Author: ធឿន មករា

  • ជើងសិប្បនិម្មិត 3D មួយជួយឱ្យសត្វឆ្កែ 1ក្បាល អាចដើរ និងរត់ឡើងវិញបាន

    ជើងសិប្បនិម្មិត 3D មួយជួយឱ្យសត្វឆ្កែ 1ក្បាល អាចដើរ និងរត់ឡើងវិញបាន

    ឧបករណ៍ 3D ឈ្មោះថា Kevin Atkins និង​ Dave DiPinto និង​អ្នក​ឯក​ទេស​​​ផលិត​ឧបករណ៍​ទ្រ​ដង​ខ្លួន​សម្រាប់​សត្វ​ លោក Derrick Campana ​បាន​សហការ​គ្នា​ផលិត​ចេញ​ជា​ឧបករណ៍ 3D សម្រាប់​បំពាក់​នៅលើ​ជើង​ខាង​មុខរបស់សត្វសុនខ ដើម្បី​អាចឱ្យវា​ដើរ​បាន​ដូច​សុនខ​ ដទៃទៀត​បាន។

    សុនខ​ពិការ​ជើង​​តាំង​ពី​កំណើតដ៏​​​គួរ​ឱ្យ​អាណិត​ 1​ក្បាល​ ដែលត្រូវ​បានគេ​​បំពាក់​​​ឧបករណ៍​ជំនួយ​ 3D នេះ ដើម្បី​អាចឱ្យវា​ដើរ​ឡើង​វិញ​បាននោះ មាន​ឈ្មោះថា Derby។

    Derby ពិការ​ជើង​តាំង​ពី​កំណើត​ ហើយ​​​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​​អ្នក​ស្រី Tara Anderson ជា​បុគ្គលិក​មួយ​រូប​ដែល​បម្រើ​ការ​នៅ​ក្រុមហ៊ុន 3D Systems។ អ្នក​ស្រី​រួម​ទាំង​ក្រុម​ការងារ​ផ្សេង​​​​ទៀត ​ដូច​ជា​អ្នក​ជំនាញ​ខាង​រចនាឧបករណ៍​ទម្រ 3D នោះ​​បានផលិតឧបករណ៍នោះ​ឡើងធ្វើ​ពី​ជ័រ​ស្វិត ​ដែល​អាច​ទ្រ​ទម្ងន់​ Derby បាន​ដោយ​គ្មាន​បញ្ហា ​ពេលវា​រត់​លេង​ម្តង​ៗ​។

    ដូច្នេះ​ពេល​នេះ Derby អាច​រត់​លេង​នៅ​ខាង​ក្រៅ​បាន​​ដោយ​មិន​មាន​បញ្ហា ដោយ​សារតែ​ឧបករណ៍​ទម្រ​ជើង​ 3D ដែល​បាន​ផលិត​ឡើង​យ៉ាង​ហ្នត់​ចត់​ពី​អ្នក​ជំនាញ​ជា​ច្រើន​រូប៕

  • វិធីការពារសុខភាពផ្លូវចិត្ត សម្រាប់ក្មេងជំទង់ ក្នុងអំឡុងពេលនៃការរាតត្បាតរបស់ជំងឺកូវីដ-19

    វិធីការពារសុខភាពផ្លូវចិត្ត សម្រាប់ក្មេងជំទង់ ក្នុងអំឡុងពេលនៃការរាតត្បាតរបស់ជំងឺកូវីដ-19

    ការស្ថិតក្នុងវ័យជំទង់ គឺជាពេលវេលាមួយដែលពិបាកណាស់ទៅហើយ ហើយជំងឺកូវីដ-19 បានធ្វើឱ្យស្ថានភាពនេះ កាន់តែពិបាកថែមឡើងទៀត។ ដោយសារការបិទសាលារៀន និងការលុបចោលព្រឹត្តិការណ៍នានា ក្មេងជំទង់ជាច្រើនកំពុងខកខានឱកាសធំៗមួយចំនួននៅក្នុងជីវិតយុវវ័យរបស់ពួកគេ ទាំងកិច្ចការងារប្រចាំថ្ងៃ ដូចជា ការជជែកកម្សាន្តជាមួយមិត្តភក្តិ និងការចូលរួមសកម្មភាពនានានៅក្នុងថ្នាក់រៀនជាដើម។

    សម្រាប់ក្មេងជំទង់ ដែលជួបប្រទះការប្រែប្រួលក្នុងជីវិត ដោយសារតែការផ្ទុះជំងឺដ៏គ្រោះថ្នាក់នេះឡើង​ ហើយដែលកំពុងមានអារម្មណ៍អន្ទះអន្ទែង ឯកា និងមិនសប្បាយចិត្តនោះ សូមចងចាំថា អ្នកមិនមែនស្ថិតក្នុងស្ថានភាពបែបនេះតែម្នាក់ឯងនោះទេ។

    យើងបាននិយាយជាមួយនឹងលោកស្រីបណ្ឌិត Lisa Damour ដែលជាអ្នកឯកទេស​ខាងចិត្តសាស្រ្តក្មេងជំទង់ ជាអ្នកនិពន្ធសៀវភៅដែលលក់ដាច់បំផុត និងជាអ្នកសរសេរអត្ថបទបញ្ចេញមតិ (columnist) ប្រចាំខែឱ្យសារព័ត៌មាន New York Times អំពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីថែទាំខ្លួន និងថែទាំសុខភាពផ្លូវចិត្តរបស់អ្នក។

    ខាង​ក្រោម​នេះ​ជា​យុទ្ធសាស្រ្ត​ចំនួន 6 សម្រាប់​ក្មេងជំទង់​ដែល​កំពុង​ជួប​ប្រទះ​នឹង​ស្ថានភាព​ធម្មតា​បែបថ្មី (ជា​បណ្ដោះ​អាសន្ន)៖

    1. ត្រូវដឹងថា អារម្មណ៍អន្ទះអន្ទែងរបស់អ្នក គឺជាអារម្មណ៍ធម្មតាសុទ្ធសាធ

    ប្រសិនបើការបិទទ្វារសាលារៀន និងចំណងជើងព័ត៌មាននៅក្នុងកាសែតនានាធ្វើឱ្យអ្នកព្រួយបារម្ភ ធ្វើឱ្យអ្នកអន្ទះអន្ទែង ចូរគិតថា អ្នកមិនមែនជាមនុស្សតែម្នាក់គត់ ដែលមានអារម្មណ៍បែបនេះទេ។ ជាការពិត នេះគឺជាអារម្មណ៍ដែលអ្នកត្រូវតែមាន។ លោកស្រីបណ្ឌិត Damour មានប្រសាសន៍ថា “អ្នកជំនាញខាងចិត្តសាស្រ្តបានដឹងជាយូរមកហើយថា អារម្មណ៍អន្ទះ​អន្ទែង គឺជាអារម្មណ៍ធម្មតា និងជាមុខងារមួយដ៏ល្អ សម្រាប់ពញ្ញាក់អារម្មណ៍របស់យើងឱ្យដឹងពីការគំរាមកំហែង និងជួយយើងឱ្យចេះចាត់វិធានការការពារខ្លួនឯង។ អារម្មណ៍អន្ទះអន្ទែងរបស់អ្នក នឹងជួយឱ្យអ្នកចេះធ្វើការសម្រេចចិត្ត ដែលអ្នកត្រូវធ្វើនៅពេលនេះ ពោលគឺមិនចាំបាច់ចំណាយពេលច្រើនជាមួយនឹងមនុស្សផ្សេងទៀត ឬក្នុងក្រុមដែលមានមនុស្សច្រើននោះទេ  តែអ្នកត្រូវលាងសម្អាតដៃ និងមិនត្រូវយកដៃមកប៉ះមុខរបស់អ្នកឡើយ”។

    អារម្មណ៍ទាំងនេះមិនត្រឹមតែអាចរក្សាសុវត្ថិភាពរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងជាសុវត្ថិភាពរបស់អ្នកដទៃទៀតផងដែរ។

    នេះក៏ជា “របៀបដែលយើងអាចជួយថែទាំសមាជិកសហគមន៍របស់យើង ព្រោះយើងក៏ត្រូវគិតគូរពីមនុស្សដែលនៅជុំវិញខ្លួនយើងផងដែរ” ខណៈពេលដែលការមានអារម្មណ៍អន្ទះអន្ទែងជុំវិញជំងឺកូវីដ-19 គឺជាអារម្មណ៍ដែលអាចយល់បាន អ្នកត្រូវធានាថា អ្នកកំពុងប្រើប្រាស់ “ប្រភពព័ត៌មានដែលអាចជឿទុកចិត្តបាន [ដូចជា គេហទំព័ររបស់យូនីសេហ្វ និងអង្គការសុខភាពពិភពលោក ជាដើម] ដើម្បីទទួលបានព័ត៌មាន ឬពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានដែលអ្នកអាចទទួលបាន តាមរយៈប្រភពដែលមិនសូវអាចជឿទុកចិត្តបាន” នេះបើតាមអនុសាសន៍ដែលផ្ដល់ដោយលោកស្រីបណ្ឌិត Damour។

    ប្រសិនបើអ្នកមានការព្រួយបារម្ភថា អ្នកកំពុងមានរោគសញ្ញានៃជំងឺនោះ ជារឿងសំខាន់ណាស់ ដែលអ្នកត្រូវតែនិយាយប្រាប់ឪពុកម្ដាយរបស់អ្នកអំពីរឿងនេះ។ លោកស្រីបណ្ឌិត Damour មានប្រសាសន៍ថា “សូមចាំថា ជំងឺដែលកើតឡើងដោយសារការឆ្លងវីរុសកូវីដ-19 ជាទូទៅ​វាបង្ហាញអាការស្រាលៗ ជាពិសេស នៅលើកុមារ និងមនុស្សដែលនៅវ័យក្មេងនៅឡើយ”។

    ចំណុចសំខាន់មួយទៀតដែលត្រូវចងចាំនោះគឺ រោគសញ្ញាជាច្រើននៃជំងឺកូវីដ-19 គឺជារោគសញ្ញាដែលអាចព្យាបាលឱ្យជាសះស្បើយបាន។ លោកស្រីបានផ្ដល់ជាអនុសាសន៍ថា អ្នកគួរប្រាប់ឪពុកម្ដាយរបស់អ្នក ឬមនុស្សពេញវ័យណាម្នាក់ដែលអ្នកជឿទុកចិត្ត ដើម្បីឱ្យគេដឹងថា អ្នកមិនស្រួលខ្លួន ឬអ្នកកំពុងព្រួយបារម្ភអំពីវីរុសនេះ ដើម្បីឱ្យពួកគេអាចជួយអ្នកបាន។ លើសពីនេះ សូមចងចាំថា៖ “មានវិធីសាស្រ្តដ៏មានប្រសិទ្ធភាពជាច្រើន ដែលអ្នកអាចធ្វើបាន ដើម្បីថែរក្សាខ្លួនឯង និងអ្នកដទៃទៀតឱ្យមានសុវត្ថិភាព និងអាចគ្រប់គ្រងស្ថានការណ៍របស់យើងឱ្យកាន់តែប្រសើរឡើង ដូចជា ឧស្សាហ៍លាងសម្អាតដៃ មិនត្រូវយកដៃមកប៉ះផ្ទៃមុខ ឬអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាពជាដើម។

    2. រកអ្វីធ្វើ ដើម្បីឱ្យបង្វែរអារម្មណ៍របស់ខ្លួន

    លោកស្រីបណ្ឌិត Damour មានប្រសាសន៍ថា៖ “អ្វីដែលអ្នកជំនាញខាងចិត្តសាស្ត្រដឹងនោះ គឺថា នៅពេលដែលយើងស្ថិតនៅក្នុងស្ថានភាពលំបាករ៉ាំរ៉ៃ  រឿងដែលមានប្រយោជន៍បំផុត គឺត្រូវបែងចែកបញ្ហានេះជា 2រឿង៖ 1. គិតថា តើអ្វីខ្លះដែលខ្ញុំអាចធ្វើបានជុំវិញបញ្ហានេះ និងទី2. តើអ្វីខ្លះដែលខ្ញុំមិនអាចធ្វើបាន”។

    បច្ចុប្បន្ននេះ មានរឿងច្រើនណាស់ដែលស្ថិតនៅក្នុងរឿងទី2 ។ ហើយវាមិនមែនជារឿងទាស់ខុសអ្វីនោះឡើយ ប៉ុន្តែរឿងមួយដែលជួយយើងឱ្យអាចទប់ទល់នឹងស្ថានការណ៍នេះបាន គឺរកអ្វីធ្វើ ដើម្បីឱ្យបង្វែរអារម្មណ៍របស់អ្នក។ លោកស្រីបណ្ឌិត Damour បានផ្ដល់ដំបូន្មានមួយចំនួន ដូចជា ឱ្យយើងធ្វើកិច្ចការងារផ្ទះ មើលខ្សែភាពយន្តដែលយើងចូលចិត្ត ឬគេងអានសៀវភៅប្រលោមលោក ដើម្បីឱ្យបានធូរស្រាលក្នុងចិត្ត និងរក្សាអារម្មណ៍ឱ្យនឹងនរក្នុងការរស់នៅប្រចាំថ្ងៃ។

    3. ស្វែងរកវិធីថ្មីៗ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងមិត្តភក្តិរបស់អ្នក

    ប្រសិនបើអ្នកចង់ចំណាយពេលជាមួយមិត្តភក្តិ​ ពេលដែលអ្នកកំពុងអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាពនោះ  បណ្ដាញទំនាក់ទំនងសង្គម គឺជាមធ្យោបាយដ៏ល្អមួយ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយគ្នា។

    សូមមានភាពច្នៃប្រឌិត៖ សូមចូលរួមនៅក្នុងការប្រកួតប្រជែងតាម Tik-Tok ដូចជា #safehands ជាដើម។ លោកស្រីបណ្ឌិត Damour មានប្រសាសន៍ថា៖ “ខ្ញុំមិនដែលមើលស្រាលភាពច្នៃប្រឌិតរបស់ក្មេងៗវ័យជំទង់ឡើយ។ ខ្ញុំជឿថា ពួកគេនឹងអាចរិះរកវិធី ដើម្បី [ភ្ជាប់ទំនាក់ទំនង] ជាមួយគ្នាតាមប្រព័ន្ធអនឡាញ តាមបែបផ្សេងខុសពីអ្វីដែលពួកគេធ្លាប់បានធ្វើកន្លងមក”។ លោកស្រីបណ្ឌិត Damour​ មានប្រសាសន៍បន្ថែមថា៖ “[ប៉ុន្តែ] វាមិនមែនជាគំនិតដ៏ល្អនោះឡើយ ដែលអ្នកអាចមើលអេក្រង់ទូរស័ព្ទ និង/ឬលេងបណ្ដាញទំនាក់ទំនងសង្គម ដោយពុំមានការត្រួតពិនិត្យផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវនោះ។ ការធ្វើបែបនេះមិនមែនជារឿងល្អ មិនមែនជារឿងវៃឆ្លាតនោះឡើយ ប៉ុន្តែវាអាចបង្កើនអារម្មណ៍អន្ទះអន្ទែងរបស់អ្នកទៅវិញទេ” ។ លោកស្រី បានផ្ដល់អនុសាសន៍ឱ្យអ្នករៀបចំកាលវិភាគមើលអេក្រង់ជាមួយនឹងឪពុកម្ដាយរបស់ខ្លួន។

    4. ផ្ដោតលើខ្លួនឯង តើអ្នកធ្លាប់ចង់រៀនធ្វើអ្វីមួយថ្មី ចាប់ផ្ដើមអានសៀវភៅថ្មីៗ ឬចំណាយពេលហ្វឹកហាត់លេងឧបករណ៍តន្ត្រីដែរឬទេ?

    នេះ គឺជាពេលវេលាដែលអ្នកត្រូវធ្វើរឿងទាំងអស់នេះ។ សូមផ្ដោតការយកចិត្តទុកដាក់លើខ្លួនឯង និងរិះរកវិធីប្រើប្រាស់ពេលវេលាថ្មីៗ ដែលអ្នកទើបមានទាំងអស់នេះឱ្យមានប្រយោជន៍ ដើម្បីមើលថែទាំសុខភាពផ្លូវចិត្តរបស់ខ្លួនឯង។ លោកស្រីបណ្ឌិត Damour មានប្រសាសន៍ថា៖ “ខ្ញុំបានរៀបចំបញ្ជីសៀវភៅទាំងអស់ដែលខ្ញុំចង់អាន និងអ្វីដែលខ្ញុំចង់ធ្វើជាយូរមកហើយ…នៅពេលដែលមានអារម្មណ៍ឈឺចាប់ ផ្លូវចេញតែមួយគត់ គឺត្រូវឆ្លងកាត់អារម្មណ៍បែបនេះ”។

    5. ដាក់ចិត្តដាក់កាយនៅក្នុងអារម្មណ៍របស់អ្នក

    លោកស្រីបណ្ឌិត Damour មានប្រសាសន៍ថា៖ “ការខកខានព្រឹត្តិការណ៍នានាជាមួយនឹងមិត្តភក្តិ ការលេងកម្សាន្ត ឬការប្រកួតកីឡា ពិតជាធ្វើឱ្យអ្នកមិនសប្បាយចិត្ត។ ទាំងអស់នេះគឺជាការបាត់បង់ក្នុងទ្រង់ទ្រាយធំ។ ការបាត់បង់ទាំងនេះពិតជាធ្វើឱ្យអ្នកមិនសប្បាយចិត្ត ជាពិសេសសម្រាប់ក្មេងជំទង់តែម្ដង”។ អ្វីទៅដែលជាវិធីសាស្រ្តល្អបំផុត ដើម្បីដោះស្រាយបញ្ហាមិនសប្បាយចិត្តបែបនេះ? និងបណ្ដោយឱ្យខ្លួនអ្នកទទួលអារម្មណ៍បែបនេះ?។

    នៅពេលដែលមានអារម្មណ៍ឈឺចាប់ ផ្លូវចេញតែមួយគត់ គឺត្រូវឆ្លងកាត់អារម្មណ៍បែបនេះ។ សូមបណ្ដោយឱ្យខ្លួនអ្នកមានអារម្មណ៍សោកសៅចុះ ហើយប្រសិនបើអ្នកអាចឱ្យខ្លួនឯងមានអារម្មណ៍​សោកសៅ អ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ធូរស្បើយមកវិញកាន់តែឆាប់រហ័ស” ។ របៀបឆ្លងកាត់អារម្មណ៍នេះ មានលក្ខណៈខុសៗគ្នា ទៅតាមមនុស្សម្នាក់ៗ។

    លោកស្រីបណ្ឌិត Damour មានប្រសាសន៍ថា៖​ “កុមារមួយចំនួនចង់ផលិតវត្ថុសិល្បៈ កុមារមួយចំនួនចង់និយាយទៅកាន់មិត្តភក្តិរបស់ពួកគេ និងប្រើអារម្មណ៍សោកសៅដែលពួកគេមានដូចគ្នា ជាវិធីដើម្បីភ្ជាប់ទំនាក់ទំនងជាមួយគ្នា នៅពេលដែលពួកគេមិនអាចនៅជាមួយគ្នាដោយផ្ទាល់ ហើយកុមារមួយចំនួនចង់រកវិធី ដើម្បីយកអាហារទៅផ្គត់ផ្គង់នៅធនាគារអាហារ (សម្រាប់ចែកឱ្យអ្នកខ្វះខាត)”…តែអ្វីដែលសំខាន់គឺ អ្នកត្រូវធ្វើអ្វី ដែលអ្នកគិតថា វាត្រឹមត្រូវសម្រាប់ខ្លួនឯង។

    6. សូមមានសេចក្តីសប្បុរសចំពោះខ្លួនឯង និងអ្នកដទៃ

    ក្មេងជំទង់មួយចំនួនជួបប្រទះនឹងការរករឿងរំខាន និងការបំពារបំពាននៅសាលារៀន ដោយសារតែមេរោគវីរុសកូរ៉ូណា។

    លោកស្រីបណ្ឌិត Damour មានប្រសាសន៍ថា៖ “ការសុំជំនួយពីអ្នកមើលឃើញហេតុការណ៍ទាំងនេះ គឺជាវិធីដ៏ល្អបំផុត ដើម្បីឆ្លើយតបចំពោះការរករឿងរំខានប្រភេទនេះ។ កុមារ និងក្មេងជំទង់ ដែលក្លាយជាមុខសញ្ញានៃការរករឿងរំខាន​ មិនគួរតតាំងជាមួយនឹងអ្នកដែលរករឿងរំខានអ្នកនោះឡើយ ផ្ទុយទៅវិញយើងគួរលើកទឹកចិត្តឱ្យពួកគេរកមិត្តភក្តិ ឬមនុស្សពេញវ័យឱ្យជួយ និងផ្ដល់ការគាំទ្រដល់ពួកគេ។

    ប្រសិនបើអ្នកឃើញមិត្តភក្តិណាម្នាក់ទទួលរងការរករឿងរំខាន សូមទៅជួបពួកគេ និងព្យាយាមផ្ដល់​ការគាំទ្រដល់ពួកគេ។ ការមិនធ្វើអ្វីសោះ អាចធ្វើឱ្យពួកគេគិតថាគ្រប់គ្នាកំពុងធ្វើអ្វីមួយប្រឆាំងនឹងពួកគេ ហើយពុំមាននរណាម្នាក់ខ្វល់ខ្វាយចំពោះពួកគេ។ ចូរកុំភ្លេចថា ពាក្យសម្ដីរបស់អ្នកអាចនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានបាន។

    លើសពីនេះ សូមចាំថា៖ នេះគឺជាពេលសំខាន់ជាងពេលណាៗទាំងអស់ ដែលយើងត្រូវចេះគិតពិចារណា អំពីអ្វីដែលយើងគួរចែករំលែក ឬគួរនិយាយ ព្រោះវាអាចធ្វើឱ្យអ្នកដទៃទទួលរងការឈឺចាប់ និងរីករាយបាន។

  • ត្រូវប្រយ័ត្ន និងត្រូវដឹង អាការប្រកាច់ដែលបណ្តាលមកកូនតូចក្តៅខ្លួនខ្លាំង

    ត្រូវប្រយ័ត្ន និងត្រូវដឹង អាការប្រកាច់ដែលបណ្តាលមកកូនតូចក្តៅខ្លួនខ្លាំង

    ជំងឺនៅលើក្មេងតូចបើលោកឪពុកអ្នកម្តាយដឹងច្បាស់ ស្គាល់ច្បាស់ពីជំងឺរបស់ក្មេងនោះ ក៏មិនមានអ្វីគួរឱ្យភ័យខ្លាចដូចការគិតនោះឡើយ ថ្ងៃនេះឡារ៉ែន មានចំណេះដឹងល្អៗរឿងអាការប្រកាច់ដែលអាចកើតឡើងបាននៅពេលកូនតូចមានកម្តៅខ្លួនខ្ពស់ ព្រមជាមួយវិធីមើលថែទាំរយៈដំបូង និងយល់ដឹងនៅពេលកូនតូចមានអាការប្រកាច់មកជម្រាបជូន។

    ជាសភាវដែលជួបប្រទះជាញឹកញាប់ និងឃើញបានប្រមាណជា 2 – 4 ភាគរយនៅលើ់ក្មេងអាយុតិចជាង 5 ឆ្នាំ តែនៅពេលធំឡើងឱកាសរបស់ការប្រកាច់ដោយសារក្តៅខ្លួនខ្លាំងនេះនឹងថយចុះ។ យើងជឿថា ឪពុកម្តាយមួយចំនួនអាចនឹងធ្លាប់ឃើញ ឬធ្លាប់មានបទពិសោធន៍ក្នុងរឿងនេះរួចមកហើយ។ សភាវប្រកាច់មកពីក្តៅខ្លួនខ្លាំងនេះមិនបានបណ្តាលមកពីការឆ្លងមេរោគនៅក្នុងប្រព័ន្ធប្រសាទកណ្តាល ភាពខុសប្រក្រតីរបស់តុល្យការទឹក និងសារធាតុរ៉ែ ឬជំងឺសួពូជនោះទេ តែច្រើនជួបប្រទះនៅលើក្មេងដែលមានកម្តៅខ្លួនកើនឡើងខ្ពស់ និងឆាប់រហ័ស ដែលច្រើនជួបក្នុងរយៈពេល 24 ម៉ោងដំបូងរបស់ជំងឺគ្រុនក្តៅ។

    មកយល់ដឹងយ៉ាងត្រឹមត្រូវអំពីសភាវនេះ ព្រមជាមួួយវិធីដែលល្អក្នុងការមើលថែទាំកូនតូចជាមួយគ្នា ៈ

    អាការ និងអាការដែលបង្ហាញឡើងក្មេងនឹងលែងដឹងខ្លួន បញ្ឈរភ្នែក ដៃជើងឡើងរឹង ឬញាក់ទូទាំងខ្លួនប្រាណ ក្មេងខ្លះមានបែកពពុះមាត់ ហៀរលាមក និងទឹកមូត្រ សភាវនេះមើលទៅឃើញគួរឱ្យខ្លាចណាស់ តែរឿងដែលឪពុកម្តាយ ឬអាណាព្យាបាលគួរដឹងជាបថមនោះគឺ ភាគច្រើនទៅអាការប្រកាច់នៅលើក្មេងនេះនឹងបាត់ទៅវិញដោយឯកឯងក្នុងរយៈពេល 5 នាទី ដូច្នេះ ពេលកើតហេតុការណ៍នេះឡើង អ្នកឃើញហេតុការណ៍គួរតាំងស្មារតី កុំភ័យខ្លាច។

    ការមើលថែទាំដំបូង

    – ដាក់ក្មេងឱ្យគេងផ្អៀងនៅក្នុងកន្លែងដែលមានសុវត្ថិភាព នៅឆ្ងាយពីវត្ថុគ្រោះថ្នាក់ ឬរបស់មុតស្រួច។

    – ចៀសវាងការនាំយកឧបករណ៍ផ្សេងៗ ប្រភេទឈើ កំទេចក្រណាត់ ស្លាបព្រា ឬសូម្បីតែម្រាមដៃរបស់អ្នកជួយសង្រ្គោះដាក់ចូលទៅក្នុងមាត់ក្មេង ព្រោះអាចធ្វើឱ្យកើតមានរបួសស្នាមចំពោះក្មេងបាន(អាចបាក់ធ្មេញ ឬរុញអណ្តាតឱ្យញ៉ុកស្ទះផ្លូវដង្ហើមបាន) ឬអាចកើត​មានរបួសស្នាមចំពោះអ្នកជួយសង្រ្គោះបាន(ក្មេងរងគ្រោះពេលនោះមិនដឹងខ្លួនទេ អាចនឹងខាំម្រាមដៃអ្នកជួយស​ង្រ្គោះ ធ្វើឱ្យរងរបួសបាន)។

    – ព្យាយាមរកអ្នកជួយសង្រ្គោះបន្ថែម ដើម្បីពិចារណាទាក់ទងបញ្ជូនទៅមន្ទីពេទ្យជាបន្ទាន់។

    ឪពុកម្តាយ ឬអាណាព្យាបាលមួយចំនួនអាចបានទទួលការណែនាំមកថា នៅពេលកើតអាការប្រកាច់ អាចធ្វើឱ្យក្មេងខាំអណ្តាតខ្លួនឯងដាច់បាន តែនៅក្នុងសភាពពិតវិញ ឱកាសដែលក្មេងប្រកាច់នឹងខាំអណ្តាតខ្លួនឯងនោះកើតឡើងតិចបំផុត អាចមានអាការរងរបួសដែលបណ្តាលមកពីធ្មេញប៉ះគ្នានៅម្តុំផ្នែកខាងអណ្តាតបាន តែច្រើនតែមិនធ្ងន់ធ្ងរឡើយ តែបើប្រើរបស់របរដាក់ចូលទៅក្នុងមាត់ដើម្បីជួយសង្រ្គោះនោះអាចនឹងធ្វើឱ្យកើតមានគ្រោះថ្នាក់ច្រើនជាង។

    ការពិនិត្យ និងព្យាបាល

    ពេលនាំទៅដល់មន្ទីរពេទ្យ លោកគ្រូពេទ្យនឹងធ្វើការសាកសួរពីប្រវត្តិ ពាក់ព័ន្ធនឹងរយៈពេលគ្រុនក្តៅ រកមូលហេតុរបស់ជំងឺគ្រុនក្តៅ សាកសួរអំពីលក្ខណៈ ឬរូបបែបរបស់អាការប្រកាច់ និងរយៈពេលដែលកើតការប្រកាច់ ដូច្នេះអ្នកដែលឃើញហេតុការណ៍អាចនឹងត្រូវព្យាយាមរៀបរាប់ពីហេតុការណ៍ដែលកើតឡើងឱ្យលោកគ្រូពេទ្យបានដឹងផង ដោយសារតែអាការប្រកាច់ក្នុងរូបបែបខ្លះអាចត្រូវមានការពិនិត្យព្យាបាលបន្ថែម ឬមានការតបស្នងល្អជាមួយថ្នាំប្រភេទខ្លះ។

    រឿងដែលត្រូវដឹង ដើម្បីការពារ

    – សភាវប្រកាច់ដោយសារក្តៅខ្លួនខ្លាំង ភាគច្រើនៗប្រកាច់ក្នុងរយៈពេលខ្លីៗ ទើបមិនបានបង្កឱ្យកើតភាពខុសប្រក្រតីចំពោះសតិបញ្ញា ឬវិវឌ្ឍនាការរបស់ក្មេងឡើយ។

    – មានឱកាសប្រកាច់ដដែលៗបានបើមានភាពប្រថុយប្រថានដូចតទៅនេះ ប្រកាច់លើកដំបូងពេលអាយុតិចជាង 1 ឆ្នាំ មានសាច់ញាតិជិតដិតមានប្រវត្តិធ្លាប់ក្តៅខ្លួនខ្លាំងហើយប្រកាច់ ឬមានប្រវត្តិប្រកាច់រយៈពេលយូរ។

    – ក្មេងដែលធ្លាប់ប្រកាច់ដោយសារក្តៅខ្លួនខ្លាំង នៅពេលចាប់ផ្តើមក្តៅខ្លួន គួរប្រញាប់ធ្វើការជូតខ្លួនដោយក្រណាត់ត្រជាក់ដើម្បីបញ្ចុះកម្តៅ រួមទាំងឱ្យញ៉ាំថ្នាំបញ្ចុះកម្តៅមុននឹងនាំទៅមន្ទីរពេទ្យ។

    ជាទូទៅ សភាវនេះគ្មានភាពចាំបាច់ដែលត្រូវឱ្យញ៉ាំថ្នាំការពារប្រកាច់នោះទេ លើកលែងតែមានការបង្ហាញឱ្យឃើញពីសញ្ញាអ្វីម្យ៉ាងដែលត្រូវមានការពិភាក្សា និងសម្រេចចិត្តរួមគ្នារវាងអាណាព្យបាល និងលោកគ្រូពេទ្យអ្នកព្យបាលអំពីផលល្អ និងផលអាក្រក់របស់ថ្នាំការពារប្រកាច់នេះជាមុនសិន៕

  • សមាគមមីក្រូហិរញ្ញវត្ថុថា រហូតមកដល់ពេលនេះមានអតិថិជន 15ម៉ឺននាក់ត្រូវបានអនុញ្ញាតឱ្យរៀបចំឥណទានឡើងវិញ

    សមាគមមីក្រូហិរញ្ញវត្ថុថា រហូតមកដល់ពេលនេះមានអតិថិជន 15ម៉ឺននាក់ត្រូវបានអនុញ្ញាតឱ្យរៀបចំឥណទានឡើងវិញ

    ថ្មីៗនេះប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លោក គា បូរាណ បានបញ្ជាក់ថារហូតមកដល់ថ្ងៃទី 24 ខែឧសភា ឆ្នាំ2020 អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន 175,364នាក់បានស្នើសុំរៀបចំឥណទានឡើងវិញដោយសារតែរងផលប៉ះពាល់នៃបញ្ហា Covid-19។ ក្នុងចំណោមអ្នកស្នើសុំទាំងអស់នោះមានអតិថិជនប្រមាណជាង 15ម៉ឺននាក់ ឬស្មើនឹង 90% នៃចំនួនអ្នកស្នើទទួលបានការអនុញ្ញាត។

    ប្រធានក្រុមប្រឹក្សាភិបាលសមគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខាងលើបានបញ្ជាក់ផងដែរថា ទំហំទឹកប្រាក់សរុបនៃឥណទានដែលបានអនុញ្ញាតឱ្យរៀបចំឡើងវិញនោះសរុប 656លានដុល្លារ។

    គិតត្រឹមដំណាច់ខែមេសា ឆ្នាំ2020 គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមបន្តប្រកាន់ខ្ជាប់នូវទស្សនៈវិស័យរបស់ខ្លួន តាមរយៈការជួយឲ្យប្រជាជនកម្ពុជា ចំនួនជាង2.1លាននាក់ និងមានឥណទានសរុប ជាង30 ទ្រីលានរៀល (7.4ប៊ីលានដុល្លា) ខណៈអតិថិជនបញ្ញើសរុបមានចំនួនជាង2.8លាននាក់ និងមានប្រាក់បញ្ញើសរុបជាង 15ទ្រីលានរៀល (3.7ប៊ីលានដុល្លា) ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយភាពសំបូរបែបនិងទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព តាមរយៈការិយាល័យតំណាងចំនួនប្រមាណ1,448 កន្លែង និងមានបុគ្គលិកបម្រើការងារសរុបប្រមាណ 36,089 នាក់ នៅទូទាំងប្រទេស៕

  • មួយថ្ងៃៗប្រជាជនខ្មែរត្រូវការបន្លែ 570តោន

    មួយថ្ងៃៗប្រជាជនខ្មែរត្រូវការបន្លែ 570តោន

    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងមួយថ្ងៃៗប្រជាជនខ្មែរ​ទទួលទានបន្លែប្រមាណ 570តោន ដែលក្នុងនោះជាង 400តោនជាផលិតផលក្នុងស្រុក ហើយជាង 100តោនផ្សេងទៀតនាំចូលពីបរទេស។

    កន្លងមកកម្ពុជាបាននាំបន្លែពីប្រទេសមួយចំនួនដូចជា ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសចិន ជាដើម តែក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជំងឺ Covid-19 នេះការនាំចូលមានសភាពចង្អៀតបន្តិចដែលអនុញ្ញាតឱ្យ​ដំណាំក្នុងស្រុកកាន់តែមានសក្តានុពល។ ស្ថិតក្នុងដំណាក់កាលបែបនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញប្រជាជនឱ្យ​ខិតខំប្រឹងប្រែងដាំដុះដោយខ្លួនឯង ស្របពេលដែលធនាគារ​អភិវឌ្ឍជនបទ ក៏បានទម្លាក់កម្ចីជាច្រើនលានដុល្លារដើម្បីជំរុញការដាំដុះ និងចិញ្ចឹមសត្វនៅក្នុងស្រុកផងដែរ។

    គួរបញ្ជាក់ថា ប្រសិនបើប្រជាជនកម្ពុជាបានដាំដុះ និងផ្គត់ផ្គង់កាន់តែច្រើនក្នុងទីផ្សារក្នុងប្រទេស នោះជីវភាពរបស់ប្រជាជននឹងមានការកើនឡើងកាន់តែខ្លាំង ហើយកំណើននៃអាហារគីមីក៏មានការថយចុះផងដែរ ព្រោះភាគច្រើនផលិតផលដំណាំដែលដាំដុះនៅក្នុងស្រុកនាពេលថ្មីៗនេះភាគច្រើនជាផលិតផលធម្មជាតិ និងមិនប្រើប្រាស់សារធាតុគីមីច្រើននោះទេ៕

  • ប្រជាជនដែលមិនបង់ថ្លៃសំរាម អាចនឹងត្រូវអាជ្ញាធរបង្ហាញឈ្មោះជាសាធារណៈក្នុងប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម

    ប្រជាជនដែលមិនបង់ថ្លៃសំរាម អាចនឹងត្រូវអាជ្ញាធរបង្ហាញឈ្មោះជាសាធារណៈក្នុងប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម

    សាលារាជធានីភ្នំពេញ បានប្រកាសជូនដំណឹងជំរុញការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាជនដែលមិនទាន់ ឬមិនព្រមបង់ថ្លៃសំរាម​ប្រញ៉ាប់បង់ដើម្បីកុំឱ្យទទួលការចាត់វិធានការ​នានាពីអាជ្ញាធរ។

    សាលារាជធានីភ្នំពេញបញ្ជាក់ថា ក្រោយពីបានចាប់ផ្តើមអនុវត្ត​ទទួលការបង់ថ្លៃសេវាសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាល​អន្តរកាល តាមប្រព័ន្ធអេឡិចត្រូនិក រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញសង្កេតឃើញថា មានបងប្អូនប្រជាពរលដ្ឋភាគច្រើន​បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងរួចហើយ។ ប៉ុន្តែនៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀតនៅមិនទាន់​បំពេញកាតព្វកិច្ច​បង់ថ្លៃសេវាប្រមូលសំរាម​ និងសំណល់រឹងនៅឡើយ។

    ហេតុនេះអ្នកដែលមិនទាន់បានបង់សូមប្រញ៉ាប់មកបង់ថ្លៃសេវាឱ្យបានទាន់ពេលវេលា បើមិនដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តចាត់វិធានការមួយចំនួនដូចជា៖

    1.បញ្ចេញបញ្ជីរឈ្មោះអ្នកមិនទាន់បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ជាសាធាណៈ តាមបណ្តាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយនានា

    1. កត់ត្រាបំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្តោះអាសន្ន​

    3.អនុវត្តវិធានការផ្សេងៗទៀតបើចាំបាច់៕

  • អគ្គនាយកដ្ឋានពន្ធដារប្រកាសប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនចាប់ពីដើមខែមិថុនា ដល់ថ្ងៃទី 30 ខែវិច្ឆិកា

    អគ្គនាយកដ្ឋានពន្ធដារប្រកាសប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនចាប់ពីដើមខែមិថុនា ដល់ថ្ងៃទី 30 ខែវិច្ឆិកា

    អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា​ការប្រមូលពន្ធលើមធ្យោបាយ​ដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ​សម្រាប់ឆ្នាំ 2020 នឹងត្រូវដាក់ឱ្យអនុវត្ត​ចាប់ពីថ្ងៃទី 01 ខែមិថុនា រហូតដល់ថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2020។

    អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា សម្រាប់ការបង់​ពន្ធក្នុងឆ្នាំ 2020 ម្ចាស់យានយន្ត​គ្រប់ប្រភេទ​ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ក.អ នៅធនគារអេស៊ីលីដា ភីអ៊ិលសី នៅធនគារ​កម្ពុជាសាធារណៈ ភីអិលស៊ី និងនៅតាមធនគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

    ចាប់ពីថ្អៃទី01 ខែមករា ឆ្នាំ2021 តទៅ​ អគ្គនាយកដ្ឋានពន្ធដារសហការជាមួយអាជ្ញាធរ​មានសមត្ថកិច្ច​ដើម្បីត្រួតពិនិត្យ​ការប្រកាសបង់ពន្ធ និងផាកពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណាដែលមិនប្រកាស​បង់ពន្ធក្នុងឆ្នាំកន្លងមក តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន៕

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញវិញ្ញបនបត្រឱ្យក្រុមហ៊ុនកសិកម្មមួយថ្មីទៀតនៅខេត្តកំពត ក្នុងទំហំទឹកប្រាក់ជាង 21លានដុល្លារ

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញវិញ្ញបនបត្រឱ្យក្រុមហ៊ុនកសិកម្មមួយថ្មីទៀតនៅខេត្តកំពត ក្នុងទំហំទឹកប្រាក់ជាង 21លានដុល្លារ

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មុននេះបន្តិច​បានបញ្ជាក់ថា​ខ្លួនទើបនឹងចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរនូវឱ្យក្រុមហ៊ុនឯកជនមួយ ដែលវិនិយោគលើវិស័យកសិកម្មនៅខេត្តកំពតក្នុងទំហំទឹកប្រាក់ 21.7លានដុល្លារ។

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា តាមសំណើសុំវិនិយោគលើគម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដូងប្រេង កៅស៊ូ និងល្ហុងប្រេង) របស់ក្រុមហ៊ុន VIRTUS GREEN PLANTATIONS (CAMBODIA) PTE., LTD។

    គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ស្រុកជុំគីរី និងស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ 21.7លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 2,070កន្លែង៕

  • Adisak Kraisorn មិនប្រាថ្នាទៅលេងដល់ជប៉ុនឡើយ សុំត្រឹមលីកក្នុងអាស៊ានបានហើយ

    Adisak Kraisorn មិនប្រាថ្នាទៅលេងដល់ជប៉ុនឡើយ សុំត្រឹមលីកក្នុងអាស៊ានបានហើយ

    ខ្សែប្រយុទ្ធជម្រើសជាតិថៃ វ័យ 29ឆ្នាំ បាននិយាយថា ខ្លួនចង់លេងនៅត្រឹមលីកកំពូលវៀតណាម (V-League) ឬលីកកំពូលម៉ាឡេស៊ី (Malaysia Super League) តែប៉ុណ្ណោះ មុននឹងដល់ពេលចូលនិវត្តន៍ពីអាជីពបាល់ទាត់។

    ខ្សែប្រយុទ្ធវ័យ 29ឆ្នាំរូបនេះ បច្ចុប្បន្នលេងឱ្យក្លិប Muangthong United ដោយត្រូវបានក្លិបនេះដាក់ឱ្យក្លិប Port FC ខ្ចីជើងក្នុងរដូវកាលនេះ ដោយលេងបាន 4ប្រកួតរកគ្រាប់បាល់បាន 2គ្រាប់។ ចំពោះជម្រើសជាតិវិញ គេបានជាប់ឈ្មោះលេងចាប់តាំងពីឆ្នាំ 2009មក ដោយលេងបាន 60ប្រកួត និងរកបាន 32គ្រាប់៕

  • សាហាវ! Sturridge ផ្លាស់ទៅលេងនៅលីកកំពូលថៃ

    សាហាវ! Sturridge ផ្លាស់ទៅលេងនៅលីកកំពូលថៃ

    ក្លិបបាល់ទាត់ Burriram United បានបញ្ចេញពត័មានថា ខ្លួននឹងយកកីឡាករសញ្ជាតិអង់គ្លេស មកចូលរួមក្រុម នារដូវកាលក្រោយ ឆ្នាំ2021 ខាងមុខនេះ។

    កីឡាករមានដើមកំណើតនៅអង់គ្លេសរូបនេះ ធ្លាប់លេងនៅក្លិបជាច្រើនក្នុងលីកកំពូលអង់គ្លេស មានដូចជា Manchester City, Chelsea, Bolton Wenderer, Liverpool, West Bromwich Albion, Trabzonspor។

    គួរបញ្ជាក់ដែរថា កីឡាកររូបនេះធ្លាប់លេងឱ្យជម្រើសជាតិអង់គ្លេសចាប់តាំពីឆ្នាំ2004មក ដោយប្រកួតបាន 65លើក ទាត់បញ្ចូលទីបាន 31គ្រាប់៕