Author: ធឿន មករា

  • រឿង 12 យ៉ាងដែលទារកទើបនឹងកើតងាយស្រួលចិញ្ចឹមជាងក្មេងវ័យតេះតះ

    រឿង 12 យ៉ាងដែលទារកទើបនឹងកើតងាយស្រួលចិញ្ចឹមជាងក្មេងវ័យតេះតះ

    អ្នកម្តាយថ្មោងថ្មី ឬអ្នកម្តាយដែលធ្លាប់មានបទពិសោធន៍ហើយជាច្រើននាក់អាចធ្លាប់គិត និងទន្ទឹងរង់ចាំថា តើពេលណាកូននឹងធំ? តើពេល​ណាកូននឹងចេះដើរ?ខ្លះមិនខាន តែបើបានអានរឿងទាំង 12 យ៉ាងដែល ឡារ៉ែនលើកយកមកជម្រាបជូនដូចតទៅនេះរួចហើយ អ្នកម្តាយអាចនឹងប្តូរចិត្តនៅមិនទាន់ចង់ឱ្យកូនធំឡើងចេះដើរតេះតះក៏អាចថាបានដែរ ដោយសារតែទារកទើបនឹងកើតងាយស្រួលចិញ្ចឹមមើលថែទាំជាងក្មេងវ័យចេះដើរតេះតះហ្នឹងឯង។ តើងាយស្រួលចិញ្ចឹមមើលថែទាំយ៉ាងណាខ្លះនោះ សូមតាមដានជាបន្តដូចតទៅ។

    1 – ទារកទើបនឹងកើត ញ៉ាំតែទឹកដោះម្តាយ ឬទឹកដោះគោម្សៅប៉ុណ្ណោះរហូតដល់អាយុ 6 ខែ (ពិតជាងាយស្រួលណាស់ មិនចាំបាច់ត្រៀមអ្វីច្រើននាំឱ្យពិបាកនោះទេ) ខណៈដែលក្មេងវ័យចេះដើរតេះតះវិញ ត្រូវញ៉ាំអាហាររឹងដែលអ្នកម្តាយត្រូវផ្ជិតផ្ចង់ធ្វើឱ្យញ៉ាំ ក្មេងខ្លះបញ្ចុកឱ្យញ៉ាំស្រួល ក្មេងខ្លះពិបាកឱ្យញ៉ាំណាស់ ឯក្មេងខ្លះទៀតញ៉ាំនំ ញ៉ាំនេះ ញ៉ាំនោះពេញមួយថ្ងៃមិនឈប់មាត់ក៏មាន។

    2 – ទារកទើបនឹងកើតមិនចាំបាច់ពាក់ស្បែកជើងទេ ខណៈដែលក្មេងវ័យចេះដើរតេះតះវិញត្រូវប្តូរខ្នាតស្បែកជើងថ្មីស្ទើរតែរៀងរាល់បីខែម្តង។

    3 – ទារកទើបនឹងកើតមិនលេងរបស់លេងទេ តែក្មេងវ័យចេះដើរតេះតះចង់លេងរបស់លេងថ្មីគ្រប់ពេលវេលា។

    4 – ទារកទើបនឹងកើត អាចគេងលក់បាននៅក្នុងគ្រប់ទីកន្លែងទាំងលើគ្រែ ក្នុងអង្រឹង ក្នុងខារ៍ស៊ីត ក្នុងអង្រឹងបី ជាដើម ខណៈដែលក្មេងវ័យតេះតះវិញត្រូវតែគេងនៅ​លើគ្រែតែប៉ុណ្ណោះ ឱបរបស់ដែលនៅជិតខ្លួនមួយនេះតែប៉ុណ្ណោះ ដណ្តប់តែភួយមួយនេះប៉ុណ្ណោះ ជាដើម។

    5 – បើនាំទារកទើបនឹងកើតជិះឡាន ហើយបើកទៅទីណាមួយនោះ គេនឹងគេងលក់យ៉ាងងាយស្រួល ខណៈដែលក្មេងវ័យតេះតះវិញនឹងបបួលជជែកនិយាយ សួរនេះសួរនោះមិនឈប់មាត់តាមផ្លូវរហូត។

    6 – ទារកទើបនឹងកើត និងក្មេងវ័យតេះតះមួយចំនួនចង់ឱ្យម៉ាក់ពគ្រប់ពេលវេលា តែទារកទើបនឹងកើតមានទម្ងន់ខ្លួនត្រឹមតែ 3 – 4 គីឡូក្រាមប៉ុណ្ណោះ តែក្មេងវ័យដើរតេះតះវិញមានទម្ងន់ 8 – 13 គីឡូក្រាមឯណោះ។

    7 – ពេលកូនវ័យទារកទាញសក់របស់អ្នក អ្នកអាចនឹងមើលថាគួរឱ្យស្រឡាញ់ និងគ្រាន់តែស្រែក អូយ! ឈឺ តែពេលកូនវ័យចេះដើរតេះតះទាញសក់អ្នកវិញនោះ ច្បាស់ជាដល់ពេលត្រូវបង្រៀនរឿងសុជីវធម៌ និងអាចត្រូវដាក់ទណ្ឌកម្មខ្លះហើយ។

    8 – ទារកទើបនឹងកើតស្ទើរតែគ្មានអ្វីឱ្យត្រូវកខ្វក់ ប្រឡាក់ប្រឡូសឡើយ ខណៈដែលក្មេងវ័យចេះដើរតេះតះវិញស្អាតបាតបានត្រឹមតែវិនាទីដំបូងដែលភ្ញាក់ពីគេងប៉ុណ្ណោះ បន្ទាប់ពីនោះហើយក៍…។

    9 – ក្នុងទីសាធារណៈស្ទើរតែគ្រប់គ្នានឹងយល់ចិត្តអ្នក បើបានឮសម្លេងទារកយំខ្លាំងៗនោះ តែបើក្មេងវ័យចេះដើរតេះតះស្រែកយំខ្លាំងៗ ដេកននៀលទធាក់ដីផងនោះ ច្បាស់ជាគ្មាននរណាសម្លឹងមើលអ្នកដោយខ្សែភ្នែកយល់ចិត្តនោះឡើយ។

    10 – ទារកទើបនឹងកើតមិនអាចនិយាយពាក្យថា “ម៉ាក់” បានច្រើនដល់ទៅ 40 ដង ក្នុងរយៈពេល 12 វិនាទីនោះទេ តែក្មេងវ័យចេះដើរតេះតះអាចធ្វើបាន។

    11 – ទារកទើបនឹងកើតមិនអាចនិយាយពាក្យអាក្រក់ៗដែលចាំបានមកពីអ្នកនៅចំពោះមុខមនុស្សដែលអ្នកគោរពកោតខ្លាចនោះទេ តែក្មេងវ័យចេះដើរតេះតះអាចធ្វើបាន។

    12 – បើដាក់ទារកទើបនឹងកើតនៅត្រង់ណា គេនឹងនៅតែត្រង់នោះ ខណៈដែលក្មេងវ័យចេះដើរតេះតះវិញមិនខុសអីនឹងតុក្កតាមួលឡាននោះឡើយ គឺនឹងមិនចេះនៅស្ងៀមឡើយ គេកម្រើកខ្លួនចុះឡើង ដើរឡើងចុះជណ្តើរ មុជចូលក្រោមតុ ឡើងលើគ្រែធ្វើចលនាគ្រប់ពេលវេលា៕

  • ក្រុមហ៊ុន Google ដាច់ចិត្តបង្ហើបឱ្យដឹងជាលើកដំបូងបំផុតថា YouTube រកបាន 15 ពាន់លានដុល្លារកាលពីឆ្នាំ2019

    ក្រុមហ៊ុន Google ដាច់ចិត្តបង្ហើបឱ្យដឹងជាលើកដំបូងបំផុតថា YouTube រកបាន 15 ពាន់លានដុល្លារកាលពីឆ្នាំ2019

    គិត​រយៈពេលពេញ​ 1​ឆ្នាំ​កាល​ពី​ឆ្នាំ2019 ក្រុមហ៊ុន Google បាន​បង្ហើបឱ្យដឹង​ថា​ YouTube រក​ចំណូល​បាន 15ពាន់​លាន​ដុល្លារ (15 Billions dollar) ដែល​ស្មើ​នឹង 10% នៃ​ចំណូលរបស់ Google ទាំង​អស់។ ក្រៅ​ពី​នេះ YouTube ក៏​មាន​អ្នក​ចុះ​ឈ្មោះ​ជាង 20លាន​នាក់លើ​សេវាកម្ម​ Premium (YouTube ដែល​គ្មាន​វីដេអូ​ពាណិជ្ជកម្ម) និង​​​សេវាកម្ម Music Premium រួម​ទាំង​មាន​​អ្នក​ចុះ​ឈ្មោះ​ជាង 2លាន​នាក់ទៀត​ សម្រាប់​សេវាកម្ម​ទូរទស្សន៍​ផង​ដែរ។

    នេះ​ គឺ​ជា​ការ​ប្រកាស​លើក​ដំបូង​​​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល 15ឆ្នាំ ដែល YouTube ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់​ Google ចាប់​តាំង​ពី​ពេល​ដែល Google បានទិញ​វេបសាយ​នេះ​ក្នុង​ឆ្នាំ2006 ជា​មួយ​ទំហំ​ទឹក​ប្រាក់ 1.65ពាន់​លាន​ដុល្លារ។

    ក្នុង​រយៈពេល 3ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ2019 បណ្ដាញ YouTube អាច​រក​ប្រាក់​ចំណូល​បាន​ជិត 5ពាន់​លាន​ដុល្លារ ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។ នេះ​បើ​តាម​ការ​បង្ហាញ​របស់​ Alphabet ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ Google ដែល​មាន​បង្ហាញ​ក្នុង​របាយការណ៍​ចំណូល​ប្រចាំ​ត្រីមាស​ទី4។

    Alphabet និយាយ​ថា ​ចំណូល​ពី​ផលិតផល​ទាំង​នោះ បាន​ដាក់​បញ្ចូល​ក្នុង​ផ្នែក “Other” ដែល​រក​ចំណូល​បាន 5.3ពាន់​លាន​ដុល្លារ នៅ​ត្រីមាស​ទី4 ឆ្នាំ2019 ហើយ​ក្នុង​នោះ​មាន​រាប់​បញ្ចូល​ Hardware ដូច​ជា​ទូរស័ព្ទ Pixel និង Speaker Google Home។ ដូច​នេះ​គេ​​មិន​អាច​​ដឹង​ច្បាស់​ពី​ចំណូល​​ជាក់​លាក់​នៃ​ផលិតផល​នីមួយៗ​នោះ​ទេ៕

  • ក្រុមហ៊ុន Google ត្រូវគេប្ដឹងថា បានរំលោភបំពានលើភាពឯកជនរបស់អ្នកប្រើ

    ក្រុមហ៊ុន Google ត្រូវគេប្ដឹងថា បានរំលោភបំពានលើភាពឯកជនរបស់អ្នកប្រើ

    ក្រុមហ៊ុន Google  ត្រូវបាន​គេ​ប្ដឹង​ទៀតហើយ ទាក់ទង​ទៅនឹង​ការរំលោភបំពាន​ទៅលើ​ភាព​ឯកជន​របស់​អ្នកប្រើប្រាស់  Android ដែលជា​ប្រព័ន្ធ​ប្រតិបត្តិការ​ដ៏​ពេញនិយម​ដែល​មនុស្ស​រាប់លាន​នាក់​កំពុង​ប្រើប្រាស់​ទូទាំង​ពិភពលោក ប៉ុន្តែ​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ តែងតែមាន​បញ្ហា​ច្រើន​ជាមួយនឹង ការប្រមូល​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ បើ​ប្រៀបធៀប​ទៅនឹង​ប្រព័ន្ធ iOS ។

    ថ្មីៗនេះ ក្រុមហ៊ុន Google  ត្រូវបាន​ប្ដឹង​ដោយ​អគ្គ​រដ្ឋអាជ្ញា​នៃ​រដ្ឋ​អា​រី​ហ្សូ​ណា សហរដ្ឋអាមេរិក ជុំវិញ​ការចោទប្រកាន់ថា ក្រុមហ៊ុន​នេះ​បានធ្វើការ​តាមដាន​ទីតាំង​របស់​អ្នកប្រើប្រាស់​តាម​ប្រព័ន្ធ​ប្រតិបត្តិការ​អ៊ែន​ដ្រ​យ ដោយ​ខុសច្បាប់ និង​គ្មាន​ការយល់ព្រម​ពី​ពួកគេ ទោះបីជា​ពួកគេ​បាន​បិទ​មុខងារ​តាមដាន​ទីតាំង (Location) នេះ​ដោយ​ខ្លួនឯង​ហើយក៏​ដោយ។ នេះ​បើ​យោងតាម​ការផ្សព្វផ្សាយ​ពី​សារព័ត៌មាន វ៉ាស៊ីនតោន ផូ​ស្ត កាលពី​ថ្ងៃ​ពុធ​កន្លងទៅ។

    ការចោទប្រកាន់​នេះ​ទាក់ទង​ទៅនឹង​ក្រុមហ៊ុន​បន្ត​តាមដាន​ទីតាំង​របស់​អ្នកប្រើប្រាស់ ជាមួយ​កម្មវិធី​អាកាសធាតុ និង​ការស្វែងរក​គេហទំព័រផ្សេងៗនៅលើ​កម្មវិធី Chrome ទោះបីជា​អ្នកប្រើប្រាស់​បាន​បិទមុខ​ងារ​នេះ​នៅក្នុង​កម្មវិធី​និមួយៗនោះ​ក៏ដោយ ហើយ​បែរជា​តម្រូវឱ្យ​អ្នកប្រើប្រាស់​ចូលទៅ​បិទមុខ​ងារ​តាមដាន​ទីតាំង​នៅក្នុង Settings ដែល​ប្រកបដោយ​ភាពស្មុគស្មាញ​ទៅវិញ។

    កាលពីពេល​កន្លងទៅ ក្រុមហ៊ុន Google  ក៏បាន​ជួបនឹង​បញ្ហា​ស្រដៀង​គ្នា​នឹង​ករណី​ខាងលើ​នេះដែរ ហើយ​ក្រុមហ៊ុន​ក៏បាន​រង​ការផាកពិន័យ​ជាច្រើនលើក​ច្រើនសា​ផងដែរ ដូចជា​នៅពេលថ្មីៗនេះ សហភាព​អឺរ៉ុប​បាន​ផាកពិន័យ​ក្រុមហ៊ុន ហ្គូ​ហ្គ​ល ចំនួន 1.8ពាន់​លាន​ដុល្លារ ទាក់ទង​ទៅនឹង​ការរំលោភបំពាន​ក្នុងការ​ប្រើប្រាស់​ទិន្នន័យ​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។

    នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក៏បាន​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ទូរ​សព្ទ​វៃឆ្លាត​ទាំងអស់ សូម​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​មុខងារ​តាមដាន​ទីតាំង​នេះ បើ​មិនមាន​ការចាំបាច់​ប្រើ​សូមកុំ​បើក​វា​អី ឬ​មុននឹង​ចូល​ប្រើ​កម្មវិធីផ្សេងៗទាក់ទង​ទៅនឹង​អ៊ីនធឺណិត សូម​ចូលទៅ​បិទ​ដោយផ្ទាល់​ផង៕

  • ក្រុមហ៊ុនចិនធំ 2 និយាយថា កុំព្យូទ័ររាប់ពាន់គ្រឿងរបស់ខ្លួន បានរងការវាយប្រហារ ដោយ មេរោគដ៏ខ្លាំងមួយ

    ក្រុមហ៊ុនចិនធំ 2 និយាយថា កុំព្យូទ័ររាប់ពាន់គ្រឿងរបស់ខ្លួន បានរងការវាយប្រហារ ដោយ មេរោគដ៏ខ្លាំងមួយ

    ក្រុមហ៊ុន​ចិន​ធំ 2 គឺ Qihoo និង Baidu របស់​ប្រទេស​ចិន បានឱ្យដឹងថា ថ្មីៗនេះ​មាន មេរោគ malwere ខ្លាំង​មួយ​បានធ្វើការ​វាយប្រហារ​ទៅលើ​កុំព្យូទ័រ​រាប់ពាន់​គ្រឿង​ទាំងនោះ បណ្ដាលឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ទាំងមូល។

    យោងតាម​ប្រភពពី thehackernews បាន​បង្ហើប​ឱ្យដឹងថា ក្រុម Hacker ចូល​ហ៊ែ​កបាន​ទាំងនោះ មាន​វិធីសាស្ត្រ​ខ្ពស់​ក្នុងការ​វាយប្រហារ តាមរយៈ​ការបង្ក​ប់​មេរោគ​ក្នុង​វេ​ប​សាយ e-commerce ទាំងនោះ។

    ទោះជា​កើតមាន​រឿង​ទាំងនេះ​មែន តែ​ប្រភព​មិនបាន​បញ្ជាក់​ពី​ផលប៉ះពាល់​លម្អិត​ឡើយ គ្រាន់តែ​ប្រាប់​ពី​វិធី​ដែល​ពួកគេ​លួច ដែល​ក្នុងនោះ ប្រព័ន្ធ​កុំព្យូទ័រ​ដែល​រងគ្រោះ ក៏​ភ្ជាប់​ទាំង Alibaba Cloud storage ផងដែរ៕

  • អ្នកប្រើ អាចនឹងត្រូវ Hacker លួចយកលេខសម្ងាត់ វីនដូ ពេលខលតាមកម្មវិធី Zoom

    អ្នកប្រើ អាចនឹងត្រូវ Hacker លួចយកលេខសម្ងាត់ វីនដូ ពេលខលតាមកម្មវិធី Zoom

    ដោយសារ​តែមាន​តម្រូវការ​បន្ទាន់​នៃ​កម្មវិធី ដែលមាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​ជា​លក្ខណៈ Video Conferencing ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល មេរោគ​កូ​វីដ-19 ក៏បាន​ធ្វើឱ្យ Zoom ក្លាយជា​កម្មវិធី​មួយ​ដែល​ទទួល​ការពេញនិយម ពី​មនុស្ស​រាប់លាន​នាក់​ក្នុងពេល​តែ 2 ឬ 3សប្ដាហ៍​ចុងក្រោយ​នេះ បើទោះបីជា​កម្មវិធី​នេះ​បាន​បង្កើតឡើងបាន​ជាង 9ឆ្នាំ​មកហើយ​ក៏ដោយ។

    ទោះបី Zoom គឺជា​កម្មវិធី​មួយ​ដែលមាន​ប្រជាប្រិយភាព​សម្រាប់ Online Video Meeting ក៏ដោយ តែ​វា​មិនមែនជា​ជម្រើស​ដ៏​ល្អ​បំផុត សម្រាប់​ផ្នែក​ឯកជន​ភាព (Privatecy) និង​សន្តិសុខ (Security) នៅឡើយ​ទេ ដូចជា​កម្មវិធី​នេះ​ពុំមាន end-to-end encrypted ដូច​កម្មវិធី​គេផ្សេងៗទៀត ដែល​អាចធ្វើឱ្យ​ក្រុមហ៊ុន​ថតចម្លង​វីដេអូ​របស់លោក​អ្នក​បាន ប៉ុន្តែ​កំហុស​ដ៏​ធំ​មួយទៀត​នោះ​គឺ ជនអនាមិក​អាច​លួច​យក​លេខ​សម្ងាត់ វីន​ដូ តាមរយៈ​ភាព​ចន្លោះប្រហោង​ក្នុង​កម្មវិធី​នេះ​បាន។

    ភាព​ចន្លោះប្រហោង​នេះ គឺ​ដោយសារតែ Zoom ដំណើរការ​នៅលើ​ប្រព័ន្ធ​ដំណើការ Windows ដែល​ប្រើ​មុខងារ Remote UNC paths ហើយ​បំប្លែង​នូវ URLs ទៅជា Hyperlinks សម្រាប់​អ្នកទទួល​នៅក្នុង​សារ ជា​លក្ខណៈ​ផ្ទាល់ខ្លួន ឬ​ជា​ក្នុង​ក្រុម។

    ក្រុម​អ្នកស្រាវជ្រាវ​បានផ្ដល់​ព័ត៌មាន​នេះ​ទៅ​ក្រុមហ៊ុន Zoom ប៉ុន្តែ​ក្រុមហ៊ុន​ពុំទាន់​បានធ្វើ​កំណែទម្រង់​លើ​កម្មវិធី​នេះ​ទេ ដូច្នេះ​ពួកគេ​ក៏​សំណូមពរ​ឱ្យ​អ្នកប្រើប្រាស់ គួរប្រើ​កម្មវិធី Zoom តាមរយៈ Web Browser ជាជាង​កម្មវិធី​ផ្ទាល់​របស់ Zoom សម្រាប់ វីន​ដូ ឬក៏​ប្រើ​កម្មវិធី​ផ្សេងទៀត​ក៏បាន។

    គេ​ក៏បាន​ដឹងផង​ដែរ​ថា កាលពី​សប្ដាហ៍​មុន​ក្រុមហ៊ុន Zoom ទើបតែ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ជាមួយ​ប្រព័ន្ធ iOS ក្រោយពី​ត្រូវបាន​គេ​រកឃើញថា ក្រុមហ៊ុន​នេះ​បានផ្ដល់​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ទៅឱ្យ​ក្រុមហ៊ុន Facebook៕

  • នៅតែខ្លាំង! Nokia កាន់កាប់សិទ្ធិចែកចាយ 5G ច្រើនជាង 2,000ប៉ាតង់

    នៅតែខ្លាំង! Nokia កាន់កាប់សិទ្ធិចែកចាយ 5G ច្រើនជាង 2,000ប៉ាតង់

    ក្រុមហ៊ុន​បណ្ដាញ​ទូរគមនាគមន៍ Nokia អន្តរជាតិ (របស់​ប្រទេស​ហ្វាំ​ង​ឡង់) បានចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ ស្ដីពី​សមិទ្ធផល​ដែល​ក្រុមហ៊ុន​សម្រេចបាន​ក្នុង​ឆមាស​ទី1 កាលពី​ឆ្នាំ2019 ដោយ​លើកឡើង​ពី​ការរីកចម្រើន​ផ្នែក​បណ្ដាញ​ទូរគមនាគមន៍ ក្នុងនោះ​មាន​ប៉ាតង់ 5G ច្រើនជាង 2,000 ហើយ​ត្រូវបាន​ផ្គត់ផ្គង់​ដល់ទី​ផ្សារ​អឺរ៉ុប។

    លោក Marcus Weldon នាយក​ផ្នែក​គ្រប់គ្រង​ទូទៅ​របស់​មន្ទីរ Nokia Bell Labs បាន​និយាយថា នៅក្នុង​រលក​នៃ​បច្ចេកវិទ្យា គឺមាន​ការផ្លាស់ប្តូ​រលឿ​ន​ណាស់។ ក្នុងនោះដែរ Nokia ដែលជា​ស្ថាប័ន​ឈានមុខ​គេ​ផ្នែក​បណ្ដាញ​ទូរគមនាគមន៍ យើង​កំពុង​ប្រឹងប្រែង​បង្កើត​ថ្មី ទាំង​បច្ចេកវិទ្យា និង(R&D-Research and development) ឱ្យ​ពិភពលោក​កាន់តែ​ជិតស្និទ្ធ​ដូចនឹង​ពាក្យស្លោក​របស់​យើង ” Connecting People”។ យើង​ក៏​សូម​ថ្លែងអំណរគុណ​ដល់ដៃ​គូ 3GPP និង ETSI ដែលជា​ស្ថាប័ន​ជំនាញ​ផ្នែក 5G ដែល​ក្នុងនោះ​ក៏មាន​បុគ្គលិក​ពី Nokia ចូលរួម​ក្នុងការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ឈានមុខ​នេះ​ផងដែរ។

    គួរ​បញ្ជាក់ដែរថា ទោះជា​មិនសូវ​ជោគជ័យ​ក្នុង​សហគ្រាស​ស្មា​ត​ហ្វូ​ន​ក៏ដោយ ក៏ប៉ុន្តែ Nokia ហាក់​ផ្តោត​សំខាន់ លើ​វិស័យ​ទូរគមនាគមន៍ ដោយបាន​បំប្លែង​ខ្លួន​ទៅជា​អ្នក​ចែកចាយ ជាពិសេសថ្មីៗនេះ ក្រុមហ៊ុន​បណ្ដាញ​ទូរគមនាគមន៍ Sprint បានធ្វើ​ការសហការ​ជាមួយ​ក្រុមហ៊ុន Nokia ផ្នែក​បណ្ដាញ​ទូរគមនាគមន៍ ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ នូវ​ប្រព័ន្ធ​បណ្ដាញ 5G នៅ​រដ្ឋធំៗចំនួន 4 បន្ថែមទៀត​ក្នុង​សហរដ្ឋអាមេរិក​ដូចជា New York, Los Angeles, Washington DC និង Phoenix ទៀតផង៕

  • ក្រុមហ៊ុនសិង្ហបុរី SWAN & MACLAREN និង SCA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ និងរួមបញ្ចូលសេវាកម្មដើម្បីនាំយកស្តង់ដារសិង្ហបុរីក្នុងការសិក្សាគម្រោងប្លង់មកកាន់ប្រទេសកម្ពុជា

    ក្រុមហ៊ុនសិង្ហបុរី SWAN & MACLAREN និង SCA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ និងរួមបញ្ចូលសេវាកម្មដើម្បីនាំយកស្តង់ដារសិង្ហបុរីក្នុងការសិក្សាគម្រោងប្លង់មកកាន់ប្រទេសកម្ពុជា

    • អង្គភាព​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជា​ផ្លូវការ​នៅ​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០ ដើម្បី​រួមបញ្ចូល​នូវ​ជំនាញ​ឯកទេស​របស់​ក្រុមហ៊ុន​ទាំងពីរ​សំដៅ​ពង្រីក​បន្ថែម​នូវ​វត្តមាន និង​សេវាកម្ម​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា។
    • SCA ចូលរួម​នៅក្នុង​បណ្តាញ​របស់ Swan & Maclaren ដើម្បីឱ្យ​មានការ​រីកចម្រើន​នៅក្នុង​តំបន់​អាស៊ី។
    • ការសហការ​ក្នុង​ភាពជា​ដៃគូ​នឹង​អនុញ្ញាតឱ្យ SCA ក្លាយជា​មជ្ឈមណ្ឌល​ផ្តល់​ដំណោះស្រាយ​ច្រកចេញចូល​តែមួយ​ដើម្បី​នាំយក​ស្តង់ដារ​សិង្ហ​បុរី​មកកាន់​ទីផ្សារ​កម្ពុជា​លើ​ដំណោះស្រាយ​សិក្សា​គម្រោង​ប្លង់ និង​ផ្នែក​គ្រប់គ្រង។
    • Swan & Maclaren ផ្តល់ជូន​នូវ​សេវាកម្ម​ពិសេស​នៅក្នុង​ការសិក្សា​គម្រោង​ប្លង់ និង​ស្ថាបត្យកម្ម រួម​ជាមួយនឹង​សេវាកម្មពិសេសៗរបស់ SCA សម្រាប់​ផ្នែក​ខាងក្នុង​អគារ និង​ឋបនកម្ម​សំណង់។
    • សេវាកម្ម​រួមមាន៖ ការសិក្សា​គម្រោង​ប្លង់​មេ ប្លង់​ស្ថាបត្យកម្ម ប្លង់​រចនា​ខាងក្នុង​អគារ ប្លង់​ទេសភាព ការសាងសង់​សំណង់ និង​ឋបនកម្ម (គ្រឿង​ឈើ គ្រឿងសង្ហារិម ការបំពាក់​ភ្លើង​បំភ្លឺ គ្រឿង​បរិក្ខារ និង​សម្ភារ​បន្ទាប់បន្សំ) ។

    ភ្នំពេញ ប្រទេស​កម្ពុជា ថ្ងៃទី ៣០ ខែឧសភា​ឆ្នាំ២០២០យោងតាម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដែល​បាន​ឯកភាពគ្នា ក្រុមហ៊ុន Swan & Maclaren និង SCA នឹង​រួមបញ្ចូល​គ្នា​ជា​លក្ខណៈ​យុទ្ធសាស្ត្រ​នូវ​ជំនាញ​ឯកទេស និង​ការប្រតិបត្តិ​ល្អ​បំផុត​របស់​ក្រុមហ៊ុន​ទាំងពីរ​ក្នុង​ការនាំយក​ស្តង់ដារ​សិង្ហ​បុរី​នៃ​ការសិក្សា​គម្រោង​ប្លង់​និង​ឧត្តមភាព​នៃ​ការសាងសង់​សំណង់​ជូន​ដល់​ប្រជាជន​កម្ពុជា។

    ការអនុវត្ត​រាប់​ចាប់ពី​ការសិក្សា​គម្រោង​ប្លង់​រហូតដល់​ការបញ្ចប់​គម្រោង​ជា​ស្ថាពរ​នឹងត្រូវ​ធ្វើឡើង​ដោយ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​ក្រម​ប្រតិបត្តិ​របស់​សិង្ហ​បុរី។

    វត្តមាន​របស់ SCA នៅក្នុង​ប្រទេស​កម្ពុ​ជារួម​ជាមួយ​បទពិសោធន៍​គម្រោង​នៅ​កម្ពុ​ជាជាង ៧ ឆ្នាំ​របស់ Swan & Maclaren នាំមក​នូវ​អភិក្រម​និង​សេវាកម្ម​ដែល​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​រវាង​ក្រុមហ៊ុន​ទាំងពីរ​នៅក្នុង​ការអភិវឌ្ឍ​ថ្នាក់​តំបន់​និង​អន្តរជាតិ​ដែល​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​អតិថិជន​នៅក្នុង​ទីផ្សារ​កម្ពុជា។ការសហការ​ក្នុង​ភាពជា​ដៃគូ​ដែល​នឹងមាន​ប្រសិទ្ធភាព​អនុវត្តភ្លាមៗនឹង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ទាំងពីរ​មាន​ជំហរ​កាន់តែ​រឹងមាំ​នៅក្នុង​ប្រទេស​កម្ពុជា។

    សម្រង់​សំដី

    “ជាមួយនឹង​ការដាក់បញ្ចូល​បន្ថែម​នូវ Swan & Maclaren នោះ​ថាមពល​និង​សេវាកម្ម​របស់ SCA បាន​កើនឡើង​ទ្វេដងភ្លាម” នេះ​បើតាម​ប្រសាសន៍​របស់ លោក Darryl Ong ដែលជា​នាយក​នៅ​ក្រុមហ៊ុន SCA “សម័យកាល​នៃ​ការរីកចម្រើន​តាមបែប​ធម្មតា គឺ​កន្លង​ហួស​ទៅហើយ​ដោយ SCA ទាញយក​ប្រយោជន៍​ពី​ថាមពល​នៃ​ភាពជា​ដៃគូ​ជា​យុទ្ធសាស្ត្រ។ ភាពជា​ដៃគូ​ជា​យុទ្ធសាស្ត្រ​ផ្តល់​ប្រយោជន៍​ដល់​មនុស្ស​គ្រប់គ្នា – ក្រុមហ៊ុន​អាជីវកម្ម និយោជិត និង​អតិថិជន។ ក្រុមហ៊ុន​អាជីវកម្ម អាច​ពង្រីក​ការផ្សព្វផ្សាយ​ទៅដល់​ទីផ្សារ​គោលដៅ​រប​ស់​ពួកគេ និង​ជំរុញ​ការយល់ដឹង​អំពី​ម៉ាក។ អតិថិជន​ទទួលបាន​អត្ថប្រយោជន៍​ពី​ភាពខ្លាំង និង​ការផ្តល់ជូន​ដែល​អង្គភាពនីមួយៗនាំមក​ជាមួយ​ហើយ​និយោជិត​នឹង​អាច​ពង្រីក​សមត្ថភាព​អភិវឌ្ឍន៍​របស់​ពួកគេ​ដោយ​ការទាញយក​ប្រយោជន៍ ពី​ការឆ្លងកាត់​នូវ​ទស្សនវិស័យ និង​ជំនាញ​ឯកទេស​ខាង​ឧស្សាហកម្មថ្មី។លើសពីនេះ​ទៀត​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​រវាង​អាជីវកម្ម​ដែល​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​នឹង​ពង្រឹង​កិច្ចសហការ​ឱ្យ​កាន់តែ​រឹងមាំ និង​យូរអង្វែង​ដែល​អនុញ្ញាតឱ្យ ក្រុមហ៊ុន​ផ្តល់ជូន​នូវ​ដំណោះស្រាយ ដែល​ផ្តល់​ថាមពល​ដល់​អតិថិជន​របស់​ពួកគេ​ឱ្យ​ទទួលបាន​ជោគជ័យ។ Swan & Maclaren ពិតជា​មាន​ភាព​ស័ក្តិសម​បំផុត!”

    លោក Ryan Chin ដែលជា​នាយ​កនៅ SCA បាន​មានប្រសាសន៍ថា“នៅពេលដែល​អតិថិជន​របស់​យើង​បន្ត​ជំរុញឱ្យមាន​ដែន​កំណ​ត់នៃ​ការសិក្សា​គម្រោង​ប្លង់​នោះ​ភាព​សម្បូរបែប​នៃ​ការផ្តល់ជូន​របស់ SCA អនុញ្ញាតឱ្យ​យើង​ពង្រីក​បន្ថែម​នូវ​សមត្ថភាព​ក៏ដូចជា​ទំនាក់ទំនង។ ដោយ​ការធ្វើដំណើរ​ជាមួយ Swan & Maclaren យើង​មាន​ក្តីរំភើប​ចំពោះ សេវាកម្ម​ជាច្រើន​ដែល​យើង​អាច​ផ្តល់ជូន​អតិថិជន​របស់​យើង​ប្រកបដោយ​ទំនុកចិត្ត” ។

    “Swan & Maclaren មានការ​រំភើប​យ៉ាងខ្លាំង​ចំពោះ​កិច្ចសហការ​នេះ ហើយ​នេះ​នឹង​ពង្រឹង​យ៉ាងខ្លាំង​នូវ​គោលការណ៍​ដ៏​ល្បីល្បាញ​គឺ​ការប្រមូល​ផ្តុំគ្នា​ជាការ​ចាប់ផ្តើម​រួមរស់​ជាមួយគ្នា​ជា​វឌ្ឍនភាព​និង​ធ្វើការ​រួមគ្នា​ជា​ជោគជ័យ។ នេះ​បើតាម​ប្រសាសន៍​របស់ Matthew Hon ដែលជា​នាយក​នៅ​ក្រុមហ៊ុន Swan & Maclaren “ ដោយ​ការប្រតិបត្តិ​បែបនេះ យើង​អាច​ឈានដល់​កម្រិត​សេវាកម្ម​កាន់តែ​ខ្ពស់ និង​ផ្តល់​ដល់​អតិថិជន​ទាំងអស់​របស់​យើង។

    អំពី Swan  & Maclaren

    ដោយបាន​បង្កើតឡើង​ក្នុង​ឆ្នាំ១៨៩២ Swan & Maclaren គឺជា​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ចំណាស់​ជាងគេ​បំផុត នៅក្នុង​ប្រទេស​សិង្ហ​បុរី។ អស់​រយៈពេល​ជាង ១២៨ ឆ្នាំ​មកហើយ​ដែល​ក្រុមហ៊ុន​នេះ មានការ​លេចធ្លោ នៅក្នុង​កិច្ចប្រតិបត្តិការ​រហូត​បានឈ្នះ​ពានរង្វាន់​ស្នាដៃ​ការងារ​ជាច្រើន ដូចជា សណ្ឋាគារ Raffles (សិង្ហ​បុរី) សណ្ឋាគារ Goodwood Park (សិង្ហ​បុរី) ធនាគារ​ហុងកុង សៀង​ហៃ (សិង្ហ​បុរី) ជាដើម។

    បច្ចុប្បន្ន Swan & Maclaren នៅតែ​បន្ត​កសាង​កេរ្តិ៍ឈ្មោះ​កាន់តែខ្លាំងឡើងៗនៅ​ទូទាំង​តំបន់​អាស៊ី លើ​ការរៀបចំ​ប្លង់​មេ​អគារ​និង​ការអភិវឌ្ឍន៍​ចម្រុះ​ជាមួយនឹង​កំណើន​គម្រោង​រហូតដល់​ឃើញ​មាន Swan & Maclaren នៅក្នុង​បណ្តា​ប្រទេស​ជាង២០និង​បង្កើត​ការិយាល័យ​ប្រចាំ​តំបន់​ចំនួន៧នៅ​តំបន់​អាស៊ីអាគ្នេយ៍។គម្រោង​ដែល​គួរឱ្យកត់សម្គាល់​នាពេលថ្មីៗនេះ​រួមមាន៖ គម្រោង​ពង្រីក​ផ្នែក​វេជ្ជសាស្ត្រ​របស់ Raffles (សិង្ហ​បុរី), GSH ផ្លា​ហ្សា(សិង្ហ​បុរី)ផ្សារ​ទំនើប​Ipoh Parade (ម៉ាឡេស៊ី) មន្ទីរពេទ្យ Raffles ឆុង​ឈី​ង (ប្រទេស​ចិន), Accor Novotel Suites Dalat (វៀតណាម), Euroville ភ្នំពេញ (កម្ពុជា)  និង​អគារ​ខុន​ដូ Royal Platinum (កម្ពុជា) ។

    ទំហំ​នៃ​ការអភិវឌ្ឍន៍​នេះ​បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន ផ្តល់នូវ​សេវាកម្ម​យ៉ាង​ពេញលេញ ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​របស់​អតិថិជន​នៅក្នុង​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី ចិន វៀតណាម ថៃ និង​កម្ពុជា។

    អំពី SCA

    SCA គឺជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន Soho Living Group (ប្រហែល​នៅ​ឆ្នាំ២០០៩)។ចាប់តាំងពី​ពេលនោះ​មក SCA បាន​រីកចម្រើន​យ៉ាងខ្លាំង​ពេញមួយឆ្នាំ។ ទីស្នាក់ការ​កណ្តាល​រប​ស់​SCAស្ថិតនៅ​ប្រទេស​សិង្ហ​បុរី​ជាមួយនឹង​ការិយាល័យ​រណប​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ថៃ និង​កម្ពុជា។

    SCA រក្សា​នូវ​សេវាកម្ម​ដ៏​សម្បូរបែប ជាមួយ​ជំនាញ​ឯកទេស​លើ​ស្ថាបត្យកម្ម​ផ្នែក​ខាងក្នុង​អគារ​ការសិក្សា​គម្រោង​ប្លង់ និង​សាងសង់​សំណង់​និង​ការបំពាក់​សម្ភារ​បរិក្ខា​រ​សម្រាប់​គម្រោង​សាជីវកម្ម បដិសណ្ឋារកិច្ច លំនៅដ្ឋាន​អាជីវកម្ម​លក់រាយ និង​គម្រោង​ចម្រុះ។

    លើសពីនេះ​ផ្នែក​អភិវឌ្ឍន៍​អចលនទ្រព្យ​របស់ SCA គឺជា​សេវា​ផ្តល់​ប្រឹក្សា​មួយ​ដែលមាន​ឯកទេស​ក្នុងការ​វិនិយោគ​រួម​ចម្រុះ​រវាង​ម្ចាស់​អចលនទ្រព្យ និង​វិនិយោគិន​ក្នុង​វិស័យ​ស្ថាបត្យកម្ម។

    សម្រាប់​ព័ត៌មាន​បន្ថែម​អំពី Swan & Maclaren សូម​ទំនាក់ទំនង៖

    +៦៥ ៦២២២ ៩១១៣ ឬ​អ៊ីមែល: [email protected]

     

    សម្រាប់​ព័ត៌មាន​បន្ថែម​អំពី SCA សូម​ទំនាក់ទំនង៖

    +៨៥៥ (០) ៨៩ ៨៨៨ ៣៩៨ ឬ​អ៊ីមែល: [email protected]

  • Google នឹងផ្ដល់កញ្ចប់លុយ 1ពាន់ដុល្លារដល់បុគ្គលិកម្នាក់ៗ ដែលធ្វើការពីផ្ទះ

    Google នឹងផ្ដល់កញ្ចប់លុយ 1ពាន់ដុល្លារដល់បុគ្គលិកម្នាក់ៗ ដែលធ្វើការពីផ្ទះ

    លោក Sundar Pichai ជា​នាយក​ប្រតិបត្តិ Google បច្ចុប្បន្ន បានឱ្យដឹងថា Google នឹង​ផ្ដល់​កញ្ចប់​លុយ 1ពាន់​ដុល្លារ (ឬ​ជា​រូបិយប័ណ្ណ​ផ្សេងទៀត​ដែលមាន​តម្លៃ​ស្មើគ្នា សម្រាប់​ប្រទេស​ដទៃ) សម្រាប់​ធានារ៉ាប់រង លើ​ការចំណាយ​លើ​គ្រឿងសង្ហារិម ឬ​គ្រឿង​ប្រើប្រាស់​ចាំបាច់​ដទៃទៀត​ដូចជា​ម៉ាស៊ីន​កុំព្យូទ័រ ខណៈដែល​បុគ្គលិក​របស់​ពួកគេ​ធ្វើ​ការងារ​ពី​ផ្ទះ។ នេះ​បើតាម​ការចុះផ្សាយ​ជា​ផ្លូវការ​ពី Blog.google ផ្ទាល់​តែម្ដង។

    ដើម្បី​ជាការ​ជំរុញ​ទឹកចិត្ត​បុគ្គលិក ឱ្យ​បុគ្គលិក​មាន​សុខភាព​ល្អ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត Googleក៏​នឹង​បង្កើតជា​កម្មវិធី​ឱ្យ​បុគ្គលិក​អាចមាន​សកម្មភាព​ជុំគ្នា​តាមរយៈ​អន​ឡាញ​បាន ដូចជា​ការរៀន​ពី​ការ​ចម្អិនម្ហូប​ពី​ចុងភៅ Google និង​ការរៀន​ធ្វើ​លំ​ហាត់ប្រាណ​តាម​អន​ឡាញ​ជាដើម។

    គួរ​រំឭក​ដែរ​ថា ទំនោរ​ថ្មី​នេះ ត្រូវបាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដទៃទៀត​កំពុងតែ​ត្រៀម​ធ្វើ​ដូចគ្នា ខណៈដែល​ជំងឺ​កូ​វីដ19 នៅតែ​បន្ត​វាយលុក ដើម្បី​ជាការ​លើកទឹកចិត្ត ដល់​បុគ្គលិក​ទាំងឡាយ​ដែល​ធ្វើការ​ពី​ផ្ទះ៕

  • អ៊ីស្រាអែល បង្កើតម៉ាស់ពិសេស អាចញ៉ាំអាហារបាន ដោយមិនបាច់ដកម៉ាស់ចេញ

    អ៊ីស្រាអែល បង្កើតម៉ាស់ពិសេស អាចញ៉ាំអាហារបាន ដោយមិនបាច់ដកម៉ាស់ចេញ

    ក្រុម​អ្នក​ច្នៃប្រឌិត​ជនជាតិ​អ៊ីស្រាអែល បាន​បង្កើត​ម៉ាស់​ការពារ​មេរោគ​កូ​រ៉ូ​ណា​ជាមួយ​មាត់​បញ្ជា​ពី​ចម្ងាយ ដែល​អាច​អនុញ្ញាតឱ្យ​មនុស្ស​បរិភោគ​អាហារ​បាន ដោយ​មិនចាំបាច់​ដក​ម៉ាស់​ចេញ ជា​ឧបករណ៍​ដែល​ពួកគេ​និយាយថា អាចធ្វើឱ្យ​ការចូលទៅ​ភោជនីយដ្ឋាន​មិនសូវមាន​គ្រោះថ្នាក់។

    ដង្កៀប​ច្របាច់ ដែល​ធ្វើ​ប្រតិបត្តិការ​ដូច​ហ្វ្រាំងដៃ​កង់​ដែរនោះ នឹង​បើក​មាត់​នៅខាងមុខ​ម៉ាស់​ដើម្បីឱ្យ​អាហារ​ឆ្លងកាត់​បាន។ ដំណើរការ​នេះ​អាចមាន​ភាពច្របូកច្របល់ ជាមួយនឹង​ការ៉េម ឬ​ទឹកជ្រលក់ ប៉ុន្តែ​បើជា​អាហារ​ដែលរឹងៗជាង​នេះ អាច​ចូល​បាន​យ៉ាង​ងាយស្រួល។

    លោក អាសា​ហ្វ ជី​តេ​លី​ស អនុប្រធាន​ក្រុមហ៊ុន Avtipus Patents and Inventions បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី19 ឧសភា​ថា  “ម៉ាស់​នឹង​បើក​មាត់ ដោយ​ប្រព័ន្ធ​មេកានិច តាមរយៈ​ការបញ្ជា​ពី​ចម្ងាយ​ដោយ​ដៃ ឬ​បើក​មាត់​ដោយ​ស្វ័យប្រវត្តិ​នៅពេលណា​ដែលមាន​សម ឬ​ស្លាបព្រា មក​នៅ​ពីមុខ​ម៉ាស់។ បន្ទាប់មក​អ្នក​អាច​ញ៉ាំ ឬ​ផឹក​ដោយ​គ្មាន​ការបារម្ភ ហើយ​ពេល​អ្នក​ដក​សម ឬ​ស្លាបព្រា​ចេញ​វិញ វា​នឹង​បិទ​វិញ​ដោយ​ស្វ័​ប្រវត្តិ ហើយ​អ្នក​ថែមទាំង​ត្រូវបាន​ការពារ​ពី​វីរុស និង​មនុស្ស​ផ្សេងទៀត​ដែល​អង្គុយ​ជាមួយ​អ្នក​ទៀតផង។

    ក្រុមហ៊ុន​បាន​និយាយថា ខ្លួន​គ្រោង​នឹង​ចាប់ផ្តើម​ផលិត​ម៉ាស់​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៀត ហើយ​បានដាក់​ស្នើសុំ​ប៉ាតង់​រួចហើយ។ ក្រុមហ៊ុន​បាន​និយាយថា ខ្លួន​ទំនងជា​នឹង​លក់​វា​ក្នុងតម្លៃ​ពី ៣ ទៅ ១០សេ​គែល (ប្រមាណ 0.85ដុល្លារ​ទៅ 1.85ដុល្លារ​អាមេរិក)៕

     

  • YouTube លុបចោលដោយស្វ័យប្រវត្តិ ឱ្យតែមានពាក្យជា ភាសាចិនមួយនេះ នៅក្នុងប្រអប់ Comment

    YouTube លុបចោលដោយស្វ័យប្រវត្តិ ឱ្យតែមានពាក្យជា ភាសាចិនមួយនេះ នៅក្នុងប្រអប់ Comment

    រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ អ្នកប្រើប្រាស់ YouTube ដែលជា​ជនជាតិ​ចិន បាន​បង្ហោះ​នូវ​ការរិះគន់ខ្លាំងៗ ត្រង់ចំណុច​ភាសា​ចិន ដែលមាន​នៅលើ​វីដេអូ ឬ​ក្នុង​ប្រអប់ Comment ដែល​ត្រូវបាន YouTube លុបចោល​ដោយ​គ្មាន​មួល​ហេតុ។

    យោងតាម​ប្រភពពី​កាសែត The Verge បាន​បកស្រាយ​ថា ប្រការនេះ​អាច​បណ្ដាលមកពី​កំហុស​បច្ចេកទេស Machine learning ឬ AI translate ដែលមាន​ក្នុង​បណ្ដាញ​វីដេអូ​ដ៏​ធំ​មួយ​នេះ ធ្វើ​ការខុស​ប្រក្រតី។ ម្យ៉ាងទៀត ពាក្យ​ដែល​គេ​សង្កេតឃើញថា ត្រូវបាន​លុប​លឿន​ជាងគេ មិន​ដល់ 15វិនាទី​ផង​នោះ គឺ​ពាក្យ “共匪” or “五毛” ឬ “Gongfei” ដែល​មានន័យថា communist bandit ឬ​មនុស្ស​ប្រកាន់​ទស្សនៈ​កុម្មុយនីស្ត​ផ្តាច់ការ។

    លើសពីនេះ YouTube ក៏បាន​លុបចោល​ដោយ​ស្វ័យប្រវត្តិ​ផងដែរ នូវ​ឃ្លាឃ្លោង​ណា ដែលមាន​អត្ថន័យ​ប្រមាថ ឬ​ក្នុងន័យ​អវិជ្ជមាន​ដល់​វីដេអូ​ណាមួយ​នោះ។

    គួរ​ជម្រាបជូន​ផងដែរ​ថា មុខងារ AI blocked posts ខាងលើ ត្រូវបាន YouTube ទទួលស្គាល់ថា ដំណើរការ​មិនទាន់បាន​ល្អប្រសើរ​នៅឡើយ​ទេ បើ​លោកអ្នក​ជួប​បញ្ហា  លោកអ្នក​អាច report មក​ក្រុមការងារ​របស់​ពួកគេ​បាន៕