧសភា ឆ្នាំ2020 កន្លងទៅនេះ ដើម្បីគ្រោងនឹងចាប់ផ្តើមការប្រកួតរបស់ខ្លួនឡើងវិញ នៅថ្ងៃទី15 ខែឧសភា ឆ្នាំ2020 ខាងមុខនេះ៕

  • កម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិ 2020 ផ្តល់រង្វាន់ជយលាភី 1ម៉ឺនដុល្លារ បើកទទួលពាក្យហើយ…

    កម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិ 2020 ផ្តល់រង្វាន់ជយលាភី 1ម៉ឺនដុល្លារ បើកទទួលពាក្យហើយ…

    តើកម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិជាអ្វី? គឺជាគំនិតផ្តួចផ្តើមដំបូងក្នុងការគាំទ្រប្រព័ន្ធអេកូឡូស៊ីសហគ្រិន ដែលលើកកម្ពស់ការចែករំលែកថ្មីៗ ការរៀនសូត្ររបស់សហគ្រិន និងការលើកកម្ពស់សហគ្រិនក្នុងស្រុកទូទាំងព្រះរាជាណាចក្រកម្ពុជា។

    សហគ្រិន ស្ថាបនិក ​និង​អ្នក​គ្រប់​គ្រង​អាជីវកម្ម​ដែល​មាន​ចំណាប់​អារម្មណ៍ ​អាច​ដាក់​ពាក្យ​បាន​ទាំង​អស់​គ្នា។ កម្មវិធីនេះត្រូវបានរៀបចំ និងបង្កើតឡើងដោយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងសហគ្រិនខ្មែរ ដែលមានការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈសហគ្រិនខ្មែរ និងធនាគារស្ថាបនា។

    ថ្ងៃ​ផុត​កំណត់​នៃ​ការ​ទទួល​ពាក្យ៖ 30 ខែឧសភា ឆ្នាំ2020

    ​*លក្ខខណ្ឌ៖

    -​ជា​ពលរដ្ឋ​ខ្មែរ​ទាំង​ 2​ភេទ

    -​ស្ថាបនិក​ ឬ​អ្នក​គ្រប់គ្រង​អាជីវកម្ម​ ​(តម្រូវ​ឱ្យ​មាន​លិខិត​បញ្ជាក់​ពី​ម្ចាស់​អាជីវកម្ម​) ​ក្នុង​វិស័យ​កសិកម្ម (Agriculture) ទេសចរណ៍ (Tourism) កម្មន្តសាល (Manufacturing) ​និង​បច្ចេកវិទ្យា​ព័ត៌មាន (ICT)

    -​អាជីវកម្ម​បាន​ចុះ​បញ្ជីពាណិជ្ជកម្ម​ ឬ​ទទួល​ស្គាល់​ដោយ​ស្ថាប័ន​ណាមួយ

    -​សហគ្រាស​ខ្នាត​តូច ​និង​មធ្យម​ក្នុង​ស្រុក

    -​លើក​ទឹក​ចិត្តអាជីវកម្ម​ផលិតផល​ក្នុង​ស្រុក

    តើអ្នក​អាច​ដាក់​ពាក្យ​បានតាម​របៀប​ណា?

    -​ផ្ញើ​ឯកសារ​ពាក់ព័ន្ធ​តាម​រយៈ​អ៊ីមែល៖ [email protected] ​និង​ចម្លង​ជូន (cc) តាម​រយៈ​អ៊ីមែល៖

    [email protected]

    -ប្រវត្តិរូប​សង្ខេប

    -​លិខិត​បញ្ជាក់​ពីការ​ទទួល​ស្គាល់​អាជីវកម្ម​ដោយ​ស្ថាប័ន​សាធារណៈ​ពាក់ព័ន្ធ

    -បំពេញ​ពាក្យ​ចូល​រួម​ប្រកួត​ប្រជែង​តាមរយៈ link ៖ https://docs.google.com/forms/d/e/1FAIpQLSea9ptCE9zeGZrRSOwhuphaleQxnGbs_6b2aVL3q_GU3ArAKw/viewform

  • យូនីលីវើ បានឧបត្ថម្ភសម្ភារបរិក្ខារពេទ្យនូវឧបករណ៍ជំនួយដង្ហើម ដើម្បីឆ្លើយតបទៅនឹង COVID-19 នៅកម្ពុជា

    យូនីលីវើ បានឧបត្ថម្ភសម្ភារបរិក្ខារពេទ្យនូវឧបករណ៍ជំនួយដង្ហើម ដើម្បីឆ្លើយតបទៅនឹង COVID-19 នៅកម្ពុជា

    ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០៖ ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត នៅថ្ងៃទី២០ ខែឧសភា​នេះ​បានឧបត្ថម្ភ​ឧបករណ៍ជំនួយដង្ហើម (Ventilator) ចំនួន​១០​គ្រឿង ដល់ក្រសួងសុខាភិបាល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជម្ងឺរាតត្បាត​ Covid-19។ ពិធីប្រគល់​សម្ភារបរិក្ខារពេទ្យនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួង ដោយមានវត្តមានឯកឧត្តមរដ្ឋមន្រ្តី​ ម៉ម ប៊ុនហេង​ អញ្ជើញចូលរួម។

    លោក Doy Concha នាយកក្រុមហ៊ុន យូនីលីវើ ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ក្រុមហ៊ុន បានឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19 ហើយ​ពួកយើង​ប្តេជ្ញា​សហការ​ជាមួយរាជ​រដ្ឋាភិបាល និង ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នៅ​ក្នុង​ប្រទេស​កម្ពុជា។ ថ្ងៃនេះ ក្រុមហ៊ុន បានឧបត្ថម្ភ​ឧបករណ៍ជំនួយ​ដង្ហើម​ ដែល​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ព្យាបាល​អ្នកជម្ងឺ ជាពិសេស​​អ្នកជម្ងឺធ្ងន់ធ្ងរ​ពិបាកដកដង្ហើម​ដោយសារវីរុស​កូរ៉ូណា។ ក្រុមហ៊ុន ​សង្ឃឹម​ថា​ការចូលរួមចំណែកនេះនឹងជួយពង្រឹងបន្ថែមទៀតនូវលទ្ធភាព​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការ​ព្យាបាល​ ជួយ​សង្គ្រោះ​អាយុជីវិត និង អាចគ្រប់គ្រងជំងឺរាតត្បាតនេះ”។

    កាលពីខែមេសា​កន្លងទៅ ក្រុមហ៊ុនយូនីលីវើ ក៏បានឧបត្ថម្ភផលិតផលចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ រូមមានផលិតផលអនាម័យខ្លួនប្រាណ ផលិតផលក្នុងផ្ទះបាយ និងម្ហូបអាហារ ចំនួន ៣,០០០កញ្ចប់ ដល់ក្រុមគ្រូពេទ្យជួរមុខប្រយុទ្ធប្រឆាំង Covid-19 ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ច ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត Covid-19  និង ការពារអាយុជីវិតប្រជាជននៅក្នុងប្រទេសកម្ពុជា។

    កាលពីខែមីនា ក្រុមហ៊ុនយូនីលីវើបានប្រកាសនូវវិធានការណ៍ជាច្រើនដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់​ពិភពលោក និង ថ្នាក់ជាតិ​ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺរាតត្បាត Covid-19 ដ៏កាចសាហាវនេះ។

    ការបរិច្ចាគនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តដើម្បីជួយប្រយុទ្ធប្រឆាំង Covid-19 ហើយគឺជាការចូលរួមចំណែក​​យ៉ាងសំខាន់ក្នុងការការពារអាយុជីវិតមនុស្ស។

    នៅ​ប្រទេស​កម្ពុជា ក្រុមហ៊ុន​យូនីលីវើ បានចែកចាយនូវផលិតផលប្រើប្រាស់សំខាន់ៗរួមមានផលិតផល        ថែរក្សា និង អនាម័យ​ខ្លួនប្រាណក្នុងចំណោមផលិតផលដទៃទៀត​ ក្នុងនោះមានដូចជា សាប៊ូកក់សក់ សាប៊ូដុះខ្លួន ហ្វូមលាងមុខ ថ្នាំដុះធ្មេញ សាប៊ូលាងចាន ផលិតផលការពារស្បែក សាប៊ូបោកគក់ និង ផលិតផលម្ហូបអាហារជាដើម។ យូនីលីវើនឹងធ្វើការជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់អនាម័យខ្លួនប្រាណ ការលាងដៃឱ្យបានត្រឹមត្រូវ និងផ្តល់អាហារមានជីវជាតិក្នុងគ្រាលំបាកទាំងនេះ ហើយនឹងធានាបន្តផ្គត់ផ្គង់ផលិតផលចាំបាច់ប្រើប្រាស់របស់យូនីលីវើ។

    សម្រាប់ការសាកសួរព័ត៌មាន

    លឹម វួចហ៊ាង

    External Affairs Manager

    Email – [email protected]

    Phone: 017 466 503

    អំពីក្រុមហ៊ុនយូនីលីវើ

    យូនីលីវើគឺជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេមួយរបស់ពិភពលោក​ លើផលិតផលថែរក្សាសម្រស់ ផលិតផលប្រើប្រាស់ក្នុងផ្ទះបាយ ផលិតផលអាហារ និង ភេសជ្ជៈ ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសចំនួន ១៩០ ជុំវិញពិភពលោក ហើយផលិតផលទាំងនោះបានទៅដល់ដៃអ្នកប្រើប្រាស់ប្រមាណ ២,៥ ពាន់លាននាក់ក្នុង១ថ្ងៃៗ។ យើងមានបុគ្គលិកនិយោជិត ១៥៥,០០០នាក់ និង បានបង្កើតការលក់នូវទឹកប្រាក់ចំនួន ៥១ ពាន់លានអឺរ៉ូ (ប្រហែល ៥៥,៨ ពាន់លានដុល្លារ) កាលពីឆ្នាំ ២០១៨។ ជាងពាក់កណ្តាល (៦០%) នៃជំហររបស់ក្រុមហ៊ុនគឺស្ថិតនៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍និងកំពុងរីកចម្រើន។យូនីលីវើ មានប្រមាណ ៤០០យីហោមុខទំនិញដែលត្រូវបានរកឃើញនៅតាមផ្ទះទូទាំងពិភពលោករួមមានម៉ាក Dove, Knorr, Dirt Is Good, Rexona, Hellmann’s, Lipton, Wall’s, Lux, Magnum, Axe, Sunsilk និង Surf  ជាដើម។

    ផែនការការរស់នៅប្រកបដោយនិរន្តរភាពរបស់យូនីលីវើរ(USLP) គាំទ្រយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ហើយ    ប្តេជ្ញាថា៖

    • នឹងជួយប្រជាជនជាង១ពាន់លាននាក់ ដើម្បីលើកកម្ពស់សុខភាព និង សុខុមាលភាពរបស់ពួកគេ ត្រឹមឆ្នាំ២០២០។
    • កាត់បន្ថយឲ្យបានពាក់កណ្តាលនូវផលប៉ះពាល់បរិស្ថានពីផលិតផលរបស់យើងនៅត្រឹមឆ្នាំ២០៣០។
    • លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់នៅឆ្នាំ ២០២០ ។

    USLP បង្កើត​គុណតម្លៃដោយជំរុញកំណើន និង ការជឿទុកចិត្ត កាត់បន្ថយការចំណាយ និង ហានិភ័យ។ ក្នុងឆ្នាំ ២០១៨ ម៉ាកផលិតផលទាំងអស់របស់យើង ដែលយើងឲ្យឈ្មោះថា Sustainable Living Brands មានកំណើនការលក់ ៦៩% ធៀបនឹងឆ្នាំ២០១៧ ដែលមានត្រឹម ៤៦%។

    ចាប់តាំងពីឆ្នាំ២០១០មក យើងបាននិងកំពុងធ្វើសកម្មភាពតាមរយៈគម្រោងជីវិតរស់នៅប្រកបដោយ      និរន្តរភាពរបស់យូនីលីវើ ដើម្បីជួយប្រជាជនជាង១ពាន់លាននាក់ដើម្បីលើកកម្ពស់សុខភាពនិងសុខុមាលភាពរបស់ពួកគេ កាត់បន្ថយឲ្យបានពាក់កណ្តាលនូវផលប៉ះពាល់បរិស្ថានពីផលិតផលរបស់យើង និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ ដូចដែលអាជីវកម្មរបស់យើង​បានរីកចម្រើន។ យើងបានធ្វើវឌ្ឍនភាពគួរឱ្យកត់សម្គាល់រួចហើយ និង បន្តពង្រីកមហិច្ឆតារបស់យើង ដូចដែលថ្មីៗនេះ យើងប្តេជ្ញាធានាថា       ការវេចខ្ចប់ផ្លាស្ទិចរបស់យើង ១០០%អាចប្រើឡើងវិញបាន អាចកែច្នៃឡើងវិញបាន ឬ អាចធ្វើជីកំប៉ុសបាននៅឆ្នាំ២០២៥។ ខណៈពេលដែលនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើយើងមានមោទនភាពដែលត្រូវបានទទួលស្គាល់នៅក្នុង ឆ្នាំ២០១៩ ក្នុងនាមជាក្រុមហ៊ុនដែលមានភាពជាមេដឹកនាំនៅក្នុងសន្ទស្សន៍ចីរភាព របស់ Dow Jones Sustainability Index​ និង ត្រូវបានចាត់ចំណាត់ថ្នាក់ជាក្រុមហ៊ុនកំពូលរបស់ GlobeScan/SustainAbility Global Corporate Sustainability Leaders នៅក្នុងការស្ទាបស្ទង់មតិមួយកាលពីឆ្នាំ ២០១១។

    សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនយូនីលីវើ និង ម៉ាកផលិតផលរបស់យើងខ្ញុំ សូមចូលទៅកាន់គេហទំព័រ www.unilever.com

    សម្រាប់ព័ត៌មានបន្ថែមស្តីពី USLP សូមចូលទៅកាន់ www.unilever.com/sustainable-living/

  • UNDP Cambodia ប្រកាសរក បេក្ខជនប្រកួតកម្មវិធី “តើនរណា នឹងក្លាយជាស្ថាបនិកបន្ទាប់ទៀត?

    UNDP Cambodia ប្រកាសរក បេក្ខជនប្រកួតកម្មវិធី “តើនរណា នឹងក្លាយជាស្ថាបនិកបន្ទាប់ទៀត?

    តើ​អ្នក​ជា​វិស្វករ ឬ​ជា​អ្នក​បង្កើត​កម្មវិធី Software ​ដែល​កំពុង​ចង់​ចាប់​ផ្តើម​អាជីវកម្ម ​មែន​ទេ?

    កម្មវិធី​ “តើ​នរណា​ ​​នឹង​ក្លាយ​ជា​ស្ថាបនិកបន្ទាប់ទៀត? ឬ​ Will you be the next founder?” ត្រូវ​បានលេច​ចេញ​រូបរាង​ឡើង​ ​និង​កំពុង​តែ​ប្រកាស​ស្វែង​រក​បេក្ខជន​​។ តើ​អ្នក​មាន​ចំណូលចិត្ត​ក្នុង​ការ​បង្កើត​គម្រោង​នានា​ ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​ដែរ​ឬ​ទេ?

    ប្រសិនបើអ្នកមានទាំងជំនាញផ្នែកបច្ចេកវិទ្យា ព្រមទាំងចំណង់ចំណូលចិត្តបង្កើតអាជីវកម្ម អ្នក​អាច​ចូលរួមក្នុងកម្មវិធីថ្នាលបណ្តុះបណ្តាលអាជីវកម្ម Bluetribe ដែល​កំពុង​ស្វែងរក​អ្នក​ដែល​មាន​ទេពកោសល្យ​ផ្នែក​បច្ចេកទេស ​ដើម្បីជួយឱ្យការបណ្តាក់ទុនក្នុងអាជីវកម្មឱ្យកាន់តែមានកំណើនខ្ពស់។

    កម្មវិធីថ្នាលបណ្តុះបណ្តាលនេះមានការគាំទ្រដោយ រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី និងចូលរួមសហការគាំទ្រដោយ Khmer Enterprise – សហគ្រិនខ្មែរ ក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន 3E-Fii។

    គោលបំណង​នៃ​ការ​បង្កើត​កម្មវិធី​នេះ​ឡើង​ គឺដើម្បី​ជួយ​ដល់​ស្ថាបនិក​វ័យ​ក្មេង​នានា ​ពង្រឹង​ការ​វិនិយោគ​កាន់​តែ​រឹង​មាំ​បន្ថែម​ទៀត ​ក្នុង​ភាព​ជា​សហគ្រិន​ភាព​ក្នុង​ប្រទេស​កម្ពុជា។ ​កម្មវិធី​នេះ​ នឹងជួយ​ឱ្យ​អ្នក​ឈាន​ឡើង​ទៅ​ដល់កម្រិត​ថ្មី​មួយ​ទៀត។ ​ត្រឹម​តែ​ជា​គំនិត​តូច​មួយ​ក៏ដោយ ​ប៉ុន្តែ​វា​អាច​នឹងលេច​ចេញ​ជា​រូបរាង​បាន ​ជាមួយ​នឹង​កម្មវិធី​ប្រកួត​ប្រជែង​នេះ​។

    កាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ៖ ថ្ងៃទី31 ឧសភា 2020

    ព័ត៌មាន​បន្ថែម​ពី​ការ​ដាក់​ពាក្យ​ចូលរួម ​សូម​ចូល​ទៅ​កាន់៖ ៖ https://www.bluetribecambodia.com/?fbclid=IwAR034ZQ5-S98uRKXKzTvn0t4ENIdB7CMnOKYFjGDT2OdZPgvWZ5uupoj8MQ

  • ក្រោយមានមន្ត្រីចុះតាមផ្ទះបង្ខំប្រជាជនឱ្យទិញបំពង់ពន្លត់អគ្គីភ័យ និងទាថ្លៃសេវាពិនិត្យ នាយកដ្ឋានជំនាញប្រកាសកុំឱ្យប្រជាជនទទួលលិខិតមិនផ្លូវការទាំងនោះ

    ក្រោយមានមន្ត្រីចុះតាមផ្ទះបង្ខំប្រជាជនឱ្យទិញបំពង់ពន្លត់អគ្គីភ័យ និងទាថ្លៃសេវាពិនិត្យ នាយកដ្ឋានជំនាញប្រកាសកុំឱ្យប្រជាជនទទួលលិខិតមិនផ្លូវការទាំងនោះ

    នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ កាលពីពេលថ្មីៗនេះបានចេញសេចក្តីប្រកាសលើ Facebook ផ្លូវការរបស់ខ្លួន​កុំឱ្យប្រជាជន​ទទួលយក​លិខិស្នាម ឬលិខិតបញ្ជាក់ណាមួយដែលមិនមែនជាលិខិតផ្លូវការ​ដែលចេញដោយអគ្គស្នងការរដ្ឋាន​នគរបាលជាតិ តែចេញដោយមន្ត្រីដែលចុះទៅដល់ខ្នងផ្ទះដើម្បីបញ្ជាក់ ឬទាថ្លៃសេវាក្រៅ។

    នាយកដ្ឋានជំនាញខាងលើបានបញ្ជាក់ថា ថ្មីៗ​នេះមានប្រជាពលរដ្ឋជាច្រើនបានសួរមកកាន់ Page​ របស់នាយកដ្ឋាន អំពីវត្តមានកម្លាំងនគរបាលអគ្គីភ័យរាជធានីចុះតាមខ្នងផ្ទះប្រជាពលរដ្ឋរៀងរាល់ថ្ងៃមានឡាននិងម៉ូតូ តែងតែដើរបង្ខំប្រជាពល​រដ្ឋឱ្យទិញបំពង់ពន្លត់អគ្គីភ័យ ឬទាថ្លៃសេវាត្រួត ពិនិត្យបំពង់​អគ្គីភ័យ ឬតម្រូវបិទបណ្ណលើបំពង់អគ្គីភ័យរបស់ពួកគាត់ដោយកំណត់ឱ្យពួកគាត់បង់ថ្លៃសេវាពី10$ ទៅ20$ក្នុងបំពង់ឬច្រើនជាងនេះក៍មានដែរ។

    នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ក្រសួង​មហាផ្ទៃ​ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ​ក៏ដូច​ជា​​ម្ចាស់​គោល​ដៅ​ទូទាំង​ប្រទេស​ទាំងអស់ មេត្តា​ជ្រាប​ថា​​ សុំកុំ​ទទួល​យក​នៅ​លិខិត​ស្នាម​រឺឬលិខិត​បញ្ជាក់​ណា​មួយ​ ដែល​មិន​មែន​ចេញ​ជាផ្លូវ​ការ​ដោយ​ អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ឬស្នងការដ្ឋាននគរបាល​រាជធានី​-ខេត្ត​ទើបផ្លូវការ។

    ចំពោះលិខិតបញ្ជាក់ ឬបណ្ណ ដូចបានបង្ហាញជូនខាងក្រោមនេះគឺអនុវត្តផ្ទុយ ប្រកាសរបស់ ក្រសួងមហាផ្ទៃលេខ6380 ប្រ.ក (ស្តីពីការប្រគល់សិទ្ទិត្រួតពិនិត្យសំណង់និងគោលដៅដែលតម្រូវអោយមានប្លង់ប្រពន្ធ័បង្ការ និងពន្លត់អគ្គីភ័យចុះថ្ងៃ ទី17ខែកក្កដាឆ្នាំ2019)។ និងសេចក្តីណែនាំលេខ012 ស.ណ.ន របស់អគ្គស្នងការនគរបាលជាតិ ស្តីពីការចេញលិខិត ឬបណ្ណត្រួតពិនិត្យអំពីគុណភាពប្រសិទ្ធិភាពលើឧបករណ៏ សម្ភារ បរិក្ខា បង្ការពន្លត់អគ្គីភ័យនិងការបញ្ជាក់ទទួល ស្គាល់លើប្រពន្ធ័សុវត្ថិភាពបង្ការពន្លត់អគ្គីភ័យតាមគោលដៅ៕

  • កម្ពុជានឹងជួបរលកទី2 នៃ Covid-19 បើប្រជាជននៅតែប្រហែស

    កម្ពុជានឹងជួបរលកទី2 នៃ Covid-19 បើប្រជាជននៅតែប្រហែស

    ក្រោយមានភាពស្ងប់ស្ងាត់មួយរយៈនៃជំងឺ Covid-19 នៅកម្ពុជា ប្រជាជនហាក់ភ្លេចខ្លួន និងមិនសូវយកចិត្តទុកដាក់លើវិធានការការពារ​នោះទេ។ មនុស្សជាច្រើនចាប់ផ្តើមជួបជុំដោយគ្មានការប្រុងប្រយ័ត្ន ទទួលទានគ្រឿងស្រវឹងជុំគ្នាតាមផ្ទះ និងកន្លែងផឹកស៊ីជាធម្មតា ហើយមានមនុស្សមួយចំនួនធំទៀតទៅផ្សារឬទីប្រជុំជនដោយគ្មាន​ពាក់ម៉ាស់ជាដើម។

    ពាក់ព័ន្ធនឹងបញ្ហានេះលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាលបានលើកឡើងថា ប្រសិនបើបុគ្គលគ្រប់រូបភ្លេចខ្លួន ហើយបែរជាគិតថាយើងអស់ Covid-19 ហើយភ្លេចពីវិធានការការពារខ្លួន មិនបានប​ន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នោះការរាតត្បាត ឬការវាយលុក នៃមេរោគនេះ នឹងអាចកើតមានឡើងធ្ងន់ធ្ងរសារជាថ្មី។

    លោកជំទាវបានបញ្ជាក់ថា ស្ថិតក្នុងដំណាក់កាលផុយស្រួយនេះ យើងមិនចង់ឃើញមានការរាលដាលជាលក្ខណៈសហគមន៍នោះទេ។ បច្ចុប្បន្ននេះយើងកំពុងស្ថិតក្នុងបន្ទាត់ក្រហមនៅឡើយទេ ហេតុនេះសូមកុំឆ្លងឱ្យផុតបន្ទាត់នៃឱ្យសោះ។ សូមរក្សាគម្លាត និងអនុវត្តការការពារ​ឱ្យបានខ្ជាប់ខ្ជួនជាពិសេសបទបញ្ជារសម្តេចតេជោនាយករដ្ឋមន្ត្រីដើម្បីការពារប្រជាជនកម្ពុជា។

    លោកជំទាវសង្កត់ធ្ងន់ផងដែរថា រលកទី2 នឹងអាចកើតមានប្រសិនបើយើងធ្វេសប្រហែស៕

  • ស្បែកងាយកើតប្រតិកម្ម តើត្រូវមើលថែទាំយ៉ាងណា?

    ស្បែកងាយកើតប្រតិកម្ម តើត្រូវមើលថែទាំយ៉ាងណា?

    តើអ្នក ជាមនុស្សម្នាក់ទៀតមែនទេ ដែលជួបបញ្ហាទាំងនេះ? ស្បែករបកឡើងហុយ ស្បែកស្ងួតក្រិន ច្រើនតែងាយកើតអាការឡើងកន្ទួលក្រហម និងរមាស់…ទាំងអស់នេះបង្ហាញថា អ្នកមានស្បែកដែលស្ដើង ងាយនឹងកើតប្រតិកម្ម ហ្នឹងឯង..។

    តើស្បែកស្ដើង ងាយកើតប្រតិកម្ម គឺជាអ្វី?

    ស្បែកស្ដើង ងាយកើតប្រតិកម្ម គឺជាស្បែកដែលងាយនឹងកើតអាការរមាស់ក្រហាយដោយសារអាកាសធាតុជុំវិញខ្លួន។ សភាពស្បែកច្រើនតែស្ងួតក្រៀម របកឡើងហុយ និងច្រើនតែងាយកើតអាការកន្ទួលក្រហម និងរមាស់ ពេលប៉ះពាល់នឹងផលិតផលអ្វីមួយ ដោយកម្រិតនៃការងាយកើតប្រតិកម្មនេះ នឹងខុសប្លែកពីគ្នាពីម្នាក់ទៅម្នាក់ តែគេប្រទះឃើញកើតមាននៅលើស្ត្រី ច្រើនជាងបុរស ដោយស្ត្រីថៃជាង 50% ច្រើនមានស្បែកដែលងាយកើតប្រតិកម្ម និងអាចកើតឡើងនៅលើគ្រប់ផ្នែកនៃរាងកាយ តាំងពីស្បែកមុខ បបូរមាត់ ស្បែកដងខ្លួន និងស្បែកក្បាល ឬក្នុងអំឡុងដែលរាងកាយកើតការប្រែប្រួលខ្លាំង ដូចជា ពេលមានគភ៌ ជាដើម។

    បច្ច័យចម្បង គឺកើតចេញពីស្រទាប់ខ្លាញ់ការពារស្បែក ត្រូវបានបំផ្លាញដោយសារអាកាសធាតុជុំវិញខ្លួន មិនថាតែពន្លឺថ្ងៃ ឬខ្យល់អាកាសមិនល្អ ឬការប្រើសារធាតុគីមីផ្សេងៗលើស្បែក រហូតធ្វើឱ្យក្រោះការពារស្បែកចុះខ្សោយ ជាហេតុធ្វើឱ្យសារធាតុដែលបង្កឱ្យកើតភាពឈឺផ្សាក្រហាយ ដូចជាធូលីដី សារធាតុគីមី ឬមេរោគបាក់តេរី ដែលនៅក្នុងអាកាសធាតុជុំវិញខ្លួន ចូលមកនៅលើស្បែកបានយ៉ាងងាយ ទើបអាការស្បែកស្ងួត និងឈឺផ្សាក្រហាយកើតឡើង។

    ទោះជាមិនមានវិធីកែបញ្ហានេះ ឬព្យាបាលស្បែកដែលងាយកើតប្រតិកម្មឱ្យជាដាច់ក៏ដោយ តែ បើសិនយើងយល់ដឹងពីបញ្ហាថា តើវាកើតឡើងដោយសារអ្វី និងអ្វីដែលជាបច្ច័យជំរុញឱ្យកើតអាការប្រតិកម្មចាញ់នោះ យើងនឹងមានវិធីគ្រប់គ្រង និងចាត់ការស្បែកស្ដើងបែបនេះ បានយ៉ាងត្រឹមត្រូវ រួមទាំងការជ្រើសរើសប្រើផលិតផលថែទាំស្បែកមុខ ដែលស័ក្តិសមនឹងសភាពស្បែក ក៏នឹងជួយឱ្យយើងអាចមើលថែទាំ និងព្យាបាលស្បែកដែលងាយកើតប្រតិកម្ម បានយ៉ាងមានប្រសិទ្ធភាពខ្លាំងឡើងដែរ។ ថ្ងៃនេះ យើងមានគន្លឹះល្អៗក្នុងការមើលថែទាំស្បែកដែលងាយកើតប្រតិកម្មចាញ់ មកជម្រាបជូន ធានាថា បើធ្វើបានតាមហ្នឹង ស្បែកស្អាតៗ នឹងវិលត្រឡប់មកវិញជាមិនខាន។

    ត្រូវដឹងពីមូលហេតុ និងបច្ច័យដែលជំរុញឱ្យស្បែកឆាប់កើតប្រតិកម្មចាញ់ ដែលមានទាំងអស់ 3យ៉ាង ដូចជា៖

    1.ប្រព័ន្ធការពារស្បែកតាមធម្មជាតិ៖ ជាធម្មតា ស្បែកស្រទាប់ខាងលើរបស់យើង នឹងជួយរក្សាភាពស្រស់បស់ និងសំណើម មានតួនាទីចាំការពារស្បែក មិនឱ្យកើតអាការឈឺក្រហាយផ្សា និងការពារមិនឱ្យបច្ច័យខាងក្រៅ ចូលមកបំផ្លាញ។ បើក្រោះការពារស្បែក រឹងមាំ វានឹងការពារស្បែកពីបច្ច័យខាងក្រៅ និងមិនឱ្យបាត់បង់ភាពស្រស់បស់បាន។

    2.បច្ច័យខាងក្នុង៖ អាយុ មានផលប៉ះពាល់ដល់គ្រោងសាងរបស់ស្បែកដោយផ្ទាល់។ ក្មេង ច្រើនមានក្រោះការពារស្បែកដែលនៅទន់ខ្សោយ ហើយមនុស្សធំ គ្រោងសាងរបស់ស្បែក នឹងទន់ខ្សោយទៅតាមអាយុ ដូច្នេះហើយទើបធ្វើឱ្យវ័យទាំង 2នេះ មានស្បែកដែលងាយកើតប្រតិកម្មចាញ់ និងផុយស្រួយចំពោះសារធាតុគីមី និងបច្ច័យខាងក្រៅដែលនឹងចូលមកបំផ្លាញ។

    3.បច្ច័យខាងក្រៅៈ សភាពអាកាសធាតុ ក៏មានផលប៉ះពាល់ដល់ស្បែកដែលងាយកើតប្រតិកម្មចាញ់ដែរ។ អាកាសធាតុត្រជាក់ និងមានសំណើមតិច ច្រើនតែធ្វើឱ្យកើតមានសភាវស្បែកឡើងស្ងួត ឬស្បែកខ្វះជាតិទឹក ស្បែកអាចនឹងបែកប្រេះ ឬអាកាសធាតុដែលក្ដៅខ្លាំងជ្រុលពេក និងមានសំណើមខ្ពស់ខ្លាំងជ្រុលពេក ធ្វើឱ្យចេញញើស និងកើតការស្ទះណែននៃវត្ថុកខ្វក់បានយ៉ាងងាយ។ សភាពបរិស្ថានជុំវិញខ្លួន អាកាសធាតុមានជាតិពុលផ្សេងៗ និងវត្ថុកខ្វក់ទាំងឡាយ ដែលមិនអាចមើលឃើញដោយភ្នែកទទេបាន ក៏អាចហុចផលប៉ះពាល់ដល់ស្បែករបស់យើងបានដែរ ដូចជា ធូលីដីកម្រិត PM 2.3 ជាដើម។ ការជ្រើសរើសផលិតផលថែបំប៉នស្បែកមុខ និងស្បែកដងខ្លួន ដែលមិនស័ក្តិសមនឹងសភាពស្បែក ក៏អាចបណ្ដាលឱ្យក្រោះការពារស្បែកតាមធម្មជាតិ ត្រូវបំផ្លាញដែរ និងធ្វើឱ្យស្បែកបាត់បង់សំណើម មានភាពប្រថុយប្រថាននឹងការកើតអាការក្រហាយផ្សា និងអាចបន្តដោយអាការប្រតិកម្មចាញ់ដែលធ្ងន់ធ្ងរឡើងបាន។

    តើត្រូវមើលថែទាំស្បែក ដែលងាយកើតប្រតិកម្មចាញ់យ៉ាងណា?

    ទោះជាបច្ច័យខាងក្នុង ដែលជំរុញឱ្យស្បែកដែលងាយកើតប្រតិកម្មចាញ់ អាចជារឿងដែលយើងមិនអាចគ្រប់គ្រងបានក៏ដោយ តែបច្ច័យខាងក្រៅ ជារឿងដែលយើងអាចចៀសវាង និងកែសម្រួលទង្វើ ដែលអាចជំរុញឱ្យកើតអាការនោះបាន។

    1.លាងសម្អាតមុខ ដោយទឹកដែលមានសីតុណ្ហភាពប្រក្រតី មិនគួរប្រើទឹកក្ដៅទេ ព្រោះនឹងធ្វើឱ្យតុល្យភាពរបស់ស្បែក ត្រូវបានលាងជម្រះចេញច្រើន និងមិនគួរលាងសម្អាតផ្ទៃមុខញឹកញាប់ឡើយ អាចចែកចេញជា 2ដងក្នុង 1ថ្ងៃ ព្រឹក-ល្ងាច ក៏គ្រប់គ្រាន់ហើយ និងគួរចៀសវាងការប្រើកន្សែងជូតមុខខ្លាំងៗ ព្រោះអាចជាការជំរុញស្បែកឱ្យកើតការឈឺក្រហាយបាន។

    2.ការជ្រើសរើសទទួលទានអាហារដែលមានសារធាតុប្រឆាំងរ៉ាឌីកាល់សេរី និងសម្បូរវីតាមីនC និងចៀស​វាងអាហារដែលមានជាតិម្សៅច្រើន ទាំងអស់នេះនឹងជួយឱ្យស្បែកមានសុខភាពល្អបាន។

    3.ការជ្រើសរើសប្រើផលិតផលថែទាំស្បែកមុខ និងឃ្រីមថែបំប៉នស្បែកដែលងាយកើតប្រតិកម្មចាញ់ជាពិសេសនោះ គឺជាវិធីមួយដែលធ្វើឱ្យស្បែកដែលងាយកើតប្រតិកម្មចាញ់ បានទទួលការស្ដារសភាពឡើងវិញ និងបំប៉នយ៉ាងត្រឹមត្រូវតាមវិធី ដូចជា SilkMine Essence Protein អេសសេនរូបមន្តទន់ភ្លន់សម្រាប់ស្បែក សូម្បីតែជុំវិញកែវភ្នែកក៏ដោយ និងសម្បូរទៅដោយ អាមីណូ ប្រូតេអ៊ីន ពីសម្បុកសូត្រតែបៃតងមកពីជប៉ុន ខ្ពស់ដល់ទៅ 95% នឹងជួយស្ដារ និងបង្កើនសរសៃ អ៊ីឡាស្ទីន ធ្វើឱ្យស្បែកមានភាពរឹងប៉ឹង បង្កើនក្រោះការពារស្បែកឱ្យមានសុខភាពរឹតតែល្អឡើង។ បើបានប្រើជាប់ជាប្រចាំ និងជាប់លាប់ នឹងជួយលុបបំបាត់ស្លាកស្នាមដែលជាសញ្ញានៃវ័យ ជួយលើកបន្តឹងស្បែក និងសាង ខូឡាជេន ធ្វើឱ្យស្បែករាបរលាង ទន់ ស្រស់បស់ មិនស្អិតរមាស់។

    ការមើលថែទាំស្បែកមុខ និងស្បែកដងខ្លួន សម្រាប់អ្នកដែលមានស្បែកងាយកើតប្រតិកម្មចាញ់ និងស្បែកស្ដើង ដើម្បីការពារការកើតប្រតិកម្មចាញ់ និងផ្សាក្រហាយនេះ ត្រូវយល់ដឹងពីមូលហេតុ និងបច្ច័យជំរុញផ្សេងៗ ដើម្បីកាត់បន្ថយការផ្សាក្រហាយដែលអាចនឹងធ្ងន់ធ្ងរឡើងបាន។ ទាំងអស់នេះ ការកែសម្រួលទង្វើ និងការជ្រើសរើសប្រើផលិតផលឱ្យស័ក្តិសមនឹងសភាពស្បែករបស់ខ្លួនឯង ក៏ជាជម្រើសមួយទៀតក្នុងការស្ដារ និងថែបំប៉នស្បែកឱ្យរឹងប៉ឹងឡើងយ៉ាងនិរន្តរ៍បានដែរ៕

  • អស់បារម្ភរឿងកកស្ទះសំណុំរឿងនៅតុលាការ ពេលនេះក្រសួងយុត្តិធម៌ប្រកាសលេខទូរស័ព្ទ2ខ្សែដល់សាធារណជនដើម្បីទាក់ទង

    អស់បារម្ភរឿងកកស្ទះសំណុំរឿងនៅតុលាការ ពេលនេះក្រសួងយុត្តិធម៌ប្រកាសលេខទូរស័ព្ទ2ខ្សែដល់សាធារណជនដើម្បីទាក់ទង

    ក្រោយពេលក្រសួងយុត្តិធម៌រកឃើញថាមានសំណុំរឿងជាច្រើនបានស្ទះនៅសាលាដំបូង ក្នុងតំបន់នៅមួយៗ ភ្លាមៗរដ្ឋមន្ត្រីក៏បានចាត់វិធានការដើម្បីចូលរួមដោះស្រាយ ធ្វើយ៉ាងណាជួយជំរុញឱ្យការដោះស្រាយត្រូវបានរៀបចំឱ្យបានឆាប់រហ័ស។

    នៅថ្ងៃនេះ ក្រសួងបានចេញសេចក្តីជូនដំណឹងថ្មីមួយទៅកាន់សាធារណជនថា គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត (គ.យ.ក.ស) នៃក្រសួងយុត្តិធម៌ មានកិត្តិយស​សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ដើម្បីមានភាពងាយស្រួល​នៅក្នុងការទំនាក់ទំនង ឬផ្តល់ព័ត៌មាន​ពីសាធារណជនមក គ.យ.ក.ស សូមសាធារណជនមេត្តា​ទំនាក់ទំនងមកលេខាធិការដ្ឋាន គ.យ.ក.ស តាមរយៈទូរស័ព្ទលេខ 017 609 960 និង 078 567 810៕

  • ក្រសួងអប់រំ ចេញវីដេអូបង្រៀនអក្ខរកម្ម និងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានពីចម្ងាយជាផ្លូវការ

    ក្រសួងអប់រំ ចេញវីដេអូបង្រៀនអក្ខរកម្ម និងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានពីចម្ងាយជាផ្លូវការ

    ក្រសួងអប់រំ យុវជន និងកីឡា ថ្មីៗនេះបានរៀបចំពីធីប្រកាសផ្សព្វផ្សាយ​ជាផ្លូវការវីដេអូស្តីពីការបង្រៀនអក្ខរកម្ម និងកម្មវិធីសមមូល​អប់រំកម្រិតមូលដ្ឋានពីចម្ងាយ ដើម្បីធានាផ្តល់ការអប់រំ​ទៅកាន់គ្រប់គ្នាបើទោះបីជាសាលារៀនត្រូវបិទទ្វាដោយសារតែបញ្ហា Covid-19 ក៏ដោយ។

    ក្រសួងអប់រំបានបញ្ជាក់ថា ស្ថិត​ក្នុង​បរិ​ការណ៍​នៃ​ការ​រីក​រាលដាល​ជំងឺ​Covid-19ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​បិទ​សាលារៀន​គ្រប់​កម្រិត​នៅ​ទូទាំង​ប្រទេស។ យ៉ាង​នេះ​ក្ដី ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​តែ​ខិតខំ​រិះរក​មធ្យោបាយ​ក្នុង​ការ​ជំរុញ​ឱ្យ​ការ​អប់រំ​មាន​ដំណើរ​ការ​ជា​ធម្មតា​ឡើងវិញ។

    ក្នុង​នោះ​ដែរ​តាម​រយៈ​មាន​គាំទ្រ​ទាំង​ថវិកា និង​បច្ចេកទេស​ពី​សំណាក់​អង្គការ​យូណេស្កូ ​ការ​បង្រៀន​អក្ខរកម្ម និង​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​ពី​ចម្ងាយ​ត្រូវ​បាន​ដាក់​ដំណើរ​ការ​ជា​ផ្លូវ​ការ​ ដែល​ជា​មធ្យោបាយ​ល្អ​បំផុត​ក្នុង​ការ​ជំរុញ​ការ​សិក្សា​របស់​ប្រជាពលរដ្ឋ យុវជន និង​កម្មករ កម្មការិនី​រោងចក្រ ក៏​ដូច​ជា​ការ​ឆ្លើយ​តប​ជា​មួយ​ការ​អប់រំ​ក្នុង​យុគ​សម័យ​ឌីជីថល របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ផង​ដែរ។

    ​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្តម Sardar Umar Alam តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា។ ថ្មីៗ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា ទើប​ចេញ​ផ្សាយ​នូវ​កាល​វិភាគ​​​ប្រចាំ​ថ្ងៃ​ សម្រាប់​កម្មវិធី​ប៊ីប ដែល​ចាក់​​ផ្សាយ​វីដេអូ​មេរៀន​​លើ​ទំព័រ​ហ្វេសប៊ុក facebook.com/krou.moeys.gov.kh/ និង​ facebook.com/BEEPCambodia រៀង​រាល់​ថ្ងៃ​ចន្ទ ដល់​សៅរ៍ ចាប់​ពី​ម៉ោង​17:30-18:30 ល្ងាច ។

    សូម​ជម្រាប​ថា តាម​រយៈ​ការ​បង្កើត​គណៈកម្មការ​ដឹកនាំ​ផលិត​វីដេអូ​ស្តីពី​ការ​បង្រៀន​អក្ខរកម្ម​ពី​ចម្ងាយ ក្រុម​ការងារ​បាន​សម្រេច​ថត​វីដេអូ​ស្ដីពី​ការ​បង្រៀន​អក្ខរកម្ម​មុខវិជ្ជា​គណិតវិទ្យា​ចំនួន 29វីដេអូ ថត​នៅ​ស្ទូឌីយោ​ពហុ​មេឌា​នៃ​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន និង​មុខ​វិជ្ជា​ភាសា​ខ្មែរ​ចំនួន 55​វីដេអូ ថត​នៅ​ស្ទូឌីយោ​នាយកដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ។ ដោយ​ឡែក​ការ​ផលិត​វីដេអូ​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​ចំនួន 60វីដេអូ គឺ​ជា​បន្ទុក និង​ថត​នៅ​ស្ទូឌីយោ​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន៕