Author: ធឿន មករា

  • នៅពេលកូនតូចគេងភ្ញាក់កន្រ្ទាក់ៗ តើអ្នកម្តាយគួរធ្វើយ៉ាងណា?

    នៅពេលកូនតូចគេងភ្ញាក់កន្រ្ទាក់ៗ តើអ្នកម្តាយគួរធ្វើយ៉ាងណា?

    អ្នកម្តាយដែលមានកូនខ្ចី ឬទារកទើបនឹងកើតរហូតដល់ជាងមួយឆ្នាំ ប្រហែលជាធ្លាប់ជួបអាការភ្ញាក់កន្រ្ទាក់របស់កូនតូចជា​ញឹកញាប់ក្នុងខណៈដែលកូនតូចកំពុងគេងលក់ខ្លះមិនខាន បើធ្លាប់ឆ្លងកាត់បទពិសោធន៍ធ្វើជាអ្នកម្តាយរួចមកហើយនោះ ក៏ប្រហែលជាមានវិធីកែខៃខ្លះហើយ តែបើសម្រាប់អ្នកម្តាយថ្មោងថ្មីវិញ អាចនឹងកើតក្តីវិតក្កកង្វល់ថា តើមានរឿងអ្វីកើតឡើងចំពោះកូនតូច និងតើអាចបង្កជាគ្រោះថ្នាក់ដល់កូនសម្លាញ់ដែរឬទេ?។

    អាការភ្ញាក់កន្រ្ទាក់ៗ គឺជាប្រតិកម្មតបស្នងមកវិញដោយស្វ័យប្រវត្តិ ( Reflex ) របស់ទារក ជារឿងប្រក្រតីធម្មតាទេ ហើយអាការនេះនឹងបាត់ទៅវិញនៅពេលក្មេងធំឡើងជារឿយៗ ចំណែកមូលហេតុខាងក្រៅផ្សេងទៀតដែលធ្វើឱ្យទារកភ្ញាក់កន្រ្ទាក់ ឬភ្ញាក់ភ័យនោះមានបច្ច័យ 2 យ៉ាងគឺ ៈ

    1 – ភាពរហ័សចំពោះសំឡេង

    ដោយសារតែទារកមានរន្ធត្រចៀកតូចជាងមនុស្សធំនោះ ធ្វើឱ្យរហ័សចំពោះសំឡេងខ្លាំងជាង ដោយសំឡេងដែលទារកបានឮនោះគឺ -10 ទៅដល់ 140 ដេស៊ីបេល ដែលខុសផ្លែកពីមនុស្សទូទៅដែលបានឮសំឡេងក្នុងចន្លោះ 0 – 120 ដេស៊ីបេល ធ្វើឱ្យទារកភ្ញាក់កន្រ្ទាក់បានយ៉ាងងាយទោះជាមានសំឡេងត្រឹមតែស្រាលៗក៏ដោយ។

    វិធីកែបញ្ហានេះ គឺ បើកបទភ្លេងឱ្យឮរហ៊ឹមៗតិចៗ ជាពិសេសបទភ្លេងដែលធ្លាប់បានឮខណៈនៅក្នុងគភ៌ ឬបង្ហើបទ្វាបន្ទប់បន្តិចដើម្បីឱ្យបានឮសំឡេងឪពុកម្តាយជជែកគ្នា សំឡេងធ្វើកិច្ចការងារប្រចាំថ្ងៃរបស់ក្រុមគ្រួសារ និងសំឡេងបរិស្ថានជុំវិញផ្ទះ តែមិនគួរឮខ្លាំងពេកទេ ព្រោះនឹងមានគ្រោះថ្នាក់ដល់ប្រព័ន្ធការចម្រើនធំធាត់របស់ត្រចៀក និងខួរក្បាលរបស់កូនតូច។

    2 – ភ្ញាក់កន្រ្ទាក់ដោយសារការយល់សប្តិ

    អ្នកម្តាយនឹងសង្កេតឃើញថា ត្របកភ្នែករបស់ទារកនឹងញ័រខណៈពេលគេងលក់ នោះក៏ព្រោះតែទារកកំពុងតបស្នងនឹងអ្វីដែលកំពុងយល់សប្តិ តែក្មេងតូចនឹងគ្នានការយល់សប្តិអាក្រក់នោះទេ នឹងមានត្រឹមតែឃើញរូបភាពគាំងៗប៉ុណ្ណោះ ដោយនឹងយល់សប្តិច្រើនបំផុតក្នុង 2 សប្តាហ៍ដំបូង ហើយនឹងថយចុះជាបណ្តើរៗនៅពេលធំឡើងរហូតក្រោយអាយុ 3 ឆ្នាំទើបយល់សប្តិដូចមនុស្សធំ។ ខណៈពេលដែលទារកយល់សប្តិខួរក្បាលរបស់គេនឹងធ្វើការ កោសិកាខួរក្បាលមានការតភ្ជាប់គ្នាជាប់ជានិច្ច និងមានចំណែកសំខាន់ណាស់សម្រាប់វិវឌ្ឍនាការផ្នែកការគិត។

    វិធីកែខៃនៅពេលទារកភ្ញាក់កន្រ្ទាក់ ឬភ្ញាក់ភ័យ

    – យកក្រណាត់រុំខ្លួន ព្រោះនឹងធ្វើឱ្យទារកមានអារម្មណ៍ថាកក់ក្តៅដូចនៅក្នុងគភ៌ម្តាយ តែគួរជ្រើសរើសក្រណាត់ឱ្យស័ក្តិសម​នឹងសភាពធាតុអាកាសដែលជាប្រទេសក្តៅរបស់ស្រុកយើងផង បើនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ចូរប្រើក្រណាត់រុំខ្លួនបែបធម្មតាទូទៅ ឬកន្សែងពោះគោក៏បាន។

    – ដាក់ក្មេងឱ្យគេងផ្កាប់ វិធីនេះប្រើបានផលល្អស្ទើរតែ 100% តែស័ក្តិសមជាមួយទារកដែលកចាប់ផ្តើមរឹង ឬមានទម្ងន់ខ្លួនប្រមាណ 3,500 – 4,000 ក្រាមប៉ុណ្ណោះ ដែលអាយុម្នាក់ៗអាចនឹងខុសផ្លែកពីគ្នា ហើយពូកគេងគួរតែរាបស្មើ តែទន់ល្មម មិនគួរជាពូកដែលទន់ខ្លាំងរហូតលេចខ្លួនដែលអាចធ្វើឱ្យក្មេងពិបាកដកដង្ហើមនោះទេ។

    – យកក្រណាត់រាងក្រាស់បន្តិចមកបត់ច្រើនជាន់ឱ្យប៉ុនបាតជើងមនុស្សធំ រួចយកទៅដាក់លើដើមទ្រូងរបស់ទារកខណៈពេលគេងលក់ អាចនឹងជួយកាត់បន្ថយអាការភ្ញាក់កន្រ្ទាក់បាន។

    – ដាក់ឱ្យគេងផ្អៀង ស័ក្តិសមជាមួយទារកទើបនឹងកើត ឬទារកដែលមានទម្ងន់ខ្លួនតិចជាង 3,500 ក្រាម អាស្រ័យលើភាពរឹងប៉ឹងមាំមួនរបស់ទារកម្នាក់ៗ និងគួរដាក់ខ្នើយទប់ខ្នងរបស់ក្មេងផង។

    លោកឪពុកអ្នកម្តាយទាំងឡាយសាកល្បងពិចារណាមើលទៅថា តើវិធីណាស័ក្តិសម និងមានសុវត្ថិភាពបំផុតសម្រាប់កូនតូចរបស់លោកអ្នក៕

  • មែនឬ? ញ៉ាំអាហារក្តៅៗអាចធ្វើឱ្យកើតមហារីកបំពង់អាហារ

    មែនឬ? ញ៉ាំអាហារក្តៅៗអាចធ្វើឱ្យកើតមហារីកបំពង់អាហារ

    តើមិត្តអ្នកអានធ្លាប់បានឮដែរឬទេថា បើទទួលទានអាហារដែលក្តៅខ្លាំងញឹកញាប់ អាចធ្វើឱ្យកើតមហារីកក្នុងបំពង់អាហារ ឬពេលខ្លះអាចនឹងកើតមហារីកនៅលើអណ្តាត ក្រពះ ឬពោះវៀន ដោយសារតែកំដៅរបស់អាហារដែលទទួលទានអាចធ្វើឱ្យសាច់ភ្នាសត្រូវបានបំផ្លាញ ក្លាយជាដំបៅ និងបើមានដំបៅញឹកញាប់នោះអាចនឹងធ្វើឱ្យកើតមហារីកបាន។ តើរឿងនេះពិត ឬមិនពិតយ៉ាងណា ឡារ៉ែន មានចម្លើយ។

    មូលហេតុរបស់រោគមហារីកបំពង់អាហារ

    គិតថា បើនិយាយពីរោគមហារីកវិញ គ្រប់គ្នាក៏ប្រហែលជាបានដឹងច្បាស់ហើយថា វាជាភាពខុសប្រក្រតីខាងរាងកាយ ដែលសុខៗក៏កើតឡើងដោយឯកឯង អាចនឹងមិនបានមានមូលហេតុមកពីរឿងអ្វីមួយច្បាស់លាស់ឡើយ គ្រាន់តែយើងច្រើនតែមានទង្វើអ្វីម្យ៉ាងដែលបង្កឱ្យកើតភាពប្រថុយប្រថានក្នុងការកើតមហារីកខ្លាំងឡើងប៉ុណ្ណោះ ដូច្នេះមូលហេតុអាចបណ្តាលមកពីបច្ច័យជាច្រើន។

    បច្ច័យដែលប្រថុយចំពោះរោគមហារីកបំពង់អាហារ

    – ញ៉ាំភេសជ្ជៈអាល់កុល ជក់បារី

    – បរិភោគអាហារប្រភេទខ្លះជាប់ៗគ្នារយៈពេលយូរ ដូចជា អាហារដែលមានសារធាតុណៃត្រូសៃ ឬណៃត្រូសាមីន ដូចជាអាហារប្រភេទសាច់ អាហារដែលដាក់សារធាតុការពារផ្អូម អាហារប្រភេទអាំង ឬគ្រឿងបន្ថែមរសជាតិ​ ដូចជា ម្ទេស ឬម្រេច ជាដើម។

    – អ្នកជំងឺរោគអាស៊ីតហូរបញ្រ្ចាស់រ៉ាំរ៉ៃ ធ្វើឱ្យសាច់ភ្នាសក្នុងបំពង់អាហារកើតអាការរបួសយ៉ាងបន្តបន្ទាប់ អាចធ្វើឱ្យកោសិកាខុសប្រក្រតីរហូតកើតជាមហារីកឡើងបាន។

    – ឆ្លងមេរោគបាក់តេរីប្រភេទខ្លះក្នុងបំពង់អាហារ។

    – កើតការប្រែប្រួលរបស់សាច់ភ្នាសបំពង់អាហារយ៉ាងធ្ងន់ធ្ងរ ដោយសារទង្វើ ដូចជា លេបទឹកថ្នាំលាងបន្ទប់ទឹក លេបទឹកអាស៊ីត ។ល។

    – បរិភោគអាហារដែលមានបន្លែ ផ្លែឈើ និងាសារធាតុរ៉ែទាប។

    -ស្ថិតក្នុងសភាវធាត់។

    និងផ្សេងៗទៀត… ។

    អាការរបស់មហារីកបំពង់អាហារ

    1 – ចាប់ផ្តើមទទួលទានអាហាររឹង ហើយមានអារម្មណ៍ថាតឹងបំពង់ក ពិបាកលេប។

    2 – ចាប់ផ្តើមមានអារម្មណ៍ថា លំបាកក្នុងការលេបអាហារ មិនថាអាហាររឹង ឬរាវនោះទេ។

    3 – អាចនឹងលេបអ្វីមិនសូវចូល រហូតធ្វើឱ្យត្រូវខ្ជាក់ ឬក្អួតចេញមកវិញ។

    4 – ញ៉ាំអ្វីមិនសូវចូល ទម្ងន់ខ្លួនចាប់ផ្តើមធ្លាក់ចុះ រាងកាយស្គមស្គាំង គ្មានកម្លាំង ល្វើយ ព្រោះខ្វះអាហារ។

    5 – អាចមានអាការប៉ះពាល់បន្ថែមទៀត ដូចជា ហើមពោះ អាហារមិនរំលាយ ឈឺក្បាល ណែនដើមទ្រូង ក្អួតចង្អោ ក្អក ឬឈឺម្តុំឆ្អឹងដើមទ្រូង ឬក្នុងបំពង់ក ជាដើម។

    ដូច្នេះការទទួលទានអាហារក្តៅ អាចនឹងមិនដល់ថ្នាក់ធ្វើឱ្យបំពង់អាហាររងរបួសរហូតក្លាយជាដំបៅនោះទេ តែយ៉ាងណាក៏ដោយ បើអាហារនោះក្តៅជ្រុលពេក អាចធ្វើឱ្យសាច់ភ្នាសនៅម្តុំក្នុងមាត់រងរបួសរហូតក្លាយជាដំបៅបាន ដូច្នេះហើយ វិធីដែលល្អបំផុតគឺ ទទួលទានអាហារដែលមានកំដៅសមល្មម មិនរលាកមាត់ រលាកកវិញប្រសើរជាង៕

  • Shanghai Shenhua យល់ព្រមឱ្យ Odion Ighalo នៅបន្តលេងនៅ Premier League

    Shanghai Shenhua យល់ព្រមឱ្យ Odion Ighalo នៅបន្តលេងនៅ Premier League

    លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅក្លិប Manchester United បានសម្រេចការចរចារជាមួយនឹងក្លិបលីគកំពូលចិន Shanghai Shenhua ហើយ ដែលជាលទ្ធផលទទួលបានផ្លែផ្កាយ៉ាងគាប់ប្រសើរ ដោយក្លិបចិនខាងលើបានអនុញ្ញាតឱ្យកីឡាករខ្សែប្រយុទ្ធ Odion Ighalo សញ្ជាតិអារ៉ាប់រួម បានបន្តលេងនៅ Manchester United រហូតដល់ឆ្នាំ2021។

    គួរបញ្ជាក់ដែរថា ក្លិប Shanghai Greenland Shenhua ធ្លាប់មានបំណងចង់យកកីឡាករ Odion Ighalo មកពី Manchester United វិញ ដើម្បីមកជួយក្រុមក្នុងលីកកំពូលចិន ដែលនឹងចាប់ផ្តើមនៅចុងខែមិថុនានេះ៕

  • កីឡាករ 5នាក់ និងគ្រូបង្វឹកឈុតធំ 2រូប របស់ Bacelona ឆ្លងកូវីដ-19

    កីឡាករ 5នាក់ និងគ្រូបង្វឹកឈុតធំ 2រូប របស់ Bacelona ឆ្លងកូវីដ-19

    បើតាមការចុះផ្សាយពីកាសែតក្នុងស្រុករបស់អេស្ប៉ាញ បានបញ្ជាក់ថា ក្លិប FC Bacelona ដែលជាក្លិបលីកកំពូលអេស្ប៉ាញ La Liga មានអ្នកឆ្លងកូវី-19 ចំនួន 7នាក់ ក្នុងនោះមានគ្រូបង្វឹក 2នាក់ និងកីឡាករ 5នាក់។

    មកទល់នឹងពេលនេះ ពួកគេត្រូវបានបញ្ជូនទៅព្យាបាលហើយ ឯការហ្វឹកហាត់នៅតែបន្តធ្វើជាធម្មតា ដើម្បីត្រៀមរៀបចំក្រុមសម្រាប់ការប្រកួត ដែលនឹងចាប់ផ្តើមឡើងវិញនៅសប្តាហ៍ក្រោយ។

    ទោះបីជាបែបនេះក្តី ទាំងគ្រូបង្វឹក និងកីឡាករទាំងនោះ នៅតែមានសុខភាពល្អ និងមិនមានចេញរោគសញ្ញាអ្វីឡើយ។ គួរបញ្ជាក់ដែរថា កីឡាករទាំងអស់របស់ La Liga បានចាប់ផ្តើមធ្វើការហ្វឹកហាត់ឡើងវិញហើយ៕

  • វេសឡាញបន្តផ្តល់ការសិក្សាពីចម្ងាយ និងបន្ថែមកម្មវិធីបច្ចេកវិទ្យាគាំទ្រ

    វេសឡាញបន្តផ្តល់ការសិក្សាពីចម្ងាយ និងបន្ថែមកម្មវិធីបច្ចេកវិទ្យាគាំទ្រ

    ដើម្បី​បន្ត​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ19បន្តទៀត​ជាមួយ​រាជរដ្ឋាភិបាល បណ្តាញ​គ្រឹះស្ថាន​អប់រំ ទាំង14សាខា ត្រូវ​បន្ត​ផ្តល់​ការសិក្សា​ពី​ចម្ងាយ​ដល់​សិស្ស និង​បន្ថែម​កម្មវិធី​បច្ចេកវិទ្យា​គាំទ្រផ្សេងៗ ក្នុងការ​បង្កើន​គុណភាព​សិក្សា​ឱ្យ​កាន់តែ​ប្រសើរឡើង។ នេះ​ជា​លើកឡើង​របស់លោក ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ក្នុង​កិច្ចប្រជុំ​វាយតម្លៃ​គុណភាព​សិក្សា​ពី​ចម្ងាយ។

    លោក​អគ្គ​នាយ​បានឱ្យដឹង​ទៀតថា ឆ្លងតាម​ការអនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា ក្នុង​ផ្តល់​ការសិក្សា​ពី​ចម្ងាយ​កន្លងមក សិស្ស​អាច​ទទួល​ចំណេះ​បាន​ប្រសើរ ចេះ​ប្រើប្រាស់​ប​ចេ្ច​ក​វិទ្យា និង​ស្វ័យ​សិក្សា។ លោក​បាន​បន្ថែមទៀតថា ការសិក្សា​ពី​ចម្ងាយ​ជាមួយ​គ្រូបង្រៀន​តែមួយ​ផ្នែក​មិនអាច អាច​គាំទ្រ​ការសិក្សា​ឱ្យ​ប្រសើរ​នោះទេ ដូចនេះ​សាលារៀន​បាននិងកំពុង​បង្កើត​កម្មវិធី វេទិកា​មួយចំនួន ដើម្បី​បំពេញបន្ថែម​ដូន​ដល់​សិស្ស និង​អ្នកអាណាព្យាបាល​ដូចជា៖ 1. ការបង្រៀន​ពី​ចម្ងាយ​តាម​កាលវិភាគ​ប្រចាំថ្ងៃ (Zoom, Facebook…) គ្រប់​កម្មវិធី 2. កញ្ចប់​សិក្សា និង​ឧបករណ៍​ល្បែង​សិក្សា​សម្រាប់​កុមារ​តូច 3. ការប្រឹក្សា​យោបល់​ចិត្តសាស្ត្រ​ជូន​សិស្ស និង​អ្នកអាណាព្យាបាល 4. វេទិកា​សិក្សា​បន្ថែម​តាមរយៈ Tesdopi App (វីដេអូ ការវាស់ស្ទង់​សមត្ថភាព…) សម្រាប់​សិស្ស​ម​ត្តេ​យ្យ​ភាសា​អង់គ្លេស និង​ខ្មែរ សិស្ស​បឋមសិក្សា និង​សិស្ស​ភាសា​អង់គ្លេស​សម្រាប់​កុមារ (Young Learners Program) 5. ការសិក្សា​តាម App របស់​ក្រុមហ៊ុន​ដៃគូ Sangapac (សម្រាប់​ថ្នាក់បឋមសិក្សា) និង E-School (សម្រាប់​ថ្នាក់មធ្យមសិក្សា) 6. កម្មវិធី​ទូរទស្សន៍​អប់រំ​អន​ឡាញ WEG Education TV (កម្មវិធី​នាទី​កុមារ គេហកិច្ច ចំណេះដឹង​អភិវឌ្ឍ​បុគ្គល ការងារ និង​ជំនួញ) 7. WEG Education Youtube Channel 8. វេទិកា​ទំនាក់ទំនង​សាលារៀន និង​អ្នកអាណាព្យាបាល (Telegram & Facebook) 9. វេទិកា​ធុរៈកិច្ច​សម្រាប់​អ្នកអាណាព្យាបាល (Telegram Group) 10. មធ្យោបាយ​បង់ថ្លៃ​សិក្សា​តាម App របស់​ធនាគារ​ដៃគូ 11. App គ្រប់គ្រង​សាលារៀន និង​ទំនាក់ទំនង​សិស្ស-អ្នកអាណាព្យាបាល (កំពុង​ត្រូវបាន​បង្កើត និង​គ្រោង​ដាក់ឱ្យ​ប្រើប្រាស់​ចាប់ពី​ខែកក្កដា​តទៅ)។

    លោក​អគ្គនាយក​បាន​សូម​សំណូមពរ​ដល់​អ្នកអាណាព្យាបាល និង​សិស្សានុសិស្ស​ចូលរួម​សហការ​ជា​វិជ្ជមាន និង​យល់យោគ​បំផុត ដើម្បី​បន្ត​ធានា​និរន្ត​ភាព​សាលារៀន ការបន្ត​ការអប់រំ​ពី​ចម្ងាយ ជីវភាព និង​ទឹកចិត្ត​គ្រូបង្រៀន បុគ្គលិក​សិក្សា​ទាំងអស់ ហើយ​សាលារៀន​ក៏​នឹងត្រូវ​បន្ត​តស៊ូ​ផ្តល់​ការសិក្សា​ពី​ចម្ងាយ​រហូតដល់​មានការ​ណែនាំ​ជាថ្មី​ពី​រាជរដ្ឋាភិបាល។

    សូមបញ្ជាក់ថា​បណ្តាញ​គ្រឹះស្ថាន​អប់រំ​របស់​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប មាន៖ សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ 9សាខា សាលារៀន​ណ​ត្ស​ឡា​ញន៍ 1សាខា សាលា​អន្តរជាតិ អេប​ផល​ទ្រី 1សាខា សាលា​អន្តរជាតិ ហ្វ​រ៉េ​ស​ហ៊ា​ល 1សាខា សាលា​ភាសា​អង់គ្លេស លី​ឌឺ​លែ​ន 1សាខា និង​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ 1សាខា៕

  • ក្រសួងទេសចរណ៍រំលឹកអាជ្ញាធរឱ្យចាត់វិធានការក្រោយមូលដ្ឋានអាជីវកម្ម KTV ក្លិបកម្សាន្ត និងបៀរហ្កាឌិនខ្លះបើកឡើងវិញដោយគ្មានការអនុញ្ញាត

    ក្រសួងទេសចរណ៍រំលឹកអាជ្ញាធរឱ្យចាត់វិធានការក្រោយមូលដ្ឋានអាជីវកម្ម KTV ក្លិបកម្សាន្ត និងបៀរហ្កាឌិនខ្លះបើកឡើងវិញដោយគ្មានការអនុញ្ញាត

    ក្រសួងទេសចរណ៍ បានចេញ​លិខិត​ថ្មី​មួយ​ជម្រាបជូន​អភិបាល​រាជធានី-ខេត្ត ដើម្បី​ជំរុញឱ្យមាន​ការអនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ចំពោះ​មូលដ្ឋាន​អាជីវកម្ម KTV ក្លិប​កម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ត) និង​បៀរ​ហ្កា​ឌិន។

    ក្រសួងទេសចរណ៍​បញ្ជា​ក់ថា វិធានការ​ទាំងឡាយរ​បស់​រាជរដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​ជំងឺ Covid-19 ជាពិសេស​មូលដ្ឋាន​អាជីវកម្ម KTV ក្លិប​កម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ត) និង​បៀរ​ហ្កា​ឌិន នៅតែ​ត្រូវ​បន្ត​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​ខ្ជាប់ខ្ជួន​ជាប្រចាំ​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​ស្តីពី​ការ​បន្ធូ​បន្ថយ ឬ​កែសម្រួល​វិធានការ​នៅពេល​ខាងមុខ។ នៅពេល​បច្ចុប្បន្ននេះ មាន​របាយការណ៍​ថា​នៅ​មូលដ្ឋាន​អាជីវកម្ម ក្លិប​កម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ត) និង​បៀរ​ហ្កា​ឌិន​ខ្លះ នៅតាម​រាជធានី​ខេត្ត​មួយចំនួន នៅតែ​បន្តសកម្មភាព​អាជីវកម្ម​ដោយ​ល្មើ​សនឹង​វិធានការ​របស់​រាជរដ្ឋាភិបាល។

    ហេតុនេះ​ក្រសួង​សូម​រំ​ឮ​ក​ដល់​គណៈ​អភិបាល​រាជធានី-ខេត្ត ត្រូវតែ​ធ្វើការ​ត្រួតពិនិត្យ និង​អនុវត្ត​វិធានការ​ចំពោះ​មូលដ្ឋាន​អាជីវកម្ម KTV ក្លិប​កម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ត) និង​បៀរ​ហ្កា​ឌិន ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល៕

     

  • ឆ្នាំនេះកម្ពុជាមិនរើសមន្ត្រីទេព្រោះត្រូវសន្សំថវិកាទប់ស្កាត់ Covid-19

    ឆ្នាំនេះកម្ពុជាមិនរើសមន្ត្រីទេព្រោះត្រូវសន្សំថវិកាទប់ស្កាត់ Covid-19

    នៅ​ឆ្នាំ2020នេះ កម្ពុជា​នឹង​ផ្អាក​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​សម្រាប់​គ្រប់​ក្រសួង ស្ថាប័ន មន្ទីរ និង​អង្គភាព​នានា​នៅ​ទូទាំងប្រទេស​ដើម្បី​កាត់បន្ថយ​ការចំណាយ​ថវិកាជាតិ និង​ដើម្បី​សន្សំសំចៃ​សម្រាប់​ទប់ស្កាត់​មេរោគ Covid-19។ នេះ​បើតាម​ការបញ្ជាក់​ពី​ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង​មុ​ស​ងារ​សាធារណៈ។

    ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ថា ការផ្អាក​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​មុខងារសាធារណៈ​នេះ​គឺ​អនុវត្ត​គ្រប់​ស្ថាប័ន​ទាំងអស់ រួមទាំង​ក្នុង​ប្រព័ន្ធតុលាការ​ផងដែរ។ ពីមុន​រាជរដ្ឋាភិបាល​ប្រកាសថា​ថវិកាជាតិ​មាន​គ្រប់គ្រាន់​សម្រាប់​ចាយវាយ តែ​កាលណោះ​មិនទាន់មាន​ជំងឺ Covid-19 នៅឡើយ​នោះទេ តែ​បច្ចុប្បន្ននេះ​ដល់ពេល​មាន​វិបត្តិ​បែបនេះ​យើង​ត្រូវតែ​សន្សំសំចៃ។

    បន្ថែម​ពីលើ​នេះ នៅ​ឆ្នាំ2020នេះ​ប្រទេស​យើង​ក៏មាន​គម្រោង​ផ្អាក​ការស្នើសុំ​តម្លើង​ថ្នាក់​របស់​មន្ត្រីរាជការ​ផងដែរ ដែល​ការងារ​នេះ​គឺ​ក្រសួង​ត្រូវការ​គ្រប់គ្រង​បៀវត្ស​ដោយ​សន្សំសំចៃ​បំផុត៕

  • ជប៉ុនផ្តល់ជំនួយជាង40លានដុល្លារដើម្បីអភិវឌ្ឍធនធានមនុស្ស កែប្រែមន្ទីរពេទ្យនៅសៀមរៀប និងអភិវឌ្ឍសេដ្ឋកិច្ច

    ជប៉ុនផ្តល់ជំនួយជាង40លានដុល្លារដើម្បីអភិវឌ្ឍធនធានមនុស្ស កែប្រែមន្ទីរពេទ្យនៅសៀមរៀប និងអភិវឌ្ឍសេដ្ឋកិច្ច

    រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​ផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជា​ចំនួន​ប្រមាណ 4,501លាន​យ៉េន ឬ​ស្មើនឹង 41.4លាន​ដុល្លារ​អាមេរិក សម្រាប់​អភិវឌ្ឍ​គម្រោង3សំខាន់។

    គម្រោង​ដែល​ត្រូវអនុវត្ត​តាមរយៈ​ជំនួយ​នេះ​មានដូចជា៖

    1. អាហារូបករណ៍​អភិវឌ្ឍ​ធនធានមនុស្ស​ចំនួន 3.2លាន​ដុល្លារ

    2. ការធ្វើឱ្យ​ប្រសើរឡើង​នៃ​មន្ទីរពេទ្យបង្អែក​សៀមរាប​ចំនួន 19.8លាន​ដុល្លារ

    3. កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម តាមរយៈ​ការផ្តល់​សម្ភារៈ​វេជ្ជសាស្ត្រ​សម្រាប់​ការពារ និង​ការឆ្លើយតប​នឹង​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ចំនួន 18.4លាន​ដុល្លារ៕

  • ជូនចំពោះបងៗ បណ្ដាញសារព័ត៌មាន

    ជូនចំពោះបងៗ បណ្ដាញសារព័ត៌មាន

    ខាងក្រុមហ៊ុនយើងខ្ញុំសូមគោរពអញ្ជើញបងៗចូលរួមកម្មវិធី Bootcamp តាមរយៈអនឡាញនៅថ្ងៃទី១៥ ខែមិថុនា បើសិនជាបងៗ ចាប់អារម្មណ៍ចង់សិក្សាបន្ថែមអំពីហ្វេសប៊ុក

    កម្មវិធីនេះហៅថា Digital Media Bootcamp គឺជាកម្មវិធីដែលរបៀបចំឡើងដោយក្រុមហ៊ុនហ្វេសប៊ុក ដែលនឹងមានចែករំលែកចំណេះដឹងអំពីបច្ចេកវិទ្យារបស់ក្រុមហ៊ុនហ្វេសប៊ុក ជាថ្នាក់សិក្សាតាមអនឡាញដែលពុំគិតថ្លៃ សម្រាប់បងជាអ្នកសរសេរអត្ថបទអនឡាញជាដើម ដែលចង់សិក្សានិងស្វែងយល់បន្ថែមអំពីរបៀបធ្វើការនៅលើបណ្ដាញសង្គមមួយនេះ។ កម្មវិធីនេះពុំមែនជាកត្តាបកិច្ចអ្វីឡើយ ប៉ុន្តែបើសិនជាបងៗ ទំនេរហើយចាប់អារម្មណ៍ បងៗអាចរៀនបន្ថែមជាការកំសាន្តបាន។

    សម្រាប់កម្មវិធីលើកនេះ នឹងផ្ដោតសំខាន់ទៅលើចំណេះដឹងបន្ថែមមានដូចជា៖
    • របៀបបង្កើតឬ ប្រើប្រាស់ Virtual Event នៅលើហ្វេសប៊ុក
    • ការគ្រប់គ្រង Monetization
    • មេរៀនបន្ថែមអំពីការ Live Video
    • និងចំណេះបន្ថែមអំពីយុទ្ធសាស្ត្រទីផ្សាតាមអនឡាញ Marketing Solutions
    កម្មវិធីសិក្សានេះនឹងប្រព្រឹត្តទៅជាភាសារអង់គ្លេស ដោយបុគ្គលិកក្រុមហ៊ុនហ្វេសប៊ុកពីសាខាធំផ្ទាល់តែម្ដង។ បងៗអាចចូលទៅកាន់លីងដែលមានភ្ជាប់ដូចខាងក្រោម ហើយមើលតាមលំនាំ ស្វែងរកម៉ោងសិក្សាដែលសាកសម និងកាលវិភាគរបស់បង និងមេរៀន ផ្សេងៗបន្ថែមទៀត ដោយចុះឈ្មោះទៅតាមថ្នាក់ផ្សេងដែលបងចាប់អារម្មណ៍ចង់សិក្សា
    សូមចូលទៅកាន់លីងនេះ: https://fbmediabootcamp.splashthat.com/S

  • ទម្លាប់ញ៉ាំបន្លែ សាងបានតាំងពីកូននៅក្នុងផ្ទៃ

    ទម្លាប់ញ៉ាំបន្លែ សាងបានតាំងពីកូននៅក្នុងផ្ទៃ

    “កៀរបន្លែទៅដាក់កៀនចានទៀតហើយ!” នេះប្រហែលជាបញ្ហាដែលសាងក្តីលំបាកចិត្តដល់អ្នកម្តាយជាច្រើននាក់មិនខានឱ្យតែដល់ពេលត្រូវញ៉ាំអាហាររបស់កូនតូច ព្រោះធម្មជាតិរបស់ក្មេងតូច ច្រើនតែជាប់ចិត្តនឹងរសជាតិរបស់អាហារដែលមានចំណែកផ្សំពីស្ករ និងអំបឹលបានយ៉ាងងាយ ទើបច្រើនតែបដិសេធការញ៉ាំអាហារដែលមានរសជាតិល្វីង ជាពិសេសបន្លែស្លឹកបៃតងដែលមានប្រយោជន៍ចំពោះសុខភាព។

    តែលទ្ធផលនៃការស្រាវជ្រាវដែលបានបញ្ជាក់ថា ទារកភាគច្រើនៗតែមានសញ្ញាថាចូលចិត្តរសជាតិអាហារដែលម្តាយបរិភោគក្នុងអំឡុងពេលដែលនៅក្នុងគភ៌ និងពេលបៅទឹកដោះម្តាយ ទើបអាចរាប់បានថាជាឱកាសដ៏ល្អមួយបើសិនជាអ្នកម្តាយចង់សាងទម្លាប់ចូលចិត្តញ៉ាំបន្លែដល់កូនតូចនោះ ដោយជ្រើសរើសទទួលទានអាហារដែលត្រឹមត្រូវ និងស័ក្តិសម មិនមែនជាអាហារដែលមានរសជាតិខ្លាំង(ប្រៃខ្លាំង ផ្អែមខ្លាំង) និងបរិភោគបន្លែផ្លែឈើឱ្យបានច្រើនមុខ ច្រើនប្រភេទក្នុងបរិមាណច្រើនក្នុងអំឡុងពេលមានគភ៌ និងពេលបំបៅទឹកដោះកូន ដើម្បីឱ្យកូនតូចបើកទទួលយកការបរិភោគបន្លែ និងផ្លែឈើច្រើនឡើងបន្ទាប់ពីលែងបៅទឹកដោះហើយនោះ ព្រោះពួកគេនឹងស៊ាំធ្លាប់ជាមួយរសជាតិរបស់អាហារទាំងនោះ។

    ការស្រាវជ្រាវនេះគឺជាលទ្ធផលដែលបានមកពីការពិនិត្យមើលលើទារកដែលមានអាយុចាប់ពី 6 ខែរហូតដល់ 1 ឆ្នាំដែលរកឃើញថា ក្មេងដែលអ្នកម្តាយញ៉ាំទឹកការ៉ុតក្នុងអំឡុងពេលតាំងគភ៌ជាប្រចាំ ឬមួយសប្តាហ៍ច្រើនដងនោះ នឹងចូលចិត្តញ៉ាំអាហារស៊ីរៀល​រសជាតិការ៉ុតខ្លាំងជាងក្មេងក្នុងក្រុមដទៃទៀត ទើបអាចអះអាងបានថា រសជាតិរបស់អាហារដែលមាតាបរិភោគចូលទៅនោះអាចបញ្ជូនទៅដល់កូនតូចតាមរយៈទឹកភ្លោះ និងទឹកដោះរបស់មាតាបាន ទើបសរុបបានថា រូបបែបការបរិភោគអាហាររបស់មាតាហុចផលដល់លក្ខណៈនិស្ស័យការញ៉ាំរបស់កូនតូច ដូច្នេះ រឹតតែអ្នកម្តាយបរិភោគអាហារសម្បូរបែបច្រើនប៉ុនណា កូនដែលកើតមកក៏នឹងមិនរឿងច្រើនក្នុងការញ៉ាំអាហារតាមនោះដែរ។

    តែរឿងនោះក៏មិនទាន់ហួសពេលដែរសម្រាប់អ្នកម្តាយដែលកំពុងនឹកស្តាយថា “បើដឹងថាអ៊ីចឹង ញ៉ាំបន្លែឱ្យបានច្រើនៗតាំងពីពេលមានផ្ទៃពោះទៅហើយ” នោះ ព្រោះយើងនៅអាចបង្រៀនឱ្យក្មេងសម្របខ្លួនទទួលយក និងចូលចិត្តញ៉ាំបន្លែយ៉ាងឆាប់រហ័សបានតាំងពីពេលចាប់ផ្តើមផ្លាស់ប្តូរពីការញ៉ាំទឹកដោះមកជាអាហាររឹងបាន។ បទសរុបរបស់ការស្រាវជ្រាវនេះ កើតពីការសាកល្បងឱ្យក្មេងញ៉ាំសណ្តែកហោឡាន់តៅជាប់ៗគ្នារយៈពេល 8 ថ្ងៃ ក្រោយពេលចាប់ផ្តើមប្តូរពីទឹកដោះមកជាអាហារ ហើយរកឃើញថា ក្មេងនឹងញ៉ាំសណ្តែកគិតជាមធ្យមច្រើនឡើងនៅពេលពេលវេលាកន្លងទៅ។ ដូច្នេះ មិនមែនចំពោះតែក្មេងដែលបៅទឹកដោះម្តាយប៉ុណ្ណោះទេ ក្មេងដែលបៅទឹកដោះគោម្សៅក៏អាចសម្របខ្លួន និងមានទម្លាប់ចូលចិត្តការញ៉ាំបន្លែបានដែរ បើពួកគេបានរៀនយល់ដឹងពីរឿងការញ៉ាំបន្លែ និងផ្លែឈើតាំងពីពេលឈប់បៅទឹកដោះភ្លាមនោះ។

    ចូរចាំទុកថា ការលួចដាក់បន្លែល្វីងៗនៅក្នុងអាហារដែលក្មេងៗចូលចិត្តញ៉ាំនោះ មិនមែនជាវិធីដែលល្អក្នុងការបង្រៀនពួកគេឱ្យស្គាល់ការញ៉ាំបន្លែនោះទេ ព្រោះក្មេងៗចាំបាច់ត្រូវរៀនយល់ដឹងក្នុងការចូលចិត្តរសជាតិរបស់វាដោយប្រាសចាករសជាតិដទៃទៀតដែលនឹងធ្វើឱ្យពិបាកក្នុងការសាងទម្លាប់ចូលចិត្តការញ៉ាំបន្លែ៕