Author: ធឿន មករា

  • លាងបន្លែយ៉ាងណា ឱ្យមានសុវត្ថិភាពចំពោះសុខភាព

    លាងបន្លែយ៉ាងណា ឱ្យមានសុវត្ថិភាពចំពោះសុខភាព

    ការជ្រើសរើសទិញបន្លែ និងលាងបន្លែគឺជារឿងសំខាន់មួយដែរ ព្រោះពេលខ្លះក៏យើងមិនដឹងថា បន្លែដែលគេយកមកលក់នោះ ជាបន្លៃដែលគ្មានសារធាតុពុល និងថ្នាំសម្លាប់សត្វល្អិតឬក៏មាននោះឡើយ ជំនួសឱ្យការដែលត្រូវមានសុខភាពល្អ វាប្រែក្លាយជាការបង្កសារធាតុពុលនៅក្នុងរាងកាយកាន់តែច្រើនឡើងទៅវិញ ទើបថ្ងៃនេះ ឡារ៉ែនមានវិធី លាងសម្អាតបន្លែឱ្យស្អាត គ្មាននៅសេសសល់សារធាតុពុលមកជម្រាបជូនដូចតទៅ ៈ

    ការលាងបន្លែ ៈ ពេលជ្រើសរើសទិញបន្លែបានមកហើយ មុនទទួលទាន ឬនាំមកចម្អិនជាអាហារនោះ គួរយកមកលាងឱ្យស្អាតជាមុនសិន។ ក្នុងពេលបច្ចុប្បន្ននេះមានអ្នកណែនាំពីវិធីលាងសម្អាតបន្លែជាច្រើនវិធីដើម្បីកាត់បន្ថយបរិមាណសារធាតុពុលសម្លាប់សត្វល្អិតដែលនៅជាប់សេសសល់លើបន្លែនោះឱ្យថយចុះ ដោយមានវិធីជាច្រើនដូចតទៅនេះ ៈ

    1 – ការលាងបន្លែ ដោយប្រើសូដ្យូមបៃខាបូនេត 1 ស្លាបព្រាបាយសម្រាប់ទឹកក្តៅឧណ្ហៗមួយចានដែក(20លិត្រ) ត្រាំបន្លែទុកចោល 15 នាទី វានឹងកាត់បន្ថយសារធាតុពុលបាន 90 – 95% ជាវិធីដែលមានសុវត្ថិភាព។ បន្ទាប់ពីត្រាំបន្លែក្នុងសារធាតុរលាយសូដ្យូមបៃខាបូនេតក្នុងទឹករួចហើយ គួរយកបន្លែនោះទៅលាងទឹកចេញឱ្យបានច្រើនដង ដើម្បីជម្រះយកសារធាតុពុលដែលនៅសេសសល់ចេញឱ្យអស់ តែវាមានបញ្ហានៅត្រង់ថា វិធីនេះនឹងធ្វើឱ្យវីតាមីន A នៅក្នុងបន្លែបាត់បង់អស់ខ្លះ។

    2 – ការត្រាំបន្លែនៅក្នុងទឹកលាយទឹកសាជូរ ដោយប្រើទឹកសាជូររលាយក្នុងទឹក។ ត្រាំបន្លែដែលបេះរួចហើយប្រមាណ 15 នាទី នឹងអាចកាត់បន្ថយបរិមាណសារធាតុពុលបាន 60 – 84%។

    3 – ការត្រាំបន្លែក្នុងទឹកថ្នាំលាងបន្លែ ដោយត្រាំទុកចោលប្រមាណជា 15 នាទី នឹងកាត់បន្ថយបរិមាណសារធាតុពុលសម្លាប់សត្វល្អិតបាន 54 – 68% តែវិធីមិនណែនាំឱ្យប្រើឡើយ ព្រោះទឹកថ្នាំលាងបន្លែនឹងជ្រាបចូលទៅក្នុងបន្លែ អាចបណ្តាលឱ្យមានគ្រោះថ្នាក់បាន។

    4 – ការលាងបន្លែដោយបើកទឹកឱ្យហូរឆ្លងកាត់ បន្លែដែលជាស្លឹកៗ ចូរដាក់នៅក្នុងកញ្រ្ចែងដែលមានប្រឡោះធំៗ រួចបើកទឹកពីក្បាលរ៉ូប៊ីណេឱ្យខ្លាំងល្មម យកដៃជួយដុសសម្អាតលើបន្លែនីមួយៗ ដោយលាងសម្អាតប្រមាណជា 2 នាទី នឹងជួយកាត់បន្ថយសារធាតុពុលសម្លាប់សត្វល្អិតបាន 54 – 63%។

    5 – ការត្រាំបន្លែក្នុងទឹកស្អាត គួរលាងបន្លែឱ្យស្អាតពីវត្ថុកខ្វក់មួយទឹកជាមុនសិន និងបេះជាសន្លឹកៗដាក់ត្រាំនៅក្នុងចានដែកយូរប្រមាណ 15 នាទី នឹងកាត់បន្ថយបរិមាណសារធាតុពុលសម្លាប់សត្វល្អិតបាន 7 – 33%។

    6 – ការស្រុះបន្លែដោយទឹកក្តៅ នឹងកាត់បន្ថយបរិមាណសារធាតុពុលបាន 50% ចំណែកការស្ងោរវិញក៏កាត់បន្ថយសារធាតុពុលបានស្មើនឹងការស្រុះបន្លែដែរ តែ 50% ទៀតនៃសារធាតុពុលបានចេញពីបន្លៃមកក្នុងទឹកសម្ល។

    7 – ការបកសំបក ឬការបកស្រទាប់ក្រៅរបស់បន្លែចេញ ដូចជា ស្ពៃក្តោប ជាដើម បើបកស្រទាប់ខាងក្រៅចេញនឹងមានសុវត្ថិភាពខ្លាំងជាង។

    8 – ការប្រើម្សៅខ្ល័ររីនត្រាំបន្លែ ដើម្បីសម្លាប់មេរោគ និងបំផ្លាញស៊ុតសត្វល្អិត (ព្រូន និងដង្កូវជាដើម) ដោយការរំលាយម្សៅខ្ល័ររីនកន្លះស្លាបព្រាកាហ្វេសម្រាប់ទឹក 20 លិត្រ និងត្រាំទុកចោលប្រមាណ 15 – 30 នាទី នឹងសម្លាប់មេរោគបានល្អណាស់៕

  • ក្រសួងអប់រំបើកឱ្យដាក់ពាក្យសុំអាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ

    ក្រសួងអប់រំបើកឱ្យដាក់ពាក្យសុំអាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ

    ក្រួ​ង​អប់រំ យុវជន និង​កីឡា បានប្រកាស​បើក​ឱ្យ​បេក្ខជន​ដាក់ពាក្យ​ស្នើរ​សុំ​អាហារូបករណ៍​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​អប់រំ​ឯកទេស​ប្រឹក្សា​គរុកោសល្យ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ធនធានមនុស្ស​ដែល​កំពុង​ខ្វះខាត​នៅក្នុងពេល​កំណែរ​ទម្រង់​វិស័យ​អប់រំ និង​ការពង្រីក​វិសាលភាព​សាលារៀន​ជំនាន់​ថ្មី។

    គ្រូបង្រៀន​ដែល​បានបញ្ចប់​ការសិក្សា​ពី​កម្មវិធី នឹងមាន​ការយល់ដឹង​ជ្រៅជ្រះ​លើ​ការអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូបង្រៀន ក៏ដូចជា​មាន​សមត្ថភាព​ក្នុងការ​ប្រឹក្សា​គរុកោសល្យ​ជាមួយ​គ្រូ។ មជ្ឈមណ្ឌល​ស្រាវជ្រាវ​គរុកោសល្យ​ជំនាន់​ថ្មី នឹង​ផ្តល់​ការបង្រៀន​ប្រកបដោយ​គុណភាព​ខ្ពស់ តាមរយៈ​ការប្រើប្រាស់​ការបង្រៀន​បែប​សិក្ខាសាលា ដោយ​កំណត់​ចំនួន​គរុ​សិស្ស​ច្រើន​បំផុត​ចំនួន16នាក់​ក្នុង​មួយ​ថ្នាក់។ វគ្គ​សិក្សា​ទាំងអស់​នឹងត្រូវ​បង្រៀន​ជា​ភាសា​អង់គ្លេស ដែល​តម្រូវឱ្យ​បេក្ខជន​មាន​សមត្ថភាព​ប្រើប្រាស់​ភាសា​អង់គ្លេស​បានល្អ។

    បេក្ខជន​ដែល​អាចដាក់​ពាក្យ​បាន​ត្រូវតែ​ជា​អ្នក​ដែលមាន​បទពិសោធ​ន៍ប​ង្រៀ​ន​យ៉ាងតិច2ឆ្នាំ បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ និង​មាន​សញ្ញាបត្រ​គរុកោសល្យ​ពី​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​គ្រូ​ណាមួយ។ បន្ថែម​ពីលើ​នេះ​ត្រូវតែ​ជា​អ្នក​ដែលមាន​ឆន្ទៈ​ក្នុង​ការបន្ត​អាជីព​ជា​គ្រូបង្រៀន​រយៈពេល​វែង​ក្នុង​វិស័យ​អប់រំ និង​មានការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ពង្រឹង​សិទ្ធ​អំណាច​ដល់​យុវជន។ កម្មវិធី​នេះ​ផ្តល់​សម្រាប់តែ​គ្រូបង្រៀន​នៅ​គ្រឹះស្ថានសាធារណៈ​តែប៉ុណ្ណោះ។

    បេក្ខជន​អាចដាក់​ពាក្យ​ឱ្យបាន​មុន​ថ្ងៃទី 10ខែកក្កដា​ខាងមុខនេះ ដោយ​បេក្ខជន​ទាំងអស់​ត្រូវបំពេញ​ពាក្យ​ស្នើរ​សុំ​តាមរយៈ​តំណរ https://bit.ly/37htRwe៕

  • កម្ពុជារំពឹងថានឹងអាចនាំស្រូវចេញបានចន្លោះពី 80ម៉ឺនទៅ1លានតោននៅឆ្នាំនេះ

    កម្ពុជារំពឹងថានឹងអាចនាំស្រូវចេញបានចន្លោះពី 80ម៉ឺនទៅ1លានតោននៅឆ្នាំនេះ

    ថ្មីៗនេះ​មន្ត្រីជាន់ខ្ពស់​ផ្នែក​កសិកម្ម​បាន​បញ្ជាក់ថា កម្ពុជា​រំពឹងទុក​ថា​នឹង​អាច​នាំ​ស្រូវ​ចេញ​បាន​ប្រមាណ​ចន្លោះ​ពី 80ម៉ឺន ទៅ1លាន​តោន​ក្នុង​ឆ្នាំ2020នេះ​បើទោះបីជា​ពិភពលោក​កំពុង​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ននេះ​ក៏ដោយ។

    ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​លើកឡើងថា យើង​អាច​ប៉ាន់ប្រមាណ​ថា​អង្គរ​ដែល​ប្រទេស​កម្ពុជា​យើង​នាំចេញ​ក្នុង​ឆ្នាំ2020នេះ​អាច​នឹង​ឡើង​រហូតដល់ 80ម៉ឺន​តោន ឬ​អាច​ឈានដល់​ទៅ1លាន​តោន ព្រោះ​ត្រឹម​រយៈពេល 5ខែ​ដើមឆ្នាំ2020នេះ​យើង​នាំចេញ​បាន​រហូតដល់​ទៅ​ជាង 356,000តោន​រួចទៅហើយ។

    គួរ​បញ្ជាក់ថា ក្នុងចំណោម​ទីផ្សារ​ស្រូវ​អង្ករ​កម្ពុជា​ទាំងអស់​មាន​ប្រទេស​ចិន​ប្រមាណ 25.6% សហគមន៍​អឺរ៉ុប 56% និង​ទីផ្សារ​អាស៊ាន 45.39%៕

  • រីករាយជាមួយការបើកដំណើរការឡើងវិញនៃភោជនីយដ្ឋានអ៊ីតាលី Do Forni នៅក្នុងសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា

    រីករាយជាមួយការបើកដំណើរការឡើងវិញនៃភោជនីយដ្ឋានអ៊ីតាលី Do Forni នៅក្នុងសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា

    នា​ថ្ងៃ​ចន្ទ ទី15 ខែមិថុនា ឆ្នាំ2020នេះ ភោជនីយដ្ឋាន Do Forni ដែលជា​ភោជនីយដ្ឋាន​អ៊ីតាលី​ដ៏​ល្បីល្បាញ ស្ថិតនៅក្នុង​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា បាន​បើក​បម្រើ​អាហារ​អ៊ីតាលី​ដ៏​ឆ្ងាញ់​ពិសា​ជូន​ដល់​អតិថិជន​ជាថ្មី​ជាមួយនឹង​ការផ្តល់ជូន​នូវ​បទពិសោធន៍​នៃ​ការទទួល​ទាន​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់ អមដោយ​មុខម្ហូប​ថ្មី ប្រភេទ​ស្រា​វ៉ា​ញ​ថ្មី និង​បរិយាកាស​ថ្មី​ប្លែក​អារម្មណ៍។  ជាមួយនឹង​ស្នាដៃ​ចម្អិន​អាហារ​ដ៏​ជំនាញ​របស់​មេ​ចុងភៅ​ជនជាតិ​អ៊ីតាលី លោក Valentino Chirico បានធ្វើ​ការច្នៃ​បង្កើត​នូវ​មុខម្ហូបថ្មីៗជាច្រើន ដែល​ធ្វើឱ្យ​មុខម្ហូប​អ៊ីតាលី​នៅ​ភោជនីយដ្ឋាន Do Forni កាន់តែ​ពិសេស​ឡើង​ថែមទៀត។  លោក​បានធ្វើ​ការច្នៃ​មុខម្ហូប​អ៊ីតាលី​បែប​ប្រពៃណី ទទួលទាន​ជាមួយនឹង​ស្រា​ជាង60ប្រភេទ ដែល​សុទ្ធសឹង​ជា​ប្រភេទ​វ៉ា​ញ​ដ៏​ល្អ​បំផុត ដើម្បី​ជួយ​បង្កើន​នូវ​បទពិសោធន៍​នៃ​ការទទួល​ទាន​អាហារ​អ៊ីតាលី​កាន់តែ​ឈ្ងុយឆ្ងាញ់ និង​កាន់តែ​ពិសេស​ឡើង។

    បញ្ជី​មុខម្ហូប​ថ្មី​នៅ​ភោជនីយដ្ឋាន Do Forni មាន​គ្រឿង​សមុទ្រស្រស់ៗ រួមទាំង​មុខម្ហូប​ពិសេស​ប្រចាំ​ភោជនីយដ្ឋាន​ជាច្រើន​មុខ​ទៀត ដូចជា ខ្យង​ស្កា​ឡប់​នៃ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ជាមួយ​ទឹកជ្រលក់​សា​ហ្វ្រ៊​ន មី​ផា​ស្តា​ខ្មៅ​ជាមួយ​បង្កង ត្រី​ឆ្ពុង​ចៀន​ជាមួយ​ទឹក​ប៉េងប៉ោះ និង​ស្តេ​ក​សាច់គោ​អូស្ត្រាលី​ដែលជា​ប្រភេទ​សាច់គោ​កសិដ្ឋាន​បែប​ធម្មជាតិ​នៃ​តំបន់ Cape Grim នៃ​កោះ Tasmania សាច់​ផ្អែម ឆ្ងាញ់​ជាប់ចិត្ត។

    ភោជនីយដ្ឋាន Do Forni មិន​ត្រឹមតែ​ធ្វើការ​កែប្រែ​បញ្ជី​មុខម្ហូប​ថ្មី​ប៉ុណ្ណោះ​ទេ ភោជនីយដ្ឋាន​ក៏បាន​ផ្លាស់ប្តូរ​រចនាបទ​នៃ​ភោជនីយដ្ឋាន​ថ្មី​ផងដែរ ដើម្បី​ទទួល​ស្វាគមន៍​អតិថិជន​ជាថ្មី​ម្តងទៀត​ជាមួយនឹង​បរិយាកាស​ថ្មី កាន់​តែមាន​ផាសុកភាព​ខ្ពស់ មាន​បង្អួតធំៗស្រឡះ​ល្អ អមដោយ​សា​ឡុង​ស្បែក​ពណ៌​ប្រផេះ​ក្រមៅ និង​កៅអី​ពណ៌​ស្លា​ទុំ ព្រមជាមួយ​នឹង​ឈុត​សម្លៀកបំពាក់​ថ្មី​របស់​បុគ្គលិក​នៅក្នុង​ភោជនីយដ្ឋាន​នឹង​ផ្តល់នូវ​បទពិសោធន៍​ថ្មី​ជូន​ដល់​អតិថិជន​ទាំងអស់។

    ស្ថិតនៅក្នុង​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ដែលជា​សណ្ឋាគារ​លំដាប់​ផ្កាយ5 ភោជនីយដ្ឋាន​អ៊ីតាលី Do Forni ត្រូវបានគេទទួលស្គាល់​ថា ជា​ភោជនីយដ្ឋាន​អ៊ីតាលី​ដ៏​ល្អ​បំផុត​នៅក្នុង​រាជធានី​ភ្នំពេញ ដែលជា​កន្លែង​បម្រើ​នូវ​មុខម្ហូប​អ៊ីតាលី​ពិតប្រាកដ ត្រូវបាន​រៀបចំឡើង​ដោយ​ប្រើប្រាស់​គ្រឿងផ្សំថ្មីៗ និង​ល្អ​បំផុត។  នៅក្នុង​ភោជនីយដ្ឋាន​នេះ​ក៏មាន​ផ្ទះបាយ​បែប​បើកចំហរ​នៅ​ចំ​កណ្តាល​ភោជនីយដ្ឋាន និង​តុ​ទទួលទាន​អាហារ​បែប​រ៉ូ​មែន​ទិ​ក​សម្រាប់​គូស្នេហ៍ ជាពិសេស​សម្រាប់​អាហារ​ពេល​ល្ងាច​ដ៏​រ៉ូ​មែន​ទិ​ក និង​សម្រាប់​ការទទួល​ទាន​អាហារ​ជួបជុំ​មិត្តភក្តិ ក្រុមការងារ ដៃគូ​មុខ​ជំនួញ និង​ញាតិមិត្ត​បងប្អូន​ផងដែរ។

    សូម​ចូលរួម​អបអរសាទរ​ការបើក​ដំណើរការ​ភោជនីយដ្ឋាន​អ៊ីតាលី Do Forni ជាថ្មី​ជាមួយនឹង​មុខម្ហូប​ថ្មី អមដោយ​បរិយាកាស​ថ្មី​ដ៏​រីករាយ​នៅ​ភោជនីយដ្ឋាន Do Forni។

    សូម​ធ្វើការ​កក់​តុ​ជាមុន​តាមរយៈ​គេហទំព័រ http://www.sofitel-phnompenh-phokeethra.com/restaurants-bars/do-forni/ ឬ​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ 023 999 200។

    ភោជនីយដ្ឋាន​អ៊ីតាលី Do Forni រងចាំ​ស្វាគមន៍​លោកអ្នក​ជានិច្ច!

  • 4ចំណុចដែលធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជាឆ្នាំនេះមានសន្ទុះ និងទីផ្សារល្អជាងឆ្នាំ2019

    4ចំណុចដែលធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជាឆ្នាំនេះមានសន្ទុះ និងទីផ្សារល្អជាងឆ្នាំ2019

    នៅ​ឆ្នាំនេះ ការនាំចេញ​ស្រូវ​អង្ករ​នៅ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មានការ​កើនឡើង ហើយ​ចរន្ត​នេះ​អាច​ផ្តល់​ផល​វិជ្ជមាន​យ៉ាងច្រើន​ដល់​ប្រជាជន​ដែល​ភាគច្រើន​ជា​កសិករ​នៅតាម​តំបន់​នានា​ទូទាំងប្រទេស។

    សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​មើលឃើញថា​មាន​មូលហេតុសំខាន់ៗចំនួន4 ដែល​ធ្វើឱ្យ​ទីផ្សារ​ស្រូវ​អង្ករ​របស់​កម្ពុជា​នៅ​ឆ្នាំ2020នេះ មាន​សន្ទុះ និង​កំណើន​ល្អ​ជាង​ឆ្នាំ2019។ កត្តាសំខាន់ៗទាំងអស់នោះ​មានដូចជា៖

    កត្តា​ទី1 ទីផ្សារ​ចិន៖ ការចាប់ផ្តើម​អនុវត្ត​នូវ​កូតា​នាំចូល​ថ្មី​ចំនួន40ម៉ឺន​តោន ដែល​បានចាប់ផ្តើម​តាំងពី​ចុងខែ​ធ្នូ ឆ្នាំ2019 ក្នុងនោះ​កិច្ច​ព្រៀម​ព្រៀង​បឋម​ជាមួយ​ក្រុមហ៊ុននាំចេញរ​បស់​កម្ពុជា​ចំនួន4 លើ​បរិមាណ​ប្រមាណ125,000តោន នៅ​ទីក្រុង​សៀង​ហៃ កាលពី​ខែវិច្ឆិកា ឆ្នាំ2019។ កិច្ច​ព្រៀម​ព្រៀង​នេះ មិន​រា​ប់ប​ញ្ជូ​ល​ការនាំ​ចូល ដែល​ស្ថិតក្នុង​កូតា​របស់​តំបន់​ស្វ័យ​ត និង​តាម​បណ្តា​ខេត្តនីមួយៗរបស់​ចិន​នោះទេ គឺជា​កូតា​របស់​ក្រុមហ៊ុន Cofco តែប៉ុណ្ណោះ។ ការជំរុញ​ផ្សព្វផ្សាយ​បង្កើន​តម្រូវការ​អតិថិជន នៅ​ប្រទេស​ចិន ដោយមាន​កិច្ចសហប្រតិបត្តិការ​រ​វាង សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង ក្រុមហ៊ុន Cofco បានធ្វើការ​ប្រជុំ​ជា​លក្ខណៈ​បច្ចេកទេស ជាមួយ​មន្ត្រី​ក្រុមហ៊ុន Cofco ចិន រួចហើយ​កាលពី​ថ្ងៃទី27 ខែធ្នូ ឆ្នាំ2019 នៅ​រាជធានី​ភ្នំពេញ។

    កត្តា​ទី2៖ ទីផ្សារ​សហភាព​អឺរ៉ុប៖ ទីផ្សារ​នេះ​អាចមាន​កំណើន​បន្តិចបន្តួច ដោយសារ​ការទម្លាក់​អត្រា​យកពន្ធ​ពី​ចំនួន175 អឺរ៉ូ ក្នុង​ឆ្នាំ2019 មក​ត្រឹម​ចំនួន 150 អឺរ៉ូ ក្នុង​ឆ្នាំ2020។ តែ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ត្រូវ​បន្ត​ជំរុញ​ការផ្សព្វផ្សាយ​បន្ថែមទៀត នៅ​សហភាព​អឺរ៉ុប​តាមរយៈ​ព្រឹត្តិការណ៍សំខាន់ៗដូច Sail and Anuka។

    កត្តា​ទី3៖ ទីផ្សារ​អាស៊ាន៖ សម្រាប់​ទីផ្សារ ប្រទេស​ម៉ាឡេស៊ី និង​ព្រុយ​ណេ គឺ​កម្ពុជា​អាចឈរជើង​បានល្អ តែ​កម្ពុជា​អាច​ចាប់ផ្តើម ពិចារណា​ទីផ្សារ​ប្រទេស​ហ្វីលីពីន លើ​ប្រភេទ​អង្ករ​ក្រអូប ដែល​បច្ចុប្បន្ន​គឺមាន​តែ អង្ករ​របស់​ថៃ និង​វៀតណាម​ប៉ុណ្ណោះ​ចរាចរណ៍​លើ​ទីផ្សារ​នេះ តាម​ការអង្កេត​ទីផ្សារ​ក្នុង​ទីក្រុង​ម៉ានីល កាលពី​ថ្ងៃទី11 ខែវិច្ឆិកា 2019 របស់ មន្ត្រី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ។

    កត្តា​ទី4៖ ទីផ្សារផ្សេងៗទៀត៖ សម្រាប់​ទីផ្សារផ្សេងៗមាន​ជាអាទិ៍​ដូចជា ប្រទេស​កា​ប៉ុង និង​តំបន់​អា​ហ្វ្រិ​ច មាន​ហ្កា​ណា តូ​កូ​ជាដើម អាច​នៅ​បន្ត​រក្សាបាន​កំណើន។ តែ​ទីផ្សារ​ប្រទេស​អូស្ត្រាលី អាច​បន្ត​កើនឡើង​បន្ថែមទៀត ជាពិសេស​ប្រភេទ​អង្ករ​សរីរាង្គ៕

  • គួរចាប់ផ្តើមបង្ហាត់កូនតូចឱ្យចេះចូលបន្ទប់ទឹកដោយខ្លួនឯងនៅពេលណាល្អ?

    គួរចាប់ផ្តើមបង្ហាត់កូនតូចឱ្យចេះចូលបន្ទប់ទឹកដោយខ្លួនឯងនៅពេលណាល្អ?

    តើគួរចាប់ផ្តើមបង្ហាត់កូនតូចឱ្យចេះចូលបន្ទប់ទឹកដោយខ្លួនឯងនៅពេលណាល្អ? ឡារ៉ែនជឿថា លោកឪពុកអ្នកម្តាយជាច្រើននាក់ប្រហែលជាមិនទាន់ច្បាស់ក្នុងចិត្តនៅឡើយទេថា បើចង់ឱ្យកូនតូចចាប់ផ្តើមរៀនប្រើប្រាស់បន្ទប់ទឹកដោយខ្លួនឯងនោះ តើគួរចាប់ផ្តើមនៅពេលកូនតូចស្ថិតក្នុងអំឡុងអាយុប៉ុន្មានទើបស័ក្តិសម?។

    តាមរយៈព័ត៌មានដែលឡារ៉ែនស្រាវជ្រាវមកបាននោះគឺ “ភាពត្រៀមខ្លួនរួចជាស្រេចរបស់ក្មេងម្នាក់ៗមិនដូចគ្នាទេ” ទោះជាក្មេងៗទាំងនោះមានភេទ និងស្ថិតក្នុងវ័យដូចគ្នាក៏ដោយ ក៏ភាពត្រៀមខ្លួនរួចជាស្រេច ខុសពីគ្នាដែរ។ បើដូច្នោះ តើធ្វើម៉េចទើបលោកឪពុកអ្នកម្តាយអាចដឹងបានទៅថា កូនតូចរបស់ខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការរៀនបន្ទោបង់ហើយ?។

    ដំបូងបង្អស់លោកឪពុកអ្នកម្តាយត្រូវសង្កេតមើលថា តើកូនតូចមានបង្ហាញសញ្ញាក្នុងការត្រៀមខ្លួនរួចជាស្រេចហើយឬនៅ​? សញ្ញាដែលថានេះគឺ សញ្ញានៃការត្រៀមខ្លួនរួចហើយក្នុងការឈប់ប្រើក្រណាត់កន្ទប ឬខោទឹកនោម។ ជាប្រក្រតី ក្មេងៗភាគច្រើនអាចចាប់ផ្តើមរៀនចូលបន្ទប់ទឹកបានក្នុងអំឡុងអាយុពី 18 – 24 ខែ តែក្មេងខ្លះអាចមានសញ្ញានៃភាពត្រៀមខ្លួនរួចជាស្រេចនេះមុន ឬក្រោយអំឡុងអាយុខាងដើមនេះក៏អាចថាបានដែរ។

    តើមានសញ្ញានៃភាពត្រៀមខ្លួនរួចជាស្រេចអ្វីខ្លះដែលលោកឪពុកអ្នកម្តាយគួរដឹងថា មានសញ្ញាអ្វី និងយ៉ាងណាខ្លះនោះ សូមអានអត្ថបទនេះជាបន្ត។

    – កូនតូចអាចធ្វើតាម ឬប្រតិបត្តិខ្លួនតាមពាក្យណែនាំ និងអាចធ្វើតាមបញ្ជាស្រួលៗបាន និងនៅត្រូវយល់ដឹងថា ប៉ាម៉ាក់និយាយពីអ្វី ដូចជា ប្រាប់ឱ្យក្រោក អង្គុយ ដើរ ឈរ ដោះខោ ចាបយករបស់អ្វីម្យ៉ាងបានដោយខ្លួនឯង ជាដើម ។ល។

    – កូនតូចត្រូវតែយល់ពីពាក្យងាយៗស្រួលៗដែលពាក់ព័ន្ធនឹងការប្រើប្រាស់បន្ទប់ទឹក ដូចជា នោម ឬជុះ ឬក៏ការបបួលគ្នាទៅចូលបន្ទប់ទឹកជាដើម។

    – កូនតូចអាចទ្រាំទប់អាការឈឺនោមបាន ដោយអាចសង្កេតបានតាមរយៈក្រណាត់កន្ទប ឬខោទឹកនោមដែលកូនស្លៀកនោះនៅស្ងួតរហូតរយៈពេល 2 ម៉ោង ឬយូរជាងនោះ។

    – កូនតូចត្រូវតែអាចប្រាប់ពីតម្រូវការឱ្យឪពុកម្តាយដឹង និងយល់បាន ដូចជា កូនអាចប្រាប់ថា ឈឺពោះបត់ជើងធំ ឬបត់ជើងតូចបាន ឬមានការធ្វើទឹកមុខ ឬសម្តែងអកប្បកិរិយាថាចង់ចូលបន្ទប់ជាដើម។

    – កូនតូចល្មមអាចជួយខ្លួនឯងបានហើយ ដូចជា អាចដើរទៅបន្ទប់ទឹកបានដោយខ្លួនឯង អាចចេះដោះ – ស្លៀកខោ ឬទាញក្រណាត់កន្ទប ឬខោទឹកនោមចេញពីខ្លួនបាន។

    – សញ្ញានៃភាពត្រៀមខ្លួនរួចហើយដែលកូនតូចបង្ហាញពីចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់បន្ទប់ទឹក ដូចជា កូនតូចអាចអង្គុយលើបង្គន់បត់ជើង – ក្រោកចេញវិញ ឬចុចទឹកសម្អាតបាន ឬការដែលឃើញកូនតូចព្យាយាមលេងធ្វើត្រាប់ការប្រើប្រាស់បន្ទប់ទឹកជាដើម។

    នៅពេលមើលឃើញសញ្ញានៃភាពត្រៀមខ្លួនរួចហើយទាំងនេះ លោកឪពុកអ្នកម្តាយអាចចាប់ផ្តើមបង្រៀនបានហើយ ដោយ បង្រៀនបែបសន្សឹមៗ កុំបង្ខំ។ ក្នុងអំឡុងពេលបង្ហាត់នេះ បើកូនតូចមិនព្រមប្រតិបត្តិតាម ក៏កុំទៅថាឱ្យ ឬបន្ទោសកូនដោយក្តីខឹងមួម៉ៅឱ្យសោះ និងអ្វីដែលសំខាន់នោះ គឺលោកឪពុកអ្នកម្តាយមិនគួរបង្ខំកូនឱ្យចូលបន្ទប់ទឹកដោយខ្លួនឯងនោះឡើយ៕

  • នាឡិកាឆ្លាតវៃ Smart Watch និងកាស Buds Air Neo ដែលបានដាក់សម្ពោធនេះនឹងក្លាយជា ផលិតផលAIot ទី១សម្រាប់យុវវ័យផងដែរ

    នាឡិកាឆ្លាតវៃ Smart Watch និងកាស Buds Air Neo ដែលបានដាក់សម្ពោធនេះនឹងក្លាយជា ផលិតផលAIot ទី១សម្រាប់យុវវ័យផងដែរ

    realme គឺជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដែល​រីកលូតលាស់​លឿន​ជាងគេ​បំផុត​នៅលើ​ពិភពលោក ហើយនឹង​បានដាក់​ប្រកាស​ជា​ផ្លូវការ​នូវ​នាឡិកាដៃ​ឆ្លាត​វៃ realme Watch និង​កាស Buds Air Neo នៅ​ថ្ងៃទី ១៦ ខែមិថុនា​នេះ និង​បានប្រកាស​ជា​ផ្លូវការ​ថា​អាជីវកម្ម AIoT នឹង​ចូលមក​ទីផ្សារ​កម្ពុជា​យ៉ាង​ពេញលេញ។

    នាឡិកា​ឆ្លាត​វៃ realme ជំនួយការ​សុខភាព​ប្រចាំថ្ងៃ 24/7 ដែលមាន​រចនាបទ​ទំនើប​ទាន់សម័យ

    ជាមួយគ្នានេះដែរ realme បាន​រក្សារ​ទម្រង់​រចនា​បថ​ទំនើប​ទាន់សម័យ ដើម្បី​បំពេញតម្រូវការ​សោភ័ណភាព​សម្រាប់​យុវវ័យ។ នាឡិកាដៃ​ឆ្លាត​វៃ realme Watch នឹង​អាចបំពេញ​តម្រូវការ​យុវវ័យ​ដែល​បញ្ជាក់​ពី​បុគ្គលិកលក្ខណៈ​របស់​ពួកគេ។ ជាមួយ​ផ្ទៃមុខ​នាឡិកា​ទាំង12 ដែលមាន​ស្រាប់ ហើយ​អ្នក​ក៏​អាច​ទាញយក​ផ្ទៃមុខ​នាឡិកា​ជាង​មួយរយ​ទៀត​បាន​តាមរយៈ OTA ផងដែរ។

    ជាមួយនឹង​សម្ថ​ភាព​ឧបករណ៍​ឈានមុខ​គេ នាឡិកា​ឆ្លាត​វៃ realme Watch មាន​បំពាក់​នូវ​អេក្រង់​ពណ៌​ថាច់​ស្គ្រី​ន 1.4 អ៊ី​ញ និង​មានកំ​រិត​បង្ហាញ​ខ្ពស់ 320*320 ភី​កសែ​ល​រួម​ជាមួយនឹង​ស​ន្ទ​ស្សន៍​កំហាប់​ភី​កសែ​ល​ដល់​ទៅ 323 PPI។

    អេក្រង់​ត្រូវបាន​ការពារ​ដោយ​កញ្ជក់ Corning Gorilla Glass ហើយ​កម្រិត​ពន្លឺ​មាន​ដល់​ទៅ380 nits។ ទាំងនេះហើយ​ដែល​ធ្វើអោយ​នាឡិកា​ឆ្លាត​វៃ realme Watch មាន​ភាព​លេចធ្លោ​នៅក្នុង​ផលិតផល​ដែលមាន​ជួរ​តម្លៃ​ប្រហែល​គ្នា​នេះ ដោយមាន​គុណភាព​ខ្ពស់​និង​មានការ​ងាយស្រួល​ក្នុងការ​បញ្ជា។

    នាឡិកា​ឆ្លាត​វៃ realme Watch  គឺជា​ជំនួយការ​សុខភាព​ដ៏​ល្អ វា​ត្រូវបាន​បំពាក់​ជាមួយ​អង្ក​ចាប់ ចង្វាក់បេះដូង PPG អុ​ប​ទិ​ក ដែលមាន​កម្រិត​ត្រឹមត្រូវ​ខ្ពស់ ហើយ​គាំទ្រ​ការ​ត្រួ​ពិនិត្យ​ចង្វាក់បេះដូង 24 /7 និង​អាច​វាស់​ចង្វាក់បេះដូង​បាន​យ៉ាង​រហ័ស​និង​ត្រឹមត្រូវ។ វា​នឹង​ជូនដំណឹង​ដល់​អ្នក​ខណៈ​ពេលណា​ដែល​ចង្វាក់បេះដូង​ខ្ពស់​ឬ​ទាប​ពេក។ វា​គាំទ្រ​នូវ កីឡា​ចំនួន 14 ប្រភេទ, ត្រួតពិនិត្យ​កម្រិត​អុកស៊ីសែន​ក្នុង​ឈាម, តេស្ត​សមត្ថភាព​កីឡា​អេ​រ៉ូ​ប៊ិក, គណនា​ការរាប់​ជំហាន, ការ​រំលឹក​ក្នុងការ​អង្គុយ​យូរ, ការ​រំលឹក​ការផឹក​ទឹក, ការត្រួតពិនិត្យ​ដំណេក និង​លំ​ហាត់​សមាធិ។

    រចនាបទ​ទាន់សម័យ​ដោយ​ប្រព័ន្ធ​ឥត​ខ្សែ​ពិតប្រាកដ —— កាស realme Buds Air Neo

    កាស realme Buds Air Neo ត្រូវ​បានដាក់​សម្ពោធ​លក់​ក្នុងនាម​ជា​កាស​ស្តាប់​ឥត​ខ្សែ​ថ្មី​ពិតប្រាកដ របស់ realme។ កាស Buds Air Neo នេះ​គឺជា​កំណែ​ជំនាន់​ថ្មី​នៃ​ម៉ូ​ដែល Buds Air ដែល realme សម្ពោធ​លក់​កាលពី​ឆ្នាំមុន។ កាស​ថ្មី​នេះ​បំពាក់​ជាមួយ​អង្គ​បំពង​សម្លេង​ធំ​ជាង​ជំនាន់​មុន ដែលមាន​ទំហំ 13mm។ ហើយ​អ្នក​ក៏​នឹង​ទទួលបាន​នូវ​បទពិសោធន៍​លេង​ហ្គេម​ដ៏​ជក់ចិត្ត ដោយ​កាស​ដែលមាន​ភាព​រហ័ស កម្រិត​យឺតយ៉ាវ​របស់​វា​អាច​ធ្លាក់​ដល់ 119.2ms។ កាស realme Buds Air Neo ត្រូវបាន​ផលិតឡើង​ក្នុង​រចនាបថ​ការពារ​ទឹក ដែលមាន​វិញ្ញាបនបត្រ​ស្តង់ដារ IPX4-។

    មជ្ឈមណ្ឌល​កណ្តាល​ឆ្លាត​វៃ នៃ AIoT និង​ជា​ដៃគូ​ដ៏​ល្អ​បំផុត​សម្រាប់​ស្មា​ត​ហ្វូ​ន​របស់​អ្នក

    នាឡិកា​ឆ្លាត​វៃ realme មាន​មុខងារ​ជាច្រើន។ ជាមួយនឹង​កម្មវិធី realme Link វា​មិន​ត្រឹមតែ​អាច​កត់ត្រា​ទិន្នន័យ​ការធ្វើ​លំ​ហាត់ប្រាណ និង​រាងកាយ​របស់​អ្នក​ប៉ុណ្ណោះ​ទេ ជាមួយនឹង​កម្មវិធី realme Link វា​ក៏​អា​ចត​ភ្ជាប់​ជាមួយ​ស្មា​ត​ហ្វូ​ន​របស់​អ្នក ដើម្បី​ចាក់​ភ្លេង ឬ​ថតរូប។ លើសពីនេះទៅទៀត វា​មាន​មុខងារ​ជូនដំណឹង​ឆ្លាត​វៃ ដែល​រួមមាន​ការហៅ​ទូរស័ព្ទ ការ​រំលឹក​សារ ការជូនដំណឹង​នានា ការមើល​ឧតុនិយម​និងផ្សេងៗទៀត ដែល​ធ្វើឱ្យ​វា​ក្លាយជា​ដៃគូ​ដ៏​ល្អ​បំផុត​សម្រាប់​ស្មា​ត​ហ្វូ​ន​របស់​អ្នក។

    ឥឡូវនេះ realme បាន​នាំចូល​នូវ​ដុំ​សាក​ថ្ម​ចល័ត powerbank 2.0 មកកាន់​ប្រទេស​កម្ពុជា ជាមួយនឹង​មុខងារ fast charge 18W គាំទ្រ​ឱ្យ​អ្នកមាន​ការ​សាក​ថ្ម​ល្បឿន​លឿន​ដូចគ្នា​ទៅនឹង​ការ​សាក​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ជាមួយនឹង​ឆ្នាំង​សាក​អ្នក​ដែរ ។ ការការពារ​សៀគ្វី​ពហុ​ស្រទាប់​នឹង​ជួយ​ធានា​នូវ​សុវត្ថិភាព នៅពេល​កំពុងមាន​ល្បឿន​លឿន​ផងដែរ។

    នាឡិកា​ឆ្លាត​វៃ realme ដែលមាន​មុខងារ SpO2 ត្រូវបាន​ប្រកាស​លក់​ក្នុងតម្លៃ 69$,  កាស Buds Air Neo ត្រូវបាន​ប្រកាស​លក់​ក្នុងតម្លៃ 59$,  ហើយ​ដុំ​សាក​ថ្ម​ចល័ត 18W flash charge powerbank មានតម្លៃ 22$ ទាំងនេះ​គឺជា​ឈុត​ទី១នៃ​ផលិតផល AIoT សម្រាប់​យុវវ័យ ។

    ចាប់ពីពេលនេះ​ដល់ ម៉ោង 12 រសៀល ថ្ងៃទី17 ការ​ជាវ​ទិញ​ផលិតផល AIoT ទាំងអស់​នៅ​Smile Shop នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ណា៎!

    សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម សូម​ចូល​មើល​តាម​តំណ​ខាងក្រោម៖ http://suo.im/5FVCxi

    ព័ត៌មាន​លម្អិត​បន្ថែម សូម​ចូលទៅ​កាន់​ផេ​ក​ផ្លូវការ​របស់​realme  ៖ https://bit.ly/3cZO4YE

  • អ្នកដែលមានបញ្ហាភ្នែក Microsoft នឹងអាប់ឌែតមុខងារ Accessibility ជូនជាពិសេស

    អ្នកដែលមានបញ្ហាភ្នែក Microsoft នឹងអាប់ឌែតមុខងារ Accessibility ជូនជាពិសេស

    នៅលើ Windows 10 ក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុន Microsoft នឹងធ្វើ​ការកែសម្រួល​មុខងារ​មួយចំនួន ដើម្បី​ជា​ជំនួយ​ក្នុងការ​ប្រើប្រាស់។

    មូលហេតុ គឺ​បណ្ដាលមកពី ពេលដែល​មនុស្ស​យើង​កាន់តែ​មាន​វ័យ​ចំណាស់ ភ្នែក​របស់​យើង​ក៏​កាន់តែ​អន់​ទៅតាម​នោះដែរ ដែល​ធ្វើឱ្យ​យើង​ពិបាក​មើល ជាពិសេស​ពេលដែល​យើង​មើល​អេក្រង់​កុំព្យូទ័រ​តែម្ដង ជួនកាល​ផលវិបាក​នេះ ក៏​អាច​កើតមានឡើង​ជាមួយ​អ្នក​ដែលមាន​វ័យក្មេង​ផងដែរ។

    ការកែសម្រួល​មុខងារ​មួយចំនួន គឺ​ដើម្បីឱ្យ​អ្នក​ដែល​ពិបាក​ក្នុង​ការមើល ឬ​មើល​ពុំ​ឃើញ​នោះ ងាយស្រួល​ក្នុងការ​ប្រើប្រាស់។

    -Text Cursor: លោកអ្នក​អាចធ្វើ​ការផ្លាស់ប្ដូរ​ទំហំ

    -Cursor និង​ប្ដូរ​ពណ៌ ដើម្បី​ងាយស្រួល​ក្នុង​ការមើល ដោយ​វា​មាន​បន្ថែម​ចំណុច2 នៅចុងៗនៃ cursor ដែល​អាច​កំណត់ឱ្យ​វា​តូច ឬ​ធំ​បាន (text cursor indicator) នៅលើ​វា​ផងដែរ។

    -Screen reader (មុខងារ​អាន​លើ​អេក្រង់): ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​ក្នុង​ការអាន​លើ​អេក្រង់ ដោយ​កែសម្រួល​សំឡេង​ឱ្យ​ស្រដៀង​ទៅនឹង​ការនិយាយពិត។

    ម្យ៉ាងវិញទៀត វា​មាន​ចំណុច​ពិសេស​មួយ គឺ Smarter browsing ដើម្បី​ចៀសវាង​ការចូល​ក្នុង​គេហទំព័រ​ខុស មុខងារ​នេះ​នឹង​អាន​ទាំង​អាសយដ្ឋាន​របស់​គេហទំព័​រ​ផងដែរ ហើយ​វា​អាច​ប្រើ​បាន​ទាំង​នៅលើ Firefox និង Chrome។

    -Outlook មែ​ល: វា​ពិតជា​ធ្វើឱ្យមាន​ភាពងាយស្រួល​ច្រើន​ក្នុងការ​ប្រើប្រាស់ Outlook ដោយ​វា​អាច​ចាប់យក​សារបាន​យ៉ាង​ឆាប់រហ័ស នៅពេល​លោកអ្នក​បើក​សារ ហើយ​វា​ធ្វើ​ការអាន​សារ​ទាំង​នោះបាន​តែម្តង ដោយ​មិនបាច់​ឱ្យ​យើង​ពិបាក​ក្នុង​ការអាន​សារ​នោះឡើយ គឺ​គ្រាន់តែ​ស្តាប់​ជាការ​ស្រេច៕

  • វិធីការពារ ពីការឆបោកតាមលេខខលទូរស័ព្ទពីក្រៅប្រទេស ដែលអ្នកពុំធ្លាប់ស្គាល់

    វិធីការពារ ពីការឆបោកតាមលេខខលទូរស័ព្ទពីក្រៅប្រទេស ដែលអ្នកពុំធ្លាប់ស្គាល់

    បច្ចុប្បន្ន​យើង​សង្កេតឃើញថា ពលរដ្ឋ​កម្ពុជា​មួយចំនួនធំ បានទទួល​ការហៅ​ចូល​ទូរស័ព្ទ ពី​ក្រៅប្រទេស ដូចជា ប្រទេស​ម៉ាឡាវី អាហ្វ្រិក នី​ហ្សេ​រី​យ៉ា ប៉ា​គី​ស្ថាន ឬ ប្រទេស​រុស្ស៊ី​ជាដើម។

    ទន្ទឹមនឹងនេះ ពលរដ្ឋ​ហាក់​មាន​ចម្ងល់​អំពី​បញ្ហា Missed Call និង​មាន​សំណួរ​មួយចំនួន ដូចខាងក្រោម៖ តើន​រណា​ដែល​បានធ្វើការ​ខ​ល​ចូល​លេខ​ទូរស័ព្ទដៃ​របស់​យើង? តើ​អ្នក​ដែល​កំពុងធ្វើការ​ហៅចូល​មកនេះ ពួកគេ​មានបំណង​អ្វី​ពិតប្រាកដ? តើ​ការ​ហៅចូល​ទូរស័ព្ទ​នេះ ជាការ​ឆបោក ឬ​អាចជា​ការព្យាយាម​ហ៊ែ​ក​គណនី?

    ដើម្បី​ស្រាយ​ចម្ងល់​ខាងលើ ក្រុមការងារ​នាយកដ្ឋាន​ព័ត៌មានវិទ្យា បានធ្វើ​ការពន្យល់​ដោយ​សង្ខេប​ដូចខាងក្រោម៖

    ការ​ហៅចូល​ទូរស័ព្ទ​ដោយ​ប្រើប្រាស់​លេខប្លែកៗ ដែល​អ្នក​ពុំដែល​ស្គាល់ គឺជា​គម្រោង​ឆបោក​ប្រាក់ (Money Scam) ដែលមាន​ឈ្មោះថា “Callback Scam ឬ​ហៅ​ម្យ៉ាង​ទៀតថា One-Ring Scam”។

    Callback Scam ជា​បច្ចេកទេស​កាត់​ប្រាក់​ពី​គណនី​ទូរស័ព្ទ​ជនរងគ្រោះ ដោយ​ប្រើប្រាស់​សេវា ដែល​ហៅថា International Premium Rate Number (IPRN)។

    ក្រុម​បណ្តាញ​ឧក្រិដ្ឋជន​ដែលមាន​អង្គការ​ចាត់តាំង បាន​ទិញ​សេវា​លេខ​ទូរស័ព្ទ IPRN ពី​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ ធ្វើការ​ខ​ល​ចេញពី​ក្រៅប្រទេស ទៅលើ​គោលដៅ​នានា​ជុំវិញ​ពិភពលោក គោលដៅ​ទាំងនោះ ក៏​រួមទាំង​ពលរដ្ឋ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផងដែរ។

    តើ​អ្នក​អាច​បាត់បង់​ប្រាក់​ពី​គណនី​ទូរស័ព្ទ​ដោយ​របៀប​ណា? ឧក្រិដ្ឋជន​ធ្វើការ​ខ​ល​ចូល​លេខ​ទូរស័ព្ទ​ជនរងគ្រោះ ពី​ប្រទេស​ម៉ាឡាវី (+265) អាហ្វ្រិក (+27) នី​ហ្សេ​រី​យ៉ា (+234) ប៉ា​គី​ស្ថាន (+92) ឬ​ប្រទេស​រុស្ស៊ី (+7) ជាដើម។ បន្ទាប់ពី​ខ​ល​ចូល ពួកគេ​នឹង​កាត់ផ្តាច់​ការហៅ​ចូល ដែល​នឹង​បង្ហាញ​ពាក្យ​ថា Missed Call នៅលើ​ទូរស័ព្ទ​ជនរងគ្រោះ។ នៅពេល​ជនរងគ្រោះ​ធ្វើការ​ខ​ល​ទូរស័ព្ទ​ទៅវិញ តម្លៃ​សេវា គឺមាន​តម្លៃ​ថ្លៃ និង​កាត់​ពី​គណនី​ទូរស័ព្ទ​ជនរងគ្រោះ​ដោយ​ស្វ័យប្រវត្តិ។ ក្រុម​ឧក្រិដ្ឋជន នឹង​ទទួលបាន​ប្រាក់​កម្រៃជើងសា (Commission) ពី​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ។

    តើ​អ្នក​ត្រូវធ្វើ​ដូចម្តេច ដើម្បី​ការពារ​ពី​ការ​ឆបោក (Callback ឬ One-Ring Scam) នៅពេល​ទទួល​បានការ​ហៅចូល​ទូរស័ព្ទ​ពី​ក្រៅប្រទេស ប្រើប្រាស់​នូវ​លេខ​ទូរស័ព្ទ​ដែល​អ្នក​ពុំ​ធ្លាប់​ស្គាល់?

    *សូមតាមអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖

    -ធ្វើការ Save លេខ​ទូរស័ព្ទ​ទុក​នឹង​ព្យាយាម​ទាក់ទង​តាមរយ:កម្មវិធី WhatsApp, Telegram, ឬ SMS។

    -ត្រូវ​ចៀសវាង​កា​រខ​ល​ទូរស័ព្ទ​ត្រឡប់​ទៅវិញ ព្រោះ​លេខ​នោះ​អាចជា IPRN។

    ចូរ​ប្រើប្រាស់​កម្មវិធី​សម្រាប់​ទូរស័ព្ទដៃ​ក្នុងការ​ស្វែងរក​ប្រភព​លេខ​ទូរស័ព្ទ ដូចជា​កម្មវិធី TrueCaller ជាដើម។ ធ្វើការ​រាយការណ៍​ទៅកាន់​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​របស់​អ្នក។ ធ្វើការ Block លេខ​ទូរស័ព្ទ​សង្ស័យ​ចោល ដោយ​ប្រើប្រាស់​កម្មវិធី​ដែលមាន​ស្រាប់​ក្នុង​ទូរស័ព្ទដៃ​របស់​អ្នក៕

    ប្រភព៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ

  • លទ្ធផលវគ្គ 8ក្រុមចុងក្រោយ HUN SEN CUP 2020

    លទ្ធផលវគ្គ 8ក្រុមចុងក្រោយ HUN SEN CUP 2020

    ការចាប់គូប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី14 ឆ្នាំ2020 (ថ្នាក់ខេត្ត) វគ្គ1/4 ផ្តាច់ព្រ័ត្រ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា ទើបតែបញ្ចប់កាលពីថ្ងៃទី15 ខែមិថុនា ឆ្នាំ2020 ម្សិលមិញនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

    សម្រាប់ការផ្គូផ្គងក្រុមដែលនឹងបានឡើងទៅវគ្គ 8ក្រុមចុងក្រោយ ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមដែលនៅខាងមុខ ដែលត្រូវបានចាប់ឆ្នោតចំ មុននឹងធ្វើជាម្ចាស់ផ្ទះ ខណៈក្រុមដែលចាប់តាមក្រោយ គឺជាក្រុមភ្ញៀវ មានលទ្ធផលដូចខាងក្រោម៖

    សៀមរាប ប្រកួតជាមួយ កណ្ដាល
    ព្រៃវែង ប្រកួតជាមួយ កោះកុង
    កំពង់ស្ពឺ ប្រកួតជាមួយ ត្បូងឃ្មុំ
    កែប ប្រកួតជាមួយ កំពង់ឆ្នាំង

    ចំពោះពានរង្វាន់ថ្នាក់ខេត្តនេះ ក្រុមជើងឯក, ជើងឯករង, លេខ៣ និងលេខ៤ នឹងទទួលបានកៅអីទៅវគ្គ 16ក្រុម ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ដោយត្រូវប្រកួតប្រជែងជាមួយក្លិប12 ផ្សេងទៀតនៅក្របខ័ណ្ឌ Metfone Cambodian League លើកលែងតែក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ដែលមិនចូលរួមប្រកួតក្នុងពានរង្វាន់នេះឡើយ៕