Author: ធឿន មករា

  • វៀតណាម ត្រៀមខ្លួនជាម្ចាស់ផ្ទះវគ្គចែកពូល SUZUKI CUP 2020

    វៀតណាម ត្រៀមខ្លួនជាម្ចាស់ផ្ទះវគ្គចែកពូល SUZUKI CUP 2020

    គិតមកទល់នឹងពេលនេះ កាលបរិច្ឆេទនៃការចាប់ឆ្នោតការប្រកួតពានរង្វាន់ AFF SUZUKI CUP 2020 ត្រូវបានពន្យារពេល ក្រោយប្រទេសថៃជាម្ចាស់ផ្ទះ ដែលគ្រោងប្រារព្ធពិធីចាប់ពូលនេះ កំពុងស្ថិតនៅក្នុងសភាវបិទប្រទេស។

    កាលបរិច្ឆេទនៃការចាប់ឆ្នោតថ្មីនេះ ត្រូវបានគេកំណត់យកខែកក្កដាខាងមុខនេះ ដោយត្រូវប្រជុំគ្នា ជ្រើសរើសប្រទេសដែលជាម្ចាស់ផ្ទះក្នុងការចាប់ពូលសាជាថ្មី ដោយក្នុងនោះវៀតណាម បានបង្ហាញជំហរក្នុងការរៀបចំនេះ ខណៈដែលប្រទេសនេះមានការធូរស្បើយស្ទើរតែ 100ភាគរយ ទៅលើស្ថានភាពកូវីដ-19។

    គួររំឭកដែរថា កាលពីឆ្នាំ2018 កន្លងទៅ វៀតណាម គឺជាម្ចាស់ពានរង្វាន់នេះ ក្រោយយកឈ្នះក្រុមម៉ាឡេស៊ី ដោយលទ្ធផល 1ទល់នឹង0 នៅជើងទី2 ក្រោយជើងទី1 ស្មើគ្នា 2ទល់នឹង2៕

  • ផ្នត់គំនិតមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការផ្លាស់ប្តូរជីវិត

    ផ្នត់គំនិតមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការផ្លាស់ប្តូរជីវិត

    នៅក្នុង​ការរស់នៅ​រប​ស់មនុស្ស​យើងម្នាក់ៗ យើង​ចាំបាច់​ត្រូវតែមាន​ការអភិវឌ្ឍ​ជាប់​ជាប្រចាំ តែ​ពេលខ្លះ​មនុស្ស​ដែល​តែងតែ​ខិតខំ​រៀនសូត្រ​មិន​ប្រាកដថា​ទទួលជោគជ័យ​ក្នុង​ជីវិត​នោះទេ។ បញ្ហា​នេះ​បណ្តាលមកពី​ពួកគេ​មាន​ផ្នត់គំនិត (paradigm) មិន​ត្រឹមត្រូវ។

    លោក Steven Covey អ្នកនិពន្ធ​សៀវភៅ​ទម្លាប់​ល្អ​ទាំង7យ៉ាង​សម្រាប់​បុគ្គល​មាន​ប្រសិទ្ធភាព​ខ្ពស់ បាន​លើកឡើងថា ចំណុច​ដែល​កំណត់​វាសនា​របស់​មនុស្ស​សំខាន់បំផុត​គឺ​ផ្នត់គំនិត ព្រោះ​វា​ជា​ចំណុច​ចាប់ផ្តើម​ដ៏​សំខាន់​ដែល​នាំឱ្យមាន​សកម្មភាព​កើតឡើង។ មនុស្ស​រីកចម្រើន ឬ​មិន​រីកចម្រើន​គឺ​អាស្រ័យ​លើ​ផ្នត់គំនិត​នេះឯង ប្រសិនបើ​ផ្នត់គំនិត​មិនល្អ មានន័យថា​គាត់​ចាប់ផ្តើម​ពី​ចំណុច​មិនល្អ ហើយ​បង្កើត​សកម្មភាព​មិនល្អ​ដែល​ធ្វើឱ្យ​គាត់​ក្លាយជា​មនុស្ស​មិន​រីកចម្រើន។

    អ្នកជំនាញ​អភិវឌ្ឍ​មនុស្ស​ខាងលើ​បានលើកឡើង​ផងដែរ​ថា ចំនុច​សំខាន់​ក្នុងការ​អភិវឌ្ឍ​ផ្នត់គំនិត​ឱ្យបាន​ត្រឹមត្រូវ​គឺ​បណ្តុះ​ភាពជា​ម្ចាស់ការ (proactive) មានន័យថា​យើង​ត្រូវតែ​ជាម​នុស្ស​ដែល​ចេះ​មើល​លើ​គ្រប់​រឿងរ៉ាវ​ក្នុង​ជីវិត​ឱ្យបាន​ច្បាស់លាស់ មិនមែន​ធ្វើតាម​អារម្មណ៍​នោះទេ។ ហើយ​បន្ថែម​ពីលើ​នេះ​ទៀត យើង​ត្រូវតែ​ជា​មនុស្ស​ឯករាជ្យ ដែលមាន​គំនិត​ស៊ីជម្រៅ​ពី​ខាងក្នុង មិនឆាប់​ខឹង ឆាប់​ជឿ ឬ​ឆាប់​ប្រតិកម្ម​តប​ទៅនឹង​រឿងរ៉ាវ​ណាមួយ​ដែល​កើតឡើង​ចំពោះមុខ។ ភាគច្រើន​មនុស្ស​ដែលមាន​ផ្នត់គំនិត​ស៊ីជម្រៅ គេ​តែង​ប្រមូល​ហេតុផល​ឱ្យបាន​ច្បាស់លាស់​បំផុត​មុននឹង​សម្រេចចិត្ត ឬ​បញ្ចេញ​សកម្មភាព​ណាមួយ​ក្នុង​ជីវិត៕

  • អត្រាប្តូរប្រាក់ដុល្លារអាមេរិកឆ្នាំនេះ និងឆ្នាំក្រោយអាចស្ថិតក្នុងរង្វង់ 4,100រៀល

    អត្រាប្តូរប្រាក់ដុល្លារអាមេរិកឆ្នាំនេះ និងឆ្នាំក្រោយអាចស្ថិតក្នុងរង្វង់ 4,100រៀល

    រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​សារា​ចរណ៍​ណែនាំ​ស្តីពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ 2021-2023 បាន​បញ្ជាក់ថា អត្រា​ប្តូរ​ប្រាក់រៀល​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​អាច​ស្ថិតក្នុង​រង្វង់ 4,100ដុល្លារ​អាមេរិក។

    អត្រា​ថេរ​នេះ​ដោយសារ​តែមាន​ជំនឿ​ទុកចិត្ត​ពី​សំណាក់​សាធារណជន​លើ​ការប្រើប្រាស់​ប្រាក់រៀល តាមរយៈ​ការអនុវត្ត​វិធានការ​លើកកម្ពស់​ប្រាក់រៀល​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ការបន្ត​ពង្រឹង​គោលនយោបាយ​គ្រប់គ្រង​សាច់ប្រាក់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ។

    រដ្ឋាភិបាល​បានឱ្យដឹង​ផងដែរ​ថា ទុនបម្រុង​អន្តរជាតិ​សរុប​ក្នុង​ឆ្នាំ 2020 ត្រូវបាន​រំពឹងទុក​ថា​នឹង​ថយ​ចុះមក​ត្រឹម 16,937លាន​ដុល្លារ​អាមេរិក ដោយសារ​ការរីក​ធំ​នៃ​ឱនភាព​គណនី​ចរន្ត រួមផ្សំ​នឹង​ការរំពឹងទុក​ការធ្លាក់ចុះ​ទុនវិនិយោគ​ពី​បរទេស។ ទោះជា​យ៉ាងនេះ​ក្តី​ទំហំ​នៅតែ​អាច​ធានា​ការ​នាំចូល​បាន 8ខែ​កន្លះ ដោយហេតុថា​ការនាំ​ចូល​របស់​កម្ពុជា​ក៏​នឹង​ថមថយ​ចុះ​ដែរ។ ក្នុង​ឆ្នាំ 2021 ទុនបម្រុង​អន្តរជាតិ​សរុប ត្រូវបាន​ព្យាករ​ថា​នឹង​កើនឡើង 16,981ដុល្លារ​អាមេរិក និង​ការធានា​នាំចូល​បាន8ខែ៕

  • សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះមានអត្រា -1.9% ខណៈការគ្រោងទុកគឺ 6.5%

    សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះមានអត្រា -1.9% ខណៈការគ្រោងទុកគឺ 6.5%

    នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​របាយការណ៍​ព្យាករណ៍​ស​ដ្ឋ​កិច្ច ដោយ​បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ 2020 ត្រូវបាន​ប៉ាន់​ស្មានថា នឹងមាន​កំណើន​អវិជ្ជមាន 1.9% (-1.9%) ដែល​មិន​ធ្លាប់មាន​ពីមុនមក ខណៈ​តាមច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ 2020 បានគ្រោង​ទុក​ថា​កំណើនសេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​សម្រេចបាន 6.5%។

    បញ្ហា​ទាំងអស់នេះ​កើតឡើង​ដោយសារតែ​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ Covid-19 ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​សកល​ធ្លាក់ចុះ​យ៉ាងគំហុក និង​រុញច្រាន​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​ជាច្រើន ជាពិសេស​បណ្តា​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្មសំខាន់ៗរបស់​កម្ពុជា​ក៏​ធ្លាក់ចុះ​ដូចគ្នា​ដែរ។

    ទោះជា​យ៉ាងនេះ​ក្តី រាជរដ្ឋាភិបាល​បាន​ព្យាករណ៍​ថា​នៅ​ឆ្នាំ 2021ខាងមុខនេះ កំណើនសេដ្ឋកិច្ច​អាច​កើន​ឡើងវិញ​ក្នុង​អត្រា 3.5%។ ការព្យាករណ៍​នេះ​រំពឹងទុក​ថា​កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ2021 អាច​គាំទ្រ​កំណើន​ដោយ​វិស័យ​កសិកម្ម 1.6% ខណៈ​ឧស្សាហកម្ម​អាចមាន​កំណើន 4.1% ដោយ​ក្នុងនោះ​អនុវិស័យ​កាត់ដេរ និង​អនុវិស័យ​សំណង់​ស្ថិតក្នុង​កម្រិត​ទាប តែ​អាចមាន​កំណើន​ល្អ​ក្នុង​វិស័យ​កម្មន្តសាល និង​វិស័យផ្សេងៗទៀត។ ចំណែកឯ​វិស័យ​សេវាកម្ម​វិញ រាជរដ្ឋាភិបាល​ព្យាករណ៍​ថា​អាច​នឹងមាន​កំណើន 3.6% ដែល​ចំណូល​ពី​វិស័យ​ទេសចរណ៍ និង​ការប្រើប្រាស់​ក្នុងស្រុក​អាច​ការកើនឡើង​តែ​ស្ថិតក្នុង​សភាព​យឺតយ៉ាវ៕

  • 5ខែដើមឆ្នាំ 2020 នេះភ្នំពេញទទួលការវិនិយោគជាង 1,300លានដុល្លារ លើវិស័យសំណង់

    5ខែដើមឆ្នាំ 2020 នេះភ្នំពេញទទួលការវិនិយោគជាង 1,300លានដុល្លារ លើវិស័យសំណង់

    អាជ្ញាធរ​រាជធានី​ភ្នំពេញ​បញ្ជាក់ថា ត្រឹម​រយៈពេល 5ខែ​ដើមឆ្នាំ 2020 នេះ​រាជធានី​ភ្នំពេញ​ទទួលបាន​ការវិនិយោគ​លើ​វិស័យ​សំណង់​ប្រមាណ 1,375,050ដុល្លារ​អាមេរិក។

    លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា ទំហំ​វិនិយោគ​ជាង 1,300លាន​ដុល្លារ​នេះ មាន​សរុប​ចំនួន 583គម្រោង ដែល​សាងសង់​ឡើងលើ​ផ្ទៃដី​ប្រមាណ 2,821,317ម៉ែត្រក្រឡា។

    លោក​បាន​បន្ថែមថា​នៅពេលនេះ អគារខ្ពស់ៗចាប់ពី5ជាន់ឡើង ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ មាន​ចំនួន​ប្រមាណ 1,292អគារ ហើយ​ចំពោះ​បុរី​វិញ​មាន​ចំនួន 244គម្រោង៕

  • 5 រឿងដែលហាមធ្វើ ក្រោយពេលទើបញ៉ាំបាយឆ្អែត

    5 រឿងដែលហាមធ្វើ ក្រោយពេលទើបញ៉ាំបាយឆ្អែត

    តើមិត្តអ្នកអានដឹងទេថា ពេលដែលយើងទើបទទួលទានអាហារហើយថ្មីៗ តើមានចំណុចហាមធ្វើអ្វីខ្លះ? ព្រោះថាពេលខ្លះបើយើងធ្វើអ្វីមិនត្រឹមត្រូវនោះ វានឹងហុចផលប៉ះពាល់ដល់រាងកាយរបស់យើងភ្លាមតែម្តង ដូច្នេះដើម្បីសុខភាពល្អ ថ្ងៃនេះយើងនាំគ្នាមកមើលវិញប្រសើរជាងថា តើមានរឿងអ្វីខ្លះដែលយើងមិនគួរធ្វើ ក្រោយពេលទទួលទានបាយឆ្អែតហើយភ្លាម?។

    1 – ញ៉ាំទឹកតែភ្លាមៗ

    ព្រោះការញ៉ាំទឹកតែភ្លាមអាចនាំឆ្ពោះទៅរកការកើតរោគសរសៃឈាមបេះដូងបាន ដោយសារតែសារធាតុផូលីហ្វ៊ីណូលដែលមាននៅក្នុងទឹកតែនឹងចូលទៅរារាំងការបឺតជ្រាបយកសារធាតុដែកពីអាហារ ក្រៅពីនេះជាតិអាស៊ីតនៅក្នុងទឹកតែនៅបានបំផ្លាញប្រូតេអ៊ីនពីអាហារទៀតផង។

    2 – ងូតទឹកភ្លាម

    ការងូតទឹកភ្លាមៗក្រោយពេលញ៉ាំបាយរួច នឹងធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការខុសប្រក្រតី ប្រសិទ្ធភាពក្នុងការរំលាយអាហារនឹងថយចុះ ប្រព័ន្ធឈាមនៅក្នុងរាងកាយមិនតុល្យការ វិធីដែលល្អនោះគឺ រង់ចាំយ៉ាងតិចកន្លះម៉ោងដើម្បីឱ្យអាហារបានរំលាយហើយសឹមងូតទឹក។

    3 – គេងលក់ភ្លាម

    ការគេងលក់នឹងធ្វើឱ្យអាហារមិនអាចរំលាយបាន ដោយសារទិសដៅការធ្វើការងាររបស់ប្រព័ន្ធរំលាយអាហារខុសទិសដៅធ្វើឱ្យកើតមានខ្យល់នៅក្នុងក្រពះ និងពោះវៀន រួមទាំងធ្វើឱ្យកើតរោគអាស៊ីតហូរបញ្រ្ចាស់ទៀតផង។

    4 – ហាត់ប្រាណភ្លាម

    ការដើរទៅមក និងការហាត់ប្រាណធ្វើឱ្យពោះវៀនកម្រើកចុះឡើង ហុចផលឱ្យប្រព័ន្ធរំលាយអាហារធ្វើការបានមិនពេញទំហឹង វិធីដែលល្អគួររង់ចាំយ៉ាងតិចកន្លះម៉ោងដើម្បីឱ្យអាហារបានរំលាយ និងមិនគួរហាត់ប្រាណធ្ងន់ៗឡើយ។

    5 – ញ៉ាំផ្លែឈើ

    ផ្លែឈើធ្វើឱ្យកើតមានខ្យល់នៅក្នុងក្រពះ និងធ្វើឱ្យកើតអាការឆ្អល់ ហើមពោះ គួររង់ចាំប្រមាណជា 1 – 2 ម៉ោង ដើម្បីឱ្យអាហារបានរំលាយអស់សិន ឬគួរទទួលទានមុនពេលបាយប្រមាណជា 1 ម៉ោង ដើម្បីឱ្យរាងកាយទទួលបានប្រយោជន៍ពីផ្លែឈើយ៉ាងពេញទំហឹង។

    បានដឹងយ៉ាងនេះហើយ តទៅទៀតកុំភ្លេចផ្លាស់ប្តូរទង្វើដើម្បីសុខភាពដ៏ល្អរបស់យើងក្នុងរយៈពេលវែង ព្រោះសុខភាពដែលល្អមិនអាចទិញលក់បាននោះឡើយ ស្ថិតនៅលើយើងត្រូវមើលថែទាំឱ្យល្អតាំងពីថ្ងៃនេះតែម្តង៕

  • សូមណែនាំ Facebook Shops៖ កម្មវិធីសម្រាប់ជួយអាជីវកម្មខ្នាតតូច លក់ទំនិញ តាមអនឡាញ

    សូមណែនាំ Facebook Shops៖ កម្មវិធីសម្រាប់ជួយអាជីវកម្មខ្នាតតូច លក់ទំនិញ តាមអនឡាញ

    ក្រុមហ៊ុន​Facebook បានប្រកាស​នៅ​ថ្ងៃ​ម្សិលមិញ (ទី15  ខែមិថុនា) ថា ខ្លួន​បាន​បើក​ដំណើរការ​កម្មវិធី Facebook Shops នៅ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ឱ្យ​អាជីវករ​ទាំងឡាយ អាចបង្កើត​ហាង​លក់ទំនិញ​តាម​អន​ឡាញ​របស់ខ្លួន​បាន​កាន់តែ​ងាយស្រួល​ឡើង ក្នុង​គោលដៅ​ជួយ​ឱ្យ​អតិថិជន​របស់​ពួកគាត់ អាច​ចូល​ទិញ​ទំនិញ​បាន ទាំង​នៅលើ Facebook និង Instagram។ អាជីវករ​អាចបង្កើត Facebook Shop របស់​ពួកគាត់​បាន​យ៉ាង​ងាយស្រួល និង​ឥតគិតថ្លៃ។

    អាជីវករ​អាច​ជ្រើសរើស​ផលិតផល​ដែល​ពួកគាត់​ចង់​ដាក់លក់ ហើយ​បន្ទាប់មក​ពួកគាត់​អាច​តុបតែង​រូបរាង​ហាង​របស់គាត់​បាន ដោយ​ដាក់​ក្រប​រូបភាព និង​ពណ៌ ដែល​បញ្ជាក់​អំពី​ម៉ាក​យីហោ​របស់​ពួកគេ។

    ឥឡូវនេះ នៅ​ទូទាំង​ពិភពលោក អាជីវកម្ម​ខ្នាតតូច​ជាច្រើន​កំពុង​ជួប​ការលំបាក ប៉ុន្តែខណៈដែលហាងជាច្រើនបានបិទទ្វារ គេ​ក៏​ឃើញ​មាន​អាជីវកម្ម​កាន់តែ​ច្រើនឡើង បាន​ងាក​មក​ប្រតិបត្តិការ​តាម​អន​ឡាញ​វិញ។  កម្មវិធី Facebook Shops មាន​គោលបំណង​ធ្វើឱ្យ​ការទិញ​ទំនិញ​កាន់តែ​ប្រសើ​ឡើង ព្រមទាំង​ផ្ដល់ឱកាស​ដល់​ម្ចាស់​អាជីវកម្ម​គ្រប់រូប ចាប់ពី​អាជីវកម្ម​ខ្នាតតូច រហូតដល់ អាជីវកម្មល្បីៗលំដាប់​ពិភពលោក ដើម្បី​ប្រើប្រាស់​កម្មវិធី Facebook  ក្នុងគោលដៅភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេ។

    ហេតុនេះហើយ បានជា​ក្រុមហ៊ុន Facebook សម្រេច​បើក​ដំណើរការ កម្មវិធី Facebook Shops ហើយ​ខិតខំ​បញ្ចូល​មុខងារល្អៗជាច្រើន ទៅក្នុង​កម្មវិធីផ្សេងៗរបស់ខ្លួន ក្នុងន័យ​ជំរុញ​ឱ្យ​អ្នកប្រើប្រាស់ ទិញ​ទំនិញ ក៏ដូចជា​ជួយ​ធ្វើឱ្យ​ការលក់ដូរ​ទំនិញ​តាម​អន​ឡាញ មាន​លក្ខណៈ​កាន់តែ​ងាយស្រួល​ឡើង។

    ឥឡូវនេះ ប្រជាពលរដ្ឋ​កម្ពុជា​អាច​ស្វែងរក Facebook Shops នៅលើ​ទំព័រ ‘Facebook Page’ ឬ ទំព័រ ‘Instagram’ របស់​ហាង​ណាមួយ​ក៏បាន ឬ ស្វែងរក​តាមរយៈ story ឬ​ការផ្សាយពាណិជ្ជកម្ម​រប​ស់​ហាង​នោះ។ នៅលើ​ទំព័រ​របស់​ហាង​នោះ អ្នកប្រើប្រាស់​អាច​មើលត្រួសៗនូវ​មុខទំនិញ​ទាំងអស់ អាច​រក្សាទុក​ផលិតផល​ដែល​ពួកគេ​ចាប់អារម្មណ៍ និង​ធ្វើ​ការបញ្ជាទិញ នៅលើ​គេហទំព័រ​របស់​ហាង​នោះ​តែម្ដង។

    នៅក្នុង Facebook Shops  ការសាកសួរ​ព័ត៌មាន អំពី​ផលិតផល​របស់​ហាង​អន​ឡាញ គឺ​ដូចគ្នា​ទៅនឹង​ការសាកសួរ​នៅតាម​ហាង​តាមផ្លូវ​ធម្មតា​ដែរ។ គឺ​គេ​អាច​ផ្ញើ​សារ​ទៅកាន់​ហាង​នោះ តាមរយៈ កម្មវិធី WhatsApp កម្មវិធី Messenger ឬ​កម្មវិធី Instagram Direct ដើម្បី​សួរ​សំណួរ សុំ​ជំនួយ ឆែក​មើល​ការដឹកជញ្ជូន​ទំនិញ​ដែល​បាន​ទិញ និង​ព័ត៌មាន​ជាច្រើន​ទៀត។ ហើយ​នៅពេល​អនាគត ពួកគេ​នឹង​អាច​ត្រួតពិនិត្យ ហាង​អាជីវកម្ម និង​ទិញ​ទំនិញ​បាន​ដោយផ្ទាល់​តែម្ដង តាមរយៈ​កម្មវិធី WhatsApp កម្មវិធី Messenger ឬ​កម្មវិធី Instagram Direct។

    ក្រុមហ៊ុន Facebook ក៏​កំពុង​ខិតខំ​បញ្ចូល​មុខងារល្អៗ ទៅក្នុង​កម្មវិធីផ្សេងៗរបស់ខ្លួន ដូចជា កម្មវិធី Instagram Shop កម្មវិធី​ទិញ​ទំនិញ​តាម​វីដេអូ​ផ្សាយ​ផ្ទាល់ និង​កម្មវិធីផ្សេងៗទៀត។ មុខងារ​ទាំងនេះ នឹងត្រូវ​ដាក់បញ្ចូល​ទៅក្នុង Facebook Shops ដើម្បី​ជួយ​ឱ្យ​អតិថិជន​អាច​ស្វែងរក​ផលិតផល​ដែល​ពួកគេ​ចាប់អារម្មណ៍ និង​ធ្វើឱ្យ​ការទិញ​ទំនិញ កាន់តែ​ងាយស្រួល និង​កាន់​តែមាន​សុវត្ថិភាព។ លោកអ្នក​អាច​ស្វែងយល់​បន្ថែម​អំពី​គោលការណ៍​របស់ Shops ស្ដីពី​ការការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក នៅទីនេះ

    ការ​ឡាយ​វីដេអូ​តាម Facebook កំពុង​ពេញនិយម​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​នាពេល​បច្ចុប្បន្ន ដោយ​ហាង​ខ្លះ​ឡាយ​លក់​ស្បែកជើងបាតាថ្មីៗ ហើយ​តារា​ហ្វេ​ស​ប៊ុ​ក​ខ្លះ ក៏​ឡាយ​វីដេអូ​សាក​ប្រើ​ក្រែ​ម​លាប​មាត់ថ្មីៗផងដែរ។

    ឥលូវ​នេះ គឺ​កាន់តែ​ងាយស្រួល​ក្នុង​ការទិញ​ទំនិញភ្លាមៗ ហើយ​ហាង និង​អ្នក​ផលិត​ផលិតផល​ទាំងឡាយ ក៏​នឹង​អាច​tagផលិតផល​របស់​ពួកគេ​ពី Facebook Shop ឫ កាតាឡុក​របស់​ពួកគេ​បាន​ផងដែរ មុននឹង​ឡាយ​វីដេអូ។ ហើយ​ផលិតផល​ទាំងនោះ នឹងមាន​បង្ហាញ​នៅ​ផ្នែក​ខាងក្រោម​នៃ​អេក្រង់ ដូច្នេះ​អតិថិជន​អាច​ចុច ចូល​មើល​បាន​យ៉ាង​ងាយស្រួល ដើម្បី​ស្វែងយល់​បន្ថែម និង​អាច​ទិញ​បាន។

    ក្រុមហ៊ុន Facebook បានឱ្យដឹងថា ខ្លួន​កំពុង​ចាប់ផ្តើម​សាកល្បង​ធ្វើតេស្ដ​កម្មវិធី​នេះ ជាមួយ​អាជីវកម្ម​នានា​លើ Facebook និង Instagram ហើយ​ក្រុមហ៊ុន​នឹង​បើក​ដំណើរការ​កម្មវិធី​នេះ​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ។

    យើង​ក៏​កំពុង​ធ្វើតេស្ដ​សាកល្បង​ប្រើ​មធ្យោបាយផ្សេងៗ ដើម្បី​ជួយ​ឱ្យ​អ្នកប្រើប្រាស់​កាន់តែ​ងាយស្រួល ក្នុងការ​សន្សំ​ពិន្ទុ​ជាមួយ​ហាង​ដែល​ពួកគេ​ចូលចិត្ត ដោយ​យើង​បើក​លទ្ធភាព​ឱ្យ​អ្នកប្រើប្រាស់ អាច​ភ្ជាប់​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​ពួកគេ ជាមួយនឹង​កម្មវិធី​សន្សំ​ពិន្ទុផ្សេងៗ ដូចជា​កម្មវិធី​សន្សំ​ពិន្ទុ​នៅតាម​ហាង​កាហ្វេ​ជាដើម។ អ្នក​ក៏​នឹង​អាច​មើលឃើញ និង​តាមដាន​ពិន្ទុ និង​រង្វាន់​របស់​អ្នក​បាន​យ៉ាង​ងាយស្រួល​ផងដែរ។ ហើយ​យើង​កំពុង​ស្វែងរក​មធ្យោបាយថ្មីៗ ដើម្បី​ជួយ​អាជីវកម្ម​ខ្នាតតូច ឱ្យ​បង្កើត គ្រប់គ្រង និង​ដាក់​បង្ហាញ​កម្មវិធី​លើទឹក​ចិត្ត​អតិថិជន​របស់​ពួកគេ នៅលើ​កម្មវិធី Facebook Shops ផងដែរ។

    ក្រុមហ៊ុន Facebook បានឱ្យដឹងថា ខ្លួន​សង្ឃឹមថា មធ្យោបាយ​ទាំងនេះ​អាចជួយ​សម្រាល​បាន​ខ្លះ នូវ​បន្ទុក​របស់​អាជីវករ​កម្ពុជា​ខ្នាតតូច​មួយចំនួន ក៏ដូចជា​ជួយ​អាជីវក​រទាំង​តូច​ទាំង​ធំ ឱ្យមាន​លទ្ធភាព​ត្រៀមខ្លួន​សម្រាប់​ពេលអនាគត​ផងដែរ។

    សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់៖ https://www.facebook.com/business/shops  និង https://www.facebook.com/business/help/2343035149322466?id=1077620002609475

  • ភ្នំពេញនឹងមានស្ពានអាកាសថ្មើរជើង 25កន្លែងទៀតនៅពេលខាងមុខ

    ភ្នំពេញនឹងមានស្ពានអាកាសថ្មើរជើង 25កន្លែងទៀតនៅពេលខាងមុខ

    ក្រោយ​បាន​សាងសង់​រួច​នូវ​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន3កន្លែង​នាពេលថ្មីៗនេះ អភិបាល​រាជធានី​ភ្នំពេញ​បានប្រកាសថា​នឹងមាន​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើនផ្សេងៗទៀត​ក្នុង​គម្រោង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។

    ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា រាជធានី​ភ្នំពេញ​បច្ចុប្បន្ននេះ​បាន​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដោយមាន​ការ​អ​ង្រី​ក​ផ្លូវ ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​ដី លើដី និង​ស្ពាន​អាកាស​ថ្មើរ​ជាង​ជាច្រើន​កន្លែង។ តាម​គម្រោង រាជធានី​ភ្នំពេញ នឹង​សាងសង់​ស្ពាន​អ​កាស​ថ្មើរ​ជាង​ចំនួន 25កន្លែង​បន្ថែមទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង និង​ជំរុញ​ឱ្យ​ការរស់នៅ​របស់​ប្រជាជន​កាន់តែ​ប្រសើរ។

    បច្ចុប្បន្ននេះ​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ដែល​បាន​សាងសង់​រួចរាល់​ចំនួន3កន្លែង​គឺ នៅ​តំបន់​ជម្ពូ​វ័​ន្ត ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ចំនួន2កន្លែង និង​នៅ​តំបន់​ភ្លើងស្តុប​នាង​គ​ង្ហី​ង មាន​ចំនួន1កន្លែង និង​កំពុង​ស្ថាបនា ស្ពាន​អាកាស​ថ្មើរជើង នៅ​តំបន់​ផ្សារ​ដើម​គរ និង​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង នៅត្រង់​មុខ​សាលាបឋមសិក្សា​សន្ធរម៉ុក៕

  • UNESCO បើកការប្រកួតប្រជែងពានរង្វាន់កម្មវិធីអក្ខរកម្មអន្តរជាតិឆ្នាំ2020

    UNESCO បើកការប្រកួតប្រជែងពានរង្វាន់កម្មវិធីអក្ខរកម្មអន្តរជាតិឆ្នាំ2020

    អង្គការ UNESCO តាមរយៈ​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា នឹង​រៀបចំ​ការប្រកួតប្រជែង​ពានរង្វាន់​កម្មវិធី​អក្ខរកម្ម​អន្តរជាតិ​ឆ្នាំ 2020 លើ​ប្រធានបទ “teaching and learning literacy: The role of educators and changing pedagogies”។

    អ្នក​ដែលមាន​សិទ្ធ​ចូលរួម​ក្នុង​កម្មវិធី​នេះ​បាន​រួមមាន​ស្ថាប័ន​រដ្ឋា អង្គការ​សង្គម​ស៊ីវិល និង​បុគ្គល​ដែល​ធ្វើក​សកម្មភាព​ចូលរួម​លើកកម្ពស់​កម្មវិធី​អក្ខរកម្ម​តាមរយៈ​គម្រោង ឬ​កម្មវិធី​ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព​ច្នៃប្រឌិត។ កម្មវិធី ឬ​គម្រោង​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដែលមាន​កំណត់ត្រា​បញ្ជា​ក់​ពី​ការងារ​ដោយ​ភាព​ច្នៃប្រឌិត​ក្នុង​វិស័យ​អក្ខរកម្ម​យ៉ាងតិច3ឆ្នាំ ពី​ក្រសួង ស្ថាប័ន អង្គភាព​រដ្ឋ ឯកជន និង​សង្គម​ស៊ីវិល ដោយ​កម្មវិធី ឬ​គម្រោង​នោះ​មិន​ធ្លាប់​បានទទួល​រង្វាន់​អក្ខរកម្ម​អន្តរជាតិ​របស់ UNESCO ក្នុង​រយៈពេល 5ឆ្នាំកន្លងមក។

    ដើម្បី​ដាក់​ពាក្យសុំ និង​ធ្វើលិខិត​ឧទ្ទេសនាម​បេក្ខភាព​ចូលរួម ដំណាក់កាល​ទី1 ចំពោះ​អ្នកដាក់ពាក្យ​អាច​សុំ​បំពេញ និង​បញ្ជូន​ពាក្យ​តាមរយៈ​គណកម្មការ​ជាតិ UNESCO ឬ​អង្គការក្រៅរដ្ឋាភិបាល​អ​ន្ត​ជាតិ​ដែលមាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយនឹង UNESCO។

    ដំណាក់កាល​ទី2 គណៈកម្មការ UNESCO ដែល​ពាក់ព័ន្ធ ឬ​អង្គការ​អន្តរជាតិ​ធ្វើការ​ពិនិត្យ និង​ធ្វើលិខិត​ឧទ្ទេសនាម​បេក្ខជន​ដែល​ជាប់​ជា​ជម្រើស​ទៅ​ទីស្នាក់ការ​កណ្តាល UNESCO ទីក្រុង​ប៉ារីស សម្រាប់ធ្វើ​ការពិនិត្យ និង​សម្រេច​ចុងក្រោយ៕

  • តើផ្លែប៉ោមមានប្រយោជន៍ចំពោះកូនតូចយ៉ាងណាខ្លះ?

    តើផ្លែប៉ោមមានប្រយោជន៍ចំពោះកូនតូចយ៉ាងណាខ្លះ?

    ផ្លែប៉ោមមានគុណសម្បត្តិក្នុងការព្យាបាលដ៏ល្អ អាចជួយសម្រាលអាការឈឺថ្កាត់ ដូចជា អាការក្អក, រោគក្រពះ, រោគពាក់ព័ន្ធនឹងធ្មេញ និងអាការរាករូសនៅលើក្មេងតូចបាន។ ផ្លែប៉ោមជាអាហារចាប់ផ្តើមដំបូងដែលល្អបំផុតសម្រាប់ក្មេងតូច អាចចាប់ផ្តើមឱ្យញ៉ាំបានតាំងពីអាយុ 6 ខែឡើងទៅ។ តើផ្លែប៉ោមមានប្រយោជន៍ចំពោះក្មេងតូចយ៉ាងណាខ្លះ?

    – ជួយសម្រាលអាការហើមពោះ

    អ្នកម្តាយនឹងសង្កេតឃើញថា កូនតូចច្រើនតែជួបនឹងបញ្ហាឆ្អល់ពោះ ហើមពោះញឹកញាប់ ដូច្នេះអ្នកម្តាយអាចជួយសម្រាលអាការនេះរបស់កូនតូចបាន ដោយគ្រាន់តែបកសំបកផ្លែប៉ោមកិន និងស្ងោរ ឬចំហុយឱ្យកូនតូចញ៉ាំ ព្រោះសារធាតុ ផូលីហ្វ៊ីណូល ដែលនៅក្នុងផ្លែប៉ោមជួយកាត់បន្ថយអាការឆ្អល់ពោះ ហើមពោះបានដោយការស្រោបការពារពីលើសាច់ភ្នាសក្រពះ។

    – ជួយសម្អាតធ្មេញ និងធ្វើឱ្យអញ្ចាញរឹងមាំ (មានប្រយោជន៍បំផុតសម្រាប់ក្មេងតូចដែលមានអាយុចាប់ពី 1,5 ឆ្នាំឡើងទៅ)

    ការទំពារផ្លែប៉ោម មិនត្រឹមតែជួយបង្កើនការហូរវឹលរបស់លោហិតនៅក្នុងអញ្ចាញធ្មេញបានកាន់តែល្អឡើងនោះទេ តែកាកសរសៃអាហារនៅក្នុងផ្លែប៉ោមនៅបានបំពេញតួនាទីប្រៀបដូចជាការដុសសម្អាតធ្មេញដូច្នោះដែរ។

    – សម្រាលអាការក្អក

    ក្មេងតូចដែលកើតអាការក្អក នឹងធ្វើឱ្យមិនអាចគេងលក់បានស្រួលពេញមួយយប់នោះឡើយ តែផ្លែប៉ោមដែលមានរសជាតិផ្អែមមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយអាការក្អក ចូរយកទឹកផ្លែប៉ោមដែលបានមកពីការស្ងោរ ឬចំហុយឱ្យកូនតូចញ៉ាំប្រមាណជា 1សប្តាហ៍ អាការក្អកនឹងបានធូរស្រាល ហើយកូនតូចនឹងគេងលក់បានឆ្អែតពេញលេញមិនខាន។

    – ប៉បាត់អាការរាករូស

    ជំងឺរាករូសគឺជាជំងឺដែលជួបញឹកញាប់នៅលើក្មេងតូចច្រើនជាងមនុស្សធំ ផ្លែប៉ោមដែលឆ្អិន និងមានរសជាតិផ្អែម អាចព្យាបាល និងកាត់បន្ថយអាការរាគរូសបាន ដោយយកទឹកផ្លែប៉ោមដែលបានមកពីការស្ងោរ ឬចំហុយមកកិនឱ្យហ្មត់ រួចឱ្យកូនតូចញ៉ាំ 2 – 4 ដងក្នុងមួយថ្ងៃ។

    – សាងប្រព័ន្ធប្រឆាំងជំងឺ

    ផ្លែប៉ោមពណ៌ក្រហមមានសារធាតុប្រឆាំងអនុមូលឥស្សរៈដែលហៅថា ” Quercetin ” ។ តាមរយៈការសិក្សាស្រាវជ្រាវបានរកឃើញថា ” Quercetin” អាចជួយសាង និងបង្កើនប្រព័ន្ធប្រឆាំងជំងឺក្នុងរាងកាយបានទៀតផង។

    ចំណុចគួរប្រយ័ត្នក្នុងការឱ្យកូនតូចញ៉ាំផ្លែប៉ោម

    -មិនគួរឱ្យក្មេងតូចញ៉ាំខណៈពេលដែលពោះទំនេរនោះទេ ព្រោះផ្លែប៉ោមនឹងពិបាករំលាយជាងប្រក្រតីនៅពេលពោះទំនេរ ឬនៅពេលព្រឹក។

    -កូនតូចត្រូវមានអាយុ 6 ខែឡើងទៅ និងត្រៀមរួចរាល់ហើយសម្រាប់ការចាប់ផ្តើមទទួលយកអាហារបន្ថែម។

    -លាងឱ្យបានស្អាតមុននឹងញ៉ាំ។

    -យកគ្រាប់ចេញមុននឹងឱ្យកូនតូចញ៉ាំ៕