Author: ធឿន មករា

  • រាជរដ្ឋាភិបាល ចាប់ផ្តើមបើកប្រាក់ឧបត្ថម្ភ ដល់កម្មករក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលបានព្យួរកិច្ចសន្យាការងារ

    រាជរដ្ឋាភិបាល ចាប់ផ្តើមបើកប្រាក់ឧបត្ថម្ភ ដល់កម្មករក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលបានព្យួរកិច្ចសន្យាការងារ

    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី26 ខែឧសភា ឆ្នាំ2020 បានចេញសេចក្តីជូនដំណឹងមួយ ប្រាប់ដល់បងប្អូនកម្មករនិយោជិតចំនួន 33,231នាក់ ដែលបម្រើការងារនៅរោងចក្រ សហគ្រាសចំនួន111 នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ។

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ នៅថ្ងៃទី26 ខែឧសភា បានបញ្ជាក់ថា ការចាប់ផ្តើមបើកផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនេះ ធ្វើឡើងស្របតាមស្មារតីនៃសេចក្តីណែនាំលេខ045/20 ចុះថ្ងៃទី17 ខែមេសា ឆ្នាំ2020 របស់ក្រសួង និងស្របតាមស្មារតីជុំទី3 នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ឱ្យត្រៀមទៅបើកប្រាក់ឧបត្ថម្ភ នៅសាខាណាមួយរបស់ភ្នាក់ងារវីង (Wing) ដែលនៅជិតបំផុត ទូទាំងប្រទេស ដោយមិនតម្រូវឱ្យបង់ថ្លៃសេវាបន្ថែមណាមួយ ទៅឱ្យភ្នាក់ងារវីងឡើយ។

    ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ទឹកប្រាក់ដែលរាជរដ្ឋាភិបាល នឹងបើកជូនកម្មករ ក្នុងជុំទី1នេះ មានប្រមាណ 684.295ដុល្លារ​។ កម្មករដែលត្រូវបើកប្រាក់ឧបត្ថម្ភជូននេះ មកពីរោងចក្រកាត់ដេរចំនួន 83រោងចក្រ និងមកពីសណ្ឋាគារ និងភោជនីយដ្ឋានចំនួន 28។

    តាមរយៈសេចក្តីជូនដំណឹងនេះ ក្រសួងក៏បានបញ្ជាក់ផងដែរថា ធនាគារឯកទេសវីងនឹងផ្ញើសារទៅលេខទូរស័ព្ទ ដែលបងប្អូនកម្មករធ្លាប់បានផ្តល់មកឱ្យក្រសួង តាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក ដើម្បីជាការបញ្ជាក់បន្ថែមទៀត៕

  • ខែកក្កដា ខាងមុខ ចិន នឹងអនុវត្តគម្រោងបាញ់បង្ហោះយានអវកាស ទៅភពផ្កាយព្រះអង្គារ លើកដំបូង

    ខែកក្កដា ខាងមុខ ចិន នឹងអនុវត្តគម្រោងបាញ់បង្ហោះយានអវកាស ទៅភពផ្កាយព្រះអង្គារ លើកដំបូង

    ថ្មីៗ​នេះ​​ កាលពីថ្ងៃទី24 ខែឧសភា ឆ្នាំ​2020 ក្រុមហ៊ុន China Aerospace Science and Technology Corporation (CASC) ដែល​ទទួលខុសត្រូវលើ​គម្រោងនេះ ​បាន​ប្រកាស​ជា​ផ្លូវការ​ថា ចិននឹង​បាញ់បង្ហោះ​យានអវកាស​ទៅភពផ្កាយព្រះ​អង្គារជាលើកដំបូងក្នុង​ប្រវត្តិសាស្រ្ត នៅក្នុងខែកក្កដា ឆ្នាំ​2020នេះ។

    យាន​អវកាស Tian wen នឹងត្រូវដាក់បង្ហោះនៅលើគន្លងភពផ្កាយព្រះអង្គារ ហើយ​ទម្លាក់យាន rover ចុះចតលើភពនោះ ដើម្បីរុករក និង​វិភាគអំពី​ផ្ទៃដីនៅទីនោះ។ យាន​អវកាស​ដែលនឹងបញ្ជូនទៅភពផ្កាតព្រះអង្គារនេះ មានឈ្មោះថា Tian wen ដែលត្រូវចំណាយពេលរាប់ខែ ខណៈពីផែនដី ទៅភពផ្កាយព្រះអង្គារ មានចម្ងាយប្រហែល 55លានគីឡូម៉ែត្រ។

    បេសកកម្មភពផ្កាយព្រះអង្គារ ស្ថិតក្នុងចំណោមគម្រោង​អវកាស​ថ្មីៗរបស់​ចិន ដែលក្រៅពីនោះ ចិនក៏គ្រោងនឹងដឹកមនុស្ស​ទៅជាន់ដីស្ថានព្រះចន្ទ ព្រមទាំងនឹង​សាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួនមួយឡើង ក្នុងឆ្នាំ​2022 ឱ្យ​ខាង​តែ​បាន​ទៀត​ផង។

    គួរ​ជម្រាប​ជូនថា ប្រទេស​ចិន​​ ក៏ទើប​នឹង​បាន​ទទួលជោគជ័យម្តងរួចមកហើយដែរ ក្នុងការក្លាយជាប្រទេសដំបូងគេ ​ដែលបាន​ដាក់យានចុះចតនៅផ្នែកខាងងងឹតនៃពិភពស្ថានព្រះចន្ទ កាលពីខែមករា ឆ្នាំ​2019 កន្លងទៅ៕

  • Hacker អាចបញ្ចូលមេរោគ Malware ដើម្បីលួចយកទិន្នន័យតាមរយៈ Bluetooth ដោយវិធីថ្មីនេះ…

    Hacker អាចបញ្ចូលមេរោគ Malware ដើម្បីលួចយកទិន្នន័យតាមរយៈ Bluetooth ដោយវិធីថ្មីនេះ…

    ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានផ្សព្វផ្សាយ ឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនដែលប្រើប្រព័ន្ធប្រតិបត្តិការ (Android) ធ្វើបច្ចុប្បន្នភាព ប្រសិនបើគេកំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ(Android 8 Oreo ឬ Android 9 Pie) ព្រោះថា ជនអនាមិកអាចបញ្ចូលមេរោគ Malware ហើយលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់តាមរយៈ Bluetooth ដែលគេឱ្យឈ្មោះថា BlueFrag។

    អ្នកស្រាវជ្រាវបានបញ្ជាក់ថា បញ្ហានេះមិនប៉ះពាល់ដល់ប្រព័ន្ធប្រតិបត្តិការ (Android 10) នោះទេ ហើយពួកគេក៏ពុំបានសាកល្បងបញ្ហានេះជាមួយប្រព័ន្ធប្រតិបត្តិការ អេនដ្រយចាស់ៗជាង អេនដ្រយ8 នោះដែរ។

    ដើម្បីការពារពីការលួចយកទិន្នន័យ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យលោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពជាបន្ទាន់ ប្រសិនបើក្រុមហ៊ុនទូរស័ព្ទរបស់លោកអ្នកបានធ្វើការកែសម្រួលទាក់ទងនឹងបញ្ហានេះហើយ តែប្រសិនបើពុំមានការធ្វើបច្ចុប្បន្នភាពទេ លោកអ្នកគួរតែបិទប្រព័ន្ធ Bluetooth ចោលនៅពេលដែលលោកអ្នកពុំត្រូវការប្រើប្រាស់វា៕

    ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • វិធីឆែកមើល តើមាននរណា Block គណនី Instagram របស់អ្នក ឬអត់?

    វិធីឆែកមើល តើមាននរណា Block គណនី Instagram របស់អ្នក ឬអត់?

    មុខងារ Block នៅ​លើ​បណ្តាញ​សង្គម​ មាន​សឹង​តែ​គ្រប់​កម្មវិធី ប៉ុន្តែ​មធ្យោបាយ​ក្នុង​ការ​ប្រើប្រាស់​មាន​ភាព​ខុស​ប្លែក​ពី​គ្នា។ ដើម្បី​ស្វែងរក​ថា ​តើ​មាន​នរណា​ម្នាក់​បាន Block គណនី IG របស់​អ្នក ​ឬ​អត់នោះ អាចសង្កេតមើល​តាមចំណុច​ទាំងអស់ ខាងក្រោម​នេះ។

    1.បើក​កម្មវិធី Instagram ហើយ​ស្វែង​រក​ឈ្មោះ​បុគ្គល​ណា​ម្នាក់ដែល​អ្នក​ចង់​ដឹង…

    -ករណី​បើ Account នោះ Public អ្នក​អាច​ស្វែង​រក​តាម​រយៈ​ប្រអប់ Search ហើយ​ឃើញ​មាន​ចំនួន​ផុស Follower អី​ជា​ធម្មតា…

    -ករណី​បើ Account នោះ Private អ្នក​អាច​រក​បាន​តែ​តាម​រយៈ Mutual Friend ណា​ម្នាក់​ប៉ុណ្ណោះ…

    2.ចុច​យក​ប៊ូតុង Follow លើគណនី​គេ ប្រសិន​បើ​អ្នក​ត្រូវ​បាន​គេ Block ពេល​ចុច Follow ភ្លាម វា​នឹង​លោត​សារ​ Error ​មួយ​ភ្លែតតែម្ដង ទោះជា​អ្នក​ព្យាយាមចុច​ច្រើន​ដង​ជាប់​គ្នា​ក៏ដោយ៕

    អាច​សាកលមើល៍​បាន​​ ហេហេ!!!!

  • អស្ចារ្យមែន… ក្រុមហ៊ុន Xiaomi ប្រកាសចេញវត្តមានរបស់កំពូលស្មាតហ្វូន Redmi Note 9 Pro, Redmi Note 9 និង Mi Note 10 Lite ជាផ្លូវការ

    អស្ចារ្យមែន… ក្រុមហ៊ុន Xiaomi ប្រកាសចេញវត្តមានរបស់កំពូលស្មាតហ្វូន Redmi Note 9 Pro, Redmi Note 9 និង Mi Note 10 Lite ជាផ្លូវការ

    នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីចំនួន ៣ ម៉ូឌែលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍អនឡាញនោះគឺ Redmi Note 9 Pro, Redmi Note 9 និង Mi Note 10 Lite ជាផ្លូវការ។ សម្រាប់លើកនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi នាំយកនូវផលិតផលដែលល្អឥតខ្ចោះក្នុងការប្រើប្រាស់។

    ស្មាតហ្វូន Redmi Note 9, Redmi Note 9 Pro និង Redmi Note 9 ៖​​ ស្តេចស្មាតហ្វូនបានមកដល់ហើយ!

    Redmi Note Series គឺជាស្មាតហ្វូនថ្នាក់កណ្តាលដ៏អស្ចារ្យ សមត្ថភាពខ្លាំងក្លាមិនគួរអោយជឿនៅលើទីផ្សារ ខណៈពេលដែលស្មាតហ្វូន Redmi Note គឺមានអ្នកប្រើប្រាស់ជាង ១១០ លាននាក់ហើយនៅជុំវិញពិភពលោកនេះ។ ជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Redmi Note 9S ដែលទើបតែបង្ហាញខ្លួននៅក្នុងពេលថ្មីៗនេះ ពេលនេះស្មាតហ្វូនស៊េរីថ្មី Redmi Note បន្តនូវការឌីស្សាញរចនាដ៏ល្អឥតខ្ចោះ និងភាពច្នៃប្រឌិតបំផុតដែលគ្មានកន្លែងទាស់នោះទេ។

    ការថតរូបភាព និងវីដេអូកាន់តែអស្ចារ្យជាមួយនឹងកាមេរ៉ា AI ៤ គ្រាប់ (កាមេរ៉ាគោល 64MP)

    ជាមួយនឹងការបំពាក់នូវកាមេរ៉ាដ៏អស្ចារ្យចំនួន ៤ គ្រាប់នៅខាងក្រោយ កាមេរ៉ាគោលរបស់ស្មាតហ្វូន Redmi Note 9 Pro នេះគឺមានទំហំ 64MP main lens ដែលអាចផ្តល់នូវរូបភាពច្បាស់កម្រិតខ្ពស់នៅក្នុងគ្រប់ស្ថានភាពពន្លឺ ខណៈពេលដែលកាមេរ៉ា 8MP ultra-wide -angle lens នេះអាចថតរូបភាពជាក្រុមបានយ៉ាងល្អទូលាយមែនទែន។ វាក៏មានកាមេរ៉ាទំហំ 5MP macro lens និង 2MP depth sensor នេះដែលងាយស្រួលក្នុងការថតរូបភាព close-up ជាមួយនឹងរូបភាព bokeh ដ៏ទាក់ទាញបំផុត។

    សម្រាប់ផ្នែកខាងមុខវិញនោះ ស្មាតហ្វូន Redmi Note 9 Pro នេះគឺមានកាមេរ៉ាទម្លុះអេក្រង់ 16MP សម្រាប់ការថតរូបភាព Selfies កម្រិតខ្ពស់។ វាក៏មានមុខងារ slow motion selfie mode ដែលផ្តល់នូវភាពល្អឥតខ្ចោះសម្រាប់ការប្រើប្រាស់នៅក្នុងបណ្តាញសង្គមផងដែរ។

    ស្មាតហ្វូន Redmi Note 9​ នេះគឺមានកាមេរ៉ាគោលទំហំ 48MP និង 8MP ultra wide-angle lens ជាមួយនឹងកាមេរ៉ាពីរគ្រាប់ទៀតគឺ  2MP macro lens និង 2MP depth sensor ដែលអាចធ្វើការថតរូបភាពបានច្បាស់ស្រស់ស្អាតគ្រប់មុំទាំងអស់។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 13MP ដែលជាប្រភេទកាមេរ៉ាទម្លុះអេក្រង់ថែមទៀត។ អេក្រង់នេះគឺពេញគែមតែម្តង។

    សម្រាប់មុខងារ cinematic portraits និង video mode​របស់ស្មាតហ្វូន Redmi Note 9 Pro និង Redmi Note 9 ដែលអាចធ្វើការថតរូបភាពបានយ៉ាងល្អនៅក្នុងកម្រិត 2.39:1 aspect ratio ដែលជាស្តង់ដារនៅក្នុងការថតខ្សែភាពយន្តផងដែរ។ ទន្ទឹមនឹងនេះផងដែរនោះ ស្មាតហ្វូននេះគឺមានមុខងារជាច្រើនទៀតនៅក្នុងការថតរូបភាព ជាពិសេសវាក៏មានមុខងារ document mode ក្នុងការប្រែក្លាយស្មាតហ្វូនរបស់អ្នកក្លាយជាម៉ាស៊ីនស្កេនថែមទៀត។

    ថាមពលថ្មប្រើប្រាស់បានយូរ បច្ចេកវិទ្យាបញ្ចូលថ្មលឿនក្នុងការប្រើប្រាស់

    ជាមួយនឹងថាមពលថ្មទំហំដល់ទៅ 5020mAh (typ) នេះ ស្មាតហ្វូន Redmi Note 9 Pro នេះគឺមានថាមពលថ្មគ្រប់គ្រាន់ក្នុងការប្រើប្រាស់រហូតដល់ថ្ងៃបន្ទាប់បានយ៉ាងជឿជាក់បំផុត។ ស្មាតហ្វូននេះគឺមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 30W (fast charging) ដែលជាបច្ចេកវិទ្យាលឿនបំផុតរបស់ស្មាតហ្វូនត្រកូល Redmi Note Series នេះ ហើយនៅក្នុងប្រអប់របស់ស្មាតហ្វូននេះគឺមាន 33W fast charger ដែលអាចបញ្ចូលថាមពលថ្មបានចំនួន​ 57% នៅក្នុងរយៈពេល ៣០​នាទីប៉ុណ្ណោះ។ ស្មាតហ្វូន Redmi Note 9 នេះគឺមានថាមពលថ្មទំហំ 5020mAh (typ) ជាមួយនឹងបច្ចេកវិទ្យា 18W fast charging ផងដែរ។

    កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លាជាមួយនឹងបន្ទះឈីបដ៏មានអានុភាព

    ជាមួយនឹងការបំពាក់នូវបន្ទះឈីប Qualcomm® Snapdragon™ 720G processor ដែលមានកម្រិតល្បឿនដល់ទៅ 2.3GHz នោះ ស្មាតហ្វូន Redmi Note 9 Pro នេះមានល្បឿនលឿនក្នុងការប្រើប្រាស់ និងបទពិសោធន៍មិនខុសប្លែកពីស្មាតហ្វូនកម្រិត Flagship ទេ។ បន្ទះឈីបនេះប្រើប្រាស់នូវបច្ចេកវិទ្យា 8nm process technology ដែលផ្តល់នូវសមត្ថភាពខ្លាំង និងប្រសិទ្ធិភាពក្នុងការប្រើប្រាស់ថែមទៀត។

    ស្មាតហ្វូន Redmi Note 9 Pro នេះក៏មានម៉ូទ័រ z-axis linear vibration motor ដែលមានកម្រិតរំញ័រដល់ទៅ 120 vibration effects​ ដែលផ្អែកនៅលើសកម្មភាពរបស់អ្នកប្រើប្រាស់ដែលក្នុងនោះមានកម្រិតរំញ័រសម្រាប់រូបភាព screenshots, notifications, clock settingsនិងជាច្រើនទៀត។

    ស្មាតហ្វូន Redmi Note 9 នេះគឺមានបន្ទះឈីប MediaTek Helio G85 processor ដែលធ្វើអោយវាក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកដែលប្រើប្រាស់នូវបន្ទះឈីបនេះ។ វាមានអង្គគណនា 2x A75 2.0GHz, 6x A55 1.8GHz CPU និង ARM G52 MC2 ជាមួយនឹង 1000MHz និង Manhattan 3.0 GPU នៅក្នុងកម្រិត 25 fps ដែលមានល្បឿនលឿនក្នុងការប្រើប្រាស់កម្រិតខ្ពស់បំផុត។

    ស្មាតហ្វូនដែលបំពាក់នូវអេក្រង់ DotDisplay  កម្រិត Flagship

    ស្មាតហ្វូន Redmi Note 9 Pro នេះគឺមានស្ទាយ៍ទាក់ទាញ និងអេក្រង់ 6.67” DotDisplay ។​ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងដែលធ្វើអោយមានភាពងាយស្រួលក្នុងការប្រើប្រាស់ស្មាតហ្វូននេះថែមទៀត។ ស្មាតហ្វូន Redmi Note 9 នេះគឺមានរូបរាងថ្មីស្រស់ស្អាតជាមួយនឹងអេក្រង់ទំហំ 6.53” DotDisplay ការពារដោយកញ្ចក់ Corning® Gorilla® Glass 5 នៅផ្នែកខាងមុខរបស់វាថែមទៀត។

    ស្មាតហ្វូន Redmi Note 9 Pro និង Redmi Note 9 មានភ្ជាប់ជាមួយនឹងមុខងារដែលគួរអោយចាប់អារម្មណ៍ជាច្រើនដូចជា multi-functional NFC3, 3.5mm headphone jack និង IR blaster ។ ស្មាតហ្វូនទាំងនេះក៏មានវិញ្ញាបនបត្រ TÜV Rheinland សម្រាប់កាត់បន្ថយពន្លឺពណ៌ខៀវដែលជះឥទ្ធិពលមកលើភ្នែក ដូចនេះអ្នកអាចមើលបានយូរនៅលើអេក្រង់ដោយគ្មានបញ្ហានោះទេ។

    ស្មាតហ្វូន Redmi Note 9 Pro នេះមាន ៣ ពណ៌គឺ – Interstellar Grey, Tropical Green និង Glacier White ។​អ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note 9 ក៏មានពណ៌ថ្មីដូចជា Midnight Grey, Forest Green, Polar White ផងដែរ។ ស្មាតហ្វូន Redmi Note 9 Pro និង Redmi Note 9 អាចរកទិញបាននៅ……… នៅថ្ងៃទី ២៦ ខែឧសភានេះសម្រាប់ទំហំ Redmi Note 9 4+128 ដែលមានតម្លៃ 199USD និង Redmi Note9 Pro 6+64 ដែលមានតម្លៃ 269USD និងទំហំ 6+128 មានតម្លៃ 289USD ។

    Mi Note 10 Lite: ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Mi Note 10 series

    ស្មាតហ្វូន Mi Note 10 Lite នេះគឺមានអេក្រង់កម្រិតខ្ពស់ និងកាមេរ៉ាខាងក្រោយ ៤ គ្រាប់។ ស្មាតហ្វូននេះក៏មានអេក្រង់ទំហំ 6.47’’ 3D AMOLED គែមកោង និងកញ្ចក់ 3D នៅគែមផ្នែកខាងក្រោយដែលអ្នកកាន់ទៅពិតជាស្និទ្ធិបំផុត។ ស្មាតហ្វូន Mi Note 10 Lite នេះគឺមានកាមេរ៉ាគោលទំហំ 64MP Sony IMX686 sensor និងកាមេរ៉ាជាច្រើនទៀតសម្រាប់ការថតរូបភាពប្រភេទ ultra wide-angle photos, close-up, macro shots និង portraits ដ៏ស្រស់ស្អាតបំផុត។

    ស្មាតហ្វូន Mi Note 10 Lite​ នេះប្រើប្រាស់នូវបន្ទះឈីប Qualcomm® Snapdragon™ 730G Mobile Platform ដែលផ្តល់នូវបទពិសោធន៍នៅក្នុងប្រើប្រាស់ស្មាតហ្វូននេះយ៉ាងរលូន ហើយវាមានថាមពលថ្មទំហំ 5,260mAh ដែលអាចប្រើប្រាស់បាន ២ ថ្ងៃក្នុងការបញ្ចូលថាមពលថ្មម្តងថែមទៀត។ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងឆ្នាំងសាកល្បឿនលឿន 30W (fast charger) ផងដែរ។

    ស្មាតហ្វូន Mi Note 10 Lite នេះគឺមានទំហំ 6GB + 64GB, 6GB + 128GB, 8GB+128GB4 និង ៣ ពណ៌គឺ Glacier White, Midnight Black និង Nebula Purple ។ ស្មាតហ្វូននេះមានតម្លៃ 329USD សម្រាប់ទំហំ 6+64, 359USD សម្រាប់ទំហំ 6+128 និងតម្លៃ 369USD សម្រាប់ទំហំ 8+128 ។​ស្មាតហ្វូន Mi Note 10 Lite នេះអាចរកទិញបានចាប់ពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២០ នេះ៕

    អតិថិជនអាចស្វែងរកស្មាតហ្វូននេះនៅ Smart Shop, Mi Authorized Stores ទាំង 4 សាខានៅភ្នំពេញ, Tech Zone, Speedwind, ស៊ីវអេង​ ១​​ & ២ និងហាងលក់ទូរសព្ទទំនើបទូទាំងប្រទេស ឬក៏អាចចូលទៅកាន់គេហទំព័រដៃគូរសហការទិញតាម online រួមមាន Smile Shop, La Rue, Tinh Now… ។ សំរាប់លោកលោកស្រីដែលមានបំណងយកទូរស័ព្ទ Xiaomi ទៅលក់រាយបន្តអាចទំនាក់ទំនង  លោក សុខ ចន្ធី 070704888 (ភ្នំពេញ) លោកTouch Bunry 093333879 (កំពង់ចាម ត្បូងឃ្មុំ  កំពង់ធំ  សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ,  ប៉ៃលិន ពោធិសាត់  កំពង់ឆ្នាំង  កំពង់ស្ពឺ, តាកែវ ព្រៃវែង ស្វាយរៀង ), KTH 085/016 884412 (រតនគិរី, មណ្ឌលគិរី ស្ទឹងត្រែង  ក្រចេះ កណ្តាល  កែប  កំពត កោះកុង) និង វិចិត្រសុខា 0877744444 (ឧត្តរមានជ័យ ព្រះវិហារ).

    អំពីក្រុមហ៊ុន Xiaomi

    ក្រុមហ៊ុន Xiaomi បង្កើតឡើងនៅក្នុងខែមេសា ឆ្នាំ 2010 ហើយវាក៏ស្ថិតនៅក្នុងបញ្ជីនៃក្រុមប្រឹក្សាភិបាលភាគហ៊ុនរបស់ហុងកុងផងដែរនៅថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2018 (1810.HK) ។ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនអ៊ីនធឺណិតដែលមានស្មាតហ្វូន និង Hardware ឆ្លាតវៃដែលអាចធ្វើការតភ្ជាប់ជាមួយនឹងឧបករណ៍ IoT ជាស្នូលរបស់ខ្លួន។

    ជាមួយនឹងចក្ខុវិស័យនៃការក្លាយជាមិត្តភក្តិជាមួយនឹងអ្នកប្រើប្រាស់របស់ខ្លួន និងការក្លាយខ្លួនជាក្រុមហ៊ុនមួយដែលស្ថិតនៅក្នុងបេះដូងរបស់អ្នកប្រើប្រាស់ជាច្រើននោះ ក្រុមហ៊ុន Xiaomi ប្តេជ្ញាចិត្តនៅក្នុងការផ្តល់នូវភាពច្នៃប្រឌិតកាន់តែអស្ចារ្យបន្ថែមទៀតជាមួយនឹងការផ្តោតទៅលើគុណភាព និងប្រសិទ្ធិភាពនៃការប្រើប្រាស់។ ក្រុមហ៊ុននេះខិតខំប្រឹងប្រែងក្នុងការបង្កើតនូវផលិតផលជាច្រើនដ៏អស្ចារ្យជាមួយនឹងតម្លៃដ៏ល្អបំផុតដែលអនុញ្ញាតអោយអ្នកគ្រប់គ្នារីករាយជាមួយនឹងជីវិតកាន់តែប្រសើរជាងមុនតាមរយៈនូវបច្ចេកវិទ្យាច្នៃប្រឌិតដ៏អស្ចារ្យទាំងនេះ។

    Xiaomi បច្ចុប្បន្ននេះគឺជាក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនធំបំផុតចំណាត់ថ្នាក់ទី 4 របស់ពិភពលោក និងជាក្រុមហ៊ុនដែលនាំមុខគេទៅលើឧបករណ៍ IoT របស់ពិភពលោកថែមទៀតជាមួយនឹងឧបករណ៍ឆ្លាតវៃច្រើនជាង 213 លាន (មិនរាប់បញ្ចូលនូវស្មាតហ្វូន និងកុំព្យូទ័រយួរដៃ) ដែលធ្វើការតភ្ជាប់គ្នានោះ។ ពេលនេះ ផលិតផលជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi គឺមានវត្តមាននៅក្នុងប្រទេសជាង 90​ និងតំបន់ជាច្រើនទៀតនៅជុំវិញពិភពលោក និងកំពុងតែនាំមុខគេថែមទៀតនៅលើទីផ្សារ។

    នៅក្នុងខែកក្កដា ឆ្នាំ 2019 នេះ ក្រុមហ៊ុននេះក៏ស្ថិតនៅក្នុងបញ្ជីរបស់ Fortune Global 500 ជាលើកដំបូងបំផុតនៅក្នុងចំណាត់ថ្នាក់ទី 468 និងជាប់ចំណាត់ថ្នាក់ទី 7 នៃក្រុមហ៊ុនអ៊ីនធឺណិតថែមទៀតផង។ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនវ័យក្មេងជាងគេបំផុតនៅក្នុងចំណោមបញ្ជី Fortune Global 500 នៅក្នុងឆ្នាំ 2019៕

     

  • UNICEF ថាកុមារមិនបានទៅសាលាកាន់តែយូរ កាន់តែលំបាកត្រឡប់ទៅរៀនវិញ

    UNICEF ថាកុមារមិនបានទៅសាលាកាន់តែយូរ កាន់តែលំបាកត្រឡប់ទៅរៀនវិញ

    ស្ថិតក្នុងដំណាក់កាលនេះការ​ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នេះ គ្រប់សាលារៀនទាំងអស់ត្រូវបានបិទទ្វា ដែលធ្វើឱ្យសិស្សជាច្រើនត្រូវសិក្សានៅតាមផ្ទះតាមរយៈបច្ចេកវិទ្យា ឬ​ប្រព័ន្ធផ្សព្វផ្សាយជាដើម។ ដំណាក់កាលនេះ ចាំបាច់ត្រូវការយកចិត្តទុកដាក់ឱ្យបានខ្លាំងព្រោះ អង្គការនានារកឃើញថា​ការដែលកុមារនៅផ្ទះយូរពេកអាចបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងច្រើន។

    អង្គការ UNICEF បានបញ្ជាក់ថា កុមារងាយរងគ្រោះបំផុត អាចរងគ្រោះខ្លាំងជាងគេពីការបិទសាលាដោយសារជំងឺ Covid-19។ ពួកគេមិនគ្រាន់តែទៅសាលារៀនដើម្បីទទួលការអប់រំនោះទេ តែពួកគេអាចទៅសាលាដើម្បីទទួលបានអាហារដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់ ប្រើប្រាស់ទឹកស្អាត និងបរិក្ខាអនាម័យ​ ហើយពេលខ្លះទៀត​សាលារៀនជាទីកន្លែងសុវត្ថិភាពបំផុត​ពីអពើហិង្សាផ្សេងៗសម្រាប់ពួកគេ។

    វិបត្តិផ្នែកសុខភាពពីមុន​បានធ្វើឱ្យយើងដឹងថា នៅពេលដែលកុមាពុំបានទៅសាលារៀនកាន់តែយូរ ពួកគេនឹង​កាន់តែពិបាកត្រឡប់​ទៅរៀនវិញ។ UNICEF បញ្ជាក់ថា ខ្លួនកំពុង​ធ្វើការងារជាមួយនឹងរាជរដ្ឋាភិបាល និងអង្គការដៃគូនានាដើម្បីការពារកុមារដែលមិនមានការអើពើ និង​វិនិយោគលើសាលារៀនដែលប្រសើរ និងមានសុវត្ថិភាពជាងមុន៕

  • ជំនឿខុសៗ 5 យ៉ាង ពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែមដែលអ្នកអាចមិនធ្លាប់ដឹង

    ជំនឿខុសៗ 5 យ៉ាង ពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែមដែលអ្នកអាចមិនធ្លាប់ដឹង

    សម័យនៅរៀនធ្លាប់មានមិត្តភ័ក្តិម្នាក់ដែលយើងមើលឃើញថាជាមនុស្សស្អាតគួរឱ្យស្រឡាញ់ សម្បុរស រូបរាងសមសួន និងរាងស្គមស្វែល ដោយជារួមមើលទៅដូចជាមនុស្សមានសុខភាពល្អ តែនៅឆមាសបន្ទាប់មក បែរជាឮដំណឹងថា នាងត្រូវផ្អាករៀនមួយរយៈសិន ដើម្បីទៅព្យាបាលជំងឺប្រចាំកាយរបស់នាង គឺជំងឺ “ទឹកនោមផ្អែម”។

    ទើបធ្វើឱ្យយើងនឹកសង្ស័យឡើងថា អេ៎ រូបរាងក៏ល្អស្អាតយ៉ាងហ្នឹង តែហេតុអីបានកើតជំងឺទឹកនោមផ្អែម និងដល់ថ្នាក់ចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបែបនេះ? ធ្វើឱ្យគិតថា ប្រហែលជាយើងមានការយល់ខុសពីរឿងជំងឺទឹកនោមផ្អែមជាច្រើនរឿងមិនខាន ចុះអ្នកវិញ គិតថាស្គាល់ពីជំងឺទឹកនោមផ្អែមច្បាស់ប៉ុនណាដែរ?

    ជំនឿខុសៗ 5 យ៉ាង ពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែមដែលអ្នកអាចមិនធ្លាប់ដឹង ៈ

    1 – មានតែមនុស្សធាត់ប៉ុណ្ណោះដែលកើតជំងឺទឹកនោមផ្អែម

    ដោយសារអ្វីដែលអ្នកយល់ថា ញ៉ាំផ្អែមខ្លាំងនឹងធ្វើឱ្យធាត់ ទើបមនុស្សធាត់កើតជំងឺទឹកនោមផ្អែម ដែលការគិតបែបនេះ មិនខុសទេ តែដែលខុសនោះគឺ មនុស្សស្គមក៏មានសិទ្ធិកើតរោគទឹកនោមផ្អែមបានដូចគ្នា គ្រាន់តែមានភាពប្រថុយប្រថានតិចជាងមនុស្សធាត់តែប៉ុណ្ណោះ។ ដូចករណីរបស់មិត្តភ័ក្តិយើងដែលបានរៀបរាប់ឱ្យស្តាប់កាលពីដំបូងហ្នឹងឯង មើលមួយភ្លែត មិនបានគិតឡើយថាកើតរោគទឹកនោមផ្អែម តែបើសង្កេតមើលពីនិស្ស័យការហូបចុករបស់គេដែលចូលចិត្តញ៉ាំទឹកភេសជ្ជៈកំប៉ុង ញ៉ាំទឹកផ្អែមៗជាប់ជាប្រចាំដែលទោះជារាងកាយមានប្រព័ន្ធដុតបំផ្លាញល្អរហូតរូបរាងមិនធាត់ឱ្យយើងឃើញមែន តែការពិតវិញកម្រឹតជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ណាស់ រហូតកើតជំងឺទឹកនោមផ្អែមកម្រឹតធ្ងន់ធ្ងរនៅទីបំផុត។

    2 – ញ៉ាំបន្លែផ្លែឈើមិនបានគ្រប់ប្រភេទ យ៉ាងណាក៏មិនធាត់ដែរ

    ទោះជាយើងដឹងហើយថា បន្លែជាប្រភពរបស់សារធាតុរ៉ែ និងផ្លែឈើជាប្រភពរបស់វីតាមីនមានប្រយោជន៍ចំពោះរាងកាយមែន តែនៅមានបន្លែ និងផ្លែឈើជាច្រើនប្រភេទដែលមិនមែនមានត្រឹមតែសារធាតុ និងវីតាមីនប៉ុណ្ណោះទេ តែនៅមានជាតិស្ករ និងម្សៅខ្ពស់ណាស់ផងដែរ។

    ផ្លែឈើមានជាតិស្ករខ្ពស់ដែលគួរចៀសវាង

    – ទុរេន

    – ស្វាយទុំ

    – ចេកទុំ

    – មៀន

    – ខ្នុរ

    – សាវម៉ាវ

    – ល្មុត

    – ដំណាប់ផ្លែឈើ និងផ្លែឈើចំហុយស្ងួតផ្សេងៗ

    ផ្លែឈើមានជាតិផ្អែមតិចដេលទទួលទានបាន មិនខ្លាចកើតជំងឺទឹកនោម

    – ជម្ពូ

    – ស្រកានាគ

    – ត្របែក

    – ឃែនតាលូប

    – ផ្លែប៉ោម

    – សារ៊ី

    – ស្រ្តប៊ើរី

    – ឪឡឹក

    3 – ម្សៅ និងស្ករពីរមុខគត់ដែលជាមូលហេតុរបស់រោគទឹកនោមផ្អែម

    ការពិតទៅមូលហេតុចម្បងគឺបណ្តាលមកពីទាំងពីរយ៉ាងនេះមែន តែជាតិខ្លាញ់បង្កកខ្លួនដែលមានច្រើននៅក្នុងសាច់ក្រហម ដូចជាសាច់គោ ក្របី ចៀម និងសាច់សត្វកែច្នៃដូចជា សាច់ក្រក ហ៊ែម បូឡូណា បេខន ក៏ជាមូលហេតុរបស់ការកើតជំងឺទឹកនោមផ្អែមបានដូចគ្នា ព្រោះជាតិខ្លាញបង្កកខ្លួនពីសត្វធំៗនឹងចូលទៅទប់ស្កាត់ឱ្យអ៊ីនស៊ូលីនបញ្ចេញឬទ្ធិបានតិច ធ្វើឱ្យកម្រឹតជាតិស្ករក្នុងឈាមថយចុះយឺត ទើបថ្លើមត្រូវធ្វើការខ្លាំងឡើងដើម្បីផលិតអ៊ីនស៊ូលីនចេញមកច្រើនឡើង។ នៅពេលថ្លើមធ្វើការខ្លាំងឡើងជារឿយៗ និងចាប់ផ្តើមចុះខ្សោយសភាពរហូតផលិតអ៊ីនស៊ូលីនបានតិច ទើបជាមូលហេតុឱ្យជាតិស្ករនៅក្នុងឈាមមិនថយចុះ រហូតដល់កើតរោគទឹកនោមផ្អែមនៅទីបំផុត។

    4 – ទឹកនោមផ្អែមជាជំងឺរបស់មនុស្សចាស់

    ទោះវាជាការពិតដែលថា ភាគរយរបស់អ្នកជំងឺទឹកនោមផ្អែមគឺជាមនុស្សចាស់ច្រើនជាងក្មេងមែន តែយើងប្រហែលជាធ្លាប់ឃើញព័ត៌មានហើយថា មានក្មេងអាយុមិនដល់ 10 ឆ្នាំផងកើតជំងឺទឹកនោមផ្អែម ឬមនុស្សវ័យជំទង់ ក៏យើងធ្លាប់ឃើញរួចមកហើយ និងថែមទាំងឈឺធ្ងន់ទៀតផង នេះក៏ដោយសារតែក្មេងៗនៅមិនទាន់ចេះប្រយ័ត្នប្រយែងរឿងអាហារការហូបចុក ញ៉ាំតាមចិត្តចង់ អាហារដែលមានជាតិស្ករខ្ពស់ និងចំណីដែលមានរសជាតិផ្អែមខ្លាំងក៏មានដាក់លក់គ្រប់ទីកន្លែង ទើបក្មេងៗមានភាពប្រថុយប្រថានក្នុងការកើនកម្រឹតជាតិស្ករនៅក្នុងឈាមឡើងខ្ពស់មិនចាញ់មនុស្សចាស់នោះ។

    5 – ឪពុក ឬម្តាយកើតជំងឺទឹកនោមផ្អែម យើងក៏ច្បាស់ជាកើតដែរមិនខាន

    មិនមែនដូច្នោះជានិច្ចនោះទេ ទោះជាជំងឺទឹកនោមផ្អែមនឹងឆ្លងបន្តខាងពូជអម្បូរមែន តែសូមឱ្យចាំទុកថា មិន 100% នោះទេគ្រាន់តែមានភាពប្រថុយប្រថានខ្លាំងជាងអ្នកដទៃប៉ុណ្ណោះ ដូច្នេះបើអ្នកមើលថែទាំសុខភាពឱ្យល្អ ទទួលទានអាហារដែលមានប្រយោជន៍ គ្រប់គ្រងកម្រឹតជាតិស្ករក្នុងឈាមឱ្យល្អ ហាត់ប្រាណជាប់ជាប្រចាំ និងពិនិត្យឈាម ពិនិត្យសុខភាពជាប្រចាំរៀងរាល់ឆ្នាំនោះ អ្នកក៏មានសិទ្ធិរួចផុតពីជំងឺទឹកនោមផ្អែមបានដែរ៕

  • ហេតុផល 3យ៉ាង ដែលកម្ពុជាអាចនឹងក្លាយជាគោលដៅសំខាន់ សម្រាប់ភ្ញៀចទេសចរអូស្ត្រាលីក្រោយចប់ Covid-19

    ហេតុផល 3យ៉ាង ដែលកម្ពុជាអាចនឹងក្លាយជាគោលដៅសំខាន់ សម្រាប់ភ្ញៀចទេសចរអូស្ត្រាលីក្រោយចប់ Covid-19

    កម្ពុជាជាប្រទេសដែលផ្តោតសំខាន់លើវិស័យទេសចរណ៍ ព្រោះនៅទូទាំងប្រទេសសំបូរទៅដោយ​តំបន់​ទេសចរណ៍ទាំង​វប្បធម៌ ធម្មជាតិ និង​តំបន់​អច្ឆរិយៈជាច្រើនដែលប្លែកគេក្នុងពិភពលោក។

    ថ្មីៗនេះ​ក្រោយជំនួបរវាងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង​ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលីប្រចាំនៅកម្ពុជា យើងឃើញថា​មានចំណុចសំខាន់3 ដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរអូស្រ្តាលី។

    ចំនុចទី1 ឯកអគ្គរដ្ឋទូត​អូស្ត្រាលីបញ្ជាក់ថា​កម្ពុជា​ជាប្រទែសក្នុងក្តីស្រមៃរបស់ភ្ញៀវទេសចរ ដោយសារតែកម្ពុជាមានតំបន់សៀមរៀបអង្គរ តំបន់ឆ្នេរ និងតំបន់ភូមិភាគឦសានដីស្រស់ស្អាត ប្លែកភ្នែក និងទាក់ទាញខ្ពស់។ ហើយឯកឧត្តមសន្យាថានឹងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍ទាំងអស់នោះ ទៅកាន់ប្រជាជនអូស្ត្រាលី ឱ្យបានស្គាល់ពីសក្តានុពលទាំងអស់នោះ។

    ចំណុចទី2 ថ្មីៗនេះកម្ពុជាទើបតែអនុញ្ញាតឱ្យនាវា Westerdam ចូលចតក្នុងកាលៈទេសៈដែលនាវានេះកំពុងត្រូវការជំនួយបន្ទាន់ ហើយបណ្តារតំបន់ជាច្រើនបានបដិសេធដោយសារតែខ្លាច​ជំងឺ Covid-19។ ចំណុចនេះ​ធ្វើឱ្យប្រជាជនលើពិភពលោក ជាពិសេស​ប្រជាជនអូស្ត្រាលីមានការភ្ញាក់ផ្អើល កោតសរសើរ និងចង់មកដល់កម្ពុជាដែលជាទឹកដីប្រកបដោយសប្បុរសធម៌នេះផ្ទាល់។

    ចំនុចសំខាន់ទី3 គឺឯកឧត្តម ថោង ខុន បានស្នើសុំឱ្យ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលីពន្លឿន​ការរៀបចំការហោះហើរត្រង់ពីអូស្ត្រាលីមកកម្ពុជា ដែលធ្វើឱ្យភ្ញៀវទេសចរកាន់តែមានលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ ដោយមិនចំណាយច្រើន និងមិនបាច់ឆ្លងកាត់ប្រទេសនានាក្នុងតំបន់មុននឹងមកដល់កម្ពុជាឡើយ៕

  • ទោះក្នុងស្ថានភាពនេះក៏ដោយ កម្ពុជានៅតែទទួលបានការវិនិយោគថ្មីក្នុងទំហំទឹកប្រាក់ជាង 200លានដុល្លារកាលពីម្សិលម៉ិញនេះ

    ទោះក្នុងស្ថានភាពនេះក៏ដោយ កម្ពុជានៅតែទទួលបានការវិនិយោគថ្មីក្នុងទំហំទឹកប្រាក់ជាង 200លានដុល្លារកាលពីម្សិលម៉ិញនេះ

    ថ្មីៗនេះក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាទើបតែប្រកាស​គម្រោងសំខាន់ៗចំនួន 4 ដែលខ្លួនបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីរជាស្ថាពរ ក្នុងទំហំទឹកប្រាក់ប្រមាណជាង 252,8លានដុល្លារអាមេរិកក្នុងតំបន់ផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។

    គម្រោងទាំងអស់នោះរួមមាន៖

    1. ក្រុមហ៊ុន VIRTUS GREEN PLANTATIONS (CAMBODIA) PTE., LTD. ជាគម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម មានទីតាំងវិនិយោគស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ស្រុកជុំគីរី និងស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ 21.7លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 2,070កន្លែង។
    2. “CAM M J AGRICULTURAL CO., LTD. ជាគម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ 5.5លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 1,216កន្លែង។
    3. HOUNEN SOLAR INC CO., LTD.ជាគម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ 9.5លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 250កន្លែង។
    4. 4. SPHP (CAMBODIA) CO., LTD.ជាគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ អនុភាព៨០MW ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន 231.1លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 81កន្លែង៕