Author: ធឿន មករា

  • សប្តាហ៍នេះក្រុមប្រឹក្សាអនុវត្តកម្ពុជាអនុញ្ញាតគម្រោង6 ក្នុងតម្លៃជាង 150លានដុល្លារ

    សប្តាហ៍នេះក្រុមប្រឹក្សាអនុវត្តកម្ពុជាអនុញ្ញាតគម្រោង6 ក្នុងតម្លៃជាង 150លានដុល្លារ

    នៅ​សប្តាហ៍​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា (CDC) ទើបតែ​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ គម្រោងសំខាន់ៗចំនួន6 ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន 151.8លាន​ដុល្លារ​អាមេរិក។

    គម្រោងសំខាន់ៗទាំងអស់នោះ​មានដូចជា៖

    1-“HUA TE BANG (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ពី​ប្លា​ស្ទីក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ត្រប់ សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ 2.8លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 216កន្លែង។

    2- “PRINTX GP (CAMBODIA) FACTORY CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​គ្រឿង​បន្សំ​កាបូប ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ51 ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ 6.6លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,414កន្លែង។

    3-“DIZE (CAMBODIA) NONG YE FAZHAN CO., LTD.” គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ចេក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​មាឃ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម មាន​ទុនវិនិយោគ​ប្រមាណ 17.8លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,900កន្លែង។

    4-“SUN & MOON HOTEL CO., LTD.” គម្រោង​សាងសង់​និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ4 ចំនួន 200បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ 285មហាវិថី​ព្រះ​នរោត្តម ជាប់​ស្ពាន​ព្រះមុនីវង្ស កែង​ផ្លូវ​លេខ233 សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ 35.2លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 534កន្លែង។

    5-“BRILLIANT DRAGON (CAMBODIA) ENTERPRISE CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ញរ សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ 2.4លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 700កន្លែង។

    6-“VATTANAC BREWERY CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រា​បៀរ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ចំនួន 87លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 899កន្លែង៕

  • កំពូលផ្លែឈើដែលស្ត្រីមានគភ៌មិនគួរខកខាន

    កំពូលផ្លែឈើដែលស្ត្រីមានគភ៌មិនគួរខកខាន

    ក្នុងអំឡុងពេលមានគភ៌ អ្នកម្តាយត្រូវថែបំប៉នរាងកាយឱ្យបានច្រើនជាងប្រក្រតី ព្រោះសារធាតុអាហារផ្សេងៗដែលស្រ្តីមានគភ៌បានទទួលនោះនឹងហុចផលទៅដល់កូនតូចដែលនៅក្នុងផ្ទៃផងដែរ។ ផ្លែឈើក៏ជាអាហារថែបំប៉នគភ៌ដែលល្អ និងមានប្រយោជន៍ដ៏ច្រើនមួយដែលស្រ្តីមានគភ៌ត្រូវតែទទួលទានឱ្យបានរាល់ថ្ងៃ ព្រោះនៅក្នុងផ្លែឈើមានសារធាតុអាហារ និងវីតាមីនដែលសំខាន់សម្រាប់ស្រ្តីមានគភ៌ និងកូនក្នុងផ្ទៃ។ ប្រហែលជាចង់ដឹងហើយមែនទេថា តើមានផ្លែឈើអ្វីខ្លះទៅ? សូមតាមដានជាបន្តទាំងអស់គ្នា។

    1 – ផ្លែត្របែក

    ជាផ្លែឈើដែលងាយស្រួលរកទទួលទានណាស់ សម្បូរទៅដោយវីតាមីន C និងវីតាមីន A ច្រើន ។ វីតាមីនដែលមាននៅក្នុងផ្លែត្របែកនឹងជួយការពារមិនឱ្យកើតជំងឺផ្តាសាយ និងធ្វើឱ្យអញ្ចាញ និងធ្មេញរបស់ស្រ្តីមានគភ៌រឹងមាំល្អ។

    2 – ផ្លែដូងខ្ចី

    មានគុណតម្លៃខាងអាហារខ្ពស់ ជួយបំបាត់ការស្រេកទឹក ជួយកាត់បន្ថយអាការនឿយល្វើយ មានសារធាតុអាហារដូចជា ប្រូតេអ៊ីន កាល់ស្យូម និងស្ករ។ ស្រ្តីមានគភ៌ដែលជិតប្រសូតជាច្រើននាក់និយមញ៉ាំទឹកដូងខ្ចី ព្រោះជឿថា នឹងធ្វើឱ្យកូនមានសាច់ និងស្បែកសភ្លឺរលោងតាំងពីពេលកើតភ្លាម។

    3 – ផ្លែចេកទុំ

    នៅក្នុងផ្លែចេកទុំមានសារធាតុអាហារដែលសំខាន់ៗដូចតទៅនេះ សារធាតុដែក ផូស្វ័រ ណៃអាស៊ិន វីតាមីន A, B1, B2, B6 និងវីតាមីន C និងសារធាតុថេបតូភែន។ នៅក្នុងផ្លែចេកទុំនៅមានកាកសរសៃអាហារខ្ពស់ ធ្វើឱ្យប្រព័ន្ធបន្ទោបង់របស់ស្រ្តីមានគភ៌ដំណើរការល្អ បន្ទោបង់បានតាមប្រក្រតី និងថែមទាំងជាផ្លែឈើដែលងាយស្រួលរកទទួលទានបានទៀតផង។

    4 – ផ្លែល្ហុងទុំ

    នៅក្នុងផ្លែល្ហុងទុំមានសារធាតុប្រឆាំងអនុមូលឥស្សរៈ និងមានកាកសរសៃច្រើន ស្រ្តីមានគភ៌ណាដែលច្រើនតែមានអាការទល់លាមកខណៈពេលមានគភ៌ញឹកញាប់នោះ គួរទទួលទានផ្លែល្ហុងទុំឱ្យបានច្រើនដើម្បីការបន្ទោបង់ដែលល្អ។

    5 – ផ្លែភ្រូន (Prune)

    នៅក្នុងផ្លែភ្រូនមានសារធាតុដែកខ្ពស់ ជាផ្លែឈើថែបំប៉នគភ៌ដ៏ល្អបំផុតសម្រាប់ស្រ្តីមានគភ៌ដែលមានសភាវស្លេកស្លាំង ក្រៅពីសារធាតុដែកហើយនោះ ផ្លែភ្រូននៅមានកាល់ស្យូមដែលជួយសាងឆ្អឹង និងធ្មេញ ហើយនិងវីតាមីន B2 ដែលជួយសាងគ្រាប់ឈាមក្រហមទៀតផង។

    6 – ផ្លែក្រូចពោធិ៍សាត់

    មានកាកសរសៃអាហារខ្ពស់ ស្រ្តីមានគភ៌គួរតែទទួលទានជាប្រចាំដើម្បីឱ្យប្រព័ន្ធបន្ទោបង់ដំណើរការតាមប្រក្រតី ហើយផ្លែក្រូចថែមទាំងមានវីតាមីន C ខ្ពស់ទៀតផង ជាផ្លែឈើដែលទទួលទានហើយអាចប្រឆាំងនឹងជំងឺគ្រុនផ្តាសាយបានទៀតផង។

    7 – ផ្លែប៉ោម

    ជាផ្លែឈើដែលមានវីតាមីន និងសារធាតុអាហារច្រើនណាស់ ដូចជា មានវីតាមីន A, B1, B2, B6, បៃអូឌីន អាស៊ីតហ្វូ៉លិក អំបិលរ៉ែ កាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម សូដ្យូម។ សារធាតុអាហារដែលរៀបរាប់មកទាំងអស់នេះ មានប្រយោជន៍ចំពោះរាងកាយស្រ្តីមានគភ៌ និងទារកក្នុងផ្ទៃណាស់។ ស្រ្តីមានគភ៌គួរទទួលទានផ្លែប៉ោមក្នុងមួយអាទិត្យឱ្យបានពី 1 – 2 ដងជាការល្អប្រសើរណាស់។

    ផ្លែឈើជាអាហារថែបំប៉នគភ៌ដែលមានប្រយោជន៍ និងងាយស្រួលទទួលទានណាស់ ហើយនៅក្នុងប្រទេសយើងក៏មានផ្លែឈើច្រើនយ៉ាងដើម្បីឱ្យស្រ្តីមានគភ៌ជ្រើសរើសទទួលទានបានតាមរដូវកាលដែរ៕

  • Marseille និង Rennes រួចផុតពីគ្រោះធំ ខណៈដែល PSG គ្រងជើងឯក 3ឆ្នាំជាប់គ្នា

    Marseille និង Rennes រួចផុតពីគ្រោះធំ ខណៈដែល PSG គ្រងជើងឯក 3ឆ្នាំជាប់គ្នា

    លី​ក​កំពូល​បារាំង ត្រូវបាន​រំសាយ​ចោល ក្រោយពី​លោក Philippe អ្នកតំណាង​លី​ក​កំពូល​បារាំង មានប្រសាសន៍​នៅក្នុង​សន្និបាតជាតិ​កាលពី​ខែ​មុន​ថា៖«ព្រឹត្តិការណ៍​កីឡា​ធំ មិនអាច​កើតឡើង​មុន​ខែកញ្ញា​បានទេ រដូវ​កាល​បាល់ទាត់​អាជីព 2019-20 ក៏​នឹង​មិនអាច​វិលត្រឡប់​មកវិញ​បានដែរ»។

    ក្នុងនោះដែរ​គណៈកម្មកា​រ​រៀបចំ​ការប្រកួត​បា​ន​គណនា​ពិន្ទុ​តាម​រូបមន្ត​ពិន្ទុ​មធ្យម​ក្នុង 1ប្រកួត ដោយ​ជើងឯក​បាន​ទៅលើ​ក្រុម Paris Saint Germain (PSG) ដែលជា​បាន​ក្លាយជា​ជើងឯក 3ឆ្នាំជាប់ៗគ្នា។

    គួរ​បញ្ជាក់ដែរថា ក្លិប​ចំនួន2 គឺ Marseille និង Rennes ដែល​កាន់កាប់​កន្ទុយ​តារាង​នៃ​ក្របខ័ណ្ឌ​នេះ​មិន​ត្រូវបាន​កាត់ចេញ​ឡើយ ខណៈ​ក្លិប Lille ត្រូវ​ទទួលបាន​កៅអី​មួយកន្លែង​នៅក្នុង​ក្របខ័ណ្ឌ Europa League៕

  • ក្រុមហ៊ុនផលិតរថយន្ត Honda ផ្អាកដំណើរការស្ទើរទូទាំងពិភពលោក តែមិនមែនដោយសារ Covid-19 នោះទេ

    ក្រុមហ៊ុនផលិតរថយន្ត Honda ផ្អាកដំណើរការស្ទើរទូទាំងពិភពលោក តែមិនមែនដោយសារ Covid-19 នោះទេ

    ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បីល្បាញ Honda ត្រូវបាន​គេ​រាយការណ៍​ថា​បាន​បិទ​ចង្វាក់​ផលិតកម្ម​របស់ខ្លួន​ស្ទើរ​ពេញ​ពិភពលោក​ទៅហើយ​នាពេលនេះ។

    តាម​ការបញ្ជាក់​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានឱ្យដឹងថា​រោងចក្រ​ផលិត​រថយន្ត​របស់​ក្រុមហ៊ុន​ហុងដា ត្រូវបាន​ផ្អាក​ដំណើការ​ស្ទើ​តែ​ពេញ​មួយ​ពិភពលោក​ទៅហើយ តែ​នេះ​មិនមែន​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ Covid19 នោះទេ វា​គឺជា​ការវាយប្រហារ​ពី​ក្រុម​ជនអនាមិក (Hackers) ទៅវិញ​ទេ។ ប្រព័ន្ធ​បណ្ដាញ (Network System) របស់​ក្រុមហ៊ុន​ហុងដា​ត្រូវបាន​វាយប្រហារ ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​មិនអាច​ចូល​ប្រើ​កុំព្យូទ័រ​សឺ​វ័រ អ៊ី​ម៉ែ​ល និង​ប្រព័ន្ធផ្សេងៗទៀត​បាន នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​សារព័ត៌មាន BBC។ រោងចក្រ​ដែល​ត្រូវបាន​បិទ​ទាំងនោះ​មាននៅ​បណ្តារ​ប្រទេស​ដូចជា ចក្រភព​អង់គ្លេស ទួ​ក​គី អ៊ីតាលី ជប៉ុន និង​តំបន់​អាមេរិក​ខាងជើង។

    បើ​យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព បានឱ្យដឹងថា នេះ​អាចជា​ការវាយប្រហារ​ប្រភេទ Snake Ransomware ដែល​ក្រុម​អ្នក​វាយប្រហារ​បាន​បំប្លែង (encrypt) ទិន្នន័យ​របស់​ក្រុមហ៊ុន ឬ​បិទ​មិនឱ្យ​ក្រុមហ៊ុន​អាច​ចូល​ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ​បាន ប៉ុន្តែ​ក្រុមហ៊ុន​ហុងដា​បាន​អះអាងថា​ទិន្នន័យ​ទាំងអស់​ពុំមាន​ការប៉ះពាល់​នៅឡើយ​ទេ​រហូតមក​ដល់ពេលនេះ។ បច្ចុប្បន្ន​គេ​ពុំបាន​ដឹង​ទេ​ថា តើ ក្រុម​អ្នក​វាយប្រហារ​ចូលទៅក្នុង​ប្រព័ន្ធ Network តាមរបៀប​ណា​នោះទេ ប៉ុន្តែ​វា​ប្រហែល​អាច​ចូល​តាម​ការទាញយក​ឯ​ក​សារផ្សេងៗ ដែលមាន​ភ្ជាប់​មកជា​មួយ​មេរោគ​ទាំងនោះ។

    នេះ​ជាការ​ក្រើនរំឭក​មួយ ដែល​ទាំង​ក្រុមហ៊ុន ក៏ដូចជា​អ្នកប្រើប្រាស់​ត្រូវតែ​មានកា​រ​ប្រុងប្រយ័ត្ន​ជាមួយ​ប្រព័ន្ធ​សុវត្ថិភាព​ដើម្បី​ជៀសវាង​ពី​ការវាយប្រហារ​នានា ជាពិសេស​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​តែម្ដង ព្រោះថា​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ននេះ គឺមាន​យ៉ាងច្រើន​ដែល​ត្រូវបាន​ប្រើបាស់​នៅក្នុង​ប្រព័ន្ធ​ដំណើរការ​របស់​រថ​យន្ត​ដូចជា ប្រព័ន្ធ​ហ្វ្រាំង ប្រព័ន្ធគ្រប់គ្រង​ល្បឿន ហើយ​នៅ​ថ្ងៃ​អនាគត​ក៏​នឹងមាន​ប្រព័ន្ធ​ដែល​អាចឱ្យ​រថយន្ត​បើក​បាន​ដោយ​ខ្លួនឯង​ផងដែរ៕

  • កម្ពុជានឹងបន្តធ្លាក់ភ្លៀងដល់ថ្ងៃទី16 ខែមិថុនា សូមប្រយ័ត្នចំពោះខ្យល់កន្ត្រាក់ និងរន្ទះ

    កម្ពុជានឹងបន្តធ្លាក់ភ្លៀងដល់ថ្ងៃទី16 ខែមិថុនា សូមប្រយ័ត្នចំពោះខ្យល់កន្ត្រាក់ និងរន្ទះ

    ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់ថា តាមរយៈ​នៃ​ការប្រែប្រួល​ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ សង្កេតឃើញថា កម្ពុជា​កំពុង​ទទួល ខ្យល់មូសុង​និរតី​កម្រិត​បង្គួរ។ តែ​ដល់​ថៃ្ង​ទី12-16 ខែមិថុនា នឹងមាន​ប្រព័ន្ធ​សម្ពាធ​ទាប​អូសបន្លាយ កាត់​ពី​ភាគខាងត្បូង​ប្រទេស​ឡាវ។

    ស្ថានភាព​បែបនេះ​ធ្វើឱ្យ ៖

    1.បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ៖
    សីតុណ្ហភាព​អប្បបរមា មាន​ពី 25-27°C
    សីតុណ្ហភាព​អតិបរមា មាន​ពី 35-37°C
    នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​បង្គួរ និង​ចាប់ពី​ថ្ងៃទី 12-16 ខែមិថុនា ភ្លៀង​អាច​នឹង​បន្ត​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន ។

    2.បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖
    សីតុណ្ហភាព​អប្បបរមា មាន​ពី 24-26°C
    សីតុណ្ហភាព​អតិបរមា មាន​ពី 34-36°C
    នឹង​អាចមាន​ភ្លៀង​ពី​ខ្សោយ​ទៅ​បង្គួរ ។

    3.បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ៖
    សីតុណ្ហភាព​អប្បបរមា មាន​ពី 25-27°C
    សីតុណ្ហភាព​អតិបរមា មាន​ពី 33-35°C
    នឹង​អាចមាន​ភ្លៀង​តិច​ទៅ​បង្គួរ ក្នុងនោះ មាន​ផ្នែក​ខ្លះ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ។

    ស្ថានភាព​អាកាសធាតុ​បែបនេះ សូម​សាធារណជន​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​ដែល​នឹង​អាច​កើតមាន​ជាយ​ហេតុ៕

  • ក្រសួងការងារចេញកាលវិភាគចរចារប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែងជើងឆ្នាំ2021

    ក្រសួងការងារចេញកាលវិភាគចរចារប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែងជើងឆ្នាំ2021

    ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្មីៗនេះ​បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​កាលវិភាគ​នៃ​ការចរចារ​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ 2021។

    ក្រសួង​ការងារ​បាន​បញ្ជាក់ថា​កាលវិភាគ​នៃ​ការចរចារ​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ2021 ត្រូវបាន​កំណត់​ដូចជា៖

    1. ការពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ 2021ត្រូវ​អនុវត្តតាម​ប្រតិទិន​ដូចតទៅ
    • កំណត់​យក ខែកក្កដា ឆ្នាំ2020 ជាការ​ចាប់ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា ជា​លក្ខណៈ​ផ្ទៃក្នុង​របស់​ភាគីនីមួយៗ
    • កំណត់​យក​ខែសីហា ឆ្នាំ2020 ជាការ​ចាប់ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា ជា​លក្ខណៈ​ទ្វេភាគី និង​ត្រីភាគី
    • កំណត់​យក​ខែកញ្ញា ឆ្នាំ2020 បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែង​ជើង​សម្រាប់​ឆ្នាំ2021
    • កំណត់​យក​ថ្ងៃទី1 ខែមករា ឆ្នាំ2021 ជា​កាលបរិច្ឆេទ​ចូល​ជា​ធរមាន​ប្រាក់​ឈ្នួល​អប្បបរមា
    1. គ្រប់ភាគី​ទាំងអស់​ត្រូវ​ប្រើប្រាស់​ទិន្នន័យ​ផ្លូវការ​ស្របច្បាប់ និង​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ដោយយោង​លើ​លក្ខណវិនិច្ឆ័យ​បែប​សង្គម (ស្ថានភាព​គ្រួសារ អាត្រា​អតិផរណា និង​ការចំណាយ​ក្នុងការ​រស់នៅ) និង​លក្ខណវិនិច្ឆ័យ បែប​សេដ្ឋកិច្ច (ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារការងា​រ និង​កម្រិត​ចំណេញ​របស់​វិស័យ) ដូច​មាន កំណត់​ក្នុង​មាត្រា5 នៃ​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា ក៏ដូចជា​បន្ទាត់​ភាពក្រីក្រ ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ក្នុងការ​ពិភាក្សា សម្របសម្រួល​ផ្ទៃក្នុង និង​ទទួលបាន​គោលជំហរ​រួមមួយ។
    2. គ្រប់ភាគី​ទាំងអស់​ត្រូវ​អនុវត្តតាម​ការណែនាំ និង​វិធានការ​របស់​ក្រសួងសុខាភិបាល នៅ​គ្រប់​កិច្ចប្រជុំ​របស់ខ្លួន ដើម្បី​ចូលរួម​ទប់ស្កាត់​កុំឱ្យ​មានការ​ឆ្លង និង​រីក​រាលដាល​នៃ​ជំងឺ​Covid-19 ក្នុងប្រទេស​កម្ពុជា៕
  • 15ចំណុច ឪពុកម្តាយត្រូវធ្វើពេលកូនៗរៀនអនឡាញ ក្នុងសម័យកូវីដ

    15ចំណុច ឪពុកម្តាយត្រូវធ្វើពេលកូនៗរៀនអនឡាញ ក្នុងសម័យកូវីដ

    ការដាក់​ចិត្ត និង​សកម្មភាព​ក្នុង​ភាពជា​ម្ចាស់ការ និង​ការសហការ​ជា​វិជ្ជា​មាន​របស់​អ្នកអាណាព្យាបាល​ជាមួយ​សាលារៀន​ជា​រឿង​ចាំបាច់​ណាស់​ក្នុងអំឡុងពេល​សិក្សា​អន​ឡាញ និង​ពី​ចម្ងាយ​នេះ។

    លោក ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​លើកឡើងថា អាណាព្យាបាល​ពិតជា​សំខាន់​ណាស់​ក្នុងការ​ចូលរួម​ជាមួយ​នឹង​ការសិក្សា​របស់​កូន​ក្នុងដំណាក់កាល​នៃ​ការសិក្សា​ពី​ចម្ងាយ​នេះ។ ហេតុនេះ​អាណាព្យាបាល​គួរ​អនុវត្ត​នូវ​គោល​គំនិត និង​សកម្មភាព​អប់រំ​មួយចំនួន​ដូចខាងក្រោម៖

    1. ក្រៅពី​ការបំពេញ​ការងារ ឬ​សកម្មភាព​រកស៊ី​ខាងក្រៅ សូម​ចំណាយ​ពេលវេលា​ឱ្យបាន​ច្រើន​តាមដាន និង​ផ្តល់​កម្លាំងចិត្ត​ដល់​កូន។
    2. កាត់បន្ថយ​សកម្មភាព​ជួបជុំ​មិត្ត​ភ័​ក្រ​ខាងក្រៅ ហើយ​នាំ​កូន​ដើរ​កំសាន្ត​ក្នុង​ធម្មជាតិ​ខាងក្រៅ​ឱ្យបាន​ច្រើន ដូចជា​វាលស្រែ ដើមឈើ រុក្ខជាតិ​បៃតង ភ្នំ សមុទ្ទ ស្រូបខ្យល់​បរិសុទ្ធ។
    3. ចំណាយពេល​លេងល្បែង​កំសាន្តផ្សេងៗជាមួយ​ពួកគេ ដើម្បី​បង្វែរ​កុំឱ្យកូនៗចំណាយពេល​លើ​អេក្រង់​អេ​ឡិ​ក​ត្រូ​និក​បន្ថែមទៀត បន្ទាប់ពី​សិក្សា​តាម​អន​ឡាញ​ហើយ។
    4. នាំ​កូន​ធ្វើ​សកម្មភាព​កិច្ចការ​ផ្ទះ​នានា ដូចជា​ចម្អិនម្ហូប ឬ​ធ្វើ​សួនផ្សេងៗ ឬ​លេង​កីឡា។
    5. ដាស់តឿន​អប់រំ​កូន​ជាប្រចាំ​ពី​ផលប៉ះពាល់ និង​ហានិភ័យ​នានា​តាម​បណ្តាញ​សង្គម ដូចជា​គេហទំព័រ​ដែល​មិនគួរ​មើល ព័ត៌មាន​ដែល​ល្អ ឬ​មិនល្អ ព័ត៌មាន​ពិត ឬ​ក្លែងក្លាយ។ ព័ត៌មាន​ក្នុង​បណ្តាញ​សង្គម​ភាគច្រើន​នៅ​ជា​ព័ត៌មាន​បំពុល គ្រោះថ្នាក់ និង​អាចឱ្យ​យុវជន​ជំទង់​ភាគច្រើន​មានការ​គិត វិភាគ និង​ធ្វើ​សកម្ម​ភាពខុស។
    6. កាត់បន្ថយ​ការប្រើ​ទូរស័ព្ទ​ដែល​ឥតប្រយោជន៍ ពេល​នៅក្បែរ​កូន។ លោកអ្នក​គួរ​ចំណាយពេល​ដ៏​មានតម្លៃ​នេះ​និយាយ​លេង ស្ទង់​អារម្មណ៍ និយាយ​លើកទឹកចិត្ត​កូន​វិញ។ ប្រសិនបើ​លោកអ្នក​កាន់​ទូរស័ព្ទ​មក​កំសាន្ត​នោះ កូន​របស់លោក​អ្នក​ក៏​នឹងធ្វើ​តាម​ដែរ។
    7. អាច​មើល​កុន ឬ​ទូរទស្សន៍​រួមគ្នា​ជា​លក្ខណៈ​គ្រួសារ​នៅផ្ទះ ជាមួយនឹង​អាហារ និង​ភេសជ្ជៈ​ដែល​កូន​ចូលចិត្ត​ក្នុង1សប្តាហ៍ ឬ2សប្តាហ៍​ម្តង នៅ​ល្ងាច​ចុង​សប្តាហ៍​ណាមួយ។ វា​នឹង​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ និង​សប្បាយរីករាយ1។
    8. ប្រសិនបើ​លោកអ្នក​ចេះ យល់ដឹង​ខ្លះ​ពី​សមាធិ ឬ​យ៉ូ​ហ្កា លោកអ្នក​គួរ​បង្រៀន និង​បបូលកូនៗចូលរួម​ជាមួយ​លោកអ្នក។ សកម្មភាព​ទាំងអស់នេះ​អាចជួយកូនៗរបស់លោក​អ្នកគ្រប់គ្រង​អារម្មណ៍ និង​ការពារ​ខ្លួន​របស់​ពួកគេ​ពី​ភាព​តានតឹង​ផ្លូវ​ចិត្តបាន​ខ្លះ។
    9. ក្នុង​ក្រុមគ្រួសារ បង្កើត​បរិយាកាស​រស់​នៅ ជាពិសេស​ការនិយាយស្តី​វិជ្ជមាន ល្អៗ នឹង​គ្នា។ ចៀសវាង​បរិយាកាស​ហឹ​ង្សា​ក្នុង​គ្រួសារ។
    10. អ្នកអាណាព្យាបាល​ត្រូវ​ស្វែងរក និង​ប្រើប្រាស់​សេវា​ប្រឹក្សា​យោបល់ ជាមួយ​សាលារៀន ឬ​អ្នកជំនាញ​ប្រឹក្សា​យោបល់​ភ្លាម ប្រសិនបើ​លោកអ្នក​យល់ថា​អ្នកមាន​អារម្មណ៍​តានតឹង​ខ្លួនឯង​ដែរ។
    11. ព្យាយាម​កន្លែង​កូន​រៀន​ឱ្យ​បានល្អ។ មាន​ពន្លឺ​គ្រប់គ្រាន់ លំហូរ​ខ្យល់​ល្អ ស្រឡះ និង​មាន​ឧបករណ៍​រៀនសូត្រ​គ្រប់គ្រាន់។ បើ​មានលទ្ធភាព សូម​ប្រើប្រាស់​កុំព្យូទ័រ ឬ​ឧបករណ៍​អេ​ឡិ​ក​ត្រូ​និក​ដែលមាន​អេក្រង់​ធំ (13អ៊ិ​ញ​ឡើង) ដើម្បីឱ្យ​កូន​រៀន។
    12. ពិភាក្សា​ជាមួយ​សាលារៀន និង​គ្រូ ស្វែងយល់​ពី​កម្មវិធីសិក្សា របៀប​សិក្សា និង​របៀប​ប្រើ​ឧបករណ៍​សិក្សា​អន​ឡាញ។
    13. ប្រសិនបើ​មាន​មេរៀន​ក្នុង​សៀវភៅ​ពុ​ម្ភ សូម​ណែនាំ​កូន​ឱ្យ​អាន​សៀវភៅ​វិញ ជំនួស​ឱ្យ​អាន​ក្នុង​សៀវភៅ​អេ​ឡិច​ត្រូ​និ​ច។
    14. ជំនួស​កាស​ដាក់​ផ្ទាល់​នឹង​ត្រចៀក សូម​ប្រើ​សម្លេង​ផ្ទាល់​ពី​កុំព្យូទ័រ ឬ​ទិញ​កូន​បាស់តូចៗ ហើយ​ភ្ជាប់​ប្ល៊ូ​ទូ​ស​ឱ្យ​គាត់​ប្រើ​វិញ។ ហើយ​លោកអ្នក​គួរតែ​ទិញ​វ៉ែនតា​ការពារ​ពន្លឺ​ជូន​ពួកគេ ពេល​គេ​មើល​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច។
    15. ចំពោះ​កុមារតូចៗ សូម​ស្វែងយល់ និង​ប្រើប្រាស់​ឧបករណ៍ សម្ភារ​អប់រំ​តាមបែប​ល្បែង​កំសាន្ត​ឱ្យបាន​ច្រើន​បំផុត រួម​នឹង​សន្លឹក​កិច្ច​ការដែល​យកមក​ពី​សាលា។
      វា​មិនមែនជា​ការងាយស្រួល​ទេ សម្រាប់​ទាំង​សាលារៀន គ្រូ និង​អ្នកអាណាព្យាបាល​ក្នុងការ​បង្រៀន​កូន​អន​ឡាញ និង​ពី​ចម្ងាយ​បែបនេះ។ វា​ត្រូវការ​ភាព​អត់ធ្មត់ ក្តី​ស្រលាញ់ និង​ការយកចិត្តទុកដាក់​ខ្ពស់​ណាស់ ជាពិសេស​វា​កាន់តែ​លំបាក​ប្រសិនបើ​ពីមុនមក​អ្នកអាណាព្យាបាល​មិនដែល​បានធ្វើ ឬ​ធ្វើបាន​តិចតួច​បំផុត​នូវ​សកម្មភាព​ខាងលើ។

    វា​មិន​ងាយស្រួល​ទេ​ក្នុងការ​ធ្វើជា​អ្នកអាណាព្យាបាល​ល្អ​ម្នាក់។ តែ​លោកអ្នក​គួរតែ​អបអរ​ខ្លួនឯង​ប្រសិនបើ​លោកអ្នក​អាច​តាំងចិត្ត​មើល ស្វែងយល់​ខ្លឺ​ម​សារ​ជូន​យោបល់​ដ៏​វែង​ដែល​ខ្ញុំ​តាំងចិត្ត​សរសេរ​ពីលើ​មកនេះ ដើម្បី​យកទៅ​ប្រើប្រាស់​ជា​គុណប្រយោជន៍​ដល់កូនៗរបស់​យើង។

    លោក​ជឿជាក់ថា​ស្ថានភាព​នេះ វា​ក៏​នឹង​ដាស់តឿន​ទាំង​សាលារៀន គ្រូបង្រៀន ឱ្យ​អភិវឌ្ឍ​ខ្លួន​កាន់តែ​ប្រសើរ​ឡើងលើ​ភាពជា​ដៃគូ​អភិវឌ្ឍ​កុមារ យុវជន​របស់​យើងទាំងអស់គ្នា។

    សូម​ជូនពរ​លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និង​កូនក្មួយ​ទាំងអស់​ឱ្យមាន​សុខភាព និង​សុវត្ថិ​ភាពល្អគ្រប់ៗគ្នា និង​សូម​ចូលរួម​បន្ត​ការពារ​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ19ទាំងអស់គ្នា៕

  • Becelona កំពុងប្រញាប់ប្រញាល់ រៀបចំកុងត្រាថ្មីឱ្យ Messi

    Becelona កំពុងប្រញាប់ប្រញាល់ រៀបចំកុងត្រាថ្មីឱ្យ Messi

    Messi នឹងត្រូវចប់កុងត្រានៅឆ្នាំក្រោយ ប៉ុន្តែរូបគេមានលក្ខខណ្ឌមួយទៀតដែរលើកុងត្រាចាស់ គឺអាចដើរចេញដោយសេរី នៅរដូវក្ដៅខាងមុខនេះ។ ដោយសារតែលក្ខខណ្ឌមួយនេះហើយ ទើបបានជាក្រុម Barcelona ប្រញាប់ខ្លាំង ក្នុងការព្យាយាមបន្ដកុងត្រាឱ្យវីរបុរសរបស់ខ្លួនទៀត។ ព្រោះបើទុកដល់រដូវក្ដៅខាងមុខ ខ្លាចមានក្លិបណាអន្ទងចិត្ត Messi បានសម្រេច Messi អាចនឹងទៅលេងនៅទីនោះបាត់។

    គួរបញ្ជាក់ដែរថា ប្រសិនបើ Bacelona មិនបន្តកុងត្រាជាមួយនឹង Messi ទេ រូបគេអាចនឹងដើរចេញពីក្លិបមួយដែលខ្លួនបានលេងឱ្យអស់រយៈពេលជិត 20ឆ្នាំ ដោយគ្មានតម្លៃខ្លួនអ្វីទាំងអស់នៅឆ្នាំ2021៕

  • កម្មវិធី Signal ដាក់មុខងារ Blur ផ្ទៃមុខ បំណងជួយការពារសុវត្ថិភាពអ្នកប្រើទាំង Android និង iOS

    កម្មវិធី Signal ដាក់មុខងារ Blur ផ្ទៃមុខ បំណងជួយការពារសុវត្ថិភាពអ្នកប្រើទាំង Android និង iOS

    Signal ជាក្រុមហ៊ុនល្បីឈ្មោះមួយ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ Signal ជាប្រភេទកម្មវិធីឆាតផ្តាច់មុខ ដែលមានមុខងារច្រើន និងមានភាពងាយស្រួលប្រហាក់ប្រហែលគ្នា ស្រដៀងទៅនឹង messenger របស់ Facebook ដែរ។

    ថ្មីៗនេះ ក្រុមហ៊ុនបានប្រកាសជាផ្លូវការ ពីមុខងារថ្មី (face-blurring tool) ដែលអាចបិទគ្រប់មុខមនុស្សដែលពាក់ព័ន្ធក្នុងរូបថត ក្នុងន័យការពារសុវត្ថិភាពអ្នកប្រើ ទាំង Android និង iOS។ ម្យ៉ាងទៀតវាក៏ជាមុខងារមួយថ្មីមុនគេ នៅឆ្នាំ2020 នេះដែលមិនទាន់មាននរណាអាចធ្វើបាននៅឡើយ៕

  • មកស្គាល់ស្មាតហ្វូនពិសេស មានដាក់ Sensor សម្រាប់វាស់កម្តៅក្នុងខ្លួនមនុស្សបាន

    មកស្គាល់ស្មាតហ្វូនពិសេស មានដាក់ Sensor សម្រាប់វាស់កម្តៅក្នុងខ្លួនមនុស្សបាន

    ស្មា​ត​ហ្វូ​ន Honor Play 4 Pro របស់​ក្រុមហ៊ុន Hornor ដែលជា​សាខា​របស់​ក្រុមហ៊ុន Huawei អាចជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ ដែល​អាច​វាស់​កម្តៅ​ក្នុង​ខ្លួន​មនុស្ស​បាន ដោយ​ដាក់​នៅ​ចំ​មុខ ឬ​កដៃ​របស់​មនុស្ស វា​នឹង​បង្ហាញ​តួលេខ​សីតុណ្ហភាព​នៅលើ​អេក្រង់។ Honor និយាយថា Sensor នេះ​អាច​វាស់​សីតុណ្ហភាព​បាន​ចាប់ពី -20អង្សា​សេ ដល់ 100អង្សា​សេ ដែល​ល្មម​គ្រប់គ្រាន់​សម្រាប់​ការ​វាស់​កម្ដៅ​ខ្លួន​របស់​មនុស្ស។

    Sensor វាស់​កម្ដៅ​អាចជា​មុខងារ​ចម្លែក​មួយ​លើ​ស្មា​ត​ហ្វូ​ន ប៉ុន្តែ​ក្នុង​សម័យកាល​ជំងឺ​រាតត្បាត​នេះ នៅពេលដែល​កម្ដៅ​ខ្លួន​ឡើង​ខ្ពស់ វា​អាចជា​សញ្ញា​នៃ​ការកើតមាន​ជំងឺ​កូ​វីដ-19នោះ វា​អាចជា​មុខងារ​ដែលមាន​ប្រយោជន៍​មួយ​ដែរ។

    តម្លៃ​របស់ Honor បាន​បើកទទួល​ការ​កុម្ម៉ង់​ទិញ Play 4 Pro ក្នុងតម្លៃ​ប្រមាណ 410ដុល្លារ បានធ្វើឱ្យ​វា​ក្លាយជា​ស្មា​ត​ហ្វូ​ន​ប្រើ​ឈី​ប Kirin 990 ដែលមាន​តម្លៃ​ធូរ​ជាងគេ។

    ខាងក្រោម​នេះ​លក្ខណ​ស​ម្ប​តិ្ត​របស់​ស្មា​ត​ហ្វូ​ន​ថ្មី​ចំនួន 2ម៉ូ​ដែល​របស់​ក្រុម Honor Play 4 Pro

    -មាន​បំពាក់​អេក្រង់ LCD ទំហំ 6.5អ៊ី​ញ

    -មាន​ចោះ​រន្ធ2 លើ​អេក្រង់​សម្រាប់​កាមេរ៉ា Selfie មេ​ទំហំ​32MP និង​កាមេរ៉ា Ultrawide ទំហំ 8MP

    -អាច​ថត​វីដេអូ​កម្រិត 4K/60fps ផងដែរ។

    -បន្ទះ​ឈី​ប Kirin 990 មាន​សេវា 5G

    -មាន RAM ទំហំ 8GB និង​អង្គ​ផ្ទុក​ទំហំ 128GB

    -ប្រព័ន្ធ​ប្រតិបត្តិការ Android 10 ជាមួយ​ស្បែក Magic UI 3.1

    -ថ្ម​ទំហំ 4200mAh សាក​ល្បឿន 40វ៉ា​ត់ សាក​ត្រឹម 30នាទី​បាន​ថ្ម​ដល់ 70%។

    សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

    https://www.youtube.com/watch?v=NBWH5DYLRR0