Author: ធឿន មករា

  • Sancho រកបានហ៊ែតទ្រីកហើយ ប្រកាសស្វែងរកយុត្តិធម៌ឱ្យជនជាតិស្បែកខ្មៅ

    Sancho រកបានហ៊ែតទ្រីកហើយ ប្រកាសស្វែងរកយុត្តិធម៌ឱ្យជនជាតិស្បែកខ្មៅ

    ខ្សែ​ប្រយុទ្ធ​របស់​អង់គ្លេស​​ កីឡាករ Jadon Sancho ស្ថិត​ក្នុង​ចំណោម​​តារាបាល់ទាត់ដែលបានបញ្ចេញសារ​​ទៅ​កាន់​ពិភពលោក ​ប្រឆាំង​តវ៉ា​នឹង​ការ​រើសអើង​ពូជសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យកន្លងទៅនេះ។

    កីឡាករ Achraf Hakimi និង Jadon Sancho បានបង្ហាញពាក្យថា ‘Justice For George Floyd’ នៅលើអាវយឺតក្នុងរបស់ខ្លួន ក្រោយពេលដែលជួយឱ្យក្រុម ​BVB ខ្លួនទទួលជ័យជម្នះ ដោយលទ្ធផល 6ទល់នឹង1 លើក្រុមបាតតារាង Paderborn។

    កីឡាករទាំង​​ 2រូបនេះ ត្រូវបានគេដឹងថា ក៏មានជីដូន-ជីតាជាជនជាតិស្បែកខ្មៅដែរ ហើយពាក្យខាងលើនេះ កំពុងតែត្រូវបានប្រើប្រាស់យ៉ាងខ្លាំងក្លានៅសហរដ្ឋអាមេរិក ដើម្បីរើបម្រះពីការរើសអើងជាតិសាសន៍ទៅលើជនជាតិស្បែកខ្មៅ ក្រោយពេលមានករណីជនជាតិស្បែកខ្មៅម្នាក់​​ បានស្លាប់ ក្រោយពីការបង្ក្រាបពីសំណាក់មន្ត្រីប៉ូលិសស្បែកស ទាំងដែលបុរសនោះមិនមានកំហុសអ្វីសោះឡើយ៕

  • Facebook នឹងធ្វើតេស្ត មុខងារផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណ របស់បុគ្គល ដោយនឹងចាប់ផ្តើមមុនគេ នៅសហរដ្ឋអាមេរិក

    Facebook នឹងធ្វើតេស្ត មុខងារផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណ របស់បុគ្គល ដោយនឹងចាប់ផ្តើមមុនគេ នៅសហរដ្ឋអាមេរិក

    បន្តិចទៀត ប្រសិនបើការបង្ហោះរបស់លោកអ្នក ទទួលបានប្រជាប្រិយភាពខ្លាំង នោះ អ្នកគួរតែត្រៀមបង្ហាញអត្តសញ្ញាណប័ណ្ណឱ្យហើយទៅ។

    នាពេលបច្ចុប្បន្ននេះមានមនុស្សដ៏ច្រើនរាប់លាននាក់ បាននិងកំពុងប្រើប្រាស់កម្មវិធីបណ្តាញសង្គមជាច្រើន ស្របពេលជាមួយគ្នានេះដែរ មានអ្នកខ្លះក៏បានប្រើប្រាស់ព័ត៌មានពិតប្រាកដរបស់ខ្លួន ក្នុងការបង្កើត និងប្រើប្រាស់កម្មវិធីទាំងអស់នោះ ដូចជា ឈ្មោះ រូបថត អាសយដ្ឋាន ជាដើម។ ប៉ុន្តែក៏មានមនុស្សជាច្រើនដែលកំពុងតែប្រើប្រាស់ព័ត៌មានមិនពិតរបស់ខ្លួនផងដែរ។

    ​ដើម្បីកាត់បន្ថយការប្រើប្រាស់ព័ត៌មានមិនពិតនេះ ក្រុមហ៊ុនហ្វេសប៊ុកបានធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណនេះតាំងពីឆ្នាំ2018 មកម្ល៉េះ សម្រាប់អ្នកគ្រប់គ្រងផេច ហើយឥឡូវនេះ បាននិងកំពុងពង្រីកការផ្ទៀងផ្ទាត់អ្នកប្រើប្រាស់មួយចំនួនទៀត ដែលមានអ្នកតាមដានច្រើននៅសហរដ្ឋអាមេរិកផងដែរ។

    ក្រុមហ៊ុនក៏បានផ្សព្វផ្សាយផងដេរថា តទៅមុខទៀត នឹងមានការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុគ្គលដែលធ្លាប់មានអាកប្បកិរិយាឆបោក នៅលើបណ្តាញសង្គមហ្វេសប៊ុក និងការបង្ហោះរបស់ពួកគេត្រូវបានរីករាលដាលយ៉ាងឆាប់រហ័សទៀតផងនោះ ព្រោះក្រុមហ៊ុនចង់ឱ្យអ្នកប្រើប្រាស់មានជំនឿទុកចិត្តថា បុគ្គលដែលគេបានឃើញនៅលើហ្វេសប៊ុកនោះ ពិតជាមានបំណងចង់ផ្សព្វផ្សាយព័ត៌មានដែលត្រឹមត្រូវប្រាកដមែន។

    ប្រសិនបើនរណាម្នាក់ជ្រើសរើសមិនបញ្ជាក់ពីអត្តសញ្ញាណរបស់ពួកគេ ឬមានអត្តសញ្ញាណប័ណ្ណមិនត្រូវគ្នានឹងគណនីហ្វេសប៊ុក ដែលបានភ្ជាប់មកជាមួយនោះ ការបង្ហោះចែកចាយរបស់ពួកគេនឹងត្រូវបានកំណត់ ដូច្នេះមានតែមនុស្សចំនួនតិចតួចប៉ុណ្ណោះដែលនឹងបានឃើញ ប៉ុន្តែប្រសិនបើវាជាផេចវិញនោះ អ្នកគ្រប់គ្រងនឹងពុំអាចផ្សព្វផ្សាយបានទៀតឡើយ។

    ដំណើរការនៃការផ្ទៀងផ្ទាត់នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រុមហ៊ុនហ្វេសប៊ុក ដើម្បីបង្កើតគណនេយ្យភាពកាន់តែច្រើននៅលើហ្វេសប៊ុក និងកែលម្អបទពិសោធក្នុងការប្រើប្រាស់របស់មនុស្ស នៅលើកម្មវិធីរបស់ហ្វេសប៊ុក។

    ការផ្ទៀងផ្ទាត់អត្តសញ្ញាណនេះត្រូវបានអនុវត្តនៅ សហ​រដ្ឋ​អា​មេរិកមុនគេ ហើយអាចនឹងបន្តធ្វើនៅតាមបណ្តាប្រទេសផ្សេងៗទៀត ក្នុងពេលអនាគត៕

    ​ប្រភព៖ https://www.engadget.com/facebook-to-verify-id-for-viral-accounts-182559625.html

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • ពហុកីឡដ្ឋាន សម្តេចតេជោ ហ៊ុន សែន ថ្មីសន្លាងមួយទៀត នឹងលេចមុខឡើង នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់

    ពហុកីឡដ្ឋាន សម្តេចតេជោ ហ៊ុន សែន ថ្មីសន្លាងមួយទៀត នឹងលេចមុខឡើង នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់

    គម្រោងសាងសង់ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន «SAMDACH HUN SEN SPORT CENTER» ដែលមានតម្លៃខ្ទង់លានដុល្លារ ត្រូវបានឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ពិភាក្សាអនុម័តលើគម្រោងសាងសង់ ដើម្បីជាការឆ្លើយតបទៅនឹងភាពរីកចម្រើន នៃវិស័យកីឡា និងដើម្បីជំរុញវិស័យកីឡាបាល់ទាត់កម្ពុជា ឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។

    ពហុកីឡដ្ឋានថ្មីនេះ គ្រោងនឹងសាងសង់ឡើងនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំ 25ហិកតា ក្នុងគោលបំណងលើកស្ទួយវិស័យកីឡា និងដើម្បីជំរុញការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមរបស់កម្ពុជា នៅឆ្នាំ2023 ខាងមុខនេះ។

    គួរបញ្ជាក់ដែរថា គម្រោងពហុកីឡដ្ឋាននេះ អាចនឹងសាងសង់នៅលើផ្ទៃដីដែលមានទំហំប្រមាណជា 25ហិកតា ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ (វាលសម្តេចយស)។ ពហុកីឡដ្ឋាននេះ រួមមានទីលានបាល់ទាត់ខ្នាតអន្តរជាតិ, ទីលានមហោស្រព, ទីលានបាល់ទះ, ទីលានបាល់បោះ, ទីលានរត់ប្រណាំង, ទីលានវាយសី, កន្លែងអង្គុយទស្សនា, កន្លែងហាត់ប្រាណ, ប្រព័ន្ធផ្លូវខ្វាត់ខ្វែង (8ទៅ 10ម៉ែត្រ), វាលស្មៅ, កន្លែងក្មេងលេង, កន្លែងអង្គុយលេង, ស្រះទឹក និងកន្លែងចតរថយន្ត។ល៕

  • ទីបំផុត Rey Mysterio បញ្ចប់អាជីពកីឡាកាសត្រឹមវ័យ 45ឆ្នាំ

    ទីបំផុត Rey Mysterio បញ្ចប់អាជីពកីឡាកាសត្រឹមវ័យ 45ឆ្នាំ

    អ្នកកីឡាកាស WWE ពាក់ស្រោមមុខដ៏ល្បីល្បាញ Rey Mysterio របស់ស្ថាប័ន RAW បានប្រកាសចូលនិវត្តន៍ពីអាជីពជាអ្នកកីឡាកាសហើយ ក្នុងវ័យ 45ឆ្នាំ ក្រោយពីប្រឡូកក្នុងអាជីពនេះ អស់រយៈពេល 31ឆ្នាំ។

    គួរបញ្ជាក់ដែរថា ការប្រកាសចូលនិវត្តន៍នេះ គឺដោយសារតែកុងត្រារបស់គេនៅ WWE នឹងផុតនៅខែក្រោយនេះ ហើយស្ថាប័ននេះមិនបន្តកុងត្រាជាមួយរូបគេទៀតឡើយ។ ការចូលនិវត្ដន៍នេះ​ ប្រហែលមិនមែនជាការបញ្ចប់អាជីពជាកីឡាករចំបាប់ឡើយ ព្រោះអ្នកកីឡាកាសរូបនេះ មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង និងមានសង្វៀនប្រកួតជាច្រើននៅរង់ចាំស្វាគមន់៍រូបគេ៕

  • ស្រ្តីមានគភ៌ត្រូវតែដឹង! វិធីទប់ទល់នឹងអាការចាញ់កូន

    ស្រ្តីមានគភ៌ត្រូវតែដឹង! វិធីទប់ទល់នឹងអាការចាញ់កូន

    ពេលមានផ្ទៃពោះថ្មីៗអំឡុង 3 ខែដំបូង ស្រ្តីមានគភ៌ត្រូវប្រឈមនឹងអាការចាញ់កូន ដែលបើសិនជាមានផ្ទៃពោះកូនដំបូងផងនោះ ស្រ្តីជាច្រើននាក់ប្រហែលជាតាំងខ្លួនដើម្បីទប់ទល់នឹងអាការចាញ់កូននេះមិនត្រូវឡើយមើលទៅ។ ក្នុងអត្តបទនេះ ឡារ៉ែនសូមនាំយកវិធីងាយៗដើម្បីត្រៀមខ្លួនទប់ទល់ជាមួយអាការចាញ់កូននេះមកជម្រាបជូន តើជាវិធីបែបណាខ្លះនោះ សូមតាមដានជាបន្ត។

    បែងពេលញ៉ាំអាហារជាពេលតូចៗ(ញ៉ាំច្រើនដង ម្តងបន្តិច)

    ហេតុអីចាំបាច់បែងពេលញ៉ាំអាហារចម្បងៗជាពេលតូចៗ? នោះក៏ព្រោះថា ក្នុងខណៈមានគភ៌ ក្រពះអាហាររបស់យើងអាចនឹងរំលាយអាហារយឺតជាងប្រក្រតី ពេលទទួលទានអាហារម្តងៗច្រើនៗនោះ ក្រពះនឹងរំលាយមិនទាន់ និងជំរុញឱ្យកើតអាការក្អួតចង្អោរឡើងហ្នឹងឯង ដូច្នេះការបែងពេលញ៉ាំអាហារជាពេលតូចៗគឺជាវិធីដែលជួយបានល្អបំផុត និងដែលសំខាន់គួរជ្រើសរើសទទួលទានអាហារណាដែលទន់ៗ ងាយស្រួលរំលាយផង។

    ញ៉ាំផ្លែឈើ ឬអាហារដែលមានរសជាតិជូរៗ

    ផ្លែឈើ ឬអាហារដែលមានរសជាតិជូរនឹងជួយសម្រាលអាការចាញ់កូនបានល្អ ជាពិសេសអាការក្អួតចង្អោរ ហើយផ្លែឈើដែលស័ក្តិសមបំផុតនោះមានដូចជា ក្រូច ស្វាយខ្ចី ម្នាស់ ឬអំពឹល ធានាថាញ៉ាំហើយជូរយ៉ាងឆ្ងាញ់មាត់ និងថែមទាំងអាការចាញ់កូនក៏ធូរស្រាលចុះទៀតផង តែក៏កុំទទួលទានច្រើនជ្រុលពេក ព្រោះអាចធ្វើឱ្យរាករូសបាន។

    សម្រាកឱ្យបានគ្រប់គ្រាន់

    នៅពេលកើតអាការចាញ់កូន ស្រ្តីមានផ្ទៃពោះនឹងមានអារម្មណ៍នឿយល្វើយ និងចង់សម្រាកខ្លាំងបំផុត ក្នុងអំឡុងពេលនេះស្រ្តីមានផ្ទៃពោះមិនគួរបង្ខំខ្លួនឯងឡើយ ទោះជាមានការងារច្រើនប៉ុនណាក៏ដោយ ក៏ត្រូវតែរកពេលវេលាគេងសម្រាកឱ្យបានច្រើនដែរ។ ទាំងអស់នេះគឺដើម្បីសម្រាលអាការចាញ់កូន និងមើលថែទាំកូនតូចក្នុងគភ៌ឱ្យមានសុខភាពល្អសមនឹងវ័យហ្នឹងឯង។

    ថែទាំផ្លូវចិត្តឱ្យរីករាយស្រស់ស្រាយជាប់ជានិច្ច

    ស្រ្តីមានគភ៌មិនគួរបណ្តោយឱ្យខ្លួនឯងមានអារម្មណ៍ធុញថប់តានតឹងច្រើនជ្រុលពេកនោះទេ ព្រោះភាពធុញថប់តានតឹង ឬអារម្មណ៍ដែលមិននឹងនរនឹងធ្វើឱ្យអាការចាញ់កូនរឹតតែខ្លាំងក្លាជាងមុន និងនៅហុចផលអាក្រក់ដល់កូនតូចក្នុងផ្ទៃទៀតផង ដូច្នេះស្រ្តីមានគភ៌គួរធ្វើចិត្តឱ្យធូរស្រាលដោយអាចបបួលក្រុមគ្រួសារទៅដើរលេងកំសាន្តតាមទីកន្លែងដែលចង់ទៅក៏បាន។

    ព្យួរសេរ៉ូម

    សម្រាប់ស្រ្តីមានគភ៌ដែលមានអាការចាញ់កូនយ៉ាងខ្លាំងក្លា រហូតរាងកាយគ្មានកម្លាំងកំហែងនឿយល្វើយយ៉ាងធ្ងន់ធ្ងរនោះ នឹងត្រូវបញ្ចូលសេរ៉ូមដែលមានលាយជាមួយវីតាមីន ឬថ្នាំសម្រាលអាការចាញ់កូន ដើម្បីឱ្យរាងកាយរឹងប៉ឹងឡើងវិញ និងអាការចាញ់កូនធូរស្រាលចុះហ្នឹងឯង តែទាំងអស់នេះគួរទុកឱ្យវិធីនេះជាជម្រើសចុងក្រោយបំផុតរបស់អ្នកប្រសើរជាង ព្រោះទឹកសេរ៉ូមអាចធ្វើឱ្យកើតសភាវហើមខ្លួនបាន។

    នៅពេលចាប់ផ្តើមតាំងគភ៌ ស្រ្តីទាំងឡាយកុំភ្លេចត្រៀមខ្លួនទប់ទល់នឹងអាការចាញ់កូនផង ដោយសម្រាប់ស្រ្តីមួយចំនួនអាចនឹងចាញ់កូនមិនសូវជាខ្លាំង ក៏មិនអីដែរ តែចំពោះអ្នកម្តាយដែលមានអាការចាញ់កូនធ្ងន់ធ្ងរវិញនោះ ត្រូវតែបានទទួលការមើលថែទាំយ៉ាងដិតដល់ និងទប់ទល់ជាមួយអាការចាញ់កូននេះឱ្យបានល្អ ដែលវិធីទាំងអស់ខាងលើនេះនឹងជួយស្រ្តីមានគភ៌បានមិនតិចឡើយ៕

  • 5ខែដើមឆ្នាំនេះ ភ្ញៀវទស្សនាតំបន់អង្គរធ្លាក់ចុះជាង 60% ធ្វើឱ្យកម្ពុជាទទួលបានចំណូលត្រឹមជាង 18លានដុល្លារ

    5ខែដើមឆ្នាំនេះ ភ្ញៀវទស្សនាតំបន់អង្គរធ្លាក់ចុះជាង 60% ធ្វើឱ្យកម្ពុជាទទួលបានចំណូលត្រឹមជាង 18លានដុល្លារ

    គ្រឹះស្ថានអង្គរបានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា ក្នុងរយៈពេល 5ខែដើមឆ្នាំ 2020 នេះ ភ្ញៀវទេសចរដែលទិញសំបុត្រចូលទស្សនារមណីដ្ឋានអង្គរធ្លាក់ចុះយ៉ាងកំហុក​បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

    គ្រឹះស្ថានខាងលើបានបញ្ជាក់ថា ភ្ញៀវបរទេសដែលបានទិញសំបុត្រ​ចូលទស្សនារមនីយដ្ឋានអង្គរមានចំនួន 386,093នាក់ ធ្លាក់ចុះ 65.46% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ 2019 ដោយក្នុងនោះយើងទទួលបានចំណូលសរុបប្រម៉ាណ 18,021,336ដុល្លារ ធ្លាក់ចុះ 64.18%។ ចំពោះការចាត់ចែងថវិកាវិញ ក្នុងចំណោមចំណួលជាង 18លានដុល្លារអាមេរិកនេះ គ្រឹះស្ថានអង្គរបានចំណាយសម្រាប់ឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាចំនួន 77ម៉ឺនដុល្លារ។

    ជាដំណោះស្រាយដើម្បីបន្ថយផលប៉ះពាល់លើវិស័យទេសចរណ៍នៅខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជា​បានសម្រេចបន្ថែមចំនួនថ្ងៃជូនភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរដោយ​សម្រាប់សំបុត្ររយៈពេល1ថ្ងៃអាចចូលទស្សនាបាន 2ថ្ងៃ ហើយសំបុត្រសម្រាប់រយៈពេល3ថ្ងៃអាចទស្សនាបានរយៈពេល5ថ្ងៃ។ បន្ថែមពីលើនេះសម្រាប់សំបុត្ររយៈពេល7ថ្ងៃ ភ្ញៀវទេសចរអាច​ទស្សនាបានរយៈពេល10ថ្ងៃ៕

  • រយៈពេល1ខែនៃការរឹតបន្តឹងច្បាប់ចរាចរណ៍សមត្ថកិច្ចផាកពិន័យបានប្រម៉ាណ 75ម៉ឺនដុល្លារ

    រយៈពេល1ខែនៃការរឹតបន្តឹងច្បាប់ចរាចរណ៍សមត្ថកិច្ចផាកពិន័យបានប្រម៉ាណ 75ម៉ឺនដុល្លារ

    នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានបញ្ជាក់ថា ក្នុងរយៈពេល1ខែនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​តាមអនុក្រឹត្យលេខ 39 កម្លាំងនគរបាល​ចរាចរណ៍ផាកពិន័យបានទឹកប្រាក់ប្រមាណ 3ពាន់លានរៀល ឬស្មើនឹង 75ម៉ឺនដុល្លារអាមេរិក។

    ឯកឧត្តមបានបញ្ជាក់ផងដែរថាក្នុងរយៈពេលមួយខែនៃការអនុវត្តការរឹតបន្តឹង​ចាប់ពីថ្ងៃទី 01 ដល់ថ្ងៃទី31 ខែឧសភា​នេះ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូគោក​ត្រួតពិនិត្យ និងផាកពិន័យចំពោះ​យានយន្ត​ល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ចំនួន 44,755ករណី ដែលមានទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន 32,726ករណី ស្មើនឹង 73% និងរថយន្តគ្រប់ប្រភេទ​ចំនួន 12,039ករណីស្មើនឹង 27%។

    បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃខែឧសភា កាលពីឆ្នាំ2019 ស្ថានភាពចរាចរណ៍មាន​ភាពល្អប្រសើរដោយសារតែ​បញ្ហាគ្រោះថ្នាក់មានការថយចុះចំនួន 130ករណី ក្នុងនោះមានអ្នកស្លាប់ថយចុះ 42នាក់ និងអ្នករបួសថយចុះ 162នាក់៕

  • អាណាព្យាបាល 57% ថាការអប់រំកូនមានភាពលំបាកជាងមុនក្នុងដំណាក់កាលប្រយុទ្ធនឹង Covid-19 នេះ

    អាណាព្យាបាល 57% ថាការអប់រំកូនមានភាពលំបាកជាងមុនក្នុងដំណាក់កាលប្រយុទ្ធនឹង Covid-19 នេះ

    ស្ថិតក្នុងបរិបទពិភពលោកដែលកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នេះ ការអប់រំកូន និងផលប៉ះពាល់ផ្នែកអារម្មណ៍ចំពោះកុមារគឺជាចំណុចយ៉ាងសំខាន់ដែលអាណាព្យាបាលជាច្រើនលើពិភពលោកកំពុងចាប់អារម្មណ៍។

    មួយរយៈពេលនេះ ដោយសារតែការបិទសាលារៀន និងគ្រឹះស្ថានសិក្សានានា កុមារជាច្រើនត្រូវបានគេមើលឃើញថា​កំពុងស្ថិតក្នុងស្ថានភាពលំបាក និងអាចទទួលរងគ្រោះទាំងបញ្ហាអំពើហិង្សា ក៏ដូចជាវិបត្តិផ្លូវចិត្តជាដើម។ លើសពីនេះទៅទៀត ការអប់រំកុមារទាំងក្នុងប្រព័ន្ធ និងអប់រំនៅក្នុងគ្រួសារក៏មានលក្ខណៈលំបាកផងដែរសម្រាប់កុមារនៅកម្ពុជា។

    ពាក់ព័ន្ធនឹងបញ្ហានេះ អង្គការទស្សនៈពិភពលោកបានបញ្ជាក់ថា 57% នៃអាណាព្យាបាលបានរាយការណ៍ថា​ការចិញ្ចឹមថែរក្សាកូនពួកគាត់ បានក្លាយជាបញ្ហាស្មុគស្មាញ ឬលំបាកជាងមុន ចាប់តាំងពីការផ្ទុះឡើងនៃជំងឺ Covid-19។ មានតែអាណាព្យាបាល 27%ប៉ុណ្ណោះដែលបានរាយការណ៍ថាពួកគាត់អាចគ្រប់គ្រងអាកប្បកិរិយា​របស់កូនៗបានត្រឹមត្រូវ។ នេះបើយោងតាមស្ថិតិមួយដែលអង្គការខាងលើបានធ្វើការស្ទង់មតិលើគ្រួសារចំនួន 222នៅកម្ពុជា៕

  • តម្លៃសាំងចាប់ផ្តើមឡើងបន្តិចវិញហើយចាប់ពីថ្ងៃនេះទៅ

    តម្លៃសាំងចាប់ផ្តើមឡើងបន្តិចវិញហើយចាប់ពីថ្ងៃនេះទៅ

    ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី 01 ខែមិថុនា ឆ្នាំ2020 នេះបានបញ្ជាក់ថាតម្លៃប្រេងសាំងនៅកម្ពុជានឹងឡើងបន្តិចរហូតដល់ពាក់កណ្តាលខែនេះ។

    ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ផ្អែកតាមតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី01 ដល់ថ្ងៃទី15 ខែមិថុនា ឆ្នាំ2020 នឹងត្រូវលក់ 2,860រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង2,660រៀលសម្រាប់ម៉ាស៊ូត។

    ដើម្បីសម្រួលដល់ជីវភាពប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុន​ចែកចាយប្រេងឥន្ធនៈនៅកម្ពុជារាជរដ្ឋាភិបាលសម្រេច​បញ្ចុះតម្លៃលក់រាយ​ប្រេងឥន្ទនៈនៅកម្ពុជាចំនួន 4សេនដុល្លារក្នុងមួយលីត្រ ដែលធ្វើឱ្យតម្លៃលក់រាយប្រេសាំងធម្មតាមានតម្លៃ 2,700រៀល និងម៉ាស៊ូតតម្លៃ 2,500រៀល។ តម្លៃនេះឡើងថ្លៃប្រមាណ 200រៀលបើប្រៀបធៀបនឹងរយៈពេល 15ថ្ងៃចុងខែឧសភាដែលកាលនោះតម្លៃប្រេងសាំងធម្មតាមានតម្លៃ 2,500រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ 2,300រៀលក្នុងមួយលីត្រ៕

  • ឆ្លើយតបចំណុចសង្ស័យ ហេតុអីបានយើងកើតរោគប្រតិកម្មចាញ់?

    ឆ្លើយតបចំណុចសង្ស័យ ហេតុអីបានយើងកើតរោគប្រតិកម្មចាញ់?

    ស្អីបន្តិចក៏កណ្តាស់ ហៀរសំបោ ឡើងកន្ទួលកន្ទាលត្រអាកពេញខ្លួន ដៃជើង ក អាការទាំងនេះមានតែអ្នកដែលកើតរោគប្រតិកម្មចាញ់( Alergy ) ប៉ុណ្ណោះដែលដឹង។ តើមូលហេតុរបស់រោគប្រតិកម្មចាញ់នេះមកពីណា ព្យាបាលឱ្យជាដាច់បានឬទេ? និងត្រូវធ្វើយ៉ាងណាទើបមិនកើតរោគប្រតិកម្មចាញ់នេះ។ ចម្ងល់ទាំងអស់នេះ ឡារ៉ែនមានចម្លើយ។

    រោគប្រតិកម្មចាញ់( Alergy ) គឺអ្វី?

    រោគប្រតិកម្មចាញ់គឺ រោគខាងផ្លូវដង្ហើមដែលជួបច្រើនបំផុតក្នុងអ្នកជំងឺក្នុងប្រទេសយើង ជាពិសេសប្រជាជនដែលរស់នៅក្នុងតំបន់ដែលខ្យល់អាកាសមិនបរិសុទ្ធ ដូចជា សងខាងផ្លូវថ្នល់ តំបន់ដែលមានរោងចក្រឧស្សាហកម្មច្រើន និងតំបន់ដែលមានអណ្តូង​​រ៉ែ។

    មូលហេតុរបស់រោគប្រតិកម្មចាញ់

    រោគប្រតិកម្មចាញ់គឺ សភាវដែលរាងកាយមានប្រតិកម្មជាមួយប្រូតេអ៊ីន ឬសារធាតុបង្កប្រតិកម្មចាញ់ពីសភាពបរិស្ថាន ដែលពីពេលមុននេះអាចនឹងធ្លាប់ជាគ្រោះថ្នាក់ ឬមិនធ្លាប់ជាគ្រោះថ្នាក់ជាមួយអ្នកកើតក៏មាន។

    អាការរបស់រោគប្រតិកម្មចាញ់

    នៅពេលរាងកាយកើតប្រតិកម្មជាមួយសារធាតុនោះ រាងកាយក៏នឹងបញ្ចេញសារធាតុតាមសាច់ភ្នាសផ្សេងៗ បង្កឱ្យកើតអាការរលាក ដូចជា នៅលើស្បែក កែវភ្នែក សួត ច្រមុះ ពោះវៀន បង្កឱ្យកើតអាការកន្ទួលរបាស់ រលាកក្រហាយភ្នែក ភ្នែកក្រហម ហៀរទឹកភ្នែក តឹងច្រមុះ ហៀរសំបោ ដកដង្ហើមមិនរួច ណែនដើមទ្រូង អ្នកខ្លះអាចមានអាការធ្ងន់ធ្ងរដល់ថ្នាក់បាត់បង់ជីវិតបាន។

    ប្រតិកម្មចាញ់អាហារ អាចរាប់បានថាជារោគប្រតិកម្មចាញ់ដែរឬទេ?

    ត្រឹមត្រូវ! ការប្រតិកម្មចាញ់អាហារក៏រាប់បានថាជារោគប្រតិកម្មចាញ់មួយដែរ ក្រៅពីនេះនៅមានរោគហឺតដង្ហក់ អាការប្រតិកម្មចាញ់ថ្នាំ ប្រតិកម្មចាញ់សត្វល្អិតប្រភេទខ្លះ ឬប្រតិកម្មចាញ់វត្ថុផ្សេងៗទាំងពីធម្មជាតិ និងវត្ថុកែច្នៃផ្សេងៗទៀតផង។

    ហេតុអីបានមនុស្សកើតប្រតិកម្មចាញ់កាន់តែច្រើនឡើង?

    – ខ្វះការហាត់ប្រាណ ពឹងលើខ្យល់អាកាសដកដង្ហើមពីម៉ាស៊ីនត្រជាក់ច្រើនជ្រុលពេក។

    – ខ្វះភាពរឹងប៉ឹងតាំងពីកុមារភាព ព្រោះបៅទឹកដោះម្តាយមិនបានគ្រប់គ្រាន់ ធ្វើឱ្យប្រព័ន្ធប្រឆាំងជំងឺមានកម្រឹតទាប។

    – ទទួលវត្ថុប្លែកចម្លែកពីអាហារកាន់តែច្រើនឡើង ដូចជា ពណ៌ និងក្លិនកែច្នៃ។

    – ភួយ ខ្នើយ កម្រាលព្រំ មិនស្អាតគ្រប់គ្រាន់។

    – ខ្យល់អាកាសក្នុងផ្ទះបក់ផាត់ចេញចូលមិនល្អ។

    – ស្នាក់អាស្រ័យ ឬរស់នៅក្នុងទីកន្លែងដែលមានបរិស្ថានមិនល្អ ដូចជា តំបន់កសាង ឧស្សាហកម្ម និងរស់នៅជិតតំបន់ដែលមានការធ្វើចរាចរច្រើនកុះករ។

    – ការជក់បារី។

    – ពូជអម្បូរ

    ភាគច្រើន សារធាតុដែលបង្កឱ្យកើតប្រតិកម្មចាញ់នោះមានអ្វីខ្លះ?

    – ធូលីដី សត្វកន្លាត រោមសត្វចិញ្ចឹម ដូចជា សុនខ ឆ្មា លម្អងផ្កា មេរោគផ្សឹត ជាដើម។

    សារធាតុដែលបង្កឱ្យកើតប្រតិកម្មចាញ់នៅក្នុងអាហារ

    – អាហារសមុទ្រ ពពួក បង្គាបង្កង គ្រំងាវ ក្តាម ទឹកដោះគោ ទឹកសណ្តែកលឿង ស៊ុត ម្សៅ ឬអាហារប្រភេទខ្លះទៀត។

    ធ្វើម៉េចដឹងបានថា តើយើងកើតរោគប្រតិកម្មចាញ់ឬទេ?

    1 – ឧស្សាហ៍សង្កេតមើលខ្លួនឯងថា មានអាការទាំងអស់នេះដែរឬទេ ដូចជា ហៀរសំបោ និងទឹកភ្នែកញឹកញាប់ តឹងច្រមុះដកដង្ហើមមិនស្រួល ក្អក កណ្តាស់ញឹកញាប់ មានកន្ទួលឡើងតាមស្បែក ឬបើប្រតិកម្មចាញ់អាហារ ហើយមានអាការដូចគ្នានោះក្រោយពីទទួលទានអាហារប្រភេទខ្លះចូលទៅហើយនោះ គួរប្រញាប់ប្រឹក្សាគ្រូពេទ្យជាបន្ទាន់។

    2 – ចូលទៅធ្វើការពិនិត្យ និងសាកល្បងអាការប្រតិកម្មចាញ់ជាមួយគ្រូពេទ្យដោយត្រង់។

    វិធីព្យាបាលរោគប្រតិកម្មចាញ់

    1 – ចៀសវាងពីអ្វីដែលធ្វើឱ្យយើងកើតអាការប្រតិកម្មចាញ់ទាំងអស់ (ក្រោយពេលដឹងរួចហើយថា មានប្រតិកម្មចាញ់ជាមួយអ្វីខ្លះ)

    2 – ញ៉ាំថ្នាំយ៉ាងជាប់លាប់តាមពាក្យណែនាំរបស់គ្រូពេទ្យ ដោយថ្នាំដែលបានមកអាចជាថ្នាំគ្រាប់បំបាត់អាការប្រតិកម្មចាញ់ថ្នាំបាញ់ចូលតាមច្រមុះ ឬមាត់ ឬអាចជាការលាងច្រមុះដោយទឹកអំបឹល ជាដើម បើនៅលើកុមារវិញត្រូវមើលថែទាំឱ្យញ៉ាំថ្នាំយ៉ាងដិតដល់។

    3 – មើលថែទាំខ្លួនឯងឱ្យនៅរឹងប៉ឹងជាប់ជានិច្ច ទាំងគេងសម្រាកឱ្យបានគ្រប់គ្រាន់ ទាំងហាត់ប្រាណយ៉ាងជាប់លាប់ ទទួលទានអាហារឱ្យគ្រប់ប្រភេទក្រុម និងរស់នៅក្នុងសភាពបរិស្ថានដែលល្អ ឱ្យរាងកាយមានប្រព័ន្ធប្រឆាំងជំងឺរឹងមាំ ប្រឆាំងនឹងអ្វីដែលប្លែកចម្លែកនៅក្នុងរាងកាយបានល្អ។

    4 – ចាក់វ៉ាក់សាំងការពាររោគប្រតិកម្មចាញ់ វិធីដែលងាយបំផុតនោះគឺ ចៀសវាងពីអ្វីដែលធ្វើឱ្យយើងកើតអាការចាញ់ និងថែរក្សារាងកាយឱ្យមានសុខភាពរឹងមាំជាប់ជានិច្ច តែប៉ុនហ្នឹងអាការរោគប្រតិកម្មចាញ់ក៏នឹងធូរស្រាលចុះ រហូតអាចនឹងជាដាច់ដូចធម្មតាឡើងវិញបាន៕