Author: ធឿន មករា

  • ជំងឺ 3 យ៉ាងដែលខ្ទឹមសអាចការពារបាន

    ជំងឺ 3 យ៉ាងដែលខ្ទឹមសអាចការពារបាន

    ខ្ទឹមស ជារុក្ខជាតិឱសថបុរាណដែលត្រូវបានគេនាំយកមកធ្វើជាអាហារ និងថ្នាំជាយូររាប់ពាន់ឆ្នាំហើយ ប្រាកដណាស់ថាពេលមនុស្សយើងម្នាក់ៗកើតមក ក៏ដឹងរួចស្រេចទៅហើយថា ខ្ទឹមសត្រូវបានគេយកមកធ្វើជាគ្រឿងទេសផ្សំអាហារនោះ។

    ក្នុងពេលបច្ចុប្បន្ននេះ ខ្ទឹមសត្រូវបាននាំយកមកប្រើក្នុងការការពាររោគជាច្រើនយ៉ាង ជួយកាត់បន្ថយកម្រឹតជាតិខ្លាញ់ Cholesterol បញ្ចុះសម្ពាធឈាមដែលឡើងខ្ពស់ និងបង្កើនប្រព័ន្ធប្រឆាំងជំងឺឱ្យល្អឡើង។

    ជំងឺផ្សេងៗដែលខ្ទឹមសអាចការពារបាន ៈ

    1 – ជំងឺបេះដូង ( Heart disease )

    មានភស្តុតាងមួយចំនួនបានគាំទ្រថា ខ្ទឹមសអាចការពារមិនឱ្យកើតជំងឺបេះដូងបាន ដោយអាចកាត់បន្ថយការកើតសរសៃឈាមឡើងរឹង និងបញ្ចុះកម្រឹតសម្ពាធឈាមបានបន្តិចបន្តួច(ចន្លោះពី 7 ដល់ 8%)។

    ក្រៅពីនោះ ខ្ទឹមសថែមទាំងជាសារធាតុប្រឆាំងនឹងការបង្រួមខ្លួនជាដុំៗរបស់ឈាម ដោយការធ្វើឱ្យគ្រាប់ឈាមស្តើងចុះដែលអាចការពារមិនឱ្យកើតសភាវបេះដូងខ្វះឈាម ឬខួរក្បាលខ្វះឈាមបាន។

    2 – ជំងឺផ្តាសាយ( Common Cold )

    តាមរយៈលទ្ធផលនៃការស្រាវជ្រាវមួយបានរកឃើញថា ខ្ទឹមសអាចជួយការពារជំងឺផ្តាសាយបាន ដោយបានធ្វើការប្រៀបធៀបការបរិភោគខ្ទឹមសក្នុងអំឡុងពេលដែលជំងឺផ្តាសាយកំពុងឆ្លងរាលដាល លទ្ធផលបានបង្ហាញថា អ្នកបរិភោគខ្ទឹមសនឹងកើតជំងឺផ្តាសាយតិចជាងអ្នកដែលមិនបានទទួលទានខ្ទឹមសសោះ ហើយក្រៅពីនោះក្នុងអំឡុងពេលកើតជំងឺផ្តាសាយ ខ្ទឹមសអាចធ្វើឱ្យអាការរបស់ជំងឺផ្តាសាយឆាប់ជាសះស្បើយទៀតផង។

    3 – មហារីក( Cancer )

    ខ្ទឹមសអាចជំរុញឱ្យប្រព័ន្ធប្រឆាំងជំងឺរឹងមាំឡើង អាចជួយរាងកាយឱ្យតស៊ូជាមួយជំងឺមហារីកបាន ដោយលទ្ធផលពីបន្ទប់សាកល្បងបានបង្ហាញថា ខ្ទឹមសមានឬទ្ធិក្នុងការប្រឆាំងជំងឺមហារីក។

    លទ្ធផលពីការស្រាវជ្រាវនៅលើមនុស្សក្នុងរយៈពេលយូរបានរកឃើញថា ក្រុមមនុស្សដែលទទួលទានខ្ទឹមសឆៅ ឬខ្ទឹមសដែលផ្សំក្នុងអាហារធ្វើឱ្យមានសញ្ញាថា នឹងមិនកើតជំងឺមហារីកទេ ជាពិសេសមហារីកពោះវៀនធំ និងមហារីកក្រពះ។

    រឿងដែលត្រូវប្រយ័ត្នសម្រាប់ខ្ទឹមស

    ទោះជាខ្ទឹមសជាមើមរុក្ខជាតិដែលមានគុណសម្បត្តិដ៏ច្រើនមែនក៏ដោយ តែខ្ទឹមសក៏មានផលដែលមិនគួរឱ្យប៉ងប្រាថ្នាជាច្រើនដូចគ្នាដែរ ដូចជា ធ្វើឱ្យឈឺពោះ ឆ្អល់ហើមពោះ មានក្លិនមាត់ រាងក្រហាយក្តៅ និងមានក្លិននៅលើដៃ(នៅពេលប៉ះពាល់) ក្រៅពីនោះ វានៅធ្វើឱ្យកើតមានអាការវឹលមុខ ឈឺក្បាល នឿយល្វើយ ឈឺចាប់ក្នុងសាច់ដុំ និងអ្នកខ្លះអាចនឹងកើតមានប្រតិកម្មចាញ់ខ្ទឹមសធ្វើឱ្យអាការហឺត និងកន្ទួលរមាស់ ជាដើម ៕

  • ក្រុមហ៊ុន Adobe គ្រោងនឹងស្នើសុំឱ្យអ្នកប្រើប្រាស់ លុបកម្មវិធី Flash Player ចេញពីកុំព្យូទ័រ

    ក្រុមហ៊ុន Adobe គ្រោងនឹងស្នើសុំឱ្យអ្នកប្រើប្រាស់ លុបកម្មវិធី Flash Player ចេញពីកុំព្យូទ័រ

    Adobe Flash Player គឺជា​កម្មវិធី​មួយ​ក្នុងចំណោម​កម្មវិធី​ជាច្រើន​របស់​ក្រុមហ៊ុន Adobe ជា​កម្មវិធី​អាចឱ្យ​វីដេអូ​នៅលើ Internet Browser ដំណើរការបាន និង​មានការ​ពេញនិយម​យ៉ាង​ខ្លាំង​កាលពី​ជាង 1ទសវត្សរ៍​មុន។ ពេលវេលា​ចេះតែ​ដើរទៅ​មុខ ស្របពេល​ជាមួយ​បច្ចេកវិទ្យា​ក៏​ចេះតែ​វិ​វ​ឌ្ឍ​ទៅកាន់​តែ​ល្អ​ប្រសើរឡើង ក្នុងការ​បង្កើត​កម្មវិធីថ្មីៗ ដើម្បី​ធ្វើឱ្យ​អ្នកប្រើប្រាស់​កាន់តែ​មាន​ភា​ព​ងាយស្រួល។

    ដូចគ្នានេះដែរ ការដាក់ចេញ​ឱ្យប្រើ​ប្រាស់ HTML5 កាលពី​ឆ្នាំ2008 ដែលមាន​បន្ថែម​មុខងារ​របស់ Adobe Flash ដោយ​មិនចាំបាច់​បញ្ចូល​កម្មវិធី​បន្ថែម​នោះ បានធ្វើឱ្យ​ក្រុមហ៊ុន​មួយចំនួន ជាពិសេស​ក្រុមហ៊ុន Apple ចាប់ផ្ដើម​ឈប់​ប្រើប្រាស់ Adobe Flash ហើយ​ងាក​មក​ប្រើ​មុខងារ​នេះ​ជាមួយ HTML5 វិញ​ម្ដង។

    ក្រុមហ៊ុន Adobe គ្រោង​នឹង​ស្នើ​សុំឱ្យ​អ្នកប្រើប្រាស់​លុប​កម្មវិធី Flash Player ចេញពី​កុំព្យូទ័រ​របស់​ពួកគេ​នៅ​ដំណាច់​ឆ្នាំនេះ ស្រប​ពេលដែល​កម្មវិធី​នេះ​ត្រូវបាន​គ្រោង​នឹង​ឈានដល់​ទីបញ្ចប់​នៃ​ជីវិត (End-Of-Life) នៅ​ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 ខាងមុខ​នេះហើយ។ តាមពិតទៅ កម្មវិធី Flash Player ត្រូវបាន​ប្រកាស​ឱ្យ​ឈប់​ប្រើប្រាស់​តាំងពី​អំឡុង​ឆ្នាំ2017 មកម្ល៉េះ រួម​ជាមួយនឹង​ក្រុមហ៊ុន​ផលិត Browser ដូចជា Apple, Google, Microsoft និង Mozilla។ ដោយឡែក មានតែ Facebook មួយ​ប៉ុណ្ណោះ​ដែល​នៅតែ​ត្រូវការ​ពឹងផ្អែក​ទៅលើ Flash Player ដើម្បីឱ្យ​ហ្គេម​មួយចំនួន​អាច​ដំណើរការបាន។

    មូលហេតុ​នៃ​គោលបំណង​ធ្វើ​នេះ គឺ​ដោយសារតែ Flash Player តែងតែ​ត្រូវបាន​វាយប្រហារ​ដោយ​ពួក Hacker និង​អ្នកបង្កើត​មេរោគ Malware។

    Adobe ក៏បាន​ឱ្យដឹង​ដែរ​ថា នៅពេល Flash ឈានដល់​កាលបរិច្ឆេទ​បញ្ចប់ ក្រុមហ៊ុន​មិន​ត្រឹម​តែមាន​គម្រោង​បញ្ឈប់​ការផ្តល់ជូន​នូវ​ការធ្វើ​បច្ចុប្បន្នភាព (Update) ប៉ុណ្ណោះ​ទេ ហើយ​ពួកគេ​ក៏មាន​គម្រោង​នឹង​ដក​តំណ​ទាញយក (Download Link) Flash Player ចេញពី​គេហទំព័រ​របស់​ពួកគេ​ផងដែរ ដើម្បី​ចៀសវាង​កុំឱ្យ​អ្នកប្រើប្រាស់​បញ្ចូល​កម្មវិធី Flash ដែល​អាច​ប្រឈម​នឹង​ការវាយប្រហារថ្មីៗបន្តទៀត ជាពិសេស​នៅពេលដែល​ក្រុមហ៊ុន​បញ្ចប់​ការធ្វើ​បច្ចុប្បន្នភាព៕

    ប្រភព៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា

  • ក្រុមហ៊ុន Zoom ត្រូវបានគេរិះគន់ ទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធមួយ ពុំមានសុវត្ថិភាព

    ក្រុមហ៊ុន Zoom ត្រូវបានគេរិះគន់ ទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធមួយ ពុំមានសុវត្ថិភាព

    ក្រុមហ៊ុន Zoom ដែល​បានដាក់​ឱ្យប្រើ​ប្រាស់​មុខងា​រ end-to-end encryption  កាលពីដើមឆ្នាំ​នោះ ឥឡូវ​ក្រុមហ៊ុន​មួយ​នេះ ត្រូវបាន​គេ​រិះគន់​ទាក់ទង​នឹង​ការប្រើប្រាស់​ប្រព័ន្ធ end-to-end encryption ដែល​ពុំមាន​សុវត្ថិភាព។

    Zoom ក៏​ធ្លាប់បាន​សន្យា​ដែរ​ថា នឹងធ្វើ​ការកែសម្រួល​ប្រព័ន្ធ encryption របស់ខ្លួន​ឱ្យមាន​ភាពល្អ​ប្រសើរឡើង ដើម្បី​ចៀសវាង​ការបាត់បង់​ប្រជាប្រិយភាព និង​ធ្វើឱ្យ​ត្រូវ​ទៅនឹង​ស្តង់ដា encryption GCM AES 256-bit ដែលជា encryption មាន​ស្តង់ដា​ខ្ពស់​ដែល​ពិបាក​នឹង​បំបែក​បាន។ ប៉ុន្តែ​ក្រោយមក​បន្តិច Zoom បែរជា​ប្រកាសថា​ប្រព័ន្ធ encryption ថ្មី​នេះ គឺ​សម្រាប់តែ​អតិថិជន​ដែល​បាន​បង់លុយ​ប៉ុណ្ណោះ។

    ការប្រកាស​បែបនេះ ត្រូវបាន​រង​ការរិះគន់​សាជាថ្មី ពី​អ្នកប្រើប្រាស់ និង​សមាជិកសភា​នៅ​សហរដ្ឋអាមេរិក។ សមាជិកសភា លោក Sherrod Brown នៃ​រដ្ឋ Ohio និង​លោក Richard Blumenthal នៃ​រដ្ឋ Connecticut បានធ្វើការ​ស្ដីបន្ទោស​ដោ​យ​ប្រើពាក្យ​សម្ដីធ្ងន់ៗ នៅពេលដែល Zoom ប្រកាស​មិន​ផ្ដល់ end-to-end encryption ដល់​អ្នកប្រើប្រាស់ ដូចដែល​ក្រុមហ៊ុន​បាន​សន្យា​កាលពីពេល​កន្លងទៅ។

    ដោយសារ​មានប្រតិកម្ម​យ៉ាងខ្លាំង​ទាក់ទង​នឹង​សុវត្ថិភាព និង​ឯកជន​ភាព របស់​អ្នកប្រើប្រាស់​នេះ ទើប​ក្រុមហ៊ុន Zoom បានប្រកាស​កាលពី  2ថ្ងៃមុន​ថា នឹងដាក់​ឱ្យប្រើ​ប្រាស់​មុខ​ងារ end-to-end encryption ដល់​អ្នកប្រើប្រាស់​ទាំងអស់​ក្នុងពេលឆាប់ៗនេះ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មិន​បង់លុយ ក្រុមហ៊ុន​ទាមទារ​ឱ្យមាន​ការបញ្ចូល​លេខ​ទូរស័ព្ទ ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​របស់​អ្នកប្រើប្រាស់។

    មុខងារ end-to-end encryption នេះ​គឺមាន​សម្រាប់តែ Video conferencing ប៉ុណ្ណោះ គឺ​មិនមាន​សម្រាប់​ការផ្ញើ​សារ​នោះទេ៕

  • សិស្សកម្ពុជាបច្ចុប្បន្ននេះ 30% មិនទាន់ទទួលបានសេវាអប់រំ

    សិស្សកម្ពុជាបច្ចុប្បន្ននេះ 30% មិនទាន់ទទួលបានសេវាអប់រំ

    ការអប់រំ ជា​ផ្នែក​យ៉ាង​មាន​សារៈសំខាន់​សម្រាប់​គ្រប់​ប្រទេស​ទាំងអស់ និង​គ្រប់ពេលវេលា ព្រោះ​ទោះបី​ជាមាន​វិបត្តិ​សេដ្ឋកិច្ច និង​ការរីក​រាលដាល​នៃ​មេរោគ Covid-19 ក៏ដោយ​ក៏​ការអប់រំ​នៅតែ​ជា​ចំណុច​អាទិភាព​ក្នុងប្រទេសនីមួយ។

    នៅ​កម្ពុជា​ក្នុងស្ថានភាព​បច្ចុប្បន្ននេះ យើង​បាន​ជំរុញឱ្យមាន​ការបណ្តុះបណ្តាល​តាមរយៈ​បច្ចេកវិទ្យា ក្រោយពី​មានការ​បិទ​សាលា​ដើម្បី​បង្ការ​ឱ្យមាន​ការរីក​រាលដាល​នៃ​មេរោគ Covid-19។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា ក្នុងចំណោម​សិស្ស3លាន​នាក់​នៅ​ទូទាំងប្រទេស​កម្ពុជា មាន​សិស្ស​ប្រមាណ 30% ដែល​មិនទាន់​ទទួលបាន​សេវា​អប់រំ។ បញ្ហា​ដែល​ពួកគេ​មិនទាន់​ទទួលបាន​សេវា​អប់រំ​គឺ​ដោយសារតែ សិស្ស​ទាំងអស់នោះ​មិនមាន​លទ្ធភាព​ប្រើប្រាស់ Smart Phone និង​កុំព្យូទ័រ។ ម្យ៉ាងវិញទៀត​ពូកគេ​ភាគច្រើន​រស់នៅ​ឆ្ងាយ​ពី​សាលារៀន និង​ស្ថិតក្នុង​ជីវភាព​ក្រីក្រ។

    ឯកឧត្តម​បាន​បន្ថែមទៀតថា ក្នុងចំណោម​សិស្ស 3លាន​នាក់​នោះ មាន​ពាក់កណ្តាល​ទទួលបាន​សេវា​អប់រំ​ពី​ក្រសួង​អប់រំ និង​ពាក់កណ្តាល​ទៀត​ត្រូវ​ពឹង​ផ្អែកលើ​សៀវភៅ​សិក្សា​គោល៕

  • ទោះមានបញ្ហាសេដ្ឋកិច្ចក៏ព្រលានយន្តហោះទាំង3របស់កម្ពុជានៅតែដំណើរការសាងសង់ជាធម្មតា

    ទោះមានបញ្ហាសេដ្ឋកិច្ចក៏ព្រលានយន្តហោះទាំង3របស់កម្ពុជានៅតែដំណើរការសាងសង់ជាធម្មតា

    បច្ចុប្បន្ននេះ ពិភពលោក​កំពុងស្ថិត​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​ដោយសារតែ​ជំងឺ Covid-19 ដោយ​ក្នុងនោះ​កម្ពុជា​ក៏​រង​ផលប៉ះពាល់​ផងដែរ​ដោយសារតែ​ប្រទេស​ដែលជា​ទីផ្សារសំខាន់ៗរបស់​កម្ពុ​ជាមាន​បញ្ហា​សេដ្ឋកិច្ច។

    ទោះជា​យ៉ាងនេះ​ក្តី ព្រ​មុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ទោះបី​ជាមាន​បញ្ហា Covid-19 ក៏ដោយ​ក៏​ព្រលានយន្តហោះ​កម្ពុជា​ទាំង3 នៅតែ​សាងសង់​ជាធម្មតា។

    ព្រលានយន្តហោះ​ដែល​កំពុង​សាងសង់​នាពេល​បច្ចុប្បន្ននេះ​គឺ៖

    1. ព្រលានយន្តហោះ​អន្តរជាតិ​នៅ​ខេត្តកណ្តាល ត្រូវបាន​សាងសង់​ឡើងលើ​ផ្ទៃដី​ទំហំ 2,600ហិកតា ចំណាយ​ទុន​អស់ 1,500លាន​ដុល្លារ​អាមេរិក។
    2. ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ថ្មី ត្រូវបាន​សាងសង់​ឡើងលើ​ផ្ទៃដី 700ហិកតា និង​ចំណាយ​ទុន​អស់ 900លាន​ដុល្លារ​អាមេរិក។
    3. ការពង្រីក​ព្រលានយន្តហោះ​អន្តរជាតិ​ព្រះសីហនុ ដែល​នឹងត្រូវ​ចំណាយ​ថវិកា​ប្រមាណ 15លាន​ដុល្លារ​អាមេរិក៕
  • U19 កម្ពុជា គឺជាក្រុមដែលម្ចាស់ផ្ទះ អ៊ូបេគីស្ថាន ហាក់មិនទាន់ដឹងពីសមត្ថភាពប៉ុន្មានឡើយ

    U19 កម្ពុជា គឺជាក្រុមដែលម្ចាស់ផ្ទះ អ៊ូបេគីស្ថាន ហាក់មិនទាន់ដឹងពីសមត្ថភាពប៉ុន្មានឡើយ

    ក្រុម U19 កម្ពុជា បាន​បំបាក់​ថៃ និង​បាន​ទម្លាក់​ក្រុម​នេះ ឱ្យ​ធ្លាក់​ចេញពី​ពាន AFC U19 Championship 2020 ជា​លើក​ទី1 ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ដ៏​អាក្រក់​របស់​ថៃ ក្នុង​វគ្គ​ជម្រុះ កាលពីដើមឆ្នាំ2019 កន្លងទៅ នៅពេលដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ។

    គ្រូបង្វឹក​ក្រុម​ម្ចាស់ផ្ទះ អ៊ូ​បេ​គី​ស្ថាន ដែល​នៅ​រួម​ពូ​ល​ជាមួយ​កម្ពុជា លោក Timur Kapadze បាន​បរិយាយ​ថា ក្រុម​របស់លោក​មិនទាន់​ស្គាល់​ពី​កម្រិត​គុណភាព​លេង របស់​ក្រុម​កម្ពុជា​នៅឡើយ តែ​លោក​មិនអាច​មើលស្រាល​បានឡើយ ព្រោះ​ក្រុម​មួយ​នេះ​មិនអាច​ឡើងមក​លេង​ពាន​នេះ​បានឡើយ ប្រសិនបើ​មិន​ខ្លាំង​ទេនោះ។

    គោលបំណង​សំខាន់​របស់​អ៊ូ​បេ​គី​ស្ថាន គឺ​ដើម្បី​បញ្ចប់​វគ្គ​ចែក​ពូ​ល​ក្នុងនាម​ជា​ក្រុម​លេខ១ ក្នុង​ពូ​ល នៅលើ​ទឹកដី​របស់គេ ដោយ​គ្រូបង្វឹក​របស់​ក្រុម​នេះ​បាន​និយាយ​រួចមកហើយ​ថា គេ​នឹង​រៀបចំ​ក្រុម ក៏ដូចជា​លទ្ធភាព​នៃ​ការប្រកួត​ដើម្បី​សម្រេច​គោលដៅ គឺ​ការលើក​ពានរង្វាន់​នេះ​ផ្ទាល់​តែម្ដង៕

  • ខ្សែប្រយុទ្ធជម្រើសជាតិបារាំងម្នាក់ ជាប់សែស្រឡាយថៃ ជិតបានទៅលេងនៅ Premier League ហើយ

    ខ្សែប្រយុទ្ធជម្រើសជាតិបារាំងម្នាក់ ជាប់សែស្រឡាយថៃ ជិតបានទៅលេងនៅ Premier League ហើយ

    កីឡាករ Thanawat ដែល​លេង​ក្នុង​តំណែង​ខ្សែប្រយុទ្ធ ធ្លាប់បាន​ជាប់​ក្រុម​ជម្រើសជាតិ​បារាំង U-16 និង U-17 ដែលជា​ហេតុនាំឱ្យ​ថៃ មាន​ចំណាប់អារម្មណ៍​ក្នុងការ​នាំយក​រូបគេ​មកលេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ថៃ​ឈុត​ធំ តែ​គេ​មិនទាន់​ដឹងថា តើ​កីឡាក​រូបនេះ គិត​យ៉ាងណា​នៅឡើយ​ទេ។

    កីឡាករ​វ័យ 20ឆ្នាំ​រូបនេះ គឺជា​កីឡាករ​របស់​ក្លិប Nancy របស់​ប្រទេស​បារាំង កំពុងតែ​ស្ថិតនៅក្នុង​ការចរចា​ទៅ​ចូលរួម​ជាមួយ​ក្លិប​លី​ក​កំពូល​អង់គ្លេស Leicester City ក្រោយ​ពេលដែល​ជិត​ផុត​កុងត្រា ដែល​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ។

    មូល​ហេតុដែល​ធ្វើឱ្យ​កីឡាករ​រូបនេះ ត្រូវបាន​ចាប់អារម្មណ៍​ពី​បណ្ដា​ក្លិបធំៗនេះ គឺ​ដោយសារតែ​យុវជន​រូបនេះ បាន​ជាប់​ជម្រើសជាតិ​បារាំង​អាយុ​ក្រោម16 និង 17ឆ្នាំ និង​បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ៕

  • ឥណ្ឌូនេស៊ី ថាមិនភ័យឡើយ ព្រោះក្រុមខ្លួនធ្លាប់ស៊ីកម្ពុជា មិនតិចដងនោះទេ

    ឥណ្ឌូនេស៊ី ថាមិនភ័យឡើយ ព្រោះក្រុមខ្លួនធ្លាប់ស៊ីកម្ពុជា មិនតិចដងនោះទេ

    ពានរង្វាន់ AFC U19 Championship 2020 កម្ពុជា ស្ថិតនៅក្នុង​ពូ​ល A ជាមួយនឹង​ម្ចាស់ផ្ទះ អ៊ូ​បេ​គី​ស្ថាន អ៊ឺ​រ៉ង់ និង​ឥណ្ឌូនេស៊ី ក្នុងនោះដែរ លោក Indra Sjafri គ្រូ​ជំនួយ​ក្រុមបាល់ទាត់​ឥណ្ឌូនេស៊ី បាន​ថ្លែងថា ក្រុម​លោក គឺជា​ក្រុម​ដែល​ខ្លាំងជាងគេ​នៅក្នុង​ពូ​ល A នេះ។

    ចំពោះ​មូលហេតុ​គឺ ដោយសារតែ​ក្រុម​ទាំងអស់​ក្នុង​ពូ​ល​នេះ រួមមាន​កម្ពុជា  និង​ម្ចាស់ផ្ទះ​ផង​នោះ សុទ្ធតែ​ធ្លាប់មាន​ប្រវត្តិ​ចាញ់​ក្រុម​ឥណ្ឌូនេស៊ី​ទាំងអស់ ណាមួយ​ក្រុម​យើង(ឥណ្ឌូនេស៊ី) មិនបាច់​ភ័យ​ឡើយ​ក្នុង​ការប្រកួត​នេះ ព្រោះ​ទោះជា​ជាប់ ឬ​ធ្លាក់​ក៏ដោយ ក៏​ឥណ្ឌូនេស៊ី មាន​សិទ្ធិ​ទៅលេង​នៅ World Cup U20 ដោយ​ស្វ័យប្រវត្តិ​ដែរ ព្រោះ​ខ្លួន​ជា​ម្ចាស់ផ្ទះ។

    គួររំឭកថា U-19 កម្ពុជា នឹងត្រូវ​ប្រកួត​បើកឆាក​ប៉ះ​ជាមួយ U-19 ឥណ្ឌូនេស៊ី នេះ​ផ្ទាល់​តែម្ដង បើតាម​គម្រោង​គឺ​ចាប់ផ្ដើម​នៅ​ថ្ងៃទី14 ខែតុលា ឆ្នាំ2020 គ្រា​ដែល​ក្រុម 2ទៀត ដែល​កម្ពុជា​ត្រៀម​ជួប​បន្តបន្ទាប់​នោះ​គឺ ម្ចាស់ផ្ទះ​អ៊ូ​បេ​គី​ស្ថាន ថ្ងៃទី17 និង​ប្រកួត​ចុងក្រោយ​ប៉ះ​អ៊ីរ៉ង់ នៅ​ថ្ងៃទី20 ខែតុលា ឆ្នាំ2020៕

  • Bacelona ឈ្នះក្តីលើរឿងដែល Neymar ប្តឹងទាមទារប្រាក់បន្ថែម

    Bacelona ឈ្នះក្តីលើរឿងដែល Neymar ប្តឹងទាមទារប្រាក់បន្ថែម

    ខ្សែប្រយុទ្ធ  Neymar ត្រូវបាន​តុលាការ​ប្រទេស​អេ​ស្ប៉ា​ញ សម្រេច​ជា​ផ្លូវការ​ក្នុងថ្ងៃនេះ ឱ្យ​ចាញ់ក្ដី​ក្លិប Barcelona ទាក់ទង​នឹង​រឿង​ប្រាក់រង្វាន់ ដែល​កីឡាករ​រូបនេះ​ទាមទារ មុន​ចេញទៅ​នៅ​ក្លិប Paris Saint Germain។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ក្លិប​នេះ​ផ្ទាល់។

    បើទោះបីជា​កីឡាករ​រូបនេះ ជា​អ្នកប្តឹង​មែន ក៏ប៉ុន្តែ​ការ​ចាញ់ក្តី​របស់គេ​នេះ ត្រូវបាន​តុលាការ​តម្រូវឱ្យ​បង់ប្រាក់​ទៅកាន់​ក្លិប Bacelona ដែល​បាន​ខូ​ត​ខាត​កិត្តិយស​ក្រោម​ពាក្យបណ្តឹង​របស់គេ ដោយបាន​ពិន័យ Neymar ជា​ទឹកប្រាក់​ចំនួន 7.5លាន​ដុល្លា ដើម្បី​បិទ​សំណុំ​រឿងនេះ។

    គួរ​បញ្ជាក់ដែរថា កីឡាករ​នេះ​បាន​ប្តឹង​អតីត​ក្លិប​របស់ខ្លួន​ក្រោយពេល​ចាកចេញ ពីបទ​មិនបាន​ផ្តល់ប្រាក់​រង្វាន់​ដល់​ខ្លួន ខណៈដែល​មិន​លក់​គេ​ចេញ​ក្នុងតម្លៃ​ថ្លៃ​ក​កប់​ពពក ដែលជា​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​សម័យ​ទំនើប​នេះ៕

  • ធនាគារឯកទេសវីង និងធនាគារ កាណាឌីយ៉ារួមគ្នាដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា

    ធនាគារឯកទេសវីង និងធនាគារ កាណាឌីយ៉ារួមគ្នាដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា

    ភ្នំពេញ ខែមិថុនា ទី ២៣ ២០២០: ធនាគារ​ឯកទេស​វី​ង (ខេ​ម​បូ​ឌា) លីមីត​ធី​ត និង ធនាគារ កាណាឌីយ៉ា ក.អ បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើការ​រួមគ្នា​មួយ ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​ផ្តល់ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប​អាច​ទទួលបាន​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាពងាយស្រួល។

    ពិធី​ចុះហត្ថលេខា​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ដោយមាន​វត្ថុ​មាន​ដ៏​ខ្ពង់ខ្ពស់​របស់ អ្នក​ឧក​ញ្ញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​ឯកទេស វី​ង (ខេ​ម​បូ​ឌា) លីមីត​ធី​ត និង​អ្នកឧកញ៉ា​បណ្ឌិត ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​កា​ណា​ឌី​យ៉ា  ភ្ញៀវកិត្តិយស និង​គណ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ទាំងពីរ។

    ក្រោម​ការផ្តួចផ្តើម​ភាពជា​ដៃគូ​នេះ ធនាគារ​ឯកទេស​វី​ង និង​ធនាគ​ធនាគារ​កាណាឌីយ៉ា នឹងធ្វើ​ការរួម​គ្នា​ដើម្បី​ស្វែងរក​ឱកាសថ្មីៗដើម្បី​ធានាថា ប្រជាជន​កម្ពុជា​គ្រប់រូប​ទទួលបាន​ភាព​ងាយស្រួល និង​សុវត្ថិភាព​នៅពេល​ពួកគេ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ដើម្បី​ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ពួកគេ​មាន​ភាព​កាន់តែ​ប្រសើរឡើង។

    លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង (ខេ​ម​បូ​ឌា) លីមីត​ធី​ត បាន​មានប្រសាសន៍ថា៖ «យើង​មាន​ឯកសិទ្ធិ​ដែល​ថ្ងៃនេះ​វី​ង​កំពុង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ដើម្បី​ស្វែងរក​ភាពជា​ដៃគូ​ជាមួយ​ធនាគារ​ដែលមាន​វ័យ​ចំណាស់​ជាងគេ​និង​ធំជាងគេ​មួយ​នៅ​កម្ពុជា ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​កំណើនសេដ្ឋកិច្ច​តាមរយៈ​ប្រព័ន្ធ​អេកូ​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ»។

    លោក​លោក ម៉ា​នូ រ៉ា​ចាន់ បាន​បន្តថា៖ «វី​ង​នៅ​តែងតែ​រក្សារ​ចក្ខុវិស័យ​របស់ខ្លួន​ក្នុង​ការផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ប្រកបដោយ​ភាពងាយស្រួល សុវត្ថិភាព​និង​រហ័ស ដែល​សម្រួល​ដល់​លំហូរ​សាច់ប្រាក់​នៅក្នុង​សេដ្ឋកិច្ច និង​ជំរុញ​កំណើនសេដ្ឋកិច្ច។ ភាពជា​ដៃគូ​ជាមួយ​ធនាគារ​កាណាឌីយ៉ា នឹង​ផ្តល់ជូន​កាន់តែ​ទូលំទូលាយ​នូវ​ការទទួលបាន​សេវាកម្ម​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​គ្រប់រូប»។

    វី​ង​ជា​អ្នកផ្តល់​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​ដែលមាន​បណ្តាញ​ភ្នាក់ងារ​វី​ង ជិត ៨០០០ កន្លែង​ទូទាំងប្រទេស ជាមួយ​កម្មវិធី​វី​ង​ស្មា​ត​ហ្វូ​ន​វី​ង​ដ៏​ទំនើប និង​មាន​បណ្តាញ​ដៃគូ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ដ៏​រឹងមាំ។

    លោក Raymond Sia Say Guan នាយក​ប្រតិបត្តិ​ធនាគារ​កាណាឌីយ៉ា បាន​មានប្រសាសន៍ថា៖ «កិច្ចសហការ​នៅថ្ងៃនេះ​បាន​ឆ្លុះបញ្ចាំង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​របស់​យើង​ទាក់ទង​នឹង​ការផ្ដល់ជូន​សេវាកម្ម​ហិរញ្ញវត្ថុ និង​បង្កើន​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ និង​សិទ្ធិអំណាច​ប្រើ​ទៅដល់​ប្រជាជន​កម្ពុជា។ យើង​នឹង​នាំយក​សេវាកម្ម​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​ជិត​ជាង​មុន​ទៅដល់​អតិថិជន​របស់​យើង​បច្ចុប្បន្ន មិន​ថា​នៅ​តំបន់​ដាច់ស្រយាល​ក៏ដោយ»។

    ធនាគារ​កាណាឌីយ៉ា​បាន​ឈរជើង​នៅលើ​ទី​ផ្សាយ​ដោយ​ជោគជ័យ​ជិត៣០ឆ្នាំ​ក្នុងការ​ផ្ដល់ជូន​នូវ​សេវាកម្ម​ដ៏​សម្បូរបែប​ទៅដល់​អតិថិជន​ទាំង​បុគ្គល និង​សាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ពង្រីក​ទីផ្សារ​របស់ខ្លួន​ទៅដល់​ប្រទេស​ឡាវ​ដែលជា​ប្រទេសជិតខាង។

    ទាំង​វី​ង​និង​ធនាគារ​កាណាឌីយ៉ា​គឺជា​ធនាគារ​ក្នុងស្រុក​ឈានមុខ​គេ​នៅ​កម្ពុជា​ដែលមាន​បំណង​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប។ វី​ង​ត្រូវបានគេទទួលស្គាល់ បាន​បង្កើត​ភាពជា​ដៃគូ​យ៉ាង​ទូលំទូលាយ​ជាមួយ​ដៃគូ​ពាណិជ្ជករ​ជាង ៤០០០០ និង​ជាមួយ​ក្រុមហ៊ុនសំខាន់ៗនៅក្នុង​ឧស្សាហកម្ម​រួមមាន៖ Mastercard, MoneyGram, AliPay, WeChat Pay and Western Union ជាដើម។ ភ្នាក់ងារ​វី​ង​ដែល​ត្រូវបាន​បណ្តុះបណ្តាល​យ៉ាង​ជំនាញ បាន​កំពុង​ជួយ​សម្រួល​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​នៅ​គ្រប់ទិសទី​កន្លែង​នៃ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ទីក្រុង​រហូតដល់​ភូមិ​ដាច់​ស្រ​យ៉ា​ល៕