Author: ធឿន មករា

  • ព្រលានយន្តហោះពោធិ៍ចិនតុងនឹងប្តូរតួនាទីក្រោយព្រលានយន្តហោះអន្តរជាតិថ្មីដំណើរការ

    ព្រលានយន្តហោះពោធិ៍ចិនតុងនឹងប្តូរតួនាទីក្រោយព្រលានយន្តហោះអន្តរជាតិថ្មីដំណើរការ

    បច្ចុប្បន្ននេះ​កម្ពុជា​បាន​សាងសង់​ព្រលានយន្តហោះ​ថ្មី​ដែល​ធំ​ជាង​មុន​លើ​ទឹកដី​ខេត្តកណ្តាល និង​ផ្នែក​ខ្លះ​នៃ​ខេត្តតាកែវ ដោយ​អាកាសយានដ្ឋាន​នេះ​នឹង​អាច​ទទួល​យន្តហោះ​ខ្នាត​ធំ​ឆ្លង​ទ្វីប​បាន ដើម្បី​ជំរុញ​ភ្ញៀវ​ទេសចរណ៍ ក៏ដូចជា​ប្រជាជន​លើ​ប្រ​ពិភពលោក​មកកាន់​កម្ពុ​ជា​កាន់តែច្រើន។

    ទោះជា​យ៉ាងនេះ​ក្តី​អាកាសយានដ្ឋាន​អន្តរជាតិ​ពោធិ៍ចិនតុង​ក៏ត្រូវ​រក្សា​ទុកជា​ព្រលានយន្តហោះ​ដដែល តែ​ត្រូវ​ផ្លាស់ប្តូរ​មុខងារ​ខ្លះ។

    សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បញ្ជាក់ថា ព្រលានយន្តហោះ​ពោ​ធន៍​ចិន​តុង​ត្រូវ​ទុកជា​ព្រលានយន្តហោះ​ដដែល​បើទោះបី​ជាមាន​ព្រលានយន្តហោះ​ថ្មី​ក៏ដោយ តែ​វា​ត្រូវ​បន្ថែម​មុខងារ​ថ្មី។ មុខងារ​សំខាន់​ទី1 គឺ​ទុកជា​ព្រលានយន្តហោះ​សម្រាប់​យោធា មុខងារ​ទី2 សម្រាប់​ការហោះហើ​ផ្ទៃក្នុង​ប្រទេស មុខងារ​ទី3 គឺ​ប្រើ​សម្រាប់​ដឹកជញ្ជូន​សម្ភារៈ និង​ទំនិញ​ផ្លូវអាកាស និង​មុខងារ​ទី4 សម្រាប់​ជា​ចំណត​របស់​ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រមុខរដ្ឋ​ជា​ភ្ញៀវ និង​ជា​កន្លែង​ចត​យន្តហោះ​ឯកជន (private jet)៕

  • អាយុ និងការរក្សាទុកថ្នាំសម្រាប់ក្មេង

    អាយុ និងការរក្សាទុកថ្នាំសម្រាប់ក្មេង

    ថ្ងៃនេះ ទំព័រម្តាយ និងទារករបស់ទស្សនាវដ្តី ឡារ៉ែន មានវិធីរក្សាទុកថ្នាំពេទ្យសម្រាប់ក្មេងមកជម្រាបអ្នកម្តាយដែលត្រូវមើលថែទាំកូនតូចដែលឈឺថ្កាត់ថា តើថ្នាំប្រភេទនីមួយៗគួររក្សាទុកដាក់យ៉ាងណា និងមានអាយុការប្រើប្រាស់យូរប៉ុនណា? ព្រោះរឿងរបស់អាយុ និងការរក្សាទុកដាក់ថ្នាំពេទ្យឱ្យត្រឹមត្រូវនេះ គឺជារឿងសំខាន់ណាស់ដែលអ្នកម្តាយគួរតែដឹង និងផ្តល់នូវភាពសំខាន់ ព្រោះបើថែរក្សាទុកដាក់ខុសវិធី ថ្នាំបាត់គុណភាពនឹងហុចផលប៉ះពាល់ដោយត្រង់ចំពោះសុខភាពកូនជាទីស្រឡាញ់របស់យើងប្រាកដណាស់។ ខាងក្រោមនេះគឺជា ការណែនាំថា តើយើងគួររក្សាទុកដាក់ថ្នាំពេទ្យសម្រាប់កូនតូចយូរប៉ុនណា និងយ៉ាងណា?។

    ថ្នាំសម្រាប់លាបលើស្បែក ដូចជា គ្រីម ឬក្រមួន

    ក្រោយពីបើកប្រើហើយ មិនគួររក្សាទុកលើសពី 6 ខែឡើយ

    ថ្នាំបន្តក់ដាក់ត្រចៀក ភ្នែក ច្រមុះ

    មានអាយុការប្រើការ 1 – 3 ខែ បន្ទាប់ពីបើកប្រើហើយ

    ថ្នាំបដិបក្ខប្រាណ(បែបម្សៅ)ដែលត្រូវលាយជាមួយទឹក

    ក្រោយពេលលាយហើយ អាចរក្សាទុកបាន 7 ថ្ងៃដែលមានសីតុណ្ហភាពក្នុងបន្ទប់ធម្មតា និង 14 ថ្ងៃក្នុងទូទឹកកក។

    ថ្នាំគ្រាប់

    តាមថ្ងៃផុតកំណត់ដែលបញ្ជាក់នៅលើស្លាក ឬមិនលើស 1 ឆ្នាំ។

    វិធីការរក្សាទុកថ្នាំពេទ្យបន្ថែម

    សម្រាប់ថ្នាំទូទៅដែលមិនមានបញ្ជាក់ពីវិធីរក្សាទុកជាពិសេសនោះ ចូររក្សាទុកថ្នាំនៅក្នុងសីតុណ្ហភាពក្នុងបន្ទប់កន្លែងដែលមិនក្តៅ និងគ្មានពន្លឺថ្ងៃចាំងដល់។ ហាមទុកថ្នាំចោលនៅក្នុងឡាន ព្រោះសីតុណ្ហភាពក្នុងរថយន្ត (ជាពិសេសប្រទេសយើង!)ក្តៅខ្លាំងណាស់ ធ្វើឱ្យថ្នាំបាត់បង់ប្រសិទ្ធភាពបានយ៉ាងងាយ និងដែលសំខាន់គឺ ត្រូវទុកដាក់ឱ្យផុតពីដៃក្មេងតូចៗ។

    ក្នុងករណីថ្នាំដែលមានបញ្ជាក់ថា ចូរ “រក្សាទុកក្នុងទូទឹកកក” នោះគឺមានន័យថា ទុកក្នុងកន្លែងធម្មតា(2 – 8 អង្សា C ) ហាមទុកក្នុងកន្លែងកក និងក៏មិនគួរទុកក្នុងធ្នើជិតកន្លែងកកដែរ ព្រោះភាពត្រជាក់អាចធ្វើឱ្យកើតមានកករបាន និងក៏មិនគួររក្សាទុកថ្នាំនៅនឹងទ្វាទូទឹកកកដែរ ព្រោះសីតុណ្ហភាពអាចនឹងមិននឹងនរដោយសារតែការបើក-បិទទ្វាទូទឹកកកញឹកញាប់ពេកហ្នឹងឯង។

    ថ្នាំដែលផ្ទុកនៅក្នុងដបពណ៌ទឹកតែ ព្រោះតែត្រូវការការពារមិនឱ្យថ្នាំត្រូវពន្លឺ ដូច្នេះមិនគួរប្តូរដបដាក់ថ្នាំទៅជាដបពណ៌សថ្លានោះទេ ព្រោះអាចនឹងធ្វើឱ្យថ្នាំបាត់បង់ប្រសិទ្ធភាពបាន។ គួររក្សាទុកថ្នាំនៅក្នុងដបចាស់ដដែល ដែលមានស្លាកបញ្ជាក់ពីឈ្មោះថ្នាំ និងថ្ងៃដែលទទួលបានថ្នាំនោះ វានឹងធ្វើឱ្យអាចពិចារណាពីរយៈពេលដែលគួររក្សាទុកថ្នាំដែលនៅសល់នោះបាន។

    ទាំងអស់នេះអាចនឹងមានសេចក្តីលម្អិតបន្ថែម ឬវិធីរក្សាទុកជាពិសេសរបស់ថ្នាំប្រភេទនីមួយៗផ្សេងទៀត ដូច្នេះបើមិនប្រាកដក្នុងចិត្តត្រូវប្រឹក្សាជាមួយឱសថការីជាមុនគ្រប់ពេល៕

  • រឿងដែលត្រូវគិត មុនរៀបការ សម្រាប់កំលោះក្រមុំសម័យថ្មី គួរតែដឹង!

    រឿងដែលត្រូវគិត មុនរៀបការ សម្រាប់កំលោះក្រមុំសម័យថ្មី គួរតែដឹង!

    សម្រាប់ការ រៀបការ ឬការរួមរស់នៅជាមួយគ្នារវាងមនុស្សពីរនាក់ដែលធ្វើដំណើរទៅជាមួយគ្នាក្រោយពីបានសេពគប់មើល ចិត្តថ្លើមគ្នាអស់មួយរយៈហើយនោះ អាចហៅបានថា មិនមែនជារឿងងាយដូចដែលមនុស្សជាច្រើនគិតនោះទេ តែដូចពាក្យដែលគេនិយាយថា “ការរៀបការមិនមែនជាចំណុចបញ្ចប់របស់ជីវិតនោះទេ តែវាជាចំណុចចាប់ផ្តើមរបស់ជីវិត” ទៅវិញទេ ព្រោះអំឡុងជីវិតក្រោយពេលរៀបការនោះ គឺជាការពិតដែលយើងត្រូវប្រឈម ថ្ងៃនេះយើងនាំគ្នាមកមើលពីភាពត្រៀមខ្លួនរួចជាស្រេចមុនពេលរៀបការ ដើម្បីជាគន្លងផ្លូវដែលលោកអ្នកត្រូវតែត្រៀមខ្លួនឱ្យជាស្រេចក្នុងការជួបប្រទះ និងប្រឈមមុខជាមួយភាពប្រែប្រួលទាំងអស់នោះ។

    ទស្សនៈ ផ្នត់គំនិតត្រូវគ្នាឬទេ?

    សម្លឹងមើលពីសេចក្តីនឹកសង្ឃឹមរបស់យើង និងគូស្នេហ៍ថា តើមានផ្នត់គំនិតទៅក្នុងទិសដៅដូចគ្នាដែរឬទេ? និងតើម្នាក់ៗទទួលស្គាល់ភាពមិនត្រូវគ្នានោះបានច្រើនតិចប៉ុនណា? ដែលរឿងនេះអាចរាប់បានថា ជារឿងមួយសំខាន់ខ្លាំងណាស់ ដែលយើងចាំបាច់ត្រូវប្រឹក្សាគ្នាជាមួយគូស្នេហ៍របស់យើងថា តើមានគំនិតដូច ឬខុសគ្នាច្រើនតិចប៉ុនណា? ព្រោះបើខុសគ្នាច្រើន និងទទួលយកមិនបាននោះ នឹងច្រើនតែកើតមានបញ្ហាក្រោយរៀបការជានិច្ច។

    ព្រមទទួលយកការផ្លាស់ប្តូរច្រើនតិចប៉ុនណា?

    រលឹកដឹងថា តើអ្នកត្រៀមជាស្រេចក្នុងការប្រឈមជាមួយការផ្លាស់ប្តូរបានច្រើនតិចប៉ុនណា? មិនថាតែការផ្លាស់ប្តូរទីលំនៅ ឬអាចត្រូវប្តូរកន្លែងធ្វើការ រួមទាំងបើមានកូន តើនឹងត្រូវរស់នៅបែបណាទៀតផង?។

    ទទួលយក និងយល់ពីសម្ព័ន្ធភាពជាមួយក្រុមគ្រួសារគូស្នេហ៍បានឬទេ?

    នឹកដល់ពីសម្ព័ន្ធភាពរបស់ក្រុមគ្រួសារគូស្នេហ៍ ដែលបើសិនជាក្រុមគ្រួសារគេមិនចូលចិត្តយើងផងនោះ អាចនឹងក្លាយជាសង្រ្គាមក្តៅគគុក ឬសភាវបង្ខំចិត្តបាន ដែលអ្នកនឹងត្រូវស្គាល់ពីវិធីការសម្រុះសម្រួល និងទប់ទល់យ៉ាងមានសតិបញ្ញា ចេះគ្រប់គ្រងអារម្មណ៍ខឹងសម្បារឱ្យល្អ ព្រោះមិនដូច្នោះទេនឹងកើតការឈ្លោះតតាំង និងសាងក្តីលំបាកចិត្តដល់គូស្នេហ៍របស់អ្នកបាន។

    ស្គាល់ និងយល់ពីអារម្មណ៍គូស្នេហ៍យ៉ាងស៊ីជម្រៅច្បាស់ហើយឬនៅ?

    ត្រូវស្គាល់ពីអារម្មណ៍របស់គូស្នេហ៍ឱ្យច្បាស់មុននឹងសម្រេចចិត្តរៀបការ ព្រោះបើឈ្លោះគ្នា ហើយដល់ថ្នាក់ប្រើកម្លាំងបាយវាយតប់ផងនោះ អ្នកគួរតែវឹលត្រឡប់មករិះគិតឡើងវិញឱ្យបានច្បាស់ មុននឹងយល់ព្រមសម្រេចចិត្តហើយ។

    រៀបផែនការទប់ទល់ជាមួយបញ្ហាហិរញ្ញវត្ថុដែលអាចកើតឡើងក្រោយពេលរៀបការច្បាស់លាស់ហើយឬនៅ?

    ពិនិត្យមើលស្ថានភាពខាងហិរញ្ញវត្ថុរបស់គូស្នេហ៍ រឿងនេះក៏អាចរាប់បានថាជាបច្ច័យមួយដែលត្រូវតែរលឹកនឹកដល់យ៉ាងខ្លាំងមួយដែរ ព្រោះពាក្យថា សុខចិត្តហូបអំបិលជាមួយគ្នានោះ វាប្រើលែងបានហើយនៅក្នុងសង្គមបច្ចុប្បន្ននេះ។ ក្រោយរៀបការ បើកើតមានបញ្ហាផ្នែកហិរញ្ញវត្ថុនៅពេលណាមួយហើយនោះ បញ្ហាផ្សេងៗក៏នឹងតាមមកជាច្រើន ដូច្នេះទើបត្រូវមានការពិភាក្សាគ្នា ឬរៀបផែនការផ្នែកហិរញ្ញវត្ថុនេះឱ្យបានច្បាស់លាស់ជាមុនសិន។

    សង្កេតឃើញថា រឿងរបស់ការរៀបការនេះគឺជារឿងសំខាន់ ដែលយើងម្នាក់ៗចាំបាច់ត្រូវតែគិតសម្រេចចិត្តឱ្យច្បាស់ជាមុនសិនមុននឹងសម្រេចចិត្តយល់ព្រម ព្រោះជីវិតគូមិនមែនប្រើប្រាស់ត្រឹមតែសេចក្តីស្រឡាញ់រវាងគូស្នេហ៍តែម្យ៉ាងប៉ុណ្ណោះទេ តែនៅត្រូវនឹកដល់បច្ច័យជុំវិញខ្លួនផ្សេងៗទៀតជាច្រើន ដោយបើសិនជាមិនរិះគិតឱ្យបានល្អិតល្អន់មុនសម្រេចចិត្តទេនោះ អាចនឹងត្រូវបញ្ចប់ដោយការលែងលះ ឬខូចចិត្តសោកស្តាយនៅពេលក្រោយបាន។

    និងបើសិនជាទទួលស្គាល់នូវភាពផ្លាស់ប្តូរដែលនឹងកើតឡើងតាមក្រោយបាននោះ អាចរួមរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីទុក្ខតិចៗ តែមានសេចក្តីសុខយូរអង្វែងបាន៕

  • ព្រូដិនសលកម្ពុជា បានដាក់ឱ្យប្រើប្រាស់ផលិតផលធានារ៉ាប់រងអាយុជីវិតដំបូងគេបង្អស់នៅកម្ពុជា ដែលផ្តល់ការការពារទៅលើករណីជំងឺធ្ងន់ធ្ងររហូតដល់ ៥០ករណី

    ព្រូដិនសលកម្ពុជា បានដាក់ឱ្យប្រើប្រាស់ផលិតផលធានារ៉ាប់រងអាយុជីវិតដំបូងគេបង្អស់នៅកម្ពុជា ដែលផ្តល់ការការពារទៅលើករណីជំងឺធ្ងន់ធ្ងររហូតដល់ ៥០ករណី

    ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ – បេសកកម្ម​ដ៏​ធំ​មួយ​របស់​ក្រុមគ្រួសារ​ប្រជាជន​ខ្មែរ​យើង​គឺ​រក្សា​ផ្នែក​ហិរញ្ញវត្ថុ​ឱ្យមាន​សុវត្ថិភាព និង ត្រៀម​សម្រាប់​ការការពារ​ពី​ហានិភ័យផ្សេងៗ រួមមាន​ករណី​បញ្ហា​សុខភាព​បន្ទាន់ ក៏ដូចជា​សម្រាប់​ហេតុការណ៍​ចៃដន្យ​ជាច្រើន​ដែល​អាច​កើតឡើង​នៅក្នុង​ជីវិត​របស់​យើង។ ដោយ​យល់ច្បាស់​ពី​កាតព្វកិច្ច​ដ៏​ធំ​នេះ ព្រូ​ដិ​នស​ល​កម្ពុជា ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​បាន សម្រេច​ដាក់ចេញ​នូវ​ផលិតផល​ធានារ៉ាប់រង​របស់ខ្លួន ដែល​នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ​ទាំង​ផ្នែក​សុខភាព និង​តម្រូវ​ការការពារ​ផ្នែក​ហិរញ្ញវត្ថុ។

    កញ្ចប់​ធានារ៉ាប់រង​របស់​ព្រូ​ដិ​នស​ល​កម្ពុជា នឹង​ក្លាយជា​កញ្ចប់​ធានារ៉ាប់រង​ដំបូងបង្អស់​នៅ​កម្ពុជា ដែល​ផ្តល់ជូន​នូវ​ការការពារ​លើ​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ ដែល​បណ្ដាលមកពី​ជំងឺ​ធ្ងន់ធ្ងរ​ជាក់លាក់​ចំនួន ៥០ ករណី ដែល​រួមមាន​ផងដែរ​នូវ ជំងឺមហារីក ជំងឺ​គាំងបេះដូង ជំងឺ​គ្រោះថ្នាក់​ដាច់​សរសៃឈាម​ខួរក្បាល និង ផលវិបាក​នៃ​ជំងឺ ២ ករណី​ដែល​បណ្ដាលមកពី​ជំងឺ​ទឹកនោមផ្អែម ដែល​យើង​បានដឹងហើយថា ជំងឺ​បែបនេះ​នឹង​ធ្វើឱ្យ​ផែនការ​ហិរញ្ញវត្ថុ​ក្រុមគ្រួសារ និង​អនាគតកូនៗរបស់​យើង​ជួប​បញ្ហា​យ៉ាងខ្លាំង ប្រសិនបើ​យើង​មិនបាន​រៀបចំ​ផែនការ​ការពារ​ទុកជាមុន។

    សម្រាប់​ផលិតផល​ធានារ៉ាប់រង​នេះ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បាន​ស្វែងយល់​យ៉ាងច្បាស់​ពី​តម្រូវការ​របស់​អតិថិជន ដោយ​ក្រុមហ៊ុន​បាន​រចនា​ផលិតផល​នេះ​ចេញ​ជា ២ កញ្ចប់​ផលិតផល ដែល​កញ្ចប់នីមួយៗ នឹង​ផ្ដល់​អត្ថប្រយោជន៍​ស្របតាម​តម្រូវការផ្សេងៗគ្នា​របស់​អតិថិជន។

    កញ្ចប់​ផលិតផល​ធានារ៉ាប់រង​ទី​មួ​ួ​យ​មាន​ឈ្មោះថា PRU អនាគត​កូន​ខ្ញុំ ដែល​សមស្រប​សម្រាប់​អតិថិជន​ដែល​ត្រូវការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​សម្រាប់​ក្រុមគ្រួសារ និង​អនាគត​ការសិក្សាអប់រំ​ដែលមាន​គុណភាព​សម្រាប់កូនៗ និង​ជួយ​ឱ្យ​ពួកគាត់​មា​នស​ន្ថិ​ភាព​ផ្លូវ​ចិ​ត្ថ​ដោយ​ដឹងថា អត្ថប្រយោជន៍​ធានារ៉ាប់រង​នឹង​ផ្ដល់​ថវិការ​សម្រាប់​ចំណាយ​លើ​ការព្យាបាល ប្រសិនបើ​ពួកគាត់​ជួបប្រទះ​នឹង​បញ្ហា​ជំងឺ​ធ្ងន់ធ្ងរ​ជាដើម។

    លោក ហ៊​ង វុទ្ធី នាយក​ផ្នែក​ទីផ្សា និង​ដៃគូ​ចែកចាយ​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បាន​មានប្រសាសន៍ថា ៖ «មនុស្ស​យើងម្នាក់ៗត្រូវ​សម្រេចចិត្ត​លើ​បញ្ហា​ពិបាក​ជាច្រើន​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​គ្មាន​នរណាម្នាក់​គួរ​តម្រូវឱ្យ​ជ្រើសរើស​ថា តើ​គួរ​ទុក​លុយ​សម្រាប់​បង់ថ្លៃ​លើ​ការព្យាបាល​ជំងឺ ឬក៏​ទុក​សម្រាប់​ផ្តល់​ការអប់រំល្អៗ ដល់កូនៗពួកគេ​ឡើយ។ ឥឡូវនេះ​ជាមួយ​កញ្ចប់​ធានារ៉ាប់រង​របស់​ព្រូ​ដិ​នស​ល​កម្ពុជា ប្រជាពលរដ្ឋ​យើង​អាច​ធានាបាន​ថា ពួកគេ​នឹងមាន​ថវិការ​មួយកញ្ចប់ ដើម្បី​ជួយ​ដល់​ក្រុមគ្រួសារ និង​អនាគតកូនៗរបស់​ពួកគេ​ក្នុង​គ្រា​លំបាក មិន​ថា​ដោយសារ​គ្រោះថ្នាក់​ចៃដន្យ ឬក៏​ជំងឺ​ធ្ងន់ធ្ងរ ដែល​មេ​គ្រួសារ​អាច​ធ្លាក់ខ្លួន​ឈឺ»

    កញ្ចប់​ផលិតផល​ធានារ៉ាប់រង​មួយទៀត មាន​ឈ្មោះថា PRU ទ្រព្យ​ខ្ញុំ សមស្រប​សម្រាប់​គ្រួសារ​វ័យ​ចំណាស់ និង​ម្ចាស់​អាជីវកម្ម​ផងដែរ ហើយ​កញ្ចប់​ផលិតផល​ធានារ៉ាប់រង​នេះ ក៏មាន​រួមបញ្ចូល​អត្ថប្រយោជន៍​ដែល​ជួយ​គាំទ្រ​ដល់​អាជីវកម្ម ប្រសិនបើ​បុគ្គល​សំខាន់ ដូចជា ម្ចាស់​គ្រប់គ្រង​អាជីវកម្ម ឫ អគ្គនាយក​អាជីវកម្ម ទទួលមរណៈភាព ឫ​ធ្លាក់ខ្លួន​ឈឺ​ក្នុង​ប្រភេទ​ជំងឺ​មួយ​ក្នុងចំណោម​ជំងឺ​ធ្ងន់ធ្ងរ​ទាំង ៥០ករណី ដែល​ត្រូវបាន​ធានារ៉ាប់រង។

    លោក ហ៊​ង វុទ្ធី បាន​បន្ថែមទៀតថា ៖«នៅ​ទូទាំងប្រទេស ប្រជាពលរដ្ឋ​កម្ពុជា​បាន​ខិតខំ​យ៉ាងខ្លាំង​ក្នុងការ​បង្កើត និង​ប្រកប​អាជីវកម្ម​ឱ្យទទួល​បាន​ជោគជ័យ ហើយ​ពួកគាត់​ពិតជា​មិន​ចង់ឱ្យ​ការខិតខំ​របស់​ពួកគាត់​ត្រូវ​អសារ​បង់​ដោយសារតែ​ហេតុការណ៍​អកុសល​ណាមួយ​នោះទេ។ ដូចនេះ​ការរៀបចំ​គម្រោង​ជាមុន នឹង​អាច​ធានាបាន​ថា​អាជីវកម្ម​របស់​ពួកគាត់​នៅតែ​អាច​បន្តបាន បើទោះបី​ម្ចាស់​ភាគហ៊ុន ឫ​អ្នកពាក់ព័ន្ធ​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ ដោយសារ​ផលិតផល PRU ទ្រព្យ​ខ្ញុំ នឹង​ជួយ​សម្រាល​បន្ទុក​ក្នុងការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល នៅក្នុង​ពេលវេលា​ដ៏​លំបាក​មួយ​នេះ»

    ប្រជាពលរដ្ឋ​កម្ពុជា​អាច​ទិញ​ផលិតផល​ធានារ៉ាប់រង​ទាំង ២ ខាងលើ ចាប់ពី​ថ្ងៃទី ១៥ ខែមិថុនា​នេះ​តទៅ។ ដើម្បី​ទទួលបាន​ការការពារ​ដែល​សាក​សម​បំផុត ស្របតាម​តម្រូវការ​ផ្នែក​សុខភាព និង​ហិរញ្ញវត្ថុ​គ្រួសារ លោកអ្នក​អាចធ្វើ​ការប្រឹក្សា​ជាមួយ​ទីប្រឹក្សា​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា នៅតាម​សាខា​ធនាគារ​អេស៊ីលីដា​ទូទាំងប្រទេស ឬ​ធ្វើការ​ចុះឈ្មោះ​តាមរយៈ​តំណ​ភ្ជាប់​នេះ bit.ly/chatwithpru នោះ​ក្រុមការងារ​ព្រូ​ដិ​នស​ល​កម្ពុជា នឹងធ្វើ​ការទំនាក់ទំនង​ទៅកាន់​លោកអ្នក​វិញ​សម្រាប់​ព័ត៌មានលម្អិត៕

  • ម៉ាស៊ីនបោក និងសម្ងួតសម្លៀកបំពាក់ សាមសុងទ្វារចំហៀងគឺជាម៉ូឌែលពេញនិយម និងលក់ដាច់បំផុតដែលជាជម្រើសទី១ របស់គ្រួសារដ៏ឆ្លាតវៃ…!!

    ម៉ាស៊ីនបោក និងសម្ងួតសម្លៀកបំពាក់ សាមសុងទ្វារចំហៀងគឺជាម៉ូឌែលពេញនិយម និងលក់ដាច់បំផុតដែលជាជម្រើសទី១ របស់គ្រួសារដ៏ឆ្លាតវៃ…!!

    (ភ្នំពេញ)ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០៖ លោកអ្នក​ពិតជា​រវល់​ជាមួយនឹង​ការងារ​សំខាន់​រាល់ថ្ងៃ​ផង…ត្រូវធ្វើ​ការងារ​ផ្ទះ​ផង…ហើយ​ឥឡូវនេះ​មេឃ​ភ្លៀង​ញឹកញាប់​ទៀត ចឹ​ង​ប្រាកដជា​ពិបាក​ក្នុងការ​ហាល​ខោអាវ​ឲ្យ​បាន​ស្ងួត​ល្អ និង​មិន​ធុំក្លិន​ផ្តុស…?

    ឈប់​បារម្ភ​ទៀត​ទៅ…! រាល់​បញ្ហា និង​កង្វល់​ខាងលើនេះ​នឹងត្រូវ​ដោះស្រាយបាន​យ៉ាង​ងាយ​បំផុត​ជាមួយនឹង​ម៉ាស៊ីន​បោក និង​ស​ម្ងួ​ត​សម្លៀកបំពាក់ សាម​សុង ទ្វារ​ចំហៀង ម៉ូ​ឌែ​ល WD14F5K5ASG/ST បោក និង​ស​ម្ងួ​ត​ក្នុងពេល​តែមួយ​មាន​សមត្ថភាព​អាច​បោក និង​ថែរក្សា​សម្លៀកបំពាក់​របស់លោក​អ្នក​បាន​ស្អាត​ល្អ និង​ស​ម្ងួ​ត ស្ងួត​លឿន​រហ័ស​ព្រមទាំង​មានលក្ខណៈពិសេសៗ និង​មុខងារថ្មីៗជាច្រើន​ទៀត ហើយ​អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺមាន​បំពាក់​បច្ចេកវិទ្យា​អ៊ី​ន​វើ​ទ័​រលើ​ម៉ូ​ទ័​រ ស៊ី​ភ្លើង​តិច ប្រើ​បានយូរ​មែនទែន!

    អាច​និយាយបានថា “បោក​ភ្លាម…ស្ងួត​ភ្លាម…ស្អាត​ភ្លាម…ពាក់បាន​ភ្លាម​តែម្តង!” ពិតជា​ឡូយ! ឡូយ​ហួស​ពី​ការគិត​ទៅទៀត! អរគុណ​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និ​ច​របស់​សាម​សុង!

    ខាងក្រោម​នេះ​គឺជា​លក្ខណៈ​ទំនើប​អស្ចារ្យ​របស់​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ស៊េរី​ថ្មី​ចុងក្រោយ ដែល​អាចឱ្យ​អតិថិជន​ទាំងអស់​ធ្វើការ​សម្រេចចិត្ត​ដោយ​គ្មាន​ការស្ទាក់ស្ទើរ​ឡើយ​ក្នុងការ​ជ្រើសរើស​ម៉ាស៊ីន​បោកគក់​គុណភាព​ល្អ ស័ក្តិសម​បំផុត​សម្រាប់​ក្រុមគ្រួសារ និង​មនុស្ស​ជាទី​ស្រឡាញ់​របស់លោក​អ្នក៖

    * ចំណុះ​ធំ​បោក​បាន​កាន់តែច្រើន

    ចំណុះ​ធំ​ទូលាយ​អាច​បោក​បាន 14 គីឡូក្រាម និង​ស​ម្ងួ​ត​បាន​ម្តង 7 គីឡូក្រាម ចំណេញ​ពេលវេលា​បោក​តែម្តង​ហើយ…មិនចាំបាច់​រង់ចាំ​បោក​ច្រើនដង ចំណេញ​ពេលវេលា​សម្រាប់​ក្រុមគ្រួសារ!

    * បច្ចេកវិទ្យា​ពពុះ​សាប៊ូ (ហ្វូ​ម)

    មុខងារ​ពិសេស Ecobubble នេះ​នឹង​រំលាយ​សាប៊ូ​ឱ្យទៅជា​ពពុះ (ហ្វូ​ម) ងាយ​ជ្រាបចូល​សព្វ​សាច់​ក្រណាត់​មាន​សមត្ថ​ភាពខ្លាំង​ក្នុង​ការបោក​ជម្រះ​សម្លៀកបំពាក់​បាន​ស្អាត​ល្អ! បើទោះបីជា​ស្នាម​ប្រឡាក់​ខ្លាំង​ក៏​នៅតែ​អាច​កម្ចាត់​បាន​យ៉ាង​ងាយ​បំផុត! ជាពិសេស​កម្លាំង​ទឹក​បាញ់​ខ្លាំង​បន្ថែម…បង្កើន​ប្រសិទ្ធភាព​នៃ​ការបោក​គក់​ឱ្យ​កាន់តែ​ជ្រះ​ស្អាត​ល្អ ព្រមទាំង​ថែរក្សា​សាច់​ក្រណាត់​មិនឱ្យ​ខូច​ទៀតផង!

    * ទម្លាក់​សាប៊ូ និង​ទឹក​ក្រអូប​ដោយ​ស្វ័យប្រវត្តិ

    បច្ចេកវិទ្យា Auto Dispense ម៉ាស៊ីន​នឹងធ្វើ​ការបញ្ចេញ​សាប៊ូ និង​ទឹក​ក្រអូប​ដោយ​ស្វ័យប្រវត្តិ! ម៉ាស៊ីន​មាន សេន​ស័​រ (Sensor) ស្កេ​ន​ចាប់យក​ចំណុះ​សម្លៀកបំពាក់​រួច​ធ្វើការ​បញ្ចេញ​បរិមាណ​សាប៊ូ និង​ទឹក​ក្រអូប​ឱ្យ​សមស្រប​ទៅនឹង​ចំណុះ​ខោអាវ​ដែល​ត្រូវ​បោក​សម្អាត​តាម​ជាក់ស្តែង! បែបនេះ​នឹង​អាច​កាត់បន្ថយ​ការ​ខ្ជះខ្ជាយ​សាប៊ូ និង​ប្រើ​ទឹក​ក្រអូប​លើស​កម្រិត! យី…! ឆ្លាត​ណាស់​ហ្ន៎…!!

    * មុខងារ​ខ្យល់​ក្តៅ

    បច្ចេកវិទ្យា Air Wash ដ៏​ពិសេស​នេះ​ធ្វើឱ្យ​សម្លៀកបំពាក់​មាន​ក្លិនក្រអូប ស្រស់ស្រាយ សម្លាប់​មេរោគ បាក់តេរី​បានល្អ! ជាពិសេស​មុខងារ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​កម្ចាត់​ក្លិន​ផ្អួរ ក្លិន​ផ្តុស និង​ក្លិន​មិនល្អផ្សេងៗដែល​តោង​ជាប់​សម្លៀកបំពាក់ ជាពិសេស ស្រោម​ភួយ កម្រាលពូក ខ្នើយ ស្រោមខ្នើយ និង​តុក្កតា​ជាដើម !

    * បច្ចេកវិទ្យា​កាត់បន្ថយ​ញ័រ និង​សំឡេង

    ជាមួយនឹង​បច្ចេកវិទ្យា VRT កាត់បន្ថយ​រំ​ញ័រ ធ្វើឱ្យ​ម៉ាស៊ីន​បោក​មាន​លំនឹង​នឹង​ល្អ លែងមាន​សំឡេង​រំខាន ទោះបីជា​បង្វិល​លឿន​យ៉ាងណាក៏ដោយ​ក៏​នៅតែ​គ្មាន​សំឡេង​រំខាន​ដែរ!

    * ស្វែងរក​ដំណោះស្រាយ​តាម​ទូរស័ព្ទ

    លោកអ្នក​អាច​ឆែក ឬ​តាមដាន​បញ្ហា​របស់​ម៉ាស៊ីន​ព្រមទាំង​ដំណោះស្រាយ​នានា​តាម​ទូរស័ព្ទដៃ​ដោយ​ខ្លួនឯងបាន! ដូច្នេះ​លោកអ្នក​ក៏​អាច​សន្សំសំចៃ​ថវិកា និង​ពេលវេលា​កាន់តែច្រើន​ដោយ​មិនចាំបាច់​ហៅ​ជាង​មក​ញឹកញាប់​នោះទេ! ពិតជា​ឡូយ​របស់គេ​មែន…!! អ៊ីចឹង​បានជា​សុភាពនារី​ស្ត្រី​មេផ្ទះ​គាំទ្រ និង​លក់ដាច់​ខ្លាំង​យ៉ាងនេះ!!

    ចាប់ពីពេលនេះ​ទៅ​លា​ហើយ​ក្លិន​ផ្តុស លា​ហើយ​គ្រប់​ស្នាម​ប្រឡាក់ លា​ហើយ​ការចំណាយ​ច្រើន​ថ្លៃ​វិក​យ​ប័ត្រ​ភ្លើង និង​សូម​ស្វាគមន៍​រដូវភ្លៀង! ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ទ្វារ​ចំហៀង បោក និង​ស​ម្ងួ​ត ផ្តល់នូវ​ភាពងាយស្រួល និង​សុខុមាលភាព​ជូន​លោកអ្នក​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ! នៅចាំ​អី​ទៀត?

    សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​ទៅ​ទស្សនា​ម៉ាស៊ីន​បោក​ម៉ូ​ឌែ​ល​នេះ​ដោយផ្ទាល់​នៅតាម​បណ្តា​ហាង​ទំនើប​សាម​សុង និង​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬក៏​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន​តាមរយៈ​លេខ​ទូរស័ព្ទ៖ 1800-203232!

  • 3 ប្រយោគដែលឪពុកម្តាយសម័យថ្មី គួរតែឈប់ប្រើជាមួយកូន!

    3 ប្រយោគដែលឪពុកម្តាយសម័យថ្មី គួរតែឈប់ប្រើជាមួយកូន!

    ពាក្យសំដី ឬទង្វើមួយចំនួនអាចហុចផលប៉ះពាល់ដល់កូនជាទីស្រឡាញ់របស់អ្នកបាន ពាក្យសំដីខ្លះដែលឪពុកម្តាយគិតថាប្រហែលជាមិនអីទេ ព្រោះនិយាយតែម្តងដើម្បីបញ្ឈប់ទង្វើរបស់កូននោះ តើអ្នកដឹងទេថា មានពាក្យសំដីខ្លះ ប្រយោគខ្លះដែលឪពុកម្តាយដូចរូបអ្នកភ្លេចខ្លួននិយាយចេញទៅហើយនោះ នឹងហុចផលប៉ះពាល់ដល់កូនសម្លាញ់បាន ដូច្នេះគួរតែបញ្ឈប់ 3 ប្រយោគដូចខាងក្រោមនេះ។

    1 – សម្លុតកូនដោយយកអ្នកដទៃមកអាង

    “កុំរត់លេងរពឹសណា៎ ប្រយ័ត្នពូម្នាក់នោះគាត់ស្តីឱ្យណា៎!”

    “បើកូននៅតែមិនបាត់យំទៀត ម៉ាក់នឹងឱ្យប៉ូលីសមកចាប់!”

    ការដែលឪពុកម្តាយនិយាយប្រយោគនេះ អាចនឹងកើតចេញពីការដែលយើងមានអារម្មណ៍ថា ហាមកូនលែងស្តាប់ ឬខ្លាចថាកូនមិនចូលចិត្ត ឬស្អប់ឪពុកម្តាយបើឪពុកម្តាយជាអ្នកស្តីឱ្យដោយខ្លួនឯង ទើបបោះតួនាទីតួចិត្តអាក្រក់នេះឱ្យកូនទៅស្អប់ ឬខ្លាចអ្នកដទៃជំនួសវិញ ដែលចំពោះរឿងនេះ ដំបូងៗកូនអាចនឹងជឿ និងធ្វើតាម តែដល់យូរៗទៅ កូនក៏នឹងចាប់ផ្តើមដឹងថា ប៉ាម៉ាក់មិនបាននិយាយការពិតទេ និងលែងមានអារម្មណ៍ថាខ្លាចតទៅទៀត។ វិធីដែលល្អ ឪពុកម្តាយគួរស្តីបន្ទោសកូនដោយខ្លួនឯង និងប្រាប់ឱ្យច្បាស់លាស់ថា ចង់ឱ្យកូនធ្វើយ៉ាងណា ដូចជា “ម៉ាក់ចង់ឱ្យកូនដើរមួយៗ មិនចង់ឱ្យកូនជំពប់ជើងដួល” ព្រោះសម្រាប់មនុស្សដែលជាឪពុកម្តាយនោះ មិនថាចង់ស្តីបន្ទោសកូនប៉ុនណា ក៏នៅតែជាមនុស្សសំខាន់ក្នុងដួងចិត្តរបស់កូនជានិច្ច។

    2 – សម្លុតកូនថា តិចត្រូវទណ្ឌកម្ម!

    “បើឌឺរឹងទទឹង តិចម៉ាក់វាយណា!”

    “បើរករឿងងង៉ក់ ម៉ាក់នឹងទុកចោលនៅកន្លែងហ្នឹងតែម្តង!”

    មានច្រើនដងណាស់ដែលប្រាប់កូនល្អៗក៏ប្រាប់ហើយ ហាមក៏ហាមហើយ តែកូនក៏នៅតែមិនព្រមស្តាប់សោះ ដល់គ្រាន់តែសម្លុតថា តិចវាយណា៎ តែប៉ុណ្ណឹង មើលទៅដូចជាបានផលល្អ និងលឿនជាងទៀតផង ប៉ុន្តែពេលខ្លះការដាក់ទោសដោយការវាយដំមិនបានជួយធ្វើឱ្យកូនបានរៀនយល់ដឹងថា មិនគួរធ្វើទង្វើមួយនោះដោយសារអ្វីនោះឡើយ ថែមទាំងក្មេងអាចនឹងមានអារម្មណ៍គុំគួនឪពុកម្តាយ និងយល់ថា ការប្រើកម្លាំងបាយ ឬការធ្វើបាបលើរូបរាងកាយអ្នកដទៃដែលធ្វើខុស គឺជារឿងត្រឹមត្រូវ និងអាចធ្វើបានទៀតផង។ បើចង់ដាក់ទោសកូនដោយការវាយដំ គួរតែវាយដោយដៃ ព្រោះបើកូនឈឺ យើងក៏ឈឺដែរ និងប្រាប់ឱ្យកូនដឹងថា ត្រូវទទួលទោសដោយសាររឿងអ្វី និងដែលសំខាន់បំផុតនោះគឺ ហាមប្រើកំហឹងជាមួយកូនឱ្យសោះ។

    3 – សម្លុតកូនដោយប្រើសេចក្តីស្រឡាញ់មកធ្វើជាលក្ខខណ្ឌ

    “បើឌឺ រឹងទទឹង តិចម៉ាក់ឈប់ស្រឡាញ់!”

    ឪពុកម្តាយអាចនឹងនិយាយចេញទៅដោយមិនបានគិតអ្វី ព្រោះគិតថា កូនគួរតែដឹងហើយថា យ៉ាងណាៗក៏ប៉ាម៉ាក់នៅតែស្រឡាញ់កូនស្រាប់ទៅហើយ តែមិនបានដឹងឡើយថា ពាក្យសំដីធម្មតាៗនេះអាចនឹងកាត់បន្ថយអារម្មណ៍ និងភាពជឿជាក់របស់កូនបាន ព្រោះកូននឹងចាប់ផ្តើមមានអារម្មណ៍មិនប្រាកដនៅក្នុងចិត្តថា សរុបទៅ តើប៉ាម៉ាក់នៅតែស្រឡាញ់រូបគេឬក៏អត់?។ ក្មេងខ្លះមានអារម្មណ៍វឹលវល់ និងអាចយល់ឃើញតែម្នាក់ឯងថា ប៉ាម៉ាក់ឈប់ស្រឡាញ់មែន ធ្វើឱ្យពេលខ្លះមានបញ្ហាខាងអារម្មណ៍មិននឹងនរ ព្រោះមានអារម្មណ៍ដឹងពីភាពមិនស្ថិតស្ថេរចំពោះសេចក្តីស្រឡាញ់របស់ឪពុកម្តាយដែលមានចំពោះខ្លួន។

    ឡារ៉ែនចង់ជម្រាបថា ឪពុកម្តាយគឺជាមនុស្សដែលសំខាន់បំផុត មិនថាមានរឿងអ្វីកើតឡើងឡើយ ត្រូវតែធ្វើឱ្យកូនដឹងថា ប៉ាម៉ាក់នៅតែស្រឡាញ់គេរហូតគ្រប់ពេលវេលា ស្រឡាញ់យ៉ាងគ្មានលក្ខខណ្ឌ មិនថាគេនឹងក្លាយជាយ៉ាងណា ឬធ្វើអ្វីខុសក៏ដោយ៕

  • តារាក្តៅសាច់ម្នាក់ រើសកីឡាករ 11នាក់ ជាសំណព្វចិត្តរបស់នាង

    តារាក្តៅសាច់ម្នាក់ រើសកីឡាករ 11នាក់ ជាសំណព្វចិត្តរបស់នាង

    តួ​សម្តែង​រឿង​ក្តៅ​សាច់​អាមេរិកាំង​ដ៏​ល្បីឈ្មោះ​មួយរូប គឺ​នាង Mia Khalifa បាន​ចូលនិវត្តន៍​អំពី​អាជីព​ដ៏​គួរឱ្យ​ព្រឺព្រួច​នេះ តាំងតែ​ពី​ឆ្នាំ2014 មកម្ល៉េះ ដោយ​នាង​បាន​ងាក​មក​ចាប់​អាជីព​ជា​ពិធី​ការិនី​បាល់ទាត់​វិញ​ម្ដង និង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកទស្សនា​បាល់ទាត់​ដែល​ភាគច្រើន​ជា​បុរស។ ថ្មីៗនេះ នាង​បានបង្ហាញ​ពី​កីឡាករ​សំណព្វចិត្ត​ដែល​លេង​នៅ Premier League ចំនួន 11នាក់​ដែល​នាង​ស្រឡាញ់​ពេញចិត្ត ស្របពេល​ដែល​លី​ក​កំពូល​របស់​អង់គ្លេស​មួយ​នេះ នឹង​ត្រឡប់មក​ប្រកួត​ឡើងវិញ​នៅ​សប្ដាហ៍​នេះ។

    គួរឱ្យ​ដឹង​ដែរ​ថា ក្រោយពី​ចូលនិវត្តន៍​ពី​វិស័យ​ភាពយន្ត​ក្ដៅ​សាច់​រួចមក នាង​ត្រូវបាន​គេ​ដឹងថា ជា​អ្នកគាំទ្រ​បាល់ទាត់​ដ៏​សកម្ម​ម្នាក់​នៅក្នុង​ក្របខ័ណ្ឌ English Premier League ដែលមាន​ក្រុម2 នៅក្នុង​ដួងចិត្ត​នាង គឺ Wolverhampton និង Westhamp United ដោយ​នាង​តែងតែ​ទៅ​គាំទ្រ​ផ្ទាល់​ដល់​អង់គ្លេស និង​បាន​ចូលរួម​ការងារ​មួយចំនួន​ជាមួយនឹង​ក្លិប​ទាំង2 នេះ​ទៀតផង៕

  • បាល់ទាត់មកវិញភ្លាម Juventus របូតពាន 1ភ្លែត

    បាល់ទាត់មកវិញភ្លាម Juventus របូតពាន 1ភ្លែត

    ការប្រកួត​ពានរង្វាន់ Italy Cup (Copa Italia) បានបញ្ចប់​ហើយ​កាលពី​យប់មិញ​នេះ ដោយ​ក្រុម Napoli បាន​គ្រង​ជើងឯក​ពាន​នេះ ក្រោយ​យកឈ្នះ Juventus ដោយ​ការ​ស៊ុត​បាល់​ចម្ងាយ 11ម៉ែត្រ​កាត់សេចក្តី ក្នុង​លទ្ធផល 4ទល់នឹង2 ក្រោយ​ថែម​ម៉ោង 30នាទី ដោយ​លទ្ធផល​នៅតែ​ស្មើគ្នា ០ទល់នឹង។

    សម្រាប់​ការ​ស៊ុត​ប៉េ​ណា​ល់​ទីនេះ​ដែរ Dybala និង Danilo ធ្វើ​មិនបាន​សម្រេច​ឡើយ ទើប​ជាហេតុ​បណ្ដាលឱ្យ​ក្រុម Juventus ទទួល​បរាជ័យ​ក្នុង​លទ្ធផល 4-2 នេះ​តែម្ដង ដោយ Ronaldo ដែល​ត្រូវជា​អ្នក​ស៊ុត​ចុងក្រោយ​គេ​នោះ មិនមាន​ឱកាស​បាន​ស៊ុត​ឡើយ។

    គួរ​បញ្ជាក់ដែរថា នេះ​គឺជា​លើក​ទី2 របស់ Ronaldo ហើយ ដែល​ចាញ់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ចាប់តាំងពី​មកលេង​នៅក្នុង​ក្លិប Juventus នេះ តាំងពី​ចូលរួម​ជាមួយនឹង​ក្លិប​នេះ កាលពី​ឆ្នាំ2018 មក៕

  • ម្ចាស់ផ្ទះពាន AFC U19 ចុងឆ្នាំនេះនិយាយថា ពាននឹងនៅតែជារបស់ខ្លួន

    ម្ចាស់ផ្ទះពាន AFC U19 ចុងឆ្នាំនេះនិយាយថា ពាននឹងនៅតែជារបស់ខ្លួន

    ក្រុម​ជម្រើសជាតិ​យុវជន អាយុ​ក្រោម 19ឆ្នាំ របស់​អ៊ូ​បេ​គី​ស្ថាន បាន​នឹក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្នុងនាម​ជា​ម្ចាស់ផ្ទះ ខ្លួន​នឹង​ដណ្ដើមយក​ពាន​នេះ​ក្នុង​ឆ្នាំ2020 នេះ ដែលជា​ឆ្នាំ​ទី2 ជាប់ៗគ្នា​ឱ្យបាន បើទោះជា​ត្រូវ​ប៉ះ​ក្រុម​ណាក៏ដោយ ព្រោះនេះ​ជា​ទឹកដី​របស់ខ្លួន និង​ជា​ពាន​របស់ខ្លួន​ស្រាប់​ផង​នោះ។

    គួរ​បញ្ជាក់ដែរថា ប្រទេស​អ៊ូ​បេ​គី​ស្ថាន មិនសូវមាន​ការប៉ះពាល់​ខ្លាំង​អំពី​ជំងឺ​កូ​វីដ-19 ឡើយ ដូច្នេះហើយ​ទើប​ធ្វើឱ្យ​ក្រុមយុវជន​របស់​ប្រទេសមួយ​នេះ មាន​ពេលវេលា​ហ្វឹកហាត់​យ៉ាង​ខ្ជាប់ខ្ជួន មិនមាន​បញ្ហា​អ្វី​រាំងស្ទះ​ដល់​ការការពារ​ជើងឯក​របស់​ពួកគេ​ឡើយ។

    សូមបញ្ជាក់ថា ការប្រកួត​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី អាយុ​ក្រោម 19ឆ្នាំ (AFC U-19 Championship 2020) ឆ្នាំ2020 គឺ​នឹង​ធ្វើឡើង​នៅ​ចន្លោះ​ថ្ងៃទី14 រហូតដល់​ថ្ងៃទី31 ខែតុលា ឆ្នាំ2020 នៅលើ​ទឹកដី​នៃ​ប្រទេស​អ៊ូ​បេ​គី​ស្ថាន ដោយមាន​ប្រទេស​ចំនួន 16ចូលរួម (រួមទាំង​កម្ពុជា) ហើយ​ការចាប់​ពូ​ល នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី18 ខែមិថុនា ឆ្នាំ2020 ខាងមុខ៕

  • ក្រសួងអប់រំចេញគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការយ៉ាងទប់ស្កាត់ជំងឺ Covid-19

    ក្រសួងអប់រំចេញគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការយ៉ាងទប់ស្កាត់ជំងឺ Covid-19

    ការអប់រំ​នៅក្នុងពេល​មាន​វិបត្តិ​ជំងឺ Covid-19 នេះ​ត្រូវបាន​ប្រឈម​នឹង​បញ្ហា​ជាច្រើន ដោយសារតែ​សាលារៀន​ត្រូវ​បិទទ្វា​ព្រោះ​មានការ​បារម្ភ​ពី​ការ​ចម្លងជំងឺ​ដ៏​កាច​សាហាវ​នេះ​ក្នុងចំណោម​សិស្សសាលាក្មេង។

    ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ Covid-19 ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​នូវ​គោលនយោបាយសំខាន់ៗចំនួន3យ៉ាង​គឺ៖

    1. ធ្វើការ​ឆ្លើយតប​គោលនយោបាយ និង​ការអប់រំ​នៃ​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ Covid-19
    2. ការអនុវត្ត​វិធីសាស្ត្រល្អៗដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​អប់រំ​ក្នុងអំឡុងពេល​ការពារ​ជំ​ងឹ Covid-19
    3. យុទ្ធសាស្ត្រ និង​ការណែនាំ​នាយក​សាលា ការបើក​សាលា និង​ការរៀនសូត្រ​នាពេល​អនាគត​ក្រោយ​វិបត្តិ Covid-19។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា រំពឹងថា​ការឆ្លើយតប​នេះ​នឹង​ធ្វើឱ្យ​យើង​អាច​កាត់បន្ថយ​ផលប៉ះពាល់ និង​ចាប់យក​ឱកាស​ក្នុង​ការផ្តល់​ការអប់រំ​ដើម្បី​ផ្តល់ឱ្យ​នូវ​សមភាព និង​ប្រព័ន្ធ​អប់រំ​ដែលមាន​គុណភាព៕