Author: ធឿន មករា

  • ព្រលានយន្តហោះសៀមរាបថ្មីអាចទាញភ្ញៀវទេសចរបានជាង9លាននាក់

    ព្រលានយន្តហោះសៀមរាបថ្មីអាចទាញភ្ញៀវទេសចរបានជាង9លាននាក់

    អាជ្ញាធរ​ខេត្តសៀមរាប​បាន​បញ្ជាក់ថា ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នៅក្នុង​ខេត្តសៀមរាប អាចមាន​សមត្ថភាព​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​ដល់​ទៅ​ជាង9លាន​នាក់​ក្រោយពេល​ស្ថាបនា​រូ​ចរាល់​នៅ​ឆ្នាំ2023។

    លោក លី សំរិទ្ធ អភិបាលរង​ខេត្តសៀមរាប​បានលើកឡើង​ថា ព្រលានយន្តហោះ​ថ្មី​នៅក្នុង​ខេត្តសៀមរាប​នេះ​មាន​ចម្ងាយ​ប្រមាណ 30គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប ស្ថិតនៅ​ភាគ​ខាងកើត​ក្រុង ដែល​តាម​គម្រោង​នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ2023ខាងមុខនេះ។

    លោក​ថា យើង​មាន​ក្តីសង្ឃឹម​ដោយសារតែ​រដ្ឋាភិបាល​អ​នុ​ញ្ញាត​ឱ្យមាន​ព្រលានយន្តហោះ​អន្តរជាតិ​ដ៏​ធំ​នេះ​ក្នុង​ទឹកដី​នៃ​ខេត្តសៀមរាប ដែល​វា​អាច​ទទួល​យន្តហោះ​គ្រប់​ប្រភេទ​បាន ខុសពី​ព្រលានយន្តហោះ​សព្វថ្ងៃ​ដែល​ទទួលបាន​ត្រឹម​យន្តហោះ​ធុន​មធ្យម​តែប៉ុណ្ណោះ។

    នៅពេលដែល​ដាក់ឱ្យ​ដំណើរការ​ព្រលានយន្ដហោះ​ថ្មី​នេះ ខេត្តសៀមរាប នឹងមាន​កំណើន​ទេសចរ​កើន​ដល់​ប្រមាណ9លាន​នាក់ ដែល​ព្រលានយន្តហោះ​ថ្មី​នេះ អាច​ផ្ដល់​សេវាកម្ម​បាន​ក្នុងចំណោម​ភ្ញៀវទេសចរ​ដែល​បានមក​កម្សាន្ដ​ក្នុង​ខេត្ដ៕

  • លទ្ធផលស្រាវជ្រាវថ្មី “សេចក្តីសុខ” មិនធ្វើឱ្យអាយុវែងទេ

    លទ្ធផលស្រាវជ្រាវថ្មី “សេចក្តីសុខ” មិនធ្វើឱ្យអាយុវែងទេ

    ក្រុមអ្នកស្រាវជ្រាវផ្នែកចិត្តវិទ្យាដែលដឹកនាំដោយ អ្នកស្រីវិជ្ជបណ្ឌិត បេតទី លីវ នៃមហាវិទ្យាល័យ នីវ សៅវេលស៍ ក្នុងប្រទេស អូស្រ្តាលី ជាមួយលោក រិឆាដ ផេតូ សាស្រ្តាចារ្យ ពីមហាវិទ្យាល័យអក់ស្វ៉ដ ប្រទេសអង់គ្លេសបានផ្សព្វផ្សាយពីលទ្ធផលនៃការស្រាវជ្រាវថ្មីបំផុតមួយដែលបង្ហាញឱ្យឃើញថា ការធ្វើជាមនុស្សមានសេចក្តីសុខ ទោះវាជារឿងល្អមែន តែការមានសេចក្តីសុខមិនបានធ្វើឱ្យមនុស្សយើងអាយុកាន់តែវែងឡើងនោះទេ និងដូចគ្នានេះដែរ ការធ្វើជាមនុស្សគ្មានសេចក្តីសុខក៏មិនបានធ្វើឱ្យមនុស្សយើងឆាប់ស្លាប់ដូចគ្នាដែរ។

    ការស្រាវជ្រាវនោះ គឺជាការប្រមូលព័ត៌មានពីទម្រង់សាកសួររបស់ក្រុមអ្នកចូលរួមស្រាវជ្រាវដែលជាស្រ្តីជនជាតិអង់គ្លេស ចំនួនច្រើនជាង 700,000 នាក់ អាយុជាមធ្យម 59 ឆ្នាំ ដោយក្រុមស្រាវជ្រាវបានសុំឱ្យអ្នកចូលរួុមស្រាវជ្រាវកំណត់កម្រឹតសេចក្តីសុខរបស់ខ្លួនឯង បន្ទាប់ពីនោះក៏នឹងតាមដានការវិវឌ្ឍន៍ទៅមុខរបស់ក្រុមអ្នកចូលរួមស្រាវជ្រាវទាំងអស់ក្នុងរយៈពេល 10 តទៅទៀត។

    នៅពេលប្រមូលទម្រង់សាកសួរមកវិញបានបង្ហាញឱ្យឃើញថា 39 ភាគរយនៃក្រុមអ្នកចូលរួមស្រាវជ្រាវបានបញ្ជាក់ថា ខ្លួនជាមនុស្សដែលមានសេចក្តីសុខស្ទើរតែគ្រប់ពេលវេលា 44 ភាគរយប្រាប់ថា ជាទូទៅនោះខ្លួនច្រើនតែមានសេចក្តីសុខ និង 17 ភាគរយទៀតបញ្ជាក់ថា ជាប្រក្រតីខ្លួនច្រើនតែគ្មានសេចក្តីសុខទេ។

    នៅពេលតាមដានលទ្ធផលក្រោយពេល 10 ឆ្នាំតមក ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ក្រុមអ្នកចូលរួមស្រាវជ្រាវដែលបញ្ជាក់ថា ជាប្រក្រតីគ្មានសេចក្តីសុខនោះមានសញ្ញាថានឹងស្លាប់ក្នុងអំឡុងពេល 10 ឆ្នាំ ច្រើនជាងក្រុមដែលប្រាប់ថា មានសេចក្តីសុខគ្រប់ពេលវេលាដល់ទៅ 29 ភាគរយ។

    យ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវបានរកឃើញផងដែរថា សភាវសុខភាពទុរន់ទុរាបានបង្កឱ្យកើតអារម្មណ៍គ្មានសេចក្តីសុខលើក្រុមអ្នកចូលរួមស្រាវ​ជ្រាវខាងដើមនោះ ក្រៅពីនោះនៅបានរកឃើញភាពទាក់ទិនយ៉ាងច្បាស់លាស់រវាងភាពគ្មានសេចក្តីសុខ ជាមួយទង្វើបំផ្លាញសុខភាព ដូចជា ជក់បារី ជាដើមទៀតផង ក្នុងខណៈដែលអ្នកដែលមានសេចក្តីសុខក៏មិនបានបង្ហាញឱ្យឃើញពីការមានអាយុកាន់តែវែងឡើងដែរ។

    រីឆាដ ផេតូ បានសរុបថា ការមានសេចក្តីសុខ ឬគ្មាននោះ មិនបានហុចផលដោយត្រង់ចំពោះភាពលឿន ឬយឺតក្នុងការស្លាប់នោះឡើយ៕

  • ទឹកលូនៅក្រុងភ្នំពេញនឹងកាន់តែប្រសើរក្រោយ​ JICA ជួយឧបករណ៍ស្ទាក់សំរាមស្វ័យប្រវត្តិដែលមានតម្លៃរហូតដល់ទៅ 115លានដុល្លារ

    ទឹកលូនៅក្រុងភ្នំពេញនឹងកាន់តែប្រសើរក្រោយ​ JICA ជួយឧបករណ៍ស្ទាក់សំរាមស្វ័យប្រវត្តិដែលមានតម្លៃរហូតដល់ទៅ 115លានដុល្លារ

    ទឹកលូ និង​តំបន់​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ នឹងមាន​លក្ខណៈ​ល្អប្រសើរ​តាមរយៈ​ឧបករណ៍​ស្ទាក់​សំរាម​ស្វ័យប្រវត្តិ​ដែល​អង្គការ JICA បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី 02 ខែមិថុនា​ម្សិល​ម៉ិ​ញ​នេះ។

    ម៉ាស៊ីន​ស្ទាក់​សំរាម​ស្វ័យប្រវត្តិ​នេះ​នឹងត្រូវ​តម្លើង​នៅ4ទីតាំង ដោយ​ដាក់ឱ្យ​ដំណើរការ​នៅ​ផ្សារកណ្តាល ព្រះ​គ​ន្ល​ង់ នៅ​ចតុមុខ និង​នៅ​ផ្សារ​ចាស់។ ឧបករណ៍​ស្ទាក់​សំរាម​នេះ មានតម្លៃ​សរុប 115លាន​ដុល្លារ​អាមេរិក ដែល​វា​ជា​ប្រភេទ​អេក្រង់​មេកានិច​សម្រាប់​ឆកយក​សំរាម​ដោយ​ស្វ័យប្រវត្តិ ហើយ​ផ្ទេរ​ចេញទៅ​ក្រៅ​ដោយ​ឧបករណ៍​មេកានិច​ផងដែរ។

    អេក្រង់​មេកានិច​ថ្មី​នេះ​នឹង​អាចជួយ​រក្សា​ទឹកលូ​នៅក្នុង​ទីក្រុង​ឱ្យមាន​ភាពល្អប្រសើរ ផ្តល់​សុវត្ថិភាព​ក្នុង​ការងារ​ប្រតិបត្តិ ការពារ​បរិស្ថាន​ទឹក និង​លុបបំបាត់​សំរាម​ម​ចេញពី​ប្រព័ន្ធ​លូ៕

  • 5ខែនេះ កម្ពុជានាំចេញម្រេច ដំឡូងមី ចេក ពោត ស្វាយ និងស្វាយចន្ទី បានជាង1លានតោន

    5ខែនេះ កម្ពុជានាំចេញម្រេច ដំឡូងមី ចេក ពោត ស្វាយ និងស្វាយចន្ទី បានជាង1លានតោន

    រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម វេ​ង សាខុន កាលពីពេលថ្មីៗនេះ​បានបង្ហាញ​របាយការណ៍​ថា ដាំំ​ម្រេច ដំឡូង​មី ចេក ពោត ស្វាយ និង​ស្វាយចន្ទី​របស់​យើង​ត្រូវបាន​នាំ​ចេញទៅ​ក្រៅប្រទេស​ចំនួន 1.4លាន​តោន គិត​ត្រឹម​រយៈពេល 5ខែ​ដើមឆ្នាំ2020នេះ។

    លទ្ធផល​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម​មួយចំនួន ក្រៅពី​អង្ករ/ស្រូវ ដែល​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ភូតគាម​អនាម័យ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​រយៈពេល 5ខែ​ដើមឆ្នាំ2020 (ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​សកល​នៃ​មេរោគ​Covid-19) សម្រេចបាន​ដូចខាងក្រោម៖
    1) ចំណិត​ដំឡូង​មី​ក្រៀម​នាំចេញ​បាន 996,290តោន កើនឡើង​ប្រមាណ 88,290 តោន ស្មើនឹង 9.72% ដែល​ធៀប​ទៅនឹង​រយៈ5ខែ​ដើមឆ្នាំ2019 មាន​ចំនួន​តែ 908,000តោន​ប៉ុណ្ណោះ។

    2) ម្សៅដំឡូង​មី​នាំចេញ​បាន 10,272តោន ថយចុះ​ប្រមាណ 371,428តោន ស្មើនឹង -97.30% ដែល​ធៀប​ទៅនឹង​រយៈ5ខែ​ដើមឆ្នាំ2019 មាន​ចំនួន 381,700តោន។

    3) គ្រប់​ស្វាយចន្ទី​នាំចេញ​បាន 190,141តោន កើនឡើង​ប្រមាណ 38,581តោន កើនឡើង 25.46% ដែល​ធៀប​ទៅនឹង​រយៈ5ខែ​ដើមឆ្នាំ2019 មាន​ចំនួន​តែ 151,550តោន​ប៉ុណ្ណោះ។

    4) គ្រាប់ពោត​នាំចេញ​បាន 35,636តោន ថយចុះ​ប្រមាណ 15,043តោន ស្មើនឹង -29.68% ដែល​ធៀប​ទៅនឹង​រយៈ5ខែ​ដើមឆ្នាំ2019 មាន​ចំនួន 50,679តោន។

    5) ផ្លែ​ចេក​ស្រស់​នាំចេញ​បាន 121,415តោន កើនឡើង​ប្រមាណ 76,897តោន ស្មើនឹង 172.73% ដែល​ធៀប​ទៅនឹង​រយៈ5ខែ​ដើមឆ្នាំ2019 មាន​ចំនួន​តែ 44,518តោន​ប៉ុណ្ណោះ។

    6) ផ្លែស្វាយ​ស្រស់​នាំចេញ​បាន 44,099តោន កើនឡើង​ប្រមាណ 14,885តោន ស្មើនឹង 50.95% ដែល​ធៀប​ទៅនឹង​រយៈ5ខែ​ដើមឆ្នាំ2019 មាន​ចំនួន​តែ 29,214តោន​ប៉ុណ្ណោះ។

    7) ម្រេច​នាំចេញ​បាន 2,527តោន កើនឡើង​ប្រមាណ 466តោន ស្មើនឹង 22.61% ដែល​ធៀប​ទៅនឹង​រយៈ៥ខែ​ដើមឆ្នាំ2019 មាន​ចំនួន​តែ 20,061តោន​ប៉ុណ្ណោះ៕

  • តេឡេស្កូបយក្សឈ្មោះ FAST របស់ចិន នឹងចាប់ផ្ដើមធ្វើការរុករក ចាប់ពីខែកញ្ញា 2020 ទៅ

    តេឡេស្កូបយក្សឈ្មោះ FAST របស់ចិន នឹងចាប់ផ្ដើមធ្វើការរុករក ចាប់ពីខែកញ្ញា 2020 ទៅ

    ​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ចិន​ Science and Technology Daily បាន​ឱ្យដឹង​ថា តេឡេស្កូប​យក្ស​ឈ្មោះ FAST នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​រុករក​ចាប់​ពី​ខែ​ កញ្ញា ​ឆ្នាំ2020 ខាងមុខ​នេះតទៅ។

    លោក Zhang Tongjie ជា​​អ្នក​វិទ្យាសាស្ត្រ​ជាន់​ខ្ពស់​ដែល​ដឹក​នាំ​ផែនការ​ស្វែង​រក​ជីវិត​ក្រៅ​ភពផែនដី​របស់​ចិន (ហៅ​កាត់ SETI) បាន​និយាយ​ថា ការ​ផលិត​តេឡេស្កូប​យក្ស​ FAST នេះ បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ2011 ហើយ​​បាន​សម្រេច​រួច​រាល់​ក្នុង​ឆ្នាំ2016។ គេ​បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​តេឡេស្កូប​នេះ​កាលពី​ខែ​មករា ដោយ​មាន​បើក​ឱ្យ​អ្នក​តារា​សាស្ត្រ​ជុំវិញ​ពិភពលោក​ចូល​រួម​ប្រើ​ប្រាស់​វាផងដែរ។

    កាល​ពី​ខែ​មីនា ពួកគេ​​បាន​ចេញ​ផ្សាយ​ឯកសារ​ស្រាវជ្រាវ​អំពី​លទ្ធផល​នៃ​ការ​រុករក​ដំបូងៗ​ជា​មួយ​តេឡេស្កូប​ FAST នេះ។ ក្នុង​នោះ​មាន​​និយាយ​អំពី​ការ​ស្រាវជ្រាវ​បន្ថែម ​ដើម្បី​ពង្រឹង​សមត្ថភាព​​របស់​តេឡេស្កូប​ក្នុង​ការ​លុប​បំបាត់​រលក​ហ្វ្រេកង់​ដែល​​មាន​ប្រភព​ចេញ​ពី​ផែនដី និង​អាច​​វិភាគ​ដឹងពី​​សញ្ញា​ដែល​អាច​មាន​ប្រភព​ចេញ​ពី​ក្រៅ​ភព​ផែនដី​បានយ៉ាង​ច្បាស់។

    បច្ចុប្បន្ន​នេះ​តេឡេស្កូប​ FAST កំពុង​ស្ថិត​ក្រោម​ការ​កែ​សម្រួល​លើ​ចំណុច​នេះ។ ភារកិច្ច​របស់​ FAST គឺ​​ការ​រុករក​​ផ្កាយ និង​រលក​សញ្ញា​​ក្រៅ​ភពផែនដី ​ដែល​អាច​ឱ្យ​គេ​ស្វែង​យល់​កាន់​តែ​ច្បាស់​អំពី​ចក្រវាល​៕

    ប្រភព https://www.abacusnews.com/china-tech-city/china-officially-start-searching-aliens-september/article/3086962?utm_content=article&utm_medium=Social&utm_source=Facebook&fbclid=IwAR323iXMrPMTU3iEhIdhNDjNP2UjeQRksHgE4g9bhnzUbnoEtDX7QR_VDJ0#Echobox=1591006532 ​​​​

  • Chanathip Songkrasin កំពុងចរចាទៅលេងនៅ Premier League

    Chanathip Songkrasin កំពុងចរចាទៅលេងនៅ Premier League

    កីឡាករខ្សែបម្រើប្រយុទ្ធមាឌល្អិត Chanathip Songkrasin របស់ក្លិប Hokkaido Consadole Sapporo នៃលីកកំពូលជប៉ុន កំពុងតែទាក់ភ្នែកក្លិបមួយនៅក្នុងលីកកំពូលអង់គ្លេស Leicester City ក្រោយពេលបង្ហាញខ្លួនបានយ៉ាងល្អឱ្យក្លិបក្នុងលីកកំពូលជប៉ុនមួយនេះ។

    កីឡាករសញ្ជាតិថៃរូបនេះ កំពុងតែពិចារណាលើសំណើរបស់ក្លិបនេះ ដោយសារតែក្លិបនេះ ក៏ដូចជាក្លិបនៅ Premier League ទាំងអស់ដែរ ដែលតែងតែដាក់កំហិតថា កីឡាករដែលមកពីប្រទេសដែលមានចំណាត់ថ្នាក់បាល់ទាត់ខ្ពស់ ទើបអាចចូលលេងជម្រើសដំបូងបាន ខណៈដែលថៃកំពុងឈរនៅលេខរៀងទី104 ក្នុងចំណាត់ថ្នាក់ពិភពលោក។

    Chanathip Songkrasin ត្រូវបានគេចាត់ទុកថាជា Messi អាស៊ាន ដែលទោះជាមានរូបរាង និងមាឌតូចល្អិតក៏ពិតមែន ក៏ប៉ុន្តែល្បឿន បច្ចេកទេស និងភាពវៃឆ្លាត បានធ្វើឱ្យគេលេងបានយ៉ាងល្អ នៅលើទីលានបាល់ទាត់៕

  • Rivaldinho បដិសេធវៀតណាម តែចង់មកលេងនៅថៃ

    Rivaldinho បដិសេធវៀតណាម តែចង់មកលេងនៅថៃ

    Rivaldinho ដែលជាកូនប្រុសរបស់អតីតកីឡាករជម្រើសជាតិប្រេស៊ីល Rivaldo បានបង្ហើបឱ្យដឹងថា ខ្លួនចង់មកលេងនៅលីកកំពូលរបស់ប្រទេសក្នុងតំបន់អាស៊ី ដែលមានដូចជាថៃ កូរ៉េខាងត្បូង ឬជប៉ុនជាដើម។

    Rivaldinho បានចាប់យកអាជីពបាល់ទាត់តាំងពីឆ្នាំ2014 នៅលីកទី3 របស់ប្រទេសប្រេស៊ីល មុននឹងឡើងមកលេងនៅលីកទី2 ហើយផ្លាស់ទៅលេងនៅតំបន់អឺរ៉ុប ដោយបច្ចុប្បន្នកំពុងលេងឱ្យក្លិប FC Viitorul Constanța ក្នុងលីកកំពូលរបស់ប្រទេសរ៉ូម៉ានី។

    ទោះបីជា រូបគេជាកូនរបស់អតីតកីឡាកររបស់ក្លិប Becelona ក៏ពិតមែន ក៏ប៉ុន្តែកីឡាកររូបនេះហាក់មិនសូវជាលេចធ្លោដូចឪពុករបស់គេឡើយ ដោយភាគច្រើនបានត្រឹមជាប់ជាកីឡាករបម្រុងតែប៉ុណ្ណោះ៕

  • វិស្វករ Software ម្នាក់ធ្វើការនៅ Facebook មានអារម្មណ៍ខ្មាស់ ពេល Mark Zuckerberg មិនលុបសាររបស់ Trump

    វិស្វករ Software ម្នាក់ធ្វើការនៅ Facebook មានអារម្មណ៍ខ្មាស់ ពេល Mark Zuckerberg មិនលុបសាររបស់ Trump

    លោក Lauren Tan ជា​វិស្វករ Software ម្នាក់​នៅ Facebook បាន​សរសេរ​ថា៖ “ការ​ដែល Facebook មិន​បញ្ចេញ​សកម្មភាពអ្វីសោះ ​ក្នុង​ការ​លុប​ចេញ​នូវ​ការ​បង្ហោះសំណេរ​របស់​លោក ត្រាំ ដែល​ញុះញង់​​ឱ្យ​មាន​ហិង្សា វាធ្វើ​ឱ្យ​ខ្ញុំនឹក​អាម៉ាស់​មុខខ្លាំងណាស់ ​ដែល​ធ្វើ​ការ​នៅ​ទី​នេះ​” ចំណែក​បុគ្គលិក​ដទៃ​ទៀត ក៏​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ដូចៗគ្នា​ជា​ច្រើន​នាក់​លើ​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ។

    ជា​ការ​​​ឆ្លើយ​តប​នឹង​​រឿង​នេះ លោក Mark Zuckerberg បាន​បង្ហោះ​សារ​លើ​គណនី​ Facebook ផ្លូវ​ការ​បក​ស្រាយ​ថា ៖ “ខ្ញុំ​ពិត​ជា​មិន​ឯកភាព​នឹង​ការ​និយាយ​របស់​លោក​ប្រធានាធិបតី​អំពី​រឿង​នេះ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា ​អ្នក​គ្រប់​គ្នា​គួរ​តែ​អាច​មើល​ឃើញ​រឿង​នេះ​​ដោយ​ខ្លួន​ឯង​ ព្រោះ​​​អ្នក​មាន​អំណាច​​ត្រូវ​ទទួល​ខុស​ត្រូវ ​ពេល​មតិ​របស់​​គេ​ត្រូវ​គេ​មើល​ឃើញ​ជា​សាធារណៈ​បែប​នេះ”

    រឿង​រ៉ាវ​នេះ​កើត​ឡើង​ក្រោយ​ពេល លោក​ ដូណាល់ ត្រាំ បាន​បង្ហោះ​សារ​ទាំង​លើ​ Twitter និង Facebook ទាក់ទង​នឹង​បាតុកម្ម​ដែល​កើត​មាន​នៅ​ទីក្រុង Minneapolis ដើម្បី​ទាមទារ​យុត្តិធម៌​ឱ្យ George Floyd ដែល​បាន​ស្លាប់​យ៉ាង​វេទនា ព្រោះ​ប៉ូលិស​ក្រុង Minneapolis។

    ការ​បង្ហោះ​សាររបស់​លោក​​ប្រធានាធិបតី​អាមេរិក​ បាន​ព្រមាន​ថា “ពេល​ចាប់​ផ្ដើម​មាន​ការ​លួច​របស់​របរ ការ​បាញ់​បោះ​ក៏​នឹង​ចាប់​ផ្ដើម​ដែរ”។ ការ​សម្រេច​ចិត្ត​របស់​ថ្នាក់​លើ​ Facebook បាន​ធ្វើ​ឱ្យ​បុគ្គលិក​ Facebook ជា​ច្រើន​បង្ហាញ​ចេញ​នូវ​ការ​ខក​ចិត្ត​លើ​បណ្ដាញ​សង្គម។

    ក្រៅ​ពី Facebook ​​នៅ​មាន Twitter ដែល​បាន​ដាក់​ការ​ព្រមាន​លើ​ការ​បង្ហោះ​សាររបស់​លោក ត្រាំ ដោយ​និយាយ​ថា ​​ជា​ការ​លើក​តម្កើង​អំពើហិង្សា ហើយ​ក៏​បានលុប​ចោល​រួច​ហើយ​ដែរ​ កាល​ពី​ពេល​ថ្មី​ៗនេះ៕

    ប្រភព៖ https://sea.mashable.com/tech/10826/silence-is-complicity-facebook-workers-speak-out-after-zuckerberg-refuses-to-take-action-against-tru

    https://www.nytimes.com/2020/06/01/technology/facebook-employee-protest-trump.html ​​

  • Premier League និងចាក់សំឡេងអ្នកគាំទ្រក្នុងហ្គេម FIFA 2020 នៅក្នុងការប្រកួតផ្ទាល់

    Premier League និងចាក់សំឡេងអ្នកគាំទ្រក្នុងហ្គេម FIFA 2020 នៅក្នុងការប្រកួតផ្ទាល់

    ការប្រកួត Premier League គ្រោងនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី17 ខែមិថុនា ឆ្នាំ2020 ខាងមុខនេះហើយ។ ក្នុងនោះដែរ EFL បានដាក់គម្រោងចាក់សំឡេងអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន ដើម្បីបង្កើនភាពរស់រវើកក្នុងការប្រកួតឱ្យកីឡាករ ហើយការ​ស្នើ​សុំ​នេះក៏ធ្វើ​ទៅ​តាម​ស្ថាប័ន​ទូរទស្សន៍​ភាគ​ច្រើន​ ដែល​ចង់​បន្ថែម​ទស្សនីយភាព​ពិត​ៗ​ទៅ​ដល់​អ្នក​ទស្សនា​ការ​ប្រកួត​ផ្សាយ​ផ្ទាល់​ទាំង​អស់ផងដែរ​។

    គម្រោងនេះត្រូវបាន Premier League កំពុងតែរៀបចំដាក់ចូលទៅក្នុងការប្រជុំនាចុងសប្តាហ៍នេះ ដោយសំឡេងនេះអាចនឹងត្រូវបានស្នើសុំក្នុងការប្រើប្រាស់ពី Game FIFA 2020 ជាមុនសិន៕

  • ការពិត ពីមុន Ronaldo ព្រមទៅ AC Milan តែដោយសារក្លិបមួយនេះមានបញ្ហាហិរញ្ញវត្ថុ ទើបត្រូវប្តូរទៅ Juventus វិញ

    ការពិត ពីមុន Ronaldo ព្រមទៅ AC Milan តែដោយសារក្លិបមួយនេះមានបញ្ហាហិរញ្ញវត្ថុ ទើបត្រូវប្តូរទៅ Juventus វិញ

    បើតាមការបញ្ជាក់ពីអនុប្រធានក្លិប AC Milan លោក Massimiliano Mirabelli បានបញ្ជាក់ថា ពិភពលោកប្រហែលជានឹងភ្ញាក់ផ្អើលខ្លាំងជាងកាលនោះទៅទៀត ព្រោះតែកីឡាកររូបនេះ ហៀបនឹងបានមកកាន់ទឹកដី AC Milan ទៅហើយ ព្រោះកីឡាករ ហើយនិងក្លិប ​Real Madrid បានយល់ព្រមនឹងគ្នាហើយ តែទាស់ត្រង់ថា ប្រធានក្លិបមួយនេះជាជនជាតិចិន មិនព្រមចំណាយលុយទិញកីឡាកររូបនេះ ដោយសារតែគិតថា ក្លិបអាចនឹងជួបវិបត្តិហិរញ្ញវត្ថុ ប្រសិនបើទិញកីឡាករូបនេះចូល។

    ដោយ​សារ​តែ​រឿង​នេះ វា​បាន​ក្លាយ​ជា​ឱកាស​ល្អ​សម្រាប់ Juventus ក្នុងការឆក់​យក Ronaldo បាន​ សម្រេច បើមិនដូច្នោះទេ ពេលនេះ​ Ronaldo អាច​នឹង​ពាក់​អាវ​​ក្រហម​ឆ្នូត​ខ្មៅបាត់ទៅហើយ ប្រសិន​បើ​ប្រធាន​ក្លិប AC Milan ជា​អ្នក​ផ្សេងវិញនោះ៕