Author: ធឿន មករា

  • Microsoft ជា​អ្នក​ផលិត​វ៉ែនតា AR ផ្តាច់មុខ​ឱ្យ​កងទ័ព​អាមេរិក ក្នុងតម្លៃ​ជាង 21ប៊ី​លាន​ដុល្លារ

    Microsoft ជា​អ្នក​ផលិត​វ៉ែនតា AR ផ្តាច់មុខ​ឱ្យ​កងទ័ព​អាមេរិក ក្នុងតម្លៃ​ជាង 21ប៊ី​លាន​ដុល្លារ

    កាលពីពេលថ្មីៗនេះ Microsoft ត្រូវបាន​គេ​រាយការណ៍​ថា បាន​ក្លាយជា​ក្រុមហ៊ុន​ផ្តាច់មុខ ដែល​នឹង​ផលិត​និង​ផ្គត់ផ្គង់​វ៉ែនតា AR ជាមួយ​បច្ចេកវិទ្យា HoloLens ផ្ទាល់​របស់ខ្លួន​ដល់​កងទ័ព​សហរដ្ឋអាមេរិក ក្នុង​ចំនួន​រហូតដល់​ទៅ 12ម៉ឺន​គ្រឿង​ឯណោះ។

    ក្នុង​កិច្ចព្រមព្រៀង​ទឹកប្រាក់​ដែល Microsoft ទទួលបាន​លើ​ការផ្គត់ផ្គង់​វ៉ែនតា AR ប្រមាណ​ជា 21ប៊ី​លាន​ដុល្លារ​រយៈពេល 10ឆ្នាំ។

    ក្រុមហ៊ុន Microsoft ដែលមាន​ជំនាញ​ខ្ពស់​ខាង​បង្កើត Software បាន​សម្ងំ​អភិវឌ្ឍ Hololends អស់​ជាច្រើន​ឆ្នាំ​មកហើយ។ វ៉ែនតា AR របស់ Microsoft នឹង​ក្លាយជា​ជំនួយការ​ដល់​កងទ័ព​អាមេរិក នៅក្នុង​សមរភូមិ ដោយ​ផ្នែក​ផ្ទៃ​កញ្ចក់​អេក្រង់ នៅលើ​ឧបករណ៍ HoloLens គឺមាន​ភ្ជាប់​មក​នូវ​ត្រីវិស័យ សម្រាប់​បង្ហាញ​ទិសដៅ ទៅកាន់​តំបន់​ណាមួយ និង​អាចធ្វើ​ការបង្ហាញ​ពី​ទីតាំង របស់​កងទ័ព​ណាមួយ ទៅឱ្យ​មិត្ត​កងទ័ពផ្សេងៗ បាន​ទៀតផង។

    វា​ក៏​អាច​បង្ហាញ​ជា​និមិត្តសញ្ញា សំដៅ​ទៅកាន់​ទីតាំង​ណាមួយ ដែល​កងទ័ព​បាន​តម្រង់​កាំភ្លើង​ទៅកាន់​ទីនោះ​បាន​ផងដែរ ដើម្បី​ជួយ​ឱ្យ​បាញ់​ចំ​គោលដៅ​ត្រឹមត្រូវ​ល្អ ឯ​កញ្ចក់​អេក្រង់​នោះ គឺជា​ប្រភេទ FLIR មើល​យប់​បាន​ទៀត។

    ដូច្នេះ វ៉ែនតា HoloLens អាចជួយ​ឱ្យ​កងទ័ព​អាមេរិក មើល​នៅពេល​ងងឹត ឬ​ក្នុង​ទី​ងងឹត​បាន (Night Vision) និង​អាច​មើលឃើញ​សត្រូវ​បាន នៅក្នុង​តំបន់​ព្រៃ និង​ពេល​មាន​ផ្សែង​ច្រើន ជាដើម​ទៀតផង៕

  • ដើមឆ្នាំ2021 Samsung នៅតែ​ឈរ​លេខ1 លើ​ការលក់​ចេញ​ស្មា​ត​ហ្វូ​ន បាន​ច្រើនជាងគេ​បំផុត

    ដើមឆ្នាំ2021 Samsung នៅតែ​ឈរ​លេខ1 លើ​ការលក់​ចេញ​ស្មា​ត​ហ្វូ​ន បាន​ច្រើនជាងគេ​បំផុត

    ក្រុមហ៊ុន Samsung បាន​ហក់​ឡើងមក​ឈរលើ​គេ ក្នុង​លេខ1 លើ​ការលក់​ចេញ​ស្មា​ត​ហ្វូ​ន បាន​ច្រើនជាងគេ​បំផុត គិត​ត្រឹម 3ខែ ដើមឆ្នាំ2021(ត្រីមាស1)។

    ក្រុម​អ្នកស្រាវជ្រាវ​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន  Strategy Analytics បានឱ្យដឹងថា ក្រុមហ៊ុន​កូរ៉េខាងត្បូង​នេះ បាន​នាំចេញ​ទូរស័ព្ទ សរុប​ទាំងអស់​ប្រមាណ​ជា 77លាន​គ្រឿង​ឯណោះ និង​មាន​ចំណែក​ទីផ្សារ​ខ្ទង់ 23%។ បើ​ធៀប​នឹង​ត្រីមាស​ទី1 ឆ្នាំ2020 យើង​ឃើញថា នេះ​ជា​ចំនួន​កើនឡើង​ដ៏​ប្រសើរ​មួយ ព្រោះ​កាលពី​ឆ្នាំមុន ក្រុមហ៊ុន​ខាងលើ នាំចេញ​បាន​ត្រឹម​ខ្ទង់ 58លាន​គ្រឿង​ប៉ុណ្ណោះ។

    Apple វិញ​បាន​ត្រឡប់​ទៅ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ2 ដោយបាន​នាំចេញ​ទូរស័ព្ទ​ឆ្លាត​វៃ​សរុប​ខ្ទង់ 57 លាន​គ្រឿង និង​មាន​ចំណែក​ទីផ្សារ​ខ្ទង់ 17% ដែល​ចំនួន​លក់​ចេញ​របស់គេ​នេះ ក៏​កើនឡើង​ខ្ពស់​គួរឱ្យកត់សម្គាល់​ដែរ ពោលគឺ ឆ្នាំមុន​គិត​ត្រឹម​ពេល​ដូចគ្នា​នោះ គេ​លក់​ចេញ​បាន​ខ្ទង់ 39លាន​គ្រឿង​ប៉ុណ្ណោះ។

    ក្រៅពី Samsung និង Apple វិញ Xiaomi បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ3 ដោយបាន​លក់​ចេញ​ដល់​ទៅ 49លាន​គ្រឿង មាន​ចំណែក​ទីផ្សារ 15% កើនឡើង​ស្ទើរតែ​ជិត 2ដង​ឯណោះ បើ​ធៀប​នឹង​ចំនួន​លក់ ដែល​ក្រុមហ៊ុន​នេះ​ធ្វើបាន​ក្នុង​ឆ្នាំមុន។ ចំណែក OPPO និង vivo តំណែង​លេខ4 និង​លេខ5 ដោយ​ក្រុមហ៊ុន​ទាំង2នេះ មាន​ចំណែក​ទីផ្សារ 11% ដូចគ្នា ប៉ុន្តែ​ចំនួន​លក់​គឺ OPPO ច្រើនជាង​បន្តិច​ដោយ​លក់បាន​ខ្ទង់ 38លាន​គ្រឿង ខណៈពេល vivo លក់បាន​ខ្ទង់ 37លាន​គ្រឿង តែ​ឆ្នាំនេះ​គ្មាន​វត្តមាន​របស់ Huawei ទេ។

    រំឭក​ផងដែរ​ថា កាលពី ៣ខែ ចុងឆ្នាំ២០២០ (ត្រីមាស​ទី4) កន្លងទៅ Apple ធ្វើ​បានល្អ​មែនទែន ក្លាយជា​ក្រុមហ៊ុន​លក់​ចេញ​ទូរស័ព្ទ​ឆ្លាត​វៃ បាន​ច្រើនជាងគេ នៅក្នុង​ទីផ្សារ​សកល​ទាំងមូល ហើយ​ក្នុងនោះដែរ ក្រុមហ៊ុន​ដែល​ធ្លាប់​ឈរ​លេខ1 ពោលគឺ Samsung ត្រូវបាន​ធ្លា​ក់នៅ​លេខ2 វិញ៕

  • អាល្លឺម៉ង់ ប្រកាស​ដកខ្លួន​ពី​ពាន European Super League

    អាល្លឺម៉ង់ ប្រកាស​ដកខ្លួន​ពី​ពាន European Super League

    លោក Florentino Perez ប្រធាន​ក្លិប Real Madrid គឺជា​អ្នក​ផ្ដួចផ្ដើម​បង្កើត​ពានរង្វាន់ European Super League ជាមួយ​ក្លិប​ដទៃទៀត ដូចជា Barcelona, Atletico Madrid, AC Milan, Arsenal, Chelsea, Inter, Juventus, Liverpool, Manchester City, Manchester United និង Tottenham ដែលជា​សមាជិក។ ស្របពេល​ក្លិប​មួយចំនួនទៀត ក៏បាន​ចេញមុខ​អះអាងថា​នឹងចូលរួម​ដែរ។

    យ៉ាងណាមិញ កាលពីដើមឆ្នាំ2021នេះ ក្រោយ​លេចឮ​គម្រោង​នៃ​ការបង្កើតពាន European Super League នេះ សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ក៏បាន​លូកដៃ​ចូល និង​ធ្វើការ​ព្រមាន​ផងដែរ ប្រសិនបើ​ពាន​នេះ​កើតឡើង​ពិតមែន​នោះ ។

    លោក Hans Joachim Watzke នាយក​ប្រតិបត្តិ​ក្លិប Bayern Munich បានចេញ​សេចក្ដីថ្លែងការណ៍​នៅក្នុង​ថ្ងៃនេះ​ថា ក្លិប​របស់លោក និង​ក្លិប Borussia Dortmund នឹងមិន​ចូលរួម​នៅក្នុង European Super League នោះទេ ដោយសារ​ខ្លា​ចរង​ផលប៉ះពាល់​ខ្លាំង​ទាក់ទិន​ទៅនឹង​បម្រាម​នានា​របស់ FIFA ៕

  • កម្ពុជា ចុះឈ្មោះ​ប្រកួត Pub-G និង Mobile Legend ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ចុងឆ្នាំ​នេះ

    កម្ពុជា ចុះឈ្មោះ​ប្រកួត Pub-G និង Mobile Legend ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ចុងឆ្នាំ​នេះ

    កម្ពុជា បានសម្រេច​ថា នឹងចូលរួម​ក្នុង​វិញ្ញាសា ៣ (PUBG Mobile-Team, PUBG Mobile-Individual និង Mobile Legends) នៃ​ប្រភេទ​កីឡា​អេឡិចត្រូនិក 2ប្រភេទ គឺ Pub-G និង Mobile Legend ក្នុងការ​ប្រកួតប្រជែង​នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ចុង​ឆ្នាំនេះ នៅ​ប្រទេស​វៀតណាម។

    ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា សម្រាប់​ប្រភេទ​កីឡា​អេឡិចត្រូនិក ឬ E-Sports នេះ កម្ពុជា​បាន​បញ្ចូល​ក្នុង​កីឡា​ទាំង 32ប្រភេទ ដែល​ត្រូវ​បញ្ជូនទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​រួចហើយ នៅឡើយ​តែ​វិញ្ញាសា​ថ្មី​នេះ​ប៉ុណ្ណោះ ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជំ​រុញឱ្យ​សហព័ន្ធ ព​ន្លឿ​ន​ធ្វើ​ការងារ​បច្ចេកទេស ដើម្បី​កំណត់​វិញ្ញាសា និង​ចុះឈ្មោះ​ការប្រកួត​ផ្លូវការ ស្របពេល​កីឡា E-Sports វៀតណាម​បានដាក់​វិញ្ញាសា​ចំនួន8 រួមមាន​វិញ្ញាសា Arena Of Valor, PUBG Mobile-Team, PUBG Mobile-Individual, Free Fire, League of Legends, FIFA Online, Cross Fire និង​វិញ្ញាសា Mobile Legends។

    ទោះជា​កម្ពុជា​មិនសូវ​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ប្រភេទ​កីឡា​អេឡិចត្រូនិក និង​វិញ្ញាសា​នេះ​ក្តី ក៏ប៉ុន្តែ​វិញ្ញាសា​ទាំងនោះ គឺ​កម្ពុជា​មានសង្ឃឹម​ខ្ពស់​ក្នុងការ​ស្វែងរក​មេដាយ​ជូន​ជាតិ ដោយសារតែ​កម្ពុជា ធ្លាប់មាន​ការប្រកួតប្រជែង​ជ្រើសរើស​ជើងឯក​វិញ្ញាសា​ទាំងអស់នេះ​រួចមកហើយ ទាំង​ក្នុងស្រុក និង​អន្តរជាតិ ដែល​ធ្លាប់​ទាំង​បាន​នាំ​មេដាយ​មក​កម្ពុជា​ជាច្រើន​ទៀតផង៕

  • iPad Pro គេ​ចាប់អារម្មណ៍​គ្រប់គ្នា តម្លៃ​លក់​ដំបូង​ចាប់ពី 799ដុល្លារ ដល់ 1,099ដុល្លារ

    iPad Pro គេ​ចាប់អារម្មណ៍​គ្រប់គ្នា តម្លៃ​លក់​ដំបូង​ចាប់ពី 799ដុល្លារ ដល់ 1,099ដុល្លារ

    iPad Pro ជំនាន់​ថ្មី ឆ្នាំ2021 ដែល Apple ទើប​ប្រកាស​ចេញ មាន​បំពាក់​បន្ទះ​ប្រព័ន្ធ ជា​បន្ទះ​ឈី​ប M1 ដែលមាន​កម្លាំង CPU ខ្លាំង​ជាង​មុន​ដល់​ទៅ 50% និង GPU លឿន​ជាង​មុន​ដល់​ទៅ 40% នេះ​បើ​ប្រៀប​ទៅនឹង​បន្ទះ​ឈី​ប​ចាស់ A12Z ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំងណាស់។

    ក្រៅពីនេះ វា​ប្រើ​រន្ធ Thunderbolt ដែល​ធ្វើឱ្យ​ល្បឿន​ផ្ទេរ​ទិន្នន័យ ឡើងដល់ 40 Gbps និង​អាច​ភ្ជាប់​ទៅនឹង​ម៉ូនីទ័រ​ខាងក្រៅ មាន​កម្រិត​បង្ហាញ 6K បាន និង​ប្រើ​ឈី​ប​ខ្លាំង​ស្រាប់ ចំណែក​ទំហំ​ផ្ទុក​ក៏​មិនតូច​ដែរ គឺ​ឡើងដល់​ទៅ 2TB និង​មាន RAM 16GB។ លើសពីនេះ​ទៀត iPad Pro មានលទ្ធភាព​ទ្រទ្រង់​ល្បឿន​អ៊ី​ន​ធើ​ណិ​ត តាម Ethernet ដល់​ទៅ 10 gigabit ផងដែរ។

    iPad Pro បំពាក់​សិន​ស័​រ​កាមេរ៉ា TrueDepth ទំហំ 12MP ជា​ប្រភេទ​លេន​ស៍ ultrawide-angle ហើយ​លេន​ស៍​នេះ​ផងដែរ ក៏មាន​ចំណុច​ពិសេស ពេល​ខ​ល​វីដេអូ បើ​អ្នក​និយាយ​ម្នាក់ឯង វា​នឹង​កាត់​រូបភាព​ឱ្យចំ​កណ្ដាល ពេល​មាន​មនុស្ស​និយាយ 2នាក់ វា​នឹង​ចាប់យក​រូប​មនុស្ស ឱ្យឃើញ​ច្បាស់​ដោយ​ស្វ័យប្រវត្តិ។

    កាមេរ៉ា​ក្រោយ 2គ្រាប់ នៅ​រក្សា​ទំហំ 12 MP ជា​លេន​ស៍​ដើម និង 10 MP ជា​លេន​ស៍ ultra wide និង​មាន​សិន​ស័​រ LiDAR ដែល​ដំណើរការ​លឿន​ជាមុន ដ្បិត​បាន​ជំនួយ​ពី​បន្ទះ​ឈី​ប M1 ដោយ​ធ្វើឱ្យ​វា​អាច​ដំណើរការ​មុខងារ Smart HDR 3 និង​ថត​ចាប់យក​វត្ថុ​មាន​ពន្លឺ​ទាប និង​សម្រួល​ដល់​មុខងារ autofocus បានល្អ។

    ដោយឡែក Apple ប្រើ​បច្ចេកវិទ្យា​អេក្រង់​ជំនាន់​ថ្មី mini-LED ដែលជា​អេក្រង់​បង្ហាញ​ពណ៌​ដិត​បានល្អ មាន​ពន្លឺ​ខ្ពស់​ដល់ 1600nits កាត់បន្ថយ​ចំណាំង​ប្លាត​បាន​ច្រើន និង​ទ្រទ្រង់​មុខងារ HDR10, Dolby Vision និង HLG ផងដែរ។ ប៉ុន្ដែ​អេក្រង់​នេះ​មានតែ​នៅលើ iPad Pro 12.9អ៊ិ​ញ​ប៉ុណ្ណោះ ចំណែកឯ iPad Pro 11អ៊ិ​ញ គឺ​នៅ​ប្រើ​ត្រឹម​អេក្រង់ LCD ដូច​ជំនាន់​មុន​ដដែល។

    Apple ឱ្យឈ្មោះ​អេក្រង់​ថ្មី​នេះ​ថា Liquid XDR display ដោយ iPad ទាំង 2ម៉ូ​ដែល​នេះ ក៏មាន​មុខងារ Promotion ដែលមាន​កម្រិត adaptive refresh rate ដល់​ទៅ 120Hz។ ចំពោះ​ផ្នែក​សេវា​វិញ iPad Pro ទ្រទ្រង់​សេវា 5G និង​មាន eSim ភ្ជាប់​មកជា​មួយ​ផងដែរ។

    ក្រៅពី​មាន​កម្លាំង​ស្មើនឹង​កុំព្យូទ័រ​ហើយ តម្លៃ​របស់​វា ក៏​មិន​លើស​គ្នា​ប៉ុន្មាន​ដែរ ពោលគឺ Apple ចាប់ផ្ដើម​បើក​ឱ្យ Pre-order នៅ​ថ្ងៃ​សុក្រ ទី30 មេសា​ខាងមុខនេះ៕

    សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

    https://www.youtube.com/watch?v=aOq49euWnIo

  • Apple ធ្វើ​កម្មវិធី​ដើមឆ្នាំ2021 ចេញលក់​ផលិតផលថ្មីៗ 5 ផ្សេងៗគ្នា

    Apple ធ្វើ​កម្មវិធី​ដើមឆ្នាំ2021 ចេញលក់​ផលិតផលថ្មីៗ 5 ផ្សេងៗគ្នា

    កាលពី​យប់មិញ​នេះ នៅក្នុង​ព្រឹត្តិការណ៍​ធំ​ដើមឆ្នាំ “Spring Loaded” របស់ Apple បានប្រកាស​ចេញ​ផលិតផលពិសេសៗ ចំនួន 5មុខ ដើម្បី​ចូលរួម​ប្រកួត​នឹង​ក្រុមហ៊ុន​ដទៃ ក៏ដូចជា​ធ្វើការ​អាប់​ឌែ​តថ្មីៗរបស់ខ្លួន​ដែរ ដែលមាន​ដូចជា៖

    -កុំព្យូទ័រ​លើ​តុ iMac ម៉ូ​ដែល​ថ្មី មាន​ជម្រើស​ដល់​ទៅ 7ពណ៌ បំពាក់​ដោយ​ប្រព័ន្ធ​បន្ទះ​ឈី​ប​ថ្មី M1 ហើយ​អ្វីដែល​ពិសេស​នោះ គឺ​រូបរាង​របស់​វា មាន​សភាព​ស្ដើង​ស្អាត​ជាង​មុន ក្នុង​ទំហំ​អេក្រង់ 24អ៊ិ​ញ និង​កម្រិត​បង្ហាញ 4.5K។

    -iPad Pro ម៉ូ​ដែល​ថ្មី ខ្នាត​អេក្រង់ 12.9អ៊ិ​ញ បាន​ប្ដូរ​ទៅប្រើ​ប្រព័ន្ធ​បន្ទះ​ឈី​ប​ថ្មី M1 ផងដែរ ហើយ​វា​ក៏​ចាប់ផ្ដើម​ទ្រទ្រង់​សេវា 5G បាន និង​មាន​កាមេរ៉ា​មុខ​ប្រើ​លេន​ស៍ Ultra Wide ផងដែរ។

    -iPhone 12 និង 12 mini គឺជា​ស្មា​ត​ហ្វូ​ន​តម្លៃ​កម្រិត​មធ្យម​របស់ Apple ពេលនេះ​មាន​ជម្រើស​ពណ៌​ថ្មី​ដ៏​ស្រស់ស្អាត គឺ​ពណ៌​ស្វាយ។ គេ​រំពឹងថា វា​នឹង​ក្លាយជា​ស្មា​ត​ហ្វូ​ន លក់បាន​ច្រើន​បំផុត​របស់ Apple នៅ​ឆ្នាំនេះ។

    -ដែក​ឆក់ AirTag ជា​ឧបករណ៍​តាមដាន​របស់​ប្រើប្រាស់​សម្រាប់​ថ្ពក់​ភ្ជាប់​ទៅនឹង​អ្វីមួយ ដូចជា​សោ​ផ្ទះ ឬ​កាបូបស្ពាយ ដើម្បី​តាមដាន​របស់​ទាំងនោះ​ពេល​ទៅ​ឆ្ងាយ ឬ​បាត់ ភ្ជាប់​តាម​កម្មវិធី Find My របស់ Apple។

    -Apple TV ម៉ូ​ដែល​ថ្មី​នេះ ប្រើ​បន្ទះ​ឈី​ប​ថ្មី A12 Bionic មាន​តេ​ឡេ​បញ្ជា Siri Remote ថ្មី ជាពិសេស​គឺ​កម្រិត​បង្ហាញ 4K មាន Frame Rate ខ្ពស់ HDR ទៀតផង។ សរុបមក​ផលិតផល​ទាំង 5នេះ នឹងដាក់​ឱ្យ

    កុម្ម៉ង់​ទិញ ក្នុង​រយៈពេល​ជាង 1ខែ​ទៀត នៅតាម​បណ្ដា​ប្រទេស​នានា៕

  • La Liga និង Premier League ដាច់​ណាត់ មិន​ទទួលស្គាល់​ក្រុម​ដែល​លេង ESL ឡើយ

    La Liga និង Premier League ដាច់​ណាត់ មិន​ទទួលស្គាល់​ក្រុម​ដែល​លេង ESL ឡើយ

    ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ពិភព​បាល់ទាត់ កំពុងតែ​វែកញែក​រឿង​បង្កើត​ក្របខ័ណ្ឌ​ថ្មី របស់​ក្លិបអ្នកមានៗ ១២ក្លិប ខណៈ​ខាង​ស្ថាប័ន​បាល់ទាត់ ដូចជា FIFA និង UEFA កំពុងតែ​រក​វិធី​ដាក់ទណ្ឌកម្ម​ក្លិប និង​កីឡាករ​នៃ​ក្លឹប​ទាំងនោះ។

    រដ្ឋលេខាធិការ​ក្រសួង​កីឡា របស់​ប្រទេស​អង់គ្លេស លោក Oliver Dowden បាន​ព្រមាន​ថា ក្លិបធំៗ អាច​នឹងត្រូវ​ហាម​មិនឱ្យ​ទិញ​កីឡាករ​បរទេស​ចូល សម្រាប់​គម្រោង​ពាន European Super League របស់​ពួកគេ។

    ចំណែកឯ La Liga វិញ ក៏​បានចេញ​សេចក្តីប្រកាស​ជា​ផ្លូវការ​មួយ​ដែរ​ថា ខ្លួន​មិន​គាំទ្រ​ដល់​ការបង្កើត​ពានរង្វាន់​ថ្មី European Super League នេះឡើយ ហើយនឹង​ពិន័យ​ធ្ងន់ធ្ងរ​ដល់​ក្លិប​ណា​ដែល​ចូលរួមពាន​នេះ​ទៀតផង៕

  • អ៊ីចឹង​សោះ បានជា​ក្លិបធំៗ ចង់ឱ្យ ESL កើតមានឡើង…

    អ៊ីចឹង​សោះ បានជា​ក្លិបធំៗ ចង់ឱ្យ ESL កើតមានឡើង…

    ពានរង្វាន់​ដ៏​ថ្មី​សន្លាង​មួយ ដែល​ផ្តួចផ្តើមឡើង​ដោយ​ក្រុម Real Madrid និង​ក្លិបកំពូលៗរបស់​អឺរ៉ុប ចំនួន ១២ គ្រោង​នឹងធ្វើ​ឡើង​នៅ​ពាក់កណ្តាល​ឆ្នាំ2021 នេះ។

    ទោះបីជា​មិនបានការ​ទទួលស្គាល់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក និង​អឺរ៉ុប​ក្តី តែ​ក្រុម​ដែល​គ្រោង​នឹងចូលរួម​ពានរង្វាន់​នេះ បាន​ប្រកាន់​ជំហរ​រឹងមាំ យ៉ាង​ដាច់​ណាត់​ថា នឹងធ្វើ​ឱ្យពាន​នេះ​លេច​ជា​រូបរាង​ឡើង។

    ចំពោះ​មូលហេតុ​ដែល​ក្លិប​ទាំងឡាយ នាំគ្នា​ចង់​ធ្វើពាន​នេះ​ឡើង គឺ​ដោយសារតែ​ក្រុម​ដែល​ចូលរួម​ក្នុង​ពានរង្វាន់​នេះ នឹង​ទទួលបាន​ទឹកប្រាក់ ម្នាក់​ប្រមាណ​ជា 400លាន​ដុល្លារ ខណៈដែល​ក្រុម​ដែល​ឈ្នះ​ពាន និង​ចំណាត់ថ្នាក់​ល្អ​នៃ​ពាន​នេះ នឹងមាន​កញ្ចប់​ទឹកប្រាក់​ប្រមាណ​ជាង ២ពាន់​លាន​ដុល្លារ​ផ្សេងទៀត៕

  • Nokia X20 ចេញលក់​លើ​ទីផ្សារ តែ​ឆ្នាំង​សាក​ក្នុង​ប្រអប់ មិនមាន​ដាក់ឱ្យ ដូច Apple ដែរ

    Nokia X20 ចេញលក់​លើ​ទីផ្សារ តែ​ឆ្នាំង​សាក​ក្នុង​ប្រអប់ មិនមាន​ដាក់ឱ្យ ដូច Apple ដែរ

    កាលពីពេលថ្មីៗនេះ​ក្រុមហ៊ុន HMD Global បានប្រកាស​ចេញ​ផ្លូវការ នូវ​ស្មា​ត​ហ្វូ​ន Nokia X20 ។ អ្វីដែល​គេ​ចាប់អារម្មណ៍​នោះ គឺ​ស្ថិត​នៅត្រង់ថា ឆ្នាំង​សាក​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុងក្រោយ​របស់ Nokia នេះ មិនមាន​នៅក្នុង​ប្រអប់​ទេ។

    កាលពី​ឆ្នាំមុន Apple បានសម្រេច​ដក​ដុំ​សាក​ថ្ម​នេះ​មុន ដោយសារ​ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន។ ដោយសារតែ​ការផលិត​ពួកវា ត្រូវការ​បញ្ចេញ​ឧស្ម័ន​ពុល​ពី​រោងចក្រ។

    ដូចនេះ​ក្រុមហ៊ុន HMD Global ដែលមាន​កម្មសិទ្ធិ​គ្រប់គ្រង​ម៉ាក Nokia ក្នុងពេល​បច្ចុប្បន្ននេះ ក៏បាន​ចាប់ផ្ដើម​ដើរ​តាម​វិធីសាស្ដ្រ​នេះ​ដូចគ្នា និង​បាន​សរសេរ​បញ្ជាក់ប្រាប់​ឱ្យដឹង​មុន នៅលើ​វេ​ប​សាយ​ផ្លូវការ​របស់ខ្លួន​តែម្ដង។ បន្ត​បន្ទាប់មក គេ​ឃើញថា មាន​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ជាច្រើន បាន​ដើរ​តាម​វិធី​នេះ ដោយ​លើក​ហេតុផល​ថា អ្នកទិញមុនៗ សុទ្ធតែ​ធ្លាប់មាន​ឆ្នាំង​សាក​ថ្ម រួចហើយ។

    សម្រាប់​ស្មា​ត​ហ្វូ​ន​តម្លៃ​ខ្ទង់ 400ដុល្លារ​ខាងលើ នឹងដាក់​លក់​នៅលើ​ទីផ្សារ​ក្នុង​តំបន់​អឺរ៉ុប​មុនគេ។ សម្រាប់​អ្នក​ដែល​ចង់បាន​យកទៅ​ប្រើប្រាស់ ទាល់តែ​បញ្ជា​ទិញ​ឆ្នាំង​សាក ពី​វេ​ប​សាយ​ក្រៅ ក្នុងតម្លៃ​មាន​ច្រើន​ជម្រើស។ រីឯ​លក្ខណសម្បត្តិ​រប​ស់វា មិនជា​ខ្លាំង​ណាស់ណា​ទេ តែ​ក្រុមហ៊ុន​បាន​ផ្តោតលើ​តួនាទី​កាមេរ៉ា​ថតរូប​ឱ្យបាន​ល្អប្រសើរ​ជាង​មុន៕

  • រុស្ស៊ី បង្ហើប​គម្រោង​ស្រាវជ្រាវ​បន្ត នៅ​ភព​ស្ថាន​ព្រះ​ចន្ទ នៅ​ឆ្នាំនេះ

    រុស្ស៊ី បង្ហើប​គម្រោង​ស្រាវជ្រាវ​បន្ត នៅ​ភព​ស្ថាន​ព្រះ​ចន្ទ នៅ​ឆ្នាំនេះ

    ប្រទេស រុស្ស៊ី ដែល​បាន​បង្ហើប​ដំណឹង អំពី​គម្រោង​ទៅ​ស្រាវជ្រាវ​បន្ត នៅ​ភព​ស្ថាន​ព្រះ​ចន្ទ តាំងពី​ឆ្នាំ2015 នោះ រហូតមកដល់​ពេលនេះ បាន​ក្លាយជា​ការពិតហើយ បន្ទាប់ពី​ការចុះផ្សាយ​ដោយ Space.com កាលពី 3ថ្ងៃមុន។ បេសកកម្ម​នេះ​នឹង​ប្រើប្រាស់​យាន​មួយ ឈ្មោះថា Luna 25 ដែល​បានធ្វើ​តេស្ត​សាកល្បង​ជាច្រើន​ដង​មកហើយ។ យាន​នេះ នឹងត្រូវ​បាញ់​បង្ហោះ ក្នុងអំឡុង​ខែតុលា ឆ្នាំ2021 ខាងមុខនេះ។

    នេះ គឺជា​កំណត់ត្រា​ថ្មី របស់​រុស្ស៊ី ដែល​បានបញ្ចប់​រយៈពេល​រង់​ចាំ​អស់ 45ឆ្នាំ នៃ​ការ​បង្កក​កម្មវិធី​ស្រាវជ្រាវ​ស្ថាន​ព្រះ​ចន្ទ ដែល​ធ្លាប់បាន​ទៅ​សិក្សា​នៅ​ទីនោះ​មុនគេ ដោយ​អតីត​សហភាពសូវៀត។ រុស្ស៊ី នឹងធ្វើ​ការសិក្សា​អំពី ទឹក​ដែល​កំពុង​កក​នៅក្នុង​ស្រទាប់​លើ​នៃ​ស្ថាន​ព្រះ​ចន្ទ នៅ​រណ្តៅ​ឯ​ប៉ូល​ខាងត្បូង​នៃ​ស្ថាន​ព្រះ​ចន្ទ។

    ថ្លែងប្រាប់​គេហទំព័រ Space តាមរយៈ​វីដេអូ​សម្ភាស​អន​ឡាញ កាលពី​ចុងខែ​មីនា លោក Lev Zelenyi ជាទី​ប្រឹក្សា​ផ្នែក​វិទ្យាសាស្ត្រ នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​អវកាស​រុស្ស៊ី បានឱ្យដឹងថា៖ «ព្រះ​ចន្ទ ជា​ចំណុច​ស្នូល​នៃ​កម្មវិធី​ស្រាវជ្រាវ​របស់​យើង​នៅ​ទសវត្សរ៍​បន្ទាប់​ទៀត។ នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង​នៃ​ការចាប់ផ្តើម​ឡើងវិញ​ប៉ុណ្ណោះ។ យើង​មាន​ផែនការ​ស្រាវជ្រាវ​ជាច្រើន​ទៅ​ថ្ងៃ​អនាគត ក្នុងនោះ​ក៏មាន​គម្រោង​កសាង​អគារ​ស្នាក់​លើ​ស្ថាន​ព្រះ​ចន្ទ នៅ​ឆ្នាំ2040 ផងដែរ»

    យាន​ដ៏​ថ្មី​សន្លាង​នោះ មាន​បំពាក់​ដោយ​លេន​ស៍​កាមេរ៉ា ផលិត​ដោយ​អង្គភាព​អវកាស​អឺរ៉ុប វា​អាចជួយ​ឱ្យ​ការសិក្សា​អំពី​សណ្ឋាន​លើ​ស្ថាន​ព្រះ​ចន្ទ កាន់តែ​ស៊ីជម្រៅ​ជាង​មុន និង​ជា​កិច្ចសហការ​បើកផ្លូវ​ដ៏​រលូន​មួយ​រវាង អឺរ៉ុប-រុស្ស៊ី ក្នុងការ​ស្រាវជ្រាវ​លើ​ស្ថាន​ព្រះ​ចន្ទ​នៅ​ថ្ងៃ​អនាគត​ទៀតផង។

    ក្រៅពី​យាន Luna 25 ខាងលើ រុស្ស៊ី បានរៀបចំ​ទុកជា​ស្រេច​នូវ​យាន Luna ទី 26 27, 28 ដល់ 29 សម្រាប់​ឆ្នាំ​បន្ទាប់​ទៀត ដើម្បី​ស្រាវជ្រាវ​នៅត្រង់​តំបន់​មួយ​នៃ​ស្ថាន​ព្រះ​ចន្ទ ស្ថិតនៅ​ជិត​ប៉ូល​ខាងជើង​ស្ថាន​ព្រះ​ចន្ទ។ នៅ​ឆ្នាំ2023 ខាងមុខ រុស្ស៊ី ក៏មាន​គម្រោង​បញ្ជូន​យាន Luna 26 ទៅ​សិក្សា​អំពី​ភាពមិនប្រក្រតី​នៃ​ដែន​ម៉ាញេទិក និង​កម្លាំង​ទំនាញ​នៅក្នុង​ស្ថាន​ព្រះ​ចន្ទ រួមទាំង​ផ្តិត​យក​រូបភាព​អំពី​ទីតាំង​នានា​ផងដែរ។

    សហភាពសូវៀត ឬ​សហព័ន្ធរុស្ស៊ី នាពេល​បច្ចុប្បន្ន ជា​មហាអំណាច​ផ្នែក​អវកាស មាន​ធនធានមនុស្ស និង​ធ្លាប់​ផលិត​បាន​គ្រាប់​រ៉ុក្កែត​មុនគេ តាំងពី​ពិភពលោក​មិនទាន់​ជឿនលឿន សូម្បីតែ​អាមេរិក ក៏​ធ្លាប់ជួល​កន្លែង​ធ្វើ​បេសកកម្ម​ដែរ ដូច្នេះ ការឈាន​ជើង​ចូលប្រឡូក​ក្នុង​ពិភព​អវកាស​សាជាថ្មី​នេះ ហាក់ដូចជា​មិន​ពិបាក​ទេ តែ​ក៏​មិន​ប្រាកដ​ជាក់ច្បាស់​ថា ជោគជ័យ 100% ដែរ។

    បេសកម្ម​ស្រដៀង​គ្នា​នេះ ធ្លាប់មាន​ប្រទេស​ថ្មីថ្មោងផ្សេងៗ រង​បរាជ័យ​រួចមកហើយ កាលពីពេលថ្មីៗនេះ​ដូចជា៖ ឥណ្ឌា និង​អ៊ីស្រាអែល ចំណែកឯ​ចិន ទទួលបាន​ជោគជ័យ​ក្នុងការ​បញ្ជូន​យាន ទៅ​ចុះចត​នៅ​ទី​ងងឹត​បំផុត​នៃ​ផ្ទៃ​ម្ខាង​របស់​ស្ថាន​ព្រះ​ចន្ទ ព្រមទាំង​កំពុង​ស្រាវជ្រាវ​នៅ​ទីនោះ រហូតមកទល់​បច្ចុប្បន្ន៕